ការបំភ្លឺច្បាប់
១ នេះជាពាក្យដែលម៉ូសេនិយាយទៅកាន់បណ្ដាជនអ៊ីស្រាអែល នៅតំបន់ទន្លេយ៉ូដាន់ ក្នុងតំបន់ស្ងាត់ជ្រងំ ត្រង់វាលខាងមុខស៊ូភ នៅកណ្ដាលប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និងឌីសាហាប់។ ២ ពេលធ្វើដំណើរពីហូរែបទៅតំបន់កាដេសបានា+ ឆ្លងកាត់តាមផ្លូវភ្នំសៀ ពួកគេត្រូវចំណាយពេលអស់១១ថ្ងៃ។ ៣ នៅថ្ងៃទី១ ខែទី១១ ក្នុងឆ្នាំទី៤០+ ម៉ូសេបានប្រាប់ការណែនាំទាំងអស់ពីព្រះយេហូវ៉ាដល់បណ្ដាជនអ៊ីស្រាអែល ៤ គឺក្រោយពីវាយឈ្នះស្ដេចស៊ីហុន+ជាស្ដេចជនជាតិអាម៉ូរីដែលរស់នៅក្រុងហែសបូន និងក្រោយពីវាយឈ្នះស្ដេចអុក+នៃតំបន់បាសាននៅក្រុងអេទ្រី ជាស្ដេចដែលរស់នៅក្រុងអាសថារ៉ូត។*+ ៥ នៅតំបន់ទន្លេយ៉ូដាន់ក្នុងស្រុកម៉ូអាប់ ម៉ូសេចាប់ផ្ដើមពន្យល់ច្បាប់+ដូចតទៅ៖
៦ «ព្រះយេហូវ៉ាជាព្រះរបស់យើង បានប្រាប់យើងនៅភ្នំហូរែបថា៖ ‹អ្នករាល់គ្នាបានស្នាក់នៅតំបន់ភ្នំនេះយូរល្មមហើយ។+ ៧ ចូរធ្វើដំណើរទៅតំបន់ភ្នំរបស់ពួកអាម៉ូរី+ ហើយឆ្ពោះទៅតំបន់ជិតខាងទាំងអស់ គឺតំបន់អារ៉ាបា+ តំបន់ភ្នំ តំបន់សេភីឡា តំបន់ណេកេប និងតំបន់ឆ្នេរ។+ រួចបន្តដំណើរទៅទឹកដីរបស់ជនជាតិកាណាន ហើយទៅរហូតដល់លីបង់*+ និងទន្លេអឺប្រាត។+ ៨ មើល! ខ្ញុំបានរៀបចំទឹកដីទាំងនោះឲ្យអ្នករាល់គ្នាហើយ។ ចូរអ្នករាល់គ្នាទៅចាប់យកទុកជាមត៌កចុះ ព្រោះខ្ញុំយេហូវ៉ាបានសន្យាប្រគល់ឲ្យដល់បុព្វបុរសរបស់អ្នករាល់គ្នា គឺអាប្រាហាំ អ៊ីសាក+ និងយ៉ាកុប+ ព្រមទាំងកូនចៅរបស់ពួកគេដែរ›។+
៩ «នៅគ្រានោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាថា៖ ‹ខ្ញុំមិនអាចមើលខុសត្រូវលើអ្នករាល់គ្នាតែម្នាក់ឯងបានទេ។+ ១០ ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យអ្នករាល់គ្នាមានចំនួនច្រើនឡើងៗ ហើយរហូតមកដល់ឥឡូវអ្នករាល់គ្នាមានចំនួនច្រើនដូចផ្កាយនៅលើមេឃ។+ ១១ សូមឲ្យព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាមានចំនួនកើនឡើង+រាប់ពាន់ដងទៅទៀត ហើយសូមឲ្យលោកផ្ដល់ពរដល់អ្នករាល់គ្នាដូចដែលលោកបានសន្យា។+ ១២ ឯខ្លួនខ្ញុំវិញ ខ្ញុំមិនអាចរ៉ាប់រងបន្ទុកតែម្នាក់ឯងបានទេ ហើយក៏មិនអាចទ្រាំនឹងការរករឿងរបស់អ្នករាល់គ្នាបានដែរ។+ ១៣ ហេតុនេះ ចូរជ្រើសរើសបុរសឈ្លាសវៃ ចេះពិចារណា និងមានបទពិសោធន៍ ពីកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ហើយខ្ញុំនឹងតែងតាំងពួកគេឲ្យធ្វើជាមេដឹកនាំលើអ្នករាល់គ្នា›។+ ១៤ អ្នករាល់គ្នាបានតបថា៖ ‹គំនិតនេះល្អណាស់›។ ១៥ ដូច្នេះ ខ្ញុំបានតែងតាំងប្រមុខនៃកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ដែលជាបុរសឈ្លាសវៃ និងមានបទពិសោធន៍ ឲ្យធ្វើជាមេដឹកនាំលើអ្នករាល់គ្នា ពោលគឺមេលើ១.០០០នាក់ មេលើ១០០នាក់ មេលើ៥០នាក់ មេលើ១០នាក់ និងអ្នកឯទៀតដែលជាប្រមុខ។+
១៦ «នៅគ្រានោះ ខ្ញុំបានផ្ដល់ការណែនាំដល់ពួកអ្នកសម្រេចក្ដីថា៖ ‹ពេលបណ្ដាជននាំរឿងក្ដីមកប្រាប់អ្នករាល់គ្នា ចូរកាត់ក្ដីឲ្យពួកគេដោយសុចរិត+ ទោះជារឿងក្ដីនោះរវាងជនជាតិអ៊ីស្រាអែលពីរនាក់ ឬរវាងជនជាតិអ៊ីស្រាអែលនិងជនបរទេសណាម្នាក់ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាក៏ដោយ។+ ១៧ ពេលកាត់ក្ដី អ្នករាល់គ្នាមិនត្រូវលម្អៀងឡើយ។+ អ្នករាល់គ្នាត្រូវស្ដាប់រឿងក្ដីរបស់អ្នកតូចនិងអ្នកធំ+ ហើយមិនត្រូវខ្លាចមនុស្សទេ+ ព្រោះអ្នករាល់គ្នាវិនិច្ឆ័យជំនួសព្រះ។+ ប៉ុន្តែ បើមានរឿងក្ដីណាពិបាក អ្នករាល់គ្នាអាចនាំមកឯខ្ញុំ ហើយខ្ញុំនឹងសម្រេចក្ដីនោះ›។+ ១៨ នៅគ្រានោះ ខ្ញុំក៏បានណែនាំអ្នកទាំងអស់គ្នាអំពីអ្វីដែលត្រូវធ្វើដែរ។
១៩ «បន្ទាប់មក យើងបានចាកចេញពីភ្នំហូរែប ហើយធ្វើដំណើរឆ្លងកាត់តំបន់ស្ងាត់ជ្រងំធំៗនិងគួរឲ្យខ្លាច។+ អ្នករាល់គ្នាបានឃើញតំបន់នោះដោយផ្ទាល់ភ្នែក កាលដែលធ្វើដំណើរឆ្ពោះទៅតំបន់ភ្នំរបស់ជនជាតិអាម៉ូរី+ តាមបង្គាប់របស់ព្រះយេហូវ៉ា។ ក្រោយមក យើងបានទៅដល់តំបន់កាដេសបានា។+ ២០ ពេលនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាថា៖ ‹អ្នករាល់គ្នាបានមកដល់តំបន់ភ្នំរបស់ជនជាតិអាម៉ូរីហើយ គឺតំបន់ដែលព្រះយេហូវ៉ាជាព្រះនៃយើងនឹងប្រគល់ឲ្យយើងរាល់គ្នា។ ២១ ចូរឡើងទៅចាប់យកតំបន់នោះទុកជាមត៌ក ដូចដែលព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាបានបង្គាប់ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានប្រគល់ទឹកដីនោះដល់អ្នករាល់គ្នាហើយ។+ ចូរកុំភ័យខ្លាច ឬតក់ស្លុតឡើយ›។
២២ «ប៉ុន្តែ អ្នករាល់គ្នាបានមកជួបខ្ញុំ ហើយប្រាប់ថា៖ ‹សូមលោកចាត់បុរសខ្លះឲ្យទៅសង្កេតមើលទឹកដីនោះ ហើយមករាយការណ៍ប្រាប់យើងអំពីស្ថានភាពក្រុងទាំងនោះ និងអំពីផ្លូវដែលយើងត្រូវឡើងទៅ›។+ ២៣ ខ្ញុំគិតថាយោបល់នោះល្អណាស់ ដូច្នេះខ្ញុំបានជ្រើសរើសបុរស១២នាក់ពីកុលសម្ព័ន្ធនីមួយៗ ហើយចាត់ពួកគេឲ្យទៅ។+ ២៤ ពួកគេបានធ្វើដំណើរឡើងទៅតំបន់ភ្នំ+ ហើយពេលទៅដល់ជ្រលងអេសកូល ពួកគេបានសង្កេតមើលស្រុកនោះ។ ២៥ ពួកគេក៏បាននាំយកផលផ្លែពីស្រុកនោះមកបង្ហាញដល់យើង ហើយរាយការណ៍ថា៖ ‹ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃយើងនឹងប្រគល់ឲ្យ គឺជាស្រុកល្អណាស់›។+ ២៦ ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើងទៅស្រុកនោះទេ ថែមទាំងបះបោរប្រឆាំងនឹងបង្គាប់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាទៀតផង។+ ២៧ អ្នករាល់គ្នាចេះតែរអ៊ូរទាំក្នុងត្រសាលខ្លួនថា៖ ‹ព្រះយេហូវ៉ាស្អប់យើងបានជាលោកនាំយើងចេញពីស្រុកអេហ្ស៊ីប ដើម្បីប្រគល់យើងឲ្យពួកអាម៉ូរីបំផ្លាញចោល។ ២៨ តើកន្លែងដែលយើងនឹងទៅនោះ ជាកន្លែងបែបណា? យើងធ្លាក់ទឹកចិត្តជាខ្លាំង+ ពេលដែលឮបងប្អូនយើងប្រាប់ថា៖ «អ្នកស្រុកនោះមានមាឌធំ ហើយខ្ពស់ជាងយើងឆ្ងាយណាស់។ ក្រុងរបស់ពួកគេធំសម្បើម ហើយមានកំពែងរឹងមាំខ្ពស់ដល់មេឃ។+ យើងថែមទាំងឃើញពួកកូនចៅរបស់អេណាគីម+នៅទីនោះដែរ»›។
២៩ «ដូច្នេះ ខ្ញុំបានប្រាប់អ្នករាល់គ្នាថា៖ ‹កុំភ័យតក់ស្លុតឬខ្លាចពួកគេឡើយ។+ ៣០ ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា នឹងនាំមុខអ្នករាល់គ្នា ហើយលោកនឹងច្បាំងជំនួសអ្នករាល់គ្នា+ ដូចអ្នករាល់គ្នាបានឃើញស្រាប់ហើយ កាលដែលលោកបានធ្វើនៅស្រុកអេហ្ស៊ីប។+ ៣១ នៅតំបន់ស្ងាត់ជ្រងំ អ្នករាល់គ្នាក៏បានឃើញដែរថាព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានបីទ្រអ្នករាល់គ្នា ដូចជាឪពុកបីទ្រកូន គឺនៅគ្រប់កន្លែងដែលអ្នករាល់គ្នាបានទៅរហូតមកដល់កន្លែងនេះ›។ ៣២ ទោះជាយ៉ាងនោះក្ដី អ្នករាល់គ្នាមិនមានជំនឿទៅលើព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាទេ។+ ៣៣ លោកតែងទៅមុនអ្នករាល់គ្នា ដើម្បីមើលថាកន្លែងណាដែលគួរបោះជំរំ។ លោកបានលេចមកជាបង្គោលភ្លើងនៅពេលយប់ ហើយជាបង្គោលពពកនៅពេលថ្ងៃ ដើម្បីនាំផ្លូវអ្នករាល់គ្នា។+
៣៤ «នៅពេលនោះ ព្រះយេហូវ៉ាក៏បានឮអ្វីដែលអ្នករាល់គ្នានិយាយដែរ ហើយលោកបានខឹងយ៉ាងខ្លាំង រួចស្បថយ៉ាងម៉ឺងម៉ាត់ថា៖+ ៣៥ ‹ក្នុងជំនាន់មនុស្សអាក្រក់នេះ នឹងគ្មានអ្នកណាម្នាក់ឃើញស្រុកដ៏ល្អដែលខ្ញុំបានសន្យាប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នាទេ+ ៣៦ លើកលែងតែកាលែបជាកូនយេផុនណា។ គាត់នឹងឃើញស្រុកនោះ ហើយខ្ញុំនឹងប្រគល់ទឹកដីដែលគាត់បានដើរកាត់ ឲ្យដល់គាត់និងកូនចៅរបស់គាត់ ព្រោះគាត់បានដើរតាមខ្ញុំជាយេហូវ៉ាយ៉ាងស្មោះអស់ពីចិត្ត›។+ ៣៧ ព្រះយេហូវ៉ាថែមទាំងបានខឹងនឹងខ្ញុំ ដោយព្រោះតែអ្នករាល់គ្នា ហើយលោកមានប្រសាសន៍ថា៖ ‹អ្នកក៏មិនអាចចូលក្នុងស្រុកនោះបានដែរ។+ ៣៨ ឯយ៉ូស្វេជាកូនរបស់នុនដែលជាអ្នកបម្រើរបស់អ្នក+ គាត់នឹងចូលទៅក្នុងស្រុកនោះ។+ ចូរពង្រឹងកម្លាំងចិត្តគាត់*+ ព្រោះគាត់ជាអ្នកដែលនឹងជួយប្រជាជាតិអ៊ីស្រាអែលឲ្យចាប់យកស្រុកនោះទុកជាមត៌ក›។ ៣៩ ព្រះបានមានប្រសាសន៍ទៅកាន់អ្នករាល់គ្នាថា៖ ‹ចំណែកកូនចៅដែលអ្នករាល់គ្នាបាននិយាយថានឹងត្រូវគេចាប់យក+ ជាកូនចៅដែលមិនទាន់ស្គាល់ល្អស្គាល់អាក្រក់ គឺពួកគេនោះហើយដែលនឹងចូលទៅក្នុងស្រុកនោះ ហើយខ្ញុំនឹងប្រគល់ស្រុកនោះឲ្យពួកគេទុកជាមត៌ក។+ ៤០ រីឯអ្នករាល់គ្នាវិញ ចូរត្រឡប់ទៅតំបន់ស្ងាត់ជ្រងំតាមផ្លូវទៅសមុទ្រក្រហមវិញទៅ›។+
៤១ «ឮដូច្នេះ អ្នករាល់គ្នាក៏បានប្រាប់ខ្ញុំថា៖ ‹ពួកយើងបានធ្វើខុសទាស់នឹងព្រះយេហូវ៉ាហើយ។ ឥឡូវពួកយើងនឹងឡើងទៅច្បាំង តាមបង្គាប់ព្រះយេហូវ៉ា!›។ រួចអ្នករាល់គ្នាបានប្រដាប់អាវុធរៀងៗខ្លួន ព្រោះអ្នករាល់គ្នាគិតថាការឡើងភ្នំទៅច្បាំងដណ្ដើមយកតំបន់ទាំងមូល គឺជាការងាយស្រួលណាស់។+ ៤២ ប៉ុន្តែ ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ ‹ចូរប្រាប់ពួកគេថា៖ «អ្នករាល់គ្នាមិនត្រូវឡើងទៅប្រយុទ្ធទេ ព្រោះខ្ញុំនឹងមិននៅជាមួយនឹងអ្នករាល់គ្នាឡើយ។+ បើអ្នករាល់គ្នាឡើងទៅច្បាំង អ្នករាល់គ្នានឹងចាញ់សត្រូវមិនខាន»›។ ៤៣ ខ្ញុំក៏បានប្រាប់ប្រសាសន៍នោះដល់អ្នករាល់គ្នា តែអ្នករាល់គ្នាមិនស្ដាប់ទេ។ ផ្ទុយទៅវិញ អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងបង្គាប់របស់ព្រះយេហូវ៉ា ហើយនៅតែចចេសឡើងទៅទៀត។ ៤៤ ពេលនោះ ជនជាតិអាម៉ូរីដែលរស់នៅលើភ្នំនោះ បានចេញមកវាយប្រហារអ្នករាល់គ្នាឲ្យរត់ខ្ចាត់ខ្ចាយ ទៅតំបន់សៀរហូតដល់ហោម៉ា។ ពួកគេបានដេញតាមអ្នករាល់គ្នា ដូចជាឃ្មុំដេញទិច។ ៤៥ ពេលត្រឡប់មកវិញ អ្នករាល់គ្នាបានយំនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាមិនបានស្ដាប់ ឬអើពើនឹងអ្នករាល់គ្នាឡើយ។ ៤៦ ហេតុនេះហើយបានជាអ្នករាល់គ្នាបន្តស្នាក់នៅតំបន់កាដេសយូរយ៉ាងនេះ។
២ «បន្ទាប់មក យើងបានត្រឡប់ទៅតំបន់ស្ងាត់ជ្រងំតាមផ្លូវទៅសមុទ្រក្រហម ដូចព្រះយេហូវ៉ាបានបង្គាប់។+ យើងបានធ្វើដំណើរចុះឡើងក្បែរភ្នំសៀអស់ជាច្រើនថ្ងៃ។ ២ ទីបំផុត ព្រះយេហូវ៉ាបានប្រាប់ខ្ញុំថា៖ ៣ ‹អ្នកបានធ្វើដំណើរចុះឡើងក្បែរភ្នំនេះល្មមគ្រប់គ្រាន់ហើយ ឥឡូវចូរធ្វើដំណើរបែរទៅខាងជើងវិញ។ ៤ អ្នកត្រូវប្រាប់បណ្ដាជននូវបង្គាប់នេះថា៖ «អ្នករាល់គ្នានឹងដើរតាមបណ្ដោយព្រំប្រទល់ទឹកដីរបស់បងប្អូនអ្នក គឺកូនចៅរបស់អេសាវ+ដែលកំពុងរស់នៅតំបន់ភ្នំសៀ។+ ពួកគេមុខជាភ័យខ្លាចអ្នករាល់គ្នាហើយ។+ ដូច្នេះ អ្នករាល់គ្នាត្រូវតែប្រុងប្រយ័ត្ន។ ៥ កុំច្បាំងនឹងពួកគេជាដាច់ខាត ព្រោះខ្ញុំមិនឲ្យទឹកដីរបស់ពួកគេដល់អ្នករាល់គ្នាឡើយ សូម្បីតែប៉ុនបាតជើង។ ព្រោះខ្ញុំបានប្រគល់ភ្នំសៀឲ្យដល់អេសាវជាមត៌ករួចហើយ។+ ៦ បើអ្នករាល់គ្នាផឹកទឹកនិងបរិភោគអាហាររបស់ពួកគេ អ្នករាល់គ្នាត្រូវបង់ប្រាក់ឲ្យពួកគេវិញ។+ ៧ ព្រោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានឲ្យពរដល់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់។ លោកស្គាល់ច្បាស់ថាអ្នករាល់គ្នាបានដើរកាត់តំបន់ស្ងាត់ជ្រងំដ៏ធំនេះ។ អស់រយៈពេល៤០ឆ្នាំ ព្រះយេហូវ៉ាបាននៅជាមួយនឹងអ្នករាល់គ្នាជានិច្ច ហើយអ្នករាល់គ្នាមិនដែលខ្វះអ្វីឡើយ»›។+ ៨ ដូច្នេះ យើងបានដើរបង្ហួសទឹកដីរបស់បងប្អូនយើង គឺកូនចៅរបស់អេសាវ+ដែលរស់នៅក្នុងតំបន់ភ្នំសៀ ដោយវាងឆ្ងាយពីផ្លូវទៅតំបន់អារ៉ាបា តំបន់អេឡាត និងតំបន់អេស៊ានកេបឺ។+
«បន្ទាប់មក យើងបានធ្វើដំណើរបែរទៅតាមផ្លូវ ទៅតំបន់ស្ងាត់ជ្រងំម៉ូអាប់វិញ។+ ៩ រួចមក ព្រះយេហូវ៉ាបានបង្គាប់ខ្ញុំថា៖ ‹កុំច្បាំងនឹងពួកម៉ូអាប់ជាដាច់ខាត ព្រោះខ្ញុំមិនឲ្យទឹកដីរបស់ពួកគេដល់អ្នកឡើយ ព្រោះខ្ញុំបានប្រគល់ក្រុងអារឲ្យដល់កូនចៅរបស់ឡុតជាមត៌កហើយ។+ ១០ (ពួកអេមិម+ធ្លាប់រស់នៅទីនោះ ពួកគេមានចំនួនច្រើនហើយខ្លាំងពូកែ ថែមទាំងខ្ពស់ដូចពួកអេណាគីម។ ១១ ឯពួករេផែម+ ពួកគេក៏បានត្រូវចាត់ទុកដូចជាពួកអេណាគីមដែរ+ ហើយពួកម៉ូអាប់បានហៅពួកគេថាពួកអេមិម។ ១២ ចំណែកពួកហូរី+វិញ ពួកគេធ្លាប់រស់នៅតំបន់ភ្នំសៀ តែកូនចៅរបស់អេសាវបានបណ្ដេញពួកគេ ថែមទាំងបំផ្លាញពួកគេដែរ រួចតាំងទីលំនៅលើទឹកដីនោះ+ ដូចពួកអ៊ីស្រាអែលនឹងធ្វើទៅលើទឹកដីដែលព្រះយេហូវ៉ាប្រគល់ឲ្យពួកគេទុកជាមត៌ក)។ ១៣ ឥឡូវ ចូរអ្នកទៅ ហើយឆ្លងជ្រលងសេរេត›។ ដូច្នេះ យើងក៏ឆ្លងជ្រលងសេរេត។+ ១៤ តាំងពីធ្វើដំណើរចេញពីតំបន់កាដេសបានា រហូតដល់ឆ្លងជ្រលងសេរេត យើងបានចំណាយពេលអស់៣៨ឆ្នាំ គឺទាល់តែមនុស្សទាំងអស់ក្នុងជំនាន់នេះ ដែលអាចចូលធ្វើសង្គ្រាមស្លាប់អស់ទៅ ដូចដែលព្រះយេហូវ៉ាបានស្បថនឹងពួកគេ។+ ១៥ ព្រះយេហូវ៉ាបានលើកដៃទាស់នឹងពួកគេ ហើយបំផ្លាញពួកគេចេញពីជំរំ រហូតដល់ពួកគេវិនាសអស់ទៅ។+
១៦ «មិនយូរក្រោយពីពួកបុរសទាំងអស់ដែលអាចធ្វើសង្គ្រាមបានស្លាប់អស់ទៅ+ ១៧ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំម្ដងទៀតថា៖ ១៨ ‹ថ្ងៃនេះ អ្នកត្រូវធ្វើដំណើរកាត់តាមក្រុងអារក្នុងទឹកដីម៉ូអាប់។ ១៩ ពេលធ្វើដំណើរទៅជិតដល់ទឹកដីរបស់ពួកអាំម៉ូន កុំរករឿងឬប្រយុទ្ធនឹងពួកគេឡើយ ព្រោះខ្ញុំមិនឲ្យទឹកដីរបស់ពួកគេដល់អ្នកទេ គឺខ្ញុំបានប្រគល់ទឹកដីនោះដល់កូនចៅរបស់ឡុតទុកជាមត៌កហើយ។+ ២០ ទឹកដីនោះធ្លាប់ត្រូវចាត់ទុកជាទឹកដីរបស់ពួករេផែម+ (ពួករេផែមធ្លាប់រស់នៅទីនោះ ហើយជនជាតិអាំម៉ូនធ្លាប់ហៅពួកគេថាពួកសាំស៊ូមីម។ ២១ ពួកគេមានចំនួនច្រើនហើយខ្លាំងពូកែ ថែមទាំងខ្ពស់ដូចពួកអេណាគីមដែរ+ តែព្រះយេហូវ៉ាបានបំផ្លាញពួកគេនៅមុខពួកអាំម៉ូន ហើយពួកអាំម៉ូនបានបណ្ដេញពួកគេចេញ រួចក៏តាំងទីលំនៅលើទឹកដីនោះ។ ២២ លោកក៏បានធ្វើដូច្នោះដែរ សម្រាប់កូនចៅរបស់អេសាវដែលរស់នៅតំបន់ភ្នំសៀ+ ពេលដែលលោកបំផ្លាញពួកហូរី+នៅចំពោះពួកគេ។ យ៉ាងនេះ កូនចៅរបស់អេសាវអាចបណ្ដេញពួកហូរីចេញ រួចតាំងទីលំនៅលើទឹកដីពួកគេរហូតមកដល់សព្វថ្ងៃ។ ២៣ ឯពួកអាវីម ពួកគេរស់នៅតាមភូមិ រហូតដល់ក្រុងកាសា។+ ក្រោយមក ពួកកាបតូរីម+ដែលចេញពីកោះកាបតូ* បានមកបំផ្លាញពួកគេ ហើយតាំងទីលំនៅលើទឹកដីពួកគេទៅ)។
២៤ «‹ចូរធ្វើដំណើរទៅ ហើយឆ្លងជ្រលងអើណូន។+ មើល! ខ្ញុំប្រគល់ស៊ីហុន+ជាស្ដេចជនជាតិអាម៉ូរីដែលគ្រប់គ្រងនៅក្រុងហែសបូនដល់អ្នកហើយ។ ដូច្នេះ ចូរច្បាំងនឹងស្ដេចនោះ ហើយចាប់យកទឹកដីគាត់ចុះ។ ២៥ នៅថ្ងៃនេះ ខ្ញុំនឹងបណ្ដាលឲ្យមនុស្សនៅក្រោមមេឃ ភ័យខ្លាចពេលពួកគេឮអំពីអ្នក។ ពួកគេនឹងតក់ស្លុតហើយញ័ររន្ធត់នៅចំពោះមុខអ្នក›។+
២៦ «រួចខ្ញុំបានចាត់ពួកអ្នកនាំសារពីតំបន់ស្ងាត់ជ្រងំកេដេម៉ូត+ ឲ្យទៅជួបស្ដេចស៊ីហុនដែលគ្រប់គ្រងនៅក្រុងហែសបូន ដោយនាំពាក្យមេត្រីថា៖+ ២៧ ‹សូមលោកអនុញ្ញាតឲ្យពួកខ្ញុំដើរឆ្លងកាត់ស្រុករបស់លោកផង។ ពួកខ្ញុំគ្រាន់តែដើរតាមផ្លូវប៉ុណ្ណោះ មិនបែរទៅខាងឆ្វេងឬខាងស្ដាំទេ។+ ២៨ ពួកខ្ញុំនឹងបរិភោគអាហារ ហើយផឹកទឹកដែលលោកលក់ឲ្យពួកខ្ញុំប៉ុណ្ណោះ។ សូមលោកមេត្តាអនុញ្ញាតឲ្យពួកខ្ញុំដើរឆ្លងកាត់ស្រុករបស់លោក ២៩ រហូតដល់ពួកខ្ញុំឆ្លងផុតទន្លេយ៉ូដាន់ ចូលក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់ពួកខ្ញុំបានសន្យាប្រគល់ឲ្យ។ សូមលោកអនុញ្ញាតឲ្យពួកខ្ញុំផង ដូចកូនចៅអេសាវដែលអាស្រ័យនៅតំបន់ភ្នំសៀ និងពួកម៉ូអាប់ដែលរស់នៅក្រុងអារ បានអនុញ្ញាតឲ្យពួកខ្ញុំដែរ›។ ៣០ ទោះជាយ៉ាងនោះក៏ដោយ ស្ដេចស៊ីហុនមិនបានអនុញ្ញាតឲ្យយើងដើរឆ្លងកាត់ស្រុកគាត់ទេ ព្រោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានឲ្យគាត់មានចិត្តរឹងរូស+ ដើម្បីប្រគល់គាត់មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឃើញដូច្នោះមែន។+
៣១ «បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំទៀតថា៖ ‹មើល! ខ្ញុំបានប្រគល់ស្ដេចស៊ីហុននិងទឹកដីរបស់គាត់ ឲ្យអ្នកហើយ។ ដូច្នេះ ចូរទៅចាប់យកទឹកដីនោះទុកជាមត៌កចុះ›។+ ៣២ ពេលស្ដេចស៊ីហុននាំទ័ពទាំងអស់របស់គាត់ មកច្បាំងនឹងយើងនៅក្រុងយេហាស+ ៣៣ ព្រះយេហូវ៉ាជាព្រះរបស់យើងបានប្រគល់គាត់មកក្នុងកណ្ដាប់ដៃយើង។ ដូច្នេះ យើងក៏វាយឈ្នះគាត់និងកូនៗគាត់ ព្រមទាំងទ័ពទាំងអស់របស់គាត់។ ៣៤ នៅពេលនោះ យើងបានចាប់យកក្រុងទាំងអស់របស់គាត់ ហើយបំផ្លាញក្រុងទាំងនោះចោល រួមទាំងបុរស ស្ត្រី និងកូនក្មេងផងដែរ គ្មានអ្នកណាម្នាក់រួចជីវិតឡើយ។+ ៣៥ ប៉ុន្តែ យើងបានរឹបអូសយករបស់របរ និងហ្វូងសត្វពីក្រុងទាំងនោះ។ ៣៦ យើងបានវាយឈ្នះក្រុងទាំងអស់ គឺចាប់ពីក្រុងអារ៉ូអ៊ើរ+ដែលនៅជាយជ្រលងអើណូន (រួមបញ្ចូលក្រុងដែលនៅក្នុងជ្រលងដែរ) រហូតដល់ទឹកដីគីលាត ព្រោះព្រះយេហូវ៉ាបានប្រគល់ក្រុងទាំងនោះមកក្នុងកណ្ដាប់ដៃយើង។+ ៣៧ ប៉ុន្តែ អ្នករាល់គ្នាមិនបានចូលទៅជិតទឹកដីរបស់ពួកអាំម៉ូន+ ដែលនៅតាមជ្រលងយ៉ាបុក+ និងបណ្ដាក្រុងដែលនៅតំបន់ភ្នំ ឬកន្លែងណាដែលព្រះយេហូវ៉ាជាព្រះនៃយើងបានហាមឃាត់នោះទេ។
៣ «បន្ទាប់មក យើងបានធ្វើដំណើរឡើងទៅតាមផ្លូវបាសាន។ ពេលនោះ ស្ដេចអុកនៃតំបន់បាសានបាននាំរាស្ត្ររបស់គាត់ទាំងអស់ ចេញមកច្បាំងនឹងពួកយើងនៅក្រុងអេទ្រី។+ ២ ម្ល៉ោះហើយ ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ ‹កុំខ្លាចស្ដេចនោះឡើយ ព្រោះខ្ញុំនឹងប្រគល់គាត់និងរាស្ត្ររបស់គាត់ ព្រមទាំងស្រុករបស់គាត់ទៅក្នុងកណ្ដាប់ដៃអ្នក។ អ្នកនឹងធ្វើទៅលើគាត់ដូចដែលអ្នកបានធ្វើទៅលើស៊ីហុនជាស្ដេចជនជាតិអាម៉ូរី ដែលរស់នៅក្រុងហែសបូនដែរ›។ ៣ ដូច្នេះ ព្រះយេហូវ៉ាជាព្រះរបស់យើងបានប្រគល់ស្ដេចអុកនៃតំបន់បាសាន និងបណ្ដារាស្ត្ររបស់គាត់ មកក្នុងកណ្ដាប់ដៃយើង ហើយយើងបានវាយប្រហារគាត់និងរាស្ត្រគាត់ រហូតដល់គ្មានអ្នកណាម្នាក់រួចជីវិតឡើយ។ ៤ យើងបានដណ្ដើមយកក្រុងទាំងប៉ុន្មានរបស់គាត់ គ្មានសល់ក្រុងណាមួយទេ។ យើងបានចាប់យកក្រុងទាំង៦០ដែលស្ថិតនៅក្នុងតំបន់អាកុប ពោលគឺរាជាណាចក្រទាំងមូលរបស់ស្ដេចអុកនៃតំបន់បាសាន។+ ៥ ក្រុងទាំងនោះជាក្រុងរឹងមាំដែលមានកំពែងខ្ពស់ៗ មានខ្លោងទ្វារ និងរនុក។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានដណ្ដើមយកក្រុងតូចៗមួយចំនួនធំដែរ។ ៦ យើងបានបំផ្លាញក្រុងទាំងនោះ+ដូចយើងបានបំផ្លាញបណ្ដាក្រុងរបស់ស្ដេចស៊ីហុននៃក្រុងហែសបូន រួមទាំងបុរស ស្ត្រី និងកូនក្មេងដែរ។+ ៧ ប៉ុន្តែ យើងបានរឹបអូសយករបស់របរទាំងប៉ុន្មាននៅក្រុងទាំងនោះ ព្រមទាំងហ្វូងសត្វទាំងអស់។
៨ «នៅគ្រានោះ យើងបានដណ្ដើមយកទឹកដីរបស់ស្ដេចស្រុកអាម៉ូរីទាំងពីររូប+ដែលរស់នៅតំបន់ទន្លេយ៉ូដាន់ គឺចាប់ពីជ្រលងអើណូនរហូតដល់ភ្នំហឺម៉ូន+ ៩ (ជនជាតិស៊ីដូនធ្លាប់ហៅភ្នំនោះថាភ្នំសៀរាន តែជនជាតិអាម៉ូរីហៅភ្នំនោះថាភ្នំសេនៀវិញ)។ ១០ យើងបានចាប់យកក្រុងទាំងឡាយដែលស្ថិតនៅតំបន់ខ្ពង់រាប តំបន់គីលាត និងតំបន់បាសានទាំងមូល ហើយរហូតដល់ក្រុងសាលកានិងក្រុងអេទ្រី+ ពោលគឺក្រុងទាំងអស់ដែលស្ថិតនៅក្នុងរាជាណាចក្ររបស់ស្ដេចអុកនៃតំបន់បាសាន។ ១១ ស្ដេចអុកនៃតំបន់បាសានគឺជាពួករេផែមចុងក្រោយបង្អស់។ មឈូស*របស់គាត់ធ្វើពីដែក* ដែលមានបណ្ដោយ៩ហត្ថ* ទទឹង៤ហត្ថ តាមប្រវែងហត្ថដែលគេប្រើទូទៅ។ មឈូសនោះមាននៅក្រុងរ៉ាបាក្នុងទឹកដីអាំម៉ូននៅឡើយ។ ១២ នៅគ្រានោះ យើងបានដណ្ដើមយកទឹកដីនេះ គឺតំបន់អារ៉ូអ៊ើរ+ដែលនៅក្បែរជ្រលងអើណូន និងតំបន់ភ្នំពាក់កណ្ដាលក្នុងទឹកដីគីលាត។ បណ្ដាក្រុងដែលនៅតំបន់ទាំងនេះ ខ្ញុំបានប្រគល់ឲ្យកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដរួចហើយ។+ ១៣ ឯទឹកដីគីលាតដែលនៅសល់ និងតំបន់បាសានទាំងមូលក្នុងរាជាណាចក្ររបស់ស្ដេចអុក ខ្ញុំបានប្រគល់ទាំងអស់ឲ្យដល់ពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ។+ ទឹកដីអាកុបទាំងមូល ដែលនៅក្នុងតំបន់បាសាន គេធ្លាប់ស្គាល់ថាជាទឹកដីរបស់ពួករេផែម។
១៤ «យ៉ាអៀ+ជាកូនចៅម៉ាណាសេបានទទួលទឹកដីអាកុបទាំងមូល+ រហូតដល់ព្រំប្រទល់ទឹកដីរបស់ពួកកេសឺ និងពួកម៉ាអាកាត។+ គាត់បានដាក់ឈ្មោះភូមិដែលនៅក្នុងតំបន់បាសានតាមឈ្មោះរបស់គាត់ គឺហាវ៉ុតយ៉ាអៀ។*+ គេក៏បានហៅឈ្មោះនោះរហូតមកដល់សព្វថ្ងៃ។ ១៥ បន្ថែមទៅទៀត ខ្ញុំបានប្រគល់តំបន់គីលាតឲ្យម៉ាគា។+ ១៦ ខ្ញុំបានប្រគល់ទឹកដីដល់កុលសម្ព័ន្ធរូបេននិងកុលសម្ព័ន្ធកាដ+ ចាប់ពីតំបន់គីលាតដល់ជ្រលងអើណូន (ពាក់កណ្ដាលជ្រលងនោះគឺជាព្រំប្រទល់) ហើយដល់ជ្រលងយ៉ាបុកដែលជាព្រំប្រទល់ទឹកដីរបស់ជនជាតិអាំម៉ូន ១៧ ហើយដល់តំបន់អារ៉ាបា និងដល់ទន្លេយ៉ូដាន់ដែលជាព្រំប្រទល់ ហើយចាប់ពីសមុទ្រគីនេរ៉េតដល់សមុទ្រអារ៉ាបាដែលជាសមុទ្រអំបិល* នៅឯជើងភ្នំពីសកានៅទិសខាងកើត។+
១៨ «បន្ទាប់មក ខ្ញុំបានបង្គាប់កុលសម្ព័ន្ធពីរនិងកុលសម្ព័ន្ធពាក់កណ្ដាលទៀតថា៖ ‹ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានប្រគល់ទឹកដីនេះឲ្យអ្នករាល់គ្នាទុកជាមត៌កហើយ។ ដូច្នេះ ចូរឲ្យពួកបុរសពូកែអង់អាចរបស់អ្នករាល់គ្នាប្រដាប់អាវុធ ហើយឆ្លងនៅមុខបណ្ដាជនអ៊ីស្រាអែលជាបងប្អូនអ្នករាល់គ្នាចុះ។+ ១៩ ប៉ុន្តែ អ្នករាល់គ្នាត្រូវទុកប្រពន្ធកូននិងហ្វូងសត្វនៅក្នុងបណ្ដាក្រុងដែលខ្ញុំបានប្រគល់ឲ្យ។ ខ្ញុំដឹងហើយថាអ្នករាល់គ្នាមានហ្វូងសត្វយ៉ាងច្រើនសន្ធឹក។ ២០ ពេលណាព្រះយេហូវ៉ាប្រគល់ទឹកដីនៅត្រើយទន្លេយ៉ូដាន់ឲ្យដល់បងប្អូនអ្នករាល់គ្នាហើយ ដូចព្រះយេហូវ៉ាឲ្យដល់អ្នករាល់គ្នា ពេលនោះអ្នករាល់គ្នាអាចត្រឡប់មករស់នៅលើទឹកដីរបស់ខ្លួនវិញបាន›។+
២១ «នៅគ្រានោះ ខ្ញុំបានប្រាប់យ៉ូស្វេថា៖+ ‹អ្នកបានឃើញដោយផ្ទាល់ភ្នែកហើយថា ព្រះយេហូវ៉ាជាព្រះរបស់អ្នកបានធ្វើយ៉ាងណាចំពោះស្ដេចទាំងពីររូបនោះ។ ព្រះយេហូវ៉ានឹងធ្វើដូចនោះដែរចំពោះរាជាណាចក្រទាំងអស់ ដែលអ្នកនឹងឆ្លងចូលទៅ។+ ២២ អ្នកមិនត្រូវខ្លាចពួកគេទេ ព្រោះព្រះយេហូវ៉ាជាព្រះរបស់អ្នក លោកនឹងច្បាំងជំនួសអ្នក›។+
២៣ «នៅពេលនោះ ខ្ញុំបានអង្វរព្រះយេហូវ៉ាថា៖ ២៤ ‹ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតអើយ! លោកបានចាប់ផ្ដើមបង្ហាញភាពឧត្តុង្គឧត្តមនិងឫទ្ធានុភាពដ៏ខ្លាំងក្លា+ឲ្យខ្ញុំជាអ្នកបម្រើលោកបានឃើញ ព្រោះគ្មានព្រះណានៅស្ថានសួគ៌ឬនៅផែនដី អាចធ្វើការអស្ចារ្យដូចលោកបានទេ។+ ២៥ សូមលោកមេត្តាអនុញ្ញាតឲ្យខ្ញុំឆ្លងទន្លេយ៉ូដាន់ចូលទៅមើលតំបន់ភ្នំ និងតំបន់លីបង់ក្នុងទឹកដីដ៏ស្រស់ស្អាតនេះផង›។+ ២៦ ប៉ុន្តែ ព្រះយេហូវ៉ាមិនព្រមធ្វើតាមសំណូមពរខ្ញុំទេ ព្រោះលោកនៅខឹងនឹងខ្ញុំដោយសារតែអ្នករាល់គ្នា។+ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹បានហើយ! កុំលើករឿងនេះមកនិយាយទៀត។ ២៧ ចូរឡើងទៅលើកំពូលភ្នំពីសកា+ ហើយមើលទៅទិសខាងលិច ខាងជើង ខាងត្បូង និងខាងកើតចុះ។ អ្នកនឹងឃើញស្រុកនោះ តែអ្នកនឹងមិនបានឆ្លងទន្លេយ៉ូដាន់ទេ។+ ២៨ អ្នកត្រូវតែងតាំងយ៉ូស្វេ+ឲ្យធ្វើជាអ្នកដឹកនាំ ហើយលើកទឹកចិត្តគាត់ ព្រមទាំងពង្រឹងកម្លាំងចិត្តគាត់ដែរ ព្រោះគាត់នឹងនាំបណ្ដាជននេះឆ្លងទន្លេយ៉ូដាន់+ ហើយជួយពួកគេចាប់យកទឹកដីដែលអ្នកនឹងឃើញនោះទុកជាមត៌ក›។ ២៩ នេះបានកើតឡើងកាលដែលយើងស្នាក់នៅត្រង់ជ្រលងភ្នំទល់មុខបេតពេអរ។+
៤ «ឱអ៊ីស្រាអែលអើយ! ចូរស្ដាប់បញ្ញត្តិនិងក្រឹត្យក្រម ដែលខ្ញុំកំពុងបង្រៀនអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅ+ ហើយចូលទៅចាប់យកទឹកដីដែលព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសអ្នករាល់គ្នា នឹងប្រគល់ឲ្យ។ ២ អ្នករាល់គ្នាមិនត្រូវបន្ថែមឬបន្ថយអ្វីដែលខ្ញុំកំពុងបង្រៀននេះឡើយ+ តែត្រូវកាន់ខ្ជាប់តាមបញ្ញត្តិរបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។
៣ «អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកហើយថា ព្រះយេហូវ៉ាបានធ្វើយ៉ាងណាចំពោះពួកអ្នកដែលកាន់តាមព្រះបាលនៃពេអរ គឺព្រះយេហូវ៉ាបានបំផ្លាញពួកគេចោល។+ ៤ ប៉ុន្តែ អ្នករាល់គ្នាបានកាន់ខ្ជាប់តាមព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ហេតុនេះហើយបានជាអ្នករាល់គ្នានៅមានជីវិតរហូតមកដល់សព្វថ្ងៃ។ ៥ មើល! ខ្ញុំបានបង្រៀនបញ្ញត្តិនិងការសម្រេចក្ដីដល់អ្នករាល់គ្នា+ តាមបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចកាន់តាមបញ្ញត្តិនិងការសម្រេចក្ដីទាំងនោះ នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅចាប់យក។ ៦ អ្នករាល់គ្នាត្រូវកាន់តាមបញ្ញត្តិនិងការសម្រេចក្ដីទាំងនោះឲ្យបានដិតដល់+ ព្រោះនោះនឹងបង្ហាញថាអ្នករាល់គ្នាមានប្រាជ្ញា+និងការយល់ដឹង+នៅចំពោះប្រជាជាតិនានា ហើយពេលពួកគេឮបញ្ញត្តិនិងការសម្រេចក្ដីទាំងនោះ ពួកគេនឹងសរសើរថា៖ ‹ប្រជាជាតិនេះពិតជាមានប្រាជ្ញាវាងវៃនិងការយល់ដឹងជ្រៅជ្រះមែន!›។+ ៧ តើមានប្រជាជាតិដ៏ធំណាមួយដែលមានព្រះនៅជិតពួកគេដូចព្រះយេហូវ៉ាជាព្រះនៃយើង ដែលតែងនៅជិតយើងគ្រប់ពេលដែលយើងហៅរកលោកនោះ?+ ៨ តើមានប្រជាជាតិដ៏ធំណាដែលមានបញ្ញត្តិនិងក្រឹត្យក្រមដូចក្រមច្បាប់ដែលខ្ញុំកំពុងបង្រៀនអ្នករាល់គ្នានៅថ្ងៃនេះឬទេ?+
៩ «អ្នករាល់គ្នាត្រូវប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ឲ្យបានដិតដល់ ដើម្បីកុំឲ្យអ្នករាល់គ្នាភ្លេចអ្វីដែលអ្នករាល់គ្នាបានឃើញ ហើយដើម្បីឲ្យអ្វីទាំងនោះដក់ជាប់នៅក្នុងចិត្តរបស់អ្នករាល់គ្នាអស់មួយជីវិត។ មិនត្រឹមតែប៉ុណ្ណោះ អ្នករាល់គ្នាក៏ត្រូវបង្ហាត់បង្រៀនអ្វីទាំងនេះដល់កូនចៅរបស់ខ្លួនផងដែរ។+ ១០ នៅថ្ងៃដែលអ្នករាល់គ្នាឈរនៅចំពោះព្រះយេហូវ៉ានៅឯភ្នំហូរែប ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ ‹ចូរឲ្យបណ្ដាជនទាំងអស់មកជួបជុំគ្នានៅចំពោះខ្ញុំ ដើម្បីឲ្យពួកគេឮប្រសាសន៍របស់ខ្ញុំ។+ យ៉ាងនោះ ពួកគេអាចរៀនគោរពកោតខ្លាចដល់ខ្ញុំ+ដរាបណាដែលពួកគេរស់នៅផែនដី និងដើម្បីឲ្យពួកគេអាចបង្រៀនកូនចៅរបស់ខ្លួនផងដែរ›។+
១១ «ដូច្នេះ អ្នករាល់គ្នាក៏ចូលទៅជិត ហើយឈរនៅក្បែរជើងភ្នំនោះ។ ពេលនោះ មានភ្លើងឆេះសន្ធោសន្ធៅនៅលើភ្នំឡើងទៅដល់មេឃ ទាំងមានពពកខ្មៅយ៉ាងក្រាស់ ហើយងងឹតសូន្យសុង។+ ១២ រួចព្រះយេហូវ៉ាមានប្រសាសន៍មកកាន់អ្នករាល់គ្នាពីក្នុងភ្លើងនោះ។+ អ្នករាល់គ្នាឮសំឡេងលោក+ តែពុំឃើញលោកទេ។+ ១៣ បន្ទាប់មក លោកបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នករាល់គ្នា+ ដោយឲ្យអ្នករាល់គ្នាកាន់តាមបញ្ញត្តិរបស់លោក គឺបញ្ញត្តិ១០ប្រការ។+ ក្រោយនោះ លោកបានចារឹកបញ្ញត្តិទាំងនោះនៅលើបន្ទះថ្មពីរផ្ទាំង។+ ១៤ នៅគ្រានោះ ព្រះយេហូវ៉ាបានបង្គាប់ឲ្យខ្ញុំបង្រៀនបញ្ញត្តិនិងក្រឹត្យក្រមដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាកាន់តាមពេលរស់នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅចាប់យកនោះ។
១៥ «នៅថ្ងៃដែលព្រះយេហូវ៉ាមានប្រសាសន៍មកកាន់អ្នករាល់គ្នានៅភ្នំហូរែបពីកណ្ដាលភ្លើង អ្នករាល់គ្នាមិនបានឃើញលោកទេ។ ហេតុនេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួនឲ្យមែនទែន ១៦ ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអាក្រក់ ដោយធ្វើរូបឆ្លាក់ដែលមានរូបរាងណាមួយ ទោះជាមានរូបរាងដូចបុរសឬស្ត្រី+ ១៧ សត្វដែលដើរនៅដី ឬសត្វដែលហើរលើអាកាស+ ១៨ សត្វលូនវារ ឬត្រីក្នុងទឹកនៅផែនដីក្ដី។+ ១៩ ពេលអ្នករាល់គ្នាងើយមើលទៅលើមេឃ ឃើញដួងខែ ដួងអាទិត្យ និងផ្កាយទាំងឡាយ ពោលគឺអ្វីៗទាំងអស់នៅលើមេឃ* អ្នករាល់គ្នាមិនត្រូវបណ្ដោយចិត្តខ្លួនឲ្យក្រាបគោរពនិងបម្រើដល់អ្វីទាំងនោះទេ+ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានបង្កើតអ្វីទាំងនោះសម្រាប់មនុស្សជាតិដែលនៅក្រោមមេឃ។ ២០ ប៉ុន្តែ គឺអ្នករាល់គ្នាដែលព្រះយេហូវ៉ាបាននាំចេញពីស្រុកអេហ្ស៊ីប ជាស្រុកដែលប្រៀបដូចជាឡរំលាយដែក ដើម្បីឲ្យអ្នករាល់គ្នាធ្វើជារាស្ត្ររបស់លោកផ្ទាល់+ រហូតមកដល់សព្វថ្ងៃ។
