បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt អេសាយ ១:១-៦៦:២៤
  • អេសាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អេសាយ
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អេសាយ

អេសាយ

១ នៅ​សម័យ​ស្ដេច​អូសៀស+ យ៉ូថាម+ អេហាស+ និង​ហេសេគា+ ដែល​ជា​ស្ដេច​ស្រុក​យូដា+ អេសាយ*+ជា​កូន​អាម៉ុស​បាន​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ* ស្ដី​អំពី​ស្រុក​យូដា​និង​ក្រុង​យេរូសាឡិម*ថា​៖

 ២ ឱ​ស្ថាន​សួគ៌*អើយ ចូរ​ស្ដាប់​ចុះ! ឱ​ផែនដី​អើយ ចូរ​ផ្ទៀង​ស្ដាប់!+

ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖

​«​កូន​ៗ​ដែល​ខ្ញុំ​បាន​ចិញ្ចឹម​បី​បាច់​ថែ​រក្សា+ បែរ​ជា​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ​ទៅ​វិញ។+

 ៣ សត្វ​គោ​ស្គាល់​ម្ចាស់​របស់​វា ឯ​សត្វ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ។

ប៉ុន្តែ អ៊ីស្រាអែល​មិន​ស្គាល់​ខ្ញុំ​ជា​ម្ចាស់​របស់​ពួក​គេ​ទេ+

រាស្ត្រ​របស់​ខ្ញុំ​មិន​ចេះ​ពិចារណា​ឡើយ​»។

 ៤ វេទនា​ដល់​ប្រជា​ជាតិ​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង+

គឺ​បណ្ដា​ជន​ដែល​ធ្វើ​ខុស​ធ្ងន់​ធ្ងរ​ច្រើន​ក្រៃ​លែង

ពួក​គេ​ជា​មនុស្ស​ទុច្ចរិត និង​ជា​កូន​ៗ​ដែល​ខូច​អាក្រក់!

ពួក​គេ​បាន​លះ​ចោល​ព្រះ​យេហូវ៉ា+

ពួក​គេ​បាន​ប្រព្រឹត្ត​ទៅ​លើ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​ដោយ​គ្មាន​ការ​គោរព​សោះ។ ពួក​គេ​បាន​បែរ​ខ្នង​ដាក់​លោក។

 ៥ តើ​អ្នក​រាល់​គ្នា​ចង់​ត្រូវ​រំពាត់​ដល់​កាល​ណា​ទៀត បាន​ជា​ចេះ​តែ​បះ​បោរ​ប្រឆាំង​ដូច្នេះ?+

ក្បាល​អ្នក​រាល់​គ្នា​ពេញ​ទៅ​ដោយ​ដំបៅ

ហើយ​បេះ​ដូង​របស់​អ្នក​រាល់​គ្នា​ក៏​មាន​ជំងឺ​ដែរ។+

 ៦ ពី​ក្បាល​ដល់​ចុង​ជើង​មាន​សុទ្ធ​តែ​របួស ស្នាម​ជាំ និង​ដំបៅ គឺ​គ្មាន​សល់​កន្លែង​ណា​ទេ

ហើយ​គ្មាន​អ្នក​ណា​ជួយ​ព្យាបាល រុំ​របួស ឬ​លាប​ប្រេង​ឲ្យ​ឡើយ។+

 ៧ ស្រុក​របស់​អ្នក​រាល់​គ្នា​បាន​ត្រូវ​ទុក​ចោល។

បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​គេ​ដុត​បំផ្លាញ។

ជន​ជាតិ​ដទៃ​មក​ដណ្ដើម​យក​ស្រុក​របស់​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​តែ​ម្ដង។+

ទី​នោះ​ដូច​ជា​ទឹក​ដី​ដែល​ត្រូវ​ជន​ជាតិ​ដទៃ​បំផ្លិច​បំផ្លាញ​ចោល។+

 ៨ កូន​ស្រី​ស៊ីយ៉ូន​បាន​ត្រូវ​ទុក​ចោល​ដូច​ជា​ខ្ទម​ចាំ​ចម្ការ​ទំពាំង​បាយ​ជូរ និង​ដូច​ជា​រោង​ចាំ​ចម្ការ​ត្រសក់

ហើយ​ដូច​ជា​ក្រុង​ដែល​ស្ថិត​ក្រោម​ការ​ឡោម​ព័ទ្ធ។+

 ៩ បើ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មិន​បាន​ទុក​ពួក​យើង​ខ្លះ​ឲ្យ​រួច​ជីវិត​ទេ

នោះ​យើង​ច្បាស់​ជា​ដូច​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​បាត់​ទៅ​ហើយ។+

១០ ឱ​ពួក​អ្នក​គ្រប់​គ្រង​ក្រុង​សូដុម​អើយ!+ ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ចុះ!

ឱ​អ្នក​ក្រុង​កូម៉ូរ៉ា​អើយ+ ចូរ​ត្រង​ត្រាប់​ស្ដាប់​ការ​ណែនាំ​របស់​ព្រះ​នៃ​យើង​ចុះ!

១១ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​តើ​គ្រឿង​បូជា​ដ៏​ច្រើន​របស់​អ្នក​រាល់​គ្នា​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ទៅ?+

ខ្ញុំ​ធុញ​ទ្រាន់​ខ្លាំង​ណាស់​ចំពោះ​ចៀម​ឈ្មោល+ និង​ខ្លាញ់​សត្វ​ធាត់​ៗ​ដែល​អ្នក​រាល់​គ្នា​យក​មក​ដុត​ជូន​ខ្ញុំ​ជា​គ្រឿង​បូជា+

ហើយ​ខ្ញុំ​ក៏​មិន​ពេញ​ចិត្ត​នឹង​ឈាម+គោ​ស្ទាវ+ ចៀម និង​ពពែ​ដែរ។+

១២ ពេល​អ្នក​រាល់​គ្នា​មក​ឈរ​នៅ​ចំពោះ​ខ្ញុំ+

តើ​អ្នក​ណា​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​មក​ជាន់​ឈ្លី​ទី​ធ្លា​របស់​ខ្ញុំ​ដូច្នេះ?+

១៣ កុំ​នាំ​យក​គ្រឿង​បូជា​ពី​ស្រូវ ជា​គ្រឿង​បូជា​ដែល​ឥត​បាន​ការ​មក​ទៀត។

ខ្ញុំ​ខ្ពើម​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា​ណាស់។+

អ្នក​រាល់​គ្នា​ធ្វើ​បុណ្យ​ចូល​ខែ​ថ្មី+ បុណ្យ​ថ្ងៃ​ឈប់​សម្រាក+ និង​បុណ្យ​សំខាន់​ៗ​+

ប៉ុន្តែ អ្នក​រាល់​គ្នា​លាយ​ឡំ​ការ​ប្រើ​វេទមន្ត+ក្នុង​កិច្ច​ប្រជុំ​ពិសេស​ទាំង​នោះ។ ដូច្នេះ ខ្ញុំ​ទ្រាំ​លែង​បាន​ទៀត​ហើយ។

១៤ ខ្ញុំ​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី​និង​បុណ្យ​ឯ​ទៀត​របស់​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់។

ខ្ញុំ​ពិត​ជា​ធុញ​ទ្រាន់​នឹង​ពិធី​ទាំង​នោះ​ពេក​ក្រៃ

ហើយ​ក៏​ជិន​ណាយ​នឹង​ពិធី​ទាំង​នោះ​ក្រៃ​លែង។

១៥ កាល​ដែល​អ្នក​រាល់​គ្នា​លើក​ដៃ​អធិដ្ឋាន​មក​ខ្ញុំ

ខ្ញុំ​មិន​យក​ភ្នែក​មើល​អ្នក​រាល់​គ្នា​ទេ។+

ទោះ​ជា​អ្នក​រាល់​គ្នា​អធិដ្ឋាន​ច្រើន​ដង​ក្ដី+ ក៏​ខ្ញុំ​មិន​ស្ដាប់​ដែរ+

ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។+

១៦ ចូរ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ+ កុំ​ឲ្យ​ខ្ញុំ​ឃើញ​អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា​ទៀត

ចូរ​ឈប់​ធ្វើ​អំពើ​អាក្រក់​ទៅ។+

១៧ ចូរ​រៀន​ធ្វើ​អំពើ​ល្អ ហើយ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌+

ចូរ​កែ​តម្រង់​ពួក​អ្នក​ដែល​សង្កត់​សង្កិន​គេ

ចូរ​ការ​ពារ​សិទ្ធិ​កូន​កំព្រា ហើយ​ជួយ​ស្ត្រី​មេម៉ាយ​»។+

១៨ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​សូម​មក យើង​នឹង​សម្រុះ​សម្រួល​គ្នា។+

ទោះ​ជា​អំពើ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​ដូច​ជា​ពណ៌​ក្រហម​ឆ្អៅ​ក្ដី ក៏​នឹង​ប្រែ​ទៅ​ជា​ស​ក្បុស​ដូច​ព្រិល​បាន​ដែរ។+

ទោះ​ជា​កំហុស​របស់​អ្នក​ដូច​ជា​ក្រណាត់​ក្រហម​ទែង​ក្ដី ក៏​នឹង​ប្រែ​ទៅ​ជា​ស​ដូច​រោម​ចៀម​បាន​ដែរ។

១៩ ប្រសិន​បើ​អ្នក​រាល់​គ្នា​ព្រម​ស្ដាប់

នោះ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផល​ល្អ​ៗ​នៅ​ក្នុង​ស្រុក។+

២០ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់ ហើយ​បះ​បោរ​ប្រឆាំង​វិញ

នោះ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​ដោយ​ដាវ​ជា​មិន​ខាន+

ព្រោះ​នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​»។

២១ ក្រុង​ដ៏​ស្មោះ​ត្រង់+បាន​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា​ហើយ​ហ្ន៎!+

ពី​ដើម​នាង​ពោរ​ពេញ​ទៅ​ដោយ​យុត្តិធម៌+និង​សេចក្ដី​សុចរិត+

ប៉ុន្តែ​ឥឡូវ​មាន​សុទ្ធ​តែ​ឃាតករ​ទៅ​វិញ។+

២២ ដុំ​ប្រាក់​របស់​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​អាចម៍​ដែក+ ហើយ​ស្រា*របស់​អ្នក​រាល់​គ្នា​បាន​ត្រូវ​លាយ​ដោយ​ទឹក។

២៣ ពួក​អ្នក​គ្រប់​គ្រង​របស់​អ្នក​រាល់​គ្នា​ជា​មនុស្ស​រឹង​ចចេស ហើយ​ចូល​ដៃ​ជា​មួយ​នឹង​ពួក​ចោរ។+

ពួក​គេ​ម្នាក់​ៗ​ស្រឡាញ់​ប្រាក់​សំណូក ហើយ​ដេញ​តាម​អំណោយ។+

ពួក​គេ​មិន​ជួយ​រក​យុត្តិធម៌​ឲ្យ​កូន​កំព្រា​ទេ ហើយ​ក៏​មិន​ព្រម​ទទួល​រឿង​ក្ដី​របស់​ស្ត្រី​មេម៉ាយ​ដែរ។+

២៤ ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ពិត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌

លោក​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​នៃ​អ៊ីស្រាអែល លោក​ប្រកាស​ថា​៖ ​«​មើល! ខ្ញុំ​នឹង​បំផ្លាញ​ពួក​អ្នក​ដែល​តតាំង​នឹង​ខ្ញុំ ហើយ​ក៏​សង​សឹក​នឹង​ពួក​សត្រូវ​របស់​ខ្ញុំ​ដែរ។+

២៥ ខ្ញុំ​នឹង​លើក​ដៃ​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា

ខ្ញុំ​នឹង​ជម្រះ​អ្នក​រាល់​គ្នា ដូច​ជា​គេ​លាង​អាចម៍​ដែក​ដោយ​ប្រើ​ទឹក​ក្បុង

ហើយ​ខ្ញុំ​នឹង​ដក​ភាព​មិន​ស្អាត​បរិសុទ្ធ​ទាំង​អស់​ចេញ​ពី​អ្នក​រាល់​គ្នា។+

២៦ ខ្ញុំ​នឹង​រៀបចំ​ឲ្យ​មាន​ពួក​អ្នក​សម្រេច​ក្ដី​ឡើង​វិញ

ហើយ​ក៏​ឲ្យ​មាន​ទី​ប្រឹក្សា​ដូច​ដើម​ដែរ។+

ក្រោយ​ពី​នោះ គេ​នឹង​ហៅ​អ្នក​រាល់​គ្នា​ថា ក្រុង​ដ៏​សុចរិត និង​ក្រុង​ដ៏​ស្មោះ​ត្រង់។+

២៧ ដោយ​យុត្តិធម៌ ស៊ីយ៉ូន​នឹង​ត្រូវ​លោះ​មក​វិញ+

ហើយ​ដោយ​សេចក្ដី​សុចរិត រាស្ត្រ​ទាំង​ប៉ុន្មាន​នឹង​ត្រឡប់​មក​ក្រុង​នេះ​វិញ។

២៨ អ្នក​បះ​បោរ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​ត្រូវ​បំផ្លាញ​ចោល+

ហើយ​អ្នក​ដែល​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​វិនាស​អន្តរាយ។+

២៩ ព្រោះ​អ្នក​រាល់​គ្នា​នឹង​ខ្មាស​ចំពោះ​ដើម​ឈើ​ដ៏​ធំ​សម្បើម​ដែល​អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន+

ហើយ​អ្នក​រាល់​គ្នា​នឹង​អាម៉ាស់​មុខ ព្រោះ​តែ​សួន​ច្បារ*​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស។+

៣០ អ្នក​រាល់​គ្នា​នឹង​ដូច​ជា​ដើម​ឈើ​ធំ​ដែល​មាន​ស្លឹក​ក្រៀម​ស្វិត+

ហើយ​ក៏​ដូច​ជា​សួន​ច្បារ​ដែល​គ្មាន​ទឹក​ដែរ។

៣១ បុរស​ខ្លាំង​ពូកែ​នឹង​ដូច​ជា​ចំបើង ហើយ​កិច្ច​ការ​របស់​គាត់​ដូច​ជា​ផ្កា​ភ្លើង

គឺ​ទាំង​ពីរ​នឹង​ឆេះ​ជា​មួយ​គ្នា មិន​មាន​អ្នក​ណា​ពន្លត់​បាន​ឡើយ​»។

២ នេះ​ជា​អ្វី​ដែល​អេសាយ​ជា​កូន​អាម៉ុស​បាន​ឃើញ​ក្នុង​គំនិត ស្ដី​អំពី​ស្រុក​យូដា​និង​ក្រុង​យេរូសាឡិម​៖+

 ២ នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ភ្នំ​ដែល​មាន​វិហារ​របស់​ព្រះ​យេហូវ៉ា

នឹង​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ​នៅ​លើ​ភ្នំ​ទាំង​អស់+

គឺ​នឹង​ត្រូវ​លើក​ឡើង​ឲ្យ​ខ្ពស់​ជាង​ទី​ទួល​ទាំង​ប៉ុន្មាន​ទៅ​ទៀត

ហើយ​ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​នាំ​គ្នា​ឡើង​ទៅ​ភ្នំ​នោះ។+

 ៣ ប្រជា​ជាតិ​ជា​ច្រើន​នឹង​នាំ​គ្នា​ឡើង​ទៅ​ហូរហែ ហើយ​និយាយ​ថា​៖

​«​ចូរ​មក យើង​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ​យេហូវ៉ា

គឺ​ទៅ​ឯ​វិហារ​របស់​ព្រះ​នៃ​យ៉ាកុប។+

លោក​នឹង​បង្រៀន​យើង​អំពី​ផ្លូវ​របស់​លោក ហើយ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ​»។+

ព្រោះ​ក្រម​ច្បាប់*នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន

ហើយ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ក៏​នឹង​ចេញ​ពី​ក្រុង​យេរូសាឡិម​ដែរ។+

 ៤ ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ លោក​នឹង​ធ្វើ​ការ​វិនិច្ឆ័យ

ហើយ​ដោះ​ស្រាយ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​ជាតិ​ជា​ច្រើន។

ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន ដំ​ធ្វើ​ជា​ផាល​នង្គ័ល

ហើយ​យក​លំពែង ដំ​ធ្វើ​ជា​ដង្កាវ​វិញ។+

ប្រជា​ជាតិ​មួយ​នឹង​មិន​លើក​ដាវ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ​ទៀត​ឡើយ

ហើយ​ក៏​មិន​រៀន​ធ្វើ​សង្គ្រាម​ទៀត​ដែរ។+

 ៥ ឱ​ពូជ​ពង្ស​យ៉ាកុប​អើយ! ចូរ​មក យើង​នឹង​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះ​យេហូវ៉ា។+

 ៦ លោក​បាន​បោះ​បង់​ចោល​ពូជ​ពង្ស​យ៉ាកុប​ដែល​ជា​រាស្ត្រ​របស់​លោក+

ព្រោះ​ពួក​គេ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ជា​ច្រើន​ពី​ស្រុកខាងកើត

ថែម​ទាំង​ប្រើ​វេទមន្ត+ដូច​ពួក​ភីលីស្ទីន​ទៀត​ផង

ក្នុង​ចំណោម​ពួក​គេ មាន​កូន​ចៅ​ជន​ជាតិ​ដទៃ​ជា​ច្រើន។

 ៧ ស្រុក​របស់​ពួក​គេ​ពេញ​ទៅ​ដោយ​មាស​និង​ប្រាក់

ហើយ​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូរ ថែម​ទាំង​មាន​សេះ​ពេញ​ស្រុក

ហើយ​រទេះ​ចម្បាំង​ក៏​រាប់​មិន​អស់​ដែរ។+

 ៨ ទឹក​ដី​របស់​ពួក​គេ​ពេញ​ទៅ​ដោយ​រូប​ព្រះ​ឥត​បាន​ការ។+

ពួក​គេ​ក្រាប​គោរព​ចំពោះ​ស្នា​ដៃ​របស់​ខ្លួន គឺ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ។

 ៩ យ៉ាង​នោះ មនុស្ស​បាន​បន្ទាប​បន្ថោក​ខ្លួន ហើយ​នឹង​ត្រូវ​អាប់​ឱន។

គ្មាន​ផ្លូវ​ឲ្យ​លោក​អភ័យ​ទោស​ឲ្យ​ពួក​គេ​ទេ។

១០ ចូរ​ចូល​ទៅ​ពួន​ក្នុង​រូង​ភ្នំ ហើយ​លាក់​ខ្លួន​នៅ​ក្នុង​ដី​ចុះ

ដោយ​សារ​ព្រះ​យេហូវ៉ា​បញ្ចេញ​កំហឹង​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច និង​សិរី​រុង​រឿង​ដ៏​អស្ចារ្យ។+

១១ មនុស្ស​ក្រអឺត​ក្រទម​នឹង​ត្រូវ​បាក់​មុខ ហើយ​មនុស្ស​អំណួត​នឹង​ត្រូវ​បន្ទាប​ចុះ។

នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​នឹង​ត្រូវ​លើក​តម្កើង។

១២ ព្រោះ​នោះ​ជា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។+

អស់​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ និង​ចិត្ត​ក្រអឺត​ក្រទម​នឹង​មិន​អាច​គេច​រួច​ឡើយ

គឺ​គ្មាន​អ្នក​ណា​ម្នាក់​នឹង​រួច​ខ្លួន​បាន​ទេ ទោះ​ជា​អ្នក​ខ្ពង់​ខ្ពស់​ឬ​តូច​ទាប​ក្ដី+

១៣ ដើម​ស៊ីដារ​ខ្ពស់​ៗ​នៅ​ភ្នំ​លីបង់

និង​ដើម​អូក​ទាំង​ប៉ុន្មាន​នៅ​តំបន់​បាសាន ក៏​នឹង​គេច​មិន​រួច​ដែរ។

១៤ អស់​ទាំង​ភ្នំ​ខ្ពស់​ត្រដែត ព្រម​ទាំង​ទួល​ខ្ពស់​ទាំង​ឡាយ នឹង​គេច​មិន​ផុត​ឡើយ។

១៥ ប៉ម​ខ្ពស់​ទាំង​អស់ និង​កំពែង​រឹង​មាំ​នា​នា ក៏​នឹង​មិន​ធន់​នៅ​ដែរ។

១៦ អស់​ទាំង​សំពៅ​តើស៊ីស+ និង​ទូក​ល្អ​ៗ នឹង​គេច​មិន​រួច​ឡើយ។

១៧ មនុស្ស​ក្រអឺត​ក្រទម​នឹង​ត្រូវ​បាក់​មុខ ហើយ​មនុស្ស​អួតអាង​នឹង​ត្រូវ​បន្ទាប​ចុះ។

នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​នឹង​ត្រូវ​លើក​តម្កើង។

១៨ រូប​ព្រះ​ឥត​បាន​ការ នឹង​ត្រូវ​សាប​សូន្យ​ទៅ។+

១៩ មនុស្ស​នឹង​ចូល​ទៅ​ពួន​ក្នុង​រូង​ភ្នំ ហើយ​លាក់​ខ្លួន​នៅ​ក្នុង​រូង​ដី+

ដោយ​សារ​ព្រះ​យេហូវ៉ា​បញ្ចេញ​កំហឹង​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច និង​សិរី​រុង​រឿង​ដ៏​អស្ចារ្យ+

គឺ​នៅ​ពេល​ដែល​លោក​ក្រោក​ឡើង​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ញ័រ​រន្ធត់។

២០ នៅ​ថ្ងៃ​នោះ មនុស្ស​នឹង​យក​រូប​ព្រះ​ឥត​បាន​ការ​ដែល​ពួក​គេ​បាន​ធ្វើ​ពី​មាស​និង​ពី​ប្រាក់ ជា​រូប​ព្រះ​ដែល​ពួក​គេ​ទុក​សម្រាប់​គោរព​បូជា បោះ​ទៅ​ឯ​ហ្វូង​កណ្ដុរ​និង​ហ្វូង​ប្រចៀវ+

២១ ហើយ​ចូល​ទៅ​ពួន​ក្នុង​រអាង​ថ្ម និង​លាក់​ខ្លួន​នៅ​ក្នុង​ក្រហែង​ថ្ម

ដោយ​សារ​ព្រះ​យេហូវ៉ា​បញ្ចេញ​កំហឹង​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច និង​សិរី​រុង​រឿង​ដ៏​អស្ចារ្យ

គឺ​នៅ​ពេល​ដែល​លោក​ក្រោក​ឡើង​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ញ័រ​រន្ធត់។

២២ ដើម្បី​ប្រយោជន៍​ខ្លួន ចូរ​ឈប់​ទុក​ចិត្ត​មនុស្ស

ដែល​អាច​ផុត​ដង្ហើម​ស្លាប់​ទៅ។ តើ​គាត់​អាច​ជួយ​ម្ដេច​នឹង​បាន?

៣ ព្រោះ​មើល! ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ពិត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌

លោក​នឹង​ដក​ទី​បង្អែក​ទាំង​អស់​ចេញ​ពី​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា

ពោល​គឺ​ស្បៀង​អាហារ​និង​ទឹក+

 ២ បុរស​ខ្លាំង​ក្លា​និង​ទាហាន​ពូកែ​អង់អាច

អ្នក​សម្រេច​ក្ដី អ្នក​ប្រកាស​ទំនាយ+ គ្រូ​ទាយ និង​បុរស​ចាស់​ទុំ

 ៣ មេ​លើ​៥០​នាក់+ អ្នក​មាន​ឋានៈ​ខ្ពស់ និង​ទី​ប្រឹក្សា

ព្រម​ទាំង​គ្រូ​ពូកែ​ខាង​វេទមន្ត និង​គ្រូ​ពូកែ​ខាង​មន្តអាគម*ដែរ។+

 ៤ រួច​ខ្ញុំ​នឹង​តែង​តាំង​ក្មេង​ប្រុស​ៗ​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ពួក​គេ

ហើយ​មនុស្ស​នឹង​ត្រួត​ត្រា​លើ​ពួក​គេ​តាម​ទំនើង​ចិត្ត។

 ៥ មនុស្ស​ម្នាក់​នឹង​សង្កត់​សង្កិន​មនុស្ស​ម្នាក់​ទៀត គឺ​សង្កត់​សង្កិន​អ្នក​ឯ​ទៀត។+

ក្មេង​ៗ​នឹង​ប្រព្រឹត្ត​យ៉ាង​ព្រហើន​ទៅ​លើ​មនុស្ស​វ័យ​ចាស់

ឯ​មនុស្ស​សាមញ្ញ​នឹង​មិន​គោរព​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់​ទេ។+

 ៦ បុគ្គល​ម្នាក់​ៗ​នឹង​អង្វរ​សុំ​បង​ប្អូន​គាត់​ពី​ក្រុម​គ្រួសារ​ខាង​ឪពុក​ថា​៖

​«​អ្នក​មាន​សំពត់​ដណ្ដប់! សូម​ធ្វើ​ជា​អ្នក​ដឹក​នាំ​យើង​ផង!

សូម​មើល​ការ​ខុស​ត្រូវ​លើ​គំនរ​បាក់​បែក​នេះ​ទៅ!​»។

 ៧ ប៉ុន្តែ នៅ​ថ្ងៃ​នោះ អ្នក​នោះ​នឹង​ប្រកែក​ថា​៖

​«​នែ! ខ្ញុំ​នឹង​មិន​ធ្វើ​ជា​អ្នក​រុំ​របួស​ឲ្យ​អ្នក​ទេ

ខ្ញុំ​ក៏​គ្មាន​អាហារ​និង​សម្លៀក​បំពាក់​ក្នុង​ផ្ទះ​ដែរ។

ដូច្នេះ កុំ​លើក​ខ្ញុំ​ធ្វើ​ជា​អ្នក​ដឹក​នាំ​បណ្ដា​ជន​អី​»។

 ៨ ព្រោះ​ក្រុង​យេរូសាឡិម​បាន​ជំពប់​ដួល ហើយ​ស្រុក​យូដា​ក៏​បាន​ដួល​រលំ​ដែរ

ព្រោះ​ពួក​គេ​បាន​និយាយ​និង​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ​យេហូវ៉ា

ថែម​ទាំង​បះ​បោរ​ប្រឆាំង​នៅ​ចំពោះ​មុខ​ព្រះ​ដែល​ប្រកប​ដោយ​សិរី​រុង​រឿង​ទៀត​ផង។+

 ៩ ទឹក​មុខ​របស់​ពួក​គេ​ស​ឲ្យ​ឃើញ​ថា​ពួក​គេ​បាន​ធ្វើ​ខុស

ពួក​គេ​ប្រកាស​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​ដូច​អ្នក​ក្រុង​សូដុម​ដែរ+ គឺ​ពួក​គេ​ប្រព្រឹត្ត​អាក្រក់​ដោយ​បើក​ចំហ។

ពួក​គេ​នឹង​វេទនា​ហើយ! ព្រោះ​ពួក​គេ​នឹង​នាំ​អន្តរាយ​ដល់​ខ្លួន។

១០ ចូរ​ប្រាប់​មនុស្ស​សុចរិត​ថា​ពួក​គេ​នឹង​បាន​សេចក្ដី​សុខ

ហើយ​នឹង​ទទួល​រង្វាន់​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។+

១១ ប៉ុន្តែ មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​វេទនា​វិញ!

គាត់​នឹង​ជួប​អន្តរាយ ព្រោះ​គេ​នឹង​សង​គាត់​ដូច​អ្វី​ដែល​គាត់​បាន​ធ្វើ​ទៅ​លើ​គេ។

១២ ឯ​រាស្ត្រ​ខ្ញុំ​វិញ ពួក​អ្នក​ត្រួត​ត្រា​បាន​ធ្វើ​បាប​ពួក​គេ

ហើយ​ពួក​ស្ត្រី​ក៏​គ្រប់​គ្រង​លើ​ពួក​គេ​ដែរ។

ឱ​រាស្ត្រ​ខ្ញុំ​អើយ ពួក​អ្នក​ដឹក​នាំ​អ្នក​រាល់​គ្នា​កំពុង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​វង្វេង​ផ្លូវ​ហើយ គឺ​ពួក​គេ​កំពុង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​សាត់​ព្រាត់។+

១៣ ព្រះ​យេហូវ៉ា​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចោទ​ប្រកាន់​បណ្ដា​ជន

លោក​នឹង​ក្រោក​ឡើង​កាត់​ទោស​ប្រជា​ជាតិ​ទាំង​ឡាយ។

១៤ ព្រះ​យេហូវ៉ា​នឹង​វិនិច្ឆ័យ​ពួក​បុរស​ចាស់​ទុំ​និង​ពួក​អ្នក​គ្រប់​គ្រង​រាស្ត្រ​របស់​លោក។

​«​អ្នក​រាល់​គ្នា​បាន​ដុត​បំផ្លាញ​ចម្ការ​ទំពាំង​បាយ​ជូរ

ហើយ​បាន​លួច​ទ្រព្យ​របស់​ជន​ក្រី​ក្រ យក​ទៅ​ដាក់​ក្នុង​ផ្ទះ​របស់​ខ្លួន។+

១៥ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ហ៊ាន​គាប​សង្កត់​រាស្ដ្រ​របស់​ខ្ញុំ​ដូច្នេះ?

ហេតុ​អ្វី​អ្នក​រាល់​គ្នា​ហ៊ាន​ជាន់​ឈ្លី​ជន​ក្រី​ក្រ​យ៉ាង​នេះ?​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។

១៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ដោយ​សារ​ពួក​កូន​ស្រី​ស៊ីយ៉ូន​មាន​ឫក​ខ្ពស់ ដើរ​កាច់​រាង ងើយ​ក្បាល

ហើយ​វាយ​កន្ទុយ​ភ្នែក​ទាក់​ទាញ ទាំង​អង្រួន​កង​ជើង​ឲ្យ​គេ​ឮ​ផង

១៧ នោះ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ក្បាល​ពួក​កូន​ស្រី​ស៊ីយ៉ូន​មាន​ក្រមរ

ហើយ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ក្បាល​ពួក​គេ​ត្រងិល។+

១៨ នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​នឹង​ដោះ​គ្រឿង​តុបតែង​ខ្លួន​របស់​ពួក​គេ​ចេញ

គឺ​បូ​ចង​សក់ កង​ជើង និង​គ្រឿង​លម្អ​ដែល​មាន​រាង​ដូច​ដួង​ខែ+

១៩ ព្រម​ទាំង​ក្រវិល កង​ដៃ និង​ស្បៃ​បាំង​មុខ

២០ គ្រឿង​លម្អ​ក្បាល ខ្សែ​ជើង និង​ខ្សែ​ក្រវាត់

ថង់​គ្រឿង​ក្រអូប និង​បន្តោង​ស័ក្ដិ​សិទ្ធិ

២១ ព្រម​ទាំង​ចិញ្ចៀន និង​ក្រវិល​ច្រមុះ

២២ សម្លៀក​បំពាក់​ពិសេស សម្លៀក​បំពាក់​ក្រៅ សំពត់​ដណ្ដប់ និង​ថង់​ប្រាក់

២៣ ព្រម​ទាំង​កញ្ចក់+ សម្លៀក​បំពាក់​ក្រណាត់​សាច់​ល្អ

ឈ្នួត​ក្បាល និង​ស្បៃ​បាំង​មុខ​ផង​ដែរ។

២៤ ពួក​នាង​នឹង​មាន​ក្លិន​ស្អុយ​ជា​ជាង​ក្លិន​ក្រអូប*+

ពួក​នាង​នឹង​ពាក់​ខ្សែ​ពួរ​ជា​ជាង​ខ្សែ​ក្រវាត់

ពួក​នាង​នឹង​មាន​ក្បាល​ត្រងោល ជា​ជាង​មាន​សក់​តុបតែង​ស្អាត+

ពួក​នាង​នឹង​ស្លៀក​បាវ​ជា​ជាង​សម្លៀក​បំពាក់​ប្រណីត+

ពួក​នាង​នឹង​មាន​សម្លាក*ជា​ជាង​មាន​រូប​ឆោម​ស្អាត។

២៥ ឯ​ពួក​បុរស​របស់​នាង ពួក​គេ​នឹង​ដួល​ដោយ​ដាវ

ពួក​ទាហាន​ពូកែ​អង់អាច​ក៏​នឹង​ស្លាប់​ក្នុង​ចម្បាំង​ដែរ។+

២៦ ខ្លោង​ទ្វារ​ក្រុង​ស៊ីយ៉ូន​នឹង​យំ​សោក ហើយ​កើត​ទុក្ខ+

ក្រុង​នោះ​នឹង​នៅ​ទទេ ហើយ​អង្គុយ​នៅ​ដី​»។+

៤ នៅ​គ្រា​នោះ ស្ត្រី​៧​នាក់​នឹង​ចាប់​តោង​បុរស​ម្នាក់+ ហើយ​និយាយ​ថា​៖

​«​សូម​យក​ពួក​យើង​ធ្វើ​ជា​ប្រពន្ធ ហើយ​រាប់​តាម​ឈ្មោះ​អ្នក​ផង

ដើម្បី​កុំ​ឲ្យ​ពួក​យើង​រង​ការ​អាម៉ាស់*ត​ទៅ​ទៀត

ពួក​យើង​នឹង​រក​អាហារ​បរិភោគ​ដោយ​ខ្លួន​ឯង ហើយ​ក៏​រក​សម្លៀក​បំពាក់​ដោយ​ខ្លួន​ឯង​ដែរ​»។+

២ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​រុក្ខជាតិ​លូត​លាស់​យ៉ាង​ស្រស់បំព្រង។ ឯ​ពួក​អ៊ីស្រាអែល​ដែល​បាន​រួច​ជីវិត នឹង​មាន​មោទនភាព ហើយ​មាន​អំណរ ព្រោះ​តែ​ផល​ផ្លែ​នៅ​ក្នុង​ស្រុក​នោះ។+ ៣ អ្នក​ដែល​នៅ​សេស​សល់​ក្នុង​ក្រុង​ស៊ីយ៉ូន​និង​ក្រុង​យេរូសាឡិម នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​បរិសុទ្ធ គឺ​អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ដើម្បី​ឲ្យ​ពួក​គេ​បន្ត​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម។+

៤ ព្រះ​យេហូវ៉ា​នឹង​លាង​សម្អាត​ឈាម​ដែល​បាន​ត្រូវ​កម្ចាយ​ពី​ក្រុង​យេរូសាឡិម ហើយ​សម្អាត​ភាព​ស្មោក​គ្រោក​របស់​ពួក​កូន​ស្រី​នៃ​ស៊ីយ៉ូន*+ ពេល​ដែល​លោក​បញ្ចេញ​កំហឹង​ទាស់​នឹង​ក្រុង​យេរូសាឡិម ហើយ​វិនិច្ឆ័យ​ក្រុង​នោះ។+ ៥ នៅ​ពេល​នោះ​ដែរ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​មាន​ពពក​និង​ផ្សែង​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ទាំង​មូល និង​នៅ​លើ​កន្លែង​ប្រជុំ​គ្នា​នៅ​ពេល​ថ្ងៃ ហើយ​លោក​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​នៅ​ពេល​យប់។+ រួច​នឹង​មាន​ជម្រក​នៅ​លើ​កន្លែង​ដ៏​រុង​រឿង​នោះ។ ៦ នៅ​ពេល​ថ្ងៃ នឹង​មាន​រោង​សម្រាប់​បាំង​កម្ដៅ​ថ្ងៃ+ ហើយ​ជា​ទី​ជ្រក​កោន និង​ជា​ទី​ការ​ពារ​ឲ្យ​រួច​ពី​ព្យុះ​ភ្លៀង​ផង។+

៥ ខ្ញុំ​សូម​ច្រៀង​ជូន​អ្នក​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ

គឺ​ចម្រៀង​មួយ​អំពី​អ្នក​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​និង​អំពី​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​គាត់។+

អ្នក​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​មាន​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ​នៅ​ជើង​ភ្នំ​ដែល​មាន​ជី​ជាតិ។

 ២ គាត់​កាប់​គាស់​ដី ហើយ​ប្រមូល​យក​ថ្ម​ចេញ។

រួច​គាត់​ដាំ​ដើម​ទំពាំង​បាយ​ជូរ​ល្អ​ពូជ​ក្រហម

ហើយ​សង់​ប៉ម​នៅ​កណ្ដាល​ចម្ការ​ទំពាំង​បាយ​ជូរ

ថែម​ទាំង​ធ្វើ​កន្លែង​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា​ទៀត​ផង។+

គាត់​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ល្អ

តែ​ចម្ការ​នោះ​បែរ​ជា​បង្កើត​សុទ្ធ​តែ​ផ្លែ​ទំពាំង​បាយ​ជូរ​ព្រៃ​វិញ។+

 ៣ ​«​ឥឡូវ​នេះ ឱ​អ្នក​ក្រុង​យេរូសាឡិម​និង​អ្នក​ស្រុក​យូដា​អើយ!

សូម​ជួយ​វិនិច្ឆ័យ​រវាង​ខ្ញុំ​និង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ខ្ញុំ​ផង។+

 ៤ ខ្ញុំ​បាន​ខំ​អស់​ពី​សមត្ថភាព​ហើយ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ទៀត​ទៅ?+

ខ្ញុំ​សង្ឃឹម​ថា​ចម្ការ​នេះ​នឹង​បង្កើត​ផ្លែ​ល្អ

តែ​ហេតុ​អ្វី​វា​បែរ​ជា​បង្កើត​ផ្លែ​ទំពាំង​បាយ​ជូរ​ព្រៃ​ទៅ​វិញ?

 ៥ ខ្ញុំ​សូម​ប្រាប់​អំពី​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ ចំពោះ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ខ្ញុំ

គឺ​ខ្ញុំ​នឹង​កាប់​របង*ចម្ការ​ចេញ ហើយ​ដុត​បំផ្លាញ​ចោល។+

ខ្ញុំ​នឹង​រំលំ​របង​ថ្ម​ចម្ការ​នេះ ហើយ​ឲ្យ​គេ​ចូល​ជាន់​ឈ្លី។

 ៦ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ចម្ការ​នេះ​ដូច​ជា​ចម្ការ​ដែល​គេ​បោះ​បង់​ចោល+

គ្មាន​នរណា​លួស​ឬ​ជ្រួយ​ដី​ទៀត​ឡើយ។

ចម្ការ​នេះ​នឹង​ដុះ​សុទ្ធ​តែ​គុម្ព​បន្លា​និង​ស្មៅ​ចង្រៃ+

ហើយ​ខ្ញុំ​នឹង​បង្គាប់​ពពក​កុំ​ឲ្យ​ធ្លាក់​ភ្លៀង​ទៅ​លើ​ចម្ការ​នេះ​ទៀត។+

 ៧ ព្រោះ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​គឺ​ជា​ពូជ​ពង្ស​អ៊ីស្រាអែល។+

អ្នក​ស្រុក​យូដា​ធ្លាប់​ជា​ដំណាំ​ដែល​លោក​ពេញ​ចិត្ត។

លោក​សង្ឃឹម​ថា​មាន​យុត្តិធម៌+ តែ​មើល! មាន​សុទ្ធ​តែ​អយុត្តិធម៌

លោក​សង្ឃឹម​ថា​មាន​សេចក្ដី​សុចរិត

តែ​មើល! មាន​សុទ្ធ​តែ​សម្រែក​នៃ​ការ​ឈឺ​ចាប់​វិញ​»។+

 ៨ វេទនា​ហើយ! អស់​អ្នក​ដែល​យក​ផ្ទះ​មួយ​ហើយ​មួយ​ទៀត+

និង​អស់​អ្នក​ដែល​យក​ដី​ស្រែ​មួយ​ហើយ​មួយ​ទៀត+

រហូត​ដល់​អស់​គ្មាន​សល់ ហើយ​មាន​តែ​ពួក​គេ​ប៉ុណ្ណោះ​រស់​នៅ​ក្នុង​ស្រុក!

 ៩ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា

ពិត​មែន​តែ​មាន​ផ្ទះ​ធំ​ស្អាត​ៗ​ជា​ច្រើន

តែ​ផ្ទះ​ទាំង​នោះ​នឹង​ទៅ​ជា​កន្លែង​ដ៏​គួរ​ឲ្យ​ខ្លាច

ហើយ​នឹង​គ្មាន​អ្នក​ណា​នៅ​ទេ។+

១០ ដី​ចម្ការ​ទំពាំង​បាយ​ជូរ​បួន​ហិចតា​នឹង​បង្កើត​ផល​បាន​តែ​មួយ​បាត*ប៉ុណ្ណោះ

ឯ​គ្រាប់​ពូជ​មួយ​ហូម៉ើរ*នឹង​បង្កើត​ផល​បាន​តែ​មួយ​អេហ្វា*វិញ។+

១១ វេទនា​ហើយ! អស់​អ្នក​ដែល​ក្រោក​ឡើង​ផឹក​ស្រា​តាំង​ពី​ព្រលឹម+

ហើយ​ផឹក​ទល់​ព្រលប់​រហូត​ដល់​ស្រវឹង​ជោក​ជាំ!

១២ ពួក​គេ​មាន​ពិណ​និង​ឧបករណ៍​ភ្លេង​មាន​ខ្សែ

ស្គរ​ដៃ ខ្លុយ និង​ស្រា​ក្នុង​ពិធី​ជប់​លៀង​របស់​ពួក​គេ

ប៉ុន្តែ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា​ទេ

ហើយ​ក៏​មិន​អើពើ​នឹង​ស្នា​ដៃ​របស់​លោក​ដែរ។

១៣ ដូច្នេះ រាស្ត្រ​របស់​ខ្ញុំ​នឹង​ត្រូវ​និរទេស ព្រោះ​ពួក​គេ​គ្មាន​ចំណេះ​អំពី​ខ្ញុំ​ទេ។+

ឯ​ពួក​បុរស​ដែល​មាន​កិត្តិយស​នឹង​ត្រូវ​អត់​ឃ្លាន+

ហើយ​បណ្ដា​ជន​ទាំង​ឡាយ​នឹង​រង​ទុក្ខ​ដោយ​សារ​ស្រេក​ទឹក។

១៤ ដូច្នេះ ផ្នូរ*បាន​ពង្រីក​ខ្លួន​វា​យ៉ាង​ធំ​ទូលាយ

ហើយ​ហា​មាត់​ធំ​គ្មាន​ដែន​កំណត់+

រួច​ពួក​អ្នក​ដែល​បាន​កើត​ក្នុង​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់ ព្រម​ទាំង​ក្រុម​មនុស្ស​អ៊ូអរ និង​ពួក​អ្នក​ជប់​លៀង​សប្បាយ​ឥត​បើ​គិត

ពួក​គេ​នឹង​ធ្លាក់​ទៅ​ក្នុង​ផ្នូរ​នោះ​ជា​មិន​ខាន។

១៥ មនុស្សជាតិ​នឹង​ត្រូវ​អាប់​ឱន ពួក​គេ​នឹង​ត្រូវ​បន្ទាប​ចុះ

ហើយ​មនុស្ស​ក្រអឺត​ក្រទម​នឹង​ត្រូវ​បាក់​មុខ។

១៦ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​ត្រូវ​លើក​តម្កើង​តាម​រយៈ​យុត្តិធម៌​របស់​លោក

ព្រះ​ពិត​ដែល​ជា​ព្រះ​ដ៏​បរិសុទ្ធ+នឹង​បង្ហាញ​ភាព​បរិសុទ្ធ​របស់​លោក​តាម​រយៈ​សេចក្ដី​សុចរិត។+

១៧ កូន​ចៀម​នឹង​ស៊ី​ស្មៅ​ដោយ​សេរី​ដូច​ជា​នៅ​វាល​ស្មៅ​របស់​វា

ឯ​ជន​បរទេស​នឹង​មាន​អាហារ​បរិភោគ​នៅ​ទី​ស្ងាត់​ជ្រងំ​ជា​កន្លែង​ដែល​សត្វ​ធំ​ធាត់​ធ្លាប់​រស់​នៅ។

១៨ អស់​អ្នក​ដែល​កុហក​នឹង​វេទនា​ហើយ!

ពួក​គេ​នៅ​ជាប់​ទោស​កំហុស​និង​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​ដូច​ជា​សត្វ​ដែល​អូស​រទេះ។

១៩ ពួក​គេ​ចំអក​ឲ្យ​ព្រះ​ថា​៖ ​«​សូម​ឲ្យ​លោក​ប្រញាប់​សម្រេច​កិច្ច​ការ​របស់​លោក​ទៅ

ហើយ​បង្ហើយ​កិច្ច​ការ​របស់​លោក​យ៉ាង​ឆាប់​ចុះ ដើម្បី​យើង​អាច​ឃើញ​ផង។

សូម​ឲ្យ​បំណង​ប្រាថ្នា*របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​បាន​សម្រេច

ដើម្បី​យើង​អាច​ស្គាល់​ដែរ!​»។+

២០ វេទនា​ហើយ! អស់​អ្នក​ដែល​ចាត់​ទុក​សេចក្ដី​ល្អ​ថា​អាក្រក់​និង​សេចក្ដី​អាក្រក់​ថា​ល្អ​វិញ។+

វេទនា​ហើយ! អស់​អ្នក​ដែល​យក​ភាព​ងងឹត​ជា​ពន្លឺ​និង​យក​ពន្លឺ​ជា​ភាព​ងងឹត​វិញ។

វេទនា​ហើយ! អស់​អ្នក​ដែល​យក​សេចក្ដី​ជូរ​ល្វីង​ជា​ផ្អែម​និង​យក​សេចក្ដី​ផ្អែម​ជា​ជូរ​ល្វីង​វិញ។

២១ វេទនា​ហើយ! អស់​អ្នក​ដែល​គិត​ថា​ខ្លួន​មាន​ប្រាជ្ញា

ហើយ​គិត​ថា​ខ្លួន​ចេះ​ពិចារណា!+

២២ វេទនា​ហើយ! អស់​អ្នក​ដែល​ពូកែ​ផឹក​ស្រា

និង​អ្នក​ដែល​ពូកែ​លាយ​គ្រឿង​ស្រវឹង។+

២៣ វេទនា​ហើយ! អស់​អ្នក​ដែល​លើក​លែង​ទោស​ឲ្យ​មនុស្ស​អាក្រក់​ដើម្បី​ទទួល​សំណូក+

ព្រម​ទាំង​អស់​អ្នក​ដែល​មិន​កាត់​ក្ដី​ឲ្យ​ជន​សុចរិត​ដោយ​យុត្តិធម៌!+

២៤ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ដូច​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ចំបើង និង​ឆាប​ឆេះ​ស្មៅ​ក្រៀម​ស្វិត។

ឫស​របស់​ពួក​គេ​នឹង​រលួយ​ទៅ

ផ្កា​របស់​ពួក​គេ​ក៏​នឹង​រសាត់​ទៅ​ដូច​ជា​លម្អង​ធូលី​ដែរ

ព្រោះ​ពួក​គេ​មិន​បាន​ធ្វើ​តាម​ច្បាប់*របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ទេ

ហើយ​ពួក​គេ​បាន​មើល​ងាយ​បណ្ដាំ​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល។+

២៥ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ខឹង​ជា​ខ្លាំង​ទាស់​នឹង​រាស្ត្រ​របស់​លោក

លោក​នឹង​លើក​ដៃ​ប្រឆាំង​នឹង​ពួក​គេ ហើយ​វាយ​ប្រហារ​ពួក​គេ។+

បណ្ដា​ភ្នំ​នឹង​រញ្ជួយ​ញាប់​ញ័រ

សាក​សព​របស់​ពួក​គេ​នឹង​ដូច​ជា​សំរាម​នៅ​តាម​ផ្លូវ។+

ម្ល៉ោះ​ហើយ កំហឹង​របស់​លោក​មិន​ទាន់​ស្ងប់​ទេ

ហើយ​លោក​នៅ​តែ​លើក​ដៃ​វាយ​ប្រហារ​ពួក​គេ​ដដែល។

២៦ លោក​បាន​តាំង​សញ្ញា​មួយ​ឡើង​ដល់​ប្រជា​ជាតិ​មួយ​ដែល​នៅ​ឆ្ងាយ+

គឺ​លោក​បាន​ហួច​ហៅ​ពួក​គេ​ឲ្យ​មក​ពី​ចុង​ផែនដី+

ហើយ​មើល! ពួក​គេ​នាំ​គ្នា​មក​យ៉ាង​រហ័ស។+

២៧ គ្មាន​ពួក​គេ​ណា​ម្នាក់​អស់​កម្លាំង ឬ​ជំពប់​ដួល​ទេ

ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ងោក​ងុយ ឬ​ដេក​លក់​ដែរ។

ពួក​គេ​រឹត​បន្តឹង​ខ្សែ​ក្រវាត់​ខ្លួន។

ឯ​ខ្សែ​ស្បែក​ជើង​របស់​ពួក​គេ​ក៏​មិន​បាន​ដាច់​ដែរ។

២៨ ព្រួញ​របស់​ពួក​គេ​សុទ្ធ​តែ​មុត​ស្រួច

ពួក​គេ​ក៏​ត្រៀម​ធ្នូ​ជា​ស្រេច​ដើម្បី​បាញ់។

ឯ​ក្រចក​សេះ​របស់​ពួក​គេ​គឺ​ប្រៀប​ដូច​ជា​ថ្ម​ភ្លើង

ហើយ​កង់​រទេះ​ចម្បាំង​របស់​ពួក​គេ​លឿន​ដូច​ជា​ខ្យល់​ព្យុះ។+

២៩ សម្រែក​របស់​ពួក​គេ​ប្រៀប​ដូច​ជា​សម្រែក​សត្វ​តោ

គឺ​ពួក​គេ​នឹង​គ្រហឹម​ដូច​តោ​ស្ទាវ+ដែល​ចាប់​សត្វ​ធ្វើ​ជា​ចំណី

ហើយ​គ្មាន​នរណា​អាច​សង្គ្រោះ​ឲ្យ​រួច​បាន​ឡើយ។

៣០ នៅ​គ្រា​នោះ ពួក​គេ​នឹង​គ្រហឹម​ដាក់​ចំណី

ហើយ​សម្រែក​ពួក​គេ​បៀ​ប​ដូច​ជា​សូរ​សំឡេង​សមុទ្រ​បក់​បោក។+

ពេល​សម្លឹង​មើល​ស្រុក​នោះ ឃើញ​សុទ្ធ​តែ​ភាព​ងងឹត​និង​ការ​ឈឺ​ចាប់

ហើយ​សូម្បី​តែ​ពន្លឺ​នឹង​ប្រែ​ទៅ​ជា​ងងឹត​ដោយ​សារ​ពពក។+

៦ នៅ​ឆ្នាំ​ដែល​ស្ដេច​អូសៀស​ស្លាប់+ ខ្ញុំ​បាន​ឃើញ​ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក​ដ៏ខ្ពង់​ខ្ពស់​ឧត្ដម+ ហើយ​ជាយ​សម្លៀក​បំពាក់​របស់​លោក​រំសាយ​ពេញ​វិហារ។ ២ នៅ​ចំពោះ​លោក​មាន​បណ្ដា​សេរភីម។* សេរភីម​មួយ​រូប​ៗ​មាន​ស្លាប​៦ គឺ​ស្លាប​២​បាំង​មុខ ស្លាប​២​បាំង​ជើង និង​ស្លាប​២​ទៀត​សម្រាប់​ហោះហើរ។

 ៣ សេរភីម​ទាំង​នោះ​បន្លឺ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ថា​៖

​«​បរិសុទ្ធ បរិសុទ្ធ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​គឺ​បរិសុទ្ធ+

ផែនដី​ពេញ​ទៅ​ដោយ​សិរី​រុង​រឿង​របស់​លោក​»។

៤ សំឡេង​នោះ​លាន់​ឮ​ខ្លាំង​ដល់​ម្ល៉េះ រហូត​ដល់​បង្គោល​ទ្វារ​វិហារ​ញ័រ​រញ្ជួយ ហើយ​មាន​ផ្សែង​ពេញ​វិហារ។+

 ៥ រួច​ខ្ញុំ​បាន​និយាយ​ថា​៖ ​«​វេទនា​ហើយ​ខ្ញុំ! ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន

ព្រោះ​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត​បរិសុទ្ធ

ហើយ​ក៏​រស់​នៅ​ក្នុង​ចំណោម​បណ្ដា​ជន​ដែល​មានបបូរ​មាត់​មិន​ស្អាត​បរិសុទ្ធ​ដែរ។+

ព្រោះ​ខ្ញុំ​បាន​ឃើញ​មហា​ក្សត្រ​ដោយ​ផ្ទាល់​ភ្នែក គឺ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌!​»។

៦ ពេល​នោះ សេរភីម​មួយ​រូប​បាន​ហោះ​មក​ឯ​ខ្ញុំ ហើយ​ក្នុង​ដៃ​គាត់​មាន​រងើក​ភ្លើង+ដែល​គាត់​បាន​កៀប​យក​មក​ពី​ទី​បូជា។+ ៧ គាត់​បាន​យក​រងើក​ភ្លើង​នោះ​មក​ប៉ះ​មាត់​ខ្ញុំ រួច​និយាយ​ថា​៖

​«​មើល! ភ្លើង​នេះ​បាន​ប៉ះ​បបូរ​មាត់​អ្នក​ហើយ។

អំពើ​រំលង​របស់​អ្នក​បាន​ត្រូវ​ដក​ចេញ

ហើយ​ភាព​ខុស​ឆ្គង​របស់​អ្នក​ក៏​បាន​ត្រូវ​ជម្រះ​ហើយ​ដែរ​»។

៨ បន្ទាប់​មក ខ្ញុំ​បាន​ឮ​សំឡេង​របស់​ព្រះ​យេហូវ៉ា​ថា​៖ ​«​តើ​ខ្ញុំ​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ? តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​យើង?​»។+ ខណៈ​នោះ ខ្ញុំ​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​នៅ​ទី​នេះ​ហើយ! សូម​ចាត់​ខ្ញុំ!​»។+

 ៩ រួច​លោក​ប្រាប់​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​ប្រជារាស្ត្រ​នេះ​ថា​៖

‹អ្នក​រាល់​គ្នា​នឹង​ឮ​ហើយ​ឮ​ទៀត តែ​មិន​យល់​ទេ។

អ្នក​រាល់​គ្នា​នឹង​មើល​ហើយ​មើល​ទៀត តែ​មិន​ដឹង​អ្វី​សោះ›។+

១០ ចូរ​ធ្វើ​ឲ្យ​ចិត្ត​របស់​បណ្ដា​ជន​នេះ​ទៅ​ជា​ស្ពឹក+

និង​ធ្វើ​ឲ្យ​ត្រចៀក​របស់​ពួក​គេ​ធ្ងន់+ ហើយ​បិទ​ភ្នែក​ពួក​គេ​ទៅ

ដើម្បី​កុំ​ឲ្យ​ភ្នែក​ពួក​គេ​អាច​មើល​ឃើញ ឬ​ត្រចៀក​ពួក​គេ​ស្ដាប់​ឮ​ឡើយ

ហើយ​ដើម្បី​កុំ​ឲ្យ​ចិត្ត​របស់​ពួក​គេ​យល់

រួច​បែរ​មក​វិញ ហើយ​បាន​ជា​សះ​ស្បើយ​»។

១១ ឮ​ដូច្នេះ ខ្ញុំ​ក៏​សួរ​លោក​វិញ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​រហូត​ដល់​ពេល​ណា​ទៅ?​»។ លោក​ក៏​ឆ្លើយ​ថា​៖

​«​រហូត​ដល់​ក្រុង​ទាំង​ឡាយ​ខ្ទេច​ខ្ទី​ទៅ​ជា​គំនរ​បាក់​បែក គ្មាន​មនុស្ស​រស់​នៅ

និង​ផ្ទះ​នា​នា​គ្មាន​អ្នក​ស្នាក់​អាស្រ័យ

ហើយ​ស្រុក​នោះ​នឹង​ត្រូវ​បំផ្លិច​បំផ្លាញ​ចោល។+

១២ រហូត​ដល់​ព្រះ​យេហូវ៉ា​បណ្ដេញ​មនុស្ស​ចេញ​ទៅ​ឲ្យ​ឆ្ងាយ+

ហើយ​ទឹក​ដី​ភាគ​ច្រើន​ក្នុង​ស្រុក​នោះ​នឹង​ត្រូវ​បោះ​បង់​ចោល។

១៣ ​«​ប៉ុន្តែ ប្រជា​ជាតិ​អ៊ីស្រាអែល​នឹង​នៅ​សល់​១​ភាគ​១០ ហើយ​ស្រុក​នោះ​នឹង​ត្រូវ​ដុត​ចោល​ម្ដង​ទៀត។ ប្រជា​ជាតិ​អ៊ីស្រាអែល​ប្រៀប​ដូច​ជា​ដើម​ឈើ​ធំ​និង​ដូច​ដើម​អូក ដែល​ក្រោយ​ពី​កាប់​ហើយ​នៅ​សល់​គល់ រួច​មាន​ពន្លក*បរិសុទ្ធ​ដុះ​ចេញ​ពី​គល់​នោះ​»។

៧ នៅ​គ្រា​ស្ដេច​អេហាស+ជា​កូន​យ៉ូថាម ដែល​ត្រូវ​ជា​ចៅ​របស់​អូសៀស គ្រប់​គ្រង​លើ​ស្រុក​យូដា រេសិន​ជា​ស្ដេច​ស្រុក​ស៊ីរី​និង​ភេកា+ជា​កូន​រេម៉ាលៀ ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​នាំ​គ្នា​មក​ច្បាំង​នឹង​ក្រុង​យេរូសាឡិម តែ​ពួក​គាត់*មិន​អាច​ដណ្ដើម​យក​ក្រុង​នោះ​បាន​ទេ។+ ២ ពេល​នោះ មាន​គេ​មក​រាយ​ការណ៍​ប្រាប់​ពូជ​ពង្ស​ដាវីឌ​ថា​៖ ​«​ពួក​ស៊ីរី​បាន​ចូល​ដៃ​ជា​មួយ​នឹង​ពួក​អេប្រាអ៊ីម​ហើយ​»។

ឮ​ដូច្នេះ ក្នុង​ចិត្ត​អេហាស​និង​ចិត្ត​រាស្ត្រ​គាត់​ចាប់​ផ្ដើម​ភ័យ​រន្ធត់ ប្រៀប​ដូច​ជា​ដើម​ឈើ​ក្នុង​ព្រៃ​ញ័រ​រញ្ជួយ​ពេល​ត្រូវ​ខ្យល់​បក់​បោក។

៣ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​អេសាយ​ថា​៖ ​«​សូម​អ្នក​និង​សេអាយ៉ាសិប*+ជា​កូន ទៅ​ជួប​អេហាស​នៅ​ក្បែរ​ប្រឡាយ​ចេញ​ពី​អាង​ទឹក​ខាង​លើ+ ដែល​នៅ​តាម​ផ្លូវ​ទៅ​វាល​អ្នក​បោក​គក់។ ៤ រួច​ត្រូវ​ប្រាប់​គាត់​ថា​៖ ‹ចូរ​តាំង​ស្មារតី​រឹង​មាំ​ឡើង កុំ​ភ័យ​ខ្លាច​ឬ​ស្រយុត​ចិត្ត​ដោយ​សារ​តែ​កំហឹង​របស់​រេសិន​ស្ដេច​ស្រុក​ស៊ីរី និង​កូន​រេម៉ាលៀ+នោះ​ឡើយ ព្រោះ​ពួក​គេ​ប្រៀប​ដូច​ជា​កន្ទុយ​អុស​ពីរ​ប៉ុណ្ណោះ។ ៥ ព្រោះ​ពួក​ស៊ីរី​និង​កូន​រេម៉ាលៀ រួម​ទាំង​ពួក​អេប្រាអ៊ីម បាន​ឃុប​ឃិត​គ្នា​ទាស់​នឹង​អ្នក ដោយ​និយាយ​ថា​៖ ៦ ​«​ចូរ​យើង​នាំ​គ្នា​ទៅ​កម្ទេច*ស្រុក​យូដា ហើយ​ដណ្ដើម​យក*ស្រុក​នោះ​ទុក​ជា​របស់​យើង​ទៅ។ រួច​យើង​នឹង​តែង​តាំង​កូន​របស់​តាបបៀល​ឲ្យ​ធ្វើ​ជា​ស្ដេច​ជំនួស​វិញ​»។+

៧ ​«​‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​គម្រោង​ការ​ពួក​គេ​នឹង​មិន​សម្រេច​ទេ

ហើយ​ក៏​មិន​អាច​ទទួល​ជោគ​ជ័យ​ដែរ។

 ៨ ព្រោះ​ក្រុង​ដាម៉ាស់​ជា​រាជធានី​ស្រុក​ស៊ីរី

ហើយ​រេសិន​គ្រប់​គ្រង​ពី​ក្រុង​ដាម៉ាស់។

ក្នុង​អំឡុង​ពេល​៦៥​ឆ្នាំ​ប៉ុណ្ណោះ

ពួក​អេប្រាអ៊ីម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ ហើយ​លែង​ជា​ប្រជា​ជាតិ​ត​ទៅ​ទៀត។+

 ៩ ក្រុង​សាម៉ារី+គឺ​ជា​រាជធានី​របស់​ពួក​អេប្រាអ៊ីម

ហើយ​កូន​រេម៉ាលៀ​គ្រប់​គ្រង​ពី​ក្រុង​សាម៉ារី។+

បើ​អ្នក​គ្មាន​ជំនឿ​មុត​មាំ នោះ​រាជ្យ​អ្នក​នឹង​មិន​រឹង​មាំ​ឡើយ​»​›​»។

១០ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​អេហាស​ថែម​ទៀត​ថា​៖ ១១ ​«​ចូរ​សុំ​សញ្ញា​សម្គាល់​មួយ​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ចុះ។+ សញ្ញា​សម្គាល់​នោះ​អាច​ជ្រៅ​រហូត​ដល់​ក្រោម​ដី ឬ​អាច​ខ្ពស់​រហូត​ដល់​មេឃ​»។ ១២ ប៉ុន្តែ អេហាស​បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​នឹង​មិន​សុំ​ទេ ហើយ​ក៏​មិន​ចង់​ល្បង​ល​ព្រះ​យេហូវ៉ា​ដែរ​»។

១៣ រួច​មក អេសាយ​បាន​និយាយ​ថា​៖ ​«​ឱ​កូន​ចៅ​ដាវីឌ​អើយ! សូម​ស្ដាប់​ចុះ! តើ​អ្នក​សាកល្បង​ចិត្ត​អត់​ធ្មត់​របស់​មនុស្ស​មិន​គ្រប់​គ្រាន់​ឬ បាន​ជា​ចង់​សាកល្បង​ចិត្ត​អត់​ធ្មត់​របស់​ព្រះ​ថែម​ទៀត?+ ១៤ ហេតុ​នេះ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​សញ្ញា​សម្គាល់​មួយ​ដល់​អ្នក​៖ មើល! ស្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់​នឹង​ពពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ+ រួច​នាង​នឹង​ដាក់​ឈ្មោះ​កូន​នោះ​ថា​អេម៉ាញូអែល។*+ ១៥ មុន​កូន​នោះ​ដឹង​ក្ដី ហើយ​ចេះ​បដិសេធ​អ្វី​ដែល​អាក្រក់​និង​ចេះ​ជ្រើស​រើស​អ្វី​ដែល​ល្អ នោះ​គាត់​នឹង​គ្មាន​អ្វី​បរិភោគ​ក្រៅ​ពី​ខ្លាញ់​ទឹក​ដោះ*និង​ទឹក​ឃ្មុំ​ទេ។ ១៦ ព្រោះ​មុន​កូន​នោះ​ដឹង​ក្ដី ហើយ​ចេះ​បដិសេធ​អ្វី​ដែល​អាក្រក់​និង​ចេះ​ជ្រើស​រើស​អ្វី​ដែល​ល្អ ស្រុក​របស់​ស្ដេច​ពីរ​រូប​ដែល​អ្នក​ខ្លាច​នោះ នឹង​ត្រូវ​បោះ​បង់​ចោល។+ ១៧ ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ឲ្យ​អ្នក​និង​រាស្ត្រ​របស់​អ្នក ព្រម​ទាំង​ពូជ​ពង្ស​ឪពុក​អ្នក ជួប​គ្រា​លំបាក​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក តាំង​ពី​គ្រា​ដែល​អេប្រាអ៊ីម​បែក​ចេញ​ពី​យូដា។+ ព្រោះ​លោក​នឹង​នាំ​ស្ដេច​ស្រុក​អាស៊ីរី​មក​វាយ​ប្រហារ​អ្នក។+

១៨ ​«​នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​ហួច​ហៅ​ហ្វូង​រុយ​ពី​អូរ​ឆ្ងាយ​ៗ​ដែល​បែក​ចេញ​ពី​ទន្លេ​នីល​ក្នុង​ស្រុក​អេហ្ស៊ីប និង​ហៅ​ហ្វូង​ឃ្មុំ​ពី​ស្រុក​អាស៊ីរី។ ១៩ ពួក​វា​ទាំង​អស់​ក៏​មក​ទំ​នៅ​ជ្រលង​នា​នា ក្រហែង​ថ្ម គុម្ព​បន្លា និង​វាល​ស្មៅ*ទាំង​ឡាយ។

២០ ​«​នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​ប្រើ​ស្ដេច​ស្រុក​អាស៊ីរី+ដែល​ប្រៀប​ដូច​ជា​កាំបិត​កោរ​ដែល​គេ​ជួល​ពី​តំបន់​ទន្លេ​អឺប្រាត ដើម្បី​កោរ​សក់ កោរ​រោម​ជើង និង​កោរ​ពុក​ចង្កា​អ្នក។

២១ ​«​នៅ​គ្រា​នោះ មនុស្ស​នឹង​ទុក​ជីវិត​ឲ្យ​គោ​ញី​មួយ​ក្បាល និង​ចៀម​ពីរ​ក្បាល ២២ ហើយ​ដោយ​សារ​សម្បូរ​ទឹក​ដោះ គាត់​នឹង​បាន​ខ្លាញ់​ទឹក​ដោះ​បរិភោគ។ ព្រោះ​មនុស្ស​ទាំង​អស់​ដែល​នៅ​សល់​ក្នុង​ស្រុក​នឹង​បាន​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ​បរិភោគ។

២៣ ​«​នៅ​គ្រា​នោះ គ្រប់​កន្លែង​ដែល​ធ្លាប់​មាន​ដើម​ទំពាំង​បាយ​ជូរ​១.០០០​ដើម តម្លៃ​ជា​ប្រាក់​១.០០០​ដុំ នឹង​ក្លាយ​ទៅ​ជា​កន្លែង​ដែល​មាន​សុទ្ធ​តែ​គុម្ព​បន្លា​និង​ស្មៅ​ចង្រៃ​វិញ។ ២៤ មនុស្ស​នឹង​ទៅ​ទី​នោះ​ដោយ​យក​ព្រួញ​និង​ធ្នូ​ទៅ​ជា​មួយ ព្រោះ​ស្រុក​នោះ​មាន​ពេញ​ទៅ​ដោយ​គុម្ព​បន្លា​និង​ស្មៅ​ចង្រៃ។ ២៥ ឯ​ភ្នំ​ទាំង​ឡាយ​ដែល​គេ​ធ្លាប់​ភ្ជួរ​រាស់​ដាំ​ដុះ អ្នក​នឹង​មិន​ហ៊ាន​ទៅ​ក្បែរ​ទេ ព្រោះ​ខ្លាច​គុម្ព​បន្លា​និង​ស្មៅ​ចង្រៃ។ ទី​នោះ​នឹង​ក្លាយ​ទៅ​ជា​កន្លែង​សម្រាប់​គោ​ស៊ី​ស្មៅ និង​ចៀម​ដើរ​ជាន់​វិញ​»។

៨ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖ ​«​ចូរ​យក​បន្ទះ​ឈើ​ធំ​មួយ​មក+ រួច​យក​ដែក​ចារ​មក​សរសេរ​លើ​នោះ​ថា​‹ម៉ាហឺសាឡាលហាសបាស›។* ២ រួច​ខ្ញុំ​នឹង​ឲ្យ​សាក្សី​ស្មោះ​ត្រង់​ពីរ​នាក់ សរសេរ​បញ្ជាក់​នូវ​សំណេរ​របស់​អ្នក គឺ​អ៊ូរី+ជា​សង្ឃ និង​សាការី​ជា​កូន​យេបេរេគា​»។

៣ ក្រោយ​នោះ ខ្ញុំ*បាន​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​ខ្ញុំ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ។ ក្រោយ​មក នាង​សម្រាល​បាន​កូន​ប្រុស​មួយ។+ រួច​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ខ្ញុំ​ថា​៖ ​«​ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា​ម៉ាហឺសាឡាលហាសបាស ៤ ព្រោះ​មុន​កូន​នេះ​ចេះ​ហៅ​‹ពុក›​និង​‹ម៉ែ›​នោះ ទ្រព្យ​ទាំង​អស់​នៅ​ក្រុង​ដាម៉ាស់​និង​ធន​ធាន​នៅ​ក្រុង​សាម៉ារី នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​អាស៊ីរី​»។+

៥ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ម្ដង​ទៀត​ថា​៖

 ៦ ​«​ដោយ​សារ​ប្រជា​ជាតិ​នេះ​មិន​បាន​ទទួល​ស្គាល់​ប្រភព​ទឹក​សៃឡោ*+ដែល​ហូរ​រឹម​ៗ​

តែ​បែរ​ជា​ត្រេក​អរ​នឹង​រេសិន​និង​កូន​រេម៉ាលៀ​ទៅ​វិញ+

 ៧ ហេតុ​នេះ ព្រះ​យេហូវ៉ា​នឹង​ចាត់​ស្ដេច​អាស៊ីរី+ដ៏​ខ្លាំង​ក្លា

ព្រម​ទាំង​កង​ទ័ព​ដ៏​អង់អាច​របស់​គាត់ មក​ច្បាំង​នឹង​ពួក​គេ។

ស្ដេច​នោះ​នឹង​មក​យ៉ាង​លឿន​ដូច​ជា​កម្លាំង​ទឹក​ដ៏​ធំ​សម្បើម​នៃ​ទន្លេ​អឺប្រាត

ដែល​ហូរ​ជន់​លិច​ច្រាំង​ទាំង​អស់

 ៨ និង​ហូរ​កាត់​ស្រុក​យូដា​ទាំង​មូល។

ស្ដេច​នោះ​ប្រៀប​ដូច​ជា​ទឹក​ជំនន់​ដែល​ហូរ​កាត់​ស្រុក​យូដា​ហើយ​ជន់​ឡើង​លិច​ដល់​ត្រឹម​ក+

ឱ​អេម៉ាញូអែល​អើយ!

ដូច​បក្សី ស្លាប​ដ៏​ធំ​របស់​គាត់​នឹង​គ្រប​ពេញ​ស្រុក​អ្នក​ហើយ​»។+

 ៩ ចូរ​បំផ្លាញ​ពួក​គេ​ទៅ តែ​អ្នក​នឹង​ត្រូវ​គេ​បំផ្លាញ​វិញ។

ចូរ​ស្ដាប់​ចុះ! ឱ​អស់​អ្នក​ដែល​មក​ពី​ចុង​ផែនដី​អើយ!

ចូរ​ត្រៀម​ប្រយុទ្ធ​ចុះ! តែ​អ្នក​នឹង​ត្រូវ​បំបាក់​បំបែក​ឲ្យ​ខ្ទេច​ខ្ទី!+

ចូរ​ត្រៀម​ច្បាំង​ចុះ! តែ​អ្នក​នឹង​ត្រូវ​បំផ្លិច​បំផ្លាញ​ចោល!

១០ ចូរ​រៀបចំ​គម្រោង​ការ​ចុះ តែ​នោះ​មិន​បាន​សម្រេច​ទេ!

ចូរ​រៀប​ផែន​ការ​ចុះ តែ​នោះ​នឹង​មិន​ជោគ​ជ័យ​ឡើយ

ព្រោះ​ព្រះ​នៅ​ជា​មួយ​នឹង​យើង​ហើយ!*+

១១ ពេល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ ហើយ​លោក​បាន​ព្រមាន​ខ្ញុំ​កុំ​ឲ្យ​ដើរ​តាម​គន្លង​របស់​បណ្ដា​ជន​នេះ ដោយ​មាន​ប្រសាសន៍​ថា​៖

១២ ​«​អ្វី​ដែល​បណ្ដា​ជន​នេះ​ចាត់​ទុក​ថា​ក្បត់ អ្នក​មិន​ត្រូវ​ចាត់​ទុក​ជា​ការ​ក្បត់​ទេ!

អ្វី​ដែល​ពួក​គេ​ភ័យ​ខ្លាច អ្នក​មិន​ត្រូវ​ខ្លាច និង​ភ័យ​តក់​ស្លុត​ឡើយ។

១៣ មាន​តែ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​តែ​មួយ​ប៉ុណ្ណោះ​ដែល​អ្នក​គួរ​ចាត់​ទុក​ថា​បរិសុទ្ធ+

មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​អ្នក​គួរ​កោត​ខ្លាច

មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​អ្នក​គួរ​ភ័យ​តក់​ស្លុត​»។+

១៤ លោក​នឹង​ទៅ​ជា​ទី​បរិសុទ្ធ តែ​ជា​ថ្ម​ដែល​នាំ​ឲ្យ​ជំពប់

និង​ជា​ថ្ម​ដា​ដែល​នាំ​ឲ្យ​ដួល+

ចំពោះ​រាជាណាចក្រ​ទាំង​ពីរ​នៃ​អ៊ីស្រាអែល

លោក​ជា​លប់​និង​អន្ទាក់ ចំពោះ​ពួក​អ្នក​ក្រុង​យេរូសាឡិម។

១៥ ពួក​គេ​ជា​ច្រើន​នឹង​ជំពប់​ដួល ហើយ​រង​របួស​ធ្ងន់

ពួក​គេ​នឹង​ធ្លាក់​ក្នុង​អន្ទាក់ ហើយ​ជាប់​លប់​ជា​មិន​ខាន។

១៦ ចូរ​មូរ​ទុក​សេចក្ដី​បញ្ជាក់​នេះ

ហើយ​បិទ​ត្រា​លើ​ច្បាប់*នេះ​ទុក​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​ខ្ញុំ​ចុះ!

១៧ ខ្ញុំ​នឹង​ទន្ទឹង​ចាំ​ព្រះ​យេហូវ៉ា+ ហើយ​សង្ឃឹម​លើ​លោក​ជា​និច្ច ទោះ​ជា​លោក​បែរ​មុខ​ចេញ​ពី​ពូជ​ពង្ស​យ៉ាកុប​ក៏​ដោយ។+

១៨ មើល! ខ្ញុំ​និង​កូន​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​នោះ+ ពួក​យើង​ជា​សញ្ញា​សម្គាល់+ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​ជា​ការ​អស្ចារ្យ​ពី​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ដែល​អាស្រ័យ​នៅ​ភ្នំ​ស៊ីយ៉ូន។

១៩ ប្រសិន​បើ​ពួក​គេ​ប្រាប់​អ្នក​ថា​៖ ​«​ចូរ​ទៅ​សួរ​គ្រូ​ខាប​ឬ​គ្រូ​ទាយ​ដែល​បញ្ចេញ​សំឡេង​តូច​ខ្សាវ​ៗ​នោះ​ទៅ​»​ តើ​អ្នក​គួរ​ទៅ​ឬ​ទេ? បណ្ដា​ជន​គួរ​ទៅ​សួរ​ព្រះ​របស់​ពួក​គេ មែន​ទេ? ហេតុ​អ្វី​ទៅ​សួរ​មនុស្ស​ស្លាប់​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ដូច្នេះ?+ ២០ ផ្ទុយ​ទៅ​វិញ ពួក​គេ​គួរ​ទទួល​ការ​ណែនាំ​ពី​ច្បាប់​របស់​ព្រះ​និង​សេចក្ដី​បញ្ជាក់​របស់​លោក​វិញ!

ពេល​ពួក​គេ​មិន​ធ្វើ​តាម​ការ​ណែនាំ​នេះ ពួក​គេ​គ្មាន​ពន្លឺ​ឡើយ។+ ២១ បុគ្គល​ម្នាក់​ៗ​នឹង​ឆ្លង​កាត់​ស្រុក​នេះ​ទាំង​វេទនា​និង​អត់​ឃ្លាន+ ហើយ​ដោយ​សារ​គាត់​ឃ្លាន​និង​ខឹង​ផង​នោះ គាត់​នឹង​សម្លឹង​មើល​ទៅ​លើ ហើយ​ដាក់​បណ្ដាសា​ស្ដេច​និង​ព្រះ​របស់​ខ្លួន។ ២២ បន្ទាប់​មក គាត់​នឹង​សម្លឹង​ទៅ​ក្រោម មើល​ឃើញ​សុទ្ធ​តែ​ទុក្ខ​វេទនា​និង​ភាព​ងងឹត ទុក្ខ​លំបាក​និង​ភាព​អន្ធការ ការ​អាប់​រស្មី​និង​ភាព​ងងឹត​សូន្យសុង។

៩ ប៉ុន្តែ ភាព​ងងឹត​សូន្យសុង​ក្នុង​ស្រុក​នោះ​នឹង​មិន​ដូច​ភាព​ងងឹត​សូន្យសុង​នៅ​គ្រា​មុន​ទេ គឺ​នៅ​ពេល​ដែល​ទឹក​ដី​សេប៊ូឡូន​និង​ទឹក​ដី​ណែបថាលី​បាន​ជួប​ទុក្ខ​វេទនា ហើយ​ត្រូវ​គេ​មើល​ងាយ។+ ប៉ុន្តែ ក្រោយ​មក លោក​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ទទួល​ការ​លើក​តម្កើង គឺ​ជា​ស្រុក​នៅ​តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ ក្នុង​តំបន់​ទន្លេ​យ៉ូដាន់ ហើយ​ជា​ស្រុកកាលីឡេ​នៃ​ជន​ជាតិ​ដទៃ។

 ២ ពួក​អ្នក​ដែល​ដើរ​ក្នុង​ទី​ងងឹត បាន​ឃើញ​ពន្លឺ​ចិញ្ចាច​ចិញ្ចែង។

ឯ​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​ដែល​មាន​ភាព​ងងឹត​សូន្យសុង

ពន្លឺ​បាន​ចាំង​ទៅ​លើ​ពួក​គេ។+

 ៣ លោក​បាន​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នេះ​មាន​ចំនួន​ច្រើន

លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​ក្រៃ​លែង។

ពួក​គេ​សប្បាយ​រីករាយ​នៅ​ចំពោះ​លោក

ដូច​ជា​អរ​សប្បាយ​នៅ​រដូវ​ប្រមូល​ផល

ដូច​ជា​ត្រេក​អរ​នៅ​ពេល​ចែក​ជ័យ​ភណ្ឌ។

 ៤ ព្រោះ​លោក​បាន​បំបាក់​នឹម​ដ៏​ធ្ងន់​របស់​ពួក​គេ​ឲ្យ​ខ្ទេច​ខ្ទី

ព្រម​ទាំង​បំបាក់​ដង​រែក​នៅ​លើ​ស្មា​ពួក​គេ និង​កម្ទេច​ដំបង​របស់​ពួក​អ្នក​ដែល​ត្រួត​ត្រា​ពួក​គេ​ដូច​នៅ​គ្រា​ម៉ាឌាន​ដែរ។+

 ៥ ស្បែក​ជើង​ដែល​គេ​ពាក់​ដើរ​ហែ​ជា​ក្បួន​នាំ​ឲ្យ​ដី​ញ័រ

និង​សម្លៀក​បំពាក់​ទាំង​អស់​ដែល​ជោក​ជាំ​ដោយ​ឈាម

នោះ​នឹង​ត្រូវ​ដុត​បំផ្លាញ​ចោល។

 ៦ ព្រោះ​មាន​កូន​មួយ​បាន​កើត​មក​ដល់​យើង+

គឺ​កូន​ប្រុស​មួយ​បាន​ត្រូវ​ប្រគល់​មក​ឲ្យ​យើង​ហើយ

អំណាច​គ្រប់​គ្រង​នឹង​នៅ​លើ​ស្មា​គាត់។+

គាត់​នឹង​ត្រូវ​ហៅ​ថា​ទី​ប្រឹក្សា​ដ៏​អស្ចារ្យ+ ព្រះ​ដ៏​ខ្លាំង​ក្លា+ បិតា​ជា​រៀង​រហូត​និង​ម្ចាស់​នៃ​សេចក្ដី​សុខ​សាន្ត។*

 ៧ ចាប់​ពី​ពេល​នោះ​ទៅ អំណាច​គ្រប់​គ្រង​របស់​គាត់​នឹង​ថ្កុំ​ថ្កើង​ជា​រៀង​រហូត

ហើយ​នៅ​លើ​បល្ល័ង្ក​ដាវីឌ+និង​រាជាណាចក្រ​របស់​គាត់

នឹង​មាន​សេចក្ដី​សុខ​សាន្ត​ជា​និច្ច។+

ដោយ​សេចក្ដី​សុចរិត+យុត្តិធម៌+

អំណាច​គ្រប់​គ្រង​របស់​គាត់​នឹង​រឹង​មាំ​ឡើង+

ហើយ​នៅ​ស្ថិត​ស្ថេរ​ជា​ដរាប។

ដោយ​ចិត្ត​ខ្នះ​ខ្នែង ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង។

 ៨ ព្រះ​យេហូវ៉ា​បាន​ផ្ញើ​ពាក្យ​មក​ទាស់​នឹង​យ៉ាកុប

ប្រសាសន៍​របស់​លោក​បាន​ប្រឆាំង​នឹង​អ៊ីស្រាអែល​ហើយ។+

 ៩ មនុស្ស​ទាំង​អស់​នឹង​ដឹង​ដំណឹង​នេះ

គឺ​ពួក​អេប្រាអ៊ីម​និង​ពួក​អ្នក​ស្រុក​សាម៉ារី

ដែល​និយាយ​ដោយ​ក្រអឺត​ក្រទម​និង​ព្រហើន​ថា​៖

១០ ​«​ផ្ទះ​ធ្វើ​ពី​ឥដ្ឋ​បាន​បាក់​បែក តែ​យើង​នឹង​ប្រើ​ថ្ម​ដាប់​ដើម្បី​សង់​ឡើង​វិញ។+

ផ្ទះ​ធ្វើ​ពី​ឈើ​ធម្មតា*បាន​ត្រូវ​រំលំ

តែ​យើង​នឹង​ប្រើ​ឈើ​ប្រណីត*ដើម្បី​សង់​ឡើង​វិញ​»។

១១ ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ឲ្យ​ពួក​សត្រូវ​របស់​រេសិន មក​ច្បាំង​នឹង​គាត់

លោក​នឹង​ជំរុញ​ចិត្ត​ពួក​សត្រូវ​របស់​គាត់​ឲ្យ​មក​វាយ​ប្រហារ

១២ គឺ​ពួក​ស៊ីរី​មក​ពី​ភាគ​ខាង​កើត និង​ពួក​ភីលីស្ទីន​មក​ពី​ភាគ​ខាង​លិច+

ពួក​គេ​នឹង​បើក​មាត់​យ៉ាង​ធំ ដើម្បី​លេប​ត្របាក់​អ៊ីស្រាអែល។+

ម្ល៉ោះ​ហើយ កំហឹង​របស់​លោក​មិន​ទាន់​ស្ងប់​ទេ

ហើយ​លោក​នៅ​តែ​លើក​ដៃ​វាយ​ប្រហារ​ពួក​គេ​ដដែល។+

១៣ ព្រោះ​បណ្ដា​ជន​មិន​បាន​វិល​មក​រក​ព្រះ​ដែល​បាន​វាយ​ពួក​គេ​ទេ

ពួក​គេ​មិន​បាន​ស្វែង​រក​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ឡើយ។+

១៤ ព្រះ​យេហូវ៉ា​នឹង​កាត់​ចេញ​ទាំង​ក្បាល​ទាំង​កន្ទុយ ទាំង​ស្លឹក​ទាំង​ពន្លក*ពី​អ៊ីស្រាអែល គឺ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ។+

១៥ ក្បាល​គឺ​ជា​ពួក​បុរស​ចាស់​ទុំ​និង​ពួក​អ្នក​ដែល​មាន​កិត្តិយស

កន្ទុយ​គឺ​ជា​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ឲ្យ​ការ​ណែនាំ​មិន​ពិត។+

១៦ ពួក​អ្នក​ដឹក​នាំ​កំពុង​នាំ​បណ្ដា​ជន​នេះ​ឲ្យ​វង្វេង​ផ្លូវ​ហើយ

ឯ​ពួក​អ្នក​ដែល​តាម​ពួក​គេ ក៏​ច្របូក​ច្របល់​ដែរ។

១៧ ហេតុ​នេះ ព្រះ​យេហូវ៉ា​នឹង​មិន​ពេញ​ចិត្ត​នឹង​ពួក​បុរស​វ័យ​ក្មេង​របស់​ពួក​គេ​ទេ

ហើយ​លោក​ក៏​មិន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​កូន​កំព្រា​និង​ស្ត្រី​មេម៉ាយ​ក្នុង​ចំណោម​ពួក​គេ​ដែរ

ព្រោះ​មាត់​ពួក​គេ​ចេះ​តែ​និយាយ​អ្វី​ដែល​ឥត​បាន​ការ

ហើយ​ពួក​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​អ្នក​ក្បត់​ជំនឿ​និង​ជា​ជន​ទុច្ចរិត។+

ម្ល៉ោះ​ហើយ កំហឹង​របស់​លោក​នៅ​តែ​មិន​ទាន់​ស្ងប់

ហើយ​លោក​នៅ​តែ​លើក​ដៃ​វាយ​ប្រហារ​ពួក​គេ​ត​ទៅ​ទៀត។+

១៨ ព្រោះ​អំពើ​ទុច្ចរិត​របស់​ពួក​គេ​ប្រៀប​ដូច​ជា​ភ្លើង

ឆាប​ឆេះ​គុម្ព​បន្លា​និង​ស្មៅ​ចង្រៃ ថែម​ទាំង​ឆេះ​ព្រៃ​ស្ដុក​យ៉ាង​សន្ធោ​សន្ធៅ

ធ្វើ​ឲ្យ​មាន​ផ្សែង​ខ្មួល​ខ្មាញ់​ហុយ​ឡើង។

១៩ ដោយ​សារ​កំហឹង​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌

ស្រុក​ទាំង​មូល​បាន​ត្រូវ​ដុត​កម្ទេច​ចោល

ហើយ​បណ្ដា​ជន​នឹង​ក្លាយ​ទៅ​ជា​ចំណី​ភ្លើង។

សូម្បី​តែ​បង​ប្អូន​ខ្លួន ក៏​ពួក​គេ​នឹង​មិន​អាសូរ​ដែរ។

២០ នៅ​ខាង​ស្ដាំ បុគ្គល​ម្នាក់​នឹង​កាត់​សាច់​យក​មក​បរិភោគ តែ​គាត់​នៅ​តែ​ឃ្លាន

នៅ​ខាង​ឆ្វេង បុគ្គល​ម្នាក់​នឹង​បរិភោគ តែ​គាត់​នៅ​តែ​មិន​ឆ្អែត​ដដែល។

ពួក​គេ​ម្នាក់​ៗ​នឹង​ត្របាក់​សាច់​ដៃ​របស់​ខ្លួន

២១ គឺ​ម៉ាណាសេ​នឹង​លេប​ត្របាក់​អេប្រាអ៊ីម

ហើយ​អេប្រាអ៊ីម​នឹង​លេប​ត្របាក់​ម៉ាណាសេ។

ពួក​គេ​ទាំង​ពីរ​នឹង​ពួត​ដៃ​គ្នា​ច្បាំង​នឹង​យូដា។+

ម្ល៉ោះ​ហើយ កំហឹង​របស់​លោក​នៅ​តែ​មិន​ទាន់​ស្ងប់

ហើយ​លោក​នៅ​តែ​លើក​ដៃ​វាយ​ប្រហារ​ពួក​គេ​ត​ទៅ​ទៀត។+

១០ វេទនា​ហើយ​អស់​អ្នក​បង្កើត​ច្បាប់​ដើម្បី​ធ្វើ​ទុក្ខ​ដល់​គេ+

វេទនា​ហើយ​អស់​អ្នក​ដែល​តែង​តែ​បង្កើត​បញ្ញត្តិ​ដើម្បី​គាប​សង្កត់​គេ

 ២ ដើម្បី​ជំទាស់​នឹង​ការ​តវ៉ា​របស់​ជន​ក្រី​ក្រ

ដើម្បី​កាត់​ក្ដី​ជន​គ្មាន​ទី​ពឹង​ក្នុង​ចំណោម​រាស្ត្រ​ខ្ញុំ​ដោយ​អយុត្តិធម៌។+

ពួក​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​មេម៉ាយ

ហើយ​ប្លន់​យក​របស់​របរ​ពី​កូន​កំព្រា។+

 ៣ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃ​វិនិច្ឆ័យ​ទោស?+

ពេល​ដែល​ការ​បំផ្លាញ​មក​ពី​កន្លែង​ឆ្ងាយ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្ដេច?+

តើ​អ្នក​នឹង​រត់​ទៅ​សុំ​ជំនួយ​ពី​អ្នក​ណា?+

តើ​អ្នក​នឹង​ទុក​ទ្រព្យ​សម្បត្តិ​នៅ​កន្លែង​ណា?