២១ «ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានខឹងនឹងខ្ញុំ ព្រោះតែអ្នករាល់គ្នា+ ហើយព្រះយេហូវ៉ាបានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា លោកនឹងមិនឲ្យខ្ញុំឆ្លងទន្លេយ៉ូដាន់ ឬចូលទៅក្នុងស្រុកដ៏ល្អដែលលោកបានសន្យាថាប្រគល់ឲ្យអ្នករាល់គ្នាជាមត៌កទេ។+ ២២ ហេតុនេះ ខ្ញុំមិនអាចឆ្លងទន្លេយ៉ូដាន់បានទេ+ ខ្ញុំនឹងស្លាប់នៅលើទឹកដីនេះ មានតែអ្នករាល់គ្នាប៉ុណ្ណោះដែលនឹងឆ្លងទៅចាប់យកទឹកដីដ៏ល្អនោះ។ ២៣ អ្នករាល់គ្នាត្រូវប្រយ័ត្នកុំភ្លេចកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាបានធ្វើជាមួយនឹងអ្នករាល់គ្នា+ ហើយមិនត្រូវធ្វើរូបឆ្លាក់សម្រាប់ខ្លួនឡើយ ទោះជាមានរូបរាងអ្វីក៏ដោយ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានហាមជាដាច់ខាត។+ ២៤ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា លោកប្រៀបដូចជាភ្លើងឆេះសន្ធោសន្ធៅ។+ លោកជាព្រះដែលតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ។+
២៥ «បើកាលណាអ្នករាល់គ្នារស់បានយូរអង្វែងនៅក្នុងស្រុកនោះរហូតដល់មានកូនចៅ តែក្រោយមកបែរជាប្រព្រឹត្តអាក្រក់ដែលនាំឲ្យខ្លួនអន្តរាយ ដោយធ្វើរូបឆ្លាក់ណាមួយ+ ហើយប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាមិនពេញចិត្ត ដែលបណ្ដាលឲ្យលោកខឹង+ ២៦ នោះខ្ញុំយកមេឃនិងដីធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសទៅយ៉ាងឆាប់ ពីទឹកដីដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ៉ូដាន់ចូលទៅចាប់យកនោះ។ អ្នករាល់គ្នានឹងមិនរស់នៅលើទឹកដីនោះយូរអង្វែងទេ តែនឹងត្រូវបំផ្លាញសាបសូន្យទៅ។+ ២៧ ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករាល់គ្នាខ្ចាត់ខ្ចាយ និងបណ្ដេញអ្នករាល់គ្នាឲ្យទៅរស់នៅក្នុងចំណោមប្រជាជាតិនានា+ ហើយមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលនឹងរួចជីវិត+នៅក្នុងចំណោមប្រជាជាតិទាំងនោះ។ ២៨ នៅទីនោះ អ្នករាល់គ្នានឹងត្រូវបម្រើព្រះដែលធ្វើពីឈើពីថ្ម ជាស្នាដៃរបស់មនុស្ស+ គឺព្រះដែលមើលមិនឃើញ ស្ដាប់មិនឮ បរិភោគមិនបាន ហើយហិតក្លិនមិនបានផង។
២៩ «ប្រសិនបើនៅទីនោះ អ្នករាល់គ្នាសួររកព្រះយេហូវ៉ាដែលជាព្រះនៃអ្នករាល់គ្នា និងស្វែងរកលោកយ៉ាងអស់ពីកម្លាំងកាយចិត្ត+ នោះអ្នករាល់គ្នានឹងរកលោកឃើញជាមិនខាន។+ ៣០ ពេលអ្នករាល់គ្នាជួបទុក្ខលំបាក និងជួបរឿងទាំងអស់នេះនៅពេលក្រោយមក នោះអ្នករាល់គ្នានឹងវិលមករកព្រះយេហូវ៉ា ហើយស្ដាប់តាមលោកជាព្រះនៃអ្នករាល់គ្នា+ ៣១ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា លោកជាព្រះដែលមានសេចក្ដីមេត្តាករុណា។+ លោកនឹងមិនបោះបង់ចោលអ្នករាល់គ្នាទេ ហើយក៏មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវវិនាសទៅនោះដែរ។ លោកនឹងមិនបំភ្លេចកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងបុព្វបុរសរបស់អ្នករាល់គ្នាឡើយ។+
៣២ «ឥឡូវសូមគិតទៅមើល តាំងពីមុនរហូតដល់គ្រារបស់អ្នករាល់គ្នា គឺតាំងពីថ្ងៃដែលព្រះបានបង្កើតមនុស្សជាតិនៅលើផែនដី តើធ្លាប់មានអ្វីណាមួយដ៏អស្ចារ្យដូចនេះកើតឡើងឬទេ? សូមស៊ើបសួរទៅមើល ចាប់ពីជើងមេឃម្ខាងទៅដល់ជើងមេឃម្ខាង តើមានអ្នកណាធ្លាប់ឮអ្វីដ៏អស្ចារ្យដូចនេះដែរទេ?+ ៣៣ តើមានប្រជាជាតិណាមួយធ្លាប់ឮសំឡេងរបស់ព្រះពីកណ្ដាលភ្លើងដូចជាអ្នករាល់គ្នាបានឮ ហើយនៅរស់បានឬ?+ ៣៤ អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកហើយថា ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជួយរំដោះអ្នករាល់គ្នាពីស្រុកអេហ្ស៊ីបដោយការវិនិច្ឆ័យ ដោយសញ្ញាសម្គាល់ ដោយការអស្ចារ្យ+ ដោយសង្គ្រាម+ ដោយឫទ្ធានុភាពដ៏ខ្លាំងក្លា+ និងដោយការដ៏គួរឲ្យស្ញែងខ្លាច។+ តើលោកធ្លាប់ធ្វើដូចនោះចំពោះប្រជាជាតិណាមួយដែរឬទេ? ៣៥ ការទាំងនោះបានត្រូវបង្ហាញដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថាព្រះយេហូវ៉ាគឺជាព្រះពិត+ ក្រៅពីលោកគ្មានព្រះណាទៀតឡើយ។+ ៣៦ លោកធ្វើឲ្យអ្នករាល់គ្នាឮសំឡេងលោកពីលើមេឃ* ដើម្បីកែតម្រង់អ្នករាល់គ្នា ហើយនៅលើផែនដីលោកធ្វើឲ្យអ្នករាល់គ្នាឃើញភ្លើងដ៏ធំរបស់លោក ថែមទាំងឲ្យអ្នករាល់គ្នាឮសំឡេងលោកពីកណ្ដាលភ្លើងនោះទៀតផង។+
៣៧ «លោកស្រឡាញ់បុព្វបុរសរបស់អ្នករាល់គ្នា ហើយបានជ្រើសរើសកូនចៅរបស់ពួកគាត់ឲ្យធ្វើជារាស្ត្ររបស់លោក+ ហេតុនេះហើយបានជាលោករំដោះអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា។ ៣៨ លោកបានបណ្ដេញប្រជាជាតិធំៗនិងខ្លាំងពូកែចេញពីមុខអ្នករាល់គ្នា ហើយបាននាំអ្នករាល់គ្នាចូលទៅចាប់យកទឹកដីរបស់ពួកគេទុកជាមត៌ក ដូចអ្នករាល់គ្នាឃើញស្រាប់ហើយ។+ ៣៩ ដូច្នេះ នៅថ្ងៃនេះ ចូរដឹងហើយចាំទុកក្នុងចិត្តថា នៅស្ថានសួគ៌ខាងលើ និងនៅផែនដីខាងក្រោម មានតែព្រះយេហូវ៉ាប៉ុណ្ណោះគឺជាព្រះពិត+ គ្មានព្រះណាទៀតឡើយ។+ ៤០ អ្នករាល់គ្នាត្រូវកាន់ខ្ជាប់តាមច្បាប់និងបញ្ញត្តិរបស់លោក ដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នានិងកូនចៅរបស់អ្នករាល់គ្នាមានភាពចម្រុងចម្រើន និងរស់នៅជាយូរអង្វែងក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានប្រគល់ឲ្យ»។+
៤១ នៅគ្រានោះ ម៉ូសេបានញែកទុកក្រុងបីដែលនៅភាគខាងកើតទន្លេយ៉ូដាន់។+ ៤២ បើអ្នកណាម្នាក់សម្លាប់អ្នកឯទៀតដោយអចេតនា តែគាត់មិនបានស្អប់អ្នកនោះទេ+ នោះគាត់ត្រូវរត់ទៅជ្រកកោននៅក្រុងណាមួយក្នុងចំណោមក្រុងទាំងនោះ។+ ៤៣ ក្រុងទាំងនោះមាន ក្រុងបេសឺ+នៅតំបន់ស្ងាត់ជ្រងំនាតំបន់ខ្ពង់រាប សម្រាប់កុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូត+ក្នុងតំបន់គីលាត សម្រាប់កុលសម្ព័ន្ធកាដ ក្រុងកូឡាន+ក្នុងតំបន់បាសាន សម្រាប់កុលសម្ព័ន្ធម៉ាណាសេ។+
៤៤ នេះជាច្បាប់+ដែលម៉ូសេបានប្រគល់ឲ្យបណ្ដាជនអ៊ីស្រាអែល។ ៤៥ នេះជាបញ្ញត្តិ ជាសេចក្ដីរំលឹក និងក្រឹត្យក្រមដែលម៉ូសេបានឲ្យដល់បណ្ដាជនអ៊ីស្រាអែល ក្រោយពីពួកគេចេញពីស្រុកអេហ្ស៊ីប+ ៤៦ គឺនៅត្រង់តំបន់ទន្លេយ៉ូដាន់ ក្នុងជ្រលងទល់មុខបេតពេអរ+ ដែលស្ថិតក្នុងទឹកដីរបស់ស្ដេចស៊ីហុនជាស្ដេចជនជាតិអាម៉ូរីដែលរស់នៅក្នុងក្រុងហែសបូន។+ ម៉ូសេនិងបណ្ដាជនអ៊ីស្រាអែលបានវាយឈ្នះស្ដេចនោះ ក្រោយពីពួកគេចេញពីស្រុកអេហ្ស៊ីប។+ ៤៧ រួចពួកគេបានដណ្ដើមយកទឹកដីរបស់ស្ដេចស៊ីហុន ព្រមទាំងទឹកដីរបស់ស្ដេចអុក+នៃតំបន់បាសាន។ ស្ដេចទាំងពីររូបនោះជាស្ដេចជនជាតិអាម៉ូរី ដែលរស់នៅតំបន់ភាគខាងកើតទន្លេយ៉ូដាន់។ ៤៨ ទឹកដីរបស់ពួកគេ គឺចាប់ពីអារ៉ូអ៊ើរ+ដែលស្ថិតនៅជាយជ្រលងអើណូន ឡើងទៅភ្នំសាយអនជាភ្នំហឺម៉ូន+ ៤៩ រួមទាំងតំបន់អារ៉ាបាទាំងមូលដែលស្ថិតក្នុងតំបន់ភាគខាងកើតទន្លេយ៉ូដាន់ និងរហូតដល់សមុទ្រអំបិល*ដែលនៅត្រង់ជើងភ្នំពីសកា។+
៥ បន្ទាប់មក ម៉ូសេបានហៅបណ្ដាជនអ៊ីស្រាអែលទាំងអស់ឲ្យមកជួបជុំគ្នា ហើយប្រាប់ពួកគេថា៖ «ឱប្រជាជាតិអ៊ីស្រាអែលអើយ! ចូរស្ដាប់បញ្ញត្តិនិងក្រឹត្យក្រមដែលខ្ញុំប្រាប់អ្នករាល់គ្នានៅថ្ងៃនេះចុះ។ អ្នករាល់គ្នាត្រូវរៀនសេចក្ដីទាំងនេះ ហើយកាន់តាមឲ្យបានដិតដល់។ ២ ព្រះយេហូវ៉ាជាព្រះនៃយើងបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងយើងនៅភ្នំហូរែប។+ ៣ កិច្ចព្រមព្រៀងនេះ ព្រះយេហូវ៉ាមិនបានធ្វើជាមួយនឹងបុព្វបុរសយើងទេ តែបានធ្វើជាមួយនឹងយើងទាំងអស់គ្នាដែលមានជីវិតនៅសព្វថ្ងៃនេះវិញ។ ៤ នៅលើភ្នំ ព្រះយេហូវ៉ាបានមានប្រសាសន៍ផ្ទាល់*មកកាន់អ្នករាល់គ្នា ពីកណ្ដាលភ្លើង។+ ៥ នៅពេលនោះ ខ្ញុំឈររវាងព្រះយេហូវ៉ានឹងអ្នករាល់គ្នា+ ដើម្បីនាំពាក្យព្រះយេហូវ៉ាមកប្រាប់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានភ័យខ្លាច ដោយសារឃើញភ្លើងនៅលើភ្នំ ហើយអ្នករាល់គ្នាមិនបានឡើងទៅទេ។+ ខណៈនោះ លោកបានមានប្រសាសន៍ថា៖
៦ «‹ខ្ញុំយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ខ្ញុំបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប ជាស្រុកដែលអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើ។+ ៧ អ្នករាល់គ្នាមិនត្រូវគោរពប្រណិប័តន៍ព្រះណាផ្សេងទៀតក្រៅពីខ្ញុំទេ។+
៨ «‹អ្នករាល់គ្នាមិនត្រូវឆ្លាក់រូបណាមួយ+ ឬអ្វីក៏ដោយដែលមានរាងដូចអ្វីនៅលើមេឃ នៅផែនដី ឬនៅក្នុងទឹកឡើយ។ ៩ អ្នករាល់គ្នាមិនត្រូវក្រាបគោរពឬលង់ចិត្តទៅបម្រើដល់រូបទាំងនោះឡើយ+ ព្រោះខ្ញុំយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ខ្ញុំតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ។+ ចំពោះពួកអ្នកដែលស្អប់ខ្ញុំ ខ្ញុំនឹងឲ្យកូនចៅពួកគេទទួលរងផលអាក្រក់ពីកំហុសរបស់ពួកគេដល់ទៅបីជំនាន់ ថែមទាំងដល់បួនជំនាន់ផង។+ ១០ ចំណែកឯពួកអ្នកដែលស្រឡាញ់ខ្ញុំព្រមទាំងកាន់តាមបញ្ញត្តិខ្ញុំវិញ ខ្ញុំនឹងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះពួកគេ រហូតដល់ទៅរាប់ពាន់ជំនាន់។
១១ «‹អ្នករាល់គ្នាមិនត្រូវប្រើនាមព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាតាមរបៀបមិនត្រឹមត្រូវនោះទេ+ ព្រោះព្រះយេហូវ៉ានឹងមិនលើកលែងដល់អ្នកណាដែលធ្វើដូច្នោះឡើយ។+
១២ «‹ចូរកាន់តាមថ្ងៃឈប់សម្រាក ហើយចាត់ទុកថ្ងៃនោះជាថ្ងៃពិសិដ្ឋ តាមបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។+ ១៣ អ្នករាល់គ្នាអាចធ្វើការក្នុងរវាង៦ថ្ងៃបាន+ ១៤ តែនៅថ្ងៃទី៧ ជាថ្ងៃឈប់សម្រាកដើម្បីព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។+ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ+ សូម្បីតែកូនប្រុសស្រីរបស់អ្នករាល់គ្នា ខ្ញុំបម្រើប្រុសស្រី និងសត្វពាហនៈ*របស់អ្នករាល់គ្នា ព្រមទាំងជនបរទេសណាដែលរស់នៅក្នុងបណ្ដាក្រុងជាមួយនឹងអ្នករាល់គ្នា+ ក៏មិនត្រូវធ្វើការអ្វីដែរ។ យ៉ាងនេះ ខ្ញុំបម្រើប្រុសស្រីរបស់អ្នករាល់គ្នាក៏អាចសម្រាកដូចអ្នករាល់គ្នាដែរ។+ ១៥ សូមចាំថាអ្នករាល់គ្នាក៏ធ្លាប់ធ្វើជាខ្ញុំបម្រើនៅស្រុកអេហ្ស៊ីបដែរ ហើយសូមចាំថាព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីទីនោះដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។+ ហេតុនេះហើយបានជាព្រះយេហូវ៉ាបានបង្គាប់អ្នករាល់គ្នាឲ្យកាន់តាមថ្ងៃឈប់សម្រាក។
១៦ «‹ចូរអ្នករាល់គ្នាគោរពឪពុកម្ដាយ+ តាមបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅបានយូរអង្វែងនិងមានភាពចម្រុងចម្រើន នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នានឹងប្រគល់ឲ្យ។+
១៧ «‹អ្នករាល់គ្នាមិនត្រូវធ្វើឃាតកម្មឡើយ។+
១៨ «‹អ្នករាល់គ្នាមិនត្រូវផិតក្បត់ជាដាច់ខាត។+
១៩ «‹អ្នករាល់គ្នាមិនត្រូវលួចឡើយ។+
២០ «‹ពេលធ្វើជាសាក្សី អ្នករាល់គ្នាមិនត្រូវផ្ដល់ចម្លើយមិនពិត ទាស់នឹងអ្នកឯទៀតឡើយ។+
២១ «‹អ្នករាល់គ្នាមិនត្រូវប្រាថ្នាចង់បានប្រពន្ធគេ+ ផ្ទះគេ ស្រែចម្ការគេ ខ្ញុំបម្រើប្រុសស្រី គោនិងលា ឬអ្វីៗក៏ដោយដែលជារបស់គេឡើយ›។+
២២ «នេះហើយជាបញ្ញត្តិដែលព្រះយេហូវ៉ាបានឲ្យដល់អ្នករាល់គ្នាពីលើភ្នំ ចេញពីក្នុងភ្លើង ពីពពក និងពីភាពងងឹតសូន្យសុង+ ដោយសំឡេងលាន់ឮរំពង។ លោកមិនបានបន្ថែមអ្វីឲ្យលើសពីបញ្ញត្តិទាំងនេះទេ។ រួចលោកបានចារឹកបញ្ញត្តិទាំងនេះលើបន្ទះថ្មពីរផ្ទាំង ហើយប្រគល់មកឲ្យខ្ញុំ។+
២៣ «ប៉ុន្តែ ក្រោយពីអ្នករាល់គ្នាបានឮសំឡេងចេញពីភាពងងឹតសូន្យសុងកាលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅនៅលើភ្នំ+ នោះពួកមេដឹកនាំកុលសម្ព័ន្ធនិងពួកបុរសចាស់ទុំបានមកឯខ្ញុំ ២៤ រួចនិយាយថា៖ ‹ព្រះយេហូវ៉ាបានបង្ហាញឲ្យពួកខ្ញុំឃើញសិរីរុងរឿងនិងភាពឧត្តុង្គឧត្តមរបស់លោកហើយ។ ពួកខ្ញុំក៏បានឮសំឡេងរបស់លោកពីកណ្ដាលភ្លើងដែរ។+ ថ្ងៃនេះ ពួកខ្ញុំឃើញថាព្រះអាចមានប្រសាសន៍មកកាន់មនុស្ស ហើយមនុស្សអាចនៅរស់បាន។+ ២៥ ទោះជាយ៉ាងនេះក្ដី ពួកខ្ញុំខ្លាចថាខ្លួននឹងស្លាប់ ព្រោះភ្លើងដ៏សន្ធោសន្ធៅនេះអាចឆាបឆេះពួកខ្ញុំបាន។ បើពួកខ្ញុំនៅតែឮសំឡេងព្រះយេហូវ៉ាបែបនេះទៀត ពួកខ្ញុំមុខជាស្លាប់មិនខាន។ ២៦ ព្រោះគ្មានមនុស្សជាតិណាម្នាក់បានឮសំឡេងព្រះដែលមានជីវិតរស់នៅ មានប្រសាសន៍ពីកណ្ដាលភ្លើងដូចពួកខ្ញុំបានឮ ហើយនៅរស់បានទេ។ ២៧ ដូច្នេះ សូមអ្នកចូលទៅស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ាជាព្រះនៃយើង ជំនួសពួកខ្ញុំផង រួចនាំប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ាមកប្រាប់ពួកខ្ញុំវិញ។ ពួកខ្ញុំនឹងស្ដាប់ហើយធ្វើតាម›។+
២៨ «ដូច្នេះ ព្រះយេហូវ៉ាក៏បានឮពាក្យរបស់អ្នករាល់គ្នា ហើយព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ ‹ខ្ញុំបានឮអ្វីដែលបណ្ដាជននិយាយទៅកាន់អ្នកហើយ។ សំណូមពររបស់ពួកគេគឺសមហេតុសមផល។+ ២៩ បើពួកគេមានចិត្តកោតខ្លាចខ្ញុំជានិច្ច+ ហើយកាន់តាមបញ្ញត្តិទាំងអស់របស់ខ្ញុំ+ នោះពួកគេនិងកូនចៅរបស់ពួកគេនឹងមានភាពចម្រុងចម្រើនជារៀងដរាបតទៅ។+ ៣០ ចូរទៅប្រាប់ពួកគេថា៖ «អ្នករាល់គ្នាត្រឡប់ទៅត្រសាលរបស់ខ្លួនវិញទៅ»។ ៣១ ចំណែកឯអ្នកវិញ ចូរនៅទីនេះជាមួយនឹងខ្ញុំចុះ។ ខ្ញុំនឹងប្រាប់អ្នកអំពីបញ្ញត្តិ ច្បាប់ និងក្រឹត្យក្រមទាំងអស់ ដែលអ្នកត្រូវបង្រៀនពួកគេ។ ពួកគេត្រូវកាន់តាមអ្វីទាំងនេះនៅក្នុងស្រុកដែលខ្ញុំនឹងប្រគល់ឲ្យពួកគេទុកជាមត៌ក›។ ៣២ អ្នករាល់គ្នាត្រូវធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាឲ្យបានដិតដល់+ ហើយមិនត្រូវបែរទៅខាងឆ្វេងឬខាងស្ដាំឡើយ។+ ៣៣ អ្នករាល់គ្នាត្រូវដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដូចដែលលោកបានបង្គាប់+ ដើម្បីឲ្យអ្នករាល់គ្នានិងកូនចៅរបស់អ្នករាល់គ្នាមានភាពចម្រុងចម្រើន ហើយរស់នៅបានយូរអង្វែងក្នុងស្រុកដែលអ្នករាល់គ្នានឹងទទួលជាមត៌ក។+
៦ «នេះជាច្បាប់ បញ្ញត្តិ និងក្រឹត្យក្រមដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានឲ្យសម្រាប់បង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចកាន់តាម ពេលដែលអ្នករាល់គ្នាឆ្លងចូលទៅរស់នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងទទួលជាមត៌ក។ ២ យ៉ាងនេះ អ្នករាល់គ្នានិងកូនចៅរបស់អ្នករាល់គ្នាអាចកោតខ្លាចព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ហើយអាចកាន់ខ្ជាប់តាមច្បាប់និងបញ្ញត្តិរបស់លោកអស់មួយជីវិត+ គឺច្បាប់និងបញ្ញត្តិដែលខ្ញុំកំពុងបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចរស់ជាយូរអង្វែង។+ ៣ ដូច្នេះ ឱប្រជាជាតិអ៊ីស្រាអែលអើយ! ចូរអ្នករាល់គ្នាស្ដាប់និងកាន់តាមសេចក្ដីទាំងនេះឲ្យបានដិតដល់ ដើម្បីឲ្យអ្នករាល់គ្នាមានភាពចម្រុងចម្រើននិងមានគ្នាច្រើនឡើងនៅក្នុងស្រុកដែលសម្បូរដោយទឹកដោះនិងទឹកឃ្មុំហូរហៀរ ដូចដែលព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសអ្នករាល់គ្នាបានសន្យា។
៤ «ចូរស្ដាប់ចុះ ឱប្រជាជាតិអ៊ីស្រាអែលអើយ! ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា គឺព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។+ ៥ អ្នករាល់គ្នាត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ឲ្យអស់ពីដួងចិត្ត អស់ពីជីវិត*+ និងអស់ពីកម្លាំងកាយ។+ ៦ ពាក្យដែលខ្ញុំបង្រៀនដល់អ្នករាល់គ្នានៅថ្ងៃនេះ ត្រូវដក់ជាប់នៅក្នុងចិត្តរបស់អ្នករាល់គ្នា ៧ ហើយអ្នករាល់គ្នាត្រូវបង្ហាត់បង្រៀន*ដល់កូនចៅរបស់ខ្លួន+ ដោយនិយាយប្រាប់ពួកគេក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ក្នុងកាលដែលដើរតាមផ្លូវ ក្នុងកាលដែលដេក និងក្រោកឡើងផង។+ ៨ អ្នករាល់គ្នាត្រូវចងពាក្យទាំងនេះនៅលើដៃទុកជាការរំលឹក ហើយត្រូវធ្វើដូចជាស្លាកនៅលើថ្ងាសអ្នករាល់គ្នា។+ ៩ អ្នករាល់គ្នាក៏ត្រូវសរសេរពាក្យទាំងនេះនៅលើបង្គោលទ្វារផ្ទះ និងនៅលើខ្លោងទ្វារក្រុងរបស់អ្នករាល់គ្នាដែរ។
១០ «ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា បានសន្យានឹងអាប្រាហាំ អ៊ីសាក និងយ៉ាកុបជាបុព្វបុរសរបស់អ្នករាល់គ្នាថា លោកនឹងប្រគល់ស្រុកមួយឲ្យដល់អ្នករាល់គ្នា។+ លោកនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលមានក្រុងល្អៗនិងធំៗ ដែលអ្នករាល់គ្នាមិនបានសង់+ ១១ មានផ្ទះដែលពេញទៅដោយរបស់របរដែលអ្នករាល់គ្នាមិនបានប្រមូល មានអណ្ដូងដែលអ្នករាល់គ្នាមិនបានជីក មានចម្ការទំពាំងបាយជូរនិងចម្ការអូលីវ ដែលអ្នករាល់គ្នាមិនបានដាំ។ ប៉ុន្តែ ពេលដែលអ្នករាល់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ហើយ+ ១២ អ្នករាល់គ្នាត្រូវប្រយ័ត្នក្រែងលោភ្លេចព្រះយេហូវ៉ា+ ជាព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប គឺចេញពីស្រុកដែលអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើ។ ១៣ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា គឺលោកដែលអ្នករាល់គ្នាត្រូវកោតខ្លាច+ លោកហើយដែលអ្នករាល់គ្នាត្រូវបម្រើ។+ អ្នករាល់គ្នាត្រូវស្បថដោយនូវនាមលោកប៉ុណ្ណោះ។+ ១៤ អ្នករាល់គ្នាមិនត្រូវកាន់តាមព្រះណាទៀតឡើយ ទោះជាព្រះរបស់ប្រជាជាតិនានាដែលរស់នៅជុំវិញអ្នករាល់គ្នាក្ដី+ ១៥ ព្រោះព្រះយេហូវ៉ាដែលនៅក្នុងចំណោមអ្នករាល់គ្នា លោកតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ។+ បើមិនដូច្នោះទេ ព្រះយេហូវ៉ានឹងខឹងអ្នករាល់គ្នាជាខ្លាំង+ ហើយនឹងបំផ្លាញអ្នករាល់គ្នាចេញពីផែនដីនេះ។+
១៦ «អ្នករាល់គ្នាមិនត្រូវល្បងលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ ដូចដែលអ្នករាល់គ្នាបានល្បងលលោកនៅត្រង់ម៉ាសារឡើយ។+ ១៧ អ្នករាល់គ្នាត្រូវកាន់តាមយ៉ាងខ្ជាប់ខ្ជួននូវបញ្ញត្តិ ច្បាប់ និងសេចក្ដីរំលឹកដែលព្រះយេហូវ៉ាបានបង្គាប់អ្នករាល់គ្នា។ ១៨ អ្នករាល់គ្នាត្រូវប្រព្រឹត្តអ្វីដែលល្អនិងត្រឹមត្រូវតាមទស្សនៈរបស់ព្រះយេហូវ៉ា ដើម្បីឲ្យអ្នករាល់គ្នាអាចមានភាពចម្រុងចម្រើន និងអាចចូលទៅចាប់យកស្រុកដ៏ល្អនោះ ជាទឹកដីដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា។+ ១៩ ព្រះយេហូវ៉ានឹងបណ្ដេញពួកសត្រូវទាំងអស់ចេញពីមុខអ្នករាល់គ្នា ដូចដែលលោកបានសន្យា។+
២០ «នៅថ្ងៃអនាគត ពេលកូនចៅរបស់អ្នករាល់គ្នាសួរថា៖ ‹ហេតុអ្វីព្រះយេហូវ៉ាជាព្រះនៃយើងឲ្យច្បាប់ សេចក្ដីរំលឹក និងក្រឹត្យក្រមទាំងនេះដល់យើង?›។ ២១ អ្នករាល់គ្នាត្រូវឆ្លើយទៅពួកគេថា៖ ‹យើងធ្លាប់ធ្វើជាខ្ញុំបម្រើផារ៉ូនៅស្រុកអេហ្ស៊ីប តែព្រះយេហូវ៉ាបានរំដោះយើងចេញពីស្រុកនោះដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។ ២២ យើងបានឃើញដោយផ្ទាល់ភ្នែកនូវសញ្ញាសម្គាល់ផ្សេងៗ និងការអស្ចារ្យធំៗដែលព្រះយេហូវ៉ាបានធ្វើទៅលើស្រុកអេហ្ស៊ីប+ លើផារ៉ូ និងពួកអ្នកផ្ទះទាំងអស់របស់គាត់។+ ២៣ លោកបានរំដោះយើងចេញពីទីនោះ ដើម្បីនាំយើងមកទីនេះ ហើយប្រគល់ស្រុកនេះដល់យើង ជាស្រុកដែលលោកបានស្បថនឹងបុព្វបុរសរបស់យើង។+ ២៤ បន្ទាប់មក ព្រះយេហូវ៉ាបានបង្គាប់យើងឲ្យកាន់តាមបញ្ញត្តិទាំងអស់នេះ ហើយឲ្យយើងកោតខ្លាចព្រះយេហូវ៉ាជាព្រះនៃយើង ដើម្បីជាប្រយោជន៍ដល់យើងជាដរាប។+ យ៉ាងនេះ យើងអាចនៅមានជីវិត+ រហូតមកដល់សព្វថ្ងៃ។ ២៥ បើយើងកាន់តាមបញ្ញត្តិទាំងអស់នេះឲ្យបានដិតដល់ ដោយស្ដាប់បង្គាប់ព្រះយេហូវ៉ាជាព្រះនៃយើង ហើយធ្វើតាមការណែនាំរបស់លោក នោះយើងនឹងត្រូវចាត់ទុកជាមនុស្សសុចរិតហើយ›។+
៧ «ឥឡូវអ្នករាល់គ្នាហៀបនឹងចូលទៅចាប់យកស្រុកនោះទុកជាមត៌កហើយ។ ពេលដែលព្រះយេហូវ៉ានាំអ្នករាល់គ្នាចូលទៅ+ លោកនឹងបណ្ដេញប្រជាជាតិ+៧ដែលមានគ្នាច្រើនជាងនិងខ្លាំងក្លាជាងអ្នករាល់គ្នា+ គឺជនជាតិហេត ជនជាតិកឺកាស៊ី ជនជាតិអាម៉ូរី+ ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។+ ២ ព្រះយេហូវ៉ានឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងវាយឈ្នះពួកគេ។+ អ្នករាល់គ្នាត្រូវបំផ្លាញពួកគេឲ្យសាបសូន្យទៅ+ ហើយមិនត្រូវអាណិតអាសូរពួកគេ ឬធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកគេឡើយ។+ ៣ អ្នករាល់គ្នាមិនត្រូវចងសម្ព័ន្ធភាពនឹងពួកគេដោយចំណងអាពាហ៍ពិពាហ៍ជាដាច់ខាត គឺមិនត្រូវឲ្យកូនប្រុសកូនស្រីរបស់អ្នករាល់គ្នារៀបការនឹងកូនប្រុសកូនស្រីរបស់ពួកគេឡើយ។+ ៤ ព្រោះពួកគេនឹងទាញនាំកូនៗរបស់អ្នករាល់គ្នាចេញពីព្រះយេហូវ៉ាទៅបម្រើព្រះឯទៀត។+ ពេលនោះ លោកនឹងខឹងអ្នករាល់គ្នាយ៉ាងខ្លាំង ហើយលោកនឹងបំផ្លាញអ្នករាល់គ្នាចោលភ្លាមមួយរំពេច។+
៥ «អ្នករាល់គ្នាត្រូវធ្វើចំពោះពួកគេដូចតទៅ៖ អ្នករាល់គ្នាត្រូវរំលំទីបូជា និងបំផ្លិចបំផ្លាញបង្គោលថ្ម+និងបង្គោលឈើពិសិដ្ឋ*+របស់ពួកគេ ព្រមទាំងដុតរូបព្រះរបស់ពួកគេចោល។+ ៦ ព្រោះអ្នករាល់គ្នាជាប្រជាជាតិបរិសុទ្ធចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។ ព្រះយេហូវ៉ាបានជ្រើសរើសអ្នករាល់គ្នាពីចំណោមប្រជាជាតិទាំងឡាយនៅផែនដី ដើម្បីឲ្យអ្នករាល់គ្នាធ្វើជារាស្ត្ររបស់លោក និងជាទ្រព្យវិសេសរបស់លោក។+
៧ «ព្រះយេហូវ៉ាមានមនោសញ្ចេតនាជ្រាលជ្រៅចំពោះអ្នករាល់គ្នា ហើយលោកបានជ្រើសរើសអ្នករាល់គ្នា+ មិនមែនដោយសារអ្នករាល់គ្នាមានចំនួនច្រើនជាងប្រជាជាតិទាំងឡាយនោះទេ។ ការពិតអ្នករាល់គ្នាមានចំនួនតិចជាងគេបំផុត។+ ៨ ប៉ុន្តែ គឺដោយសារព្រះយេហូវ៉ាស្រឡាញ់អ្នករាល់គ្នា និងដោយសារលោកគោរពតាមសម្បថដែលលោកបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា។+ ហេតុនេះហើយបានជាព្រះយេហូវ៉ារំដោះអ្នករាល់គ្នាពីកណ្ដាប់ដៃផារ៉ូ និងជួយអ្នករាល់គ្នាឲ្យរួចពីការធ្វើជាខ្ញុំបម្រើ+នៅស្រុកអេហ្ស៊ីប ដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។ ៩ អ្នករាល់គ្នាដឹងហើយថាព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា គឺជាព្រះដ៏ពិតនិងស្មោះត្រង់។ លោករក្សាកិច្ចព្រមព្រៀងរបស់លោកជានិច្ច។ ចំពោះអស់អ្នកដែលស្រឡាញ់លោក និងធ្វើតាមបញ្ញត្តិលោក លោកតែងតែបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះពួកគេដល់ទៅរាប់ពាន់ជំនាន់។+ ១០ ប៉ុន្តែ ចំពោះអស់អ្នកដែលស្អប់លោកវិញ លោកនឹងសងដល់ពួកគេនូវសេចក្ដីហិនវិនាស+ ហើយលោកនឹងប្រព្រឹត្តចំពោះពួកគេដោយមិនបង្អែបង្អង់ឡើយ គឺលោកនឹងសងពួកគេនៅចំពោះមុខពួកគេតែម្ដង។ ១១ ដូច្នេះ អ្នករាល់គ្នាត្រូវកាន់ខ្ជាប់តាមច្បាប់ បញ្ញត្តិ និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលខ្ញុំបង្រៀនអ្នករាល់គ្នានៅថ្ងៃនេះ។
១២ «បើអ្នករាល់គ្នាស្ដាប់និងធ្វើតាមក្រឹត្យក្រមទាំងនេះជានិច្ច នោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងរក្សាកិច្ចព្រមព្រៀងរបស់លោក ហើយបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នករាល់គ្នាជាដរាប ដូចដែលលោកបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា។ ១៣ លោកនឹងស្រឡាញ់ ហើយឲ្យពរដល់អ្នករាល់គ្នា ថែមទាំងធ្វើឲ្យអ្នករាល់គ្នាមានចំនួនកើនឡើង។+ លោកនឹងឲ្យពរអ្នករាល់គ្នាមានកូនច្រើនក្នុងស្រុកនោះ ហើយមានភោគផលជាបរិបូរ ទាំងស្រូវ ទាំងស្រាថ្មី ទាំងប្រេង+ ព្រមទាំងហ្វូងគោនិងហ្វូងចៀមរបស់អ្នករាល់គ្នា ក៏នឹងចម្រើនឡើងដែរ ដូចដែលលោកបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា។+ ១៤ ក្នុងចំណោមប្រជាជាតិនានា អ្នករាល់គ្នានឹងទទួលពរលើសគេ+ ទាំងបុរសទាំងស្ត្រីសុទ្ធតែមានសមត្ថភាពបង្កើតកូនបាន ហើយសូម្បីតែហ្វូងសត្វរបស់អ្នករាល់គ្នាក៏តែងតែមានកូនជានិច្ច។+ ១៥ ព្រះយេហូវ៉ានឹងដកអស់ទាំងជំងឺចេញពីអ្នករាល់គ្នា ហើយលោកនឹងមិនឲ្យអ្នករាល់គ្នាកើតមានជំងឺសាហាវៗ ដូចអ្នករាល់គ្នាធ្លាប់ឃើញនៅស្រុកអេហ្ស៊ីបឡើយ។+ ប៉ុន្តែ លោកនឹងធ្វើឲ្យពួកអ្នកដែលស្អប់អ្នករាល់គ្នាកើតមានជំងឺទាំងនោះវិញ។ ១៦ អ្នករាល់គ្នាត្រូវបំផ្លាញប្រជាជាតិទាំងអស់ដែលព្រះយេហូវ៉ាប្រគល់មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នា។+ អ្នករាល់គ្នាមិនត្រូវអាណិតអាសូរដល់ពួកគេទេ+ ហើយក៏មិនត្រូវបម្រើព្រះរបស់ពួកគេដែរ+ ព្រោះនោះនឹងទៅជាអន្ទាក់ដល់អ្នករាល់គ្នា។+
១៧ «បើអ្នករាល់គ្នាគិតក្នុងចិត្តថា៖ ‹ប្រជាជាតិទាំងនេះមានគ្នាច្រើនជាងយើង! តើយើងអាចបណ្ដេញពួកគេចេញម្ដេចនឹងបានទៅ?›+ ១៨ នោះអ្នករាល់គ្នាមិនត្រូវខ្លាចពួកគេឡើយ។+ ប៉ុន្តែ អ្នករាល់គ្នាត្រូវរំលឹកខ្លួនអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើទៅលើផារ៉ូនិងជនជាតិអេហ្ស៊ីបទាំងអស់។+ ១៩ អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកហើយថា ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា បានរំដោះអ្នករាល់គ្នាពីស្រុកអេហ្ស៊ីបដោយការវិនិច្ឆ័យដ៏ធំ ដោយសញ្ញាសម្គាល់ ដោយការអស្ចារ្យ+ និងដោយឫទ្ធានុភាពដ៏ខ្លាំងក្លា។+ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងធ្វើដូច្នោះដែរ ចំពោះប្រជាជាតិនានាដែលអ្នករាល់គ្នាខ្លាច។+ ២០ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងធ្វើឲ្យពួកសត្រូវរបស់អ្នករាល់គ្នាស្រយុតចិត្ត* រួមទាំងពួកសត្រូវដែលនៅសេសសល់+និងពួកអ្នកដែលលាក់ខ្លួនផងដែរ គឺរហូតដល់ពួកគេទាំងអស់វិនាសសាបសូន្យទៅ។ ២១ ចូរកុំភ័យខ្លាចពួកគេឡើយ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា លោកនៅជាមួយនឹងអ្នករាល់គ្នា។+ លោកជាព្រះដ៏ឧត្តុង្គឧត្តម និងគួរឲ្យស្ញែងខ្លាច។+
២២ «ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងបណ្ដេញប្រជាជាតិទាំងនោះពីមុខអ្នករាល់គ្នាបន្តិចម្ដងៗ។+ លោកនឹងមិនអនុញ្ញាតឲ្យអ្នករាល់គ្នាបំផ្លាញពួកគេឲ្យអស់តែម្ដងនោះទេ ដើម្បីកុំឲ្យសត្វព្រៃកើនឡើងច្រើន ហើយមកធ្វើទុក្ខដល់អ្នករាល់គ្នា។ ២៣ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នា ហើយប្រហារពួកគេរហូតដល់ពួកគេវិនាសអស់ទៅ។+ ២៤ លោកនឹងប្រគល់បណ្ដាស្ដេចរបស់ពួកគេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នា+ ហើយអ្នករាល់គ្នានឹងលុបឈ្មោះពួកគេចេញពីផែនដី។+ អ្នករាល់គ្នានឹងបំផ្លាញពួកគេឲ្យសាបសូន្យ+ គ្មាននរណាម្នាក់អាចតតាំងនឹងអ្នករាល់គ្នាបានឡើយ។+ ២៥ អ្នករាល់គ្នាត្រូវដុតបំផ្លាញរូបព្រះរបស់ពួកគេ+ ហើយមិនត្រូវប្រាថ្នាចង់បានឬយកមាសប្រាក់ដែលមាននៅលើរូបទាំងនោះឡើយ+ ដើម្បីកុំឲ្យអ្វីទាំងនោះទៅជាអន្ទាក់ដល់អ្នករាល់គ្នា ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ស្អប់ខ្ពើមអ្វីទាំងនោះខ្លាំងណាស់។+ ២៦ អ្នករាល់គ្នាមិនត្រូវយកអ្វីដែលគួរឲ្យស្អប់ខ្ពើមចូលក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ។ បើធ្វើដូច្នោះ អ្នករាល់គ្នានឹងត្រូវបំផ្លាញចោលដូចអ្វីទាំងនោះដែរ។ អ្នករាល់គ្នាត្រូវស្អប់និងខ្ពើមរអើមអ្វីទាំងនោះ ព្រោះអ្វីទាំងនោះជាអ្វីដែលគួរតែកម្ទេចចោល។
៨ «ចូរអ្នករាល់គ្នាកាន់ខ្ជាប់តាមបញ្ញត្តិទាំងប៉ុន្មានដែលខ្ញុំបង្រៀននៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចបន្តរស់នៅ+ និងមានគ្នាច្រើនឡើង ព្រមទាំងអាចចូលទៅចាប់យកស្រុកនោះទុកជាមត៌ក ជាស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា។+ ២ ចូរអ្នករាល់គ្នានឹកចាំ អំពីផ្លូវដ៏វែងឆ្ងាយដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា បានឲ្យអ្នករាល់គ្នាធ្វើដំណើរអស់រយៈពេល៤០ឆ្នាំនៅក្នុងតំបន់ស្ងាត់ជ្រងំ។+ លោកបានធ្វើដូច្នេះ ដើម្បីបង្រៀនអ្នករាល់គ្នាឲ្យមានចិត្តរាបទាប និងដើម្បីល្បងមើលចិត្តរបស់អ្នករាល់គ្នា+ថាអ្នករាល់គ្នានឹងបន្តកាន់តាមបញ្ញត្តិរបស់លោកឬក៏មិនកាន់។ ៣ លោកបង្រៀនអ្នករាល់គ្នាឲ្យមានចិត្តរាបទាប។ លោកបណ្ដោយឲ្យអ្នករាល់គ្នាឃ្លាន+ ហើយចិញ្ចឹមអ្នករាល់គ្នាដោយម៉ាណា+ ជាអាហារដែលអ្នករាល់គ្នានិងបុព្វបុរសរបស់អ្នករាល់គ្នាមិនដែលស្គាល់ឡើយ។ យ៉ាងនេះ អ្នករាល់គ្នាបានដឹងថា មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ តែដោយសារគ្រប់ទាំងប្រសាសន៍ដែលចេញពីមាត់ព្រះយេហូវ៉ាមក។+ ៤ ក្នុងរយៈពេល៤០ឆ្នាំនោះ សម្លៀកបំពាក់របស់អ្នករាល់គ្នាមិនបានសឹករេចរឹលទេ ហើយជើងរបស់អ្នករាល់គ្នាក៏មិនបានហើមដែរ។+ ៥ អ្នករាល់គ្នាដឹងក្នុងចិត្តហើយថា ព្រះយេហូវ៉ាបានកែតម្រង់អ្នករាល់គ្នាដូចឪពុកកែតម្រង់កូន។+