 ៤ ពេល​នោះ មាន​តែ​ក្រាប​ខ្លួន​នៅ​ក្នុង​ចំណោម​ពួក​ឈ្លើយ​សឹក

ឬ​ស្លាប់​ក្នុង​ចំណោម​សព​មនុស្ស​ដែល​ត្រូវ​គេ​ប្រហារ។

ម្ល៉ោះ​ហើយ កំហឹង​របស់​លោក​នៅ​តែ​មិន​ទាន់​ស្ងប់

ហើយ​លោក​នៅ​តែ​លើក​ដៃ​វាយ​ប្រហារ​ពួក​គេ​ត​ទៅ​ទៀត។+

 ៥ ​«​មើល! ពួក​អាស៊ីរី+ជា​ដំបង​ដែល​ខ្ញុំ​ប្រើ​ដើម្បី​បញ្ចេញ​កំហឹង+

ហើយ​ខ្ញុំ​ប្រើ​ព្រនង់​ក្នុង​ដៃ​ពួក​គេ ដើម្បី​ដាក់​ទោស!

 ៦ ខ្ញុំ​នឹង​ចាត់​គាត់​ឲ្យ​ទៅ​ទាស់​នឹង​ប្រជា​ជាតិ​ដែល​ក្បត់​ជំនឿ+

គឺ​ប្រឆាំង​នឹង​បណ្ដា​ជន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង។

ខ្ញុំ​នឹង​បង្គាប់​គាត់​ឲ្យ​រឹប​អូស​យក​ជ័យ​ភណ្ឌ​និង​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន

ហើយ​ជាន់​ឈ្លី​ពួក​គេ​ដូច​ជា​ជាន់​ភក់​នៅ​តាម​ផ្លូវ។+

 ៧ ប៉ុន្តែ ពេល​នោះ គាត់​នឹង​មាន​បំណង​ចិត្ត​ផ្សេង

ហើយ​ក្នុង​ចិត្ត គាត់​នឹង​រៀប​គម្រោង​ខុស​ពី​នេះ

ព្រោះ​ចិត្ត​គាត់​ចង់​តែ​បំផ្លិច​បំផ្លាញ​ប៉ុណ្ណោះ

គឺ​មិន​មែន​បំផ្លាញ​ប្រជា​ជាតិ​ពីរ​បី​ទេ តែ​ប្រជា​ជាតិ​ជា​ច្រើន​វិញ។

 ៨ ព្រោះ​គាត់​និយាយ​ថា​៖

‹តើ​ពួក​អ្នក​គ្រប់​គ្រង​ក្រោម​ខ្ញុំ​មិន​មែន​សុទ្ធ​តែ​ជា​ស្ដេច​ទេ​ឬ?+

 ៩ តើ​ក្រុង​កាលណូ+មិន​មែន​ដូច​ជា​ក្រុង​កាកេមីស+ទេ​ឬ?

តើ​ក្រុង​ហាម៉ាត+មិន​មែន​ដូច​ជា​ក្រុង​អើផាត+ទេ​ឬ?

តើ​ក្រុង​សាម៉ារី+មិន​មែន​ដូច​ជា​ក្រុង​ដាម៉ាស់+ទេ​ឬ?

១០ រាជាណាចក្រ​នា​នា​ដែល​មាន​បណ្ដា​ព្រះ​ឥត​បាន​ការ សុទ្ធ​តែ​ត្រូវ​ខ្ញុំ​ដណ្ដើម​យក​បាន​ទាំង​អស់

រូប​ឆ្លាក់​ទាំង​នោះ​គឺ​ច្រើន​ជាង​នៅ​ក្រុង​យេរូសាឡិម​និង​ក្រុង​សាម៉ារី​ទៅ​ទៀត!+

១១ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ទៅ​លើ​ក្រុង​យេរូសាឡិម​និង​រូប​ព្រះ​ក្នុង​ក្រុង​នោះ

ដូច​ខ្ញុំ​បាន​ធ្វើ​ទៅ​លើ​ក្រុង​សាម៉ារី​និង​បណ្ដា​ព្រះ​ឥត​បាន​ការ​របស់​ពួក​គេ​ដូច្នោះ​ដែរ!›។+

១២ ​«​ពេល​ព្រះ​យេហូវ៉ា​បង្ហើយ​កិច្ចការ​ទាំង​អស់​នៅ​ភ្នំ​ស៊ីយ៉ូន​និង​នៅ​ក្រុង​យេរូសាឡិម​រួច​រាល់​ហើយ លោក​នឹង​ដាក់​ទោស​ស្ដេច​អាស៊ីរី​ដោយ​សារ​គាត់​គ្មាន​ការ​គោរព មាន​អំណួត និង​ក្រអឺត​ក្រទម។+ ១៣ ព្រោះ​គាត់​និយាយ​ថា​៖

‹ខ្ញុំ​នឹង​ធ្វើ​កិច្ច​ការ​នេះ​ដោយ​កម្លាំង​ដៃ​ខ្ញុំ

និង​ប្រាជ្ញា​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ឈ្លាស​វៃ

ខ្ញុំ​នឹង​ដក​ព្រំ​ដែន​នៃ​ប្រជា​ជាតិ​នា​នា+

ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។+

ដូច​ជា​អ្នក​ខ្លាំង​ពូកែ ខ្ញុំ​នឹង​បង្ក្រាប​ពួក​អ្នក​ស្រុក​ទាំង​នោះ។+

១៤ ដូច​ជា​បុគ្គល​ម្នាក់​លូក​ដៃ​ចូល​ទៅ​ក្នុង​សម្បុក​សត្វ​ស្លាប

ខ្ញុំ​នឹង​លូក​ដៃ​ទៅ​ចាប់​យក​ធន​ធាន​របស់​ប្រជា​ជាតិ​នា​នា

ដូច​ជា​បុគ្គល​ម្នាក់​ប្រមូល​យក​ពង​សត្វ​ដែល​មេ​ទុក​ចោល!

ខ្ញុំ​នឹង​ប្រមូល​អ្វី​ៗ​ពី​ផែនដី​ទាំង​មូល!

ពួក​គេ​ប្រៀប​ដូច​ជា​សត្វ​ស្លាប មិន​ហ៊ាន​ទទះ​ស្លាប​ឬ​បើក​ចំពុះ​ស្រែក​ចេច​ចាច​ឡើយ›​»។

១៥ តើ​ពូថៅ​អាច​តម្កើង​ខ្លួន​ថា​ប្រសើរ​ជាង​អ្នក​ដែល​ប្រើ​វា​ឬ?

តើ​រណារ​អាច​លើក​ខ្លួន​ថា​ពូកែ​ជាង​អ្នក​ដែល​អារ​ឬ?

តើ​ព្រនង់+អាច​គ្រវី​អ្នក​ដែល​កាន់​វា​បាន​ទេ?

តើ​ដំបង​អាច​លើក​អ្នក​ដែល​កាន់​វា​បាន​ឬ?

១៦ ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ពិត​និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌

នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ធាត់​ៗ​របស់​គាត់ ទៅ​ជា​ស្គមស្គាំង+

ហើយ​នៅ​ក្រោម​ភាព​រុង​រឿង​របស់​គាត់ លោក​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ។+

១៧ ពន្លឺ​នៃ​អ៊ីស្រាអែល+នឹង​ក្លាយ​ទៅ​ជា​ភ្លើង+

អ្នក​បរិសុទ្ធ​របស់​គាត់*គឺ​ជា​អណ្ដាត​ភ្លើង ដែល​នឹង​ឆាប​ឆេះ​ស្មៅ​ចង្រៃ​និង​គុម្ព​បន្លា​របស់​គាត់*​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

១៨ លោក​នឹង​ធ្វើ​ឲ្យ​ទិដ្ឋភាព​ព្រៃ​ឈើ​និង​ចម្ការ​របស់​គាត់​បាត់​បង់​ភាព​ស្រស់បំព្រង​ទាំង​ស្រុង

ដូច​ជា​បុគ្គល​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​ស្គម​រីង​រៃ។+

១៩ ដើម​ឈើ​ក្នុង​ព្រៃ​របស់​គាត់​នឹង​សល់​តែ​ប៉ុន្មាន​ដើម​ប៉ុណ្ណោះ

សូម្បី​តែ​កូន​ក្មេង​ក៏​អាច​រាប់​បាន​ដែរ។

២០ នៅ​គ្រា​នោះ ពួក​អ៊ីស្រាអែល​ដែល​នៅ​សេស​សល់

និង​ពូជ​ពង្ស​យ៉ាកុប​ដែល​រួច​ជីវិត

នឹង​លែង​ពឹង​ផ្អែក​លើ​អ្នក​ដែល​វាយ​ប្រហារ​ពួក​គេ​ទៀត​ហើយ។+

ផ្ទុយ​ទៅ​វិញ ពួក​គេ​នឹង​ពឹង​ផ្អែក​ដោយ​ស្មោះ​លើ​ព្រះ​យេហូវ៉ា

ដែល​ជា​ព្រះ​បរិសុទ្ធ​នៃ​អ៊ីស្រាអែល។

២១ មាន​តែ​បណ្ដា​ជន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​នឹង​ត្រឡប់​មក​វិញ

គឺ​ពូជ​ពង្ស​យ៉ាកុប​ដែល​នៅ​សេស​សល់ ពួក​គេ​នឹង​វិល​មក​រក​ព្រះ​ដ៏​ខ្លាំង​ក្លា​វិញ។+

២២ ឱ​អ៊ីស្រាអែល​អើយ! ទោះ​ជា​ប្រជា​ជាតិ​របស់​អ្នក

មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​ក្នុង​សមុទ្រ​ក្ដី

គឺ​មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​នឹង​ត្រឡប់​មក​វិញ។+

ព្រោះ​ព្រះ​បាន​សម្រេច​ចិត្ត​បំផ្លាញ​អ្នក​ហើយ+

យុត្តិធម៌​នឹង​ពន្លិច​ពន្លង់​ពួក​គេ​ដូច​ជា​ទឹក​ជំនន់។+

២៣ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​សម្រេច​អំពី​ការ​បំផ្លាញ​នោះ​ហើយ

ការ​បំផ្លាញ​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក​ទាំង​មូល។+

២៤ ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ឱ​រាស្ត្រ​ខ្ញុំ​ដែល​ស្នាក់​នៅ​ក្រុង​ស៊ីយ៉ូន​អើយ! ចូរ​កុំ​ភ័យ​ខ្លាច​នឹង​ពួក​អាស៊ីរី​ដែល​ធ្លាប់​យក​ដំបង​វាយ​អ្នក​រាល់​គ្នា+និង​លើក​ព្រនង់​ទាស់​នឹង​អ្នក​រាល់​គ្នា​ដូច​ពួក​អេហ្ស៊ីប​នោះ​ឡើយ។+ ២៥ ព្រោះ​នៅ​តែ​បន្តិច​ទៀត សេចក្ដី​ប្រកាស​អំពី​ការ​ផ្ដន្ទា​ទោស​នោះ​នឹង​មក​ដល់​ទី​បញ្ចប់។ ពេល​នោះ ខ្ញុំ​នឹង​បំបែរ​កំហឹង​របស់​ខ្ញុំ​ទៅ​បំផ្លាញ​ពួក​គេ​វិញ។+ ២៦ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​វាត់​គាត់​នឹង​ខ្សែ​តី+ ដូច​លោក​បាន​វាយ​បង្ក្រាប​ពួក​ម៉ាឌាន​នៅ​ក្បែរ​ផ្ទាំង​ថ្ម​អូរេប​ដែរ។+ លោក​នឹង​លើក​ព្រនង់​ទៅ​លើ​សមុទ្រ ដូច​លោក​បាន​ធ្វើ​ទៅ​លើ​ពួក​អេហ្ស៊ីប​ដែរ។+

២៧ នៅ​គ្រា​នោះ បន្ទុក​ដែល​គាត់​បាន​ដាក់​មក​លើ​ស្មា​របស់​អ្នក នឹង​ត្រូវ​ដក​ចេញ+

ហើយ​នឹម​ដែល​គាត់​ដាក់​នៅ​លើ ក​អ្នក នឹង​ត្រូវ​ដាក់​ចុះ​ដែរ+

នឹម​នោះ​នឹង​ត្រូវ​បំបាក់+ ដោយ​សារ​ប្រេង​»។*

២៨ គាត់​បាន​មក​ដល់​ក្រុង​អៃយ៉ាត+ គាត់​ឆ្លង​កាត់​ក្រុង​មីករ៉ូន

នៅ​ឯ​មីកម៉ាស់+ គាត់​ដាក់​អីវ៉ាន់​របស់​គាត់។

២៩ ពួក​គេ​បាន​ឆ្លង​កាត់​តាម​ផ្លូវ​ទឹក ពួក​គេ​ស្នាក់​មួយ​យប់​នៅ​ក្រុង​កេបា។+

ពួក​អ្នក​ក្រុង​រ៉ាម៉ា​ភ័យ​ញាប់​ញ័រ ពួក​អ្នក​ក្រុង​គីបៀ+ដែល​ជា​ក្រុង​របស់​សុល​បាន​រត់​ខ្ចាត់​ខ្ចាយ។+

៣០ ឱ​អ្នក​ក្រុង​កាលីម​អើយ ចូរ​ស្រែក​ឡើង!

ឱ​អ្នក​ក្រុង​ឡេអ៊ីសា​អើយ ចូរ​ប្រុង​ស្ដាប់!

ឱ​អ្នក​ក្រុង​អាណាថោត​អើយ អ្នក​គួរ​ឲ្យ​អាណិត​ណាស់!+

៣១ ពួក​អ្នក​ម៉ាតមេណា បាន​រត់​គេច​ខ្លួន។

ពួក​អ្នក​កេប៊ីម បាន​ស្វែង​រក​កន្លែង​ជ្រក​កោន។

៣២ នៅ​ថ្ងៃ​នេះ​ឯង គាត់​នឹង​ឈប់​នៅ​ក្រុង​ណូប+

គាត់​ក្ដាប់​ដៃ​កំញើញ​ដាក់​ភ្នំ​ស៊ីយ៉ូន

គឺ​ភ្នំ​ដែល​ក្រុង​យេរូសាឡិម​ស្ថិត​នៅ។

៣៣ មើល! ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ពិត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌

កំពុង​កាប់​ទម្លាក់​មែក​ឈើ​លាន់​ឮ​យ៉ាង​ខ្លាំង។+

ដើម​ឈើ​ខ្ពស់​ៗ លោក​កាប់​ចោល

ហើយ​ដើម​ខ្ពស់​ត្រដែត ក៏​ត្រូវ​កាប់​ពង្រាប​ដែរ។

៣៤ លោក​កាប់​បំផ្លាញ​ព្រៃ​ស្ដុក​ដោយ​ពូថៅ

ហើយ​ដើម​ឈើ​នៅ​តំបន់​ភ្នំ​លីបង់​នឹង​ត្រូវ​រំលំ ដោយ​ដៃ​អ្នក​ខ្លាំង​ពូកែ។

១១ មាន​ខ្នែង​មួយ+នឹង​ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ+

ហើយ​ពន្លក​មួយ+ដែល​លាស់​ចេញ​ពី​ឫស​គាត់ នឹង​បង្កើត​ផល​ផ្លែ។

 ២ ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​នឹង​សណ្ឋិត​លើ​គាត់។*+

ហេតុ​នេះ គាត់​នឹង​មាន​ប្រាជ្ញា+ និង​ការ​យល់​ដឹង​ជ្រាល​ជ្រៅ

មាន​ឱវាទ​ល្អ និង​មាន​កម្លាំង​ខ្លាំង​ក្លា+

គាត់​មាន​ចំណេះ​ជា​ច្រើន ហើយ​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ខ្លាំង។

 ៣ គាត់​នឹង​មាន​អំណរ​ក្នុង​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។+

គាត់​នឹង​មិន​វិនិច្ឆ័យ​តាម​អ្វី​ដែល​គាត់​មើល​ឃើញ​ទេ

ហើយ​ក៏​មិន​ប្រដៅ​តម្រង់​តាម​អ្វី​ដែល​គាត់​ស្ដាប់​ឮ​ដែរ។+

 ៤ គាត់​នឹង​វិនិច្ឆ័យ​ជន​តូច​ទាប​ដោយ​យុត្តិធម៌*

គាត់​នឹង​កែ​តម្រង់​បណ្ដា​ជន​ដោយ​សេចក្ដី​សុចរិត ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​នៅ​ផែនដី​ដែល​មាន​ចិត្ត​សុភាព។

គាត់​នឹង​វាយ​ផែនដី​នឹង​ដំបង​ដែល​ចេញ​ពី​មាត់​គាត់+

ហើយ​គាត់​នឹង​ប្រហារ​ជន​ទុច្ចរិត​ដោយ​ខ្យល់​ដង្ហើម​ពី​បបូរ​មាត់​គាត់។+

 ៥ គាត់​នឹង​ក្រវាត់​សេចក្ដី​សុចរិត​នៅ​ចង្កេះ

ហើយ​ក្រវាត់​សេចក្ដី​ស្មោះ​ត្រង់​នៅ​ត្រគាក។+

 ៦ នៅ​គ្រា​នោះ ឆ្កែ​ចចក​នឹង​នៅ*ជា​មួយ​នឹង​កូន​ចៀម+

ឯ​ពពែ​ស្ទាវ​នឹង​ដេក​ជា​មួយ​នឹង​ខ្លា​រខិន

ចំណែក​កូន​គោ​និង​តោ ព្រម​ទាំង​សត្វ​ធាត់​ៗ​នឹង​នៅ​ជា​មួយ​គ្នា*+

ហើយ​កូន​ក្មេង​នឹង​នាំ​មុខ​ពួក​វា។

 ៧ គោ​ញី​និង​ខ្លា​ឃ្មុំ​នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា ហើយ​កូន​ៗ​វា​នឹង​ដេក​ជា​មួយ​គ្នា​ដែរ។

តោ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ។+

 ៨ កូន​ដែល​នៅ​បៅ នឹង​លេង​នៅ​ក្បែរ​រន្ធ​ពស់​វែក

ឯ​កូន​ដែល​លែង​បៅ នឹង​ដាក់​ដៃ​ក្នុង​រូង​ពស់​មាន​ពិស។

 ៩ ពួក​វា​នឹង​មិន​ធ្វើ​ទុក្ខ+ ឬ​បង្ក​គ្រោះ​ថ្នាក់​អ្វី​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ​ឡើយ+

ព្រោះ​ផែនដី​នឹង​ពេញ​ទៅ​ដោយ​ចំណេះ​របស់​ព្រះ​យេហូវ៉ា

ដូច​ជា​ទឹក​ពេញ​ពាស​សមុទ្រ​ដែរ។+

១០ នៅ​គ្រា​នោះ ឫស​របស់​អ៊ីសាយ+នឹង​ក្រោក​ឈរ​ឡើង​ជា​សញ្ញា​សម្គាល់​ដល់​ប្រជា​ជាតិ​នា​នា។+

ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​ទៅ​រក​គាត់​ដើម្បី​សុំ​ការ​ណែនាំ+

ហើយ​កន្លែង​សម្រាក​របស់​គាត់​នឹង​បាន​រុង​រឿង​អស្ចារ្យ។

១១ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​លូក​ដៃ​ម្ដង​ទៀត* ដើម្បី​រំដោះ​រាស្ត្រ​របស់​លោក​ដែល​នៅ​សេស​សល់​ពី​ស្រុក​អាស៊ីរី+ ស្រុក​អេហ្ស៊ីប+ ស្រុក​ប៉ាត្រូស+ ស្រុក​គូស+ ស្រុក​អេឡាំ+ ស្រុក​ស៊ីណើរ* ស្រុក​ហាម៉ាត និង​ពី​កោះ​ទាំង​ប៉ុន្មាននៅ​សមុទ្រ។+ ១២ លោក​នឹង​តាំង​សញ្ញា​សម្គាល់​មួយ​ដល់​ប្រជា​ជាតិ​នា​នា ហើយ​ប្រមូល​ពួក​អ៊ីស្រាអែល​ដែល​បាន​បែក​ខ្ញែក+ និង​ពួក​យូដា​ដែល​បាន​ខ្ចាត់​ខ្ចាយ​ទៅ​ទិស​ទាំង​បួន​នៃ​ផែនដី ឲ្យ​វិល​ត្រឡប់​មក​វិញ។+

១៣ ចិត្ត​ច្រណែន​របស់​ពួក​អេប្រាអ៊ីម​នឹង​លែង​មាន​ទៀត+

ហើយ​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ពួក​យូដា​នឹង​សាប​សូន្យ​ទៅ។

ពួក​អេប្រាអ៊ីម​នឹង​មិន​ច្រណែន​ពួក​យូដា​ទេ

ឯ​ពួក​យូដា​ក៏​នឹង​មិន​ទាស់​នឹង​ពួក​អេប្រាអ៊ីម​ដែរ។+

១៤ ពួក​គេ​នឹង​វាយលុក​ទៅ​លើ​ជម្រាល​ភ្នំ​របស់​ពួក​ភីលីស្ទីន​ដែល​នៅ​ភាគ​ខាង​លិច

ហើយ​ពួក​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​អ្នក​ដែល​នៅ​ភាគ​ខាង​កើត។

ពួក​គេ​នឹង​លើក​ដៃ​ច្បាំង*នឹង​ជន​ជាតិ​អេដំ+និង​ជន​ជាតិ​ម៉ូអាប់+

ហើយ​ជន​ជាតិ​អាំម៉ូន​នឹង​ទៅ​ជា​ចំណុះ​ពួក​គេ។+

១៥ ព្រះ​យេហូវ៉ា​នឹង​ញែក*ឈូង​សមុទ្រ​ស្រុក​អេហ្ស៊ីប+

ហើយ​លោក​នឹង​លើក​ដៃ​គំរាម​ទន្លេ​អឺប្រាត។+

លោក​នឹង​ធ្វើ​ឲ្យ*ដៃ​ទន្លេ​ទាំង​៧​រីង​ស្ងួត​ដោយ​ខ្យល់​ក្ដៅ​ខ្លាំង

ហើយ​លោក​នឹង​ធ្វើ​ឲ្យ​បណ្ដា​ជន​ដើរ​ឆ្លង​កាត់​ទាំង​ពាក់​ស្បែក​ជើង។

១៦ ពេល​នោះ នឹង​មាន​ផ្លូវ​ធំ​មួយ+ចេញ​ពី​ស្រុក​អាស៊ីរី​ដើម្បី​ឲ្យ​រាស្ត្រ​របស់​លោក​ដែល​នៅ​សល់​ធ្វើ​ដំណើរ+

គឺ​ដូច​គ្រា​ដែល​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ដែរ។

១២ នៅ​គ្រា​នោះ អ្នក​នឹង​និយាយ​ថា​៖

​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ខ្ញុំ​សូម​អរគុណ​លោក

ព្រោះ​ទោះ​ជា​លោក​បាន​ខឹង​នឹង​ខ្ញុំ​យ៉ាង​ណា​ក្ដី ក៏​កំហឹង​របស់​លោក​បាន​រសាយ​ទៅ ហើយ​លោក​បាន​សម្រាល​ទុក្ខ​ខ្ញុំ។+

 ២ មើល! ព្រះ​គឺ​ជា​អ្នក​សង្គ្រោះ​ខ្ញុំ។+ ខ្ញុំ​នឹង​ទុក​ចិត្ត​លោក ហើយ​មិន​ភ័យ​ខ្លាច​ឡើយ+

ព្រោះ​យ៉ា*គឺ​ព្រះ​យេហូវ៉ា លោក​ជា​កម្លាំង​និង​ជា​ថាមពល​របស់​ខ្ញុំ

លោក​បាន​ទៅ​ជា​អ្នក​សង្គ្រោះ​ខ្ញុំ​»។+

 ៣ អ្នក​នឹង​ដង​ទឹក​ដោយ​អំណរ​ពី​អណ្ដូង​នៃ​សេចក្ដី​សង្គ្រោះ។+

 ៤ នៅ​គ្រា​នោះ អ្នក​នឹង​និយាយ​ថា​៖

​«​ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា និង​ហៅ​រក​នាម​លោក

ចូរ​ថ្លែង​ប្រាប់​អំពី​ស្នា​ដៃ​របស់​លោក​ដល់​ប្រជា​ជាតិ​នា​នា!+

ចូរ​ប្រកាស​ថា​នាម​លោក​គឺ​ខ្ពង់​ខ្ពស់​ឧត្ដម។+

 ៥ ចូរ​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា+ ព្រោះ​លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន។+

ចូរ​ប្រកាស​រឿង​នេះ​ដល់​មនុស្ស​ទាំង​អស់​នៅ​ផែនដី។

 ៦ ឱ​អ្នក​ក្រុង​ស៊ីយ៉ូន​អើយ! ចូរ​បន្លឺ​សំឡេង​ឡើង​ដោយ​អំណរ

ព្រោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា លោក​ឧត្តុង្គ​ឧត្ដម​»។

១៣ សេចក្ដី​ប្រកាស​ទាស់​នឹង​ក្រុង​បាប៊ីឡូន+ ដែល​អេសាយ+ជា​កូន​អាម៉ុស​បាន​ឃើញ​ក្នុង​គំនិត មាន​ដូច​ត​ទៅ​៖

 ២ ​«​ចូរ​តាំង​សញ្ញា​សម្គាល់​មួយ+ នៅ​លើ​ភ្នំ​មួយ​ដែល​គ្មាន​ដើម​ឈើ។

ចូរ​បក់​ដៃ​ស្រែក​ហៅ​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​អាច​ចូល​មក​តាម​ខ្លោង​ទ្វារ​របស់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់។

 ៣ ខ្ញុំ​បាន​ចេញ​បង្គាប់​ដល់​ពួក​អ្នក​ដែល​ខ្ញុំ​បាន​តែង​តាំង​ហើយ+

ខ្ញុំ​បាន​ហៅ​ពួក​ទាហាន​ខ្លាំង​ពូកែ​របស់​ខ្ញុំ គឺ​ពួក​អ្នក​ដែល​ត្រេក​អរ​ដោយ​មាន​មោទនភាព

ដើម្បី​ខ្ញុំ​អាច​បញ្ចេញ​កំហឹង​របស់​ខ្ញុំ​តាម​រយៈ​ពួក​គេ។

 ៤ ឮ​ទេ? មាន​មនុស្ស​មួយ​ក្រុម​នៅ​លើ​ភ្នំ

ឮ​សូរ​សំឡេង​ដូច​ជា​មនុស្ស​កុះ​ករ!

ឮ​ទេ? សំឡេង​អឺងកង​របស់​រាជាណាចក្រ​ទាំង​ឡាយ!

គឺ​សំឡេង​កង​រំពង​របស់​ប្រជា​ជាតិ​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា!+

ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​កំពុង​ប្រមូល​កង​ទ័ព​ធ្វើ​ចម្បាំង​ហើយ។+

 ៥ ព្រះ​យេហូវ៉ា​កំពុង​មក​ជា​មួយ​នឹង​គ្រឿង​ចម្បាំង​នៃ​កំហឹង​របស់​លោក

ពី​ស្រុក​ដែល​ស្ថិត​នៅ​ឆ្ងាយ+ គឺ​កំពុង​មក​ពី​ជើង​មេឃ

ដើម្បី​នាំ​ឲ្យ​មាន​សេចក្ដី​ហិន​វិនាស​លើ​ផែនដី​ទាំង​មូល។+

 ៦ ចូរ​ទ្រហោ​យំ​ទៅ ព្រោះ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​ហើយ!

នៅ​ថ្ងៃ​នោះ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​នឹង​នាំ​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ។+

 ៧ ហេតុ​នេះ ដៃ​របស់​មនុស្ស​ទាំង​អស់​នឹង​ស្រយង់​ទៅ

ហើយ​ចិត្ត​របស់​បុរស​ទាំង​អស់​នឹង​ស្រយុត​ចុះ​ព្រោះ​តែ​ភ័យ​ខ្លាច។+

 ៨ បណ្ដា​ជន​នឹង​ភ័យ​តក់​ស្លុត។+

ពួក​គេ​នឹង​រមួល​ខ្លួន​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​ឈឺ​ពោះ​សម្រាល​កូន។

ពួក​គេ​នឹង​មើល​មុខ​គ្នា​ទាំង​ភ័យ​រន្ធត់

ហើយ​ទឹក​មុខ​ពួក​គេ​មាន​តែ​ការ​ព្រួយ​បារម្ភ។

 ៩ មើល! ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​កំពុង​មក​ហើយ

ទាំង​មាន​សេចក្ដី​ក្រោធ​និង​កំហឹង​ដ៏​ខ្លាំង ហើយ​លោក​នឹង​មិន​ប្រណី​អ្នក​ណា​ម្នាក់​ឡើយ

គឺ​លោក​នឹង​បំផ្លាញ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចេញ​ពី​ស្រុក​នោះ

ហើយ​ធ្វើ​ឲ្យ​ទឹក​ដី​នោះ​ទៅ​ជា​ទី​ដ៏​គួរ​ឲ្យ​រន្ធត់​វិញ។+

១០ នៅ​ពេល​នោះ កញ្ចុំ​ផ្កាយ​និង​ផ្កាយ​ទាំង​ឡាយ​នៅ​លើ​មេឃ+

នឹង​លែង​បញ្ចេញ​ពន្លឺ​ទៀត

ឯ​ដួង​អាទិត្យ​នឹង​ងងឹត​សូន្យសុង​ពេល​រះ​ឡើង

ហើយ​ដួង​ខែ​ក៏​លែង​មាន​រស្មី​ទៀត​ដែរ។

១១ ខ្ញុំ​នឹង​កាត់​ទោស​មនុស្សជាតិ​ដោយ​សារ​កំហុស​របស់​ពួក​គេ+

ហើយ​ខ្ញុំ​នឹង​ដាក់​ទោស​មនុស្ស​ទុច្ចរិត​ព្រោះ​តែ​អំពើ​អាក្រក់​របស់​ពួក​គេ។

ខ្ញុំ​នឹង​បំបាក់​អំណួត​របស់​មនុស្ស​ព្រហើន

ហើយ​បន្ទាប​ពួក​អ្នក​គ្រប់​គ្រង​ផ្ដាច់​ការ​ដែល​ក្រអឺត​ក្រទម។+

១២ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​គ្នា​តិច​ជាង​ចំនួន​មាស​សុទ្ធ+

គឺ​ពិបាក​រក​ពួក​គេ​ជាង​រក​មាស​ពី​អូភា​ទៅ​ទៀត។+

១៣ ដូច្នេះ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មេឃ​ញាប់​ញ័រ ផែនដី​រង្គោះ​រង្គើ+

ដោយ​សារ​កំហឹង​ដ៏​ខ្លាំង​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។

១៤ ដូច​សត្វ​ឈ្លូស​ដែល​រត់​នៅ​មុខ​នាយ​ព្រាន ហើយ​ដូច​ហ្វូង​ចៀម​ដែល​គ្មាន​គង្វាល

ពួក​គេ​ម្នាក់​ៗ​នឹង​វិល​ត្រឡប់​ទៅ​រក​ជន​រួម​ជាតិ​ខ្លួន

គឺ​ពួក​គេ​ម្នាក់​ៗ​នឹង​រត់​ទៅ​ស្រុក​របស់​ពួក​គេ​វិញ។+

១៥ អស់​អ្នក​ណា​ដែល​សត្រូវ​ប្រទះ​ឃើញ នឹង​ត្រូវ​ចាក់​ទម្លុះ

ហើយ​អស់​អ្នក​ណា​ដែល​សត្រូវ​ចាប់​បាន នឹង​ត្រូវ​សម្លាប់​ដោយ​ដាវ។+

១៦ ឯ​កូន​ៗ​របស់​ពួក​គេ នឹង​ត្រូវ​ខ្មាំង​បោក​សម្លាប់​នៅ​មុខ​ពួក​គេ+

ហើយ​ប្រពន្ធ​របស់​ពួក​គេ នឹង​ត្រូវ​ខ្មាំង​ចាប់​រំលោភ។

ចំណែក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ពួក​គេ នឹង​ត្រូវ​ខ្មាំង​រឹប​អូស​យក។

១៧ មើល! ខ្ញុំ​នឹង​ចាត់​ពួក​មេឌី​ឲ្យ​ទៅ​ប្រឆាំង​នឹង​ពួក​គេ។+

ពួក​មេឌី​នឹង​ចាត់​ទុក​ប្រាក់​ថា​គ្មាន​តម្លៃ ហើយ​ពួក​គេ​មិន​ចង់​បាន​មាស​ទេ។

១៨ ធ្នូ​របស់​ពួក​គេ​នឹង​កម្ទេច​ពួក​យុវជន។+

ពួក​គេ​នឹង​មិន​អាណិត​អាសូរ​ដល់​កូន​ក្មេង

ហើយ​ក៏​មិន​ប្រណី​ដល់​កុមារ​ដែរ។

១៩ រាជាណាចក្រ​បាប៊ីឡូន​ជា​រាជាណាចក្រ​ដ៏​រុង​រឿង​អស្ចារ្យ​បំផុត+

ហើយ​ជា​លម្អ​និង​ជា​មោទនភាព​របស់​ពួក​ខាល់ដេ។+

រាជាណាចក្រ​នោះ​នឹង​ទៅ​ដូច​ជា​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​ដែល​ត្រូវ​ព្រះ​បំផ្លាញ​ចោល។+

២០ ក្នុង​ស្រុក​នោះ​នឹង​គ្មាន​អ្នក​ណា​រស់​នៅ​ទៀត​ទេ

ហើយ​គ្រប់​ជំនាន់​ត​រៀង​ទៅ នឹង​គ្មាន​នរណា​អាស្រ័យ​នៅ​ទី​នោះ​ឡើយ។+

ពួក​អារ៉ាប់​នឹង​មិន​ដំឡើង​ត្រសាល​នៅ​ឯ​នោះ​ទេ

ហើយ​ពួក​គង្វាល​ក៏​មិន​ឃ្វាល​ហ្វូង​សត្វ​នៅ​កន្លែង​នោះ​ដែរ។

២១ ទី​នោះ​នឹង​ទៅ​ជា​ជម្រក​សត្វ​ព្រៃ

ឯ​ផ្ទះ​របស់​អ្នក​ស្រុក​នោះ​នឹង​ពេញ​ទៅ​ដោយ​ហ្វូង​ទីទុយ។

សត្វ​អូទ្រីស​នឹង​រស់​នៅ​ក្នុង​ស្រុក​នោះ+

ហើយ​សត្វ​ពពែ​ព្រៃ*នឹង​លោត​ចុះ​ឡើង​នៅ​ទី​នោះ​ដែរ។

២២ ហ្វូង​សត្វ​នឹង​លូ​នៅ​ក្នុង​ដំណាក់​របស់​ពួក​គេ

ហើយ​ហ្វូង​ឆ្កែ​ព្រៃ​នឹង​រស់​នៅ​ក្នុង​វិមាន​ដ៏​ស្កឹមស្កៃ​របស់​ពួក​គេ។

ពេល​កំណត់​របស់​ស្រុក​បាប៊ីឡូន​គឺ​ជិត​មក​ដល់​ហើយ នឹង​មិន​ពន្យារ​ពេល​ឡើយ។+

១៤ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ចិត្ត​មេត្តា​ចំពោះ​យ៉ាកុប+ ហើយ​លោក​នឹង​ជ្រើស​រើស​អ៊ីស្រាអែល​ម្ដង​ទៀត។+ លោក​នឹង​នាំ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន+ ហើយ​ជន​បរទេស​នឹង​មក​ជ្រក​កោន​ជា​មួយ​នឹង​ពួក​គេ ព្រម​ទាំង​នៅ​ជាប់​នឹង​ពូជ​ពង្ស​យ៉ាកុប។+ ២ ប្រជា​ជាតិ​នា​នា​នឹង​នាំ​ពួក​គេ​ត្រឡប់​ទៅ​ទី​លំនៅ​របស់​ខ្លួន​វិញ ហើយ​ពូជ​ពង្ស​អ៊ីស្រាអែល​នឹង​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ប្រុស​ស្រី+ក្នុង​ទឹក​ដី​របស់​ព្រះ​យេហូវ៉ា។ ពួក​គេ​នឹង​ធ្វើ​ជា​ម្ចាស់​លើ​ពួក​អ្នក​ដែល​ធ្លាប់​យក​ពួក​គេ​ធ្វើ​ជា​ឈ្លើយ ហើយ​ពួក​គេ​នឹង​ត្រួត​ត្រា​លើ​អស់​អ្នក​ដែល​ធ្លាប់​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ។

៣ នៅ​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ផុត​ពី​ការ​ឈឺ​ចាប់ ទុក្ខ​វេទនា និង​ពី​ភាព​ជា​ខ្ញុំ​បម្រើ​ដ៏​សែន​ពិបាក+ ៤ អ្នក​រាល់​គ្នា​នឹង​ពោល​សុភាសិត​នេះ​ទាស់​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន​ថា​៖

​«​អ្នក​ដែល​បង្ខំ​គេ​ឲ្យ​ធ្វើ​ការ​បាន​បាត់​ទៅ​ហើយ!

អ្នក​ដែល​សង្កត់​សង្កិន​គេ លែង​មាន​ទៀត!+

 ៥ ព្រះ​យេហូវ៉ា​បាន​បំបាក់​ដំបង​របស់​ជន​ទុច្ចរិត

និង​ព្រនង់​របស់​ពួក​អ្នក​គ្រប់​គ្រង+

 ៦ គឺ​អ្នក​ដែល​វាយ​ប្រហារ​បណ្ដា​ជន​ឥត​ល្ហែ​ដោយ​កំហឹង+

គឺ​អ្នក​ដែល​បង្ក្រាប​ប្រជា​ជាតិ​ដោយ​ការ​បៀត​បៀន​ឥត​ស្បើយ។+

 ៧ ឥឡូវ​ផែនដី​ទាំង​មូល​បាន​ស្រាក​ស្រាន្ត និង​សុខ​សាន្ត​ហើយ។

បណ្ដា​ជន​ស្រែក​ឡើង​ដោយ​អំណរ។+

 ៨ សូម្បី​តែ​ដើម​យូនីពើ​ក៏​អរ​សប្បាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​អ្នក

ហើយ​ដើម​ស៊ីដារ​នៅ​តំបន់​លីបង់​ក៏​អរ​សប្បាយ​ដែរ។

ដើម​ទាំង​នោះ​និយាយ​ថា​៖ ‹តាំង​ពី​អ្នក​បាន​រលំ​មក

គ្មាន​អ្នក​កាប់​ឈើ​ណា​មក​កាប់​យើង​ទៀត​ទេ›។

 ៩ ពេល​អ្នក​ចុះ​ទៅ​ក្នុង​ផ្នូរ នឹង​មាន​ការ​ជ្រួល​ច្របល់​ជា​ខ្លាំង។

មនុស្ស​ស្លាប់​នឹង​ភ្ញាក់​ឡើង​ទទួល​ស្វាគមន៍​អ្នក

គឺ​ពួក​មេ​ដឹក​នាំ​ទាំង​ឡាយ​នៅ​ផែនដី ជា​អ្នក​ដែល​ជិះ​ជាន់​សង្កត់​សង្កិន​គេ។

កាល​អ្នក​ទៅ​ដល់ បណ្ដា​ស្ដេច​នៃ​ប្រជា​ជាតិ​នា​នា​នឹង​ក្រោក​ពី​បល្ល័ង្ក​មក​ទទួល​អ្នក។

១០ អ្នក​ទាំង​នោះ​ក៏​និយាយ​មក​អ្នក​ថា​៖

‹តើ​អ្នក​ទៅ​ជា​ខ្សោយ​ដូច​យើង​ដែរ​ឬ? តើ​អ្នក​ទៅ​ជា​ដូច​យើង​ដែរ​ឬ?

១១ អំណួត​របស់​អ្នក​បាន​ត្រូវ​ទម្លាក់​ទៅ​ក្នុង​ផ្នូរ

ព្រម​ជា​មួយ​នឹង​ឧបករណ៍​ភ្លេង​មាន​ខ្សែ​របស់​អ្នក​ផង។+

នៅ​ក្រោម​អ្នក មាន​ដង្កូវ​ពាស​ពេញ​ដូច​ជា​គ្រែ

ហើយ​មាន​ដង្កូវ​គ្រប​លើ​អ្នក​ដូច​ជា​ផួយ​ដែរ›។

១២ ឱ​អ្នក​ដែល​ភ្លឺ​ចិញ្ចាច​ចិញ្ចែង ជា​កូន​នៃ​ពន្លឺ​អើយ!

អ្នក​បាន​ធ្លាក់​ពី​លើ​មេឃ​ហើយ! អ្នក​ធ្លាប់​បំផ្លាញ​ប្រជា​ជាតិ​នា​នា

តែ​ឥឡូវ​អ្នក​បាន​ត្រូវ​កាត់​ទម្លាក់​មក​ផែនដី​ហើយ!+

១៣ អ្នក​បាន​គិត​ក្នុង​ចិត្ត​ថា​៖ ‹ខ្ញុំ​នឹង​ឡើង​ទៅ​លើ​មេឃ+

ខ្ញុំ​នឹង​លើក​បល្ល័ង្ក​ខ្ញុំ​ឲ្យ​ខ្ពស់​ជាង​ផ្កាយ​របស់​ព្រះ+

ខ្ញុំ​នឹង​អង្គុយ​នៅ​លើ​ភ្នំ​នៃ​ការ​ជួប​ជុំ​គ្នា

គឺ​នៅ​កន្លែង​ឆ្ងាយ​បំផុត​នៃ​ភាគ​ខាង​ជើង។+

១៤ ខ្ញុំ​នឹង​ឡើង​ទៅ​ឲ្យ​ខ្ពស់​ហួស​ពពក

ខ្ញុំ​នឹង​ធ្វើ​ខ្លួន​ឲ្យ​ដូច​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត›។

១៥ ប៉ុន្តែ អ្នក​នឹង​ត្រូវ​ទម្លាក់​ចុះ​ទៅ​ក្នុង​ផ្នូរ គឺ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ​បំផុត​វិញ។

១៦ អស់​អ្នក​ដែល​ឃើញ​អ្នក នឹង​សម្លឹង​មើល​អ្នក

ពួក​គេ​នឹង​ពិនិត្យ​មើល​យ៉ាង​ហ្មត់​ចត់ ហើយ​និយាយ​ថា​៖

‹តើ​នេះ​ជា​អ្នក​ដែល​ធ្លាប់​ធ្វើ​ឲ្យ​ផែនដី​រង្គោះ​រង្គើ​ឬ?

តើ​គាត់​ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​រាជាណាចក្រ​ទាំង​ឡាយ​ភ័យ​រន្ធត់​ឬ?+

១៧ តើ​គាត់​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​រលីង​ទៅ​ដូច​ជា​តំបន់​ស្ងាត់​ជ្រងំ

ហើយ​បំផ្លាញ​ក្រុង​ទាំង​ប៉ុន្មាន​ឬ?+

តើ​គាត់​មែន​ឬ​ដែល​មិន​បាន​ដោះ​លែង​ពួក​អ្នក​ទោស​របស់​គាត់​នោះ?›។+

១៨ ឯ​បណ្ដា​ស្ដេច​ឯ​ទៀត​នៃ​ប្រជា​ជាតិ​នា​នា

សុទ្ធ​តែ​បាន​ត្រូវ​បញ្ចុះ​ដោយ​មាន​កិត្តិយស

គឺ​ពួក​គេ​បាន​ត្រូវ​បញ្ចុះ​ក្នុង​ផ្នូរ​រៀង​ៗ​ខ្លួន។

១៩ ចំណែក​អ្នក​វិញ អ្នក​នឹង​ត្រូវ​ទុក​ចោល គ្មាន​ផ្នូរ​សម្រាប់​បញ្ចុះ​ទេ

គឺ​ដូច​ជា​ពន្លក*ដែល​គួរ​ឲ្យ​ខ្ពើម​ឆ្អើម

ហើយ​មាន​សាក​សព​នៃ​អ្នក​ដែល​ស្លាប់​ដោយ​ដាវ​គ្រប​លើ​អ្នក

អ្នក​និង​អ្នក​ទាំង​នោះ​នឹង​ត្រូវ​បោះ​ទម្លាក់​ទៅ​ក្នុង​រណ្ដៅ​មួយ​ដែល​ពេញ​ទៅ​ដោយ​ថ្ម

អ្នក​ប្រៀប​ដូច​ជា​ខ្មោច​សត្វ​ដែល​គេ​ដើរ​ជាន់។

២០ អ្នក​នឹង​មិន​ត្រូវ​បញ្ចុះ​ក្នុង​ផ្នូរ​ដូច​ស្ដេច​ឯ​ទៀត​ទេ

ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​ខ្លួន និង​បាន​សម្លាប់​រាស្ត្រ​ខ្លួន។

ឈ្មោះ​របស់​កូន​ចៅ​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់​នឹង​គ្មាន​អ្នក​ណា​លើក​ឡើង​ទៀត​ឡើយ។

២១ ចូរ​ត្រៀម​សម្លាប់​កូន​ចៅ​របស់​គាត់​ទៅ

ព្រោះ​តែ​ទោស​កំហុស​របស់​បុព្វ​បុរស​ពួក​គេ

ដើម្បី​កុំ​ឲ្យ​ពួក​គេ​ក្រោក​ឡើង​កាន់​កាប់​លើ​ផែនដី

និង​បង្កើត​ក្រុង​ពេញ​ពាស​ដី​ឡើយ​»។

២២ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រកាស​ថា​៖ ​«​ខ្ញុំ​នឹង​ក្រោក​ឡើង​ប្រឆាំង​នឹង​ពួក​គេ​»។+

​«​ខ្ញុំ​នឹង​លុប​បំបាត់​ឈ្មោះ​ស្រុក​បាប៊ីឡូន ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​សេស​សល់ និង​កូន​ចៅ​ពួក​គេ រួម​ទាំង​កូន​ចៅ​ជំនាន់​ក្រោយ​ៗ​ផង​ដែរ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

២៣ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រកាស​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ទៅ​ជា​លំនៅ​របស់​សត្វ​កាំប្រមា និង​ទៅ​ជា​តំបន់​វាល​ភក់ ហើយ​ខ្ញុំ​នឹង​បំផ្លាញ​ស្រុក​នោះ​ឲ្យ​សាប​សូន្យ​ទៅ​»។*+

២៤ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ស្បថ​ថា​៖

​«​នេះ​នឹង​កើត​ឡើង​ដូច​បំណង​ខ្ញុំ

ហើយ​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត ដូច​ដែល​ខ្ញុំ​បាន​សម្រេច​ហើយ។

២៥ ខ្ញុំ​នឹង​កម្ទេច​ពួក​អាស៊ីរី​នៅ​ក្នុង​ស្រុក​ខ្ញុំ

ហើយ​ខ្ញុំ​នឹង​ជាន់​ឈ្លី​គាត់​នៅ​លើ​ភ្នំ​ខ្ញុំ។+

ឯ​នឹម​ដែល​គាត់​បាន​ដាក់​ទៅ​លើ​រាស្ត្រ​របស់​ខ្ញុំ ខ្ញុំ​នឹង​ដាក់​ចុះ

ហើយ​បន្ទុក​ដែល​គាត់​បាន​ដាក់​លើ​ស្មា​រាស្ត្រ​របស់​ខ្ញុំ ក៏​ខ្ញុំ​ដក​ចេញ​ដែរ​»។+

២៦ នេះ​ជា​អ្វី​ដែល​ព្រះ​បាន​សម្រេច​ចិត្ត​ធ្វើ ទាស់​នឹង​ផែនដី​ទាំង​មូល

លោក​បាន​យារ​ដៃ​បម្រុង​នឹង​វាយ​ប្រហារ​ប្រជា​ជាតិ​ទាំង​ឡាយ​តាម​របៀប​នេះ។

២៧ ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​សម្រេច​ចិត្ត​ហើយ

តើ​អ្នក​ណា​អាច​រា​រាំង​បាន?+

លោក​បាន​យារ​ដៃ​ទៅ​ហើយ តើ​អ្នក​ណា​អាច​កៀស​ចេញ​បាន?+

២៨ នៅ​ឆ្នាំ​ដែល​ស្ដេច​អេហាស​បាន​ស្លាប់+ មាន​សេចក្ដី​ប្រកាស​ដូច​ត​ទៅ​៖

២៩ ​«​ពួក​ភីលីស្ទីន​ទាំង​ឡាយ​អើយ! កុំ​ត្រេក​អរ

ដោយ​សារ​តែ​ដំបង​របស់​បុគ្គល​ដែល​វាយ​អ្នក បាន​ត្រូវ​បំបាក់​នោះ​ឡើយ។

ព្រោះ​ពូជ​សត្វ​ពស់+នឹង​ទៅ​ជា​ពស់​មាន​ពិស+

ហើយ​កូន​ៗ​របស់​វា​នឹង​ទៅ​ជា​ពស់​ភ្លើង​ហោះ។

៣០ កាល​ដែល​កូន​ច្បង​របស់​មនុស្ស​តូច​ទាប​មាន​អាហារ​បរិភោគ​ឆ្អែត

ហើយ​មនុស្ស​ក្រី​ក្រ​សម្រាន្ត​ដោយ​សុខ​សាន្ត

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រាស្ត្រ​របស់​អ្នក​ស្លាប់​ដោយ​ការ​អត់​ឃ្លាន

ហើយ​ពួក​អ្នក​ដែល​នៅ​សេស​សល់​នឹង​ត្រូវ​សម្លាប់។+

៣១ ឱ​ខ្លោង​ទ្វារ​អើយ ចូរ​ទ្រហោ​យំ​ទៅ! ឱ​ទី​ក្រុង​អើយ ចូរ​ស្រែក​ឡើង!

ឱ​ពួក​ភីលីស្ទីន​អើយ អ្នក​រាល់​គ្នា​នឹង​ស្រយុត​ចិត្ត!

ព្រោះ​មាន​ផ្សែង​ហុយ​មក​ពី​ទិស​ខាង​ជើង

ហើយ​ទ័ព​សត្រូវ​ដើរ​មក​ជា​មួយ​គ្នា​ឥត​មាន​បាត់​អ្នក​ណា​ម្នាក់​ឡើយ​»។

៣២ តើ​ពួក​គេ​គួរ​តប​ឆ្លើយ​ទៅ​ពួក​អ្នក​នាំ​សារ​នៃ​ប្រជា​ជាតិ​យ៉ាង​ណា​ទៅ?

ពួក​គេ​នឹង​ឆ្លើយ​ថា​ព្រះ​យេហូវ៉ា​បាន​ដាក់​គ្រឹះ​នៃ​ក្រុង​ស៊ីយ៉ូន+

ហើយ​ឆ្លើយ​ថា​ពួក​អ្នក​តូច​ទាប​ក្នុង​ចំណោម​រាស្ត្រ​របស់​លោក​នឹង​ជ្រក​កោន​ក្នុង​ក្រុង​នោះ។

១៥ សេចក្ដី​ប្រកាស​ទាស់​នឹង​ស្រុក​ម៉ូអាប់​មាន​ដូច​ត​ទៅ​៖+

ព្រោះ​តែ​ការ​បំផ្លាញ​ក្នុង​រយៈ​ពេល​មួយ​យប់

ក្រុង​អារ+នៃ​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​សាប​សូន្យ​ទៅ។

ដោយ​សារ​តែ​ការ​បំផ្លាញ​ក្នុង​រយៈ​ពេល​មួយ​យប់

តំបន់​គា+នៃ​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​វិនាស​ទៅ។

 ២ បណ្ដា​ជន​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​វិហារ​និង​ទៅ​ឯ​ក្រុង​ឌីបូន+

គឺ​ឡើង​ទៅ​ទី​ខ្ពស់​ពិសិដ្ឋ​ទាំង​ប៉ុន្មាន​ដើម្បី​យំ​សោក។

ស្រុក​ម៉ូអាប់​យំ​កាន់​ទុក្ខ​ចំពោះ​ក្រុង​នេបូរ+និង​ក្រុង​មេដេបា។+

ពួក​គេ​គ្រប់​គ្នា​បាន​កោរ​សក់+និង​កាត់​ពុក​ចង្កា។+

 ៣ នៅ​តាម​ផ្លូវ ពួក​គេ​ស្លៀក​បាវ។

នៅ​លើ​ដំបូល​ផ្ទះ​និង​នៅ​ទី​ធ្លា​សាធារណៈ ពួក​គេ​ទាំង​អស់​គ្នា​ទ្រហោ​យំ

ពួក​គេ​ចុះ​ទៅ​ទាំង​យំ​សោក។+

 ៤ ក្រុង​ហែសបូន​និង​ក្រុង​អេលៀឡា+ស្រែក​ឡើង

លាន់​ឮ​រហូត​ដល់​ក្រុង​យេហាស។+

ហេតុ​នេះ ពួក​ទាហាន​ម៉ូអាប់​ស្រែក​ឡើង​ឥត​ឈប់

ហើយ​បណ្ដា​ជន​ញ័រ​រន្ធត់។

 ៥ ខ្ញុំ​មាន​ចិត្ត​ក្ដួល​អាណិត​ដល់​ស្រុក​ម៉ូអាប់។

ពួក​អ្នក​ស្រុក​នោះ​បាន​រត់​រហូត​ទៅ​ដល់​ក្រុង​សូអា+​និង​អេកឡាតសេលីស៊ីយ៉ា។+

នៅ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​លូហ៊ីត ពួក​គេ​ធ្វើ​ដំណើរ​បណ្ដើរ​យំ​បណ្ដើរ

នៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ឯ​ហូរ៉ូណែម ពួក​គេ​យំ​សោក​ដោយ​សារ​តែ​សេចក្ដី​ហិន​វិនាស។+

 ៦ ព្រោះ​ផ្លូវ​ទឹក​ទាំង​ប៉ុន្មាន​នៅ​នីមរីម​បាន​រីង​ស្ងួត​អស់

ឯ​ស្មៅ​ខៀវ​ខ្ចី​ក៏​ក្រៀម​ស្វិត​ទៅ​ដែរ

ហើយ​គ្មាន​សល់​រុក្ខជាតិ​ខៀវ​ខ្ចី​ទៀត​ឡើយ។

 ៧ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ប្រមូល​អ្វី​ដែល​នៅ​សេស​សល់​ពី​ឃ្លាំង​និង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន

ហើយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជ្រលង​ដើម​ផប់ផ្លឺ។*

 ៨ សម្រែក​របស់​ពួក​គេ​បាន​លាន់​ឮ​ទូទាំង​ទឹក​ដី​ម៉ូអាប់។+

សម្រែក​ទ្រហោ​យំ​នោះ​លាន់​ឮ​ទៅ​ដល់​អេកឡែម

ហើយ​ក៏​លាន់​ឮ​ទៅ​ដល់​បៀរអេលីម​ដែរ។

 ៩ ព្រោះ​ផ្លូវ​ទឹក​ទាំង​ប៉ុន្មាន​នៅ​តំបន់​ឌីម៉ូន​នឹង​ពេញ​ដោយ​ឈាម។

ខ្ញុំ​នឹង​ដាក់​ទោស​ថែម​ទៀត​ទៅ​លើ​តំបន់​ឌីម៉ូន

គឺ​ឲ្យ​សត្វ​តោ​ត្របាក់​ស៊ី​ពួក​ម៉ូអាប់​ដែល​រត់​រួច

និង​ពួក​អ្នក​ដែល​នៅ​សេស​សល់​ក្នុង​ស្រុក។+

១៦ ចូរ​ផ្ញើ​ចៀម​ឈ្មោល​ទៅ​ឲ្យ​អ្នក​គ្រប់​គ្រង​ស្រុក

គឺ​ពី​តំបន់​សេឡា​កាត់​តាម​តំបន់​ស្ងាត់​ជ្រងំ ឆ្ពោះ​ទៅ​ភ្នំ​នៃ​ក្រុង​ស៊ីយ៉ូន។

 ២ ដូច​សត្វ​ស្លាប​ដែល​ត្រូវ​គេ​ដេញ​ចេញ​ពី​សំបុក+

នោះ​អ្នក​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​ទៅ​ឯ​តំបន់​ទឹក​រាក់​នៃ​ជ្រលង​អើណូន។+

 ៣ ​«​ចូរ​ជូន​យោបល់ និង​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ចុះ។

ចូរ​ធ្វើ​ឲ្យ​ស្រមោល​របស់​អ្នក​នៅ​ពេល​ថ្ងៃ​ត្រង់​ទៅ​ជា​ងងឹត​ដូច​យប់​វិញ។

ចូរ​លាក់​បំពួន​ពួក​អ្នក​ដែល​ខ្ចាត់​ខ្ចាយ ហើយ​កុំ​ក្បត់​ពួក​អ្នក​ដែល​កំពុង​រត់​គេច​ឡើយ។

 ៤ ឱ​ម៉ូអាប់​អើយ! សូម​ឲ្យ​ពួក​អ្នក​ខ្ចាត់​ខ្ចាយ​របស់​ខ្ញុំ​ជ្រក​កោន​ជា​មួយ​នឹង​អ្នក​ផង។

សូម​លាក់​បំពួន​ពួក​គេ​ឲ្យ​រួច​ពី​អ្នក​បំផ្លាញ​ផង។+

អ្នក​ដែល​សង្កត់​សង្កិន​គេ​នឹង​ដល់​ទី​អវសាន

ការ​បំផ្លាញ​នឹង​មក​ដល់​ទី​បញ្ចប់

ហើយ​ពួក​អ្នក​ដែល​ជិះ​ជាន់​អ្នក​ឯ​ទៀត​នឹង​វិនាស​ពី​ផែនដី។

 ៥ បន្ទាប់​មក នឹង​មាន​បល្ល័ង្ក​មួយ​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។

បុគ្គល​ដែល​អង្គុយ​លើ​បល្ល័ង្ក​នោះ​ស្ថិត​ក្នុង​ត្រសាល​របស់​ដាវីឌ គាត់​ជា​អ្នក​ស្មោះ​ត្រង់+

គាត់​នឹង​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ ហើយ​ប្រព្រឹត្ត​យ៉ាង​សុចរិត​ដោយ​មិន​បង្អែ​បង្អង់​»។+

 ៦ យើង​បាន​ឮ​អំពី​អំណួត​របស់​ម៉ូអាប់+

គឺ​គាត់​មាន​ចិត្ត​ក្រអឺត​ក្រទម ហើយ​គាត់​មាន​កំហឹង​ជា​ខ្លាំង+

គាត់​ពូកែ​អួតអាង​ណាស់ តែ​សម្ដី​របស់​គាត់​ឥត​បាន​ការ​ទេ។

 ៧ ដូច្នេះ ពួក​អ្នក​ស្រុក​ម៉ូអាប់​នឹង​យំ​ស្រណោះ​ស្រុក​របស់​ខ្លួន

ពួក​គេ​នឹង​ទ្រហោ​យំ​ជា​មួយ​គ្នា។+

ពួក​អ្នក​ដែល​ត្រូវ​គេ​វាយ​ធ្វើ​បាប នឹង​យំ​ស្ដាយ​នំ​ទំពាំង​បាយ​ជូរ​ក្រៀម​នៅ​ក្រុង​កៀហារ៉ាសែត។+

 ៨ ព្រោះ​ចម្ការ​នា​នា​នៅ​ក្រុង​ហែសបូន+បាន​ក្រៀម​ស្វិត

ហើយ​ដើម​ទំពាំង​បាយ​ជូរ​នៅ​ក្រុង​ស៊ីបម៉ា+ក៏​ស្វិត​ស្រពោន​ដែរ។

ពួក​អ្នក​គ្រប់​គ្រង​នៃ​ប្រជា​ជាតិ​នា​នា​បាន​ជាន់​ឈ្លី​មែក​ដែល​ពេញ​ដោយ​ផ្លែ​ទំពាំង​បាយ​ជូរ​ក្រហម។

មែក​ទាំង​នោះ​លាស់​ទៅ​ឆ្ងាយ​រហូត​ដល់​ក្រុង​យ៉ាសឺ+

ហើយ​វារ​ទៅ​ដល់​តំបន់​ស្ងាត់​ជ្រងំ។

ខ្នែង​វា​បាន​បែក​ទៅ​ឆ្ងាយ​រហូត​ដល់​សមុទ្រ។

 ៩ ហេតុ​នេះ ខ្ញុំ​នឹង​យំ​ស្ដាយ​ចំពោះ​ដើម​ទំពាំង​បាយ​ជូរ​នៅ​ក្រុង​ស៊ីបម៉ា​ដូច​ខ្ញុំ​យំ​ស្រណោះ​ក្រុង​យ៉ាសឺ​ដែរ។

ឱ​ក្រុង​ហែសបូន​និង​ក្រុង​អេលៀឡា​អើយ!+ ទឹក​ភ្នែក​ខ្ញុំ​នឹង​ស្រោច​ស្រព​មក​លើ​អ្នក

ព្រោះ​លែង​មាន​សម្រែក​នា​ពេល​ប្រមូល​ផល​នៅ​រដូវ​ក្ដៅ​និង​នៅ​រដូវ​ច្រូត​កាត់​ក្នុង​អ្នក​ទៀត​ហើយ។*

១០ អំណរ​និង​ការ​សប្បាយ​រីករាយ​បាន​ត្រូវ​ដក​ចេញ​ពី​ចម្ការ​នោះ​ហើយ

គឺ​គ្មាន​ចម្រៀង​អរ​សប្បាយ ឬ​សម្រែក​អបអរ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​ទៀត​ទេ។+

ឯ​អ្នក​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា ក៏​លែង​ធ្វើ​ការ​នោះ​ដែរ

ព្រោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​សម្រែក​ទាំង​នោះ​សាប​សូន្យ​ទៅ។+

១១ ហេតុ​នេះ ក្នុង​ចិត្ត​ខ្ញុំ​ញ័រ​រំជួល​នឹង​ស្រុក​ម៉ូអាប់+ ដូច​ខ្សែ​ពិណ​ញ័រ​ពេល​ត្រូវ​គេ​កេះ

ហើយ​ដួង​ចិត្ត​ខ្ញុំ​ក្ដុក​ក្ដួល​នឹង​ក្រុង​កៀហារ៉ាសែត។+

១២ ទោះ​ជា​ម៉ូអាប់​គោរព​បូជា​យ៉ាង​នឿយ​ហត់​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ ហើយ​ចូល​ទៅ​អធិដ្ឋាន​នៅ​កន្លែង​បរិសុទ្ធ​ក៏​ដោយ ក៏​ឥត​ប្រយោជន៍​ដែរ។+

១៣ នេះ​ជា​ប្រសាសន៍​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​រួច​ហើយ​ស្ដី​អំពី​ស្រុក​ម៉ូអាប់។ ១៤ ឥឡូវ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ក្នុង​អំឡុង​បី​ឆ្នាំ​ដែល​ប្រៀប​ដូច​ជា​ឆ្នាំ​នៃ​កម្មករ​ស៊ី​ឈ្នួល* ភាព​រុង​រឿង​របស់​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​អាប់​ឱន ហើយ​នៅ​ទី​នោះ​នឹង​មាន​ភាព​ចលាចល​ជា​ខ្លាំង។ ចំនួន​ពួក​អ្នក​ដែល​នៅ​សេស​សល់​នៅ​ស្រុក​នោះ​នឹង​មាន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ហើយ​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​មិន​សំខាន់​»។+

១៧ សេចក្ដី​ប្រកាស​ទាស់​នឹង​ក្រុង​ដាម៉ាស់​មាន​ដូច​ត​ទៅ​៖+

​«​មើល! ក្រុង​ដាម៉ាស់​នឹង​ត្រូវ​សាប​សូន្យ​ទៅ ហើយ​ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​សំណង់​បាក់​បែក​វិញ។+

 ២ ក្រុង​អារ៉ូអ៊ើរ*+នឹង​ត្រូវ​បោះ​បង់​ចោល

ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​កន្លែង​ដែល​ហ្វូង​ចៀម​ដេក​នៅ

ហើយ​គ្មាន​អ្នក​ណា​មក​បំភ័យ​ពួក​វា​ឡើយ។

 ៣ ក្រុង​រឹង​មាំ​ទាំង​ប៉ុន្មាន​នៅ​អេប្រាអ៊ីម​នឹង​លែង​មាន​ទៀត+

ហើយ​រាជាណាចក្រ​ដាម៉ាស់​ក៏​នឹង​សាប​សូន្យ​ទៅ​ដែរ។+

ឯ​ពួក​អ្នក​ដែល​នៅ​សេស​សល់​ក្នុង​ស្រុក​ស៊ីរី នឹង​លែង​មាន​ភាព​រុង​រឿង​ទៀត

ដូច​ជា​ពួក​អ៊ីស្រាអែល​បាត់​បង់​ភាព​រុង​រឿង​របស់​ខ្លួន​ដែរ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។

 ៤ ​«​នៅ​គ្រា​នោះ ភាព​ថ្កុំ​ថ្កើង​របស់​យ៉ាកុប​នឹង​រលាយ​បាត់​ទៅ

ហើយ​រាង​កាយ​ធំ​ធាត់​របស់​គាត់​នឹង​ទៅ​ជា​ស្គមកំព្រឹង​វិញ។

 ៥ យ៉ាកុប​នឹង​ប្រៀប​ដូច​ជា​កួរ​ស្រូវ​ដែល​នៅ​សល់​បន្តិច​បន្តួច

ក្នុង​វាល​ស្រែ​នៅ​ជ្រលង*រេផែម+ក្រោយ​ពី​ច្រូត​កាត់​រួច

គឺ​ដូច​កួរ​ស្រូវ​ដែល​គេ​ទុក​ចោល​ឲ្យ​អ្នក​ឯ​ទៀត​រើស​យក។

 ៦ អ៊ីស្រាអែល​នឹង​ប្រៀប​ដូច​ជា​ផ្លែ​អូលីវ​ដែល​នៅ​សល់​បន្តិច​បន្តួច

ក្រោយ​ពី​គេ​វាយ​ជម្រុះ​ពី​ដើម

គឺ​នៅ​សល់​តែ​ពីរ​បី​ផ្លែ​ប៉ុណ្ណោះ​នៅ​លើ​មែក​ខ្ពស់​បំផុត

ហើយ​នៅ​សល់​តែ​បួន​ប្រាំ​ផ្លែ​ប៉ុណ្ណោះ​នៅ​លើ​មែក​ឯ​ទៀត​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ៊ីស្រាអែល។

៧ នៅ​គ្រា​នោះ មនុស្ស​នឹង​ងើយ​មើល​ទៅ​លើ​រក​ព្រះ​ដែល​ជា​អ្នក​បង្កើត​ខ្លួន ហើយ​ភ្នែក​គាត់​នឹង​សម្លឹង​ទៅ​ឯ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល។ ៨ គាត់​នឹង​មិន​មើល​ទៅ​ទី​បូជា+ដែល​ជា​ស្នា​ដៃ​របស់​ខ្លួន​ទេ+ ហើយ​គាត់​ក៏​នឹង​មិន​យក​ភ្នែក​មើល​បង្គោល​ឈើ​ពិសិដ្ឋ*ឬ​ជើង​តាំង​ដុត​គ្រឿង​ក្រអូប​ដែល​គាត់​បាន​ធ្វើ​នោះ​ដែរ។

 ៩ នៅ​គ្រា​នោះ ក្រុង​រឹង​មាំ​ទាំង​ឡាយ​របស់​គាត់​នឹង​ប្រៀប​ដូច​ជា​លំនៅ​ដែល​គេ​ទុក​ចោល​ក្នុង​ព្រៃ+ នឹង​គ្មាន​នរណា​អាស្រ័យ​នៅ​ទៀត​ឡើយ។

ក្រុង​ទាំង​នោះ​នឹង​ប្រៀប​ដូច​ជា​មែក​ដែល​គេ​បោះ​ចោល​នៅ​ខាង​មុខ​ពួក​អ៊ីស្រាអែល។

១០ ព្រោះ​អ្នក​បាន​ភ្លេច​ព្រះ+ដែល​ជា​អ្នក​សង្គ្រោះ​អ្នក​ហើយ

អ្នក​មិន​បាន​នឹក​ឃើញ​ថ្ម​ដា+ដែល​ជា​ទី​ពឹង​ជ្រក​របស់​អ្នក​ទេ។

ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដាំ​ដំណាំ​ដ៏​ស្រស់បំព្រង

រួច​យក​ខ្នែង​របស់​មនុស្ស​ចម្លែក*ទៅ​បំបៅ​ជា​មួយ​នឹង​ដំណាំ​នោះ។

១១ នៅ​ពេល​ថ្ងៃ អ្នក​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ដំណាំ​របស់​អ្នក​យ៉ាង​យក​ចិត្ត​ទុក​ដាក់

លុះ​ព្រឹក​ឡើង គ្រាប់​ពូជ​ដែល​អ្នក​បាន​សាប​ព្រោះ​លូត​លាស់​យ៉ាង​លឿន។

ប៉ុន្តែ នឹង​គ្មាន​ផល​អ្វី​ទេ មាន​តែ​ជំងឺ​និង​ការ​ឈឺ​ចាប់​ដែល​មិន​ចេះ​ធូរ​ស្បើយ​ប៉ុណ្ណោះ។+

១២ ចូរ​ស្ដាប់​ចុះ! មាន​សូរ​សំឡេង​ចលាចល​របស់​មនុស្ស​ជា​ច្រើន

សូរ​សំឡេង​ពួក​គេ​ដូច​ជា​សំឡេង​រលក​សមុទ្រ​បក់​បោក!

សម្រែក​កំហឹង​របស់​ប្រជា​ជាតិ​ទាំង​ឡាយ

ឮ​សូរ​ដូច​ជា​សន្ធឹក​ទឹក​ហូរ​យ៉ាង​ខ្លាំង!

១៣ ប្រជា​ជាតិ​នា​នា​នឹង​ស្រែក​ឡើង ឮ​សូរ​សន្ធឹក​ដូច​ទឹក​ហូរ​គ្រាំ​គ្រេង។

លោក​នឹង​ប្រដៅ​តម្រង់​ពួក​គេ ហើយ​ពួក​គេ​នឹង​រត់​ទៅ​កន្លែង​ឆ្ងាយ

ហើយ​ត្រូវ​ខ្ចាត់​ខ្ចាយ​ដូច​ជា​អង្កាម​នៅ​លើ​ភ្នំ ពេល​ត្រូវ​ខ្យល់​បក់​ផាត់

និង​ដូច​ជា​បន្លា​ក្រៀម​ស្វិត​ត្រូវ​ខ្យល់​ព្យុះ​កួច​យក​ទៅ។

១៤ នៅ​ពេល​ល្ងាច មាន​ការ​ភ័យ​រន្ធត់។

ពេល​ភ្លឺ​ស្រាង​ៗ នឹង​លែង​មាន​ពួក​គេ​ទៀត។

នេះ​ហើយ​ជា​លទ្ធផល​របស់​ពួក​អ្នក​ដែល​ប្លន់​យើង

និង​ជា​សំណង​ដល់​ពួក​អ្នក​ដែល​ប្លន់​ទ្រព្យ​របស់​យើង។

១៨ វេទនា​ហើយ! ស្រុក​នៃ​ហ្វូង​កណ្ដូប

ដែល​នៅ​តំបន់​ទន្លេ​ក្នុង​ស្រុក​អេត្យូពី!+

 ២ ស្រុក​នេះ​ចាត់​ពួក​ទូត​ទៅ​តាម​សមុទ្រ

ឆ្លង​កាត់​ផ្លូវ​ទឹក​ដោយ​ជិះ​ទូក​ធ្វើ​ពី​ដើម​កក់ ដោយ​បង្គាប់​ថា​៖

​«​ចូរ​ទៅ! ឱ​ពួក​អ្នក​នាំ​សារ​យ៉ាង​រហ័ស​អើយ

ចូរ​ទៅ​ជួប​ប្រជា​ជាតិ​ដែល​មាន​រូប​រាង​ខ្ពស់​និង​ស្បែក​រលោង

គឺ​ទៅ​ជួប​បណ្ដា​ជន​ដែល​គេ​ខ្លាច​គ្រប់​គ្នា+

ជា​ប្រជា​ជាតិ​ដែល​ខ្លាំង​ក្លា​និង​មាន​ជ័យ​ជម្នះ

ដែល​រស់​នៅ​លើ​ទឹក​ដី​មាន​ទន្លេ​ហូរ​កាត់​»។

 ៣ ឱ​មនុស្ស​ទាំង​ឡាយ​ដែល​រស់​នៅ​ក្នុង​ស្រុក​និង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​លើ​ផែនដី​អើយ!

អ្វី​ដែល​អ្នក​រាល់​គ្នា​ឃើញ នឹង​ប្រៀប​ដូច​ជា​សញ្ញា​សម្គាល់​ដែល​គេ​តាំង​ឡើង​នៅ​តំបន់​ភ្នំ

ហើយ​អ្នក​រាល់​គ្នា​នឹង​ឮ​សូរ​សំឡេង​ដូច​ជា​សំឡេង​គេ​ផ្លុំ​ស្នែង។

 ៤ ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​យ៉ាង​នេះ​ថា​៖

​«​ខ្ញុំ​នឹង​នៅ​ស្ងប់​ស្ងាត់ ហើយ​ខ្ញុំ​សម្លឹង​មើល​ទៅ*កន្លែង​ដ៏​រឹង​មាំ​របស់​ខ្ញុំ

គឺ​ប្រៀប​ដូច​ជា​កម្ដៅ​និង​ពន្លឺ​ថ្ងៃ

និង​ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​រដូវ​ចម្រូត។*

 ៥ ព្រោះ​មុន​រដូវ​ប្រមូល​ផល

ពេល​ដែល​ដើម​ទំពាំង​បាយ​ជូរ​ឈប់​ផ្កា ហើយ​ផ្កា​នោះ​ទៅ​ជា​ផ្លែ​ទុំ

គេ​នឹង​កាត់​ខ្នែង​ដោយ​កាំបិត គេ​នឹង​កាត់​បំផ្លាញ​វល្លិ ហើយ​ដក​ចេញ។

 ៦ សាក​សព​ពួក​គេ​នឹង​ត្រូវ​ទុក​ចោល​ជា​ចំណី​សត្វ​ត្មាត​នៅ​តំបន់​ភ្នំ

និង​ជា​ចំណី​សត្វ​ព្រៃ​នៅ​ផែនដី។

ត្មាត​នឹង​ស៊ី​សាក​សព​នោះ​ពេញ​មួយ​រដូវ​ក្ដៅ

ឯ​សត្វ​ព្រៃ​វិញ ពួក​វា​នឹង​ស៊ី​រហូត​ដល់​ផុត​រដូវ​ប្រមូល​ផល។

 ៧ នៅ​គ្រា​នោះ ពួក​គេ​នឹង​នាំ​យក​អំណោយ​មក​ជូន​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌

គឺ​ពី​ប្រជា​ជាតិ​ដែល​មាន​រូប​រាង​ខ្ពស់​និង​ស្បែក​រលោង

ពី​បណ្ដា​ជន​ដែល​គេ​ខ្លាច​គ្រប់​គ្នា

ពី​ប្រជា​ជាតិ​ដែល​ខ្លាំង​ក្លា​និង​មាន​ជ័យ​ជម្នះ

ដែល​រស់​នៅ​លើ​ទឹក​ដី​មាន​ទន្លេ​ហូរ​កាត់។

ពួក​គេ​នឹង​យក​អំណោយ​ទៅ​ភ្នំ​ស៊ីយ៉ូន​ជា​កន្លែង​តាង​នាម​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​»។+

១៩ សេចក្ដី​ប្រកាស​ទាស់​នឹង​ស្រុក​អេហ្ស៊ីប​មាន​ដូច​ត​ទៅ​៖+

មើល! ព្រះ​យេហូវ៉ា​កំពុង​ជិះ​ពពក​យ៉ាង​លឿន​ឆ្ពោះ​មក​ស្រុក​អេហ្ស៊ីប​ហើយ។

បណ្ដា​ព្រះ​ឥត​បាន​ការ​របស់​ពួក​អេហ្ស៊ីប​នឹង​ញ័រ​រន្ធត់​នៅ​ចំពោះ​លោក+

ហើយ​ចិត្ត​របស់​ពួក​អេហ្ស៊ីប​នឹង​ស្រយុត​ទៅ។

 ២ ​«​ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​ពួក​អេហ្ស៊ីប​ច្បាំង​នឹង​ពួក​អេហ្ស៊ីប

ពួក​គេ​នឹង​វាយ​ប្រហារ​គ្នា​ឯង

ពួក​គេ​ម្នាក់​ៗ​នឹង​សម្លាប់​បង​ប្អូន​និង​ជន​រួម​ជាតិ​ខ្លួន

ក្រុង​មួយ​ច្បាំង​នឹង​ក្រុង​មួយ រាជាណាចក្រ​មួយ​ច្បាំង​នឹង​រាជាណាចក្រ​មួយ។

 ៣ ពួក​អេហ្ស៊ីប​នឹង​សុញ​គំនិត ខ្ញុំ​នឹង​បំផ្លាញ​គម្រោង​ការ​របស់​ពួក​គេ។+

ពួក​គេ​នឹង​ទៅ​រក​បណ្ដា​ព្រះ​ឥត​បាន​ការ

ទៅ​រក​គ្រូ​មន្តអាគម គ្រូ​ខាប និង​គ្រូ​ទាយ។+

 ៤ ខ្ញុំ​នឹង​ប្រគល់​ពួក​អេហ្ស៊ីប​ទៅ​ឲ្យ​ចៅហ្វាយ​ដ៏​តឹងរ៉ឹង

ស្ដេច​ដ៏​កាច​សាហាវ​នឹង​គ្រប់​គ្រង​លើ​ពួក​គេ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ពិត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។

 ៥ ទឹក​សមុទ្រ​នឹង​រីង​ស្ងួត​ទៅ ហើយ​ទឹក​ទន្លេ​ក៏​នឹង​គោក​ហួត​ហែង​ដែរ។+

 ៦ ទន្លេ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​អេហ្ស៊ីប​នឹង​មាន​ក្លិន​ស្អុយ

ប្រឡាយ​ដែល​បែក​ចេញ​ពី​ទន្លេ​នីល នឹង​ស្រក​ហើយ​ហួត​ហែង​ទៅ។

ដើម​ត្រែង​និង​ដើម​បបុស*នឹង​ក្រៀម​ស្វិត។+

 ៧ រុក្ខជាតិ​ដែល​ដុះ​តាម​ដង​ទន្លេ​នីល គឺ​នៅ​តាម​មាត់​ច្រាំង​ទន្លេ​នោះ​នឹង​ស្វិត​ស្រពោន

ឯ​គ្រាប់​ពូជ​ដែល​គេ​សាប​ព្រោះ​ក្នុង​ស្រុក​តាម​ដង​ទន្លេ​នីល+ ក៏​នឹង​ត្រូវ​ក្រៀម​ស្វិត​ដែរ។+

ខ្យល់​នឹង​បក់​ប៉ីង​រុក្ខជាតិ​ទាំង​នោះ​ទៅ​អស់ ហើយ​វា​នឹង​លែង​មាន​ទៀត។

 ៨ ពួក​អ្នក​នេសាទ​នឹង​យំ​សោក។ ពួក​អ្នក​ស្ទូច​ត្រី​នៅ​ទន្លេ​នីល​នឹង​ទួញ​យំ

ហើយ​មិន​សូវ​មាន​ពួក​អ្នក​បង់​សំណាញ់​ទៀត​ទេ។

 ៩ ពួក​អ្នក​ធ្វើ​ក្រណាត់​ពី​សរសៃ​អំបោះ​ដើម​ផ្លេច*+

និង​ពួក​អ្នក​ត្បាញ​ក្រណាត់​ពណ៌​ស​នឹង​ត្រូវ​អាម៉ាស់។

១០ ពួក​អ្នក​ត្បាញ​រវៃ​ក្នុង​ស្រុក​នោះ​នឹង​បាក់​ទឹក​ចិត្ត

ហើយ​កម្មករ​ស៊ី​ឈ្នួល​ទាំង​អស់​នឹង​កើត​ទុក្ខ។

១១ ពួក​អ្នក​គ្រប់​គ្រង​នៅ​ក្រុង​សូអាន+សុទ្ធ​តែ​ល្ងី​ល្ងើ។

ពួក​ទី​ប្រឹក្សា​ដ៏​ឆ្លាត​បំផុត​របស់​ផារ៉ូ​ក៏​ឲ្យ​យោបល់​មិន​សម​ហេតុ​សម​ផល​ដែរ។+

តើ​អ្នក​អាច​និយាយ​ទៅ​កាន់​ផារ៉ូ​ម្ដេច​នឹង​បាន​ទៅ​ថា​៖

​«​ខ្ញុំ​ជា​កូន​ចៅ​របស់​ពួក​អ្នក​ប្រាជ្ញ ជា​កូន​ចៅ​របស់​បណ្ដា​ស្ដេច​ពី​បុរាណ​»​?