៦ «ដូច្នេះ អ្នករាល់គ្នាត្រូវកាន់ខ្ជាប់តាមបញ្ញត្តិរបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដោយដើរតាមផ្លូវរបស់លោក និងកោតខ្លាចលោក។ ៧ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា កំពុងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដ៏ល្អ+ ជាស្រុកដែលសម្បូរស្ទឹង អណ្ដូង និងប្រភពទឹក*នៅតំបន់ទំនាប និងតំបន់ភ្នំ។ ៨ ស្រុកនោះក៏សម្បូរស្រូវសាលីនិងស្រូវបាលី ផ្លែទំពាំងបាយជូរ ផ្លែល្វា និងផ្លែទទឹម+ ព្រមទាំងមានប្រេងអូលីវនិងទឹកឃ្មុំហូរហៀរ។+ ៩ ស្រុកនោះមានអាហារជាបរិបូរ ថែមទាំងមានដែកនៅក្នុងថ្ម និងស្ពាន់នៅតាមភ្នំទៀតផង អ្នករាល់គ្នានឹងមិនខ្វះអ្វីឡើយ។
១០ «ពេលអ្នករាល់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ហើយ អ្នករាល់គ្នាត្រូវសរសើរតម្កើងព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ព្រោះលោកបានឲ្យស្រុកដ៏ល្អនេះដល់អ្នករាល់គ្នា។+ ១១ ចូរអ្នករាល់គ្នាប្រយ័ត្នក្រែងលោភ្លេចព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដោយឈប់កាន់តាមច្បាប់ បញ្ញត្តិ និងក្រឹត្យក្រមរបស់លោកដែលខ្ញុំបង្រៀនអ្នករាល់គ្នានៅថ្ងៃនេះ។ ១២ ពេលអ្នករាល់គ្នាសង់ផ្ទះល្អៗ ហើយចូលទៅរស់នៅ ព្រមទាំងមានអាហារបរិភោគរហូតដល់ឆ្អែតស្កប់ស្កល់+ ១៣ ថែមទាំងមានហ្វូងគោហ្វូងចៀមសន្ធឹកសន្ធាប់ ហើយមានមាសប្រាក់និងអ្វីៗគ្រប់យ៉ាងជាបរិបូរ ១៤ នោះត្រូវប្រយ័ត្នក្រែងលោចិត្តរបស់អ្នករាល់គ្នាទៅជាមានអំណួត+ ហើយភ្លេចព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ជាព្រះដែលបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបជាស្រុកដែលអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើ។+ ១៥ គឺលោកហើយដែលបាននាំអ្នករាល់គ្នាឆ្លងកាត់តំបន់ស្ងាត់ជ្រងំធំៗនិងគួរឲ្យស្ញែងខ្លាច+ ដែលមានពស់មានពិសនិងខ្យាដំរី ជាវាលហួតហែងគ្មានទឹកទាល់តែសោះ។ លោកបានធ្វើឲ្យទឹកហូរចេញពីផ្ទាំងថ្ម+ ១៦ ហើយបានចិញ្ចឹមអ្នករាល់គ្នាដោយម៉ាណា+ ដែលបុព្វបុរសរបស់អ្នករាល់គ្នាពុំដែលស្គាល់ឡើយ ដើម្បីបង្រៀនអ្នករាល់គ្នាឲ្យមានចិត្តរាបទាប+ និងដើម្បីល្បងលអ្នករាល់គ្នាសម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នានៅថ្ងៃអនាគត។+ ១៧ បើអ្នករាល់គ្នាគិតក្នុងចិត្តថា៖ ‹ទ្រព្យសម្បត្តិទាំងនេះមានដោយសារកម្លាំងញើសឈាមនិងសមត្ថភាពរបស់ខ្ញុំទេតើ›+ ១៨ នោះសូមចាំថា គឺព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាទេ ដែលឲ្យកម្លាំងដល់អ្នករាល់គ្នារកបានទ្រព្យសម្បត្តិទាំងនោះ+ ព្រោះលោកបានធ្វើតាមកិច្ចព្រមព្រៀងដែលលោកបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា ដូចដែលលោកបានធ្វើរហូតមកដល់សព្វថ្ងៃ។+
១៩ «បើអ្នករាល់គ្នាភ្លេចព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ហើយដើរតាមព្រះឯទៀត ទាំងបម្រើនិងក្រាបគោរពចំពោះព្រះទាំងនោះ នោះខ្ញុំព្រមានអ្នករាល់គ្នានៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសទៅជាប្រាកដ។+ ២០ អ្នករាល់គ្នានឹងត្រូវវិនាសទៅដូចជាប្រជាជាតិនានា ដែលព្រះយេហូវ៉ាកំពុងបំផ្លាញចេញពីមុខអ្នករាល់គ្នាដែរ ព្រោះអ្នករាល់គ្នាមិនបានស្ដាប់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាទេ។+
៩ «ឱប្រជាជាតិអ៊ីស្រាអែលអើយ! ចូរស្ដាប់ចុះ! ថ្ងៃនេះ អ្នករាល់គ្នានឹងឆ្លងទន្លេយ៉ូដាន់+ចូលទៅបណ្ដេញប្រជាជាតិធំជាងនិងខ្លាំងពូកែជាងអ្នករាល់គ្នា+ ហើយចាប់យកក្រុងធំៗ ដែលមានកំពែងរឹងមាំខ្ពស់ដល់មេឃ។+ ២ ពួកគេជាពួកអេណាគីម+ ដែលមានមាឌធំខ្ពស់ ដូចដែលអ្នករាល់គ្នាធ្លាប់ដឹងឮហើយថា៖ ‹តើអ្នកណាអាចតតាំងជាមួយនឹងកូនចៅអេណាក់បាន?›។ ៣ នៅថ្ងៃនេះ ចូរអ្នករាល់គ្នាដឹងថាព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងឆ្លងទៅមុនអ្នករាល់គ្នា។+ លោកប្រៀបដូចជាភ្លើងឆេះសន្ធោសន្ធៅ+ ហើយលោកនឹងបំផ្លាញពួកគេ។ លោកនឹងបង្ក្រាបពួកគេនៅមុខអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចបណ្ដេញពួកគេចេញយ៉ាងឆាប់រហ័ស ហើយកម្ទេចពួកគេចោល ដូចដែលព្រះយេហូវ៉ាបានសន្យានឹងអ្នករាល់គ្នាហើយ។+
៤ «ពេលព្រះយេហូវ៉ាបណ្ដេញពួកគេចេញពីមុខអ្នករាល់គ្នា ចូរកុំគិតក្នុងចិត្តថា៖ ‹ព្រះយេហូវ៉ាបាននាំយើងមកចាប់យកទឹកដីរបស់ពួកគេ គឺដោយសារយើងជាមនុស្សសុចរិត›។+ ប៉ុន្តែ គឺដោយសារតែអំពើទុច្ចរិតរបស់ប្រជាជាតិទាំងនោះទៅវិញទេ+ ដែលព្រះយេហូវ៉ាបានបណ្ដេញពួកគេចេញពីមុខអ្នករាល់គ្នា។ ៥ អ្នករាល់គ្នាអាចចូលទៅដណ្ដើមយកស្រុករបស់ពួកគេបាន មិនមែនដោយសារអ្នករាល់គ្នាជាមនុស្សសុចរិត ឬមានចិត្តទៀងត្រង់ឡើយ តែគឺដោយសារអំពើទុច្ចរិតរបស់ប្រជាជាតិទាំងនោះទេ ដែលព្រះយេហូវ៉ាបានបណ្ដេញពួកគេចេញពីមុខអ្នករាល់គ្នា។+ ម្យ៉ាងទៀត ព្រះយេហូវ៉ាធ្វើដូច្នេះដើម្បីបំពេញតាមពាក្យសម្បថដែលលោកបានស្បថនឹងអាប្រាហាំ+ អ៊ីសាក+ និងយ៉ាកុប+ដែលជាបុព្វបុរសរបស់អ្នករាល់គ្នា។ ៦ ចូរដឹងថា ព្រះយេហូវ៉ាប្រគល់ទឹកដីដ៏ល្អនោះឲ្យអ្នករាល់គ្នាទុកជាមត៌ក មិនមែនដោយសារសេចក្ដីសុចរិតរបស់អ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាជាមនុស្សរឹងរូសណាស់។+
៧ «ចូរចាំជានិច្ចនូវអ្វីដែលអ្នករាល់គ្នាបានធ្វើដែលនាំឲ្យព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាខឹងយ៉ាងខ្លាំង កាលដែលនៅតំបន់ស្ងាត់ជ្រងំ។+ តាំងពីថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបរហូតមកដល់កន្លែងនេះ អ្នករាល់គ្នាតែងតែបះបោរប្រឆាំងនឹងព្រះយេហូវ៉ាជានិច្ច។+ ៨ នៅភ្នំហូរែប អ្នករាល់គ្នាបានធ្វើឲ្យព្រះយេហូវ៉ាខឹងខ្លាំងណាស់ រហូតដល់ព្រះយេហូវ៉ាហៀបនឹងបំផ្លាញអ្នករាល់គ្នាចោលទៀតផង។+ ៩ ពេលខ្ញុំឡើងទៅលើភ្នំដើម្បីទទួលបន្ទះថ្ម+ ដែលមានកិច្ចព្រមព្រៀងរវាងព្រះយេហូវ៉ានិងអ្នករាល់គ្នា+ ខ្ញុំបានស្នាក់នៅលើភ្នំនោះអស់រយៈពេល៤០ថ្ងៃ៤០យប់+ ដោយមិនបានបរិភោគអាហារឬផឹកទឹកឡើយ។ ១០ បន្ទាប់មក ព្រះយេហូវ៉ាបានប្រគល់បន្ទះថ្មពីរផ្ទាំងមកឲ្យខ្ញុំ ជាបន្ទះថ្មដែលលោកបានចារឹកដោយម្រាមដៃលោក។ លើបន្ទះថ្មនោះមានពាក្យទាំងអស់ដែលព្រះយេហូវ៉ាបានមានប្រសាសន៍ពីក្នុងភ្លើងមកកាន់អ្នករាល់គ្នានៅលើភ្នំ គឺនៅថ្ងៃដែលអ្នករាល់គ្នាបានមកជួបជុំគ្នា។+ ១១ ក្រោយពី៤០ថ្ងៃ៤០យប់ ព្រះយេហូវ៉ាបានប្រគល់បន្ទះថ្មពីរផ្ទាំងនោះមកឲ្យខ្ញុំ ជាបន្ទះថ្មនៃកិច្ចព្រមព្រៀង ១២ ហើយព្រះយេហូវ៉ាបានប្រាប់ខ្ញុំថា៖ ‹ចូរចុះពីភ្នំទៅ ព្រោះជនរួមជាតិរបស់អ្នកដែលអ្នកបាននាំចេញពីស្រុកអេហ្ស៊ីបមកនោះ ពួកគេបានប្រព្រឹត្តអាក្រក់ហើយ។+ ពួកគេឆាប់បំពានបញ្ញត្តិរបស់ខ្ញុំណាស់ ថែមទាំងបានធ្វើរូបចម្លាក់ពីលោហៈសម្រាប់ខ្លួនទៀតផង›។+ ១៣ រួចមក ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ ‹ខ្ញុំឃើញថាបណ្ដាជននេះជាមនុស្សរឹងរូសណាស់!+ ១៤ ដូច្នេះ ទុកឲ្យខ្ញុំបំផ្លាញនិងលុបឈ្មោះពួកគេឲ្យបាត់សូន្យពីផែនដីទៅ ហើយខ្ញុំនឹងបង្កើតប្រជាជាតិមួយពីអ្នក ជាប្រជាជាតិដែលធំជាងនិងខ្លាំងក្លាជាងពួកគេទៅទៀត›។+
១៥ «បន្ទាប់មក ខ្ញុំបានចុះពីភ្នំ ទាំងកាន់បន្ទះថ្មនៃកិច្ចព្រមព្រៀងនៅដៃទាំងពីរ+ កាលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅនៅលើភ្នំ។+ ១៦ ពេលនោះ ខ្ញុំបានឃើញអ្នករាល់គ្នាប្រព្រឹត្តអំពើខុសឆ្គងទាស់នឹងព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ អ្នករាល់គ្នាបានធ្វើរូបកូនគោពីលោហៈសម្រាប់ខ្លួន។ អ្នករាល់គ្នាឆាប់បំពានបញ្ញត្តិដែលព្រះយេហូវ៉ាបានបង្គាប់ដល់អ្នករាល់គ្នាខ្លាំងណាស់។+ ១៧ ដូច្នេះ ខ្ញុំក៏បោកបន្ទះថ្មទាំងពីរផ្ទាំងនោះនៅមុខអ្នករាល់គ្នា ឲ្យបែកខ្ទេចខ្ទីអស់។+ ១៨ រួចខ្ញុំបានក្រាបចុះនៅចំពោះព្រះយេហូវ៉ាដូចពីមុន។ អស់៤០ថ្ងៃ៤០យប់ ខ្ញុំមិនបានបរិភោគអាហារឬផឹកទឹកទេ+ ព្រោះតែអំពើខុសឆ្គងរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាបានធ្វើអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ហើយធ្វើឲ្យលោកខឹងជាខ្លាំង។ ១៩ ខ្ញុំភ័យខ្លាចណាស់ ព្រោះកំហឹងព្រះយេហូវ៉ាទាស់នឹងអ្នករាល់គ្នាខ្លាំងដល់ម្ល៉េះ+ បានជាលោកហៀបនឹងបំផ្លាញអ្នករាល់គ្នាចោល។ ទោះជាយ៉ាងនោះក្ដី ព្រះយេហូវ៉ាបានធ្វើតាមសំណូមពររបស់ខ្ញុំនៅគ្រានោះដែរ។+
២០ «ព្រះយេហូវ៉ាក៏ខឹងនឹងអេរ៉ុនយ៉ាងខ្លាំង រហូតដល់លោកចង់ប្រហារជីវិតគាត់ចោល+ តែខ្ញុំបានអង្វរសុំព្រះឲ្យអនុគ្រោះឲ្យគាត់នៅគ្រានោះឯង។ ២១ បន្ទាប់មក ខ្ញុំបានយកអ្វីដ៏ខុសឆ្គងដែលអ្នកបានធ្វើនោះគឺរូបកូនគោ+ ទៅដុតក្នុងភ្លើង រួចកិនឲ្យម៉ដ្ឋទៅជាម្សៅ ហើយខ្ញុំបានយកម្សៅនោះទៅបាចនៅក្នុងទឹកអូរដែលហូរចុះមកពីភ្នំ។+
២២ «មិនត្រឹមតែប៉ុណ្ណោះ នៅឯថាបេរ៉ា+ ម៉ាសារ+ និងគីប្រុតហាតាវ៉ា+ អ្នករាល់គ្នាក៏បានធ្វើឲ្យព្រះយេហូវ៉ាខឹងដែរ។ ២៣ ពេលព្រះយេហូវ៉ាចាត់អ្នករាល់គ្នាពីកាដេសបានា+ ដោយប្រាប់ថា៖ ‹ចូរឡើងទៅចាប់យកស្រុកនោះទុកជាមត៌កចុះ ខ្ញុំនឹងប្រគល់ឲ្យអ្នករាល់គ្នាជាប្រាកដ!›។ ម្ដងនោះទៀត អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ ហើយមិនបង្ហាញជំនឿទៅលើលោកទេ+ ថែមទាំងមិនស្ដាប់បង្គាប់លោកទៀតផង។ ២៤ តាំងពីខ្ញុំស្គាល់អ្នករាល់គ្នា អ្នករាល់គ្នាតែងតែបះបោរប្រឆាំងនឹងព្រះយេហូវ៉ាឥតឈប់។
២៥ «ដូច្នេះ ខ្ញុំបានក្រាបខ្លួននៅចំពោះព្រះយេហូវ៉ាអស់៤០ថ្ងៃ៤០យប់។+ ខ្ញុំបានក្រាបដូច្នោះ ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ថានឹងបំផ្លាញអ្នករាល់គ្នា។ ២៦ ខ្ញុំបានអង្វរព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតអើយ! សូមលោកកុំបំផ្លាញរាស្ត្ររបស់លោកអី ព្រោះពួកគេជាទ្រព្យរបស់លោក+ និងជារាស្ត្រដែលលោកបានរំដោះចេញពីស្រុកអេហ្ស៊ីបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា។+ ២៧ សូមលោកនឹកឃើញអ្នកបម្រើរបស់លោកផង គឺអាប្រាហាំ អ៊ីសាក និងយ៉ាកុប។+ សូមលោកកុំប្រកាន់នឹងការរឹងចចេសរបស់រាស្ត្រលោក ព្រមទាំងអំពើទុច្ចរិតនិងអំពើខុសឆ្គងរបស់ពួកគេឡើយ។+ ២៨ បើមិនដូច្នោះទេ ប្រជាជាតិនៅក្នុងស្រុកដែលលោកបាននាំយើងខ្ញុំចេញមកនោះ មុខជានិយាយថា៖ ‹ព្រះយេហូវ៉ាមិនអាចនាំពួកគេចូលទៅក្នុងស្រុកដែលបានសន្យាទេ ហើយមកពីលោកស្អប់ពួកគេ បានជាលោកនាំពួកគេចេញមកដើម្បីឲ្យពួកគេស្លាប់នៅតំបន់ស្ងាត់ជ្រងំ»។+ ២៩ ពួកគេជារាស្ត្ររបស់លោក និងជាទ្រព្យរបស់លោកផ្ទាល់+ គឺជារាស្ត្រដែលលោកបានរំដោះចេញមកដោយឫទ្ធានុភាពដ៏ខ្លាំងក្លា›។+
១០ «នៅគ្រានោះ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ ‹ចូរដាប់បន្ទះថ្មពីរផ្ទាំងដូចបន្ទះថ្មពីមុន+ រួចឡើងមកជួបខ្ញុំនៅលើភ្នំ។ បន្ថែមទៀត អ្នកក៏ត្រូវធ្វើហឹបឈើមួយដែរ។ ២ ខ្ញុំនឹងចារអក្សរនៅលើបន្ទះថ្មថ្មីនោះ ព្រោះបន្ទះថ្មពីមុនអ្នកបានបំបែកចោលហើយ។ បន្ទាប់មក អ្នកត្រូវដាក់បន្ទះថ្មទាំងពីរទៅក្នុងហឹបនោះ›។ ៣ ដូច្នេះ ខ្ញុំក៏បានធ្វើហឹបពីឈើអាកាស្យា ហើយដាប់បន្ទះថ្មពីរផ្ទាំងដូចបន្ទះថ្មពីមុន រួចកាន់បន្ទះថ្មនោះឡើងទៅលើភ្នំ។+ ៤ បន្ទាប់មក ព្រះយេហូវ៉ាបានចារអក្សរនៅលើបន្ទះថ្មនោះដូចពាក្យដែលលោកបានចារពីមុន+ គឺបញ្ញត្តិទាំង១០ប្រការ+ ដែលលោកបានមានប្រសាសន៍នៅលើភ្នំទៅកាន់អ្នករាល់គ្នាពីក្នុងភ្លើង+ នៅថ្ងៃដែលអ្នករាល់គ្នាមកជួបជុំគ្នា។+ រួចមក ព្រះយេហូវ៉ាបានប្រគល់បន្ទះថ្មនោះមកឲ្យខ្ញុំ។ ៥ ក្រោយនោះ ខ្ញុំបានចុះពីភ្នំមកវិញ+ រួចដាក់បន្ទះថ្មនោះទៅក្នុងហឹបដែលខ្ញុំបានធ្វើ តាមបង្គាប់ព្រះយេហូវ៉ា។ បន្ទះថ្មនោះនៅក្នុងហឹបនោះរហូតមកដល់សព្វថ្ងៃ។
៦ «បន្ទាប់មក បណ្ដាជនអ៊ីស្រាអែលបានចាកចេញពីបៀរ៉ូតបេនេយ៉ាកាន ទៅឯម៉ូសេរ៉ូត។ នៅទីនោះ អេរ៉ុនបានស្លាប់ ហើយសពរបស់គាត់បានត្រូវបញ្ចុះ។+ រួចអេលាសារជាកូនគាត់ បានធ្វើជាសង្ឃបន្ទាប់ពីគាត់។+ ៧ ក្រោយមក ពួកគេបានចាកចេញពីទីនោះទៅគុតកូដា រួចពីគុតកូដាទៅយ៉ុតបាថា+ ជាកន្លែងដែលមានទឹកស្ទឹងហូរស្រោចស្រព។
៨ «នៅគ្រានោះ ព្រះយេហូវ៉ាបានញែកកុលសម្ព័ន្ធលេវី+សម្រាប់ឲ្យពួកគេសែងហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា+ ហើយឲ្យពួកគេឈរនៅចំពោះព្រះយេហូវ៉ាដើម្បីបម្រើលោក ព្រមទាំងដើម្បីឲ្យពរដល់បណ្ដាជនដោយនូវនាមលោក+ ដូចពួកគេធ្វើរហូតមកដល់សព្វថ្ងៃនេះ។ ៩ ហេតុនេះហើយបានជាពួកលេវីមិនបានទទួលចំណែកមត៌កជាមួយនឹងបងប្អូនរបស់ពួកគេទេ ព្រោះព្រះយេហូវ៉ាជាចំណែកមត៌ករបស់ពួកគេ ដូចដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានប្រាប់ពួកគេហើយ។+ ១០ គ្រានោះ ខ្ញុំបាននៅលើភ្នំអស់៤០ថ្ងៃ៤០យប់ដូចកាលពីមុនដែរ។+ ព្រះយេហូវ៉ាបានធ្វើតាមសំណូមពររបស់ខ្ញុំ+ ហើយព្រះយេហូវ៉ាមិនចង់បំផ្លាញអ្នករាល់គ្នាចោលឡើយ។ ១១ រួចមក ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ ‹ចូរទៅនាំមុខបណ្ដាជន ហើយត្រៀមខ្លួនចាកចេញពីទីនេះ ដើម្បីចូលទៅចាប់យកស្រុកនោះទុកជាមត៌ក ជាស្រុកដែលខ្ញុំបានសន្យានឹងបុព្វបុរសរបស់ពួកគេ›។+
១២ «ឥឡូវនេះ ឱប្រជាជាតិអ៊ីស្រាអែលអើយ! តើព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា សុំអ្វីពីអ្នករាល់គ្នា?+ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាគ្រាន់តែសុំឲ្យអ្នករាល់គ្នាកោតខ្លាចលោក+ និងដើរតាមអស់ទាំងផ្លូវរបស់លោក+ ព្រមទាំងឲ្យស្រឡាញ់និងបម្រើព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាអស់ពីដួងចិត្តនិងអស់ពីកម្លាំងកាយ+ ១៣ ថែមទាំងកាន់ខ្ជាប់តាមច្បាប់និងបញ្ញត្តិរបស់ព្រះយេហូវ៉ា ដែលខ្ញុំកំពុងបង្រៀនអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។+ ១៤ មើល! មេឃដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងរបស់សព្វសារពើដែលនៅក្នុងនោះ សុទ្ធតែជារបស់ព្រះយេហូវ៉ា។+ ១៥ ប៉ុន្តែ មានតែបុព្វបុរសរបស់អ្នករាល់គ្នាប៉ុណ្ណោះដែលព្រះយេហូវ៉ាបានចូលទៅជិត និងបង្ហាញសេចក្ដីស្រឡាញ់ ហើយលោកបានជ្រើសរើសអ្នករាល់គ្នាដែលជាកូនចៅរបស់ពួកគាត់+ ពីចំណោមប្រជាជាតិនានាមកធ្វើជារាស្ត្ររបស់លោក រហូតមកដល់សព្វថ្ងៃ។ ១៦ ដូច្នេះ អ្នករាល់គ្នាត្រូវសម្អាតចិត្តខ្លួន+ ហើយឈប់រឹងរូសតទៅទៀត។+ ១៧ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា លោកជាព្រះលើអស់ទាំងព្រះ+ ជាម្ចាស់លើអស់ទាំងម្ចាស់ និងជាព្រះដ៏ឧត្តុង្គឧត្តម។ លោកមានឫទ្ធានុភាពដ៏ខ្លាំងក្លា និងគួរឲ្យស្ងើចសរសើរ។ លោកមិនរើសមុខ+ ហើយក៏មិនទទួលសំណូកដែរ។ ១៨ លោកសម្រេចក្ដីដោយយុត្តិធម៌ឲ្យកូនកំព្រានិងស្ត្រីមេម៉ាយ+ ព្រមទាំងស្រឡាញ់ជនបរទេស។+ លោកផ្គត់ផ្គង់អាហារនិងសម្លៀកបំពាក់ដល់ពួកគេ។ ១៩ អ្នករាល់គ្នាត្រូវស្រឡាញ់ជនបរទេស ព្រោះអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេហ្ស៊ីបដែរ។+
២០ «អ្នករាល់គ្នាត្រូវកោតខ្លាចព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ហើយត្រូវបម្រើលោក+ និងនៅជាប់នឹងលោកជានិច្ច ថែមទាំងត្រូវស្បថដោយនូវនាមលោក។ ២១ លោកជាបុគ្គលដែលអ្នករាល់គ្នាត្រូវសរសើរតម្កើង។+ លោកជាព្រះនៃអ្នករាល់គ្នា គឺលោកហើយដែលបានធ្វើការអស្ចារ្យនិងការដ៏គួរឲ្យស្ញែងខ្លាចទាំងនោះដើម្បីអ្នករាល់គ្នា ដូចអ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកហើយ។+ ២២ កាលដែលបុព្វបុរសរបស់អ្នករាល់គ្នាចូលទៅស្រុកអេហ្ស៊ីប+ គឺមានគ្នាតែ៧០នាក់ទេ តែឥឡូវព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានធ្វើឲ្យអ្នករាល់គ្នាមានចំនួនច្រើនដូចជាផ្កាយនៅលើមេឃ។+
១១ «អ្នករាល់គ្នាត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ និងត្រូវធ្វើអ្វីដែលលោកតម្រូវពីអ្នករាល់គ្នា គឺត្រូវកាន់ខ្ជាប់តាមច្បាប់ បញ្ញត្តិ និងក្រឹត្យក្រមរបស់លោក ហើយធ្វើតាមបង្គាប់លោកជានិច្ច។ ២ អ្នករាល់គ្នាដឹងហើយថា នៅថ្ងៃនេះខ្ញុំកំពុងនិយាយទៅកាន់អ្នករាល់គ្នា មិនមែនកូនចៅរបស់អ្នករាល់គ្នាទេ ព្រោះពួកគេមិនបានឃើញរបៀបដែលព្រះយេហូវ៉ាប្រដៅអ្នករាល់គ្នា+ ឬឃើញភាពឧត្តុង្គឧត្តម+និងឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោកឡើយ។+ ៣ កូនចៅទាំងនោះមិនបានឃើញសញ្ញាសម្គាល់និងការអស្ចារ្យ ដែលលោកបានធ្វើទៅលើផារ៉ូជាស្ដេចស្រុកអេហ្ស៊ីប និងទៅលើទឹកដីទាំងមូលរបស់គាត់ទេ។+ ៤ កូនចៅទាំងនោះក៏មិនបានឃើញអ្វីដែលព្រះបានធ្វើទៅលើទ័ពអេហ្ស៊ីប ទៅលើសេះនិងរទេះចម្បាំងរបស់ផារ៉ូ ដោយធ្វើឲ្យទឹកសមុទ្រក្រហមធ្លាក់មកបោកខ្ទប់ពួកគេ កាលដែលពួកគេដេញតាមអ្នករាល់គ្នា។ ពេលនោះ ព្រះយេហូវ៉ាបានបំផ្លាញពួកគេទាំងអស់តែម្ដង។+ ៥ កូនចៅទាំងនោះមិនបានឃើញលោកមើលថែទាំអ្នករាល់គ្នាយ៉ាងណាទេ នៅតំបន់ស្ងាត់ជ្រងំរហូតដល់កន្លែងនេះ ៦ កូនចៅទាំងនោះមិនបានឃើញលោកធ្វើយ៉ាងណាទៅលើដាថាន និងអាបាយរ៉ាម ដែលជាកូនរបស់អេលាប ជាកូនចៅរូបេននោះទេ កាលដែលលោកធ្វើឲ្យដីប្រេះហាលេបត្របាក់ពួកគេ ជាមួយនឹងពួកអ្នកផ្ទះ និងត្រសាលពួកគេ ព្រមទាំងអស់អ្នកដែលតាមពួកគេ ថែមទាំងសត្វរបស់ពួកគេផង។ លោកបានធ្វើដូច្នោះ នៅចំពោះមុខបណ្ដាជនអ៊ីស្រាអែលទាំងអស់។+ ៧ អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកនូវការអស្ចារ្យទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើ។
៨ «អ្នករាល់គ្នាត្រូវកាន់ខ្ជាប់តាមបញ្ញត្តិទាំងអស់ដែលខ្ញុំបានឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចរឹងមាំឡើង និងចូលទៅចាប់យកស្រុកនោះទុកជាមត៌ក ៩ ហើយដើម្បីឲ្យអ្នករាល់គ្នារស់នៅក្នុងស្រុកនោះជាយូរអង្វែង+ក្នុងស្រុកដែលព្រះយេហូវ៉ាបានសន្យាឲ្យបុព្វបុរសអ្នករាល់គ្នានិងកូនចៅពួកគាត់+ គឺស្រុកដែលមានទឹកដោះនិងទឹកឃ្មុំហូរហៀរ។+
១០ «ស្រុកដែលអ្នករាល់គ្នានឹងចូលទៅចាប់យកនោះ មិនដូចជាស្រុកអេហ្ស៊ីបដែលអ្នករាល់គ្នាបានចេញមកនោះទេ។ នៅស្រុកអេហ្ស៊ីប អ្នករាល់គ្នាធ្លាប់សាបព្រោះគ្រាប់ពូជ ហើយបាចទឹកបញ្ចូលស្រែ* ដូចស្រោចចម្ការបន្លែដែរ។ ១១ ប៉ុន្តែ ស្រុកដែលអ្នករាល់គ្នាហៀបនឹងឆ្លងចូលទៅនោះ នឹងមានទឹកភ្លៀងធ្លាក់មកស្រោចស្រព+ ហើយជាស្រុកសម្បូរទៅដោយភ្នំនិងវាលទំនាប។+ ១២ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា លោកតែងតែថែរក្សាស្រុកនោះ ហើយព្រះយេហូវ៉ាមើលថែស្រុកនោះជានិច្ច គឺចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។
១៣ «ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់តាមបង្គាប់ទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ ហើយស្រឡាញ់និងបម្រើព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា អស់ពីដួងចិត្តនិងអស់ពីកម្លាំងកាយ+ ១៤ នោះលោក*នឹងបង្អុរភ្លៀងទៅលើស្រុកនោះតាមរដូវកាល គឺនៅដើមរដូវ និងចុងរដូវ។ ពេលនោះ អ្នករាល់គ្នានឹងប្រមូលភោគផលនៅពេលកំណត់ ទាំងស្រូវ ទាំងស្រាថ្មី និងប្រេង។+ ១៥ លោកនឹងធ្វើឲ្យមានរុក្ខជាតិដុះឡើងនៅឯវាល សម្រាប់ជាចំណីដល់ហ្វូងសត្វរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងមានអាហារបរិភោគ រហូតដល់ឆ្អែតស្កប់ស្កល់។+ ១៦ ប៉ុន្តែ ចូរប្រយ័ត្នក្រែងលោចិត្តអ្នករាល់គ្នាត្រូវល្បួងឲ្យបែរចេញទៅគោរពបូជាព្រះឯទៀត ហើយក្រាបគោរពដល់ព្រះទាំងនោះ។+ ១៧ បើអ្នករាល់គ្នាធ្វើដូច្នោះ ព្រះយេហូវ៉ាច្បាស់ជាខឹងនឹងអ្នករាល់គ្នាជាខ្លាំង។ លោកនឹងលែងបង្អុរភ្លៀងមកទៀត+ ហើយដីនៅក្នុងស្រុកនោះនឹងលែងបង្កើតផលដែរ។ អ្នករាល់គ្នានឹងវិនាសទៅយ៉ាងឆាប់រហ័សពីទឹកដីដ៏ល្អដែលព្រះយេហូវ៉ាប្រគល់ឲ្យអ្នករាល់គ្នា។+
១៨ «ពាក្យដែលខ្ញុំបង្រៀនដល់អ្នករាល់គ្នា ត្រូវដក់ជាប់នៅក្នុងចិត្តគំនិតរបស់អ្នករាល់គ្នា ហើយត្រូវចងពាក្យទាំងនេះនៅលើដៃទុកជាការរំលឹក ហើយត្រូវធ្វើដូចជាស្លាកនៅលើថ្ងាសអ្នករាល់គ្នា។+ ១៩ អ្នករាល់គ្នាត្រូវបង្ហាត់បង្រៀនកូនចៅខ្លួន ដោយនិយាយប្រាប់ពួកគេក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ក្នុងកាលដែលដើរតាមផ្លូវ ក្នុងកាលដែលដេក និងក្រោកឡើងផង។+ ២០ អ្នករាល់គ្នាត្រូវសរសេរពាក្យទាំងនេះនៅលើបង្គោលទ្វារផ្ទះ និងនៅលើខ្លោងទ្វារក្រុងរបស់អ្នករាល់គ្នាដែរ ២១ ដើម្បីឲ្យអ្នករាល់គ្នានិងកូនចៅអាចរស់នៅបានយូរអង្វែង+ក្នុងស្រុកនោះ ជាស្រុកដែលព្រះយេហូវ៉ាបានសន្យាឲ្យដល់បុព្វបុរសអ្នករាល់គ្នា+ ដូចមេឃស្ថិតនៅលើផែនដីយ៉ាងនោះដែរ។
២២ «បើអ្នករាល់គ្នាកាន់ខ្ជាប់តាមបញ្ញត្តិនេះដែលខ្ញុំបានឲ្យដល់អ្នករាល់គ្នា ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ ហើយដើរតាមអស់ទាំងផ្លូវរបស់លោក ព្រមទាំងនៅជាប់នឹងលោកជានិច្ច+ ២៣ នោះព្រះយេហូវ៉ានឹងបណ្ដេញប្រជាជាតិទាំងនេះចេញពីមុខអ្នករាល់គ្នា+ ហើយអ្នករាល់គ្នានឹងបង្ក្រាបប្រជាជាតិដែលធំជាងនិងខ្លាំងពូកែជាងអ្នករាល់គ្នា។+ ២៤ ទឹកដីណាដែលអ្នករាល់គ្នាជាន់នឹងក្លាយទៅជាទឹកដីរបស់អ្នករាល់គ្នា។+ ព្រំប្រទល់ទឹកដីរបស់អ្នករាល់គ្នា គឺចាប់ពីតំបន់ស្ងាត់ជ្រងំ រហូតដល់តំបន់ភ្នំលីបង់ ហើយពីទន្លេអឺប្រាត ទៅដល់សមុទ្រភាគខាងលិច។*+ ២៥ គ្មាននរណាហ៊ានតតាំងនឹងអ្នករាល់គ្នាឡើយ។+ ទឹកដីណាដែលអ្នករាល់គ្នាដើរចូលទៅ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងបណ្ដាលឲ្យអ្នកនៅទីនោះភ័យតក់ស្លុតហើយខ្លបខ្លាចចំពោះអ្នករាល់គ្នា+ ដូចដែលលោកបានសន្យា។
២៦ «មើល! នៅថ្ងៃនេះ ខ្ញុំដាក់ពរនិងបណ្ដាសានៅខាងមុខអ្នករាល់គ្នា។+ ២៧ បើអ្នករាល់គ្នាកាន់តាមបញ្ញត្តិរបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ជាបញ្ញត្តិដែលខ្ញុំបង្រៀននៅថ្ងៃនេះ នោះអ្នករាល់គ្នានឹងទទួលពរ។+ ២៨ ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវបណ្ដាសាជាមិនខាន បើអ្នករាល់គ្នាមិនកាន់តាមបញ្ញត្តិរបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ និងបែរចេញពីផ្លូវដែលខ្ញុំបង្ហាញនៅថ្ងៃនេះ ហើយដើរតាមព្រះឯទៀតដែលអ្នករាល់គ្នាពុំស្គាល់នោះ។
២៩ «ពេលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា នាំអ្នករាល់គ្នាចូលក្នុងស្រុកដែលអ្នករាល់គ្នានឹងរស់នៅ អ្នករាល់គ្នាត្រូវឲ្យពរនៅភ្នំកេរិស៊ីម និងដាក់បណ្ដាសានៅភ្នំអេបាល។+ ៣០ ភ្នំទាំងនោះនៅត្រើយខាងលិចទន្លេយ៉ូដាន់ ក្នុងទឹកដីរបស់ជនជាតិកាណានដែលរស់នៅក្នុងតំបន់អារ៉ាបា ទល់មុខគីលកាល ហើយនៅក្បែរកន្លែងមួយហៅថាម៉ូរេ ដែលមានដើមឈើធំៗ។+ ៣១ អ្នករាល់គ្នាហៀបនឹងឆ្លងចូលទៅរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ប្រគល់ឲ្យអ្នករាល់គ្នាហើយ។+ ពេលណាអ្នករាល់គ្នាចាប់យកទឹកដីនោះ ហើយចូលទៅរស់នៅ ៣២ អ្នករាល់គ្នាត្រូវកាន់ខ្ជាប់តាមច្បាប់ និងក្រឹត្យក្រមទាំងអស់ ដែលខ្ញុំបង្រៀនអ្នករាល់គ្នានៅថ្ងៃនេះ។+
១២ «អ្នករាល់គ្នាត្រូវកាន់ខ្ជាប់តាមច្បាប់និងក្រឹត្យក្រមទាំងនេះ នៅគ្រប់វេលាដែលអ្នករាល់គ្នារស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រគល់ដល់អ្នករាល់គ្នាទុកជាមត៌ក។ ២ ពេលបណ្ដេញប្រជាជាតិនានាចេញពីមុខអ្នករាល់គ្នា នោះត្រូវបំផ្លាញកន្លែងផ្សេងៗដែលពួកគេទុកជាទីសក្ការៈដល់ព្រះរបស់ពួកគេ+ ទោះជានៅលើភ្នំខ្ពស់ៗ លើទីទួល ឬនៅក្រោមដើមឈើខៀវខ្ចីក្ដី។ ៣ អ្នករាល់គ្នាត្រូវរំលំទីបូជារបស់ពួកគេ ហើយបំបាក់បំបែកបង្គោលថ្មពិសិដ្ឋរបស់ពួកគេដែរ។+ ឯបង្គោលឈើពិសិដ្ឋ*វិញ អ្នករាល់គ្នាត្រូវដុតនៅក្នុងភ្លើង។ អ្នករាល់គ្នាត្រូវបំបាក់បំបែករូបព្រះផ្សេងៗរបស់ពួកគេចោល+ ដើម្បីបំបាត់ឈ្មោះព្រះទាំងនោះចេញពីកន្លែងនោះ។+
៤ «អ្នករាល់គ្នាមិនត្រូវគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាតាមរបៀបនោះឡើយ។+ ៥ ផ្ទុយទៅវិញ ចូរទៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសសម្រាប់តាំងនាមលោក និងសម្រាប់អាស្រ័យនៅក្នុងចំណោមកុលសម្ព័ន្ធរបស់អ្នករាល់គ្នា រួចគោរពប្រណិប័តន៍លោកនៅទីនោះចុះ។+ ៦ នៅទីនោះ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុត+ គ្រឿងបូជាលាសម្បថ គ្រឿងបូជាស្ម័គ្រពីចិត្ត+ និងគ្រឿងបូជាផ្សេងៗ។ អ្នករាល់គ្នាក៏ត្រូវជូនអំណោយ១ភាគ១០+ និងវិភាគទានពីដៃរបស់អ្នករាល់គ្នា+ រួមទាំងកូនដំបូងពីហ្វូងគោនិងហ្វូងចៀមរបស់អ្នករាល់គ្នាដែរ។+ ៧ អ្នករាល់គ្នានិងពួកអ្នកផ្ទះ ត្រូវបរិភោគនៅទីនោះចំពោះមុខព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ ហើយអរសប្បាយនឹងកិច្ចការទាំងអស់របស់ខ្លួន+ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានឲ្យពរដល់អ្នករាល់គ្នា។
៨ «អ្នករាល់គ្នាមិនត្រូវធ្វើដូចនៅសព្វថ្ងៃនេះ ដោយធ្វើអ្វីដែលខ្លួនយល់ឃើញថាត្រឹមត្រូវនោះទេ។ ៩ ព្រោះអ្នករាល់គ្នាមិនទាន់ចូលទៅក្នុងទីសម្រាក+ដែលព្រះយេហូវ៉ានឹងប្រគល់ឲ្យអ្នករាល់គ្នាជាមត៌កឡើយ។ ១០ ពេលអ្នករាល់គ្នាឆ្លងទន្លេយ៉ូដាន់+ ចូលទៅរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យ លោកនឹងការពារអ្នករាល់គ្នាពីពួកសត្រូវទាំងអស់ដែលនៅជុំវិញ ហើយអ្នករាល់គ្នានឹងរស់នៅដោយសុខសាន្ត។+ ១១ អ្នករាល់គ្នាត្រូវនាំយកគ្រឿងបូជាទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសសម្រាប់តាំងនាមលោក+ គឺគ្រឿងបូជាដុត គ្រឿងបូជាផ្សេងៗ អំណោយ១ភាគ១០+ និងវិភាគទានពីស្នាដៃរបស់អ្នករាល់គ្នា និងគ្រឿងបូជាលាសម្បថទាំងអស់ដែលអ្នករាល់គ្នាបានស្បថចំពោះព្រះយេហូវ៉ា។ ១២ អ្នករាល់គ្នាត្រូវអរសប្បាយនៅចំពោះមុខព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ ជាមួយនឹងកូនប្រុសកូនស្រីខ្លួន និងខ្ញុំបម្រើប្រុសស្រី ព្រមទាំងពួកលេវីដែលនៅក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នាដែរ។ ព្រោះពួកលេវីមិនបានទទួលចំណែកមត៌កជាមួយនឹងអ្នករាល់គ្នាទេ។+ ១៣ ចូរប្រយ័ត្នកុំជូនគ្រឿងបូជាដុតនៅកន្លែងផ្សេងទៀតដែលអ្នករាល់គ្នាប្រទះឃើញនោះឡើយ។+ ១៤ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតនៅកន្លែងដែលព្រះយេហូវ៉ាជ្រើសរើសប៉ុណ្ណោះ គឺក្នុងទឹកដីនៃកុលសម្ព័ន្ធណាមួយរបស់អ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នាត្រូវធ្វើតាមអ្វីគ្រប់យ៉ាង ដែលខ្ញុំបង្គាប់អ្នករាល់គ្នា។+
១៥ «បើកាលណាអ្នករាល់គ្នាចង់សម្លាប់សត្វដើម្បីបរិភោគ+ អ្នករាល់គ្នាអាចធ្វើដូច្នេះនៅក្រុងណាមួយក៏បាន អាស្រ័យទៅលើពរដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាផ្ដល់ឲ្យ។ អ្នកដែលស្អាតបរិសុទ្ធ និងអ្នកដែលមិនស្អាតបរិសុទ្ធ អាចបរិភោគសាច់សត្វនោះបាន ដូចជាបរិភោគសាច់ក្ដាន់ឬសាច់ឈ្លូសដែរ។ ១៦ អ្នករាល់គ្នាមិនត្រូវបរិភោគឈាមទេ+ តែត្រូវបង្ហូរទៅដីដូចជាទឹកវិញ។+ ១៧ ក្នុងបណ្ដាក្រុងដែលអ្នករាល់គ្នារស់នៅ អ្នករាល់គ្នាមិនត្រូវបរិភោគភោគផល១ភាគ១០ពីស្រូវ ស្រាថ្មី ប្រេង និងកូនដំបូងពីហ្វូងគោនិងហ្វូងចៀមទេ+ សូម្បីតែគ្រឿងបូជាលាសម្បថ គ្រឿងបូជាស្ម័គ្រពីចិត្ត និងវិភាគទានពីដៃរបស់អ្នករាល់គ្នា ក៏មិនត្រូវបរិភោគដែរ។ ១៨ អ្នករាល់គ្នាត្រូវបរិភោគអ្វីទាំងនោះនៅចំពោះមុខព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ត្រង់កន្លែងដែលព្រះយេហូវ៉ានឹងជ្រើសរើស+ គឺទាំងអ្នករាល់គ្នា ទាំងកូនប្រុសកូនស្រីខ្លួន ទាំងខ្ញុំបម្រើប្រុសស្រី ទាំងពួកលេវីដែលនៅក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នាដែរ។ ចូរអរសប្បាយនឹងកិច្ចការទាំងអស់របស់ខ្លួននៅចំពោះមុខព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ ១៩ ដរាបណាអ្នករាល់គ្នារស់នៅក្នុងស្រុកនោះ ដរាបនោះអ្នករាល់គ្នាមិនត្រូវលះចោលពួកលេវីឡើយ។+