១២ តើ​ពួក​អ្នក​ប្រាជ្ញ​របស់​អ្នក​នៅ​ឯ​ណា?+

បើ​ពួក​គេ​ដឹង​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ចង់​ធ្វើ​ទៅ​លើ​ស្រុក​អេហ្ស៊ីប ចូរ​ឲ្យ​ពួក​គេ​ប្រាប់​មក!

១៣ ពួក​អ្នក​គ្រប់​គ្រង​នៅ​ក្រុង​សូអាន​បាន​ប្រព្រឹត្ត​ល្ងី​ល្ងើ​ណាស់

ពួក​អ្នក​គ្រប់​គ្រង​នៅ​ក្រុង​ណូព*+បាន​ត្រូវ​គេ​បោក​បញ្ឆោត

ឯ​ពួក​មេ​កុល​សម្ព័ន្ធ​បាន​នាំ​អ្នក​ស្រុក​អេហ្ស៊ីប​ឲ្យ​វង្វេង​ហើយ។

១៤ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​អេហ្ស៊ីប​មាន​គំនិត​វិល​វល់+

ហើយ​ពួក​អ្នក​ដឹក​នាំ​បាន​នាំ​ពួក​អេហ្ស៊ីប​ឲ្យ​វង្វេង​ក្នុង​គ្រប់​ការ​ទាំង​អស់

គឺ​ប្រៀប​ដូច​ជា​មនុស្ស​ស្រវឹង​ស្រា​ដើរ​ទ្រេត​ទ្រោត​ក្នុង​កម្អួត​របស់​ខ្លួន។

១៥ ពួក​អេហ្ស៊ីប​នឹង​មិន​អាច​សម្រេច​កិច្ច​ការ​អ្វី​ឡើយ

ទោះ​ជា​ក្បាល​ឬ​កន្ទុយ ពន្លក​ឬ​ស្លឹក*ក្ដី។

១៦ នៅ​គ្រា​នោះ ពួក​អេហ្ស៊ីប​នឹង​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​ភ័យ​ញ័រ​រន្ធត់​និង​តក់​ស្លុត ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ បាន​លើក​ដៃ​ដ៏​ខ្លាំង​ក្លា​របស់​លោក​ប្រឆាំង​នឹង​ពួក​គេ​ហើយ។+ ១៧ ស្រុក​យូដា​នឹង​ទៅ​ជា​ហេតុ​ដែល​នាំ​ឲ្យ​ពួក​អេហ្ស៊ីប​ភ័យ​តក់​ស្លុត។ ពេល​ឮ​អំពី​ស្រុក​នោះ ពួក​គេ​នឹង​ញ័រ​រន្ធត់ ព្រោះ​ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​សម្រេច​ចិត្ត​ទាស់​នឹង​ពួក​គេ​ហើយ។+

១៨ នៅ​គ្រា​នោះ នឹង​មាន​ក្រុង​ប្រាំ​ក្នុង​ស្រុក​អេហ្ស៊ីប​ចេះ​និយាយ​ភាសា​កាណាន+ ហើយ​អ្នក​ក្រុង​ទាំង​នោះ​នឹង​ស្បថ​ថា​ពួក​គេ​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ក្រុង​មួយ​នឹង​ត្រូវ​ហៅ​ថា​ក្រុង​នៃ​ការ​ផ្ដួល​រលំ។

១៩ នៅ​គ្រា​នោះ គេ​នឹង​សង់​ទី​បូជា​មួយ​ជូន​ព្រះ​យេហូវ៉ា​នៅ​កណ្ដាល​ស្រុក​អេហ្ស៊ីប ហើយ​ក៏​ដំឡើង​បង្គោល​មួយ​ជូន​ព្រះ​យេហូវ៉ា​នៅ​ឯ​ព្រំ​ប្រទល់​ស្រុក​នោះ​ដែរ។ ២០ នេះ​នឹង​ទៅ​ជា​សញ្ញា​សម្គាល់​និង​ជា​សាក្សី​អំពី​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ដែល​តាំង​ឡើង​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប។ ព្រោះ​ពួក​គេ​នឹង​ស្រែក​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ឲ្យ​រំដោះ​ពួក​គេ​ពី​ពួក​អ្នក​ជិះ​ជាន់ ហើយ​លោក​នឹង​ចាត់​អ្នក​សង្គ្រោះ​ដ៏​ឧត្ដម​មួយ​រូប​ឲ្យ​ទៅ​ជួយ​ពួក​គេ។ ២១ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពួក​អេហ្ស៊ីប​ស្គាល់​លោក ហើយ​ពួក​គេ​នឹង​ស្គាល់​ព្រះ​យេហូវ៉ា​ជា​ប្រាកដ។ ពួក​គេ​នឹង​ជូន​អំណោយ​និង​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា ថែម​ទាំង​ស្បថ​ជូន​លោក ហើយ​ធ្វើ​តាម​សម្បថ​នោះ​ទៀត​ផង។ ២២ ព្រះ​យេហូវ៉ា​នឹង​វាយ​ពួក​អេហ្ស៊ីប+ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ រួច​ពួក​គេ​នឹង​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​វិញ។ លោក​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ជា​សះ​ស្បើយ។

២៣ នៅ​គ្រា​នោះ នឹង​មាន​ផ្លូវ​ធំ+ចេញ​ពី​ស្រុក​អេហ្ស៊ីប​ឆ្ពោះ​ទៅ​ស្រុក​អាស៊ីរី។ យ៉ាង​នេះ ពួក​អាស៊ីរី​នឹង​ធ្វើ​ដំណើរ​ចូល​ទៅ​ស្រុក​អេហ្ស៊ីប ហើយ​ពួក​អេហ្ស៊ីប​នឹង​ធ្វើ​ដំណើរ​ចូល​មក​ស្រុក​អាស៊ីរី។ ពួក​អេហ្ស៊ីប​និង​ពួក​អាស៊ីរី​នឹង​បម្រើ​ព្រះ​ជា​មួយ​គ្នា។ ២៤ នៅ​គ្រា​នោះ អ៊ីស្រាអែល​នឹង​រួប​រួម​ជា​មួយ​នឹង​ស្រុក​អេហ្ស៊ីប​និង​ស្រុក​អាស៊ីរី+ ហើយ​ពួក​គេ​នឹង​ទៅ​ជា​ពរ​សម្រាប់​ផែនដី។ ២៥ ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​ឲ្យ​ពរ​ពួក​គេ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​អេហ្ស៊ីប​ជា​រាស្ត្រ​ខ្ញុំ​និង​អាស៊ីរី​ជា​ស្នា​ដៃ​ខ្ញុំ ព្រម​ទាំង​អ៊ីស្រាអែល​ជា​មត៌ក​ខ្ញុំ បាន​ទទួល​ពរ!​»។+

២០ នៅ​ឆ្នាំ​ដែល​ស្ដេច​សាកន​ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​ចាត់​ថើថាន*ឲ្យ​ទៅ​ក្រុង​អា​សូត+ ថើថាន​ក៏​បាន​ច្បាំង​ឈ្នះ ហើយ​ដណ្ដើម​យក​បាន​ក្រុង​នោះ។+ ២ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​អេសាយ+ជា​កូន​អាម៉ុស​ថា​៖ ​«​ចូរ​ដោះ​បាវ​ចេញ​ពី​ចង្កេះ​អ្នក ព្រម​ទាំង​ដោះ​ស្បែក​ជើង​ចេញ​ដែរ​»។ អេសាយ​ក៏​ធ្វើ​តាម​បង្គាប់​លោក ដោយ​ស្លៀក​តែ​សម្លៀក​បំពាក់​ក្នុង ហើយ​ដើរ​ជើង​ទទេ។

៣ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ដូច​អេសាយ​ជា​អ្នក​បម្រើ​ខ្ញុំ​បាន​ដើរ​ដោយ​មាន​តែ​សម្លៀក​បំពាក់​ក្នុង និង​ដើរ​ដោយ​ជើង​ទទេ​អស់​រយៈ​ពេល​បី​ឆ្នាំ ទុក​ជា​សញ្ញា​សម្គាល់+និង​ជា​ការ​ព្រមាន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ស្រុក​អេហ្ស៊ីប+និង​ស្រុក​អេត្យូពី+ ៤ នោះ​ស្ដេច​ស្រុក​អាស៊ីរី​នឹង​ចាប់​ជន​ជាតិ​អេហ្ស៊ីប+និង​ជន​ជាតិ​អេត្យូពី​ទាំង​ក្មេង​ទាំង​ចាស់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ហើយ​នាំ​ពួក​គេ​ទៅ​ទាំង​ជើង​ទទេ និង​ខ្លួន​អាក្រាត​លេច​គូទ។ យ៉ាង​នោះ ពួក​អេហ្ស៊ីប​នឹង​អាម៉ាស់​មុខ​ជា​ខ្លាំង ៥ ហើយ​ពួក​អ្នក​ដែល​យក​ស្រុក​អេត្យូពី​ជា​ទី​សង្ឃឹម និង​យក​ស្រុក​អេហ្ស៊ីប​ជា​ទី​អួតអាង នឹង​ត្រូវ​ខ្មាស ហើយ​ភ័យ​តក់​ស្លុត។ ៦ នៅ​គ្រា​នោះ ពួក​អ្នក​រស់​នៅ​តាម​តំបន់​ឆ្នេរ​នឹង​និយាយ​ថា​៖ ‹មើល! ស្រុក​ដែល​ជា​ទី​សង្ឃឹម​របស់​យើង ដែល​យើង​រត់​ទៅ​ពឹង​ឲ្យ​រួច​ពី​ស្ដេច​ស្រុក​អាស៊ីរី បាន​ធ្លាក់​ដល់​កម្រិត​នេះ​ទៅ​ហើយ! តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​រួច​ខ្លួន​បាន​ទៅ?›​»។

២១ នេះ​ជា​សេចក្ដី​ប្រកាស​ទាស់​នឹង​តំបន់​ស្ងាត់​ជ្រងំ​ដែល​ប្រៀប​ដូច​ជា​សមុទ្រ​៖*+

សេចក្ដី​វេទនា​កំពុង​មក​ដូច​ជា​ខ្យល់​ព្យុះ​បក់​បោក​នៅ​ភាគ​ខាង​ត្បូង

ពី​តំបន់​ស្ងាត់​ជ្រងំ ពី​ទឹក​ដី​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច។+

 ២ ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្នុង​គំនិត​នូវ​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ដូច​ត​ទៅ​៖

ពួក​អ្នក​ក្បត់​កំពុង​ប្រព្រឹត្ត​អំពើ​ក្បត់​ហើយ

ឯ​ពួក​អ្នក​បំផ្លាញ​ក៏​កំពុង​បំផ្លាញ​ដែរ។

ឱ​អេឡាំ​អើយ ចូរ​ឡើង​ទៅ! ឱ​មេឌី​អើយ+ ចូរ​ឡោម​ព័ទ្ធ​ទៅ!

ខ្ញុំ​នឹង​បំបាត់​នូវ​ការ​ឈឺ​ចាប់​ដែល​នាង*បាន​បង្ក​ឡើង។+

 ៣ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​កើត​ទុក្ខ​យ៉ាង​ខ្លាំង។+

ខ្ញុំ​ឈឺ​ចុក​ចាប់​ពើត​ផ្សា ដូច​ស្ត្រី​កំពុង​សម្រាល​កូន

ខ្ញុំ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​រហូត​ដល់​លែង​ចង់​ស្ដាប់

ខ្ញុំ​ថប់​បារម្ភ​ដល់​ម្ល៉េះ​បាន​ជា​លែង​ចង់​ឃើញ​ទៀត។

 ៤ ខ្ញុំ​ភ័យ​តក់​ស្លុត ហើយ​ចិត្ត​ក៏​ខ្សោយ​ទៅ។

សូម្បី​តែ​ពន្លឺ​ពេល​ល្ងាច​ដែល​ខ្ញុំ​ចង់​ឃើញ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ញាប់​ញ័រ​ដែរ។

 ៥ ចូរ​រៀបចំ​តុ​និង​កៅអី! ហើយ​បរិភោគ​អាហារ​និង​ផឹក​ស្រា​ចុះ!+

ឱ​ពួក​អ្នក​គ្រប់​គ្រង​អើយ! ចូរ​ក្រោក​ឡើង​ចាក់​ប្រេង​លើ​ខែល​ទៅ!

 ៦ ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ​ថា​៖

​«​ចូរ​ដាក់​អ្នក​យាម​ម្នាក់​ឲ្យ​យាម​ល្បាត ហើយ​ឲ្យ​គាត់​រាយ​ការណ៍​អំពី​អ្វី​ដែល​គាត់​ឃើញ​»។

 ៧ គាត់​បាន​ឃើញ​រទេះ​ចម្បាំង​ទឹម​ដោយ​សេះ

រទេះ​ចម្បាំង​ទឹម​ដោយ​សត្វ​លា និង​រទេះ​ចម្បាំង​ទឹម​ដោយ​សត្វ​អូដ្ឋ។

គាត់​ខំ​សម្លឹង​មើល​យ៉ាង​ប្រុង​ប្រយ័ត្ន​និង​ដោយ​យក​ចិត្ត​ទុក​ដាក់។

 ៨ បន្ទាប់​មក គាត់​ស្រែក​ឡើង​ដូច​ជា​សត្វ​តោ​ថា​៖

​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ពេល​ថ្ងៃ ខ្ញុំ​ឈរ​នៅ​លើ​ប៉ម​យាម​ជា​និច្ច

ហើយ​រាល់​យប់​ក៏​ខ្ញុំ​ឈរ​នៅ​ត្រង់​កន្លែង​យាម​ដែរ។+

 ៩ មើល! ពួក​គេ​កំពុង​មក​ហើយ

គឺ​ពួក​ទាហាន​ជិះ​លើ​រទេះ​ចម្បាំង​ទឹម​ដោយ​សេះ!​»។+

រួច​មក គាត់​ស្រែក​ឡើង​ថា​៖

​«​ក្រុង​បាប៊ីឡូន​បាន​រលំ​ហើយ! ក្រុង​បាប៊ីឡូន​បាន​រលំ​ហើយ!+

ឯ​រូប​ព្រះ​ទាំង​ប៉ុន្មាន​ក្នុង​ក្រុង​នោះ បាន​ត្រូវ​វាយ​កម្ទេច​ឲ្យ​ធ្លាក់​រាត់​រាយ​លើ​ដី​ហើយ!​»។+

១០ ឱ​ជន​រួម​ជាតិ​ខ្ញុំ​ដែល​ត្រូវ​គេ​ជាន់​ឈ្លី*អើយ!

អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ផល​ពី​ទី​លាន​បញ្ជាន់​ស្រូវ+

ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​អ៊ីស្រាអែល។

១១ នេះ​ជា​សេចក្ដី​ប្រកាស​ទាស់​នឹង​តំបន់​ឌូម៉ា។*

មាន​បុគ្គល​ម្នាក់​កំពុង​ស្រែក​ហៅ​ខ្ញុំ​ពី​តំបន់​ភ្នំ​សៀ​ថា​៖+

​«​អ្នក​យាម​អើយ ដល់​កាល​ណា​ទើប​ភ្លឺ? អ្នក​យាម ដល់​ពេល​ណា​ទើប​ភ្លឺ?​»។

១២ អ្នក​យាម​ឆ្លើយ​ថា​៖ ​«​ទៀប​ភ្លឺ​ហើយ តែ​យប់​ក៏​ខិត​មក​ដល់​ដែរ។

បើ​អ្នក​ចង់​ដឹង ចូរ​មក​សួរ​ចុះ។ ចូរ​មក​ម្ដង​ទៀត!​»។

១៣ នេះ​ជា​សេចក្ដី​ប្រកាស​ទាស់​នឹង​តំបន់​ស្ងាត់​ជ្រងំ​៖

ឱ​ក្បួន​រទេះ​ដេដាន់​អើយ!+

នៅ​ពេល​យប់ អ្នក​រាល់​គ្នា​នឹង​ស្នាក់​នៅ​ក្នុង​ព្រៃ​នៃ​តំបន់​ស្ងាត់​ជ្រងំ។

១៤ ឱ​អ្នក​តំបន់​តេម៉ា​អើយ!+ ចូរ​យក​ទឹក​ទៅ​ឲ្យ​អ្នក​ដែល​កំពុង​ស្រេក​ចុះ

ហើយ​យក​នំ​ប៉័ង​ទៅ​ឲ្យ​អ្នក​ដែល​កំពុង​រត់​គេច​ផង។

១៥ ព្រោះ​ពួក​គេ​បាន​រត់​គេច​ពី​ដាវ គឺ​ពី​ដាវ​ដែល​គេ​ហូត​ចេញ​ពី​ស្រោម

ហើយ​រត់​គេច​ពី​ធ្នូ​ដែល​គេ​យឹត​បម្រុង​បាញ់ និង​ពី​សង្គ្រាម​ដ៏​ឃោរ​ឃៅ។

១៦ ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ​ថា​៖ ​«​ក្នុង​អំឡុង​មួយ​ឆ្នាំដែល​ប្រៀប​ដូច​ជា​ឆ្នាំ​នៃ​កម្មករ​ស៊ី​ឈ្នួល* ភាព​រុង​រឿង​របស់​កេដា+នឹង​រលាយ​សាប​សូន្យ​ទៅ។ ១៧ ពល​ធ្នូ​ដ៏​ខ្លាំង​ពូកែ​របស់​ស្រុក​កេដា​នឹង​នៅ​សេស​សល់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ហើយ​»។

២២ សេចក្ដី​ប្រកាស​ស្ដី​អំពី​ជ្រលង​នៃ​ការ​បើក​បង្ហាញ​ពី​ព្រះ* មាន​ដូច​ត​ទៅ​៖+

តើ​មាន​រឿង​អ្វី​បាន​ជា​អ្នក​នាំ​គ្នា​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​ខ្លួន​ដូច្នេះ?

 ២ អ្នក​ពេញ​ទៅ​ដោយ​ការ​ជ្រួល​ច្របល់

ក្រុង​របស់​អ្នក​អ៊ូអរ​និង​គគ្រឹក​គគ្រេង។

ឯ​ពួក​អ្នក​ស្លាប់​របស់​អ្នក​មិន​បាន​ស្លាប់​ដោយ​ដាវ​ទេ

ហើយ​ក៏​មិន​បាន​ស្លាប់​ក្នុង​សង្គ្រាម​ដែរ។+

 ៣ ពួក​អ្នក​គ្រប់​គ្រង​ផ្ដាច់​ការ​លើ​អ្នក​បាន​រត់​ទៅ​ជា​មួយ​គ្នា។+

ពួក​គេ​បាន​ត្រូវ​ចាប់​ធ្វើ​ជា​អ្នក​ទោស​ដោយ​មិន​ចាំ​បាច់​ប្រើ​ធ្នូ​ទេ។

អស់​អ្នក​ដែល​គេ​រក​ឃើញ​នឹង​ទៅ​ជា​អ្នក​ទោស+

ទោះ​ជា​ពួក​គេ​បាន​រត់​ទៅ​ឆ្ងាយ​ក៏​ដោយ។

 ៤ ហេតុ​នេះ ខ្ញុំ​បាន​និយាយ​ថា​៖ ​«​ចូរ​បែរ​មុខ​ចេញ​ពី​ខ្ញុំ​ទៅ

ហើយ​ខ្ញុំ​នឹង​ទ្រហោ​យំ​យ៉ាង​ខ្លាំង។+

កុំ​ខំ​មក​សម្រាល​ទុក្ខ​ខ្ញុំ ដោយ​សារ​ការ​បំផ្លាញ​ជន​រួម​ជាតិ​ខ្ញុំ​ឡើយ។+

 ៥ ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​ជ្រួល​ច្របល់ ថ្ងៃ​បរាជ័យ និង​ជា​ថ្ងៃ​ស្លន់ស្លោ+

មក​ពី​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត ដែល​កើត​ឡើង​ក្នុង​ជ្រលង​នៃ​ការ​បើក​បង្ហាញ​ពី​ព្រះ។

កំពែង​ក្រុង​នឹង​ត្រូវ​បំបាក់​បំបែក+

ហើយ​សម្រែក​បណ្ដា​ជន​ស្រែក​សុំ​ជំនួយ​លាន់​ឮ​ខ្ទរ​ខ្ទារ​ទៅ​ដល់​ភ្នំ។

 ៦ ពួក​អេឡាំ+ស្ពាយ​បំពង់​ព្រួញ និង​បរ​រទេះ​ចម្បាំង ដោយ​មាន​ទាហាន​សេះ​ទៅ​ជា​មួយ

ហើយ​ជន​ជាតិ​គា+ត្រៀម​ខែល​របស់​ខ្លួន​ជា​ស្រេច។

 ៧ នៅ​ជ្រលង*ល្អ​បំផុត​របស់​អ្នក នឹង​មាន​ពេញ​ទៅ​ដោយ​រទេះ​ចម្បាំង

ហើយ​ទាហាន​សេះ​នឹង​តម្រៀប​គ្នា​នៅ​ឯ​ខ្លោង​ទ្វារ​ក្រុង

 ៨ ឯ​ទី​ការ​ពារ​របស់​យូដា​នឹង​ត្រូវ​ដក​ចេញ។

​«​នៅ​គ្រា​នោះ អ្នក​នឹង​សម្លឹង​មើល​ទៅ​ឃ្លាំង​ដាក់​គ្រឿង​ចម្បាំង​នៅ​មន្ទីរ​ព្រៃ​លីបង់+ ៩ ហើយ​អ្នក​នឹង​ឃើញ​កំពែង​បាក់​បែក​ជា​ច្រើន​នៅ​ក្រុង​ដាវីឌ។+ អ្នក​នឹង​ប្រមូល​ទឹក​ពី​អាង​ខាង​ក្រោម។+ ១០ អ្នក​នឹង​រាប់​ផ្ទះ​នា​នា​នៅ​ក្រុង​យេរូសាឡិម រួច​រំលំ​ផ្ទះ​ទាំង​នោះ​ដើម្បី​យក​មក​ពង្រឹង​កំពែង​ក្រុង។ ១១ អ្នក​នឹង​ធ្វើ​អាង​ធំ​មួយ​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ សម្រាប់​ដាក់​ទឹក​ពី​អាង​ចាស់ តែ​អ្នក​នឹង​មិន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ឧត្ដម​ដែល​បាន​ធ្វើ​វា​ទេ ហើយ​អ្នក​ក៏​មិន​នឹក​នា​ដល់​លោក​ដែល​បាន​បង្កើត​វា​តាំង​ពី​យូរ​មក​ហើយ​ដែរ។

១២ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌

នឹង​តម្រូវ​ឲ្យ​មាន​ការ​យំ​ទួញ​និង​ការ​កាន់​ទុក្ខ+

ព្រម​ទាំង​ឲ្យ​កោរ​សក់​និង​ស្លៀក​បាវ​ផង។

១៣ ប៉ុន្តែ​មើល! មាន​ពិធី​ជប់​លៀង​និង​ការ​អរ​សប្បាយ​វិញ

មាន​ការ​សម្លាប់​គោ​និង​ចៀម

ព្រម​ទាំង​មាន​ការ​បរិភោគ​សាច់​និង​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ទៀត​ផង។+

ព្រោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ថា​៖ ‹ចូរ​យើង​ពិសា​អាហារ​ពិសា​ស្រា​ទៅ​ព្រោះ​ថ្ងៃ​ស្អែក​យើង​នឹង​ស្លាប់​ហើយ›​»។+

១៤ ក្រោយ​នោះ ខ្ញុំ​បាន​ឮ​សំឡេង​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ថា​៖ ​«​‹អ្នក​រាល់​គ្នា​នឹង​មិន​ទទួល​ការ​អភ័យ​ទោស​ចំពោះ​កំហុស​នេះ​ទេ លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ស្លាប់›។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​»។

១៥ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ម្ចាស់​ដ៏​ឧត្ដម​បាន​មាន​ប្រសាសន៍​ថែម​ទៀត​ថា​៖ ​«​ចូរ​ទៅ​ជួប​សេបណា+ជា​អ្នក​ត្រួត​ត្រា​លើ​វិមាន​ស្ដេច ហើយ​ប្រាប់​គាត់​ថា​៖ ១៦ ‹តើ​អ្នក​មាន​ការ​អី​បាន​ជា​មក​ទី​នេះ? តើ​អ្នក​ណា​អនុញ្ញាត​ឲ្យ​អ្នក​ដាប់​ថ្ម​ធ្វើ​ទី​បញ្ចុះ​សព​សម្រាប់​ខ្លួន?›។ ពេល​នោះ សេបណា​កំពុង​ដាប់​ថ្ម​ធ្វើ​ទី​បញ្ចុះ​សព​នៅ​លើ​ទី​ខ្ពស់ គឺ​គាត់​កំពុង​រៀបចំ​កន្លែង​បញ្ចុះ​សព​សម្រាប់​ខ្លួន។ ១៧ ‹មើល! ព្រះ​យេហូវ៉ា​នឹង​បោះ​ទម្លាក់​អ្នក​ទៅ​ក្រោម ហើយ​លោក​នឹង​ចាប់​អ្នក​យ៉ាង​ជាប់។ ១៨ រួច​លោក​នឹង​រុំ​អ្នក​យ៉ាង​ណែន ហើយ​បោះ​អ្នក​ដូច​ជា​បាល់​ទៅ​ទី​វាល​ធំ​ទូលាយ។ អ្នក​នឹង​ស្លាប់​នៅ​ទី​នោះ​ជា​មួយ​នឹង​រទេះ​ចម្បាំង​ដ៏​រុង​រឿង​របស់​អ្នក។ នោះ​នឹង​នាំ​មក​នូវ​សេចក្ដី​អាម៉ាស់​ដល់​ពូជ​ពង្ស​របស់​ម្ចាស់​អ្នក។ ១៩ ខ្ញុំ​នឹង​ដក​តំណែង​អ្នក រួច​បណ្ដេញ​អ្នក​ចេញ​ពី​មុខ​ងារ​របស់​អ្នក។

២០ ​«​‹នៅ​គ្រា​នោះ ខ្ញុំ​នឹង​ហៅ​អេលាគីម+ជា​អ្នក​បម្រើ​ខ្ញុំ ដែល​ត្រូវ​ជា​កូន​របស់​ហ៊ីលគីយ៉ា​ឲ្យ​មក ២១ រួច​ខ្ញុំ​នឹង​យក​សម្លៀក​បំពាក់​របស់​អ្នក​ទៅ​បំពាក់​ឲ្យ​គាត់​វិញ ហើយ​យក​ខ្សែ​ក្រវាត់​របស់​អ្នក ទៅ​ចង​ចង្កេះ​គាត់​យ៉ាង​ជាប់។+ ខ្ញុំ​នឹង​ប្រគល់​សិទ្ធិ​អំណាច​របស់​អ្នក​ទៅ​ក្នុង​ដៃ​គាត់។ គាត់​នឹង​ប្រៀប​ដូច​ជា​ឪពុក​ដល់​អ្នក​ក្រុង​យេរូសាឡិម​និង​ដល់​ពូជ​ពង្ស​យូដា។ ២២ ខ្ញុំ​នឹង​ប្រគល់​កូន​សោ​នៃ​ពូជ​ពង្ស​ដាវីឌ+ឲ្យ​គាត់​មើល​ការ​ខុស​ត្រូវ។* បើ​គាត់​បើក គ្មាន​អ្នក​ណា​បិទ​បាន​ទេ ហើយ​បើ​គាត់​បិទ ក៏​គ្មាន​អ្នក​ណា​បើក​បាន​ដែរ។ ២៣ ខ្ញុំ​នឹង​តាំង​គាត់​ឲ្យ​មាំ ដូច​ដែក​គោល​ដែល​គេ​បោះ​ភ្ជាប់​លើ​ជញ្ជាំង ហើយ​គាត់​នឹង​ប្រៀប​ដូច​ជា​បល្ល័ង្ក​ដ៏​រុង​រឿង​ដល់​ពូជ​ពង្ស​របស់​ឪពុក​គាត់។ ២៤ ភាព​រុង​រឿង​ទាំង​អស់​នៃ​ពូជ​ពង្ស​របស់​ឪពុក​គាត់​នឹង​អាស្រ័យ​លើ​គាត់ ហើយ​កូន​ចៅ​ទាំង​អស់​នឹង​ពឹង​ផ្អែក​លើ​គាត់ ប្រៀប​ដូច​ជា​ភាជនៈ​តូច ចាន​គោម និង​ថូ​ធំ​ៗ ដែល​គេ​ព្យួរ​លើ​ដែក​គោល​ដែរ។

២៥ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ប្រកាស​ថា​៖ ‹នៅ​គ្រា​នោះ ដែក​គោល​ដែល​គេ​បោះ​ភ្ជាប់​នៅ​លើ​ជញ្ជាំង​ដ៏​មាំ នឹង​ត្រូវ​ដក​ចេញ+ គឺ​នឹង​ត្រូវ​កាត់​ទម្លាក់​ចោល។ ដូច្នេះ ភាជនៈ​ទាំង​ប៉ុន្មាន​ដែល​គេ​ព្យួរ​លើ​ដែក​គោល​នោះ​នឹង​ធ្លាក់​ចុះ ហើយ​បាក់​បែក​ខ្ទេច​ខ្ទី​អស់។ ព្រោះ​ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​មាន​ប្រសាសន៍​ហើយ›​»។

២៣ នេះ​ជា​សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ទីរ៉ុស​៖+

ឱ​សំពៅ​តើស៊ីស​អើយ+ ចូរ​ទ្រហោ​យំ​ទៅ!

ព្រោះ​កំពង់​ផែ​បាន​ត្រូវ​បំផ្លាញ​ហើយ អ្នក​មិន​អាច​ចូល​ចត​បាន​ទេ។

នៅ​ស្រុក​គីទីម+ រឿង​នេះ​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ដឹង។

 ២ ពួក​អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ! ចូរ​ស្ងៀម​ទៅ។

ពួក​ឈ្មួញ​ពី​ក្រុង​ស៊ីដូន+បាន​ឆ្លង​សមុទ្រ មក​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​សម្បូរ​សប្បាយ​ហើយ។

 ៣ ស្រូវ​ពី​ស៊ីហូ*+បាន​ត្រូវ​នាំ​ចេញ​ទៅ​តាម​ផ្លូវ​ទឹក​ជា​ច្រើន

ភោគ​ផល​ពី​ទន្លេ​នីល​ជា​ប្រាក់​ចំណូល​របស់​ក្រុង​ទីរ៉ុស

ហើយ​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នា​នា​បាន​ចំណេញ។*+

 ៤ ឱ​ស្រុក​ស៊ីដូន ជា​ទី​បង្អែក​នៃ​សមុទ្រ​អើយ ចូរ​អាម៉ាស់​មុខ​ចុះ!

ព្រោះ​សមុទ្រ​បាន​និយាយ​ថា​៖

​«​ខ្ញុំ​មិន​បាន​ឈឺ​ពោះ​សម្រាល​កូន ហើយ​ក៏​មិន​បាន​បង្កើត​កូន​ដែរ។

ខ្ញុំ​មិន​បាន​បី​បាច់​ថែ​រក្សា​កូន​ប្រុស ហើយ​ក៏​មិន​បាន​ចិញ្ចឹម​អប់រំ​កូន​ស្រី​ដែរ​»។+

 ៥ ពេល​គេ​ឮ​ដំណឹង​អំពី​ស្រុក​អេហ្ស៊ីប គេ​កើត​ទុក្ខ​យ៉ាង​ណា+

នោះ​បណ្ដា​ជន​ក៏​កើត​ទុក្ខ​យ៉ាង​នោះ​ដែរ ពេល​ពួក​គេ​ឮ​ដំណឹង​អំពី​ក្រុង​ទីរ៉ុស។+

 ៦ ចូរ​ឆ្លង​ទៅ​តើស៊ីស​ចុះ!

ឱ​ពួក​អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ ចូរ​ទ្រហោ​យំ​ទៅ!

 ៧ តើ​ក្រុង​នេះ​ឬ​ដែល​ធ្លាប់​មាន​ភាព​គគ្រឹក​គគ្រេង​តាំង​ពី​សម័យ​មុន​នោះ?

ពួក​អ្នក​ក្រុង​នេះ​ហើយ​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​រស់​នៅ​កន្លែង​ឆ្ងាយ​ៗ មែន​ទេ?

 ៨ តើ​អ្នក​ណា​បាន​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ​ទាស់​នឹង​ក្រុង​ទីរ៉ុស

ជា​ក្រុង​ដែល​ធ្លាប់​បំពាក់​មកុដ​ឲ្យ​គេ

និង​មាន​ពួក​ឈ្មួញ​ដែល​សុទ្ធ​តែ​ជា​អ្នក​គ្រប់​គ្រង

និង​ពួក​ពាណិជ្ជករ​ដែល​សុទ្ធ​តែ​បាន​ទទួល​កិត្តិយស​ពី​មនុស្ស​ទាំង​អស់​នៅ​ផែនដី?+

 ៩ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ

ដើម្បី​បំបាក់​អំណួត​និង​បង្អាប់​កិត្តិយស​របស់​ក្រុង​នោះ

ដើម្បី​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ទទួល​កិត្តិយស​នៅ​ផែនដី​អាម៉ាស់​មុខ​វិញ។+

១០ ឱ​អ្នក​តើស៊ីស​អើយ ចូរ​ឆ្លង​កាត់​ស្រុក​របស់​អ្នក​ដូច​ទន្លេ​នីល​ទៅ

ព្រោះ​លែង​មាន​កំពង់​ផែ​ទៀត​ហើយ។+

១១ ព្រះ​យេហូវ៉ា​បាន​លើក​ដៃ​ទៅ​លើ​សមុទ្រ

លោក​បាន​អង្រួន​រាជាណាចក្រ​នា​នា។

លោក​បាន​បង្គាប់​ឲ្យ​បំផ្លាញ​ទី​បង្អែក​របស់​ស្រុក​ភេនីស៊ី។+

១២ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​នឹង​លែង​ត្រេក​អរ​ទៀត​ហើយ+

ឱ​ពួក​អ្នក​ក្រុង​ស៊ីដូន* ជា​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន​អើយ!

ចូរ​ក្រោក​ឡើង ហើយ​ឆ្លង​ទៅ​ស្រុក​គីទីម​ទៅ+

តែ​អ្នក​នឹង​មិន​បាន​សម្រាក​នៅ​ទី​នោះ​ឡើយ​»។

១៣ មើល! ស្រុក​របស់​ពួក​ខាល់ដេ!+

គឺ​ជា​ពួក​ខាល់ដេ មិន​មែន​ពួក​អាស៊ីរី​ទេ+

ដែល​បាន​ធ្វើ​ឲ្យ​ក្រុង​នេះ​ទៅ​ជា​កន្លែង​សម្រាប់​សត្វ​ព្រៃ។

ពួក​ខាល់ដេ​បាន​ដំឡើង​គ្រឿង​សឹក*ដើម្បី​ឡោម​ព័ទ្ធ

ពួក​គេ​បាន​បំផ្លាញ​ប៉ម​រឹង​មាំ​ទាំង​ប៉ុន្មាន​របស់​ក្រុង​នេះ+

ហើយ​វាយ​កម្ទេច​ក្រុង​នោះ​ទៅ។

១៤ ឱ​សំពៅ​តើ​ស៊ីស​អើយ ចូរ​ទ្រហោ​យំ​ទៅ

ព្រោះ​ទី​បង្អែក​របស់​អ្នក បាន​ត្រូវ​បំផ្លាញ​ចោល​ហើយ។+

១៥ នៅ​គ្រា​នោះ ក្រុង​ទីរ៉ុស​នឹង​ត្រូវ​គេ​បំភ្លេច​ចោល​អស់​រយៈ​ពេល​៧០​ឆ្នាំ+ ដូច​អាយុ​កាល​របស់​ស្ដេច​មួយ​រូប។ លុះ​ផុត​៧០​ឆ្នាំ​ហើយ នោះ​នឹង​មាន​ហេតុ​ការណ៍​កើត​ឡើង​ដល់​ក្រុង​ទីរ៉ុស​ដូច​ក្នុង​ចម្រៀង​របស់​ស្រី​ពេស្យា ដែល​រៀប​រាប់​ដូច​ត​ទៅ​៖

១៦ ​«​ឱ​ស្រី​ពេស្យា​ដែល​គេ​បំភ្លេច​ចោល​អើយ

ចូរ​យក​ពិណ​ហើយ​ដើរ​ជុំវិញ​ក្រុង​ទៅ។

ចូរ​លេង​ពិណ​យ៉ាង​ពីរោះ ហើយ​ច្រៀង​ចម្រៀង​ជា​ច្រើន​ចុះ

ដើម្បី​ឲ្យ​គេ​នឹក​ឃើញ​អ្នក​ឡើង​វិញ​»។

១៧ លុះ​ផុត​៧០​ឆ្នាំ​ហើយ ព្រះ​យេហូវ៉ា​នឹង​នឹក​ឃើញ​ក្រុង​ទីរ៉ុស។ ក្រុង​នោះ​នឹង​ចាប់​ផ្ដើម​ទទួល​កម្រៃ​ម្ដង​ទៀត ហើយ​ប្រព្រឹត្ត​ដូច​ជា​ស្រី​ពេស្យា​ជា​មួយ​នឹង​រាជាណាចក្រ​ទាំង​ឡាយ​នៅ​ផែនដី។ ១៨ ប៉ុន្តែ ប្រាក់​ចំណូល​និង​ប្រាក់​ចំណេញ​របស់​ក្រុង​នោះ នឹង​ត្រូវ​ញែក​ជា​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។ ប្រាក់​ទាំង​នោះ​នឹង​គ្មាន​នរណា​ប្រមូល​ទុក​ឡើយ ព្រោះ​នឹង​ត្រូវ​ទុក​សម្រាប់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​អាហារ​បរិភោគ​ឆ្អែត​ស្កប់​ស្កល់ និង​មាន​សម្លៀក​បំពាក់​ថ្លៃ​ថ្នូរ។+

២៤ មើល! ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ស្រុក*នៅ​ទទេ​ធេង​និង​ស្ងាត់​ជ្រងំ។+

លោក​នឹង​ផ្កាប់​ស្រុក​នោះ+ ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​រស់​នៅ​ទី​នោះ​ខ្ចាត់​ខ្ចាយ។+

 ២ នេះ​នឹង​កើត​ឡើង​ដល់​មនុស្ស​គ្រប់​គ្នា

គឺ​ទាំង​បណ្ដា​ជន​ទាំង​ពួក​សង្ឃ ទាំង​អ្នក​បម្រើ​ប្រុស​ទាំង​ចៅហ្វាយ​ប្រុស

ទាំង​អ្នក​បម្រើ​ស្រី​ទាំង​ចៅហ្វាយ​ស្រី ទាំង​អ្នក​ទិញ​ទាំង​អ្នក​លក់

ទាំង​អ្នក​ឲ្យ​គេ​ខ្ចី​ទាំង​អ្នក​ខ្ចី​ពី​គេ ទាំង​ម្ចាស់​បំណុល​ទាំង​កូន​បំណុល។+

 ៣ ស្រុក​នេះ​នឹង​នៅ​ទទេ​ធេង ហើយ​ទ្រព្យ​ទាំង​អស់​ត្រូវ​គេ​ប្លន់​យក​ទៅ+

ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ហើយ។

 ៤ ស្រុក​នេះ​កំពុង​កាន់​ទុក្ខ*+ ហើយ​ខ្សោយ​ទៅ​ៗ​

ដី​ដែល​បង្កើត​ផល​នឹង​អស់​ជី​ជាតិ ហើយ​សាប​សូន្យ​ទៅ។

ឯ​អ្នក​មាន​មុខ​មាត់​ក្នុង​ស្រុក​នេះ​នឹង​មាន​ចំនួន​កាន់​តែ​តិច។

 ៥ ពួក​អ្នក​ស្រុក​នេះ​បាន​បង្ខូច​ស្រុក​ទាំង​មូល+ ព្រោះ​ពួក​គេ​បាន​រំលង​ច្បាប់+

ហើយ​បាន​កែ​ប្រែ​បញ្ញត្តិ​ផ្សេង​ៗ​+ ព្រម​ទាំង​បំពាន​កិច្ច​ព្រម​ព្រៀង​ដ៏​ស្ថិត​ស្ថេរ។*+

 ៦ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដាសា​ធ្លាក់​ទៅ​លើ​ស្រុក​នេះ+

ឯ​ពួក​អ្នក​ស្រុក​វិញ ពួក​គេ​មាន​ទោស។

ម្ល៉ោះ​ហើយ បណ្ដា​ជន​ក្នុង​ស្រុក​មាន​ចំនួន​តិច​ទៅ​ៗ​

ហើយ​នៅ​សល់​តែ​ប្រុស​ៗ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។+

 ៧ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ហួត​ទៅ ហើយ​ដើម​ទំពាំង​បាយ​ជូរ​ក្រៀម​ស្វិត+

ឯ​អស់​អ្នក​ដែល​មាន​ចិត្ត​ស្រស់ស្រាយ ក្រៀម​ក្រំ​វិញ។+

 ៨ សំឡេង​ស្គរ​ដៃ​ដែល​ធ្វើ​ឲ្យ​គេ​អរ​សប្បាយ​បាន​សូន្យ​ទៅ

ហើយ​សំឡេង​ពិណ​ដែល​ធ្វើ​ឲ្យ​គេ​រីករាយ​ក៏​បាត់​ទៅ​ដែរ

ឯ​សំឡេង​របស់​ពួក​អ្នក​វក់​នឹង​ការ​ជប់​លៀង ក៏​លែង​មាន​ទៀត។+

 ៩ ពួក​គេ​ផឹក​ស្រា​ដោយ​គ្មាន​ចម្រៀង​កំដរ

ហើយ​ស្រា​ទៅ​ជា​ល្វីង​ដល់​ពួក​អ្នក​ផឹក​វិញ។

១០ ទ្វារ​ផ្ទះ​ទាំង​អស់​បាន​ត្រូវ​បិទ​ដើម្បី​កុំ​ឲ្យ​គេ​ចូល+

ក្រុង​ដែល​គេ​ទុក​ចោល​បាន​បាក់​បែក​អស់។

១១ ពួក​គេ​ស្រែក​រក​ស្រា​នៅ​តាម​ផ្លូវ

ការ​អរ​សប្បាយ​ទាំង​អស់​លែង​មាន​ទៀត

គឺ​អំណរ​ក្នុង​ស្រុក​បាន​កន្លង​ផុត​ទៅ។+

១២ ក្រុង​នោះ​នៅ​សល់​តែ​សំណង់​បាក់​បែក

ហើយ​ទ្វារ​ក្រុង​បាន​ត្រូវ​កម្ទេច​អស់។+

១៣ ព្រោះ​រាស្ត្រ​របស់​ខ្ញុំ​ដែល​រស់​នៅ​ក្នុង​ស្រុក ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​នឹង​សល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ

ពួក​គេ​ប្រៀប​ដូច​ជា​ផ្លែ​អូលីវ​ដែល​នៅ​សល់​លើ​ដើម ក្រោយ​ពី​គេ​វាយ​ជម្រុះ+

និង​ដូច​ជា​ផ្លែ​ទំពាំង​បាយ​ជូរ​ដែល​នៅ​សល់​លើ​ដើម ក្រោយ​ពី​គេ​ប្រមូល​ផល។+

១៤ ពួក​គេ​នឹង​បន្លឺ​សំឡេង​ឡើង ហើយ​ស្រែក​ដោយ​អំណរ។

ពី​ភាគ​ខាង​លិច* ពួក​គេ​នឹង​ប្រកាស​អំពី​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា។+

១៥ ហេតុ​នេះ ពួក​គេ​នឹង​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​នៅ​ភាគ​ខាង​កើត។*+

នៅ​តាម​កោះ​ទាំង​ឡាយ​នា​សមុទ្រ ពួក​គេ​នឹង​លើក​តម្កើង​នាម​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ៊ីស្រាអែល។+

១៦ ពី​ចុង​ផែនដី យើង​ឮ​ចម្រៀង​ដូច​ត​ទៅ​៖

​«​សូម​ឲ្យ​ព្រះ​ដ៏​សុចរិត​ទទួល​កិត្តិយស!​»។+

ប៉ុន្តែ​ខ្ញុំ​និយាយ​ថា​៖ ​«​ខ្ញុំ​កំពុង​រីង​រៃ​ទៅ​ៗ​

ខ្ញុំ​ពិបាក​ចិត្ត​ណាស់! ពួក​អ្នក​ក្បត់​បាន​ប្រព្រឹត្ត​ដោយ​ឧបាយ

ពួក​អ្នក​លាក់​ពុត​បាន​ប្រព្រឹត្ត​ដោយ​កលល្បិច​ហើយ​»។+

១៧ ឱ​អ្នក​ស្រុក​អើយ! ការ​ភ័យ​រន្ធត់ រណ្ដៅ និង​អន្ទាក់ កំពុង​ចាំ​អ្នក​ហើយ។+

១៨ អ្នក​ណា​ដែល​រត់​រួច​ពី​សំឡេង​ភ័យ​រន្ធត់ នឹង​ធ្លាក់​ចូល​រណ្ដៅ

អ្នក​ណា​ដែល​ចេញ​ពី​រណ្ដៅ នឹង​ជាប់​អន្ទាក់។+

ទ្វារ​ទំនប់​នៅ​លើ​មេឃ​នឹង​ត្រូវ​បើក ហើយ​ស្រុក​នោះ​នឹង​កក្រើក​រញ្ជួយ។

១៩ ស្រុក​នោះ​បាន​ប្រេះ​ចេញ​ពី​គ្នា

ហើយ​បាន​ត្រូវ​អង្រួន ថែម​ទាំង​រញ្ជួយ​យ៉ាង​ខ្លាំង។+

២០ ស្រុក​នោះ​ដើរ​ទ្រេត​ទ្រោត​ដូច​មនុស្ស​ស្រវឹង​ស្រា

ហើយ​យោល​យោក​ទៅ​ដូច​ខ្ទម​ត្រូវ​ខ្យល់​បក់​បោក។

ទោស​កំហុស​របស់​ស្រុក​នោះ​គឺ​ធ្ងន់​ក្រៃ​លែង+

ស្រុក​នោះ​នឹង​ដួល​ទៅ ហើយ​មិន​អាច​ក្រោក​ឡើង​ម្ដង​ទៀត​បាន​ទេ។

២១ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​បែរ​ទៅ​ដាក់​ទោស​ពួក​ទ័ព​នៅ​លើ​មេឃ​ខាង​លើ

ហើយ​ដាក់​ទោស​បណ្ដា​ស្ដេច​ដែល​នៅ​ផែនដី​ខាង​ក្រោម។

២២ ពួក​គេ​នឹង​ត្រូវ​ប្រមូល​ឲ្យ​នៅ​ជុំ​គ្នា

ដូច​ជា​អ្នក​ទោស​ត្រូវ​ប្រមូល​ទៅ​ក្នុង​គុក​ជ្រៅ

ហើយ​ពួក​គេ​នឹង​ត្រូវ​ឃុំ​ទុក​ចោល​នៅ​ក្នុង​គុក​ងងឹត។

អស់​ជា​ច្រើន​ថ្ងៃ​ក្រោយ​មក លោក​នឹង​ចាត់​វិធានការ​ទៅ​លើ​ពួក​គេ។

២៣ ដួង​ចន្ទ​នឹង​អាប់​ឱន ដួង​អាទិត្យ​នឹង​អាម៉ាស់​មុខ+

ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ក្លាយ​ទៅ​ជា​មហា​ក្សត្រ+​នៅ​ភ្នំ​ស៊ីយ៉ូន+និង​នៅ​ក្រុង​យេរូសាឡិម។

លោក​បង្ហាញ​សិរី​រុង​រឿង​នៅ​ចំពោះ​មុខ​ពួក​បុរស​ចាស់​ទុំ​នៃ​រាស្ត្រ​របស់​លោក។+

២៥ ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​ជា​ព្រះ​របស់​ខ្ញុំ។

ខ្ញុំ​លើក​តម្កើង​លោក ហើយ​សរសើរ​នាម​របស់​លោក

ព្រោះ​លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន+

ជា​ការ​ដែល​លោក​បាន​គ្រោង​ទុក​តាំង​ពី​បុរាណ​មក។+

លោក​ធ្វើ​ដូច្នោះ​ដោយ​ស្មោះ​ត្រង់+និង​គួរ​ឲ្យ​ទុក​ចិត្ត។

 ២ ព្រោះ​លោក​បាន​ធ្វើ​ឲ្យ​ក្រុង​មួយ​ទៅ​ជា​គំនរ​ថ្ម

គឺ​ក្រុង​រឹង​មាំ​ទៅ​ជា​សំណង់​បាក់​បែក។

ឯ​ក្រុង​របស់​ជន​ជាតិ​ដទៃ​នឹង​លែង​មាន​ទៀត

ហើយ​នឹង​គ្មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ។

 ៣ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា​ជាតិ​ខ្លាំង​ពូកែ​នឹង​សរសើរ​តម្កើង​លោក

ឯ​ក្រុង​នៃ​ប្រជា​ជាតិ​ផ្ដាច់​ការ​នឹង​កោត​ខ្លាច​លោក។+

 ៤ ព្រោះ​លោក​បាន​ទៅ​ជា​ទី​បង្អែក​ដល់​ជន​តូច​ទាប

ជា​ទី​ពំនាក់​ដល់​ជន​ក្រី​ក្រ​ក្នុង​គ្រា​លំបាក+

ជា​ទី​ពឹង​ជ្រក​ពី​ព្យុះ​ភ្លៀង និង​ជា​ម្លប់​ពី​កម្ដៅ​ថ្ងៃ។+

ពេល​កំហឹង​របស់​ពួក​អ្នក​គ្រប់​គ្រង​ផ្ដាច់​ការ​ផ្ទុះ​ឡើង​ដែល​ប្រៀប​ដូច​ជា​ព្យុះ​សង្ឃរា​បោក​ផ្ទប់​ទៅ​លើ​កំពែង

 ៥ និង​ប្រៀប​ដូច​ជា​កម្ដៅ​ថ្ងៃ​នៅ​ទី​ហួត​ហែង

នោះ​លោក​នឹង​ធ្វើ​ឲ្យ​សម្រែក​កំហឹង​របស់​ជន​ចម្លែក​ស្ងប់​ស្ងាត់​ទៅ។

ដូច​ម្លប់​ពពក​ធ្វើ​ឲ្យ​កម្ដៅ​ថ្ងៃ​លែង​ក្ដៅ

នោះ​ចម្រៀង​របស់​ពួក​អ្នក​គ្រប់​គ្រង​ផ្ដាច់​ការ​នឹង​លែង​ឮ​ដែរ។

 ៦ នៅ​លើ​ភ្នំ​នេះ+ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​រៀបចំ​ពិធី​ជប់​លៀង​សម្រាប់​មនុស្ស​ទាំង​អស់

ដែល​មាន​ពេញ​ទៅ​ដោយ​អាហារ​ប្រណីត​ៗ​+

និង​ពេញ​ទៅ​ដោយ​ខួរ​ឆ្អឹង ថែម​ទាំង​មាន​ស្រា​ទំពាំង​បាយ​ជូរ​ល្អ​ៗ​

ជា​ស្រា​ដែល​គេ​បាន​សម្រិត​សម្រាំង​យ៉ាង​ពិសេស។

 ៧ នៅ​លើ​ភ្នំ​នេះ លោក​នឹង​ដក​ស្បៃ​ដែល​គ្រប​បាំង​មនុស្ស​ទាំង​អស់​ចេញ

ហើយ​នឹង​ដក​ចេញ​នូវ​ក្រណាត់​ដែល​រុំ​ប្រជា​ជាតិ​ទាំង​ឡាយ។

 ៨ លោក​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សាប​សូន្យ​ជា​រៀង​រហូត។+

ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​មនុស្ស​ទាំង​អស់។+

លោក​នឹង​ដក​សេចក្ដី​អាម៉ាស់​របស់​រាស្ត្រ​លោក​ចេញ​ពី​ផែនដី​ទាំង​មូល។

ព្រោះ​ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​មាន​ប្រសាសន៍​ដូច្នេះ​ហើយ។

 ៩ នៅ​គ្រា​នោះ ពួក​គេ​នឹង​និយាយ​ថា​៖ ​«​មើល! នេះ​ជា​ព្រះ​របស់​យើង!+

យើង​បាន​សង្ឃឹម​ទៅ​លើ​លោក+ ហើយ​លោក​នឹង​សង្គ្រោះ​យើង។+

នេះ​ជា​ព្រះ​យេហូវ៉ា! យើង​បាន​សង្ឃឹម​លើ​លោក។

ចូរ​យើង​អរ​សប្បាយ ហើយ​រីករាយ​ឡើង ព្រោះ​លោក​សង្គ្រោះ​យើង​ហើយ​»។+

១០ ព្រោះ​ដៃ​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ*ភ្នំ​នេះ។+

ឯ​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​នឹង​កន្លែង+

ដូច​ជា​គេ​ជាន់​ឈ្លី​ចំបើង​ក្នុង​គំនរ​លាមក​សត្វ។

១១ លោក​នឹង​ទះ​ស្រុក​នោះ​ដូច​ជា​អ្នក​ហែល​ទឹក ទះ​កាយ​ទឹក​ដូច្នោះ​ដែរ។

លោក​នឹង​បំបាក់​អំណួត​របស់​ស្រុក​នោះ+ដោយ​ដៃ​ដ៏​ខ្លាំង​ពូកែ​របស់​លោក។

១២ ឯ​ក្រុង​រឹង​មាំ​ដែល​មាន​កំពែង​ខ្ពស់​ៗ​ការ​ពារ

លោក​នឹង​ផ្ដួល​រំលំ លោក​នឹង​ធ្វើ​ឲ្យ​រាប​ដល់​ដី គឺ​ក្នុង​ធូលី​តែ​ម្ដង។

២៦ នៅ​គ្រា​នោះ គេ​នឹង​ច្រៀង​ចម្រៀង+នេះ​នៅ​ក្នុង​ស្រុក​យូដា​ថា​៖+

​«​យើង​មាន​ក្រុង​ដ៏​រឹង​មាំ។+

លោក​ផ្ដល់​សេចក្ដី​សង្គ្រោះ​ទុក​ជា​កំពែង​និង​ជា​ទំនប់​ការ​ពារ។*+

 ២ ចូរ​បើក​ទ្វារ​ក្រុង​ទៅ+ ដើម្បី​ឲ្យ​ប្រជា​ជាតិ​សុចរិត​អាច​ចូល​បាន

គឺ​ជា​ប្រជា​ជាតិ​ដែល​តែង​តែ​មាន​ការ​ប្រព្រឹត្ត​ស្មោះ​ត្រង់​ជា​និច្ច។

 ៣ លោក​នឹង​ការ​ពារ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​លោក​ទាំង​ស្រុង*

លោក​នឹង​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ដល់​ពួក​គេ​ជា​និច្ច+ ព្រោះ​ពួក​គេ​ទុក​ចិត្ត​លោក។+

 ៤ ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ជា​ដរាប+

ព្រោះ​យ៉ា*គឺ​ព្រះ​យេហូវ៉ា ជា​ថ្ម​ដា​ដ៏​ស្ថិត​ស្ថេរ។+

 ៥ លោក​បាន​បន្ទាប​ពួក​អ្នក​ដែល​នៅ​ទី​ខ្ពស់ គឺ​ក្រុង​ខ្ពស់​ត្រដែត

លោក​ទម្លាក់​ក្រុង​នោះ​ចុះ លោក​ពង្រាប​ក្រុង​នោះ​ដល់​ដី គឺ​បោះ​ទម្លាក់​ទៅ​ក្នុង​ធូលី។

 ៦ ក្រុង​នោះ​នឹង​ត្រូវ​ជាន់​ឈ្លី ដោយ​ជើង​របស់​ពួក​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប គឺ​ជើង​របស់​ជន​តូច​ទាប​»។

 ៧ ផ្លូវ​របស់​មនុស្ស​សុចរិត​គឺ​ត្រង់​ឥត​វៀច​វេរ។*

ព្រោះ​លោក​ទៀង​ត្រង់ លោក​នឹង​ពង្រាប​ផ្លូវ​របស់​មនុស្ស​សុចរិត​ឲ្យ​ស្មើ​ធេង។

 ៨ ឱ​ព្រះ​យេហូវ៉ា​អើយ! កាល​ដែល​យើង​ដើរ​តាម​ផ្លូវ​យុត្តិធម៌​របស់​លោក

យើង​យក​លោក​ជា​ទី​សង្ឃឹម។

យើង​ឲ្យ​តម្លៃ​នាម​របស់​លោក​យ៉ាង​ខ្លាំង​និង​ចង់​ឲ្យ​នាម​លោក​ទទួល​ការ​រំលឹក​ជា​និច្ច។

 ៩ នា​ពេល​យប់ ចិត្ត​ខ្ញុំ​នឹក​រឭក​ដល់​លោក​យ៉ាង​ខ្លាំង

គឺ​ដួង​ចិត្ត​ខ្ញុំ​នឹក​រក​លោក​ជា​និច្ច+

ព្រោះ​ពេល​លោក​វិនិច្ឆ័យ​ផែនដី មនុស្សជាតិ​នឹង​រៀន​អំពី​សេចក្ដី​សុចរិត។+

១០ ទោះ​ជា​មនុស្ស​ទុច្ចរិត​ទទួល​សេចក្ដី​មេត្តា​ក្ដី

ក៏​គាត់​នឹង​មិន​រៀន​អំពី​សេចក្ដី​សុចរិត​ដែរ។+

ទោះ​ជា​គាត់​នៅ​ក្នុង​ស្រុក​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ទៀង​ត្រង់​ក្ដី​ក៏​គាត់​នៅ​តែ​ប្រព្រឹត្ត​អាក្រក់​ដដែល+

ហើយ​គាត់​នឹង​មិន​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ទេ។+

១១ ឱ​ព្រះ​យេហូវ៉ា​អើយ! ដៃ​លោក​បាន​លើក​ទៅ​ហើយ តែ​ពួក​គេ​មិន​ឃើញ​ទេ។+

ពួក​គេ​នឹង​ឃើញ​ចិត្ត​ខ្នះ​ខ្នែង​របស់​លោក​ចំពោះ​រាស្ត្រ​លោក ហើយ​ពួក​គេ​នឹង​អាម៉ាស់​មុខ។

ភ្លើង​របស់​លោក​នឹង​ឆាប​ឆេះ​ពួក​សត្រូវ​របស់​លោក។

១២ ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​នឹង​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ដល់​យើង+

ព្រោះ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​បាន​ធ្វើ គឺ​លោក​ហើយ​ដែល​ជួយ​ឲ្យ​បាន​សម្រេច។

១៣ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ! ក្រៅ​ពី​លោក​ក៏​មាន​ចៅហ្វាយ​ផ្សេង​ទៀត​គ្រប់​គ្រង​លើ​យើង​ដែរ+

តែ​យើង​រៀប​រាប់​តែ​អំពី​នាម​របស់​លោក​ប៉ុណ្ណោះ។+

១៤ ពួក​គេ​ស្លាប់​ហើយ ពួក​គេ​នឹង​មិន​រស់​ទៀត​ទេ។

ពួក​គេ​ស្លាប់​ស្ដូក​ស្ដឹង មិន​អាច​ក្រោក​ឡើង​បាន​ទេ។+

ព្រោះ​លោក​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ពួក​គេ

ដើម្បី​បំផ្លាញ​ពួក​គេ​ឲ្យ​សាប​សូន្យ​ទៅ ហើយ​លែង​មាន​នរណា​នឹក​ឃើញ​ពួក​គេ​ទៀត។

១៥ ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​បាន​ធ្វើ​ឲ្យ​ប្រជា​ជាតិ​របស់​លោក​មាន​ចំនួន​ច្រើន​ឡើង

លោក​បាន​បង្កើន​ចំនួន​ពួក​គេ​ឲ្យ​កាន់​តែ​ច្រើន

លោក​បាន​លើក​កិត្តិយស​របស់​លោក​ឲ្យ​កាន់​តែ​រុង​រឿង។+

លោក​បាន​ពង្រីក​ព្រំ​ប្រទល់​ទឹក​ដី​របស់​ពួក​គេ​ឲ្យ​ធំ​ទូលាយ។+

១៦ ឱ​ព្រះ​យេហូវ៉ា​អើយ! ក្នុង​គ្រា​លំបាក ពួក​គេ​បាន​បែរ​មក​រក​លោក​វិញ

ពេល​លោក​ប្រដៅ​តម្រង់​ពួក​គេ ពួក​គេ​បាន​អធិដ្ឋាន​ស្ងាត់​ៗ​យ៉ាង​អស់​ពី​ចិត្ត​ទៅ​លោក។+

១៧ ដូច​ស្ត្រី​មាន​ផ្ទៃ​ពោះ​ហៀប​នឹង​សម្រាល​កូន

នាង​ឈឺ​ចុក​ចាប់ ហើយ​ស្រែក​យ៉ាង​ខ្លាំង

ឱ​ព្រះ​យេហូវ៉ា​អើយ! ដោយ​សារ​លោក យើង​ក៏​មាន​អារម្មណ៍​ដូច​នោះ​ដែរ។

១៨ យើង​ក៏​មាន​ផ្ទៃ​ពោះ ហើយ​ឈឺ​ចុក​ចាប់​ពេល​សម្រាល​ដែរ

តែ​យើង​មិន​បាន​សម្រាល​កូន​ទេ គឺ​ហាក់​ដូច​ជា​សម្រាល​ខ្យល់​ប៉ុណ្ណោះ។

យើង​មិន​បាន​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​ស្រុក​នេះ​ទេ

ហើយ​ក៏​គ្មាន​អ្នក​ណា​កើត​មក​ដើម្បី​រស់​នៅ​ក្នុង​ស្រុក​នេះ​ដែរ។

១៩ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​អ្នក​ស្លាប់​របស់​អ្នក​នឹង​រស់​ឡើង​វិញ។

សាក​សព​របស់​រាស្ត្រ​ខ្ញុំ​នឹង​ក្រោក​ឡើង។+

ឱ​ពួក​អ្នក​ដែល​នៅ​ក្នុង​ដី​អើយ!+ ចូរ​ភ្ញាក់​ឡើង ហើយ​ស្រែក​ដោយ​អំណរ​ចុះ!

ព្រោះ​ទឹក​សន្សើម​របស់​លោក ប្រៀប​ដូច​ជា​ទឹក​សន្សើម​នា​ព្រឹក​ព្រលឹម*

ឯ​ដី​នឹង​ប្រគល់​មនុស្ស​ស្លាប់​មក ហើយ​ពួក​គេ​នឹង​រស់​ឡើង​វិញ។

២០ ឱ​រាស្ត្រ​ខ្ញុំ​អើយ! ចូរ​ចូល​ទៅ​បន្ទប់​ខាង​ក្នុង ហើយ​បិទ​ទ្វារ​ឲ្យ​ជិត​ទៅ។+

ចូរ​លាក់​ខ្លួន​មួយ​រយៈ​រហូត​ដល់​កំហឹង*ខ្ញុំ​កន្លង​ផុត​ទៅ។+

២១ ព្រោះ​មើល! ព្រះ​យេហូវ៉ា​កំពុង​មក​ពី​កន្លែង​របស់​លោក

ដើម្បី​វិនិច្ឆ័យ​ទោស​កំហុស​របស់​អ្នក​ស្រុក​នោះ

ការ​កម្ចាយ​ឈាម​ក្នុង​ស្រុក​នោះ​នឹង​ត្រូវ​បើក​បង្ហាញ

ហើយ​នឹង​លែង​មាន​ការ​លាក់​បាំង​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់​ទៀត​ហើយ​»។

២៧ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​កាន់​ដាវ​ដ៏​ធំ​មុត​ស្រួច+

ទៅ​ប្រហារ​សត្វ​ធំ​សម្បើម* ជា​ពស់​ដ៏​រហ័ស​រហួន

លោក​នឹង​សម្លាប់​សត្វ​ដ៏​ធំ​នៅ​ក្នុង​សមុទ្រ

គឺ​សត្វ​ធំ​មហិមា ជា​ពស់​ក្ងិច​ក្ងក់។

 ២ នៅ​គ្រា​នោះ ចូរ​ច្រៀង​ដល់​នាង*ថា​៖ ​«​ឱ​ចម្ការ​ទំពាំង​បាយ​ជូរ​ដែល​គេ​បិត​ស្រា​អើយ!+

 ៣ ខ្ញុំ​ជា​យេហូវ៉ា​តែង​មើល​ថែ​ទាំ+ និង​ស្រោច​ទឹក​ជា​និច្ច។+

ខ្ញុំ​ការ​ពារ​នាង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​នរណា​មក​ធ្វើ​បាប​នាង​ឡើយ។+

 ៤ ខ្ញុំ​លែង​ខឹង​ទៀត​ហើយ។+

បើ​អ្នក​ណា​យក​បន្លា​និង​ស្មៅ​ចង្រៃ​មក​រារាំង​ផ្លូវ​ខ្ញុំ

នោះ​ខ្ញុំ​នឹង​ជាន់​ឈ្លី​បន្លា​និង​ស្មៅ​ចង្រៃ​នោះ​ឲ្យ​ខ្ទេច រួច​ដុត​ចោល។

 ៥ បើ​មិន​ចង់​ឲ្យ​កើត​ឡើង​ដូច្នោះ​ទេ ចូរ​ឲ្យ​អ្នក​នោះ​នៅ​ជាប់​នឹង​ទី​ពំនាក់​របស់​ខ្ញុំ​ចុះ។

ចូរ​ឲ្យ​គាត់​ស្រុះ​ស្រួល​នឹង​ខ្ញុំ ហើយ​មាន​សន្តិភាព​ជា​មួយ​ខ្ញុំ​»។

 ៦ នៅ​គ្រា​ខាង​មុខ យ៉ាកុប​នឹង​ចាក់​ឫស​ជ្រៅ

អ៊ីស្រាអែល​នឹង​ចេញ​ផ្កា ហើយ​ពន្លក​ឡើង+

ពួក​គេ​នឹង​បង្កើត​ផល​ពេញ​ក្នុង​ស្រុក។+

 ៧ តើ​ចាំ​បាច់​វាយ​គាត់​ដល់​ថ្នាក់​នេះ​ឬ? តើ​ចាំ​បាច់​សម្លាប់​គាត់​យ៉ាង​នេះ​ឬ?

 ៨ ពេល​បណ្ដេញ​នាង លោក​នឹង​បញ្ចេញ​សំឡេង​បង្អើល ទាស់​នឹង​នាង។

លោក​នឹង​បក់​ផាត់​នាង​ទៅ​ដោយ​ខ្យល់​យ៉ាង​ខ្លាំង​ពី​ទិស​ខាង​កើត។+

 ៩ យ៉ាង​នេះ ទោស​កំហុស​របស់​យ៉ាកុប​នឹង​ត្រូវ​ជម្រះ។+

ពេល​លោក​ដក​ភាព​ខុស​ឆ្គង​របស់​គាត់​ចេញ នោះ​នឹង​មាន​លទ្ធផល​ដូច​ត​ទៅ​៖

លោក​នឹង​បំផ្លាញ​ថ្ម​ទាំង​អស់​នៃ​ទី​បូជា ដូច​ជា​គេ​កិន​កម្ទេច​ដី​ស​ឲ្យ​ម៉ដ្ឋ

ឯ​បង្គោល​ឈើ​ពិសិដ្ឋ* និង​ជើង​តាំង​សម្រាប់​ដុត​គ្រឿង​ក្រអូប​ក៏​មិន​នៅ​សល់​ដែរ។+

១០ ព្រោះ​ក្រុង​រឹង​មាំ​នឹង​ត្រូវ​គេ​ទុក​ចោល

ហើយ​វាល​ស្មៅ​ខៀវ​ខ្ចី​នឹង​ត្រូវ​គេ​បោះ​បង់​ចោល ដូច​ជា​តំបន់​ស្ងាត់​ជ្រងំ។+

កូន​គោ​នឹង​ស៊ី​ស្មៅ ហើយ​ដេក​នៅ​ទី​នោះ រួច​ពួក​វា​ក៏​ស៊ី​មែក​ទាំង​ប៉ុន្មាន​ដែរ។+

១១ ពេល​មែក​នាង​ក្រៀម​ស្ងួត​ទៅ

ពួក​ស្ត្រី​នឹង​មក​កាច់ ហើយ​យក​ទៅ​បង្កាត់​ភ្លើង។

ព្រោះ​ប្រជា​ជាតិ​នេះ​គ្មាន​ការ​យល់​ដឹង​ទាល់​តែ​សោះ។+

ហេតុ​នេះ ព្រះ​ដែល​ជា​អ្នក​បង្កើត​នឹង​មិន​បង្ហាញ​សេចក្ដី​មេត្តា​ដល់​ពួក​គេ​ទេ

ព្រះ​ដែល​បាន​សូន​ពួក​គេ នឹង​មិន​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ឡើយ។+

១២ ឱ​ប្រជា​ជាតិ​អ៊ីស្រាអែល​អើយ! នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​វាយ​ជម្រុះ​ផល​ផ្លែ តាម​អូរ​នៃ​ទន្លេ*រហូត​ដល់​ជ្រលង​អេហ្ស៊ីប+ ហើយ​លោក​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ជា​បន្ត​បន្ទាប់។+ ១៣ នៅ​គ្រា​នោះ មាន​សំឡេង​ផ្លុំ​ស្នែង​លាន់​ឮ​រំពង+ ហើយ​អស់​អ្នក​ដែល​ហៀប​នឹង​វិនាស​ក្នុង​ស្រុក​អាស៊ីរី+ និង​អស់​អ្នក​ដែល​ខ្ចាត់​ខ្ចាយ​នៅ​ស្រុក​អេហ្ស៊ីប+ ពួក​គេ​នឹង​ត្រឡប់​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​លើ​ភ្នំ​បរិសុទ្ធ​ក្នុង​ក្រុង​យេរូសាឡិម​វិញ។+

២៨ វរ​ហើយ! មកុដ*នៃ​ការ​អួត​សម្ញែង​របស់​ពួក​អ្នក​ប្រមឹក​នៅ​អេប្រាអ៊ីម+

និង​មកុដ​រុង​រឿង​នៃ​ផ្កា​ស្វិត​ស្រពោន

ជា​មកុដ​នៅ​លើ​ក្រុង​ដែល​ស្ថិត​នៅ​ជ្រលង​មាន​ជី​ជាតិ​ដែល​មាន​ពួក​អ្នក​ប្រមឹក​ស្រា​រស់​នៅ។

 ២ មើល! ព្រះ​យេហូវ៉ា​មាន​បុគ្គល​មួយ​រូប​ដែល​ខ្លាំង​ក្លា​និង​មាន​ឫទ្ធានុភាព។

អ្នក​នោះ​នឹង​បោះ​ទម្លាក់​វា​ទៅ​ផែនដី

ដូច​ព្យុះ​ទឹក​កក​ដែល​មាន​ផ្គរ​រន្ទះ ជា​ព្យុះ​នៃ​ការ​បំផ្លាញ

ដូច​ព្យុះ​សង្ឃរា​បក់​បោក​ដែល​បង្ក​ឲ្យ​មាន​ទឹក​ជំនន់។

 ៣ មកុដ​នៃ​ការ​អួត​សម្ញែង​របស់​ពួក​អ្នក​ប្រមឹក​នៅ​អេប្រាអ៊ីម​នឹង​ត្រូវ​គេ​ជាន់​ឈ្លី។+

 ៤ ឯ​មកុដ​រុង​រឿង​នៃ​ផ្កា​ស្វិត​ស្រពោន

ដែល​នៅ​លើ​ក្រុង​ស្ថិត​នៅ​ជ្រលង​មាន​ជី​ជាតិ

នឹង​ប្រៀប​ដូច​ជា​ផ្លែ​ល្វា*ដំបូង​ដែល​ចេញ​មុន​រដូវ​ក្ដៅ។

ពេល​អ្នក​ណា​ម្នាក់​ឃើញ​វា គាត់​លូក​ដៃ​ទៅ​បេះ​រួច​ដាក់​ក្នុង​មាត់​លេប​ភ្លាម។

៥ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​ទៅ​ជា​មកុដ​ដ៏​រុង​រឿង​និង​ជា​មកុដ​ផ្កា​ដ៏​ស្រស់​ស្អាត ដល់​រាស្ត្រ​របស់​លោក​ដែល​នៅ​សេស​សល់។+ ៦ លោក​នឹង​ជំរុញ​ចិត្ត​ពួក​អ្នក​សម្រេច​ក្ដី​ឲ្យ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ ហើយ​ផ្ដល់​កម្លាំង​ខ្លាំង​ក្លា​ដល់​អស់​អ្នក​ដែល​ត​យុទ្ធ​នឹង​ពួក​សត្រូវ​នៅ​ខ្លោង​ទ្វារ​ក្រុង។+

 ៧ ពួក​សង្ឃ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​វង្វេង​វង្វាន់​ដោយ​ស្រា​ទំពាំង​បាយ​ជូរ

គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​ទ្រេត​ទ្រោត។

ពួក​គេ​វង្វេង​វង្វាន់​ដោយ​សារ​ស្រា

គឺ​ស្រា​ទំពាំង​បាយ​ជូរ​ធ្វើ​ឲ្យ​ពួក​គេ​វង្វេង​ស្មារតី

ពួក​គេ​ដើរ​ទ្រេត​ទ្រោត​ដោយ​សារ​ស្រវឹង​ស្រា

អ្វី​ដែល​ពួក​គេ​បាន​ឃើញ​ក្នុង​គំនិត​នាំ​ឲ្យ​ខ្លួន​គេ​វង្វេង

ហើយ​ធ្វើ​ឲ្យ​ពួក​គេ​កាត់​ក្ដី​មិន​ត្រឹម​ត្រូវ។+

 ៨ នៅ​លើ​តុ​របស់​ពួក​គេ​ពេញ​ដោយ​កម្អួត​គួរ​ឲ្យ​ខ្ពើម

គឺ​គ្មាន​កន្លែង​ណា​ស្អាត​សោះ។

 ៩ ប៉ុន្តែ ពួក​គេ​និយាយ​ថា​៖ ​«​តើ​លោក​ចង់​បង្រៀន

និង​ពន្យល់​ដំណឹង​នោះ​ដល់​អ្នក​ណា?

តើ​ដល់​កូន​ង៉ែត​ទើប​តែ​ផ្ដាច់​ដោះ

ឬ​ដល់​ទារក​ដែល​លែង​បៅ​ឬ?

១០ ព្រោះ​នេះ​ជា​បង្គាប់​ម្ដង​ហើយ​ម្ដង​ទៀត មួយ​ហើយ​មួយ​ទៀត

មួយ​ជួរ​ហើយ​មួយ​ជួរ​ទៀត មួយ​បន្ទាត់​ហើយ​មួយ​បន្ទាត់​ទៀត+

នេះ​បន្តិច នោះ​បន្តិច​»។

១១ ដូច្នេះ លោក​នឹង​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា​ជាតិ​នេះ​តាម​រយៈ​ពួក​អ្នក​ដែល​និយាយ​ត្រដិត​និង​និយាយ​ភាសា​ដទៃ​វិញ។+ ១២ លោក​ធ្លាប់​ប្រាប់​ពួក​គេ​ថា​៖ ​«​មើល! នេះ​ជា​កន្លែង​សម្រាក​ហើយ ចូរ​ឲ្យ​អ្នក​ដែល​អស់​កម្លាំង​មក​សម្រាក​ចុះ ព្រោះ​នេះ​ជា​កន្លែង​ដែល​ផ្ដល់​កម្លាំង​ចិត្ត​ឡើង​វិញ​»។ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ទេ។+ ១៣ ហេតុ​នេះ ចំពោះ​ពួក​គេ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នឹង​ទៅ​ជា​៖

​«​បង្គាប់​ម្ដង​ហើយ​ម្ដង​ទៀត មួយ​ហើយ​មួយ​ទៀត

មួយ​ជួរ​ហើយ​មួយ​ជួរ​ទៀត មួយ​បន្ទាត់​ហើយ​មួយ​បន្ទាត់​ទៀត+

នេះ​បន្តិច នោះ​បន្តិច​»។

ជា​លទ្ធផល ពេល​ពួក​គេ​ដើរ ពួក​គេ​នឹង​ដួល​ដាច់​ផ្ងារ

មាន​របួស ហើយ​ធ្លាក់​ចូល​អន្ទាក់​ចេញ​មិន​រួច​ទេ។+

១៤ ចូរ​ស្ដាប់​ប្រសាសន៍​ព្រះ​យេហូវ៉ា​ចុះ ឱ​ពួក​អ្នក​មាន​អំណួត​អើយ!

ជា​ពួក​អ្នក​គ្រប់​គ្រង​លើ​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម

១៥ ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា​៖

​«​យើង​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​សេចក្ដី​ស្លាប់+

ហើយ​ធ្វើ​កិច្ច​សន្យា*ជា​មួយ​នឹង​ផ្នូរ។*

ពេល​ទឹក​ជន់​ឡើង ហូរ​បក់​បោក​មក នោះ​នឹង​មិន​មក​ដល់​យើង​ទេ

ព្រោះ​យើង​យក​សេចក្ដី​កុហក​ជា​ទី​ពំនាក់

ហើយ​យក​សេចក្ដី​មិន​ពិត​ជា​ទី​លាក់​បំពួន​»។+

១៦ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖

​«​មើល! ខ្ញុំ​កំពុង​ដាក់​គ្រឹះ​នៅ​ភ្នំ​ស៊ីយ៉ូន​ដោយ​ថ្ម​ដែល​បាន​ត្រូវ​សាកល្បង​រួច​ហើយ+

ជា​ថ្ម​ជ្រុង​ដ៏​វិសេស+នៃ​គ្រឹះ​ដ៏​រឹង​មាំ+

អស់​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ នឹង​មិន​ភ័យ​តក់​ស្លុត​ទេ។+

១៧ ខ្ញុំ​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​ខ្សែ​វាស់+

យក​សេចក្ដី​សុចរិត​ជា​ឧបករណ៍​វាស់​ស្ទង់។+

ព្យុះ​ទឹក​កក​នឹង​បំផ្លាញ​ទី​ពំនាក់​នៃ​សេចក្ដី​កុហក​ទៅ

ហើយ​ទឹក​ជំនន់​ក៏​នឹង​ពន្លិច​ទី​លាក់​បំពួន​ដែរ។

១៨ កិច្ច​ព្រម​ព្រៀង​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ជា​មួយ​នឹង​សេចក្ដី​ស្លាប់​នឹង​លែង​មាន​សុពលភាព​ទៀត

ហើយ​កិច្ច​សន្យា​ជា​មួយ​នឹង​ផ្នូរ ក៏​នឹង​ទៅ​ជា​មោឃ​ដែរ។+

ពេល​ដែល​ទឹក​ជំនន់​បក់​បោក​មក អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​សាប​សូន្យ។

១៩ រៀង​រាល់​ដង​ដែល​ទឹក​ជំនន់​ហូរ​កាត់ វា​នឹង​នាំ​យក​អ្នក​រាល់​គ្នា​ទៅ។+

ព្រោះ​វា​នឹង​ហូរ​កាត់​ជា​ទៀង​ទាត់​ទាំង​ថ្ងៃ​ទាំង​យប់។

មាន​តែ​ការ​ភ័យ​តក់​ស្លុត​ប៉ុណ្ណោះ​ដែល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​យល់​អ្វី​ដែល​ពួក​គេ​បាន​ឮ​»។*

២០ ឯ​គ្រែ​គឺ​ខ្លី​ពេក​មិន​អាច​ដេក​សណ្ដូក​ជើង​បាន​ទេ

ហើយ​ផួយ​ក៏​តូច​ពេក​មិន​ល្មម​ដណ្ដប់​ខ្លួន​ដែរ។

២១ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ក្រោក​ឡើង​ដូច​នៅ​ភ្នំ​ពេរ៉ាស៊ីម

លោក​នឹង​ភ្ញាក់​ឡើង​ដូច​នៅ​ជ្រលង*ជិត​ក្រុង​គីបៀន+

ដើម្បី​លោក​អាច​ធ្វើ​កិច្ច​ការ​របស់​លោក គឺ​កិច្ច​ការ​ដ៏​ប្លែក

ហើយ​ដើម្បី​លោក​អាច​បំពេញ​ភារកិច្ច​របស់​លោក គឺ​ភារកិច្ច​ខុស​ពី​ធម្មតា។+

២២ ដូច្នេះ កុំ​ចំអក​ឡកឡឺយ​ឲ្យ​សោះ+

ដើម្បី​កុំ​ឲ្យ​ចំណង​ដែល​ចង​អ្នក​រាល់​គ្នា​ត្រូវ​រឹត​បន្តឹង​ថែម​ទៀត

ព្រោះ​ខ្ញុំ​បាន​ឮ​ពី​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌

ថា​លោក​បាន​សម្រេច​ចិត្ត​បំផ្លាញ​ស្រុក*ទាំង​មូល​ហើយ។+

២៣ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សំឡេង​ខ្ញុំ

ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​សម្ដី​ខ្ញុំ​ចុះ។

២៤ តើ​អ្នក​ភ្ជួរ​នឹង​ភ្ជួរ​រហូត​ដោយ​មិន​សាប​ព្រោះ​ឬ?

តើ​គាត់​នឹង​កាប់​គាស់​ដី​និង​ភ្ជួរ​ដី​ឥត​ឈប់​ឬ?+

២៥ ផ្ទុយ​ទៅ​វិញ ពេល​ដែល​គាត់​រាស់​ដី​ហើយ

គាត់​នឹង​សាប​ព្រោះ​គ្រាប់​ខាមិន​និង​គ្រាប់​ខាមិន​ខ្មៅ មែន​ទេ?

ម្យ៉ាង​ទៀត គាត់​នឹង​ដាំ​ស្រូវ​សាលី ស្រូវ​មីឡេត និង​ស្រូវ​បាលី​នៅ​ត្រង់​កន្លែង​ដែល​បាន​កំណត់​ទុក មែន​ទេ?

ហើយ​គាត់​ក៏​ដាំ​ស្រូវ​ឯ​ទៀត*+នៅ​ឯ​កៀន​ស្រែ​ដែរ មែន​ទេ?