២០ «ក្រោយព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាពង្រីកទឹកដីរបស់អ្នករាល់គ្នា+ ដូចលោកបានសន្យាហើយ+ បើអ្នករាល់គ្នាចង់បរិភោគសាច់សត្វ នោះអ្នករាល់គ្នាអាចបរិភោគនៅពេលណាក៏បាន។+ ២១ បើកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសសម្រាប់តាំងនាមលោក+ស្ថិតនៅឆ្ងាយពីអ្នកពេក នោះអ្នករាល់គ្នាអាចសម្លាប់គោឬចៀមដែលព្រះយេហូវ៉ាផ្ដល់ឲ្យ ដូចខ្ញុំបានបង្គាប់ ហើយអាចបរិភោគនៅក្នុងក្រុងបាន នៅពេលណាដែលអ្នករាល់គ្នានឹកឃ្លាន។ ២២ អ្នករាល់គ្នាអាចបរិភោគសាច់សត្វនោះបាន ដូចជាបរិភោគសាច់ក្ដាន់ឬសាច់ឈ្លូសដែរ+ ទោះជាអ្នករាល់គ្នាស្អាតបរិសុទ្ធ ឬមិនស្អាតបរិសុទ្ធក្ដី។ ២៣ ប៉ុន្តែ អ្នករាល់គ្នាត្រូវតាំងចិត្តមិនបរិភោគឈាមជាដាច់ខាត+ ព្រោះឈាមជាជីវិត។+ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបរិភោគសាច់ដែលមានឈាមនៅក្នុងនោះទេ។ ២៤ អ្នករាល់គ្នាមិនត្រូវបរិភោគឈាមទេ តែត្រូវបង្ហូរទៅដីដូចជាទឹកវិញ។+ ២៥ អ្នករាល់គ្នាមិនត្រូវបរិភោគឈាមទេ ដើម្បីឲ្យអ្នករាល់គ្នានិងកូនចៅក្រោយៗមកអាចទទួលពរពីព្រះយេហូវ៉ា ព្រោះអ្នករាល់គ្នាធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់លោក។ ២៦ ពេលទៅកន្លែងដែលព្រះយេហូវ៉ានឹងជ្រើសរើស អ្នករាល់គ្នាត្រូវជូននូវរបស់បរិសុទ្ធនិងគ្រឿងបូជាលាសម្បថដែលជារបស់ខ្លួនប៉ុណ្ណោះ។ ២៧ នៅទីនោះ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតទាំងសាច់ទាំងឈាម+ នៅលើទីបូជារបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវចាក់ឈាមនៃគ្រឿងបូជានៅក្បែរជើងទីបូជា+របស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ ឯសាច់វិញ អ្នករាល់គ្នាអាចបរិភោគបាន។
២៨ «ចូរកាន់ខ្ជាប់តាមបង្គាប់ទាំងអស់នេះដែលខ្ញុំកំពុងប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នានិងកូនចៅក្រោយៗមក ទទួលពរពីព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាជានិច្ច ព្រោះអ្នករាល់គ្នាធ្វើអ្វីដែលល្អនិងត្រឹមត្រូវតាមទស្សនៈរបស់លោក។
២៩ «ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងបំផ្លាញប្រជាជាតិនានា ដើម្បីឲ្យអ្នករាល់គ្នាចូលទៅចាប់យកទឹកដីរបស់ពួកគេ+ ហើយរស់នៅក្នុងស្រុកនោះ។ ៣០ ក្រោយពីលោកធ្វើដូច្នោះហើយ ចូរអ្នករាល់គ្នាប្រយ័ត្នកុំដើរតាមគន្លងរបស់ពួកគេក្រែងលោធ្លាក់ចូលក្នុងអន្ទាក់របស់ពួកគេ។ អ្នករាល់គ្នាមិនត្រូវសួរនាំអំពីព្រះរបស់ពួកគេថា៖ ‹តើប្រជាជាតិទាំងនេះមានទម្លាប់បម្រើព្រះរបស់ពួកគេដូចម្ដេចទៅ? ខ្ញុំចង់ដឹងដើម្បីធ្វើតាមដែរ›។+ ៣១ អ្នករាល់គ្នាមិនត្រូវធ្វើតាមពួកគេជាដាច់ខាត ព្រោះប្រជាជាតិទាំងនោះមានការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមសព្វបែបយ៉ាង ក្នុងការគោរពបូជាព្រះរបស់ពួកគេ។ ពួកគេថែមទាំងដុតកូនប្រុសកូនស្រីខ្លួនជូនព្រះទាំងនោះទៀតផង។ ទង្វើទាំងនោះ ព្រះយេហូវ៉ាស្អប់ខ្លាំងណាស់។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវធ្វើដូច្នោះចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាឡើយ។+ ៣២ បង្គាប់ទាំងអស់ដែលខ្ញុំប្រាប់អ្នករាល់គ្នានៅថ្ងៃនេះ ចូរអ្នករាល់គ្នាកាន់តាមឲ្យបានដិតដល់+ មិនត្រូវបន្ថែមឬបន្ថយឡើយ។+
១៣ «ក្នុងចំណោមអ្នករាល់គ្នា បើមានអ្នកប្រកាសទំនាយឬអ្នកចេះទាយតាមរយៈសុបិន ប្រាប់អ្នករាល់គ្នាអំពីសញ្ញាសម្គាល់ឬហេតុការណ៍អស្ចារ្យណាមួយ ២ ក្រោយមកសញ្ញាសម្គាល់ឬហេតុការណ៍អស្ចារ្យនោះបានកើតឡើងមែន ហើយគាត់ប្រាប់អ្នករាល់គ្នាថា៖ ‹ចូរយើងកាន់តាមព្រះឯទៀត› ជាព្រះដែលយើងមិនដែលស្គាល់ ‹ហើយចូរយើងបម្រើព្រះទាំងនោះទៅ› ៣ នោះអ្នករាល់គ្នាមិនត្រូវស្ដាប់ពាក្យរបស់អ្នកប្រកាសទំនាយឬអ្នកចេះទាយតាមរយៈសុបិននោះទេ+ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាចង់ល្បងមើលចិត្តអ្នករាល់គ្នាថា+ តើអ្នករាល់គ្នាពិតជាស្រឡាញ់ព្រះយេហូវ៉ាអស់ពីដួងចិត្តនិងអស់ពីកម្លាំងកាយមែនឬមិនមែន។+ ៤ អ្នករាល់គ្នាត្រូវកាន់តាមព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា គឺលោកតែមួយដែលអ្នករាល់គ្នាត្រូវកោតខ្លាច លោកប៉ុណ្ណោះដែលអ្នករាល់គ្នាត្រូវស្ដាប់ ហើយត្រូវបម្រើលោកតែមួយគត់។ អ្នករាល់គ្នាត្រូវកាន់ខ្ជាប់តាមបញ្ញត្តិរបស់លោក ហើយត្រូវនៅជាប់នឹងលោកជានិច្ច។+ ៥ ឯអ្នកប្រកាសទំនាយឬអ្នកចេះទាយតាមរយៈសុបិននោះវិញ អ្នករាល់គ្នាត្រូវសម្លាប់ចោលទៅ+ ព្រោះអ្នកនោះបានបំផុសបំផុលអ្នករាល់គ្នាឲ្យបះបោរប្រឆាំងនឹងព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ជាព្រះដែលបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបពីការធ្វើជាខ្ញុំបម្រើ។ អ្នកនោះនឹងត្រូវទទួលទោសដូច្នោះ ព្រោះគាត់បានបំបែរអ្នករាល់គ្នាចេញពីផ្លូវដែលព្រះយេហូវ៉ាបានបង្គាប់។ ម្ល៉ោះហើយ អ្នករាល់គ្នាត្រូវដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។+
៦ «ប្រសិនបើបងប្អូនរួមម្ដាយ ឬកូនប្រុសកូនស្រី ឬប្រពន្ធជាទីស្រឡាញ់ ឬមិត្តដ៏ជិតស្និទ្ធបំផុតរបស់អ្នករាល់គ្នា ព្យាយាមល្បួងលួងលោមអ្នករាល់គ្នាដោយស្ងាត់ៗថា៖ ‹ចូរយើងទៅបម្រើព្រះឯទៀតវិញ›+ ជាព្រះដែលអ្នករាល់គ្នានិងបុព្វបុរសរបស់អ្នករាល់គ្នាពុំធ្លាប់ស្គាល់ ៧ ជាព្រះផ្សេងៗដែលប្រជាជាតិនៅជុំវិញអ្នករាល់គ្នាគោរពបូជា ទោះជានៅជិតឬឆ្ងាយ ឬចាប់ពីដើមស្រុកទៅដល់ចុងស្រុកក្ដី ៨ អ្នករាល់គ្នាមិនត្រូវយល់ព្រមឬធ្វើតាមគាត់+ ឬបង្ហាញការអាណិតអាសូរ ឬមានចិត្តមេត្តា ឬការពារគាត់ឡើយ។ ៩ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវសម្លាប់គាត់ចោលកុំខាន។+ អ្នករាល់គ្នាត្រូវផ្ដើមគប់សម្លាប់គាត់មុនគេ រួចបណ្ដាជនទាំងអស់មកគប់សម្លាប់គាត់តាមក្រោយ។+ ១០ អ្នករាល់គ្នាត្រូវគប់ដុំថ្មសម្លាប់គាត់ចោល+ ព្រោះគាត់ព្យាយាមបំបែរអ្នករាល់គ្នាចេញពីព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា លោកជាព្រះដែលបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបពីការធ្វើជាខ្ញុំបម្រើ។ ១១ យ៉ាងនេះ បណ្ដាជនអ៊ីស្រាអែលនឹងឮហើយភ័យខ្លាច។ ដូច្នេះ ពួកគេនឹងមិនហ៊ានប្រព្រឹត្តអំពើអាក្រក់ដូចនោះទៀតឡើយ។+
១២ «នៅក្នុងក្រុងណាមួយដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានប្រគល់ឲ្យ ប្រសិនបើអ្នករាល់គ្នាឮដំណឹងថា៖ ១៣ ‹មានពួកបុរសឥតបានការពីចំណោមអ្នករាល់គ្នា ទៅបបួលពួកអ្នកក្រុងរបស់ពួកគេឲ្យបម្រើព្រះឯទៀតដែលអ្នករាល់គ្នាមិនដែលស្គាល់› ១៤ នោះអ្នករាល់គ្នាត្រូវទៅអង្កេតមើលនិងស៊ើបសួរឲ្យបានសព្វគ្រប់+ ថាពិតជាមានរឿងដែលគួរឲ្យស្អប់ខ្ពើមបានកើតឡើងនៅក្នុងចំណោមអ្នករាល់គ្នាមែនឬមិនមែន។ បើរកឃើញថាពិតមែន ១៥ អ្នករាល់គ្នាត្រូវប្រហារពួកអ្នកក្រុងនោះដោយដាវកុំខាន។+ អ្នករាល់គ្នាក៏ត្រូវបំផ្លាញ+ក្រុងនោះ និងរបស់របរក្នុងនោះ រួមទាំងហ្វូងសត្វទាំងអស់ដែរ។ ១៦ អ្នករាល់គ្នាត្រូវប្រមូលរបស់របរទាំងអស់ទៅដាក់នៅកណ្ដាលទីលានសាធារណៈ រួចដុតកម្ទេចក្រុងនោះជាមួយនឹងរបស់របរទាំងនោះ។ របស់របរទាំងនោះនឹងត្រូវចាត់ទុកជាគ្រឿងបូជាដុតទាំងមូលជូនព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ ក្រុងនោះនឹងទៅជាសំណង់បាក់បែក ហើយមិនត្រូវសង់ឡើងវិញជារៀងដរាបតទៅ។ ១៧ អ្នករាល់គ្នាមិនត្រូវយកអ្វីដែលបានត្រូវញែកទុកសម្រាប់បំផ្លាញចោលទេ+ ដើម្បីឲ្យកំហឹងរបស់ព្រះយេហូវ៉ារសាយទៅ។ លោកនឹងបង្ហាញសេចក្ដីមេត្តាករុណា និងចិត្តអាណិតអាសូរចំពោះអ្នករាល់គ្នា ហើយលោកនឹងធ្វើឲ្យអ្នករាល់គ្នាមានចំនួនកើនឡើង ដូចលោកបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា។+ ១៨ អ្នករាល់គ្នាត្រូវស្ដាប់បង្គាប់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដោយកាន់ខ្ជាប់អស់ទាំងបញ្ញត្តិរបស់លោក ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។ យ៉ាងនោះ អ្នករាល់គ្នាតែងតែធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។+
១៤ «អ្នករាល់គ្នាជាកូនចៅរបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ អ្នករាល់គ្នាមិនត្រូវកោរចិញ្ចើម ឬឆូតសាច់ខ្លួន+ដើម្បីកាន់ទុក្ខមនុស្សស្លាប់ឡើយ។+ ២ ព្រោះអ្នករាល់គ្នាជាប្រជាជាតិបរិសុទ្ធចំពោះ+ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។ ព្រះយេហូវ៉ាបានជ្រើសរើសអ្នករាល់គ្នាពីចំណោមប្រជាជាតិទាំងឡាយនៅផែនដី ដើម្បីឲ្យអ្នករាល់គ្នាធ្វើជារាស្ត្ររបស់លោក ជាទ្រព្យវិសេសរបស់លោក។+
៣ «អ្នករាល់គ្នាមិនត្រូវបរិភោគអ្វីដែលគួរឲ្យស្អប់ខ្ពើមឡើយ។+ ៤ សត្វដែលអ្នករាល់គ្នាអាចបរិភោគបានគឺមានដូចតទៅ៖+ គោ ចៀម ពពែ ៥ ប្រើស ឈ្លូស ក្ដាន់ រមាំង ពពែព្រៃ ចៀមព្រៃ និងចៀមភ្នំ។ ៦ សត្វណាដែលមានក្រចកឆែក ហើយទំពាអៀង អ្នករាល់គ្នាអាចបរិភោគបាន។ ៧ ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគសត្វណាដែលគ្រាន់តែមានក្រចកឆែក ឬគ្រាន់តែទំពាអៀងនោះទេ។ សត្វទាំងនោះមានដូចតទៅ៖ សត្វអូដ្ឋ ទន្សាយថ្ម និងទន្សាយព្រៃ ពួកវាទំពាអៀង តែគ្មានក្រចកឆែកទេ។ ដូច្នេះ ត្រូវចាត់ទុកពួកវាជាសត្វមិនស្អាតបរិសុទ្ធ។+ ៨ ឯសត្វជ្រូក វាមានក្រចកឆែក តែមិនទំពាអៀងទេ។ អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វមិនស្អាតបរិសុទ្ធ។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វទាំងនោះ ឬប៉ះសពពួកវាឡើយ។
៩ «សត្វនៅក្នុងទឹកដែលមានព្រុយនិងស្រកា អ្នករាល់គ្នាអាចបរិភោគបាន។+ ១០ ប៉ុន្តែ សត្វណាដែលគ្មានព្រុយនិងស្រកា អ្នករាល់គ្នាមិនត្រូវបរិភោគឡើយ ព្រោះពួកវាជាសត្វមិនស្អាតបរិសុទ្ធ។
១១ «អ្នករាល់គ្នាអាចបរិភោគសត្វស្លាបដែលស្អាតបរិសុទ្ធបាន។ ១២ ប៉ុន្តែ សត្វស្លាបដែលមិនស្អាតបរិសុទ្ធ អ្នករាល់គ្នាមិនអាចបរិភោគបានទេ។ សត្វស្លាបទាំងនោះមានដូចតទៅ៖ ឥន្ទ្រី ស្ទាំង ត្មាតខ្មៅ+ ១៣ ខ្លែងក្រហម ខ្លែងខ្មៅ និងខ្លែងគ្រប់ប្រភេទ ១៤ ក្អែកគ្រប់ប្រភេទ ១៥ អូទ្រីស ទីទុយ រំពេ និងអកគ្រប់ប្រភេទ ១៦ មៀម ទីទុយត្រចៀកវែង ក្ងាន ១៧ ទុង ត្មាត ក្អែកទឹក ១៨ កុក ក្រសារគ្រប់ប្រភេទ សត្វស្លាបហ៊ូផូ* និងប្រចៀវ។ ១៩ ពពួកសត្វល្អិតដែលមានស្លាប អ្នករាល់គ្នាត្រូវចាត់ទុកពួកវាជាសត្វមិនស្អាតបរិសុទ្ធ ហើយមិនត្រូវបរិភោគឡើយ។ ២០ ឯសត្វស្លាបដែលស្អាតបរិសុទ្ធ អ្នករាល់គ្នាអាចបរិភោគបាន។
២១ «អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណាដែលងាប់ដោយឯកឯងឡើយ+ ព្រោះអ្នករាល់គ្នាជាប្រជាជាតិបរិសុទ្ធចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ អ្នករាល់គ្នាអាចលក់ឬឲ្យដល់ជនបរទេសដែលរស់នៅក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នា ហើយគេអាចបរិភោគបាន។
«អ្នករាល់គ្នាមិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។+
២២ «អ្នករាល់គ្នាត្រូវយកភោគផល១ភាគ១០ពីអ្វីដែលអ្នករាល់គ្នាបានសាបព្រោះ មកជូនជារៀងរាល់ឆ្នាំ។+ ២៣ អ្នករាល់គ្នាត្រូវបរិភោគភោគផល១ភាគ១០ពី ស្រូវ ស្រាថ្មី ប្រេង និងកូនដំបូងពីហ្វូងគោនិងហ្វូងចៀម នៅចំពោះមុខព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ត្រង់កន្លែងដែលលោកបានជ្រើសរើសសម្រាប់តាំងនាមលោក+ ដើម្បីឲ្យអ្នករាល់គ្នាអាចរៀនកោតខ្លាចព្រះយេហូវ៉ាជានិច្ច។+
២៤ «ប៉ុន្តែ បើកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសសម្រាប់តាំងនាមលោកស្ថិតនៅឆ្ងាយពេក+ ហើយអ្នករាល់គ្នាពិបាកយកអំណោយនោះទៅ (ព្រោះព្រះយេហូវ៉ាបានឲ្យពរច្រើនដល់អ្នករាល់គ្នា) ២៥ នោះអ្នករាល់គ្នាអាចលក់អំណោយនោះ រួចយកប្រាក់ ធ្វើដំណើរទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើស។ ២៦ ពេលទៅដល់ទីនោះ អ្នករាល់គ្នាអាចទិញអ្វីដែលអ្នករាល់គ្នាត្រូវការ ដូចជាគោ ចៀម ពពែ ស្រាទំពាំងបាយជូរនិងស្រាឯទៀត ព្រមទាំងអ្វីក៏ដោយដែលអ្នករាល់គ្នាពេញចិត្ត។ រួចអ្នករាល់គ្នានិងពួកអ្នកផ្ទះអាចបរិភោគអ្វីទាំងនោះ ដោយអំណរនៅចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។+ ២៧ អ្នករាល់គ្នាមិនត្រូវលះចោលពួកលេវីដែលរស់នៅក្នុងក្រុងរបស់អ្នករាល់គ្នាទេ+ ព្រោះពួកគេមិនបានទទួលចំណែកមត៌កជាមួយនឹងអ្នករាល់គ្នាឡើយ។+
២៨ «រាល់បីឆ្នាំម្ដង អ្នករាល់គ្នាត្រូវយកភោគផល១ភាគ១០ទាំងអស់ទៅដាក់នៅក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នា។+ ២៩ ដូច្នេះ ពួកលេវីដែលមិនបានទទួលចំណែកមត៌កជាមួយនឹងអ្នករាល់គ្នា ព្រមទាំងជនបរទេស កូនកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នា ពួកគេអាចមកបរិភោគរហូតដល់ឆ្អែតស្កប់ស្កល់។+ យ៉ាងនោះ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងឲ្យពរអ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់។+
១៥ «រៀងរាល់៧ឆ្នាំម្ដង អ្នករាល់គ្នាត្រូវឲ្យមានការដោះលែង។+ ២ ការណែនាំសម្រាប់ការដោះលែងមានដូចតទៅ៖ ម្ចាស់បំណុលទាំងអស់ ត្រូវលុបបំណុលដែលអ្នកជិតខាងខ្លួនជំពាក់។ គាត់មិនត្រូវទាមទារឲ្យអ្នកជិតខាងឬបងប្អូនខ្លួនសងនោះឡើយ ព្រោះនៅពេលនោះនឹងមានសេចក្ដីប្រកាសឲ្យមានការដោះលែងជូនព្រះយេហូវ៉ា។+ ៣ ចំពោះបំណុលរបស់ជនបរទេស អ្នករាល់គ្នាអាចទារពីគេបាន+ តែមិនត្រូវទារបំណុលពីបងប្អូនអ្នករាល់គ្នាទេ។ ៤ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យមានអ្នកណាម្នាក់ធ្លាក់ខ្លួនក្រឡើយ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាច្បាស់ជាឲ្យពរដល់អ្នករាល់គ្នា+នៅក្នុងស្រុកដែលព្រះយេហូវ៉ាឲ្យជាមត៌ក។ ៥ ប៉ុន្តែ អ្នករាល់គ្នាត្រូវស្ដាប់បង្គាប់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាឲ្យបានដិតដល់ ហើយត្រូវកាន់ខ្ជាប់តាមអស់ទាំងបញ្ញត្តិដែលខ្ញុំប្រាប់អ្នករាល់គ្នានៅថ្ងៃនេះ។+ ៦ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា នឹងឲ្យពរដល់អ្នករាល់គ្នាដូចដែលលោកបានសន្យា ហើយអ្នករាល់គ្នានឹងឲ្យប្រជាជាតិនានាខ្ចី តែអ្នករាល់គ្នានឹងមិនខ្ចីពីគេទេ។+ អ្នករាល់គ្នានឹងត្រួតត្រាលើប្រជាជាតិនានា តែពួកគេនឹងមិនត្រួតត្រាលើអ្នករាល់គ្នាឡើយ។+
៧ «បើបងប្អូនរបស់អ្នករាល់គ្នាធ្លាក់ខ្លួនក្រ នៅក្រុងណាមួយក្នុងទឹកដីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានប្រគល់ឲ្យ នោះអ្នករាល់គ្នាមិនត្រូវមានចិត្តកំណាញ់ ឬធ្វើមិនដឹងមិនឮនឹងគាត់ឡើយ។+ ៨ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបង្ហាញចិត្តទូលាយចំពោះបងប្អូនរបស់អ្នករាល់គ្នា+ ហើយឲ្យគាត់ខ្ចីតាមដែលគាត់ត្រូវការ។ ៩ ចូរប្រយ័ត្នកុំមានគំនិតអាក្រក់ដោយគិតក្នុងចិត្តថា៖ ‹ឆ្នាំទី៧ជាឆ្នាំនៃការដោះលែងជិតដល់ហើយ›។+ ដូច្នេះ អ្នករាល់គ្នាគិតថាមិនចាំបាច់បង្ហាញចិត្តទូលាយដល់បងប្អូនរបស់ខ្លួនដែលក្រីក្រទេ ហើយក៏មិនចាំបាច់ឲ្យអ្វីដល់គាត់ដែរ។ បើគាត់ស្រែកប្រាប់ព្រះយេហូវ៉ាអំពីអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលទោសជាមិនខាន។+ ១០ អ្នករាល់គ្នាត្រូវឲ្យគាត់ដោយចិត្តទូលាយ+ ហើយមិនត្រូវទើសទាល់ឡើយ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងឲ្យពរជាបរិបូរក្នុងគ្រប់កិច្ចការនិងស្នាដៃរបស់អ្នករាល់គ្នា។+ ១១ នៅក្នុងស្រុកដែលអ្នករាល់គ្នារស់នៅ នឹងតែងតែមានមនុស្សក្រីក្រជានិច្ច។+ ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នករាល់គ្នាថា៖ ‹អ្នករាល់គ្នាត្រូវឲ្យដោយចិត្តទូលាយ ដល់បងប្អូនដែលកម្សត់ទុគ៌តនិងក្រីក្រ›។+
១២ «បើបងប្អូនប្រុសស្រីណាម្នាក់ ដែលជាជនជាតិហេប្រឺ បានលក់ខ្លួនធ្វើជាខ្ញុំបម្រើអ្នករាល់គ្នា ហើយគាត់បម្រើអ្នករាល់គ្នាអស់រយៈពេល៦ឆ្នាំ នោះនៅឆ្នាំទី៧អ្នករាល់គ្នាត្រូវដោះលែងគាត់ឲ្យមានសេរីភាពវិញ។+ ១៣ ពេលដោះលែងគាត់ អ្នករាល់គ្នាមិនត្រូវឲ្យគាត់ទៅដោយដៃទទេឡើយ។ ១៤ អ្នករាល់គ្នាត្រូវឲ្យគាត់ដោយចិត្តទូលាយនូវភោគផលពីស្រូវ ប្រេង និងស្រាទំពាំងបាយជូរ ព្រមទាំងសត្វផងដែរ គឺឲ្យស្របទៅតាមពរដែលអ្នករាល់គ្នាបានទទួលពីព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ ១៥ សូមចាំថាអ្នករាល់គ្នាក៏ធ្លាប់ធ្វើជាខ្ញុំបម្រើនៅស្រុកអេហ្ស៊ីបដែរ តែព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានរំដោះអ្នករាល់គ្នាចេញមក។ ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះឲ្យធ្វើដូច្នេះ។
១៦ «ប៉ុន្តែ បើគាត់ប្រាប់ថា៖ ‹ខ្ញុំមិនចង់ចេញពីក្រុមគ្រួសារអ្នកទេ!› ព្រោះគាត់ស្រឡាញ់អ្នករាល់គ្នានិងក្រុមគ្រួសារអ្នករាល់គ្នា ថែមទាំងពេញចិត្តរស់នៅជាមួយនឹងអ្នករាល់គ្នា+ ១៧ នោះអ្នករាល់គ្នាត្រូវយកដែកចោះ មកចោះត្រចៀកគាត់នៅលើទ្វារ ហើយគាត់នឹងក្លាយទៅជាខ្ញុំបម្រើអ្នករាល់គ្នាអស់មួយជីវិត។ អ្នករាល់គ្នាក៏ត្រូវធ្វើដូច្នោះចំពោះខ្ញុំបម្រើស្រីដែរ។ ១៨ ពេលដែលអ្នករាល់គ្នាដោះលែងគាត់ឲ្យមានសេរីភាព មិនត្រូវមានចិត្តស្ដាយឡើយ ព្រោះគាត់បានបម្រើអ្នករាល់គ្នាអស់រយៈពេល៦ឆ្នាំហើយ។ រីឯការបម្រើរបស់គាត់គឺប្រសើរជាងការជួលកម្មករដល់ទៅពីរដង ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានឲ្យពរដល់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់។
១៩ «អ្នករាល់គ្នាត្រូវញែកកូនឈ្មោលដំបូងពីហ្វូងគោហ្វូងចៀមនិងហ្វូងពពែ ទុកជូនព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ ហើយមិនត្រូវយកគោនោះទៅទឹម ឬកាត់រោមចៀមនោះឡើយ។ ២០ ជារៀងរាល់ឆ្នាំ អ្នករាល់គ្នានិងពួកអ្នកផ្ទះត្រូវបរិភោគសាច់សត្វនោះនៅចំពោះមុខព្រះយេហូវ៉ាត្រង់កន្លែងដែលព្រះយេហូវ៉ានឹងជ្រើសរើស។+ ២១ ប៉ុន្តែ បើសត្វនោះមានកាយសម្បទាមិនពេញលក្ខណៈ ដូចជាពិការជើង ឬខ្វាក់ភ្នែកជាដើម នោះអ្នករាល់គ្នាមិនត្រូវយកវាទៅជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាឡើយ។+ ២២ អ្នករាល់គ្នាត្រូវបរិភោគសាច់វានៅក្នុងក្រុងរបស់អ្នករាល់គ្នា។ អ្នកដែលស្អាតបរិសុទ្ធ និងអ្នកដែលមិនស្អាតបរិសុទ្ធ អាចបរិភោគសាច់សត្វនោះបាន ដូចជាបរិភោគសាច់ក្ដាន់ឬសាច់ឈ្លូសដែរ។+ ២៣ ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគឈាមវាទេ+ តែត្រូវបង្ហូរទៅដីដូចជាទឹកវិញ។+
១៦ «នៅខែអាប៊ីប* អ្នករាល់គ្នាត្រូវធ្វើបុណ្យរំលងជូនព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ ព្រោះនៅយប់ខែនោះព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប។+ ២ នៅបុណ្យនោះ អ្នករាល់គ្នាត្រូវយកសត្វពីហ្វូងចៀមហ្វូងពពែនិងហ្វូងគោ+ ជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ នៅកន្លែងដែលព្រះយេហូវ៉ាបានជ្រើសរើសសម្រាប់តាំងនាមលោក។+ ៣ អ្នករាល់គ្នាមិនត្រូវបរិភោគអ្វីដែលមានដំបែទេ+ តែត្រូវបរិភោគនំប៉័ងឥតដំបែក្នុងរយៈពេល៧ថ្ងៃវិញ គឺនំប៉័ងនៃទុក្ខវេទនា ព្រោះអ្នករាល់គ្នាបានចេញពីស្រុកអេហ្ស៊ីបទាំងប្រញាប់ប្រញាល់។+ អ្នករាល់គ្នាត្រូវធ្វើដូច្នេះ ដើម្បីចងចាំអស់មួយជីវិតនូវថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប។+ ៤ ក្នុងអំឡុង៧ថ្ងៃនោះ មិនត្រូវឲ្យមានដំបែក្នុងស្រុករបស់អ្នករាល់គ្នាឡើយ។+ ឯសាច់នៃគ្រឿងបូជាដែលត្រូវជូននៅពេលល្ងាចក្នុងថ្ងៃទី១នៃបុណ្យនោះ អ្នករាល់គ្នាមិនត្រូវទុករហូតដល់ព្រឹកស្អែកទេ។+ ៥ អ្នករាល់គ្នាមិនត្រូវចេះតែជូនគ្រឿងបូជានៃបុណ្យរំលងនៅក្នុងក្រុងណាមួយ ដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យអ្នកនោះទេ។ ៦ ប៉ុន្តែ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជានោះនៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសសម្រាប់តាំងនាមលោក។ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជានៃបុណ្យរំលងនៅពេលល្ងាច ភ្លាមៗក្រោយពីថ្ងៃលិច+ គឺនៅចំថ្ងៃ*ដែលអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប។ ៧ អ្នករាល់គ្នាត្រូវចម្អិន ហើយបរិភោគ+នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើស+ លុះព្រឹកឡើងអ្នករាល់គ្នាអាចត្រឡប់ទៅកន្លែងស្នាក់នៅរបស់ខ្លួនវិញបាន។ ៨ ក្នុងរយៈពេល៦ថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតដំបែ ហើយនៅថ្ងៃទី៧ អ្នករាល់គ្នាត្រូវជួបជុំគ្នាគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ហើយមិនត្រូវធ្វើការអ្វីឡើយ។+
៩ «អ្នករាល់គ្នាត្រូវរាប់ឲ្យគ្រប់៧អាទិត្យ គឺចាប់ពីថ្ងៃដំបូងដែលអ្នករាល់គ្នាលូកកណ្ដៀវទៅច្រូតស្រូវ។+ ១០ រួចអ្នករាល់គ្នាត្រូវធ្វើបុណ្យអាទិត្យទី៧ជូនព្រះយេហូវ៉ា+ ដោយជូនគ្រឿងបូជាស្ម័គ្រពីចិត្តពីស្នាដៃរបស់អ្នករាល់គ្នា ស្របទៅតាមពរដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាផ្ដល់ឲ្យ។+ ១១ នៅត្រង់កន្លែងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសសម្រាប់តាំងនាមលោក អ្នករាល់គ្នាត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ជាមួយនឹងកូនប្រុសកូនស្រីខ្លួន ខ្ញុំបម្រើប្រុសស្រី និងពួកលេវីដែលនៅក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នា ព្រមទាំងជាមួយនឹងជនបរទេស កូនកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា។+ ១២ ចូរចាំថា អ្នករាល់គ្នាក៏ធ្លាប់ធ្វើជាខ្ញុំបម្រើនៅស្រុកអេហ្ស៊ីបដែរ។+ ម្ល៉ោះហើយ អ្នករាល់គ្នាត្រូវកាន់តាមច្បាប់ទាំងនេះកុំខាន។
១៣ «ពេលប្រមូលផលស្រូវ* ស្រាទំពាំងបាយជូរ និងប្រេង* អ្នករាល់គ្នាត្រូវធ្វើបុណ្យខ្ទម*+អស់រយៈពេល៧ថ្ងៃ។ ១៤ ក្នុងអំឡុងពេលនោះ អ្នករាល់គ្នាត្រូវអរសប្បាយ+ជាមួយនឹងកូនប្រុសកូនស្រីខ្លួន ខ្ញុំបម្រើប្រុសស្រី និងពួកលេវី ព្រមទាំងជាមួយនឹងជនបរទេស កូនកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នា។ ១៥ អស់៧ថ្ងៃ អ្នករាល់គ្នាត្រូវធ្វើបុណ្យ+ជូនព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ត្រង់កន្លែងដែលព្រះយេហូវ៉ាជ្រើសរើស ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងឲ្យពរអ្នករាល់គ្នាក្នុងគ្រប់កិច្ចការទាំងអស់+ ហើយអ្នករាល់គ្នានឹងមានភោគផលជាច្រើន។ ពេលនោះ អ្នករាល់គ្នានឹងមានអំណរក្រៃលែង។+
១៦ «ក្នុងមួយឆ្នាំបីដង ពួកបុរសទាំងអស់ត្រូវមកឯព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានៅកន្លែងដែលលោកជ្រើសរើស ដើម្បីធ្វើបុណ្យនំប៉័ងឥតដំបែ+ បុណ្យអាទិត្យទី៧+ និងបុណ្យខ្ទម។+ ពួកគេមិនត្រូវមកឯព្រះយេហូវ៉ាដោយដៃទទេឡើយ។ ១៧ ពួកគេម្នាក់ៗត្រូវយកអំណោយមកជូន ស្របទៅតាមពរដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាផ្ដល់ឲ្យ។+
១៨ «ក្នុងបណ្ដាក្រុងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យ អ្នករាល់គ្នាត្រូវតែងតាំងពួកអ្នកសម្រេចក្ដី+និងពួកអ្នកដឹកនាំសម្រាប់កុលសម្ព័ន្ធនីមួយៗ។ ពួកគេត្រូវវិនិច្ឆ័យក្ដីឲ្យបណ្ដាជនដោយយុត្តិធម៌។ ១៩ អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តដោយអយុត្តិធម៌ទេ+ ហើយក៏មិនត្រូវរើសមុខ+ ឬទទួលសំណូកឡើយ ព្រោះសំណូកបំបិទភ្នែកអ្នកប្រាជ្ញ+ ហើយធ្វើឲ្យមនុស្សសុចរិតក្រឡាស់ពាក្យសម្ដីខ្លួន។ ២០ អ្នករាល់គ្នាត្រូវប្រព្រឹត្តដោយយុត្តិធម៌ជានិច្ច+ ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅតទៅទៀត ហើយចូលទៅចាប់យកទឹកដីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យជាមត៌ក។
២១ «អ្នករាល់គ្នាមិនត្រូវដាំដើមឈើណាទុកជាដើមពិសិដ្ឋ+ នៅក្បែរទីបូជារបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានសង់ជូនលោកឡើយ។
២២ «អ្នករាល់គ្នាក៏មិនត្រូវដំឡើងបង្គោលថ្មពិសិដ្ឋ*សម្រាប់គោរពបូជាដែរ+ ព្រោះនេះជាអ្វីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាស្អប់ខ្ពើមណាស់។
១៧ «អ្នករាល់គ្នាមិនត្រូវជូនគោឬចៀមណាដែលមិនល្អឥតខ្ចោះឬមានកាយសម្បទាមិនពេញលក្ខណៈ ជាគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាឡើយ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាស្អប់ខ្ពើមអ្វីបែបនោះណាស់។+
២ «ឧបមាថា នៅក្នុងក្រុងណាមួយដែលព្រះយេហូវ៉ាប្រគល់ឲ្យអ្នករាល់គ្នា មានបុរសឬស្ត្រីណាម្នាក់ប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាមិនពេញចិត្ត ហើយបំពានកិច្ចព្រមព្រៀងរបស់លោក+ ៣ ថែមទាំងបែរទៅគោរពប្រណិប័តន៍ព្រះឯទៀត ហើយក្រាបគោរពដល់ព្រះទាំងនោះ ឬដល់ដួងអាទិត្យ ដួងចន្ទ ឬផ្កាយទាំងឡាយនៅលើមេឃ*+ ជាអ្វីដែលខ្ញុំមិនបានបង្គាប់+ ៤ ហើយបើអ្នករាល់គ្នាបានឮអំពីរឿងនោះឬមានគេមករាយការណ៍ប្រាប់ នោះអ្នករាល់គ្នាត្រូវស៊ើបអង្កេតឲ្យបានហ្មត់ចត់ដើម្បីឲ្យដឹងថារឿងនោះពិតឬមិនពិត។ បើរកឃើញថាមានការប្រព្រឹត្តដែលគួរឲ្យស្អប់ខ្ពើមក្នុងស្រុកអ៊ីស្រាអែលពិតមែន+ ៥ នោះអ្នករាល់គ្នាត្រូវនាំបុរសឬស្ត្រីដែលប្រព្រឹត្តអំពើអាក្រក់នោះចេញទៅក្រៅក្រុង ហើយគប់ដុំថ្មសម្លាប់គាត់ចោល។+ ៦ អ្នករាល់គ្នាអាចសម្លាប់គាត់បាន លុះត្រាតែមានការបញ្ជាក់ពីសាក្សីពីរឬបីនាក់+ តែបើមានតែសាក្សីម្នាក់ប៉ុណ្ណោះ នោះមិនអាចសម្លាប់គាត់បានទេ។+ ៧ សាក្សីទាំងនោះត្រូវផ្ដើមគប់សម្លាប់គាត់មុនគេ រួចបណ្ដាជនទាំងអស់មកគប់សម្លាប់គាត់តាមក្រោយ។ អ្នករាល់គ្នាត្រូវដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។+
៨ «នៅក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នា បើមានរឿងក្ដីណាដែលពិបាកវិនិច្ឆ័យ ទោះជាទាក់ទងនឹងឃាតកម្ម+ ការប្ដឹងផ្ដល់ អំពើហិង្សា ឬទាក់ទងនឹងរឿងជម្លោះឯទៀតក្ដី អ្នករាល់គ្នាត្រូវនាំយករឿងនោះទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើស។+ ៩ អ្នករាល់គ្នាត្រូវទៅជួបពួកលេវីដែលជាសង្ឃនិងអ្នកសម្រេចក្ដី+ដែលមានភារកិច្ចនៅគ្រានោះ រួចប្រាប់រឿងក្ដីរបស់អ្នករាល់គ្នាដល់ពួកគាត់ នោះពួកគាត់នឹងវិនិច្ឆ័យក្ដីឲ្យអ្នករាល់គ្នា។+ ១០ បន្ទាប់មក អ្នករាល់គ្នាត្រូវធ្វើតាមការសម្រេចក្ដីរបស់ពួកគាត់ ដែលបានធ្វើឡើងនៅកន្លែងដែលព្រះយេហូវ៉ាបានជ្រើសរើស។ អ្នករាល់គ្នាត្រូវធ្វើតាមការណែនាំទាំងអស់ពីពួកគាត់ឲ្យបានដិតដល់។ ១១ អ្នករាល់គ្នាត្រូវធ្វើតាមច្បាប់ដែលពួកគាត់បានបង្ហាញ ហើយក៏ត្រូវធ្វើតាមការវិនិច្ឆ័យរបស់ពួកគាត់ដែរ+ គឺមិនត្រូវបែរចេញពីការសម្រេចក្ដីរបស់ពួកគាត់ជាដាច់ខាត។+ ១២ បើបុគ្គលណាព្រហើនមិនស្ដាប់សង្ឃដែលបម្រើព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ឬមិនធ្វើតាមអ្នកសម្រេចក្ដីទេ ត្រូវសម្លាប់អ្នកនោះចោលកុំខាន។+ អ្នករាល់គ្នាត្រូវដកអំពើអាក្រក់ចេញពីស្រុកអ៊ីស្រាអែល។+ ១៣ បណ្ដាជនទាំងអស់នឹងឮអំពីរឿងនេះហើយភ័យខ្លាច។ យ៉ាងនេះ ពួកគេនឹងមិនហ៊ានប្រព្រឹត្តដោយព្រហើនទៀតឡើយ។+
១៤ «អ្នករាល់គ្នាហៀបចូលទៅចាប់យកទឹកដីនិងរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យហើយ បើអ្នករាល់គ្នានិយាយថា៖ ‹ចូរយើងតែងតាំងស្ដេចមួយរូប ឲ្យគ្រប់គ្រងលើយើងដូចប្រជាជាតិជុំវិញយើងដែរ›+ ១៥ នោះអ្នករាល់គ្នាត្រូវតែងតាំងបុគ្គលដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាជ្រើសរើសឲ្យធ្វើជាស្ដេច។+ អ្នករាល់គ្នាត្រូវតែងតាំងស្ដេចពីចំណោមជនរួមជាតិរបស់ខ្លួន មិនត្រូវតែងតាំងជនបរទេសឲ្យគ្រប់គ្រងលើអ្នករាល់គ្នាឡើយ។ ១៦ ប៉ុន្តែ ស្ដេចនោះមិនត្រូវប្រមូលសេះច្រើនសម្រាប់ខ្លួនឡើយ+ ហើយក៏មិនត្រូវចាត់បណ្ដាជនឲ្យទៅស្រុកអេហ្ស៊ីបវិញដើម្បីបានសេះថែមទៀតដែរ+ ព្រោះព្រះយេហូវ៉ាបានប្រាប់អ្នករាល់គ្នាហើយថា៖ ‹អ្នករាល់គ្នាមិនត្រូវត្រឡប់ទៅតាមផ្លូវនេះម្ដងទៀតជាដាច់ខាត›។ ១៧ បន្ថែមទៀត ស្ដេចនោះមិនត្រូវយកប្រពន្ធច្រើនទេ ដើម្បីកុំឲ្យចិត្តគាត់បែរចេញពីផ្លូវត្រឹមត្រូវ+ ហើយគាត់ក៏មិនត្រូវប្រមូលមាសប្រាក់ច្រើនសន្ធឹកសន្ធាប់ទុកសម្រាប់ខ្លួនដែរ។+ ១៨ នៅថ្ងៃដែលគាត់ចាប់ផ្ដើមគ្រប់គ្រងជាស្ដេចលើរាជាណាចក្រខ្លួន គាត់ត្រូវចម្លងក្រមច្បាប់នេះទុកក្នុងសៀវភៅ*សម្រាប់ខ្លួន ជាក្រមច្បាប់ដែលពួកលេវីជាសង្ឃបានរក្សាទុក។+