២៦ ព្រោះ​លោក​បង្រៀន*គាត់​តាម​របៀប​ត្រឹម​ត្រូវ

គឺ​ព្រះ​របស់​គាត់​បង្ហាត់​បង្ហាញ​គាត់។+

២៧ ព្រោះ​គេ​មិន​ដែល​ប្រើ​ក្ដារ​បញ្ជាន់​មក​កិន​បំបែក​គ្រាប់​ខាមិន​ខ្មៅ+

ហើយ​គេ​ក៏​មិន​ដែល​អូស​ឧបករណ៍​បញ្ជាន់​ស្រូវ​កិន​លើ​គ្រាប់​ខាមិន​ដែរ។

ផ្ទុយ​ទៅ​វិញ គេ​ប្រើ​ដំបង​វាយ​បំបែក​គ្រាប់​ខាមិន​ខ្មៅ

ហើយ​គេ​ប្រើ​រំពាត់​វាយ​គ្រាប់​ខាមិន​វិញ។

២៨ ពេល​បញ្ជាន់​ស្រូវ តើ​បុគ្គល​ម្នាក់​នឹង​បញ្ជាន់​ទាល់​តែ​ខ្ទេច​ទៅ​ជា​ម្សៅ​ដើម្បី​ធ្វើ​នំ​ប៉័ង​ឬ? ទេ! គាត់​មិន​ធ្វើ​ដូច្នោះ​ទេ។+

ហើយ​ពេល​គាត់​ប្រើ​សេះ​អូស​ឧបករណ៍​បញ្ជាន់​ស្រូវ ក៏​គាត់​មិន​កិន​ស្រូវ​ឲ្យ​ខ្ទេច​ខ្ទី​ដែរ។+

២៩ ដំបូន្មាន​ទាំង​នេះ​មក​ពី​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌

ដំបូន្មាន*របស់​លោក​គឺ​អស្ចារ្យ

ហើយ​អ្វី​ដែល​លោក​សម្រេច*គឺ​វិសេស​កន្លង។+

២៩ ​«​វេទនា​ហើយ​អេរៀល!* គឺ​ក្រុង​អេរៀល​ដែល​ដាវីឌ​បាន​បោះ​ជំរំ។+

ជា​រៀង​រាល់​ឆ្នាំ ចូរ​ធ្វើ​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​ចុះ។+

 ២ ប៉ុន្តែ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ដល់​អេរៀល+

ហើយ​នៅ​ទី​នោះ​នឹង​មាន​ការ​យំ​ទួញ​និង​ការ​កាន់​ទុក្ខ+

ចំពោះ​ខ្ញុំ ក្រុង​នោះ​នឹង​ប្រៀប​ដូច​ជា​រាន​ទី​បូជា​របស់​ព្រះ។+

 ៣ ខ្ញុំ​នឹង​បោះ​ជំរំ​ឡោម​ព័ទ្ធ​អ្នក​នៅ​គ្រប់​ទិស​ទី

ខ្ញុំ​នឹង​បោះ​បង្គោល​សម្រួច​ចុង​ជា​របង​នៅ​ជុំវិញ​អ្នក

ខ្ញុំ​លើក​ដី​ឡើង​ដើម្បី​ចូល​ទៅ​ទាស់​នឹង​អ្នក។+

 ៤ អ្នក​នឹង​ត្រូវ​បន្ទាប​ចុះ អ្នក​នឹង​និយាយ​ពី​ដី​មក

ហើយ​ពាក្យ​សម្ដី​របស់​អ្នក​នឹង​ត្រូវ​គ្រប​ដណ្ដប់​ដោយ​ធូលី។

សំឡេង​អ្នក​នឹង​ចេញ​ពី​ដី​មក+ សំឡេង​អ្នក​នឹង​ឮ​ខ្សាវ​ៗ​ពី​ធូលី

ដូច​ជា​សំឡេង​របស់​គ្រូ​ខាប។

 ៥ ពួក​ខ្មាំង​សត្រូវ​របស់​អ្នក​នឹង​ប្រៀប​ដូច​ជា​ម្សៅ​យ៉ាង​ម៉ដ្ឋ+

ឯ​ពួក​អ្នក​គ្រប់​គ្រង​ផ្ដាច់​ការ​វិញ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​អង្កាម​ប៉ីង​តាម​ខ្យល់។+

ការ​នេះ​នឹង​កើត​ឡើង​ភ្លាម​មួយ​រំពេច។+

 ៦ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​មក​ជួយ​សង្គ្រោះ​អ្នក

ដោយ​ផ្គរ​លាន់ ដោយ​ការ​កក្រើក​ដី និង​សូរ​គ្រាំ​គ្រេង

ដោយ​ខ្យល់​បក់​បោក ព្យុះ​សង្ឃរា និង​អណ្ដាត​ភ្លើង​ដែល​ឆេះ​បំផ្លាញ​»។+

 ៧ បន្ទាប់​មក ប្រជា​ជាតិ​ទាំង​ឡាយ​ដែល​មក​ច្បាំង​នឹង​ក្រុង​អេរៀល+

នឹង​ប្រៀប​ដូច​ជា​ការ​យល់​សប្ដិ​នៅ​ពេល​យប់

គឺ​ពួក​អ្នក​ដែល​ធ្វើ​សង្គ្រាម​ទាស់​នឹង​ក្រុង​នេះ

និង​ដំឡើង​គ្រឿង​សឹក​ឡោម​ព័ទ្ធ​ក្រុង

ហើយ​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ដល់​ក្រុង​នេះ។

 ៨ ពួក​គេ​នឹង​ដូច​ជា​បុគ្គល​ម្នាក់​កំពុង​ឃ្លាន ហើយ​យល់​សប្ដិ​ថា​ខ្លួន​បាន​អាហារ​បរិភោគ

តែ​ពេល​ភ្ញាក់​ឡើង គឺ​នៅ​តែ​ឃ្លាន​ដដែល

ហើយ​នឹង​ដូច​ជា​បុគ្គល​ម្នាក់​កំពុង​ស្រេក​ទឹក ហើយ​យល់​សប្ដិ​ថា​ខ្លួន​បាន​ទឹក​ផឹក

តែ​ពេល​ភ្ញាក់​ឡើង គឺ​នៅ​តែ​ល្វើយ​និង​ស្រេក​ទឹក​ដដែល។

ដូច្នេះ ប្រជា​ជាតិ​ទាំង​ឡាយ​ដែល​មក​ច្បាំង

នឹង​ភ្នំ​ស៊ីយ៉ូន​នឹង​មាន​លទ្ធផល​យ៉ាង​នេះ​ដែរ។+

 ៩ ឱ​បណ្ដា​ជន​អើយ! ចូរ​ភ្ញាក់​ផ្អើល​និង​ស្រឡាំងកាំង​ចុះ+

ចូរ​អ្នក​រាល់​គ្នា​បិទ​ភ្នែក ដើម្បី​កុំ​ឲ្យ​មើល​ឃើញ​ទៀត។+

ពួក​គេ​ស្រវឹង តែ​មិន​មែន​ដោយ​សារ​ស្រា​ទេ

ពួក​គេ​ដើរ​ទ្រេត​ទ្រោត តែ​ក៏​មិន​មែន​ដោយ​សារ​គ្រឿង​ស្រវឹង​ដែរ។

១០ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​លង់​លក់​ស៊ប់។+

លោក​បាន​បិទ​ភ្នែក​អ្នក​រាល់​គ្នា ពោល​គឺ​ពួក​អ្នក​ប្រកាស​ទំនាយ+

ហើយ​លោក​បាន​គ្រប​ក្បាល​អ្នក​រាល់​គ្នា ពោល​គឺ​ពួក​អ្នក​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ។+

១១ ចំពោះ​អ្នក​រាល់​គ្នា អ្វី​ៗ​ទាំង​អស់​ដែល​ឃើញ​ក្នុង​គំនិត​នឹង​ប្រៀប​ដូច​ជា​សំណេរ​ក្នុង​សៀវភៅ​ដែល​គេ​បិទ​ត្រា។+ ពេល​គេ​ហុច​សៀវភៅ​នោះ​ឲ្យ​អ្នក​ណា​ដែល​ចេះ​អាន ដោយ​ប្រាប់​ថា​៖ ​«​សូម​អាន​ឲ្យ​ឮ​ៗ​មក!​»​ អ្នក​នោះ​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​អាន​មិន​បាន​ទេ ព្រោះ​សៀវភៅ​នេះ​បាន​ត្រូវ​បិទ​ត្រា​ហើយ​»។ ១២ ម្យ៉ាង​ទៀត ពេល​គេ​ហុច​សៀវភៅ​នោះ​ឲ្យ​អ្នក​ណា​ដែល​មិន​ចេះ​អាន ដោយ​ប្រាប់​ថា​៖ ​«​សូម​អាន​ទៅ!​»​ អ្នក​នោះ​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​ចេះ​អក្សរ​ទេ​»។

១៣ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បណ្ដា​ជន​នេះ​ចេះ​តែ​ថា​ចូល​មក​ជិត​ខ្ញុំ

គឺ​ពួក​គេ​គោរព​ខ្ញុំ​តែ​បបូរ​មាត់​ទេ+ តែ​ចិត្ត​របស់​ពួក​គេ​បាន​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ​វិញ។

ពួក​គេ​កោត​ខ្លាច​ខ្ញុំ ដោយ​ផ្អែក​លើ​បង្គាប់​របស់​មនុស្ស​ដែល​ពួក​គេ​បាន​រៀន​ប៉ុណ្ណោះ។+

១៤ ដូច្នេះ មើល! ខ្ញុំ​នឹង​ធ្វើ​ការ​អស្ចារ្យ​ម្ដង​ទៀត​ក្នុង​ចំណោម​ប្រជា​ជាតិ​នេះ+

គឺ​ការ​អស្ចារ្យ​លើ​ការ​អស្ចារ្យ។

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ប្រាជ្ញ​លែង​មាន​ប្រាជ្ញា​ទៀត

ហើយ​ក៏​ធ្វើ​ឲ្យ​ពួក​អ្នក​ចេះ​ពិចារណា​លែង​មាន​ការ​យល់​ដឹង​ដែរ​»។+

១៥ វេទនា​ហើយ! អស់​អ្នក​ដែល​ខិត​ខំ​លាក់​បាំង​គម្រោង​ការ​របស់​ពួក​គេ​ពី​ព្រះ​យេហូវ៉ា។+

ពួក​គេ​តែង​តែ​ប្រព្រឹត្ត​អាក្រក់​នៅ​ក្នុង​ទី​ងងឹត

ហើយ​និយាយ​ថា​៖ ​«​គ្មាន​នរណា​ឃើញ​យើង​ទេ

ហើយ​ក៏​គ្មាន​នរណា​ដឹង​ដែរ​»។+

១៦ ឱ​មនុស្ស​ដែល​មាន​គំនិត​វៀច​វេរ​អើយ!

តើ​គួរ​ចាត់​ទុក​ជាង​ស្មូន​ដូច​ជា​ដី​ឥដ្ឋ​ឬ?+

តើ​ភាជនៈ​គួរ​និយាយ​អំពី​ជាង​ស្មូន​ថា​៖ ​«​គាត់​មិន​បាន​សូន​ខ្ញុំ​ទេ​»​?+

តើ​របស់​ដែល​គេ​បង្កើត​អាច​និយាយ​អំពី​អ្នក​បង្កើត​ថា​៖

​«​គាត់​គ្មាន​ការ​យល់​ដឹង​ទេ​»​?+

១៧ ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី តំបន់​ភ្នំ​លីបង់​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ចម្ការ+

ហើយ​ចម្ការ​នោះ​នឹង​ត្រូវ​គេ​ចាត់​ទុក​ជា​ព្រៃ​វិញ។+

១៨ នៅ​គ្រា​នោះ មនុស្ស​ថ្លង់​នឹង​ឮ​ពាក្យ​ពី​សៀវភៅ​នោះ

ហើយ​ពី​ភាព​ងងឹត​សូន្យសុង មនុស្ស​ងងឹត​ភ្នែក​នឹង​មើល​ឃើញ។+

១៩ មនុស្ស​ដែល​មាន​ចិត្ត​សុភាព នឹង​ត្រេក​អរ​ជា​ខ្លាំង​ដោយ​សារ​តែ​ព្រះ​យេហូវ៉ា។

ឯ​មនុស្ស​ក្រី​ក្រ​ក្នុង​ចំណោម​ពួក​គេ នឹង​មាន​អំណរ​ក្រៃ​លែង​ព្រោះ​តែ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល។+

២០ ព្រោះ​អ្នក​គ្រប់​គ្រង​ផ្ដាច់​ការ​នឹង​លែង​មាន​ទៀត

ហើយ​អ្នក​ក្រអឺតក្រអោង​នឹង​សាប​សូន្យ​ទៅ។

ចំណែក​ពួក​អ្នក​ដែល​ចាំ​តែ​ធ្វើ​បាប​អ្នក​ឯ​ទៀត ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល+

២១ គឺ​ពួក​អ្នក​ដែល​និយាយ​មិន​ពិត​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជាប់​ទោស

ជា​ពួក​អ្នក​ដែល​រាយ​អន្ទាក់​ដើម្បី​ចាប់​កំហុស​អ្នក​ដែល​និយាយ​ការ​ពារ​ខ្លួន​នៅ​ខ្លោង​ទ្វារ​ក្រុង+

ហើយ​លើក​ហេតុ​ផល​មិន​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​ជន​សុចរិត​រង​ការ​កាត់​ក្ដី​ដោយ​អយុត្តិធម៌។+

២២ ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន​សង្គ្រោះ​អាប្រាហាំ+ មាន​ប្រសាសន៍​ទៅ​កាន់​ពូជ​ពង្ស​យ៉ាកុប​ដូច្នេះ​ថា​៖

​«​យ៉ាកុប​នឹង​លែង​រង​ការ​អាម៉ាស់​ទៀត​ហើយ

គាត់​ក៏​នឹង​លែង​មាន​ទឹក​មុខ​ស្រពាប់ស្រពោន*ទៀត​ដែរ។+

២៣ ព្រោះ​ពេល​គាត់​ឃើញ​កូន​ចៅ​របស់​ខ្លួន

ដែល​ជា​ស្នា​ដៃ​របស់​ខ្ញុំ បាន​មូល​គ្នា​មក​ជិត​គាត់+

នោះ​ពួក​គេ​នឹង​លើក​តម្កើង​នាម​ខ្ញុំ​ឲ្យ​បាន​បរិសុទ្ធ

គឺ​ពួក​គេ​នឹង​លើក​កិត្តិយស​ព្រះ​ដ៏​បរិសុទ្ធ​នៃ​យ៉ាកុប

ហើយ​ពួក​គេ​នឹង​ស្ញប់​ស្ញែង​ចំពោះ​ព្រះ​នៃ​អ៊ីស្រាអែល។+

២៤ អស់​អ្នក​ដែល​មាន​ចិត្ត​គំនិត​វៀច​វេរ នឹង​ទទួល​ការ​យល់​ដឹង

ហើយ​អស់​អ្នក​ដែល​រអ៊ូ​រទាំ នឹង​ទទួល​ការ​ណែនាំ​»។

៣០ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​វេទនា​ហើយ! កូន​ដែល​រឹង​ចចេស+

ដែល​ធ្វើ​តាម​គម្រោង​ការ​របស់​ខ្លួន មិន​មែន​របស់​ខ្ញុំ​ទេ+

ពួក​គេ​បាន​ចង​សម្ព័ន្ធភាព​ជា​មួយ​នឹង​ជន​ជាតិ​ដទៃ តែ​មិន​មែន​ដោយ​សារ​ឫទ្ធានុភាព​របស់​ខ្ញុំ​ដឹក​នាំ​ពួក​គេ​ឡើយ។

យ៉ាង​នេះ ពួក​គេ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​កាន់​តែ​ធ្ងន់​ឡើង​ៗ។

 ២ ដោយ​មិន​បាន​សុំ​ការ​ណែនាំ​ពី​ខ្ញុំ+ ពួក​គេ​បាន​ចុះ​ទៅ​ស្រុក​អេហ្ស៊ីប+

ដើម្បី​សុំ​ការ​ការ​ពារ​ពី​ផារ៉ូ និង​ដើម្បី​ជ្រក​ក្រោម​ម្លប់​របស់​ស្រុក​អេហ្ស៊ីប!

 ៣ ប៉ុន្តែ ការ​ការ​ពារ​ពី​ផារ៉ូ​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ខ្មាស

ហើយ​ការ​ជ្រក​ក្រោម​ម្លប់​របស់​ស្រុក​អេហ្ស៊ីប នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​អាម៉ាស់​មុខ។+

 ៤ ព្រោះ​ពួក​អ្នក​គ្រប់​គ្រង​កំពុង​នៅ​ក្រុង​សូអាន+

ចំណែក​ពួក​ទូត​បាន​ទៅ​ដល់​ហានេស​ហើយ។

 ៥ ពួក​គេ​ទាំង​នោះ​នឹង​បាក់​មុខ

ដោយ​សារ​ពឹង​ផ្អែក​ប្រជា​ជាតិ​ដែល​ឥត​បាន​ការ

ជា​អ្នក​ដែល​មិន​អាច​ជួយ​និង​ផ្ដល់​ប្រយោជន៍​ដល់​ពួក​គេ​ទេ

គឺ​មាន​តែ​ការ​អាម៉ាស់​និង​ការ​អាប់​ឱន​ប៉ុណ្ណោះ​»។+

៦ សេចក្ដី​ប្រកាស​ទាស់​នឹង​សត្វ​សាហាវ​នៅ​ភាគ​ខាង​ត្បូង​មាន​ដូច​ត​ទៅ​៖

ពួក​គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​នៃ​សេចក្ដី​វេទនា​និង​ទុក្ខ​លំបាក

ដែល​មាន​តោ​គ្រហឹម មាន​ពស់​វែក​និង​ពស់​ភ្លើង​ហោះ*

ពួក​គេ​ដឹក​ជញ្ជូន​របស់​មាន​តម្លៃ​លើ​ខ្នង​លា

និង​ដឹក​អំណោយ​លើ​ខ្នង​អូដ្ឋ​យក​ទៅ។

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ របស់​ទាំង​នោះ​គ្មាន​ប្រយោជន៍​ដល់​ពួក​គេ​ទេ។

 ៧ ព្រោះ​ជំនួយ​ពី​ស្រុក​អេហ្ស៊ីប​គឺ​ឥត​បាន​ការ​ទាល់​តែ​សោះ។+

ហេតុ​នេះ ខ្ញុំ​បាន​ហៅ​ពួក​គេ​ថា​៖ ​«​រ៉ាហាប+ដែល​អង្គុយ​ស្ងៀម​»។

 ៨ ​«​ឥឡូវ​ចូរ​ចារ​ពាក្យ​ទាំង​នេះ​លើ​បន្ទះ​ថ្ម*នៅ​ចំពោះ​មុខ​ពួក​គេ

ហើយ​កត់​ទុក​ក្នុង​សៀវភៅ​មួយ+ ដើម្បី​ទុក​ជា​សក្ខី​ភាព​នៅ​ថ្ងៃ​អនាគត​ជា​រៀង​ដរាប​ត​ទៅ។+

 ៩ ព្រោះ​ពួក​គេ​ជា​ប្រជា​ជាតិ​ដែល​បះ​បោរ​ប្រឆាំង+ ជា​កូន​ដែល​មិន​ស្មោះ​ត្រង់+

ពួក​គេ​មិន​ព្រម​ធ្វើ​តាម​ការ​ណែនាំ*របស់​ព្រះ​យេហូវ៉ា​ទេ។+

១០ ពួក​គេ​និយាយ​ទៅ​ពួក​អ្នក​មើល​ធ្លុះ​ថា​៖ ‹កុំ​មើល​ឲ្យ​សោះ›

ហើយ​និយាយ​ទៅ​ពួក​អ្នក​ដែល​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​ថា​៖ ​‹កុំ​ប្រាប់​យើង​នូវ​ការ​ពិត​ដែល​អ្នក​ឃើញ​ក្នុង​គំនិត​ឡើយ។+

ចូរ​ប្រាប់​យើង​តែ​អ្វី​ដែល​ពីរោះ​ស្ដាប់ និង​ប្រាប់​អំពី​ការ​បើក​បង្ហាញ​ដែល​មិន​ពិត​វិញ។+

១១ ចូរ​បែរ​ចេញ​ពី​ផ្លូវ​ទៀង​ត្រង់ គឺ​គេច​ចេញ​ពី​មាគ៌ា​ត្រឹម​ត្រូវ​ទៅ

ហើយ​ឈប់​ប្រាប់​យើង​អំពី​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​ទៀត›​»។+

១២ ហេតុ​នេះ ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​ដោយ​សារ​អ្នក​មិន​អើពើ​នឹង​ពាក្យ​សម្ដី​របស់​ខ្ញុំ+

ហើយ​បែរ​ជា​ជឿ​ការ​បោក​ប្រាស់​និង​ការ​បោក​បញ្ឆោត

ព្រម​ទាំង​ទុក​ចិត្ត​លើ​អ្វី​ទាំង​នោះ​វិញ+

១៣ នោះ​កំហុស​របស់​អ្នក​នឹង​ប្រៀប​ដូច​ជា​កំពែង​បាក់​បែក

គឺ​ដូច​ជា​កំពែង​ខ្ពស់​ទ្រេត​ហៀប​នឹង​រលំ។

វា​នឹង​ធ្លាក់​បាក់​បែក​ភ្លាម​មួយ​រំពេច។

១៤ វា​នឹង​បែក​ខ្ទេច​ខ្ទី​ដូច​ជា​ថូ​របស់​ជាង​ស្មូន

គឺ​ខ្ទេច​អស់​គ្មាន​សល់​បំណែក​ណា​មួយ

សម្រាប់​រុក​ភ្លើង​ក្នុង​ជើង​ក្រាន ឬ​ដួស​ទឹក​ពី​ថ្លុក*បាន​ឡើយ​»។

១៥ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​និង​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ ហើយ​នៅ​ស្ងៀម នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​សេចក្ដី​សង្គ្រោះ

ចូរ​រក្សា​ចិត្ត​ស្ងប់​និង​មាន​ទំនុក​ចិត្ត​លើ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ​»។+ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​ធ្វើ​ដូច្នេះ​ទេ។+

១៦ ផ្ទុយ​ទៅ​វិញ អ្នក​និយាយ​ថា​៖ ​«​ទេ! យើង​នឹង​ជិះ​សេះ​រត់!​»​

ហើយ​អ្នក​នឹង​រត់​ពិត​មែន។

អ្នក​និយាយ​បន្ថែម​ថា​៖ ​«​យើង​នឹង​ជិះ​សេះ​ដែល​បោល​លឿន​រត់​គេច!​»​+

តែ​ពួក​អ្នក​ដែល​ដេញ​តាម​អ្នក​ក៏​នឹង​លឿន​ដែរ។+

១៧ អ្នក​រាល់​គ្នា​១.០០០​នាក់ នឹង​ភ័យ​តក់​ស្លុត​ដោយ​សារ​តែ​សត្រូវ​ម្នាក់​គំរាម+

អ្នក​រាល់​គ្នា​នឹង​រត់​ខ្ចាត់​ខ្ចាយ ព្រោះ​តែ​សត្រូវ​៥​នាក់​គំរាម

ចំនួន​អ្នក​រាល់​គ្នា​នៅ​សល់​តែ​បន្តិច ប្រៀប​ដូច​ជា​បង្គោល​មួយ​នៅ​លើ​កំពូល​ភ្នំ

និង​ដូច​បង្គោល​សញ្ញា​មួយ​នៅ​លើ​ទី​ទួល។+

១៨ ប៉ុន្តែ ព្រះ​យេហូវ៉ា​កំពុង​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​ដើម្បី​បង្ហាញ​ការ​ពេញ​ចិត្ត​ដល់​អ្នក​រាល់​គ្នា+

ហើយ​លោក​នឹង​ក្រោក​ឡើង​ដើម្បី​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​រាល់​គ្នា។+ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យុត្តិធម៌។+

មាន​សុភមង្គល​ហើយ! អស់​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​លោក​ដោយ​ចិត្ត​រំភើប។+

១៩ ពេល​រស់​នៅ​ភ្នំ​ស៊ីយ៉ូន​ក្នុង​ក្រុង​យេរូសាឡិម+ អ្នក​នឹង​មិន​យំ​សោក​ទៀត​ទេ។+ ពេល​ដែល​លោក​ឮ​អ្នក​ស្រែក​សុំ​ឲ្យ​លោក​ជួយ លោក​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ចំពោះ​អ្នក​ជា​មិន​ខាន ហើយ​លោក​នឹង​តប​ឆ្លើយ​ភ្លាម​ៗ។+ ២០ ទោះ​ជា​ព្រះ​យេហូវ៉ា​ឲ្យ​នំ​ប៉័ង​នៃ​ទុក្ខ​លំបាក​និង​ទឹក​នៃ​ការ​សង្កត់​សង្កិន​ដល់​អ្នក​រាល់​គ្នា​ក៏​ដោយ+ ក៏​លោក​ដែល​ជា​គ្រូ​បង្រៀន​ដ៏​ឧត្ដម​បំផុត​របស់​អ្នក​រាល់​គ្នា​នឹង​មិន​លាក់​មុខ​ពី​អ្នក​រាល់​គ្នា​ទៀត​ដែរ។ អ្នក​រាល់​គ្នា​នឹង​ឃើញ​គ្រូ​បង្រៀន​ដ៏​ឧត្ដម​បំផុត+ដោយ​ផ្ទាល់​ភ្នែក។ ២១ បើ​អ្នក​រាល់​គ្នា​ដើរ​ចេញ​ពី​ផ្លូវ​ទៅ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​របស់​អ្នក​រាល់​គ្នា​នឹង​ឮ​ពាក្យ​ពី​ក្រោយ​អ្នក​រាល់​គ្នា​ថា​៖ ​«​គឺ​ផ្លូវ​នេះ​ហើយ+ ចូរ​ដើរ​តាម​ផ្លូវ​នេះ​ចុះ​»។+

២២ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​រូប​ព្រះ*ពី​មាស​ពី​ប្រាក់​របស់​អ្នក​រាល់​គ្នា​ទៅ​ជា​អ្វី​ដ៏​ស្មោក​គ្រោក​វិញ។+ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បោះ​រូប​ទាំង​នោះ​ចោល​ដូច​បោះ​ក្រណាត់​ទ្រាប់​ឈាម​រដូវ​ដូច្នោះ​ដែរ ដោយ​និយាយ​ថា​៖ ​«​គួរ​ឲ្យ​ខ្ពើម​ណាស់!​»។+ ២៣ នៅ​គ្រា​នោះ លោក​នឹង​បង្អុរ​ភ្លៀង​ស្រោច​ស្រព​លើ​គ្រាប់​ពូជ​ដែល​អ្នក​រាល់​គ្នា​បាន​សាប​ព្រោះ+ ហើយ​ដី​នឹង​បង្កើត​ផល​ល្អ​ៗ​យ៉ាង​បរិបូរ។+ ឯ​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​វិញ ពួក​វា​នឹង​ស៊ី​ស្មៅ​ខៀវ​ខ្ចី​នៅ​ឯ​វាល​ដ៏​ធំ​ទូលាយ។+ ២៤ ចំណែក​ហ្វូង​លា​និង​ហ្វូង​គោ​ដែល​គេ​ប្រើ​សម្រាប់​ភ្ជួរ​រាស់ ពួក​វា​នឹង​ស៊ី​ចំណី​ល្អ​ៗ​ដែល​គេ​បាន​យក​អង្កាម​ចេញ។* ២៥ នៅ​គ្រា​ដែល​មាន​ការ​សម្លាប់​យ៉ាង​សម្បើម គឺ​ពេល​ប៉ម​ទាំង​ប៉ុន្មាន​ត្រូវ​រលំ នោះ​នៅ​លើ​ភ្នំ​តូច​ធំ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​ខ្វាត់​ខ្វែង។+ ២៦ នៅ​គ្រា​ដែល​ព្រះ​យេហូវ៉ា​រុំ​របួស​ឲ្យ​រាស្ត្រ​លោក+ ហើយ​ធ្វើ​ឲ្យ​មុខ​របួស​ដែល​លោក​វាយ​ពួក​គេ បាន​ជា​សះ​ស្បើយ+ នោះ​ពន្លឺ​របស់​ដួង​ខែ​ពេញ​វង់​នឹង​ភ្លឺ​ដូច​ជា​ពន្លឺ​ដួង​អាទិត្យ ហើយ​ពន្លឺ​របស់​ដួង​អាទិត្យ​នឹង​ភ្លឺ​ខ្លាំង​ជាង​៧​ដង+ ដូច​ជា​ពន្លឺ​៧​ថ្ងៃ។

២៧ មើល! ព្រះ​យេហូវ៉ា*កំពុង​មក​ពី​កន្លែង​ឆ្ងាយ

ដោយ​មាន​ពពក​យ៉ាង​ក្រាស់​មក​ជា​មួយ ហើយ​លោក​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង

បបូរ​មាត់​របស់​លោក​ពេញ​ទៅ​ដោយ​កំហឹង

ហើយ​អណ្ដាត​របស់​លោក​ប្រៀប​ដូច​ជា​ភ្លើង​ដែល​ឆេះ​បំផ្លាញ។+

២៨ ខ្យល់​ដង្ហើម​លោក​ប្រៀប​ដូច​ជា​ទឹក​ជំនន់​ជន់​ឡើង​ដល់​ត្រឹម​ក

លោក​នឹង​រែង​ប្រជា​ជាតិ​នា​នា​ក្នុង​កញ្ច្រែង​នៃ​ការ​បំផ្លាញ

ហើយ​នឹង​ដាក់​បង្ហៀរ​នៅ​មាត់​ប្រជា​ជាតិ​ទាំង​នោះ+​ដើម្បី​នាំ​ពួក​គេ​ឲ្យ​វង្វេង។

២៩ ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ច្រៀង​ចម្រៀង​ដូច​បុគ្គល​ម្នាក់​ច្រៀង​នៅ​ពេល​យប់ កាល​ដែល​រៀបចំ*ពិធី​បុណ្យ+

ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​រីករាយ​ដូច​បុគ្គល​ម្នាក់​ដើរ​បណ្ដើរ​ផ្លុំ​ខ្លុយ​បណ្ដើរ នៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ភ្នំ​របស់​ព្រះ​យេហូវ៉ា គឺ​ទៅ​ថ្ម​ដា​នៃ​អ៊ីស្រាអែល។+

៣០ ព្រះ​យេហូវ៉ា​នឹង​បញ្ចេញ​សំឡេង​ដ៏​អស្ចារ្យ​របស់​លោក+លាន់​ឮ​រំពង

ហើយ​លោក​នឹង​ទម្លាក់​ដៃ​ដ៏​ខ្លាំង​ក្លា​របស់​លោក+​ទៅ​លើ​ពួក​សត្រូវ​ដោយ​សេចក្ដី​ក្រោធ​ជា​ខ្លាំង+

ព្រម​ជា​មួយ​នឹង​អណ្ដាត​ភ្លើង​ដែល​ឆេះ​បំផ្លាញ+

រួម​ទាំង​ព្យុះ​ភ្លៀង+ ផ្គរ​រន្ទះ និង​ដុំ​ទឹក​កក។+

៣១ សំឡេង​របស់​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ពួក​អាស៊ីរី​ភ័យ​តក់​ស្លុត+

លោក​នឹង​វាយ​ប្រហារ​ពួក​គេ​ដោយ​ដំបង។+

៣២ រាល់​ដង​ដែល​ព្រះ​យេហូវ៉ា​គ្រវី​ដំបង

វាយ​ប្រហារ​ពួក​អាស៊ីរី​ដើម្បី​កាត់​ទោស​ពួក​គេ

នោះ​នឹង​មាន​សំឡេង​ស្គរ​ដៃ​និង​សំឡេង​ពិណ​អម​ជា​មួយ+

គឺ​នៅ​ពេល​ដែល​លោក​គ្រវី​ដៃ​ច្បាំង​នឹង​ពួក​គេ។+

៣៣ ព្រោះ​តូផែត*+របស់​គាត់​បាន​ត្រូវ​រៀបចំ​រួច​ជា​ស្រេច​ហើយ

ក៏​ត្រៀម​ទុក​សម្រាប់​ស្ដេច​ផង​ដែរ។+

លោក​បាន​ប្រមូល​អុស​ទៅ​ទុក​នៅ​កន្លែង​ជ្រៅ​ហើយ​ទូលាយ

ជា​អុស​យ៉ាង​ច្រើន​ក្រៃ​លែង​ទុក​សម្រាប់​ដុត​ឲ្យ​ឆេះ​សន្ធោ​សន្ធៅ។

ខ្យល់​ដង្ហើម​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រៀប​ដូច​ជា​ស្ពាន់ធ័រ​នឹង​បញ្ឆេះ​កន្លែង​នោះ។

៣១ វេទនា​ហើយ! អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​សុំ​ជំនួយ​ពី​ស្រុក​អេហ្ស៊ីប+

គឺ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​កម្លាំង​សេះ+

ជា​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​រទេះ​ចម្បាំង​ដែល​មាន​ចំនួន​ច្រើន

ហើយ​ទុក​ចិត្ត​លើ​ទ័ព​សេះ​ដែល​ខ្លាំង​ក្លា។

អ្នក​ទាំង​នោះ​មិន​បាន​ពឹង​ផ្អែក​លើ*ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​ទេ

ហើយ​ពួក​គេ​មិន​បាន​ស្វែង​រក​ព្រះ​យេហូវ៉ា​ឡើយ។

 ២ ប៉ុន្តែ លោក​ក៏​មាន​ប្រាជ្ញា​ដែរ លោក​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​ហិន​វិនាស

ហើយ​លោក​នឹង​មិន​ដក​ពាក្យ​សម្ដី​របស់​លោក​ទេ។

លោក​នឹង​ក្រោក​ឡើង​ប្រឆាំង​នឹង​ពូជ​ពង្ស​មនុស្ស​ទុច្ចរិត

ហើយ​ទាស់​នឹង​អស់​អ្នក​ដែល​ជួយ​មនុស្ស​អាក្រក់។+

 ៣ ពួក​អេហ្ស៊ីប​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ មិន​មែន​ជា​ព្រះ​ទេ

ហើយ​សេះ​របស់​ពួក​គេ​គ្រាន់​តែ​ជា​សត្វ​ប៉ុណ្ណោះ មិន​មែន​ជា​បុគ្គល​វិញ្ញាណ​ទេ។+

ពេល​ព្រះ​យេហូវ៉ា​លើក​ដៃ​វាយ​ប្រហារ

នោះ​អ្នក​ណា​ក៏​ដោយ​ដែល​ផ្ដល់​ជំនួយ​នឹង​ជំពប់​ដួល

ហើយ​អ្នក​ណា​ក៏​ដោយ​ដែល​គេ​ជួយ​នឹង​ដួល​ចុះ

គឺ​ពួក​គេ​នឹង​វិនាស​សាប​សូន្យ​ទៅ​នៅ​ពេល​ដំណាល​គ្នា។

 ៤ ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ​ថា​៖

​«​ដូច​តោ​ស្ទាវ​គ្រហឹម​ការ​ពារ​ចំណី

វា​មិន​ភ័យ​នឹង​សំឡេង​របស់​ក្រុម​គង្វាល

ដែល​បាន​ត្រូវ​ហៅ​មក​ឲ្យ​បង្អើល​វា​ទេ

គឺ​វា​មិន​ខ្លាច​សំឡេង​ដេញ​របស់​ពួក​គេ​ឡើយ

នោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ក៏​ធ្វើ​ដូច្នោះ​ដែរ ពេល​លោក​ចុះ​មក​ច្បាំង ដើម្បី​ការ​ពារ​ភ្នំ​ស៊ីយ៉ូន​និង​ទី​ទួល​នៅ​ទី​នោះ។

 ៥ ដូច​បក្សី​ហោះហើរ​ការ​ពារ​កូន នោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​ការ​ពារ​ក្រុង​យេរូសាឡិម​ដែរ។+

លោក​នឹង​ការ​ពារ ហើយ​សង្គ្រោះ​ក្រុង​នោះ។

លោក​នឹង​រំដោះ​ក្រុង​នោះ​ឲ្យ​រួច​ផុត​ពី​ការ​បំផ្លាញ​»។

៦ ​«​ឱ​ប្រជា​ជាតិ​អ៊ីស្រាអែល​អើយ! ចូរ​ត្រឡប់​មក​រក​ព្រះ​ដែល​អ្នក​រាល់​គ្នា​បាន​បះ​បោរ​ប្រឆាំង​វិញ​ទៅ។+ ៧ នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ម្នាក់​ៗ​នឹង​បោះ​បង់​ចោល​រូប​ព្រះ​ពី​មាស​ពី​ប្រាក់ ដែល​ឥត​បាន​ការ​និង​គ្មាន​តម្លៃ​ទៀត​ហើយ។ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ដោយ​ធ្វើ​រូប​ទាំង​នោះ។

 ៨ ពួក​អាស៊ីរី​នឹង​ដួល​ស្លាប់​ដោយ​ដាវ តែ​មិន​មែន​ដោយ​ដាវ​មនុស្ស​ទេ

ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ដោយ​ដាវ តែ​មិន​មែន​ដោយ​ដាវ​មនុស្ស​ឡើយ។+

ពួក​គេ​នឹង​រត់​គេច​ខ្លួន​ពី​ដាវ​នោះ។

ឯ​ពួក​បុរស​វ័យ​ក្មេង​នឹង​ត្រូវ​គេ​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ការ​ធ្ងន់​ៗ។

 ៩ ផ្ទាំង​ថ្ម​របស់​ពួក​គេ​នឹង​ដួល​រលំ​ទៅ ព្រោះ​តែ​ភ័យ​ញាប់​ញ័រ

ហើយ​ពួក​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ​នឹង​តក់​ស្លុត ដោយ​សារ​តែ​បង្គោល​សញ្ញា​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

ពន្លឺ​របស់​លោក​នៅ​ភ្នំ​ស៊ីយ៉ូន និង​គុក​ភ្លើង​របស់​លោក​នៅ​ក្រុង​យេរូសាឡិម។

៣២ មើល! នឹង​មាន​ស្ដេច​មួយ​រូប+គ្រង​រាជ្យ​ដោយ​សុចរិត+

ហើយ​ពួក​អ្នក​ដឹក​នាំ​នឹង​គ្រប់​គ្រង​ដោយ​យុត្តិធម៌។

 ២ ពួក​គាត់​ម្នាក់​ៗ​នឹង​ប្រៀប​ដូច​ជា​ទី​បាំង​ពី​ខ្យល់ និង​ជា​ទី​ជ្រក​ពី​ព្យុះ​ភ្លៀង។

ពួក​គាត់​នឹង​ប្រៀប​ដូច​ជា​ទឹក​អូរ​នៅ​តំបន់​រាំង​ស្ងួត+

និង​ប្រៀប​ដូច​ជា​ម្លប់​នៃ​ថ្ម​ដា​យ៉ាង​ធំ​នៅ​តំបន់​ហួត​ហែង។

 ៣ ពេល​នោះ ភ្នែក​របស់​ពួក​អ្នក​ដែល​មើល​ឃើញ នឹង​លែង​បិទ​ទៀត

ហើយ​ត្រចៀក​របស់​ពួក​អ្នក​ដែល​ស្ដាប់​ឮ នឹង​ប្រុង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។

 ៤ ចិត្ត​របស់​ពួក​អ្នក​រលះ​រលាំង នឹង​រំពឹង​គិត​អំពី​ចំណេះ

ហើយ​អណ្ដាត​ត្រដិត នឹង​និយាយ​យ៉ាង​ច្បាស់​ហើយ​យ៉ាង​ស្ទាត់។+

 ៥ ចំពោះ​មនុស្ស​ឥត​ចេះ​ពិចារណា ពួក​គេ​នឹង​លែង​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​ទៀត​ហើយ

ឯ​មនុស្ស​ដែល​គ្មាន​គោល​ការណ៍​សីលធម៌ ពួក​គេ​ក៏​នឹង​លែង​ទទួល​កិត្តិយស​ទៀត​ដែរ។

 ៦ ព្រោះ​សម្ដី​របស់​មនុស្ស​ឥត​ចេះ​ពិចារណា​គឺ​ឥត​បាន​ការ​អ្វី​ឡើយ

ហើយ​ចិត្ត​របស់​គាត់​នឹង​រៀប​គម្រោង​អាក្រក់+

ដើម្បី​បង្កើត​ការ​ក្បត់​ជំនឿ ហើយ​និយាយ​អ្វី​ដែល​មិន​ពិត​ទាស់​នឹង​ព្រះ​យេហូវ៉ា

និង​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដែល​ស្រេក​ឃ្លាន គ្មាន​អាហារ​បរិភោគ

ព្រម​ទាំង​បណ្ដាល​ឲ្យ​អ្នក​ដែល​ស្រេក​ទឹក​គ្មាន​ទឹក​ផឹក។

 ៧ វិធីសាស្ត្រ​របស់​មនុស្ស​ដែល​គ្មាន​គោល​ការណ៍​សីលធម៌​សុទ្ធ​តែ​អាក្រក់+

គាត់​លើក​ស្ទួយ​ការ​ប្រព្រឹត្ត​ដែល​គួរ​ឲ្យ​ខ្មាស

ដើម្បី​បំផ្លាញ​មនុស្ស​ដែល​រង​ទុក្ខ​ដោយ​ពាក្យ​កុហក+

ទោះ​ជា​ពេល​ដែល​ជន​ក្រី​ក្រ​និយាយ​អ្វី​ត្រឹម​ត្រូវ​ក៏​ដោយ។

 ៨ ឯ​អ្នក​ដែល​មាន​ចិត្ត​ទូលាយ គាត់​តែង​តែ​ចង់​ឲ្យ​គេ​ដោយ​ឥត​កំណាញ់

ហើយ​គាត់​ខំ​ព្យាយាម​បង្ហាញ​ចិត្ត​ទូលាយ​ជា​និច្ច។*

 ៩ ​«​ឱ​ស្ត្រី​ដែល​មិន​ចេះ​អើពើ​អើយ! ចូរ​ក្រោក​ឡើង ហើយ​ស្ដាប់​សំឡេង​ខ្ញុំ​ចុះ!

ឱ​កូន​ស្រី​ដែល​មិន​ចេះ​ខ្វល់​អើយ!+ ចូរ​ប្រុង​ស្ដាប់​សម្ដី​របស់​ខ្ញុំ។

១០ មិន​យូរ​ក្រោយ​ពី​មួយ​ឆ្នាំ​ទៀត អ្នក​រាល់​គ្នា​ដែល​មិន​ចេះ​ខ្វល់​ខ្វាយ នឹង​ញ័រ​រន្ធត់ ព្រោះ​ក្នុង​អំឡុង​រដូវ​ប្រមូល​ផល​ទំពាំង​បាយ​ជូរ នឹង​គ្មាន​ផ្លែ​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ប្រមូល​ទេ។+

១១ ឱ​ស្ត្រី​ដែល​មិន​ចេះ​អើពើ​អើយ! ចូរ​ភ័យ​តក់​ស្លុត​ចុះ!

ឱ​អ្នក​ដែល​មិន​ចេះ​ខ្វល់​អើយ! ចូរ​ញ័រ​រន្ធត់​ទៅ!

ចូរ​ដោះ​សម្លៀក​បំពាក់​ចេញ រួច​ស្លៀក​បាវ​វិញ។+

១២ ចូរ​គក់​ទ្រូង​យំ​ស្រណោះ​នឹង​ចម្ការ​ល្អ​ៗ​

និង​ដើម​ទំពាំង​បាយ​ជូរ​ដែល​ធ្លាប់​មាន​ផល​ផ្លែ​ច្រើន​ទៅ។

១៣ ព្រោះ​ដី​ធ្លី​របស់​រាស្ត្រ​ខ្ញុំ នឹង​ដុះ​សុទ្ធ​តែ​បន្លា។

បន្លា​ទាំង​នោះ​នឹង​ដុះ​ពេញ​ផ្ទះ​ទាំង​ឡាយ​ដែល​ធ្លាប់​មាន​អំណរ

គឺ​ពេញ​ក្រុង​ដែល​ធ្លាប់​មាន​ការ​សប្បាយ​រីករាយ។+

១៤ ព្រោះ​ប៉ម​រឹង​មាំ​បាន​ត្រូវ​ទុក​ចោល

ក្រុង​ដ៏​អ៊ូអរ​ក៏​បាន​ត្រូវ​បោះ​បង់​ចោល​ដែរ។+

អូផែល+និង​ប៉ម​ចាំ​យាម បាន​ទៅ​ជា​ស្ងាត់​ជ្រងំ​ជា​រៀង​រហូត

ហើយ​ទៅ​ជា​ទី​រីករាយ​ដល់​ហ្វូង​លា​ព្រៃ និង​ទៅ​ជា​វាល​ស្មៅ​ដល់​ហ្វូង​ចៀម។+

១៥ ដរាប​ដល់​ព្រះ​ចាក់​ឫទ្ធានុភាព​មក​លើ​យើង+

តំបន់​ស្ងាត់​ជ្រងំ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ចម្ការ

ហើយ​ចម្ការ​នោះ​នឹង​ត្រូវ​គេ​ចាត់​ទុក​ជា​ព្រៃ​វិញ។+

១៦ នៅ​ពេល​នោះ យុត្តិធម៌​នឹង​ស្ថិត​នៅ​តំបន់​ស្ងាត់​ជ្រងំ

ហើយ​សេចក្ដី​សុចរិត​នឹង​អាស្រ័យ​នៅ​ក្នុង​ចម្ការ​នោះ។+

១៧ សេចក្ដី​សុចរិត​ពិត​នឹង​នាំ​មក​នូវ​សន្តិភាព+

ផល​ផ្លែ​នៃ​សេចក្ដី​សុចរិត​ពិត គឺ​ជា​សេចក្ដី​សុខ​សាន្ត​និង​ជា​សុវត្ថិភាព​ដ៏​ស្ថិត​ស្ថេរ។+

១៨ រាស្ត្រ​ខ្ញុំ​នឹង​រស់​នៅ​កន្លែង​ដែល​មាន​សន្តិភាព

ហើយ​អាស្រ័យ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​និង​សេចក្តី​សុខ​សាន្ត។+

១៩ ប៉ុន្តែ ដុំ​ទឹក​កក​នឹង​ធ្លាក់​មក​ពង្រាប​ព្រៃ

ហើយ​បំបាក់​បំបែក​ក្រុង​ឲ្យ​រាប​ធេង​អស់។

២០ មាន​សុភមង្គល​ហើយ! អស់​អ្នក​ដែល​សាប​ព្រោះ​តាម​ផ្លូវ​ទឹក

និង​អស់​អ្នក​បាន​លែង​គោ​ឈ្មោល​និង​សត្វ​លា​»។+

៣៣ វេទនា​ហើយ! អ្នក​ដែល​បំផ្លាញ​គេ ហើយ​មិន​ទាន់​ត្រូវ​គេ​បំផ្លាញ+

វេទនា​ហើយ! អ្នក​ដែល​ក្បត់​គេ ហើយ​មិន​ទាន់​ត្រូវ​គេ​ក្បត់​វិញ។

ព្រោះ​ពេល​អ្នក​បំផ្លាញ​ចប់​ហើយ គេ​នឹង​បំផ្លាញ​អ្នក​វិញ។+

ក្រោយ​ពី​អ្នក​ក្បត់​គេ​ហើយ គេ​នឹង​ក្បត់​អ្នក​វិញ។

 ២ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​បង្ហាញ​ការ​ពេញ​ចិត្ត​ដល់​យើង​ផង+

ព្រោះ​យើង​សង្ឃឹម​លើ​លោក​ហើយ។

សូម​ផ្ដល់​កម្លាំង​ដល់​យើង+រៀង​រាល់​ព្រឹក

ហើយ​សូម​ធ្វើ​ជា​អ្នក​សង្គ្រោះ​យើង​នៅ​គ្រា​លំបាក។+

 ៣ ពេល​ឮ​សំឡេង​លាន់​រំពង​របស់​លោក បណ្ដា​ជន​នាំ​គ្នា​រត់​គេច។

ពេល​លោក​ក្រោក​ឡើង ប្រជា​ជាតិ​ទាំង​ឡាយ​រត់​ខ្ចាត់​ខ្ចាយ។+

 ៤ ហ្វូង​កណ្ដូប​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​ណា នោះ​គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្តិ​របស់​អ្នក​យ៉ាង​នោះ​ដែរ

មនុស្ស​នឹង​សម្រុក​ចូល​ទៅ​យក ដូច​ជា​ហ្វូង​កណ្ដូប​ពពាក់​ពពូន​គ្នា។

 ៥ ព្រះ​យេហូវ៉ា​នឹង​ទទួល​ការ​លើក​តម្កើង

ព្រោះ​លោក​អាស្រ័យ​នៅ​ស្ថាន​ដ៏​ខ្ពស់។

លោក​នឹង​ធ្វើ​ឲ្យ​ភ្នំ​ស៊ីយ៉ូន​ពេញ​ទៅ​ដោយ​សេចក្ដី​សុចរិត​យុត្តិធម៌។

 ៦ លោក​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​សុវត្ថិភាព។

ឯ​សេចក្ដី​សង្គ្រោះ+ ប្រាជ្ញា ចំណេះ និង​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា+​នឹង​មាន​ជា​បរិបូរ នេះ​ហើយ​ជា​ទ្រព្យ​វិសេស​របស់​លោក។*

 ៧ មើល! វីរបុរស​របស់​ពួក​គេ​នឹង​ស្រែក​នៅ​តាម​ផ្លូវ

ហើយ​ពួក​អ្នក​នាំ​សារ​ដែល​ទៅ​សុំ​សន្តិភាព នឹង​ទ្រហោ​យំ​យ៉ាង​ខ្លាំង។

 ៨ នៅ​តាម​ផ្លូវ​ធំ​នឹង​គ្មាន​មនុស្ស​ទេ ហើយ​ក៏​គ្មាន​អ្នក​ដំណើរ​នៅ​លើ​ផ្លូវ​តូច​ដែរ។

គាត់*បាន​បំពាន​កិច្ច​ព្រម​ព្រៀង គាត់​មើល​ងាយ​ក្រុង​ទាំង​ឡាយ

ហើយ​មិន​យោគ​យល់​ដល់​អ្នក​ណា​ម្នាក់​ឡើយ។+

 ៩ ទឹក​ដី​នឹង​យំ​កាន់​ទុក្ខ* ហើយ​ខ្សោយ​ទៅ​ៗ។

តំបន់​ភ្នំ​លីបង់​នឹង​រង​ការ​អាម៉ាស់+ ហើយ​ពុក​ផុយ​ទៅ។

វាល​សារ៉ុន​នឹង​ទៅ​ដូច​ជា​តំបន់​ស្ងាត់​ជ្រងំ

ហើយ​តំបន់​បាសាន​និង​ភ្នំ​កើមែល នឹង​ជ្រុះ​ស្លឹក​អស់។+

១០ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ឥឡូវ ខ្ញុំ​នឹង​ក្រោក​ឡើង

ខ្ញុំ​នឹង​លើក​កិត្តិយស​ខ្ញុំ+ ខ្ញុំ​នឹង​លើក​តម្កើង​ខ្លួន​ខ្ញុំ។

១១ អ្នក​នឹង​មាន​គភ៌​ជា​ស្មៅ​ក្រៀម​ស្វិត ហើយ​សម្រាល​បាន​ជា​ចំបើង​វិញ។

ចិត្ត​គំនិត​របស់​អ្នក​នឹង​បំផ្លាញ​អ្នក ដូច​ជា​ភ្លើង​ឆាប​ឆេះ។+

១២ បណ្ដា​ជន​នឹង​ប្រៀប​ដូច​ជា​ផេះ​កំបោរ។

ពួក​គេ​នឹង​ត្រូវ​បំផ្លាញ ដូច​ជា​គុម្ព​បន្លា​ដែល​គេ​កាប់​ដុត​ចោល។+

១៣ ឱ​អ្នក​ដែល​នៅ​ឆ្ងាយ​អើយ! ចូរ​ស្ដាប់​អំពី​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​ចុះ!

ឱ​អ្នក​ដែល​នៅ​ជិត​អើយ! ចូរ​ទទួល​ស្គាល់​ឫទ្ធានុភាព​របស់​ខ្ញុំ!

១៤ នៅ​ភ្នំ​ស៊ីយ៉ូន ពួក​អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង​ភ័យ​តក់​ស្លុត+

ហើយ​ពួក​អ្នក​ក្បត់​ជំនឿ​ញ័រ​រន្ធត់ ដោយ​និយាយ​ថា​៖

‹តើ​មាន​អ្នក​ណា​ម្នាក់​អាច​រស់​ក្បែរ​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​បាន​ទៅ?+

តើ​មាន​អ្នក​ណា​ម្នាក់​អាច​រស់​នៅ​ជិត​អណ្ដាត​ភ្លើង​ឆាប​ឆេះ​រហូត​បាន?›។

១៥ គឺ​អ្នក​ណា​ដែល​ដើរ​ក្នុង​ផ្លូវ​សុចរិត​ជា​និច្ច+ ជា​អ្នក​និយាយ​ទៀង​ត្រង់+

មិន​រក​កម្រៃ​ដោយ​ការ​បោក​ប្រាស់ និង​ដោយ​ការ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់

ហើយ​មិន​លូក​ដៃ​ទៅ​ទទួល​សំណូក+

និង​ខ្ទប់​ត្រចៀក​មិន​ស្ដាប់​គម្រោង​ការ​សម្លាប់​មនុស្ស

ថែម​ទាំង​បិទ​ភ្នែក​មិន​ព្រម​មើល​ការ​អាក្រក់​ឡើយ។

១៦ គាត់​នឹង​អាស្រ័យ​នៅ​កន្លែង​ដ៏​ខ្ពស់

ហើយ​ជម្រក​របស់​គាត់​មាន​សុវត្ថិភាព ព្រោះ​ស្ថិត​នៅ​ក្នុង​បន្ទាយ​ថ្ម។

គាត់​តែង​តែ​ទទួល​អាហារ និង​ទឹក​មិន​ដែល​ខាន​ឡើយ​»។+

១៧ ភ្នែក​ទាំង​គូ​របស់​អ្នក​នឹង​ឃើញ​ស្ដេច​ដែល​ពេញ​ទៅ​ដោយ​សិរី​រុង​រឿង

ហើយ​នឹង​មើល​ឃើញ​ស្រុក​មួយ​ដែល​នៅ​ឆ្ងាយ។

១៨ ក្នុង​ចិត្ត អ្នក​នឹង​នឹក​ឃើញ*នូវ​គ្រា​ដ៏​រន្ធត់ ហើយ​សួរ​ថា​៖

​«​តើ​លេខាធិការ​នៅ​ឯ​ណា?

តើ​អ្នក​ដែល​បង់​សួយ​អាករ​ទៅ​ណា​បាត់​ហើយ?+

តើ​អ្នក​ដែល​រាប់​ប៉ម​នៅ​ឯ​ណា?​»។

១៩ នៅ​ពេល​នោះ អ្នក​នឹង​លែង​ឃើញ​ប្រជា​ជាតិ​ដែល​គ្មាន​ការ​គោរព​នេះ​ទៀត​ហើយ

ជា​ប្រជា​ជាតិ​ដែល​និយាយ​ភាសា ដែល​អ្នក​ស្ដាប់​មិន​បាន

ហើយ​និយាយ​ត្រដិត ដែល​អ្នក​ស្ដាប់​មិន​យល់។+

២០ ចូរ​មើល​ទៅ​ក្រុង​ស៊ីយ៉ូន ជា​ក្រុង​ដែល​យើង​តែង​តែ​ធ្វើ​ពិធី​បុណ្យ។+

អ្នក​នឹង​មើល​ទៅ​ក្រុង​យេរូសាឡិម ជា​កន្លែង​រស់​នៅ​ដ៏​សុខ​សាន្ត

ជា​ត្រសាល​ដែល​នៅ​ស្ថិត​ស្ថេរ។+

ឯ​ស្នឹង​ត្រសាល​នឹង​មិន​ត្រូវ​ដក​ចេញ​ទេ

ហើយ​ខ្សែ​ពួរ​សម្រាប់​ចង​ក៏​មិន​ត្រូវ​បណ្ដាច់​ដែរ។

២១ ប៉ុន្តែ នៅ​ទី​នោះ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​រុង​រឿង​អស្ចារ្យ

នឹង​ការ​ពារ​យើង ដូច​ទន្លេ​និង​ផ្លូវ​ទឹក​ការ​ពារ​ក្រុង​ដែល​គ្មាន​នាវា​ឆ្លង​កាត់

ឬ​គ្មាន​សំពៅ​ធំ​សម្បើម​ធ្វើ​ដំណើរ​លើ​នោះ​ឡើយ។

២២ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​របស់​យើង+

ព្រះ​យេហូវ៉ា​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង+

ព្រះ​យេហូវ៉ា​ជា​មហា​ក្សត្រ​របស់​យើង+

គឺ​លោក​ហើយ​ជា​អ្នក​សង្គ្រោះ​យើង។+

២៣ ឯ​ខ្សែ​ពួរ​ទាំង​ប៉ុន្មាន​នឹង​ធូរ​អស់

មិន​អាច​ចង​ទប់​ដង​ក្ដោង​ឲ្យ​មាំ​បាន​ទេ ហើយ​ក៏​មិន​អាច​ចង​ក្ដោង​បាន​ដែរ។

នៅ​គ្រា​នោះ គេ​នឹង​រឹប​អូស​បាន​របស់​របរ​យ៉ាង​ច្រើន​សន្ធឹក យក​មក​ចែក​គ្នា

គឺ​មាន​ច្រើន​ដល់​ម្ល៉េះ សូម្បី​តែ​មនុស្ស​ខ្វិន​ក៏​ប្រមូល​បាន​ច្រើន​ដែរ។+

២៤ រីឯ​បណ្ដា​ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ពួក​គេ​នឹង​មិន​និយាយ​ថា​៖ ​«​ខ្ញុំ​ឈឺ​»​ទៀត​ឡើយ+

ព្រោះ​ពួក​គេ​នឹង​ទទួល​ការ​អភ័យ​ទោស​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន។+

៣៤ ឱ​ប្រជា​ជាតិ​នា​នា​អើយ! ចូរ​មក​ជិត​ហើយ​ស្ដាប់​ចុះ!

ឱ​បណ្ដា​ជន​ទាំង​ឡាយ​អើយ! ចូរ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

ឱ​ផែនដី​និង​អ្វី​ដែល​មាន​នៅ​លើ​នោះ ចូរ​ប្រុង​ស្ដាប់​ចុះ!

ចូរ​ឲ្យ​ទឹក​ដី​និង​ភោគ​ផល​ទាំង​អស់​ត្រង​ត្រាប់​ស្ដាប់។

 ២ ព្រោះ​កំហឹង​របស់​ព្រះ​យេហូវ៉ា​ទាស់​នឹង​ប្រជា​ជាតិ​ទាំង​ឡាយ+

ហើយ​សេចក្ដី​ក្រោធ​របស់​លោក​ប្រឆាំង​នឹង​ពល​ទ័ព​របស់​ពួក​គេ។+

លោក​នឹង​បំផ្លាញ​ពួក​គេ​ឲ្យ​សាប​សូន្យ​ទៅ គឺ​លោក​នឹង​ប្រហារ​ជីវិត​ពួក​គេ។+

 ៣ សាក​សព​របស់​ពួក​គេ​នឹង​ត្រូវ​ទុក​ចោល

ហើយ​ក្លិន​ស្អុយ​ពី​សព​ទាំង​នោះ​នឹង​សាយភាយ​ឡើង+

ឯ​ឈាម​របស់​ពួក​គេ​នឹង​ហូរ​ស្រោច​ស្រព​លើ​ភ្នំ​ទាំង​ឡាយ។+

 ៤ កង​ទ័ព​ទាំង​អស់​នៅ​លើ​មេឃ*នឹង​វិនាស​ទៅ

ហើយ​មេឃ​នឹង​ត្រូវ​មូរ​ដូច​ជា​រមូរ។

ពល​ទ័ព​ទាំង​ឡាយ​របស់​ពួក​គេ​នឹង​សាប​សូន្យ​ទៅ

ដូច​ជា​ស្លឹក​ទំពាំង​បាយ​ជូរ​ក្រៀម​ស្រពោន​ជ្រុះ​ចាក​មែក

និង​ដូច​ជា​ផ្លែ​ល្វា*ស្វិត​ជ្រុះ​ពី​ដើម។

 ៥ ​«​ព្រោះ​នៅ​លើ​មេឃ ដាវ​ខ្ញុំ​នឹង​ត្រូវ​ប្រឡាក់​ជោក​ជាំ។+

ខ្ញុំ​នឹង​ប្រើ​ដាវ​នេះ​ដើម្បី​វិនិច្ឆ័យ​ទោស​ស្រុក​អេដំ+

គឺ​បណ្ដា​ជន​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​បំផ្លាញ​ចោល។

 ៦ ដាវ​របស់​ព្រះ​យេហូវ៉ា​នឹង​ជោក​ជាំ​ដោយ​ឈាម

ជា​ឈាម​របស់​ចៀម​ឈ្មោល​និង​ឈាម​ពពែ

ថែម​ទាំង​ជោក​ជាំ​ដោយ​ខ្លាញ់​ផង​ដែរ+

ជា​ខ្លាញ់​ជាប់​តម្រង​នោម​របស់​ចៀម​ឈ្មោល។

ព្រោះ​ព្រះ​យេហូវ៉ា​មាន​គ្រឿង​បូជា​នៅ​ក្រុង​បូសរ៉ា

គឺ​ជា​ការ​ប្រហារ​ដ៏​ធំ​សម្បើម​នៅ​ស្រុក​អេដំ។+

 ៧ គោ​ព្រៃ​នឹង​ចុះ​ទៅ​ជា​មួយ​នឹង​ពួក​វា គឺ​គោ​ស្ទាវ​និង​គោបា​មាំ​ៗ។

ស្រុក​របស់​ពួក​គេ​នឹង​ត្រូវ​ពេញ​ទៅ​ដោយ​ឈាម

ឯ​ដី​របស់​ពួក​គេ​វិញ ក៏​នឹង​ជោក​ជាំ​ដោយ​ខ្លាញ់​ដែរ​»។

 ៨ ព្រោះ​ព្រះ​យេហូវ៉ា​មាន​ថ្ងៃ​នៃ​ការ​សង​សឹក+

ហើយ​ក៏​មាន​ឆ្នាំ​ជម្រះ​បញ្ជី​ពួក​គេ​ជំនួស​បណ្ដា​ជន​នៅ​ក្រុង​ស៊ីយ៉ូន​ដែរ។+

 ៩ ទឹក​អូរ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ*នឹង​ប្រែ​ទៅ​ជា​ជ័រ​ខ្មៅ

ហើយ​ធូលី​នឹង​ប្រែ​ទៅ​ជា​ស្ពាន់ធ័រ។

ទឹក​ដី​ទាំង​មូល​នឹង​ដូច​ជា​ជ័រ​ដែល​កំពុង​ឆេះ​ហុយ​ទ្រ​លោម

១០ គឺ​ឆេះ​ទាំង​យប់​ទាំង​ថ្ងៃ មិន​អាច​ពន្លត់​បាន​ឡើយ។

ឯ​ផ្សែង​វិញ ចេះ​តែ​ហុយ​ខ្មួល​ខ្មាញ់​ជា​និច្ច។

ក្រុង​នោះ​នឹង​ត្រូវ​វិនាស​ហិនហោច​ជា​ដរាប​គ្រប់​ជំនាន់​ត​ទៅ

ហើយ​គ្មាន​អ្នក​ណា​ធ្វើ​ដំណើរ​កាត់​តាម​ក្រុង​នោះ​ជា​រៀង​រហូត។+

១១ សត្វ​ទុង​និង​សត្វ​កាំប្រមា​នឹង​រស់​នៅ​ទី​នោះ

ហើយ​សត្វ​ទីទុយ*និង​ក្អែក​ក៏​នឹង​មាន​ជម្រក​នៅ​ទី​នោះ​ដែរ។

ដោយ​ប្រើ​ខ្សែ​និង​ប្រយោល ព្រះ​នឹង​វាស់​ស្រុក​នោះ

ដើម្បី​បង្ហាញ​ថា​ស្រុក​នោះ​នឹង​ត្រូវ​បំផ្លាញ​ហើយ​នៅ​ទទេ។

១២ គ្មាន​អ្នក​ធំ​ណា​ម្នាក់ នឹង​ត្រូវ​ហៅ​ឲ្យ​ទៅ​គ្រង​រាជ្យ​នោះ​ទេ

ហើយ​ពួក​អ្នក​ដឹក​នាំ​ទាំង​អស់​ក៏​នឹង​សាប​សូន្យ​ដែរ។

១៣ បន្លា​នឹង​ដុះ​ពេញ​ប៉ម​រឹង​មាំ​ទាំង​ប៉ុន្មាន​ក្នុង​ក្រុង​នោះ

ហើយ​ក៏​មាន​ដើម​បន្លា​និង​ស្មៅ​ចង្រៃ​ដុះ​ពេញ​បន្ទាយ​នា​នា​ដែរ។

ក្រុង​នោះ​នឹង​ទៅ​ជា​ជម្រក​ឆ្កែ​ព្រៃ+ និង​ជា​លំនៅ​របស់​សត្វ​អូទ្រីស​វិញ។

១៤ សត្វ​ដែល​រស់​នៅ​តំបន់​ស្ងាត់​ជ្រងំ​នឹង​នៅ​ជុំ​គ្នា​ជា​មួយ​នឹង​សត្វ​ដែល​ចេះ​លូ

ហើយ​ពពែ​ព្រៃ*នឹង​ហៅ​រក​គ្នា។

ឯ​បក្សី​ពព្លាក់*នឹង​ធ្វើ​សម្បុក​ហើយ​រស់​នៅ​ទី​នោះ។

១៥ សត្វ​ពស់​ធ្វើ​សម្បុក​និង​ពង​នៅ​ទី​នោះ ហើយ​ភ្ញាស់​កូន និង​ការ​ពារ​កូន​វា។

នៅ​ទី​នោះ មាន​ហ្វូង​ខ្លែង​ប្រមូល​ផ្គុំ​គ្នា​ជា​គូ​ៗ។

១៦ ចូរ​ស្វែង​រក​ក្នុង​សៀវភៅ​របស់​ព្រះ​យេហូវ៉ា ហើយ​អាន​ឲ្យ​ឮ​ៗ​ថា​៖

គ្មាន​សត្វ​ណា​មួយ​អាក់​ខាន​ឡើយ។ ពួក​វា​ទាំង​អស់​សុទ្ធ​តែ​មាន​គូ

ព្រោះ​ព្រះ​យេហូវ៉ា​បាន​ចេញ​បង្គាប់​ហើយ

ពួក​វា​បាន​ប្រមូល​ផ្ដុំ​គ្នា​ដោយ​ឫទ្ធានុភាព​របស់​លោក។

១៧ លោក​គឺ​ជា​អ្នក​ដែល​ចាប់​ឆ្នោត​ឲ្យ​ពួក​វា

ហើយ​លោក​វាស់​ទី​តាំង​ឲ្យ​ពួក​វា​រស់​នៅ​ដោយ​ដៃ​លោក​ផ្ទាល់។

ពួក​វា​នឹង​រស់​នៅ​ទី​នោះ​ជា​ដរាប គឺ​អាស្រ័យ​នៅ​ទី​នោះ​គ្រប់​ជំនាន់​ត​រៀង​ទៅ។

៣៥ តំបន់​ស្ងាត់​ជ្រងំ​និង​តំបន់​ហួត​ហែង​នឹង​អរ​សប្បាយ+

វាល​រហោស្ថាន​នឹង​ត្រេក​អរ ហើយ​មាន​ផ្កា*រីក​ស្គុសស្គាយ។+

 ២ តំបន់​នោះ​នឹង​ពោរ​ពេញ​ទៅ​ដោយ​រុក្ខជាតិ​ស្រស់បំព្រង+

ហើយ​ពោរ​ពេញ​ទៅ​ដោយ​អំណរ​ក្រៃ​លែង។

សូម្បី​តែ​សោភ័ណ​ភាព​នៅ​តំបន់​ភ្នំ​លីបង់ ក៏​មិន​អាច​ប្រៀប​ផ្ទឹម​បាន​ដែរ+

គឺ​ស្អាត​ជាង​ភ្នំ​កើមែល+ និង​វាល​សារ៉ុន​ទៅ​ទៀត។+

គេ​នឹង​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា គឺ​ភាព​ឧត្តុង្គ​ឧត្តម​របស់​ព្រះ​នៃ​យើង។

 ៣ ចូរ​ចម្រើន​កម្លាំង​ដល់​ដៃ​ដែល​ខ្សោយ ហើយ​ពង្រឹង​ជង្គង់​ដែល​ញ័រ​ឲ្យ​មាំ។+

 ៤ ចូរ​និយាយ​ទៅ​កាន់​អស់​អ្នក​ដែល​ខ្វល់​ចិត្ត​ថា​៖

​«​ចូរ​ខ្លាំង​ក្លា​ឡើង ហើយ​កុំ​ភ័យ​ខ្លាច​ឡើយ។

មើល! ព្រះ​របស់​អ្នក​នឹង​មក​សង​សឹក​ជំនួស​អ្នក

លោក​នឹង​មក​ជម្រះ​បញ្ជី​ពួក​គេ+ គឺ​លោក​នឹង​មក ហើយ​ជួយ​សង្គ្រោះ​អ្នក​»។+

 ៥ នៅ​គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ+

ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ស្ដាប់​ឮ។+

 ៦ គ្រា​នោះ មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើស+

ហើយ​អណ្ដាត​របស់​មនុស្ស​គ​នឹង​ស្រែក​ឡើង​ដោយ​អំណរ។+

ឯ​តំបន់​ស្ងាត់​ជ្រងំ​នឹង​មាន​ទឹក​ផុស​ឡើង

ហើយ​តំបន់​វាល​ទំនាប​នឹង​មាន​ផ្លូវ​ទឹក​ហូរ​ខ្វាត់​ខ្វែង។

 ៧ ដី​ដែល​ហួត​ហែង​នឹង​ក្លាយ​ទៅ​ជា​បឹង

ដី​ដែល​ប្រេះ​ក្រហែង​នឹង​ប្រែ​ទៅ​ជា​ប្រភព​ទឹក។+

ឯ​កន្លែង​ដែល​ឆ្កែ​ព្រៃ​អាស្រ័យ​នៅ+

នឹង​ដុះ​ស្មៅ​ខៀវ​ខ្ចី ថែម​ទាំង​មាន​ដើម​កក់ និង​ដើម​ត្រែង​ផង​ដែរ។

 ៨ នៅ​ទី​នោះ​នឹង​មាន​ផ្លូវ​ធំ​មួយ+ គឺ​ជា​ផ្លូវ​ដែល​គេ​ហៅ​ថា​ផ្លូវ​បរិសុទ្ធ

មនុស្ស​មិន​ស្អាត​បរិសុទ្ធ​នឹង​មិន​អាច​ដើរ​លើ​ផ្លូវ​នោះ​ទេ។+

ផ្លូវ​នោះ​ទុក​សម្រាប់​តែ​មនុស្ស​ដែល​ទទួល​ការ​អនុញ្ញាត​ប៉ុណ្ណោះ

ហើយ​មនុស្ស​ល្ងី​ល្ងើ​មិន​អាច​ដើរ​លើ​ផ្លូវ​នោះ​បាន​ឡើយ។

 ៩ លើ​ផ្លូវ​នោះ​នឹង​គ្មាន​សត្វ​តោ ឬ​សត្វ​សាហាវ​ឆ្លង​កាត់​ទេ

គឺ​គ្មាន​ពួក​វា​ទាល់​តែ​សោះ+

មាន​តែ​អស់​អ្នក​ដែល​បាន​ត្រូវ​លោះ​ប៉ុណ្ណោះ ដែល​នឹង​ដើរ​លើ​ផ្លូវ​នោះ។+

១០ អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ នឹង​ត្រឡប់​មក+ក្រុង​ស៊ីយ៉ូន​វិញ​ទាំង​ស្រែក​អបអរ។+

ពួក​គេ​នឹង​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​រៀង​រហូត+

ពោល​គឺ​ពួក​គេ​មាន​ចិត្ត​ត្រេក​អរ​និង​អំណរ​ជា​ដរាប

ហើយ​ពួក​គេ​នឹង​លែង​មាន​ទុក្ខ​ព្រួយ ឬ​ស្រែក​ថ្ងូរ​ទៀត​ហើយ។+

៣៦ នៅ​ឆ្នាំ​ទី​១៤​នៃ​រាជ្យ​ហេសេគា សានហេរីប​ស្ដេច​ស្រុក​អាស៊ីរី+ឡើង​ទៅ​ច្បាំង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​អស់​ដែល​មាន​កំពែង​រឹង​មាំ ក្នុង​ស្រុក​យូដា។+ ២ បន្ទាប់​មក ស្ដេច​ស្រុក​អាស៊ីរី​ក៏​បាន​ចាត់​រ៉ាបសាកេ*+ ឲ្យ​នាំ​ទ័ព​យ៉ាង​ច្រើន​ពី​ក្រុង​ឡាគីស+ ទៅ​ជួប​ស្ដេច​ហេសេគា​នៅ​ក្រុង​យេរូសាឡិម។ ពេល​ទៅ​ដល់ ពួក​គេ​ឈរ​នៅ​ក្បែរ​ប្រឡាយ​ចេញ​ពី​អាង​ទឹក​ខាង​លើ+ ដែល​នៅ​តាម​ផ្លូវ​ទៅ​វាល​អ្នក​បោក​គក់។+ ៣ រួច​មក អេលាគីម+ជា​កូន​ហ៊ីលគីយ៉ា​ដែល​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច សេបណា+ជា​លេខាធិការ និង​យ៉ូអា​ជា​កូន​អេសាភ​ដែល​ជា​អ្នក​កត់​ត្រា បាន​ចេញ​មក​ជួប​គាត់។

៤ ដូច្នេះ រ៉ាបសាកេ​ក៏​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​ហេសេគា​ថា​៖ ‹ស្ដេច​ស្រុក​អាស៊ីរី​ជា​ស្ដេច​ដ៏​ខ្លាំង​ក្លា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​តើ​អ្នក​ឯង​អាង​លើ​អ្វី?+ ៥ អ្នក​ឯង​និយាយ​ថា​៖ ‹ខ្ញុំ​មាន​យុទ្ធសាស្ត្រ​និង​កម្លាំង​ទ័ព​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ចម្បាំង›។ ប៉ុន្តែ ពាក្យ​ទាំង​នេះ​សុទ្ធ​តែ​ឥត​បាន​ការ​ទេ។ តើ​អ្នក​ឯង​ទុក​ចិត្ត​លើ​អ្នក​ណា បាន​ជា​ហ៊ាន​បះ​បោរ​ប្រឆាំង​ដូច្នេះ?+ ៦ អ្នក​ឯង​ទុក​ចិត្ត​លើ​ស្រុក​អេហ្ស៊ីប​ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​បាក់ មែន​ទេ? អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប គឺ​ដូច​ជា​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ ដែល​នាំ​ឲ្យ​មុត​ធ្លុះ​ដៃ​ប៉ុណ្ណោះ។ ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប​គឺ​ដូច​នេះ​ឯង​ដល់​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​គាត់។+ ៧ បើ​អ្នក​រាល់​គ្នា​និយាយ​មក​កាន់​ខ្ញុំ​ថា​៖ ‹យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង› តើ​ឲ្យ​ទុក​ចិត្ត​ម្ដេច​បាន? ព្រោះ​ហេសេគា​បាន​បំផ្លាញ​ទី​បូជា​និង​ទី​ខ្ពស់​ពិសិដ្ឋ​របស់​ព្រះ+ រួច​និយាយ​ទៅ​កាន់​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​មក​ក្រាប​គោរព​នៅ​ចំពោះ​ទី​បូជា​នេះ នៅ​ក្រុង​យេរូសាឡិម​វិញ›​»​›។+ ៨ ឥឡូវ​សាកល្បង​ភ្នាល់​នឹង​ស្ដេច​ស្រុក​អាស៊ីរី+ជា​ម្ចាស់​របស់​ខ្ញុំ​មើល ខ្ញុំ​នឹង​ឲ្យ​សេះ​២.០០០​ក្បាល​ដល់​អ្នក​ឯង ចាំ​មើល​ថា​អ្នក​ឯង​អាច​រក​អ្នក​ជិះ​បាន​ឬ​យ៉ាង​ណា។ ៩ ទោះ​ជា​អ្នក​ឯង​ពឹង​ទ័ព​សេះ​និង​ទ័ព​រទេះ​ចម្បាំង​របស់​ពួក​អេហ្ស៊ីប​ក្ដី តើ​អ្នក​ឯង​អាច​ច្បាំង​ឈ្នះ​អភិបាល​តូច​តាច​បំផុត​របស់​ម្ចាស់​ខ្ញុំ​បាន​ទេ? ១០ តើ​មិន​មែន​ព្រះ​យេហូវ៉ា​ទេ​ឬ ដែល​បាន​បង្គាប់​ខ្ញុំ​ឲ្យ​មក​ច្បាំង​បំផ្លាញ​ក្រុង​នេះ? ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា​៖ ‹ចូរ​ឡើង​ទៅ​ច្បាំង​ហើយ​បំផ្លាញ​ក្រុង​នោះ​ចោល​ទៅ›​»។

១១ ខណៈ​នោះ អេលាគីម សេបណា+ និង​យ៉ូអា ក៏​និយាយ​ទៅ​កាន់​រ៉ាបសាកេ​ថា​៖+ ​«​សូម​លោក​និយាយ​មក​កាន់​យើង​ខ្ញុំ​ជា​ភាសា​អេរ៉ាម*ចុះ+ ព្រោះ​យើង​ខ្ញុំ​អាច​យល់​បាន។ សូម​កុំ​និយាយ​ជា​ភាសា​របស់​ពួក​យើង​អី ក្រែង​បណ្ដា​ជន​នៅ​លើ​កំពែង​ក្រុង​ស្ដាប់​បាន​»។+ ១២ ប៉ុន្តែ រ៉ាបសាកេ​តប​ទៅ​វិញ​ថា​៖ ​«​តើ​ម្ចាស់​ខ្ញុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​តែ​ជា​មួយ​នឹង​ម្ចាស់​ឯង​និង​ពួក​ឯង​ប៉ុណ្ណោះ​ឬ? គឺ​ឲ្យ​ពួក​អ្នក​នៅ​លើ​កំពែង​ក្រុង​ស្ដាប់​ឮ​ដែរ​ទេ​តើ ព្រោះ​ពួក​គេ​នឹង​ស៊ី​លាមក ហើយ​ផឹក​ទឹក​នោម​របស់​ខ្លួន​ជា​មួយ​នឹង​ពួក​ឯង​ដែរ​»។

១៣ បន្ទាប់​មក រ៉ាបសាកេ​ក៏​ឈរ​បន្លឺ​សំឡេង​ខ្លាំង​ៗ​ជា​ភាសា​របស់​ជនជាតិ​យូដា+ថា​៖ ​«​ចូរ​ស្ដាប់​ប្រសាសន៍​របស់​ស្ដេច​ស្រុក​អាស៊ីរី​ជា​ស្ដេច​ដ៏​ខ្លាំង​ក្លា។+ ១៤ លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹កុំ​ចាញ់​បញ្ឆោត​ហេសេគា​ឲ្យ​សោះ ព្រោះ​គាត់​មិន​អាច​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​ខ្ញុំ​បាន​ឡើយ។+ ១៥ កុំ​ជឿ​តាម​ហេសេគា ទៅ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា+ ដោយ​សារ​តែ​គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ច្បាស់​ជា​សង្គ្រោះ​យើង​មិន​ខាន ហើយ​ក្រុង​នេះ​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី​នោះ​ទេ​»។ ១៦ កុំ​ស្ដាប់​ហេសេគា​ឲ្យ​សោះ ព្រោះ​ស្ដេច​ស្រុក​អាស៊ីរី​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ចូរ​ព្រម​ចុះ​ចូល​នឹង​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំង​បាយ​ជូរ​និង​ផ្លែ​ល្វា​ពី​ចម្ការ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​នឹង​ផឹក​ទឹក​ពី​អណ្ដូង​របស់​ខ្លួន ១៧ រហូត​ដល់​ខ្ញុំ​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​ស្រុក​មួយ​ដូច​ស្រុក​អ្នក​រាល់​គ្នា​ដែរ+ គឺ​ស្រុក​ដែល​ពោរ​ពេញ​ទៅ​ដោយ​ស្រូវ ស្រា​ថ្មី* នំ​ប៉័ង និង​ចម្ការ​ទំពាំង​បាយ​ជូរ។ ១៨ កុំ​ស្ដាប់​ហេសេគា​ឲ្យ​សោះ ព្រោះ​គាត់​បញ្ឆោត​អ្នក​រាល់​គ្នា​ទេ ដោយ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​យើង​រាល់​គ្នា›។ ក្នុង​ចំណោម​ព្រះ​របស់​ប្រជា​ជាតិ​ទាំង​ឡាយ គ្មាន​ព្រះ​ណា​អាច​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី​បាន​ទេ មែន​ទេ?+ ១៩ ចុះ​ព្រះ​នៃ​ក្រុង​ហាម៉ាត ក្រុង​អើផាត+ និង​ព្រះ​នៃ​ក្រុង​សេផាវែម+ តើ​ព្រះ​ទាំង​នោះ​បាន​សង្គ្រោះ​ស្រុក​សាម៉ារី​ពី​កណ្ដាប់​ដៃ​របស់​ខ្ញុំ​ឬ?+ ២០ បើ​បណ្ដា​ព្រះ​ទាំង​នោះ​មិន​អាច​សង្គ្រោះ​ទឹក​ដី​របស់​ពួក​គេ​ពី​កណ្ដាប់​ដៃ​ខ្ញុំ​បាន​ទៅ​ហើយ ចុះ​ទម្រាំ​ព្រះ​យេហូវ៉ា តើ​នឹង​អាច​សង្គ្រោះ​ក្រុង​យេរូសាឡិម​ពី​កណ្ដាប់​ដៃ​ខ្ញុំ​ម្ដេច​បាន?​»​›​»។+

២១ ប៉ុន្តែ ពួក​គេ​បាន​នៅ​ស្ងៀម មិន​និយាយ​អ្វី​សោះ ព្រោះ​ស្ដេច​បាន​បង្គាប់​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​តប​ឆ្លើយ​ឡើយ​»។+ ២២ ឯ​អេលាគីម​ជា​កូន​ហ៊ីលគីយ៉ា​ដែល​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច សេបណា+ជា​លេខាធិការ និង​យ៉ូអា​ជា​កូន​អេសាភ​ដែល​ជា​អ្នក​កត់​ត្រា ពួក​គេ​បាន​ចូល​ទៅ​ជួប​ហេសេគា ទាំង​អាវ​រហែក ហើយ​ជម្រាប​គាត់​តាម​ពាក្យ​សម្ដី​ទាំង​អស់​របស់​រ៉ាបសាកេ។

៣៧ ក្រោយ​ពី​ស្ដេច​ហេសេគា​បាន​ឮ​ដំណឹង​នោះ​ភ្លាម គាត់​ក៏​ចាប់​ហែក​អាវ ហើយ​ស្លៀក​បាវ រួច​ចូល​ទៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា។+ ២ បន្ទាប់​មក គាត់​បង្គាប់​អេលាគីម​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច សេបណា​ជា​លេខាធិការ និង​ពួក​បុរស​ចាស់​ទុំ​ពី​ចំណោម​ពួក​សង្ឃ ឲ្យ​ស្លៀក​បាវ ហើយ​ឲ្យ​ទៅ​ជួប​អេសាយ+ជា​អ្នក​ប្រកាស​ទំនាយ ដែល​ជា​កូន​អាម៉ុស។ ៣ ពួក​គេ​បាន​ប្រាប់​អេសាយ​ថា​៖ ​«​ស្ដេច​ហេសេគា​បាន​និយាយ​ដូច្នេះ​ថា​៖ ‹ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ទុក្ខ ជា​ថ្ងៃ​រង​ការ​អាម៉ាស់ និង​ត្រូវ​គេ​មើល​ងាយ គឺ​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន តែ​គ្មាន​កម្លាំង​នឹង​សម្រាល​ទេ។+ ៤ ស្ដេច​ស្រុក​អាស៊ីរី​បាន​ចាត់​រ៉ាបសាកេ​ឲ្យ​មក​ចំអក​មើល​ងាយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ។+ ប្រហែល​ជា​ព្រះ​យេហូវ៉ា​ឮ​ពាក្យ​ប្រមាថ​មើល​ងាយ​ទាំង​នោះ ហើយ​លោក​នឹង​ដាក់​ទោស​គាត់។ ដូច្នេះ សូម​ជួយ​អធិដ្ឋាន+ឲ្យ​យើង​ទាំង​អស់​គ្នា​ដែល​នៅ​សល់​ក្នុង​ក្រុង​នេះ​ផង›​»។+

៥ ដូច្នេះ ពួក​អ្នក​បម្រើ​របស់​ស្ដេច​ហេសេគា​ក៏​បាន​ចូល​ទៅ​ជួប​អេសាយ ដើម្បី​ជម្រាប​ពាក្យ​ទាំង​នោះ។+ ៦ ស្ដាប់​រួច អេសាយ​ក៏​ប្រាប់​ពួក​គេ​ថា​៖ ​«​សូម​ទៅ​ជម្រាប​ម្ចាស់​របស់​អ្នក​វិញ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​កុំ​ខ្លាច​ដោយ​សារ​ពាក្យ​ដែល​អ្នក​បាន​ឮ​ឡើយ+ គឺ​ជា​ពាក្យ​ដែល​ពួក​អ្នក​បម្រើ​ស្ដេច​ស្រុក​អាស៊ីរី+បាន​ប្រមាថ​មើល​ងាយ​ខ្ញុំ។ ៧ ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​ចិត្ត​គាត់​ធ្វើ​តាម​គំនិត​ខ្ញុំ។ គាត់​នឹង​ឮ​ដំណឹង​មួយ ហើយ​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ។+ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គាត់​ស្លាប់​ដោយ​ដាវ​នៅ​ក្នុង​ស្រុក​របស់​គាត់​»​›​»។+

៨ ក្រោយ​មក រ៉ាបសាកេ​បាន​ឮ​ដំណឹង​ថា​ស្ដេច​ស្រុក​អាស៊ីរី​បាន​ដក​ថយ​ចេញ​ពី​ក្រុង​ឡាគីស។ គាត់​ក៏​ត្រឡប់​ទៅ​ជួប​ស្ដេច​របស់​គាត់​វិញ ហើយ​ឃើញ​ស្ដេច​កំពុង​ច្បាំង​នឹង​ក្រុង​លិបណា។+ ៩ លំដាប់​នោះ មាន​គេ​នាំ​ដំណឹង​មក​ប្រាប់​ស្ដេច​ស្រុក​អាស៊ីរី​ថា​ទៀហាកា​ជា​ស្ដេច​ស្រុក​អេត្យូពី​បាន​មក​ច្បាំង​នឹង​គាត់​ហើយ។ ដូច្នេះ គាត់​ក៏​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ហេសេគា+ម្ដង​ទៀត ហើយ​ប្រាប់​គាត់​ថា​៖ ១០ ​«​អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា​ថា​៖ ‹កុំ​ឲ្យ​ព្រះ​របស់​អ្នក​ដែល​អ្នក​ទុក​ចិត្ត បញ្ឆោត​អ្នក​ដោយ​ធានា​ថា​៖ ​«​ក្រុង​យេរូសាឡិម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី​ឡើយ​»។+ ១១ មើល! អ្នក​បាន​ដឹង​ថា​បណ្ដា​ស្ដេច​ស្រុក​អាស៊ីរី​បាន​បំផ្លាញ​ស្រុក​ទាំង​ប៉ុន្មាន​រួច​ទៅ​ហើយ។+ តើ​អ្នក​ស្មានថា​អ្នក​នឹង​រួច​ខ្លួន​ឬ? ១២ ឯ​ប្រជា​ជាតិ​នា​នា​ដែល​បុព្វ​បុរស​ខ្ញុំ​បាន​បំផ្លាញ​ចោល​នោះ តើ​ព្រះ​របស់​ពួក​គេ​អាច​សង្គ្រោះ​ពួក​គេ​បាន​ឬ?+ ចុះ​ពួក​កូសាន ពួក​ហារ៉ាន+ និង​ពួក​រេសែភ តើ​ឥឡូវ​នៅ​ឯ​ណា? ឯ​ពួក​អេដែន​ដែល​រស់​នៅ​តំបន់​ថេលអាសសា​វិញ តើ​ពួក​គេ​នៅ​ឯ​ណា? ១៣ តើ​ស្ដេច​នៃ​ក្រុង​ហាម៉ាត ក្រុង​អើផាត និង​ក្រុង​សេផាវែម+ ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា នៅ​ឯ​ណា?›​»។

១៤ ហេសេគា​ក៏​ទទួល​សំបុត្រ​ពី​ដៃ​របស់​ពួក​អ្នក​នាំ​សារ រួច​យក​មក​អាន។ រួច​មក ហេសេគា​បាន​ឡើង​ទៅ​វិហារ​ព្រះ​យេហូវ៉ា ហើយ​លា​សំបុត្រ​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ១៥ បន្ទាប់​មក ហេសេគា​ក៏​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា+ថា​៖ ១៦ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ+ លោក​ជា​ព្រះ​ដែល​អង្គុយ​លើ​បល្ល័ង្ក​លើ*បណ្ដា​ចេរូប៊ីន គឺ​លោក​តែ​មួយ​ប៉ុណ្ណោះ ជា​ព្រះ​ពិត​លើ​រាជាណាចក្រ​ទាំង​អស់​នៅ​ផែនដី។ លោក​បាន​បង្កើត​មេឃ​និង​ផែនដី។ ១៧ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​មើល​ផង។+ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​មេត្តា​ស្ដាប់​ផង។+ សូម​ស្ដាប់​ពាក្យ​ប្រមាថ​របស់​សានហេរីប ជា​ពាក្យ​មើល​ងាយ​ដល់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ។+ ១៨ ឱ​ព្រះ​យេហូវ៉ា​អើយ! បណ្ដា​ស្ដេច​ស្រុក​អាស៊ីរី​ពិត​ជា​បាន​បំផ្លាញ​ប្រជាជាតិ​នានា​និង​ទឹក​ដី​របស់​ពួក​គេ+ ថែម​ទាំង​បំផ្លាញ​ទឹក​ដី​របស់​ខ្លួន​ដែរ។ ១៩ ពួក​គេ​ក៏​បាន​ដុត​បំផ្លាញ​ព្រះ​របស់​ប្រជា​ជាតិ​ទាំង​នោះ​ដែរ+ ព្រោះ​ព្រះ​ទាំង​នោះ គឺ​ធ្វើ​ពី​ឈើ​ពី​ថ្ម ជា​ស្នា​ដៃ​របស់​មនុស្ស មិន​មែន​ជា​ព្រះ​ពិត​ទេ។+ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​អាច​បំផ្លាញ​ចោល​បាន។ ២០ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ពី​កណ្ដាប់​ដៃ​របស់​សានហេរីប​ផង ដើម្បី​ឲ្យ​គ្រប់​ប្រជា​ជាតិ​នៅ​ផែនដី​បាន​ដឹង​ថា​មាន​តែ​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ ជា​ព្រះ​ពិត​»។+

២១ បន្ទាប់​មក អេសាយ​ជា​កូន​អាម៉ុស​បាន​ឲ្យ​គេ​នាំ​ពាក្យ​ទៅ​ប្រាប់​ហេសេគា​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​អំពី​សានហេរីប​ជា​ស្ដេច​ស្រុក​អាស៊ីរី​ហើយ។+ ២២ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទាស់​នឹង​សានហេរីប​ថា​៖

​«​កូន​ក្រមុំ​បរិសុទ្ធ​នៃ​ស៊ីយ៉ូន*ស្អប់​ខ្ពើម​អ្នក ហើយ​ប្រមាថ​មើល​ងាយ​អ្នក។

ឯ​ក្រុង​យេរូសាឡិម​ក៏​គ្រវី​ក្បាល​ចំអក​ឲ្យ​អ្នក​ដែរ។

២៣ តើ​អ្នក​បាន​ប្រមាថ​មើល​ងាយ+អ្នក​ណា?

តើ​អ្នក​បាន​ដំឡើង​សំឡេង​ដាក់​អ្នក​ណា?+

តើ​អ្នក​កំពុង​ក្រអឺត​ដាក់​អ្នក​ណា?

គឺ​ប្រឆាំង​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​ហើយ!+

២៤ អ្នក​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​មក​ចំអក​មើល​ងាយ​ព្រះ​យេហូវ៉ា+ ហើយ​ក៏​និយាយ​ថា​៖

‹ដោយ​សារ​មាន​រទេះ​ចម្បាំង​ដ៏​ច្រើន ខ្ញុំ​នឹង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​នា​នា+

ខ្ញុំ​នឹង​ចូល​ព្រៃ​ជ្រៅ​នៃ​តំបន់​ភ្នំ​លីបង់។

ខ្ញុំ​នឹង​កាប់​រំលំ​ដើម​ស៊ីដារ​ខ្ពស់​ៗ​និង​ដើម​យូនីពើ​ប្រណីត​ៗ។

ខ្ញុំ​នឹង​ចូល​ជ្រៅ​បំផុត​ក្នុង​ព្រៃ​ឧទ្យាន​ដ៏​ស្រស់បំព្រង។

២៥ ខ្ញុំ​នឹង​ជីក​អណ្ដូង ហើយ​ផឹក​ទឹក​នៅ​ទី​នោះ

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ផ្លូវ​ទឹក​ទាំង​អស់*នៅ​ស្រុក​អេហ្ស៊ីប​រីង​ស្ងួត​ទៅ​ដោយ​បាត​ជើង​របស់​ខ្ញុំ›។

២៦ តើ​អ្នក​មិន​បាន​ឮ​ទេ​ឬ? តាំង​ពី​យូរ​លង់​មក​ហើយ ខ្ញុំ​បាន​កំណត់​ទុក។

តាំង​ពី​យូរ​មក​ហើយ ខ្ញុំ​បាន​ត្រៀម​ទុក។+

ឥឡូវ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រឿង​នោះ​កើត​ឡើង។+

អ្នក​នឹង​បំផ្លាញ​បណ្ដា​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ​ឲ្យ​ទៅ​ជា​គំនរ​បាក់​បែក។+

២៧ អ្នក​ក្រុង​ទាំង​នោះ​នឹង​គ្មាន​កម្លាំង​ត​ទល់​ទេ

ពួក​គេ​នឹង​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខ។

ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ស្មៅ​នៅ​ឯ​វាល ឬ​រុក្ខជាតិ​នៅ​តាម​ចម្ការ

ហើយ​ប្រៀប​ដូច​ជា​ស្មៅ​នៅ​លើ​ដំបូល​ដែល​ក្រៀម​ស្វិត​ទៅ​ដោយ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត។

២៨ ចំណែក​អ្នក​វិញ ខ្ញុំ​ដឹង​គ្រប់​សកម្មភាព​របស់​អ្នក ទាំង​ពេល​អង្គុយ ទាំង​ពេល​ចេញ​ទៅ ទាំង​ពេល​មក​វិញ។+ ខ្ញុំ​ក៏​ដឹង​ដែរ​ពេល​ណា​អ្នក​ខឹង​នឹង​ខ្ញុំ។+

២៩ ខ្ញុំ​បាន​ឮ​សម្រែក​កំហឹង​របស់​អ្នក​ហើយ+

ដូច្នេះ ខ្ញុំ​នឹង​ដាក់​កន្លុះ​នៅ​ច្រមុះ​អ្នក ព្រម​ទាំង​ដាក់​បង្ហៀរ+នៅ​មាត់​អ្នក

ហើយ​ខ្ញុំ​នឹង​ដឹក​អ្នក​ត្រឡប់​ទៅ​តាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក​»។

៣០ ​«​‹នេះ​ជា​សញ្ញា​សម្គាល់​សម្រាប់​អ្នក* គឺ​នៅ​ឆ្នាំ​នេះ​អ្នក​នឹង​បរិភោគ​ផល​ដែល​ដុះ​ឯកឯង ហើយ​នៅ​ឆ្នាំ​បន្ទាប់ អ្នក​ក៏​នឹង​បរិភោគ​ស្រូវ​ដែល​ដុះ​ឯង​ដែរ។ ប៉ុន្តែ នៅ​ឆ្នាំ​ទី​៣​អ្នក​នឹង​សាប​ព្រោះ ហើយ​ប្រមូល​ផល ព្រម​ទាំង​ដាំ​ដើម​ទំពាំង​បាយ​ជូរ ហើយ​បរិភោគ​ផល​នោះ។+ ៣១ ចំណែក​ឯ​ពូជ​ពង្ស​យូដា​ដែល​រួច​ជីវិត​និង​នៅ​សេស​សល់+ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ចាក់​ឫស​ជ្រៅ ហើយ​បង្កើត​ផល។ ៣២ ព្រោះ​អ្នក​ដែល​នៅ​សេស​សល់ ពួក​គេ​នឹង​ចេញ​មក​ពី​ក្រុង​យេរូសាឡិម ហើយ​អ្នក​ដែល​រួច​ជីវិត​នឹង​ចេញ​ពី​ភ្នំ​ស៊ីយ៉ូន​មក។+ ដោយ​ចិត្ត​ខ្នះ​ខ្នែង ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​នៅ​ស្ថាន​សួគ៌ នឹង​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង​មែន។+

៣៣ ​«​‹ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អំពី​ស្ដេច​ស្រុក​អាស៊ីរី​ថា​៖+

​«​គាត់​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ទេ+ ហើយ​ក៏​មិន​បាញ់​ព្រួញ​ចូល​មក​ដែរ។

គាត់​នឹង​មិន​ប្រើ​ខែល ឬ​លើក​ដី​ឡើង​កំពែង​ដើម្បី​ចូល​មក​វាយលុក​ក្រុង​នេះ​ឡើយ​»​›។+

៣៤ ‹គាត់​នឹង​ត្រឡប់​ទៅ​វិញ​តាម​ផ្លូវ​ដែល​គាត់​មក

គាត់​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ទេ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៣៥ ‹ខ្ញុំ​នឹង​ការ​ពារ ហើយ​សង្គ្រោះ​ក្រុង​នេះ+​ដោយ​យល់​ដល់​នាម​របស់​ខ្ញុំ+

និង​ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ›​»។+

៣៦ នៅ​យប់​នោះ ទេវតា​មួយ​រូប​របស់​ព្រះ​យេហូវ៉ា​បាន​ចេញ​ទៅ​សម្លាប់​ទ័ព​អាស៊ីរី​ក្នុង​ជំរំ​អស់​ចំនួន​១៨៥.០០០​នាក់។ លុះ​ព្រលឹម​ឡើង គេ​ឃើញ​មាន​សុទ្ធ​តែ​សាក​សព​ទាំង​អស់។+ ៣៧ ដូច្នេះ សានហេរីប​ជា​ស្ដេច​ស្រុក​អាស៊ីរី​ក៏​ត្រឡប់​ទៅ​ក្រុង​នីនីវេ​វិញ។+ ៣៨ នៅ​ថ្ងៃ​មួយ កាល​គាត់​កំពុង​ក្រាប​គោរព​ព្រះ​នីសរ៉ូក​ក្នុង​វិហារ កូន​របស់​គាត់​ឈ្មោះ​អាត្រាម៉ាលេក​និង​សារេសឺ បាន​នាំ​គ្នា​សម្លាប់​គាត់​ទៅ។+ រួច​មក ពួក​គេ​បាន​រត់​គេច​ទៅ​ទឹក​ដី​អារ៉ារ៉ាត។+ ក្រោយ​មក អេសាហាដិន+ជា​កូន​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

៣៨ នៅ​គ្រា​នោះ ហេសេគា​បាន​ធ្លាក់​ខ្លួន​ឈឺ​ហៀប​នឹង​ស្លាប់។+ អេសាយ+ជា​អ្នក​ប្រកាស​ទំនាយ ត្រូវ​ជា​កូន​របស់​អាម៉ុស​បាន​មក​ជួប​គាត់ ហើយ​ប្រាប់​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ផ្ដាំ​ផ្ញើ​ពួក​អ្នក​ផ្ទះ​របស់​អ្នក​ចុះ ព្រោះ​អ្នក​នឹង​មិន​ជា​ទេ អ្នក​នឹង​ស្លាប់​ជា​មិន​ខាន›​»។+ ២ ឮ​ដូច្នេះ ហេសេគា​បាន​បែរ​មុខ​ទៅ​ជញ្ជាំង ហើយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ៣ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ខ្ញុំ​សូម​អង្វរ​លោក សូម​លោក​ចាំ+អំពី​ការ​ដែល​ខ្ញុំ​បាន​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់​និង​យ៉ាង​អស់​ពី​ចិត្ត+ ហើយ​ខ្ញុំ​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​លោក​ពេញ​ចិត្ត​ជា​និច្ច​»។ រួច​ហេសេគា​បាន​យំ​យ៉ាង​ខ្លាំង។

៤ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​អេសាយ​ថា​៖ ៥ ​«​ចូរ​ត្រឡប់​ទៅ​ប្រាប់​ហេសេគា+វិញ​ថា​៖ ‹ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​អ្នក បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ហើយ+ ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។+ ខ្ញុំ​នឹង​បន្ថែម​អាយុ​អ្នក​១៥​ឆ្នាំ​ទៀត+ ៦ ហើយ​ខ្ញុំ​នឹង​សង្គ្រោះ​អ្នក​និង​ក្រុង​នេះ​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី។ ខ្ញុំ​នឹង​ការ​ពារ​ក្រុង​នេះ​ជា​មិន​ខាន។+ ៧ នេះ​ជា​សញ្ញា​សម្គាល់​ពី​ព្រះ​យេហូវ៉ា​ដើម្បី​បង្ហាញ​អ្នក​ថា ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​មែន។+ ៨ មើល! ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ​នៅ​លើ​កាំ​ជណ្ដើរ*អេហាស ជ្រេ​ថយ​ក្រោយ​១០​កាំ​វិញ​»​›​»។+ ដូច្នេះ ស្រមោល​ថ្ងៃ​ដែល​បាន​ជ្រេ​ទៅ​មុខ​ហើយ ក៏​បាន​ជ្រេ​ថយ​ក្រោយ​១០​កាំ​មែន។

៩ នេះ​ជា​ទំនុក​របស់​ស្ដេច​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា រៀប​រាប់​អំពី​កាល​ដែល​គាត់​ធ្លាក់​ខ្លួន​ឈឺ ហើយ​ជា​សះ​ស្បើយ​ឡើង​វិញ។ ទំនុក​នេះ​មាន​ដូច​ត​ទៅ​៖

១០ ខ្ញុំ​បាន​ពោល​ថា​៖ ​«​នៅ​ពាក់​កណ្ដាល​អាយុ

ខ្ញុំ​ត្រូវ​ចូល​ទៅ​តាម​ទ្វារ​ផ្នូរ*ហើយ។

ខ្ញុំ​មិន​អាច​បន្ត​រស់​រហូត​ដល់​គ្រប់​អាយុ​របស់​ខ្ញុំ​បាន​ទេ​»។

១១ ខ្ញុំ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​លែង​ឃើញ​យ៉ា* គឺ​លែង​ឃើញ​យ៉ា​នៅ​ក្នុង​ទឹក​ដី​នៃ​មនុស្ស​រស់​ទៀត​ហើយ។+

ខ្ញុំ​នឹង​លែង​ឃើញ​មនុស្សជាតិ​ទាំង​ឡាយ​ដែរ

ព្រោះ​ខ្ញុំ​នឹង​នៅ​ក្នុង​កន្លែង​ដែល​គ្មាន​ជីវិត​សោះ​ឡើយ។

១២ ឯ​លំនៅ​របស់​ខ្ញុំ គេ​បាន​រើ​រុះ ហើយ​យក​ចេញ​ទៅ+

ដូច​ជា​ត្រសាល​របស់​គង្វាល។

ខ្ញុំ​បាន​មូរ​ជីវិត​ខ្លួន​ដូច​ជា​អ្នក​ត្បាញ​មូរ​ក្រណាត់​លើ​ក្ដារ​កី

លោក​បាន​កាត់​ខ្ញុំ​ចេញ ដូច​អ្នក​ត្បាញ​កាត់​អំបោះ។

តាំង​ពី​ព្រលឹម​ទល់​ព្រលប់ លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទី​បញ្ចប់។+

១៣ រៀង​រាល់​យប់ ខ្ញុំ​ខំ​រម្ងាប់​ចិត្ត​ខ្លួន។ លោក​បំបាក់​ឆ្អឹង​ខ្ញុំ​ដូច​ជា​តោ

តាំង​ពី​ព្រលឹម​ទល់​ព្រលប់ លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទី​បញ្ចប់។+

១៤ ខ្ញុំ​យំ​ឥត​ឈប់ ដូច​ជា​សត្វ​ត្រចៀក​កាំ​និង​បក្សី​តូច​ៗ​*+

ខ្ញុំ​ថ្ងូរ​ឥត​ឈប់​ដូច​ជា​សត្វ​ព្រាប។+

ភ្នែក​ខ្ញុំ​មើល​ទៅ​ទី​ខ្ពស់​ទាំង​ស្រវាំង ហើយ​និយាយ​ថា​៖+

‹ឱ​ព្រះ​យេហូវ៉ា​អើយ! ខ្ញុំ​កំពុង​មាន​ទុក្ខ​ធំ​ណាស់ សូម​ជួយ​គាំ​ពារ​ខ្ញុំ​ផង›។+

១៥ ខ្ញុំ​រក​ពាក្យ​ថ្លែង​មិន​ចេញ​ទេ

ព្រោះ​លោក​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ ហើយ​បាន​ជួយ​ខ្ញុំ​មែន។

ខ្ញុំ​នឹង​ដើរ​ដោយ​ចិត្ត​រាប​ទាប​អស់​មួយ​ជីវិត ដោយ​សារ​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត​ខ្ញុំ។

១៦ ‹ឱ​ព្រះ​យេហូវ៉ា​អើយ! ដោយ​សារ​អ្វី​ទាំង​នេះ*ហើយ​បាន​ជា​មនុស្ស​គ្រប់​រូប​អាច​រស់​រាន

ព្រោះ​អ្វី​ទាំង​នេះ​ជា​កម្លាំង​ជីវិត​របស់​ខ្ញុំ។

លោក​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុខភាព​ល្អ​ឡើង​វិញ ហើយ​ផ្ដល់​ជីវិត​ដល់​ខ្ញុំ​ម្ដង​ទៀត។+

១៧ ខ្ញុំ​មាន​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត​ណាស់ ខ្ញុំ​គ្មាន​សេចក្ដី​សុខ​សាន្ត​ទេ

តែ​លោក​ស្រឡាញ់​ពេញ​ចិត្ត​ខ្ញុំ ហើយ​បាន​សង្គ្រោះ​ខ្ញុំ​ពី​រណ្ដៅ​នៃ​ការ​បំផ្លាញ។+

លោក​បាន​យក​អំពើ​ខុស​ឆ្គង​ទាំង​អស់​របស់​ខ្ញុំ​គ្រវាត់​ទៅ​ខាង​ក្រោយ​លោក។+

១៨ ព្រោះ​ផ្នូរ​មិន​អាច​លើក​តម្កើង​លោក​បាន​ទេ+

ហើយ​សេចក្ដី​ស្លាប់​ក៏​មិន​អាច​សរសើរ​តម្កើង​លោក​បាន​ដែរ។+

អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ មិន​អាច​សង្ឃឹម​ទៅ​លើ​សេចក្ដី​ស្មោះ​ត្រង់​របស់​លោក​ទៀត​ឡើយ។+

១៩ មាន​តែ​មនុស្ស​រស់​ទេ​ដែល​អាច​សរសើរ​តម្កើង​លោក

ដូច​ខ្ញុំ​អាច​ធ្វើ​នៅ​ថ្ងៃ​នេះ។

ឪពុក​ម្នាក់​អាច​បង្រៀន​កូន​ៗ​របស់​ខ្លួន​អំពី​សេចក្ដី​ស្មោះ​ត្រង់​របស់​លោក។+

២០ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​សង្គ្រោះ​ខ្ញុំ​ផង

យើង​ខ្ញុំ​នឹង​ច្រៀង​ចម្រៀង​ដែល​ខ្ញុំ​បាន​តែង អម​ជា​មួយ​នឹង​ការ​ប្រគំ​ភ្លេង+

គឺ​ច្រៀង​សរសើរ​លោក​អស់​មួយ​ជីវិត​នៅ​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា›​»។+

២១ បន្ទាប់​មក អេសាយ​បាន​និយាយ​ថា​៖ ​«​ចូរ​យក​នំ​ល្វា​ក្រៀម​មួយ​មក រួច​បិទ​លើ​ដំបៅ ដើម្បី​ឲ្យ​គាត់​បាន​ជា​សះ​ស្បើយ​»។+ ២២ ហេសេគា​ក៏​សួរ​អេសាយ​ថា​៖ ​«​តើ​មាន​សញ្ញា​សម្គាល់​អ្វី​ដែល​បញ្ជាក់​ថា​ខ្ញុំ​អាច​ឡើង​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​បាន?​»។+

៣៩ គ្រា​នោះ បេរ៉ូដាកបាឡាដាន់​ជា​ស្ដេច​ស្រុក​បាប៊ីឡូន ដែល​ត្រូវ​ជា​កូន​របស់​បាឡាដាន បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​យក​សំបុត្រ​និង​អំណោយ​ទៅ​ជូន​ហេសេគា+ ព្រោះ​គាត់​បាន​ឮ​ថា​ហេសេគា​ឈឺ ហើយ​បាន​ជា​ឡើង​វិញ។+ ២ ហេសេគា​បាន​ទទួល​ស្វាគមន៍​ពួក​គេ រួច​បាន​បង្ហាញ​ពួក​គេ​នូវ​ទ្រព្យ​ទាំង​អស់​របស់​គាត់ គឺ​មាស​ប្រាក់ ប្រេង​ក្រអូប* និង​ប្រេង​មាន​តម្លៃ គ្រឿង​សាស្ត្រាវុធ និង​អ្វី​គ្រប់​យ៉ាង​ដែល​មាន​ក្នុង​ឃ្លាំង។+ ហេសេគា​ក៏​បាន​ឲ្យ​ពួក​គេ​មើល​សព្វ​គ្រប់​ក្នុង​វិមាន​គាត់ និង​របស់​សព្វសារពើ​ក្នុង​រាជាណាចក្រ​ទាំង​មូល។

៣ ក្រោយ​មក អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ចូល​ទៅ​ជួប​ស្ដេច​ហេសេគា ហើយ​សួរ​ថា​៖ ​«​តើ​បុរស​ទាំង​នេះ​បាន​និយាយ​អ្វី​ខ្លះ ហើយ​ពួក​គេ​មក​ពី​ណា?​»។ ដូច្នេះ ហេសេគា​ក៏​ឆ្លើយ​ថា​៖ ​«​ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ គឺ​ពី​ស្រុក​បាប៊ីឡូន​»។+ ៤ រួច​អេសាយ​សួរ​ថា​៖ ​«​តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​ក្នុង​វិមាន​របស់​អ្នក?​»។ ហេសេគា​ឆ្លើយ​ថា​៖ ​«​ពួក​គេ​បាន​ឃើញ​អ្វី​ៗ​ទាំង​អស់​ក្នុង​វិមាន​ខ្ញុំ ហើយ​ក៏​ឃើញ​អ្វី​គ្រប់​យ៉ាង​ក្នុង​ឃ្លាំង​ទ្រព្យ​របស់​ខ្ញុំ​ដែរ​»។

៥ ខណៈ​នោះ អេសាយ​ក៏​និយាយ​ទៅ​កាន់​ហេសេគា​ថា​៖ ​«​សូម​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​របស់​ទ្រព្យ​ទាំង​អស់​ក្នុង​វិមាន​អ្នក និង​របស់​របរ​ដែល​បុព្វ​បុរស​របស់​អ្នក​បាន​សន្សំ​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ នឹង​ត្រូវ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ីឡូន​ទាំង​អស់ គ្មាន​នៅ​សេស​សល់​អ្វី​ឡើយ›។+ ៧ លោក​ក៏​មាន​ប្រសាសន៍​ទៀត​ថា​៖ ‹កូន​ចៅ​ខ្លះ​របស់​អ្នក​ដែល​នឹង​កើត​មក ពួក​គេ​នឹង​ត្រូវ​នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន ហើយ​នឹង​ក្លាយ​ទៅ​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​វិមាន​ស្ដេច​ស្រុក​នោះ›​»។+

៨ ឮ​ដូច្នេះ ហេសេគា​និយាយ​ទៅ​កាន់​អេសាយ​ថា​៖ ​«​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា គឺ​យុត្តិធម៌​ណាស់​»។ គាត់​ក៏​បន្ថែម​ថា​៖ ​«​ព្រោះ​គ្រា​ដែល​ខ្ញុំ​គ្រប់​គ្រង​មាន​សន្តិភាព​និង​សេចក្តី​សុខសាន្តត្រាណ​»។+

៤០ ព្រះ​របស់​អ្នក​រាល់​គ្នា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សម្រាល​ទុក្ខ​រាស្ត្រ​របស់​ខ្ញុំ។+

 ២ ចូរ​និយាយ​សម្រាល​ទុក្ខ​ក្រុង​យេរូសាឡិម

ហើយ​ប្រកាស​ថា​កិច្ច​ការ​ធ្ងន់​ដែល​នាង​ត្រូវ​ធ្វើ បាន​ចប់​សព្វ​គ្រប់​ហើយ

និង​ប្រកាស​ថា​ទោស​របស់​នាង​បាន​ត្រូវ​បង់​រួច​ហើយ។+

នាង​ក៏​បាន​ទទួល​ទោស​យ៉ាង​ពេញ​លេញ*ពី​ព្រះ​យេហូវ៉ា​ដែរ​»។+

 ៣ មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា​៖

​«​ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា!+

ចូរ​ធ្វើ​ឲ្យ​មាន​ផ្លូវ​ធំ​ត្រង់+ភ្លឹង​កាត់​តាម​តំបន់​ស្ងាត់​ជ្រងំ សម្រាប់​ព្រះ​នៃ​យើង។+

 ៤ ចូរ​លុប​ជ្រលង​ទាំង​អស់ ហើយ​ពង្រាប​គ្រប់​ភ្នំ​គ្រប់​ទួល​ឲ្យ​រាប​ស្មើ។

ឯ​ដី​ក្រហេង​ក្រហូង ត្រូវ​ចាក់​បំពេញ​ឲ្យ​ស្មើ ហើយ​ដី​រដិប​រដុប ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ។+

 ៥ នៅ​គ្រា​នោះ សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​បង្ហាញ+

ហើយ​មនុស្ស​ទាំង​អស់​នឹង​មើល​ឃើញ+

ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ហើយ​»។

 ៦ មាន​មនុស្ស​ម្នាក់​បង្គាប់​ថា​៖ ​«​ចូរ​ស្រែក​ឡើង!​»​

ហើយ​ម្នាក់​ទៀត​សួរ​ថា​៖ ​«​តើ​ខ្ញុំ​គួរ​ស្រែក​អំពី​អ្វី?​»។

​«​មនុស្ស​ទាំង​ឡាយ​គឺ​ប្រៀប​ដូច​ជា​ស្មៅ​ខៀវ​ខ្ចី។

ឯ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ពួក​គេ គឺ​ប្រៀប​ដូច​ជា​ផ្កា​រីក​នៅ​ឯ​វាល។+

 ៧ ស្មៅ​ខៀវ​ខ្ចី​បាន​ក្រៀម​ស្វិត​ទៅ

ឯ​ផ្កា​រីក​ក៏​បាន​ស្រពោន​ទៅ​ដែរ+ ដោយ​សារ​ខ្យល់​ដង្ហើម​របស់​ព្រះ​យេហូវ៉ា។+

បណ្ដា​ជន​ប្រៀប​បាន​នឹង​ស្មៅ​ខៀវ​ខ្ចី​ពិត​ប្រាកដ​មែន។

 ៨ ស្មៅ​ខៀវ​ខ្ចី​តែង​ក្រៀម​ស្វិត​ទៅ ឯ​ផ្កា​រីក​ក៏​តែង​ស្រពោន​ទៅ​ដែរ

ប៉ុន្តែ បណ្ដាំ​របស់​ព្រះ​នៃ​យើង​នៅ​ស្ថិត​ស្ថេរ​ជា​ដរាប​»។+

 ៩ ឱ​ស្ត្រី​ដែល​នាំ​ដំណឹង​ល្អ​មក​ក្រុង​ស៊ីយ៉ូន​អើយ!+ ចូរ​ឡើង​លើ​ភ្នំ​ខ្ពស់​ទៅ!

ឱ​ស្ត្រី​ដែល​នាំ​ដំណឹង​ល្អ​មក​ក្រុង​យេរូសាឡិម​អើយ!

ចូរ​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង! ចូរ​ស្រែក​ឡើង ហើយ​កុំ​ខ្លាច​ឡើយ។

ចូរ​ប្រកាស​ដល់​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា​ថា​៖ ​«​នេះ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​»។+

១០ មើល! ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​នឹង​មក​ដោយ​ឫទ្ធានុភាព​ខ្លាំង​ក្លា

ហើយ​ដៃ​របស់​លោក​នឹង​គ្រប់​គ្រង។+

មើល! រង្វាន់​របស់​លោក​នៅ​ជា​មួយ​នឹង​លោក​ហើយ

ឯ​ប្រាក់​ឈ្នួល​ដែល​លោក​បង់ ក៏​នៅ​ចំពោះ​មុខ​លោក​ដែរ។+

១១ ដូច​គង្វាល លោក​នឹង​មើល​ថែ​ហ្វូង​ចៀម​របស់​លោក+

លោក​នឹង​ប្រមូល​កូន​ចៀម​ដោយ​ដៃ​លោក​ផ្ទាល់ ហើយ​បី​ពួក​វា​នៅ​ក្បែរ​ដើម​ទ្រូង។

លោក​នឹង​នាំ​មេ​ចៀម​ដែល​មាន​កូន​តូច​ដើរ​ដោយ​ថ្នម​ៗ។+

១២ តើ​នរណា​អាច​វាល់​ទឹក​សមុទ្រ​ទាំង​អស់​ក្នុង​ទូក​ដៃ​បាន?+

តើ​នរណា​អាច​វាស់​មេឃ​ដោយ​ចំអាម​ដៃ*បាន?

តើ​នរណា​អាច​ប្រមូល​ធូលី​ដី​ទាំង​អស់​នៅ​ផែនដី​មក​ដាក់​ក្នុង​រង្វាល់​បាន?+

តើ​នរណា​អាច​ថ្លឹង​ភ្នំ​ទាំង​ឡាយ​បាន?

តើ​នរណា​អាច​លើក​ទី​ទួល​ទាំង​ប៉ុន្មាន​ដាក់​លើ​ជញ្ជីង?

១៣ តើ​នរណា​អាច​វាស់​ស្ទង់*ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​បាន?

តើ​នរណា​អាច​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​លោក​ទៅ?+

១៤ តើ​អ្នក​ណា​អាច​ឲ្យ​យោបល់​ដល់​លោក​ដើម្បី​លោក​មាន​ការ​យល់​ដឹង?

តើ​អ្នក​ណា​អាច​បង្រៀន​លោក​អំពី​ផ្លូវ​យុត្តិធម៌?

តើ​អ្នក​ណា​អាច​ផ្ដល់​ចំណេះ​ដល់​លោក​បាន?

តើ​អ្នក​ណា​អាច​បង្ហាញ​លោក​នូវ​ផ្លូវ​នៃ​ការ​យល់​ដឹង​ពិត?+

១៥ មើល! ប្រជា​ជាតិ​ទាំង​ឡាយ​ប្រៀប​ដូច​ជា​ទឹក​មួយ​តំណក់​ក្នុង​ធុង

ហើយ​ប្រៀប​ដូច​ជា​ធូលី​នៅ​លើ​ថាស​ជញ្ជីង។+

មើល! លោក​លើក​កោះ​ទាំង​ប៉ុន្មាន​ដូច​លម្អង​ធូលី។

១៦ សូម្បី​តែ​ដើម​ឈើ​នៅ​តំបន់​ភ្នំ​លីបង់ ក៏​មិន​មាន​ល្មម​សម្រាប់​ដុត​ផង

ហើយ​សត្វ​ព្រៃ​នៅ​ទី​នោះ ក៏​មិន​មាន​គ្រប់​គ្រាន់​ដើម្បី​ជូន​ជា​គ្រឿង​បូជា​ដុត​ដែរ។

១៧ នៅ​ចំពោះ​មុខ​លោក ប្រជា​ជាតិ​ទាំង​ឡាយ​មិន​ជា​អ្វី​សោះ+

លោក​ចាត់​ទុក​ពួក​គេ​ដូច​ជា​ទទេ​សុទ្ធសាធ គ្មាន​ន័យ​អ្វី​ឡើយ។+

១៨ តើ​អ្នក​រាល់​គ្នា​អាច​ប្រៀប​ផ្ទឹម​ព្រះ​ទៅ​នឹង​អ្នក​ណា?+

តើ​អ្នក​រាល់​គ្នា​អាច​ប្រៀប​ប្រដូច​លោក​ទៅ​នឹង​អ្វី?+

១៩ ជាង​ម្នាក់​ឆ្លាក់​រូប​ព្រះ* ហើយ​ស្រោប​រូប​នោះ​ដោយ​មាស+ រួច​ភ្ជាប់​នឹង​ខ្សែ​ប្រាក់។

២០ បុគ្គល​ម្នាក់​ជ្រើស​រើស​ឈើ​មួយ​ប្រភេទ​ទុក​ជូន​ជា​អំណោយ+ ជា​ឈើ​ដែល​មិន​ចេះ​ពុក។

រួច​គាត់​ស្វែង​រក​ជាង​ជំនាញ​ម្នាក់ ដើម្បី​ឆ្លាក់​រូប​មួយ​ដ៏​មាំ​ដែល​មិន​ងាយ​រលំ។+

២១ តើ​អ្នក​មិន​បាន​ដឹង​ទេ​ឬ? តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ?

តាំង​ពី​ដំបូង​មក តើ​គ្មាន​អ្នក​ណា​ប្រាប់​អ្នក​ទេ​ឬ?

តាំង​ពី​ដាក់​គ្រឹះ​ផែនដី តើ​អ្នក​មិន​បាន​យល់​ទេ​ឬ?+

២២ គឺ​មាន​ព្រះ​មួយ​រូប​ដែល​ស្ថិត​នៅ​លើ​រង្វង់*ផែនដី+

ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្ដូប។

លោក​លាត​សន្ធឹង​ផ្ទៃ​មេឃ​ដូច​ជា​លា​ស្បៃ

ហើយ​ត្រដាង​លំហ​អាកាស​ដូច​ជា​ត្រដាង​ត្រសាល។+

២៣ លោក​ដក​តំណែង​ពួក​មន្ត្រី​ជាន់​ខ្ពស់

ហើយ​ធ្វើ​ឲ្យ​ចៅ​ក្រម*ទាំង​ឡាយ​នៅ​ផែនដី លែង​មាន​តម្លៃ​ទៀត។

២៤ ពួក​គេ​ប្រៀប​ដូច​ជា​ដំណាំ​ដែល​ទើប​តែ​ដាំ

និង​ប្រៀប​ដូច​ជា​គ្រាប់​ពូជ​ដែល​ទើប​តែ​សាប​ព្រោះ

កាល​មិន​ទាន់​ចាក់​ឫស​ក្នុង​ដី​ផង

ស្រាប់​តែ​ខ្យល់​បក់​បោក​មក​លើ ធ្វើ​ឲ្យ​ក្រៀម​ស្វិត​ទៅ

រួច​បក់​ផាត់​នាំ​ទៅ​ដូច​ជា​ចំបើង។+

២៥ ​«​តើ​អ្នក​រាល់​គ្នា​អាច​ប្រៀប​ផ្ទឹម​ខ្ញុំ​ឲ្យ​ស្មើ​នឹង​អ្នក​ណា?​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​ដ៏​បរិសុទ្ធ។

២៦ ​«​ចូរ​ងើយ​ទៅ​លើ​មេឃ ហើយ​សម្លឹង​មើល​ចុះ

តើ​អ្នក​ណា​បាន​បង្កើត​អ្វី​ៗ​ទាំង​នោះ?+

គឺ​ជា​លោក​ដែល​បាន​នាំ​អ្វី​ទាំង​នោះ​ចេញ​មក​តាម​ចំនួន​ដូច​ជា​កង​ទ័ព

លោក​ហៅ​អ្វី​ទាំង​នោះ​តាម​ឈ្មោះ​នីមួយ​ៗ។+

ដោយ​សារ​ថាមពល​ដែល​គ្មាន​កម្រិត និង​ដោយ​សារ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​និង​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​លោក+ គឺ​គ្មាន​ណា​មួយ​បាត់​ឡើយ។

២៧ ឱ​យ៉ាកុប​អើយ! ម្ដេច​ក៏​និយាយ​ថា​៖

‹ផ្លូវ​របស់​ខ្ញុំ​បាន​ត្រូវ​លាក់​ពី​ព្រះ​យេហូវ៉ា​ហើយ›?

ឱ​អ៊ីស្រាអែល​អើយ! ម្ដេច​ក៏​ប្រកាស​ថា​៖

‹ខ្ញុំ​មិន​បាន​ទទួល​យុត្តិធម៌​ពី​លោក›​ដូច្នេះ?+

២៨ តើ​អ្នក​រាល់​គ្នា​មិន​បាន​ដឹង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​ទេ​ឬ?

ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​ផែនដី​និង​របស់​សព្វសារពើ គឺ​ជា​ព្រះ​ដែល​មាន​ជីវិត​ជា​រៀង​រហូត។+ លោក​មិន​ដែល​អស់​កម្លាំង​ឬ​ល្វើយ​ទេ។+

ឯ​ប្រាជ្ញា*របស់​លោក គ្មាន​អ្នក​ណា​អាច​វាស់​ស្ទង់​បាន​ឡើយ។+

២៩ លោក​ផ្ដល់​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ

ហើយ​ចំពោះ​អ្នក​ដែល​ខ្សោយ* លោក​ផ្ដល់​កម្លាំង​ខ្លាំង​ក្លា​ដល់​ពួក​គេ។+

៣០ ក្មេង​ប្រុស​ៗ​នឹង​អស់​កម្លាំង ហើយ​ល្ហិត​ល្ហៃ​ទៅ

ឯ​ពួក​យុវជន​នឹង​ជំពប់ ហើយ​ដួល​ចុះ។

៣១ ប៉ុន្តែ អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា នឹង​ទទួល​កម្លាំង​ឡើង​វិញ។

ពួក​គេ​នឹង​ត្រដាង​ស្លាប​ហោះ​ដូច​ជា​ឥន្ទ្រី។+

ពួក​គេ​នឹង​រត់ ហើយ​មិន​ចេះ​ហត់​ទេ

ពួក​គេ​នឹង​ដើរ ហើយ​ក៏​មិន​ចេះ​អស់​កម្លាំង​ដែរ​»។+

៤១ ​«​ឱ​កោះ​ទាំង​ឡាយ​អើយ! ចូរ​នៅ​ស្ងៀម​ហើយ​ស្ដាប់​ខ្ញុំ។

សូម​ឲ្យ​ប្រជា​ជាតិ​នា​នា​ទទួល​កម្លាំង​ឡើង​វិញ។

សូម​ឲ្យ​ពួក​គេ​ចូល​មក​ជិត​ខ្ញុំ រួច​និយាយ​ចុះ។+

សូម​ឲ្យ​យើង​ជួប​ជុំ​គ្នា ហើយ​ខ្ញុំ​នឹង​វិនិច្ឆ័យ។

 ២ តើ​អ្នក​ណា​ជំរុញ​ចិត្ត​បុគ្គល​ម្នាក់​ពី​ទិស​ខាង​កើត​ឲ្យ​មក+

ហើយ​ដាស់​គាត់​ឲ្យ​ក្រោក​ឡើង​ប្រព្រឹត្ត​ដោយ​សុចរិត?*

តើ​នរណា​បាន​ប្រគល់​ប្រជា​ជាតិ​នានា​មក​ក្នុង​កណ្ដាប់​ដៃ​បុគ្គល​នោះ

និង​ឲ្យ​គាត់​បង្ក្រាប​ស្ដេច​ទាំង​ឡាយ?+

ពេល​មក​ដល់ បុគ្គល​នោះ​នឹង​កម្ទេច​ពួក​គេ​ដោយ​ដាវ​ឲ្យ​ខ្ទេច​ដូច​ផេះ

ហើយ​គាត់​នឹង​ប្រើ​ធ្នូ​វាយ​ប្រហារ​ពួក​គេ​ឲ្យ​ខ្ចាត់​ខ្ចាយ ដូច​ចំបើង​ត្រូវ​ខ្យល់​បក់​ផាត់។

 ៣ គាត់​ដេញ​តាម​ពួក​គេ​នៅ​តាម​ផ្លូវ​ដែល​គាត់​មិន​ដែល​ធ្វើ​ដំណើរ​ពី​មុន

ហើយ​គ្មាន​អ្វី​រា​រាំង​គាត់​ទេ។

 ៤ តើ​អ្នក​ណា​បាន​ចាត់​វិធានការ​ធ្វើ​ការ​ទាំង​នេះ?

តើ​នរណា​បាន​ហៅ​ជំនាន់​មនុស្ស​តាំង​ពី​ដើម​ដំបូង?

គឺ​ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​ជា​បុគ្គល​មុន​គេ​បង្អស់+

ហើយ​ទោះ​ជា​នៅ​ជំនាន់​មនុស្ស​ចុង​ក្រោយ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មិន​ប្រែ​ប្រួល​ដែរ​»។+

 ៥ បណ្ដា​កោះ​បាន​ឃើញ​អ្វី​ដែល​កំពុង​កើត​ឡើង ហើយ​ភ័យ​ខ្លាច។

បណ្ដា​ជន​ពី​កន្លែង​ឆ្ងាយ​បំផុត​នៃ​ផែនដី ចាប់​ផ្ដើម​ញ័រ​រន្ធត់។

ប្រជា​ជាតិ​ទាំង​ឡាយ​ប្រមូល​ផ្ដុំ​គ្នា​ចូល​មក​ជិត។

 ៦ ពួក​គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក

រួច​និយាយ​ទៅ​កាន់​បង​ប្អូន​ខ្លួន​ថា​៖ ​«​ចូរ​ខ្លាំង​ក្លា​ឡើង​»។

 ៧ ម្ល៉ោះ​ហើយ ជាង​ចម្លាក់​លើក​ទឹក​ចិត្ត​ជាង​ដែក+

ឯ​ជាង​ផែ​ដែក គាត់​ពង្រឹង​កម្លាំង​ចិត្ត​ជាង​ផ្សារ​ដែក

ដោយ​សរសើរ​គាត់​ថា​៖ ​«​ផ្សារ​បាន​ល្អ​ណាស់​»។

បន្ទាប់​មក គាត់​ក៏​ដំ​ដែក​គោល​ភ្ជាប់​រូប​ចម្លាក់​ដើម្បី​កុំ​ឲ្យ​រលំ។

 ៨ ​«​ចំណែក​អ្នក​វិញ ឱ​អ៊ីស្រាអែល​អើយ! អ្នក​ជា​អ្នក​បម្រើ​ខ្ញុំ។+

ឱ​យ៉ាកុប​អើយ! គឺ​អ្នក​ហើយ​ដែល​ខ្ញុំ​បាន​ជ្រើស​រើស+

ជា​កូន​ចៅ​របស់​អាប្រាហាំ​ដែល​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ+

 ៩ គឺ​អ្នក​ហើយ​ដែល​ខ្ញុំ​បាន​យក​ពី​ចុង​ផែនដី+

ជា​អ្នក​ដែល​ខ្ញុំ​បាន​ហៅ​ពី​កន្លែង​ឆ្ងាយ​បំផុត។

ខ្ញុំ​បាន​និយាយ​មក​កាន់​អ្នក​ថា​៖ ‹អ្នក​ជា​អ្នក​បម្រើ​របស់​ខ្ញុំ+

ខ្ញុំ​បាន​ជ្រើស​រើស​អ្នក ខ្ញុំ​មិន​បាន​បោះ​បង់​អ្នក​ទេ។+

១០ កុំ​ខ្លាច​ឡើយ ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក។+

កុំ​បារម្ភ​ឡើយ ព្រោះ​ខ្ញុំ​ជា​ព្រះ​របស់​អ្នក។+

ខ្ញុំ​នឹង​ពង្រឹង​កម្លាំង​អ្នក ខ្ញុំ​នឹង​ជួយ​អ្នក។+

ខ្ញុំ​ប្រាកដ​ជា​នឹង​ចាប់​អ្នក​យ៉ាង​ជាប់​ដោយ​ដៃ​ស្ដាំ​ដ៏​សុចរិត​របស់​ខ្ញុំ›។

១១ មើល! អស់​អ្នក​ដែល​ខឹង​នឹង​អ្នក នឹង​ត្រូវ​បាក់​មុខ​ហើយ​អាម៉ាស់​ជា​ខ្លាំង។+

អស់​អ្នក​ដែល​ប្រឆាំង​នឹង​អ្នក នឹង​ត្រូវ​វិនាស​សាប​សូន្យ​ទៅ។+

១២ អ្នក​ខំ​រក​ពួក​អ្នក​ដែល​តតាំង​នឹង​អ្នក តែ​រក​ពួក​គេ​មិន​ឃើញ​ទេ។

ឯ​ពួក​អ្នក​ដែល​មក​ច្បាំង​នឹង​អ្នក ពួក​គេ​នឹង​សូន្យ​ទៅ ហើយ​គ្មាន​នៅ​ទៀត​ឡើយ។+

១៣ ព្រោះ​ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ខ្ញុំ​នឹង​ស្រវា​ចាប់​ដៃ​ស្ដាំ​របស់​អ្នក

ខ្ញុំ​នឹង​និយាយ​មក​អ្នក​ថា​៖ ‹កុំ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ជួយ​អ្នក›។+

១៤ ឱ​ដង្កូវ*យ៉ាកុប​អើយ! ចូរ​កុំ​ភ័យ​ខ្លាច​ឡើយ។+

ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! ខ្ញុំ​នឹង​ជួយ​អ្នក​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​លោះ​អ្នក​រាល់​គ្នា+ និង​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល។

១៥ ​«​មើល! ខ្ញុំ​បាន​យក​អ្នក​ធ្វើ​ជា​ឧបករណ៍​បញ្ជាន់+

ជា​ឧបករណ៍​បញ្ជាន់​ថ្មី​ដែល​មាន​សុទ្ធ​តែ​ធ្មេញ​យ៉ាង​មុត។

អ្នក​នឹង​ជាន់​ឈ្លី​ភ្នំ​នា​នា​ឲ្យ​ខ្ទេច ហើយ​ធ្វើ​ឲ្យ​ទី​ទួល​ដូច​ជា​អង្កាម។

១៦ អ្នក​នឹង​រោយ​ពួក​គេ ហើយ​ខ្យល់​នឹង​បក់​ផាត់​នាំ​ពួក​គេ​ទៅ

គឺ​ខ្យល់​ព្យុះ​នឹង​កម្ចាត់​កម្ចាយ​ពួក​គេ។

អ្នក​នឹង​យក​ព្រះ​យេហូវ៉ា​ជា​ទី​រីករាយ+

អ្នក​នឹង​មាន​មោទនភាព​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​»។+

១៧ ​«​ជន​ក្រី​ក្រ​និង​ជន​ទុគ៌ត​កំពុង​ស្វែង​រក​ទឹក តែ​គ្មាន​ទឹក​សោះ

ពួក​គេ​ស្ងួត​ក​ដោយ​សារ​ស្រេក​ទឹក។+ ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​នឹង​ជួយ​ពួក​គេ។+

ខ្ញុំ​ជា​ព្រះ​នៃ​អ៊ីស្រាអែល ខ្ញុំ​នឹង​មិន​បោះ​បង់​ពួក​គេ​ឡើយ។+

១៨ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ផ្លូវ​ទឹក​ហូរ​ខ្វាត់​ខ្វែង​នៅ​លើ​ទី​ទួល​រលីង​ធេង+

ហើយ​ធ្វើ​ឲ្យ​មាន​ប្រភព​ទឹក​នៅ​តំបន់​វាល​ទំនាប។+

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​តំបន់​ស្ងាត់​ជ្រងំ​ទៅ​ជា​បឹង​ត្រែង

និង​តំបន់​ហួត​ហែង​មាន​ក្បាល​ទឹក​ផុស​ឡើង។+

១៩ នៅ​តំបន់​ស្ងាត់​ជ្រងំ ខ្ញុំ​នឹង​ដាំ​ដើម​ស៊ីដារ

ដើម​អាកាស្យា ដើម​មើថល និង​ដើម​ស្រល់។+

នៅ​តំបន់​វាល​ទំនាប ខ្ញុំ​នឹង​ដាំ​ដើម​យូនីពើ ដើម​អែស​និង​ដើម​សាយប្រេស។*+

២០ យ៉ាង​នេះ មនុស្ស​ទាំង​ឡាយ​អាច​ឃើញ​ហើយ​ដឹង

ព្រម​ទាំង​ពិចារណា​ហើយ​យល់​ថា

ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​នេះ​ដោយ​ដៃ​លោក​ផ្ទាល់

ហើយ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​កើត​ឡើង​»។+

២១ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​លើក​រឿង​ក្ដី​ចុះ​»។

មហា​ក្សត្រ​នៃ​យ៉ាកុប​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ជជែក​តវ៉ា​មក​»។

២២ ​«​ចូរ​បង្ហាញ​ភ័ស្តុតាង​មក ហើយ​ប្រាប់​យើង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង។

ចូរ​ប្រាប់​យើង​អំពី​រឿង​ដែល​កើត​ឡើង​ពី​មុន

ដើម្បី​យើង​អាច​យក​មក​ពិចារណា ហើយ​ដឹង​នូវ​លទ្ធផល។

ចូរ​ប្រកាស​ប្រាប់​យើង​អំពី​អ្វី​ដែល​នឹង​មក​ដល់។+

២៣ ចូរ​ប្រាប់​យើង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត

ដើម្បី​យើង​អាច​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​ព្រះ​ពិត​ប្រាកដ​មែន។+

ចូរ​ធ្វើ​ការ​ណា​មួយ​មក ទោះ​ជា​ល្អ​ឬ​អាក្រក់​ក្ដី

ដើម្បី​យើង​អាច​កោត​ស្ងើច ពេល​យើង​ឃើញ​ការ​នោះ។+

២៤ មើល! អ្នក​រាល់​គ្នា​មិន​ជា​អ្វី​សោះ

ហើយ​ការ​សម្រេច​របស់​អ្នក​រាល់​គ្នា​ក៏​ឥត​ប្រយោជន៍​ដែរ។+

អ្នក​ណា​ដែល​ជ្រើស​រើស​អ្នក​រាល់​គ្នា គឺ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ណាស់។+

២៥ ខ្ញុំ​បាន​ជំរុញ​ចិត្ត​បុគ្គល​ម្នាក់​ពី​ទិស​ខាង​ជើង​ឲ្យ​មក ហើយ​គាត់​នឹង​មក​ជា​មិន​ខាន+

គាត់​ជា​អ្នក​ដែល​មក​ពី​ទិស​ខាង​កើត+ គាត់​នឹង​ហៅ​រក​នាម​ខ្ញុំ។

គាត់​នឹង​ជាន់​ឈ្លី​ពួក​អ្នក​គ្រប់​គ្រង​ដូច​ជា​ដី​ឥដ្ឋ+ គឺ​ដូច​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ​ទន់។

២៦ តាំង​ពី​ដើម​ដំបូង​មក តើ​អ្នក​ណា​បាន​ប្រាប់​អំពី​ការ​នេះ​ដើម្បី​ឲ្យ​យើង​អាច​ដឹង?

តាំង​ពី​បុរាណ​មក តើ​អ្នក​ណា​បាន​ប្រកាស​អំពី​រឿង​នេះ​ដើម្បី​ឲ្យ​យើង​អាច​និយាយ​ថា​៖ ‹គាត់​និយាយ​ត្រូវ​ហើយ›?+ ពិត​ណាស់ គឺ​គ្មាន​នរណា​ប្រាប់​ទេ!

គ្មាន​នរណា​ប្រកាស​ទេ! គ្មាន​នរណា​ឮ​អ្វី​សោះ​ពី​អ្នក​រាល់​គ្នា!​»។+

២៧ ខ្ញុំ​ជា​បុគ្គល​ទី​១​ដែល​និយាយ​ទៅ​ក្រុង​ស៊ីយ៉ូន​ថា​៖ ​«​មើល! នេះ​ជា​អ្វី​ដែល​នឹង​កើត​ឡើង!​»​+

ហើយ​ខ្ញុំ​នឹង​ចាត់​បុគ្គល​ម្នាក់​ឲ្យ​នាំ​ដំណឹង​ល្អ​ទៅ​ក្រុង​យេរូសាឡិម។+

២៨ ប៉ុន្តែ ខ្ញុំ​ខំ​រក​មើល តែ​មិន​ឃើញ​នរណា​ម្នាក់​ទេ

គឺ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ដែល​អាច​ជូន​ឱវាទ​បាន​ឡើយ។

ខ្ញុំ​ខំ​សួរ​ពួក​គេ តែ​គ្មាន​នរណា​តប​ឆ្លើយ​មក​វិញ​ទេ។

២៩ មើល! ពួក​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ឥត​បាន​ការ

ពុំ​អាច​សម្រេច​កិច្ច​ការ​អ្វី​ឡើយ។

រូប​ឆ្លាក់*របស់​ពួក​គេ​មិន​ជា​អ្វី​សោះ គឺ​ប្រៀប​ដូច​ជា​ខ្យល់​ប៉ុណ្ណោះ។+

៤២ មើល! អ្នក​បម្រើ​របស់​ខ្ញុំ+ដែល​ខ្ញុំ​គាំទ្រ!

គឺ​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស+ និង​ដែល​ខ្ញុំ​ស្រឡាញ់​ពេញ​ចិត្ត!+

ខ្ញុំ​បាន​ឲ្យ​ឫទ្ធានុភាព​របស់​ខ្ញុំ​ដល់​គាត់+

ហើយ​គាត់​នឹង​នាំ​ឲ្យ​មាន​យុត្តិធម៌​ដល់​ប្រជា​ជាតិ​ទាំង​ឡាយ។+

 ២ គាត់​នឹង​មិន​ស្រែក ឬ​ដំឡើង​សំឡេង​ឡើយ

គ្មាន​អ្នក​ណា​នឹង​ឮ​សំឡេង​របស់​គាត់​នៅ​តាម​ផ្លូវ​ទេ។+

 ៣ គាត់​នឹង​មិន​ជាន់​ឈ្លី​ដើម​ត្រែង​ណា​ដែល​ទក់

ក៏​មិន​ពន្លត់​ប្រឆេះ​ណា​ដែល​ជិត​រលត់​ដែរ។+

ដោយ​សេចក្ដី​ស្មោះ​ត្រង់ គាត់​នឹង​នាំ​ឲ្យ​មាន​យុត្តិធម៌។+

 ៤ គាត់​នឹង​មិន​រលត់​ទៅ​ឬ​ត្រូវ​បំបាក់​បំបែក​ទេ រហូត​ដល់​គាត់​តាំង​ឲ្យ​មាន​យុត្តិធម៌​នៅ​ផែនដី។+

ឯ​កោះ​ទាំង​ឡាយ​រង់​ចាំ​ទទួល​បង្គាប់​ពី​គាត់​ជា​និច្ច។

 ៥ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ពិត និង​ជា​ព្រះ​ដ៏​ឧត្តុង្គ​ឧត្តម

លោក​ជា​អ្នក​បង្កើត​មេឃ ហើយ​ត្រដាង​លំហ​អាកាស​ផង។+

លោក​លាត​សន្ធឹង​ផែនដី និង​បង្កើត​របស់​សព្វសារពើ​នៅ​លើ​នោះ+

លោក​ផ្ដល់​ខ្យល់​ដង្ហើម​ដល់​មនុស្ស​ទាំង​ឡាយ+

ហើយ​ផ្ដល់​កម្លាំង​ជីវិត​ដល់​អ្នក​ដែល​ដើរ​នៅ​ផែនដី​ដែរ។+ លោក​មាន​ប្រសាសន៍​ថា​៖

 ៦ ​«​ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​បាន​ហៅ​អ្នក​មក​ដោយ​សេចក្ដី​សុចរិត

ខ្ញុំ​បាន​កាន់​ដៃ​អ្នក​យ៉ាង​ជាប់។

ខ្ញុំ​នឹង​ការ​ពារ​អ្នក ហើយ​អ្នក​ជា​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​បណ្ដា​ជន+

ហើយ​ជា​ពន្លឺ​ដល់​ប្រជា​ជាតិ​នា​នា+

 ៧ ដើម្បី​ឲ្យ​អ្នក​អាច​បំភ្លឺ​ភ្នែក​មនុស្ស​ខ្វាក់+

ដើម្បី​ឲ្យ​អ្នក​អាច​នាំ​អ្នក​ទោស​ចេញ​ពី​គុក​ជ្រៅ

ហើយ​នាំ​អស់​អ្នក​ដែល​អង្គុយ​នៅ​គុក​ងងឹត​ចេញ​មក។+

 ៨ ខ្ញុំ​ជា​យេហូវ៉ា នេះ​ហើយ​ជា​នាម​របស់​ខ្ញុំ។

ខ្ញុំ​មិន​ប្រគល់​សិរី​រុង​រឿង​របស់​ខ្ញុំ​ដល់​អ្នក​ណា​ឡើយ

ហើយ​ក៏​មិន​ចែក​រំលែក​ការ​សរសើរ​របស់​ខ្ញុំ​ដល់​រូប​ឆ្លាក់​ដែរ។+

 ៩ មើល! អ្វី​ៗ​ដែល​ខ្ញុំ​បាន​ប្រាប់​ពី​មុន​បាន​កន្លង​បាត់​ហើយ

ឥឡូវ​ខ្ញុំ​កំពុង​ប្រកាស​អំពី​អ្វី​ៗ​ដែល​ថ្មី។

មុន​អ្វី​ៗ​ទាំង​នោះ​កើត​ឡើង ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​»។+

១០ ចូរ​ច្រៀង​ចម្រៀង​ថ្មី​ជូន​ព្រះ​យេហូវ៉ា+

អស់​អ្នក​ដែល​នៅ​ចុង​ផែនដី​អើយ! ចូរ​សរសើរ​តម្កើង​លោក។+

ឯ​អស់​អ្នក​ដែល​ចិញ្ចឹម​ជីវិត​ដោយ​សារ​សមុទ្រ​និង​អ្វី​ៗ​ក្នុង​នោះ

ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​បណ្ដា​កោះ+ ចូរ​សរសើរ​តម្កើង​លោក​ដែរ។

១១ ចូរ​ឲ្យ​តំបន់​ស្ងាត់​ជ្រងំ​និង​បណ្ដា​ក្រុង​នៅ​ទី​នោះ

ព្រម​ទាំង​បណ្ដា​ភូមិ​នៃ​កេដា+ បន្លឺ​សំឡេង​ឡើង។+

ចូរ​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​តាម​គែម​ភ្នំ​ស្រែក​ឡើង​ដោយ​អំណរ

ចូរ​ឲ្យ​ពួក​គេ​ស្រែក​ឡើង​ពី​លើ​កំពូល​ភ្នំ។

១២ ចូរ​ឲ្យ​ពួក​គេ​តម្កើង​កិត្តិយស​ព្រះ​យេហូវ៉ា

ហើយ​សរសើរ​តម្កើង​លោក​នៅ​តាម​កោះ​ទាំង​ប៉ុន្មាន។+

១៣ ព្រះ​យេហូវ៉ា​នឹង​ចេញ​ទៅ​ដូច​ជា​បុរស​ដ៏​ខ្លាំង​ក្លា។+

លោក​នឹង​មាន​ភាព​ស្វាហាប់​ដូច​អ្នក​ចម្បាំង​ខ្លាំង​ពូកែ។+

លោក​នឹង​ស្រែក​ឡើង ដូច​ទាហាន​ស្រែក​ចូល​ប្រយុទ្ធ។

លោក​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​ជាង​ពួក​សត្រូវ។+

១៤ ​«​ខ្ញុំ​បាន​អត់​ទ្រាំ​ជា​យូរ​មក​ហើយ ក៏​បាន​នៅ​ស្ងៀម ហើយ​ទប់​ចិត្ត​ដែរ។

ដូច​ស្ត្រី​កំពុង​សម្រាល​កូន ខ្ញុំ​នឹង​ស្រែក​ថ្ងូរ ដង្ហក់ ហើយ​ត្រដរ​ខ្យល់​នៅ​ពេល​ដំណាល​គ្នា។

១៥ ខ្ញុំ​នឹង​បំផ្លាញ​ភ្នំ​និង​ទី​ទួល​ទាំង​ឡាយ

ព្រម​ទាំង​ធ្វើ​ឲ្យ​រុក្ខជាតិ​ទាំង​អស់​នៅ​លើ​នោះ​ក្រៀម​ស្វិត​ទៅ។

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ទន្លេ​នា​នា​ប្រែ​ទៅ​ជា​កោះ

ហើយ​ធ្វើ​ឲ្យ​បឹង​ត្រែង​ទាំង​ប៉ុន្មាន​រីង​ស្ងួត​អស់។+

១៦ ខ្ញុំ​នឹង​នាំ​មនុស្ស​ខ្វាក់​ទៅ​តាម​ផ្លូវ​ដែល​ពួក​គេ​មិន​ស្គាល់+

ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​លើ​ផ្លូវ​ដែល​ពួក​គេ​មិន​ធ្លាប់​ដើរ។+

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ភាព​ងងឹត​នៅ​មុខ​ពួក​គេ​ទៅ​ជា​ពន្លឺ+

ឯ​ដី​រដិប​រដុប ខ្ញុំ​នឹង​ពង្រាប​ឲ្យ​ស្មើ។+

នេះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​សម្រាប់​ពួក​គេ ខ្ញុំ​នឹង​មិន​បោះ​បង់​ចោល​ពួក​គេ​ទេ​»។

១៧ ពួក​គេ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​សេចក្ដី​អាម៉ាស់

គឺ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​រូប​ឆ្លាក់

និង​អស់​អ្នក​ដែល​និយាយ​ទៅ​កាន់​រូប​សិត​ថា​៖ ​«​អ្នក​ជា​ព្រះ​របស់​ពួក​យើង​»។+

១៨ ឱ​អស់​អ្នក​ដែល​ថ្លង់​អើយ! ចូរ​ស្ដាប់​ចុះ។

ឱ​អស់​អ្នក​ដែល​ងងឹត​ភ្នែក​អើយ! ចូរ​សម្លឹង​មើល​ទៅ។+

១៩ ក្រៅ​ពី​អ្នក​បម្រើ​ខ្ញុំ គ្មាន​នរណា​ងងឹត​ភ្នែក​ដូច​នេះ​ទេ

ហើយ​ក៏​គ្មាន​នរណា​ថ្លង់​ដូច​អ្នក​នាំ​សារ​ដែល​ខ្ញុំ​បាន​ចាត់​ឲ្យ​ទៅ​ដែរ។

តើ​មាន​នរណា​ងងឹត​ភ្នែក​ដូច​អ្នក​ដែល​បាន​ទទួល​រង្វាន់?

ក្រៅ​ពី​អ្នក​បម្រើ​ព្រះ​យេហូវ៉ា គ្មាន​នរណា​ងងឹត​ភ្នែក​ដូច្នោះ​ឡើយ។+

២០ អ្នក​ឃើញ​អ្វី​ជា​ច្រើន តែ​មិន​ចាំ​យាម​ទេ។

អ្នក​ផ្ទៀង​ត្រចៀក តែ​មិន​ស្ដាប់​ទេ។+

២១ ដោយ​យល់​ដល់​សេចក្ដី​សុចរិត​របស់​លោក

ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ធ្វើ​ឲ្យ​ក្រម​ច្បាប់*​របស់​លោក​វិសេស​វិសាល​និង​ប្រសើរ​កន្លង។

២២ ប៉ុន្តែ បណ្ដា​ជន​នេះ​ជា​មនុស្ស​ដែល​ត្រូវ​គេ​ប្លន់ និង​ត្រូវ​គេ​រឹប​អូស​ទ្រព្យ​សម្បត្តិ។+

ពួក​គេ​ទាំង​អស់​គ្នា​ជាប់​នៅ​ក្នុង​រណ្ដៅ ហើយ​ត្រូវ​គេ​ឃុំ​នៅ​ក្នុង​គុក។+

ពួក​គេ​បាន​ត្រូវ​ចាប់ តែ​គ្មាន​នរណា​ជួយ​សង្គ្រោះ​ពួក​គេ​ឡើយ។+

ពួក​គេ​បាន​ត្រូវ​កញ្ឆក់​យក​ទៅ ហើយ​គ្មាន​នរណា​ជួយ​និយាយ​ថា​៖ ​«​ចូរ​ប្រគល់​ពួក​គេ​មក​វិញ!​»។

២៣ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​អ្នក​ណា​នឹង​ឮ​អំពី​រឿង​នេះ?

តើ​អ្នក​ណា​នឹង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អំពី​គ្រា​ខាង​មុខ?

២៤ តើ​នរណា​បាន​ប្រគល់​យ៉ាកុប​ទៅ​ឲ្យ​សត្រូវ​រឹប​អូស​ទ្រព្យ?

តើ​នរណា​បាន​ប្រគល់​អ៊ីស្រាអែល​ដល់​ក្រុម​ចោរ​ប្លន់?

គឺ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទាស់​នឹង​លោក មែន​ទេ?

នេះ​ដោយ​សារ​ពួក​គេ​មិន​ព្រម​ដើរ​តាម​ផ្លូវ​របស់​លោក

ហើយ​ក៏​មិន​បាន​ធ្វើ​តាម​ច្បាប់*របស់​លោក​ដែរ។+

២៥ ដូច្នេះ ព្រះ​បញ្ចេញ​កំហឹង​ទៅ​លើ​អ៊ីស្រាអែល

គឺ​សេចក្ដី​ក្រោធ​របស់​លោក បណ្ដាល​ឲ្យ​មាន​សង្គ្រាម​ដ៏​ធំ។+

កំហឹង​របស់​លោក​បាន​បញ្ឆេះ​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ជុំវិញ​គាត់ តែ​គាត់​មិន​យក​ចិត្ត​ទុក​ដាក់​ទេ។+

សេចក្ដី​ក្រោធ​របស់​លោក​ឆួល​ឡើង​ទាស់​នឹង​គាត់ តែ​គាត់​ឥត​អើពើ​ឡើយ។+

៤៣ ឱ​យ៉ាកុប​អើយ! ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​អ្នក

ឱ​អ៊ីស្រាអែល​អើយ! ព្រះ​ដែល​បាន​សូន​អ្នក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖+ ​«​កុំ​ខ្លាច​ឡើយ ព្រោះ​ខ្ញុំ​បាន​លោះ​អ្នក​ហើយ។+

ខ្ញុំ​បាន​ហៅ​អ្នក​តាម​ឈ្មោះ​របស់​អ្នក​ផ្ទាល់

ព្រោះ​អ្នក​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ។

 ២ ពេល​អ្នក​ឆ្លង​កាត់​ទឹក ខ្ញុំ​នឹង​នៅ​ជា​មួយ​អ្នក+

ពេល​អ្នក​ឆ្លង​កាត់​ទន្លេ ទឹក​ក៏​មិន​ជន់​លិច​អ្នក​ដែរ។+

ពេល​អ្នក​ដើរ​កាត់​ភ្លើង អ្នក​នឹង​មិន​រលាក​ទេ

ហើយ​អណ្ដាត​ភ្លើង​មិន​ឆាប​ឆេះ​អ្នក​ឡើយ។

 ៣ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក

ខ្ញុំ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល ជា​អ្នក​សង្គ្រោះ​អ្នក។

ខ្ញុំ​បាន​ប្រគល់​អេហ្ស៊ីប​ជា​ថ្លៃ​លោះ​សម្រាប់​អ្នក

ហើយ​ប្រគល់​អេត្យូពី​និង​ស៊ីបា​ជា​ថ្នូរ​សម្រាប់​អ្នក។

 ៤ ព្រោះ​អ្នក​មាន​តម្លៃ​ខ្លាំង​ណាស់​ក្នុង​កែវ​ភ្នែក​ខ្ញុំ+

អ្នក​បាន​ទទួល​កិត្តិយស ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​ខ្លាំង​ដែរ។+

ដូច្នេះ ខ្ញុំ​នឹង​ប្រគល់​បណ្ដា​ជន​នោះ​ជំនួស​អ្នក

ហើយ​ខ្ញុំ​យក​ប្រជា​ជាតិ​ទាំង​នោះ​ទៅ​ប្ដូរ​នឹង​ជីវិត​អ្នក​វិញ។

 ៥ កុំ​ភ័យ​ខ្លាច​ឡើយ ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ហើយ។+

ខ្ញុំ​នឹង​នាំ​កូន​ចៅ​របស់​អ្នក​ពី​ទិស​ខាង​កើត

ហើយ​ប្រមូល​អ្នក​ឲ្យ​មក​ជួប​ជុំ​គ្នា​វិញ​ពី​ទិស​ខាង​លិច។+

 ៦ ខ្ញុំ​នឹង​និយាយ​ទៅ​ទិស​ខាង​ជើង​ថា​៖ ‹ចូរ​ប្រគល់​ពួក​គេ​មក​វិញ!›+

ហើយ​ក៏​បង្គាប់​ទៅ​ទិស​ខាង​ត្បូង​ថា​៖ ‹កុំ​ឃាត់​ឃាំង​ពួក​គេ​ឡើយ។

ចូរ​នាំ​កូន​ប្រុស​ៗ​របស់​ខ្ញុំ​មក​ពី​កន្លែង​ឆ្ងាយ ហើយ​នាំ​កូន​ស្រី​ៗ​របស់​ខ្ញុំ​មក​ពី​ចុង​ផែនដី+

 ៧ គឺ​គ្រប់​គ្នា​ដែល​តាង​នាម​ខ្ញុំ+

និង​ជា​ពួក​អ្នក​ដែល​ខ្ញុំ​បាន​បង្កើត​ដើម្បី​ជា​សិរី​រុង​រឿង​ដល់​ខ្ញុំ ជា​ពួក​អ្នក​ដែល​ខ្ញុំ​បាន​សូន​ធ្វើ›។+

 ៨ ចូរ​នាំ​បណ្ដា​ជន​ចេញ​មក ពួក​គេ​មាន​ភ្នែក​តែ​មើល​មិន​ឃើញ​ទេ

ពួក​គេ​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ​ឡើយ។+

 ៩ ចូរ​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​ប្រជុំ​គ្នា​នៅ​កន្លែង​មួយ

ហើយ​ឲ្យ​បណ្ដា​ជន​មក​ជួប​ជុំ​គ្នា។+

ក្នុង​ចំណោម​ពួក​គេ តើ​អ្នក​ណា​អាច​ប្រាប់​អំពី​រឿង​នេះ​បាន?

តើ​អ្នក​ណា​អាច​រៀប​រាប់​ប្រាប់​អំពី​ហេតុ​ការណ៍​ដែល​នឹង​កើត​ឡើង​មុន​បង្អស់?*+

ចូរ​ឲ្យ​ពួក​គេ​នាំ​សាក្សី​របស់​ខ្លួន មក​ធ្វើ​ការ​បញ្ជាក់​ថា​ខ្លួន​ត្រឹម​ត្រូវ​ចុះ

ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​អាច​ស្ដាប់ រួច​និយាយ​ថា​៖ ‹រឿង​នេះ​ជា​ការ​ពិត​មែន!›​»។+

១០ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ+

ជា​អ្នក​បម្រើ​ដែល​ខ្ញុំ​បាន​ជ្រើស​រើស+

ដើម្បី​ឲ្យ​អ្នក​អាច​ស្គាល់​ខ្ញុំ​និង​មាន​ជំនឿ​លើ​ខ្ញុំ

ហើយ​យល់​ថា​គឺ​ខ្ញុំ​ជា​បុគ្គល​ដដែល ឥត​ប្រែ​ប្រួល​ឡើយ។+

មុន​ខ្ញុំ​គ្មាន​ព្រះ​ណា​ទេ ហើយ​ក្រោយ​ខ្ញុំ​ក៏​គ្មាន​ព្រះ​ណា​ទៀត​ដែរ។+

១១ គឺ​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា+ ក្រៅ​ពី​ខ្ញុំ​គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ទេ​»។+

១២ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ខ្ញុំ​នេះ​ហើយ​ដែល​បាន​ប្រកាស បាន​សង្គ្រោះ​និង​បាន​បង្ហាញ​ឲ្យ​ដឹង

ក្នុង​កាល​ដែល​មិន​ទាន់​មាន​ព្រះ​ដទៃ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នៅ​ឡើយ។+

ដូច្នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ ហើយ​ខ្ញុំ​គឺ​ជា​ព្រះ។+

១៣ បន្ថែម​ទៀត ខ្ញុំ​តែង​តែ​នៅ​ដដែល ឥត​ប្រែ​ប្រួល​ឡើយ។+

គ្មាន​អ្នក​ណា​ម្នាក់​អាច​កញ្ឆក់​អ្វី​ចេញ​ពី​ដៃ​ខ្ញុំ​បាន​ទេ។+

បើ​ខ្ញុំ​ចាត់​វិធានការ​ហើយ តើ​អ្នក​ណា​អាច​រា​រាំង​បាន​ទៅ?​»។+

១៤ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​និង​ជា​អ្នក​លោះ​អ្នក​រាល់​គ្នា+ លោក​មាន​ប្រសាសន៍​ថា​៖+

​«​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា ខ្ញុំ​នឹង​ចាត់​ទ័ព​ឲ្យ​ទៅ​ក្រុង​បាប៊ីឡូន ហើយ​បំបាក់​រនុក​ទ្វារ​ក្រុង។+

ពេល​នោះ ពួក​ខាល់ដេ​ដែល​នៅ​ក្នុង​សំពៅ​នឹង​ស្រែក​យំ​ដោយ​ទុក្ខ​ព្រួយ។+

១៥ ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ+ ជា​មហា​ក្សត្រ​របស់​អ្នក​រាល់​គ្នា+​និង​ជា​អ្នក​បង្កើត​នៃ​អ៊ីស្រាអែល​»។+

១៦ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ធ្វើ​ផ្លូវ​កាត់​តាម​សមុទ្រ

និង​រៀបចំ​ផ្លូវ​កាត់​ទឹក​ដែល​កញ្ជ្រោល​បក់​បោក+

១៧ លោក​ជា​អ្នក​ដែល​ទាញ​នាំ​ទ័ព​រទេះ​ចម្បាំង​និង​ទ័ព​សេះ​ចេញ​មក+

ព្រម​ជា​មួយ​នឹង​កង​ទ័ព​និង​ទាហាន​ដ៏​ខ្លាំង​ក្លា។ លោក​មាន​ប្រសាសន៍​ថា​៖

​«​ពួក​គេ​នឹង​ដេក​ស្ដូក​ស្ដឹង មិន​អាច​ក្រោក​ឡើង​បាន​ទេ។+

ពួក​គេ​នឹង​ត្រូវ​ពន្លត់​ដូច​គេ​ពន្លត់​ប្រឆេះ​ដូច្នោះ​ដែរ​»។

១៨ ​«​ចូរ​បំភ្លេច​អ្វី​ដែល​បាន​កើត​ឡើង​ពី​មុន ហើយ​កុំ​គិត​អំពី​អតីតកាល​ឡើយ។

១៩ មើល! ខ្ញុំ​កំពុង​ធ្វើ​អ្វី​ថ្មី+ ហើយ​ឥឡូវ​ការ​នេះ​កំពុង​លាស់​ឡើង​ហើយ។

តើ​អ្នក​មិន​បាន​កត់​សម្គាល់​ទេ​ឬ? ខ្ញុំ​នឹង​រៀបចំ​ផ្លូវ​កាត់​តាម​តំបន់​ស្ងាត់​ជ្រងំ+

ហើយ​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​ទី​រហោ​ស្ថាន។+

២០ សត្វ​ព្រៃ​នៅ​ឯ​វាល​នឹង​លើក​កិត្តិយស​ខ្ញុំ ព្រម​ទាំង​ឆ្កែ​ព្រៃ​និង​សត្វ​អូទ្រីស​ដែរ

ព្រោះ​នៅ​តំបន់​ស្ងាត់​ជ្រងំ ខ្ញុំ​ធ្វើ​ឲ្យ​មាន​ទឹក​សម្បូរ​ហូរ​ហៀរ

ហើយ​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​ទី​រហោ​ស្ថាន+

ដើម្បី​ឲ្យ​រាស្ត្រ​របស់​ខ្ញុំ​ជា​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស+ មាន​ទឹក​ផឹក។

២១ ពួក​គេ​ជា​ពួក​អ្នក​ដែល​ខ្ញុំ​បាន​បង្កើត​សម្រាប់​ខ្លួន​ខ្ញុំ

ដើម្បី​ឲ្យ​ពួក​គេ​អាច​សរសើរ​តម្កើង​ដល់​ខ្ញុំ។+

២២ ប៉ុន្តែ ឱ​យ៉ាកុប​អើយ! អ្នក​មិន​បាន​ហៅ​រក​នាម​ខ្ញុំ​ទេ+

ឱ​អ៊ីស្រាអែល​អើយ! អ្នក​បាន​នឿយ​ណាយ​នឹង​ខ្ញុំ​ហើយ។+

២៣ អ្នក​មិន​បាន​ជូន​ចៀម​ដល់​ខ្ញុំ​ជា​គ្រឿង​បូជា​ដុត​ទេ

ហើយ​ក៏​មិន​បាន​លើក​កិត្តិយស​ខ្ញុំ​ដោយ​គ្រឿង​បូជា​របស់​អ្នក​ដែរ។

ខ្ញុំ​មិន​បាន​បង្ខំ​អ្នក​ឲ្យ​ជូន​អំណោយ​ដល់​ខ្ញុំ​ទេ

ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ធុញ​ទ្រាន់​ដោយ​ទាម​ទារ​នូវ​គ្រឿង​ក្រអូប​នោះ​ដែរ។+

២៤ អ្នក​មិន​បាន​ចំណាយ​ប្រាក់​ទិញ​ដើម​ត្រែង​ក្រអូប​ឲ្យ​ខ្ញុំ​ទេ

ហើយ​អ្នក​ក៏​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត ដោយ​ខ្លាញ់​នៃ​គ្រឿង​បូជា​របស់​អ្នក​ដែរ។+

ផ្ទុយ​ទៅ​វិញ អ្នក​បាន​ធ្វើ​ជា​បន្ទុក​ដល់​ខ្ញុំ​ដោយ​អំពើ​ខុស​ឆ្គង​របស់​អ្នក ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្អែត​នឹង​កំហុស​ឆ្គង​របស់​អ្នក។+

២៥ ទោះ​ជា​យ៉ាង​នោះ​ក្ដី ដោយ​យល់​ដល់​នាម​របស់​ខ្ញុំ+ ខ្ញុំ​នឹង​លុប​អំពើ​ខុស​ឆ្គង*របស់​អ្នក+

ហើយ​ខ្ញុំ​នឹង​មិន​រំលឹក​អំពើ​ខុស​ឆ្គង​របស់​អ្នក​ទេ។+

២៦ ចូរ​ឲ្យ​យើង​នាំ​យក​រឿង​ក្ដី​របស់​ខ្លួន​មក​ជជែក​តវ៉ា​គ្នា។ សូម​រំលឹក​ខ្ញុំ​មក

សូម​ប្រាប់​ហេតុ​ផល​ដើម្បី​បញ្ជាក់​ថា​អ្នក​មិន​បាន​ធ្វើ​ខុស​មែន។

២៧ បុព្វ​បុរស​ដំបូង​របស់​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង

ហើយ​តំណាង*អ្នក​ក៏​បាន​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ​ដែរ។+

២៨ ដូច្នេះ ខ្ញុំ​នឹង​បន្ទាប​ពួក​អ្នក​ដឹក​នាំ​នៅ​កន្លែង​បរិសុទ្ធ

ហើយ​ខ្ញុំ​នឹង​ឲ្យ​យ៉ាកុប​ទទួល​ការ​បំផ្លាញ

ហើយ​ឲ្យ​អ៊ីស្រាអែល​រង​ការ​ប្រមាថ​មើល​ងាយ។+

៤៤ ​«​ឱ​យ៉ាកុប​ជា​អ្នក​បម្រើ​ខ្ញុំ​អើយ! សូម​ស្ដាប់​ចុះ។

ឱ​អ៊ីស្រាអែល​ជា​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​អើយ!+ សូម​ត្រង​ត្រាប់​ស្ដាប់។

 ២ ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​អ្នក​និង​ដែល​បាន​សូន​អ្នក+

លោក​បាន​ជួយ​អ្នក​តាំង​ពី​អ្នក​នៅ​ក្នុង​ផ្ទៃ។* លោក​មាន​ប្រសាសន៍​ថា​៖

‹ឱ​យ៉ាកុប​ជា​អ្នក​បម្រើ​ខ្ញុំ​អើយ! ចូរ​កុំ​ភ័យ​ខ្លាច​ឡើយ+

ឱ​យេសឺរុន*+ជា​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​អើយ! ចូរ​កុំ​តក់​ស្លុត​ឲ្យ​សោះ។

 ៣ ព្រោះ​ខ្ញុំ​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ដែល​ស្រេក*+

ហើយ​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត​ហែង។

ខ្ញុំ​នឹង​ចាក់​ឫទ្ធានុភាព​របស់​ខ្ញុំ​ទៅ​លើ​ពូជ​ពង្ស​អ្នក+

ព្រម​ទាំង​ចាក់​ពរ​ទៅ​លើ​កូន​ចៅ​របស់​អ្នក​ផង​ដែរ។

 ៤ ពួក​គេ​នឹង​លូត​លាស់​ឡើង​ដូច​ជា​ស្មៅ​ខៀវ​ខ្ចី+

និង​ដូច​ជា​ដើម​ផប់ផ្លឺ​ដុះ​នៅ​តាម​ផ្លូវ​ទឹក។

 ៥ ម្នាក់​នឹង​និយាយ​ថា​៖ ​«​ខ្ញុំ​ជា​របស់​ព្រះ​យេហូវ៉ា​»។+

រីឯ​ម្នាក់​ទៀត គាត់​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​យ៉ាកុប

ចំណែក​ម្នាក់​ទៀត គាត់​នឹង​សរសេរ​នៅ​ដៃ​ខ្លួន​ថា​៖ ​«​ខ្ញុំ​ជា​កម្មសិទ្ធិ​របស់​ព្រះ​យេហូវ៉ា​»​

ហើយ​គាត់​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​អ៊ីស្រាអែល›។

 ៦ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌

គឺ​ជា​មហា​ក្សត្រ​នៃ​អ៊ីស្រាអែល+ និង​ជា​អ្នក​លោះ​គាត់។+ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​ជា​បុគ្គល​ដំបូង​បង្អស់ និង​ជា​បុគ្គល​ចុង​ក្រោយ​បង្អស់។+

ក្រៅ​ពី​ខ្ញុំ គ្មាន​ព្រះ​ណា​ទៀត​ឡើយ។+

 ៧ តើ​មាន​អ្នក​ណា​ដូច​ខ្ញុំ?+

បើ​មាន ចូរ​ឲ្យ​គាត់​ស្រែក​ឡើង ឲ្យ​គាត់​រៀប​រាប់​មក ហើយ​បង្ហាញ​ភ័ស្តុតាង​ដល់​ខ្ញុំ​ផង!+ តាំង​ពី​ពេល​ដែល​ខ្ញុំ​ស្ថាបនា​ប្រជា​ជាតិ​នៅ​សម័យ​មុន

តើ​ធ្លាប់​មាន​អ្នក​ណា​អាច​ប្រាប់​អំពី​អ្វី​ដែល​ហៀប​នឹង​កើត​ឡើង

ព្រម​ទាំង​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​អនាគត​ខាង​មុខ​ឬ​ទេ?