១៩ «គាត់ត្រូវរក្សាទុកសៀវភៅនោះ ហើយត្រូវអានជារៀងរាល់ថ្ងៃអស់មួយជីវិត+ ដើម្បីឲ្យគាត់អាចរៀនកោតខ្លាចព្រះយេហូវ៉ាជាព្រះនៃខ្លួន ហើយធ្វើតាមពាក្យទាំងប៉ុន្មានដែលមានក្នុងក្រមច្បាប់នេះ ព្រមទាំងកាន់តាមបញ្ញត្តិទាំងអស់ផង។+ ២០ បើគាត់ធ្វើដូច្នោះ គាត់នឹងមិនមានចិត្តគំនិតតម្កើងខ្លួនខ្ពស់ជាងជនរួមជាតិ ហើយក៏មិនប្រព្រឹត្តប្រាសចាកពីបញ្ញត្តិរបស់ព្រះដែរ។ យ៉ាងនោះ គាត់និងពូជពង្សគាត់អាចគ្រប់គ្រងរាជាណាចក្ររបស់ខ្លួនបានយូរអង្វែងលើប្រជាជាតិអ៊ីស្រាអែល។
១៨ «ពួកសង្ឃនិងកុលសម្ព័ន្ធលេវីទាំងមូលនឹងមិនទទួលចំណែកមត៌កជាមួយនឹងបណ្ដាជនអ៊ីស្រាអែលទេ តែពួកគេនឹងបរិភោគពីគ្រឿងបូជាដែលបណ្ដាជនយកមកដុតជូនព្រះយេហូវ៉ា ដែលជាចំណែករបស់លោក។+ ២ ដូច្នេះ ពួកគេនឹងមិនទទួលចំណែកមត៌កជាមួយនឹងជនរួមជាតិខ្លួនទេ ព្រោះព្រះយេហូវ៉ាជាចំណែកមត៌ករបស់ពួកគេ ដូចដែលលោកបានប្រាប់ពួកគេហើយ។
៣ «ពួកសង្ឃមានសិទ្ធិទទួលចំណែកពីបណ្ដាជន។ ពេលបណ្ដាជនយកគោឬចៀមមកជូនជាគ្រឿងបូជា សាច់ស្មា សាច់ថ្គាមនិងក្រពះ នឹងបានជាចំណែករបស់ពួកសង្ឃ។ ៤ អ្នករាល់គ្នាក៏ត្រូវឲ្យពួកសង្ឃនូវផលដំបូងពីស្រូវ ស្រាថ្មី ប្រេង និងរោមចៀមដែលអ្នករាល់គ្នាបានកាត់ជាលើកដំបូង។+ ៥ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសពួកលេវី និងកូនចៅពួកគេពីចំណោមកុលសម្ព័ន្ធទាំងអស់ ឲ្យបម្រើក្នុងនាមព្រះយេហូវ៉ាជាដរាប។+
៦ «បើលេវីណាម្នាក់ចាកចេញពីក្រុងដែលខ្លួនរស់នៅក្នុងស្រុកអ៊ីស្រាអែល+ ដោយមានបំណងទៅរស់នៅកន្លែងដែលព្រះយេហូវ៉ាជ្រើសរើស*+ ៧ នោះគាត់អាចទៅទីនោះបាន ហើយអាចបន្តបម្រើក្នុងនាមព្រះយេហូវ៉ាជាព្រះរបស់គាត់ ដូចជាពួកលេវីឯទៀតដែលបម្រើនៅចំពោះព្រះយេហូវ៉ានៅទីនោះដែរ។+ ៨ ទោះជាគាត់មានប្រាក់ពីការលក់កេរមត៌ករបស់ខ្លួនក្ដី+ គាត់នៅតែអាចទទួលរបបអាហារស្មើនឹងពួកលេវីឯទៀតដែរ។
៩ «កាលណាអ្នករាល់គ្នាចូលទៅរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាប្រគល់ឲ្យអ្នករាល់គ្នា នោះមិនត្រូវមានការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមតាមប្រជាជាតិទាំងនោះឡើយ។+ ១០ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យមានអ្នកណាម្នាក់យកកូនប្រុសកូនស្រីខ្លួនទៅដុតជូនជាគ្រឿងបូជាទេ+ ហើយមិនត្រូវឲ្យមានការទស្សន៍ទាយ+ ឬមានគ្រូវេទមន្ត+ គ្រូមើលប្រផ្នូល+ គ្រូធ្មប់+ ១១ គ្រូដាក់អំពើណាឡើយ។ អ្នករាល់គ្នាក៏មិនត្រូវទៅរកគ្រូខាប+ គ្រូទាយ+ ឬគ្រូអន្ទងខ្មោចដែរ។+ ១២ ព្រោះអ្នកដែលប្រព្រឹត្តអំពើទាំងនេះ គឺជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់។ ដោយសារការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះហើយបានជាព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា នឹងបណ្ដេញពួកគេចេញពីមុខអ្នករាល់គ្នា។ ១៣ អ្នករាល់គ្នាត្រូវបង្ហាញថាខ្លួនជាមនុស្សគ្មានកន្លែងបន្ទោសនៅចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។+
១៤ «ព្រោះប្រជាជាតិនានាដែលអ្នករាល់គ្នានឹងបណ្ដេញចេញ ពួកគេបានស្ដាប់តាមគ្រូវេទមន្ត+និងគ្រូទាយទាំងនោះ+ តែអ្នករាល់គ្នាវិញ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាមិនអនុញ្ញាតឲ្យប្រព្រឹត្តដូចពួកគេទេ។ ១៥ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងតែងតាំងបុគ្គលម្នាក់ពីចំណោមបងប្អូនរបស់អ្នករាល់គ្នាឲ្យធ្វើជាអ្នកប្រកាសទំនាយដូចខ្ញុំដែរ។ ដូច្នេះ អ្នករាល់គ្នាត្រូវស្ដាប់គាត់។+ ១៦ ព្រោះកាលដែលអ្នករាល់គ្នាជួបជុំគ្នានៅភ្នំហូរែប+ អ្នករាល់គ្នាបានសុំព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាថា៖ ‹សូមកុំឲ្យពួកខ្ញុំឮសំឡេងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ឬមើលឃើញភ្លើងដែលឆេះសន្ធោសន្ធៅទៀតអី ខ្លាចក្រែងពួកខ្ញុំស្លាប់›។+ ១៧ រួចព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ ‹សំណូមពររបស់ពួកគេគឺសមហេតុសមផល។ ១៨ ខ្ញុំនឹងតែងតាំងបុគ្គលម្នាក់ពីចំណោមពួកគេឲ្យធ្វើជាអ្នកប្រកាសទំនាយដូចអ្នកដែរ+ ហើយខ្ញុំនឹងឲ្យគាត់និយាយតាមពាក្យរបស់ខ្ញុំ+ ហើយគាត់នឹងប្រាប់ពួកគេតាមបង្គាប់ទាំងអស់របស់ខ្ញុំ។+ ១៩ គាត់នឹងនិយាយក្នុងនាមខ្ញុំ ហើយបើអ្នកណាមិនស្ដាប់ពាក្យខ្ញុំតាមរយៈគាត់ទេ អ្នកនោះនឹងត្រូវទទួលខុសត្រូវចំពោះកំហុសខ្លួន។+
២០ «‹បើអ្នកប្រកាសទំនាយណាម្នាក់ហ៊ានប្រកាសទំនាយក្នុងនាមព្រះឯទៀត ឬហ៊ានប្រកាសទំនាយក្នុងនាមខ្ញុំ នូវអ្វីដែលខ្ញុំមិនបានបង្គាប់ អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន។+ ២១ ប៉ុន្តែ អ្នករាល់គ្នាប្រហែលជាគិតក្នុងចិត្តថា៖ «តើធ្វើដូចម្ដេចឲ្យយើងដឹងថាការប្រកាសនោះមិនមែនមកពីព្រះយេហូវ៉ា?»។ ២២ ពេលអ្នកប្រកាសទំនាយនិយាយអ្វីមួយក្នុងនាមព្រះយេហូវ៉ា ហើយអ្វីនោះមិនបានកើតឡើងឬក្លាយទៅជាការពិត នោះអ្នករាល់គ្នានឹងដឹងថាអ្នកប្រកាសទំនាយនោះចេះតែនិយាយដោយចិត្តឯង មិនមែនមកពីព្រះយេហូវ៉ាទេ។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវកោតខ្លាចគាត់ឡើយ›។
១៩ «ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងបំផ្លាញប្រជាជាតិនានា ហើយព្រះយេហូវ៉ានឹងប្រគល់ទឹកដីរបស់ពួកគេដល់អ្នករាល់គ្នា។ ពេលអ្នករាល់គ្នាបណ្ដេញពួកគេចេញ ហើយចូលទៅរស់នៅក្នុងផ្ទះនានាក្នុងបណ្ដាក្រុងរបស់ពួកគេ+ ២ នោះត្រូវញែកទុកក្រុងបីក្នុងទឹកដីដែលព្រះយេហូវ៉ានឹងប្រគល់ឲ្យអ្នករាល់គ្នា។+ ៣ អ្នករាល់គ្នាត្រូវបែងចែកទឹកដីក្នុងស្រុកដែលព្រះយេហូវ៉ាប្រគល់ឲ្យអ្នករាល់គ្នាជាបីផ្នែក ហើយត្រូវរៀបចំផ្លូវដើម្បីឲ្យអ្នកដែលសម្លាប់គេអាចរត់ទៅជ្រកកោនក្នុងក្រុងទាំងនោះ។
៤ «ចំពោះអ្នកដែលសម្លាប់អ្នកឯទៀតដោយអចេតនានិងដោយគ្មានចិត្តស្អប់ គាត់អាចរត់ទៅជ្រកកោននៅក្រុងទាំងនោះបាន ដូចករណីតទៅនេះ។+ ៥ ឧបមាថា បុរសម្នាក់និងអ្នកជិតខាងគាត់បានទៅព្រៃកាប់អុស តែចៃដន្យពេលដែលគាត់លើកពូថៅកាប់អុស ផ្លែពូថៅក៏របូតចេញពីដងទៅត្រូវអ្នកជិតខាងនោះបណ្ដាលឲ្យស្លាប់ នោះអ្នកសម្លាប់គេត្រូវរត់ទៅក្រុងមួយក្នុងចំណោមក្រុងទាំងនោះ ដើម្បីរួចជីវិត។+ ៦ បើមិនដូច្នេះទេ អ្នកដែលមានសិទ្ធិសងសឹក+ដែលមានកំហឹងជាខ្លាំង អាចដេញតាមអ្នកនោះទាន់ ហើយសម្លាប់គាត់បាន ព្រោះចម្ងាយផ្លូវទៅក្រុងនោះឆ្ងាយពេក។ យ៉ាងណាមិញ អ្នកនោះមិនសមនឹងស្លាប់ទេ ព្រោះគាត់មិនធ្លាប់មានចិត្តស្អប់អ្នកជិតខាងនោះពីមុនឡើយ។+ ៧ ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នករាល់គ្នាថា៖ ‹ចូរញែកក្រុងបីទុកដោយឡែក›។
៨ «បើព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាពង្រីកទឹកដីរបស់អ្នករាល់គ្នាឲ្យធំទូលាយដូចដែលលោកបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា+ ហើយបើលោកប្រគល់ទឹកដីទាំងអស់នោះឲ្យដល់អ្នករាល់គ្នាដូចដែលលោកបានសន្យានឹងបុព្វបុរសរបស់អ្នករាល់គ្នាមែន+ ៩ នោះអ្នករាល់គ្នាត្រូវបន្ថែមក្រុងបីទៀតពីលើក្រុងបីដែលមានរួចហើយ។+ ទោះជាដូច្នោះក្ដី អ្នករាល់គ្នាត្រូវកាន់ខ្ជាប់តាមបញ្ញត្តិទាំងអស់ដែលខ្ញុំបង្គាប់នៅថ្ងៃនេះ ពោលគឺត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ហើយត្រូវដើរតាមផ្លូវរបស់លោកជានិច្ច។+ ១០ យ៉ាងនេះ នឹងគ្មានការសម្លាប់អ្នកដែលគ្មានទោស+នៅក្នុងស្រុកដែលព្រះយេហូវ៉ាប្រគល់ឲ្យអ្នករាល់គ្នាទុកជាមត៌កឡើយ ហើយអ្នករាល់គ្នាក៏នឹងគ្មានទោសដែរ។+
១១ «ប៉ុន្តែ បើបុគ្គលម្នាក់មានចិត្តស្អប់អ្នកជិតខាងខ្លួន+ ហើយចាំស្ទាក់វាយគាត់ ឲ្យរបួសធ្ងន់ដល់ស្លាប់ រួចបុគ្គលនោះរត់ទៅក្រុងណាមួយក្នុងចំណោមក្រុងទាំងនោះ ១២ ពួកអ្នកចាស់ទុំក្នុងក្រុងដែលគាត់រស់នៅនោះ ត្រូវចាត់គេឲ្យនាំបុគ្គលនោះមក រួចប្រគល់ដល់អ្នកដែលមានសិទ្ធិសងសឹក។ បុគ្គលនោះនឹងត្រូវស្លាប់ជាមិនខាន។+ ១៣ អ្នករាល់គ្នាមិនត្រូវអាណិតអាសូរអ្នកនោះទេ ហើយត្រូវដកចេញពីស្រុកអ៊ីស្រាអែលនូវទោសកំហុសដែលមកពីការសម្លាប់ជនដែលគ្មានទោស+ ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅដោយសុខសាន្ត។
១៤ «កាលណាអ្នករាល់គ្នាទទួលស្រុកដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យជាមត៌កហើយ អ្នករាល់គ្នាមិនត្រូវបង្ខិតបង្គោលព្រំប្រទល់ពីទីតាំង+ដែលបុព្វបុរសអ្នករាល់គ្នាបានកំណត់នោះទេ។
១៥ «បើមានសាក្សីតែម្នាក់ មិនអាចដាក់ទោសបុគ្គលម្នាក់ចំពោះកំហុសឬអំពើខុសឆ្គងរបស់គាត់បានទេ+ លុះត្រាតែមានសាក្សីពីរឬបីនាក់ ទើបការចោទប្រកាន់អាចយកជាការបាន ហើយអាចដាក់ទោសបុគ្គលនោះ។+ ១៦ បើមានសាក្សីនិយាយបង្ខុសសេចក្ដីពិត ហើយចោទប្រកាន់ថាបុគ្គលម្នាក់បានធ្វើខុសអ្វីមួយ+ ១៧ បុគ្គលទាំងពីរនាក់នោះ ត្រូវទៅឈរនៅចំពោះមុខព្រះយេហូវ៉ា ពួកសង្ឃ និងពួកអ្នកសម្រេចក្ដីដែលមានភារកិច្ចនៅគ្រានោះ។+ ១៨ ពួកអ្នកសម្រេចក្ដីត្រូវស៊ើបអង្កេតឲ្យបានសព្វគ្រប់+ បើរកឃើញថាអ្នកនោះជាសាក្សីក្លែងក្លាយ ហើយឃើញថាការចោទប្រកាន់របស់គាត់គឺមិនពិត ១៩ នោះអ្នករាល់គ្នាត្រូវធ្វើទៅលើគាត់ ដូចដែលគាត់ចង់ធ្វើទៅលើជនជាប់ចោទតាមគម្រោងគាត់ដែរ។+ អ្នករាល់គ្នាត្រូវដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។+ ២០ អស់អ្នកដែលឮអំពីរឿងនេះ ពួកគេនឹងភ័យខ្លាច។ យ៉ាងនេះ ពួកគេនឹងមិនហ៊ានប្រព្រឹត្តអាក្រក់ដូចនេះឡើយ។+ ២១ អ្នករាល់គ្នាមិនត្រូវអាណិតអាសូរទេ+ គឺត្រូវសងជីវិតនឹងជីវិត ភ្នែកនឹងភ្នែក ធ្មេញនឹងធ្មេញ ដៃនឹងដៃ ជើងនឹងជើង។+
២០ «ពេលអ្នករាល់គ្នាទៅធ្វើសង្គ្រាមនឹងពួកសត្រូវ បើឃើញកងទ័ព ទ័ពសេះ និងទ័ពរទេះចម្បាំងខាងពួកគេ មានចំនួនច្រើនជាងខាងអ្នករាល់គ្នា នោះចូរកុំខ្លាចពួកគេឡើយ។ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប លោកនៅជាមួយនឹងអ្នករាល់គ្នាហើយ។+ ២ មុនអ្នករាល់គ្នាទៅធ្វើសង្គ្រាម សង្ឃត្រូវចូលទៅនិយាយជាមួយនឹងកងទ័ព+ ៣ ហើយប្រាប់ពួកគេថា៖ ‹ចូរស្ដាប់ចុះ ឱទ័ពអ៊ីស្រាអែលអើយ! អ្នករាល់គ្នាហៀបនឹងទៅប្រយុទ្ធនឹងពួកសត្រូវហើយ។ ចូរកុំតក់ស្លុត កុំញ័ររន្ធត់ កុំភ័យឬខ្លាចពួកគេឡើយ ៤ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងទៅជាមួយនឹងអ្នករាល់គ្នាដើម្បីច្បាំងនឹងសត្រូវជំនួសអ្នករាល់គ្នា ហើយលោកនឹងសង្គ្រោះអ្នករាល់គ្នា›។+
៥ «ពួកមេដឹកនាំក៏ត្រូវប្រាប់កងទ័ពដែរថា៖ ‹បើអ្នកណាទើបសង់ផ្ទះ ហើយមិនទាន់ចូលទៅស្នាក់នៅ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះខ្លួនវិញចុះ ខ្លាចក្រែងគាត់ស្លាប់ក្នុងសង្គ្រាម ហើយអ្នកផ្សេងនឹងចូលទៅរស់នៅក្នុងផ្ទះគាត់។ ៦ បើអ្នកណាដាំចម្ការទំពាំងបាយជូរ ហើយមិនទាន់បានបរិភោគផ្លែ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះខ្លួនវិញចុះ ខ្លាចក្រែងគាត់ស្លាប់ក្នុងសង្គ្រាម ហើយអ្នកផ្សេងនឹងបរិភោគផលដំណាំរបស់គាត់។ ៧ បើអ្នកណាទើបភ្ជាប់ពាក្យ ហើយមិនទាន់រៀបការ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះខ្លួនវិញចុះ+ ខ្លាចក្រែងគាត់ស្លាប់ក្នុងសង្គ្រាម ហើយអ្នកផ្សេងនឹងរៀបការជាមួយនឹងគូដណ្ដឹងរបស់គាត់›។ ៨ ពួកមេដឹកនាំក៏ត្រូវសួរទ័ពទាំងនោះដែរថា៖ ‹តើមានអ្នកណាភ័យខ្លាចនិងតក់ស្លុតឬទេ?+ បើមាន ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញទៅ ដើម្បីកុំឲ្យអ្នកឯទៀតបាក់ទឹកចិត្តតាមគាត់ដែរ›។+ ៩ ក្រោយសួររួច ពួកអ្នកដឹកនាំត្រូវតែងតាំងមេទ័ពឲ្យដឹកនាំទ័ពទៅប្រយុទ្ធ។
១០ «មុននឹងប្រយុទ្ធនឹងក្រុងណាមួយ អ្នករាល់គ្នាត្រូវស្នើឲ្យពួកគេចុះចូលជាមុនសិន។+ ១១ បើពួកគេព្រមចុះចូល ហើយបើកទ្វារក្រុងឲ្យអ្នករាល់គ្នា អ្នករាល់គ្នាអាចកែនពួកគេឲ្យធ្វើការឲ្យអ្នករាល់គ្នា ហើយឲ្យបម្រើអ្នករាល់គ្នា។+ ១២ ប៉ុន្តែ បើពួកគេមិនព្រមចុះចូល ហើយចង់ប្រយុទ្ធនឹងអ្នករាល់គ្នាវិញ នោះចូរឡោមព័ទ្ធក្រុងនោះទៅ ១៣ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវប្រហារពួកបុរសទាំងអស់ដោយដាវ។ ១៤ ឯពួកស្ត្រី កូនក្មេង ហ្វូងសត្វ និងអ្វីៗទាំងអស់ដែលមានក្នុងក្រុងនោះ អ្នករាល់គ្នាត្រូវរឹបអូសទុកជារបស់ខ្លួន។+ អ្នករាល់គ្នាត្រូវរឹបអូសរបស់មានតម្លៃទាំងអស់ពីពួកសត្រូវ ព្រោះអ្វីទាំងនោះព្រះយេហូវ៉ាបានប្រគល់ឲ្យដល់អ្នករាល់គ្នាហើយ។+
១៥ «អ្នករាល់គ្នាត្រូវធ្វើដូច្នេះចំពោះតែបណ្ដាក្រុងដែលនៅឆ្ងាយពីអ្នករាល់គ្នាប៉ុណ្ណោះ មិនមែនបណ្ដាក្រុងនៃប្រជាជាតិដែលនៅជិតៗនេះទេ។ ១៦ ចំពោះបណ្ដាក្រុងរបស់ប្រជាជាតិទាំងនេះដែលព្រះយេហូវ៉ាបានប្រគល់ឲ្យអ្នករាល់គ្នាទុកជាមត៌ក អ្នករាល់គ្នាមិនត្រូវទុកឲ្យអ្នកណាម្នាក់*រួចជីវិតឡើយ។+ ១៧ ប៉ុន្តែ អ្នករាល់គ្នាត្រូវបំផ្លាញពួកគេចោលទាំងអស់ គឺជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស+ ដូចដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានបង្គាប់ ១៨ ដើម្បីកុំឲ្យពួកគេបង្រៀនអ្នករាល់គ្នាឲ្យធ្វើតាមការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើម ដែលពួកគេធ្វើសម្រាប់ព្រះនានារបស់ពួកគេឡើយ។ ទង្វើនោះនឹងបណ្ដាលឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើខុសឆ្គងប្រឆាំងនឹងព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។+
១៩ «បើអ្នករាល់គ្នាឡោមព័ទ្ធក្រុងមួយដើម្បីចាប់យកក្រុងនោះ ហើយអ្នករាល់គ្នាបានច្បាំងនឹងក្រុងនោះអស់ជាច្រើនថ្ងៃ អ្នករាល់គ្នាមិនត្រូវកាប់បំផ្លាញដើមឈើឡើយ។ អ្នករាល់គ្នាអាចបរិភោគផ្លែវាបាន តែមិនត្រូវកាប់បំផ្លាញដើមទាំងនោះទេ។+ អ្នករាល់គ្នាមិនត្រូវវាយប្រហារដើមឈើដូចវាយប្រហារមនុស្សទេ។ ២០ អ្នករាល់គ្នាអាចកាប់បំផ្លាញតែដើមឈើណាដែលមិនអាចបរិភោគផ្លែបានប៉ុណ្ណោះ។ អ្នករាល់គ្នាអាចកាប់បាន ហើយយកទៅសង់របាំងដើម្បីឡោមព័ទ្ធក្រុងនោះរហូតដល់វាយយកបាន។
២១ «ក្នុងទឹកដីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យ បើប្រទះឃើញសាកសពអ្នកណាម្នាក់នៅឯវាល ហើយមិនដឹងថាអ្នកណាជាឃាតករ ២ នោះពួកបុរសចាស់ទុំនិងពួកអ្នកសម្រេចក្ដី+ ត្រូវចេញទៅវាស់ចម្ងាយ ពីទីតាំងសពនោះទៅបណ្ដាក្រុងដែលនៅជុំវិញ។ ៣ បន្ទាប់មក ពួកបុរសចាស់ទុំពីក្រុងដែលនៅជិតសាកសពជាងគេ ត្រូវយកគោញីដែលគេមិនទាន់ទឹមឬប្រើ ៤ ដឹកទៅជ្រលងដែលមានទឹកហូរ ជាកន្លែងដែលគ្មានការភ្ជួររាស់ឬសាបព្រោះ។ ក្រោយមក ពួកគេត្រូវបំបាក់កគោនោះនៅក្នុងជ្រលងនោះទៅ។+
៥ «ឯពួកសង្ឃនិងពួកលេវី ពួកគេត្រូវនាំគ្នាចូលទៅជិត ហើយប្រាប់ការណែនាំស្ដីអំពីរបៀបដោះស្រាយរឿងឃាតកម្មនោះ។+ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសពួកគេឲ្យបម្រើលោក+ និងឲ្យពរដល់បណ្ដាជនក្នុងនាមព្រះយេហូវ៉ា។+ ៦ បន្ទាប់មក ពួកបុរសចាស់ទុំពីក្រុងដែលនៅជិតសាកសពនោះ ត្រូវលាងដៃ+លើគោញីដែលពួកគេបានបំបាក់កនៅក្នុងជ្រលង។ ៧ រួចពួកគេត្រូវប្រកាសថា៖ ‹ពួកខ្ញុំមិនបានសម្លាប់ជននេះទេ ហើយក៏មិនបានឃើញនរណាសម្លាប់គាត់ដែរ។ ៨ ឱព្រះយេហូវ៉ាអើយ! សូមកុំប្រកាន់ទោសប្រជាជាតិអ៊ីស្រាអែលជារាស្ត្រដែលលោកបានរំដោះនោះអី។+ សូមលោកកុំដាក់ទោសរាស្ត្រលោកដោយសារតែសាកសពជនរងគ្រោះនេះឡើយ›។+ យ៉ាងនេះ ពួកគេនឹងមិនមានទោសចំពោះរឿងឃាតកម្មនោះទេ។ ៩ ធ្វើដូច្នេះ អ្នករាល់គ្នានឹងដកចេញនូវទោសកំហុសដែលមកពីការសម្លាប់ជនដែលគ្មានទោស ដោយធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះយេហូវ៉ា។
១០ «ពេលណាអ្នករាល់គ្នាចេញទៅច្បាំងនឹងសត្រូវ ព្រះយេហូវ៉ានឹងជួយអ្នករាល់គ្នាឲ្យច្បាំងឈ្នះពួកគេ ហើយចាប់ពួកគេធ្វើជាឈ្លើយសឹក។+ ១១ ក្នុងចំណោមឈ្លើយសឹកនោះ បើអ្នកឃើញស្ត្រីម្នាក់មានរូបឆោមស្អាត ហើយចាប់ចិត្តស្រឡាញ់នាង និងចង់បាននាងមកធ្វើជាប្រពន្ធ ១២ នោះអ្នកអាចនាំនាងចូលក្នុងផ្ទះរបស់ខ្លួនបាន។ បន្ទាប់មក នាងត្រូវកោរសក់ ហើយកាត់ក្រចក ១៣ រួចផ្លាស់សម្លៀកបំពាក់ឈ្លើយសឹកចេញ។ ក្រោយនោះ ឲ្យនាងរស់នៅជាមួយនឹងអ្នកចុះ។ ក្រោយនាងយំកាន់ទុក្ខឪពុកម្ដាយខ្លួនអស់មួយខែហើយ+ អ្នកអាចរួមដំណេកជាមួយនឹងនាងបាន។ ដូច្នេះ អ្នកនឹងទៅជាប្ដីរបស់នាង ហើយនាងនឹងទៅជាប្រពន្ធរបស់អ្នក។ ១៤ ក្រោយមក បើអ្នកលែងពេញចិត្តនឹងនាង អ្នកត្រូវដោះលែងនាងឲ្យមានសេរីភាព។+ ប៉ុន្តែ មិនត្រូវលក់នាង ឬធ្វើបាបនាងទេ ព្រោះអ្នកបានយកនាងធ្វើជាប្រពន្ធហើយ។
១៥ «ក្នុងករណី បុរសម្នាក់មានប្រពន្ធពីរ ហើយគាត់ស្រឡាញ់ប្រពន្ធម្នាក់ខ្លាំងជាងម្នាក់ទៀត។ បើប្រពន្ធទាំងពីរបង្កើតបានកូនប្រុសដូចគ្នា តែប្រពន្ធដែលគាត់មិនសូវស្រឡាញ់បង្កើតបានកូនប្រុសច្បង+ ១៦ នោះនៅថ្ងៃចែកមត៌ក គាត់មិនត្រូវឲ្យកូនប្រុសរបស់ប្រពន្ធដែលគាត់ស្រឡាញ់ ទទួលសិទ្ធិជាកូនច្បងនោះទេ។ បើធ្វើដូច្នេះ គាត់បំពានសិទ្ធិកូនប្រុសច្បងរបស់ប្រពន្ធដែលគាត់មិនសូវស្រឡាញ់ហើយ។ ១៧ ផ្ទុយទៅវិញ គាត់ត្រូវទទួលស្គាល់ថាកូនប្រុសរបស់ប្រពន្ធដែលគាត់មិនសូវស្រឡាញ់ មានសិទ្ធិជាកូនច្បង ហើយត្រូវឲ្យចំណែកមត៌កមួយជាពីរដល់គាត់ ព្រោះកូននោះមានសិទ្ធិជាកូនច្បង ហើយជាផលដំបូងនៃកម្លាំងរបស់គាត់។+
១៨ «បើមានកូនប្រុសដែលរឹងរូស បះបោរប្រឆាំងមិនស្ដាប់បង្គាប់ឪពុកម្ដាយ+ ទោះជាឪពុកម្ដាយខំប្រឹងកែតម្រង់យ៉ាងណាក្ដី ក៏កូនប្រុសនោះនៅតែមិនស្ដាប់បង្គាប់ដដែល+ ១៩ នោះឪពុកម្ដាយត្រូវចាប់កូននោះ នាំយកទៅជួបពួកបុរសចាស់ទុំនៅត្រង់ខ្លោងទ្វារក្រុង ២០ ហើយប្រាប់ពួកគេថា៖ ‹កូនប្រុសខ្ញុំនេះ ជាមនុស្សរឹងរូស បះបោរប្រឆាំងមិនស្ដាប់បង្គាប់ពួកខ្ញុំទេ ថែមទាំងជាមនុស្សល្មោភស៊ី+ និងប្រមឹកស្រាទៀតផង›។+ ២១ ក្រោយមក បណ្ដាជនទាំងអស់នៅក្នុងក្រុងត្រូវគប់ដុំថ្មសម្លាប់គាត់ចោល។ អ្នករាល់គ្នាត្រូវបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។ យ៉ាងនេះ ជនជាតិអ៊ីស្រាអែលទាំងមូលនឹងឮអំពីរឿងនេះ ហើយខ្លាចមិនហ៊ានធ្វើដូច្នេះទៀត។+
២២ «ប្រសិនបើបុរសណាម្នាក់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរមានទោសដល់ស្លាប់+ ហើយបើអ្នករាល់គ្នាប្រហារជីវិតគាត់ រួចព្យួរនៅលើបង្គោលឈើ+ ២៣ នោះមិនត្រូវទុកសពគាត់នៅលើបង្គោលឈើពេញមួយយប់ទេ+ តែត្រូវបញ្ចុះសពគាត់នៅថ្ងៃនោះតែម្ដង ព្រោះអ្នកដែលត្រូវគេព្យួរជាអ្នកដែលត្រូវបណ្ដាសាពីព្រះ។+ អ្នករាល់គ្នាមិនត្រូវធ្វើឲ្យទឹកដីដែលព្រះយេហូវ៉ាប្រគល់ឲ្យអ្នករាល់គ្នា ទៅជាមិនស្អាតបរិសុទ្ធឡើយ។+
២២ «បើអ្នករាល់គ្នាឃើញគោឬចៀមរបស់ជនរួមជាតិខ្លួនវង្វេង អ្នករាល់គ្នាមិនត្រូវធ្វើពុតជាមិនឃើញឡើយ+ តែត្រូវនាំវាទៅឲ្យម្ចាស់វាវិញកុំខាន។ ២ បើអ្នករាល់គ្នាមិនស្គាល់ម្ចាស់វាឬម្ចាស់នោះរស់នៅឆ្ងាយ នោះអ្នករាល់គ្នាត្រូវយកវាទៅទុកនៅផ្ទះ រហូតដល់ម្ចាស់មករក ហើយត្រូវប្រគល់វាឲ្យម្ចាស់វិញ។+ ៣ អ្នករាល់គ្នាត្រូវធ្វើដូច្នេះ ពេលប្រទះឃើញសត្វលា ឬរើសបានសម្លៀកបំពាក់និងអ្វីណាក៏ដោយដែលជនរួមជាតិខ្លួនបានបាត់។ អ្នករាល់គ្នាមិនត្រូវធ្វើពុតជាមិនឃើញនោះឡើយ។
៤ «បើអ្នករាល់គ្នាឃើញលាឬគោរបស់ជនរួមជាតិខ្លួនដួលនៅតាមផ្លូវ នោះអ្នករាល់គ្នាមិនត្រូវធ្វើព្រងើយកន្តើយទេ តែត្រូវជួយលើកវាឡើងកុំខាន។+
៥ «ស្ត្រីមិនត្រូវស្លៀកសម្លៀកបំពាក់របស់បុរសឡើយ ហើយបុរសក៏មិនត្រូវស្លៀកសម្លៀកបំពាក់របស់ស្ត្រីដែរ ព្រោះនេះជាអ្វីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាស្អប់ខ្ពើមណាស់។
៦ «នៅតាមផ្លូវ បើអ្នករាល់គ្នាប្រទះឃើញសម្បុកសត្វដែលមានមេកំពុងក្រាបពងឬក្រុងកូន ទោះជានៅលើដើមឈើឬលើដីក្ដី នោះអ្នករាល់គ្នាមិនត្រូវយកទាំងមេទាំងកូនឡើយ។+ ៧ អ្នករាល់គ្នាត្រូវលែងមេវាសិន សឹមយកកូនជាក្រោយ។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានសេចក្ដីសុខ ហើយរស់នៅជាយូរអង្វែង។
៨ «ពេលអ្នករាល់គ្នាសង់ផ្ទះ ត្រូវធ្វើបង្កាន់ដៃនៅលើដំបូល។+ ពុំនោះទេ បើមានអ្នកណាម្នាក់ធ្លាក់ស្លាប់ នោះក្រុមគ្រួសាររបស់អ្នករាល់គ្នាមុខជាមានទោសជាមិនខាន។
៩ «អ្នករាល់គ្នាមិនត្រូវសាបព្រោះគ្រាប់ពូជផ្សេងទៀត+ក្នុងចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នាទេ ព្រោះបើធ្វើដូច្នោះ អ្នករាល់គ្នាត្រូវយកភោគផលទាំងអស់ពីគ្រាប់ពូជនោះ និងពីចម្ការទំពាំងបាយជូរទៅជូននៅកន្លែងបរិសុទ្ធ។
១០ «អ្នករាល់គ្នាមិនត្រូវទឹមគោជាមួយនឹងលា ឲ្យភ្ជួររាស់ឡើយ។+
១១ «អ្នករាល់គ្នាមិនត្រូវពាក់សម្លៀកបំពាក់ដែលធ្វើពីអំបោះពីរោមចៀម លាយនឹងអំបោះសាច់ល្អឡើយ។+
១២ «អ្នករាល់គ្នាត្រូវដេររំយោលភ្ជាប់នឹងជាយទាំងបួននៃសម្លៀកបំពាក់របស់អ្នករាល់គ្នា។+
១៣ «បើបុរសណាម្នាក់យកប្រពន្ធ ហើយរួមដំណេកជាមួយនឹងនាង តែក្រោយមកបែរជាស្អប់នាង* ១៤ ហើយចោទប្រកាន់ថានាងបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើម ថែមទាំងបង្ខូចកេរ្តិ៍ឈ្មោះនាងដោយនិយាយថា៖ ‹ខ្ញុំយកស្ត្រីនេះធ្វើជាប្រពន្ធ តែពេលខ្ញុំរួមដំណេកជាមួយនឹងនាង ខ្ញុំឃើញថានាងមិនមែនក្រមុំបរិសុទ្ធទេ›។ ១៥ ពេលនោះ ឪពុកម្ដាយរបស់នាង ត្រូវបង្ហាញភ័ស្តុតាងដល់ពួកបុរសចាស់ទុំនៅត្រង់ខ្លោងទ្វារក្រុង ដែលបញ្ជាក់ថាកូនស្រីខ្លួនជាស្រីក្រមុំបរិសុទ្ធពិតប្រាកដមែន។ ១៦ ឪពុកនាងត្រូវប្រាប់ពួកបុរសចាស់ទុំថា៖ ‹ខ្ញុំបានលើកកូនស្រីខ្ញុំឲ្យបុរសនេះធ្វើជាប្រពន្ធ តែក្រោយមកគាត់បានស្អប់នាង* ១៧ ថែមទាំងចោទប្រកាន់ថានាងបានប្រព្រឹត្តខុសឆ្គងដោយនិយាយថា៖ «កូនស្រីអ្នកមិនមែនក្រមុំបរិសុទ្ធទេ»។ ប៉ុន្តែ សូមមើលចុះ! នេះជាភ័ស្តុតាងដែលបញ្ជាក់ថាកូនស្រីខ្ញុំជាស្រីក្រមុំបរិសុទ្ធពិតប្រាកដមែន›។ បន្ទាប់មក ឪពុកម្ដាយត្រូវយកក្រណាត់របស់កូនស្រីខ្លួន ទៅបង្ហាញពួកបុរសចាស់ទុំដែលនៅត្រង់ខ្លោងទ្វារក្រុងនោះ។ ១៨ រួចមក ពួកបុរសចាស់ទុំក្នុងក្រុង+ត្រូវយកបុរសនោះទៅដាក់ទោស។+ ១៩ ពួកគេត្រូវពិន័យបុរសនោះជាប្រាក់១០០ហ្សេគិល* ហើយប្រគល់ឲ្យឪពុករបស់ស្ត្រីនោះ ព្រោះបុរសនោះបានបង្ខូចកេរ្ដិ៍ឈ្មោះស្រីក្រមុំបរិសុទ្ធនៃជនជាតិអ៊ីស្រាអែល។+ បុរសនោះមិនអាចលែងនាងបានឡើយ ហើយនាងនឹងនៅធ្វើជាប្រពន្ធរបស់គាត់អស់មួយជីវិត។
២០ «ប៉ុន្តែ បើឃើញថាការចោទប្រកាន់នោះពិតមែន ហើយគ្មានភ័ស្តុតាងដែលបញ្ជាក់ថានាងជាស្រីក្រមុំបរិសុទ្ធទេ ២១ នោះគេត្រូវនាំនាងទៅឯមុខទ្វារផ្ទះរបស់ឪពុកនាង ហើយបណ្ដាជនក្នុងក្រុងត្រូវគប់ដុំថ្មសម្លាប់នាងចោល ព្រោះនាងបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើម+ ដោយប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*កាលដែលនៅក្នុងផ្ទះរបស់ឪពុកខ្លួន។+ ដូច្នេះ អ្នករាល់គ្នាត្រូវដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។+
២២ «បើគេឃើញបុរសម្នាក់កំពុងរួមដំណេកជាមួយនឹងប្រពន្ធអ្នកឯទៀត នោះត្រូវសម្លាប់ពួកគេទាំងពីរនាក់ចោលកុំខាន។+ យ៉ាងនេះ អ្នករាល់គ្នាត្រូវដកអំពើអាក្រក់ចេញពីចំណោមប្រជាជាតិអ៊ីស្រាអែល។
២៣ «បើស្រីក្រមុំបរិសុទ្ធម្នាក់មានគូដណ្ដឹងហើយ តែបុរសផ្សេងទៀតបានជួបនាងនៅក្នុងក្រុង ហើយរួមដំណេកជាមួយនឹងនាង ២៤ នោះត្រូវនាំពួកគេទាំងពីរនាក់ទៅឯខ្លោងទ្វារក្រុង រួចគប់ដុំថ្មសម្លាប់ពួកគេចោលទៅ ព្រោះស្ត្រីនោះមិនបានស្រែកឲ្យគេជួយទេ ហើយដោយសារបុរសនោះបានធ្វើឲ្យប្រពន្ធរបស់ជនរួមជាតិខ្លួនអាប់ឱនកិត្តិយស។+ អ្នករាល់គ្នាត្រូវដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
២៥ «ប៉ុន្តែ ក្នុងករណីបុរសម្នាក់ឃើញនារីម្នាក់នៅឯវាល ហើយនាងមានគូដណ្ដឹងរួចហើយ បើបុរសនោះចាប់រំលោភនាង បុរសនោះនឹងត្រូវស្លាប់ជាមិនខាន។ ២៦ ឯនាងវិញ អ្នករាល់គ្នាមិនត្រូវដាក់ទោសនាងឡើយ ព្រោះនាងមិនបានប្រព្រឹត្តអំពើខុសឆ្គងដែលសមនឹងស្លាប់ទេ។ ករណីរបស់នាងក៏ដូចជាករណីឃាតករចាប់សម្លាប់អ្នកណាម្នាក់ដែរ។+ ២៧ ព្រោះបុរសនោះបានចាប់រំលោភនាងនៅឯវាល ហើយនាងបានស្រែកឲ្យគេជួយ តែគ្មាននរណាជួយនាងទេ។
២៨ «បើបុរសម្នាក់បានចាប់បង្ខំស្រីក្រមុំបរិសុទ្ធម្នាក់ដែលមិនទាន់មានគូដណ្ដឹង ហើយរួមដំណេកជាមួយនាង រួចក្រោយមកមានគេដឹង+ ២៩ បុរសនោះត្រូវបង់ប្រាក់៥០ហ្សេគិលដល់ឪពុកនាង ព្រោះគាត់បានធ្វើឲ្យនាងអាប់ឱនកិត្តិយសហើយ។ នាងនឹងទៅជាប្រពន្ធគាត់អស់មួយជីវិត+ ហើយគាត់មិនអាចលែងនាងបានឡើយ។
៣០ «មិនត្រូវឲ្យអ្នកណាម្នាក់យកប្រពន្ធរបស់ឪពុកខ្លួនឡើយ។ បើធ្វើដូច្នេះ នោះនឹងនាំឲ្យឪពុកខ្លួនអាប់ឱនកិត្តិយស។+
២៣ «មិនត្រូវឲ្យបុរសណាដែលត្រូវគេដំពងឬកាត់ប្រដាប់បន្តពូជ ចូលក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាឡើយ។+
២ «មិនត្រូវឲ្យកូនប្រុសដែលឥតខាន់ស្លាចូលក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាឡើយ។+ សូម្បីតែកូនចៅគាត់ដល់ទៅ១០ជំនាន់ក្រោយមក ក៏មិនអាចចូលក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាបានដែរ។
៣ «មិនត្រូវឲ្យជនជាតិអាំម៉ូនឬជនជាតិម៉ូអាប់ ចូលក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាឡើយ។+ សូម្បីតែកូនចៅពួកគេដល់ទៅ១០ជំនាន់ក្រោយមក ក៏មិនអាចចូលក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាបានដែរ។ ៤ ព្រោះកាលដែលអ្នករាល់គ្នាធ្វើដំណើរពីស្រុកអេហ្ស៊ីប ពួកគេមិនបានយកស្បៀងអាហារនិងទឹកមកទទួលអ្នករាល់គ្នាទេ។+ ពួកគេថែមទាំងជួលបាឡាមជាកូនបេអ័រ មកពីពេថោរក្នុងតំបន់មេសូប៉ូតាមា ឲ្យមកដាក់បណ្ដាសាអ្នករាល់គ្នាទៀតផង។+ ៥ ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាមិនបានស្ដាប់បាឡាមទេ។+ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានធ្វើឲ្យបណ្ដាសារបស់គាត់ទៅជាពរដល់អ្នករាល់គ្នាវិញ+ ព្រោះព្រះយេហូវ៉ាស្រឡាញ់អ្នករាល់គ្នា។+ ៦ អ្នករាល់គ្នាមិនត្រូវជួយពួកគេឲ្យមានសេចក្ដីសុខសាន្តឬភាពចម្រុងចម្រើនទេ។+
៧ «អ្នករាល់គ្នាមិនត្រូវស្អប់ជនជាតិអេដំទេ ព្រោះពួកគេជាបងប្អូនរបស់អ្នករាល់គ្នា។+
«អ្នករាល់គ្នាក៏មិនត្រូវស្អប់ជនជាតិអេហ្ស៊ីបដែរ ព្រោះអ្នករាល់គ្នាធ្លាប់ធ្វើជាជនបរទេសនៅស្រុករបស់ពួកគេ។+ ៨ កូនចៅជំនាន់ទី៣របស់ជនជាតិទាំងនេះ អាចចូលក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាបាន។
៩ «ពេលណាអ្នករាល់គ្នាទៅបោះជំរំឡោមព័ទ្ធសត្រូវ ចូរប្រយ័ត្នមិនត្រូវធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធឡើយ។+ ១០ បើបុរសណាម្នាក់ចេញទឹកកាមនៅពេលយប់+ នោះគាត់ទៅជាមិនស្អាតបរិសុទ្ធហើយ។ ដូច្នេះ គាត់ត្រូវចេញទៅក្រៅជំរំ ហើយមិនត្រូវចូលមកវិញទេ។ ១១ លុះដល់ល្ងាច គាត់ត្រូវងូតទឹកសម្អាតខ្លួន ហើយក្រោយថ្ងៃលិចគាត់អាចចូលជំរំវិញបាន។+ ១២ អ្នករាល់គ្នាត្រូវរៀបចំឲ្យមានកន្លែងមួយសម្រាប់បន្ទោបង់នៅក្រៅជំរំ។ ពេលបន្ទោបង់ អ្នករាល់គ្នាត្រូវចេញទៅកន្លែងនោះ ១៣ ដោយកាន់ចបជីកទៅជាមួយដែរ។ អ្នករាល់គ្នាត្រូវជីកដីដើម្បីបន្ទោបង់ ហើយក្រោយពីបន្ទោបង់រួច ត្រូវលុបដីវិញ។ ១៤ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាកំពុងឆ្លងកាត់ជំរំរបស់អ្នករាល់គ្នា+ដើម្បីសង្គ្រោះអ្នករាល់គ្នា ហើយដើម្បីប្រគល់ពួកសត្រូវមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នា។ ហេតុនេះ ជំរំរបស់អ្នករាល់គ្នាត្រូវតែស្អាតបរិសុទ្ធជានិច្ច។+ បើលោកឃើញអ្វីស្មោកគ្រោកនៅក្នុងចំណោមអ្នករាល់គ្នា នោះលោកនឹងមិននៅជាមួយនឹងអ្នករាល់គ្នាទៀតទេ។
១៥ «បើមានខ្ញុំបម្រើណារត់ពីចៅហ្វាយខ្លួន មកឯអ្នករាល់គ្នា នោះមិនត្រូវប្រគល់ខ្ញុំបម្រើនោះទៅឲ្យចៅហ្វាយគាត់វិញឡើយ។ ១៦ ខ្ញុំបម្រើនោះអាចសម្រេចចិត្តទៅរស់នៅក្រុងណាមួយក៏បានក្នុងស្រុករបស់អ្នករាល់គ្នា។ អ្នករាល់គ្នាមិនត្រូវធ្វើបាបគាត់ជាដាច់ខាត។+
១៧ «មិនត្រូវឲ្យមានស្ត្រីជនជាតិអ៊ីស្រាអែលណាម្នាក់ ធ្វើជាស្ត្រីពេស្យានៅវិហារឡើយ+ ហើយក៏មិនត្រូវឲ្យមានបុរសជនជាតិអ៊ីស្រាអែលណាម្នាក់រកស៊ីបម្រើផ្លូវភេទនៅក្នុងវិហារដែរ។+ ១៨ អ្នករាល់គ្នាមិនត្រូវយកប្រាក់នៃអំពើពេស្យាចាររបស់បុរសឬស្ត្រីនោះ មកជូននៅឯវិហាររបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាដើម្បីលាសម្បថទេ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាស្អប់ខ្ពើមអំពើទាំងនោះណាស់។
១៩ «អ្នករាល់គ្នាមិនត្រូវយកការពីជនរួមជាតិខ្លួនទេ+ ទោះជាប្រាក់ ស្បៀងអាហារ ឬអ្វីណាក៏ដោយដែលអាចយកការបាន។ ២០ អ្នករាល់គ្នាអាចយកការពីជនបរទេសបាន+ តែមិនត្រូវយកការពីជនរួមជាតិខ្លួនឡើយ។+ យ៉ាងនេះ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងឲ្យពរដល់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់នៅក្នុងស្រុកដែលអ្នករាល់គ្នាទទួលជាមត៌ក។+
២១ «បើអ្នករាល់គ្នាធ្វើសម្បថណាមួយនៅចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ នោះត្រូវធ្វើតាមសម្បថនោះដោយមិនបង្អែបង្អង់ឡើយ+ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាតម្រូវឲ្យអ្នករាល់គ្នាធ្វើតាមសម្បថជាប្រាកដ។ បើមិនដូច្នោះទេ អ្នករាល់គ្នាមុខជាមានទោសមិនខាន។+ ២២ ប៉ុន្តែ បើអ្នករាល់គ្នាមិនបានស្បថទេ នោះអ្នករាល់គ្នានឹងមិនមានទោសឡើយ។+ ២៣ ពាក្យសម្បថរបស់អ្នករាល់គ្នាប្រៀបដូចជាគ្រឿងបូជាស្ម័គ្រពីចិត្ត។+ អ្នករាល់គ្នាត្រូវធ្វើតាមគ្រប់ពាក្យសម្បថដែលចេញពីមាត់អ្នករាល់គ្នា+ជូនព្រះយេហូវ៉ា។
២៤ «បើអ្នករាល់គ្នាចូលក្នុងចម្ការទំពាំងបាយជូររបស់អ្នកជិតខាងខ្លួន នោះអ្នករាល់គ្នាអាចបេះបរិភោគបានតាមចិត្ត តែមិនត្រូវបេះដាក់ក្នុងថង់យាមយកទៅឡើយ។+
២៥ «បើអ្នករាល់គ្នាចូលក្នុងវាលស្រែរបស់អ្នកជិតខាងខ្លួន នោះអ្នករាល់គ្នាអាចយកដៃបូតកួរស្រូវទុំបាន តែមិនត្រូវយកកណ្ដៀវទៅច្រូតឡើយ។+
២៤ «បើបុរសណាយកស្ត្រីម្នាក់ធ្វើជាប្រពន្ធ តែក្រោយមកគាត់លែងពេញចិត្តនឹងនាង ព្រោះគាត់បានឃើញថានាងបានប្រព្រឹត្តមិនគប្បី នោះគាត់ត្រូវធ្វើលិខិតលែងលះ+ប្រគល់ឲ្យនាង រួចឲ្យនាងចេញពីផ្ទះគាត់ទៅ។+ ២ ក្រោយពីនាងចេញទៅ នាងអាចរៀបការជាមួយនឹងបុរសម្នាក់ទៀតបាន។+ ៣ បើប្ដីទី២បែរជាស្អប់នាង ហើយធ្វើលិខិតលែងលះប្រគល់ឲ្យនាង រួចឲ្យនាងចេញពីផ្ទះគាត់ ឬបើប្ដីទី២ស្លាប់ ៤ នោះប្ដីទី១មិនអាចយកនាងធ្វើជាប្រពន្ធវិញបានទេ ព្រោះនាងទៅជាមិនស្អាតបរិសុទ្ធចំពោះគាត់ហើយ។ នេះជាអ្វីដែលព្រះយេហូវ៉ាស្អប់ខ្ពើមណាស់។ អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តអំពើខុសឆ្គងជាដាច់ខាត ក្នុងទឹកដីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យជាមត៌ក។
៥ «បើបុរសណាម្នាក់ទើបតែរៀបការ គាត់មិនត្រូវចូលធ្វើទាហាន ឬមានភារកិច្ចណាឡើយ។ គាត់ត្រូវទទួលការអនុគ្រោះឲ្យនៅផ្ទះក្នុងរយៈពេលមួយឆ្នាំ ដើម្បីឲ្យប្រពន្ធគាត់មានអំណរ។+
៦ «មិនត្រូវទាមទារយកថ្មត្បាល់កិនទុកជារបស់បញ្ចាំទេ+ សូម្បីតែផ្នែកខាងលើនៃថ្មត្បាល់កិន ក៏មិនត្រូវទទួលយកដែរ ព្រោះបើធ្វើដូច្នេះ ម្ចាស់ត្បាល់នឹងបាត់បង់មធ្យោបាយចិញ្ចឹមជីវិតហើយ។*
៧ «បើជនជាតិអ៊ីស្រាអែលណាម្នាក់ចាប់ជនរួមជាតិខ្លួន យកមកធ្វើបាប រួចយកគាត់ទៅលក់+ អ្នកដែលចាប់គេនោះនឹងត្រូវស្លាប់ជាមិនខាន។+ អ្នករាល់គ្នាត្រូវដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។+
៨ «ពេលមានរោគឃ្លង់*កើតឡើង អ្នករាល់គ្នាត្រូវធ្វើតាមការណែនាំទាំងអស់របស់ពួកលេវីដែលជាសង្ឃឲ្យបានដិតដល់+ គឺតាមបង្គាប់ទាំងប៉ុន្មានដែលខ្ញុំបានប្រាប់ពួកគេ។ ៩ ចូរចាំអំពីអ្វីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានធ្វើដល់មីរៀមនៅតាមផ្លូវ កាលដែលអ្នករាល់គ្នាចាកចេញពីស្រុកអេហ្ស៊ីប។+
១០ «បើអ្នករាល់គ្នាឲ្យអ្នកជិតខាងខ្ចីអ្វីមួយ+ នោះអ្នករាល់គ្នាមិនត្រូវចូលទៅក្នុងផ្ទះគាត់ដើម្បីទាមទារយករបស់បញ្ចាំឡើយ។ ១១ ប៉ុន្តែ អ្នករាល់គ្នាត្រូវឈរនៅខាងក្រៅផ្ទះ ចាំឲ្យគាត់យករបស់បញ្ចាំមកប្រគល់ឲ្យដោយខ្លួនឯង។ ១២ បើអ្នកខ្ចីជាជនក្រីក្រ អ្នករាល់គ្នាមិនត្រូវចូលសម្រាន្ត ដោយទុករបស់បញ្ចាំជាប់នឹងខ្លួនឡើយ។+ ១៣ អ្នករាល់គ្នាត្រូវប្រគល់សម្លៀកបំពាក់ដែលជារបស់បញ្ចាំឲ្យគាត់វិញនៅពេលថ្ងៃលិច ដើម្បីគាត់អាចមានអ្វីដណ្ដប់ខ្លួន។+ យ៉ាងនេះ គាត់នឹងសុំព្រះឲ្យពរដល់អ្នក ហើយព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងចាត់ទុកការប្រព្រឹត្តនេះជាអំពើសុចរិត។
១៤ «អ្នករាល់គ្នាមិនត្រូវកេងប្រវ័ញ្ចកម្មករដែលជាជនទុគ៌តឡើយ ទោះជាជនរួមជាតិខ្លួនឬជាជនបរទេសដែលរស់នៅបណ្ដាក្រុងក្នុងទឹកដីរបស់អ្នករាល់គ្នាក្ដី។+ ១៥ អ្នករាល់គ្នាត្រូវបើកប្រាក់ឈ្នួលប្រចាំថ្ងៃឲ្យគាត់មុនថ្ងៃលិច+ ព្រោះគាត់ជាជនក្រីក្រ ហើយគាត់ត្រូវការប្រាក់ឈ្នួលនោះដើម្បីរស់។ បើមិនដូច្នោះទេ ពេលគាត់ស្រែកសុំឲ្យព្រះយេហូវ៉ាជួយ នោះអ្នករាល់គ្នានឹងទទួលទោសមិនខាន។+
១៦ «មិនត្រូវសម្លាប់ឪពុកដោយសារតែទោសរបស់កូនទេ ហើយក៏មិនត្រូវសម្លាប់កូនដោយសារតែទោសរបស់ឪពុកដែរ។+ បុគ្គលម្នាក់ៗត្រូវស្លាប់ដោយសារតែទោសរបស់ខ្លួនប៉ុណ្ណោះ។+
១៧ «អ្នករាល់គ្នាមិនត្រូវបំពានសិទ្ធិជនបរទេស ឬកូនកំព្រាឡើយ+ ហើយក៏មិនត្រូវយកសម្លៀកបំពាក់របស់ស្ត្រីមេម៉ាយធ្វើជារបស់បញ្ចាំដែរ។+ ១៨ ចូរចាំថាអ្នករាល់គ្នាក៏ធ្លាប់ធ្វើជាខ្ញុំបម្រើនៅស្រុកអេហ្ស៊ីបដែរ ហើយព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានរំដោះអ្នករាល់គ្នាពីទីនោះ។+ ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នករាល់គ្នាឲ្យប្រព្រឹត្តដូច្នេះ។
១៩ «ក្រោយពីច្រូតស្រូវនៅស្រែរបស់អ្នករាល់គ្នា បើអ្នករាល់គ្នាភ្លេចស្រូវមួយកណ្ដាប់ នោះមិនត្រូវត្រឡប់ទៅយកទេ។ ចូរទុកឲ្យជនបរទេស កូនកំព្រា និងស្ត្រីមេម៉ាយចុះ។+ យ៉ាងនេះ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងឲ្យពរក្នុងគ្រប់កិច្ចការរបស់អ្នករាល់គ្នា។+
២០ «ពេលអ្នករាល់គ្នាវាយដើមអូលីវដើម្បីប្រមូលផល អ្នករាល់គ្នាមិនត្រូវត្រឡប់ទៅប្រមូលផលម្ដងទៀតឡើយ។ ចូរទុកផលដែលនៅសល់ឲ្យជនបរទេស កូនកំព្រា និងស្ត្រីមេម៉ាយចុះ។+
២១ «ពេលអ្នករាល់គ្នាប្រមូលផលពីចម្ការទំពាំងបាយជូរហើយ អ្នករាល់គ្នាមិនត្រូវត្រឡប់ទៅប្រមូលផលម្ដងទៀតទេ។ ចូរទុកផលដែលនៅសល់ឲ្យជនបរទេស កូនកំព្រា និងស្ត្រីមេម៉ាយបរិភោគផង។ ២២ ចូរចាំថាអ្នករាល់គ្នាក៏ធ្លាប់ធ្វើជាខ្ញុំបម្រើនៅស្រុកអេហ្ស៊ីបដែរ។ ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នករាល់គ្នាឲ្យប្រព្រឹត្តដូច្នេះ។
២៥ «ពេលមានជម្លោះរវាងបុគ្គលពីរនាក់ ពួកគេអាចទៅជួបពួកអ្នកសម្រេចក្ដី+ ហើយពួកគាត់នឹងកាត់ក្ដីឲ្យមនុស្សអាក្រក់ទទួលទោស និងមនុស្សសុចរិតរួចពីទោសវិញ។+ ២ បើមនុស្សអាក្រក់សមនឹងត្រូវរំពាត់+ នោះអ្នកសម្រេចក្ដីនឹងបង្គាប់អ្នកនោះឲ្យក្រាបនៅដី ហើយឲ្យគេវាយអ្នកនោះនៅមុខគាត់ ស្របតាមអំពើអាក្រក់ដែលអ្នកនោះបានធ្វើ។ ៣ ប៉ុន្តែ មិនត្រូវវាយអ្នកនោះលើសពី៤០រំពាត់ឡើយ។+ បើវាយលើសពីនោះ អ្នកនោះដែលជាជនរួមជាតិរបស់អ្នករាល់គ្នា នឹងអាប់ឱនកិត្តិយសនៅមុខអ្នករាល់គ្នាមិនខាន។
៤ «អ្នករាល់គ្នាមិនត្រូវឃ្លុំមាត់គោឈ្មោលពេលដែលបញ្ជាន់ស្រូវឡើយ។+
៥ «បើបងប្អូនប្រុសរស់នៅជាមួយគ្នា ហើយបងឬប្អូនស្លាប់ដោយមិនទាន់មានកូនប្រុសទេ នោះប្រពន្ធគាត់មិនត្រូវរៀបការជាមួយនឹងអ្នកក្រៅឡើយ។ ប៉ុន្តែ បងឬប្អូនថ្លៃនាងត្រូវបំពេញភារកិច្ចខ្លួន ដោយយកនាងធ្វើជាប្រពន្ធ។+ ៦ កូនច្បងដែលនាងបង្កើតមកនឹងរាប់តាមឈ្មោះរបស់បងឬប្អូនប្រុសដែលបានស្លាប់នោះ+ ដើម្បីកុំឲ្យឈ្មោះគាត់បាត់ពីប្រជាជាតិអ៊ីស្រាអែលឡើយ។+
៧ «បើប្អូន*នោះមិនព្រមរៀបការជាមួយនឹងស្រីមេម៉ាយជាសាច់ថ្លៃខ្លួនទេ នោះនាងត្រូវទៅជួបពួកបុរសចាស់ទុំនៅខ្លោងទ្វារក្រុង ហើយប្រាប់ថា៖ ‹ប្អូន*ថ្លៃខ្ញុំមិនព្រមបំពេញភារកិច្ចខ្លួនដោយយកខ្ញុំធ្វើជាប្រពន្ធ ដើម្បីរក្សាឈ្មោះរបស់បង*ប្រុសគាត់ក្នុងចំណោមប្រជាជាតិអ៊ីស្រាអែលនោះទេ›។ ៨ ខណៈនោះ ពួកបុរសចាស់ទុំនៅក្នុងក្រុងត្រូវហៅគាត់មកនិយាយជាមួយ។ បើគាត់នៅតែបដិសេធថា៖ ‹ខ្ញុំមិនចង់រៀបការជាមួយនឹងនាងទេ› ៩ នោះនៅចំពោះមុខពួកបុរសចាស់ទុំ នាងត្រូវចូលមកជិតបងឬប្អូនថ្លៃ ហើយដោះស្បែកជើងគាត់+ រួចស្ដោះទឹកមាត់ដាក់មុខគាត់ ហើយនាងនិយាយថា៖ ‹អ្នកដែលមិនព្រមបន្តពូជឲ្យបង*ប្រុសខ្លួន ត្រូវអាម៉ាស់មុខដូច្នេះហើយ›។ ១០ ក្រោយមក ក្នុងស្រុកអ៊ីស្រាអែលទាំងមូល គេនឹងហៅក្រុមគ្រួសារគាត់ថា៖ ‹ពូជដែលត្រូវគេដោះស្បែកជើង›។
១១ «ប្រសិនបើបុរសពីរនាក់កំពុងប្រតាយប្រតប់គ្នា ហើយប្រពន្ធរបស់បុរសម្នាក់ចូលទៅជួយការពារប្ដី រួចលូកដៃទៅចាប់ប្រដាប់បន្តពូជរបស់បុរសម្នាក់ទៀត ១២ អ្នករាល់គ្នាត្រូវកាត់ដៃរបស់ស្ត្រីនោះចោល កុំអាណិតអាសូរនាងឡើយ។
១៣ «ក្នុងថង់យាមរបស់អ្នករាល់គ្នា មិនត្រូវមានកូនជញ្ជីងពីរខុសគ្នា+ មួយធ្ងន់មួយស្រាលឡើយ។ ១៤ ក្នុងផ្ទះរបស់អ្នករាល់គ្នា មិនត្រូវមានរង្វាល់ពីរខុសគ្នា+ មួយធំមួយតូចឡើយ។ ១៥ អ្នករាល់គ្នាត្រូវមានកូនជញ្ជីងនិងរង្វាល់ត្រឹមត្រូវ ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅបានយូរអង្វែងក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យ។+ ១៦ ព្រោះអស់អ្នកដែលប្រព្រឹត្តមិនស្មោះត្រង់ គឺជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាណាស់។+
១៧ «ចូរកុំភ្លេចនូវអ្វីដែលពួកអាម៉ាលេកបានធ្វើដល់អ្នករាល់គ្នានៅតាមផ្លូវចេញពីស្រុកអេហ្ស៊ីប។+ ១៨ ពួកអាម៉ាលេកបានលបចាំនៅតាមផ្លូវ ហើយវាយប្រហារអស់អ្នកដែលដើរយឺតៗនៅតាមក្រោយ ព្រោះឃើញពួកគេខ្សោយនិងអស់កម្លាំង។ ពួកអាម៉ាលេកមិនបានកោតខ្លាចព្រះទេ។ ១៩ ដូច្នេះ ពេលអ្នករាល់គ្នារស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យជាមត៌ក+ ហើយពេលព្រះយេហូវ៉ាជួយអ្នករាល់គ្នាឲ្យមានសេចក្ដីសាន្តត្រាណពីសត្រូវដែលនៅជុំវិញហើយ នោះអ្នករាល់គ្នាត្រូវបំផ្លាញពួកអាម៉ាលេកឲ្យសាបសូន្យពីក្រោមមេឃ+ ដើម្បីកុំឲ្យនរណានឹកចាំអំពីពួកគេទៀតឡើយ។ ចូរកុំភ្លេចឲ្យសោះ!
២៦ «កាលណាអ្នករាល់គ្នាចូលទៅចាប់យកទឹកដីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យជាមត៌ក ហើយរស់នៅក្នុងទឹកដីនោះ ២ អ្នករាល់គ្នាត្រូវយកផលដំបូងខ្លះពីភោគផលទាំងអស់ ដែលអ្នករាល់គ្នាប្រមូលបានពីទឹកដីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យ រួចដាក់ក្នុងកញ្ជើ ហើយធ្វើដំណើរទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសសម្រាប់តាំងនាមលោក។+ ៣ អ្នករាល់គ្នាត្រូវទៅជួបសង្ឃដែលបំពេញភារកិច្ចនៅគ្រានោះ ហើយប្រាប់គាត់ថា៖ ‹នៅថ្ងៃនេះ ខ្ញុំសូមប្រកាសនៅចំពោះមុខព្រះយេហូវ៉ាជាព្រះរបស់អ្នកថា ខ្ញុំបានចូលមករស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានសន្យាជាមួយនឹងបុព្វបុរសយើងហើយ›។+
៤ «បន្ទាប់មក សង្ឃនឹងទទួលកញ្ជើពីដៃរបស់អ្នករាល់គ្នា ហើយយកទៅដាក់នៅមុខទីបូជារបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ ៥ រួចអ្នករាល់គ្នាត្រូវប្រកាសនៅចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាថា៖ ‹បុព្វបុរសរបស់ខ្ញុំជាជនជាតិអេរ៉ាម+ និងជាអ្នកដើរសាត់ព្រាត់។* គាត់បានទៅរស់នៅក្នុងស្រុកអេហ្ស៊ីប+ជាជនបរទេស ដោយមានគ្នាមួយចំនួនតូចទៅជាមួយ។+ ប៉ុន្តែ នៅទីនោះ ក្រុមគ្រួសារគាត់បានក្លាយទៅជាប្រជាជាតិដ៏ធំនិងខ្លាំងក្លា។+ ៦ ពួកអេហ្ស៊ីបបានធ្វើបាបនិងសង្កត់សង្កិនយើងខ្ញុំ ថែមទាំងប្រើយើងខ្ញុំឲ្យធ្វើការជាខ្ញុំបម្រើទៀតផង។+ ៧ ដូច្នេះ យើងខ្ញុំបានស្រែកសុំជំនួយពីព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់យើង។ ព្រះយេហូវ៉ាបានឮសម្រែករបស់យើងខ្ញុំ ហើយក៏បានឃើញទុក្ខវេទនា ការជិះជាន់ និងការពិបាករបស់យើងខ្ញុំដែរ។+ ៨ ដូច្នេះ ព្រះយេហូវ៉ាបាននាំយើងខ្ញុំចេញពីស្រុកអេហ្ស៊ីប ដោយឫទ្ធានុភាពដ៏ខ្លាំងក្លា+ ដោយការអស្ចារ្យ ដោយសញ្ញាសម្គាល់ និងដោយការដ៏គួរឲ្យស្ញែងខ្លាច។+ ៩ រួចមក លោកបាននាំយើងខ្ញុំមកស្រុកនេះ ហើយប្រគល់ស្រុកនេះមកឲ្យយើងខ្ញុំ ជាស្រុកដែលមានទឹកដោះនិងទឹកឃ្មុំសម្បូរហូរហៀរ។+ ១០ ហេតុនេះ ខ្ញុំនាំយកផលដំបូងពីទឹកដីដែលព្រះយេហូវ៉ាបានប្រគល់ឲ្យ មកជូនលោក›។+
«អ្នករាល់គ្នាត្រូវដាក់ផលដំបូងនោះនៅចំពោះមុខព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ហើយក្រាបគោរពនៅចំពោះមុខព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ ១១ បន្ទាប់មក ចូរអរសប្បាយជាមួយនឹងពួកអ្នកផ្ទះ ពួកលេវី និងជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាចុះ។ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានឲ្យពរដល់អ្នករាល់គ្នាយ៉ាងបរិបូរ។+
១២ «រាល់បីឆ្នាំម្ដង គឺនៅឆ្នាំនៃ១ភាគ១០ ក្រោយពីអ្នករាល់គ្នារៀបចំភោគផល១ភាគ១០រួចរាល់ហើយ+ អ្នករាល់គ្នាត្រូវយកទៅប្រគល់ឲ្យពួកលេវីក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នា ព្រមទាំងជនបរទេស កូនកំព្រា និងស្ត្រីមេម៉ាយ ដើម្បីឲ្យពួកគេបរិភោគរហូតដល់ឆ្អែតស្កប់ស្កល់។+ ១៣ បន្ទាប់មក អ្នករាល់គ្នាត្រូវជម្រាបព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាថា៖ ‹ខ្ញុំបានយកចំណែកពិសិដ្ឋទាំងអស់ពីផ្ទះខ្ញុំ ទៅប្រគល់ឲ្យពួកលេវី ជនបរទេស កូនកំព្រា និងស្ត្រីមេម៉ាយ+ ដូចដែលលោកបានបង្គាប់ ហើយខ្ញុំមិនបានបំពានបញ្ញត្តិរបស់លោកឡើយ។ ១៤ កាលដែលខ្ញុំកាន់ទុក្ខ ខ្ញុំមិនបានបរិភោគចំណែកនោះទេ ហើយក៏មិនបានយកទៅឲ្យគេនៅពេលដែលមានមនុស្សស្លាប់ដែរ។ កាលដែលខ្ញុំនៅមិនស្អាតបរិសុទ្ធ ខ្ញុំមិនបានពាល់ចំណែកបរិសុទ្ធនោះទេ។ ខ្ញុំបានស្ដាប់ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ ហើយធ្វើតាមបង្គាប់ទាំងអស់របស់លោក។ ១៥ ដូច្នេះ សូមលោកមេត្តាមើលមកពីស្ថានសួគ៌ជាទីអាស្រ័យនៅរបស់លោក ហើយឲ្យពរដល់ប្រជាជាតិអ៊ីស្រាអែលជារាស្ត្ររបស់លោក និងផ្ដល់ពរដល់ទឹកដីដែលលោកបានប្រគល់ឲ្យ+ ដូចដែលលោកបានស្បថនឹងបុព្វបុរសយើងផង+ ជាទឹកដីដែលមានទឹកដោះនិងទឹកឃ្មុំសម្បូរហូរហៀរ›។+
១៦ «នៅថ្ងៃនេះ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបង្គាប់អ្នករាល់គ្នាឲ្យធ្វើតាមច្បាប់ និងក្រឹត្យក្រមទាំងនេះ។ អ្នករាល់គ្នាត្រូវតែកាន់តាមដោយអស់ពីចិត្ត+ អស់ពីជីវិត។* ១៧ នៅថ្ងៃនេះ អ្នករាល់គ្នាបានទទួលការធានាពីព្រះយេហូវ៉ាថា លោកនឹងទៅជាព្រះរបស់អ្នករាល់គ្នា បើអ្នករាល់គ្នាស្ដាប់និងដើរតាមផ្លូវរបស់លោក ហើយកាន់តាមច្បាប់+ បញ្ញត្តិ+ និងក្រឹត្យក្រម+ទាំងអស់របស់លោក។ ១៨ នៅថ្ងៃនេះ អ្នករាល់គ្នាបានសន្យាថា អ្នករាល់គ្នានឹងធ្វើតាមគ្រប់ទាំងបញ្ញត្តិរបស់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះទទួលអ្នករាល់គ្នាជារាស្ត្ររបស់លោក ជាទ្រព្យវិសេសរបស់លោក+ ដូចដែលលោកបានសន្យាមែន។ ១៩ លោកនឹងលើកតម្កើងអ្នករាល់គ្នាឲ្យខ្ពស់ជាងប្រជាជាតិនានាដែលលោកបានបង្កើត+ ហើយលោកឲ្យអ្នករាល់គ្នាមានកិត្តិយស កេរ្តិ៍ឈ្មោះ និងភាពថ្កុំថ្កើង ដូចដែលលោកបានសន្យា។ ប៉ុន្តែ អ្នករាល់គ្នាត្រូវរក្សាខ្លួនជាប្រជាជាតិបរិសុទ្ធនៅចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាជានិច្ច»។+
២៧ បន្ទាប់មក ម៉ូសេនិងពួកបុរសចាស់ទុំជនជាតិអ៊ីស្រាអែលបានបង្គាប់បណ្ដាជនថា៖ «ចូរធ្វើតាមបញ្ញត្តិទាំងប៉ុន្មានដែលខ្ញុំប្រាប់អ្នករាល់គ្នានៅថ្ងៃនេះ។ ២ នៅថ្ងៃដែលអ្នករាល់គ្នាឆ្លងទន្លេយ៉ូដាន់ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យ ចូរប្រមូលថ្មធំៗ ហើយលាបកំបោរសពីលើ។+ ៣ នៅពេលដែលអ្នករាល់គ្នាឆ្លងទៅហើយ ចូរចារឹកច្បាប់នេះនៅលើថ្មទាំងនោះ ដើម្បីឲ្យអ្នករាល់គ្នាអាចចូលទៅរស់នៅក្នុងទឹកដីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យ ជាទឹកដីដែលមានទឹកដោះនិងទឹកឃ្មុំសម្បូរហូរហៀរ ដូចដែលព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាបានសន្យា។+ ៤ កាលណាអ្នករាល់គ្នាឆ្លងទន្លេយ៉ូដាន់រួចហើយ អ្នករាល់គ្នាត្រូវដំឡើងថ្មធំទាំងនោះនៅលើភ្នំអេបាល+ រួចលាបកំបោរសពីលើ ដូចដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។ ៥ បន្ថែមទៅទៀត អ្នករាល់គ្នាត្រូវយកថ្មមកសង់ទីបូជាជូនព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវប្រើគ្រឿងដែកដាប់ថ្មនោះឡើយ។+ ៦ អ្នករាល់គ្នាត្រូវយកថ្មដែលគេមិនទាន់ដាប់មកសង់ទីបូជាជូនព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ហើយជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានៅលើនោះ។ ៧ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជានៃមេត្រីភាព+ ហើយបរិភោគគ្រឿងបូជានៅទីនោះ+ រួចអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។+ ៨ អ្នករាល់គ្នាត្រូវចារឹកច្បាប់នេះនៅលើថ្មឲ្យបានច្បាស់»។+
៩ បន្ទាប់មក ម៉ូសេនិងពួកសង្ឃដែលជាលេវីបាននិយាយទៅកាន់បណ្ដាជនអ៊ីស្រាអែលទាំងអស់ថា៖ «ឱប្រជាជាតិអ៊ីស្រាអែលអើយ! ចូរនៅស្ងៀម ហើយស្ដាប់ចុះ។ នៅថ្ងៃនេះ អ្នករាល់គ្នាបានក្លាយទៅជារាស្ត្ររបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាហើយ។+ ១០ ដូច្នេះ អ្នករាល់គ្នាត្រូវស្ដាប់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ហើយកាន់តាមគ្រប់បញ្ញត្តិ+និងច្បាប់ ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ»។
១១ នៅថ្ងៃនោះ ម៉ូសេបានបង្គាប់បណ្ដាជនថា៖ ១២ «ក្រោយពីអ្នករាល់គ្នាឆ្លងទន្លេយ៉ូដាន់ កុលសម្ព័ន្ធស៊ីម្មាន លេវី យូដា អ៊ីសាខារ យ៉ូសែប និងបេនយ៉ាមីន ត្រូវឈរនៅលើភ្នំកេរិស៊ីម+ដើម្បីជូនពរបណ្ដាជន។ ១៣ រីឯកុលសម្ព័ន្ធរូបេន កាដ អេស៊ើរ សេប៊ូឡូន ដាន់ និងណែបថាលី ពួកគេត្រូវឈរនៅលើភ្នំអេបាល+ដើម្បីដាក់បណ្ដាសា។ ១៤ ចំណែកកុលសម្ព័ន្ធលេវី ពួកគេត្រូវប្រកាសដោយសំឡេងឮៗទៅកាន់បណ្ដាជនអ៊ីស្រាអែលទាំងអស់ថា៖+
១៥ «‹ត្រូវបណ្ដាសាហើយ អ្នកណាដែលឆ្លាក់រូបព្រះ+ ឬធ្វើរូបព្រះពីលោហៈ*+ ដើម្បីគោរពបូជាដោយលួចលាក់ ព្រោះនេះជាស្នាដៃរបស់មនុស្ស*ប៉ុណ្ណោះ ហើយជាអ្វីដែលព្រះយេហូវ៉ាស្អប់ខ្ពើមណាស់›។+ បណ្ដាជនទាំងអស់ត្រូវឆ្លើយថា៖ ‹អាមេន!›។*
១៦ «‹ត្រូវបណ្ដាសាហើយ អ្នកណាដែលប្រមាថមើលងាយឪពុកម្ដាយខ្លួន›។+ បណ្ដាជនទាំងអស់ត្រូវឆ្លើយថា៖ ‹អាមេន!›។
១៧ «‹ត្រូវបណ្ដាសាហើយ អ្នកណាដែលបង្ខិតបង្គោលព្រំប្រទល់ចូលដីអ្នកជិតខាងខ្លួន›។+ បណ្ដាជនទាំងអស់ត្រូវឆ្លើយថា៖ ‹អាមេន!›។
១៨ «‹ត្រូវបណ្ដាសាហើយ អ្នកណាដែលធ្វើឲ្យមនុស្សខ្វាក់ដើរខុសផ្លូវ›។+ បណ្ដាជនទាំងអស់ត្រូវឆ្លើយថា៖ ‹អាមេន!›។
១៩ «‹ត្រូវបណ្ដាសាហើយ អ្នកណាដែលកាត់ក្ដីឲ្យជនបរទេស កូនកំព្រា ឬស្ត្រីមេម៉ាយដោយលម្អៀង›។+ បណ្ដាជនទាំងអស់ត្រូវឆ្លើយថា៖ ‹អាមេន!›។
២០ «‹ត្រូវបណ្ដាសាហើយ អ្នកណាដែលរួមដំណេកជាមួយនឹងប្រពន្ធរបស់ឪពុកខ្លួន ព្រោះគាត់ធ្វើឲ្យឪពុកខ្លួនអាប់ឱនកិត្តិយសហើយ›។+ បណ្ដាជនទាំងអស់ត្រូវឆ្លើយថា៖ ‹អាមេន!›។
២១ «‹ត្រូវបណ្ដាសាហើយ អ្នកណាដែលរួមសង្វាសនឹងសត្វ›។+ បណ្ដាជនទាំងអស់ត្រូវឆ្លើយថា៖ ‹អាមេន!›។
២២ «‹ត្រូវបណ្ដាសាហើយ អ្នកណាដែលរួមដំណេកជាមួយនឹងបងប្អូនស្រីខ្លួន ទោះនាងជាកូនស្រីខាងឪពុកឬខាងម្ដាយក្ដី›។+ បណ្ដាជនទាំងអស់ត្រូវឆ្លើយថា៖ ‹អាមេន!›។
២៣ «‹ត្រូវបណ្ដាសាហើយ អ្នកណាដែលរួមដំណេកជាមួយនឹងម្ដាយក្មេកខ្លួន›។+ បណ្ដាជនទាំងអស់ត្រូវឆ្លើយថា៖ ‹អាមេន!›។
២៤ «‹ត្រូវបណ្ដាសាហើយ អ្នកណាដែលស្ទាក់វាយសម្លាប់អ្នកជិតខាងខ្លួន›។+ បណ្ដាជនទាំងអស់ត្រូវឆ្លើយថា៖ ‹អាមេន!›។
២៥ «‹ត្រូវបណ្ដាសាហើយ អ្នកណាដែលទទួលសំណូកដើម្បីសម្លាប់មនុស្សស្លូតត្រង់›។+ បណ្ដាជនទាំងអស់ត្រូវឆ្លើយថា៖ ‹អាមេន!›។
២៦ «‹ត្រូវបណ្ដាសាហើយ អ្នកណាដែលមិនគាំទ្រច្បាប់នេះ ដោយមិនអនុវត្ត›។+ បណ្ដាជនទាំងអស់ត្រូវឆ្លើយថា៖ ‹អាមេន!›។
២៨ «បើអ្នករាល់គ្នាស្ដាប់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាដោយយកចិត្តទុកដាក់ ហើយកាន់ខ្ជាប់តាមបញ្ញត្តិរបស់លោកទាំងអស់ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ នោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងលើកតម្កើងអ្នករាល់គ្នាឲ្យខ្ពស់ជាងប្រជាជាតិទាំងអស់នៅផែនដី។+ ២ បើអ្នករាល់គ្នាតែងតែស្ដាប់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលពរជាបរិបូរជាពុំខាន។*+ ពរទាំងនោះមានដូចតទៅ៖
៣ «ព្រះនឹងឲ្យពរដល់អ្នករាល់គ្នានៅតាមក្រុង និងតាមជនបទ។+
៤ «ព្រះនឹងឲ្យពរដល់អ្នករាល់គ្នាមានកូនចៅកាន់តែច្រើនឡើង+ ហើយអ្នករាល់គ្នានឹងមានភោគផលជាបរិបូរ ព្រមទាំងមានហ្វូងគោហ្វូងចៀមយ៉ាងច្រើនសន្ធឹក។+
៥ «ព្រះនឹងឲ្យពរដល់អ្នករាល់គ្នា មានភោគផលពេញកញ្ជើ+ និងម្សៅពេញផើងជានិច្ច។+
៦ «ព្រះនឹងឲ្យពរអ្នករាល់គ្នាក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។
៧ «ព្រះយេហូវ៉ានឹងធ្វើឲ្យសត្រូវដែលមកច្បាំងនឹងអ្នករាល់គ្នា បាក់ទ័ពនៅមុខអ្នករាល់គ្នា។+ ពួកគេនឹងមកវាយប្រហារអ្នករាល់គ្នាតាមផ្លូវ១ តែពួកគេនឹងរត់ខ្ចាត់ខ្ចាយទៅតាមផ្លូវ៧វិញ។+ ៨ ព្រះយេហូវ៉ានឹងឲ្យពរអ្នករាល់គ្នាមានភោគផលពេញជង្រុក+ ហើយលោកនឹងឲ្យពរគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងឲ្យពរអ្នករាល់គ្នាជាប្រាកដ នៅក្នុងស្រុកដែលលោកនឹងប្រគល់ឲ្យ។ ៩ ព្រះយេហូវ៉ានឹងយកអ្នករាល់គ្នាធ្វើជារាស្ត្របរិសុទ្ធរបស់លោក+ ដូចដែលលោកបានសន្យា+ ព្រោះអ្នករាល់គ្នាបន្តកាន់តាមបញ្ញត្តិរបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ហើយដើរតាមផ្លូវរបស់លោកជានិច្ច។ ១០ ពេលប្រជាជាតិនានានៅផែនដីឃើញថាព្រះយេហូវ៉ាបានជ្រើសរើសអ្នករាល់គ្នាជាតំណាងនាមលោក+ នោះពួកគេនឹងភ័យខ្លាចអ្នករាល់គ្នា។+
១១ «នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសអ្នករាល់គ្នាថាប្រគល់ឲ្យអ្នករាល់គ្នា ព្រះយេហូវ៉ានឹងឲ្យពរអ្នករាល់គ្នាមានកូនចៅជាច្រើន និងមានភោគផលជាបរិបូរ+ ព្រមទាំងមានហ្វូងសត្វយ៉ាងច្រើនសន្ធឹក។+ ១២ ព្រះយេហូវ៉ានឹងបើកមេឃ បង្អុរភ្លៀងមកស្រោចស្រពទឹកដីរបស់អ្នករាល់គ្នាតាមរដូវកាល+ ថែមទាំងឲ្យពរគ្រប់ទាំងកិច្ចការរបស់អ្នករាល់គ្នាផងដែរ។ អ្នករាល់គ្នានឹងឲ្យប្រជាជាតិជាច្រើនខ្ចី តែអ្នករាល់គ្នានឹងមិនខ្ចីពីគេឡើយ។+ ១៣ បើអ្នករាល់គ្នាកាន់ខ្ជាប់តាមបញ្ញត្តិរបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ជាបញ្ញត្តិដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ នោះព្រះយេហូវ៉ានឹងលើកតម្កើងអ្នករាល់គ្នាឲ្យខ្ពង់ខ្ពស់ជាងប្រជាជាតិនានា+ ហើយគ្មាននរណាត្រួតត្រាលើអ្នករាល់គ្នាទេ អ្នករាល់គ្នាថែមទាំងមានភាពចម្រុងចម្រើនឡើងជានិច្ច។ ១៤ អ្នករាល់គ្នាមិនត្រូវបែរចេញពីបង្គាប់ទាំងប៉ុន្មានដែលខ្ញុំប្រាប់អ្នករាល់គ្នានៅថ្ងៃនេះឡើយ។+ អ្នករាល់គ្នាក៏មិនត្រូវកាន់តាមព្រះឯទៀត ហើយបម្រើព្រះទាំងនោះដែរ។+
១៥ «បើអ្នករាល់គ្នាមិនស្ដាប់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ហើយមិនកាន់ខ្ជាប់តាមច្បាប់និងបញ្ញត្តិទាំងអស់របស់លោក ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះទេ នោះអ្នករាល់គ្នានឹងត្រូវបណ្ដាសាជាមិនខាន។* បណ្ដាសានោះមានដូចតទៅ៖+
១៦ «អ្នករាល់គ្នានឹងត្រូវបណ្ដាសានៅតាមក្រុង និងតាមជនបទ។+
១៧ «ព្រះនឹងដាក់បណ្ដាសាអ្នករាល់គ្នាមិនឲ្យមានភោគផលក្នុងកញ្ជើ+ ឬម្សៅក្នុងផើងឡើយ។+
១៨ «ព្រះនឹងដាក់បណ្ដាសាអ្នករាល់គ្នាមិនឲ្យមានកូនចៅច្រើនទេ+ ហើយក៏មិនឲ្យមានភោគផលជាបរិបូរ ឬហ្វូងគោហ្វូងចៀមជាច្រើនដែរ។+
១៩ «អ្នករាល់គ្នានឹងត្រូវបណ្ដាសាក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។
២០ «ក្នុងកិច្ចការទាំងអស់របស់អ្នករាល់គ្នា ព្រះយេហូវ៉ានឹងដាក់បណ្ដាសា ហើយធ្វើឲ្យមានភាពច្របូកច្របល់ ព្រមទាំងដាក់ទោស រហូតដល់អ្នករាល់គ្នាត្រូវបំផ្លាញ ហើយវិនាសសាបសូន្យអស់ទៅ ព្រោះតែការប្រព្រឹត្តអាក្រក់របស់អ្នករាល់គ្នា និងដោយសារអ្នករាល់គ្នាបានភ្លេចលោក។+ ២១ ព្រះយេហូវ៉ានឹងធ្វើឲ្យមានរោគរាតត្បាតនៅក្នុងស្រុករបស់អ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាត្រូវវិនាសចេញពីស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកជាមត៌ក។+ ២២ ព្រះយេហូវ៉ានឹងវាយប្រហារអ្នករាល់គ្នាដោយជំងឺរបេង ជំងឺគ្រុនក្ដៅ+ ជំងឺរលាក និងជំងឺឡើងកម្ដៅខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ លោកនឹងដាក់ទោសអ្នករាល់គ្នាដោយដាវ+ ថែមទាំងធ្វើឲ្យដំណាំក្រៀមស្វិត និងកើតផ្សិតទៀតផង។+ សេចក្ដីវេទនាទាំងនេះនឹងកើតមានដល់អ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសអស់ទៅ។ ២៣ បន្ថែមទៅទៀត ព្រះនឹងធ្វើឲ្យមេឃលែងបង្អុរភ្លៀង ហើយដីលែងបង្កើតផលទៀត។*+ ២៤ ព្រះយេហូវ៉ានឹងធ្វើឲ្យខ្សាច់ និងធូលីធ្លាក់ពីលើមេឃមកលើស្រុកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសសូន្យអស់។ ២៥ ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករាល់គ្នាបាក់ទ័ពនៅមុខសត្រូវ។+ អ្នករាល់គ្នានឹងទៅវាយប្រហារសត្រូវតាមផ្លូវ១ តែអ្នករាល់គ្នានឹងរត់ខ្ចាត់ខ្ចាយទៅតាមផ្លូវ៧វិញ។ ពេលរាជាណាចក្រទាំងឡាយនៅផែនដីឮអំពីអ្វីដែលបានកើតឡើងដល់អ្នករាល់គ្នា ពួកគេនឹងរន្ធត់។+ ២៦ សាកសពរបស់អ្នករាល់គ្នានឹងទៅជាចំណីដល់សត្វព្រៃនិងសត្វស្លាបនៅលើមេឃ ហើយគ្មាននរណាមកដេញពួកវាចេញឡើយ។+
២៧ «ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករាល់គ្នាកើតបូសដូចដែលធ្លាប់មាននៅស្រុកអេហ្ស៊ីប ហើយលោកនឹងវាយប្រហារអ្នករាល់គ្នាដោយរោគឫសដូងបាត កើតរមាស់ និងជំងឺសើស្បែក ដែលមិនអាចព្យាបាលបានឡើយ។ ២៨ ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករាល់គ្នាវង្វេងស្មារតី ងងឹតភ្នែក+ និងមានចិត្តច្របូកច្របល់។ ២៩ នៅពេលថ្ងៃត្រង់ អ្នករាល់គ្នានឹងដើររាវដូចមនុស្សខ្វាក់ស្ទាបរាវក្នុងទីងងឹត។+ ឯកិច្ចការដែលអ្នករាល់គ្នាធ្វើ នឹងមិនសម្រេចឡើយ។ អ្នករាល់គ្នានឹងតែងតែត្រូវគេប្លន់និងត្រូវគេបោកប្រាស់ជានិច្ច ហើយគ្មាននរណាមកជួយអ្នករាល់គ្នាទេ។+ ៣០ ពេលអ្នករាល់គ្នាមានគូដណ្ដឹង បុរសឯទៀតនឹងរំលោភគូដណ្ដឹងរបស់អ្នករាល់គ្នា។ ពេលអ្នករាល់គ្នាសង់ផ្ទះរួចរាល់ អ្នករាល់គ្នានឹងមិនបានចូលទៅរស់នៅទេ។+ អ្នករាល់គ្នានឹងដាំចម្ការទំពាំងបាយជូរ តែនឹងមិនបានបរិភោគផលឡើយ។+ ៣១ គេនឹងសម្លាប់គោរបស់អ្នករាល់គ្នានៅនឹងមុខ តែអ្នករាល់គ្នានឹងមិនបានសាច់វាបរិភោគទេ។ គេនឹងដឹកលារបស់អ្នករាល់គ្នាយកទៅនៅចំពោះមុខ ហើយអ្នករាល់គ្នានឹងមិនបានវាមកវិញទេ។ ពួកសត្រូវនឹងរឹបអូសយកហ្វូងចៀមរបស់អ្នករាល់គ្នា តែគ្មាននរណាមកជួយអ្នករាល់គ្នាឡើយ។ ៣២ ជនជាតិដទៃនឹងចាប់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នាយកទៅ+នៅចំពោះមុខអ្នករាល់គ្នា។ អ្នករាល់គ្នានឹករលឹកពួកគេជានិច្ច តែអ្នករាល់គ្នាមិនអាចធ្វើអ្វីបានទេ។ ៣៣ ជនជាតិឯទៀតដែលអ្នករាល់គ្នាមិនស្គាល់នឹងចូលមកបរិភោគភោគផលរបស់អ្នករាល់គ្នាអស់គ្មានសល់។+ អ្នករាល់គ្នានឹងត្រូវគេបោកប្រាស់រហូត ថែមទាំងត្រូវគេជិះជាន់ជានិច្ច។ ៣៤ អ្វីដែលអ្នករាល់គ្នាឃើញ នឹងធ្វើឲ្យអ្នករាល់គ្នាវង្វេងស្មារតី។
៣៥ «ព្រះយេហូវ៉ានឹងវាយប្រហារអ្នករាល់គ្នាដោយធ្វើឲ្យកើតបូសនៅក្បាលជង្គង់និងជើងរបស់អ្នករាល់គ្នា។ លោកថែមទាំងធ្វើឲ្យអ្នករាល់គ្នាកើតបូសដែលមិនអាចព្យាបាលបាន ចាប់ពីក្រយៅក្បាលរហូតដល់ចុងជើង។ ៣៦ ព្រះយេហូវ៉ានឹងបណ្ដេញអ្នករាល់គ្នានិងស្ដេចដែលអ្នករាល់គ្នាជ្រើសរើស ឲ្យទៅឯប្រជាជាតិមួយដែលអ្នករាល់គ្នានិងបុព្វបុរសរបស់អ្នករាល់គ្នាមិនធ្លាប់ស្គាល់។+ នៅទីនោះ អ្នករាល់គ្នានឹងបម្រើព្រះដទៃ ជាព្រះដែលធ្វើពីឈើពីថ្ម។+ ៣៧ នៅក្នុងស្រុកដែលព្រះយេហូវ៉ាបណ្ដេញអ្នករាល់គ្នាឲ្យទៅរស់នៅ អ្នកស្រុកនោះនឹងចំអកមើលងាយអ្នករាល់គ្នា ហើយពួកគេនឹងសម្លឹងមើលអ្នករាល់គ្នាដោយតក់ស្លុត។+