 ៨ រាស្ត្រ​ខ្ញុំ​អើយ! ចូរ​កុំ​ភ័យ​ខ្លាច​ឡើយ ហើយ​ក៏​កុំ​តក់​ស្លុត​និង​ភាំង​ស្មារតី​ដែរ។+

ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ការ​ទាំង​នោះ​ជា​មុន​ហើយ មែន​ទេ?

អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ។+ ក្រៅ​ពី​ខ្ញុំ តើ​មាន​ព្រះ​ណា​ទៀត​ឬ?

គ្មាន​ទេ! គឺ​គ្មាន​ថ្ម​ដាណា​ទៀត​ឡើយ+ ខ្ញុំ​មិន​ស្គាល់​ណា​មួយ​សោះ›​»។

 ៩ អស់​អ្នក​ដែល​ឆ្លាក់​ធ្វើ​រូប​ព្រះ គឺ​ជា​មនុស្ស​ឥត​បាន​ការ​ទេ

ហើយ​រូប​ឆ្លាក់​ដែល​ពួក​គេ​ឲ្យ​តម្លៃ​នោះ ក៏​ឥត​ប្រយោជន៍​ដែរ។+

ក្នុង​នាម​ជា​សាក្សី ពួក​គេ*មើល​មិន​ឃើញ ហើយ​ក៏​មិន​ដឹង​អ្វី​ឡើយ។+

ដូច្នេះ អស់​អ្នក​ដែល​ធ្វើ​រូប​ព្រះ​ទាំង​នោះ​នឹង​ត្រូវ​អាម៉ាស់​មុខ​ជា​មិន​ខាន។+

១០ គ្មាន​នរណា​នឹង​ធ្វើ​រូប​ព្រះ

ឬ​រូប​សិត​ដែល​ឥត​ប្រយោជន៍​បែប​នេះ​ទេ មែន​ទេ?+

១១ មើល! អស់​អ្នក​ដែល​ចូល​រួម​ធ្វើ​រូប​ទាំង​នោះ​នឹង​ត្រូវ​បាក់​មុខ!+

ពួក​ជាង​ទាំង​នោះ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ។

ចូរ​ឲ្យ​ពួក​គេ​ប្រមូល​គ្នា​មក​ឈរ​ចុះ។

ពួក​គេ​នឹង​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខ​ទាំង​អស់​គ្នា។

១២ ជាង​ដែក​គាប​ដែក​យក​ទៅ​ដុត​នៅ​ក្នុង​ភ្លើង

រួច​យក​ញញួរ​ដំ​ពត់​ដែក​នោះ ដោយ​អស់​ពី​កម្លាំង​ដៃ​ដ៏​ខ្លាំង​របស់​គាត់។+

បន្ទាប់​មក គាត់​ឃ្លាន ហើយ​អស់​កម្លាំង គាត់​ក៏​ស្រេក​ទឹក ហើយ​ខ្សោយ​ទៅ។

១៣ ឯ​ជាង​ឈើ​វិញ គាត់​យក​ខ្សែ​មក​វាស់​ដុំ​ឈើ ហើយ​យក​ដី​ស​ពណ៌​ក្រហម​មក​គូស​ឲ្យ​ចេញ​ជា​រូប​រាង។

បន្ទាប់​មក គាត់​យក​ពន្លាក​មក​ដាប់​ឈើ​នោះ ហើយ​គូស​ជា​រាង​ដោយ​ប្រើ​ដែក​ឈាន។

គាត់​ឆ្លាក់​តាម​រូប​រាង និង​ភិន​ភាគ​ដូច​មនុស្ស+ រួច​យក​ទៅ​តម្កល់​នៅ​ក្នុង​ផ្ទះ។*+

១៤ មាន​បុគ្គល​ម្នាក់​ជា​អ្នក​កាប់​ដើម​ស៊ីដារ

គាត់​ជ្រើស​រើស​យក​ដើម​ឈើ​មួយ​ប្រភេទ គឺ​ជា​ដើម​អុក

ហើយ​ទុក​ឲ្យ​វា​ដុះ​ធំ​ឡើង​ជា​មួយ​នឹង​ដើម​ឈើ​ឯ​ទៀត​នៅ​ក្នុង​ព្រៃ។+

គាត់​ក៏​ដាំ​ដើម​អូរ៉េល​មួយ​ដើម​ដែរ ហើយ​ដោយ​សារ​ទឹក​ភ្លៀង​វា​បាន​ដុះ​លូត​លាស់​ឡើង។

១៥ ក្រោយ​មក គេ​យក​ដើម​ឈើ​នោះ​មក​ធ្វើ​ជា​អុស។

គាត់​បាន​យក​ឈើ​មួយ​ផ្នែក​មក​ដុត​ដើម្បី​កម្ដៅ​ខ្លួន

ហើយ​មួយ​ផ្នែក​ទៀត​យក​មក​ដុត​ចម្អិន​អាហារ។

ឯ​មួយ​ផ្នែក​ដែល​នៅ​សល់ គាត់​យក​មក​ធ្វើ​ជា​រូប​ព្រះ​ដើម្បី​គោរព​បូជា

គឺ​គាត់​ឆ្លាក់​ធ្វើ​ជា​រូប​ព្រះ ហើយ​ក្រាប​គោរព​នៅ​ចំពោះ​រូប​នោះ។+

១៦ យ៉ាង​នេះ គាត់​យក​ឈើ​ពាក់​កណ្ដាល​ធ្វើ​ជា​អុស​ដុត

ហើយ​អាំង​សាច់​ជា​អាហារ រួច​គាត់​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​ទៅ។

កាល​ដែល​គាត់​កំពុង​កម្ដៅ​ខ្លួន គាត់​និយាយ​ថា​៖

​«​ខ្ញុំ​អាំង​ភ្លើង​ក្ដៅ​ស្រួល​ណាស់​»។

១៧ ឯ​ឈើ​ពាក់​កណ្ដាល​ទៀត គាត់​យក​មក​ឆ្លាក់​ធ្វើ​ជា​រូប​ព្រះ​ទុក​សម្រាប់​ខ្លួន។

រួច​គាត់​ក្រាប​គោរព​នៅ​ចំពោះ​រូប​នោះ ហើយ​អធិដ្ឋាន​ទៅ​រូប​នោះ​ថា​៖

​«​សូម​សង្គ្រោះ​ខ្ញុំ​ផង ព្រោះ​លោក​ជា​ព្រះ​របស់​ខ្ញុំ​»។+

១៨ ពួក​គេ​ឥត​ដឹង​អ្វី​សោះ ហើយ​ក៏​មិន​យល់​អ្វី​ដែរ+

ព្រោះ​ភ្នែក​របស់​ពួក​គេ​បាន​ត្រូវ​បិទ​ជិត មិន​អាច​មើល​ឃើញ​ទេ

ហើយ​ចិត្ត​របស់​ពួក​គេ​មិន​ចេះ​ពិចារណា​ឡើយ។

១៩ គ្មាន​នរណា​ម្នាក់​មាន​ចំណេះ​ឬ​ការ​យល់​ដឹង

ហើយ​គិត​វែក​ញែក​ក្នុង​ចិត្ត​ថា​៖

​«​ឈើ​ពាក់​កណ្ដាល ខ្ញុំ​បាន​យក​មក​ធ្វើ​ជា​អុស​ដុត

ចម្អិន​អាហារ ហើយ​អាំង​សាច់​បរិភោគ។

បើ​ដូច្នេះ តើ​ខ្ញុំ​គួរ​យក​ឈើ​ដែល​នៅ​សល់​មក​ធ្វើ​ជា​របស់​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​បែប​នេះ​ឬ?+ តើ​ខ្ញុំ​គួរ​គោរព​បូជា​ដុំ​ឈើ​នេះ​ឬ?​»។

២០ បុគ្គល​នោះ​ប្រៀប​ដូច​ជា​បរិភោគ​ផេះ​តែ​ម្ដង។

ចិត្ត​របស់​គាត់​បាន​ត្រូវ​បញ្ឆោត ហើយ​បាន​នាំ​ឲ្យ​ខ្លួន​វង្វេង។

គាត់​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ ហើយ​ក៏​មិន​ទទួល​ស្គាល់​ថា

ខ្លួន​កំពុង​កាន់​របស់​ឥត​ប្រយោជន៍​ដែរ។

២១ ​«​ឱ​យ៉ាកុប​អើយ! ចូរ​នឹក​ចាំ​អំពី​រឿង​នេះ។ ឱ​អ៊ីស្រាអែល​អើយ! អ្នក​ក៏​ត្រូវ​នឹក​ចាំ​ដែរ ព្រោះ​អ្នក​ជា​អ្នក​បម្រើ​ខ្ញុំ។

ខ្ញុំ​បាន​សូន​អ្នក ហើយ​អ្នក​ជា​អ្នក​បម្រើ​របស់​ខ្ញុំ។+

ឱ​អ៊ីស្រាអែល​អើយ! ខ្ញុំ​នឹង​មិន​ភ្លេច​អ្នក​ទេ។+

២២ ខ្ញុំ​នឹង​លុប​អំពើ​រំលង​របស់​អ្នក​ដោយ​ពពក+

ហើយ​គ្រប​បាំង​អំពើ​ខុស​ឆ្គង​របស់​អ្នក​ដោយ​ពពក​យ៉ាង​ក្រាស់។

ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ចុះ ព្រោះ​ខ្ញុំ​នឹង​លោះ​អ្នក។+

២៣ ឱ​មេឃ*អើយ! ចូរ​ស្រែក​ឡើង​ដោយ​អំណរ

ព្រោះ​ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ហើយ!

ឱ​ទី​ជម្រៅ​នៃ​ផែនដី​អើយ! ចូរ​ស្រែក​អបអរ!

ឱ​ភ្នំ​ទាំង​ឡាយ​អើយ! ចូរ​ស្រែក​ហ៊ោ​ឡើង!+

ឱ​ព្រៃ​ព្រឹក្សា​និង​ដើម​ឈើ​ទាំង​ឡាយ​អើយ! ចូរ​ស្រែក​អរ​សប្បាយ​ចុះ!

ព្រោះ​ព្រះ​យេហូវ៉ា​បាន​លោះ​យ៉ាកុប​ហើយ

លោក​បាន​បង្ហាញ​សិរី​រុង​រឿង​ទៅ​លើ​អ៊ីស្រាអែល​»។+

២៤ ព្រះ​យេហូវ៉ា​ជា​អ្នក​លោះ​អ្នក+

ហើយ​បាន​សូន​អ្នក​កាល​ដែល​អ្នក​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​គឺ​យេហូវ៉ា ជា​អ្នក​ដែល​បាន​បង្កើត​របស់​សព្វសារពើ។

ខ្ញុំ​បាន​ត្រដាង​មេឃ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់+ ហើយ​ក៏​បាន​លាត​សន្ធឹង​ផែនដី​ដែរ។+

នៅ​ពេល​នោះ តើ​នរណា​នៅ​ជា​មួយ​នឹង​ខ្ញុំ?

២៥ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​សញ្ញា​សម្គាល់​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ទៅ​ជា​អសារ​ឥត​ការ

ខ្ញុំ​ធ្វើ​ឲ្យ​ពួក​គ្រូ​ទាយ​វង្វេង​វង្វាន់+ ហើយ​បំភាន់​ពួក​អ្នក​ប្រាជ្ញ

ព្រម​ទាំង​ធ្វើ​ឲ្យ​ចំណេះ​របស់​ពួក​គេ​ប្រែ​ទៅ​ជា​ការ​ល្ងង់​ខ្លៅ​វិញ។+

២៦ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពាក្យ​របស់​អ្នក​បម្រើ​ខ្ញុំ​ក្លាយ​ទៅ​ជា​ការ​ពិត

រីឯ​ការ​ប្រកាស​ទុក​ជា​មុន​របស់​ពួក​អ្នក​នាំ​សារ​របស់​ខ្ញុំ ក៏​នឹង​កើត​ឡើង​ទាំង​អស់​ដែរ។+

ខ្ញុំ​នឹង​និយាយ​អំពី​ក្រុង​យេរូសាឡិម​ថា​៖ ‹ក្រុង​នេះ​នឹង​មាន​មនុស្ស​រស់​នៅ›+

ខ្ញុំ​ក៏​និយាយ​អំពី​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា​ថា​៖ ‹ក្រុង​ទាំង​នេះ​នឹង​ត្រូវ​សង់​ឡើង​វិញ។+ ចំណែក​សំណង់​បាក់​បែក​ទាំង​ប៉ុន្មាន ខ្ញុំ​នឹង​ធ្វើ​ឡើង​សា​ជា​ថ្មី›។+

២៧ ខ្ញុំ​ជា​អ្នក​ដែល​និយាយ​ទៅ​កាន់​ជម្រៅ​ទឹក​ថា​៖ ‹ចូរ​ហួត​ហែង​ទៅ

ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​អស់​ដែរ›។+

២៨ ខ្ញុំ​នឹង​និយាយ​អំពី​ស៊ីរូស+ថា​៖ ‹គាត់​ជា​គង្វាល​របស់​ខ្ញុំ

គាត់​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទាំង​ស្រុង›។+

ខ្ញុំ​នឹង​និយាយ​អំពី​ក្រុង​យេរូសាឡិម​ថា​៖ ‹ក្រុង​នេះ​នឹង​ត្រូវ​សង់​ឡើង​វិញ›

ហើយ​និយាយ​អំពី​វិហារ​ថា​៖ ‹គ្រឹះ​វិហារ​នឹង​ត្រូវ​ដាក់​ម្ដង​ទៀត›​»។+

៤៥ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ស៊ីរូស+ជា​អ្នក​ដែល​លោក​បាន​រើស​តាំង ហើយ​លោក​បាន​កាន់​ដៃ​ស្ដាំ​គាត់+

ដើម្បី​បង្ក្រាប​ប្រជា​ជាតិ​នា​នា​នៅ​ចំពោះ​មុខ​គាត់+

ដើម្បី​ដក​អាវុធ​ពី​បណ្ដា​ស្ដេច និង​ដើម្បី​បើក​ទ្វារ​ទាំង​ពីរ​នៅ​ចំពោះ​មុខ​គាត់

យ៉ាង​នេះ ខ្លោង​ទ្វារ​ចូល​ក្រុង​នឹង​មិន​ត្រូវ​បិទ​ទេ។ លោក​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖

 ២ ​«​ខ្ញុំ​នឹង​ទៅ​មុន​អ្នក+ ខ្ញុំ​នឹង​ពង្រាប​ទី​ទួល​ទាំង​ឡាយ។

ខ្ញុំ​នឹង​កម្ទេច​ទ្វារ​ស្ពាន់​ទាំង​នោះ ហើយ​ខ្ញុំ​នឹង​បំបាក់​រនុក​ដែក​ទាំង​ប៉ុន្មាន។+

 ៣ ខ្ញុំ​នឹង​ឲ្យ​ទ្រព្យ​សម្បត្តិ​ដែល​គេ​លាក់​ក្នុង​ទី​ងងឹត​ដល់​អ្នក

ព្រម​ទាំង​កំណប់​ដែល​គេ​បាន​លាក់​ទុក​នៅ​ទី​កំបាំង​ផង​ដែរ+

ដើម្បី​ឲ្យ​អ្នក​ដឹង​ថា​ខ្ញុំ​ជា​យេហូវ៉ា

ជា​ព្រះ​នៃ​អ៊ីស្រាអែល ជា​អ្នក​ដែល​ហៅ​អ្នក​តាម​ឈ្មោះ។+

 ៤ ដោយ​យល់​ដល់​យ៉ាកុប​ជា​អ្នក​បម្រើ​ខ្ញុំ និង​យល់​ដល់​អ៊ីស្រាអែល​ជា​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស នោះ​ខ្ញុំ​នឹង​ហៅ​អ្នក​មក​តាម​ឈ្មោះ។

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ ទោះ​ជា​អ្នក​មិន​ស្គាល់​ខ្ញុំ​ក៏​ដោយ។

 ៥ ខ្ញុំ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ទៀត​ទេ។ ក្រៅ​ពី​ខ្ញុំ ឥត​មាន​ព្រះ​ណា​ឡើយ។+

ខ្ញុំ​នឹង​ពង្រឹង​កម្លាំង​អ្នក ទោះ​ជា​អ្នក​មិន​ស្គាល់​ខ្ញុំ​ក៏​ដោយ

 ៦ ដើម្បី​ឲ្យ​បណ្ដា​ជន​ទាំង​អស់ ចាប់​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច

បាន​ដឹង​ថា​ក្រៅ​ពី​ខ្ញុំ​គ្មាន​ព្រះ​ណា​ទេ។+ ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​ជា​ព្រះ​តែ​មួយ​ប៉ុណ្ណោះ។+

 ៧ ខ្ញុំ​ជា​អ្នក​បង្កើត​ពន្លឺ+និង​ភាព​ងងឹត+

ខ្ញុំ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត+ និង​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា។+

ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​កំពុង​ធ្វើ​ឲ្យ​មាន​អ្វី​ទាំង​អស់​នេះ។

 ៨ ឱ​មេឃ​អើយ! ចូរ​បង្អុរ​ភ្លៀង​មក!+

គឺ​ភ្លៀង​នៃ​សេចក្ដី​សុចរិត ស្រោច​ស្រព​មក​លើ​ផែនដី។

ចូរ​ឲ្យ​ផែនដី​បើក​ចំហ ហើយ​ឲ្យ​គ្រាប់​ពូជ​នៃ​សេចក្ដី​សង្គ្រោះ

និង​គ្រាប់​ពូជ​នៃ​សេចក្ដី​សុចរិត​លូត​លាស់​ឡើង​នៅ​ពេល​ដំណាល​គ្នា។+

ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​ជា​អ្នក​ធ្វើ​ឲ្យ​កើត​ឡើង​»។

 ៩ វេទនា​ដល់​អ្នក​ដែល​តតាំង*នឹង​ព្រះ​ដែល​បង្កើត​ខ្លួន

ព្រោះ​គាត់​គ្រាន់​តែ​ជា​អំបែង​ក្នុង​ចំណោម​អំបែង​ឯ​ទៀត​ដែល​នៅ​លើ​ដី!

តើ​ដី​ឥដ្ឋ​គួរ​សួរ​ជាង​ស្មូន​ថា​៖ ​«​តើ​អ្នក​កំពុង​ធ្វើ​អ្វី​ហ្នឹង?​»​+

ឬ​តើ​ភាជនៈ​គួរ​និយាយ​ទៅ​ជាង​ស្មូន​ថា​៖ ​«​អ្នក​គ្មាន​ថ្វី​ដៃ​សោះ​»​?*

១០ វេទនា​ដល់​អ្នក​ដែល​និយាយ​ទៅ​កាន់​ឪពុក​ថា​៖ ​«​តើ​បង្កើត​កូន​អ្វី​ដូច្នេះ?​»។

វេទនា​ដល់​អ្នក​ដែល​និយាយ​ទៅ​ម្ដាយ​ថា​៖ ​«​តើ​បាន​សម្រាល​កូន​អ្វី​បែប​នេះ?​»។

១១ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល+ និង​ជា​អ្នក​សូន​គាត់ លោក​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​សង្ស័យ​អំពី​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កើត​ឡើង​ឬ?

តើ​អ្នក​ចង់​ណែនាំ​ខ្ញុំ​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ចំពោះ​កូន​ៗ​ខ្ញុំ+ និង​ស្នា​ដៃ​របស់​ខ្ញុំ​ឬ?

១២ ខ្ញុំ​បាន​បង្កើត​ផែនដី+និង​មនុស្សជាតិ។+

ខ្ញុំ​បាន​ត្រដាង​មេឃ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់+

ហើយ​ខ្ញុំ​ចេញ​បញ្ជា​ដល់​អ្វី​ៗ​ទាំង​អស់​នៅ​លើ​មេឃ​»។+

១៣ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ជំរុញ​ចិត្ត​បុរស​ម្នាក់​ដោយ​សេចក្ដី​សុចរិត​របស់​ខ្ញុំ+

ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ផ្លូវ​ទាំង​អស់​របស់​គាត់​ត្រង់​ភ្លឹង។

គាត់​ជា​អ្នក​ដែល​នឹង​សង់​ក្រុង​របស់​ខ្ញុំ​ឡើង​វិញ+

ហើយ​គាត់​នឹង​ដោះ​លែង​រាស្ត្រ​ខ្ញុំ​ឲ្យ​មាន​សេរី​ភាព+​ដោយ​មិន​ទទួល​ប្រាក់​ឬ​សំណូក​អ្វី​ឡើយ​»។+

១៤ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​ប្រាក់​កម្រៃ*នៅ​ស្រុក​អេហ្ស៊ីប និង​ទំនិញ*របស់​ពួក​អេត្យូពី​និង​ពួក​សេបៀន​ដែល​មាន​រាង​ខ្ពស់ នឹង​ត្រូវ​នាំ​យក​មក​ជូន​អ្នក​ទុក​ជា​កម្មសិទ្ធិ។

ពួក​អ្នក​ទាំង​នោះ​នឹង​ដើរ​ខាង​ក្រោយ​អ្នក​ទាំង​ជាប់​ច្រវាក់

ពួក​គេ​នឹង​មក​ក្រាប​គោរព​នៅ​ចំពោះ​អ្នក+

ហើយ​និយាយ​ដោយ​គោរព​កោត​ខ្លាច​ថា​៖ ‹ព្រះ​នៅ​ជា​មួយ​នឹង​អ្នក​មែន+

ក្រៅ​ពី​លោក គ្មាន​ព្រះ​ណា​ទៀត​ទេ គឺ​មាន​តែ​លោក​មួយ​ប៉ុណ្ណោះ›​»។

១៥ ឱ​ព្រះ​នៃ​អ៊ីស្រាអែល​អើយ! លោក​ជា​អ្នក​សង្គ្រោះ+

ហើយ​លោក​មិន​តែង​តែ​បើក​បង្ហាញ​ឲ្យ​ដឹង​អំពី​អ្វី​ដែល​លោក​កំពុង​ធ្វើ​នោះ​ទេ។

១៦ ពួក​គេ​ទាំង​អស់​គ្នា​នឹង​ខ្មាស ហើយ​បាក់​មុខ

គឺ​ពួក​គេ​ទាំង​អស់​នឹង​អាប់​ឱន​កិត្តិយស។+

១៧ ឯ​អ៊ីស្រាអែល​វិញ ព្រះ​យេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​អ្នក​ឲ្យ​រួច​ជា​រៀង​ដរាប។+

អ្នក​នឹង​មិន​រង​ការ​អាម៉ាស់​ឬ​អាប់​ឱន​កិត្តិយស​ជា​រៀង​រហូត​នោះ​ឡើយ។+

១៨ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ពិត និង​ជា​អ្នក​បង្កើត​មេឃ+

លោក​បាន​សូន​ផែនដី ហើយ​តាំង​ឡើង​យ៉ាង​មាំ+

លោក​មិន​បាន​បង្កើត​ផែនដី​ឲ្យ​នៅ​ទទេ​នោះ​ទេ

តែ​បាន​បង្កើត​ផែនដី​ជា​ទី​អាស្រ័យ​នៅ​វិញ។+ លោក​មាន​ប្រសាសន៍​ថា​៖

​«​ខ្ញុំ​ជា​យេហូវ៉ា ក្រៅ​ពី​ខ្ញុំ គ្មាន​ព្រះ​ណា​ទៀត​ឡើយ។

១៩ ខ្ញុំ​មិន​បាន​និយាយ​នៅ​ទី​កំបាំង+ ឬ​ក្នុង​ទី​ងងឹត​ទេ

ហើយ​ខ្ញុំ​មិន​បាន​ប្រាប់​កូន​ចៅ​យ៉ាកុប​ថា​៖

‹ចូរ​ស្វែង​រក​ខ្ញុំ​ចុះ តែ​គ្មាន​ប្រយោជន៍​ទេ›។

ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​ពោល​តែ​អ្វី​ដែល​សុចរិត និង​ប្រកាស​អ្វី​ដែល​ពិត​ត្រង់​ប៉ុណ្ណោះ។+

២០ ឱ​ពួក​អ្នក​ដែល​រត់​រួច​ពី​ប្រជា​ជាតិ​នា​នា​អើយ!+

ចូរ​ប្រមូល​គ្នា​មក​ជិត​ខ្ញុំ​ចុះ។ មើល! ពួក​អ្នក​ដែល​យក​រូប​ព្រះ​ជាប់​តាម​ខ្លួន

ហើយ​អធិដ្ឋាន​ទៅ​ព្រះ​ដែល​មិន​អាច​សង្គ្រោះ​បាន+​សុទ្ធ​តែ​ជា​មនុស្ស​ឥត​ដឹង​អ្វី​ឡើយ។

២១ ចូរ​រៀប​រាប់​ប្រាប់ ហើយ​លើក​រឿង​ក្ដី​របស់​អ្នក​មក។

ចូរ​ឲ្យ​ពួក​គេ​ពិភាក្សា​គ្នា​ដោយ​សាមគ្គីភាព​ចុះ។

តើ​នរណា​បាន​ប្រកាស​ទុក​ជា​មុន​តាំង​ពី​យូរ​មក​ហើយ?

តើ​អ្នក​ណា​ប្រកាស​រឿង​នេះ​តាំង​ពី​សម័យ​បុរាណ​មក?

តើ​មិន​មែន​ខ្ញុំ​ជា​យេហូវ៉ា​ទេ​ឬ? ក្រៅ​ពី​ខ្ញុំ គ្មាន​ព្រះ​ណា​ទៀត​ទេ

ខ្ញុំ​ជា​ព្រះ​ដ៏​សុចរិត​និង​ជា​អ្នក​សង្គ្រោះ+ ក្រៅ​ពី​ខ្ញុំ​គ្មាន​ព្រះ​ណា​ឡើយ។+

២២ ឱ​ផែនដី​ទាំង​មូល​អើយ! ចូរ​បែរ​មក​រក​ខ្ញុំ ហើយ​ទទួល​សេចក្ដី​សង្គ្រោះ​ចុះ+

ព្រោះ​ខ្ញុំ​ហើយ​ជា​ព្រះ ក្រៅ​ពី​ខ្ញុំ គ្មាន​ព្រះ​ណា​ទៀត​ទេ។+

២៣ ខ្ញុំ​បាន​ស្បថ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់។

ពាក្យ​ដែល​ចេញ​ពី​មាត់​ខ្ញុំ​គឺ​ពិត ហើយ​មិន​វិល​មក​វិញ​ឡើយ។+

គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​នៅ​ចំពោះ​ខ្ញុំ

ហើយ​អណ្ដាត​ទាំង​អស់​នឹង​ស្បថ​ថា​មាន​ភក្ដី​ភាព​ចំពោះ​ខ្ញុំ+

២៤ រួច​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​កម្លាំង​និង​ជា​សេចក្ដី​សុចរិត​ដ៏​ពិត។

ចំណែក​អស់​អ្នក​ដែល​ខឹង​នឹង​លោក ពួក​គេ​នឹង​ត្រូវ​បាក់​មុខ​នៅ​ចំពោះ​លោក។

២៥ កូន​ចៅ​ទាំង​អស់​របស់​អ៊ីស្រាអែល នឹង​ឃើញ​ថា​ពួក​គេ​បាន​សម្រេច​ចិត្ត​ត្រឹម​ត្រូវ+​ដោយ​យក​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន

ហើយ​ពួក​គេ​នឹង​មាន​មោទនភាព​ដែល​មាន​លោក​ជួយ​ពួក​គេ›​»។

៤៦ ព្រះបេល​លុត​ជង្គង់+ និង​ព្រះ​នេបូរ​ឱន​ខ្លួន​ចុះ។

រូប​ឆ្លាក់​របស់​ព្រះ​ទាំង​នោះ​បាន​ត្រូវ​លើក​ដាក់​លើ​ខ្នង​សត្វ+

ដូច​ជា​អីវ៉ាន់​ផ្ទុក​លើ​ខ្នង​សត្វ​ដែល​ធ្វើ​ឲ្យ​សត្វ​នោះ​អស់​កម្លាំង។

 ២ ព្រះ​ទាំង​នោះ​ឱន​ខ្លួន​ចុះ​និង​លុត​ជង្គង់​ជា​មួយ​គ្នា

ពួក​គេ​មិន​អាច​សង្គ្រោះ​រូប​ព្រះ​ទាំង​នោះ​ដែល​នៅ​លើ​ខ្នង​សត្វ​បាន​ទេ

ហើយ​ពួក​គេ​ក៏​ត្រូវ​ជាប់​ជា​ឈ្លើយ​ដែរ។

 ៣ ​«​ឱ​ពូជ​ពង្ស​យ៉ាកុប​និង​ពូជ​ពង្ស​អ៊ីស្រាអែល​ដែល​នៅ​សេស​សល់​អើយ!+ ចូរ​ស្ដាប់​ខ្ញុំ​ចុះ

ខ្ញុំ​បាន​បី​បាច់​ថែ​រក្សា​ពួក​អ្នក​តាំង​ពី​កំណើត ហើយ​មើល​ថែ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ។+

 ៤ ទោះ​ជា​អ្នក​ចាស់​ទៅ ក៏​ខ្ញុំ​មិន​ប្រែ​ប្រួល​ដែរ+

ខ្ញុំ​នឹង​មើល​ថែ​អ្នក​ជា​និច្ច រហូត​ដល់​អ្នក​ចាស់​សក់​ស្កូវ។

ដូច​ដែល​ខ្ញុំ​មើល​ថែ​អ្នក​រួច​ហើយ ខ្ញុំ​នឹង​បន្ត​ថែ​រក្សា​អ្នក ហើយ​ជួយ​សង្គ្រោះ​អ្នក។+

 ៥ តើ​អ្នក​អាច​ប្រៀប​ប្រដូច​ខ្ញុំ​នឹង​អ្វី ហើយ​ប្រៀប​ផ្ទឹម​ខ្ញុំ​នឹង​អ្នក​ណា?+

តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ស្មើ​នឹង​អ្នក​ណា?+

 ៦ មាន​អ្នក​ខ្លះ​ចាក់​មាស​ជា​ច្រើន​ចេញ​ពី​ថង់​ប្រាក់​របស់​ខ្លួន

ហើយ​ពួក​គេ​ថ្លឹង​ដុំ​ប្រាក់​លើ​ជញ្ជីង។

រួច​ពួក​គេ​ជួល​ជាង​ឲ្យ​មក​ធ្វើ​រូប​ព្រះ​មួយ។+

ក្រោយ​មក ពួក​គេ​ក្រាប​ខ្លួន​គោរព​ដល់​រូប​នោះ គឺ​ពួក​គេ​គោរព​បូជា​រូប​នោះ​តែ​ម្ដង។+

 ៧ ពួក​គេ​លើក​រូប​នោះ​ដាក់​លើ​ស្មា+

រួច​លី​យក​ទៅ​តម្កល់​នៅ​កន្លែង​មួយ ហើយ​វា​នៅ​ទ្រឹង​មួយ​កន្លែង

គឺ​មិន​ចេះ​រើ​ទៅ​ណា​សោះ។+

ពួក​គេ​ស្រែក​សុំ​រូប​នោះ​ឲ្យ​ជួយ តែ​វា​មិន​ឆ្លើយ​ទេ។

រូប​នោះ​មិន​អាច​ជួយ​អ្នក​ណា​ម្នាក់​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​បាន​ឡើយ។+

 ៨ ចូរ​កុំ​ភ្លេច​អ្វី​ទាំង​នេះ ហើយ​មាន​ចិត្ត​ក្លាហាន​ឡើង។

ឱ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​អើយ! ចូរ​ចាំ​ទុក​ក្នុង​ចិត្ត​ចុះ។

 ៩ ចូរ​នឹក​ចាំ​អំពី​អ្វី​ដែល​កើត​ឡើង​តាំង​ពី​យូរ​មក​ហើយ

គឺ​ចាំ​ថា​ខ្ញុំ​នេះ​ហើយ​ជា​ព្រះ គ្មាន​ព្រះ​ណា​ទៀត​ទេ។

ខ្ញុំ​ជា​ព្រះ គ្មាន​ព្រះ​ណា​ដូច​ខ្ញុំ​ឡើយ។+

១០ តាំង​ពី​ដើម​ដំបូង ខ្ញុំ​ប្រកាស​ទុក​ជា​មុន​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង

តាំង​ពី​យូរ​មក​ហើយ ខ្ញុំ​បាន​ប្រាប់​អំពី​អ្វី​ដែល​មិន​ទាន់​មក​ដល់។+

ខ្ញុំ​ប្រកាស​ថា​៖ ‹គោល​បំណង​របស់​ខ្ញុំ​នឹង​សម្រេច​ជា​មិន​ខាន+

ហើយ​ខ្ញុំ​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ›។+

១១ ខ្ញុំ​នឹង​ហៅ​ឥន្ទ្រី​មួយ​ពី​ទិស​ខាង​កើត+

ខ្ញុំ​នឹង​ហៅ​បុរស​ម្នាក់​ពី​ស្រុក​ឆ្ងាយ ឲ្យ​មក​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ។+

ពាក្យ​ដែល​ចេញ​ពី​មាត់​ខ្ញុំ​ហើយ នឹង​មិន​វិល​មក​វិញ​ដោយ​ឥត​កើត​ការ​នោះ​ទេ

អ្វី​ដែល​ខ្ញុំ​មាន​គោល​បំណង​ធ្វើ​ហើយ នឹង​សម្រេច​ជាក់​ជា​មិន​ខាន។+

១២ ឱ​អ្នក​ដែល​មាន​ចិត្ត​រឹង

ហើយ​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​សុចរិត​អើយ! ចូរ​ស្ដាប់​ខ្ញុំ​ចុះ!

១៣ ខ្ញុំ​បាន​នាំ​សេចក្ដី​សុចរិត​របស់​ខ្ញុំ​មក​ជិត​ហើយ គឺ​មិន​នៅ​ឆ្ងាយ​ទេ

ឯ​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ នឹង​មក​យ៉ាង​ឆាប់​មិន​បង្អង់​យូរ​ឡើយ។+

ខ្ញុំ​នឹង​ផ្ដល់​សេចក្ដី​សង្គ្រោះ​ដល់​ក្រុង​ស៊ីយ៉ូន ហើយ​ឲ្យ​សិរី​រុង​រឿង​របស់​ខ្ញុំ​ដល់​អ៊ីស្រាអែល​»។+

៤៧ ឱ​កូន​ក្រមុំ​បាប៊ីឡូន​អើយ!+ ចូរ​ចុះ​មក​អង្គុយ​លើ​ដី។

ឱ​កូន​ស្រី​ពួក​ខាល់ដេ​អើយ!

ចូរ​មក​អង្គុយ​នៅ​ក្នុង​ធូលី​ជា​កន្លែង​ដែល​គ្មាន​បល្ល័ង្ក​ទៅ+

ព្រោះ​គេ​នឹង​លែង​ហៅ​នាង​ថា​កូន​ទម្រើស​ទៀត​ហើយ។

 ២ ចូរ​យក​ត្បាល់​មក​កិន​ម្សៅ។ ចូរ​ដោះ​ស្បៃ​មុខ​របស់​នាង​ចេញ។

ចូរ​ដោះ​អាវ​ក្រៅ​ចេញ រួច​លើក​សំពត់​ក្នុង​ឡើង​ឲ្យ​ផុត​ជើង ហើយ​ដើរ​ឆ្លង​ទន្លេ​ទៅ។

 ៣ កេរ្តិ៍​ខ្មាស​របស់​នាង​នឹង​ត្រូវ​បើក​ចំហ ហើយ​នាង​នឹង​មាន​សេចក្ដី​ខ្មាស​ជា​ខ្លាំង។

ខ្ញុំ​នឹង​សង​សឹក+ ហើយ​គ្មាន​នរណា​អាច​រា​រាំង​ខ្ញុំ​បាន​ឡើយ។*

 ៤ ​«​ព្រះ​ដែល​លោះ​យើង គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល

លោក​មាន​នាម​ជា​យេហូវ៉ា ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​»។+

 ៥ ឱ​ក្រុង​ពួក​ខាល់ដេ*អើយ!+

ចូរ​អង្គុយ​នៅ​ស្ងៀម ហើយ​ស្ថិត​ក្នុង​ទី​ងងឹត​ទៅ

ព្រោះ​នឹង​គ្មាន​អ្នក​ណា​ហៅ​នាង​ថា​ម្ចាស់​ក្សត្រី​ទៀត​ទេ។+

 ៦ ខ្ញុំ​បាន​ខឹង​នឹង​រាស្ត្រ​របស់​ខ្ញុំ។+

ខ្ញុំ​បាន​ធ្វើ​ឲ្យ​រាស្ត្រ​ដែល​ជា​មត៌ក​របស់​ខ្ញុំ​អាប់​ឱន+

ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នាង។+

ប៉ុន្តែ នាង​មិន​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​ពួក​គេ​ទេ។+

សូម្បី​តែ​មនុស្ស​ចាស់​ជរា​ក៏​នាង​ដាក់​បន្ទុក​យ៉ាង​ធ្ងន់​ទៅ​លើ​ពួក​គាត់​ដែរ។+

 ៧ នាង​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​ជា​ម្ចាស់​ក្សត្រី​រហូត​»។+

នាង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​ទាំង​នេះ​ទេ

ហើយ​ក៏​មិន​បាន​គិត​ឲ្យ​ដិត​ដល់​អំពី​លទ្ធផល​ដែរ។

 ៨ ឱ​នាង​ដែល​ស្រឡាញ់​ការ​សប្បាយ​អើយ! ចូរ​ស្ដាប់​ចុះ!+

នាង​មាន​សេចក្ដី​សុខ ហើយ​គិត​ក្នុង​ចិត្ត​ថា​៖

​«​មាន​តែ​ខ្ញុំ​ប៉ុណ្ណោះ គ្មាន​នរណា​អាច​ប្រៀប​ផ្ទឹម​នឹង​ខ្ញុំ​បាន​ឡើយ។+

ខ្ញុំ​នឹង​មិន​ក្លាយ​ទៅ​ជា​ស្ត្រី​មេម៉ាយ​ទេ

ហើយ​ក៏​មិន​ស្គាល់​ការ​ព្រាត់​ប្រាស​កូន​ដែរ​»។+

 ៩ ប៉ុន្តែ ក្នុង​មួយ​ថ្ងៃ រឿង​ទាំង​ពីរ​នោះ​នឹង​ធ្លាក់​មក​លើ​នាង​មួយ​រំពេច+

គឺ​នាង​នឹង​ព្រាត់​ប្រាស​កូន ហើយ​ក្លាយ​ទៅ​ជា​ស្ត្រី​មេម៉ាយ។

ទុក្ខ​វេទនា​ទាំង​នេះ​នឹង​កើត​ឡើង​ដល់​នាង​យ៉ាង​ពេញ​លេញ+

ដោយ​សារ​តែ*អំពើ​ធ្មប់​និង​ការ​ដាក់​អំពើ​ដ៏​សាហាវ​របស់​នាង។+

១០ នាង​បាន​ទុក​ចិត្ត​លើ​អំពើ​ទុច្ចរិត​របស់​ខ្លួន។

នាង​និយាយ​ថា​៖ ​«​គ្មាន​នរណា​ឃើញ​ខ្ញុំ​ទេ​»។

ប្រាជ្ញា​និង​ចំណេះ​របស់​នាង​បាន​នាំ​ឲ្យ​ខ្លួន​នាង​វង្វេង​ហើយ។

នាង​គិត​ក្នុង​ចិត្ត​ថា​៖ ​«​មាន​តែ​ខ្ញុំ​ប៉ុណ្ណោះ គ្មាន​នរណា​ប្រៀប​ផ្ទឹម​នឹង​ខ្ញុំ​បាន​ឡើយ​»។

១១ ប៉ុន្តែ សេចក្ដី​វេទនា​នឹង​ធ្លាក់​មក​លើ​នាង

ហើយ​វេទមន្ត​របស់​នាង​នឹង​មិន​អាច​បញ្ឈប់​បាន​ទេ។

សេចក្ដី​ហិន​វិនាស​នឹង​កើត​ឡើង​ដល់​នាង ហើយ​នាង​មិន​អាច​បង្វែរ​ចេញ​បាន​ឡើយ។

នាង​នឹង​ត្រូវ​បំផ្លាញ​មួយ​រំពេច ជា​ការ​បំផ្លាញ​ដែល​នាង​មិន​ធ្លាប់​ជួប​ពី​មុន​មក​ទេ។+

១២ ចូរ​ដាក់​អំពើ​ទៅ! ចូរ​ធ្វើ​អំពើ​ធ្មប់​ជា​ច្រើន​ចុះ!+

ជា​អ្វី​ដែល​នាង​ខំ​ធ្វើ​តាំង​ពី​ក្មេង​មក

នាង​ប្រហែល​ជា​អាច​ទទួល​ប្រយោជន៍​ក៏​មិន​ដឹង

ហើយ​នាង​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​មនុស្ស​កោត​ខ្លាច​ផង​ក៏​ថា​បាន។

១៣ នាង​បាន​ជិន​ណាយ​នឹង​ទី​ប្រឹក្សា​ជា​ច្រើន​របស់​នាង។

ចូរ​ឲ្យ​ពួក​គេ​ក្រោក​ឡើង​ហើយ​ជួយ​នាង​ចុះ

គឺ​ពួក​អ្នក​ដែល​ក្រាប​គោរព​មេឃ* ជា​អ្នក​ដែល​សង្កេត​មើល​ផ្កាយ​ទាំង​ឡាយ+

ហើយ​ទស្សន៍​ទាយ​រៀង​រាល់​ខែ​ថ្មី

ដើម្បី​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​នាង។

១៤ មើល! ពួក​គេ​ប្រៀប​ដូច​ជា​ចំបើង។ ភ្លើង​នឹង​ឆេះ​បំផ្លាញ​ពួក​គេ​អស់​ទៅ។

ពួក​គេ​មិន​អាច​សង្គ្រោះ​ខ្លួន​ពី​អណ្ដាត​ភ្លើង​បាន​ឡើយ។

អណ្ដាត​ភ្លើង​នេះ​មិន​មែន​ដូច​រងើក​ភ្លើង​សម្រាប់​កម្ដៅ​ខ្លួន​ទេ។

ឯ​ភ្លើង​នេះ​ក៏​មិន​មែន​សម្រាប់​អាំង​កម្ដៅ​ប្រាណ​ដែរ។

១៥ ដូច្នេះ គ្រូ​វេទមន្ត​របស់​នាង​នឹង​ត្រូវ​វេទនា​បែប​នេះ

ពួក​គេ​ជា​ពួក​អ្នក​ដែល​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ជា​មួយ​នាង​តាំង​ពី​ក្មេង​មក

ពួក​គេ​នឹង​វង្វេង​ខ្ចាត់​ព្រាត់​ទៅ​តាម​ផ្លូវ​រៀង​ៗ​ខ្លួន។

ពេល​នោះ នឹង​គ្មាន​អ្នក​ណា​ជួយ​នាង​ទៀត​ឡើយ។+

៤៨ ឱ​ពូជ​ពង្ស​យ៉ាកុប​អើយ! ចូរ​នាំ​គ្នា​ស្ដាប់​ចុះ។

អ្នក​បាន​ហៅ​ខ្លួន​តាម​ឈ្មោះ​អ៊ីស្រាអែល+

ហើយ​អ្នក​បាន​ចេញ​ពី​ទឹក​របស់​យូដា​មក*

អ្នក​បាន​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា+

ហើយ​ក៏​ហៅ​រក​ព្រះ​នៃ​អ៊ីស្រាអែល​ដែរ

តែ​អ្នក​មិន​មែន​ហៅ​រក​លោក​ដោយ​ស្មោះ និង​ដោយ​សុចរិត​ទេ។+

 ២ ព្រោះ​អ្នក​ហៅ​ខ្លួន​ថា​ជា​អ្នក​ក្រុង​បរិសុទ្ធ+

ហើយ​ស្វែង​រក​ជំនួយ​ពី​ព្រះ​នៃ​អ៊ីស្រាអែល+

ដែល​មាន​នាម​ថា​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។

 ៣ ​«​ខ្ញុំ​បាន​ប្រាប់​អ្នក​នូវ​រឿង​ដែល​កើត​ឡើង​តាំង​ពី​បុរាណ​មក។

ពាក្យ​នោះ​បាន​ចេញ​ពី​មាត់​ខ្ញុំ​ទៅ ហើយ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដឹង+

ខ្ញុំ​បាន​ចាត់​វិធានការ​ភ្លាម​ៗ ហើយ​រឿង​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត។+

 ៤ ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​ជា​មនុស្ស​រឹង​ចចេស​ណាស់

ក​របស់​អ្នក​រឹង​ដូច​ជា​ដែក ហើយ​ថ្ងាស​របស់​អ្នក​រឹង​ដូច​ជា​ស្ពាន់។+

 ៥ ខ្ញុំ​បាន​ប្រាប់​អ្នក​តាំង​ពី​យូរ​មក​ហើយ

គឺ​មុន​រឿង​នោះ​កើត​ឡើង ខ្ញុំ​បាន​ឲ្យ​អ្នក​ដឹង

ដើម្បី​កុំ​ឲ្យ​អ្នក​អាច​និយាយ​ថា​៖ ‹រូប​ព្រះ​របស់​ខ្ញុំ​បាន​សម្រេច​ការ​នោះ

ហើយ​រូប​ឆ្លាក់​និង​រូប​សិត​របស់​ខ្ញុំ​បាន​បង្គាប់​ឲ្យ​រឿង​នោះ​កើត​ឡើង›។

 ៦ អ្នក​បាន​ឮ និង​បាន​ឃើញ​រឿង​ទាំង​នោះ​ហើយ។ តើ​អ្នក​នឹង​មិន​ប្រកាស​ទេ​ឬ?+

ចាប់​ពី​ឥឡូវ​នេះ​ទៅ ខ្ញុំ​នឹង​ប្រកាស​រឿង​ថ្មី​ៗ​ឲ្យ​អ្នក​ដឹង+

គឺ​រឿង​អាថ៌​កំបាំង​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​មុន។

 ៧ ឥឡូវ ខ្ញុំ​កំពុង​បង្កើត​រឿង​ទាំង​នោះ មិន​មែន​ជា​រឿង​តាំង​ពី​យូរ​មក​ទេ។

អ្នក​មិន​ធ្លាប់​ឮ​រឿង​ទាំង​នោះ​ឡើយ។

យ៉ាង​នេះ អ្នក​នឹង​មិន​អាច​និយាយ​ថា​៖ ‹មើល! ខ្ញុំ​ដឹង​រឿង​ទាំង​នោះ​អស់​ហើយ›។

 ៨ ទេ! អ្នក​មិន​ដែល​ឮ​ទេ+ ហើយ​ក៏​មិន​ដែល​ដឹង​ដែរ

នៅ​គ្រា​មុន ត្រចៀក​អ្នក​មិន​បាន​ស្ដាប់​ឡើយ។

ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​ជា​មនុស្ស​ពូកែ​ក្បត់​ណាស់+

ហើយ​គេ​ហៅ​អ្នក​ថា​ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាំង​ពី​កំណើត​មក។+

 ៩ ប៉ុន្តែ ដោយ​យល់​ដល់​នាម​ខ្ញុំ ខ្ញុំ​នឹង​មិន​បញ្ចេញ​កំហឹង​ទេ+

ដោយ​យល់​ដល់​កិត្តិយស​ខ្ញុំ ខ្ញុំ​នឹង​ទប់​ចិត្ត ហើយ​ខ្ញុំ​នឹង​មិន​បំផ្លាញ​អ្នក​ទេ។+

១០ មើល! ខ្ញុំ​បាន​សម្រិត​សម្រាំង​អ្នក តែ​មិន​ដូច​សម្រិត​សម្រាំង​ប្រាក់​ទេ។+

ខ្ញុំ​បាន​ល្បង*អ្នក​ក្នុង​ឡ​នៃ​សេចក្ដី​វេទនា។+

១១ ដោយ​យល់​ដល់​ខ្លួន​ខ្ញុំ និង​យល់​ដល់​នាម​ខ្ញុំ នោះ​ខ្ញុំ​នឹង​ចាត់​វិធានការ+

ព្រោះ​ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​ខ្លួន​ខ្ញុំ​អាប់​ឱន​ទេ+

ហើយ​ខ្ញុំ​ក៏​មិន​ប្រគល់*សិរី​រុង​រឿង​របស់​ខ្ញុំ​ឲ្យ​អ្នក​ណា​ទៀត​ដែរ។

១២ ឱ​យ៉ាកុប​អើយ! ចូរ​ស្ដាប់​ខ្ញុំ​ចុះ។ ឱ​អ៊ីស្រាអែល​ជា​អ្នក​ដែល​ខ្ញុំ​បាន​ហៅ​អើយ! ចូរ​ផ្ទៀង​ស្ដាប់​ខ្ញុំ។

ខ្ញុំ​នៅ​តែ​ដដែល​ឥត​ប្រែ​ប្រួល​ឡើយ។+ ខ្ញុំ​ជា​បុគ្គល​ដំបូង​បង្អស់​និង​ជា​បុគ្គល​ចុង​ក្រោយ​បង្អស់។+

១៣ ខ្ញុំ​បាន​ដាក់​គ្រឹះ​ផែនដី​ដោយ​ផ្ទាល់​ដៃ+

ហើយ​ខ្ញុំ​បាន​លាត​សន្ធឹង​មេឃ​ដោយ​ដៃ​ស្ដាំ​របស់​ខ្ញុំ។+

ពេល​ខ្ញុំ​ហៅ​ពួក​វា* ពួក​វា​ក៏​ក្រោក​ឡើង​ព្រម​គ្នា។

១៤ ចូរ​អ្នក​រាល់​គ្នា​មូល​មក ហើយ​ស្ដាប់​ចុះ។

ក្នុង​ចំណោម​ព្រះ​ទាំង​នោះ តើ​មាន​ព្រះ​ណា​មួយ​បាន​ប្រកាស​ប្រាប់​អំពី​រឿង​ទាំង​នេះ?

ឯ​បុគ្គល*ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់+

គាត់​នឹង​ប្រព្រឹត្ត​ទៅ​លើ​ស្រុក​បាប៊ីឡូន​តាម​អំពើ​ចិត្ត​គាត់+

ហើយ​គាត់​លើក​ដៃ​ទាស់​នឹង​ពួក​ខាល់ដេ។+

១៥ ខ្ញុំ​បាន​ចេញ​វាចា​ហើយ ខ្ញុំ​ក៏​បាន​ហៅ​គាត់​ដែរ។+

ខ្ញុំ​បាន​នាំ​គាត់​មក ហើយ​ការ​ដែល​គាត់​ធ្វើ​នឹង​សម្រេច​ទាំង​អស់។+

១៦ ចូរ​ចូល​មក​ជិត​ខ្ញុំ ហើយ​ស្ដាប់​រឿង​នេះ

គឺ​តាំង​ពី​ដើម​ដំបូង​មក ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សម្ងាត់​ទេ។+

តាំង​ពី​ការ​នោះ​កើត​ឡើង ខ្ញុំ​មាន​វត្តមាន​នៅ​ទី​នោះ​ហើយ​»។

ឥឡូវ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បាន​ចាត់​ខ្ញុំ ហើយ​ផ្ដល់​ឫទ្ធានុភាព​របស់​លោក​ដល់​ខ្ញុំ។

១៧ ព្រះ​យេហូវ៉ា​ជា​អ្នក​លោះ​អ្នក​រាល់​គ្នា និង​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល។+ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា

ខ្ញុំ​ជា​អ្នក​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ប្រយោជន៍+

និង​ជា​អ្នក​ណែនាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​គួរ​ដើរ។+

១៨ បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​បញ្ញត្តិ​ខ្ញុំ+

នោះ​សេចក្ដី​សុខ​សាន្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ជា​ទន្លេ+

ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​នឹង​ដូច​ជា​រលក​សមុទ្រ​ដែរ។+

១៩ ឯ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​មាន​ច្រើន​ដូច​ជា​ខ្សាច់

គឺ​ពូជ​ពង្ស​របស់​អ្នក​រាល់​គ្នា​នឹង​មាន​ច្រើន​ដូច​ជា​គ្រាប់​ខ្សាច់។+

ឈ្មោះ​អ៊ីស្រាអែល​នឹង​មិន​ត្រូវ​កាត់​ចេញ ឬ​ត្រូវ​បំផ្លាញ​ពី​មុខ​ខ្ញុំ​ឡើយ​»។

២០ ចូរ​ចេញ​ពី​បាប៊ីឡូន​មក!+ ចូរ​រត់​ចេញ​ពី​ពួក​ខាល់ដេ!

ចូរ​ផ្សាយ​ដោយ​អំណរ! ចូរ​ប្រកាស​ទៅ!+

ចូរ​ប្រាប់​មនុស្ស​នៅ​ចុង​ផែនដី​ឲ្យ​បាន​ដឹង។+

ចូរ​ប្រកាស​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​លោះ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក​ហើយ។+

២១ កាល​ដែល​លោក​នាំ​ពួក​គេ​ដើរ​ឆ្លង​កាត់​តំបន់​ស្ងាត់​ជ្រងំ+ ពួក​គេ​មិន​បាន​ស្រេក​ទឹក​ទេ ព្រោះ​លោក​បាន​ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​ថ្ម​សម្រាប់​ពួក​គេ

គឺ​លោក​បាន​បណ្ដាល​ឲ្យ​ថ្ម​ដា​ប្រេះ​ចេញ​ពី​គ្នា ហើយ​ធ្វើ​ឲ្យ​ទឹក​ធ្លាយ​ចេញ​មក​»។+

២២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​សេចក្ដី​សុខ​សាន្ត​ដល់​មនុស្ស​ទុច្ចរិត​ទេ​»។+

៤៩ ឱ​កោះ​ទាំង​ឡាយ​អើយ! ចូរ​ស្ដាប់​ខ្ញុំ!

ឱ​ប្រជា​ជាតិ​ដែល​នៅ​ឆ្ងាយ​អើយ!+ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ​ចុះ!

មុន​ខ្ញុំ​កើត​មក ព្រះ​យេហូវ៉ា​បាន​ហៅ​ឈ្មោះ​ខ្ញុំ​ហើយ។+

តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​នៅ​ឡើយ លោក​បាន​លើក​ឈ្មោះ​ខ្ញុំ។

 ២ លោក​បាន​ធ្វើ​ឲ្យ​មាត់​ខ្ញុំ​ដូច​ជា​ដាវ​មុត​ស្រួច

ហើយ​បាន​គ្រប​បាំង​ខ្ញុំ​ដោយ​ស្រមោល​ដៃ​លោក។+

លោក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​ព្រួញ​ដែល​ភ្លឺ​រលោង

ហើយ​បាន​លាក់​ខ្ញុំ​ក្នុង​បំពង់​ព្រួញ​របស់​លោក។

 ៣ លោក​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖ ​«​ឱ​អ៊ីស្រាអែល​អើយ! អ្នក​ហើយ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ+

ខ្ញុំ​នឹង​បង្ហាញ​សិរី​រុង​រឿង​របស់​ខ្ញុំ​តាម​រយៈ​អ្នក​»។+

 ៤ ប៉ុន្តែ ខ្ញុំ​និយាយ​ថា​៖ ​«​ខ្ញុំ​ខំ​ព្យាយាម តែ​បែរ​ជា​ឥត​ប្រយោជន៍។

ខ្ញុំ​ខាត​បង់​កម្លាំង​នឹង​អ្វី​ដែល​អសារ​ឥត​ការ។

ប៉ុន្តែ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​ខ្ញុំ លោក​នឹង​ផ្ដល់​រង្វាន់​ដល់​ខ្ញុំ​»។+

 ៥ ឥឡូវ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន​សូន​ខ្ញុំ​ពី​ក្នុង​ផ្ទៃ​ម្ដាយ​ដើម្បី​ទុក​ជា​អ្នក​បម្រើ​លោក

លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ខ្ញុំ​នាំ​យ៉ាកុប​ត្រឡប់​មក​រក​លោក​វិញ

ដើម្បី​ឲ្យ​អ៊ីស្រាអែល​អាច​មូល​គ្នា​មក​ឯ​លោក។+

ក្នុង​ទស្សនៈ​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​ត្រូវ​លើក​តម្កើង

ហើយ​ព្រះ​នៃ​ខ្ញុំ​នឹង​ផ្ដល់​កម្លាំង​ដល់​ខ្ញុំ។

 ៦ លោក​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ខ្ញុំ​មិន​គ្រាន់​តែ​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក​បម្រើ​ខ្ញុំ

ដើម្បី​ដាស់​កុល​សម្ព័ន្ធ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​យ៉ាកុប​ឲ្យ​ក្រោក​ឡើង​ប៉ុណ្ណោះ​ទេ

ហើយ​ក៏​មិន​គ្រាន់​តែ​ដើម្បី​នាំ​ពួក​អ៊ីស្រាអែល​ដែល​បាន​ត្រូវ​ការ​ពារ​ឲ្យ​ត្រឡប់​មក​វិញ​នោះ​ដែរ

តែ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​ប្រជា​ជាតិ​នា​នា​ទៀត​ផង+

ដើម្បី​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​បាន​ផ្សាយ​ទៅ​ដល់​ចុង​ផែនដី​»។+

៧ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ​និង​ជា​អ្នក​លោះ​អ៊ីស្រាអែល+ បាន​មាន​ប្រសាសន៍​ទៅ​កាន់​បុគ្គល​ដែល​បណ្ដា​ជន​មើល​ងាយ​និង​ស្អប់​ខ្ពើម+ គឺ​ទៅ​កាន់​អ្នក​បម្រើ​នៃ​ពួក​អ្នក​គ្រប់​គ្រង​ទាំង​ឡាយ។ លោក​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖

​«​បណ្ដា​ស្ដេច​នឹង​ឃើញ ហើយ​ក្រោក​ឡើង

ឯ​ពួក​អ្នក​ដឹក​នាំ​នឹង​ឱន​ខ្លួន​ចុះ ដោយ​សារ​តែ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដ៏​ស្មោះ​ត្រង់+

គឺ​ព្រោះ​តែ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល ដែល​បាន​ជ្រើស​រើស​អ្នក​»។+

 ៨ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​នៅ​គ្រា​ដែល​ខ្ញុំ​ពេញ​ចិត្ត​ខ្ញុំ​បាន​តប​ឆ្លើយ​ទៅ​អ្នក។+ នៅ​ថ្ងៃ​សង្គ្រោះ ខ្ញុំ​បាន​ជួយ​អ្នក។+

ខ្ញុំ​បន្ត​ការ​ពារ​អ្នក ដើម្បី​យក​អ្នក​ទុក​ជា​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​បណ្ដា​ជន+ដើម្បី​ស្ដារ​ស្រុក​នេះ​ឡើង​វិញ

ដើម្បី​ប្រគល់​ទឹក​ដី​ដែល​បាន​ត្រូវ​បោះ​បង់​ចោល​ដល់​ពួក​គេ​ទុក​ជា​មត៌ក+

 ៩ ដើម្បី​ប្រាប់​ទៅ​ពួក​អ្នក​ទោស​ថា​៖ ‹ចូរ​ចេញ​មក!›+

និង​ប្រាប់​ទៅ​ពួក​អ្នក​ដែល​ស្ថិត​ក្នុង​ទី​ងងឹត​ថា​៖+ ‹ចូរ​បង្ហាញ​ខ្លួន​មក!›។

នៅ​តាម​ផ្លូវ ពួក​គេ​នឹង​បាន​អាហារ​បរិភោគ

នៅ​សង​ខាង​ផ្លូវ*ទាំង​ប៉ុន្មាន នឹង​មាន​វាល​ស្មៅ​ខៀវ​ខ្ចី។

១០ ពួក​គេ​នឹង​មិន​ស្រេក​ឬ​ឃ្លាន​ទេ+

ហើយ​ចំហាយ​ក្ដៅ​ពី​ពន្លឺ​ថ្ងៃ​ក៏​មិន​ធ្វើ​ទុក្ខ​ដល់​ពួក​គេ​ដែរ+

ព្រោះ​ព្រះ​ដែល​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ពួក​គេ លោក​នឹង​នាំ​ផ្លូវ​ពួក​គេ+

គឺ​លោក​នឹង​នាំ​ពួក​គេ​ទៅ​តាម​ផ្លូវ​ដែល​មាន​ទឹក​ផុស។+

១១ ខ្ញុំ​នឹង​ពង្រាប​ភ្នំ​នា​នា​របស់​ខ្ញុំ​ឲ្យ​ទៅ​ជា​ផ្លូវ

ហើយ​លើក​ផ្លូវ​ធំ​ៗ​របស់​ខ្ញុំ​ឲ្យ​ខ្ពស់​ឡើង។+

១២ មើល! ពួក​អ្នក​ទាំង​នោះ​កំពុង​មក​ពី​កន្លែង​ឆ្ងាយ+

មើល​ហ្ន៎! ពួក​គេ​មក​ពី​ភាគ​ខាង​ជើង​និង​ពី​ភាគ​ខាង​លិច

ហើយ​ពួក​គេ​មក​ពី​ស្រុក​ស៊ីនីម​»។+

១៣ ឱ​មេឃ​អើយ! ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ។ ឱ​ផែនដី​អើយ! ចូរ​អរ​សប្បាយ​ឡើង។+

ចូរ​ឲ្យ​ភ្នំ​ទាំង​ឡាយ​ស្រែក​ហ៊ោ​ដោយ​រីករាយ។+

ព្រោះ​ព្រះ​យេហូវ៉ា​បាន​សម្រាល​ទុក្ខ​រាស្ត្រ​របស់​លោក​ហើយ+

គឺ​លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ពួក​អ្នក​ដែល​កំពុង​រង​ទុក្ខ។+

១៤ ប៉ុន្តែ ស៊ីយ៉ូន​ចេះ​តែ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយ+ គឺ​ព្រះ​យេហូវ៉ា​បាន​ភ្លេច​ខ្ញុំ​ហើយ​»។+

១៥ តើ​ម្ដាយ​អាច​ភ្លេច​កូន​ដែល​នាង​បំបៅ​ឬ​ទេ?

តើ​នាង​គ្មាន​ចិត្ត​មេត្តា​ចំពោះ​កូន​ដែល​កើត​ពី​ផ្ទៃ​នាង​បាន​ឬ?

ទោះ​បី​នាង​ភ្លេច​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​ភ្លេច​អ្នក​ឡើយ។+

១៦ មើល! ខ្ញុំ​បាន​ឆ្លាក់​អ្នក​នៅ​លើ​បាត​ដៃ​របស់​ខ្ញុំ។

កំពែង​របស់​អ្នក​នៅ​ចំពោះ​មុខ​ខ្ញុំ​ជា​និច្ច។

១៧ កូន​ប្រុស​ៗ​របស់​អ្នក​ប្រញាប់​ត្រឡប់​មក​វិញ។

ឯ​ពួក​អ្នក​ដែល​ផ្ដួល​អ្នក​ហើយ​បំផ្លិច​បំផ្លាញ​អ្នក នឹង​ថយ​ចេញ​ពី​អ្នក​ទៅ។

១៨ ចូរ​ក្រឡេក​មើល​ជុំវិញ​អ្នក

ពួក​គេ​ទាំង​អស់​កំពុង​ប្រមូល​ផ្ដុំ​គ្នា+ និង​កំពុង​មក​ឯ​អ្នក​ហើយ។

ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ខ្ញុំ​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ថា

អ្នក​នឹង​យក​ពួក​គេ​មក​បំពាក់​លើ​ខ្លួន​ដូច​ជា​ពាក់​គ្រឿង​អលង្ការ

គឺ​អ្នក​នឹង​យក​ពួក​គេ​មក​លម្អ​លើ​ខ្លួន​ដូច​ជា​កូន​ក្រមុំ​តុបតែង​ខ្លួន​រៀប​ការ។

១៩ ឯ​ស្រុក​របស់​អ្នក​ដែល​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ទី និង​លំនៅ​ដែល​ទុក​ចោល​សូន្យ​ស្ងាត់​នោះ+ ឥឡូវ​បែរ​ជា​ចង្អៀត​ដោយ​សារ​មាន​មនុស្ស​រស់​នៅ​កុះ​ករ​វិញ+

ហើយ​ពួក​អ្នក​ដែល​លេប​ត្របាក់​អ្នក+ ពួក​គេ​នឹង​នៅ​ឆ្ងាយ​ពី​អ្នក។+

២០ នៅ​គ្រា​ដែល​អ្នក​ព្រាត់​កូន កូន​ប្រុស​ៗ​ដែល​កើត​មក​នឹង​និយាយ​ឲ្យ​អ្នក​ឮ​ថា​៖

‹កន្លែង​នេះ​ចង្អៀត​ពេក​សម្រាប់​ខ្ញុំ។ សូម​រៀបចំ​ទី​នេះ​ឲ្យ​ខ្ញុំ​រស់​នៅ​ផង›។+

២១ អ្នក​នឹង​គិត​ក្នុង​ចិត្ត​ថា​៖ ‹តើ​អ្នក​ណា​ជា​ឪពុក​របស់​កូន​ទាំង​នេះ?

ព្រោះ​ខ្ញុំ​ជា​ម្ដាយ​ព្រាត់​កូន​និង​ជា​ស្ត្រី​អារ​ដែល​ត្រូវ​គេ​និរទេស​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។

តើ​អ្នក​ណា​ជួយ​បី​បាច់​ថែ​រក្សា​កូន​ទាំង​នេះ?+

មើល! ខ្ញុំ​បាន​ត្រូវ​ទុក​ចោល​ឲ្យ​នៅ​តែ​ឯង។+ ដូច្នេះ តើ​កូន​ទាំង​នេះ​កើត​មក​ពី​ណា?›​»។+

២២ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​មើល! ខ្ញុំ​នឹង​លើក​ដៃ​ខ្ញុំ​ជា​សញ្ញា​ដល់​ប្រជា​ជាតិ​នា​នា

ហើយ​ខ្ញុំ​នឹង​ដំឡើង​បង្គោល​សម្គាល់​មួយ​ដល់​បណ្ដា​ជន​ទាំង​ឡាយ។+

ពួក​គេ​នឹង​បី​កូន​ប្រុស​ៗ​របស់​អ្នក​យក​មក

ព្រម​ទាំង​លើក​កូន​ស្រី​ៗ​របស់​អ្នក​ដាក់​លើ ក​ពួក​គេ។+

២៣ បណ្ដា​ស្ដេច​នឹង​ក្លាយ​ទៅ​ជា​អ្នក​ថែ​រក្សា​អ្នក+

ហើយ​ពួក​អ្នក​ដឹក​នាំ​នឹង​ក្លាយ​ទៅ​ជា​អ្នក​បី​បាច់​អ្នក​វិញ។

ពួក​គេ​នឹង​ក្រាប​មុខ​ដល់​ដី​គោរព​អ្នក+

រួច​ចុះ​ចូល​នឹង​អ្នក*+ ហើយ​អ្នក​នឹង​ដឹង​ថា​ខ្ញុំ​ជា​យេហូវ៉ា។

អស់​អ្នក​ដែល​សង្ឃឹម​លើ​ខ្ញុំ​នឹង​មិន​ខក​ចិត្ត​ឡើយ​»។+

២៤ តើ​អ្នក​ណា​អាច​រំដោះ​ពួក​អ្នក​ដែល​បុរស​ខ្លាំង​ពូកែ​ចាប់​យក​ទៅ?

តើ​នរណា​អាច​សង្គ្រោះ​ពួក​ឈ្លើយ​ពី​កណ្ដាប់​ដៃ​អ្នក​ដឹក​នាំ​ផ្ដាច់​ការ​បាន?

២៥ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​ខ្ញុំ​នឹង​រំដោះ​ពួក​ឈ្លើយ​ដែល​បុរស​ខ្លាំង​ពូកែ​ចាប់​យក​ទៅ+

ហើយ​ខ្ញុំ​ក៏​នឹង​សង្គ្រោះ​ពួក​ឈ្លើយ​ពី​កណ្ដាប់​ដៃ​អ្នក​ដឹក​នាំ​ផ្ដាច់​ការ​បាន​ដែរ។+

ខ្ញុំ​នឹង​ប្រឆាំង​នឹង​ពួក​អ្នក​ដែល​ប្រឆាំង​អ្នក+

ហើយ​ខ្ញុំ​នឹង​សង្គ្រោះ​កូន​ៗ​របស់​អ្នក។

២៦ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ធ្វើ​បាប​អ្នក បរិភោគ​សាច់​ខ្លួន​ឯង

ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ស្រវឹង​នឹង​ឈាម​ខ្លួន​ឯង​ដូច​ជា​ស្រវឹង​ស្រា​ផ្អែម។

ពេល​នោះ មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា ខ្ញុំ​គឺ​យេហូវ៉ា+

ជា​អ្នក​សង្គ្រោះ​អ្នក+ និង​ជា​អ្នក​លោះ​អ្នក+

ហើយ​ជា​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​របស់​យ៉ាកុប​»។+

៥០ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​តើ​លិខិត​លែង​លះ+​របស់​ម្ដាយ​អ្នក​ដែល​ខ្ញុំ​បាន​បណ្ដេញ​ចេញ​នោះ នៅ​ឯ​ណា?

តើ​ខ្ញុំ​បាន​លក់​អ្នក​ឲ្យ​ម្ចាស់​បំណុល​មួយ​ណា?

មើល! គឺ​ដោយ​សារ​តែ​កំហុស​របស់​អ្នក​ហើយ+ ដែល​ខ្ញុំ​បាន​លក់​អ្នក

ហើយ​ព្រោះ​តែ​អំពើ​ខុស​ឆ្គង​របស់​អ្នក​ហើយ ដែល​ខ្ញុំ​បាន​បណ្ដេញ​ម្ដាយ​អ្នក​ចេញ​ទៅ។+

 ២ ពេល​ខ្ញុំ​មក​ដល់ ម្ដេច​ក៏​គ្មាន​អ្នក​ណា​នៅ​ទី​នេះ?

ពេល​ខ្ញុំ​ហៅ ម្ដេច​ក៏​គ្មាន​អ្នក​ណា​ឆ្លើយ?+ តើ​ដៃ​ខ្ញុំ​ខ្លី​ពេក​ពុំ​អាច​លោះ​អ្នក​បាន​ឬ?

តើ​ខ្ញុំ​គ្មាន​ឫទ្ធានុភាព​ដើម្បី​សង្គ្រោះ​អ្នក​ឬ?+

មើល! ពេល​ខ្ញុំ​ចេញ​វាចា​ទៅ សមុទ្រ​ក៏​រីង​ស្ងួត+ ហើយ​ទន្លេ​ក៏​ហួត​ហែង​អស់។+

ឯ​ត្រី​ទាំង​ប៉ុន្មាន​នៅ​ក្នុង​នោះ​ក៏​ស្អុយ​រលួយ ពួក​វា​ងាប់​អស់​ព្រោះ​គ្មាន​ទឹក។

 ៣ ខ្ញុំ​បំពាក់​ផ្ទៃ​មេឃ​ដោយ​ភាព​ងងឹត​សូន្យសុង+

ហើយ​គ្រប​ដណ្ដប់​ដោយ​បាវ​»។

 ៤ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បាន​បង្ហាត់​បង្រៀន​ខ្ញុំ​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ+

ដើម្បី​ខ្ញុំ​អាច​តប​ឆ្លើយ*ដោយ​សម្ដី​ត្រឹម​ត្រូវ​ចំពោះ​អ្នក​ដែល​អស់​កម្លាំង។+

រៀង​រាល់​ព្រឹក លោក​តែង​តែ​ដាស់​ខ្ញុំ

លោក​ដាស់​ខ្ញុំ​ឲ្យ​ប្រុង​ស្ដាប់​ដូច​អ្នក​ដែល​កំពុង​រៀន​សូត្រ។+

 ៥ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បាន​ឲ្យ​ខ្ញុំ​មាន​ការ​យល់​ដឹង

ខ្ញុំ​មិន​រឹង​ចចេស​ទេ+ ហើយ​ក៏​មិន​បែរ​ចេញ​ពី​លោក​ដែរ។+

 ៦ ខ្ញុំ​បែរ​ខ្នង​ឲ្យ​អ្នក​ដែល​វាយ​ខ្ញុំ

ហើយ​ក៏​ហុច​ថ្ពាល់​ឲ្យ​អ្នក​ដែល​បោច​ពុក​ចង្កា​ខ្ញុំ​ដែរ។

ពេល​គេ​ប្រមាថ​មើល​ងាយ​ខ្ញុំ និង​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំ ខ្ញុំ​មិន​បាន​បែរ​មុខ​ចេញ​ទេ។+

 ៧ ប៉ុន្តែ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​នឹង​ជួយ​ខ្ញុំ។+

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​មាន​សេចក្ដី​ខ្មាស​ទេ។

ខ្ញុំ​បាន​ពង្រឹង​ខ្លួន​ឯង​ឲ្យ​រឹង​មាំ​ដូច​ជា​ថ្ម​ដា+ ដើម្បី​ប្រឈម​មុខ​នឹង​អ្នក​ប្រឆាំង

ព្រោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ។

 ៨ ព្រះ​ដែល​ប្រកាស​ថា​ខ្ញុំ​សុចរិត លោក​នៅ​ក្បែរ​ខ្ញុំ។

តើ​នរណា​អាច​ចោទ​ប្រកាន់*ខ្ញុំ​បាន?+ ចូរ​ឲ្យ​យើង​ជជែក​តវ៉ា​គ្នា​ទៅ។

តើ​នរណា​មាន​រឿង​ក្ដី​ទាស់​នឹង​ខ្ញុំ? ចូរ​ឲ្យ​គាត់​ចូល​មក​ជិត​ខ្ញុំ​ចុះ។

 ៩ មើល! ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​នឹង​ជួយ​ខ្ញុំ។

តើ​អ្នក​ណា​នឹង​ប្រកាស​ថា​ខ្ញុំ​មាន​ទោស?

មើល! ពួក​គេ​ទាំង​អស់​គ្នា​នឹង​ហិនហោច​ទៅ​ដូច​ជា​សម្លៀក​បំពាក់​សឹក​រេច​រឹល

គឺ​ពួក​គេ​នឹង​ប្រៀប​ដូច​ជា​សម្លៀក​បំពាក់​ត្រូវ​សត្វ​ល្អិត​ស៊ី​បំផ្លាញ។

១០ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​អ្នក​ណា​កោត​ខ្លាច​ព្រះ​យេហូវ៉ា?

តើ​អ្នក​ណា​ស្ដាប់​សំឡេង​របស់​អ្នក​បម្រើ​លោក?+

តើ​អ្នក​ណា​បាន​ដើរ​ក្នុង​ទី​ងងឹត​សូន្យសុង​ឥត​មាន​ពន្លឺ?

សូម​ឲ្យ​អ្នក​នោះ​ទុក​ចិត្ត​លើ​នាម​ព្រះ​យេហូវ៉ា ហើយ​ពឹង​ផ្អែក​លើ​លោក​ទាំង​ស្រុង។

១១ ​«​ឱ​អស់​អ្នក​ដែល​បង្កាត់​ភ្លើង ហើយ​ធ្វើ​ឲ្យ​មាន​ផ្កា​ភ្លើង​អើយ!

ចូរ​ដើរ​ក្នុង​ពន្លឺ​ភ្លើង​របស់​ខ្លួន​ចុះ

គឺ​ដើរ​ក្នុង​ផ្កា​ភ្លើង​ដែល​ខ្លួន​បាន​បង្កាត់​ឲ្យ​ឆេះ​សន្ធោ​សន្ធៅ។

អ្នក​នឹង​ទទួល​ទោស​នេះ​ពី​ខ្ញុំ គឺ​អ្នក​នឹង​ដេក​ដោយ​ឈឺ​ចាប់។

៥១ ​«​ឱ​អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត

និង​អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា​អើយ! ចូរ​ស្ដាប់​ខ្ញុំ!

ចូរ​នឹក​ដល់​ផ្ទាំង​ថ្ម​ដែល​គេ​បាន​ដាប់​អ្នក​ចេញ​មក

និង​ចាំ​អំពី​រណ្ដៅ​ដែល​គេ​បាន​ជីក​យក​អ្នក។

 ២ ចូរ​នឹក​ឃើញ​អាប្រាហាំ​ជា​បុព្វ​បុរស​របស់​អ្នក

និង​នឹក​ដល់​សារ៉ា+ជា​អ្នក​ដែល​បាន​បង្កើត​អ្នក​មក។

ព្រោះ​ពេល​ដែល​ខ្ញុំ​បាន​ហៅ​អាប្រាហាំ​មក គឺ​មាន​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ+

តែ​ខ្ញុំ​បាន​ឲ្យ​ពរ​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​មាន​កូន​ចៅ​ជា​ច្រើន។+

 ៣ ព្រះ​យេហូវ៉ា​នឹង​សម្រាល​ទុក្ខ​ក្រុង​ស៊ីយ៉ូន។+

លោក​នឹង​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​ទី​បាក់​បែក​ទាំង​អស់​ក្នុង​ក្រុង​នោះ+

លោក​នឹង​ធ្វើ​ឲ្យ​តំបន់​ស្ងាត់​ជ្រងំ​នៅ​ទី​នោះ​ទៅ​ជា​ស្រស់​ស្អាត​ដូច​ជា​សួន​អេដែន។+

ចំណែក​តំបន់​វាល​ទំនាប​វិញ នោះ​នឹង​មាន​សោភ័ណ​ភាព​ស្រស់បំព្រង​ដូច​ជា​សួន​ច្បារ​របស់​ព្រះ​យេហូវ៉ា។+

នៅ​ក្នុង​ក្រុង​នោះ​នឹង​មាន​សេចក្ដី​អំណរ​និង​ការ​សប្បាយ​រីករាយ

ព្រម​ទាំង​ឮ​សូរ​សំឡេង​ច្រៀង​ថ្លែង​អំណរ​គុណ​ផង​ដែរ។+

 ៤ ឱ​រាស្ត្រ​ខ្ញុំ​អើយ! ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ខ្ញុំ!

ឱ​ប្រជា​ជាតិ​ខ្ញុំ​អើយ! ចូរ​ត្រង​ត្រាប់​ស្ដាប់​ខ្ញុំ!+

ព្រោះ​ខ្ញុំ​នឹង​ចេញ​ច្បាប់​មួយ+

ហើយ​ខ្ញុំ​នឹង​តាំង​យុត្តិធម៌​របស់​ខ្ញុំ​ឡើង ទុក​ជា​ពន្លឺ​ដល់​បណ្ដា​ជន​ទាំង​ឡាយ។+

 ៥ សេចក្ដី​សុចរិត​របស់​ខ្ញុំ​នឹង​ចូល​មក​ជិត+

តែ​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​នឹង​ចេញ​ទៅ​ឆ្ងាយ+

ឯ​ដៃ​ខ្ញុំ​វិញ នឹង​វិនិច្ឆ័យ​បណ្ដា​ជន។+

កោះ​ទាំង​ឡាយ​នឹង​សង្ឃឹម​លើ​ខ្ញុំ+ ហើយ​នឹង​រង់​ចាំ​មើល​ឫទ្ធានុភាព​របស់​ខ្ញុំ។

 ៦ ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​សម្លឹង​មើល​ទៅ​ផែនដី។

ព្រោះ​មេឃ​នឹង​សូន្យ​បាត់​ទៅ​ដូច​ជា​ផ្សែង

ផែនដី​នឹង​រេច​រឹល​ទៅ​ដូច​ជា​សម្លៀក​បំពាក់

ហើយ​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ស្លាប់​ដូច​ជា​សត្វ​សុច។

ប៉ុន្តែ សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ នឹង​ស្ថិត​នៅ​ជា​រៀង​រហូត+

ហើយ​សេចក្ដី​សុចរិត​របស់​ខ្ញុំ នឹង​មិន​កន្លង​បាត់​ទៅ​ទេ។+

 ៧ ឱ​អ្នក​ដែល​ស្គាល់​សេចក្ដី​សុចរិត​អើយ! ចូរ​ស្ដាប់​ខ្ញុំ!

គឺ​រាស្ត្រ​ដែល​មាន​ច្បាប់​របស់​ខ្ញុំ​នៅ​ក្នុង​ចិត្ត​ពួក​គេ។+

ចូរ​កុំ​ភ័យ​ខ្លាច​នឹង​ការ​តិះ​ដៀល​របស់​មនុស្ស​ឡើយ

ហើយ​ក៏​កុំ​តក់​ស្លុត​នឹង​ពាក្យ​មើល​ងាយ​របស់​ពួក​គេ​ដែរ។

 ៨ សត្វ​ល្អិត*នឹង​ស៊ី​បំផ្លាញ​ពួក​គេ​ដូច​ជា​ស៊ី​សម្លៀក​បំពាក់

ខ្មូត*នឹង​ចោះ​ស៊ី​ពួក​គេ​ដូច​ជា​ចោះ​ស៊ី​ក្រណាត់​ធ្វើ​ពី​រោម​ចៀម។+

ប៉ុន្តែ សេចក្ដី​សុចរិត​របស់​ខ្ញុំ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត

ហើយ​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​នឹង​មាន​គ្រប់​ជំនាន់​ត​រៀង​ទៅ​»។+

 ៩ ឱ​ដៃ​របស់​ព្រះ​យេហូវ៉ា​អើយ!+

ចូរ​កម្រើក​ឡើង! ចូរ​កម្រើក​ហើយ​បង្ហាញ​កម្លាំង​ចុះ!

ចូរ​កម្រើក​ឡើង​ដូច​នៅ​គ្រា​ពី​យូរ​លង់​មក​ហើយ គឺ​ដូច​នៅ​ជំនាន់​មុន​ៗ​

តើ​មិន​មែន​ជា​លោក​ទេ​ឬ​ដែល​បាន​បំបាក់​បំបែក​រ៉ាហាប?*+

តើ​មិន​មែន​ជា​លោក​ទេ​ឬ​ដែល​បាន​ចាក់​ទម្លុះ​សត្វ​សមុទ្រ​ដ៏​ធំ​សម្បើម?+

១០ តើ​មិន​មែន​ជា​លោក​ទេ​ឬ​ដែល​បាន​ពង្រីង​ទឹក​សមុទ្រ​ដ៏​ជ្រៅ​និង​ធំ​ធេង?+

តើ​មិន​មែន​ជា​លោក​ទេ​ឬ ដែល​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ទៅ​ជា​ផ្លូវ​សម្រាប់​ពួក​អ្នក​ដែល​លោក​បាន​សង្គ្រោះ ដើរ​ឆ្លង​កាត់?+

១១ អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​លោះ នឹង​ត្រឡប់​មក​វិញ។+

ពួក​គេ​នឹង​មក​ក្រុង​ស៊ីយ៉ូន​ដោយ​សម្រែក​ហ៊ោ​កញ្ជ្រៀវ+

ពួក​គេ​នឹង​មាន​អំណរ​ជា​និច្ច​និរន្តរ៍+ ព្រម​ទាំង​មាន​ការ​សប្បាយ​រីករាយ​ជា​រៀង​រហូត។

ពួក​គេ​នឹង​លែង​មាន​ទុក្ខ​ព្រួយ​និង​ការ​ថប់​បារម្ភ​ទៀត​ហើយ។+

១២ ​«​ខ្ញុំ​ផ្ទាល់​នឹង​សម្រាល​ទុក្ខ​អ្នក។+

តើ​អ្នក​គួរ​ខ្លាច​មនុស្ស​ដែល​នឹង​ស្លាប់​ទៅ​ឬ?+

តើ​អ្នក​គួរ​ខ្លប​ខ្លាច​កូន​មនុស្ស​ដែល​នឹង​ក្រៀម​ស្វិត​ទៅ​ដូច​ជា​ស្មៅ​ឬ?

១៣ ហេតុ​អ្វី​អ្នក​ភ្លេច​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​អ្នក​ដូច្នេះ?+

ម្ដេច​ក៏​អ្នក​ភ្លេច​ព្រះ​ដែល​បាន​ត្រដាង​មេឃ+និង​ដាក់​គ្រឹះ​ផែនដី?

រៀង​រាល់​ថ្ងៃ អ្នក​តែង​ខ្លាច​កំហឹង​របស់​អ្នក​ជិះ​ជាន់​សង្កត់​សង្កិន

ហាក់​ដូច​ជា​គេ​មាន​សមត្ថភាព​បំផ្លាញ​អ្នក។

តើ​ឥឡូវ​កំហឹង​របស់​គេ​នៅ​ឯ​ណា?

១៤ មិន​យូរ​ទៀត អ្នក​ដែល​ជាប់​ខ្នោះ​ច្រវាក់​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព+

គាត់​នឹង​មិន​ស្លាប់ ហើយ​ក៏​មិន​ចូល​ទៅ​ក្នុង​រណ្ដៅ​ដែរ។

ឯ​អាហារ​របស់​គាត់ នឹង​មិន​ចេះ​ខ្វះ​ឡើយ។

១៥ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក

ខ្ញុំ​ហើយ​ដែល​ធ្វើ​ឲ្យ​សមុទ្រ​កក្រើក​រំពើក ហើយ​ធ្វើ​ឲ្យ​រលក​សមុទ្រ​កញ្ជ្រោល​បក់​បោក+

ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ នេះ​ហើយ​ជា​នាម​របស់​ខ្ញុំ។+

១៦ ខ្ញុំ​នឹង​ដាក់​ពាក្យ​របស់​ខ្ញុំ​នៅ​ក្នុង​មាត់​របស់​អ្នក

ហើយ​នឹង​គ្រប​បាំង​អ្នក​ដោយ​ស្រមោល​ដៃ​របស់​ខ្ញុំ+

ដើម្បី​ឲ្យ​ខ្ញុំ​ត្រដាង​មេឃ និង​ដាក់​គ្រឹះ​ផែនដី+

ហើយ​ដើម្បី​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ស៊ីយ៉ូន​ថា​៖ ‹អ្នក​ជា​រាស្ត្រ​របស់​ខ្ញុំ›។+

១៧ ឱ​យេរូសាឡិម​អើយ! ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង!+

អ្នក​បាន​ផឹក​ពី​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា​ដែល​លោក​បាន​លើក​ឲ្យ។ អ្នក​បាន​ផឹក​អស់​ពី​ពែង គឺ​គ្មាន​សល់​មួយ​តំណក់​ទេ ហើយ​អ្នក​ក៏​ដើរ​ទ្រេត​ទ្រោត​ទៅ។+

១៨ ក្នុង​ចំណោម​កូន​ប្រុស​ៗ​ដែល​នាង​បាន​បង្កើត គ្មាន​កូន​ណា​ម្នាក់​នាំ​ផ្លូវ​នាង​ទេ

ហើយ​កូន​ដែល​នាង​បាន​ចិញ្ចឹម ក៏​មិន​បាន​ជួយ​ដឹក​ដៃ​នាង​ដែរ។

១៩ មាន​ព្រឹត្តិការណ៍​ពីរ​នឹង​កើត​ឡើង​ដល់​អ្នក។

អ្នក​នឹង​ត្រូវ​បំផ្លាញ​និង​រង​ការ​ហិន​វិនាស

ពេល​នោះ តើ​អ្នក​ណា​នឹង​អាណិត​អាសូរ​អ្នក?

អ្នក​នឹង​ជួប​ការ​អត់​ឃ្លាន​និង​សង្គ្រាម+

ពេល​នោះ តើ​អ្នក​ណា​នឹង​សម្រាល​ទុក្ខ​អ្នក?+

២០ កូន​របស់​អ្នក​បាន​ដួល​សន្លប់+ ហើយ​ដេក​នៅ​គ្រប់​ជ្រុង​ផ្លូវ

ពួក​គេ​ប្រៀប​ដូច​ជា​ចៀម​ព្រៃ​ជាប់​លប់។

ពួក​គេ​រង​កំហឹង​ពី​ព្រះ​យេហូវ៉ា គឺ​ទទួល​ការ​ស្ដី​បន្ទោស​យ៉ាង​ខ្លាំង​ពី​ព្រះ​របស់​អ្នក​»។

២១ ដូច្នេះ ឱ​ស្ត្រី​ដែល​រង​ទុក្ខ​និង​ស្រវឹង​អើយ! នាង​ស្រវឹង​តែ​មិន​មែន​ដោយ​ស្រា​ទេ

ចូរ​នាង​មក​ស្ដាប់​រឿង​នេះ។

២២ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត ជា​ព្រះ​របស់​អ្នក​និង​ជា​អ្នក​ការ​ពារ​រាស្ត្រ​លោក បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​មើល! ខ្ញុំ​នឹង​យក​ពែង​ពី​ដៃ​របស់​អ្នក ជា​ពែង​ដែល​នាំ​ឲ្យ​ស្រវឹង​ទ្រេត​ទ្រោត+

គឺ​ជា​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ អ្នក​នឹង​មិន​ផឹក​ពី​ពែង​នោះ​ម្ដង​ទៀត​ឡើយ។+

២៣ ខ្ញុំ​នឹង​ប្រគល់​ពែង​នោះ​ទៅ​ក្នុង​ដៃ​របស់​ពួក​អ្នក​ដែល​ធ្វើ​ទារុណកម្ម​អ្នក+

ពួក​អ្នក​ទាំង​នោះ​និយាយ​ទៅ​កាន់​អ្នក​ថា​៖ ‹ក្រាប​ខ្លួន​ចុះ! ដើម្បី​ឲ្យ​យើង​ដើរ​លើ​ឯង›។

ដូច្នេះ អ្នក​បាន​ក្រាប​ចុះ ហើយ​ធ្វើ​ឲ្យ​ខ្នង​រាប​ដូច​ដី

និង​ដូច​ផ្លូវ​សម្រាប់​ពួក​គេ​ដើរ​លើ​»។

៥២ ឱ​ស៊ីយ៉ូន​អើយ!+ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង! ចូរ​បំពាក់​ខ្លួន​ដោយ​កម្លាំង​ចុះ!+

ឱ​យេរូសាឡិម​ជា​ក្រុង​បរិសុទ្ធ​អើយ! ចូរ​ស្លៀក​សម្លៀក​បំពាក់​ដ៏​ស្រស់​ស្អាត​ទៅ!+

ព្រោះ​នឹង​លែង​មាន​អ្នក​ដែល​មិន​កាត់​ចុង​ស្បែក​និង​អ្នក​ដែល​មិន​ស្អាត​បរិសុទ្ធ​ចូល​មក​ក្នុង​អ្នក​ទៀត​ហើយ។+

 ២ ឱ​យេរូសាឡិម​អើយ! ចូរ​រលាស់​ធូលី​ដី​ចេញ ហើយ​ក្រោក​មក​អង្គុយ​ចុះ។

ឱ​ក្រុង​ស៊ីយ៉ូន*ដែល​ជាប់​ជា​ឈ្លើយ​អើយ! ចូរ​ស្រាយ​ចំណង​ចេញ​ពី​ក​ទៅ។+

 ៣ ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

​«​អ្នក​បាន​ត្រូវ​លក់​ដោយ​ឥត​បាន​ប្រាក់​ទេ+

ហើយ​ក៏​នឹង​ត្រូវ​លោះ​មក​វិញ​ដោយ​ឥត​បង់​ថ្លៃ​ដែរ​»។+

 ៤ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​មុន​ដំបូង រាស្ត្រ​ខ្ញុំ​បាន​ចុះ​ទៅ​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​ជា​ជន​បរទេស+

ក្រោយ​មក ពួក​អាស៊ីរី​បាន​គាប​សង្កត់​ពួក​គេ​ដោយ​គ្មាន​ហេតុ​»។

 ៥ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ឥឡូវ​តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី?

ព្រោះ​រាស្ត្រ​របស់​ខ្ញុំ​បាន​ត្រូវ​នាំ​យក​ទៅ​ដោយ​ឥត​បង់​ប្រាក់​ទេ។

ឯ​ពួក​អ្នក​គ្រប់​គ្រង​លើ​ពួក​គេ ចេះ​តែ​ស្រែក​ហ៊ោ​អបអរ​ផង​»។+

ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ជា​រៀង​រាល់​ថ្ងៃ គេ​បាន​មើល​ងាយ​នាម​ខ្ញុំ។+

 ៦ ដោយ​ហេតុ​នោះ រាស្ត្រ​ខ្ញុំ​នឹង​ស្គាល់​នាម​ខ្ញុំ+

ហើយ​នៅ​ថ្ងៃ​នោះ ពួក​គេ​នឹង​ដឹង​ថា ខ្ញុំ​នេះ​ហើយ​ជា​អ្នក​ដែល​ចេញ​វាចា។

មើល! គឺ​ខ្ញុំ​នេះ​ហើយ!​»។

 ៧ នៅ​លើ​ភ្នំ​មាន​អ្នក​ដែល​កំពុង​នាំ​ដំណឹង​ល្អ​មក ជើង​របស់​គាត់​គឺ​ស្អាត​ណាស់​ហ្ន៎!+

គាត់​ប្រកាស​អំពី​សេចក្ដី​សុខ​សាន្ត+ និង​ដំណឹង​ល្អ​អំពី​អ្វី​ដ៏​ប្រសើរ

ជា​អ្នក​ប្រកាស​អំពី​សេចក្ដី​សង្គ្រោះ

អ្នក​នោះ​ប្រកាស​ទៅ​ក្រុង​ស៊ីយ៉ូន​ថា​៖ ​«​ព្រះ​របស់​អ្នក​បាន​គ្រង​រាជ្យ​ហើយ!​»។+

 ៨ ចូរ​ស្ដាប់! ពួក​អ្នក​ចាំ​យាម​របស់​អ្នក​កំពុង​បន្លឺ​សំឡេង​ឡើង

ពួក​គេ​ស្រែក​ឡើង​ព្រម​គ្នា​ដោយ​អំណរ

ព្រោះ​ពួក​គេ​នឹង​ឃើញ​យ៉ាង​ច្បាស់*នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​យក​ស៊ីយ៉ូន​ត្រឡប់​មក​វិញ។

 ៩ ឱ​ទី​បាក់​បែក​នៃ​ក្រុង​យេរូសាឡិម​អើយ!+ ចូរ​ត្រេក​អរ​ឡើង ហើយ​ស្រែក​ឡើង​ព្រម​គ្នា​ដោយ​អំណរ​ទៅ!

ព្រោះ​ព្រះ​យេហូវ៉ា​បាន​សម្រាល​ទុក្ខ​រាស្ត្រ​លោក+ ព្រម​ទាំង​បាន​លោះ​ក្រុង​យេរូសាឡិម​ហើយ។+

១០ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ដៃ​ដ៏​បរិសុទ្ធ​របស់​លោក​នៅ​ចំពោះ​មុខ​ប្រជា​ជាតិ​ទាំង​ឡាយ+

មនុស្ស​ទាំង​អស់​នៅ​ចុង​ផែនដី នឹង​ឃើញ​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​របស់​ព្រះ​នៃ​យើង។+

១១ ឱ​អស់​អ្នក​ដែល​សែង​ប្រដាប់​ប្រដា​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​អើយ!+

ចូរ​ចាក​ចេញ! ចូរ​ចាក​ចេញ​ពី​ទី​នោះ​ទៅ+ ហើយ​កុំ​ប៉ះ​ពាល់​របស់​របរ​ដែល​មិន​ស្អាត​បរិសុទ្ធ​ឡើយ។+

ចូរ​ចេញ​ពី​នាង​ទៅ ហើយ​រក្សា​ខ្លួន​ឲ្យ​នៅ​ស្អាត​បរិសុទ្ធ​ជា​និច្ច។+

១២ ព្រោះ​អ្នក​នឹង​ចេញ​ទៅ​ដោយ​មិន​ភ័យ​ស្លន់ស្លោ​ទេ

ហើយ​ក៏​មិន​ចាំ​បាច់​រត់​ផង​ដែរ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​នាំ​មុខ​អ្នក+

ព្រះ​នៃ​អ៊ីស្រាអែល​នឹង​ការ​ពារ​អ្នក​ពី​ខាង​ក្រោយ។+

១៣ មើល! អ្នក​បម្រើ​ខ្ញុំ+នឹង​ប្រព្រឹត្ត​ដោយ​ចេះ​ពិចារណា

គាត់​នឹង​ត្រូវ​លើក​តម្កើង

ហើយ​គាត់​នឹង​មាន​ឋានៈ​ខ្ពង់​ខ្ពស់ និង​ទទួល​កិត្តិយស​ឧត្តុង្គ​ឧត្ដម។+

១៤ ពេល​មនុស្ស​ជា​ច្រើន​ឃើញ​គាត់ ពួក​គេ​បាន​ស្រឡាំងកាំង

ព្រោះ​មុខ​មាត់​របស់​គាត់​បាន​ត្រូវ​បង្ខូច​ច្រើន​ជាង​អ្នក​ឯ​ទៀត

ហើយ​រាង​កាយ​ដ៏​ស្អាត​របស់​គាត់ បាន​ត្រូវ​បង្ខូច​ឲ្យ​អាក្រក់​ជាង​មនុស្ស​ទូទៅ។

១៥ ដូច្នេះ គាត់​នឹង​ធ្វើ​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។+

ឯ​បណ្ដា​ស្ដេច​នឹង​បិទ​មាត់​នៅ​ចំពោះ​គាត់+

ព្រោះ​ពួក​គេ​នឹង​មើល​ឃើញ​អ្វី​ដែល​មិន​ធ្លាប់​មាន​អ្នក​ណា​ប្រាប់

ហើយ​ពិចារណា​អំពី​អ្វី​ដែល​ពួក​គេ​មិន​ធ្លាប់​ឮ។+

៥៣ តើ​អ្នក​ណា​បាន​ជឿ​លើ​អ្វី​ដែល​ឮ​ពី​យើង?*+

តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ឫទ្ធានុភាព*+របស់​លោក​ដល់​អ្នក​ណា?+

 ២ គាត់​នឹង​លេច​ឡើង​ដូច​ជា​ត្រួយ+នៅ​ចំពោះ​មុខ​លោក*​និង​ដូច​ជា​ពន្លក​ដុះ​ចេញ​ពី​ដី​ហួត​ហែង។

គាត់​មើល​ទៅ​គ្មាន​អ្វី​អស្ចារ្យ​ឬ​ពិសេស​ទេ+

ពេល​ដែល​យើង​ឃើញ​រូប​រាង​គាត់ គ្មាន​អ្វី​ទាក់​ទាញ​ចិត្ត​យើង​ទេ។

 ៣ គាត់​ត្រូវ​មនុស្ស​មើល​ងាយ ហើយ​គ្មាន​អ្នក​ណា​រាប់​អាន​ទេ។+

គាត់​ស្គាល់​នូវ​ការ​ឈឺ​ចាប់​និង​ដឹង​ថា​ជំងឺ​គឺ​យ៉ាង​ណា។

គឺ​ហាក់​ដូច​ជា​មុខ​របស់​គាត់​បាន​ត្រូវ​លាក់​ពី​យើង។*

គាត់​បាន​ត្រូវ​គេ​ស្អប់​ខ្ពើម ហើយ​យើង​ចាត់​ទុក​គាត់​ជា​មនុស្ស​មិន​សំខាន់​ឡើយ។+

 ៤ គាត់​ផ្ទាល់​បាន​រែក​ពុន​ជំងឺ​របស់​យើង+

ហើយ​ផ្ទុក​រាល់​ការ​ឈឺ​ចាប់​របស់​យើង​លើ​ខ្លួន​គាត់។+

ប៉ុន្តែ យើង​បាន​ចាត់​ទុក​គាត់​ជា​អ្នក​ដែល​កំពុង​ទទួល​ទោស* ហើយ​ជា​អ្នក​ដែល​ព្រះ​វាយ​និង​បណ្ដា​ល​ឲ្យ​រង​ទុក្ខ។

 ៥ គាត់​បាន​ត្រូវ​ចាក់​ទម្លុះ+ ដោយ​សារ​កំហុស​របស់​យើង+

គាត់​បាន​ត្រូវ​បំបាក់ ព្រោះ​តែ​អំពើ​រំលង​របស់​យើង។+

គាត់​បាន​ទទួល​ទោស ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ត+

ហើយ​យើង​បាន​ជា​សះ​ស្បើយ ដោយ​សារ​គាត់​បាន​រង​របួស។+

 ៦ យើង​ម្នាក់​ៗ​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង+

ហើយ​បាន​ដើរ​ទៅ​តាម​ផ្លូវ​រៀង​ៗ​ខ្លួន

រួច​ព្រះ​យេហូវ៉ា​បាន​ទម្លាក់​អំពើ​ខុស​ឆ្គង​របស់​យើង​ទៅ​លើ​គាត់។+

 ៧ គាត់​បាន​ត្រូវ​គេ​ជិះ​ជាន់+ ហើយ​បណ្ដោយ​ឲ្យ​គេ​ធ្វើ​បាប+

តែ​គាត់​មិន​បាន​តបត​ទេ។

គាត់​ត្រូវ​គេ​នាំ​មក​ដូច​ជា​គេ​ដឹក​ចៀម​យក​ទៅ​សម្លាប់+

គាត់​ប្រៀប​ដូច​ជា​មេ​ចៀម​ដែល​នៅ​ស្ងៀម​ខាង​មុខ​អ្នក​កាត់​រោម

គាត់​មិន​បាន​ហើប​មាត់​សោះ។+

 ៨ ដោយ​សារ​ការ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ គាត់​ត្រូវ​គេ​នាំ​យក​ទៅ។

គ្មាន​នរណា​អើពើ​អំពី​ប្រវត្តិ​របស់​គាត់​ទេ

ព្រោះ​គាត់​បាន​ត្រូវ​កាត់​ចេញ​ពី​ចំណោម​មនុស្ស។+

គាត់​បាន​ត្រូវ​វាយ​សម្លាប់ ដោយ​សារ​ទោស​កំហុស​របស់​រាស្ត្រ​ខ្ញុំ។+

 ៩ គាត់​បាន​ត្រូវ​បញ្ចុះ*ជា​មួយ​នឹង​ជន​ទុច្ចរិត+

រួម​ជា​មួយ​នឹង​អ្នក​មាន​ដែរ ទោះ​ជា​គាត់​មិន​បាន​ធ្វើ​ខុស​ក្ដី។+

គ្មាន​ពាក្យ​បោក​បញ្ឆោត​ណា​មួយ​ចេញ​ពី​មាត់​គាត់​ឡើយ។+

១០ ប៉ុន្តែ នោះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា*ឲ្យ​គាត់​រង​ទុក្ខ ហើយ​លោក​ឲ្យ​គាត់​រង​ការ​ឈឺ​ចាប់។

បើ​លោក​ជូន​ជីវិត​គាត់​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង+

នោះ​គាត់​នឹង​ឃើញ​កូន​ចៅ​គាត់ ហើយ​គាត់​នឹង​រស់​នៅ​យូរ​អង្វែង+

ហើយ​តាម​រយៈ​គាត់ បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​នឹង​បាន​សម្រេច។+

១១ ដោយ​សារ​ការ​ឈឺ​ចាប់​ដែល​គាត់​បាន​ជួប គាត់​នឹង​ឃើញ​លទ្ធផល ហើយ​ស្កប់​ចិត្ត។

តាម​រយៈ​ចំណេះ​ដឹង​របស់​គាត់​ដែល​ជា​អ្នក​បម្រើ​ដ៏​សុចរិត​របស់​ខ្ញុំ+

នោះ​មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត+

ហើយ​គាត់​នឹង​រែក​ពុន​អំពើ​រំលង​របស់​ពួក​គេ។+

១២ ដោយ​ហេតុ​នេះ ខ្ញុំ​នឹង​ប្រគល់​ចំណែក​មួយ​ដល់​គាត់ ជា​មួយ​នឹង​មនុស្ស​ជា​ច្រើន

ហើយ​គាត់​នឹង​ចែក​រំលែក​ជ័យ​ភណ្ឌ​ជា​មួយ​នឹង​បុគ្គល​ខ្លាំង​ក្លា។

ដោយ​សារ​គាត់​បាន​ប្រគល់​ជីវិត​ខ្លួន*+

និង​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​អ្នក​មាន​កំហុស+

នោះ​គាត់​បាន​រែក​ពុន​ការ​ខុស​ឆ្គង​របស់​មនុស្ស​ជា​ច្រើន+

ហើយ​បាន​អង្វរ​សុំ​ជំនួស​ជន​ដែល​ធ្វើ​ខុស។+

៥៤ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​ស្ត្រី​អារ​ដែល​មិន​ធ្លាប់​បង្កើត​កូន​អើយ!+ ចូរ​ស្រែក​ឡើង​ដោយ​អំណរ!+

ឱ​ស្ត្រី​ដែល​មិន​ធ្លាប់​ឈឺ​ពោះ​សម្រាល​កូន​អើយ!+ ចូរ​សប្បាយ​រីករាយ ហើយ​ត្រេក​អរ​ឡើង!

ព្រោះ​កូន​របស់​ស្ត្រី​ដែល​បាន​ត្រូវ​បោះ​បង់​ចោល នឹង​មាន​ចំនួន​ច្រើន

គឺ​ច្រើន​ជាង​កូន​របស់​ស្ត្រី​ដែល​មាន​ប្ដី*ទៅ​ទៀត​»។+

 ២ ​«​ចូរ​ពង្រីក​ទី​ធ្លា​ត្រសាល​ឲ្យ​ធំ​ទូលាយ+

ហើយ​សន្ធឹង​ក្រណាត់​ត្រសាល​វិសេស​របស់​អ្នក

កុំ​សំចៃ​ទុក​ឡើយ! ចូរ​ត​ខ្សែ​ត្រសាល​ឲ្យ​វែង​ទៅ

ហើយ​ដំ​ស្នឹង​ត្រសាល​ឲ្យ​មាំ​ចុះ។+

 ៣ ព្រោះ​អ្នក​នឹង​ពង្រីក​ព្រំ​ដែន​ឲ្យ​កាន់​តែ​ធំ​ឡើង ទាំង​ខាង​ឆ្វេង​ទាំង​ខាង​ស្ដាំ។

កូន​ចៅ​របស់​អ្នក​នឹង​បង្ក្រាប​ប្រជា​ជាតិ​នា​នា

ហើយ​នឹង​អាស្រ័យ​នៅ​ក្នុង​បណ្ដា​ក្រុង​ដែល​គេ​ទុក​ចោល។+

 ៤ កុំ​ខ្លាច​ឡើយ+ ព្រោះ​អ្នក​នឹង​មិន​ត្រូវ​អាម៉ាស់​ទេ+

ហើយ​ក៏​កុំ​មាន​អារម្មណ៍​ខ្មាស​ដែរ ព្រោះ​អ្នក​នឹង​មិន​ខក​ចិត្ត​ឡើយ។

ព្រោះ​អ្នក​នឹង​ភ្លេច​ការ​អៀន​ខ្មាស​ក្នុង​គ្រា​យុវវ័យ

ហើយ​ក៏​មិន​នឹក​ឃើញ​ការ​អាប់​ឱន​ក្នុង​គ្រា​នៅ​មេម៉ាយ​ដែរ​»។

 ៥ ​«​ព្រោះ​ព្រះ​ដែល​ជា​អ្នក​បង្កើត​ដ៏​ឧត្ដម+ ជា​ប្ដី​របស់​អ្នក​ហើយ+

ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ គឺ​ជា​នាម​របស់​លោក

ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល ជា​អ្នក​លោះ​អ្នក។+

គេ​នឹង​ហៅ​លោក​ថា​ជា​ព្រះ​នៃ​ផែនដី​ទាំង​មូល។+

 ៦ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ហៅ​អ្នក អ្នក​ប្រៀប​ដូច​ជា​ប្រពន្ធ​ដែល​ប្ដី​បោះ​បង់​ចោល​និង​កើត​ទុក្ខ​ក្រៀម​ក្រំ+

និង​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​បាន​រៀប​ការ​នៅ​វ័យ​ក្មេង តែ​ត្រូវ​ប្ដី​បំភ្លេច​ចោល​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​នៃ​អ្នក។

 ៧ ​«​អស់​មួយ​រយៈ​ពេល​ខ្លី ខ្ញុំ​បាន​បោះ​បង់​ចោល​អ្នក

តែ​ដោយ​សេចក្ដី​មេត្តា​ករុណា​ដ៏​ធំ​ធេង ខ្ញុំ​នឹង​ប្រមូល​អ្នក​មក​វិញ។+

 ៨ ដោយ​សារ​កំហឹង​មួយ​ឆាវ ខ្ញុំ​បាន​បែរ​មុខ​ចេញ​ពី​អ្នក​អស់​មួយ​រយៈ​ពេល​ខ្លី+

តែ​ដោយ​សារ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​និង​ស្ថិត​ស្ថេរ​ជា​ដរាប ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​អ្នក​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​អ្នក​លោះ​អ្នក។+

 ៩ ​«​ចំពោះ​ខ្ញុំ នេះ​គឺ​ដូច​ជា​នៅ​សម័យ​ណូអេ។+

ដូច​ដែល​ខ្ញុំ​បាន​ស្បថ​នៅ​សម័យ​នោះ​ថា​នឹង​លែង​មាន​ទឹក​ជំនន់​ពេញ​ពាស​ផែនដី+

នោះ​ខ្ញុំ​ស្បថ​ថា​ខ្ញុំ​លែង​ខឹង​នឹង​អ្នក ហើយ​ក៏​ឈប់​ស្ដី​បន្ទោស​អ្នក​ទៀត​ដែរ។+

១០ ទោះ​ជា​ភ្នំ​ទាំង​ឡាយ​ត្រូវ​រលំ ហើយ​ទី​ទួល​ទាំង​ប៉ុន្មាន​ត្រូវ​រលាយ​ក្ដី

ក៏​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ខ្ញុំ​ចំពោះ​អ្នក មិន​សាប​សូន្យ​ឡើយ+

ហើយ​កិច្ច​ព្រម​ព្រៀង​នៃ​សេចក្ដី​សុខ​សាន្ត​របស់​ខ្ញុំ ក៏​មិន​ត្រូវ​លុប​ចោល​ដែរ​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​អ្នក។+

១១ ​«​ឱ​ស្ត្រី​ដែល​រង​ទុក្ខ​អើយ!+ អ្នក​ត្រូវ​ព្យុះ​បក់​បោក តែ​គ្មាន​ការ​សម្រាល​ទុក្ខ​ទេ។+

មើល! ខ្ញុំ​នឹង​យក​បាយអ​មក​រៀប​ឥដ្ឋ​យ៉ាង​មាំ​ឲ្យ​អ្នក

ហើយ​ខ្ញុំ​នឹង​យក​ត្បូង​កណ្ដៀង​មក​ដាក់​ជា​គ្រឹះ​ឲ្យ​អ្នក។+

១២ ខ្ញុំ​នឹង​យក​ត្បូង​ទទឹម​មក​ធ្វើ​ជា​កំពែង

ហើយ​យក​ត្បូង​ចែង​ចាំង​មក​ធ្វើ​ជា​ខ្លោង​ទ្វារ

ខ្ញុំ​យក​ត្បូង​មាន​តម្លៃ​ឯ​ទៀត​មក​ធ្វើ​ជា​ព្រំ​ប្រទល់​របស់​អ្នក។

១៣ កូន​ៗ​ទាំង​អស់​របស់​អ្នក​នឹង​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​យេហូវ៉ា+

ហើយ​សេចក្ដី​សុខ​សាន្ត​របស់​ពួក​គេ​នឹង​មាន​ជា​បរិបូរ។+

១៤ អ្នក​នឹង​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ​ក្នុង​សេចក្ដី​សុចរិត។+

អ្នក​នឹង​មិន​រង​ការ​ជិះ​ជាន់​ទៀត​ទេ+

អ្នក​នឹង​មិន​ភ័យ​ខ្លាច​ហើយ​ក៏​មិន​តក់​ស្លុត​ដែរ

ព្រោះ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នឹង​មិន​មក​ជិត​អ្នក​ទេ។+

១៥ បើ​មាន​អ្នក​ណា​មក​វាយ​ប្រហារ​អ្នក នោះ​មិន​មែន​តាម​បង្គាប់​ខ្ញុំ​ទេ។

អ្នក​ណា​ក៏​ដោយ​ដែល​មក​ច្បាំង​នឹង​អ្នក អ្នក​នោះ​នឹង​បរាជ័យ​ជា​មិន​ខាន​»។+

១៦ ​«​មើល! ខ្ញុំ​បាន​បង្កើត​ជាង​ដែក

គាត់​ក៏​សប់​ខ្យល់​បង្កើន​កម្ដៅ​ភ្លើង រួច​ដុត​ដែក​ធ្វើ​អាវុធ។

ខ្ញុំ​ក៏​បាន​បង្កើត​បុគ្គល​ម្នាក់​ទៀត ដើម្បី​នាំ​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ។+

១៧ ឯ​គ្រឿង​អាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​អ្នក នោះ​នឹង​គ្មាន​ប្រសិទ្ធភាព​ឡើយ+

ចំណែក​សម្ដី​ណា​ដែល​គេ​ប្ដឹង​ចោទ​ប្រកាន់​អ្នក អ្នក​នឹង​ផ្ដន្ទា​ទោស​គេ​វិញ។

អ្វី​ទាំង​នេះ​ជា​កេរ​ដំណែល​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។

ខ្ញុំ​ចាត់​ទុក​ពួក​គេ​ជា​មនុស្ស​សុចរិត​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។+

៥៥ ឱ​អស់​អ្នក​ដែល​ស្រេក​ទឹក​អើយ!+ ចូរ​មក​យក​ទឹក​ផឹក​ចុះ!+

ឱ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ! ចូរ​មក​យក​អាហារ​បរិភោគ​ដោយ​ឥត​គិត​ថ្លៃ

ហើយ​មក​យក​ស្រា​ទំពាំង​បាយ​ជូរ​និង​ទឹក​ដោះ+​ដោយ​មិន​ចាំ​បាច់​បង់​ប្រាក់​ឡើយ។+

 ២ ម្ដេច​ក៏​អ្នក​ចេះ​តែ​ចំណាយ​ប្រាក់​ទៅ​លើ​អ្វី​ដែល​មិន​មែន​ជា​អាហារ​ដូច្នេះ?

ហេតុ​អ្វី​បាន​ជា​យក​ប្រាក់​ដែល​អ្នក​ខំ​រក*ទៅ​ទិញ​អ្វី​ដែល​មិន​នាំ​ឲ្យ​ស្កប់​ចិត្ត​ទៅ​វិញ?

ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ខ្ញុំ ហើយ​បរិភោគ​អាហារ​ដ៏​ល្អ​ប្រសើរ​ទៅ+

នោះ​អ្នក​នឹង​មាន​អំណរ​ជា​ខ្លាំង​ដោយ​សារបាន​អាហារ​ដែល​មាន​ជីវជាតិ។+

 ៣ ចូរ​មក​ឯ​ខ្ញុំ ហើយ​ត្រង​ត្រាប់​ស្ដាប់។+

ចូរ​ស្ដាប់​ចុះ នោះ​អ្នក​នឹង​បន្ត​រស់​រាន​មាន​ជីវិត

ហើយ​ខ្ញុំ​នឹង​ព្រម​ចុះ​កិច្ច​ព្រម​ព្រៀង​ដ៏​ស្ថិត​ស្ថេរ​ជា​មួយ​នឹង​អ្នក+

ដោយ​ផ្អែក​លើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដែល​ខ្ញុំ​បាន​បង្ហាញ​ចំពោះ​ដាវីឌ ហើយ​នោះ​ជា​អ្វី​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត។+

 ៤ មើល! ខ្ញុំ​បាន​តាំង​គាត់​ឲ្យ​ធ្វើ​ជា​សាក្សី+ដល់​ប្រជា​ជាតិ​នា​នា

ហើយ​ធ្វើ​ជា​អ្នក​ដឹក​នាំ+ និង​ជា​មេ​បញ្ជាការ+ដល់​ប្រជា​ជាតិ​ទាំង​ឡាយ។

 ៥ មើល! អ្នក​នឹង​ហៅ​ប្រជា​ជាតិ​មួយ​ដែល​អ្នក​មិន​ដែល​ស្គាល់​ឡើយ

ហើយ​បណ្ដា​ជន​ដែល​មក​ពី​ប្រជា​ជាតិ​មួយ​ដែល​មិន​ស្គាល់​អ្នក នឹង​រត់​មក​ឯ​អ្នក ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក+ និង​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល

លោក​លើក​តម្កើង​អ្នក​ឲ្យ​មាន​កិត្តិយស។+

 ៦ ចូរ​ស្វែង​រក​ព្រះ​យេហូវ៉ា កាល​ដែល​អាច​រក​លោក​ឃើញ។+

ចូរ​ហៅ​រក​លោក កាល​ដែល​លោក​នៅ​ជិត​នៅ​ឡើយ។+

 ៧ ចូរ​ឲ្យ​មនុស្ស​ទុច្ចរិត​លះ​ចោល​ផ្លូវ​របស់​ខ្លួន+

ហើយ​មនុស្ស​អាក្រក់​លះ​បង់​គំនិត​របស់​ខ្លួន​ទៅ។

ចូរ​ឲ្យ​គាត់​ត្រឡប់​មក​ព្រះ​យេហូវ៉ា ព្រោះ​លោក​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​គាត់+

គឺ​មក​ឯ​ព្រះ​នៃ​យើង ព្រោះ​លោក​នឹង​អភ័យ​ទោស​ឲ្យ​ជា​បរិបូរ។*+

 ៨ ព្រោះ​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​គំនិត​របស់​ខ្ញុំ​មិន​ដូច​គំនិត​របស់​អ្នក​ទេ+

ហើយ​ផ្លូវ​របស់​ខ្ញុំ​ក៏​មិន​ដូច​ផ្លូវ​របស់​អ្នក​ដែរ។

 ៩ ព្រោះ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា

នោះ​ផ្លូវ​របស់​ខ្ញុំ​ក៏​ខ្ពង់​ខ្ពស់​ជាង​ផ្លូវ​របស់​អ្នក​យ៉ាង​នោះ​ដែរ

ហើយ​គំនិត​របស់​ខ្ញុំ​ខ្ពង់​ខ្ពស់​ជាង​គំនិត​របស់​អ្នក​ឆ្ងាយ​ណាស់។+

១០ ទឹក​ភ្លៀង​និង​ព្រិល​ធ្លាក់​ពី​លើ​មេឃ

មក​ស្រោច​ស្រព​ផែនដី ហើយ​ឥត​វិល​ត្រឡប់​ទៅ​វិញ​ទេ ទាល់​តែ​ធ្វើ​ឲ្យ​ផល​ដំណាំ​ដុះ​លូត​លាស់​ឡើង

និង​ផ្ដល់​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​អាហារ​ដល់​អ្នក​បរិភោគ។

១១ ដូច​គ្នា​ដែរ​ពាក្យ​ដែល​ចេញ​ពី​មាត់​ខ្ញុំ​ទៅ+

នឹង​មិន​វិល​ត្រឡប់​មក​ខ្ញុំ​វិញ​ដោយ​គ្មាន​លទ្ធផល​នោះ​ទេ+

តែ​នឹង​កើត​ឡើង​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ជា​មិន​ខាន+

ហើយ​កិច្ច​ការ​អ្វី​ដែល​ខ្ញុំ​ចាត់​ឲ្យ​ធ្វើ​នឹង​បាន​សម្រេច​គ្រប់​ជំពូក។

១២ ព្រោះ​អ្នក​នឹង​ចេញ​ទៅ​ដោយ​អំណរ+

ហើយ​អ្នក​នឹង​ត្រូវ​នាំ​មក​វិញ​ដោយ​សុខ​សាន្ត។+

ឯ​ភ្នំ​និង​ទី​ទួល​ទាំង​ប៉ុន្មាន​នឹង​រីករាយ ព្រម​ទាំង​ស្រែក​អរ​សប្បាយ​នៅ​ចំពោះ​អ្នក+

ហើយ​ដើម​ឈើ​ដែល​ដុះ​នៅ​ឯ​វាល នឹង​ទះ​ដៃ​អបអរ។+

១៣ នៅ​ទី​នោះ នឹង​មាន​ដើម​យូនីពើ​ដុះ​ឡើង ជា​ជាង​ដុះ​គុម្ព​បន្លា+

ហើយ​នឹង​មាន​ដើម​មើថល​លូត​លាស់​ឡើង ជា​ជាង​ដើម​បន្លា។

ការ​នោះ​នឹង​នាំ​ឲ្យ​នាម​ព្រះ​យេហូវ៉ា​ល្បី​រន្ទឺ+

ជា​សញ្ញា​សម្គាល់​ដ៏​ស្ថិត​ស្ថេរ​ដែល​មិន​សាប​សូន្យ​ឡើយ​»។

៥៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​ចូរ​កាន់​ខ្ជាប់​តាម​យុត្តិធម៌+ ហើយ​ប្រព្រឹត្ត​អ្វី​ដែល​សុចរិត​ចុះ

ព្រោះ​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​ជិត​ដល់​ហើយ

ហើយ​សេចក្ដី​សុចរិត​របស់​ខ្ញុំ​នឹង​ត្រូវ​បើក​បង្ហាញ។+

 ២ មាន​សុភមង្គល​ហើយ! អ្នក​ណា​ដែល​ធ្វើ​ដូច្នេះ

មាន​សុភមង្គល​ហើយ! មនុស្ស​ណា​ដែល​កាន់​ខ្ជាប់​តាម​ការ​នេះ

ព្រម​ទាំង​កាន់​តាម​ថ្ងៃ​ឈប់​សម្រាក ហើយ​រក្សា​ថ្ងៃ​នោះ​ឲ្យ​នៅ​បរិសុទ្ធ+

និង​មិន​លើក​ដៃ​ប្រព្រឹត្ត​អំពើ​អាក្រក់។

 ៣ ឯ​ជន​បរទេស​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា+មិន​គួរ​និយាយ​ថា​៖

‹ព្រះ​យេហូវ៉ា​មុខ​ជា​ញែក​ខ្ញុំ​ចេញ​ពី​រាស្ត្រ​របស់​លោក​មិន​ខាន›។

ចំណែក​ជន​គម្រៀវ​វិញ ពួក​គេ​មិន​គួរ​និយាយ​ថា​៖

‹មើល! ខ្ញុំ​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ក្រៀម​ស្វិត›​»។

៤ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​និយាយ​ទៅ​កាន់​ជន​គម្រៀវ​ដែល​កាន់​តាម​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្ញុំ ព្រម​ទាំង​ធ្វើ​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត ហើយ​កាន់​ខ្ជាប់​តាម​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ។ ខ្ញុំ​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖

 ៥ ​«​ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​មាន​កេរ្តិ៍​ឈ្មោះ​នៅ​ក្នុង​វិហារ​របស់​ខ្ញុំ ហើយ​ពួក​គេ​នឹង​មាន​បង្គោល​សម្រាប់​រំលឹក​អំពី​ខ្លួន។

នេះ​ជា​អ្វី​ដែល​ប្រសើរ​ជាង​ការ​មាន​កូន​ប្រុស​កូន​ស្រី​ទៅ​ទៀត។

ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​មាន​ឈ្មោះ​ដ៏​ស្ថិត​ស្ថេរ​ជា​រៀង​រហូត ហើយ​មិន​សាប​សូន្យ​ឡើយ។

 ៦ ចំពោះ​ជន​បរទេស​ដែល​មក​គោរព​បម្រើ​ខ្ញុំ​ជា​យេហូវ៉ា

ហើយ​ស្រឡាញ់​នាម​ខ្ញុំ​ជា​យេហូវ៉ា+ ថែម​ទាំង​ចង់​ធ្វើ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ

គឺ​អស់​អ្នក​ដែល​កាន់​តាម​ថ្ងៃ​ឈប់​សម្រាក​និង​រក្សា​ថ្ងៃ​នោះ​ឲ្យ​នៅ​បរិសុទ្ធ

ព្រម​ទាំង​កាន់​ខ្ជាប់​តាម​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ

 ៧ នោះ​ខ្ញុំ​នឹង​នាំ​ពួក​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ+

ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​ក្នុង​កន្លែង​បរិសុទ្ធ​សម្រាប់​អធិដ្ឋាន​ដល់​ខ្ញុំ។

ខ្ញុំ​នឹង​ព្រម​ទទួល​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ដែល​ពួក​គេ​ជូន​នៅ​លើ​ទី​បូជា​របស់​ខ្ញុំ។

ព្រោះ​កន្លែង​គោរព​បូជា​របស់​ខ្ញុំ​នឹង​ត្រូវ​ហៅ​ថា​កន្លែង​សម្រាប់​ប្រជា​ជាតិ​ទាំង​អស់​មក​អធិដ្ឋាន​»។+

៨ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​កំពុង​ប្រមូល​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់​ខ្ចាយ​ឲ្យ​ជុំ​គ្នា​វិញ។+ លោក​ប្រកាស​ថា​៖

​«​ក្រៅ​ពី​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រមូល​រួច​ហើយ ខ្ញុំ​នឹង​ប្រមូល​អ្នក​ផ្សេង​ទៀត​មក​ឯ​គាត់​»។+

 ៩ ឱ​សត្វ​ព្រៃ​នៅ​ឯ​វាល​អើយ! ចូរ​មក​ស៊ី​ចំណី​ចុះ។

ឱ​សត្វ​សាហាវ​នៅ​ក្នុង​ព្រៃ​អើយ! ចូរ​មក​ស៊ី​ទៅ។+

១០ ពួក​អ្នក​ចាំ​យាម​របស់​គាត់ ប្រៀប​ដូច​ជា​មនុស្ស​ខ្វាក់+ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ហេតុ​ការណ៍​ដែល​កើត​ឡើង។+

ពួក​គេ​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា​ឆ្កែ​គ​ដែល​ព្រុស​មិន​បាន​ឡើយ។+

ពួក​គេ​ចេះ​តែ​ដង្ហក់ ហើយ​ក្រាប​ខ្លួន​ចុះ គឺ​ពួក​គេ​ចូល​ចិត្ត​ដេក​ខ្លាំង​ណាស់។

១១ ពួក​គេ​ប្រៀប​ដូច​ជា​ឆ្កែ​ដែល​ស្រេក​ឃ្លាន ហើយ​ស៊ី​មិន​ចេះ​ឆ្អែត​ឡើយ។

ពួក​គេ​ជា​គង្វាល​ដែល​គ្មាន​ការ​យល់​ដឹង​ទាល់​តែ​សោះ។+

ពួក​គេ​ធ្វើ​តាម​តែ​អំពើ​ចិត្ត​ខ្លួន

ហើយ​ស្វែង​រក​កម្រៃ​ដោយ​ការ​មិន​ទៀង​ត្រង់។ ពួក​គេ​និយាយ​ថា​៖

១២ ​«​ចូរ​មក ខ្ញុំ​ទៅ​យក​ស្រា​ទំពាំង​បាយ​ជូរ ហើយ​យើង​នាំ​គ្នា​ផឹក​ឲ្យ​ជោក​ជាំ​ទៅ។+

ថ្ងៃ​ស្អែក​នឹង​ដូច​ថ្ងៃ​នេះ​ដែរ ហើយ​ក៏​កាន់​តែ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត!​»។

៥៧ ជន​សុចរិត​បាន​វិនាស​ទៅ តែ​គ្មាន​អ្នក​ណា​ខ្វល់​ទេ។

ជន​ស្មោះ​ត្រង់​និង​ជន​សុចរិត​បាន​ស្លាប់​ទៅ+

តែ​គ្មាន​អ្នក​ណា​យល់​ឃើញ​ថា​ពួក​គេ​បាន​ស្លាប់

ដោយ​សារ​សេចក្ដី​វេទនា​ឡើយ។*

 ២ ពួក​គេ​មាន​សេចក្ដី​សុខ

អស់​អ្នក​ដែល​ប្រព្រឹត្ត​ទៀង​ត្រង់ ដេក​សម្រាក​ក្នុង​ផ្នូរ។

 ៣ ​«​ចំណែក​អ្នក​វិញ ឱ​កូន​ៗ​របស់​មេ​ធ្មប់​អើយ! ចូរ​មក​ជិត​ខ្ញុំ​មក។

ឱ​កូន​ចៅ​របស់​ពួក​អ្នក​ផិត​ក្បត់​និង​អ្នក​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​អើយ! ចូរ​មក​ស្ដាប់​ពាក្យ​ដូច​ត​ទៅ​៖

 ៤ តើ​អ្នក​កំពុង​ចំអក​ឲ្យ​អ្នក​ណា?

តើ​អ្នក​កំពុង​បើក​មាត់​យ៉ាង​ធំ ហើយ​លៀន​អណ្ដាត​ដាក់​អ្នក​ណា?

អ្នក​ជា​កូន​ចៅ​នៃ​អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង និង​អ្នក​បោក​បញ្ឆោត មែន​ទេ?+

 ៥ ជា​អស់​អ្នក​ដែល​មាន​តណ្ហា​រោល​រាល

នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ធំ​ៗ​ទាំង​អស់+

ជា​អ្នក​ដែល​សម្លាប់​កូន​នៅ​ក្នុង​ជ្រលង+ និង​នៅ​តាម​ក្រហែង​ថ្ម មែន​ទេ?

 ៦ អ្នក​បាន​យក​ថ្ម​រលោង​ៗ​នៅ​ក្នុង​ជ្រលង​នោះ ទុក​ជា​អ្វី​ដែល​មាន​តម្លៃ​ចំពោះ​អ្នក។+

ដូច្នេះ ថ្ម​ទាំង​នោះ​ជា​ចំណែក​របស់​អ្នក​ហើយ។

អ្នក​ថែម​ទាំង​ច្រួច​ស្រា​ជូន​ជា​គ្រឿង​បូជា និង​ជូន​អំណោយ​ដល់​ថ្ម​ទាំង​នោះ​ដែរ។+

តើ​ខ្ញុំ​គួរ​ពេញ​ចិត្ត​ឬ?

 ៧ នៅ​លើ​ភ្នំ​ខ្ពស់​ត្រដែត អ្នក​បាន​រៀបចំ​គ្រែ*របស់​អ្នក+

ហើយ​អ្នក​បាន​ឡើង​ទៅ​ទី​នោះ ដើម្បី​ជូន​គ្រឿង​បូជា។+

 ៨ នៅ​ក្រោយ​ទ្វារ​និង​បង្គោល​ទ្វារ អ្នក​បាន​ដំឡើង​ទី​រំលឹក​សម្រាប់​ខ្លួន។

អ្នក​បាន​ចាក​ចោល​ខ្ញុំ ហើយ​ដោះ​សម្លៀក​បំពាក់​ខ្លួន

រួច​ឡើង​ទៅ​ធ្វើ​ឲ្យ​គ្រែ​របស់​អ្នក​ធំ​ទូលាយ។

អ្នក​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​គេ។

អ្នក​ចូល​ចិត្ត​រួម​ដំណេក​ជា​មួយ​ពួក​គេ+

ហើយ​ក៏​បាន​សម្លឹង​មើល​ប្រដាប់​ភេទ​គេ​ដែរ។*

 ៩ អ្នក​បាន​ចុះ​ទៅ​ឯ​មេលេក* ដោយ​នាំ​យក​ប្រេង

និង​គ្រឿង​ក្រអូប​ជា​ច្រើន​ទៅ​ជា​មួយ។

អ្នក​បាន​ចាត់​ទូត​របស់​អ្នក​ឲ្យ​ទៅ​កន្លែង​ឆ្ងាយ។

ហេតុ​នេះ អ្នក​បាន​ចុះ​ទៅ​ក្នុង​ផ្នូរ។*

១០ អ្នក​បាន​ខំ​ធ្វើ​តាម​វិធី​ជា​ច្រើន​របស់​ខ្លួន

ហើយ​មិន​បាន​និយាយ​ថា​៖ ‹ការ​ទាំង​នេះ​សុទ្ធ​តែ​ឥត​បាន​ការ›​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ អ្នក​បាន​ខំ​ពង្រឹង​កម្លាំង​ខ្លួន​ឡើង​វិញ។

ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មិន​ឈប់​ព្យាយាម​ឡើយ។

១១ តើ​អ្នក​ភ័យ​ខ្លាច​ចំពោះ​អ្នក​ណា បាន​ជា​ចាប់​ផ្ដើម​និយាយ​កុហក​ដូច្នេះ?+

អ្នក​មិន​បាន​នឹក​ឃើញ​ខ្ញុំ​ទេ។+

អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទាល់​តែ​សោះ។+

ដោយ​សារ​ខ្ញុំ​បាន​នៅ​ស្ងៀម ហើយ​ធ្វើ​ពុត​ជា​មិន​អើពើ+

ហេតុ​នេះ​ហើយ អ្នក​មិន​បាន​បង្ហាញ​ការ​កោត​ខ្លាច​ចំពោះ​ខ្ញុំ​ទេ។

១២ ខ្ញុំ​នឹង​បក​អាក្រាត​នូវ​ការ​ធ្វើ​ពុត​ជា​សុចរិត+និង​ការ​ប្រព្រឹត្ត​របស់​អ្នក+

ការ​ទាំង​នោះ​មិន​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ឡើយ។+

១៣ ពេល​អ្នក​ស្រែក​សុំ​រក​ជំនួយ

រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​អ្នក នឹង​ជួយ​អ្នក​មិន​បាន​ទេ។+

ខ្យល់​នឹង​បក់​នាំ​យក​រូប​ព្រះ​ទាំង​នោះ

គឺ​ខ្យល់​ដង្ហើម​នឹង​បក់​ផាត់​នាំ​យក​ទៅ។

ប៉ុន្តែ អ្នក​ដែល​ពឹង​ផ្អែក​លើ​ខ្ញុំ នឹង​ទទួល​ស្រុក​នេះ​ជា​មត៌ក

ហើយ​នឹង​បាន​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ​ទុក​ជា​កម្មសិទ្ធិ។+

១៤ ពេល​នោះ​នឹង​មាន​គេ​និយាយ​ថា​៖ ‹ចូរ​សង់​ឡើង! ចូរ​សង់​ផ្លូវ​ឡើង! ចូរ​រៀបចំ​ផ្លូវ​ឲ្យ​បាន​ស្អាត!+

ចូរ​ដក​ចេញ​នូវ​ឧបសគ្គ​ណា​ដែល​រា​រាំង​ផ្លូវ​របស់​រាស្ត្រ​ខ្ញុំ›​»។

១៥ ព្រោះ​ព្រះ​ដ៏​ឧត្តុង្គ​ឧត្តម​ដែល​មាន​ជីវិត​ជា​រៀង​រហូត+

និង​ជា​ព្រះ​ដែល​មាន​នាម​ដ៏​បរិសុទ្ធ+ លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​ខ្ញុំ​អាស្រ័យ​នៅ​កន្លែង​បរិសុទ្ធ​និង​ខ្ពង់​ខ្ពស់+

តែ​ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ​និង​ធ្លាក់​ទឹក​ចិត្ត​ដែរ

ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មាន​កម្លាំង​ចិត្ត និង​ទទួល​ការ​លើក​ទឹក​ចិត្ត​ឡើង​វិញ។+

១៦ ព្រោះ​ខ្ញុំ​មិន​ទាស់​នឹង​ពួក​គេ​រហូត​ទេ ហើយ​ក៏​មិន​ខឹង​នឹង​ពួក​គេ​ជា​និច្ច​ដែរ+

បើ​មិន​ដូច្នោះ​ទេ មនុស្ស​នឹង​ខ្សោយ​ទៅ​ៗ​ដោយ​សារ​ខ្ញុំ+

ស្នា​ដៃ​របស់​ខ្ញុំ​ដែល​មាន​ដង្ហើម​ជីវិត នឹង​ខ្សោយ​ទៅ​ៗ។

១៧ ខ្ញុំ​ខឹង​ជា​ខ្លាំង ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​គាត់ គឺ​គាត់​រក​កម្រៃ​ដោយ​មិន​ទៀង​ត្រង់+

ដូច្នេះ ខ្ញុំ​បាន​វាយ​គាត់ ហើយ​គេច​មុខ​ពី​គាត់ ព្រោះ​ខ្ញុំ​ខឹង​នឹង​គាត់។

ប៉ុន្តែ គាត់​នៅ​តែ​ដើរ​ដូច​ជា​មនុស្ស​រឹង​ចចេស​ដដែល+ គឺ​ចេះ​តែ​ធ្វើ​តាម​ទំនើង​ចិត្ត​របស់​ខ្លួន។

១៨ ខ្ញុំ​បាន​ឃើញ​ផ្លូវ​របស់​គាត់​ហើយ

តែ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ+ ហើយ​នាំ​ផ្លូវ​គាត់។+

ខ្ញុំ​នឹង​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​គាត់+ និង​ដល់​ពួក​អ្នក​ដែល​កាន់​ទុក្ខ​ជា​មួយ​គាត់​»។+

១៩ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​បង្កើត​ពាក្យ​សរសើរ​តម្កើង​ចេញ​ពី​បបូរ​មាត់​មនុស្ស។

ចំពោះ​អ្នក​ដែល​នៅ​ជិត​និង​អ្នក​ដែល​នៅ​ឆ្ងាយ ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សុខ​សាន្ត​ជា​និច្ច+

ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​»។

២០ ​«​ប៉ុន្តែ មនុស្ស​ទុច្ចរិត​គឺ​ប្រៀប​ដូច​ជា​សមុទ្រ​កញ្ជ្រោល​បក់​បោក​ដែល​មិន​ចេះ​ស្ងប់​ទេ

ហើយ​ក៏​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​បោក​នាំ​យក​ភក់​និង​សារាយ​មក​ជា​មួយ​ដែរ។

២១ គ្មាន​សេចក្ដី​សុខ​សាន្ត​ដល់​មនុស្ស​ទុច្ចរិត​ឡើយ​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​នៃ​ខ្ញុំ។

៥៨ ​«​ចូរ​ស្រែក​ឲ្យ​អស់​សំឡេង​ចុះ កុំ​ទប់​ឡើយ!

ចូរ​ស្រែក​ឲ្យ​លាន់​ឮ​រំពង​ដូច​ជា​សំឡេង​ផ្លុំ​ស្នែង។

ចូរ​ប្រកាស​ប្រាប់​រាស្ត្រ​ខ្ញុំ​នូវ​ការ​បះ​បោរ​របស់​ពួក​គេ+

ចូរ​ប្រកាស​ប្រាប់​ពូជ​ពង្ស​យ៉ាកុប​នូវ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ។

 ២ ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​ស្វែង​រក​ខ្ញុំ

ហើយ​ក៏​ពេញ​ចិត្ត​ចង់​ស្គាល់​ផ្លូវ​របស់​ខ្ញុំ​ដែរ។

ពួក​គេ​ប្រព្រឹត្ត​ហាក់​ដូច​ជា​ប្រជា​ជាតិ​មួយ​ដ៏​សុចរិត

ដែល​មិន​បោះ​បង់​ចោល​យុត្តិធម៌​របស់​ព្រះ​នៃ​ខ្លួន។+

ពួក​គេ​សុំ​ខ្ញុំ​ឲ្យ​កាត់​ក្ដី​ដោយ​សុចរិត​យុត្តិធម៌

ធ្វើ​ហាក់​ដូច​ជា​ពេញ​ចិត្ត​ចូល​ទៅ​ជិត​ព្រះ​របស់​ខ្លួន​ណាស់។+

 ៣ អ្នក​សួរ​ថា​៖ ‹ហេតុ​អ្វី​ក៏​លោក​មើល​មិន​ឃើញ​ពេល​យើង​តម​អាហារ?+

ហេតុ​អ្វី​ក៏​លោក​មិន​កត់​សម្គាល់​ពេល​យើង​ធ្វើ​ទុក្ខ​ខ្លួន?›។+

ខ្ញុំ​ឆ្លើយ​ថា​នេះ​គឺ​ដោយ​សារ​នៅ​ថ្ងៃ​ដែល​អ្នក​តម​អាហារ អ្នក​ធ្វើ​ដើម្បី​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​បាន​ជិះ​ជាន់​ពួក​អ្នក​ដែល​ធ្វើ​ការ​ឲ្យ​អ្នក​ទៀត​ផង។+

 ៤ ថ្ងៃ​តម​អាហារ​ចប់​ដោយ​ការ​ឈ្លោះ​ប្រកែក​វាយ​តប់​គ្នា ហើយ​ដាល់​គ្នា​យ៉ាង​សាហាវ។

អ្នក​មិន​អាច​តម​អាហារ​ដូច​អ្នក​ធ្វើ​នៅ​ថ្ងៃ​នេះ ហើយ​រំពឹង​ថា​សំឡេង​របស់​អ្នក​ឮ​ទៅ​ដល់​ស្ថាន​សួគ៌​នោះ​ឡើយ។

 ៥ តើ​ខ្ញុំ​បាន​បង្គាប់​អ្នក​ឲ្យ​តម​អាហារ​បែប​នេះ​ឬ?

តើ​ថ្ងៃ​តម​អាហារ​គួរ​ជា​ថ្ងៃ​ដែល​ធ្វើ​ទុក្ខ​ខ្លួន

ដោយ​ឱន​ក្បាល​ចុះ​ដូច​ជា​ដើម​បបុស

ថែម​ទាំង​យក​ផេះ​និង​បាវ​មក​ក្រាល​ដេក​ឬ?

តើ​អ្នក​ហៅ​ថ្ងៃ​នោះ​ថា​ជា​ថ្ងៃ​តម​អាហារ​និង​ជា​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឬ?

 ៦ មិន​មែន​ទេ! នៅ​ថ្ងៃ​តម​អាហារ​អ្នក​ត្រូវ​ធ្វើ​ដូច​ត​ទៅ​៖

អ្នក​ត្រូវ​ដោះ​ខ្នោះ​នៃ​សេចក្ដី​ទុច្ចរិត​ចេញ ត្រូវ​ស្រាយ​ខ្សែ​នឹម​ចេញ+

ហើយ​បំបាក់​នឹម​នោះ​ជា​ពីរ រួច​ឲ្យ​បុគ្គល​ដែល​រង​ការ​ជិះ​ជាន់​មាន​សេរី​ភាព។+

 ៧ នៅ​ថ្ងៃ​នោះ អ្នក​ត្រូវ​ចែក​អាហារ​ដល់​អ្នក​ដែល​ស្រេក​ឃ្លាន+

ត្រូវ​ឲ្យ​ជន​ក្រី​ក្រ​និង​អ្នក​ដែល​គ្មាន​ផ្ទះ​សម្បែង​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​អ្នក

ត្រូវ​ផ្ដល់​សម្លៀក​បំពាក់​ដល់​អ្នក​ដែល​គ្មាន​អ្វី​ស្លៀក​ពាក់+

ហើយ​ត្រូវ​ជួយ​សាច់​ញាតិ​ខ្លួន​ផង​ដែរ។

 ៨ យ៉ាង​នេះ ពន្លឺ​របស់​អ្នក​នឹង​ចែង​ចាំង​ដូច​ជា​រស្មី​នា​ព្រឹក​ព្រលឹម+

ហើយ​អ្នក​នឹង​ជា​សះ​ស្បើយ​យ៉ាង​ឆាប់​រហ័ស។

អ្នក​នឹង​តែង​តែ​មាន​សេចក្ដី​សុចរិត​នាំ​មុខ​ជា​និច្ច

ហើយ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​ពី​ក្រោយ​អ្នក។+

 ៩ បើ​ដូច្នោះ ពេល​អ្នក​ហៅ​រក​ព្រះ​យេហូវ៉ា លោក​នឹង​ឆ្លើយ

ពេល​អ្នក​ស្រែក​សុំ​ជំនួយ លោក​នឹង​តប​ថា​៖ ‹ខ្ញុំ​នៅ​ទី​នេះ​ហើយ!›។

បើ​អ្នក​ឈប់​ដាក់​នឹម​លើ​គេ ឈប់​ចង្អុល​មុខ​និង​មួល​បង្កាច់​គេ+

១០ ហើយ​ឲ្យ​ជន​ស្រេក​ឃ្លាន​នូវ​អ្វី​ល្អ​ដែល​អ្នក​ចង់​បាន+

ព្រម​ទាំង​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ជន​រង​ទុក្ខ

នោះ​ពន្លឺ​របស់​អ្នក​នឹង​ភ្លឺ​ចិញ្ចាច​ចិញ្ចែង​ក្នុង​ទី​ងងឹត

ហើយ​ភាព​សូន្យសុង​របស់​អ្នក​នឹង​ភ្លឺ​ត្រចះ​ដូច​ពន្លឺ​នា​ពេល​ថ្ងៃ​ត្រង់។+

១១ ព្រះ​យេហូវ៉ា​នឹង​នាំ​មុខ​អ្នក​ជា​និច្ច

ហើយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក ទោះ​ជា​នៅ​ក្នុង​ទឹក​ដី​ហួត​ហែង​ក៏​ដោយ។+

លោក​នឹង​ពង្រឹង​កម្លាំង​អ្នក ហើយ​អ្នក​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារ​ដ៏​ស្រស់បំព្រង+

និង​ប្រៀប​ដូច​ជា​ប្រភព​ទឹក​ដែល​មិន​ចេះ​រីង​ស្ងួត។

១២ ដោយ​សារ​អ្នក គេ​នឹង​សង់​សំណង់​បាក់​បែក​ពី​បុរាណ​ឡើង​វិញ។+

អ្នក​នឹង​ដាក់​គ្រឹះ​ពី​ជំនាន់​មុន​ៗ​សា​ជា​ថ្មី។+

គេ​នឹង​ហៅ​អ្នក​ថា​ជា​អ្នក​ជួស​ជុល​កំពែង​បាក់​បែក+

និង​ជា​អ្នក​ស្ថាបនា​ផ្លូវ​ឡើង​វិញ​ដើម្បី​ឲ្យ​មនុស្ស​មក​រស់​នៅ​ក្បែរ។

១៣ បើ​អ្នក​ឈប់​ស្វែង​រក​ប្រយោជន៍​ខ្លួន​នៅ​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​បរិសុទ្ធ​របស់​ខ្ញុំ+

ហើយ​ចាត់​ទុក​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏​រីករាយ ជា​ថ្ងៃ​ដ៏​រុង​រឿង​និង​ជា​ថ្ងៃ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា+

ថែម​ទាំង​ឲ្យ​តម្លៃ​ថ្ងៃ​នោះ ដោយ​ឈប់​ស្វែង​រក​ប្រយោជន៍​ខ្លួន​និង​ឈប់​និយាយ​ពាក្យ​ឥត​បាន​ការ

១៤ នោះ​អ្នក​នឹង​មាន​សេចក្ដី​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​មក​ពី​ព្រះ​យេហូវ៉ា

ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ត្រួត​ត្រា​លើ​ទី​ខ្ពស់​ទាំង​ឡាយ​នៅ​ផែនដី។+

ខ្ញុំ​នឹង​ឲ្យ​អ្នក​បរិភោគ​ភោគ​ផល​ពី​ទឹក​ដី​មត៌ក​របស់​យ៉ាកុប​ដែល​ជា​បុព្វ​បុរស​របស់​អ្នក+

ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ហើយ​»។

៥៩ មើល! ដៃ​របស់​ព្រះ​យេហូវ៉ា​មិន​មែន​ខ្លី​ពេក​ដែល​មិន​អាច​សង្គ្រោះ​បាន​នោះ​ឡើយ+

ហើយ​ត្រចៀក​របស់​លោក​ក៏​មិន​មែន​ធ្ងន់ ដែល​ស្ដាប់​មិន​ឮ​នោះ​ដែរ។+

 ២ ការ​ពិត កំហុស​ឆ្គង​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​នៃ​អ្នក។+

អំពើ​ខុស​ឆ្គង​របស់​អ្នក ធ្វើ​ឲ្យ​លោក​គេច​មុខ​ពី​អ្នក

ហើយ​លោក​មិន​ព្រម​ស្ដាប់​អ្នក​ឡើយ។+

 ៣ ព្រោះ​បាត​ដៃ​អ្នក​ប្រឡាក់​សុទ្ធ​តែ​ឈាម+

ហើយ​ម្រាម​ដៃ​អ្នក​ពេញ​ដោយ​អំពើ​រំលង។

បបូរ​មាត់​អ្នក​ពោល​ពាក្យ​កុហក+ ហើយ​អណ្ដាត​អ្នក​ចេញ​វាចា​តែ​សេចក្ដី​ទុច្ចរិត​វិញ។

 ៤ គ្មាន​អ្នក​ណា​ម្នាក់​ហៅ​រក​សេចក្ដី​សុចរិត​ទេ+

ហើយ​ក៏​គ្មាន​នរណា​និយាយ​សេចក្ដី​ពិត​ក្នុង​តុលាការ​ដែរ។

ពួក​គេ​ទុក​ចិត្ត​តែ​អ្វី​ដែល​ឥត​បាន​ការ+ ហើយ​និយាយ​តែ​អ្វី​ដែល​ឥត​ប្រយោជន៍។

ពួក​គេ​មាន​គភ៌​ជា​បញ្ហា ហើយ​សម្រាល​ចេញ​អ្វី​ដែល​នាំ​ឲ្យ​ឈឺ​ចាប់​វិញ។+

 ៥ ពួក​គេ​ភ្ញាស់​ពង​របស់​ពស់​មាន​ពិស ហើយ​រវៃ​សំណាញ់​ពីងពាង។+

អ្នក​ណា​ដែល​បរិភោគ​ពង​ទាំង​នោះ​នឹង​ស្លាប់

ហើយ​ពង​ដែល​ត្រូវ​បំបែក​នោះ នឹង​ចេញ​ជា​ពស់​វែក។

 ៦ សំណាញ់​ពីងពាង​របស់​ពួក​គេ​មិន​អាច​ធ្វើ​ជា​សម្លៀក​បំពាក់​បាន​ទេ

ហើយ​អ្វី​ដែល​ពួក​គេ​ធ្វើ ក៏​មិន​អាច​គ្រប​ដណ្ដប់​ខ្លួន​បាន​ដែរ។+

កិច្ច​ការ​របស់​ពួក​គេ​សុទ្ធ​តែ​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា

ហើយ​ដៃ​ពួក​គេ​ពេញ​ដោយ​អំពើ​ឃោរឃៅ។+

 ៧ ជើង​ពួក​គេ​រត់​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់

ហើយ​ពួក​គេ​រហ័ស​កម្ចាយ​ឈាម​ជន​ស្លូត​ត្រង់។+

គំនិត​ពួក​គេ​សុទ្ធ​តែ​អាក្រក់

ហើយ​ផ្លូវ​របស់​ពួក​គេ​ក៏​ពេញ​ទៅ​ដោយ​ទុក្ខ​វេទនា​និង​ការ​វិនាស​អន្តរាយ។+

 ៨ ពួក​គេ​មិន​ស្គាល់​មាគ៌ា​នៃ​សេចក្ដី​សុខ​សាន្ត​ទេ

ហើយ​ក៏​គ្មាន​យុត្តិធម៌​លើ​វិថី​របស់​ពួក​គេ​ដែរ។+

ពួក​គេ​ធ្វើ​ឲ្យ​ផ្លូវ​ខ្លួន​វៀច​វេរ

ហើយ​អស់​អ្នក​ដែល​ដើរ​លើ​ផ្លូវ​ទាំង​នោះ នឹង​គ្មាន​សេចក្ដី​សុខ​សាន្ត​ឡើយ។+

 ៩ ហេតុ​នេះ​ហើយ​បាន​ជា​យុត្តិធម៌​ចេញ​ឆ្ងាយ​ពី​យើង

ហើយ​សេចក្ដី​សុចរិត​ក៏​មិន​រត់​មក​រក​យើង​ដែរ។

យើង​តែង​សង្ឃឹម​ថា​មាន​ពន្លឺ តែ​មើល! មាន​សុទ្ធ​តែ​ភាព​ងងឹត។

យើង​សង្ឃឹម​ចង់​បាន​រស្មី តែ​បែរ​ជា​នៅ​តែ​ដើរ​ក្នុង​ភាព​សូន្យសុង​ទៅ​វិញ។+

១០ យើង​ដើរ​រាវ​តាម​កំពែង ដូច​ជា​មនុស្ស​ខ្វាក់

យើង​ចេះ​តែ​ដើរ​ស្ទាប​ៗ ដូច​ជា​អ្នក​ដែល​គ្មាន​ភ្នែក។+

ទោះ​ជា​កណ្ដាល​ថ្ងៃ​ត្រង់​ក្ដី ក៏​យើង​ជំពប់​ដួល​ដូច​ជា​នៅ​ពេល​យប់​ងងឹត

ហើយ​នៅ​ក្នុង​ចំណោម​អ្នក​ខ្លាំង យើង​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់។

១១ យើង​ទាំង​អស់​គ្នា​ចេះ​តែ​គ្រហឹម​ដូច​ជា​ខ្លា​ឃ្មុំ

ហើយ​ចេះ​តែ​យំ​ថ្ងូរ​ដូច​សត្វ​ព្រាប។

យើង​សង្ឃឹម​ចង់​បាន​យុត្តិធម៌ តែ​គ្មាន​យុត្តិធម៌​ទេ

យើង​សង្ឃឹម​ចង់​ទទួល​សេចក្ដី​សង្គ្រោះ តែ​សេចក្ដី​សង្គ្រោះ​នៅ​ឆ្ងាយ​ពី​យើង។

១២ ព្រោះ​យើង​បះ​បោរ​នឹង​លោក​ច្រើន​លើក​ច្រើន​សា+

ហើយ​រាល់​កំហុស​ឆ្គង​របស់​យើង ធ្វើ​ជា​សាក្សី​បញ្ជាក់​ទាស់​នឹង​យើង​ហើយ។+

យើង​ទទួល​ស្គាល់​ថា​ខ្លួន​តែង​តែ​បះ​បោរ​ប្រឆាំង​នឹង​លោក

ហើយ​យើង​ក៏​ស្គាល់​ច្បាស់​នូវ​ទោស​កំហុស​របស់​ខ្លួន​ដែរ។+

១៣ យើង​បាន​ប្រព្រឹត្ត​រំលង ហើយ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា

គឺ​យើង​បាន​បែរ​ចេញ​ពី​ព្រះ​នៃ​យើង។

យើង​បាន​និយាយ​អំពី​ការ​ជិះ​ជាន់​និង​ការ​បះ​បោរ​ប្រឆាំង+

ក្នុង​ចិត្ត​យើង​មាន​សេចក្ដី​មិន​ពិត ហើយ​យើង​និយាយ​តែ​ពាក្យ​ភូត​ភរ។+

១៤ យុត្តិធម៌​បាន​ថយ​ចេញ+ ហើយ​សេចក្ដី​សុចរិត​ឈរ​ពី​ចម្ងាយ+

ឯ​សេចក្ដី​ពិត​បាន​ជំពប់​ដួល​នៅ​ទី​ធ្លា​សាធារណៈ

ហើយ​សេចក្ដី​ទៀង​ត្រង់​មិន​អាច​ចូល​បាន​ទេ។

១៥ សេចក្ដី​ពិត​បាន​វិនាស​អស់​ទៅ+

ហើយ​អ្នក​ដែល​បែរ​ចេញ​ពី​សេចក្ដី​អាក្រក់ ត្រូវ​គេ​ប្លន់​ទ្រព្យ​សម្បត្តិ​ទៅ​វិញ។

ព្រះ​យេហូវ៉ា​បាន​ឃើញ​ការ​នេះ ហើយ​លោក​មិន​ពេញ​ចិត្ត​ឡើយ

ព្រោះ​គ្មាន​យុត្តិធម៌​ទាល់​តែ​សោះ។+

១៦ លោក​បាន​ឃើញ​ថា​គ្មាន​អ្នក​ណា​ជួយ​ទេ

ហើយ​លោក​ភ្ញាក់​ផ្អើល ព្រោះ​គ្មាន​អ្នក​ណា​ធ្វើ​អន្តរាគមន៍​ឡើយ។

ដូច្នេះ លោក​ផ្ទាល់​នឹង​លូក​ដៃ​ទៅ​សង្គ្រោះ

ហើយ​សេចក្ដី​សុចរិត​របស់​លោក នឹង​ជួយ​គាំទ្រ​លោក។

១៧ រួច​លោក​យក​សេចក្ដី​សុចរិត​មក​ធ្វើ​ជា​អាវ​ក្រោះ

ហើយ​យក​សេចក្ដី​សង្គ្រោះ​មក​ធ្វើ​ជា​មួក​ការ​ពារ។+

លោក​យក​សេចក្ដី​សង​សឹក​មក​ធ្វើ​ជា​សម្លៀក​បំពាក់+

ហើយ​យក​សេចក្ដី​ខ្នះ​ខ្នែង​មក​ធ្វើ​ជា​អាវ​ក្រៅ។*

១៨ លោក​នឹង​សង​ពួក​គេ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ+

គឺ​លោក​នឹង​បញ្ចេញ​កំហឹង​ទៅ​លើ​ពួក​អ្នក​ប្រឆាំង ហើយ​សង​សឹក​នឹង​ពួក​សត្រូវ​របស់​លោក។+

លោក​នឹង​ឲ្យ​បណ្ដា​កោះ​ទទួល​ផល​របស់​ពួក​គេ​វិញ។

១៩ នៅ​ទិស​ថ្ងៃ​រះ ពួក​គេ​នឹង​មាន​សេចក្ដី​កោត​ខ្លាច​ចំពោះ​សិរី​រុង​រឿង​របស់​លោក

ហើយ​នៅ​ទិស​ថ្ងៃ​លិច ពួក​គេ​នឹង​មាន​សេចក្ដី​កោត​ខ្លាច​ចំពោះ​នាម​ព្រះ​យេហូវ៉ា

ព្រោះ​ព្រះ​យេហូវ៉ា​នឹង​មក ដូច​ជា​ទន្លេ​ហូរ​បុក​មក​យ៉ាង​លឿន

ដោយ​មាន​ឫទ្ធានុភាព​របស់​លោក​រុញ​ច្រាន។

២០ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​អ្នក​លោះ+នឹង​មក​ឯ​ស៊ីយ៉ូន+

គឺ​មក​ឯ​ពូជ​ពង្ស​យ៉ាកុប​ដែល​បាន​បែរ​ចេញ​ពី​អំពើ​រំលង​»។+

២១ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​អ្នក​រាល់​គ្នា+ គឺ​ឫទ្ធានុភាព​ដែល​ខ្ញុំ​ដាក់​លើ​អ្នក និង​ពាក្យ​សម្ដី​របស់​ខ្ញុំ​ដែល​បាន​ដាក់​នៅ​ក្នុង​មាត់​អ្នក នឹង​មិន​ត្រូវ​ដក​ចេញ​ពី​មាត់​អ្នក​ទេ ហើយ​ក៏​មិន​ត្រូវ​ដក​ចេញ​ពី​មាត់​របស់​កូន​ចៅ​អ្នក​ដែរ គឺ​ចាប់​ពី​ឥឡូវ​នេះ​និង​រហូត​ត​ទៅ​»។ នេះ​ហើយ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

៦០ ​«​ឱ​ស្ត្រី​អើយ!+ ចូរ​ក្រោក​ឡើង ហើយ​ជះ​ពន្លឺ​ទៅ​ព្រោះ​ពន្លឺ​របស់​អ្នក​បាន​មក​ដល់​ហើយ។

សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​បាន​ចែង​ចាំង​មក​លើ​អ្នក។+

 ២ ព្រោះ​មើល! ភាព​ងងឹត​នឹង​គ្រប​ដណ្ដប់​លើ​ផែនដី

ហើយ​ភាព​សូន្យសុង​នឹង​គ្រប​ដណ្ដប់​លើ​ប្រជា​ជាតិ​ទាំង​ឡាយ

តែ​ព្រះ​យេហូវ៉ា​នឹង​បញ្ចេញ​ពន្លឺ​មក​លើ​អ្នក

ហើយ​គេ​នឹង​ឃើញ​សិរី​រុង​រឿង​របស់​លោក​ស្ថិត​លើ​អ្នក។

 ៣ ប្រជា​ជាតិ​នា​នា​នឹង​មក​ឯ​ពន្លឺ​របស់​អ្នក+

ហើយ​បណ្ដា​ស្ដេច+ក៏​នឹង​ចូល​មក​ឯ​ពន្លឺ​ដ៏​ចិញ្ចាច​ចិញ្ចែង​របស់​អ្នក​ដែរ។+

 ៤ ចូរ​ងើប​មុខ​ឡើង​មើល​ជុំវិញ​អ្នក​ចុះ!

មាន​មនុស្ស​ជា​ច្រើន​ប្រមូល​ផ្ដុំ​គ្នា ហើយ​កំពុង​មក​ឯ​អ្នក​ហើយ។

មើល! កូន​ប្រុស​ៗ​អ្នក​កំពុង​មក​ហូរហែ​ពី​កន្លែង​ឆ្ងាយ+

ហើយ​គេ​ក៏​ព​កូន​ស្រី​ៗ​អ្នក​មក​ជា​មួយ​ដែរ។+

 ៥ នៅ​គ្រា​នោះ អ្នក​នឹង​ឃើញ ហើយ​មាន​ទឹក​មុខ​ស្រស់ស្រាយ+

ចិត្ត​របស់​អ្នក​នឹង​ត្រេក​អរ​ក្រៃ​លែង

ព្រោះ​ធន​ធាន​ពី​សមុទ្រ​នឹង​ត្រូវ​នាំ​យក​មក​ឲ្យ​អ្នក

ហើយ​ទ្រព្យ​របស់​ប្រជា​ជាតិ​នា​នា​នឹង​ត្រូវ​ប្រគល់​ឲ្យ​អ្នក។+

 ៦ ហ្វូង​អូដ្ឋ​នឹង​ត្រូវ​នាំ​យក​មក​ពេញ​ក្នុង​ស្រុក​អ្នក

គឺ​អូដ្ឋ​ស្ទាវ​ពី​ស្រុក​ម៉ាឌាន​និង​ពី​អេផា។+

ឯ​អ្នក​ស្រុក​សេបា​នឹង​ធ្វើ​ដំណើរ​មក

ទាំង​នាំ​យក​មាស​និង​គ្រឿង​ក្រអូប​មក​ជា​មួយ​ដែរ។

ពួក​គេ​នឹង​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ឲ្យ​ល្បី​រន្ទឺ។+

 ៧ ហ្វូង​ចៀម​ទាំង​អស់​របស់​ស្រុក​កេដា+នឹង​ត្រូវ​នាំ​មក​ឲ្យ​អ្នក។

គេ​នឹង​យក​ចៀម​ឈ្មោល​ពី​ណេបេយ៉ោត+មក​ជូន​អ្នក។*

ខ្ញុំ​នឹង​ព្រម​ទទួល​ពួក​វា​ជា​គ្រឿង​បូជា​នៅ​លើ​ទី​បូជា​របស់​ខ្ញុំ+

ហើយ​ខ្ញុំ​នឹង​តុបតែង​វិហារ​ដ៏​រុង​រឿង​របស់​ខ្ញុំ។+

 ៨ តើ​អ្នក​ណា​កំពុង​រសាត់​មក​ដូច​ពពក?