៣៨ «អ្នករាល់គ្នានឹងសាបព្រោះច្រើន តែប្រមូលផលបានតិច+ ព្រោះកណ្ដូបនឹងស៊ីបំផ្លាញ។ ៣៩ អ្នករាល់គ្នានឹងដាំដើមទំពាំងបាយជូរ តែមិនបានបេះផ្លែបរិភោគឬផឹកស្រាទំពាំងបាយជូរទេ+ ព្រោះដង្កូវនឹងស៊ីបំផ្លាញ។ ៤០ អ្នករាល់គ្នានឹងដាំដើមអូលីវពេញក្នុងស្រុក តែមិនបានគាបផ្លែយកប្រេងមកលាបខ្លួនទេ ព្រោះផ្លែអូលីវនឹងជ្រុះអស់។ ៤១ អ្នករាល់គ្នានឹងបង្កើតកូនប្រុសកូនស្រី តែពួកគេនឹងមិននៅជាប់ជាមួយនឹងអ្នករាល់គ្នាទេ ព្រោះពួកគេនឹងត្រូវចាប់យកទៅធ្វើជាឈ្លើយ។+ ៤២ ហ្វូងសត្វល្អិត*នឹងមកស៊ីបំផ្លាញដើមឈើ និងផលដំណាំរបស់អ្នករាល់គ្នា។ ៤៣ ឯជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ពួកគេនឹងកាន់តែខ្លាំងក្លាឡើងៗ តែអ្នករាល់គ្នាវិញ នឹងកាន់តែខ្សោយទៅៗ។ ៤៤ ពួកគេនឹងឲ្យអ្នករាល់គ្នាខ្ចី តែអ្នករាល់គ្នានឹងគ្មានអ្វីឲ្យពួកគេខ្ចីទេ។+ ពួកគេនឹងទៅជាអ្នកគ្រប់គ្រង តែអ្នករាល់គ្នានឹងនៅក្រោមអំណាចពួកគេវិញ។+
៤៥ «បើអ្នករាល់គ្នាមិនស្ដាប់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ហើយមិនកាន់ខ្ជាប់តាមបញ្ញត្តិនិងច្បាប់របស់លោកដែលខ្ញុំបង្គាប់អ្នករាល់គ្នាទេ+ នោះអ្នករាល់គ្នានឹងត្រូវបណ្ដាសាទាំងអស់នេះ+ រហូតដល់អ្នករាល់គ្នាវិនាសសាបសូន្យទៅ។+ ៤៦ បណ្ដាសាទាំងអស់នេះនឹងទៅជាសញ្ញាសម្គាល់ និងជាការព្រមានដល់អ្នករាល់គ្នានិងកូនចៅអ្នករាល់គ្នាជាដរាបតទៅ។+ ៤៧ ព្រោះកាលដែលអ្នករាល់គ្នាមានអ្វីៗទាំងអស់ជាបរិបូរហើយ អ្នករាល់គ្នាមិនបម្រើព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាដោយអំណរនិងអស់ពីចិត្តទេ។+ ៤៨ ព្រះយេហូវ៉ានឹងបណ្ដាលឲ្យពួកសត្រូវមកច្បាំងនឹងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ខ្លួនទៅជាអ្នកបម្រើពួកគេ។+ នៅពេលនោះ អ្នករាល់គ្នានឹងស្រេកឃ្លាន+ ហើយគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ ព្រមទាំងខ្វះខាតអ្វីៗទាំងអស់។ លោកនឹងដាក់នឹមដែកនៅលើ ករបស់អ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាត្រូវបំផ្លាញចោល។
៤៩ «ព្រះយេហូវ៉ានឹងនាំប្រជាជាតិមួយពីស្រុកឆ្ងាយ+ដែលមកពីចុងផែនដី ឲ្យមកប្រឆាំងនឹងអ្នករាល់គ្នា។ ពួកគេនឹងវាយប្រហារអ្នករាល់គ្នាយ៉ាងរហ័សដូចជាឥន្ទ្រីចាប់ចំណី+ ហើយពួកគេនិយាយភាសាដែលអ្នករាល់គ្នាមិនស្គាល់។+ ៥០ ពួកគេជាមនុស្សកាចសាហាវ មិនចេះគោរពមនុស្សចាស់ឬអាណិតអាសូរកូនក្មេងឡើយ។+ ៥១ មិនត្រឹមតែប៉ុណ្ណោះ ពួកគេនឹងបរិភោគហ្វូងសត្វនិងភោគផលរបស់អ្នករាល់គ្នាអស់គ្មានសល់។ ពួកគេនឹងមិនទុកស្រូវ ស្រាថ្មី និងប្រេង ឲ្យនៅសល់ទេ ហើយក៏មិនទុកកូនគោឬចៀមឲ្យនៅសល់ដែរ។ យ៉ាងនេះ អ្នករាល់គ្នានឹងវិនាសសាបសូន្យទៅ។+ ៥២ បន្ថែមទៅទៀត ពួកគេនឹងឡោមព័ទ្ធក្រុងទាំងឡាយនៅក្នុងស្រុករបស់អ្នករាល់គ្នា ហើយរំលំកំពែងដ៏រឹងមាំដែលជាទីអាងរបស់អ្នករាល់គ្នា គឺនឹងព័ទ្ធវាយលុកក្រុងទាំងប៉ុន្មានក្នុងទឹកដីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យ។+ ៥៣ នៅពេលនោះ អ្នករាល់គ្នានឹងបរិភោគសាច់កូនប្រុសកូនស្រីខ្លួន+ ជាកូនដែលព្រះយេហូវ៉ាបានប្រគល់ឲ្យ ព្រោះតែទុក្ខវេទនាយ៉ាងខ្លាំងដែលបណ្ដាលមកពីការធ្វើបាបនិងការឡោមព័ទ្ធពីសត្រូវ។
៥៤ «សូម្បីតែបុរសក្នុងចំណោមអ្នករាល់គ្នាដែលមានចិត្តស្លូតបូត និងមានមនោសញ្ចេតនាខ្លាំងបំផុត ក៏នឹងមិនអាណិតអាសូរចំពោះបងប្អូនខ្លួន ប្រពន្ធជាទីស្រឡាញ់ និងកូនៗដែលនៅសល់ដែរ។ ៥៥ គាត់នឹងមិនចែករំលែកសាច់កូនគាត់ឲ្យអ្នកទាំងនោះបរិភោគទេ ព្រោះគ្មានអ្វីនៅសល់ទៀត ដោយសារទុក្ខវេទនាយ៉ាងខ្លាំងដែលបណ្ដាលមកពីការធ្វើបាបនិងការឡោមព័ទ្ធពីសត្រូវ។+ ៥៦ សូម្បីតែស្ត្រីសុភាពទន់ភ្លន់+និងមានមនោសញ្ចេតនាខ្លាំងបំផុត ដែលមិនទាំងហ៊ានដាក់ជើងដល់ដីផង ក៏នឹងមិនអាណិតអាសូរប្ដីជាទីស្រឡាញ់ និងកូនប្រុសកូនស្រីខ្លួនដែរ។ ៥៧ នាងថែមទាំងលាក់ទុកកូនដែលនាងទើបតែសម្រាលនិងសុកកូននោះ សម្រាប់បរិភោគតែម្នាក់ឯង ដោយសារទុក្ខវេទនាយ៉ាងខ្លាំងដែលបណ្ដាលមកពីការធ្វើបាបនិងការឡោមព័ទ្ធពីសត្រូវ។
៥៨ «បើអ្នករាល់គ្នាមិនកាន់ខ្ជាប់តាមច្បាប់ទាំងប៉ុន្មានដែលកត់ទុកក្នុងសៀវភៅនេះ+ ហើយមិនគោរពនាមដ៏រុងរឿងអស្ចារ្យ+របស់ព្រះយេហូវ៉ា+ជាព្រះនៃអ្នករាល់គ្នាទេ ៥៩ នោះព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករាល់គ្នានិងកូនចៅរងទុក្ខវេទនាយ៉ាងខ្លាំងនិងអស់រយៈពេលយូរ+ ថែមទាំងធ្វើឲ្យមានជំងឺធ្ងន់ធ្ងររ៉ាំរ៉ៃដែលមើលមិនជាឡើយ។ ៦០ ជំងឺទាំងប៉ុន្មាននៅស្រុកអេហ្ស៊ីបដែលអ្នករាល់គ្នាធ្លាប់ខ្លាច លោកនឹងធ្វើឲ្យអ្នករាល់គ្នាកើតជំងឺទាំងនោះវិញ ហើយជំងឺទាំងនោះនឹងនៅជាប់ជាមួយអ្នករាល់គ្នារហូត។ ៦១ បន្ថែមទៅទៀត សូម្បីតែជំងឺនិងទុក្ខវេទនាគ្រប់យ៉ាងដែលមិនបានត្រូវកត់ទុកក្នុងសៀវភៅច្បាប់នេះ ក៏ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករាល់គ្នាកើតមានដែរ រហូតដល់អ្នករាល់គ្នាត្រូវបំផ្លាញអស់ទៅ។ ៦២ ទោះជាអ្នករាល់គ្នាមានចំនួនច្រើនសន្ធឹកដូចផ្កាយនៅលើមេឃក្ដី+ អ្នករាល់គ្នានឹងនៅសល់តែចំនួនបន្តិចបន្តួចវិញ+ ព្រោះអ្នករាល់គ្នាមិនបានស្ដាប់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាទេ។
៦៣ «ថ្វីបើព្រះយេហូវ៉ាពេញចិត្តធ្វើឲ្យអ្នករាល់គ្នាមានភាពចម្រុងចម្រើននិងឲ្យអ្នករាល់គ្នាមានចំនួនច្រើនក៏ពិតមែន តែព្រះយេហូវ៉ាក៏ពេញចិត្តបំផ្លាញអ្នករាល់គ្នាឲ្យវិនាសសាបសូន្យទៅដែរ។ លោកនឹងដកអ្នករាល់គ្នាចេញពីទឹកដីដែលអ្នករាល់គ្នាហៀបនឹងចូលទៅចាប់យកនោះ។
៦៤ «ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករាល់គ្នាខ្ចាត់ខ្ចាយក្នុងចំណោមប្រជាជាតិនានា គឺពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។+ នៅទីនោះ អ្នករាល់គ្នានឹងបម្រើព្រះដទៃជាព្រះដែលធ្វើពីឈើពីថ្ម ដែលអ្នករាល់គ្នានិងបុព្វបុរសអ្នករាល់គ្នាមិនដែលស្គាល់ឡើយ។+ ៦៥ អ្នករាល់គ្នានឹងគ្មានសេចក្ដីសុខសាន្តក្នុងចំណោមប្រជាជាតិទាំងនោះទេ+ ហើយក៏គ្មានកន្លែងសម្រាប់ខ្លួនសម្រាកដែរ។ ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករាល់គ្នាថប់បារម្ភ+ ធ្លាក់ទឹកចិត្ត និងស្រវាំងភ្នែកទៀតផង។+ ៦៦ ជីវិតអ្នករាល់គ្នានឹងជួបអន្តរាយដ៏ធំ ហើយរាល់ថ្ងៃរាល់យប់ អ្នករាល់គ្នាតែងតែភ័យខ្លាច មិនដឹងថាអ្នករាល់គ្នានឹងរួចជីវិតឬយ៉ាងណា។ ៦៧ នៅពេលព្រឹក អ្នករាល់គ្នានឹងនិយាយថា៖ ‹កាលណាល្ងាចទៅហ្ន៎!› ហើយនៅពេលល្ងាច អ្នករាល់គ្នានឹងនិយាយថា៖ ‹កាលណាព្រឹកទៅហ្ន៎!› ព្រោះក្នុងចិត្តអ្នករាល់គ្នាតែងតក់ស្លុត ហើយភ័យខ្លាចដោយសារអ្វីដែលអ្នករាល់គ្នានឹងឃើញ។ ៦៨ ព្រះយេហូវ៉ានឹងនាំអ្នករាល់គ្នាទៅស្រុកអេហ្ស៊ីបវិញតាមសំពៅ គឺតាមផ្លូវដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា៖ ‹អ្នករាល់គ្នានឹងមិនឃើញស្រុកអេហ្ស៊ីបទៀតទេ› ហើយនៅទីនោះអ្នករាល់គ្នានឹងលក់ខ្លួនដល់ពួកសត្រូវដើម្បីធ្វើជាខ្ញុំបម្រើប្រុសស្រី តែនឹងគ្មានអ្នកណាទិញអ្នករាល់គ្នាឡើយ»។
២៩ នេះជាសេចក្ដីទាំងប៉ុន្មានក្នុងកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេឲ្យធ្វើជាមួយនឹងបណ្ដាជនអ៊ីស្រាអែលនៅស្រុកម៉ូអាប់ បន្ថែមពីលើកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងពួកគេនៅភ្នំហូរែប។+
២ បន្ទាប់មក ម៉ូសេបានហៅបណ្ដាជនអ៊ីស្រាអែលទាំងអស់ឲ្យមកជួបជុំគ្នា ហើយប្រាប់ពួកគេថា៖ «អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកហើយ នូវការអស្ចារ្យទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើទៅលើផារ៉ូ ទៅលើអ្នកបម្រើរបស់គាត់ និងទៅលើស្រុកអេហ្ស៊ីបទាំងមូល+ ៣ គឺដោយការវិនិច្ឆ័យដ៏ធំ សញ្ញាសម្គាល់ និងអព្ភូតហេតុដ៏អស្ចារ្យ។+ ៤ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានឲ្យចិត្តរបស់អ្នករាល់គ្នាយល់ ភ្នែករបស់អ្នករាល់គ្នាឃើញ និងត្រចៀករបស់អ្នករាល់គ្នាឮទេ រហូតមកដល់សព្វថ្ងៃនេះ។+ ៥ ព្រះបានមានប្រសាសន៍ថា៖ ‹ក្នុងអំឡុងពេលដែលខ្ញុំនាំផ្លូវអ្នករាល់គ្នាអស់៤០ឆ្នាំក្នុងតំបន់ស្ងាត់ជ្រងំ+ សម្លៀកបំពាក់របស់អ្នករាល់គ្នាមិនបានរេចរឹលទេ ហើយស្បែកជើងរបស់អ្នករាល់គ្នាក៏មិនបានសឹកដែរ។+ ៦ អ្នករាល់គ្នាមិនបានបរិភោគនំប៉័ង ផឹកស្រាទំពាំងបាយជូរឬស្រាឯទៀតទេ ដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្ញុំនេះជាយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា›។ ៧ នៅទីបំផុត អ្នករាល់គ្នាបានមកដល់ទីនេះ។ ឯស៊ីហុនជាស្ដេចក្រុងហែសបូន+ និងអុកជាស្ដេចនៃតំបន់បាសាន+ ពួកគេបានចេញមកច្បាំងនឹងយើង តែពួកគេមិនបានឈ្នះយើងទេ។+ ៨ ក្រោយនោះ យើងបានដណ្ដើមយកទឹកដីរបស់ពួកគេ ហើយប្រគល់ឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេពាក់កណ្ដាល។+ ៩ ហេតុនេះ អ្នករាល់គ្នាត្រូវកាន់តាមពាក្យទាំងប៉ុន្មានក្នុងកិច្ចព្រមព្រៀងនេះ ដើម្បីឲ្យកិច្ចការដែលអ្នករាល់គ្នាធ្វើបានសម្រេចទាំងអស់។+
១០ «នៅថ្ងៃនេះ អ្នករាល់គ្នាបានឈរនៅចំពោះមុខព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា មានទាំងប្រមុខនៃកុលសម្ព័ន្ធ ពួកបុរសចាស់ទុំ ពួកមេដឹកនាំ ពួកបុរសអ៊ីស្រាអែលទាំងអស់ ១១ ប្រពន្ធ+កូនអ្នករាល់គ្នា និងជនបរទេស+ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា គឺមានតាំងពីអ្នករើសអុស រហូតដល់អ្នកដងទឹកសម្រាប់អ្នករាល់គ្នា។ ១២ អ្នករាល់គ្នានៅទីនេះ ដើម្បីស្បថនិងធ្វើជាភាគីនៃកិច្ចព្រមព្រៀងជាមួយនឹងព្រះយេហូវ៉ា គឺកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាធ្វើជាមួយនឹងអ្នករាល់គ្នានៅថ្ងៃនេះ។+ ១៣ យ៉ាងនេះ លោកអាចយកអ្នករាល់គ្នាធ្វើជារាស្ត្ររបស់លោក+ និងអាចធ្វើជាព្រះនៃអ្នករាល់គ្នា+ ដូចដែលលោកបានសន្យានឹងអ្នករាល់គ្នា និងដូចដែលលោកបានស្បថនឹងអាប្រាហាំ+ អ៊ីសាក+ និងយ៉ាកុប+ជាបុព្វបុរសរបស់អ្នករាល់គ្នា។
១៤ «ខ្ញុំ*មិនគ្រាន់តែធ្វើសម្បថនិងកិច្ចព្រមព្រៀងនេះជាមួយនឹងអ្នករាល់គ្នាប៉ុណ្ណោះទេ ១៥ តែខ្ញុំធ្វើជាមួយនឹងអស់អ្នកដែលកំពុងឈរនៅចំពោះមុខព្រះយេហូវ៉ានៅឥឡូវនេះ ព្រមទាំងជាមួយនឹងអស់អ្នកដែលមិននៅជាមួយនឹងយើងនៅថ្ងៃនេះផងដែរ។ ១៦ (ព្រោះអ្នករាល់គ្នាដឹងស្រាប់ហើយថាយើងធ្លាប់មានជីវិតយ៉ាងណានៅស្រុកអេហ្ស៊ីប និងយើងឆ្លងកាត់ទឹកដីរបស់ប្រជាជាតិផ្សេងៗតាមរបៀបណានៅតាមផ្លូវ។+ ១៧ អ្នករាល់គ្នាក៏ធ្លាប់ឃើញរូបសំណាកនិងរូបព្រះដ៏គួរឲ្យស្អប់ខ្ពើម+ ដែលធ្វើពីឈើពីថ្ម និងពីមាសពីប្រាក់ នៅក្នុងស្រុករបស់ប្រជាជាតិទាំងនោះដែរ)។ ១៨ ដូច្នេះ នៅថ្ងៃនេះ ចូរប្រយ័ត្នកុំឲ្យមានបុរសស្ត្រី ឬក្រុមគ្រួសារ ឬកុលសម្ព័ន្ធណាក្នុងចំណោមអ្នករាល់គ្នា បែរចិត្តចេញពីព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ទៅបម្រើព្រះនានារបស់ប្រជាជាតិទាំងនោះជាដាច់ខាត+ ដើម្បីកុំឲ្យមានឫសគល់ដែលបង្កើតផ្លែល្វីងនិងពុលក្នុងចំណោមអ្នករាល់គ្នាឡើយ។+
១៩ «ប៉ុន្តែ ក្នុងចំណោមអ្នកដែលស្ដាប់ពាក្យសម្បថនេះ បើអ្នកណាពោលក្នុងចិត្តដោយអំណួតថា៖ ‹ទោះជាខ្ញុំដើរតាមផ្លូវរបស់ខ្ញុំក្ដី ក៏ខ្ញុំមានសេចក្ដីសុខសាន្តដែរ› នោះអ្វីៗក្នុងផ្លូវគាត់នឹងវិនាសហើយ។ ២០ ព្រះយេហូវ៉ានឹងមិនព្រមអភ័យទោសឲ្យគាត់ឡើយ។+ ផ្ទុយទៅវិញ ព្រះយេហូវ៉ាខឹងនឹងគាត់ជាខ្លាំង ហើយបណ្ដាសាទាំងប៉ុន្មានដែលបានត្រូវកត់ទុកក្នុងសៀវភៅនេះ នឹងធ្លាក់ទៅលើគាត់ជាមិនខាន។+ ព្រះយេហូវ៉ានឹងលុបឈ្មោះគាត់ចេញពីផែនដីជាប្រាកដ។ ២១ រួចមក ព្រះយេហូវ៉ានឹងញែកគាត់ចេញពីគ្រប់កុលសម្ព័ន្ធនៃអ៊ីស្រាអែល សម្រាប់ឲ្យរងទុក្ខវេទនាស្របតាមបណ្ដាសាទាំងប៉ុន្មានក្នុងកិច្ចព្រមព្រៀង ដែលបានត្រូវកត់ទុកក្នុងសៀវភៅក្រមច្បាប់នេះ។
២២ «ឯកូនចៅជំនាន់ក្រោយនិងជនបរទេសដែលមកពីកន្លែងឆ្ងាយ ពួកគេនឹងឃើញសេចក្ដីវេទនាដែលព្រះយេហូវ៉ាបណ្ដាលឲ្យមានលើទឹកដីនោះ។ ២៣ លោកនឹងធ្វើឲ្យមានស្ពាន់ធ័រ អំបិល និងភ្លើង ដើម្បីឲ្យស្រុកទាំងមូលគ្មានការដាំដុះ គ្មានការសាបព្រោះ ឬគ្មានរុក្ខជាតិណាឡើយ។ ព្រះយេហូវ៉ានឹងបំផ្លាញស្រុកនេះដូចជាលោកបំផ្លាញក្រុងសូដុម ក្រុងកូម៉ូរ៉ា+ ក្រុងអាត់ម៉ា និងក្រុងសេបោអីម+ដូច្នោះដែរ ពេលដែលលោកបញ្ចេញកំហឹងដ៏ខ្លាំងរបស់លោក។ ២៤ ពួកគេនិងប្រជាជាតិនានានឹងនិយាយថា៖ ‹ម្ដេចក៏ព្រះយេហូវ៉ាធ្វើដូច្នេះទៅលើស្រុកនេះ?+ តើអ្វីបណ្ដាលឲ្យលោកខឹងខ្លាំងដល់ថ្នាក់នេះ?›។ ២៥ រួចមក អ្នកទាំងនោះនឹងនិយាយថា៖ ‹នេះគឺដោយសារពួកគេបានបំពានកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា+ជាព្រះនៃបុព្វបុរសពួកគេ ជាកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងពួកគេ កាលដែលលោកបាននាំពួកគេចេញពីស្រុកអេហ្ស៊ីប។+ ២៦ ពួកគេបានទៅបម្រើដល់ព្រះឯទៀត ហើយក្រាបគោរពដល់ព្រះទាំងនោះវិញ ជាព្រះដែលពួកគេមិនដែលស្គាល់ពីមុនមកទេ។ លោកបានហាមពួកគេមិនឲ្យគោរពបូជាព្រះទាំងនោះជាដាច់ខាត។+ ២៧ ម្ល៉ោះហើយ ព្រះយេហូវ៉ាបានខឹងជាខ្លាំង ហើយលោកនាំឲ្យមានបណ្ដាសាគ្រប់យ៉ាងទៅលើស្រុកនោះ ដូចដែលបានត្រូវកត់ទុកក្នុងសៀវភៅនេះ។+ ២៨ ហេតុនេះ ដោយកំហឹងដ៏ខ្លាំងក្រៃលែង+ ព្រះយេហូវ៉ាបានដករំលើងពួកគេចេញពីទឹកដីនេះ ហើយលោកបានបណ្ដេញពួកគេទៅស្រុកផ្សេង ជាស្រុកដែលពួកគេរស់នៅសព្វថ្ងៃ›។+
២៩ «សេចក្ដីអាថ៌កំបាំងជារបស់ព្រះយេហូវ៉ាជាព្រះនៃយើង+ តែលោកបានបើកបង្ហាញឲ្យយើងនិងកូនចៅយើងបានយល់គ្រប់ជំនាន់តទៅ ដើម្បីឲ្យយើងអាចកាន់តាមសេចក្ដីទាំងប៉ុន្មាននៅក្នុងក្រមច្បាប់នេះ។+
៣០ «ពេលដែលពាក្យទាំងនេះកើតឡើងចំពោះអ្នក ពោលគឺពរនិងបណ្ដាសាដែលខ្ញុំបានឲ្យអ្នករាល់គ្នាជ្រើសរើសនៅថ្ងៃនេះ+ ហើយអ្នករាល់គ្នានឹកឃើញអ្វីទាំងនេះ+ក្នុងចំណោមប្រជាជាតិនានាដែលព្រះយេហូវ៉ាបណ្ដេញអ្នករាល់គ្នាឲ្យទៅរស់នៅ+ ២ រួចអ្នករាល់គ្នានិងកូនចៅរបស់អ្នករាល់គ្នាត្រឡប់មករកព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាវិញ+ ព្រមទាំងធ្វើតាមបង្គាប់ទាំងអស់របស់លោកដោយអស់ពីកម្លាំងកាយចិត្ត ជាបង្គាប់ដែលខ្ញុំប្រាប់អ្នករាល់គ្នានៅថ្ងៃនេះ+ ៣ នោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងរំដោះអ្នករាល់គ្នាពីការជាប់ជាឈ្លើយ។+ ព្រះយេហូវ៉ានឹងបង្ហាញសេចក្ដីមេត្តាករុណាចំពោះអ្នករាល់គ្នា+ ហើយថែមទាំងប្រមូលអ្នករាល់គ្នាពីស្រុកដែលលោកបានបណ្ដេញអ្នករាល់គ្នាឲ្យទៅរស់នៅ។+ ៤ ទោះបីអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅដល់ជើងមេឃក្ដី ក៏ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងប្រមូលអ្នករាល់គ្នាមកវិញដែរ។+ ៥ ព្រះយេហូវ៉ានឹងនាំអ្នករាល់គ្នាចូលទៅរស់នៅក្នុងទឹកដីដែលបុព្វបុរសរបស់អ្នករាល់គ្នាបានចាប់យក។ លោកនឹងធ្វើឲ្យអ្នករាល់គ្នាចម្រុងចម្រើន ហើយបង្កើនចំនួនអ្នករាល់គ្នាឲ្យច្រើនជាងបុព្វបុរសរបស់អ្នករាល់គ្នាទៅទៀត។+ ៦ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងសម្អាតចិត្ត*អ្នករាល់គ្នានិងចិត្តកូនចៅអ្នករាល់គ្នា+ ដើម្បីឲ្យអ្នករាល់គ្នាស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាអស់ពីកម្លាំងកាយចិត្ត ហើយដើម្បីឲ្យអ្នករាល់គ្នាអាចរស់រានមានជីវិត។+ ៧ ឯសត្រូវដែលស្អប់និងបៀតបៀនអ្នករាល់គ្នា ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងនាំបណ្ដាសាទាំងនេះធ្លាក់ទៅលើពួកគេវិញ។+
៨ «បន្ទាប់មក អ្នករាល់គ្នានឹងបែរមកស្ដាប់ព្រះយេហូវ៉ាវិញ ហើយកាន់តាមបញ្ញត្តិទាំងអស់របស់លោក ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។ ៩ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងធ្វើឲ្យអ្វីដែលអ្នករាល់គ្នាធ្វើ បានសម្រេចគ្រប់ប្រការ និងមានផលជាបរិបូរ។+ លោកនឹងធ្វើឲ្យអ្នករាល់គ្នាមានកូនចៅជាច្រើន ហើយហ្វូងសត្វរបស់អ្នករាល់គ្នានឹងកើនឡើង ព្រមទាំងផលដំណាំរបស់អ្នករាល់គ្នានឹងមានទិន្នផលខ្ពស់ ដោយសារព្រះយេហូវ៉ាពេញចិត្តជួយឲ្យអ្នករាល់គ្នាចម្រុងចម្រើនម្ដងទៀត ដូចដែលលោកពេញចិត្តជួយបុព្វបុរសរបស់អ្នករាល់គ្នាដែរ។+ ១០ ព្រោះអ្នករាល់គ្នានឹងស្ដាប់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា និងកាន់តាមច្បាប់និងបញ្ញត្តិរបស់លោកដែលមានក្នុងសៀវភៅច្បាប់នេះ ហើយអ្នករាល់គ្នានឹងត្រឡប់មករកព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាដោយអស់ពីចិត្ត អស់ពីជីវិត។*+
១១ «បញ្ញត្តិទាំងនេះដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ មិនមែនពិបាកពេក ហើយក៏មិននៅឆ្ងាយពីអ្នករាល់គ្នាដែរ+ ១២ គឺមិនមែននៅលើមេឃ រហូតដល់អ្នករាល់គ្នាត្រូវនិយាយថា៖ ‹តើនរណានឹងឡើងទៅលើមេឃយកបញ្ញត្តិនេះមកអានឲ្យយើងស្ដាប់ ដើម្បីឲ្យយើងអាចធ្វើតាមទៅ?›+ ១៣ ហើយក៏មិនមែននៅឯនាយសមុទ្រ រហូតដល់អ្នករាល់គ្នាត្រូវនិយាយថា៖ ‹តើនរណានឹងឆ្លងទៅយកបញ្ញត្តិនេះមកអានឲ្យយើងស្ដាប់ ដើម្បីឲ្យយើងអាចកាន់តាមបាន?›។ ១៤ ព្រោះបញ្ញត្តិនេះនៅជិតបង្កើយនឹងអ្នករាល់គ្នា គឺនៅក្នុងមាត់និងក្នុងចិត្តអ្នករាល់គ្នា+ ដើម្បីឲ្យអ្នករាល់គ្នាស្រួលធ្វើតាម។+
១៥ «មើល! នៅថ្ងៃនេះ ខ្ញុំដាក់ទាំងជីវិតនិងសេចក្ដីល្អ ទាំងសេចក្ដីស្លាប់និងសេចក្ដីអាក្រក់នៅមុខអ្នករាល់គ្នាហើយ។+ ១៦ បើអ្នករាល់គ្នាធ្វើតាមបញ្ញត្តិរបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ជាបញ្ញត្តិដែលខ្ញុំបង្គាប់នៅថ្ងៃនេះ ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ ដោយដើរតាមផ្លូវលោក ដោយកាន់ខ្ជាប់តាមច្បាប់និងបញ្ញត្តិ ព្រមទាំងក្រឹត្យក្រមទាំងប៉ុន្មានរបស់លោក នោះអ្នករាល់គ្នានឹងរស់រានមានជីវិត+ ហើយមានចំនួនច្រើនឡើងៗ។ លើសពីនេះទៅទៀត ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងឲ្យពរអ្នករាល់គ្នានៅក្នុងទឹកដីដែលអ្នករាល់គ្នាហៀបនឹងចូលទៅចាប់យក។+
១៧ «ប៉ុន្តែ បើអ្នករាល់គ្នាបែរចិត្ត+លែងស្ដាប់បង្គាប់លោក ហើយបណ្ដោយខ្លួនទៅក្រាបគោរពដល់ព្រះឯទៀត និងបម្រើព្រះទាំងនោះ+ ១៨ នោះខ្ញុំប្រាប់អ្នករាល់គ្នានៅថ្ងៃនេះថាអ្នករាល់គ្នានឹងវិនាសទៅជាមិនខាន។+ អ្នករាល់គ្នានឹងមិនរស់យូរអង្វែងក្នុងស្រុកដែលអ្នករាល់គ្នាហៀបឆ្លងទន្លេយ៉ូដាន់ចូលទៅចាប់យកនោះទេ។ ១៩ នៅថ្ងៃនេះ ខ្ញុំយកមេឃនិងដីធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នាថា ខ្ញុំបានដាក់ជីវិតនិងសេចក្ដីស្លាប់ ពរនិងបណ្ដាសានៅមុខអ្នករាល់គ្នាហើយ+ ដូច្នេះចូរជ្រើសយកជីវិតចុះ+ ដើម្បីអ្នករាល់គ្នានិងកូនចៅរបស់អ្នករាល់គ្នាអាចរស់រានមានជីវិត។+ ២០ ហេតុនេះ ចូរស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ ព្រមទាំងស្ដាប់តាមលោក និងនៅជាប់ជាមួយលោកជានិច្ច+ ព្រោះព្រះយេហូវ៉ាជាជីវិតរបស់អ្នករាល់គ្នា ហើយលោកនឹងឲ្យអ្នករាល់គ្នារស់នៅយូរអង្វែងក្នុងស្រុកដែលលោកបានស្បថនឹងអាប្រាហាំ អ៊ីសាក និងយ៉ាកុបជាបុព្វបុរសអ្នករាល់គ្នា»។+
៣១ ក្រោយនោះ ម៉ូសេបានចេញទៅប្រាប់បណ្ដាជនអ៊ីស្រាអែលទាំងអស់ ២ នូវពាក្យដូចតទៅថា៖ «ថ្ងៃនេះខ្ញុំមានអាយុ១២០ឆ្នាំហើយ+ ខ្ញុំមិនអាចដឹកនាំអ្នករាល់គ្នាទៀតទេ ព្រោះព្រះយេហូវ៉ាបានប្រាប់ខ្ញុំថា៖ ‹អ្នកមិនអាចឆ្លងទន្លេយ៉ូដាន់នេះឡើយ›។+ ៣ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងឆ្លងនាំមុខអ្នករាល់គ្នា ហើយលោកនឹងបំផ្លាញប្រជាជាតិនានាដែលនៅមុខអ្នករាល់គ្នា រួចអ្នករាល់គ្នានឹងបណ្ដេញពួកគេចេញ។+ ឯយ៉ូស្វេវិញ គាត់នឹងនាំមុខអ្នករាល់គ្នាឆ្លងទន្លេយ៉ូដាន់នេះ+ តាមប្រសាសន៍របស់ព្រះយេហូវ៉ា។ ៤ ព្រះយេហូវ៉ានឹងធ្វើទៅលើប្រជាជាតិទាំងនេះ ដូចលោកបានធ្វើទៅលើស៊ីហុន+និងអុក+ជាស្ដេចជនជាតិអាម៉ូរី ព្រមទាំងទៅលើស្រុករបស់ពួកគេដែរ កាលដែលលោកបំផ្លាញពួកគេ។+ ៥ ព្រះយេហូវ៉ានឹងច្បាំងជាមួយពួកគេជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវធ្វើទៅលើពួកគេស្របតាមការណែនាំក្នុងក្រមច្បាប់ដែលខ្ញុំបានឲ្យដល់អ្នករាល់គ្នា។+ ៦ ចូរមានចិត្តក្លាហានហើយខ្លាំងក្លាឡើង។+ កុំភ័យខ្លាចឬតក់ស្លុតនៅចំពោះមុខពួកគេឡើយ+ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា លោកទៅជាមួយនឹងអ្នករាល់គ្នាហើយ។ លោកមិនទុកអ្នករាល់គ្នាចោលទេ ហើយក៏មិនបោះបង់អ្នករាល់គ្នាដែរ»។+
៧ បន្ទាប់មក ម៉ូសេបានហៅយ៉ូស្វេមកជួប ហើយនិយាយទៅកាន់គាត់នៅមុខបណ្ដាជនអ៊ីស្រាអែលទាំងអស់ថា៖ «ចូរមានចិត្តក្លាហានហើយខ្លាំងក្លាឡើង+ ព្រោះអ្នកនឹងនាំមុខបណ្ដាជនចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថឲ្យដល់បុព្វបុរសយើង ហើយអ្នកត្រូវប្រគល់ទឹកដីនោះដល់ពួកគេទុកជាមត៌ក។+ ៨ ព្រះយេហូវ៉ានឹងនាំមុខអ្នក លោកនឹងនៅជាមួយអ្នកជានិច្ច។+ លោកនឹងមិនទុកអ្នកចោលទេ ហើយក៏មិនបោះបង់អ្នកដែរ។ ដូច្នេះ កុំភ័យខ្លាចឬតក់ស្លុតឡើយ»។+
៩ ក្រោយមក ម៉ូសេបានកត់ទុកក្រមច្បាប់នេះ+ រួចប្រគល់ដល់ពួកសង្ឃ និងពួកលេវីដែលជាអ្នកសែងហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា ព្រមទាំងដល់ពួកបុរសចាស់ទុំជនជាតិអ៊ីស្រាអែលទាំងអស់។ ១០ បន្ទាប់មក ម៉ូសេបង្គាប់ពួកគេថា៖ «នៅរៀងរាល់ចុងឆ្នាំទី៧ នាគ្រាកំណត់ក្នុងឆ្នាំនៃការដោះលែង+ គឺក្នុងអំឡុងពេលបុណ្យខ្ទម*+ ១១ ពេលដែលបណ្ដាជនអ៊ីស្រាអែលទាំងអស់បង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ា+ជាព្រះនៃអ្នករាល់គ្នា នៅកន្លែងដែលលោកជ្រើសរើស នោះអ្នករាល់គ្នាត្រូវអានក្រមច្បាប់នេះឲ្យបណ្ដាជនទាំងអស់ស្ដាប់។+ ១២ ចូរប្រមូលបណ្ដាជនទាំងអស់ឲ្យមកជួបជុំគ្នា+ គឺទាំងបុរស ទាំងស្ត្រី ទាំងកូនក្មេង និងជនបរទេសដែលរស់នៅក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នា ដើម្បីឲ្យពួកគេអាចស្ដាប់និងរៀនអំពីព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ហើយកោតខ្លាចលោក និងដើម្បីឲ្យពួកគេកាន់ខ្ជាប់តាមពាក្យទាំងប៉ុន្មានដែលមានក្នុងក្រមច្បាប់នេះ។ ១៣ យ៉ាងនេះ កូនចៅរបស់ពួកគេដែលមិនស្គាល់ក្រមច្បាប់នេះ នឹងអាចស្ដាប់+ហើយរៀនកោតខ្លាចព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា នៅគ្រប់វេលាដែលអ្នករាល់គ្នារស់នៅក្នុងស្រុកដែលអ្នករាល់គ្នាឆ្លងទន្លេយ៉ូដាន់ចូលទៅចាប់យកនោះ»។+
១៤ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «មើល! ជិតដល់ពេលដែលអ្នកត្រូវស្លាប់ហើយ។+ ចូរហៅយ៉ូស្វេមក ហើយអ្នកនិងគាត់ត្រូវទៅបង្ហាញខ្លួននៅឯត្រសាលជំនុំ ដើម្បីឲ្យខ្ញុំតែងតាំងគាត់»។+ ដូច្នេះ ម៉ូសេនិងយ៉ូស្វេក៏ទៅបង្ហាញខ្លួននៅឯត្រសាលជំនុំតាមបង្គាប់លោក។ ១៥ ពេលនោះ ព្រះយេហូវ៉ាបានលេចមកនៅឯត្រសាលជំនុំក្នុងបង្គោលពពក ហើយបង្គោលពពកនោះស្ថិតនៅឯមាត់ទ្វារត្រសាលជំនុំ។+
១៦ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «មើល! អ្នកហៀបនឹងស្លាប់ហើយ។ ក្រោយមក បណ្ដាជននេះនឹងចាប់ផ្ដើមប្រព្រឹត្តមិនស្មោះត្រង់* ដោយគោរពបូជាដល់ព្រះរបស់ពួកអ្នកស្រុកដែលនៅជុំវិញពួកគេ ជាស្រុកដែលពួកគេនឹងចូលទៅរស់នៅនោះ។+ ពួកគេនឹងបោះបង់ចោលខ្ញុំ+ ហើយថែមទាំងបំពានកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងពួកគេទៀតផង។+ ១៧ នៅគ្រានោះ ខ្ញុំនឹងបញ្ចេញកំហឹងទៅលើពួកគេ+ ហើយខ្ញុំនឹងបោះបង់ចោលពួកគេ+ ព្រមទាំងបែរមុខចេញពីពួកគេ+ រហូតដល់ពួកគេត្រូវបំផ្លាញចោលអស់ទៅ។ ក្រោយពីពួកគេរងទុក្ខវេទនានិងមានសេចក្ដីលំបាកជាច្រើន+ ពួកគេនឹងនាំគ្នានិយាយថា៖ ‹យើងមានសេចក្ដីវេទនាបែបនេះ គឺដោយសារតែព្រះរបស់យើងមិននៅជាមួយនឹងយើង មែនទេ?›។+ ១៨ ទោះជាយ៉ាងនោះក៏ដោយ ក៏ខ្ញុំនៅតែបែរមុខចេញពីពួកគេដដែល ព្រោះតែអំពើទុច្ចរិតសព្វបែបយ៉ាងដែលពួកគេបានធ្វើ កាលដែលពួកគេគោរពតាមព្រះឯទៀត។+
១៩ «ឥឡូវ ចូរកត់ចម្រៀងនេះទុកសម្រាប់ខ្លួន+ ហើយបង្រៀនដល់បណ្ដាជនអ៊ីស្រាអែល។+ ចូរឲ្យពួកគេរៀនចម្រៀងនេះ ព្រោះចម្រៀងនេះនឹងរំលឹកពួកគេថាការមិនស្ដាប់បង្គាប់ខ្ញុំនឹងមានលទ្ធផលយ៉ាងណា។+ ២០ កាលណាខ្ញុំនាំពួកគេចូលទៅក្នុងស្រុកដែលខ្ញុំបានស្បថនឹងបុព្វបុរសរបស់ពួកគេ+ ជាស្រុកដែលមានទឹកដោះនិងទឹកឃ្មុំសម្បូរហូរហៀរ+ ហើយកាលណាពួកគេបរិភោគឆ្អែតស្កប់ស្កល់និងមានភាពចម្រុងចម្រើនហើយ+ នោះពួកគេនឹងបែរទៅរកព្រះឯទៀត ថែមទាំងបម្រើព្រះទាំងនោះវិញ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេនឹងប្រព្រឹត្តដោយមិនគោរពចំពោះខ្ញុំ ថែមទាំងបំពានកិច្ចព្រមព្រៀងរបស់ខ្ញុំទៀតផង។+ ២១ ពេលដែលពួកគេជួបទុក្ខវេទនានិងការលំបាកជាច្រើន+ ចម្រៀងនេះនឹងរំលឹកពួកគេអំពីការព្រមានរបស់ខ្ញុំ (កូនចៅរបស់ពួកគេមិនត្រូវភ្លេចចម្រៀងនេះឡើយ)។ ព្រោះខ្ញុំដឹងរួចហើយថាពួកគេមានទំនោរចិត្តបែបណា+ សូម្បីតែមុនពេលខ្ញុំនាំពួកគេចូលក្នុងស្រុកដែលខ្ញុំបានសន្យាទៅទៀត»។
២២ ដូច្នេះ នៅថ្ងៃនោះឯងម៉ូសេបានកត់ទុកចម្រៀងនោះ ហើយបង្រៀនដល់បណ្ដាជនអ៊ីស្រាអែល។
២៣ បន្ទាប់មក លោក*បានតែងតាំងយ៉ូស្វេ+ដែលជាកូននុន ហើយប្រាប់ថា៖ «ចូរមានចិត្តក្លាហានហើយខ្លាំងក្លាឡើង+ ព្រោះអ្នកនឹងនាំមុខបណ្ដាជនចូលទៅក្នុងស្រុកដែលខ្ញុំបានស្បថឲ្យដល់ពួកគេ+ ហើយខ្ញុំនឹងនៅជាមួយនឹងអ្នកជានិច្ច»។
២៤ ក្រោយពីម៉ូសេកត់ទុកក្រមច្បាប់នេះក្នុងសៀវភៅរួចរាល់ហើយ+ ២៥ គាត់បានបង្គាប់ពួកលេវីដែលសែងហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាថា៖ ២៦ «ចូរយកសៀវភៅច្បាប់នេះ+ទៅដាក់នៅក្បែរហឹប+នៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាទៅ ហើយវានឹងធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នា។ ២៧ ព្រោះខ្ញុំដឹងថាអ្នករាល់គ្នាជាមនុស្សបះបោរប្រឆាំង+និងរឹងរូសខ្លាំងណាស់។+ មើល! កាលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ អ្នករាល់គ្នាបះបោរប្រឆាំងនឹងព្រះយេហូវ៉ាប៉ុណ្ណឹងហើយ ចុះទម្រាំដល់ពេលខ្ញុំស្លាប់អ្នករាល់គ្នានឹងបះបោរប្រឆាំងខ្លាំងយ៉ាងណាទៅ! ២៨ ចូរហៅពួកបុរសចាស់ទុំទាំងអស់ពីគ្រប់កុលសម្ព័ន្ធ រួមទាំងពួកមេដឹកនាំឲ្យមកជួបខ្ញុំ។ ខ្ញុំនឹងប្រាប់ពាក្យទាំងនេះដល់ពួកគេ ហើយខ្ញុំនឹងយកមេឃនិងដីធ្វើជាសាក្សីទាស់នឹងពួកគេ។+ ២៩ ព្រោះខ្ញុំដឹងហើយថា ក្រោយពីខ្ញុំស្លាប់ទៅអ្នករាល់គ្នានឹងប្រព្រឹត្តអំពើទុច្ចរិតជាក់ជាមិនខាន។+ អ្នករាល់គ្នានឹងបែរចេញពីផ្លូវដែលខ្ញុំបានបង្រៀនអ្នករាល់គ្នា។ នៅថ្ងៃមុខអ្នករាល់គ្នានឹងជួបទុក្ខវេទនា+ ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្ត ហើយថែមទាំងធ្វើឲ្យលោកខឹងតាមរយៈការដែលអ្នករាល់គ្នាបានធ្វើទៀតផង»។
៣០ ក្រោយពីពួកជំនុំអ៊ីស្រាអែលទាំងមូលជួបជុំគ្នាហើយ ម៉ូសេក៏ប្រាប់ពាក្យពេចន៍ក្នុងចម្រៀងនេះដល់ពួកគេពីដើមរហូតដល់ចប់។ ចម្រៀងនេះមានដូចតទៅ៖+
៣២ «ឱមេឃអើយ! ចូរផ្ទៀងត្រចៀកស្ដាប់ខ្ញុំថ្លែង
ឱផែនដីអើយ! ចូរស្ដាប់ពាក្យចេញពីមាត់ខ្ញុំចុះ។
២ ដំបូន្មានខ្ញុំនឹងធ្លាក់មកដូចជាទឹកភ្លៀង
សម្ដីខ្ញុំនឹងស្រក់ចុះដូចជាទឹកសន្សើម គឺដូចជាភ្លៀងរលឹមធ្លាក់លើវាលស្មៅ
និងដូចជាភ្លៀងមួយមេស្រោចស្រពរុក្ខជាតិ។
៣ ខ្ញុំនឹងប្រកាសអំពីនាមរបស់ព្រះយេហូវ៉ា។+
ចូរប្រាប់អំពីភាពឧត្តុង្គឧត្តមរបស់ព្រះនៃយើង!+
៤ លោកជាថ្មដា កិច្ចការរបស់លោកគឺល្អឥតខ្ចោះ+
ព្រោះគ្រប់ទាំងផ្លូវរបស់លោកសុទ្ធតែយុត្តិធម៌។+
ព្រះនៃសេចក្ដីស្មោះត្រង់+ មិនដែលប្រព្រឹត្តដោយអយុត្តិធម៌ឡើយ+
លោកគឺសុចរិតនិងទៀងត្រង់ជានិច្ច។+
៥ ឯពួកគេវិញ ពួកគេបានប្រព្រឹត្តដោយខូចអាក្រក់។+
ពួកគេមិនមែនជាកូនរបស់លោកទេ តែដោយសារកំហុសខ្លួនគេវិញ។+
ពួកគេជាជំនាន់មនុស្សវៀចវេរនិងមិនទៀងត្រង់!+
៦ ឱមនុស្សល្ងីល្ងើឥតប្រាជ្ញាអើយ!+
តើអ្នកគួរប្រព្រឹត្តបែបនេះទៅលើព្រះយេហូវ៉ាឬ?+
លោកជាបិតាដែលបានបង្កើតអ្នក+
និងបានសូនអ្នកឡើង ហើយតាំងអ្នកឲ្យរឹងមាំ មែនទេ?
៧ ចូរនឹកឃើញនូវគ្រាមុនៗ
ហើយពិចារណាអំពីសម័យកាលដែលបានកន្លងទៅ។
ចូរសួរឪពុកអ្នកចុះ គាត់អាចប្រាប់អ្នកបាន+
ចូរសួរបុរសចាស់ទុំចុះ ពួកគាត់នឹងរ៉ាយរ៉ាប់ប្រាប់។
៨ ពេលដែលព្រះដ៏ខ្ពង់ខ្ពស់បំផុតប្រគល់ទឹកដីឲ្យប្រជាជាតិនានា+
និងពេលលោកញែកកូនចៅអាដាម*ចេញពីគ្នា+
នោះលោកកំណត់ព្រំដែនឲ្យប្រជាជាតិទាំងនោះ+
ដោយគិតតាមចំនួនកូនចៅអ៊ីស្រាអែល។+
១០ លោកបានរកឃើញគាត់នៅទីហួតហែង+ ជាតំបន់ស្ងាត់ជ្រងំធំល្វឹងល្វើយ។+
លោកបានបីបាច់ថែរក្សាគាត់ជានិច្ច+ថែមទាំងការពារគាត់ដូចជាប្រស្រីភ្នែក។+
១១ ដូចសត្វឥន្ទ្រីបង្រៀនកូនឲ្យចេះហើរ វាហោះក្រឡឹងជុំវិញកូន
ហើយត្រដាងស្លាបចាំទ្រកូន រួចដាក់កូនលើចំអេងស្លាប+
១២ មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលដឹកនាំគាត់*+គ្មានព្រះណាទៀតឡើយ។+
លោកឲ្យទឹកឃ្មុំពីផ្ទាំងថ្មជាអាហារ ថែមទាំងប្រេងពីថ្មដា
១៤ ព្រមទាំងខ្លាញ់ទឹកដោះពីហ្វូងគោ និងទឹកដោះពីហ្វូងចៀម។
លោកផ្ដល់ចៀមល្អបំផុត រួមជាមួយចៀមឈ្មោលពីតំបន់បាសាននិងពពែឈ្មោល។
លោកផ្គត់ផ្គង់ស្រូវល្អបំផុត+ ថែមទាំងឲ្យស្រាដែលធ្វើពីទឹកទំពាំងបាយជូរទៀតផង។
១៥ ពេលយេសឺរុន*ធំធាត់ គាត់បានបះបោរប្រឆាំងហើយទាត់ម្ចាស់ឯង។
អ្នករាល់គ្នាបានឡើងសាច់ ហើយធំធាត់ ថែមទាំងមាំមួន។+
ដូច្នេះគាត់បោះបង់ចោលព្រះដែលបានបង្កើតគាត់+
ហើយមើលងាយថ្មដានៃសេចក្ដីសង្គ្រោះរបស់គាត់។
១៦ ពួកគេបានធ្វើឲ្យលោកខឹងដោយកាន់តាមព្រះដទៃ+
ហើយនាំឲ្យលោកក្រោធដោយសារអ្វីដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ។+
១៧ ពួកគេបានជូនគ្រឿងបូជាដល់ពួកវិញ្ញាណកំណាចមិនមែនដល់ព្រះពិតឡើយ+ តែដល់ព្រះនានាដែលពួកគេមិនដែលស្គាល់
គឺជាព្រះថ្មីៗដែលទើបតែមាន ជាព្រះដែលបុព្វបុរសពួកគេមិនធ្លាប់ឮឡើយ។
១៨ អ្នករាល់គ្នាមិនបានចងចាំព្រះដែលបានផ្ដល់កំណើតដល់អ្នករាល់គ្នាទេ+
តែបែរជាភ្លេចលោកជាថ្មដា+ ដែលជាឪពុករបស់អ្នករាល់គ្នាទៅវិញ។
១៩ ពេលព្រះយេហូវ៉ាឃើញដូច្នេះ លោកបានបដិសេធពួកគេ។+
ព្រោះកូនប្រុសកូនស្រីរបស់លោកបានធ្វើឲ្យលោកខឹង។
២០ ហេតុនេះ លោកមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងបែរមុខចេញពីពួកគេ+
ខ្ញុំនឹងចាំមើលថាពួកគេនឹងទៅជាយ៉ាងណា។
ពួកគេជាជំនាន់មនុស្សវៀចវេរ+ជាកូនចៅដែលគ្មានសេចក្ដីស្មោះត្រង់ទាល់តែសោះ។+
២១ ពួកគេបានធ្វើឲ្យខ្ញុំខឹងជាខ្លាំង ដោយសារតែព្រះមិនពិត+
ពួកគេបាននាំឲ្យខ្ញុំទាស់ចិត្ត ព្រោះតែរូបព្រះដែលឥតប្រយោជន៍។+
ដូច្នេះ ខ្ញុំនឹងធ្វើឲ្យពួកគេច្រណែន ដោយសារតែមនុស្សឥតបានការ+
ថែមទាំងធ្វើឲ្យពួកគេខឹង ដោយសារតែប្រជាជាតិល្ងីល្ងើ។+
២២ ព្រោះកំហឹងរបស់ខ្ញុំប្រៀបដូចជាភ្លើង+
ដែលឆាបឆេះដល់ទីបញ្ចុះសព*ជ្រៅបំផុត+
ហើយធ្វើឲ្យផែនដីនិងភោគផលទាំងប៉ុន្មានវិនាសអស់ទៅ
ថែមទាំងឆាបឆេះដល់គ្រឹះនៃភ្នំនានា។
២៣ ខ្ញុំនឹងបណ្ដាលឲ្យពួកគេមានទុក្ខវេទនាកាន់តែច្រើន
ខ្ញុំនឹងបាញ់ព្រួញទាល់តែអស់ទៅលើពួកគេ។
២៤ ពួកគេនឹងល្ហិតល្ហៃទៅដោយការអត់ឃ្លាន+
ជំងឺគ្រុនក្ដៅនឹងឆក់យកពួកគេទៅ ហើយពួកគេនឹងរងការបំផ្លាញយ៉ាងខ្លាំង។+
ខ្ញុំនឹងបណ្ដាលឲ្យសត្វព្រៃទៅត្របាក់ពួកគេ+
ថែមទាំងឲ្យពស់មានពិសវារទៅចឹកពួកគេដែរ។
២៥ នៅក្រៅផ្ទះ ដាវនឹងពង្រាត់ពួកគេ។+ នៅក្នុងផ្ទះ ពួកគេនឹងភ័យរន្ធត់+
គឺទាំងបុរសវ័យក្មេង ទាំងស្ត្រីក្រមុំបរិសុទ្ធ ទាំងទារក ទាំងមនុស្សវ័យចាស់។+
២៦ ការពិត ខ្ញុំគួរនិយាយថា៖ «ខ្ញុំនឹងកម្ចាត់កម្ចាយពួកគេ
ខ្ញុំនឹងធ្វើឲ្យពួកគេសាបសូន្យទៅ នឹងគ្មាននរណានឹកឃើញពួកគេទៀតឡើយ»។
២៧ ប៉ុន្តែ ខ្ញុំខ្លាចថាសត្រូវនឹងមើលងាយ+ ហើយយល់ច្រឡំថា៖+
«យើងឈ្នះដោយសារតែយើងខ្លាំងក្លា+ មិនមែនមកពីព្រះយេហូវ៉ានោះទេ»។
២៨ ព្រោះពួកគេជាប្រជាជាតិមួយដែលឥតវិចារណញ្ញាណ* និងគ្មានការយល់ដឹងសោះឡើយ។+
២៩ បើពួកគេជាមនុស្សឈ្លាសវៃមែន+ ពួកគេមុខជាចេះពិចារណាហើយ!+
ពួកគេច្បាស់ជាគិតអំពីលទ្ធផលរបស់ខ្លួនមិនខាន។+
៣០ តើឲ្យមនុស្សម្នាក់ដេញតាមមនុស្ស១.០០០នាក់ម្ដេចនឹងបាន?
តើឲ្យមនុស្ស២នាក់ច្បាំងឈ្នះមនុស្ស១០.០០០នាក់ម្ដេចនឹងបានទៅ?+
លុះត្រាតែព្រះយេហូវ៉ាដែលជាថ្មដាបានលក់ពួកគេ+
ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃពួកសត្រូវប៉ុណ្ណោះ។
៣១ ព្រោះថ្មដារបស់យើងខ្លាំងជាងថ្មដារបស់ពួកគេ+
សូម្បីតែសត្រូវយើងក៏ទទួលស្គាល់ការពិតនេះដែរ។+
៣២ ពួកគេប្រៀបដូចជាវល្លិទំពាំងបាយជូរមកពីក្រុងសូដុម និងមកពីចម្ការក្នុងក្រុងកូម៉ូរ៉ា។+
ផ្លែទំពាំងបាយជូររបស់ពួកគេជាផ្លែពុល ហើយចង្កោមផ្លែក៏ល្វីងដែរ។+
៣៣ ស្រាទំពាំងបាយជូររបស់ពួកគេប្រៀបដូចជាពិសពស់ ជាពិសដ៏សាហាវរបស់ពស់វែក។
៣៤ ការប្រព្រឹត្តទាំងអស់របស់ពួកគេ ខ្ញុំបានកត់ទុករួចបិទត្រា
ហើយរក្សាទុកក្នុងឃ្លាំងរបស់ខ្ញុំ។+
៣៥ ការតបតនិងការសងសឹកជារបស់ខ្ញុំ+
នៅពេលកំណត់ ពួកគេនឹងរអិលដួល+
ព្រោះថ្ងៃអន្តរាយរបស់ពួកគេជិតមកដល់ហើយ
គឺថ្ងៃដែលពួកគេត្រូវវិនាសនឹងមកជាប្រញាប់›។
៣៦ ព្រោះព្រះយេហូវ៉ានឹងវិនិច្ឆ័យរាស្ត្ររបស់លោក+
ពេលលោកឃើញអ្នកបម្រើលោកចុះខ្សោយ
មានតែអ្នកតូចទាបនិងទន់ខ្សោយប៉ុណ្ណោះដែលនៅសល់។
៣៧ បន្ទាប់មក លោកនឹងសួរថា៖ ‹តើបណ្ដាព្រះរបស់ពួកគេនៅឯណា?+
តើថ្មដាដែលពួកគេពឹងជ្រកនៅឯណា?
៣៨ ព្រះដែលធ្លាប់បរិភោគខ្លាញ់នៃគ្រឿងបូជា*
និងផឹកស្រាទំពាំងបាយជូរដែលពួកគេជូន តើព្រះទាំងនោះនៅឯណា?+
ចូរឲ្យព្រះទាំងនោះក្រោកឡើង ហើយជួយអ្នករាល់គ្នាចុះ។
ចូរយកព្រះទាំងនោះជាទីពឹងជ្រកទៅ។
៣៩ មើល! គឺខ្ញុំនេះហើយជាព្រះ+ ក្រៅពីខ្ញុំគ្មានព្រះណាទៀតទេ។+
ខ្ញុំអាចធ្វើឲ្យស្លាប់ និងអាចធ្វើឲ្យរស់។+
ខ្ញុំអាចធ្វើឲ្យរបួស+ និងអាចធ្វើឲ្យជាសះស្បើយ+
ហើយគ្មាននរណាអាចសង្គ្រោះពីដៃខ្ញុំបានឡើយ។+
៤០ ព្រោះខ្ញុំដែលរស់ជារៀងរហូត ខ្ញុំលើកដៃឡើង
ហើយស្បថដោយខ្លួនខ្ញុំផ្ទាល់ថា+
៤១ បើខ្ញុំសំលៀងដាវដ៏ភ្លឺរលោងរបស់ខ្ញុំ ហើយត្រៀមធ្វើការវិនិច្ឆ័យ+
នោះខ្ញុំនឹងសងសឹកពួកសត្រូវរបស់ខ្ញុំ+ ហើយតបតនឹងពួកអ្នកដែលស្អប់ខ្ញុំជាមិនខាន។
៤២ ព្រួញរបស់ខ្ញុំនឹងផឹកឈាមសត្រូវរហូតដល់ស្រវឹង
គឺឈាមរបស់អ្នកស្លាប់ និងឈាមរបស់ពួកឈ្លើយ។
ដាវរបស់ខ្ញុំនឹងស៊ីសាច់របស់ពួកសត្រូវ និងកាត់ក្បាលពួកមេដឹកនាំរបស់ពួកគេ›។
៤៣ ឱប្រជាជាតិទាំងឡាយអើយ! ចូរអរសប្បាយជាមួយនឹងរាស្ត្ររបស់លោកចុះ+
ព្រោះលោកនឹងសងសឹកពួកអ្នកដែលសម្លាប់អ្នកបម្រើលោក+
ហើយលោកតបតនឹងពួកសត្រូវវិញ+
ថែមទាំងធ្វើឲ្យស្រុករបស់រាស្ត្រលោករួចពីភាពខុសឆ្គងផង»។*
៤៤ យ៉ាងនេះ ម៉ូសេនិងហូស៊ា*+ជាកូននុនបានថ្លែងប្រាប់ពាក្យពេចន៍ចម្រៀងនេះឲ្យបណ្ដាជនស្ដាប់។+ ៤៥ ក្រោយពីម៉ូសេរៀបរាប់ពាក្យទាំងអស់ដល់បណ្ដាជនអ៊ីស្រាអែលហើយ ៤៦ គាត់ប្រាប់ពួកគេថា៖ «ចូរចាំទុកក្នុងចិត្តនូវពាក្យទាំងអស់ដែលខ្ញុំព្រមានអ្នករាល់គ្នានៅថ្ងៃនេះ+ ដើម្បីអ្នករាល់គ្នាអាចទូន្មានប្រដៅដល់កូនចៅខ្លួន ឲ្យកាន់ខ្ជាប់តាមគ្រប់ទាំងសេចក្ដីក្នុងក្រមច្បាប់នេះ។+ ៤៧ ព្រោះពាក្យទាំងនេះមិនមែនឥតប្រយោជន៍សម្រាប់អ្នករាល់គ្នាទេ តែជួយឲ្យអ្នករាល់គ្នាបានជីវិតវិញ។+ បើអ្នករាល់គ្នាធ្វើតាមពាក្យទាំងនេះ នោះអ្នករាល់គ្នានឹងរស់នៅជាយូរអង្វែងក្នុងស្រុក ដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ៉ូដាន់ចូលទៅចាប់យកនោះ»។
៤៨ នៅថ្ងៃដដែលនោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ៤៩ «ចូរឡើងទៅលើភ្នំនេបូរ+នៅតំបន់ភ្នំអាបារីម+ ដែលស្ថិតនៅក្នុងស្រុកម៉ូអាប់ ទល់មុខនឹងក្រុងយេរីខូ។ នៅទីនោះ ចូរមើលទៅស្រុកកាណានចុះ ជាស្រុកដែលខ្ញុំនឹងប្រគល់ឲ្យបណ្ដាជនអ៊ីស្រាអែលទុកជាមត៌ក។+ ៥០ បន្ទាប់មក អ្នកនឹងស្លាប់នៅលើភ្នំនោះ ហើយទៅឯបុព្វបុរសរបស់អ្នក* ដូចអេរ៉ុនបងអ្នកបានស្លាប់នៅលើភ្នំហ័រ+ ហើយទៅឯបុព្វបុរសគាត់ដែរ។ ៥១ ព្រោះកាលនៅតំបន់កាដេសក្នុងតំបន់ស្ងាត់ជ្រងំស៊ីង អ្នកទាំងពីរបានប្រព្រឹត្តមិនស្មោះត្រង់ចំពោះខ្ញុំ ដោយមិនលើកកិត្តិយសខ្ញុំនៅមុខបណ្ដាជនអ៊ីស្រាអែល+ ស្ដីអំពីទឹកមេរីបាទេ។+ ៥២ អ្នកនឹងមើលឃើញស្រុកនោះពីចម្ងាយ តែមិនអាចចូលទៅក្នុងស្រុកដែលខ្ញុំនឹងប្រគល់ឲ្យបណ្ដាជនអ៊ីស្រាអែលឡើយ»។+
៣៣ មុននឹងម៉ូសេជាតំណាងព្រះពិតបានស្លាប់ គាត់បានជូនពរដល់បណ្ដាជនអ៊ីស្រាអែល។+ ២ គាត់បាននិយាយថា៖
«ព្រះយេហូវ៉ាបានមកពីភ្នំស៊ីណាយ+
ហើយលោកបានបញ្ចេញពន្លឺទៅលើពួកគេពីភ្នំសៀ។
សិរីរុងរឿងលោកបានចេញពីតំបន់ភ្នំប៉ារ៉ាន+
ដោយមានទេវតាបរិសុទ្ធច្រើនអនេក*នៅជាមួយលោក+
នៅខាងស្ដាំដៃលោកមានពលទ័ពដ៏ខ្លាំងក្លា។+
៣ លោកមានមនោសញ្ចេតនាជ្រាលជ្រៅចំពោះរាស្ត្រលោក+
ពួកអ្នកបរិសុទ្ធទាំងអស់របស់ពួកគេគឺនៅក្នុងដៃលោកហើយ។+
៤ (ម៉ូសេបានឲ្យច្បាប់+ដល់យើងទុកជាទ្រព្យដល់ពួកជំនុំយ៉ាកុប)។+
៥ លោកបានធ្វើជាស្ដេចលើយេសឺរុន*+
គឺកាលដែលពួកមេដឹកនាំលើបណ្ដាជនបានមកជួបជុំគ្នា+
ជាមួយនឹងកុលសម្ព័ន្ធទាំងអស់នៃអ៊ីស្រាអែល។+
៧ ចំពោះយូដា+ គាត់បាននិយាយថា៖
«ឱព្រះយេហូវ៉ាអើយ! សូមស្ដាប់យូដាផង+
សូមលោកនាំគាត់ត្រឡប់មកឯរាស្ត្រលោកវិញ។
គាត់លើកដៃការពារអ្វីដែលជាកម្មសិទ្ធិរបស់គាត់
ហើយសូមលោកជួយគាត់ច្បាំងឈ្នះពួកសត្រូវគាត់ផង»។+
៨ ចំពោះលេវី គាត់និយាយថា៖+
«យូរីមនិងធូមីម+ដែលជារបស់ព្រះ នឹងទៅជាកម្មសិទ្ធិរបស់អ្នកដែលមានភក្ដីភាពចំពោះលោក+
គឺអ្នកដែលលោកបានល្បងលនៅឯម៉ាសារ។+
លោកបានតតាំងនឹងគាត់នៅក្បែរទឹកមេរីបា+
៩ គឺអ្នកដែលនិយាយទៅកាន់ឪពុកម្ដាយគាត់ថា៖ ‹ខ្ញុំមិនអើពើនឹងពួកគាត់ទេ›។
គាត់មិនទទួលស្គាល់បងប្អូនគាត់ទេ+ ហើយក៏មិនខ្វល់នឹងកូនរបស់ខ្លួនដែរ។
ព្រោះគាត់បានកាន់តាមបណ្ដាំរបស់លោក ហើយធ្វើតាមកិច្ចព្រមព្រៀងរបស់លោក។+
១០ សូមឲ្យពួកគេបង្ហាត់បង្រៀនយ៉ាកុបតាមក្រឹត្យក្រមរបស់លោក+
ហើយបង្រៀនអ៊ីស្រាអែលតាមច្បាប់របស់លោក។+
សូមឲ្យពួកគេដុតគ្រឿងក្រអូបទុកជាក្លិនឈ្ងុយដល់លោក+
ព្រមទាំងដុតគ្រឿងបូជាទាំងមូល ជូននៅលើទីបូជារបស់លោកផងដែរ។+
១១ ឱព្រះយេហូវ៉ាអើយ! សូមឲ្យពរគាត់មានកម្លាំងមាំមួន
ហើយសូមលោកពេញចិត្តនឹងស្នាដៃរបស់គាត់។
សូមលោកបំបាក់ជើងពួកអ្នកដែលក្រោកឡើងទាស់នឹងគាត់
ដើម្បីកុំឲ្យពួកអ្នកដែលស្អប់គាត់ មកប្រឆាំងនឹងគាត់ទៀត»។
១២ ចំពោះបេនយ៉ាមីន គាត់និយាយថា៖+
«សូមឲ្យអ្នកដែលព្រះយេហូវ៉ាស្រឡាញ់ រស់នៅដោយសុខសាន្តនៅក្បែរគាត់។*
កាលដែលគាត់*ជាម្លប់ដល់អ្នកនោះពេញមួយថ្ងៃ
អ្នកនោះនឹងស្ថិតនៅលើខ្នងគាត់»។*
១៣ ចំពោះយ៉ូសែប គាត់និយាយថា៖+
«សូមឲ្យព្រះយេហូវ៉ាឲ្យពរដល់ស្រុករបស់គាត់+
ដោយអ្វីល្អៗពីលើមេឃ
ដោយទឹកសន្សើមនិងទឹកផុសចេញពីដី+
១៤ ដោយកម្ដៅថ្ងៃដែលធ្វើឲ្យកើតភោគផលជាច្រើន
ហើយឲ្យមានផលដំណាំល្អជារៀងរាល់ខែ+
១៥ ថែមទាំងដោយអ្វីល្អៗពីភ្នំបុរាណ*+
និងអ្វីវិសេសៗពីភ្នំតូចៗដែលស្ថិតស្ថេរ
១៦ ព្រមទាំងអ្វីល្អៗពីផែនដី និងពីធនធានធម្មជាតិទាំងឡាយ។+
សូមឲ្យលោកដែលលេចមកក្នុងគុម្ពបន្លា+ ពេញចិត្តគាត់ជានិច្ច។
សូមឲ្យពរទាំងប៉ុន្មានស្រោចស្រពទៅលើក្បាលយ៉ូសែបផង
គឺទៅលើអ្នកដែលបានត្រូវជ្រើសរើសពីចំណោមបងប្អូនរបស់គាត់។+
១៧ ភាពរុងរឿងរបស់គាត់ប្រៀបដូចកូនគោឈ្មោលដំបូង
ស្នែងគាត់គឺដូចស្នែងគោព្រៃ។
គាត់នឹងជល់ប្រជាជាតិនានា
ហើយរុញពួកគេទៅរហូតដល់ចុងផែនដី។
ស្នែងនោះគឺជាពួកអេប្រាអ៊ីម+រាប់ម៉ឺននាក់ និងជាពួកម៉ាណាសេរាប់ពាន់នាក់»។
១៨ ចំពោះសេប៊ូឡូន គាត់និយាយថា៖+
«ឱសេប៊ូឡូនអើយ! ចូរមានអំណរនឹងការធ្វើដំណើររបស់អ្នកទៅ
ឱអ៊ីសាខារអើយ! ចូរអរសប្បាយក្នុងត្រសាលរបស់ខ្លួនចុះ។+
១៩ ពួកគេនឹងហៅបណ្ដាជនទៅលើភ្នំ។
នៅទីនោះ ពួកគេនឹងជូនគ្រឿងបូជានៃសេចក្ដីសុចរិត។
ព្រោះពួកគេនឹងរកបានធនធានជាច្រើនពីសមុទ្រ
ថែមទាំងរកឃើញកំណប់នៅក្នុងខ្សាច់ផងដែរ»។
២០ ចំពោះកាដ គាត់និយាយថា៖+
«មានពរហើយអ្នកដែលបានពង្រីកព្រំប្រទល់របស់កាដ។+
គាត់សំងំនៅទីនោះដូចសត្វតោ ត្រៀមចាំហែកស៊ីដៃនិងក្បាលសត្វជាចំណី។
២១ គាត់នឹងយកចំណែកដំបូងសម្រាប់ខ្លួន+
គឺជាចំណែកដែលអ្នកបង្កើតច្បាប់បានញែកទុកសម្រាប់គាត់។+
ពួកមេដឹកនាំនឹងមកជួបជុំគ្នា។
គាត់នឹងសម្រេចតាមសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ា
ហើយធ្វើតាមក្រឹត្យក្រមរបស់លោកជាមួយប្រជាជាតិអ៊ីស្រាអែល»។
២២ ចំពោះដាន់ គាត់និយាយថា៖+
២៣ ចំពោះណែបថាលី គាត់និយាយថា៖+
«ណែបថាលីស្កប់ចិត្តណាស់ដែលបានទទួលការពេញចិត្តពីព្រះយេហូវ៉ា
ហើយក៏ទទួលពរជាបរិបូរពីលោកដែរ។
ចូរយកទឹកដីប៉ែកខាងលិច និងខាងត្បូងចុះ»។
២៤ ចំពោះអេស៊ើរ គាត់និយាយថា៖+
«សូមឲ្យអេស៊ើរមានកូនចៅជាច្រើន។
សូមឲ្យបងប្អូនគាត់ស្រឡាញ់ពេញចិត្តគាត់
និងសូមឲ្យគាត់ជ្រលក់ជើងក្នុងប្រេង*ផងដែរ។
២៥ រនុកទ្វារអ្នកនឹងត្រូវធ្វើពីដែកនិងស្ពាន់+
ហើយអ្នកនឹងរស់នៅដោយសុខសាន្តអស់មួយជីវិត។
២៦ គ្មានព្រះណាដូចព្រះពិត+របស់យេសឺរុន+ឡើយ
លោកធ្វើដំណើរឆ្លងកាត់មេឃមកជួយអ្នក
ហើយជិះលើពពកដោយភាពឧត្តុង្គឧត្តម។+
២៨ អ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត
ហើយប្រភពទឹករបស់យ៉ាកុបនឹងស្ថិតនៅដាច់ពីគេ
ក្នុងស្រុកដែលសម្បូរស្រូវនិងស្រាទំពាំងបាយជូរថ្មី+
ព្រមទាំងទឹកសន្សើមធ្លាក់ពីលើមេឃ។+
២៩ ឱអ៊ីស្រាអែលអើយ! អ្នករាល់គ្នាមានសុភមង្គលហើយ!+
តើមានអ្នកណាដូចអ្នករាល់គ្នាទៅ?+
ព្រោះអ្នករាល់គ្នាជាប្រជាជាតិមួយដែលព្រះយេហូវ៉ាបានសង្គ្រោះ+
ហើយលោកប្រៀបដូចជាខែលការពារអ្នករាល់គ្នា+
និងប្រៀបដូចជាដាវដ៏អស្ចារ្យ។
សត្រូវរបស់អ្នករាល់គ្នានឹងរួញខ្លួននៅមុខអ្នករាល់គ្នា+
ហើយអ្នករាល់គ្នានឹងជាន់ខ្នង*ពួកគេ»។
៣៤ បន្ទាប់មក ម៉ូសេបានធ្វើដំណើរចេញពីតំបន់វាលម៉ូអាប់ ឡើងទៅភ្នំនេបូរ+ ទៅឯកំពូលពីសកា+ដែលនៅទល់មុខក្រុងយេរីខូ។+ នៅទីនោះ ព្រះយេហូវ៉ាបានបង្ហាញទឹកដីទាំងមូលឲ្យគាត់ឃើញ ចាប់ពីតំបន់គីលាតរហូតដល់ទឹកដីរបស់កុលសម្ព័ន្ធដាន់+ ២ ព្រមទាំងទឹកដីរបស់កុលសម្ព័ន្ធណែបថាលី ទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីមនិងម៉ាណាសេ រួមទាំងទឹកដីរបស់កុលសម្ព័ន្ធយូដា រហូតដល់សមុទ្រមេឌីទែរ៉ានេ+ ៣ និងតំបន់ណេកេប+ តំបន់ទន្លេយ៉ូដាន់+ តំបន់វាលទំនាបយេរីខូជាក្រុងនៃដើមលម៉ើ ហើយរហូតដល់សូអា។+
៤ រួចមក ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «នេះជាស្រុកដែលខ្ញុំបានស្បថនឹងអាប្រាហាំ អ៊ីសាក និងយ៉ាកុបថា៖ ‹ខ្ញុំនឹងប្រគល់ទឹកដីនេះដល់កូនចៅអ្នក›។+ ឥឡូវខ្ញុំឲ្យអ្នកឃើញដោយផ្ទាល់ភ្នែក តែអ្នកនឹងមិនអាចឆ្លងចូលទៅទីនោះបានទេ»។+
៥ ក្រោយមក ម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ា បានស្លាប់នៅក្នុងស្រុកម៉ូអាប់ ដូចដែលព្រះយេហូវ៉ាបានមានប្រសាសន៍។+ ៦ លោក*បានបញ្ចុះសពគាត់ក្នុងជ្រលងមួយនៅស្រុកម៉ូអាប់ ទល់មុខបេតពេអរ។ រហូតមកដល់សព្វថ្ងៃ គ្មានអ្នកណាម្នាក់ដឹងថាផ្នូររបស់គាត់នៅឯណាទេ។+ ៧ ម៉ូសេបានស្លាប់កាលដែលគាត់មានអាយុ១២០ឆ្នាំ+ ភ្នែកគាត់មិនបានខ្សោយទេ ហើយកម្លាំងរបស់គាត់ក៏មិនបានចុះថយដែរ។ ៨ បណ្ដាជនអ៊ីស្រាអែលបានយំស្រណោះនឹងម៉ូសេអស់រយៈពេល៣០ថ្ងៃ+ នៅតំបន់វាលស្រុកម៉ូអាប់។ រួចគ្រាយំកាន់ទុក្ខគាត់ក៏ចប់សព្វគ្រប់។
៩ ឯយ៉ូស្វេជាកូននុនវិញ គាត់ពេញទៅដោយប្រាជ្ញាដែលមកពីឫទ្ធានុភាពរបស់ព្រះ ព្រោះម៉ូសេបានដាក់ដៃលើគាត់។+ ដូច្នេះ បណ្ដាជនអ៊ីស្រាអែលក៏ចាប់ផ្ដើមស្ដាប់គាត់ ហើយពួកគេធ្វើតាមគ្រប់ទាំងបង្គាប់ដែលព្រះយេហូវ៉ាបានប្រាប់ម៉ូសេ។+ ១០ តាំងពីពេលនោះមក មិនដែលមានអ្នកប្រកាសទំនាយណាម្នាក់ក្នុងបណ្ដាជនអ៊ីស្រាអែលដូចជាម៉ូសេ+ដែលព្រះយេហូវ៉ាបានស្គាល់គាត់យ៉ាងច្បាស់*នោះទេ។+ ១១ ព្រោះព្រះយេហូវ៉ាបានចាត់គាត់ឲ្យទៅធ្វើអព្ភូតហេតុនិងសញ្ញាសម្គាល់ទាំងប៉ុន្មានទៅលើផារ៉ូ និងអ្នកបម្រើផារ៉ូ ព្រមទាំងទៅលើស្រុកអេហ្ស៊ីបទាំងមូល។+ ១២ បន្ថែមទៅទៀត ម៉ូសេក៏បានបង្ហាញឫទ្ធានុភាពដ៏ខ្លាំងក្លានិងការអស្ចារ្យនៅចំពោះមុខបណ្ដាជនអ៊ីស្រាអែលទាំងអស់ដែរ។+
ឬប្រហែលជាមានន័យថា«ស្ដេចអុកនៃតំបន់បាសានដែលរស់នៅក្រុងអាសថារ៉ូតនិងក្រុងអេទ្រី»
តាមមើលទៅនេះសំដៅលើតំបន់ភ្នំលីបង់
ឬប្រហែលជាមានន័យថា«ព្រះធ្វើឲ្យគាត់រឹងមាំ»
នេះសំដៅលើកោះក្រេត
ឬ«មឈូសថ្ម»
ឬប្រហែលជាមានន័យថា«ថ្មខ្មៅ»
មួយហត្ថស្មើនឹង៤៤,៥សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មានន័យថា«ភូមិត្រសាលយ៉ាអៀ»
នេះសំដៅលើសមុទ្រស្លាប់
ន័យត្រង់«បណ្ដាកងទ័ពនៅស្ថានសួគ៌»
ឬ«ស្ថានសួគ៌»
ឬ«សមុទ្រអារ៉ាបាឬសមុទ្រស្លាប់»
ន័យត្រង់«ទល់មុខអ្នករាល់គ្នា»
ឬ«គោ លា និងសត្វឯទៀត»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«ប្រាប់ពួកគេម្ដងហើយម្ដងទៀត ឬធ្វើឲ្យពួកគេយល់»
មើលនិយមន័យពាក្យ«បង្គោលឈើពិសិដ្ឋ»
ឬប្រហែលជាមានន័យថា«ភ័យខ្លាច ស្លន់ស្លោ»
ឬ«ប្រភពទឹកជ្រៅ»
ឬ«បាចទឹកដោយជើង» គឺដោយប្រើឧបករណ៍ណាមួយដោយជើង ដូចជារហាត់ទឹកជាដើម
ន័យត្រង់«ខ្ញុំ»។ នេះសំដៅលើព្រះ
នេះសំដៅលើសមុទ្រមេឌីទែរ៉ានេ
មើលនិយមន័យពាក្យ«បង្គោលឈើពិសិដ្ឋ»
គឺជាសត្វស្លាបដែលមានកំប៉ោយនិងចំពុះវែង ហើយមើលទៅស្រដៀងនឹងសត្វត្រសេះ
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥
ឬ«ចំពេល»
ឬ«ផលពីទីលានបញ្ជាន់ស្រូវ»
ឬ«ផលពីកន្លែងជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា និងពីកន្លែងគាបផ្លែអូលីវយកប្រេង»
ឬ«ជម្រកបណ្ដោះអាសន្ន»
មើលនិយមន័យពាក្យ«បង្គោលថ្មពិសិដ្ឋ»
ន័យត្រង់«បណ្ដាកងទ័ពនៅស្ថានសួគ៌»
ឬ«រមូរ»
នេះសំដៅលើកន្លែងដែលព្រះយេហូវ៉ាជ្រើសរើសសម្រាប់ការគោរពប្រណិប័តន៍លោក
ឬ«អ្វីទាំងឡាយដែលមានដង្ហើមជីវិត»
ឬ«លែងពេញចិត្តនាង»
ឬ«លែងពេញចិត្តនាង»
មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«អំពើពេស្យាចារ»
ឬ«យកជីវិតម្ចាស់ត្បាល់ហើយ»
ពាក្យភាសាហេប្រឺដែលបកប្រែថា«ជំងឺឃ្លង់»មានន័យទូលាយ អាចរួមបញ្ចូលជំងឺសើស្បែកផ្សេងៗ ហើយក៏ប្រហែលជាសំដៅលើមេរោគមួយចំនួនដែលមានលើសម្លៀកបំពាក់ និងផ្ទះសម្បែងផងដែរ
ឬ«បង»
ឬ«បង»
ឬ«ប្អូន»
ឬ«ប្អូន»
ឬប្រហែលជាមានន័យថា«ជាអ្នកដែលសាបសូន្យទៅ»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«រូបសិត»
ឬ«សិប្បករជាអ្នកធ្វើរបស់របរពីឈើនិងដែក»
ឬ«សូមឲ្យកើតឡើង!»
ន័យត្រង់«ពរជាបរិបូរនឹងរត់មករកអ្នករាល់គ្នាជាពុំខាន»
ន័យត្រង់«បណ្ដាសានឹងរត់តាមអ្នករាល់គ្នា»
ន័យត្រង់«មេឃនឹងទៅដូចជាស្ពាន់ ហើយដីនឹងទៅដូចជាដែក»
ឬ«សត្វល្អិតមានស្លាប»
នេះសំដៅលើកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាធ្វើតាមរយៈ«ខ្ញុំ»ជាម៉ូសេ
ន័យត្រង់«កាត់ស្បែកចិត្ត»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«ជម្រកបណ្ដោះអាសន្ន»
ឬ«ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។ មើលនិយមន័យពាក្យ«ស្រីពេស្យា»
តាមមើលទៅនេះសំដៅលើព្រះ
ឬប្រហែលជាមានន័យថា«មនុស្សជាតិ»
នេះសំដៅលើយ៉ាកុប
មានន័យថា«អ្នកទៀងត្រង់»។ នេះជាឋានៈដ៏មានកិត្តិយសសម្រាប់ប្រជាជាតិអ៊ីស្រាអែល
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬប្រហែលជាមានន័យថា«មិនស្ដាប់ឱវាទ»
ឬ«មានអារម្មណ៍សោកស្ដាយ»
ឬ«បរិភោគគ្រឿងបូជាល្អបំផុត»
ឬ«នឹងសម្អាតស្រុករបស់រាស្ត្រលោកផង»
នេះជាឈ្មោះដើមរបស់យ៉ូស្វេ។ ហូស៊ាជាឈ្មោះកាត់មកពីហូសាយ៉ា ដែលមានន័យថា«បានត្រូវសង្គ្រោះដោយយ៉ា ឬយ៉ាបានសង្គ្រោះ»
នេះជាកំណាព្យសំដៅលើសេចក្ដីស្លាប់
ឬ«ទេវតាបរិសុទ្ធរាប់ម៉ឺនរូប»
មានន័យថា«អ្នកទៀងត្រង់»។ នេះជាឋានៈដ៏មានកិត្តិយសសម្រាប់ប្រជាជាតិអ៊ីស្រាអែល
ឬប្រហែលជាមានន័យថា«លោក»
ឬប្រហែលជាមានន័យថា«លោក»
ឬប្រហែលជាមានន័យថា«លោក»
ឬប្រហែលជាមានន័យថា«តំបន់ភ្នំភាគខាងកើត»
ឬ«គាត់លាងជើងនឹងប្រេង»
ឬប្រហែលជាមានន័យថា«ទីខ្ពស់»
តាមមើលទៅនេះសំដៅលើព្រះ
ន័យត្រង់«ប្រទល់មុខ»