តើ​អ្នក​ណា​ប្រៀប​ដូច​ជា​ហ្វូង​ព្រាប​ហើរ​ចូល​សម្បុក?*

 ៩ ព្រោះ​បណ្ដា​កោះ​នឹង​សង្ឃឹម​លើ​ខ្ញុំ+ ហើយ​មាន​សំពៅ​តើស៊ីស​នាំ​មុខ

ដើម្បី​នាំ​យក​កូន​ប្រុស​ៗ​អ្នក​ពី​កន្លែង​ឆ្ងាយ+

ថែម​ទាំង​ដឹក​ជញ្ជូន​មាស​ប្រាក់​មក​ជា​មួយ​ដែរ

ហើយ​ដើម្បី​មក​សរសើរ​តម្កើង​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក និង​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល ព្រោះ​លោក​នឹង​លើក​តម្កើង​អ្នក។*+

១០ ជន​ជាតិ​ដទៃ​នឹង​សង់​កំពែង​ឲ្យ​អ្នក

ហើយ​បណ្ដា​ស្ដេច​របស់​ពួក​គេ​នឹង​បម្រើ​អ្នក។+

ខ្ញុំ​បាន​វាយ​អ្នក ដោយ​សារ​ខ្ញុំ​ខឹង​នឹង​អ្នក

ប៉ុន្តែ​ខ្ញុំ​នឹង​បង្ហាញ​ចិត្ត​មេត្តា​ចំពោះ​អ្នក ព្រោះ​អ្នក​ជា​ទី​ពេញ​ចិត្ត​ដល់​ខ្ញុំ។+

១១ ឯ​ខ្លោង​ទ្វារ​ក្រុង​របស់​អ្នក នឹង​ត្រូវ​បើក​ចំហ​រហូត+ គឺ​បើក​ទាំង​យប់​ទាំង​ថ្ងៃ

ដើម្បី​ឲ្យ​ប្រជា​ជាតិ​នា​នា​នាំ​យក​ធន​ធាន​មក​ជូន​អ្នក

ហើយ​មាន​បណ្ដា​ស្ដេច​របស់​ពួក​គេ​ជា​អ្នក​ដើរ​នាំ​មុខ។+

១២ បើ​ប្រជា​ជាតិ​ណា​ឬ​រាជាណាចក្រ​ណា​ដែល​មិន​ព្រម​បម្រើ​អ្នក ពួក​គេ​នឹង​ត្រូវ​បំផ្លាញ

ហើយ​ប្រជា​ជាតិ​ទាំង​នោះ​នឹង​សាប​សូន្យ​អស់​គ្មាន​សល់។+

១៣ ភាព​រុង​រឿង​នៃ​តំបន់​ភ្នំ​លីបង់ នឹង​ត្រូវ​នាំ​យក​មក​ឲ្យ​អ្នក+

គឺ​ដើម​យូនីពើ ដើម​អែស និង​ដើម​ស្រល់។+

គេ​នាំ​យក​មក​ដើម្បី​តុបតែង​កន្លែង​បរិសុទ្ធ​របស់​ខ្ញុំ

យ៉ាង​នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កន្លែង​កល់​ជើង​ខ្ញុំ​មាន​ភាព​រុង​រឿង។+

១៤ កូន​ចៅ​របស់​ពួក​អ្នក​ដែល​គាប​សង្កត់​អ្នក នឹង​មក​លំឱន​កាយ​នៅ​ចំពោះ​អ្នក

ពួក​អ្នក​ដែល​ប្រមាថ​មើល​ងាយ​អ្នក នឹង​មក​ក្រាប​គោរព​នៅ​ក្បែរ​ជើង​អ្នក

ពួក​គេ​នឹង​ហៅ​អ្នក​ថា​ក្រុង​របស់​ព្រះ​យេហូវ៉ា

គឺ​ជា​ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល។+

១៥ អ្នក​បាន​ត្រូវ​គេ​ស្អប់​និង​បោះ​បង់​ចោល ហើយ​គ្មាន​នរណា​ដើរ​ឆ្លង​កាត់​អ្នក​ទេ+

តែ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​មោទនភាព

និង​ជា​ប្រភព​នៃ​អំណរ​គ្រប់​ជំនាន់។+

១៦ ប្រជា​ជាតិ​នា​នា​និង​បណ្ដា​ស្ដេច​របស់​ពួក​គេ

នឹង​ផ្គត់​ផ្គង់​អ្វី​ៗ​ដែល​អ្នក​ត្រូវ​ការ+ដូច​ជា​ម្ដាយ​បំបៅ​កូន។+

ពេល​នោះ អ្នក​នឹង​ដឹង​ច្បាស់​ថា​ខ្ញុំ​ហើយ​ជា​យេហូវ៉ា​ជា​អ្នក​សង្គ្រោះ​អ្នក

ខ្ញុំ​ជា​ព្រះ​នៃ​យ៉ាកុប ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា និង​ជា​អ្នក​លោះ​អ្នក។+

១៧ ខ្ញុំ​នឹង​យក​មាស​មក​ជំនួស​ស្ពាន់ យក​ប្រាក់​មក​ជំនួស​ដែក

យក​ស្ពាន់​មក​ជំនួស​ឈើ និង​យក​ដែក​មក​ជំនួស​ថ្ម។

ខ្ញុំ​នឹង​ឲ្យ​សេចក្ដី​សុខ​សាន្ត​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​អ្នក

និង​ឲ្យ​សេចក្ដី​សុចរិត​ធ្វើ​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ។+

១៨ នៅ​ក្នុង​ស្រុក​អ្នក នឹង​គ្មាន​អំពើ​ហិង្សា​ទៀត​ទេ

ហើយ​ក៏​គ្មាន​ការ​បំផ្លិច​បំផ្លាញ​និង​ការ​វិនាស​ក្នុង​ទឹក​ដី​អ្នក​ដែរ។+

អ្នក​នឹង​ហៅ​កំពែង​ក្រុង​របស់​ខ្លួន​ថា​សេចក្ដី​សង្គ្រោះ+ និង​ខ្លោង​ទ្វារ​ក្រុង​ថា​សេចក្ដី​សរសើរ។

១៩ នៅ​ពេល​ថ្ងៃ ដួង​អាទិត្យ​នឹង​លែង​ចែង​ចាំង​រស្មី​មក​លើ​អ្នក

ហើយ​នៅ​ពេល​យប់ ដួង​ខែ​ក៏​នឹង​លែង​បញ្ចេញ​ពន្លឺ​មក​លើ​អ្នក​ទៀត​ដែរ

ព្រោះ​ព្រះ​យេហូវ៉ា​គឺ​ជា​ពន្លឺ​ដែល​មិន​ចេះ​សាប​សូន្យ​ដល់​អ្នក+

ហើយ​លោក​ជា​ភាព​ស្រស់​ត្រកាល​របស់​អ្នក។+

២០ ដួង​អាទិត្យ​នឹង​លែង​លិច ដួង​ខែ​នឹង​លែង​រលត់​ទៀត

ព្រោះ​ព្រះ​យេហូវ៉ា​គឺ​ជា​រស្មី​ដ៏​ត្រចះ​ត្រចង់​ដល់​អ្នក​ជា​និរន្តរ៍+

ហើយ​គ្រា​កាន់​ទុក្ខ​របស់​អ្នក​នឹង​កន្លង​ផុត​ទៅ។+

២១ ឯ​បណ្ដា​ជន​ទាំង​អស់​របស់​អ្នក នឹង​សុទ្ធ​តែ​ជា​មនុស្ស​សុចរិត

ហើយ​ពួក​គេ​នឹង​បាន​ស្រុក​នេះ​ទុក​ជា​មត៌ក​ជា​រៀង​រហូត។

ពួក​គេ​ប្រៀប​ដូច​ជា​គ្រាប់​ពូជ​ដែល​ខ្ញុំ​បាន​ដាំ ហើយ​លូត​លាស់​ឡើង

ពួក​គេ​ជា​ស្នា​ដៃ​របស់​ខ្ញុំ+ ដើម្បី​ឲ្យ​ខ្ញុំ​ទទួល​ការ​សរសើរ​តម្កើង។+

២២ មនុស្ស​មួយ​ចំនួន​តូច​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​១.០០០​នាក់

ហើយ​ពួក​អ្នក​ដែល​មាន​គ្នា​តិច​នឹង​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​ដ៏​ធំ​និង​ខ្លាំង​ពូកែ។

ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​នឹង​បញ្ជឿន​ការ​នេះ​ឲ្យ​មក​ដល់​តាម​ពេល​កំណត់​»។

៦១ ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត បាន​សណ្ឋិត​លើ​ខ្ញុំ+

ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​ដល់​ជន​ដែល​មាន​ចិត្ត​សុភាព។+

លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ដែល​សោកសៅ

ហើយ​ឲ្យ​ប្រកាស​ប្រាប់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​អំពី​ការ​ដោះ​លែង

និង​ប្រាប់​អ្នក​ទោស​អំពី​ការ​មើល​ឃើញ​ឡើង​វិញ+

 ២ ថែម​ទាំង​ផ្សព្វ​ផ្សាយ​អំពី​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត

និង​អំពី​ថ្ងៃ​សង​សឹក​របស់​ព្រះ​នៃ​យើង+

ហើយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ+

 ៣ ព្រម​ទាំង​ថែ​រក្សា​ពួក​អ្នក​ដែល​ទួញ​យំ​នឹង​ក្រុង​ស៊ីយ៉ូន

ហើយ​បំពាក់​គ្រឿង​លម្អ​នៅ​លើ​ក្បាល ជំនួស​ការ​ដាក់​ផេះ

និង​ចាក់​ប្រេង​នៃ​សេចក្ដី​ត្រេក​អរ ជំនួស​ការ​កើត​ទុក្ខ

ហើយ​ឲ្យ​សម្លៀក​បំពាក់​នៃ​ការ​សរសើរ ជំនួស​ការ​សោកសង្រេង។

ពួក​គេ​នឹង​ត្រូវ​ហៅ​ថា​ដើម​ឈើ​ធំ​នៃ​សេចក្ដី​សុចរិត

ជា​ដើម​ឈើ​ដែល​ព្រះ​យេហូវ៉ា​បាន​ដាំ ដើម្បី​ជា​សិរី​រុង​រឿង​ដល់​លោក។+

 ៤ ពួក​គេ​នឹង​សង់​សំណង់​បាក់​បែក​ពី​បុរាណ​ឡើង​វិញ

ព្រម​ទាំង​ស្ថាបនា​កន្លែង​ដែល​គេ​បោះ​បង់​ចោល​នៅ​សម័យ​មុន+

ហើយ​ស្ដារ​បណ្ដា​ក្រុង​ដែល​គេ​បំផ្លាញ​ចោល​ឲ្យ​មាន​ស្ថានភាព​ល្អ​ឡើង​វិញ+

ពោល​គឺ​ទី​កន្លែង​ដែល​គេ​ទុក​ចោល​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។+

 ៥ ​«​ជន​ជាតិ​ដទៃ​នឹង​ឈរ​ឃ្វាល​ហ្វូង​សត្វ​ឲ្យ​អ្នក

ជន​បរទេស+នឹង​មើល​ចម្ការ​របស់​អ្នក ហើយ​ថែ​ទាំ​ចម្ការ​ទំពាំង​បាយ​ជូរ​ឲ្យ​អ្នក។+

 ៦ ចំណែក​អ្នក​វិញ គេ​នឹង​ហៅ​អ្នក​ថា​ជា​សង្ឃ​របស់​ព្រះ​យេហូវ៉ា+

និង​ជា​អ្នក​បម្រើ​របស់​ព្រះ​នៃ​យើង។

អ្នក​នឹង​បរិភោគ​ភោគ​ផល​របស់​ប្រជា​ជាតិ​នា​នា+

ហើយ​នឹង​និយាយ​អំពី​ភាព​រុង​រឿង​របស់​ពួក​គេ​ដោយ​មាន​មោទនភាព។

 ៧ រាស្ត្រ​ខ្ញុំ​នឹង​ទទួល​ចំណែក​មត៌ក​មួយ​ជា​ពីរ ជា​ជាង​ទទួល​សេចក្ដី​ខ្មាស

ហើយ​ពួក​គេ​នឹង​ស្រែក​អបអរ​ចំពោះ​ចំណែក​របស់​ខ្លួន​ជា​ជាង​ទទួល​ការ​អាម៉ាស់​មុខ។

ពួក​គេ​នឹង​បាន​ចំណែក​ដី​ធ្លី​មួយ​ជា​ពីរ​ក្នុង​ស្រុក​របស់​ខ្លួន+

ហើយ​ពួក​គេ​នឹង​មាន​អំណរ​ជា​រៀង​រហូត។+

 ៨ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​ស្រឡាញ់​យុត្តិធម៌+

ខ្ញុំ​ស្អប់​ការ​លួច​ប្លន់​និង​អំពើ​ទុច្ចរិត​ខ្លាំង​ណាស់។+

ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ដល់​ពួក​គេ​ជា​មិន​ខាន

ថែម​ទាំង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដ៏​ស្ថិត​ស្ថេរ​ជា​មួយ​នឹង​ពួក​គេ​ផង​ដែរ។+

 ៩ ឯ​កូន​ចៅ​របស់​ពួក​គេ នឹង​មាន​ឈ្មោះ​ល្បី​រន្ទឺ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា+

ហើយ​ពូជ​ពង្ស​របស់​ពួក​គេ​នឹង​មាន​ឈ្មោះ​ល្បី​ល្បាញ​ក្នុង​ចំណោម​ជន​ជាតិ​ដទៃ។

អស់​អ្នក​ដែល​ឃើញ​រាស្ត្រ​របស់​ខ្ញុំ​នឹង​ទទួល​ស្គាល់​ថា

ពួក​គេ​ជា​ពូជ​ពង្ស​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​»។+

១០ ខ្ញុំ​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា

រូប​កាយ​ខ្ញុំ​នឹង​ត្រេក​អរ​ក្រៃ​លែង​ចំពោះ​ព្រះ​របស់​ខ្ញុំ។+

ព្រោះ​លោក​បាន​បំពាក់​ខ្ញុំ​ដោយ​សម្លៀក​បំពាក់​នៃ​សេចក្ដី​សង្គ្រោះ+

ហើយ​បាន​ដណ្ដប់​ខ្ញុំ​ដោយ​អាវ​ក្រៅ*នៃ​សេចក្ដី​សុចរិត។

ខ្ញុំ​ដូច​ជា​កូន​កំលោះ​ដែល​ពាក់​ឈ្នួត​សង្ឃ*+

និង​ដូច​ជា​កូន​ក្រមុំ​ដែល​តុបតែង​ដោយ​គ្រឿង​លម្អ​ខ្លួន។

១១ ព្រោះ​ដូច​ដី​ធ្វើ​ឲ្យ​រុក្ខជាតិ​ដុះ​ឡើង

និង​ដូច​គ្រាប់​ពូជ​ដុះ​លូត​លាស់​ឡើង​ក្នុង​សួន​ច្បារ​យ៉ាង​ណា

នោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត

នឹង​បណ្ដាល​ឲ្យ​សេចក្ដី​សុចរិត+និង​សេចក្ដី​សរសើរ​រីក​សុសសាយ+​នៅ​ចំពោះ​ប្រជា​ជាតិ​ទាំង​ឡាយ​យ៉ាង​នោះ​ដែរ។

៦២ ដោយ​យល់​ដល់​ស៊ីយ៉ូន ខ្ញុំ​នឹង​មិន​នៅ​ស្ងៀម​ទៀត​ទេ+

ទាល់​តែ​សេចក្ដី​សុចរិត​នៃ​ក្រុង​នោះ​ចែង​ចាំង ដូច​ពន្លឺ​ភ្លឺ​ចិញ្ចាច។+

ដោយ​យល់​ដល់​ក្រុង​យេរូសាឡិម ខ្ញុំ​នឹង​មិន​សំងំ​ឥត​ធ្វើ​អ្វី​ឡើយ

ទាល់​តែ​សេចក្ដី​សង្គ្រោះ​ភ្លឺ​ឡើង ដូច​ភ្លើង​ចន្លុះ។+

 ២ ​«​ឱ​ស្ត្រី​អើយ! ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​អ្នក+

ហើយ​ស្ដេច​ទាំង​ឡាយ​នឹង​ឃើញ​ភាព​រុង​រឿង​របស់​អ្នក។+

ពេល​នោះ គេ​នឹង​ហៅ​អ្នក​តាម​ឈ្មោះ​ថ្មី+

ជា​ឈ្មោះ​ដែល​ព្រះ​យេហូវ៉ា​ផ្ទាល់​ដាក់​ឲ្យ​អ្នក។

 ៣ អ្នក​នឹង​ប្រៀប​ដូច​ជា​មកុដ​ដ៏​សែន​ស្អាត​នៅ​ក្នុង​ដៃ​ព្រះ​យេហូវ៉ា

គឺ​ជា​មកុដ​រាជ្យ​នៅ​ក្នុង​ដៃ​របស់​ព្រះ​នៃ​អ្នក។

 ៤ គេ​នឹង​លែង​ហៅ​អ្នក​ថា​«​ស្ត្រី​ដែល​បាន​ត្រូវ​បោះ​បង់​ចោល​»​ទៀត​ហើយ+

ក៏​នឹង​លែង​ហៅ​ទឹក​ដី​របស់​អ្នក​ថា​«​ស្រុក​ដែល​បាន​ត្រូវ​ទុក​ចោល​ដែរ​»​+

តែ​គេ​នឹង​ហៅ​អ្នក​ថា​«​អ្នក​ដែល​ខ្ញុំ​ពេញ​ចិត្ត​»​វិញ+

ក៏​នឹង​ហៅ​ស្រុក​អ្នក​ថា​«​ស្ត្រី​ដែល​មាន​ប្ដី​»​ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ពេញ​ចិត្ត​អ្នក

ហើយ​ស្រុក​របស់​អ្នក​នឹង​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​បាន​រៀប​ការ​ហើយ។

 ៥ ព្រោះ​ដូច​បុរស​វ័យ​ក្មេង​រៀប​ការ​ជា​មួយ​នឹង​ស្រី​ក្រមុំ​បរិសុទ្ធ

អ្នក​ស្រុក​របស់​អ្នក​នឹង​រៀប​ការ​ជា​មួយ​នឹង​អ្នក។

ដូច​កូន​កំលោះ​អរ​សប្បាយ​ចំពោះ​កូន​ក្រមុំ​យ៉ាង​ណា

នោះ​ព្រះ​របស់​អ្នក​នឹង​អរ​សប្បាយ​ចំពោះ​អ្នក​យ៉ាង​នោះ​ដែរ។+

 ៦ ឱ​ក្រុង​យេរូសាឡិម​អើយ! ខ្ញុំ​បាន​ដាក់​ពួក​អ្នក​ចាំ​យាម​នៅ​លើ​កំពែង​អ្នក។

រាល់​ថ្ងៃ​រាល់​យប់ ពួក​គេ​នឹង​មិន​នៅ​ស្ងៀម​ទេ។

ឱ​អ្នក​ដែល​និយាយ​អំពី​ព្រះ​យេហូវ៉ា​អើយ! ចូរ​កុំ​នៅ​ស្ងៀម​ឡើយ!

 ៧ ចូរ​កុំ​ឲ្យ​លោក​សម្រាក​ឡើយ ទាល់​តែ​លោក​តាំង​ក្រុង​យេរូសាឡិម​ឡើង​យ៉ាង​រឹង​មាំ

គឺ​រហូត​ដល់​លោក​ធ្វើ​ឲ្យ​ក្រុង​នោះ​ទទួល​ការ​សរសើរ​នៅ​ផែនដី​»។+

 ៨ ព្រះ​យេហូវ៉ា​លើក​ដៃ​ស្ដាំ​របស់​លោក គឺ​ដៃ​ដ៏​ខ្លាំង​ក្លា​របស់​លោក ហើយ​ស្បថ​ថា​៖

​«​ខ្ញុំ​នឹង​លែង​ប្រគល់​ស្រូវ​របស់​អ្នក​ឲ្យ​ពួក​សត្រូវ​ទុក​ជា​អាហារ​ទៀត​ហើយ

ហើយ​ក៏​លែង​ឲ្យ​ជន​បរទេស​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ដែល​អ្នក​ខំ​ធ្វើ​ទៀត​ដែរ។+

 ៩ ប៉ុន្តែ ពួក​អ្នក​ដែល​ច្រូត​ស្រូវ នឹង​បរិភោគ​ស្រូវ​នោះ ហើយ​ពួក​គេ​នឹង​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា

ឯ​ពួក​អ្នក​ដែល​ធ្វើ​ស្រា​ទំពាំង​បាយ​ជូរ នឹង​ផឹក​ស្រា​នោះ​ក្នុង​ទី​ធ្លា​បរិសុទ្ធ​របស់​ខ្ញុំ​»។+

១០ ចូរ​ចូល​ទៅ! ចូរ​ចូល​តាម​ខ្លោង​ទ្វារ​ក្រុង​ចុះ!

ចូរ​រៀបចំ​ផ្លូវ​សម្រាប់​រាស្ត្រ​ខ្ញុំ។+ ចូរ​សង់​ផ្លូវ​ឡើង គឺ​ផ្លូវ​ដ៏​ធំ។

ចូរ​យក​ថ្ម​ចេញ+ រួច​ដំឡើង​សញ្ញា​សម្គាល់​មួយ​សម្រាប់​ប្រជា​ជាតិ​ទាំង​ឡាយ។+

១១ មើល! ព្រះ​យេហូវ៉ា​បាន​ប្រកាស​ដល់​ចុង​ផែនដី​ថា​៖

​«​ចូរ​ប្រាប់​កូន​ស្រី​នៃ​ស៊ីយ៉ូន*ថា​៖

‹មើល! សេចក្ដី​សង្គ្រោះ​របស់​អ្នក​ជិត​មក​ដល់​ហើយ។+

មើល! រង្វាន់​ដែល​លោក​នឹង​ឲ្យ នៅ​ជា​មួយ​នឹង​លោក​ស្រាប់​ហើយ

ឯ​ប្រាក់​ឈ្នួល​ដែល​លោក​នឹង​បង់ ក៏​នៅ​ចំពោះ​មុខ​លោក​ដែរ›​»។+

១២ ពួក​គេ​នឹង​ត្រូវ​ហៅ​ថា​រាស្ត្រ​ដ៏​បរិសុទ្ធ ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​លោះ​មក​វិញ។+

ឯ​អ្នក​វិញ គេ​នឹង​ហៅ​អ្នក​ថា​ក្រុង​ដែល​គេ​ស្វែង​រក គឺ​ក្រុង​ដែល​គេ​លែង​បោះ​បង់​ចោល​ទៀត។+

៦៣ តើ​អ្នក​ណា​កំពុង​មក​ពី​ស្រុក​អេដំ+ ទាំង​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា

គឺ​មក​ពី​ក្រុង​បូសរ៉ា+ ទាំង​មាន​សម្លៀក​បំពាក់​ភ្លឺ​ចិញ្ចាច*

ជា​សម្លៀក​បំពាក់​ដ៏​រុង​រឿង​អស្ចារ្យ?

​«​គឺ​ខ្ញុំ ជា​អ្នក​ដែល​និយាយ​ដោយ​សុចរិត

និង​ជា​អ្នក​ដែល​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​ដើម្បី​សង្គ្រោះ​»។

 ២ ហេតុ​អ្វី​បាន​ជា​សម្លៀក​បំពាក់​របស់​លោក​ពណ៌​ក្រហម

ដូច​ជា​សម្លៀក​បំពាក់​របស់​អ្នក​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា​ដូច្នេះ?+

 ៣ ​«​គឺ​ខ្ញុំ​បាន​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​តែ​ម្នាក់​ឯង​ឥត​មាន​អ្នក​ណា​ជួយ​ខ្ញុំ​ឡើយ

គឺ​ខ្ញុំ​ជាន់​ពួក​គេ​ដោយ​កំហឹង ខ្ញុំ​ជាន់​ពួក​គេ​ដោយ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ។+

ហេតុ​នេះ ឈាម​របស់​ពួក​គេ​បាន​ខ្ទាត​មក​លើ​សម្លៀក​បំពាក់​ខ្ញុំ

ហើយ​ប្រឡាក់​ពេញ​ទាំង​អស់។

 ៤ ព្រោះ​ខ្ញុំ​បាន​កំណត់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​សង​សឹក​ហើយ+

ឯ​ឆ្នាំ​ដែល​ខ្ញុំ​នឹង​សង្គ្រោះ​ពួក​គេ​ក៏​បាន​មក​ដល់​ដែរ។

 ៥ ខ្ញុំ​ខំ​រក​មើល ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​ជួយ​ខ្ញុំ​ទេ។

ខ្ញុំ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ ព្រោះ​គ្មាន​អ្នក​ណា​គាំទ្រ​ខ្ញុំ​សោះ។

ដូច្នេះ ដៃ​ខ្ញុំ​ផ្ទាល់​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ជ័យ​ជម្នះ+

ហើយ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​បាន​គាំទ្រ​ខ្ញុំ។

 ៦ ខ្ញុំ​ជាន់​កម្ទេច​ជន​ជាតិ​នា​នា​ដោយ​កំហឹង

ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្រវឹង​ដោយ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ+

ហើយ​ខ្ញុំ​បាន​បង្ហូរ​ឈាម​ពួក​គេ​ទៅ​លើ​ដី​»។

 ៧ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់

គឺ​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​សរសើរ​តម្កើង​របស់​លោក

ព្រោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ល្អ​ៗ​ជា​ច្រើន​ដើម្បី​យើង។+

លោក​បាន​ធ្វើ​កិច្ច​ការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដើម្បី​ពូជ​ពង្ស​អ៊ីស្រាអែល

ដោយ​សារ​លោក​មាន​ចិត្ត​មេត្តា​ករុណា​និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។

 ៨ ព្រោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​គេ​ពិត​ជា​រាស្ត្រ​របស់​ខ្ញុំ ជា​កូន​ចៅ​ដែល​នៅ​ស្មោះ​ត្រង់​នឹង​ខ្ញុំ​ជា​និច្ច​»។+

ដូច្នេះ លោក​បាន​ធ្វើ​ជា​អ្នក​សង្គ្រោះ​ពួក​គេ។+

 ៩ រាល់​វេលា​ដែល​ពួក​គេ​រង​ទុក្ខ លោក​ក៏​រង​ទុក្ខ​ដែរ+

ហើយ​លោក​បាន​ចាត់​អ្នក​នាំ​សារ*របស់​លោក​ផ្ទាល់​ឲ្យ​សង្គ្រោះ​ពួក​គេ។+

ដោយ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​អាណិត​មេត្តា លោក​បាន​លោះ​ពួក​គេ។+

លោក​តែង​តែ​លើក​បី​ពួក​គេ​ជា​និច្ច​នៅ​សម័យ​នោះ។+

១០ ប៉ុន្តែ ពួក​គេ​បាន​បះ​បោរ​នឹង​លោក+ ហើយ​ធ្វើ​ឲ្យ​លោក​កើត​ទុក្ខ​ដោយ​ប្រឆាំង​នឹង​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក។*+

ហេតុ​នេះ លោក​បាន​ទៅ​ជា​សត្រូវ​របស់​ពួក​គេ+

ហើយ​លោក​ប្រឆាំង​នឹង​ពួក​គេ។+

១១ ពេល​នោះ ពួក​គេ​បាន​នឹក​ដល់​គ្រា​មុន

គឺ​គ្រា​របស់​ម៉ូសេ​ដែល​ជា​អ្នក​បម្រើ​របស់​លោក។ ពួក​គេ​សួរ​ថា​៖

​«​តើ​ព្រះ​ដែល​បាន​នាំ​យើង​ចេញ​ពី​សមុទ្រ+​ដោយ​មាន​ពួក​គង្វាល​របស់​លោក​នាំ​មុខ​នៅ​ឯ​ណា?+

តើ​ព្រះ​ដែល​ឲ្យ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក មក​សណ្ឋិត​លើ​គាត់​ទៅ​ណា​បាត់​ហើយ?+

១២ តើ​ព្រះ​ដែល​បាន​គាំទ្រ​ម៉ូសេ*ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា*នៅ​ឯ​ណា?+

តើ​ព្រះ​ដែល​បាន​ញែក​ទឹក​សមុទ្រ​នៅ​មុខ​ពួក​គេ+

ដើម្បី​ធ្វើ​ឲ្យ​នាម​របស់​លោក​ល្បី​រន្ទឺ​ជា​រៀង​រហូត​នៅ​ឯ​ណា?+

១៣ ព្រះ​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​ឆ្លង​កាត់​ទឹក​កញ្ជ្រោល​បក់​បោក*​ដោយ​មិន​ជំពប់​ដួល

ដូច​ជា​សេះ​ដែល​ដើរ​កាត់​តំបន់​ស្ងាត់​ជ្រងំ តើ​លោក​នៅ​ឯ​ណា?

១៤ ដូច​ហ្វូង​សត្វ​ដែល​ចុះ​ទៅ​សម្រាក​នៅ​ក្នុង​ជ្រលង​ភ្នំ

នោះ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​ពួក​គេ​សម្រាក​ដែរ​»។+

នេះ​ហើយ​ជា​របៀប​ដែល​លោក​ដឹក​នាំ​រាស្ដ្រ​លោក

ដើម្បី​ឲ្យ​នាម​របស់​លោក​បាន​រុង​រឿង​អស្ចារ្យ។+

១៥ សូម​លោក​សម្លឹង​មើល​ពី​ស្ថាន​សួគ៌​មក​ផង

គឺ​ពី​លំនៅ​ដ៏​បរិសុទ្ធ​និង​រុង​រឿង​ឧត្ដម​របស់​លោក។

តើ​ចិត្ត​ខ្នះ​ខ្នែង​និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក​នៅ​ឯ​ណា?

ហេតុ​អ្វី​ក៏​លោក​លែង​មាន​ចិត្ត​អាណិត​អាសូរ+

និង​ចិត្ត​មេត្តា​ករុណា​ចំពោះ​យើង​ដូច្នេះ?+

១៦ ឱ​ព្រះ​យេហូវ៉ា​អើយ! គឺ​លោក​ហើយ​ជា​បិតា​របស់​យើង+

ទោះ​ជា​អាប្រាហាំ​មិន​ស្គាល់​យើង

ហើយ​អ៊ីស្រាអែល​មិន​ទទួល​ស្គាល់​យើង​ក្ដី

ក៏​លោក​នៅ​តែ​ជា​បិតា​របស់​យើង​ជា​និច្ច។

លោក​ជា​អ្នក​លោះ​យើង​តាំង​ពី​យូរ​មក​ហើយ។+

១៧ ឱ​ព្រះ​យេហូវ៉ា​អើយ! ហេតុ​អ្វី​ក៏​លោក​បណ្ដោយ​ឲ្យ​យើង​វង្វេង​ចេញ​ពី​ផ្លូវ​របស់​លោក​បែប​នេះ?

ហេតុ​អ្វី​ក៏​លោក​បណ្ដោយ​ឲ្យ​ចិត្ត​យើង​រឹង​ចចេស ហើយ​លែង​គោរព​កោត​ខ្លាច​លោក​ដូច្នេះ?+

ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​លោក និង​កុល​សម្ព័ន្ធ​ទាំង​ប៉ុន្មាន​ដែល​ជា​មត៌ក​របស់​លោក សូម​មេត្តា​ត្រឡប់​មក​យើង​វិញ​ផង។+

១៨ រាស្ត្រ​បរិសុទ្ធ​របស់​លោក​បាន​គ្រប់​គ្រង​ស្រុក​នោះ តែ​មួយ​រយៈ​ពេល​ខ្លី​ទេ

ហើយ​ពួក​សត្រូវ​ក៏​មក​ជាន់​ឈ្លី​កន្លែង​បរិសុទ្ធ​របស់​លោក។+

១៩ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ យើង​ប្រៀប​ដូច​ជា​ប្រជា​ជាតិ​មួយ​ដែល​លោក​មិន​បាន​គ្រប់​គ្រង

និង​ប្រៀប​ដូច​ជា​អស់​អ្នក​ដែល​មិន​បាន​ហៅ​តាម​នាម​លោក។

៦៤ ឱ​បើ​លោក​ហែក​មេឃ ហើយ​ចុះ​មក

ដើម្បី​ឲ្យ​ភ្នំ​ទាំង​ឡាយ​ញាប់​ញ័រ​នៅ​ចំពោះ​លោក

 ២ ពេល​នោះ ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​គុម្ពោត​ព្រៃ

ហើយ​ធ្វើ​ឲ្យ​ទឹក​ពុះ​ខ្ជោល​ឡើង

នោះ​នាម​របស់​លោក​នឹង​ល្បី​រន្ទឺ​ទៅ​ដល់​ពួក​សត្រូវ​របស់​លោក

ហើយ​ប្រជា​ជាតិ​នា​នា​នឹង​ញាប់​ញ័រ​នៅ​ចំពោះ​លោក!

 ៣ ពេល​លោក​បាន​ចុះ​មក​ធ្វើ​ការ​អស្ចារ្យ​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​ដែល​យើង​មិន​ហ៊ាន​សង្ឃឹម​ទុក+

នោះ​ភ្នំ​ទាំង​ឡាយ​បាន​កក្រើក​ញ័រ​នៅ​ចំពោះ​លោក។+

 ៤ តាំង​ពី​បុរាណ​មក គ្មាន​មនុស្ស​ណា​ធ្លាប់​ឮ

ឬ​ធ្លាប់​ឃើញ​ព្រះ​ណា​ទៀត ក្រៅ​ពី​លោក

ដែល​បាន​ធ្វើ​ការ​អស្ចារ្យ​ដើម្បី​អស់​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​លោក​ឡើយ។+

 ៥ លោក​បាន​ទទួល​ស្វាគមន៍​អស់​អ្នក​ដែល​ធ្វើ​ការ​ល្អ​ដោយ​អំណរ+

គឺ​អស់​អ្នក​ដែល​នឹក​ដល់​លោក​និង​ដើរ​តាម​មាគ៌ា​របស់​លោក។

រៀង​រាល់​ដង​ដែល​យើង​ធ្វើ​អំពើ​ខុស​ឆ្គង លោក​តែង​ខឹង​នឹង​យើង+

យើង​បាន​ធ្វើ​ដូច្នោះ​ជា​យូរ​មក​ហើយ។

យើង​មិន​សម​នឹង​ទទួល​ការ​សង្គ្រោះ​ទេ។

 ៦ យើង​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា​មនុស្ស​មិន​ស្អាត​បរិសុទ្ធ

ហើយ​ការ​ប្រព្រឹត្ត​សុចរិត​ទាំង​អស់​របស់​យើង​ប្រៀប​ដូច​ជា​ក្រណាត់​ទ្រាប់​ឈាម​រដូវ។+

យើង​នឹង​ស្វិត​ស្រពោន​ទៅ​ដូច​ជា​ស្លឹក​ឈើ

ហើយ​កំហុស​ឆ្គង​របស់​យើង នឹង​បក់​នាំ​យើង​យក​ទៅ​ដូច​ជា​ខ្យល់។

 ៧ គ្មាន​អ្នក​ណា​ម្នាក់​ហៅ​រក​នាម​លោក​ទេ

ហើយ​ក៏​គ្មាន​អ្នក​ណា​ខ្វល់​អំពី​ការ​នៅ​ជាប់​នឹង​លោក​ដែរ

ព្រោះ​លោក​បាន​គេច​មុខ​ពី​យើង+

ហើយ​លោក​បាន​បណ្ដាល​ឲ្យ​យើង​ខ្សោយ​ទៅ​ៗ​ព្រោះ​តែ​កំហុស​ឆ្គង​របស់​យើង។

 ៨ ប៉ុន្តែ​ឥឡូវ ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​ហើយ​ជា​បិតា​របស់​យើង។+

លោក​ជា​ជាង​ស្មូន​របស់​យើង ហើយ​យើង​ខ្ញុំ​ជា​ដី​ឥដ្ឋ+

យើង​ទាំង​អស់​គ្នា​ជា​ស្នា​ដៃ​របស់​លោក។

 ៩ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​កុំ​ខឹង​នឹង​យើង​ខ្លាំង​ពេក+

ហើយ​សូម​កុំ​ចង​ចាំ​កំហុស​ឆ្គង​របស់​យើង​ជា​ដរាប​ដែរ។

សូម​លោក​មេត្តា​មើល​មក​យើង​ផង ព្រោះ​យើង​ជា​រាស្ត្រ​របស់​លោក​ហើយ។

១០ បណ្ដា​ក្រុង​បរិសុទ្ធ​របស់​លោក​បាន​ក្លាយ​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ។

ក្រុង​ស៊ីយ៉ូន​បាន​ទៅ​ជា​ទី​ស្ងាត់​ច្រៀប​គ្មាន​អ្នក​ណា​រស់​នៅ

ហើយ​ក្រុង​យេរូសាឡិម​ទៅ​ជា​ទី​បាក់​បែក​អស់។+

១១ វិហារ​ដ៏​រុង​រឿង​បរិសុទ្ធ​របស់​យើង

ជា​កន្លែង​ដែល​បុព្វ​បុរស​យើង​ធ្លាប់​សរសើរ​តម្កើង​លោក​នោះ

បាន​ត្រូវ​គេ​ដុត​បំផ្លាញ​ចោល+

ហើយ​របស់​របរ​ទាំង​អស់​ដែល​យើង​បាន​ឲ្យ​តម្លៃ ក៏​វិនាស​ខ្ទេច​ខ្ទី​អស់​ដែរ។

១២ ដូច្នេះ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​កុំ​ទប់​ចិត្ត​ទៀត

សូម​លោក​មេត្តា​កុំ​នៅ​ស្ងៀម ហើយ​បណ្ដោយ​ឲ្យ​យើង​រង​ទុក្ខ​ធ្ងន់​ធ្ងរ​ដូច្នេះ​ទៀត​ឡើយ។+

៦៥ ​«​ចំពោះ​ពួក​អ្នក​ដែល​មិន​បាន​សួរ​រក​ខ្ញុំ ខ្ញុំ​បាន​ឲ្យ​ពួក​គេ​រក​ខ្ញុំ​ឃើញ

ហើយ​ខ្ញុំ​បាន​បង្ហាញ​ខ្លួន​ដល់​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​ខ្ញុំ។+

ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជា​ជាតិ​មួយ​ដែល​មិន​បាន​ហៅ​រក​នាម​ខ្ញុំ ខ្ញុំ​បាន​និយាយ​ថា​៖ ‹ខ្ញុំ​នៅ​ទី​នេះ​ហើយ! ខ្ញុំ​នៅ​ទី​នេះ​ហើយ!›។+

 ២ ពេញ​មួយ​ថ្ងៃ ខ្ញុំ​លា​ដៃ​ទទួល​ប្រជា​ជាតិ​ដ៏​រឹង​ចចេស+

គឺ​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​មិន​ល្អ+ និង​ធ្វើ​តាម​តែ​គំនិត​របស់​ខ្លួន។+

 ៣ ប្រជា​ជាតិ​នោះ​តែង​តែ​បញ្ឈឺ​ចិត្ត​ខ្ញុំ​នៅ​ចំពោះ​មុខ​តែ​ម្ដង+

ដោយ​ជូន​គ្រឿង​បូជា​នៅ​ក្នុង​សួន​ច្បារ​នា​នា+ ហើយ​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​លើ​ដុំ​ឥដ្ឋ។

 ៤ ពួក​គេ​អង្គុយ​នៅ​តាម​ផ្នូរ+

ហើយ​ពួក​គេ​ដេក​នៅ​ទី​លាក់​កំបាំង*នៅ​ពេល​យប់។

ពួក​គេ​ថែម​ទាំង​បរិភោគ​សាច់​ជ្រូក+

ហើយ​មាន​សម្ល​ស្មោក​គ្រោក​ក្នុង​ភាជនៈ​របស់​ពួក​គេ​ទៀត​ផង។+

 ៥ ពួក​គេ​និយាយ​ថា​៖ ‹នៅ​ឲ្យ​ឆ្ងាយ​ទៅ! កុំ​ចូល​មក​ជិត​ខ្ញុំ ព្រោះ​ខ្ញុំ​បរិសុទ្ធ​ជាង​អ្នក›។*

ពួក​គេ​ប្រៀប​ដូច​ជា​ផ្សែង​នៅ​ក្នុង​ច្រមុះ​ខ្ញុំ និង​ដូច​ជា​ភ្លើង​ដែល​ឆេះ​ឆួល​ជា​និច្ច។

 ៦ មើល! នេះ​បាន​ត្រូវ​កត់​ទុក​នៅ​ចំពោះ​ខ្ញុំ​ហើយ ខ្ញុំ​នឹង​មិន​ឈរ​ស្ងៀម​ទៀត​ទេ

តែ​ខ្ញុំ​នឹង​សង​ពួក​គេ+ គឺ​សង​ពួក​គេ​យ៉ាង​ពេញ​លេញ

 ៧ ចំពោះ​កំហុស​ឆ្គង​របស់​ពួក​គេ​និង​បុព្វ​បុរស​ពួក​គេ​ដែរ​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

​«​ដោយ​សារ​ពួក​គេ​បាន​ដុត​គ្រឿង​បូជា​នៅ​លើ​ភ្នំ​នា​នា​ឲ្យ​ផ្សែង​ហុយ​ឡើង

ហើយ​បង្អាប់​កិត្តិយស​ខ្ញុំ​នៅ​តាម​ទី​ទួល+

នោះ​ខ្ញុំ​នឹង​ដាក់​ទោស​ពួក​គេ​ជា​មុន​ចំពោះ​អំពើ​អាក្រក់​របស់​ពួក​គេ​»។*

 ៨ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​ពេល​ដែល​គេ​រក​ឃើញ​ចង្កោម​ទំពាំង​បាយ​ជូរ​ដែល​អាច​ធ្វើ​ស្រា​ថ្មី

នោះ​បុគ្គល​ម្នាក់​និយាយ​ថា​៖ ‹កុំ​បំផ្លាញ​វា​អី ព្រោះ​មាន​ផល​ល្អ​ខ្លះ​នៅ​ក្នុង​វា›។

ស្រដៀង​គ្នា​ដែរ ខ្ញុំ​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​ខ្ញុំ

គឺ​ខ្ញុំ​នឹង​មិន​បំផ្លាញ​ពួក​គេ​ទាំង​អស់​ទេ។+

 ៩ ខ្ញុំ​នឹង​បង្កើត​ពូជ​ពង្ស​មួយ​ពី​យ៉ាកុប

ហើយ​ខ្ញុំ​នឹង​ឲ្យ​បុគ្គល​ម្នាក់​ពី​យូដា ទទួល​ភ្នំ​ទាំង​ឡាយ​របស់​ខ្ញុំ​ទុក​ជា​មត៌ក។+

ឯ​ពួក​អ្នក​ដែល​ខ្ញុំ​ជ្រើស​រើស នឹង​បាន​ទឹក​ដី​នោះ​ជា​កម្មសិទ្ធិ

ហើយ​ពួក​អ្នក​បម្រើ​ខ្ញុំ​នឹង​អាស្រ័យ​នៅ​ទី​នោះ។+

១០ គ្រា​នោះ វាល​សារ៉ុន+នឹង​ទៅ​ជា​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម

ហើយ​ជ្រលង*អាគ័រ+នឹង​ទៅ​ជា​ទី​សម្រាក​ដល់​ហ្វូង​គោ។

នេះ​នឹង​កើត​ឡើង​សម្រាប់​រាស្ត្រ​ខ្ញុំ​ដែល​នឹង​ស្វែង​រក​ខ្ញុំ។

១១ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បោះ​បង់​ចោល​ខ្ញុំ​ជា​យេហូវ៉ា+

ជា​ពួក​អ្នក​ដែល​ភ្លេច​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ+

ជា​ពួក​អ្នក​ដែល​រៀប​តុ​ឲ្យ​ព្រះ​នៃ​លាភ​សំណាង

ព្រម​ទាំង​ចាក់​ស្រា​លាយ​ក្នុង​ពែង​ឲ្យ​ព្រះ​នៃ​ព្រេង​វាសនា​ទៀត​ផង។

១២ ដូច្នេះ ខ្ញុំ​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា​ដោយ​ដាវ+

ហើយ​អ្នក​ទាំង​អស់​គ្នា​នឹង​ឱន​ខ្លួន​ចុះ​ឲ្យ​គេ​សម្លាប់+

ព្រោះ​ខ្ញុំ​បាន​ហៅ តែ​អ្នក​រាល់​គ្នា​មិន​បាន​ឆ្លើយ​តប​ទេ

ខ្ញុំ​បាន​និយាយ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​សោះ។+

អ្នក​រាល់​គ្នា​ចេះ​តែ​ប្រព្រឹត្ត​អ្វី​ដែល​ខ្ញុំ​មិន​ពេញ​ចិត្ត

ហើយ​ជ្រើស​យក​អ្វី​ដែល​ខ្ញុំ​ស្អប់​»។+

១៣ ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​មើល! ពួក​អ្នក​បម្រើ​ខ្ញុំ​នឹង​បរិភោគ តែ​អ្នក​រាល់​គ្នា​នឹង​ឃ្លាន។+

មើល! ពួក​អ្នក​បម្រើ​ខ្ញុំ​នឹង​ផឹក+ តែ​អ្នក​រាល់​គ្នា​នឹង​ស្រេក។

មើល! ពួក​អ្នក​បម្រើ​ខ្ញុំ​នឹង​អរ​សប្បាយ+ តែ​អ្នក​រាល់​គ្នា​នឹង​រង​ការ​អាម៉ាស់។+

១៤ មើល! ពួក​អ្នក​បម្រើ​ខ្ញុំ​នឹង​ស្រែក​ឡើង​ដោយ​អំណរ ដោយ​សារ​មាន​ចិត្ត​រីករាយ

តែ​អ្នក​រាល់​គ្នា​នឹង​ស្រែក​ឡើង ដោយ​សារ​ឈឺ​ចាប់​ក្នុង​ចិត្ត

ហើយ​អ្នក​រាល់​គ្នា​នឹង​ទ្រហោ​យំ ដោយ​សារ​មាន​ចិត្ត​ខ្ទេច​ខ្ទាំ​វិញ។

១៥ អ្នក​រាល់​គ្នា​នឹង​នៅ​សល់​តែ​ឈ្មោះ ដែល​ពួក​អ្នក​បម្រើ​ខ្ញុំ​នឹង​ប្រើ​សម្រាប់​ដាក់​បណ្ដាសា​វិញ។

ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​នឹង​ប្រហារ​អ្នក​រាល់​គ្នា​ទាំង​អស់។

ឯ​ពួក​អ្នក​ដែល​ខ្ញុំ​ជ្រើស​រើស ខ្ញុំ​នឹង​ហៅ​ពួក​គេ​តាម​ឈ្មោះ​មួយ​ទៀត។+

១៦ យ៉ាង​នេះ អ្នក​ណា​ដែល​ស្វែង​រក​ពរ​សម្រាប់​ខ្លួន​នៅ​ផែនដី

នឹង​ទទួល​ពរ​ពី​ព្រះ​នៃ​សេចក្ដី​ពិត។*

ចំណែក​អ្នក​ណា​ដែល​ស្បថ​នៅ​ផែនដី

ពួក​គេ​នឹង​ស្បថ​ដោយ​នូវ​ព្រះ​នៃ​សេចក្ដី​ពិត។+

ឯ​ទុក្ខ​លំបាក​ដែល​ធ្លាប់​មាន​ពី​មុន នឹង​គ្មាន​អ្នក​ណា​នឹក​ឃើញ​ទៀត​ឡើយ

ហើយ​ទុក្ខ​លំបាក​ទាំង​នោះ​នឹង​បាត់​ចេញ​ពី​ភ្នែក​ខ្ញុំ​ទៅ។+

១៧ មើល! ខ្ញុំ​កំពុង​បង្កើត​មេឃ​ថ្មី​និង​ផែនដី​ថ្មី+

ហើយ​អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នឹង​គ្មាន​នរណា​នឹក​ឃើញ​ទៀត​ទេ

ហើយ​ក៏​មិន​ចង​ចាំ​នៅ​ក្នុង​ចិត្ត​ទៀត​ដែរ។+

១៨ ដូច្នេះ ចូរ​អរ​សប្បាយ​និង​ត្រេក​អរ​ជា​ដរាប​ចំពោះ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ចុះ។

មើល! ខ្ញុំ​កំពុង​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​ទៅ​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​អំណរ

និង​ធ្វើ​ឲ្យ​អ្នក​ក្រុង​នោះ​ទៅ​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​សប្បាយ​រីករាយ។+

១៩ ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ក្រុង​យេរូសាឡិម ហើយ​រីករាយ​ចំពោះ​រាស្ត្រ​ខ្ញុំ+

ក្នុង​ក្រុង​នោះ​នឹង​គ្មាន​សម្រែក​ទ្រហោ​យំ​ឬ​ការ​ស្រែក​កើត​ទុក្ខ​ទៀត​ឡើយ​»។+

២០ ​«​នៅ​ទី​នោះ នឹង​លែង​មាន​ទារក​ដែល​រស់​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ហើយ

ហើយ​ក៏​លែង​មាន​មនុស្ស​វ័យ​ចាស់​ដែល​រស់​មិន​គ្រប់​អាយុ​ទៀត​ដែរ

ព្រោះ​អ្នក​ណា​ដែល​រស់​បាន​១០០​ឆ្នាំ​នឹង​ត្រូវ​ចាត់​ទុក​ជា​កូន​ក្មេង​វិញ។

ឯ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​ត្រូវ​បណ្ដាសា ទោះ​ជា​គាត់​មាន​អាយុ​១០០​ឆ្នាំ​ក្ដី។*

២១ គ្រា​នោះ ពួក​គេ​នឹង​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​នោះ+

ពួក​គេ​នឹង​ដាំ​ដំណាំ​ទំពាំង​បាយ​ជូរ ហើយ​ក៏​បរិភោគ​ផល​ផ្លែ​ពី​នោះ​ដែរ។+

២២ ពួក​គេ​នឹង​មិន​សង់ រួច​មាន​អ្នក​ឯ​ទៀត​រស់​នៅ​ទេ

ពួក​គេ​នឹង​មិន​ដាំ រួច​មាន​អ្នក​ឯ​ទៀត​បរិភោគ​ផល​ដំណាំ​នោះ​ឡើយ។

ព្រោះ​អាយុ​របស់​រាស្ត្រ​ខ្ញុំ នឹង​បាន​វែង​ដូច​ជា​អាយុ​នៃ​ដើម​ឈើ+

ឯ​ពួក​អ្នក​ដែល​ខ្ញុំ​ជ្រើស​រើស ពួក​គេ​នឹង​មាន​អំណរ​យ៉ាង​ពេញ​លេញ​ចំពោះ​ស្នា​ដៃ​របស់​ខ្លួន។

២៣ ពួក​គេ​នឹង​មិន​ខំ​ប្រឹង​ធ្វើ​ការ​នឿយ​ហត់​ដោយ​ឥត​ប្រយោជន៍​ទេ+

ហើយ​ក៏​មិន​បង្កើត​កូន​មក​ដើម្បី​ឲ្យ​ត្រូវ​រង​ទុក្ខ​វេទនា​នោះ​ដែរ

ព្រោះ​ពួក​គេ​និង​កូន​ចៅ​របស់​ពួក​គេ+

ជា​ពូជ​ពង្ស​របស់​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ពរ។+

២៤ មុន​ពួក​គេ​ហៅ​រក​ខ្ញុំ ខ្ញុំ​នឹង​ឆ្លើយ​តប

កាល​ដែល​ពួក​គេ​កំពុង​និយាយ​នៅ​ឡើយ ខ្ញុំ​បាន​ឮ​ពួក​គេ​រួច​ហើយ។

២៥ ពេល​នោះ ឆ្កែ​ចចក​និង​កូន​ចៀម​នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា

ហើយ​តោ​នឹង​ស៊ី​ចំបើង​ដូច​គោ​ដែរ។+

សត្វ​ពស់​នឹង​ស៊ី​ដី​ជា​អាហារ។

ពួក​វា​នឹង​មិន​ធ្វើ​ទុក្ខ​ឬ​នាំ​ឲ្យ​មាន​ការ​ហិន​វិនាស​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ​ឡើយ​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

៦៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

​«​ស្ថាន​សួគ៌​ជា​បល្ល័ង្ក​ខ្ញុំ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​ខ្ញុំ។+

តើ​អ្នក​អាច​សង់​វិហារ​ឲ្យ​ខ្ញុំ​នៅ​ឯ​ណា​ទៅ?+

តើ​កន្លែង​ណា​អាច​ជា​ទី​អាស្រ័យ​នៅ​របស់​ខ្ញុំ?​»។+

 ២ ​«​ដៃ​របស់​ខ្ញុំ​បាន​បង្កើត​របស់​ទាំង​អស់​នេះ

ហើយ​អ្វី​ៗ​ទាំង​អស់​បាន​កើត​មាន​ឡើង​ដោយ​សារ​ខ្ញុំ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។+

​«​ខ្ញុំ​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង

ជា​អស់​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប និង​មាន​ចិត្ត​កោត​ខ្លាច​ធ្វើ​តាម​ពាក្យ​របស់​ខ្ញុំ។+

 ៣ អ្នក​ដែល​សម្លាប់​គោ គឺ​ដូច​ជា​អ្នក​សម្លាប់​មនុស្ស+

ហើយ​អ្នក​ដែល​ជូន​ចៀម​ជា​គ្រឿង​បូជា ក៏​ដូច​ជា​អ្នក​បំបាក់​ក​ឆ្កែ​ដែរ។+

ឯ​អ្នក​ដែល​យក​អំណោយ​មក​ជូន​ជា​គ្រឿង​បូជា គឺ​ដូច​ជា​អ្នក​ដែល​យក​ឈាម​ជ្រូក​មក​ជូន។+

ចំណែក​អ្នក​ដែល​ដុត​គ្រឿង​ក្រអូប​ជា​គ្រឿង​បូជា​សម្រាប់​ការ​រំលឹក+ គឺ​ដូច​ជា​អ្នក​ដែល​ជូន​ពរ​ដោយ​ប្រើ​ពាក្យ​សម្ដី​ខាង​វេទមន្ត​ដែរ។*+

ព្រោះ​ពួក​គេ​បាន​ជ្រើស​រើស​ធ្វើ​តាម​ទំនើង​ចិត្ត​ខ្លួន

ហើយ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម។

 ៤ ដូច្នេះ ខ្ញុំ​នឹង​ជ្រើស​រើស​វិធី​ផ្សេង​ៗ​ដើម្បី​ដាក់​ទោស​ពួក​គេ+

ហើយ​អ្វី​ដែល​ពួក​គេ​ភ័យ​ខ្លាច ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កើត​ឡើង​ដល់​ពួក​គេ

ព្រោះ​ពេល​ខ្ញុំ​ហៅ គ្មាន​នរណា​ឆ្លើយ​តប​ទេ

ហើយ​ពេល​ខ្ញុំ​និយាយ ក៏​គ្មាន​នរណា​ស្ដាប់​ដែរ។+

ពួក​គេ​ចេះ​តែ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ស្អប់

ហើយ​តែង​តែ​ជ្រើស​យក​អ្វី​ដែល​ខ្ញុំ​មិន​ពេញ​ចិត្ត​»។+

 ៥ ឱ​អ្នក​ដែល​មាន​ចិត្ត​កោត​ខ្លាច​ធ្វើ​តាម​ពាក្យ​របស់​ព្រះ​យេហូវ៉ា​អើយ! សូម​ស្ដាប់​ប្រសាសន៍​របស់​លោក​ដែល​ថា​៖

​«​ឯ​ជន​រួម​ជាតិ​ដែល​ស្អប់​អ្នក ហើយ​មិន​រាប់​រក​អ្នក​ដោយ​សារ​តែ​នាម​របស់​ខ្ញុំ ពួក​គេ​បាន​និយាយ​ថា​៖ ‹សូម​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង!›។+

ពួក​គេ​នឹង​រង​ការ​អាម៉ាស់

តែ​អ្នក​វិញ ខ្ញុំ​នឹង​លេច​មក​ជួប​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​អំណរ​»។+

 ៦ មើល! មាន​សំឡេង​លាន់​ឮ​រំពង​ចេញ​ពី​ក្រុង ជា​សំឡេង​ចេញ​ពី​វិហារ!

នោះ​ជា​សូរ​សំឡេង​ព្រះ​យេហូវ៉ា​កំពុង​សង​សឹក​ពួក​សត្រូវ​ឲ្យ​សម​នឹង​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ។

 ៧ ចំពោះ​ក្រុង​ស៊ីយ៉ូន នាង​បាន​បង្កើត​កូន មុន​ដល់​វេលា​ដែល​នាង​ត្រូវ​សម្រាល+

គឺ​នាង​សម្រាល​បាន​កូន​ប្រុស​មួយ មុន​នាង​ឈឺ​ពោះ​សម្រាល​ទៅ​ទៀត។

 ៨ តើ​អ្នក​ណា​ធ្លាប់​ឮ​រឿង​ដូច​នេះ? តើ​អ្នក​ណា​ធ្លាប់​ឃើញ​រឿង​បែប​នេះ​ទៅ?

តើ​ស្រុក​ទេស​មួយ​អាច​កើត​មក​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​បាន​ឬ?

តើ​ប្រជា​ជាតិ​មួយ​នឹង​មាន​ឡើង​ក្នុង​មួយ​រំពេច​ឬ?

គឺ​គ្មាន​ទេ! ប៉ុន្តែ ពេល​ក្រុង​ស៊ីយ៉ូន​ឈឺ​ពោះ​សម្រាល​កូន​ភ្លាម នាង​កើត​បាន​កូន​ច្រើន​តែ​ម្ដង។

 ៩ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​បើ​ខ្ញុំ​ផ្ដើម​ឲ្យ​កើត​ឡើង​ហើយ តើ​ខ្ញុំ​នឹង​បញ្ឈប់​កុំ​ឲ្យ​កើត​ឡើង​ឬ?

បើ​ម្ដាយ​ម្នាក់​ហៀប​នឹង​សម្រាល​កូន​មក​ហើយ តើ​ខ្ញុំ​នឹង​បិទ​ផ្ទៃ​កុំ​ឲ្យ​កូន​សម្រាល​ចេញ​មក​ឬ?​»។

១០ ឱ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូសាឡិម​អើយ!+ ចូរ​អរ​សប្បាយ​ជា​មួយ​នាង ហើយ​រីករាយ​ជា​មួយ​នឹង​នាង​ចុះ!+

ឱ​អស់​អ្នក​ដែល​ទួញ​យំ​ចំពោះ​នាង​អើយ! ចូរ​ត្រេក​អរ​ក្រៃ​លែង​ជា​មួយ​នឹង​នាង។

១១ ព្រោះ​អ្នក​នឹង​ទទួល​ការ​ថែ​ទាំ​ថ្នាក់​ថ្នម និង​ការ​បំបៅ​ពី​នាង​រហូត​ដល់​ឆ្អែត

គឺ​អ្នក​នឹង​បាន​ស្កប់​ស្កល់​និង​មាន​អំណរ​ក្រៃ​លែង​ពី​ភាព​រុង​រឿង​របស់​នាង។

១២ ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​មើល! ខ្ញុំ​កំពុង​ធ្វើ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​នាង​ប្រៀប​ដូច​ជា​ទន្លេ+

ហើយ​ភាព​រុង​រឿង​របស់​ប្រជា​ជាតិ​នា​នា ដូច​ជា​ទឹក​ជន់​ជោរ។+

អ្នក​នឹង​ទទួល​ការ​ថែ​ទាំ​បីបម ហើយ​ខ្ញុំ​នឹង​រលាក់​អ្នក​នៅ​លើ​ភ្លៅ។

១៣ ដូច​ម្ដាយ​តែង​សម្រាល​ទុក្ខ​កូន នោះ​ខ្ញុំ​នឹង​សម្រាល​ទុក្ខ​អ្នក​ជា​និច្ច+

គឺ​អ្នក​នឹង​ទទួល​ការ​សម្រាល​ទុក្ខ​ស្ដី​អំពី​ក្រុង​យេរូសាឡិម​យ៉ាង​នោះ​ដែរ។+

១៤ អ្នក​នឹង​ឃើញ​ការ​នេះ ហើយ​ចិត្ត​អ្នក​នឹង​រីករាយ

ឆ្អឹង​របស់​អ្នក​នឹង​លូត​លាស់ ដូច​ជា​ស្មៅ​ខៀវ​ខ្ចី​លាស់​ឡើង។

នៅ​ពេល​នោះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​ទទួល​ស្គាល់​គ្រប់​គ្នា​ថា លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា

ឯ​ពួក​សត្រូវ​របស់​លោក​វិញ លោក​នឹង​ផ្ដន្ទា​ទោស​ពួក​គេ​»។+

១៥ ​«​ព្រោះ​ព្រះ​យេហូវ៉ា​នឹង​មក​ដូច​ជា​ភ្លើង+

ហើយ​រទេះ​ចម្បាំង​របស់​លោក​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ។+

លោក​នឹង​មក​ដើម្បី​សង​សឹក​នឹង​ពួក​គេ​ដោយ​កំហឹង​ដ៏​ខ្លាំង​ក្រៃ​លែង

ហើយ​លោក​នឹង​ដាក់​ទោស​ពួក​គេ​ដោយ​អណ្ដាត​ភ្លើង​សន្ធោ​សន្ធៅ។+

១៦ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ​ដោយ​ភ្លើង

គឺ​លោក​ប្រឆាំង​នឹង​មនុស្សជាតិ​ដោយ​ដាវ​របស់​លោក

ហើយ​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ប្រហារ​នឹង​មាន​ចំនួន​ច្រើន​ណាស់។

១៧ ​«​ពួក​អ្នក​ដែល​ញែក​ខ្លួន​ជា​បរិសុទ្ធ​និង​ជម្រះ​កាយ​ឲ្យ​ស្អាត ដើម្បី​ចូល​ទៅ​ក្នុង​សួន​ច្បារ+តាម​បុគ្គល​ដែល​គេ​តាំង​ឡើង​នៅ​កណ្ដាល​សួន* នឹង​មក​ដល់​ទី​បញ្ចប់។ ចំណែក​ពួក​អ្នក​ដែល​បរិភោគ​សាច់​ជ្រូក+ សាច់​កណ្ដុរ និង​អ្វី​ៗ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម+ ពួក​គេ​ក៏​នឹង​ដល់​ទី​អវសាន​ដែរ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ១៨ ​«​ដោយ​សារ​ខ្ញុំ​ស្គាល់​ការ​ប្រព្រឹត្ត​និង​គំនិត​របស់​ពួក​គេ នោះ​ខ្ញុំ​នឹង​ប្រមូល​មនុស្ស​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា។ ពួក​គេ​នឹង​មក ហើយ​ឃើញ​សិរី​រុង​រឿង​របស់​ខ្ញុំ​»។

១៩ ​«​ខ្ញុំ​នឹង​តាំង​សញ្ញា​សម្គាល់​មួយ​ឡើង​នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​ខ្ញុំ​នឹង​ចាត់​អ្នក​ខ្លះ​ដែល​បាន​រត់​រួច​ឲ្យ​ទៅ​ប្រជា​ជាតិ​នា​នា គឺ​ទៅ​តើស៊ីស+ ផូល និង​លូត+ ជា​តំបន់​ដែល​មាន​ពួក​អ្នក​ពូកែ​បាញ់​ធ្នូ។ ខ្ញុំ​នឹង​ចាត់​ពួក​គេ​ឲ្យ​ទៅ​តំបន់​ទូបាល តំបន់​យ៉ាវ៉ាន+ និង​កោះ​ទាំង​ឡាយ​ដែល​នៅ​ឆ្ងាយ​ៗ។ ពួក​អ្នក​នៅ​តំបន់​ទាំង​នោះ​មិន​ដែល​ឮ​ដំណឹង​អំពី​ខ្ញុំ​ឬ​ឃើញ​សិរី​រុង​រឿង​របស់​ខ្ញុំ​ទេ។ ឯ​ពួក​អ្នក​ដែល​ខ្ញុំ​ចាត់​ឲ្យ​ទៅ ពួក​គេ​នឹង​ប្រកាស​អំពី​សិរី​រុង​រឿង​របស់​ខ្ញុំ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា។+ ២០ ពួក​គេ​នឹង​នាំ​ជន​រួម​ជាតិ​ទាំង​អស់​របស់​អ្នក​ពី​ចំណោម​ប្រជា​ជាតិ​នា​នា+ មក​ជូន​ជា​អំណោយ​ដល់​ព្រះ​យេហូវ៉ា។ ពួក​គេ​នាំ​មក​ដោយ​បញ្ជិះ​លើ​ខ្នង​សេះ ខ្នង​លា ខ្នង​អូដ្ឋ​ដែល​រត់​លឿន និង​រទេះ​តូច​ធំ ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ​ជា​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម គឺ​ដូច​ពេល​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល​នាំ​យក​អំណោយ​ដែល​ដាក់​ក្នុង​ភាជនៈ​ស្អាត​បរិសុទ្ធ​ទៅ​ជូន​នៅ​វិហារ​របស់​ខ្ញុំ​ដែរ​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

២១ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​បន្ថែម​ទៅ​ទៀត ខ្ញុំ​នឹង​ឲ្យ​អ្នក​ខ្លះ​មាន​ភារកិច្ច​ធ្វើ​ជា​សង្ឃ​និង​បម្រើ​ជា​លេវី​»។

២២ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ព្រោះ​ដូច​មេឃ​ថ្មី​និង​ផែនដី​ថ្មី+ដែល​ខ្ញុំ​កំពុង​ស្ថាបនា នឹង​នៅ​ស្ថិត​ស្ថេរ​ចំពោះ​ខ្ញុំ​យ៉ាង​ណា នោះ​ពូជ​ពង្ស​និង​កិត្តិនាម​របស់​អ្នក ក៏​នឹង​នៅ​ស្ថិត​ស្ថេរ​យ៉ាង​នោះ​ដែរ​»។+

២៣ ​«​ចាប់​ពី​ថ្ងៃ​ចូល​ខែ​ថ្មី ទៅ​ដល់​ថ្ងៃ​ចូល​ខែ​ថ្មី ព្រម​ទាំង​ពី​ថ្ងៃ​ឈប់​សម្រាក​មួយ ទៅ​ដល់​ថ្ងៃ​ឈប់​សម្រាក​មួយ

មនុស្ស​ទាំង​ឡាយ​នឹង​ចូល​មក​ហូរហែ​ដើម្បី​គោរព​ប្រណិប័តន៍​ខ្ញុំ​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

២៤ ​«​ពួក​គេ​នឹង​ចេញ​ទៅ​មើល​សាក​សព​នៃ​ពួក​អ្នក​ដែល​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ។

ដង្កូវ​ដែល​នៅ​លើ​សព​ពួក​គេ នឹង​មិន​ងាប់​ទេ

ហើយ​ភ្លើង​ដែល​ឆេះ​ពួក​គេ ក៏​នឹង​មិន​រលត់​ដែរ។+

ពួក​គេ​នឹង​ទៅ​ជា​អ្វី​ដែល​គួរ​ឲ្យ​ខ្ពើម​រអើម​ដល់​ប្រជា​ជាតិ​ទាំង​ឡាយ​»។

មាន​ន័យ​ថា​«​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា​»​

សំដៅ​លើ​អ្វី​ដែល​ព្រះ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ដោយ​អព្ភូតហេតុ។ គឺ​ស្រដៀង​នឹង​ការ​យល់​សប្ដិ

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

ឬ​«​មេឃ​»​

ឬ​«​ស្រា​បៀរ​ដែល​ធ្វើ​ពី​ស្រូវ​សាលី​»​

តាម​មើល​ទៅ​ដើម​ឈើ​និង​សួន​ច្បារ​ទាក់​ទង​នឹង​ការ​គោរព​បូជា​រូប​ព្រះ

ឬ​«​ការ​ណែនាំ​»​

ឬ​«​គ្រូ​ហៅ​ពស់​»​

ឬ​«​ប្រេង​បាលសាម​»​

នេះ​ជា​ស្នាម​ដែល​មក​ពី​ការ​ដុត​ជា​សញ្ញា​លើ​រូប​កាយ​ខ្ញុំ​បម្រើ​ឬ​ឈ្លើយ​សឹក

នេះ​សំដៅ​លើ​ការ​អាម៉ាស់​ដោយ​សារ​មិន​បាន​រៀប​ការ​និង​គ្មាន​កូន

នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

នេះ​សំដៅ​លើ​រុក្ខជាតិ​ដែល​គេ​ដាំ​ធ្វើ​ជា​របង

មួយ​បាត​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មួយ​ហូម៉ើរ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មួយ​អេហ្វា​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ឬ​«​ការ​សម្រេច​ចិត្ត ឬ​ការ​ណែនាំ​»​

ឬ​«​ការ​ណែនាំ​»​

មើល​និយម​ន័យ​ពាក្យ​«​សេរភីម​»​

ឬ​«​ពូជ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គាត់​»​

មាន​ន័យ​ថា​«​មាន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​នឹង​ត្រឡប់​មក​វិញ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​»​

ឬ​«​ទម្លាយ​កំពែង​»​

មាន​ន័យ​ថា​«​ព្រះ​នៅ​ជា​មួយ​យើង​»​

ឬ​«​បឺរ​»​

ឬ​«​កន្លែង​ឲ្យ​ទឹក​សត្វ​»​

ប្រហែល​ជា​មាន​ន័យ​ថា​«​ចូល​ទៅ​រឹប​អូស​យក​ជ័យ​ភណ្ឌ​យ៉ាង​លឿន​»​

នេះ​សំដៅ​លើ​អេសាយ

សៃឡោ​ជា​ប្រឡាយ​ទឹក

ឃ្លា​«​ព្រះ​នៅ​ជា​មួយ​នឹង​យើង​»​ជា​ភាសា​ហេប្រឺ​គឺ​អេម៉ាញូអែល

ឬ​«​ការ​ណែនាំ​»​

ឬ​«​សន្តិភាព​»​

ឬ​«​ឈើ​ពី​ដើម​ល្វា​ព្រៃ​»​

ឬ​«​ឈើ​ពី​ដើម​ស៊ីដារ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ធាង​លម៉ើ​និង​ដើម​ត្រែង​»​

នេះ​សំដៅ​លើ​អ៊ីស្រាអែល

នេះ​សំដៅ​លើ​ស្ដេច​អាស៊ីរី

ប្រហែល​ជា​ប្រេង​ដែល​គេ​ប្រើ​សម្រាប់​ដុត ឬ​ជា​ប្រេង​សម្រាប់​ចាក់​តែង​តាំង​ស្ដេច

នេះ​សំដៅ​លើ​«​ខ្នែង​»​និង​«​ពន្លក​»​នៅ​ខ​១

ឬ​«​សេចក្ដី​សុចរិត​»​

ឬ​«​នៅ​មួយ​រយៈ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កូន​គោ​និង​តោ​នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា​»​

ឬ​«​ជា​លើក​ទី​២​»​

នេះ​សំដៅ​លើ​ស្រុក​បាប៊ីឡូន

ឬ​«​ពង្រីក​អំណាច​ទៅ​លើ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ធ្វើ​ឲ្យ​រីង​ស្ងួត​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​បំបែក​ទន្លេ​ទៅ​ជា​»​

​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រូប​ព្រះ​ដែល​មាន​រាង​ដូច​ពពែ​»​

ឬ​«​មែក​»​

ន័យ​ត្រង់​«​ខ្ញុំ​នឹង​បោស​ស្រុក​នោះ​ដោយ​អំបោស​នៃ​ការ​បំផ្លាញ​»​

ដើម​ឈើ​នេះ​សម្បូរ​នៅ​តាម​ច្រាំង​ទន្លេ​អឺប្រាត ហើយ​អាច​មាន​កម្ពស់​ពី​៩​ទៅ​១៤​ម៉ែត្រ

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ព្រោះ​មាន​សម្រែក​ចម្បាំង​នា​ពេល​ប្រមូល​ផល​នៅ​រដូវ​ក្ដៅ​និង​នៅ​រដូវ​ច្រូត​កាត់​ក្នុង​អ្នក​»​

ឬ​«​បាន​រាប់​ដោយ​ហ្មត់​ចត់​ដូច​កម្មករ​ស៊ី​ឈ្នួល​រាប់​ដែរ​»។ នោះ​សំដៅ​លើ​បី​ឆ្នាំ​គត់

ប្រហែល​ជា​សំដៅ​លើ​ក្រុង​អារ៉ូអ៊ើរ​ទាំង​ពីរ

ឬ​«​តំបន់​វាល​ទំនាប​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឬ​«​ព្រះ​របស់​ជន​ជាតិ​ដទៃ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពី​»​

ឬ​«​នៅ​រដូវ​ចម្រូត​ដែល​មាន​អាកាសធាតុ​ក្ដៅ​»​

នេះ​សំដៅ​លើ​ស្មៅ​ខ្ពស់​ៗ​

ដើម​ម្យ៉ាង​ដែល​គេ​ដាំ​តាំង​ពី​សម័យ​បុរាណ។ គេ​យក​សរសៃ​វា​ទៅ​ធ្វើ​ជា​ក្រណាត់

ឬ​«​ក្រុង​មេមផឺស​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ធាង​លម៉ើ​ឬ​ដើម​ត្រែង​»​

ឬ​«​មេ​បញ្ជាការ​»​

តាម​មើល​ទៅ​នេះ​សំដៅ​លើ​តំបន់​ក្នុង​ស្រុក​បាប៊ីឡូន​ពី​បុរាណ

តាម​មើល​ទៅ​នេះ​សំដៅ​លើ​ស្រុក​បាប៊ីឡូន

ឬ​«​ត្រូវ​គេ​ជាន់​ឈ្លី​ដូច​បញ្ជាន់​ស្រូវ​»​

មាន​ន័យ​ថា​«​នៅ​ស្ងៀម​»​

ឬ​«​បាន​រាប់​ដោយ​ហ្មត់​ចត់​ដូច​កម្មករ​ស៊ី​ឈ្នួល​រាប់​ដែរ​»។ នោះ​សំដៅ​លើ​មួយ​ឆ្នាំ​គត់

តាម​មើល​ទៅ​នេះ​សំដៅ​លើ​ក្រុង​យេរូសាឡិម

ឬ​«​តំបន់​វាល​ទំនាប​»​

ន័យ​ត្រង់​«​ខ្ញុំ​នឹង​ដាក់​កូន​សោ​នៃ​ពូជ​ពង្ស​ដាវីឌ​នៅ​លើ​ស្មា​គាត់​»​

នេះ​សំដៅ​លើ​ដៃ​ទន្លេ​នីល

ន័យ​ត្រង់​«​កម្រៃ​»​

ឬ​«​កូន​ស្រី​ស៊ីដូន​ដែល​ប្រៀប​ដូច​ជា​ក្រមុំ​បរិសុទ្ធ​»​

នេះ​សំដៅ​លើ​រទេះ​សម្រាប់​បុក​ទម្លាយ

ឬ​«​ផែនដី​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ស្ងួត​ហែង​»​

ឬ​«​កិច្ច​ព្រម​ព្រៀង​ដែល​ធ្វើ​តាំង​ពី​បុរាណ​»​

ឬ​«​សមុទ្រ​»​

ឬ​«​តំបន់​ពន្លឺ​»​

ន័យ​ត្រង់​«​ដាក់​លើ​»​

ទំនង​ជា​សំដៅ​លើ​ពំនូក​ដី​សម្រាប់​ទប់​ការ​ពារ​កំពែង​ក្រុង

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អស់​អ្នក​ដែល​មាន​ទំនោរ​ចិត្ត​មិន​ប្រែ​ប្រួល​»​

​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា

ឬ​«​រាប​ស្មើ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​សន្សើម​លើ​រុក្ខជាតិ​»​

ឬ​«​ការ​ផ្ដន្ទា​ទោស​»​

មើល​និយម​ន័យ​ពាក្យ​«​លេវ៉ាយអាថាន​»​

តាម​មើល​ទៅ​នេះ​សំដៅ​លើ​ប្រជាជាតិ​អ៊ីស្រាអែល​ដែល​ប្រដូច​នឹង​ស្ត្រី​ម្នាក់​និង​ចម្ការ​ទំពាំង​បាយ​ជូរ

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

នេះ​សំដៅ​លើ​ទន្លេ​អឺប្រាត

តាម​មើល​ទៅ​នេះ​សំដៅ​លើ​ក្រុង​សាម៉ារី​ដែល​ជា​រាជធានី

សំដៅ​លើ​ផ្លែ​ល្វា​តូច

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទទួល​ការ​បើក​បង្ហាញ​»​

ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពេល​ពួក​គេ​យល់ ពួក​គេ​នឹង​ភ័យ​រន្ធត់​»​

ឬ​«​តំបន់​វាល​ទំនាប​»​

ឬ​«​ផែនដី​»​

ពាក្យ​ភាសា​ហេប្រឺ​សំដៅ​លើ​ស្រូវ​សាលី​ម្យ៉ាង​ដែល​មាន​គុណ​ភាព​អន់ ដែល​គេ​ដាំ​នៅ​ស្រុក​អេហ្ស៊ីប​សម័យ​បុរាណ

ឬ​«​ទូន្មាន​ប្រដៅ​»​

ឬ​«​គោល​បំណង​»​

ឬ​«​ប្រាជ្ញា​លោក​»​

ប្រហែល​ជា​មាន​ន័យ​ថា​«​រាន​ទី​បូជា​របស់​ព្រះ​»​ តាម​មើល​ទៅ​នេះ​សំដៅ​លើ​ក្រុង​យេរូសាឡិម

ឬ​«​ទឹក​មុខ​ស្លេក​ស្លាំង​»​

ឬ​«​ពស់​មាន​ពិស​ដែល​រហ័ស​»​

ឬ​«​បន្ទះ​ឈើ​»​

ឬ​«​ច្បាប់​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អណ្ដូង​»​

ឬ​«​រូប​សិត​»​

គេ​បាន​រោយ​អង្កាម​ចេញ​ដោយ​ប្រើ​ប៉ែល​និង​សម​ធំ។

ន័យ​ត្រង់​«​នាម​របស់​ព្រះ​យេហូវ៉ា​»​

ឬ​«​ញែក​ខ្លួន​ជា​បរិសុទ្ធ​»​

ក្នុង​ខ​នេះ​«​តូផែត​»​សំដៅ​លើ​កន្លែង​ដុត​ក្នុង​ន័យ​ធៀប ជា​តំណាង​ការ​បំផ្លាញ

ឬ​«​សម្លឹង​មើល​ទៅ​»​

ឬ​«​គាត់​ខំ​ព្យាយាម​ធ្វើ​ការ​ល្អ​ជា​និច្ច​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទ្រព្យ​វិសេស​ដែល​លោក​ផ្ដល់​ឲ្យ​»​

នេះ​សំដៅ​លើ​សត្រូវ

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ហួត​ហែង​»​

ឬ​«​រំពឹង​គិត​»​

ឬ​«​ស្ថាន​សួគ៌​»​

ឬ​«​ល្វា​តូច​»​

តាម​មើល​នេះ​សំដៅ​លើ​ក្រុង​បូសរ៉ា​ដែល​ជា​រាជធានី​នៃ​ស្រុក​អេដំ

ឬ​«​ទីទុយ​ត្រចៀក​វែង​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​វិញ្ញាណ​កំណាច​ដែល​មាន​រូប​រាង​ដូច​ពពែ​»​

ឈ្មោះ​បក្សី​មួយ​ប្រភេទ​មាន​សម្បុរ​ពព្លាក់ វេលា​ថ្ងៃ​វា​ក្រាប​លាក់​ខ្លួន វេលា​យប់​វា​ចេញ​រក​ចំណី

ឬ​«​ផ្កា​សាហ្វ្រុន​»​

ឬ​«​មេ​លើ​អ្នក​កាន់​ពែង​ស្ដេច​»​

ឬ​«​ភាសា​ស៊ីរី​»​

ឬ​«​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រវាង​»​

នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

ឬ​«​ប្រឡាយ​ដែល​បែក​ចេញ​ពី​ទន្លេ​នីល​»​

នេះ​សំដៅ​លើ​ហេសេគា

ប្រហែល​គេ​ប្រើ​ជណ្ដើរ​នេះ​ដើម្បី​មើល​ម៉ោង​តាម​ស្រមោល​ថ្ងៃ

ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ក្ងាន​»​

នេះ​សំដៅ​លើ​ប្រសាសន៍​របស់​ព្រះ​និង​ការ​ប្រព្រឹត្ត​របស់​លោក

ឬ​«​ប្រេង​បាលសាម​»​

ឬ​«​មួយ​ជា​ពីរ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ស្វែង​យល់​»​

ឬ​«​រូប​សិត​»​

ឬ​«​មូល​»​

ឬ​«​ពួក​អ្នក​គ្រប់​គ្រង​»​

ឬ​«​ការ​យល់​ដឹង​»​

ឬ​«​ខ្វះ​ថាមពល​»​

នេះ​សំដៅ​ទៅ​លើ​ការ​ហៅ​ឲ្យ​បម្រើ​ព្រះ

នេះ​សំដៅ​លើ​ការ​គ្មាន​ទី​ពឹង​និង​មិន​អាច​ការ​ពារ​ខ្លួន​បាន

ដើម​ទាំង​នេះ​ជា​ដើម​ឈើ​ប្រណីត

ឬ​«​រូប​សិត​»​

ឬ​«​ការ​ណែនាំ​»​

ឬ​«​ការ​ណែនាំ​»​

ប្រហែល​ជា​សំដៅ​លើ​ហេតុ​ការណ៍​ដែល​នឹង​កើត​ឡើង​មុន​គេ​បង្អស់​នា​ពេល​អនាគត

ឬ​«​ទង្វើ​ដែល​បះ​បោរ​ប្រឆាំង​»​

ប្រហែល​ជា​សំដៅ​លើ​គ្រូ​បង្រៀន​ច្បាប់​ម៉ូសេ

ឬ​«​តាំង​ពី​កំណើត​»​

មាន​ន័យ​ថា​«​អ្នក​ទៀង​ត្រង់​»។ នេះ​ជា​ងារ​ដ៏​មាន​កិត្តិយស​សម្រាប់​ប្រជា​ជាតិ​អ៊ីស្រាអែល

ឬ​«​ដី​ប្រេះ​ក្រហែង​»​

សំដៅ​លើ​រូប​ព្រះ

ឬ​«​ខ្ទម​»​

ឬ​«​ស្ថាន​សួគ៌​»​

ឬ​«​ប្រកែក​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​តើ​ដី​ឥដ្ឋ​គួរ​និយាយ​ទៅ​ជាង​ស្មូន​ថា​៖ ‹របស់​ដែល​អ្នក​ធ្វើ​គ្មាន​ដៃ​សម្រាប់​កាន់›?​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​កម្មករ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​ឈ្មួញ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ហើយ​ខ្ញុំ​នឹង​មិន​ប្រណី​ដល់​នរណា​ម្នាក់​ឡើយ​»​

ន័យ​ត្រង់​«​កូន​ស្រី​ពួក​ខាល់ដេ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទោះ​ជា​មាន​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​អ្នក​បែង​ចែក​មេឃ ឬ​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កើត​ចេញ​ពី​យូដា​មក​»​

ឬ​«​ពិនិត្យ​»។ ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ជ្រើស​រើស​»​

ឬ​«​ចែក​រំលែក​»​

នេះ​សំដៅ​លើ​មេឃ​និង​ផែនដី

សំដៅ​លើ​ស៊ីរូស

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទី​ទួល​ត្រងិល​»​

ន័យ​ត្រង់​«​លិទ្ធ​ដី​នៅ​ជើង​អ្នក​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពង្រឹង​កម្លាំង​ចិត្ត​»​

ឬ​«​ទាស់​នឹង​»​

ជា​ដង្កូវ​ម្យ៉ាង​ដែល​ស៊ី​សម្លៀក​បំពាក់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដង្កូវ​»​

មើល​និយម​ន័យ​ពាក្យ​«​រ៉ាហាប​»​

ន័យ​ត្រង់​«​កូន​ស្រី​ស៊ីយ៉ូន​ដែល​ប្រៀប​ដូច​ជា​ក្រមុំ​បរិសុទ្ធ​»​

ឬ​«​ផ្ទាល់​ភ្នែក​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ជឿ​អ្វី​ដែល​យើង​បាន​ឮ​»​

ន័យ​ត្រង់​«​ដៃ​»​

​«​លោក​»​អាច​សំដៅ​លើ​អ្នក​ដែល​សង្កេត​មើល ឬ​សំដៅ​លើ​ព្រះ

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គាត់​ដូច​ជា​បុគ្គល​ម្នាក់​ដែល​មនុស្ស​មិន​ខ្ចី​យក​ភ្នែក​មើល​»​

ឬ​«​កំពុង​រង​ទុក្ខ​ដោយ​ជំងឺ​»​

ឬ​«​បុគ្គល​ម្នាក់​នឹង​ប្រគល់​ទី​បញ្ចុះ​សព​របស់​ខ្លួន​ឲ្យ​គាត់​»​

ឬ​«​ប៉ុន្តែ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ន័យ​ត្រង់​«​គាត់​ចាក់​ច្រួច​ជីវិត​ខ្លួន​រហូត​ដល់​ស្លាប់​»​

ឬ​«​ម្ចាស់​»​

ឬ​«​ប្រាក់​ដែល​រក​ទាំង​នឿយ​ហត់​»​

ឬ​«​អភ័យ​ទោស​ឲ្យ​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​ឡើយ​»​

ទំនង​ជា​សំដៅ​លើ​ទី​បូជា​របស់​ព្រះ​មិន​ពិត ឬ​កន្លែង​គោរព​បូជា

ប្រហែល​ជា​សំដៅ​លើ​ការ​ប្រើ​រូប​នៃ​ប្រដាប់​ភេទ​របស់​បុរស​ក្នុង​ការ​គោរព​បូជា​មិន​ពិត

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ស្ដេច​»​

ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ឬ​«​អាវ​វែង​អត់​ដៃ​»​

ន័យ​ត្រង់​«​ឲ្យ​មក​បម្រើ​អ្នក​»​

នេះ​សំដៅ​លើ​សម្បុក​ដែល​មនុស្ស​ធ្វើ​សម្រាប់​ជា​លំនៅ​របស់​ព្រាប

ឬ​«​លោក​នឹង​តុបតែង​អ្នក​ឲ្យ​ស្រស់​ស្អាត​»​

ឬ​«​អាវ​វែង​ដែល​ឥត​ដៃ​»​

ន័យ​ត្រង់​«​ឈ្នួត​ដែល​មាន​រាង​ដូច​ឈ្នួត​របស់​សង្ឃ​»​

នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ក្រហម​ឆ្អិន​ឆ្អៅ​»​

ឬ​«​ទេវតា​ដែល​នៅ​ចំពោះ​លោក​»​

ឬ​«​ធ្វើ​ឲ្យ​ឫទ្ធានុភាព​របស់​ព្រះ​កើត​ទុក្ខ​»​

ន័យ​ត្រង់​«​ដៃ​ស្ដាំ​របស់​ម៉ូសេ​»​

ន័យ​ត្រង់​«​ដៃ​ដ៏​រុង​រឿង​»​

ឬ​«​ទឹក​ដ៏​ជ្រៅ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ខ្ទម​ចាំ​យាម​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ព្រោះ​ខ្ញុំ​នឹង​បង្ហាញ​ភាព​បរិសុទ្ធ​របស់​ខ្ញុំ​ដល់​អ្នក​»​

ឬ​«​ខ្ញុំ​នឹង​សង​ពួក​គេ​ឲ្យ​ពេញ​តម្លៃ​»​

ឬ​«​តំបន់​វាល​ទំនាប​»​

ឬ​«​សេចក្ដី​ស្មោះ​ត្រង់​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ដែល​រស់​បាន​តិច​ជាង​១០០​ឆ្នាំ គេ​នឹង​ចាត់​ទុក​ថា​ជា​អ្នក​ដែល​ត្រូវ​បណ្ដាសា​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ដែល​សរសើរ​តម្កើង​រូប​ព្រះ​»​

នេះ​សំដៅ​ទៅ​លើ​សួន​ដែល​គេ​ប្រើ​សម្រាប់​គោរព​បូជា​រូប​ព្រះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក