បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt យេរេមា ១:១-៥២:៣៤
  • យេរេមា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យេរេមា
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
យេរេមា

យេរេមា

១ នេះ​ជា​ពាក្យ​សម្ដី​របស់​យេរេមា*ជា​កូន​ហ៊ីលគីយ៉ា​ដែល​ជា​សង្ឃ​ម្នាក់​នៅ​ក្រុង​អាណាថោត+ ក្នុង​ទឹក​ដី​បេនយ៉ាមីន។ ២ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា នៅ​ឆ្នាំ​ទី​១៣​នៃ​រាជ្យ​យ៉ូសៀស+ជា​កូន​អេម៉ុន+ដែល​ជា​ស្ដេច​ស្រុក​យូដា ៣ និង​ក្នុង​រាជ្យ​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស រហូត​ដល់​ចប់​ឆ្នាំ​ទី​១១​នៃ​រាជ្យ​សេដេគា+ជា​កូន​យ៉ូសៀស​ស្ដេច​ស្រុក​យូដា ហើយ​រហូត​ដល់​គ្រា​ដែល​អ្នក​ក្រុង​យេរូសាឡិម*បាន​ត្រូវ​ចាប់​ជា​ឈ្លើយ​នៅ​ក្នុង​ខែ​ទី​៥។+

៤ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖

 ៥ ​«​មុន​ពេល​ដែល​ខ្ញុំ​សូន​អ្នក​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ខ្ញុំ​ស្គាល់*អ្នក​រួច​ហើយ+

មុន​ពេល​ដែល​អ្នក​កើត​មក ខ្ញុំ​បាន​ញែក​អ្នក​ជា​បរិសុទ្ធ*+

ហើយ​ខ្ញុំ​បាន​តែង​តាំង​អ្នក​ជា​អ្នក​ប្រកាស​ទំនាយ​ដល់​ប្រជា​ជាតិ​ទាំង​ឡាយ​»។

 ៦ ប៉ុន្តែ ខ្ញុំ​បាន​តប​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ!

ខ្ញុំ​មិន​ប្រសប់​និយាយ​ទេ+ ព្រោះ​ខ្ញុំ​នៅ​ក្មេង​ណាស់​»។+

 ៧ រួច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​កុំ​និយាយ​ថា​៖ ‹ខ្ញុំ​នៅ​ក្មេង›​ឡើយ។

ព្រោះ​អ្នក​ត្រូវ​ទៅ​ជួប​អស់​អ្នក​ណា​ដែល​ខ្ញុំ​ចាត់​អ្នក​ឲ្យ​ទៅ

ហើយ​អ្នក​ត្រូវ​និយាយ​តាម​អ្វី​ដែល​ខ្ញុំ​បង្គាប់។+

 ៨ ចូរ​កុំ​ភ័យ​ខ្លាច​ដោយ​សារ​តែ​សម្បក​ក្រៅ​របស់​ពួក​គេ​ឡើយ+

ព្រោះ​‹ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ដើម្បី​ជួយ​សង្គ្រោះ​អ្នក›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

៩ បន្ទាប់​មក ព្រះ​យេហូវ៉ា​លូក​ដៃ​មក​ពាល់​មាត់​ខ្ញុំ+ រួច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​ខ្ញុំ​បាន​ដាក់​ពាក្យ​សម្ដី​របស់​ខ្ញុំ​នៅ​ក្នុង​មាត់​អ្នក​ហើយ។+ ១០ មើល! ថ្ងៃ​នេះ​ខ្ញុំ​ឲ្យ​អ្នក​មាន​អំណាច​លើ​ប្រជា​ជាតិ​ទាំង​ឡាយ និង​លើ​រាជាណាចក្រ​នា​នា ដើម្បី​ឲ្យ​អ្នក​ដក​រំលើង​និង​រំលំ ឲ្យ​បំផ្លាញ​និង​បំបាក់​បំបែក ឲ្យ​សង់​និង​ដាំ​ឡើង​វិញ​»។+

១១ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ​«​យេរេមា​អើយ! តើ​អ្នក​ឃើញ​អ្វី?​»។ ខ្ញុំ​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ឃើញ​មែក​អល់ម៉ុន​»។*

១២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​អ្នក​បាន​ឃើញ​ត្រូវ​ហើយ ខ្ញុំ​នឹង​ប្រុង​ស្មារតី*ធ្វើ​តាម​ពាក្យ​របស់​ខ្ញុំ​ជា​និច្ច​»។

១៣ ព្រះ​យេហូវ៉ា​បាន​សួរ​ខ្ញុំ​ជា​លើក​ទី​២​ថា​៖ ​«​តើ​អ្នក​ឃើញ​អ្វី?​»​ នោះ​ខ្ញុំ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ឃើញ​ឆ្នាំង​មួយ​មាន​មាត់​ធំ​កំពុង​ពុះ ហើយ​វា​ផ្អៀង​ពី​ទិស​ខាង​ជើង​មក​ទិស​ខាង​ត្បូង​»។ ១៤ រួច​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖

​«​នឹង​មាន​អន្តរាយ​ចេញ​មក​ពី​ទិស​ខាង​ជើង ទាស់​នឹង​អ្នក​ស្រុក​ទាំង​អស់។+

១៥ ព្រោះ​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ខ្ញុំ​នឹង​ហៅ​ក្រុម​គ្រួសារ​ទាំង​អស់​ក្នុង​រាជាណាចក្រ​ទាំង​ប៉ុន្មាន​ដែល​នៅ​ភាគ​ខាង​ជើង​ឲ្យ​មក+

ហើយ​ពួក​គេ​នឹង​មក​មែន។ ពួក​គេ​ម្នាក់​ៗ​នឹង​តាំង​បល្ល័ង្ក​របស់​ខ្លួន

នៅ​ត្រង់​ខ្លោង​ទ្វារ​ក្រុង​យេរូសាឡិម+

ដើម្បី​វាយ​កំពែង​ក្រុង​ទាំង​អស់​ដែល​នៅ​ជុំវិញ

ព្រម​ទាំង​វាយ​ប្រហារ​ក្រុង​ទាំង​អស់​ក្នុង​ស្រុក​យូដា។+

១៦ ខ្ញុំ​នឹង​ប្រកាស​ការ​វិនិច្ឆ័យ​ទោស​ទៅ​លើ​ពួក​គេ ស្ដី​អំពី​អំពើ​ទុច្ចរិត​ទាំង​អស់​ដែល​ពួក​គេ​បាន​ធ្វើ

ពី​ព្រោះ​ពួក​គេ​បាន​បោះ​បង់​ចោល​ខ្ញុំ+

ហើយ​ពួក​គេ​កំពុង​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ដល់​ព្រះ​ឯ​ទៀត+

ថែម​ទាំង​ក្រាប​គោរព​ដល់​ស្នា​ដៃ​ដែល​ខ្លួន​បាន​ធ្វើ​ទៀត​ផង›។+

១៧ ប៉ុន្តែ ចូរ​អ្នក​ត្រៀម​ខ្លួន​ជា​ស្រេច

ហើយ​ទៅ​ប្រាប់​ពួក​គេ​នូវ​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក។

កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ។+

ពុំ​នោះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច​នៅ​ចំពោះ​ពួក​គេ។

១៨ ព្រោះ​នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​ដូច​ជា​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ

ដូច​ជា​សសរ​ដែក​និង​កំពែង​ស្ពាន់ ដើម្បី​តតាំង​នឹង​ស្រុក​ទាំង​មូល+

គឺ​តតាំង​នឹង​បណ្ដា​ស្ដេច​ស្រុក​យូដា និង​ពួក​អ្នក​គ្រប់​គ្រង​ក្នុង​ស្រុក​នោះ

ថែម​ទាំង​ពួក​សង្ឃ​និង​បណ្ដា​ជន​ក្នុង​ស្រុក​នោះ​ទៀត​ផង។+

១៩ ពេល​នោះ ពួក​គេ​ច្បាស់​ជា​ប្រឆាំង​នឹង​អ្នក​វិញ តែ​មិន​ឈ្នះ​អ្នក​ឡើយ

ព្រោះ​‹ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ដើម្បី​ជួយ​សង្គ្រោះ​អ្នក›។+

នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

២ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ២ ​«​ចូរ​ទៅ​ប្រកាស​ប្រាប់​អ្នក​ក្រុង​យេរូសាឡិម​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​ខ្ញុំ​នៅ​ចាំ​ភក្ដី​ភាព*ដែល​អ្នក​បាន​បង្ហាញ កាល​ដែល​អ្នក​នៅ​ក្មេង+

គឺ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​បាន​បង្ហាញ​ពេល​អ្នក​បាន​ភ្ជាប់​ពាក្យ​រៀប​ការ​ជា​មួយ​ខ្ញុំ+

ហើយ​ក៏​ចាំ​ពេល​ដែល​អ្នក​បាន​ដើរ​តាម​ខ្ញុំ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ដែរ

គឺ​នៅ​ទឹក​ដី​ដែល​គ្មាន​ការ​សាប​ព្រោះ​សោះ។+

 ៣ ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា+​ពួក​គេ​ប្រៀប​ដូច​ជា​ផល​ដំបូង​ពី​ចម្រូត​របស់​លោក​»​›។

‹អ្នក​ណា​ដែល​ត្របាក់​លេប​ពួក​គេ អ្នក​នោះ​នឹង​ទទួល​ទោស

ហើយ​នឹង​ត្រូវ​អន្តរាយ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។+

 ៤ ឱ​ពូជ​ពង្ស​យ៉ាកុប​និង​ជន​ជាតិ​អ៊ីស្រាអែល​គ្រប់​វង្ស​ត្រកូល​អើយ!

សូម​ស្ដាប់​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍។

 ៥ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

​«​តើ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​គិត​ថា​ខ្ញុំ​បាន​ធ្វើ​ខុស​អ្វី+​បាន​ជា​ពួក​គេ​ចាក​ឆ្ងាយ​ពី​ខ្ញុំ

បែរ​ទៅ​គោរព​បូជា​រូប​ព្រះ​ឥត​បាន​ការ+ ហើយ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ​ដូច្នេះ?+

 ៦ ពួក​គេ​មិន​បាន​សួរ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​សង្គ្រោះ​យើង​ពី​ស្រុក​អេហ្ស៊ីប+

ហើយ​នាំ​យើង​ឆ្លង​កាត់​តំបន់​ស្ងាត់​ជ្រងំ

និង​កាត់​តាម​ទី​រហោ​ស្ថាន+ពេញ​ទៅ​ដោយ​រណ្ដៅ តើ​លោក​នៅ​ឯ​ណា?

ព្រះ​ដែល​នាំ​យើង​ដើរ​កាត់​ទឹក​ដី​ហួត​ហែង+ដែល​មាន​ភាព​ងងឹត​សូន្យសុង

ជា​កន្លែង​ដែល​គ្មាន​មនុស្ស​ឆ្លង​កាត់ ឬ​អ្នក​ណា​ម្នាក់​រស់​នៅ​នោះ

តើ​លោក​ទៅ​ណា​បាត់​ហើយ?›។

 ៧ បន្ទាប់​មក ខ្ញុំ​បាន​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​មួយ​ដែល​មាន​សុទ្ធ​តែ​ចម្ការ

ហើយ​ឲ្យ​អ្នក​បរិភោគ​ផល​ផ្លែ​ពី​ចម្ការ​ទាំង​នោះ និង​ផល​ល្អ​ៗ​ពី​ស្រុក​នោះ។+

ប៉ុន្តែ ពេល​អ្នក​មក​ដល់ អ្នក​ធ្វើ​ឲ្យ​ស្រុក​ខ្ញុំ​ស្មោក​គ្រោក

ហើយ​បាន​ធ្វើ​ឲ្យ​មត៌ក​ខ្ញុំ​ទៅ​ជា​អ្វី​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​វិញ។+

 ៨ ឯ​ពួក​សង្ឃ​វិញ ពួក​គេ​មិន​បាន​សួរ​ទេ​ថា​៖ ‹តើ​ព្រះ​យេហូវ៉ា​នៅ​ឯ​ណា?›។+

ចំណែក​ពួក​អ្នក​បង្រៀន​ច្បាប់ ពួក​គេ​មិន​ស្គាល់​ខ្ញុំ​សោះ

ហើយ​ពួក​គង្វាល​បាន​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ។+

ឯ​ពួក​អ្នក​ប្រកាស​ទំនាយ ពួក​គេ​បាន​ប្រកាស​ទំនាយ​ដោយ​នូវ​នាម​ព្រះ​បាល+

ហើយ​កាន់​តាម​ព្រះ​ដែល​មិន​អាច​ផ្ដល់​ប្រយោជន៍​ដល់​ពួក​គេ​ឡើយ។

 ៩ ‹ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រឆាំង​នឹង​អ្នក​វិញ+

ហើយ​ប្រឆាំង​នឹង​កូន​ចៅ​របស់​អ្នក​ដែរ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១០ ‹ប៉ុន្តែ ចូរ​ឆ្លង​ទៅ​បណ្ដា​កោះ*នៅ​គីទីម+ ហើយ​សម្លឹង​មើល​ចុះ

ចូរ​ចាត់​គេ​ឲ្យ​ទៅ​ឯ​កេដា+ ហើយ​ពិចារណា​ឲ្យ​បាន​ហ្មត់​ចត់

ដើម្បី​ដឹង​ថា​ធ្លាប់​មាន​រឿង​ដូច​នេះ​កើត​ឡើង​ឬ​យ៉ាង​ណា។

១១ តើ​ធ្លាប់​មាន​ប្រជា​ជាតិ​ណា​ប្ដូរ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ខ្លួន​ដើម្បី​បាន​អ្វី​ដែល​មិន​មែន​ជា​ព្រះ​ឬ​ទេ?

គ្មាន​ទេ! ប៉ុន្តែ រាស្ត្រ​របស់​ខ្ញុំ​បាន​ប្ដូរ​ខ្ញុំ​ជា​ព្រះ​ដ៏​រុង​រឿង​ដើម្បី​បាន​អ្វី​ដែល​ឥត​ប្រយោជន៍​ទៅ​វិញ។+

១២ ឱ​មេឃ​អើយ! ចូរ​ពិនិត្យ​មើល​រឿង​នេះ​ដោយ​ស្ញែង​ខ្លាច

និង​ដោយ​រន្ធត់​ញាប់​ញ័រ​ចុះ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១៣ ‹ព្រោះ​រាស្ត្រ​របស់​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ពីរ​យ៉ាង

គឺ​ពួក​គេ​បាន​បោះ​បង់​ចោល​ខ្ញុំ ជា​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត+

ហើយ​មួយ​ទៀត​ពួក​គេ​បាន​ជីក*អណ្ដូង​សម្រាប់​ខ្លួន

ដែល​ជា​អណ្ដូង​ប្រេះ​បែក​ទុក​ទឹក​មិន​បាន›។

១៤ ‹អ៊ីស្រាអែល​មិន​មែន​ជា​អ្នក​បម្រើ ឬ​ជា​ខ្ញុំ​បម្រើ​ដែល​បាន​កើត​ក្នុង​ផ្ទះ​ចៅហ្វាយ​ទេ មែន​ទេ?

ដូច្នេះ ហេតុ​អ្វី​ក៏​អ៊ីស្រាអែល​ត្រូវ​គេ​ប្លន់ និង​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ទៅ​វិញ?

១៥ ហ្វូង​តោ​ស្ទាវ​បាន​គ្រហឹម​ដាក់​គាត់+ ហើយ​ស្រែក​កំហែង​គាត់។

ពួក​វា​បាន​ធ្វើ​ឲ្យ​ស្រុក​របស់​គាត់​ទៅ​ជា​ទី​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច។

ឯ​បណ្ដា​ក្រុង​របស់​គាត់​បាន​ត្រូវ​ដុត​បំផ្លាញ​ចោល

ហើយ​លែង​មាន​មនុស្ស​រស់​នៅ​ទី​នោះ​ទៀត។

១៦ បណ្ដា​ជន​នៅ​ក្រុង​ណូព*+និង​ក្រុង​ថាផានីស+ នាំ​គ្នា​ស៊ី​ក្បាល​អ្នក។

១៧ អ្នក​បាន​នាំ​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង​ដល់​ខ្លួន​ហើយ

ដោយ​សារ​អ្នក​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន+

កាល​ដែល​លោក​នាំ​ផ្លូវ​អ្នក មែន​ទេ?

១៨ ឥឡូវ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ចង់​ទៅ​ស្រុក​អេហ្ស៊ីប+

ដើម្បី​ផឹក​ទឹក​នៅ​ឯ​ស៊ីហូ*ដូច្នេះ?

ហេតុ​អ្វី​ក៏​អ្នក​ចង់​ទៅ​ស្រុក​អាស៊ីរី+ ដើម្បី​ផឹក​ទឹក​នៅ​ទន្លេ​អឺប្រាត​ទៅ​វិញ?

១៩ អ្នក​គួរ​ទាញ​មេ​រៀន​ពី​អំពើ​ទុច្ចរិត​ដែល​អ្នក​បាន​ធ្វើ

ហើយ​អ្នក​គួរ​ទទួល​ការ​កែ​តម្រង់​ពី​ការ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​របស់​អ្នក។

ចូរ​ដឹង​ថា​ការ​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក

នាំ​ឲ្យ​មាន​ផល​អាក្រក់​និង​ល្វីង​ជូរ​ចត់​យ៉ាង​ណា។+

អ្នក​មិន​បាន​គោរព​កោត​ខ្លាច​ខ្ញុំ​ទេ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។

២០ ‹តាំង​ពី​យូរ​មក​ហើយ ខ្ញុំ​បាន​បំបាក់​នឹម​របស់​អ្នក+ និង​បាន​ផ្ដាច់​ខ្នោះ​របស់​អ្នក។

ប៉ុន្តែ អ្នក​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ព្រម​បម្រើ​លោក​ជា​ដាច់​ខាត​»​

ព្រោះ​នៅ​លើ​ទួល​ភ្នំ​ទាំង​ប៉ុន្មាន និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី+

អ្នក​បាន​ដេក​ចំទែង​និង​ប្រព្រឹត្ត​ដូច​ជា​ស្រី​ពេស្យា។+

២១ ខ្ញុំ​បាន​ដាំ​អ្នក​ជា​ដើម​ទំពាំង​បាយ​ជូរ​ល្អ​ពណ៌​ក្រហម+​ដែល​ជា​ពូជ​ទំពាំង​បាយ​ជូរ​សុទ្ធ

ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​អ្នក​ក្លាយ​ទៅ​ជា​ដើម​ទំពាំង​បាយ​ជូរ​ព្រៃ​នៅ​ចំពោះ​ខ្ញុំ​ដូច្នេះ?›។+

២២ ‹ទោះ​ជា​អ្នក​លាង​សម្អាត​ដោយ​សាប៊ូ​និង​ទឹក​ក្បុង​ក្ដី

ក៏​អំពើ​រំលង​របស់​អ្នក​នៅ​តែ​ដិត​ជាប់​នៅ​នឹង​មុខ​ខ្ញុំ​ជា​និច្ច›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។

២៣ ម្ដេច​ក៏​អ្នក​ហ៊ាន​និយាយ​ថា​៖ ‹ខ្ញុំ​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក​គ្រោក​ទេ

ហើយ​ខ្ញុំ​ក៏​មិន​បាន​កាន់​តាម​ព្រះ​បាល​ដែរ›?

ចូរ​មើល​ការ​ប្រព្រឹត្ត​របស់​អ្នក​នៅ​តាម​ជ្រលង​ភ្នំ​ចុះ

ហើយ​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ទៅ។

អ្នក​ប្រៀប​ដូច​ជា​អូដ្ឋ​ញី*ដែល​រត់​យ៉ាង​លឿន

ហើយ​ចេះ​តែ​រត់​ចុះ​ឡើង​គ្មាន​គោល​ដៅ។

២៤ ដូច​លា​ព្រៃ​ដែល​នៅ​តំបន់​ស្ងាត់​ជ្រងំ ហិត​ក្លិន​ស្វែង​រក​ឈ្មោល

តើ​អ្នក​ណា​អាច​ឃាត់​វា​បាន?

អ្នក​ដែល​រក​វា មិន​ចាំ​បាច់​នឿយ​ហត់​ស្វែង​រក​ទេ

ព្រោះ​នៅ​រដូវ​សត្វ​ដោយ​គ្នា នោះ​នឹង​រក​វា​ឃើញ​ជា​មិន​ខាន។

២៥ ចូរ​ឈប់​ទៅ ដើម្បី​កុំ​ឲ្យ​ជើង​អ្នក​នៅ​ទទេ និង​កុំ​ឲ្យ​អ្នក​ស្រេក​ទឹក​ខះ​ក​ឡើយ!

ប៉ុន្តែ អ្នក​និយាយ​ថា​៖ ‹គ្មាន​ផ្លូវ​ទេ!+ ព្រោះ​ខ្ញុំ​បាន​លង់​ស្រឡាញ់​ព្រះ​ដទៃ​ហើយ+

ខ្ញុំ​នឹង​កាន់​តាម​ព្រះ​ទាំង​នោះ​វិញ›។+

២៦ ដូច​ចោរ​ខ្មាស​គេ ពេល​ត្រូវ​គេ​ចាប់

នោះ​ពូជ​ពង្ស​អ៊ីស្រាអែល​មាន​សេចក្ដី​ខ្មាស​ដូច្នោះ​ដែរ

គឺ​ទាំង​បណ្ដា​ជន ទាំង​ស្ដេច ទាំង​អ្នក​គ្រប់​គ្រង

ទាំង​ពួក​សង្ឃ ទាំង​ពួក​អ្នក​ប្រកាស​ទំនាយ។+

២៧ ពួក​គេ​និយាយ​ទៅ​កាន់​ដើម​ឈើ​ថា​៖ ‹អ្នក​ជា​ឪពុក​របស់​ខ្ញុំ›+

ហើយ​និយាយ​ទៅ​កាន់​ថ្ម​ថា​៖ ‹អ្នក​បាន​បង្កើត​ខ្ញុំ​មក›។

ចំពោះ​ខ្ញុំ​វិញ ពួក​គេ​បែរ​ខ្នង​ដាក់ ហើយ​មិន​មើល​មុខ​ទេ។+

ប៉ុន្តែ ពេល​ស្ថិត​ក្នុង​គ្រា​លំបាក ពួក​គេ​នឹង​ស្រែក​ហៅ​រក​ខ្ញុំ​ថា​៖

‹សូម​លោក​មេត្តា​ជួយ​សង្គ្រោះ​យើង​ផង!›។+

២៨ ឱ​យូដា​អើយ! ព្រះ​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ធ្វើ តើ​នៅ​ឯ​ណា?+

ចូរ​ឲ្យ​ព្រះ​ទាំង​នោះ​ក្រោក​ឡើង​ជួយ​សង្គ្រោះ​អ្នក​ក្នុង​គ្រា​វេទនា​ចុះ

ព្រោះ​ព្រះ​ទាំង​នោះ​មាន​ច្រើន​ដូច​ជា​ក្រុង​របស់​អ្នក​ដែរ។+

២៩ ‹ហេតុ​អ្វី​ក៏​អ្នក​ចេះ​តែ​ប្រឆាំង​នឹង​ខ្ញុំ​ដូច្នេះ?

ហេតុ​អ្វី​បាន​ជា​អ្នក​តែង​តែ​បះ​បោរ​នឹង​ខ្ញុំ​បែប​នេះ?›។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

៣០ ខ្ញុំ​វាយ​ប្រដៅ​កូន​ចៅ​អ្នក​ឥត​ប្រយោជន៍​ទេ+

ព្រោះ​ពួក​គេ​មិន​ព្រម​រាង​ចាល​ឡើយ។+

ដាវ​របស់​អ្នក​បាន​ត្របាក់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​អ្នក+ ដូច​ជា​តោ​ដ៏​សាហាវ។

៣១ ឱ​មនុស្ស​ជំនាន់​នេះ​អើយ! ចូរ​ពិចារណា​អំពី​ប្រសាសន៍​របស់​ខ្ញុំ​ជា​យេហូវ៉ា។

តើ​ខ្ញុំ​ប្រៀប​ដូច​ជា​តំបន់​ស្ងាត់​ជ្រងំ​ចំពោះ​អ៊ីស្រាអែល​ឬ?

តើ​ខ្ញុំ​ប្រៀប​ដូច​ជា​ទឹក​ដី​ងងឹត​សូន្យសុង​ឬ?

រាស្ត្រ​របស់​ខ្ញុំ​និយាយ​ថា​៖ ‹យើង​មាន​សេរី​ភាព!

យើង​នឹង​មិន​មក​រក​លោក​ទៀត​ទេ›។ ម្ដេច​ក៏​ពួក​គេ​និយាយ​ដូច្នេះ?+

៣២ តើ​ស្រី​ក្រមុំ​អាច​ភ្លេច​គ្រឿង​លម្អ​របស់​នាង​បាន​ឬ​ទេ?

តើ​កូន​ក្រមុំ​អាច​ភ្លេច​ពាក់​ខ្សែ​ក្រវាត់​សម្លៀក​បំពាក់​រៀប​ការ​បាន​ឬ?

មិន​អាច​ទេ! ប៉ុន្តែ រាស្ត្រ​របស់​ខ្ញុំ​បាន​បំភ្លេច​ខ្ញុំ​តាំង​ពី​យូរ​មក​ហើយ។+

៣៣ ឱ​ស្ត្រី​អើយ! នាង​ពូកែ​រក​គូ​ស្នេហ៍​ណាស់!

នាង​បាន​ទម្លាប់​ខ្លួន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។+

៣៤ សូម្បី​តែ​សំពត់​នាង ក៏​ប្រឡាក់​ដោយ​ឈាម​របស់​ជន​ក្រី​ក្រ​ស្លូត​ត្រង់។+

ទោះ​ជា​ខ្ញុំ​មិន​បាន​ឃើញ​ពួក​គេ​គាស់​ចូល​ផ្ទះ​នាង​ក្ដី

តែ​ខ្ញុំ​ឃើញ​សំពត់​របស់​នាង​ប្រឡាក់​សុទ្ធ​តែ​ឈាម​របស់​ពួក​គេ។+

៣៥ ទោះ​ជា​យ៉ាង​នោះ​ក្ដី នាង​បាន​ប្រកែក​ថា​៖ ‹ខ្ញុំ​គ្មាន​ទោស​ទេ

ហើយ​លោក​ក៏​លែង​ខឹង​នឹង​ខ្ញុំ​ដែរ›។

មើល! ខ្ញុំ​កំពុង​វិនិច្ឆ័យ​ទោស​នាង

ព្រោះ​នាង​និយាយ​ថា​៖ ‹ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទេ›។

៣៦ អ្នក​នៅ​តែ​ដើរ​តាម​ផ្លូវ​ដែល​មិន​ស្ថិត​ស្ថេរ​របស់​ខ្លួន ហេតុ​អ្វី​ក៏​អ្នក​ចាត់​ទុក​ថា​រឿង​នោះ​ជា​រឿង​ស្រាល​ដូច្នេះ?

មើល! អ្នក​នឹង​អាម៉ាស់​មុខ​ដោយ​សារ​អេហ្ស៊ីប+

ដូច​ដែល​អ្នក​បាន​អាម៉ាស់​មុខ​ដោយ​សារ​អាស៊ីរី​ដែរ។+

៣៧ ដោយ​ហេតុ​នេះ អ្នក​នឹង​ចេញ​ទៅ​ទាំង​អាម៉ាស់​មុខ*+

ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រឆាំង​នឹង​ប្រជា​ជាតិ​ដែល​អ្នក​ពឹង​ផ្អែក។

ដូច្នេះ ពួក​គេ​នឹង​មិន​អាច​ជួយ​អ្នក​ឲ្យ​បាន​ជោគ​ជ័យ​ឡើយ​»។

៣ មាន​គេ​សួរ​ថា​៖ ​«​បើ​ប្ដី​ម្នាក់​លែង​ប្រពន្ធ រួច​នាង​ចេញ​ទៅ​រួម​រស់​ជា​មួយ​នឹង​បុរស​ផ្សេង​ទៀត តើ​ប្ដី​គួរ​ត្រឡប់​ទៅ​រក​នាង​វិញ​ឬ?​»។

ដោយ​ហេតុ​នេះ ស្រុក​ទាំង​មូល​បាន​ស្មោក​គ្រោក​ហើយ មែន​ទេ?+

ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​អ្នក​បាន​ប្រព្រឹត្ត​ដូច​ជា​ស្រី​ពេស្យា​ជា​មួយ​នឹង​គូ​ស្នេហ៍​ជា​ច្រើន។+ ដូច្នេះ តើ​អ្នក​គួរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ឬ?​»។

 ២ ​«​ចូរ​ងើយ​ភ្នែក​មើល​ទៅ​បណ្ដា​ភ្នំ​ដែល​គ្មាន​ដើម​ឈើ

តើ​មាន​កន្លែង​ណា​មួយ​ដែល​អ្នក​មិន​បាន​នាំ​គេ​ទៅ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌?

អ្នក​បាន​អង្គុយ​នៅ​តាម​ផ្លូវ​រង់​ចាំ​គូ​ស្នេហ៍

ដូច​ពួក​អារ៉ាប់​អង្គុយ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ដែរ។

អ្នក​បាន​ធ្វើ​ឲ្យ​ស្រុក​អ្នក​ពេញ​ទៅ​ដោយ​អំពើ​ពេស្យាចារ​និង​អំពើ​ទុច្ចរិត។+

 ៣ ហេតុ​នេះ​ហើយ​បាន​ជា​លែង​មាន​ភ្លៀង​ទៀត សូម្បី​តែ​ភ្លៀង​ចុង​រដូវ​ក៏​គ្មាន​ដែរ។+

ទោះ​ជា​យ៉ាង​នោះ​ក្ដី អ្នក​នៅ​តែ​មាន​មុខ​ក្រាស់​ដូច​ប្រពន្ធ​ដែល​បាន​ផិត​ក្បត់

គឺ​មិន​ចេះ​អៀន​ខ្មាស​ទាល់​តែ​សោះ។+

 ៤ ប៉ុន្តែ ឥឡូវ​អ្នក​ស្រែក​ហៅ​រក​ខ្ញុំ​ថា​៖

‹បិតា​អើយ! លោក​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង។+

 ៥ តើ​លោក​គួរ​ខឹង​ខ្ញុំ​រហូត​ឬ? តើ​លោក​គួរ​គុំ​កួន​នឹង​ខ្ញុំ​ឬ?›។

អ្នក​បាន​និយាយ​ដូច្នេះ​មែន តែ​អ្នក​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង​»។+

៦ នៅ​គ្រា​ស្ដេច​យ៉ូសៀស+ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​‹តើ​អ្នក​ឃើញ​អ៊ីស្រាអែល​ដែល​មិន​ស្មោះ​ត្រង់ បាន​ប្រព្រឹត្ត​អ្វី​ទេ? គឺ​នាង​បាន​ប្រព្រឹត្ត​ដូច​ជា​ស្រី​ពេស្យា​នៅ​លើ​ភ្នំ​ខ្ពស់​ៗ​និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ទាំង​ឡាយ។+ ៧ ទោះ​ជា​នាង​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ក្ដី ក៏​ខ្ញុំ​នៅ​តែ​ហៅ​នាង​ឲ្យ​ត្រឡប់​មក​វិញ​ដែរ។+ ប៉ុន្តែ នាង​មិន​ព្រម​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ទេ។ ឯ​យូដា​វិញ នាង​ចេះ​តែ​សម្លឹង​មើល​ការ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​របស់​អ៊ីស្រាអែល​ជា​បង​ស្រី​ខ្លួន។+ ៨ ម្ល៉ោះ​ហើយ ខ្ញុំ​ក៏​ឲ្យ​លិខិត​លែង​លះ​ដល់​អ៊ីស្រាអែល ហើយ​បណ្ដេញ​នាង​ចេញ+ ព្រោះ​នាង​បាន​ផិត​ក្បត់​ខ្ញុំ។+ ចំណែក​យូដា​ជា​ប្អូន​ស្រី​វិញ ទោះ​ជា​បាន​ឃើញ​បែប​នោះ​ក៏​ដោយ ក៏​នាង​មិន​បាន​ខ្លាច​រអា​ដែរ។ ផ្ទុយ​ទៅ​វិញ នាង​បែរ​ជា​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច​ស្រី​ពេស្យា​ដែរ។+ ៩ នាង​មិន​គិត​ថា​អំពើ​ពេស្យាចារ​របស់​នាង​ជា​រឿង​ធ្ងន់​ធ្ងរ​ទេ ហើយ​នាង​បន្ត​ធ្វើ​ឲ្យ​ស្រុក​ទាំង​មូល​ទៅ​ជា​ស្មោក​គ្រោក ដោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នឹង​ដុំ​ថ្ម​និង​ដើម​ឈើ។+ ១០ ទោះ​ជា​មាន​រឿង​ទាំង​នេះ​កើត​ឡើង​ក្ដី ក៏​យូដា​ជា​ប្អូន​ស្រី​ដែល​ផិត​ក្បត់ មិន​បាន​ត្រឡប់​មក​រក​ខ្ញុំ​ដោយ​អស់​ពី​ចិត្ត​នោះ​ទេ គឺ​គ្រាន់​តែ​ធ្វើ​ពុត​ប៉ុណ្ណោះ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

១១ រួច​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​អ៊ីស្រាអែល​ដែល​មិន​ស្មោះ​ត្រង់ បាន​បង្ហាញ​ថា​ខ្លួន​សុចរិត​ជាង​យូដា​ដែល​ផិត​ក្បត់។+ ១២ ចូរ​ទៅ​ប្រកាស​ពាក្យ​ទាំង​នេះ​ដល់​រាជាណាចក្រ​ខាង​ជើង​ថា​៖+

​«​‹​«​ឱ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​អើយ! ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា›។+ ‹​«​ខ្ញុំ​នឹង​មិន​មើល​ទៅ​អ្នក​ដោយ​កំហឹង​ទេ+ ព្រោះ​ខ្ញុំ​មាន​ភក្ដី​ភាព​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា›។ ‹​«​ខ្ញុំ​នឹង​មិន​ខឹង​អ្នក​រហូត​ឡើយ។ ១៣ ចូរ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ទៅ ព្រោះ​អ្នក​បាន​ធ្វើ​ខុស​ចំពោះ​ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ហើយ។ អ្នក​ចេះ​តែ​ដេញ​តាម​ព្រះ​ដទៃ​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​មិន​ព្រម​ស្ដាប់​សម្ដី​ខ្ញុំ​ទេ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា›​»។

១៤ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ឱ​កូន​ដែល​ក្បត់​អើយ! ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ ព្រោះ​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​ម្ចាស់*ដ៏​ពិត​របស់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​នឹង​ទទួល​អ្នក​រាល់​គ្នា គឺ​ម្នាក់​ពី​ក្រុង​មួយ និង​ពីរ​នាក់​ពី​ក្រុម​គ្រួសារ​មួយ ហើយ​ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​ស៊ីយ៉ូន។+ ១៥ ខ្ញុំ​នឹង​ឲ្យ​ពួក​គង្វាល​ដល់​អ្នក ពួក​គេ​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ+ ហើយ​ផ្ដល់​ចំណេះ​និង​ការ​យល់​ធ្លុះ​ជ្រៅ​ដល់​អ្នក។ ១៦ នៅ​គ្រា​នោះ អ្នក​នឹង​មាន​គ្នា​ច្រើន ហើយ​មាន​កូន​ចៅ​ពេញ​ក្នុង​ស្រុក​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។+ ​«​ពេល​នោះ លែង​មាន​អ្នក​ណា​និយាយ​ថា​៖ ‹នេះ​ជា​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា!›​ទៀត​ហើយ។ អ្នក​នឹង​មិន​គិត​អំពី​ហឹប​នោះ​ទៀត​ទេ ហើយ​ក៏​មិន​នឹក​ចាំ​ឬ​នឹក​នា​ដល់​ហឹប​នោះ​ដែរ។ ហឹប​នោះ​នឹង​មិន​ត្រូវ​ធ្វើ​ម្ដង​ទៀត​ឡើយ។ ១៧ គ្រា​នោះ ពួក​គេ​នឹង​ហៅ​ក្រុង​យេរូសាឡិម​ថា​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា+ ហើយ​ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​មូល​គ្នា​មក​សរសើរ​នាម​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម។+ ពួក​គេ​នឹង​លែង​រឹង​ចចេស ហើយ​ឈប់​ធ្វើ​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន​ទៀត​»។

១៨ ​«​នៅ​គ្រា​នោះ ពូជ​ពង្ស​យូដា​និង​ពូជ​ពង្ស​អ៊ីស្រាអែល​នឹង​ដើរ​ជា​មួយ​គ្នា+ ហើយ​ពួក​គេ​នឹង​ចេញ​មក​ពី​ស្រុក​នៅ​ទិស​ខាង​ជើង ធ្វើ​ដំណើរ​ទៅ​ស្រុក​ដែល​ខ្ញុំ​បាន​ឲ្យ​បុព្វ​បុរស​របស់​ពួក​គេ​ជា​មត៌ក។+ ១៩ ខ្ញុំ​បាន​គិត​ថា​៖ ‹ដោយ​សារ​ខ្ញុំ​បាន​ចាត់​ទុក​អ្នក​ជា​កូន​ប្រុស​ៗ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​នូវ​ទឹក​ដី​ដ៏​ល្អ​និង​ស្រស់​ស្អាត ជា​មត៌ក​ដ៏​វិសេស​បំផុត​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា›+ នោះ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹង​ហៅ​ខ្ញុំ​ថា​‹បិតា!› ថែម​ទាំង​បន្ត​ដើរ​តាម​ខ្ញុំ​រហូត។ ២០ ប៉ុន្តែ ‹ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! អ្នក​បែរ​ជា​ប្រព្រឹត្ត​ដោយ​ផិត​ក្បត់​ចំពោះ​ខ្ញុំ ដូច​ជា​ស្រី​ផិត​ក្បត់​ចុះ​ចោល​ប្ដី​របស់​ខ្លួន​ទៅ​វិញ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

២១ នៅ​លើ​ទី​ទួល​ទាំង​ប៉ុន្មាន មាន​ឮ​សំឡេង​របស់​ប្រជា​ជាតិ​អ៊ីស្រាអែល

កំពុង​យំ​ទួញ​និង​ស្រែក​អង្វរ ព្រោះ​ពួក​គេ​បាន​បង្ខូច​ផ្លូវ​របស់​ខ្លួន​ហើយ

គឺ​ពួក​គេ​បាន​បំភ្លេច​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន។+

២២ ​«​ឱ​កូន​ដែល​ក្បត់​អើយ! ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​មក។

ខ្ញុំ​នឹង​ជួយ​អ្នក​ឲ្យ​លែង​មាន​ចិត្ត​ក្បត់​ទៀត​»។+

ពួក​គេ​ប្រាកដ​ជា​នឹង​តប​ថា​៖ ​«​យើង​ខ្ញុំ​នៅ​ទី​នេះ! យើង​បាន​ត្រឡប់​មក​រក​លោក​វិញ​ហើយ

ព្រោះ​ព្រះ​យេហូវ៉ា​អើយ! លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ។+

២៣ ការ​ដែល​យើង​បញ្ចេញ​សំឡេង​អឺងកង​នៅ​លើ​ភ្នំ​និង​ទី​ទួល​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទេ។+

មាន​តែ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ប៉ុណ្ណោះ​ដែល​ជា​សេចក្ដី​សង្គ្រោះ​របស់​អ៊ីស្រាអែល។+

២៤ ឯ​ព្រះ​ដ៏​គួរ​ឲ្យ​អាម៉ាស់​វិញ ព្រះ​នោះ​បាន​យក​អ្វី​ៗ​ទាំង​អស់​ដែល​បុព្វ​បុរស​របស់​យើង​បាន​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ តាំង​ពី​យើង​នៅ​ក្មេង​មក​ម្ល៉េះ+

គឺ​យក​ហ្វូង​ចៀម​ហ្វូង​ពពែ និង​ហ្វូង​គោ

ព្រម​ទាំង​កូន​ប្រុស​និង​កូន​ស្រី​របស់​ពួក​គាត់​ដែរ។

២៥ ចូរ​ឲ្យ​យើង​ដេក​ក្នុង​សេចក្ដី​ខ្មាស​របស់​ខ្លួន

ហើយ​ឲ្យ​សេចក្ដី​អាម៉ាស់​គ្រប​បាំង​យើង​មក

ព្រោះ​យើង​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​ហើយ+

គឺ​ទាំង​យើង​ទាំង​បុព្វ​បុរស​របស់​យើង​ផង យើង​បាន​ប្រព្រឹត្ត​ដូច្នោះ​តាំង​ពី​យើង​នៅ​ក្មេង​រហូត​មក​ដល់​សព្វ​ថ្ងៃ+

ហើយ​យើង​មិន​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ឡើយ​»។

៤ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ឱ​អ៊ីស្រាអែល​អើយ! បើ​អ្នក​ត្រឡប់​មក​ឯ​ខ្ញុំ ហើយ​បែរ​មក​រក​ខ្ញុំ​វិញ

ព្រម​ទាំង​បំបាត់​ចោល​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ចេញ​ពី​មុខ​ខ្ញុំ

នោះ​អ្នក​នឹង​មិន​បាច់​ដើរ​សាត់​ព្រាត់​ទៀត​ទេ។+

 ២ បើ​អ្នក​ស្បថ​‹ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ›

ដោយ​សេចក្ដី​ពិត ដោយ​សេចក្ដី​សុចរិត និង​យុត្តិធម៌

នោះ​ប្រជា​ជាតិ​នា​នា​នឹង​ទទួល​ពរ​ពី​លោក

ហើយ​ពួក​គេ​នឹង​មាន​មោទនភាព​ដោយ​សារ​លោក​»។+

៣ ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ថា​៖

​«​ចូរ​ភ្ជួរ​រាស់​ដី​ដែល​មិន​ទាន់​ដាំ​ដុះ​ចុះ ហើយ​កុំ​សាប​ព្រោះ​លើ​គុម្ព​បន្លា​ទៀត។+

 ៤ ឱ​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​អើយ!

ដូច​ការ​កាត់​ចុង​ស្បែក​បំបាត់​ភាព​ស្មោក​គ្រោក​ចេញ​ពី​រូប​កាយ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា

ចូរ​បំបាត់​អ្វី​ដែល​ស្មោក​គ្រោក​ចេញ​ពី​ចិត្ត​របស់​អ្នក​រាល់​គ្នា​ទៅ+

ដើម្បី​កុំ​ឲ្យ​កំហឹង​ខ្ញុំ​ឆួល​ឡើង​ដូច​ជា​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ

ដែល​គ្មាន​អ្នក​ណា​ពន្លត់​បាន ដោយ​សារ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក​»។+

 ៥ ចូរ​ប្រកាស​ក្នុង​ស្រុក​យូដា​និង​ក្រុង​យេរូសាឡិម

ថែម​ទាំង​ផ្លុំ​ស្នែង​ឲ្យ​លាន់​ឮ​ទូទាំង​ស្រុក+

គឺ​ស្រែក​ប្រកាស​យ៉ាង​ខ្លាំង​ថា​៖ ​«​ចូរ​មូល​គ្នា​មក

យើង​នឹង​នាំ​គ្នា​រត់​ទៅ​បណ្ដា​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ។+

 ៦ ចូរ​លើក​សញ្ញា​សម្គាល់​តម្រង់​ទៅ​ក្រុង​ស៊ីយ៉ូន

កុំ​ឈរ​ទ្រឹង រក​កន្លែង​ជ្រក​ទៅ​»​

ព្រោះ​ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​អន្តរាយ​ពី​ទិស​ខាង​ជើង+ ជា​សេចក្ដី​វេទនា​ដ៏​ធំ។

 ៧ អ្នក​ដែល​បំផ្លាញ​ប្រជា​ជាតិ​នា​នា​បាន​ចេញ​មក​ហើយ+

គឺ​គាត់​លេច​មក​ដូច​ជា​តោ​ចេញ​ពី​ព្រៃ​ស្ដុក។+

គាត់​ចេញ​ពី​កន្លែង​គាត់​មក ដើម្បី​ធ្វើ​ឲ្យ​ស្រុក​របស់​អ្នក​ទៅ​ជា​ទី​គួរ​ឲ្យ​ស្ញែង​ខ្លាច។

គាត់​នឹង​កម្ទេច​បណ្ដា​ក្រុង​របស់​អ្នក​អស់​គ្មាន​សល់ ហើយ​គ្មាន​អ្នក​ណា​រស់​នៅ​ទី​នោះ​ទៀត​ឡើយ។+

 ៨ ដូច្នេះ ចូរ​ស្លៀក​បាវ+ ហើយ​ទ្រហោ​យំ​កាន់​ទុក្ខ​ទៅ

ព្រោះ​ព្រះ​យេហូវ៉ា​នៅ​តែ​ខឹង​នឹង​យើង​យ៉ាង​ខ្លាំង។

 ៩ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នៅ​គ្រា​នោះ ស្ដេច​នឹង​ស្រយុត​ចិត្ត+

ពួក​អ្នក​គ្រប់​គ្រង​នឹង​តក់​ស្លុត ហើយ​ពួក​សង្ឃ​នឹង​ញ័រ​រន្ធត់

ព្រម​ទាំង​ពួក​អ្នក​ប្រកាស​ទំនាយ នឹង​ភ័យ​ស្រឡាំងកាំង​ដែរ​»។+

១០ បន្ទាប់​មក ខ្ញុំ​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! លោក​បាន​បញ្ឆោត​បណ្ដា​ជន​នេះ+និង​អ្នក​ក្រុង​យេរូសាឡិម​ហើយ ដោយ​ពាក្យ​ថា​‹អ្នក​នឹង​មាន​សន្តិភាព​មិន​ខាន›។+ ប៉ុន្តែ​មើល! ពួក​សត្រូវ​កំពុង​យក​ដាវ​ភ្ជង់​ក​យើង​ទៅ​វិញ​»។

១១ នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​ប្រកាស​ដល់​ប្រជារាស្ត្រ​នេះ​និង​អ្នក​ក្រុង​យេរូសាឡិម​ថា​៖

​«​ខ្យល់​ក្ដៅ​ពី​ទី​ទួល​នៅ​វាល​រហោស្ថាន

នឹង​បក់​នាំ​យក​កូន​ស្រី*នៃ​រាស្ត្រ​ខ្ញុំ​ទៅ​តែ​ម្ដង

គឺ​មិន​មែន​បក់​មក​ដើម្បី​រោយ​ស្រូវ​ទេ។

១២ ខ្យល់​នោះ​បក់​ពេញ​ទំហឹង​ចេញ​ពី​កន្លែង​ទាំង​នោះ​តាម​បញ្ជា​របស់​ខ្ញុំ។

ខ្ញុំ​នឹង​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​ទោស​ទៅ​លើ​ពួក​គេ។

១៣ មើល! គាត់​នឹង​មក​ដូច​ជា​ពពក​យ៉ាង​ក្រាស់

ហើយ​រទេះ​ចម្បាំង​របស់​គាត់​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ+

សេះ​របស់​គាត់​បោល​លឿន​ជាង​ឥន្ទ្រី​ហោះ​ទៅ​ទៀត។+

វេទនា​ហើយ​យើង ព្រោះ​យើង​នឹង​វិនាស​ជា​មិន​ខាន!

១៤ ឱ​យេរូសាឡិម​អើយ! ចូរ​សម្អាត​ចិត្ត​ដ៏​ទុច្ចរិត​របស់​អ្នក​ទៅ​ដើម្បី​ឲ្យ​អ្នក​ទទួល​សេចក្ដី​សង្គ្រោះ។+

តើ​អ្នក​នៅ​តែ​មាន​គំនិត​អាក្រក់​នេះ​ដល់​កាល​ណា​ទៀត?

១៥ ព្រោះ​មាន​សំឡេង​មួយ ប្រាប់​ដំណឹង​ពី​ទឹក​ដី​ដាន់+

ហើយ​មាន​ការ​ប្រកាស​អំពី​សេចក្ដី​វេទនា ពី​តំបន់​ភ្នំ​អេប្រាអ៊ីម។

១៦ ចូរ​ប្រាប់​ដំណឹង​នោះ​ដល់​ប្រជា​ជាតិ​ទាំង​ឡាយ

ហើយ​ប្រកាស​អំពី​រឿង​នោះ​ទាស់​នឹង​ក្រុង​យេរូសាឡិម​»។

​«​ឯ​ពួក​អ្នក​យាម* ពួក​គេ​កំពុង​មក​ពី​ស្រុក​ឆ្ងាយ

ពួក​គេ​នឹង​ស្រែក​ឡើង​ទាស់​នឹង​បណ្ដា​ក្រុង​នៅ​ស្រុក​យូដា។

១៧ ពួក​គេ​មក​ទាស់​នឹង​នាង​ពី​គ្រប់​ទិស​ទី ដូច​ជា​ពួក​អ្នក​យាម​ដែល​នៅ​ទី​វាល+

ព្រោះ​នាង​បាន​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១៨ ​«​រាល់​សកម្មភាព​និង​ការ​ប្រព្រឹត្ត​របស់​អ្នក នឹង​ធ្លាក់​មក​លើ​ខ្លួន​អ្នក​តែ​ម្ដង។+

សេចក្ដី​វេទនា​នោះ​គឺ​ល្វីង​ជូរ​ចត់​ខ្លាំង​ណាស់

ព្រោះ​ក្នុង​ជម្រៅ​ចិត្ត​អ្នក​មាន​តែ​គំនិត​បះ​បោរ​ប៉ុណ្ណោះ​»។

១៩ ឱ​ខ្លួន​ខ្ញុំ​អើយ! ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់! ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ជា​ខ្លាំង។

បេះ​ដូង​ខ្ញុំ​លោត​ញាប់​ឥត​ឈប់។

ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​ទៀត​ទេ ព្រោះ​ខ្ញុំ​បាន​ឮ​សំឡេង​ផ្លុំ​ស្នែង

គឺ​ជា​សញ្ញា​ព្រមាន​អំពី​សង្គ្រាម។*+

២០ ខ្ញុំ​ឮ​អំពី​ទុក្ខ​វេទនា​មួយ​ហើយ​មួយ​ទៀត

ព្រោះ​ស្រុក​ទាំង​មូល​បាន​ខ្ទេច​ខ្ទី​អស់​ហើយ។

ត្រសាល​របស់​ខ្ញុំ​ត្រូវ​គេ​បំផ្លាញ​ចោល​មួយ​រំពេច

គឺ​បាត់​បង់​ទៅ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។+

២១ តើ​ខ្ញុំ​ត្រូវ​មើល​សញ្ញា​សម្គាល់​នោះ​ដល់​ពេល​ណា​ទៅ?

តើ​ខ្ញុំ​ត្រូវ​ឮ​សំឡេង​ផ្លុំ​ស្នែង​ដល់​កាល​ណា​ទៀត?+

២២ ​«​ព្រោះ​រាស្ត្រ​ខ្ញុំ​ល្ងី​ល្ងើ​ណាស់+ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ខ្ញុំ​ទេ។

ពួក​គេ​ជា​កូន​ឆោត​ល្ងង់ គ្មាន​ការ​យល់​ដឹង​ទាល់​តែ​សោះ។

ពួក​គេ​ឆ្លាត​ខាង​ការ​ធ្វើ​អាក្រក់ តែ​ពួក​គេ​មិន​ដឹង​របៀប​ធ្វើ​ល្អ​ឡើយ​»។

២៣ ខ្ញុំ​បាន​មើល​ទៅ​ស្រុក គឺ​ឃើញ​នៅ​ទទេ គ្មាន​នរណា​រស់​នៅ​សោះ។+

ខ្ញុំ​ងើយ​មើល​ទៅ​លើ​មេឃ តែ​មិន​ឃើញ​ពន្លឺ​ទៀត​ឡើយ។+

២៤ ខ្ញុំ​មើល​ទៅ​ភ្នំ ឃើញ​ភ្នំ​ញ័រ​រញ្ជួយ

ហើយ​មើល​ទៅ​ទី​ទួល ឃើញ​ទី​ទួល​កក្រើក​ញាប់​ញ័រ។+

២៥ ខ្ញុំ​ខំ​រក​មើល តែ​មិន​ឃើញ​អ្នក​ណា​ទេ

សូម្បី​តែ​សត្វ​ស្លាប​នៅ​លើ​មេឃ ក៏​ហើរ​ទៅ​បាត់​អស់​ដែរ។+

២៦ ខ្ញុំ​មើល​ទៅ​ចម្ការ ឃើញ​តែ​វាល​ស្ងាត់​សូន្យ​ប៉ុណ្ណោះ

នេះ​កើត​ឡើង​ដោយ​សារ​តែ​ព្រះ​យេហូវ៉ា។

ឯ​បណ្ដា​ក្រុង ក៏​ត្រូវ​គេ​ផ្ដួល​រំលំ​អស់​ដែរ។+

នេះ​កើត​ឡើង​ដោយ​សារ​តែ​កំហឹង​ដ៏​ខ្លាំង​របស់​លោក។

២៧ ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ទុក​ចោល+

ប៉ុន្តែ ខ្ញុំ​នឹង​មិន​បំផ្លាញ​ចោល​ទាំង​ស្រុង​ទេ។

២៨ ដោយ​ហេតុ​នេះ ស្រុក​ទាំង​មូល​នឹង​កាន់​ទុក្ខ+ ហើយ​មេឃ​នឹង​ទៅ​ជា​ងងឹត+

ព្រោះ​ខ្ញុំ​បាន​ចេញ​វាចា​ហើយ ក៏​បាន​សម្រេច​ធ្វើ​ដូច្នោះ​ដែរ។

ដូច្នេះ ខ្ញុំ​នឹង​មិន​កែ​ប្រែ​ចិត្ត ឬ​ផ្លាស់​ប្ដូរ​គំនិត​ឡើយ។+

២៩ ពេល​ឮ​សំឡេង​ទ័ព​សេះ និង​ពល​ធ្នូ

បណ្ដា​ជន​ក្នុង​ក្រុង​ទាំង​មូល​នាំ​គ្នា​រត់​គេច​ខ្លួន​អស់។+

ពួក​គេ​រត់​ចូល​ក្នុង​ព្រៃ​ស្ដុក ហើយ​ឡើង​ទៅ​លាក់​ខ្លួន​លើ​ផ្ទាំង​ថ្ម។+

ក្រុង​ទាំង​ឡាយ​បាន​ត្រូវ​បោះ​បង់​ចោល ហើយ​គ្មាន​អ្នក​ណា​រស់​នៅ​ទៀត​ឡើយ​»។

៣០ ឥឡូវ​អ្នក​បាន​ត្រូវ​បំផ្លាញ​ហើយ តើ​អ្នក​នឹង​ធ្វើ​អ្វី​ទៀត?

អ្នក​ធ្លាប់​តែ​ស្លៀក​ពាក់​ក្រណាត់​ពណ៌​ក្រហម

ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​មាស ថែម​ទាំង​ផាត់​រង្វង់​ភ្នែក​ទៀត​ផង។

ប៉ុន្តែ ការ​តុបតែង​ខ្លួន​របស់​អ្នក​គឺ​ឥត​ប្រយោជន៍​ទេ+

ព្រោះ​អស់​អ្នក​ដែល​លង់​ស្នេហ៍​អ្នក ពួក​គេ​ឈប់​អើពើ​នឹង​អ្នក​ហើយ

តែ​ពួក​គេ​កំពុង​រក​ជីវិត​អ្នក​វិញ។+

៣១ ព្រោះ​ខ្ញុំ​បាន​ឮ​សូរ​សំឡេង​ដូច​ជា​ស្ត្រី​កំពុង​ឈឺ​ចាប់

គឺ​ឈឺ​ចាប់​ដូច​ជា​ស្ត្រី​សម្រាល​កូន​ដំបូង

ជា​សំឡេង​របស់​កូន​ស្រី​ស៊ីយ៉ូន​កំពុង​ដង្ហក់​ត្រដរ​ខ្យល់។

នាង​លើក​ដៃ​និយាយ​ថា​៖+

​«​វេទនា​ដល់​ខ្ញុំ​ហើយ! ព្រោះ​ខ្ញុំ​ល្វើយ​ខ្លាំង​ណាស់​ដោយ​សារ​ពួក​ឃាតករ​»។

៥ ចូរ​ដើរ​តាម​ផ្លូវ​នា​នា​ក្នុង​ក្រុង​យេរូសាឡិម ហើយ​មើល​ជុំវិញ​ឲ្យ​បាន​ហ្មត់​ចត់

រួច​រក​មើល​នៅ​ទី​ធ្លា​សាធារណៈ

បើ​អ្នក​អាច​រក​ឃើញ​បុគ្គល​ម្នាក់​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិធម៌+

ជា​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ត​ស្មោះ​ត្រង់ នោះ​ខ្ញុំ​នឹង​អភ័យ​ទោស​ឲ្យ​ក្រុង​នេះ។

 ២ ទោះ​ជា​ពួក​គេ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ក៏​ដោយ ក៏​ពាក្យ​សម្បថ​របស់​ពួក​គេ​មិន​ពិត​ដែរ។+

 ៣ ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​តែង​រក​មើល​សេចក្ដី​ស្មោះ​ត្រង់ មែន​ទេ?+

លោក​វាយ​ពួក​គេ តែ​ពួក​គេ​មិន​រាង​ចាល​ទេ។

លោក​បាន​បំផ្លាញ​ពួក​គេ​ជា​ច្រើន តែ​ពួក​គេ​មិន​បាន​ទាញ​មេ​រៀន​ពី​ការ​នោះ​ទេ។+

ពួក​គេ​មាន​មុខ​រឹង​ជាង​ថ្ម​ទៅ​ទៀត+ ហើយ​មិន​ព្រម​កែ​ប្រែ​ទាល់​តែ​សោះ។+

 ៤ ប៉ុន្តែ ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្លួន​ឯង​ថា​៖ ​«​ពួក​អ្នក​ទាំង​នេះ​ច្បាស់​ជា​ជន​សាមញ្ញ​ដែល​គ្មាន​ចំណេះ​ដឹង។

ពួក​គេ​ប្រព្រឹត្ត​យ៉ាង​ល្ងី​ល្ងើ​ណាស់ ព្រោះ​ពួក​គេ​មិន​ស្គាល់​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ទេ

ពោល​គឺ​ការ​វិនិច្ឆ័យ​របស់​ព្រះ​នៃ​ពួក​គេ។

 ៥ ខ្ញុំ​នឹង​ទៅ​ឯ​ពួក​អ្នក​មាន​មុខ​មាត់ ហើយ​និយាយ​ជា​មួយ​នឹង​ពួក​គេ

ព្រោះ​ពួក​គេ​ច្បាស់​ជា​ស្គាល់​ផ្លូវ​របស់​ព្រះ​យេហូវ៉ា

គឺ​ស្គាល់​ការ​វិនិច្ឆ័យ​របស់​ព្រះ​នៃ​ពួក​គេ។+

ប៉ុន្តែ ពួក​គេ​ទាំង​អស់​គ្នា​បាន​បំបាក់​នឹម* ហើយ​កាត់​ផ្ដាច់​ចំណង​ចោល​»។

 ៦ ហេតុ​នេះ​ហើយ​បាន​ជា​តោ​នៅ​ព្រៃ​ចេញ​មក​ត្របាក់​ពួក​គេ

ហើយ​ឆ្កែ​ចចក​នៅ​តំបន់​ស្ងាត់​ជ្រងំ​បំផ្លាញ​ពួក​គេ។

ឯ​ខ្លា​រខិន​វិញ វា​បាន​ដេក​ចាំ​នៅ​ជិត​បណ្ដា​ក្រុង​របស់​ពួក​គេ។

អ្នក​ណា​ដែល​ចេញ​ពី​ក្រុង​នោះ នឹង​ត្រូវ​វា​ត្របាក់​ស៊ី

ព្រោះ​អំពើ​រំលង​របស់​ពួក​គេ​មាន​ច្រើន​ណាស់

ហើយ​ការ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​របស់​ពួក​គេ ក៏​រាប់​មិន​អស់​ដែរ។+

 ៧ តើ​ឲ្យ​ខ្ញុំ​អភ័យ​ទោស​ឲ្យ​អ្នក*ម្ដេច​នឹង​បាន​ទៅ?

ព្រោះ​កូន​ចៅ​អ្នក​បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយ

ព្រម​ទាំង​ស្បថ​ដោយ​នូវ​ឈ្មោះ​ព្រះ​មិន​ពិត​ទៀត​ផង។+

ខ្ញុំ​បាន​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ

តែ​ពួក​គេ​នៅ​តែ​មិន​ស្កប់​ស្កល់ ហើយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដដែល។

ពួក​គេ​តែង​តែ​ផ្ដុំ​គ្នា​នៅ​ផ្ទះ​របស់​ស្រី​ពេស្យា។

 ៨ ដូច​សេះ​ស្រែក​កញ្ជ្រៀវ​រក​ញី​យ៉ាង​ណា

នោះ​ពួក​គេ​ក៏​ឆ្លេឆ្លា​តាម​ប្រពន្ធ​របស់​អ្នក​ឯ​ទៀត​យ៉ាង​នោះ​ដែរ។+

 ៩ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​តើ​មិន​គួរ​ឲ្យ​ខ្ញុំ​ដាក់​ទោស​ពួក​គេ​ចំពោះ​រឿង​ទាំង​នេះ​ទេ​ឬ? តើ​មិន​គួរ​ឲ្យ​ខ្ញុំ​សង​សឹក​នឹង​ប្រជា​ជាតិ​នេះ​ទេ​ឬ?​»។+

១០ ​«​ចូរ​ឡើង​មក​ទាស់​នឹង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​នាង ហើយ​បំផ្លាញ​ចោល​ទៅ តែ​កុំ​បំផ្លាញ​ទាំង​អស់​ឡើយ។+

ចូរ​កាត់​ខ្នែង​របស់​នាង​ចេញ ព្រោះ​ខ្នែង​ទាំង​នោះ​មិន​មែន​ជា​របស់​ព្រះ​យេហូវ៉ា​ទេ។

១១ ព្រោះ​ពូជ​ពង្ស​អ៊ីស្រាអែល​និង​ពូជ​ពង្ស​យូដា

សុទ្ធ​តែ​ក្បត់​នឹង​ខ្ញុំ​ហើយ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។+

១២ ​«​ពួក​គេ​មិន​បាន​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ទេ ហើយ​ចេះ​តែ​និយាយ​ថា​៖

‹លោក​នឹង​មិន​ធ្វើ​អ្វី​ឡើយ*+ ហើយ​សេចក្ដី​វេទនា​ក៏​មិន​ធ្លាក់​មក​លើ​យើង​ដែរ។

យើង​នឹង​មិន​ជួប​សង្គ្រាម​ឬ​ការ​អត់​ឃ្លាន​ទេ›។+

១៣ ពួក​អ្នក​ប្រកាស​ទំនាយ​សុទ្ធ​តែ​ឥត​បាន​ការ

ហើយ​ប្រសាសន៍​របស់​ព្រះ​មិន​នៅ​ក្នុង​ចិត្ត​ពួក​គេ​ទេ។

សូម​ឲ្យ​ពួក​គេ​វិនាស​សាប​សូន្យ​ទៅ!​»។*

១៤ ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖

​«​ដោយ​សារ​បុរស​ទាំង​នេះ​កំពុង​និយាយ​ដូច្នេះ

មើល! ខ្ញុំ​នឹង​ដាក់​ពាក្យ​របស់​ខ្ញុំ​ដែល​ប្រៀប​ដូច​ជា​ភ្លើង នៅ​ក្នុង​មាត់​អ្នក+

ឯ​បណ្ដា​ជន​នេះ​ប្រៀប​ដូច​ជា​អុស​វិញ ហើយ​ភ្លើង​នោះ​នឹង​ឆាប​ឆេះ​ពួក​គេ​»។+

១៥ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! មើល! ខ្ញុំ​នឹង​នាំ​ប្រជា​ជាតិ​មួយ​ដែល​នៅ​ឆ្ងាយ ឲ្យ​មក​ទាស់​នឹង​អ្នក។+

ប្រជា​ជាតិ​នោះ​មាន​តាំង​ពី​យូរ​មក​ហើយ ជា​ប្រជា​ជាតិ​ពី​បុរាណ

ពួក​គេ​និយាយ​ភាសា​ផ្សេង​ដែល​អ្នក​មិន​ស្គាល់ ហើយ​ក៏​មិន​យល់​ដែរ។+

១៦ ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​ដ៏​អង់អាច

ហើយ​បំពង់​ព្រួញ​របស់​ពួក​គេ​ប្រៀប​ដូច​ជា​ផ្នូរ​បើក​ចំហ។

១៧ ពួក​គេ​នឹង​ដណ្ដើម​យក​ផល​ដំណាំ​និង​ស្បៀង​អាហារ​របស់​អ្នក+

ថែម​ទាំង​សម្លាប់​កូន​ប្រុស​កូន​ស្រី​អ្នក​ទៀត​ផង។

ពួក​គេ​នឹង​ចាប់​យក​ហ្វូង​ចៀម ហ្វូង​ពពែ និង​ហ្វូង​គោ​របស់​អ្នក

ព្រម​ទាំង​បំផ្លាញ​ចម្ការ​ទំពាំង​បាយ​ជូរ​និង​ចម្ការ​ល្វា​របស់​អ្នក​ទៀត​ផង។

ពួក​គេ​នឹង​វាយ​រំលំ​បណ្ដា​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ​ជា​ក្រុង​ដែល​អ្នក​រាល់​គ្នា​ទុក​ចិត្ត​»។

១៨ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ប៉ុន្តែ នៅ​គ្រា​នោះ​ខ្ញុំ​នឹង​មិន​បំផ្លាញ​អ្នក​រាល់​គ្នា​ទាំង​ស្រុង​ទេ។+ ១៩ ពេល​ពួក​គេ​សួរ​ថា​៖ ‹ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង បាន​ធ្វើ​ដូច្នេះ​ចំពោះ​យើង?›។ អ្នក​ត្រូវ​ឆ្លើយ​ប្រាប់​ពួក​គេ​ថា​៖ ‹នេះ​គឺ​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ខ្ញុំ ហើយ​គោរព​បម្រើ​ដល់​ព្រះ​ដទៃ​នៅ​ក្នុង​ស្រុក​អ្នក។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បម្រើ​ជន​ជាតិ​ដទៃ​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ​វិញ›​»។+

២០ ចូរ​ប្រកាស​ពាក្យ​ទាំង​នេះ​ដល់​ពូជ​ពង្ស​យ៉ាកុប

ហើយ​ថ្លែង​ប្រាប់​ដល់​ពួក​យូដា​ថា​៖

២១ ​«​ឱ​ប្រជា​ជាតិ​ដ៏​ល្ងី​ល្ងើ​និង​ខ្វះ​ការ​ពិចារណា​អើយ! ចូរ​ស្ដាប់​ពាក្យ​ដូច​ត​ទៅ​នេះ​៖+

អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ​ទេ+

អ្នក​រាល់​គ្នា​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ​ឡើយ។+

២២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច​ខ្ញុំ​ទេ​ឬ?

តើ​អ្នក​រាល់​គ្នា​មិន​តក់​ស្លុត​នៅ​ចំពោះ​ខ្ញុំ​ទេ​ឬ?

គឺ​ខ្ញុំ​ហើយ​ដែល​បាន​ដាក់​ឆ្នេរ​ខ្សាច់​ជា​ដែន​ខណ្ឌ​សមុទ្រ

គឺ​ជា​ច្បាប់​ដ៏​ស្ថិត​ស្ថេរ​ដែល​សមុទ្រ​មិន​អាច​ឆ្លង​ផុត​ឡើយ។

ទោះ​ជា​រលក​បក់​បោក​យ៉ាង​ណា ក៏​មិន​អាច​រំលង​បាន​ទេ

ទោះ​ជា​រលក​កញ្ជ្រោល​កក្រើក​រំពើក​យ៉ាង​ណា ក៏​មិន​អាច​ឆ្លង​ហួស​បាន​ដែរ។+

២៣ ប៉ុន្តែ ប្រជា​ជាតិ​នេះ​ចេះ​តែ​បះ​បោរ និង​មាន​ចិត្ត​រឹង​រូស​ជា​និច្ច។

ពួក​គេ​បាន​បែរ​ទៅ​ធ្វើ​តាម​ផ្លូវ​របស់​ខ្លួន​វិញ។+

២៤ ពួក​គេ​មិន​បាន​នឹក​គិត​ក្នុង​ចិត្ត​ថា​៖

​«​ឥឡូវ ចូរ​យើង​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​វិញ

លោក​ហើយ​ដែល​បាន​ផ្ដល់​ទឹក​ភ្លៀង​តាម​រដូវ គឺ​ទាំង​ដើម​រដូវ ទាំង​ចុង​រដូវ។

លោក​ជា​អ្នក​កំណត់​ឲ្យ​មាន​រដូវ​ប្រមូល​ផល​ជា​ទៀង​ទាត់​សម្រាប់​យើង​»។+

២៥ អ្នក​មិន​បាន​ទទួល​អ្វី​ទាំង​នេះ ដោយ​សារ​តែ​កំហុស​ឆ្គង​របស់​អ្នក

ហើយ​អំពើ​ខុស​ឆ្គង​របស់​អ្នក​បាន​នាំ​ឲ្យ​អ្នក​បង់​ប្រយោជន៍។+

២៦ ព្រោះ​មាន​មនុស្ស​ទុច្ចរិត​ក្នុង​ចំណោម​រាស្ត្រ​ខ្ញុំ។

ពួក​គេ​ចេះ​តែ​រំពៃ​មើល ដូច​ជា​នាយ​ព្រាន​លប​ចាំ​ចាប់​សត្វ​ស្លាប។

ពួក​គេ​រាយ​អន្ទាក់​ដើម្បី​ចាប់​មនុស្ស។

២៧ ដូច​ទ្រុង​ដែល​មាន​ពេញ​ដោយ​សត្វ​ស្លាប

នោះ​ផ្ទះ​របស់​ពួក​គេ​ក៏​ពេញ​ទៅ​ដោយ​ការ​បោក​បញ្ឆោត​ដែរ។+

ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មាន​អំណាច​និង​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ។

២៨ ពួក​គេ​ឡើង​សាច់ ហើយ​ធាត់​រលោង

ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ក្រៃ​លែង។

ដើម្បី​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន ពួក​គេ​មិន​ជួយ​រក​យុត្តិធម៌​ឲ្យ​កូន​កំព្រា​ទេ+

ហើយ​ក៏​មិន​កាត់​ក្ដី​ដោយ​យុត្តិធម៌​ឲ្យ​ជន​ក្រី​ក្រ​ដែរ›​»។+

២៩ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​តើ​មិន​គួរ​ឲ្យ​ខ្ញុំ​ដាក់​ទោស​ពួក​គេ​ចំពោះ​រឿង​ទាំង​នេះ​ទេ​ឬ?

តើ​មិន​គួរ​ឲ្យ​ខ្ញុំ​សង​សឹក​នឹង​ប្រជា​ជាតិ​នេះ​ទេ​ឬ?។

៣០ មាន​រឿង​ដ៏​អាក្រក់​និង​គួរ​ឲ្យ​រន្ធត់​កើត​ឡើង​នៅ​ក្នុង​ស្រុក

៣១ គឺ​ពួក​អ្នក​ប្រកាស​ទំនាយ​ប្រកាស​ពាក្យ​មិន​ពិត+

ហើយ​ពួក​សង្ឃ​ប្រើ​អំណាច​ខ្លួន ត្រួត​ត្រា​លើ​អ្នក​ឯ​ទៀត។

ចំណែក​រាស្ត្រ​របស់​ខ្ញុំ ពួក​គេ​ពេញ​ចិត្ត​នឹង​ការ​ទាំង​នោះ​ណាស់។+

ប៉ុន្តែ ពេល​ដែល​ទី​បញ្ចប់​មក​ដល់ តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​អ្វី​ទៅ?​»។

៦ ឱ​កូន​ចៅ​បេនយ៉ាមីន​អើយ! ចូរ​រក​កន្លែង​ជ្រក​ឲ្យ​ឆ្ងាយ​ពី​ក្រុង​យេរូសាឡិម​ទៅ។ ចូរ​ផ្លុំ​ស្នែង+នៅ​ក្រុង​ថេកូអា+

ហើយ​ដុត​ភ្លើង​ធ្វើ​ជា​សញ្ញា​នៅ​លើ​បេតហាកេរែម​ចុះ!

ព្រោះ​អន្តរាយ​ពី​ទិស​ខាង​ជើង​ជិត​មក​ដល់​ហើយ ជា​សេចក្ដី​ហិន​វិនាស​ដ៏​ធំ។+

 ២ ឯ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន* នាង​ដូច​ជា​ស្រី​ល្វត​ល្វន់​ស្រស់​ស្អាត។+

 ៣ ពួក​គង្វាល​នឹង​មក​ជា​មួយ​នឹង​ហ្វូង​សត្វ​របស់​ពួក​គេ​ជា​ក្រុម​ៗ។

ពេល​មក​ដល់ ពួក​គេ​នឹង​ដំឡើង​ត្រសាល​នៅ​ជុំវិញ​នាង+

ហើយ​ឲ្យ​ហ្វូង​សត្វ​ស៊ី​ចំណី​នៅ​កន្លែង​រៀង​ៗ​ខ្លួន។+

 ៤ ​«​ចូរ​ត្រៀម​ច្បាំង​នឹង​នាង​ទៅ!

នៅ​ពេល​ថ្ងៃ​ត្រង់ ចូរ​យើង​ក្រោក​ឡើង ហើយ​វាយ​ប្រហារ​នាង!​»។

​«​វរ​ហើយ! ព្រោះ​ថ្ងៃ​កាន់​តែ​ជ្រេ​ហើយ ឯ​យប់​ក៏​កាន់​តែ​ងងឹត​ដែរ​»។

 ៥ ​«​ចូរ​យើង​ក្រោក​ឡើង ហើយ​វាយ​ប្រហារ​នាង​នៅ​ពេល​យប់

ហើយ​បំផ្លាញ​ប៉ម​រឹង​មាំ​ទាំង​ប៉ុន្មាន​របស់​នាង​ទៅ​»។+

 ៦ ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖

​«​ចូរ​កាប់​ដើម​ឈើ ហើយ​លើក​ដី​ឡើង​កំពែង​ដើម្បី​ចូល​វាយលុក​ក្រុង​យេរូសាឡិម​ទៅ+

ក្រុង​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទោស​កំហុស​ខ្លួន

ព្រោះ​ក្នុង​ក្រុង​នោះ​មាន​សុទ្ធ​តែ​ការ​សង្កត់​សង្កិន​ប៉ុណ្ណោះ។+

 ៧ ដូច​អណ្ដូង​ជា​ប្រភព​នៃ​ទឹក​ត្រជាក់ នាង​ក៏​ជា​ប្រភព​នៃ​សេចក្ដី​ទុច្ចរិត​ដែរ។

ក្នុង​ក្រុង​នោះ​ឮ​តែ​អំពើ​ហិង្សា និង​ការ​បំផ្លិច​បំផ្លាញ+

ថែម​ទាំង​មាន​ជំងឺ​និង​ទុក្ខ​វេទនា​ឥត​ស្រាក​ស្រាន្ត​នៅ​ចំពោះ​មុខ​ខ្ញុំ។

 ៨ ឱ​ក្រុង​យេរូសាឡិម​អើយ! ចូរ​ភ្ញាក់​ខ្លួន​ឡើង! បើ​មិន​ដូច្នោះ​ទេ​ខ្ញុំ​នឹង​បែរ​ចេញ​ពី​នាង​ដោយ​ស្អប់​ខ្ពើម+

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​កន្លែង​ដែល​គេ​ទុក​ចោល​គ្មាន​អ្នក​ណា​រស់​នៅ​ទៀត​»។+

 ៩ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖

​«​ពួក​គេ​នឹង​ប្រមូល​ពួក​អ៊ីស្រាអែល​ដែល​នៅ​សល់ ដូច​ជា​ប្រមូល​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ចុង​ក្រោយ។

ចូរ​លូក​ដៃ​ទៅ​ប្រឡេះ​ម្ដង​ទៀត ដូច​អ្នក​ប្រឡេះ​ផ្លែ​ពី​ដើម​ទំពាំង​បាយ​ជូរ​»។

១០ ​«​តើ​ខ្ញុំ​គួរ​ព្រមាន​អ្នក​ណា​ទៅ? តើ​អ្នក​ណា​នឹង​ស្ដាប់​ខ្ញុំ?

មើល! ពួក​គេ​បាន​ខ្ទប់​ត្រចៀក​ខ្លួន ដើម្បី​កុំ​ឲ្យ​ស្ដាប់​ឮ។+

មើល! ពួក​គេ​បាន​មើល​ងាយ​ពាក្យ​សម្ដី​របស់​ព្រះ​យេហូវ៉ា+

ហើយ​មិន​ពេញ​ចិត្ត​នឹង​ប្រសាសន៍​របស់​លោក​ទេ។

១១ ដូច្នេះ ខ្លួន​ខ្ញុំ​មាន​ពេញ​ទៅ​ដោយ​កំហឹង​របស់​ព្រះ​យេហូវ៉ា រហូត​ដល់​ទប់​លែង​បាន​»។+

លោក​ក៏​ប្រាប់​ថា​៖ ​«​ចូរ​បញ្ចេញ​កំហឹង​ខ្ញុំ​ទៅ​លើ​កូន​ក្មេង​នៅ​តាម​ផ្លូវ​ទៅ+

និង​ទៅ​លើ​ក្រុម​យុវជន​ដែល​បាន​មក​ជួប​ជុំ​គ្នា។

ពួក​គេ​ទាំង​អស់​នឹង​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ គឺ​ទាំង​ប្ដី​ទាំង​ប្រពន្ធ

ទាំង​បុរស​វ័យ​ចាស់ ទាំង​មនុស្ស​ចាស់​ជរា។+

១២ អ្នក​ឯ​ទៀត​នឹង​ដណ្ដើម​យក​ផ្ទះ​សម្បែង ស្រែ​ចម្ការ និង​ប្រពន្ធ​របស់​ពួក​គេ+

ព្រោះ​ខ្ញុំ​នឹង​លើក​ដៃ​ទៅ​ទាស់​នឹង​ពួក​អ្នក​ស្រុក​នោះ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១៣ ​«​ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​រក​ស៊ី​មិន​ទៀង​ត្រង់+

ហើយ​ចាប់​ពី​ពួក​អ្នក​ប្រកាស​ទំនាយ​ទៅ​ដល់​ពួក​សង្ឃ​ពួក​គេ​សុទ្ធ​តែ​ជា​ជន​បោក​ប្រាស់។+

១៤ ពួក​គេ​ធ្វើ​ឲ្យ​របួស​រាស្ត្រ​ខ្ញុំ​ជា​សះ​តែ​បន្តិច​បន្តួច​ទេ ដោយ​និយាយ​ថា​៖

‹មាន​សន្តិភាព​ហើយ! មាន​សន្តិភាព​ហើយ!› តែ​តាម​ពិត​គ្មាន​ទាល់​តែ​សោះ។+

១៥ តើ​ពួក​គេ​អៀន​ខ្មាស​ចំពោះ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ឬ​ទេ?

ពួក​គេ​គ្មាន​ការ​អៀន​ខ្មាស​ទាល់​តែ​សោះ!

គឺ​ពួក​គេ​មិន​ទាំង​ដឹង​ថា​ការ​អៀន​ខ្មាស​ជា​អ្វី​ផង។+

ហេតុ​នេះ ពួក​គេ​នឹង​ដួល​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​ដួល​រួច​ហើយ។

ពេល​ខ្ញុំ​ដាក់​ទោស​ពួក​គេ ពួក​គេ​នឹង​ជំពប់​ដួល​ជា​មិន​ខាន​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

១៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឈរ​នៅ​ផ្លូវ​បំបែក ហើយ​សម្លឹង​មើល។

បន្ទាប់​មក ចូរ​សួរ​រក​ផ្លូវ​ពី​ចាស់​បុរាណ​ដែល​ជា​ផ្លូវ​ដ៏​ល្អ រួច​ដើរ​តាម​ផ្លូវ​នោះ​ចុះ+

ដើម្បី​អ្នក​អាច​រក​កន្លែង​សម្រាក​សម្រាប់​ខ្លួន​»។

ប៉ុន្តែ ពួក​គេ​និយាយ​ថា​៖ ​«​យើង​នឹង​មិន​ដើរ​តាម​ផ្លូវ​នោះ​ជា​ដាច់​ខាត​»។+

១៧ ​«​ខ្ញុំ​ក៏​បាន​តែង​តាំង​ពួក​អ្នក​យាម+ ហើយ​ពួក​គេ​បាន​និយាយ​ថា​៖

‹ចូរ​ប្រុង​ស្ដាប់​សំឡេង​ផ្លុំ​ស្នែង​ទៅ!›​»។+

ប៉ុន្តែ បណ្ដា​ជន​ឆ្លើយ​ថា​៖ ​«​យើង​មិន​ស្ដាប់​ទេ!​»។+

១៨ ​«​ដូច្នេះ ឱ​ប្រជា​ជាតិ​ទាំង​ឡាយ​អើយ! ចូរ​ស្ដាប់​ចុះ!

ឱ​ពួក​ជំនុំ​អើយ! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់

ដើម្បី​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​គេ។

១៩ ឱ​ផែនដី​អើយ! ចូរ​ត្រង​ត្រាប់​ស្ដាប់!

ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​វេទនា​មក​លើ​ប្រជា​ជាតិ​នេះ+

ជា​ផល​ដែល​ពួក​គេ​បាន​សាប​ព្រោះ

ព្រោះ​ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​សម្ដី​របស់​ខ្ញុំ​ទេ

ហើយ​ក៏​មិន​បាន​ធ្វើ​តាម​ច្បាប់*របស់​ខ្ញុំ​ដែរ​»។

២០ ​«​ម្សៅ​ក្រអូប​ដែល​អ្នក​យក​មក​ពី​ស្រុក​សេបា

និង​ឈើ​ក្រអូប*ដែល​អ្នក​យក​មក​ពី​ស្រុក​ឆ្ងាយ តើ​មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ​ឬ?

ខ្ញុំ​មិន​ព្រម​ទទួល​គ្រឿង​បូជា​ដុត​របស់​អ្នក​ឡើយ

ហើយ​ក៏​មិន​ពេញ​ចិត្ត​នឹង​គ្រឿង​បូជា​ឯ​ទៀត​របស់​អ្នក​ដែរ​»។+

២១ ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

​«​មើល! ខ្ញុំ​នឹង​ដាក់​ឧបសគ្គ​នៅ​មុខ​ពួក​គេ

ពួក​គេ​នឹង​ជំពប់​ដួល គឺ​ទាំង​ឪពុក ទាំង​កូន ទាំង​អ្នក​ជិត​ខាង

ទាំង​មិត្ត​សម្លាញ់ ហើយ​ពួក​គេ​នឹង​វិនាស​អស់​ទៅ​»។+

២២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

​«​មើល! មាន​ប្រជា​ជាតិ​មួយ​កំពុង​មក​ពី​ស្រុក​នៃ​ភាគ​ខាង​ជើង

គឺ​ជា​ប្រជា​ជាតិ​ដ៏​ខ្លាំង​ក្លា​ដែល​មក​ពី​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​ពួក​គេ​នឹង​ត្រូវ​ដាស់​ឲ្យ​មក។+

២៣ ពួក​គេ​នឹង​មក​ដោយ​ជិះ​សេះ+ ទាំង​មាន​ធ្នូ​និង​លំពែង។

ពួក​គេ​ជា​មនុស្ស​សាហាវ​ព្រៃ​ផ្សៃ គ្មាន​ចិត្ត​មេត្តា​ឡើយ។

សម្រែក​របស់​ពួក​គេ​ដូច​ជា​សំឡេង​សមុទ្រ​កញ្ជ្រោល​បក់​បោក។

ឱ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន*អើយ! ពួក​គេ​តម្រៀប​ទ័ព​មក​ទាស់​នឹង​នាង​ប្រៀប​ដូច​ជា​អ្នក​ចម្បាំង​ម្នាក់​»។

២៤ ពេល​យើង​ឮ​ដំណឹង​នោះ ដៃ​របស់​យើង​បាន​ស្រយង់​ទៅ+

ហើយ​សេចក្ដី​វេទនា​ធ្វើ​ឲ្យ​យើង​តក់​ស្លុត​ជា​ខ្លាំង

ការ​ឈឺ​ចាប់​គឺ​ប្រៀប​ដូច​ជា​ស្ត្រី​ឈឺ​ពោះ​សម្រាល​កូន។+

២៥ ចូរ​កុំ​ចេញ​ទៅ​ឯ​វាល ឬ​ដើរ​តាម​ផ្លូវ​ឡើយ

ព្រោះ​ពួក​សត្រូវ​បាន​មក​ទាំង​មាន​ដាវ​ផង។

ហេតុ​នេះ​ហើយ​បាន​ជា​មាន​ការ​ភ័យ​តក់​ស្លុត​នៅ​គ្រប់​ទិស​ទី។

២៦ ឱ​កូន​ស្រី​នៃ​រាស្ត្រ​ខ្ញុំ​អើយ! ចូរ​ស្លៀក​បាវ+ ហើយ​រមៀល​ខ្លួន​នៅ​លើ​ផេះ​ទៅ។

ចូរ​ស្រែក​ទ្រហោ​យំ ដូច​ជា​យំ​កាន់​ទុក្ខ​កូន​ប្រុស​តែ​មួយ​ចុះ+

ព្រោះ​អ្នក​ដែល​បំផ្លាញ​នឹង​មក​វាយ​ប្រហារ​អ្នក​ភ្លាម​មួយ​រំពេច។+

២៧ ​«​ខ្ញុំ​បាន​តែង​តាំង​អ្នក*ឲ្យ​ពិសោធ​មើល​រាស្ត្រ​របស់​ខ្ញុំ ដូច​ជាង​ពិសោធ​លោហៈ

ចូរ​ពិសោធ​មើល​ពួក​គេ​ឲ្យ​បាន​ល្អិត​ល្អន់

គឺ​អ្នក​ត្រូវ​ពិនិត្យ​ពិចារណា​អំពី​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ឲ្យ​បាន​ហ្មត់​ចត់។

២៨ ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ជា​មនុស្ស​រឹង​ចចេស​បំផុត+

ប្រៀប​ដូច​ជា​ដែក​និង​ស្ពាន់។

ពួក​គេ​ចេះ​តែ​ដើរ​និយាយ​បង្កាច់​បង្ខូច+

ហើយ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​សុទ្ធ​តែ​ខូច​អាក្រក់។

២៩ ជាង​ខំ​ប្រឹង​សប់​ខ្យល់ បាញ់​ទៅ​លើ​ភ្លើង​ដើម្បី​បន្សុទ្ធ​ប្រាក់។ គាត់​សប់​រហូត​ដល់​ឆេះ​ស្នប់​របស់​គាត់

ប៉ុន្តែ ការ​ខំ​ប្រឹង​របស់​គាត់​គឺ​ឥត​ប្រយោជន៍+ ព្រោះ​មាន​តែ​សំណ​ប៉ុណ្ណោះ​ចេញ​ពី​ភ្លើង។

ដូច​គ្នា​ដែរ ពួក​អ្នក​ដែល​ធ្វើ​អាក្រក់​មិន​បាន​ត្រូវ​ដក​ចេញ​ពី​ចំណោម​បណ្ដា​ជន​ឡើយ។+

៣០ បណ្ដា​ជន​ទាំង​ឡាយ​នឹង​ហៅ​ពួក​គេ​ថា​ជា​ប្រាក់​ដែល​គ្មាន​តម្លៃ

ព្រោះ​ព្រះ​យេហូវ៉ា​មិន​ទទួល​ស្គាល់​ពួក​គេ​ឡើយ​»។+

៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​យេរេមា​ដូច្នេះ​ថា​៖ ២ ​«​ចូរ​ឈរ​នៅ​ខ្លោង​ទ្វារ​វិហារ​របស់​ព្រះ​យេហូវ៉ា ហើយ​ប្រកាស​ដំណឹង​នេះ​ថា​៖ ‹ឱ​បណ្ដា​ជន​យូដា​ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ៣ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​កែ​ខ្លួន​និង​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​ទៅ នោះ​ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​នេះ​ត​ទៅ​ទៀត។+ ៤ ចូរ​កុំ​ទុក​ចិត្ត​ពាក្យ​បោក​បញ្ឆោត​ដែល​និយាយ​ថា​៖ ‹នេះ*ជា​វិហារ​របស់​ព្រះ​យេហូវ៉ា វិហារ​របស់​ព្រះ​យេហូវ៉ា វិហារ​របស់​ព្រះ​យេហូវ៉ា!›។+ ៥ ប្រសិន​បើ​អ្នក​រាល់​គ្នា​កែ​ខ្លួន​និង​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​ខ្លួន ព្រម​ទាំង​វិនិច្ឆ័យ​ក្ដី​ដោយ​យុត្តិធម៌ ពេល​មាន​ជម្លោះ​រវាង​បុរស​ម្នាក់​និង​អ្នក​ជិត​ខាង​របស់​គាត់+ ៦ ហើយ​បើ​អ្នក​រាល់​គ្នា​មិន​ជិះ​ជាន់​ជន​បរទេស កូន​កំព្រា​និង​ស្ត្រី​មេម៉ាយ+ ព្រម​ទាំង​មិន​សម្លាប់​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ ហើយ​ឈប់​ដើរ​តាម​ព្រះ​ដទៃ​ដែល​នាំ​ឲ្យ​មាន​ទុក្ខ​ដល់​ខ្លួន+ ៧ នោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ទឹក​ដី​នេះ​ត​ទៅ​ទៀត គឺ​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​ឲ្យ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ជា​ដរាប​ត​ទៅ​»​›​»។

៨ ​«​ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ទុក​ចិត្ត​ពាក្យ​បោក​បញ្ឆោត​វិញ+ គឺ​ជា​អ្វី​ដែល​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ។ ៩ អ្នក​រាល់​គ្នា​បាន​លួច+ សម្លាប់​មនុស្ស ផិត​ក្បត់ ស្បថ​មិន​ពិត+ ជូន​គ្រឿង​បូជា​ដល់​ព្រះ​បាល+ និង​កាន់​តាម​ព្រះ​ឯ​ទៀត​ដែល​ខ្លួន​មិន​ស្គាល់។ ១០ រួច​អ្នក​រាល់​គ្នា​ចូល​មក​ឈរ​នៅ​ចំពោះ​ខ្ញុំ​ក្នុង​វិហារ​ដែល​ជា​តំណាង​នាម​ខ្ញុំ ហើយ​និយាយ​ថា​៖ ‹យើង​នឹង​ទទួល​សេចក្ដី​សង្គ្រោះ›។ តើ​រឿង​នេះ​អាច​ទៅ​រួច​ទេ? ព្រោះ​អ្នក​រាល់​គ្នា​កំពុង​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ហើយ។ ១១ តើ​អ្នក​រាល់​គ្នា​ចាត់​ទុក​វិហារ​នេះ​ដែល​ជា​តំណាង​នាម​ខ្ញុំ ជា​សម្បុក​ចោរ​ឬ?+ មើល! ខ្ញុំ​បាន​ឃើញ​ការ​ទាំង​នេះ​ដោយ​ផ្ទាល់​ភ្នែក​ហើយ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១២ ​«​‹ប៉ុន្តែ ឥឡូវ​ចូរ​ទៅ​កន្លែង​របស់​ខ្ញុំ​នៅ​ឯ​ស៊ីឡូរ+ ជា​កន្លែង​តាង​នាម​ខ្ញុំ​តាំង​ពី​ដំបូង+ ហើយ​មើល​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ទី​នោះ ដោយ​សារ​តែ​អំពើ​អាក្រក់​របស់​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ។+ ១៣ ទោះ​ជា​យ៉ាង​នោះ​ក្ដី អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​អំពើ​ទាំង​នោះ​ដដែល›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ‹ទោះ​ជា​ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត*ក៏​ដោយ ក៏​អ្នក​មិន​ស្ដាប់​ដែរ។+ ខ្ញុំ​បាន​ហៅ​អ្នក​រាល់​គ្នា​ច្រើន​លើក​ច្រើន​សា តែ​អ្នក​មិន​ឆ្លើយ​តប​មក​វិញ​ទេ។+ ១៤ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ទៅ​លើ​វិហារ​ដែល​ជា​តំណាង​នាម​ខ្ញុំ+ ជា​វិហារ​ដែល​អ្នក​រាល់​គ្នា​ទុក​ចិត្ត+ ហើយ​ធ្វើ​ទៅ​លើ​ទី​កន្លែង​នេះ​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​និង​បុព្វ​បុរស​របស់​អ្នក ដូច​ខ្ញុំ​បាន​ធ្វើ​ទៅ​លើ​ស៊ីឡូរ​ដែរ។+ ១៥ ខ្ញុំ​នឹង​បោះ​អ្នក​រាល់​គ្នា​ចេញ​ពី​មុខ​ខ្ញុំ ដូច​ខ្ញុំ​បាន​បោះ​បង់​ចោល​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ដែរ គឺ​កូន​ចៅ​ទាំង​អស់​របស់​អេប្រាអ៊ីម›។+

១៦ ​«​ចំណែក​អ្នក​វិញ ចូរ​កុំ​អធិដ្ឋាន​ឲ្យ​ប្រជារាស្ត្រ​នេះ​ឲ្យ​សោះ ហើយ​ក៏​កុំ​បន្លឺ​សំឡេង ឬ​ធ្វើ​សំណូម​ពរ ឬ​អង្វរ​ជំនួស​ពួក​គេ​ដែរ+ ព្រោះ​ខ្ញុំ​នឹង​មិន​ស្ដាប់​ទេ។+ ១៧ តើ​អ្នក​មិន​ឃើញ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​នៅ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡិម​ទេ​ឬ? ១៨ កូន​ៗ​កំពុង​ប្រមូល​អុស ហើយ​ឪពុក​កំពុង​បង្កាត់​ភ្លើង។ ឯ​ម្ដាយ​វិញ កំពុង​ច្របាច់​ម្សៅ​ធ្វើ​នំ​ជូន​ដល់​ព្រះ​នាង​នៃ​មេឃា។*+ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ច្រួច​ស្រា​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​ឯ​ទៀត​ដើម្បី​បញ្ឈឺ​ចិត្ត​ខ្ញុំ។+ ១៩ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹តើ​ពួក​គេ​កំពុង​ធ្វើ​បាប*ខ្ញុំ​ឬ? ការ​ពិត​គឺ​ពួក​គេ​កំពុង​ធ្វើ​បាប​ខ្លួន​ឯង​ទេ ហើយ​ពួក​គេ​កំពុង​ធ្វើ​ឲ្យ​ខ្លួន​អាម៉ាស់​មុខ​ហើយ›។+ ២០ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹មើល! ខ្ញុំ​នឹង​បញ្ចេញ​កំហឹង​ដ៏​ខ្លាំង​របស់​ខ្ញុំ​ទៅ​លើ​កន្លែង​នេះ+ ទាំង​មនុស្ស ទាំង​សត្វ ទាំង​ដើម​ឈើ​នៅ​ឯ​វាល ទាំង​ផល​ដំណាំ។ កំហឹង​នេះ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ ដែល​មិន​អាច​ពន្លត់​បាន​ឡើយ›។+

២១ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ជូន​គ្រឿង​បូជា​ដុត​បន្ថែម​ពី​លើ​គ្រឿង​បូជា​ឯ​ទៀត​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​បរិភោគ​សាច់​ជា​ចំណែក​របស់​ខ្លួន​ចុះ។+ ២២ ព្រោះ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​បាន​នាំ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប ខ្ញុំ​មិន​បាន​និយាយ​ជា​មួយ​នឹង​ពួក​គេ​អំពី​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ឯ​ទៀត​ទេ ហើយ​ក៏​មិន​បាន​បង្គាប់​ពួក​គេ​អំពី​ការ​នោះ​ដែរ។+ ២៣ ប៉ុន្តែ ខ្ញុំ​បាន​បង្គាប់​ពួក​គេ​ដូច​នេះ​ថា​៖ ​«​ចូរ​ស្ដាប់​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ទៅ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ។+ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ភាព​ចម្រុង​ចម្រើន​»​›។+ ២៤ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ផ្ទៀង​ត្រចៀក​ស្ដាប់​ឡើយ។+ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ធ្វើ​តាម​គម្រោង​ការ*របស់​ខ្លួន គឺ​ធ្វើ​តាម​គំនិត​អាក្រក់​និង​ចិត្ត​រឹង​ចចេស​របស់​ខ្លួន​វិញ។+ ពួក​គេ​បាន​ថយ​ក្រោយ មិន​មែន​ឆ្ពោះ​ទៅ​មុខ​ទេ ២៥ គឺ​តាំង​ពី​ថ្ងៃ​ដែល​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។+ ម្ល៉ោះ​ហើយ ខ្ញុំ​បាន​ចាត់​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ជា​ពួក​អ្នក​ប្រកាស​ទំនាយ ឲ្យ​ទៅ​ព្រមាន​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ ម្ដង​ហើយ​ម្ដង​ទៀត។+ ២៦ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ខ្ញុំ​ទេ ហើយ​ក៏​មិន​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ​ដែរ។+ ពួក​គេ​ជា​មនុស្ស​រឹង​ចចេស ហើយ​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​បុព្វ​បុរស​របស់​ពួក​គេ​ទៅ​ទៀត!

២៧ ​«​ឯ​អ្នក​វិញ អ្នក​នឹង​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ពួក​គេ+ តែ​ពួក​គេ​នឹង​មិន​ស្ដាប់​អ្នក​ទេ។ អ្នក​នឹង​ហៅ​ពួក​គេ តែ​ពួក​គេ​នឹង​មិន​ឆ្លើយ​តប​មក​អ្នក​វិញ​ឡើយ។ ២៨ អ្នក​នឹង​ប្រាប់​ពួក​គេ​ថា​៖ ‹នេះ​ជា​ប្រជា​ជាតិ​ដែល​មិន​ស្ដាប់​ប្រសាសន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន ហើយ​មិន​ព្រម​ទទួល​ការ​ប្រដៅ​តម្រង់​ពី​លោក​ទេ។ ពួក​គេ​លែង​មាន​ភាព​ស្មោះ​ត្រង់​ហើយ ក្នុង​ចំណោម​ពួក​គេ​ក៏​គ្មាន​នរណា​និយាយ​អំពី​ភាព​ស្មោះ​ត្រង់​ដែរ›។+

២៩ ​«​ចូរ​កាត់​សក់​វែង*របស់​អ្នក* រួច​បោះ​ចោល​ទៅ ហើយ​ច្រៀង​បទ​ទំ​ទួញ​នៅ​លើ​ទី​ទួល​ចុះ ព្រោះ​ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​ជំនាន់​មនុស្ស​ដែល​ធ្វើ​ឲ្យ​លោក​ខឹង ហើយ​លោក​នឹង​បោះ​បង់​ចោល​ពួក​គេ។ ៣០ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ព្រោះ​បណ្ដា​ជន​យូដា​បាន​ប្រព្រឹត្ត​អ្វី​ដែល​ខ្ញុំ​ស្អប់។ ពួក​គេ​បាន​ដំឡើង​រូប​ព្រះ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​ក្នុង​វិហារ​ដែល​ជា​តំណាង​នាម​ខ្ញុំ ដើម្បី​ធ្វើ​ឲ្យ​វិហារ​នោះ​ស្មោក​គ្រោក។+ ៣១ ពួក​គេ​បាន​សង់​ទី​ខ្ពស់​ៗ​នៅ​តូផែត ដែល​នៅ​ក្នុង​ជ្រលង​ហ៊ីណំ*+ ដើម្បី​ដុត​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន​នៅ​ក្នុង​ភ្លើង+ ជា​ការ​ដែល​ខ្ញុំ​មិន​បាន​បង្គាប់ ហើយ​ក៏​មិន​ដែល​មាន​នៅ​ក្នុង​គំនិត​ខ្ញុំ​សោះ​ឡើយ›។+

៣២ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ហេតុ​នេះ មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ហៅ​ទី​នោះ​ថា​តូផែត​ឬ​ជ្រលង​ហ៊ីណំ*ទៀត តែ​នឹង​ហៅ​ថា​ជ្រលង​នៃ​ការ​សម្លាប់​វិញ។ គេ​នឹង​កប់​សាក​សព​នៅ​តូផែត រហូត​ដល់​គ្មាន​កន្លែង​កប់​ទៀត។+ ៣៣ ម្ល៉ោះ​ហើយ សាក​សព​របស់​បណ្ដា​ជន​នោះ នឹង​ទៅ​ជា​ចំណី​ដល់​សត្វ​ហើរ​លើ​អាកាស និង​ដល់​សត្វ​សាហាវ​នៅ​លើ​ដី ហើយ​គ្មាន​អ្នក​ណា​ដេញ​ពួក​វា​ឡើយ។+ ៣៤ គ្រា​នោះ នៅ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា​និង​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡិម ខ្ញុំ​នឹង​ធ្វើ​ឲ្យ​លែង​មាន​សំឡេង​សប្បាយ​រីករាយ និង​សំឡេង​ត្រេក​អរ​របស់​កូន​កំលោះ​កូន​ក្រមុំ​ទៀត+ ព្រោះ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​បំផ្លាញ​ចោល›​»។+

៨ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នៅ​គ្រា​នោះ ឆ្អឹង​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា ពួក​អ្នក​គ្រប់​គ្រង ពួក​សង្ឃ ពួក​អ្នក​ប្រកាស​ទំនាយ និង​ឆ្អឹង​របស់​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម នឹង​ត្រូវ​យក​ចេញ​ពី​ទី​បញ្ចុះ​សព។ ២ គេ​នឹង​យក​ឆ្អឹង​របស់​អ្នក​ទាំង​នោះ​ទៅ​រាយ​នៅ​លើ​ដី​ក្រោម​ដួង​អាទិត្យ ដួង​ចន្ទ និង​ផ្កាយ​ទាំង​ឡាយ​នៅ​លើ​មេឃ ព្រោះ​អ្នក​ទាំង​នោះ​ធ្លាប់​ស្រឡាញ់ ធ្លាប់​បម្រើ កាន់​តាម ស្វែង​រក និង​គោរព​បូជា​អ្វី​ទាំង​នោះ។+ គេ​នឹង​មិន​ប្រមូល​ឆ្អឹង​ទាំង​នោះ​ទៅ​បញ្ចុះ​ទេ តែ​នឹង​ត្រូវ​ទុក​ចោល​ឲ្យ​នៅ​លើ​ដី​ដូច​ជា​ជី​វិញ​»។+

៣ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រកាស​ថា​៖ ​«​ឯ​ពួក​អ្នក​ដែល​នៅ​សល់​ពី​ប្រជា​ជាតិ​ដ៏​អាក្រក់​នេះ ពួក​គេ​នឹង​សុខ​ចិត្ត​ស្លាប់​ជា​ជាង​រស់​នៅ គឺ​ជា​ពួក​អ្នក​ដែល​ខ្ញុំ​បាន​កម្ចាត់​កម្ចាយ​នៅ​គ្រប់​ទី​កន្លែង​»។

៤ ​«​អ្នក​ត្រូវ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

​«​តើ​អ្នក​ដែល​ដួល​នឹង​មិន​ក្រោក​ឡើង​វិញ​ទេ​ឬ?

បើ​ម្នាក់​ត្រឡប់​មក​វិញ តើ​អ្នក​ឯ​ទៀត​នឹង​មិន​ត្រឡប់​មក​ដែរ​ទេ​ឬ?

 ៥ ហេតុ​អ្វី​ក៏​អ្នក​ក្រុង​យេរូសាឡិម​តែង​តែ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ដូច្នេះ?

ពួក​គេ​ជឿ​ការ​បោក​បញ្ឆោត ហើយ​មិន​ព្រម​ត្រឡប់​មក​វិញ​ទេ។+

 ៦ ខ្ញុំ​ខំ​ស្ដាប់ តែ​ពួក​គេ​មិន​បាន​និយាយ​អ្វី​ដែល​ពិត​ត្រង់​ទេ។

គ្មាន​នរណា​ម្នាក់​ប្រែ​ចិត្ត​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​ក៏​គ្មាន​នរណា​សួរ​ថា​៖ ‹ម្ដេច​ក៏​ខ្ញុំ​ធ្វើ​ដូច្នេះ?›។+

ពួក​គេ​ម្នាក់​ៗ​ចេះ​តែ​ទៅ​តាម​ផ្លូវ​ដែល​ពេញ​និយម​ប្រៀប​ដូច​ជា​សេះ​បោល​ចូល​ក្នុង​ចម្បាំង។

 ៧ សត្វ​កុក​ដែល​ហើរ​នៅ​លើ​មេឃ​ចេះ​ស្គាល់​រដូវ​កាល

ឯ​លលក ត្រចៀក​កាំ និង​បក្សី​ឯ​ទៀត* ពួក​វា​ស្គាល់​ពេល​កំណត់​ដែល​ត្រូវ​ហោះ​ត្រឡប់​មក​សម្បុក*វិញ។

ប៉ុន្តែ រាស្ត្រ​ខ្ញុំ​មិន​ស្គាល់​ពេល​វេលា​ដែល​ខ្ញុំ​ជា​យេហូវ៉ា​នឹង​វិនិច្ឆ័យ​ពួក​គេ​ទេ​»​›។+

 ៨ ‹តើ​អ្នក​អាច​និយាយ​ម្ដេច​នឹង​បាន​ថា​៖ ​«​យើង​មាន​ប្រាជ្ញា ហើយ​ក៏​មាន​ច្បាប់*របស់​ព្រះ​យេហូវ៉ា​ដែរ​»​?

តាម​ពិត ពួក​អ្នក​ចម្លង​ច្បាប់​ប្រើ​ស្លាបប៉ាកកា​ក្លែង​ក្លាយ+ ដើម្បី​កត់​ទុក​នូវ​អ្វី​ដែល​មិន​ពិត​ប៉ុណ្ណោះ។

 ៩ ពួក​អ្នក​ប្រាជ្ញ​បាន​រង​ការ​អាម៉ាស់។+

ពួក​គេ​នឹង​ភ័យ​តក់​ស្លុត ហើយ​នឹង​ត្រូវ​ចាប់​ខ្លួន។

មើល! ពួក​គេ​បាន​មើល​ងាយ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ហើយ

ដូច្នេះ តើ​ពួក​គេ​មាន​ប្រាជ្ញា​អ្វី​ទៅ?

១០ ហេតុ​នេះ ខ្ញុំ​នឹង​ប្រគល់​ប្រពន្ធ​របស់​ពួក​គេ​ឲ្យ​បុរស​ឯ​ទៀត

ហើយ​ប្រគល់​ស្រែ​ចម្ការ​របស់​ពួក​គេ​ឲ្យ​អ្នក​ឯ​ទៀត។+

ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​រក​ស៊ី​មិន​ទៀង​ត្រង់+

ហើយ​ចាប់​ពី​ពួក​អ្នក​ប្រកាស​ទំនាយ​រហូត​ដល់​ពួក​សង្ឃ​ពួក​គេ​សុទ្ធ​តែ​ជា​ជន​បោក​ប្រាស់។+

១១ ពួក​គេ​ធ្វើ​ឲ្យ​របួស​របស់​រាស្ត្រ​ខ្ញុំ​ជា​សះ​តែ​បន្តិច​បន្តួច​ទេ ដោយ​និយាយ​ថា​៖

​«​មាន​សន្តិភាព​ហើយ! មាន​សន្តិភាព​ហើយ!​»​ តែ​តាម​ពិត​គ្មាន​ទាល់​តែ​សោះ។+

១២ តើ​ពួក​គេ​អៀន​ខ្មាស​ចំពោះ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ឬ​ទេ?

ពួក​គេ​គ្មាន​ការ​អៀន​ខ្មាស​ទាល់​តែ​សោះ!

គឺ​ពួក​គេ​មិន​ទាំង​ដឹង​ថា​ការ​អៀន​ខ្មាស​ជា​អ្វី​ផង។+

ហេតុ​នេះ ពួក​គេ​នឹង​ដួល​លើ​ពួក​អ្នក​ដែល​បាន​ដួល​រួច​ហើយ។

ពេល​ខ្ញុំ​ដាក់​ទោស​ពួក​គេ ពួក​គេ​នឹង​ជំពប់​ដួល​ជា​មិន​ខាន›។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

១៣ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ពេល​ខ្ញុំ​ប្រមូល​ពួក​គេ​មក​ហើយ​ខ្ញុំ​នឹង​បំផ្លាញ​ពួក​គេ​ឲ្យ​អស់​គ្មាន​សល់

គឺ​ដូច​ដើម​ទំពាំង​បាយ​ជូរ​និង​ដើម​ល្វា​ដែល​គ្មាន​ផ្លែ​នៅ​សល់។ ឯ​ស្លឹក​ក៏​ស្វិត​ស្រពោន​អស់​ដែរ។

អ្វី​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​ពួក​គេ​នឹង​សូន្យ​បាត់​ទៅ›​»។

១៤ ​«​ហេតុ​អ្វី​ក៏​យើង​អង្គុយ​ស្ងៀម​នៅ​ទី​នេះ​ទៀត?

ចូរ​យើង​នាំ​គ្នា​ចូល​ទៅ​បណ្ដា​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ+​ហើយ​ស្លាប់​នៅ​ទី​នោះ​ទៅ។

ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​នឹង​ប្រហារ​យើង​ជា​មិន​ខាន។

លោក​នឹង​ឲ្យ​យើង​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល+

ព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទាស់​នឹង​ព្រះ​យេហូវ៉ា​ហើយ។

១៥ យើង​សង្ឃឹម​ថា​មាន​សេចក្ដី​សុខ​សាន្ត តែ​គ្មាន​អ្វី​ល្អ​កើត​ឡើង​ទេ

យើង​សង្ឃឹម​ថា​មាន​ការ​ជា​សះ​ស្បើយ តែ​មាន​តែ​ការ​ភ័យ​តក់​ស្លុត​ប៉ុណ្ណោះ។+

១៦ មាន​ឮ​សំឡេង​ដង្ហើម​សេះ​របស់​ពួក​សត្រូវ​ពី​ទឹក​ដី​ដាន់

ហើយ​ពេល​សេះ​ខ្លាំង​ក្លា​របស់​ពួក​គេ​ស្រែក​កញ្ជ្រៀវ ទឹក​ដី​ទាំង​មូល​ញ័រ​រញ្ជួយ។

ពួក​សត្រូវ​ចូល​មក​បំផ្លាញ​ស្រុក​ទាំង​មូល​និង​អ្វី​ៗ​ទាំង​អស់​នៅ​ក្នុង​នោះ

គឺ​ទាំង​ក្រុង ទាំង​បណ្ដា​ជន​»។

១៧ ​«​មើល! ខ្ញុំ​នឹង​ឲ្យ​ពស់​មាន​ពិស​ចូល​ទៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា

គឺ​ជា​ពស់​ដែល​មិន​អាច​សណ្ដំ​បាន

ពួក​វា​នឹង​ចឹក​អ្នក​រាល់​គ្នា​ជា​មិន​ខាន​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១៨ ខ្ញុំ​មាន​ទុក្ខ​ព្រួយ មិន​ចេះ​ស្រាក​ស្រាន្ត​ទេ ហើយ​ចិត្ត​ខ្ញុំ​ក៏​ឈឺ​ចាប់​ខ្លាំង​ដែរ។

១៩ ពី​ស្រុក​ឆ្ងាយ មាន​ឮ​សំឡេង​ស្រែក​សុំ​ជំនួយ

គឺ​ជា​សម្រែក​របស់​កូន​ស្រី​នៃ​រាស្ត្រ​ខ្ញុំ ដែល​ថា​៖

​«​តើ​ព្រះ​យេហូវ៉ា​មិន​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​ទេ​ឬ?

តើ​ស្ដេច​មិន​នៅ​ក្នុង​ក្រុង​នោះ​ទេ​ឬ?​»។

​«​ហេតុ​អ្វី​ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ដោយ​សារ​រូប​ព្រះ​របស់​ពួក​គេ

ជា​ព្រះ​ដែល​ឥត​បាន​ការ​របស់​ជន​ជាតិ​ដទៃ?​»។

២០ ​«​រដូវ​ប្រមូល​ផល​បាន​កន្លង​ផុត​ទៅ ហើយ​រដូវ​ក្ដៅ​ក៏​ចប់​ហើយ​ដែរ

តែ​យើង​មិន​ទាន់​បាន​សង្គ្រោះ​ទេ!​»។

២១ ចិត្ត​ខ្ញុំ​ខ្ទេច​ខ្ទាំ​ដោយ​សារទុក្ខ​វេទនា​របស់​កូន​ស្រី​នៃ​រាស្ត្រ​ខ្ញុំ។+

ខ្ញុំ​បាន​កើត​ទុក្ខ ហើយ​ភ័យ​តក់​ស្លុត​ជា​ខ្លាំង។

២២ នៅ​ស្រុក​គីលាត តើ​គ្មាន​ប្រេង​បាលសាម*ទេ​ឬ?+

តើ​គ្មាន​គ្រូ​ពេទ្យ​នៅ​ទី​នោះ​ទេ​ឬ?+

ចុះ​ហេតុ​អ្វី​បាន​ជា​កូន​ស្រី​នៃ​រាស្ត្រ​ខ្ញុំ​នៅ​តែ​មិន​ទាន់​មាន​សុខភាព​ល្អ​ឡើង​វិញ​ដូច្នេះ?+

៩ ឱ​បើ​ក្បាល​ខ្ញុំ​ប្រៀប​ដូច​ជា​ក្បាល​ទឹក

ភ្នែក​ខ្ញុំ​ប្រៀប​ដូច​ជា​ប្រភព​ទឹក+

នោះ​ខ្ញុំ​នឹង​យំ​ទាំង​យប់​ទាំង​ថ្ងៃ

ចំពោះ​សាក​សព​នៃ​ជន​រួម​ជាតិ​របស់​ខ្ញុំ។

 ២ ឱ​បើ​ខ្ញុំ​មាន​កន្លែង​ស្នាក់​អាស្រ័យ​នៅ​តំបន់​ស្ងាត់​ជ្រងំ

នោះ​ខ្ញុំ​នឹង​ចាក​ចេញ​ពី​ជន​រួម​ជាតិ​របស់​ខ្ញុំ ហើយ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ

ព្រោះ​ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ផិត​ក្បត់+

និង​ជា​ក្រុម​មនុស្ស​ដែល​មាន​កល​ឧបាយ។

 ៣ ពួក​គេ​ត្រៀម​និយាយ​កុហក ដូច​ជា​គេ​យឹត​ធ្នូ​ត្រៀម​នឹង​បាញ់

ហេតុ​នេះ ស្រុក​នោះ​ពេញ​ទៅ​ដោយ​សេចក្ដី​មិន​ពិត និង​ភាព​មិន​ស្មោះ​ត្រង់។+

​«​ពួក​គេ​ធ្វើ​អំពើ​អាក្រក់​មួយ​ហើយ​មួយ​ទៀត

ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ខ្ញុំ​ឡើយ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

 ៤ ​«​ឱ​ជន​ទាំង​ឡាយ​អើយ! ចូរ​ប្រុង​ប្រយ័ត្ន​នឹង​អ្នក​ជិត​ខាង​ខ្លួន

ហើយ​សូម្បី​តែ​បង​ប្អូន​ក៏​កុំ​ទុក​ចិត្ត​ដែរ។

ព្រោះ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​ក្បត់+

ហើយ​អ្នក​ជិត​ខាង​ក៏​សុទ្ធ​តែ​ជា​អ្នក​បង្កាច់​បង្ខូច​ដែរ។+

 ៥ ពួក​គេ​ម្នាក់​ៗ​បោក​បញ្ឆោត​អ្នក​ជិត​ខាង​ខ្លួន

ហើយ​គ្មាន​អ្នក​ណា​ម្នាក់​និយាយ​សេចក្ដី​ពិត​ឡើយ។

ពួក​គេ​បង្វឹក​អណ្ដាត​ខ្លួន​ឲ្យ​និយាយ​តែ​សេចក្ដី​មិន​ពិត​ប៉ុណ្ណោះ។+

ពួក​គេ​ប្រព្រឹត្ត​អាក្រក់​មិន​ចេះ​នឿយ​ណាយ។

 ៦ អ្នក​កំពុង​រស់​នៅ​ក្នុង​ចំណោម​ជន​បោក​ប្រាស់

អ្នក​ទាំង​នោះ​និយាយ​តែ​ពាក្យ​ភូត​ភរ ហើយ​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ​ទេ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

 ៧ ហេតុ​នេះ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖

​«​ខ្ញុំ​នឹង​សម្រិត​សម្រាំង ហើយ​ពិសោធ​មើល​ពួក​គេ+

ព្រោះ​ក្រៅ​ពី​នេះ តើ​មាន​អ្វី​ទៀត​ដែល​ខ្ញុំ​អាច​ធ្វើ​ចំពោះ​កូន​ស្រី​នៃ​រាស្ត្រ​របស់​ខ្ញុំ​ទៅ?

 ៨ អណ្ដាត​ពួក​គេ​ពោល​តែ​ពាក្យ​បោក​បញ្ឆោត ប្រៀប​ដូច​ជា​ផ្លែ​ព្រួញ​មុត​ស្រួច។

មាត់​ពួក​គេ​ពោល​ពាក្យ​ផ្អែម​ល្ហែម​ដល់​អ្នក​ជិត​ខាង​ខ្លួន

តែ​ក្នុង​ចិត្ត ពួក​គេ​រង់​ចាំ​ឱកាស​វាយ​ឆ្មក់​វិញ​»។

 ៩ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​តើ​មិន​គួរ​ឲ្យ​ខ្ញុំ​ដាក់​ទោស​ពួក​គេ​ចំពោះ​រឿង​ទាំង​នេះ​ទេ​ឬ?

តើ​មិន​គួរ​ឲ្យ​ខ្ញុំ​សង​សឹក​នឹង​ប្រជា​ជាតិ​នេះ​ទេ​ឬ?+

១០ ខ្ញុំ​នឹង​ទ្រហោ​យំ​នឹង​ភ្នំ​ទាំង​ឡាយ

ហើយ​ច្រៀង​បទ​ទំនួញ​នឹក​ស្រណោះ​ដល់​វាល​ស្មៅ​នៅ​តំបន់​ស្ងាត់​ជ្រងំ

ព្រោះ​កន្លែង​ទាំង​នោះ​បាន​ឆេះ​អស់​ហើយ គ្មាន​អ្នក​ណា​ដើរ​ឆ្លង​កាត់​ទៀត​ទេ

ឯ​សំឡេង​ហ្វូង​សត្វ​ក៏​មិន​ឮ​ទៀត​ដែរ។

សត្វ​ស្លាប​នៅ​លើ​មេឃ​បាន​ហើរ​ទៅ​បាត់ ហើយ​សត្វ​សាហាវ​នៅ​លើ​ដី​បាន​រត់​អស់​ដែរ។+

១១ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​ទៅ​ជា​គំនរ​ថ្ម+ គឺ​ទៅ​ជា​លំនៅ​របស់​ឆ្កែ​ព្រៃ។+

ឯ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា​វិញ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ទៅ​ជា​កន្លែង​ស្ងាត់​ជ្រងំ ហើយ​គ្មាន​អ្នក​ណា​រស់​នៅ​ទៀត​ឡើយ។+

១២ តើ​អ្នក​ណា​មាន​ប្រាជ្ញា​អាច​យល់​ការ​នេះ​បាន?

តើ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ណា​ដើម្បី​អ្នក​នោះ​អាច​ប្រកាស​អំពី​រឿង​នេះ? ហេតុ​អ្វី​ក៏​ស្រុក​នេះ​វិនាស​ទៅ?

ហេតុ​ដូច​ម្ដេច​បាន​ជា​ស្រុក​នេះ​ឆេះ​អស់​ដូច​ជា​តំបន់​ស្ងាត់​ជ្រងំ

ហើយ​គ្មាន​មនុស្ស​ណា​ដើរ​ឆ្លង​កាត់​ដូច្នេះ?​»។

១៣ ព្រះ​យេហូវ៉ា​ឆ្លើយ​ថា​៖ ​«​នេះ​គឺ​ដោយ​សារ​ពួក​គេ​មិន​ទទួល​ស្គាល់​និង​មិន​ធ្វើ​តាម​ច្បាប់*ដែល​ខ្ញុំ​បាន​ឲ្យ​ពួក​គេ ថែម​ទាំង​មិន​ស្ដាប់​បង្គាប់​ខ្ញុំ​ផង។ ១៤ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ធ្វើ​តាម​ចិត្ត​រឹង​ចចេស​របស់​ខ្លួន+ ហើយ​ទៅ​គោរព​បូជា​ដល់​រូប​ព្រះ​បាល តាម​អ្វី​ដែល​បុព្វ​បុរស​របស់​ពួក​គេ​បាន​បង្រៀន។+ ១៥ ដូច្នេះ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​នឹង​ធ្វើ​ឲ្យ​បណ្ដា​ជន​នេះ​បរិភោគ​ដើម​ល្វីង និង​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។+ ១៦ ខ្ញុំ​នឹង​កម្ចាត់​កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា ដែល​ពួក​គេ​និង​បុព្វ​បុរស​របស់​ពួក​គេ​មិន​ដែល​ស្គាល់+ ហើយ​ខ្ញុំ​នឹង​ចាត់​សត្រូវ​ឲ្យ​ដេញ​តាម​ប្រហារ​ពួក​គេ រហូត​ដល់​ពួក​គេ​វិនាស​សាប​សូន្យ​អស់›។+

១៧ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖

‹ចូរ​គិត​ពិចារណា​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​ចុះ។

ចូរ​ឲ្យ​គេ​ទៅ​ហៅ​ពួក​ស្ត្រី​ដែល​ច្រៀង​បទ​ទំនួញ+

គឺ​ស្ត្រី​ដែល​ពូកែ​ច្រៀង​បទ​ទាំង​នោះ​ឲ្យ​មក​ជួប​ជុំ​គ្នា។

១៨ ស្ត្រី​ទាំង​នោះ​ត្រូវ​ប្រញាប់​ច្រៀង​បទ​ទំនួញ​ឲ្យ​យើង​ស្ដាប់

ដើម្បី​ឲ្យ​ទឹក​ភ្នែក​យើង​ហូរ​ចេញ​មក គឺ​ហូរ​ឥត​ឈប់។+

១៩ ព្រោះ​មាន​ឮ​សំឡេង​ទួញ​យំ​ពី​ក្រុង​ស៊ីយ៉ូន​ថា​៖+

​«​យើង​បាន​វិនាស​ហិនហោច​អស់​ហើយ!

យើង​មាន​ការ​អាម៉ាស់​ខ្លាំង​ណាស់!

ព្រោះ​យើង​បាន​ចាក​ចោល​ស្រុក ហើយ​សត្រូវ​បាន​ផ្ដួល​រំលំ​ផ្ទះ​យើង​ចោល​»។+

២០ ឱ​ស្ត្រី​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​ព្រះ​យេហូវ៉ា

ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​សម្ដី​របស់​លោក​ចុះ។

ចូរ​បង្រៀន​កូន​ស្រី​ៗ​របស់​អ្នក​ឲ្យ​ច្រៀង​បទ​ទំនួញ​នេះ

ហើយ​បង្ហាត់​អ្នក​ឯ​ទៀត​ឲ្យ​ចេះ​ច្រៀង​បទ​នេះ​ដែរ។+

២១ ព្រោះ​សេចក្ដី​ស្លាប់​ឡើង​តាម​បង្អួច

ហើយ​ក៏​ចូល​ទៅ​ក្នុង​ប៉ម​រឹង​មាំ​ទាំង​ប៉ុន្មាន​របស់​យើង​ដែរ

ដើម្បី​យក​ជីវិត​កូន​ក្មេង​នៅ​តាម​ផ្លូវ

និង​ពួក​យុវជន​នៅ​ទី​ធ្លា​សាធារណៈ›។+

២២ ចូរ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

​«​សាក​សព​របស់​មនុស្ស​នឹង​ត្រូវ​ទុក​ចោល​ដូច​ជី​នៅ​ដី

និង​ដូច​ជា​កណ្ដាប់​ស្រូវ​ដែល​គេ​ទើប​នឹង​ច្រូត ហើយ​គ្មាន​អ្នក​ណា​ប្រមូល​ទេ​»​›​»។+

២៣ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

​«​អ្នក​ប្រាជ្ញ​មិន​ត្រូវ​អួត​អំពី​ប្រាជ្ញា​របស់​ខ្លួន​ឡើយ+

ហើយ​បុរស​ខ្លាំង​ក្លា​ក៏​មិន​ត្រូវ​អួត​អំពី​កម្លាំង​របស់​ខ្លួន​ដែរ

ឯ​អ្នក​មាន​វិញ គាត់​មិន​ត្រូវ​អួត​អំពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ទេ​»។+

២៤ ​«​ប៉ុន្តែ ចូរ​អួត​អំពី​ការ​នេះ​វិញ

គឺ​ការ​មាន​ការ​យល់​ដឹង​និង​ចំណេះ​អំពី​ខ្ញុំ+

ថា​ខ្ញុំ​ជា​យេហូវ៉ា ជា​ព្រះ​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​និង​សេចក្ដី​សុចរិត​យុត្តិធម៌​នៅ​ផែនដី+

ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​ទាំង​នេះ​ណាស់​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

២៥ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! នឹង​មាន​គ្រា​មក​ដល់​ដែល​ខ្ញុំ​នឹង​កាត់​ទោស​អស់​អ្នក​ដែល​កាត់​ចុង​ស្បែក​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ+ ២៦ ហើយ​ខ្ញុំ​នឹង​កាត់​ទោស​ជន​ជាតិ​អេហ្ស៊ីប+ យូដា+ អេដំ+ អាំម៉ូន+ និង​ម៉ូអាប់+ រួម​ទាំង​អស់​អ្នក​ដែល​កាត់​តម្រឹម​សក់​ត្រឹម​សៀត​ផ្កា គឺ​ជា​អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ។+ ព្រោះ​ប្រជា​ជាតិ​ទាំង​អស់​សុទ្ធ​តែ​មិន​បាន​កាត់​ចុង​ស្បែក ហើយ​ពូជ​ពង្ស​យូដា​ទាំង​អស់​ក៏​មិន​បាន​កាត់​ស្បែក​ចិត្ត​ដែរ​»។+

១០ ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទាស់​នឹង​អ្នក​រាល់​គ្នា។ ២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​ចូរ​កុំ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ប្រជា​ជាតិ​ដទៃ​ឡើយ+

ហើយ​ក៏​កុំ​ភ័យ​តក់​ស្លុត​នឹង​សញ្ញា​សម្គាល់​នៅ​លើ​មេឃ​ដែរ

ព្រោះ​នោះ​ជា​អ្វី​ដែល​ប្រជា​ជាតិ​នា​នា​ភ័យ​ខ្លាច។+

 ៣ ទំនៀម​ទម្លាប់​សាសនា​របស់​ពួក​គេ​គឺ​ឥត​ប្រយោជន៍​ទេ

ព្រោះ​រូប​ព្រះ​របស់​ពួក​គេ​គ្រាន់​តែ​ជា​ឈើ

ដែល​ជាង​បាន​កាប់​ពី​ព្រៃ​យក​មក​ឆ្លាក់​ប៉ុណ្ណោះ។+

 ៤ ជាង​បាន​ស្រោប​រូប​នោះ​ដោយ​មាស​និង​ប្រាក់+

ហើយ​យក​ដែក​គោល​មក​ដំ​ភ្ជាប់​ដើម្បី​កុំ​ឲ្យ​រូប​នោះ​ដួល។+

 ៥ រូប​នោះ​មិន​ចេះ​និយាយ ដូច​ជា​ទីង​មោង​ចាំ​ចម្ការ​ត្រសក់+

គេ​ត្រូវ​លើក​រូប​នោះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ព្រោះ​វា​មិន​អាច​ដើរ​បាន​ទេ។+

កុំ​ខ្លាច​រូប​នោះ​ឡើយ ព្រោះ​វា​មិន​អាច​ធ្វើ​ទុក្ខ​បាន​ទេ

ហើយ​ក៏​មិន​អាច​ធ្វើ​ការ​ល្អ​បាន​ដែរ​»។+

 ៦ ឱ​ព្រះ​យេហូវ៉ា​អើយ! គ្មាន​ព្រះ​ណា​ដូច​លោក​ទេ+

ព្រោះ​លោក​អស្ចារ្យ​និង​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា ហើយ​នាម​លោក​ឧត្តុង្គ​ឧត្តម។

 ៧ ឱ​មហា​ក្សត្រ​នៃ​ប្រជា​ជាតិ​ទាំង​ឡាយ​អើយ! តើ​មាន​អ្នក​ណា​ដែល​មិន​កោត​ខ្លាច​លោក?+ ព្រោះ​លោក​សម​នឹង​ទទួល​ការ​កោត​ខ្លាច។

ព្រោះ​ក្នុង​ចំណោម​ពួក​អ្នក​ប្រាជ្ញ​នៃ​ប្រជា​ជាតិ​ទាំង​ឡាយ​និង​រាជាណាចក្រ​នានា​គ្មាន​អ្នក​ណា​ដូច​លោក​ទេ។+

 ៨ ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ល្ងី​ល្ងើ​និង​មិន​សម​ហេតុ​ផល។+

ការ​ណែនាំ​ពី​រូប​ព្រះ​ដែល​ធ្វើ​ពី​ឈើ គឺ​គ្មាន​ប្រយោជន៍​ទេ។+

 ៩ ពួក​គេ​បាន​នាំ​យក​បន្ទះ​ប្រាក់​ពី​តើស៊ីស+ និង​មាស​ពី​អ៊ូផាស

ដើម្បី​ឲ្យ​ជាង​ស្រោប​រូប​ព្រះ​ទាំង​នោះ។

រួច​បំពាក់​រូប​ទាំង​នោះ​ដោយ​ក្រណាត់​ត្បាញ​ពី​អំបោះ​ពណ៌​ខៀវ​និង​អំបោះ​ពណ៌​ស្វាយ​ដែល​ធ្វើ​ពី​រោម​ចៀម។

រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​ស្នា​ដៃ​របស់​ពួក​ជាង​ដ៏​ប៉ិន​ប្រសប់។

១០ ចំណែក​ព្រះ​យេហូវ៉ា​វិញ លោក​ជា​ព្រះ​ដ៏​ពិត។

លោក​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ+ និង​ជា​មហា​ក្សត្រ​ដ៏​ស្ថិត​ស្ថេរ។+

ពេល​លោក​បញ្ចេញ​កំហឹង ផែនដី​ញ័រ​រញ្ជួយ+

ហើយ​ពេល​លោក​វិនិច្ឆ័យ​ទោស គ្មាន​ប្រជា​ជាតិ​ណា​អាច​ធន់​នៅ​បាន​ឡើយ។

១១* អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ដូច្នេះ​ថា​៖

​«​បណ្ដា​ព្រះ​មិន​ពិត​ដែល​មិន​បាន​បង្កើត​មេឃ​និង​ផែនដី

នឹង​វិនាស​បាត់​ពី​ផែនដី​និង​ពី​ក្រោម​មេឃ​ទៅ​»។+

១២ ឯ​លោក​វិញ លោក​ជា​អ្នក​បង្កើត​ផែនដី​ដោយ​ឫទ្ធានុភាព​ខ្លាំង​ក្លា

លោក​បាន​បង្កើត​ដី*ដោយ​ប្រាជ្ញា+

ថែម​ទាំង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ​ដោយ​ការ​យល់​ដឹង​របស់​លោក​ផង។+

១៣ ពេល​លោក​បញ្ចេញ​សំឡេង ចំហាយ​ទឹក​នៅ​លើ​មេឃ​ពុះ​កញ្ជ្រោល។+

លោក​បណ្ដាល​ឲ្យ​ពពក​ឡើង​ពី​ជើង​មេឃ+

ហើយ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ​នៅ​ពេល​ភ្លៀង

ព្រម​ទាំង​បណ្ដាល​ឲ្យ​ខ្យល់​បក់​ចេញ​ពី​ឃ្លាំង​របស់​លោក។+

១៤ មនុស្ស​ទាំង​អស់​ប្រព្រឹត្ត​ដោយ​មិន​សម​ហេតុ​សម​ផល និង​គ្មាន​ការ​យល់​ដឹង​សោះ។

រីឯ​ជាង​ដែក ពួក​គេ​នឹង​អាម៉ាស់​មុខ​ព្រោះ​តែ​រូប​ព្រះ​ដែល​ពួក​គេ​បាន​ធ្វើ+

ព្រោះ​រូប​ទាំង​នោះ*គ្មាន​ខ្យល់​ដង្ហើម​ទេ ហើយ​សុទ្ធ​តែ​ជា​ការ​បោក​ប្រាស់។+

១៥ រូប​ព្រះ​ទាំង​នោះ​សុទ្ធ​តែ​ឥត​បាន​ការ ជា​ស្នា​ដៃ​ដែល​គួរ​ឲ្យ​ចំអក​មើល​ងាយ​វិញ។+

ពេល​ថ្ងៃ​វិនិច្ឆ័យ​មក​ដល់ រូប​ព្រះ​ទាំង​នោះ​នឹង​វិនាស​សូន្យ​ទៅ។

១៦ ឯ​ព្រះ​ដែល​ជា​មត៌ក​របស់​យ៉ាកុប លោក​មិន​ដូច​រូប​ព្រះ​ទាំង​នោះ​ទេ

ព្រោះ​លោក​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់

ហើយ​អ៊ីស្រាអែល​ជា​ដំបង​កម្មសិទ្ធិ​របស់​លោក។+

លោក​មាន​នាម​ជា​យេហូវ៉ា ហើយ​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។+

១៧ ឱ​ស្ត្រី​ដែល​នៅ​ក្រោម​ការ​ឡោម​ព័ទ្ធ​អើយ! ចូរ​យក​បង្វេច​របស់​អ្នក​ពី​ដី​ទៅ។

១៨ ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

​«​មើល! ឥឡូវ​ខ្ញុំ​កំពុង​បោះ​ពួក​អ្នក​ស្រុក​ចេញ​ពី​ទឹក​ដី​ពួក​គេ​ហើយ+

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​លំបាក​»។

១៩ វេទនា​ហើយ​ខ្ញុំ! ព្រោះ​ខ្ញុំ​មាន​របួស​ធ្ងន់​ណាស់!+

ដំបៅ​របស់​ខ្ញុំ​មិន​អាច​ជា​សះ​ស្បើយ​ទេ។

ខ្ញុំ​ក៏​និយាយ​ថា​៖ ​«​ខ្ញុំ​ពិត​ជា​មាន​ជំងឺ​ធ្ងន់​មែន ហើយ​ត្រូវ​តែ​ស៊ូ​ទ្រាំ។

២០ ត្រសាល​របស់​ខ្ញុំ​បាន​ខ្ទេច​ខ្ទី​អស់ ហើយ​ខ្សែ​ត្រសាល​ក៏​ដាច់​អស់​ដែរ។+

កូន​ៗ​ខ្ញុំ​បាន​ចាក​ចោល​ខ្ញុំ​គ្មាន​សល់​ម្នាក់​ទេ។+

ដូច្នេះ គ្មាន​អ្នក​ណា​ម្នាក់​ជួយ​លាត​ផ្ទាំង​ត្រសាល​ឬ​ដំឡើង​ត្រសាល​ឲ្យ​ខ្ញុំ​ឡើយ។

២១ ព្រោះ​ពួក​គង្វាល​បាន​ប្រព្រឹត្ត​ដោយ​មិន​ចេះ​ពិចារណា+

ហើយ​ពួក​គេ​មិន​បាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ទេ។+

ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ប្រព្រឹត្ត​ដោយ​គ្មាន​ការ​យល់​ដឹង​ទាល់​តែ​សោះ។

ឯ​ហ្វូង​សត្វ​របស់​ពួក​គេ ក៏​បាន​រត់​ខ្ចាត់​ខ្ចាយ​អស់​»។+

២២ សូម​ស្ដាប់! មាន​គេ​កំពុង​នាំ​ដំណឹង​មក! និង​មាន​សូរ​សន្ធឹក​ពី​ស្រុក​ខាង​ជើង+

ដើម្បី​ធ្វើ​ឲ្យ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា​ទៅ​ជា​កន្លែង​ស្ងាត់​ជ្រងំ គឺ​ទៅ​ជា​លំនៅ​របស់​ឆ្កែ​ព្រៃ។+

២៣ ឱ​ព្រះ​យេហូវ៉ា​អើយ! ខ្ញុំ​ដឹង​ច្បាស់​ថា​មនុស្ស​គ្មាន​សិទ្ធិ​ដឹក​នាំ​ផ្លូវ​របស់​ខ្លួន​ទេ

ហើយ​ក៏​គ្មាន​សមត្ថភាព​តម្រង់​ជំហាន​របស់​ខ្លួន​ដែរ។+

២៤ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​កែ​តម្រង់​ខ្ញុំ​ដោយ​យុត្តិធម៌

តែ​មិន​មែន​ដោយ​កំហឹង​ទេ+ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សាប​សូន្យ​ឡើយ។+

២៥ សូម​លោក​បញ្ចេញ​កំហឹង​ទៅ​លើ​ប្រជា​ជាតិ​នា​នា​ដែល​មិន​អើពើ​នឹង​លោក+

ព្រម​ទាំង​ទៅ​លើ​អំបូរ​ទាំង​ឡាយ​ដែល​មិន​ហៅ​រក​នាម​លោក​ដែរ។

ព្រោះ​ពួក​គេ​បាន​ត្របាក់​លេប​យ៉ាកុប+ គឺ​បំផ្លិច​បំផ្លាញ​គាត់​អស់​គ្មាន​សល់។+

ពួក​គេ​ថែម​ទាំង​ធ្វើ​ឲ្យ​ស្រុក​របស់​គាត់​ទៅ​ជា​កន្លែង​ស្ងាត់​សូន្យ​ឈឹង​ទៀត​ផង។+

១១ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​យេរេមា​ថា​៖ ២ ​«​ឱ​បណ្ដា​ជន​អើយ! ចូរ​ស្ដាប់​ពាក្យ​ពេចន៍​ក្នុង​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ។

​«​ចូរ​ប្រាប់*ពាក្យ​ទាំង​នេះ​ដល់​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម ៣ គឺ​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ប្រជា​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​មិន​ធ្វើ​តាម​សេចក្ដី​ដែល​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ+ ៤ ជា​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​ខ្ញុំ​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប+ដែល​ប្រៀប​ដូច​ជា​ឡ​រំលាយ​ដែក។+ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា​៖ ‹ចូរ​ស្ដាប់​បង្គាប់​ខ្ញុំ ហើយ​ធ្វើ​តាម​ប្រសាសន៍​របស់​ខ្ញុំ នោះ​អ្នក​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។+ ៥ យ៉ាង​នោះ ខ្ញុំ​អាច​ធ្វើ​តាម​ពាក្យ​សម្បថ​ដែល​ខ្ញុំ​បាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា គឺ​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​ដែល​សម្បូរ​ទឹក​ដោះ​និង​ទឹក​ឃ្មុំ+ ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ›​»​›​»។

ខ្ញុំ​ក៏​ឆ្លើយ​ថា​៖ ​«​អាមេន!* ឱ​ព្រះ​យេហូវ៉ា​អើយ!​»។

៦ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​ចូរ​ប្រកាស​ពាក្យ​ទាំង​នេះ​នៅ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡិម​ថា​៖ ‹ចូរ​ស្ដាប់​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ ហើយ​ធ្វើ​តាម​ចុះ។ ៧ ព្រោះ​ខ្ញុំ​បាន​ដាស់​តឿន​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​នៅ​គ្រា​ដែល​ខ្ញុំ​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប និង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ដាស់​តឿន​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​ចូរ​ធ្វើ​តាម​បង្គាប់​ខ្ញុំ​»។+ ៨ ប៉ុន្តែ ពួក​គេ​មិន​បាន​ផ្ទៀង​ត្រចៀក​ស្ដាប់​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ចេះ​តែ​ធ្វើ​តាម​ចិត្ត​អាក្រក់​និង​ចិត្ត​រឹង​ចចេស​របស់​ខ្លួន។+ ដូច្នេះ ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្វី​ដែល​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​កើត​ឡើង​ទៅ​លើ​ពួក​គេ គឺ​កិច្ច​ព្រម​ព្រៀង​ដែល​ពួក​គេ​មិន​ព្រម​ធ្វើ​តាម›​»។

៩ រួច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​បាន​រួម​គ្នា​ក្បត់​ខ្ញុំ។ ១០ ពួក​គេ​បាន​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​បុព្វ​បុរស​របស់​ពួក​គេ ជា​អ្នក​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​ខ្ញុំ។+ ពួក​គេ​ក៏​បាន​កាន់​តាម​ព្រះ​ឯ​ទៀត ហើយ​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ដែរ។+ ដូច្នេះ ទាំង​ពូជ​ពង្ស​យូដា​ទាំង​ពូជ​ពង្ស​អ៊ីស្រាអែល សុទ្ធ​តែ​បំពាន​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​ពួក​គេ។+ ១១ ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ពួក​គេ+ គ្មាន​ពួក​គេ​ណា​ម្នាក់​អាច​គេច​រួច​បាន​ឡើយ។ ពេល​ពួក​គេ​ស្រែក​ហៅ​ខ្ញុំ​ឲ្យ​ជួយ ខ្ញុំ​នឹង​មិន​ព្រម​ស្ដាប់​ពួក​គេ​ជា​ដាច់​ខាត។+ ១២ ពួក​អ្នក​ក្រុង​ទាំង​ឡាយ​នៅ​ស្រុក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម នឹង​ទៅ​រក​ជំនួយ​ពី​ព្រះ​នា​នា​ដែល​ពួក​គេ​ជូន​គ្រឿង​បូជា+ តែ​ព្រះ​ទាំង​នោះ​មិន​អាច​សង្គ្រោះ​ពួក​គេ​នៅ​គ្រា​វេទនា​បាន​ឡើយ។ ១៣ ព្រោះ​ឱ​យូដា​អើយ! បណ្ដា​ព្រះ​របស់​អ្នក​គឺ​មាន​ច្រើន​ដូច​ជា​បណ្ដា​ក្រុង​របស់​អ្នក​ដែរ ហើយ​ទី​បូជា​ដែល​អ្នក​បាន​ដំឡើង​សម្រាប់​អ្វី*ដ៏​គួរ​ឲ្យ​អាម៉ាស់ ក៏​មាន​ច្រើន​ដូច​ជា​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡិម​ដែរ គឺ​ទី​បូជា​ដើម្បី​ជូន​គ្រឿង​បូជា​ដល់​ព្រះ​បាល›។+

១៤ ​«​ចំណែក​អ្នក*វិញ អ្នក​មិន​ត្រូវ​អធិដ្ឋាន​ឲ្យ​ប្រជា​ជាតិ​នេះ​ជា​ដាច់​ខាត។ អ្នក​មិន​ត្រូវ​អង្វរ​សុំ​ជំនួស​ពួក​គេ ឬ​ធ្វើ​សំណូម​ពរ​ឲ្យ​ពួក​គេ​ឡើយ+ ព្រោះ​ខ្ញុំ​មិន​ព្រម​ស្ដាប់​ទេ។ ទោះ​ជា​ពួក​គេ​ស្រែក​ហៅ​ខ្ញុំ​ឲ្យ​ជួយ​នៅ​គ្រា​វេទនា ក៏​ខ្ញុំ​មិន​ស្ដាប់​ដែរ។

១៥ រាស្ត្រ​សំណព្វ​ជា​ច្រើន​របស់​ខ្ញុំ​បាន​ធ្វើ​អំពើ​អាក្រក់

ដូច្នេះ​តើ​ពួក​គេ​មាន​សិទ្ធិ​ចូល​ក្នុង​ដំណាក់​របស់​ខ្ញុំ​ឬ? តើ​សាច់​នៃ​គ្រឿង​បូជា​ដែល​ជា​ចំណែក​បរិសុទ្ធ* អាច​ជួយ​ពួក​គេ​ឲ្យ​គេច​រួច​ពី​ទុក្ខ​វេទនា​បាន​ឬ?

នៅ​ពេល​នោះ តើ​អ្នក​រាល់​គ្នា​នឹង​ត្រេក​អរ​ឬ?

១៦ ព្រះ​យេហូវ៉ា​ធ្លាប់​ហៅ​អ្នក​ថា​ដើម​អូលីវ​ដែល​មាន​មែក​ត្រសុំត្រសាយ

ជា​ដើម​ដែល​បង្កើត​ផល​ផ្លែ​ល្អ​ៗ។

ប៉ុន្តែ លោក​ដុត​បំផ្លាញ​អ្នក​ចោល កាល​ដែល​លាន់​ឮ​សំឡេង​កង​រំពង

ឯ​ពួក​សត្រូវ ពួក​គេ​ក៏​បាន​កាប់​លួស​មែក​ទាំង​អស់​ចោល​ដែរ។

១៧ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ដែល​ជា​អ្នក​ដាំ+ បាន​ប្រកាស​ថា​នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក ព្រោះ​តែ​ពូជ​ពង្ស​យូដា​និង​ពូជ​ពង្ស​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​បាល។ ការ​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ជា​ខ្លាំង​»។+

១៨ ព្រះ​យេហូវ៉ា​អើយ! លោក​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង

ហើយ​បណ្ដាល​ឲ្យ​ខ្ញុំ​ឃើញ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ។

១៩ ខ្ញុំ​ប្រៀប​ដូច​ជា​ចៀម​ស្លូត​ដែល​គេ​នាំ​យក​ទៅ​សម្លាប់។

ខ្ញុំ​មិន​បាន​ដឹង​ថា​ពួក​គេ​បាន​ឃុប​ឃិត​គ្នា​ទាស់​នឹង​ខ្ញុំ ដោយ​និយាយ​ថា​៖+

​«​ចូរ​យើង​បំផ្លាញ​ដើម​ឈើ​នេះ​និង​ផ្លែ​របស់​វា​ចោល

ចូរ​យើង​សម្លាប់​គាត់​ឲ្យ​បាត់​ពី​ស្រុក​នេះ​ទៅ

ដើម្បី​កុំ​ឲ្យ​គេ​នៅ​ចាំ​អំពី​ឈ្មោះ​របស់​គាត់​ទៀត​»។

២០ ប៉ុន្តែ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​តែង​វិនិច្ឆ័យ​ដោយ​សុចរិត​យុត្តិធម៌។

លោក​ពិនិត្យ​មើល​អស់​ទាំង​ចិត្ត​ទាំង​គំនិត​ដែល​កប់​ជ្រៅ។+

សូម​ឲ្យ​ខ្ញុំ​ឃើញ​ការ​សង​សឹក​របស់​លោក​ទៅ​លើ​ពួក​គេ​ផង

ព្រោះ​ខ្ញុំ​បាន​ទុក​រឿង​ក្ដី​របស់​ខ្ញុំ​ឲ្យ​លោក​ដោះ​ស្រាយ​ហើយ។

២១ ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទាស់​នឹង​អ្នក​ក្រុង​អាណាថោត+ដែល​កំពុង​ស្វែង​រក​ជីវិត​ខ្ញុំ ជា​អ្នក​ដែល​គំរាម​ខ្ញុំ​ថា​៖ ​«​អ្នក​ឯង​មិន​ត្រូវ​ប្រកាស​ទំនាយ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ដាច់​ខាត។+ បើ​មិន​ដូច្នោះ​ទេ អ្នក​ឯង​នឹង​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​យើង​ជា​មិន​ខាន​»។ ២២ ដោយ​ហេតុ​នេះ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ ពួក​យុវជន​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ+ ហើយ​កូន​ប្រុស​កូន​ស្រី​ពួក​គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ការ​អត់​ឃ្លាន។+ ២៣ ដូច្នេះ អ្នក​ក្រុង​អាណាថោត+នឹង​ត្រូវ​ស្លាប់​ទាំង​អស់ គ្មាន​នៅ​សល់​អ្នក​ណា​ម្នាក់​ទេ ព្រោះ​ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​លើ​ពួក​គេ​នៅ​ក្នុង​ឆ្នាំ​ដែល​ខ្ញុំ​វិនិច្ឆ័យ​ទោស​»។

១២ ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​សុចរិត​ណាស់។+ ពេល​ខ្ញុំ​ត្អូញត្អែរ​ប្រាប់​លោក​និង​ពេល​ខ្ញុំ​និយាយ​អំពី​ការ​វិនិច្ឆ័យ​របស់​លោក

លោក​តែង​តែ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌។

ប៉ុន្តែ ហេតុ​អ្វី​ពួក​មនុស្ស​អាក្រក់​តែង​តែ​ទទួល​ផល​ល្អ?+

ហើយ​ហេតុ​អ្វី​មនុស្ស​ក្បត់​គ្មាន​ទុក្ខ​ព្រួយ​ដូច្នេះ?

 ២ លោក​បាន​ដាំ​ពួក​គេ ហើយ​ពួក​គេ​បាន​ចាក់​ឫស

រួច​លូត​លាស់​ឡើង ព្រម​ទាំង​បង្កើត​ផល​ផ្លែ​ដែរ។

មាត់​គេ​តែង​និយាយ​អំពី​លោក តែ​ក្នុង​ចិត្ត*របស់​ពួក​គេ​វិញ គ្មាន​លោក​ទេ។+

 ៣ ប៉ុន្តែ ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​ស្គាល់​ខ្ញុំ​ច្បាស់+ ថែម​ទាំង​ឃើញ​ខ្ញុំ​ផង

លោក​បាន​ពិនិត្យ​មើល​ចិត្ត​ខ្ញុំ ហើយ​ឃើញ​ថា​ចិត្ត​ខ្ញុំ​ស្រប​នឹង​ចិត្ត​របស់​លោក។+

សូម​លោក​ញែក​ពួក​គេ ដូច​ជា​ញែក​ចៀម​យក​ទៅ​សម្លាប់

សូម​លោក​ញែក​ពួក​គេ​ទុក​ដោយ​ឡែក​សម្រាប់​ថ្ងៃ​ប្រហារ​ជីវិត។

 ៤ តើ​គួរ​ឲ្យ​ស្រុក​នេះ​ហិនហោច​ដល់​កាល​ណា​ទៅ?

តើ​រហូត​ដល់​រុក្ខជាតិ​ទាំង​ឡាយ​ក្រៀម​ស្វិត​ឬ?+

ដោយ​សារ​តែ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក

សត្វ​ចតុប្បាទ​និង​សត្វ​ស្លាប​លែង​មាន​ទៀត។

ព្រោះ​ពួក​គេ​បាន​និយាយ​ថា​៖ ​«​លោក​មិន​ឃើញ​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​យើង​ទេ​»។

 ៥ បើ​អ្នក​រត់​ប្រណាំង​ជា​មួយ​មនុស្ស ហត់​ប៉ុណ្ណឹង​ទៅ​ហើយ

តើ​អ្នក​អាច​រត់​ប្រណាំង​ជា​មួយ​សេះ​ម្ដេច​នឹង​បាន​ទៅ?+

បើ​អ្នក​ធ្លាប់​តែ​សុខ​ស្រួល​ក្នុង​ស្រុក​ដែល​មាន​សន្តិភាព

ចុះ​ពេល​អ្នក​នៅ​ក្នុង​ព្រៃ​ស្ដុក​តាម​ដង​ទន្លេ​យ៉ូដាន់ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ទៅ?

 ៦ ព្រោះ​សូម្បី​តែ​បង​ប្អូន​បង្កើត​របស់​អ្នក ក៏​ក្បត់​អ្នក​ដែរ។+

ពួក​គេ​បាន​ស្រែក​យ៉ាង​ខ្លាំង​ទាស់​នឹង​អ្នក។

ទោះ​ជា​ពួក​គេ​និយាយ​ល្អ​ជា​មួយ​អ្នក​ក៏​ដោយ កុំ​ជឿ​ពួក​គេ​ឲ្យ​សោះ។

 ៧ ​«​ខ្ញុំ​បាន​ចាក​ចោល​វិហារ​របស់​ខ្ញុំ+ ហើយ​ក៏​បាន​បោះ​បង់​ចោល​មត៌ក​របស់​ខ្ញុំ​ដែរ។+

ខ្ញុំ​បាន​ប្រគល់​រាស្ត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​សត្រូវ​របស់​ពួក​គេ។+

 ៨ រាស្ត្រ​ដែល​ជា​មត៌ក​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​តោ​នៅ​ក្នុង​ព្រៃ។

ពួក​គេ​បាន​គ្រហឹម​ដាក់​ខ្ញុំ។ ដូច្នេះ ខ្ញុំ​ស្អប់​ពួក​គេ​ណាស់។

 ៩ រាស្ត្រ​ដែល​ជា​មត៌ក​របស់​ខ្ញុំ ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដ៏​សាហាវ​ដែល​មាន​ពណ៌​ចម្រុះ។

សត្វ​ស្លាប​សាហាវ​ឯ​ទៀត បាន​មក​ឡោម​ព័ទ្ធ​ហើយ​ចឹក​វា។+

ឱ​សត្វ​សាហាវ​នៅ​ឯ​វាល​អើយ! ចូរ​នាំ​គ្នា​មក! ចូរ​មក​ស៊ី​វា​ទៅ។+

១០ គង្វាល​ជា​ច្រើន​បាន​បំផ្លាញ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ខ្ញុំ+

ហើយ​ជាន់​ឈ្លី​ទឹក​ដី​ដែល​ជា​ចំណែក​របស់​ខ្ញុំ។+

ពួក​គេ​បាន​ធ្វើ​ឲ្យ​ទឹក​ដី​ដែល​ជា​ទី​គាប់​ចិត្ត​ខ្ញុំ ប្រែ​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ​វិញ។

១១ ទឹក​ដី​នោះ​បាន​ទៅ​ជា​ទី​រហោ​ស្ថាន មាន​សភាព​ក្រៀម​ក្រោះ*

និង​ត្រូវ​ទុក​ចោល​នៅ​ចំពោះ​មុខ​ខ្ញុំ។+

ទឹក​ដី​ទាំង​មូល​បាន​សូន្យ​ស្ងាត់ តែ​គ្មាន​នរណា​អើពើ​ទេ។+

១២ ពួក​អ្នក​បំផ្លាញ​បាន​មក​ពី​គ្រប់​ផ្លូវ​កាត់​តាម​តំបន់​ស្ងាត់​ជ្រងំ ព្រោះ​ដាវ​របស់​ព្រះ​យេហូវ៉ា​កំពុង​វាយ​ប្រហារ​ស្រុក​នេះ ពី​ជាយ​ដែន​ម្ខាង​ទៅ​ជាយ​ដែន​ម្ខាង+

ហើយ​គ្មាន​នរណា​ម្នាក់​មាន​សេចក្ដី​សុខ​ឡើយ។

១៣ ពួក​គេ​បាន​សាប​ព្រោះ​ពូជ​ស្រូវ​សាលី តែ​ច្រូត​បាន​បន្លា​វិញ។+

ពួក​គេ​ខំ​ធ្វើ​ការ​នឿយ​ហត់​ដោយ​ឥត​ប្រយោជន៍។

ពួក​គេ​នឹង​ទទួល​ការ​អាម៉ាស់​ចំពោះ​ភោគ​ផល​របស់​ខ្លួន

ដោយ​សារ​តែ​កំហឹង​ដ៏​ខ្លាំង​របស់​ព្រះ​យេហូវ៉ា​»។

១៤ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ស្ដី​អំពី​ប្រជា​ជាតិ​ជិត​ខាង​ដ៏​អាក្រក់ ដែល​មក​ប៉ះ​ពាល់​មត៌ក​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ+ នោះ​ខ្ញុំ​នឹង​រំលើង​ពួក​គេ​ចេញ​ពី​ស្រុក​របស់​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​ដក​ពូជ​ពង្ស​យូដា​ចេញ​ពី​ចំណោម​ពួក​គេ។ ១៥ ប៉ុន្តែ ក្រោយ​ខ្ញុំ​រំលើង​ពួក​អ្នក​ទាំង​នោះ ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ពួក​គេ​ម្ដង​ទៀត ហើយ​នាំ​ពួក​គេ​មក​ស្រុក​របស់​ពួក​គេ​វិញ ហើយ​ឲ្យ​ពួក​គេ​រស់​នៅ​លើ​ដី​ធ្លី​ជា​មត៌ក​រៀង​ៗ​ខ្លួន​»។

១៦ ​«​បើ​ពួក​គេ​ខិត​ខំ​រៀន​ដើរ​តាម​ផ្លូវ​របស់​រាស្ត្រ​ខ្ញុំ ហើយ​ស្បថ​ដោយ​នូវ​នាម​ខ្ញុំ គឺ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ដែល​មាន​ជីវិត​រស់​នៅ ដូច​ពួក​គេ​ធ្លាប់​បង្រៀន​រាស្ត្រ​ខ្ញុំ​ឲ្យ​ស្បថ​ដោយ​នូវ​នាម​ព្រះ​បាល នោះ​ពួក​គេ​នឹង​បាន​ចម្រុង​ចម្រើន​ក្នុង​ចំណោម​រាស្ត្រ​ខ្ញុំ។ ១៧ ផ្ទុយ​ទៅ​វិញ បើ​ពួក​គេ​មិន​ព្រម​ស្ដាប់​បង្គាប់​ខ្ញុំ​ទេ នោះ​ខ្ញុំ​នឹង​ដក​រំលើង ហើយ​បំផ្លាញ​ពួក​គេ​ចោល​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។+

១៣ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ខ្ញុំ​ថា​៖ ​«​ចូរ​ទៅ​ទិញ​ខ្សែ​ក្រវាត់​ដែល​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ រួច​ចង​នៅ​ចង្កេះ​អ្នក តែ​មិន​ត្រូវ​ឲ្យ​វា​សើម​ទេ​»។ ២ ដូច្នេះ ខ្ញុំ​ក៏​ទៅ​ទិញ​ខ្សែ​ក្រវាត់​តាម​បង្គាប់​ព្រះ​យេហូវ៉ា រួច​ចង​នៅ​ចង្កេះ​ខ្ញុំ។ ៣ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ៤ ​«​ចូរ​យក​ខ្សែ​ក្រវាត់​នៅ​ចង្កេះ​អ្នក ជា​ខ្សែ​ក្រវាត់​ដែល​អ្នក​បាន​ទិញ រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទន្លេ​អឺប្រាត ហើយ​លាក់​វា​ទុក​ក្នុង​ក្រហែង​ថ្ម​»។ ៥ ដូច្នេះ ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ រួច​លាក់​ខ្សែ​ក្រវាត់​នោះ​នៅ​ក្បែរ​ទន្លេ​អឺប្រាត​តាម​បង្គាប់​ព្រះ​យេហូវ៉ា។

៦ អស់​ជា​ច្រើន​ថ្ងៃ​ក្រោយ​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖ ​«​ចូរ​ក្រោក​ឡើង ហើយ​ធ្វើ​ដំណើរ​ទៅ​ទន្លេ​អឺប្រាត រួច​យក​ខ្សែ​ក្រវាត់​ដែល​ខ្ញុំ​បង្គាប់​ឲ្យ​អ្នក​លាក់​នោះ ត្រឡប់​មក​វិញ​»។ ៧ ម្ល៉ោះ​ហើយ ខ្ញុំ​ក៏​ធ្វើ​ដំណើរ​ទៅ​ទី​នោះ ហើយ​កាយ​យក​ខ្សែ​ក្រវាត់​ដែល​ខ្ញុំ​បាន​លាក់​ទុក តែ​ខ្ញុំ​ឃើញ​ថា​វា​បាន​ពុក​ផុយ​អស់​ទៅ​ហើយ គឺ​មិន​អាច​ប្រើ​ការ​បាន​ទៀត​ទេ។

៨ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖ ៩ ​«​នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ដែល​ថា​៖ ‹តាម​របៀប​ដូច​គ្នា​នេះ ខ្ញុំ​នឹង​បំបាក់​អំណួត​របស់​ពួក​យូដា និង​ការ​ក្រអឺតក្រអោង​របស់​អ្នក​ក្រុង​យេរូសាឡិម។+ ១០ ប្រជា​ជាតិ​ដ៏​អាក្រក់​នេះ​មិន​ព្រម​ស្ដាប់​បង្គាប់​ខ្ញុំ​ទេ+ ពួក​គេ​មាន​ចិត្ត​រឹង​ចចេស​ណាស់ ហើយ​ចូល​ចិត្ត​ធ្វើ​តាម​តែ​ចិត្ត​ខ្លួន។+ ពួក​គេ​កាន់​តាម​ព្រះ​ឯ​ទៀត ហើយ​គោរព​បម្រើ​ដល់​ព្រះ​ទាំង​នោះ។ ហេតុ​នេះ ពួក​គេ​នឹង​ដូច​ជា​ខ្សែ​ក្រវាត់​នេះ​ដែរ គឺ​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ›។ ១១ ‹ព្រោះ​ដូច​ខ្សែ​ក្រវាត់​ជាប់​នៅ​ចង្កេះ​មនុស្ស​យ៉ាង​ណា នោះ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពូជ​ពង្ស​អ៊ីស្រាអែល​និង​ពូជ​ពង្ស​យូដា​ជាប់​នឹង​ខ្ញុំ​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​រាស្ត្រ​របស់​ខ្ញុំ+ ជា​កិត្តិនាម+ ជា​ការ​សរសើរ និង​អ្វី​ដ៏​ស្រស់​ស្អាត​ដល់​ខ្ញុំ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​មិន​បាន​ស្ដាប់​ខ្ញុំ​ទេ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១២ ​«​បន្ថែម​ទៅ​ទៀត អ្នក​ត្រូវ​នាំ​ដំណឹង​ទៅ​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​ថូ​ធំ​ៗ​ទាំង​ប៉ុន្មាន គួរ​តែ​ពេញ​ទៅ​ដោយ​ស្រា​»​›។ ពួក​គេ​នឹង​ឆ្លើយ​មក​អ្នក​ថា​៖ ‹យើង​ដឹង​ហើយ​តើ ថា​ថូ​ធំ​ៗ​ទាំង​អស់​ត្រូវ​ដាក់​ស្រា​ពេញ›។ ១៣ រួច​អ្នក​ត្រូវ​និយាយ​ទៅ​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នេះ​ស្រវឹង​ជោក​ជាំ+ គឺ​ចាប់​ពី​ស្ដេច​ដែល​អង្គុយ​លើ​បល្ល័ង្ក​ដាវីឌ រហូត​ដល់​ពួក​សង្ឃ​និង​ពួក​អ្នក​ប្រកាស​ទំនាយ ព្រម​ទាំង​អ្នក​ក្រុង​យេរូសាឡិម​ទាំង​អស់។ ១៤ ខ្ញុំ​នឹង​បោក​ពួក​គេ​ផ្ទប់​ជា​មួយ​គ្នា គឺ​ទាំង​ឪពុក​ទាំង​កូន។+ ខ្ញុំ​នឹង​មិន​ត្រា​ប្រណី ឬ​បង្ហាញ​សេចក្ដី​មេត្តា និង​សេចក្ដី​អាណិត​អាសូរ​ចំពោះ​ពួក​គេ​ឡើយ ហើយ​ក៏​គ្មាន​អ្វី​អាច​រា​រាំង​ខ្ញុំ​មិន​ឲ្យ​បំផ្លាញ​ពួក​គេ​ដែរ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា›។+

១៥ ចូរ​ត្រង​ត្រាប់​ស្ដាប់​ចុះ

កុំ​មាន​ចិត្ត​អំណួត​ឡើយ ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ហើយ

១៦ ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក

មុន​លោក​នាំ​ឲ្យ​មាន​ភាព​ងងឹត

និង​មុន​អ្នក​ជំពប់​ជើង​ដួល​នៅ​លើ​ភ្នំ​នា​ពេល​ព្រលប់។

អ្នក​ទន្ទឹង​ចាំ​ទទួល​ពន្លឺ តែ​លោក​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ងងឹត​សូន្យសុង

គឺ​លោក​ធ្វើ​ឲ្យ​ពន្លឺ​ប្រែ​ទៅ​ជា​ភាព​ងងឹត​យ៉ាង​ក្រាស់​វិញ។+

១៧ ប៉ុន្តែ ប្រសិន​បើ​អ្នក​មាន​អំណួត​ហើយ​មិន​ព្រម​ស្ដាប់​ទេ

នោះ​ខ្ញុំ​នឹង​ពួន​យំ​តែ​ម្នាក់​ឯង។

ទឹក​ភ្នែក​ខ្ញុំ​នឹង​ហូរ​មក​ឥត​ល្ហែ​ដូច​ជា​ក្បាល​ទឹក+

ព្រោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា+ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ហើយ។

១៨ ចូរ​ប្រាប់​ដល់​ស្ដេច​និង​មាតា​ស្ដេច​ថា​៖+ ‹ចូរ​អង្គុយ​នៅ​កន្លែង​ទាប​ជាង

ព្រោះ​មកុដ​ដ៏​រុង​រឿង​របស់​អ្នក​នឹង​ធ្លាក់​ចុះ​ពី​លើ​ក្បាល​អ្នក​ហើយ›។

១៩ ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ភាគ​ខាង​ត្បូង​បាន​ត្រូវ​បិទ​ទ្វារ*ហើយ គ្មាន​នរណា​ម្នាក់​បើក​ទៀត​ទេ។

ពួក​យូដា​ទាំង​អស់​បាន​ត្រូវ​គេ​និរទេស​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។+

២០ ចូរ​ងើយ​ភ្នែក​មើល​ទៅ​ពួក​អ្នក​ដែល​កំពុង​មក​ពី​ភាគ​ខាង​ជើង។+

តើ​ហ្វូង​ចៀម​ស្អាត​ៗ​ដែល​អ្នក​បាន​ទទួល​នៅ​ឯ​ណា?+

២១ ពេល​មិត្ត​ជិត​ស្និទ្ធ​ដែល​អ្នក​បាន​រាប់​អាន​ពី​ដំបូង+

មក​ដាក់​ទោស​អ្នក តើ​អ្នក​នឹង​និយាយ​អ្វី​ទៅ?

តើ​អ្នក​នឹង​មិន​ឈឺ​ចាប់​ដូច​ជា​ស្ត្រី​ឈឺ​ពោះ​សម្រាល​កូន​ទេ​ឬ?+

២២ បើ​អ្នក​ឆ្ងល់​ក្នុង​ចិត្ត​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​រឿង​នេះ​កើត​ឡើង​ដល់​ខ្ញុំ?›+

នោះ​គឺ​ដោយ​សារ​តែ​កំហុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​របស់​អ្នក​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដោះ​សំពត់​អ្នក+ ហើយ​កែង​ជើង​អ្នក​ឈឺ​ចុក​ចាប់​ជា​ខ្លាំង។

២៣ តើ​ជន​ជាតិ​គូស*អាច​ដូរ​ពណ៌​សម្បុរ​របស់​ខ្លួន​បាន​ទេ? ហើយ​តើ​ខ្លា​រខិន​អាច​ដូរ​ស្នាម​អុជ​របស់​វា​បាន​ឬ?+

បើ​បាន​មែន ឱ​អ្នក​ដែល​មាន​ទម្លាប់​ធ្វើ​អាក្រក់​អើយ! អ្នក​ក៏​អាច​ធ្វើ​ល្អ​បាន​ដែរ។

២៤ ហេតុ​នេះ ដូច​ចំបើង​ត្រូវ​ខ្យល់​ពី​តំបន់​ស្ងាត់​ជ្រងំ​បក់​ប៉ីង​យ៉ាង​ណា​ខ្ញុំ​នឹង​កម្ចាត់​កម្ចាយ​ពួក​គេ​យ៉ាង​នោះ​ដែរ។+

២៥ នោះ​ជា​ចំណែក​របស់​អ្នក​ហើយ ជា​ចំណែក​ដែល​ខ្ញុំ​បាន​ឲ្យ​អ្នក​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

​«​អ្នក​បាន​បំភ្លេច​ខ្ញុំ+ និង​ទុក​ចិត្ត​ពាក្យ​ភូត​ភរ+

២៦ ដោយ​ហេតុ​នោះ ខ្ញុំ​នឹង​លាត់​សំពត់​អ្នក​មក​គ្រប​ក្បាល​អ្នក

ហើយ​អ្នក​ឯ​ទៀត​នឹង​ឃើញ​កេរ្តិ៍​ខ្មាស​របស់​អ្នក+

២៧ គេ​នឹង​ឃើញ​អំពើ​ផិត​ក្បត់​របស់​អ្នក+ និង​សម្រែក​ត្រេក​ត្រអាល​របស់​អ្នក

ព្រម​ទាំង​ឃើញ​អំពើ​ពេស្យាចារ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​អ្នក​ដែរ។

នៅ​លើ​ទី​ទួល​នា​នា និង​នៅ​ឯ​វាល

ខ្ញុំ​បាន​ឃើញ​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ខ្ពើម​ឆ្អើម​របស់​អ្នក។+

ឱ​ក្រុង​យេរូសាឡិម​អើយ! អ្នក​នឹង​ត្រូវ​វេទនា​ហើយ!

តើ​អ្នក​នៅ​តែ​ប្រព្រឹត្ត​ដោយ​ស្មោក​គ្រោក​ដល់​កាល​ណា​ទៀត?​»។+

១៤ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​យេរេមា​ស្ដី​អំពី​គ្រោះ​រាំង​ស្ងួត​ថា​៖+

២ ស្រុក​យូដា​យំ​កាន់​ទុក្ខ+ ហើយ​ខ្លោង​ទ្វារ​ក្រុង​ក៏​រលំ​ទៅ

គឺ​ដួល​ទៅ​ដី​ទាំង​ទឹក​មុខ​ស្រពោន

ហើយ​ក៏​មាន​ឮ​សម្រែក​ទួញ​យំ​របស់​អ្នក​ក្រុង​យេរូសាឡិម។

 ៣ ពួក​ចៅហ្វាយ​ឲ្យ​ពួក​អ្នក​បម្រើ​ខ្លួន​ទៅ​ដង​ទឹក

តែ​ពេល​ពួក​គេ​ទៅ​ដល់​អណ្ដូង ឃើញ​ថា​គ្មាន​ទឹក​ទេ។

ពួក​គេ​ក៏​ត្រឡប់​មក​វិញ​ដោយ​ក្អម​ទទេ ទាំង​ខក​ចិត្ត ហើយ​ខ្មាស​ជា​ខ្លាំង

រួច​ពួក​គេ​យក​ក្រណាត់​មក​គ្រប​ក្បាល​ខ្លួន។

 ៤ នៅ​ពេល​នោះ ដី​បាន​ប្រេះ​បែក​ក្រហែង ព្រោះ​គ្មាន​ភ្លៀង​សោះ។+

ឯ​ពួក​កសិករ​បាន​ខក​ចិត្ត​ជា​ខ្លាំង ហើយ​យក​ក្រណាត់​មក​គ្រប​ក្បាល​ខ្លួន។

 ៥ សូម្បី​តែ​ក្ដាន់​ញី​នៅ​ឯ​វាល​ក៏​ចាក​ចោល​កូន​ដែល​ទើប​នឹង​កើត​ដែរ ដោយ​សារ​តែ​គ្មាន​ស្មៅ។

 ៦ លា​ព្រៃ​ឈរ​នៅ​លើ​ទី​ទួល​ដែល​គ្មាន​ដើម​ឈើ ហើយ​ពួក​វា​ដង្ហក់​ដូច​ឆ្កែ​ព្រៃ។

ភ្នែក​ពួក​វា​ស្រវាំង​ទៅ ព្រោះ​ខំ​រក​មើល​ចំណី តែ​គ្មាន​ទេ។+

 ៧ កំហុស​របស់​យើង​ខ្ញុំ​បញ្ជាក់​ថា យើង​ខ្ញុំ​សម​នឹង​ទទួល​ទោស​មែន

ប៉ុន្តែ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​មេត្តា​ចាត់​វិធានការ​ដោយ​យល់​ដល់​នាម​លោក​ផង។+

ការ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​របស់​យើង​ខ្ញុំ​មាន​ច្រើន​ណាស់+

យើង​ខ្ញុំ​បាន​ធ្វើ​ខុស​ឆ្គង​ទាស់​នឹង​លោក​ហើយ។

 ៨ ឱ​ក្ដី​សង្ឃឹម​នៃ​អ៊ីស្រាអែល​អើយ! លោក​ហើយ​ជា​អ្នក​សង្គ្រោះ​យើង​ខ្ញុំ+ក្នុង​គ្រា​លំបាក។

ហេតុ​អ្វី​ក៏​លោក​ធ្វើ​ដូច​ជា​ជន​បរទេស​ដែល​នៅ​ក្នុង​ស្រុក​នេះ​ដូច្នេះ?

ម្ដេច​ក៏​លោក​ប្រៀប​ដូច​ជា​អ្នក​ដំណើរ​ដែល​មក​ស្នាក់​នៅ​តែ​មួយ​យប់​ទៅ​វិញ?

 ៩ ហេតុ​អ្វី​ក៏​លោក​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ដែល​ស្រឡាំងកាំង

គឺ​ដូច​ជា​បុរស​ខ្លាំង​ក្លា​ម្នាក់​ដែល​មិន​អាច​ជួយ​សង្គ្រោះ​ដូច្នេះ?

ឱ​ព្រះ​យេហូវ៉ា​អើយ! ព្រោះ​លោក​ស្ថិត​នៅ​ក្នុង​ចំណោម​យើង​ខ្ញុំ+

ហើយ​យើង​ខ្ញុំ​ក៏​ជា​តំណាង​នាម​លោក​ដែរ។+

សូម​មេត្តា​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ។

១០ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​អំពី​បណ្ដា​ជន​នេះ​ថា​៖ ​«​ពួក​គេ​ចូល​ចិត្ត​ដើរ​សាត់​ព្រាត់+ ហើយ​មិន​បាន​ឃាត់​ជើង​ខ្លួន​ឡើយ។+ ហេតុ​នេះ ខ្ញុំ​យេហូវ៉ា​មិន​ពេញ​ចិត្ត​នឹង​ពួក​គេ​ទេ។+ ឥឡូវ​ខ្ញុំ​នឹង​ចាំ​កំហុស​របស់​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​»។+

១១ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​កុំ​អធិដ្ឋាន​សុំ​សេចក្ដី​ល្អ​ឲ្យ​ប្រជា​ជាតិ​នេះ​ឡើយ។+ ១២ ពេល​ពួក​គេ​តម​អាហារ ហើយ​ស្រែក​អង្វរ​សុំ ខ្ញុំ​មិន​ស្ដាប់​ពួក​គេ​ជា​ដាច់​ខាត។+ ពេល​ពួក​គេ​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ពី​ស្រូវ ខ្ញុំ​មិន​ព្រម​ទទួល​ទេ។+ ខ្ញុំ​នឹង​បំផ្លាញ​ពួក​គេ​ដោយ​ដាវ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត​»។+

១៣ ឮ​ដូច្នេះ ខ្ញុំ​តប​ថា​៖ ​«​វរ​ហើយ! ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! មើល! ពួក​អ្នក​ប្រកាស​ទំនាយ​កំពុង​ប្រាប់​បណ្ដា​ជន​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ដាវ ឬ​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លាន​ទេ ព្រោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ក្នុង​ស្រុក​នេះ›​»។+

១៤ រួច​មក​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​នោះ​កំពុង​ប្រកាស​ពាក្យ​ភូត​ភរ​ក្នុង​នាម​ខ្ញុំ+ ព្រោះ​ខ្ញុំ​មិន​បាន​និយាយ​ទៅ​កាន់​ពួក​គេ ឬ​បង្គាប់​ពួក​គេ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​ចាត់​ពួក​គេ​ដែរ។+ ពួក​គេ​កំពុង​ប្រកាស​អំពី​អ្វី​មិន​ពិត​ដែល​ពួក​គេ​ឃើញ​ក្នុង​គំនិត និង​អំពី​ទំនាយ​ដែល​ឥត​ប្រយោជន៍ គឺ​ជា​ការ​បោក​ប្រាស់​ដែល​ផុស​ចេញ​ពី​ចិត្ត​របស់​ពួក​គេ​ប៉ុណ្ណោះ។+ ១៥ ដូច្នេះ ខ្ញុំ​យេហូវ៉ា​មាន​ប្រសាសន៍​ទាស់​នឹង​ពួក​គេ​ថា​៖ ‹ស្ដី​អំពី​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​នោះ គឺ​ពួក​អ្នក​ដែល​ខ្ញុំ​មិន​ចាត់​ឲ្យ​ទៅ ជា​ពួក​អ្នក​ដែល​បាន​និយាយ​ថា​គ្មាន​សង្គ្រាម​និង​ការ​អត់​ឃ្លាន ពួក​គេ​ទាំង​អស់​នឹង​វិនាស​សូន្យ​ទៅ​ដោយ​សង្គ្រាម​និង​ការ​អត់​ឃ្លាន​មិន​ខាន។+ ១៦ ឯ​ពួក​អ្នក​ដែល​ស្ដាប់​ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ទាំង​នោះ នឹង​ស្លាប់​ដោយ​សារ​សង្គ្រាម​និង​ការ​អត់​ឃ្លាន ហើយ​សព​របស់​ពួក​គេ​នឹង​ត្រូវ​ទុក​ចោល​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡិម គ្មាន​នរណា​យក​ពួក​គេ​ទៅ​បញ្ចុះ​ទេ+ រួម​ទាំង​សព​ប្រពន្ធ​និង​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ​ផង​ដែរ។ ព្រោះ​ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​អន្តរាយ​ធ្លាក់​ទៅ​លើ​ពួក​គេ ជា​អ្វី​ដែល​ពួក​គេ​សម​នឹង​ទទួល›។+

១៧ ​«​អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ថា​៖ ‹ទឹក​ភ្នែក​ខ្ញុំ​ហូរ​មក​ឥត​ល្ហែ ទាំង​យប់​ទាំង​ថ្ងៃ+

ព្រោះ​កូន​ក្រមុំ​បរិសុទ្ធ​នៃ​រាស្ត្រ​របស់​ខ្ញុំ​បាន​ត្រូវ​វាយ​កម្ទេច+ ហើយ​រង​របួស​ជា​ដំណំ។

១៨ ពេល​ខ្ញុំ​ទៅ​មើល​នៅ​ឯ​វាល ខ្ញុំ​ឃើញ​សព​មនុស្ស​ស្លាប់​ដោយ​ដាវ។+

ពេល​ខ្ញុំ​ចូល​ទៅ​ក្នុង​ក្រុង ខ្ញុំ​ឃើញ​មនុស្ស​ឈឺ​ដោយ​ការ​អត់​ឃ្លាន។+

ព្រោះ​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ពួក​សង្ឃ​បាន​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​ដែល​ពួក​គេ​មិន​ស្គាល់›​»។+

១៩ ឱ​ព្រះ​អើយ! តើ​លោក​បាន​បោះ​បង់​ចោល​ស្រុក​យូដា​ទាំង​ស្រុង​ឬ? តើ​លោក​ស្អប់​ខ្ពើម​ក្រុង​ស៊ីយ៉ូន​ឬ?+

ហេតុ​អ្វី​បាន​ជា​លោក​វាយ​យើង​ខ្ញុំ​ឲ្យ​របួស​ធ្ងន់​រហូត​ដល់​មិន​អាច​ជា​ឡើង​វិញ​ដូច្នេះ?+

យើង​ខ្ញុំ​សង្ឃឹម​ថា​មាន​សេចក្ដី​សុខ​សាន្ត តែ​គ្មាន​អ្វី​ល្អ​កើត​ឡើង​ទេ

យើង​ខ្ញុំ​សង្ឃឹម​ថា​មាន​ការ​ជា​សះ​ស្បើយ តែ​មាន​តែ​ការ​ភ័យ​តក់​ស្លុត​ប៉ុណ្ណោះ។+

២០ ឱ​ព្រះ​យេហូវ៉ា​អើយ! យើង​ខ្ញុំ​ទទួល​ស្គាល់​អំពើ​ទុច្ចរិត​របស់​ខ្លួន

ព្រម​ទាំង​អំពើ​រំលង​របស់​បុព្វ​បុរស​យើង​ខ្ញុំ​ដែរ។

ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទាស់​នឹង​លោក​ហើយ។+

២១ ដោយ​យល់​ដល់​នាម​របស់​លោក សូម​លោក​កុំ​បោះ​បង់​យើង​ខ្ញុំ​ចោល+

ហើយ​កុំ​មើល​ងាយ​បល្ល័ង្ក​ដ៏​រុង​រឿង​របស់​លោក​ឡើយ។

សូម​លោក​នៅ​ចាំ​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​យើង​ខ្ញុំ ហើយ​កុំ​រំលាយ​កិច្ច​ព្រម​ព្រៀង​នោះ​ចោល​ឡើយ។+

២២ តើ​រូប​ព្រះ​ឥត​បាន​ការ​ទាំង​ប៉ុន្មាន​របស់​ប្រជា​ជាតិ​នា​នា​អាច​ធ្វើ​ឲ្យ​មាន​ភ្លៀង​បាន​ទេ?

តើ​មេឃ​អាច​បង្អុរ​ភ្លៀង​ដោយ​ឯកឯង​បាន​ឬ?

ឱ​ព្រះ​យេហូវ៉ា​អើយ! មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន។+

យើង​សង្ឃឹម​លើ​លោក​ហើយ

ព្រោះ​មាន​តែ​លោក​ប៉ុណ្ណោះ​អាច​ធ្វើ​ការ​ទាំង​អស់​នេះ។

១៥ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​ទោះ​ជា​ម៉ូសេ​និង​សាំយូអែល​ឈរ​នៅ​ចំពោះ​មុខ​ខ្ញុំ​ក៏​ដោយ+ ក៏​ខ្ញុំ​មិន​បង្ហាញ​សេចក្ដី​អាណិត​អាសូរ​ចំពោះ​ប្រជារាស្ត្រ​នេះ​ឡើយ។ ចូរ​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​ខ្ញុំ​ទៅ ឲ្យ​ពួក​គេ​ចេញ​ឲ្យ​ឆ្ងាយ​ទៅ។ ២ បើ​ពួក​គេ​សួរ​អ្នក​ថា​៖ ‹តើ​យើង​គួរ​ទៅ​កន្លែង​ណា?›។ អ្នក​ត្រូវ​ឆ្លើយ​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​អ្នក​ណា​ដែល​ត្រូវ​ស្លាប់​ដោយ​ទុក្ខ​វេទនា នឹង​ស្លាប់​ដោយ​ទុក្ខ​វេទនា!

អ្នក​ណា​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ នឹង​ស្លាប់​ដោយ​ដាវ!+

អ្នក​ណា​ដែល​ត្រូវ​ស្លាប់​ដោយ​ការ​អត់​ឃ្លាន នឹង​ស្លាប់​ដោយ​ការ​អត់​ឃ្លាន!

អ្នក​ណា​ដែល​ត្រូវ​គេ​ចាប់​ទៅ​ជា​ឈ្លើយ នឹង​ទៅ​ជា​ឈ្លើយ!​»​›។+

៣ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​ទទួល​សេចក្ដី​វេទនា​បួន​យ៉ាង*+ គឺ​ដាវ​នឹង​ប្រហារ​ពួក​គេ ឆ្កែ​នឹង​អូស​យក​សព​ពួក​គេ សត្វ​ស្លាប​នៅ​លើ​មេឃ​នឹង​ចឹក​ស៊ី​ពួក​គេ ហើយ​សត្វ​សាហាវ​នៅ​ដី​នឹង​ត្របាក់​ស៊ី​សព​ដែល​នៅ​សល់។+ ៤ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ប្រជា​ជាតិ​ទាំង​អស់​នៅ​ផែនដី​ភ័យ​រន្ធត់​ពេល​ឮ​អំពី​ពួក​គេ+ ព្រោះ​តែ​ទង្វើ​ដ៏​អាក្រក់​របស់​ម៉ាណាសេ​ជា​កូន​របស់​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា បាន​ធ្វើ​នៅ​ក្រុង​យេរូសាឡិម។+

 ៥ ឱ​ក្រុង​យេរូសាឡិម​អើយ! តើ​អ្នក​ណា​នឹង​បង្ហាញ​សេចក្ដី​អាណិត​អាសូរ​ចំពោះ​អ្នក? តើ​អ្នក​ណា​នឹង​យល់​អារម្មណ៍​អ្នក?

តើ​អ្នក​ណា​នឹង​ឈប់ ហើយ​សួរ​សុខ​ទុក្ខ​អ្នក?›។

 ៦ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹អ្នក​ចេះ​តែ​បែរ​ចេញ​ពី​ខ្ញុំ*+

គឺ​បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយ។+

ដូច្នេះ ខ្ញុំ​នឹង​លើក​ដៃ​ទៅ​ទាស់​នឹង​អ្នក ហើយ​បំផ្លាញ​អ្នក​ចោល។+

ខ្ញុំ​នឹង​លែង​បង្ហាញ​សេចក្ដី​អាណិត​អាសូរ​ដល់​អ្នក​ទៀត​ហើយ។

 ៧ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់​ខ្ចាយ ដូច​ជា​គេ​រោយ​ស្រូវ​នៅ​មាត់​ទ្វារ​ក្រុង​ក្នុង​ស្រុក។

ខ្ញុំ​នឹង​ពង្រាត់​កូន​ៗ​ពី​ពួក​គេ។+

ខ្ញុំ​នឹង​បំផ្លាញ​រាស្ត្រ​ខ្ញុំ ដោយ​សារ​ពួក​គេ​មិន​ព្រម​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ទេ។+

 ៨ ស្ត្រី​មេម៉ាយ​របស់​ពួក​គេ នឹង​មាន​ចំនួន​ច្រើន​ជាង​ខ្សាច់​នៅ​សមុទ្រ​ទៅ​ទៀត។

ខ្ញុំ​នឹង​នាំ​អ្នក​បំផ្លាញ ឲ្យ​មក​ទាស់​នឹង​ពួក​គេ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​គឺ​ទាស់​នឹង​ម្ដាយ​ទាំង​ឡាយ ព្រម​ទាំង​ពួក​យុវជន​ផង​ដែរ។

ខ្ញុំ​នឹង​នាំ​ឲ្យ​ពួក​គេ​ភ័យ​តក់​ស្លុត​និង​រន្ធត់​ភ្លាម​មួយ​រំពេច។

 ៩ ស្ត្រី​ដែល​បង្កើត​កូន​៧​នាក់ បាន​ល្វើយ​ទៅ ហើយ​នាង​ដង្ហក់​ត្រដរ​ខ្យល់។

ទោះ​ជា​នៅ​ថ្ងៃ​នៅ​ឡើយ នាង​នៅ​ក្នុង​ភាព​ងងឹត

នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ខ្មាស​និង​អាម៉ាស់​មុខ​ជា​ខ្លាំង›។*

‹ឯ​មនុស្ស​មួយ​ចំនួន​តូច​ដែល​នៅ​សេស​សល់

ខ្ញុំ​នឹង​ប្រគល់​ដល់​ដាវ​សត្រូវ​របស់​ពួក​គេ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។+

១០ ឱ​អ្នក​ម្ដាយ​អើយ! អ្នក​បាន​បង្កើត​ខ្ញុំ​មក នាំ​ឲ្យ​ខ្ញុំ​វេទនា​ណាស់!+

នៅ​ទូទាំង​ស្រុក ខ្ញុំ​ជា​បុគ្គល​ដែល​គេ​ឈ្លោះ​ប្រកែក​និង​ទាស់​ទែង​ជា​មួយ

ខ្ញុំ​មិន​ជំពាក់​គេ ហើយ​គេ​ក៏​មិន​ជំពាក់​ខ្ញុំ​ដែរ

តែ​ពួក​គេ​ទាំង​អស់​បែរ​ជា​ដាក់​បណ្ដាសា​ខ្ញុំ​វិញ។

១១ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ជួយ​អ្នក​ជា​ប្រាកដ

ខ្ញុំ​នឹង​ធ្វើ​អន្តរាគមន៍​ដើម្បី​ជួយ​អ្នក​នៅ​ចំពោះ​មុខ​ពួក​សត្រូវ

ហើយ​គាំ​ពារ​អ្នក​ជា​មិន​ខាន គឺ​នៅ​គ្រា​ដែល​មាន​សេចក្ដី​វេទនា។

១២ តើ​មាន​អ្នក​ណា​អាច​បំបាក់​បំបែក​ដែក

ដែល​មក​ពី​ភាគ​ខាង​ជើង​និង​បំបាក់​ស្ពាន់​បាន​ទេ?

១៣ ខ្ញុំ​នឹង​ប្រគល់​ទ្រព្យ​សម្បត្តិ​និង​ធន​ធាន​របស់​អ្នក​ដល់​ពួក​សត្រូវ+

គឺ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ ព្រោះ​តែ​អំពើ​ខុស​ឆ្គង​ទាំង​អស់​ដែល​អ្នក​បាន​ធ្វើ​នៅ​ទូទាំង​ស្រុក​អ្នក។

១៤ ខ្ញុំ​នឹង​ឲ្យ​របស់​របរ​ទាំង​នោះ​ដល់​ពួក​សត្រូវ​របស់​អ្នក

ហើយ​ពួក​គេ​នឹង​នាំ​យក​ទៅ​ស្រុក​ដែល​អ្នក​មិន​ស្គាល់។+

ព្រោះ​កំហឹង​ដ៏​ខ្លាំង​ក្រៃ​លែង​របស់​ខ្ញុំ ប្រៀប​ដូច​ជា​ភ្លើង​ដែល​ឆាប​ឆេះ​អ្នក​»។+

១៥ ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​ជ្រាប​ទាំង​អស់​ហើយ។

សូម​នឹក​ដល់​ខ្ញុំ ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ផង។

សូម​សង​សឹក​នឹង​ពួក​អ្នក​ដែល​បៀត​បៀន​ខ្ញុំ។+

សូម​កុំ​អត់​ធ្មត់​នឹង​ពួក​គេ ហើយ​កុំ​ទុក​ឲ្យ​ខ្ញុំ​វិនាស​ឡើយ។

សូម​លោក​ជ្រាប​ថា ខ្ញុំ​បាន​រង​ការ​ប្រមាថ​មើល​ងាយ​ដោយ​សារ​លោក។+

១៦ ពេល​ខ្ញុំ​ទទួល​បណ្ដាំ​លោក ខ្ញុំ​បាន​រំពឹង​គិត​ក្នុង​ចិត្ត។*+

បណ្ដាំ​របស់​លោក​នាំ​ឲ្យ​ខ្ញុំ​ត្រេក​អរ​និង​រីករាយ​ក្នុង​ចិត្ត

ឱ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​អើយ! ខ្ញុំ​បាន​ត្រូវ​ហៅ​តាម​នាម​លោក។

១៧ ខ្ញុំ​មិន​អង្គុយ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចូល​ចិត្ត​ការ​សប្បាយ​ទេ។+

គឺ​ខ្ញុំ​បាន​អង្គុយ​ម្នាក់​ឯង ព្រោះ​ដៃ​លោក​នៅ​លើ​ខ្ញុំ​ហើយ។

ព្រោះ​លោក​ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ទៅ​ដោយ​កំហឹង​របស់​លោក។*+

១៨ ហេតុ​អ្វី​ខ្ញុំ​ឈឺ​ចុក​ចាប់​យូរ​ម្ល៉េះ ហើយ​របួស​ខ្ញុំ​មិន​សះ​ស្បើយ​ដូច្នេះ?

ដំបៅ​នោះ​រ៉ាំរ៉ៃ​មិន​ចេះ​ជា​ឡើយ។

តើ​លោក​នឹង​ប្រៀប​ដូច​ជា​ប្រភព​ទឹក​ដែល​គ្មាន​ទឹក

ដែល​មិន​អាច​ទុក​ចិត្ត​បាន​ឬ?

១៩ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

​«​បើ​អ្នក​បែរ​មក​រក​ខ្ញុំ នោះ​ខ្ញុំ​នឹង​ពេញ​ចិត្ត​អ្នក​ម្ដង​ទៀត ហើយ​អ្នក​នឹង​ឈរ​នៅ​ចំពោះ​ខ្ញុំ។

ប្រសិន​បើ​អ្នក​ញែក​អ្វី​ដែល​មាន​តម្លៃ​ចេញ​ពី​អ្វី​ដែល​គ្មាន​តម្លៃ

នោះ​អ្នក​នឹង​ទៅ​ជា​អ្នក​នាំ​ពាក្យ​របស់​ខ្ញុំ។

បណ្ដា​ជន​នឹង​បែរ​មក​រក​អ្នក តែ​អ្នក​នឹង​មិន​បែរ​ទៅ​រក​ពួក​គេ​ទេ​»។

២០ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រឹង​មាំ​នៅ​ចំពោះ​បណ្ដា​ជន​នេះ​ប្រៀប​ដូច​ជា​កំពែង​ស្ពាន់។+

ពួក​គេ​នឹង​ប្រឆាំង​អ្នក តែ​មិន​ឈ្នះ​អ្នក​ឡើយ+

ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​អ្នក ខ្ញុំ​នឹង​ជួយ​សង្គ្រោះ​អ្នក​ឲ្យ​រួច​»។

២១ ​«​ខ្ញុំ​នឹង​ជួយ​អ្នក​ឲ្យ​រួច​ពី​ដៃ​ជន​ទុច្ចរិត

ហើយ​រំដោះ​អ្នក​ពី​កណ្ដាប់​ដៃ​ជន​ឃោរ​ឃៅ​»។

១៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ២ ​«​អ្នក​មិន​ត្រូវ​រៀប​ការ ហើយ​ក៏​មិន​ត្រូវ​មាន​កូន​ប្រុស​កូន​ស្រី​ក្នុង​ស្រុក​នេះ​ទេ។ ៣ ព្រោះ​ស្ដី​អំពី​កូន​ប្រុស​កូន​ស្រី​ដែល​កើត​ក្នុង​ស្រុក​នេះ និង​ម្ដាយ​ដែល​បាន​សម្រាល​ពួក​គេ ព្រម​ទាំង​ឪពុក​ដែល​បាន​បង្កើត​ពួក​គេ ខ្ញុំ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ៤ ‹ពួក​គេ​នឹង​ស្លាប់​ទៅ​ដោយ​ជំងឺ​សាហាវ​ៗ​+ តែ​គ្មាន​នរណា​យំ​កាន់​ទុក្ខ​ពួក​គេ ឬ​យក​ពួក​គេ​ទៅ​បញ្ចុះ​ទេ ពួក​គេ​នឹង​ទៅ​ជា​ជី​នៅ​លើ​ដី។+ ឯ​អ្នក​ដែល​នៅ​សល់ ពួក​គេ​នឹង​វិនាស​ទៅ​ដោយ​ដាវ​និង​ការ​អត់​ឃ្លាន+ ហើយ​សព​ពួក​គេ​នឹង​ទៅ​ជា​ចំណី​ដល់​សត្វ​ស្លាប​នៅ​លើ​មេឃ​និង​សត្វ​សាហាវ​នៅ​លើ​ដី›។

 ៥ ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

‹កុំ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​មាន​ពិធី​បុណ្យ​សព​ឡើយ

ហើយ​ក៏​កុំ​យំ​ទួញ​ឬ​ចូល​រួម​រំលែក​ទុក្ខ​ពួក​គេ​ដែរ›។+

ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ព្រោះ​ខ្ញុំ​បាន​ដក​សេចក្ដី​សុខ​សាន្ត​ចេញ​ពី​ចំណោម​រាស្ត្រ​របស់​ខ្ញុំ

ហើយ​ក៏​លែង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដល់​ពួក​គេ​ទៀត​ដែរ។+

 ៦ មនុស្ស​នឹង​ស្លាប់​ក្នុង​ស្រុក​នេះ គឺ​ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ។

គ្មាន​នរណា​នឹង​យក​សព​ពួក​គេ​ទៅ​បញ្ចុះ ឬ​យំ​ស្រណោះ​ពួក​គេ​ទេ

ហើយ​ក៏​គ្មាន​នរណា​នឹង​ឆូត​សាច់​ខ្លួន ឬ​កោរ​សក់​កាន់​ទុក្ខ​ពួក​គេ​ដែរ។*

 ៧ គ្មាន​នរណា​ផ្ដល់​អាហារ​ដល់​អ្នក​កាន់​ទុក្ខ ដើម្បី​សម្រាល​ទុក្ខ​ពួក​គេ​ទេ។

គ្មាន​នរណា​ជូន​ពែង​នៃ​ការ​សម្រាល​ទុក្ខ

ដើម្បី​ឲ្យ​ពួក​គេ​ផឹក​ក្នុង​ពិធី​បុណ្យ​សព​ឪពុក​ម្ដាយ​ពួក​គេ​ឡើយ។

 ៨ កុំ​ចូល​ក្នុង​ផ្ទះ​ដែល​មាន​ពិធី​ជប់​លៀង

ហើយ​អង្គុយ​បរិភោគ​ជា​មួយ​នឹង​ពួក​គេ​ឲ្យ​សោះ›។

៩ ​«​ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ប្រសាសន៍​ថា​៖ ‹នៅ​គ្រា​អ្នក និង​នៅ​ចំពោះ​មុខ​អ្នក ខ្ញុំ​នឹង​ធ្វើ​ឲ្យ​លែង​មាន​សម្រែក​ហ៊ោ​កញ្ជ្រៀវ​នៅ​ស្រុក​នេះ​ទៀត ព្រម​ទាំង​លែង​មាន​សម្រែក​អរ​សប្បាយ​របស់​កូន​កំឡោះ​និង​កូន​ក្រមុំ​ទៀត​ហើយ›។+

១០ ​«​ពេល​អ្នក​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​បណ្ដា​ជន ពួក​គេ​នឹង​សួរ​អ្នក​ថា​៖ ‹ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ចេះ​តែ​មាន​ប្រសាសន៍​អំពី​អន្តរាយ​ដ៏​ធំ​មក​លើ​យើង​ដូច្នេះ? តើ​យើង​បាន​ធ្វើ​ខុស​អ្វី​ទាស់​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​ទៅ?›។+ ១១ អ្នក​ត្រូវ​តប​ទៅ​ពួក​គេ​វិញ​ថា​៖ ‹ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នេះ​គឺ​ដោយ​សារ​បុព្វ​បុរស​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ខ្ញុំ+ ហើយ​កាន់​តាម​ព្រះ​ដទៃ និង​គោរព​បម្រើ​ព្រះ​ទាំង​នោះ។+ ពួក​គេ​បាន​បោះ​បង់​ចោល​ខ្ញុំ ហើយ​មិន​ធ្វើ​តាម​ច្បាប់​របស់​ខ្ញុំ​ទេ។+ ១២ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ទៅ​ទៀត+ គឺ​ចេះ​តែ​ធ្វើ​តាម​ចិត្ត​រឹង​ចចេស​និង​ចិត្ត​អាក្រក់​របស់​ខ្លួន ហើយ​មិន​បាន​ស្ដាប់​បង្គាប់​ខ្ញុំ​សោះ។+ ១៣ ម្ល៉ោះ​ហើយ ខ្ញុំ​នឹង​បណ្ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នេះ​ឲ្យ​ទៅ​រស់​នៅ​ស្រុក​ដទៃ ដែល​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​មិន​ដែល​ស្គាល់​ឡើយ។+ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​បម្រើ​ព្រះ​ឯ​ទៀត​ទាំង​យប់​ទាំង​ថ្ងៃ+ ព្រោះ​ខ្ញុំ​នឹង​មិន​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ដល់​អ្នក​រាល់​គ្នា​ទៀត​ទេ​»​›។

១៤ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នឹង​មាន​គ្រា​មួយ​ដែល​ពួក​គេ​នឹង​លែង​ស្បថ​ថា​៖ ​«​ដូច​ព្រះ​យេហូវ៉ា​ដែល​មាន​ជីវិត​រស់​នៅ ជា​ព្រះ​ដែល​បាន​នាំ​ប្រជា​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប!​»។+ ១៥ ផ្ទុយ​ទៅ​វិញ ពួក​គេ​នឹង​ប្រើ​ពាក្យ​សម្បថ​ដែល​ថា​៖ ​«​ដូច​ព្រះ​យេហូវ៉ា​ដែល​មាន​ជីវិត​រស់​នៅ ជា​ព្រះ​ដែល​បាន​នាំ​ប្រជា​ជាតិ​អ៊ីស្រាអែល​ពី​ស្រុក​ដែល​នៅ​ភាគ​ខាង​ជើង និង​ពី​ស្រុក​ទាំង​ឡាយ​ដែល​លោក​បាន​កម្ចាត់​កម្ចាយ​ពួក​គេ!​»។ ពេល​នោះ ខ្ញុំ​នឹង​នាំ​រាស្ត្រ​ខ្ញុំ​ត្រឡប់​មក​ស្រុក​របស់​ពួក​គេ​វិញ ជា​ស្រុក​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​បុព្វ​បុរស​របស់​ពួក​គេ›។+

១៦ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹មើល! ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​អ្នក​នេសាទ​ជា​ច្រើន

ឲ្យ​មក​នេសាទ​រាស្ត្រ​ខ្ញុំ​ដូច​ជា​នេសាទ​ត្រី។

ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ហៅ​នាយ​ព្រាន​ជា​ច្រើន

ឲ្យ​មក​តាម​បរបាញ់​រាស្ត្រ​ខ្ញុំ​នៅ​គ្រប់​ភ្នំ​និង​ទី​ទួល​ទាំង​ប៉ុន្មាន

ព្រម​ទាំង​នៅ​តាម​ក្រហែង​ថ្ម​ផង​ដែរ។

១៧ ព្រោះ​ខ្ញុំ​ឃើញ​ការ​ប្រព្រឹត្ត​គ្រប់​យ៉ាង​របស់​ពួក​គេ

គ្មាន​អ្វី​មួយ​អាច​លាក់​កំបាំង​ពី​ភ្នែក​ខ្ញុំ​ឡើយ

សូម្បី​តែ​កំហុស​ឆ្គង​ទាំង​អស់​របស់​ពួក​គេ ក៏​ខ្ញុំ​ឃើញ​ដែរ។

១៨ ដំបូង ខ្ញុំ​នឹង​សង​ពួក​គេ​ឲ្យ​សម​នឹង​អំពើ​រំលង​និង​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ+

ព្រោះ​ពួក​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​របស់​ខ្ញុំ​ទៅ​ជា​ស្មោក​គ្រោក​ដោយ​រូប​ព្រះ​ឥត​ជីវិត​និង​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម

ហើយ​ធ្វើ​ឲ្យ​ស្រុក​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ​ពេញ​ទៅ​ដោយ​អ្វី​ដែល​គួរ​ឲ្យ​ខ្ពើម​រអើម›​»។+

១៩ ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​ជា​កម្លាំង​និង​ជា​បន្ទាយ​ដ៏​រឹង​មាំ​របស់​ខ្ញុំ

ជា​កន្លែង​ដែល​ខ្ញុំ​អាច​រត់​ទៅ​ពឹង​ជ្រក​នៅ​គ្រា​លំបាក។+

ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​មក​ហូរហែ​ពី​ចុង​ផែនដី មក​ឯ​លោក

ពួក​គេ​នឹង​និយាយ​ថា​៖ ​«​បុព្វ​បុរស​របស់​យើង​បាន​ធ្វើ​តាម​ទំនៀម​ទម្លាប់​ក្នុង​ការ​គោរព​បូជា​រូប​ព្រះ*

គឺ​ជា​អ្វី​ដែល​ឥត​បាន​ការ​និង​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ​»។+

២០ តើ​មនុស្ស​អាច​បង្កើត​ព្រះ​ណា​មួយ​សម្រាប់​ខ្លួន​បាន​ទេ?

អ្វី​ដែល​គាត់​ធ្វើ​នោះ​មិន​មែន​ជា​ព្រះ​ពិត​ទេ។+

២១ ​«​ដូច្នេះ នៅ​គ្រា​នេះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ

គឺ​ឃើញ​ថាមពល​និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ខ្ញុំ

នោះ​ពួក​គេ​នឹង​ដឹង​ថា​នាម​ខ្ញុំ​គឺ​យេហូវ៉ា​»។

១៧ ​«​អំពើ​ខុស​ឆ្គង​របស់​ពួក​យូដា​បាន​ត្រូវ​ចារ​ទុក​ដោយ​ស្លាបប៉ាកកា​ដែក។

អំពើ​ទាំង​នោះ​បាន​ត្រូវ​ចារ​នៅ​លើ​ចិត្ត​របស់​ពួក​គេ ដោយ​ចុង​ស្លាបប៉ាកកា​ជា​គ្រាប់​ពេជ្រ ថែម​ទាំង​ចារ​នៅ​លើ​ស្នែង​ទី​បូជា​របស់​ពួក​គេ​ដែរ។

 ២ នៅ​ដំណាល​គ្នា​នោះ កូន​ៗ​របស់​ពួក​គេ​គិត​ដល់​ទី​បូជា​និង​បង្គោល​ឈើ​ពិសិដ្ឋ*​របស់​ពួក​គេ+ ដែល​នៅ​ក្បែរ​ដើម​ឈើ​ខៀវ​ខ្ចី ស្ថិត​នៅ​លើ​ទី​ខ្ពស់​ៗ​+

 ៣ និង​នៅ​លើ​ភ្នំ​នា​នា​ដែល​នៅ​ឯ​វាល។

ខ្ញុំ​នឹង​ប្រគល់​ទ្រព្យ​សម្បត្តិ​និង​របស់​របរ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​ដល់​ពួក​សត្រូវ+

គឺ​អ្វី​ៗ​ដែល​នៅ​លើ​ទី​ខ្ពស់ ដោយ​សារ​តែ​អំពើ​ខុស​ឆ្គង​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ទូទាំង​ស្រុក។+

 ៤ អ្នក​រាល់​គ្នា​នឹង​សុខ​ចិត្ត​បោះ​បង់​ចោល​ស្រុក​ជា​មត៌ក​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ។+

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ពួក​សត្រូវ

នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​មិន​ដែល​ស្គាល់+

ព្រោះ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​កំហឹង​របស់​ខ្ញុំ​ឆួល​ឡើង​ដូច​ជា​ភ្លើង+​ដែល​ឆេះ​ជា​រៀង​រហូត​»។

 ៥ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​ត្រូវ​បណ្ដាសា​ហើយ! អ្នក​ណា​ដែល​ទុក​ចិត្ត​លើ​មនុស្ស+

គឺ​អ្នក​ដែល​ពឹង​ផ្អែក​លើ​កម្លាំង​របស់​មនុស្ស+

ហើយ​ដែល​បែរ​ចិត្ត​ចេញ​ពី​ខ្ញុំ​ជា​យេហូវ៉ា។

 ៦ អ្នក​នោះ​នឹង​ប្រៀប​ដូច​ជា​ដើម​ឈើ​ដុះ​តែ​ឯង​នៅ​ទី​រហោ​ស្ថាន។

អ្នក​នោះ​នឹង​មិន​ទទួល​អ្វី​ល្អ​ទេ

តែ​គាត់​នឹង​រស់​នៅ​កន្លែង​សោះ​កក្រោះ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ

គឺ​លើ​ទឹក​ដី​ដែល​មាន​អំបិល គ្មាន​អ្នក​ណា​អាច​រស់​នៅ​បាន​ឡើយ។

 ៧ មាន​ពរ​ហើយ! អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា

គឺ​ជា​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។+

 ៨ គាត់​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក

ហើយ​ចាក់​ឫស​ទៅ​រក​ប្រភព​ទឹក។

សូម្បី​តែ​កម្ដៅ​ថ្ងៃ ក៏​គ្មាន​ឥទ្ធិពល​លើ​ដែរ។

ឯ​ស្លឹក​តែង​តែ​ខៀវ​ខ្ចី​ស្រស់បំព្រង​ជា​និច្ច។+

នៅ​ឆ្នាំ​ដែល​មាន​ភាព​រាំង​ស្ងួត ក៏​មិន​ព្រួយ​ដែរ

ហើយ​នៅ​តែ​បង្កើត​ផល​ឥត​ខាន។

 ៩ ឯ​ចិត្ត គឺ​ពូកែ​បញ្ឆោត​លើស​អ្វី​ៗ​ទាំង​អស់ ហើយ​ក៏​អាក្រក់​ក្រៃ​លែង។*+

តើ​អ្នក​ណា​អាច​ស្គាល់​បាន​ទៅ?

១០ ខ្ញុំ​យេហូវ៉ា ខ្ញុំ​ស្ទង់​មើល​ចិត្ត+ ហើយ​ក៏​ពិនិត្យ​មើល​គំនិត​ដែល​កប់​ជ្រៅ

ដើម្បី​សង​ដល់​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​ខ្លួន

គឺ​តាម​អំពើ​ដែល​អ្នក​នោះ​បាន​ធ្វើ។+

១១ ដូច​សត្វ​ទទា​ក្រាប​លើ​ពង​ដែល​មិន​មែន​ជា​របស់​វា​យ៉ាង​ណា

នោះ​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ដោយ​ការ​មិន​ទៀង​ត្រង់ ក៏​យ៉ាង​នោះ​ដែរ+

គឺ​គាត់​នឹង​បាត់​បង់​ទ្រព្យ​ទាំង​នោះ នៅ​ពាក់​កណ្ដាល​អាយុ​គាត់

ហើយ​ទី​បំផុត គេ​នឹង​ដឹង​ថា​គាត់​ជា​មនុស្ស​ឥត​ចេះ​ពិចារណា​»។

១២ បល្ល័ង្ក​រុង​រឿង​ដែល​បាន​ត្រូវ​លើក​តម្កើង​តាំង​ពី​ដំបូង

ជា​កន្លែង​បរិសុទ្ធ​របស់​យើង។+

១៣ ឱ​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រាអែល​អើយ!

អស់​អ្នក​ដែល​លះ​ចោល​លោក នឹង​ត្រូវ​អាម៉ាស់​មុខ​ជា​មិន​ខាន។

អស់​អ្នក​ដែល​ក្បត់​ជំនឿ ហើយ​ចាក​ចេញ​ពី​លោក នឹង​ត្រូវ​សូន្យ​ទៅ​ដូច​ជា​អក្សរ​ដែល​គេ​សរសេរ​នៅ​លើ​ដី+

ព្រោះ​ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា​ជា​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត។+

១៤ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ធ្វើ​ឲ្យ​ខ្ញុំ​ជា​សះ​ស្បើយ​ផង នោះ​ខ្ញុំ​នឹង​ជា​សះ​ស្បើយ​មែន។

សូម​សង្គ្រោះ​ខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​ត្រូវ​សង្គ្រោះ​មែន+

ព្រោះ​លោក​ហើយ ដែល​ខ្ញុំ​សរសើរ​តម្កើង។

១៥ មើល! មាន​គេ​និយាយ​មក​ខ្ញុំ​ថា​៖

​«​តើ​ឯ​ណា​ទៅ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា?+

សូម​ឲ្យ​ពាក្យ​នោះ​ក្លាយ​ទៅ​ជា​ការ​ពិត!​»។

១៦ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​រត់​ចេញ​ពី​លោក​ដែល​ជា​គង្វាល​ខ្ញុំ​ទេ

ហើយ​ខ្ញុំ​ក៏​មិន​បាន​សុំ​ឲ្យ​ថ្ងៃ​អន្តរាយ​មក​ដល់​ដែរ។

លោក​ជ្រាប​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​និយាយ

ព្រោះ​ខ្ញុំ​បាន​និយាយ​នៅ​មុខ​លោក​ហើយ!

១៧ សូម​កុំ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់​ស្លុត​ឡើយ។

លោក​ហើយ​ជា​ទី​ពឹង​ជ្រក​របស់​ខ្ញុំ នៅ​ថ្ងៃ​ដែល​មាន​សេចក្ដី​វេទនា។

១៨ សូម​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​បៀត​បៀន​ខ្ញុំ​បាក់​មុខ+ តែ​កុំ​ធ្វើ​ឲ្យ​ខ្ញុំ​អាម៉ាស់​មុខ​អី។

សូម​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​រន្ធត់ តែ​កុំ​ធ្វើ​ឲ្យ​ខ្ញុំ​តក់​ស្លុត​ឡើយ។

សូម​បណ្ដាល​ឲ្យ​ថ្ងៃ​នៃ​សេចក្ដី​វេទនា​ធ្លាក់​លើ​ពួក​គេ+

ហើយ​បំផ្លាញ​ពួក​គេ​ឲ្យ​សាប​សូន្យ​គ្មាន​សល់។

១៩ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ខ្ញុំ​ថា​៖ ​«​ចូរ​ទៅ​ឈរ​នៅ​ខ្លោង​ទ្វារ​នៃ​កូន​បណ្ដា​ជន ជា​ខ្លោង​ទ្វារ​ដែល​ស្ដេច​ស្រុក​យូដា​ចេញ​ចូល រួច​ទៅ​ឈរ​នៅ​ខ្លោង​ទ្វារ​ឯ​ទៀត​ដែល​នៅ​ក្រុង​យេរូសាឡិម​ដែរ។+ ២០ អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ថា​៖ ‹ឱ​អស់​អ្នក​ដែល​ចូល​តាម​ខ្លោង​ទ្វារ​ទាំង​នេះ​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា គឺ​ទាំង​បណ្ដា​ស្ដេច​ស្រុក​យូដា ទាំង​ពួក​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូសាឡិម។ ២១ ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រយ័ត្ន​កុំ​ដឹក​ជញ្ជូន​ទំនិញ​នៅ​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​សោះ ហើយ​ក៏​កុំ​នាំ​អ្វី​ចូល​តាម​ខ្លោង​ទ្វារ​ក្រុង​យេរូសាឡិម​ដែរ។+ ២២ អ្នក​រាល់​គ្នា​មិន​ត្រូវ​លី​សែង​អ្វី​ចេញ​ពី​ផ្ទះ​នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ ហើយ​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។+ ចូរ​រក្សា​ទុក​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​បរិសុទ្ធ ដូច​ដែល​ខ្ញុំ​បាន​បង្គាប់​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា។+ ២៣ ប៉ុន្តែ ពួក​គេ​មិន​បាន​ផ្ទៀង​ត្រចៀក​ស្ដាប់​ទេ។ ពួក​គេ​មាន​ចិត្ត​រឹង​រូស​មិន​ព្រម​ស្ដាប់​បង្គាប់​ខ្ញុំ​ឡើយ ហើយ​ក៏​មិន​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ​ដែរ​»​›។+

២៤ ​«​‹ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​បង្គាប់​ខ្ញុំ ដោយ​មិន​ដឹក​ជញ្ជូន​អ្វី​ចូល​តាម​ខ្លោង​ទ្វារ​ក្រុង​នេះ​នៅ​ថ្ងៃ​ឈប់​សម្រាក ព្រម​ទាំង​រក្សា​ទុក​ថ្ងៃ​នោះ​ជា​ថ្ងៃ​បរិសុទ្ធ​ដោយ​មិន​ធ្វើ​ការ​អ្វី​សោះ+ ២៥ នោះ​បណ្ដា​ស្ដេច​និង​ពួក​អ្នក​គ្រប់​គ្រង​ដែល​អង្គុយ​លើ​បល្ល័ង្ក​ដាវីឌ+ នឹង​ចូល​តាម​ខ្លោង​ទ្វារ​ក្រុង​នេះ​ដោយ​ជិះ​លើ​រទេះ​សេះ​និង​នៅ​លើ​ខ្នង​សេះ រួម​ទាំង​អ្នក​ស្រុក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ផង​ដែរ។+ នៅ​ក្នុង​ក្រុង​នេះ នឹង​តែង​តែ​មាន​មនុស្ស​រស់​នៅ​ជា​និច្ច។ ២៦ បណ្ដា​ជន​ពី​គ្រប់​ទិស​ទី​នឹង​នាំ​យក​គ្រឿង​បូជា​មក​ឯ​វិហារ​ព្រះ​យេហូវ៉ា គឺ​គ្រឿង​បូជា​ដុត+ គ្រឿង​បូជា​ពី​ស្រូវ+ និង​គ្រឿង​បូជា​ឯ​ទៀត+ រួម​ទាំង​គ្រឿង​ក្រអូប និង​គ្រឿង​បូជា​សម្រាប់​ថ្លែង​អំណរ​គុណ។+ ពួក​អ្នក​ទាំង​នោះ​នឹង​មក​ពី​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា ពី​តំបន់​ជុំវិញ​ក្រុង​យេរូសាឡិម ពី​ទឹក​ដី​បេនយ៉ាមីន+ ពី​ស្រុក​ទំនាប+ ពី​តំបន់​ភ្នំ និង​តំបន់​ណេកេប។*

២៧ ​«​‹​«​ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​បង្គាប់​ខ្ញុំ​ស្ដី​អំពី​ការ​រក្សា​ទុក​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​បរិសុទ្ធ ហើយ​នៅ​តែ​ដឹក​ជញ្ជូន​ទំនិញ​ចូល​តាម​ខ្លោង​ទ្វារ​ក្រុង​យេរូសាឡិម​នៅ​ថ្ងៃ​ឈប់​សម្រាក​ទៀត នោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ខ្លោង​ទ្វារ​ក្រុង​និង​ប៉ម​រឹង​មាំ​ទាំង​ប៉ុន្មាន​ឆាប​ឆេះ​អស់+ ហើយ​គ្មាន​អ្នក​ណា​ពន្លត់​បាន​ឡើយ​»​›​»។+

១៨ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យេរេមា​ថា​៖ ២ ​«​ចូរ​ក្រោក​ឡើង ហើយ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ជាង​ស្មូន+ នៅ​ទី​នោះ​ខ្ញុំ​នឹង​និយាយ​ជា​មួយ​អ្នក​»។

៣ ដូច្នេះ ខ្ញុំ​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ជាង​ស្មូន ហើយ​ឃើញ​ជាង​ស្មូន​កំពុង​សូន​ភាជនៈ​មួយ​នៅ​តុ​វិល​របស់​គាត់។ ៤ ប៉ុន្តែ កាល​គាត់​កំពុង​សូន ភាជនៈ​ដែល​នៅ​ក្នុង​ដៃ​ក៏​ខូច​ទៅ។ ម្ល៉ោះ​ហើយ ជាង​ស្មូន​បាន​សូន​ភាជនៈ​នោះ​ទៅ​ជា​ភាជនៈ​មួយ​ផ្សេង​ទៀត​ដែល​គាត់​យល់​ថា​ស័ក្ដិ​សម។

៥ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​តាម​រយៈ​ខ្ញុំ​ថា​៖ ៦ ​«​‹ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! តើ​ខ្ញុំ​មិន​អាច​ធ្វើ​ទៅ​លើ​អ្នក​ដូច​ជា​ជាង​ស្មូន​នេះ​ទេ​ឬ?›។ ព្រះ​យេហូវ៉ា​ប្រកាស​ទៀត​ថា​៖ ‹ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! ដូច​ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​ខ្ញុំ​យ៉ាង​នោះ​ដែរ។+ ៧ នៅ​វេលា​ណា​ដែល​ខ្ញុំ​និយាយ​អំពី​ការ​ដក​រំលើង ការ​រំលំ និង​ការ​បំផ្លាញ​ប្រជា​ជាតិ​ឬ​រាជាណាចក្រ​មួយ+ ៨ ហើយ​បើ​ប្រជា​ជាតិ​នោះ​បោះ​បង់​ចោល​អំពើ​ទុច្ចរិត​ដែល​ខ្ញុំ​ផ្ដន្ទា​ទោស នោះ​ខ្ញុំ​នឹង​ប្រែ​គំនិត មិន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​ទៅ​លើ​ពួក​គេ ដូច​ដែល​ខ្ញុំ​បាន​គ្រោង​ទុក​ទេ។+ ៩ ប៉ុន្តែ នៅ​វេលា​ណា​ដែល​ខ្ញុំ​និយាយ​អំពី​ការ​ស្ថាបនា​ប្រជា​ជាតិ​មួយ ឬ​ការ​តាំង​រាជាណាចក្រ​មួយ ១០ រួច​ប្រជា​ជាតិ​ឬ​រាជាណាចក្រ​នោះ ប្រព្រឹត្ត​អ្វី​ដែល​ខ្ញុំ​មិន​ពេញ​ចិត្ត ព្រម​ទាំង​មិន​ស្ដាប់​បង្គាប់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ប្រែ​គំនិត លែង​ធ្វើ​ល្អ​ទៅ​លើ​ពួក​គេ ដូច​ដែល​ខ្ញុំ​បាន​គ្រោង​ទុក​ហើយ›។

១១ ​«​ឥឡូវ សូម​អ្នក​និយាយ​ទៅ​កាន់​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​កំពុង​រៀប​គម្រោង​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ហើយ។ ដូច្នេះ សូម​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់ និង​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ទៅ​»​›​»។+

១២ ប៉ុន្តែ ពួក​គេ​និយាយ​ថា​៖ ​«​គ្មាន​ផ្លូវ​ទេ!+ យើង​នឹង​កាន់​តាម​គំនិត​របស់​យើង ហើយ​ធ្វើ​តាម​ចិត្ត​រឹង​រូស​និង​ចិត្ត​អាក្រក់​របស់​ខ្លួន​យើង​វិញ​»។+

១៣ ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

​«​សូម​សួរ​គេ​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ​ទៅ

តើ​មាន​នរណា​ធ្លាប់​ឮ​រឿង​ដូច​នេះ​ទេ?

កូន​ក្រមុំ​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​បាន​ធ្វើ​អំពើ​ដ៏​អាក្រក់​ជួជាតិ។+

១៤ តើ​ព្រិល​លើ​ផ្ទាំង​ថ្ម​នៅ​ជម្រាល​ភ្នំ​លីបង់​អាច​រលាយ​បាន​ទេ?

តើ​ទឹក​ត្រជាក់​ដែល​ហូរ​ពី​កន្លែង​ឆ្ងាយ​នឹង​រីង​ស្ងួត​ឬ?

១៥ ប៉ុន្តែ រាស្ត្រ​របស់​ខ្ញុំ​បាន​បំភ្លេច​ខ្ញុំ។+

ព្រោះ​ពួក​គេ​ជូន​គ្រឿង​បូជា*ដល់​អ្វី​ដែល​ឥត​ប្រយោជន៍+

ពួក​គេ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល​លើ​ផ្លូវ​ពី​បុរាណ​ដែល​ពួក​គេ​ធ្លាប់​ដើរ+

ហើយ​បែរ​ទៅ​តាម​ផ្លូវ​វាង​ដែល​រដិប​រដុប​មិន​រាប​ស្មើ​វិញ។

១៦ យ៉ាង​នេះ ស្រុក​របស់​ពួក​គេ​នឹង​ទៅ​ជា​កន្លែង​ដ៏​គួរ​ឲ្យ​រន្ធត់+

ហើយ​ត្រូវ​គេ​ពេប​មាត់​មើល​ងាយ​ជា​និច្ច។+

អស់​អ្នក​ដែល​ដើរ​ឆ្លង​កាត់​នឹង​ស្រឡាំងកាំង ហើយ​នឹក​ហួស​ចិត្ត​ទាំង​គ្រវី​ក្បាល​ផង។+

១៧ ដូច​ខ្យល់​បក់​ពី​ទិស​ខាង​កើត ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់​ខ្ចាយ​នៅ​មុខ​ពួក​សត្រូវ។

នៅ​គ្រា​ដែល​ពួក​គេ​មាន​សេចក្ដី​វេទនា ខ្ញុំ​នឹង​បែរ​ខ្នង​ដាក់​ពួក​គេ​ហើយ​មិន​ឲ្យ​ពួក​គេ​ឃើញ​មុខ​ខ្ញុំ​ឡើយ​»។+

១៨ ពួក​គេ​និយាយ​ថា​៖ ​«​ចូរ​យើង​រៀប​គម្រោង​ដើម្បី​ប្រឆាំង​នឹង​យេរេមា​ទៅ+ ព្រោះ​យើង​មាន​ពួក​សង្ឃ​បង្រៀន​ច្បាប់​ដល់​យើង ហើយ​មាន​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​យោបល់ ព្រម​ទាំង​មាន​ពួក​អ្នក​ប្រកាស​ទំនាយ​នាំ​ដំណឹង​ពី​ព្រះ​ហើយ។ ចូរ​យើង​នាំ​គ្នា​ទៅ​និយាយ​ជំទាស់​នឹង​គាត់​ចុះ ហើយ​មិន​ចាំ​បាច់​ស្ដាប់​គាត់​ទេ​»។

១៩ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ផង

ហើយ​សូម​ស្ដាប់​ពាក្យ​របស់​ពួក​អ្នក​ប្រឆាំង​ដែល​កំពុង​និយាយ​ទាស់​នឹង​ខ្ញុំ។

២០ តើ​គួរ​យក​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ឬ?

ព្រោះ​ពួក​គេ​បាន​ជីក​រណ្ដៅ​ចាំ​កប់​ខ្ញុំ​ហើយ។+

សូម​លោក​នឹក​ចាំ​ពេល​ដែល​ខ្ញុំ​ឈរ​នៅ​មុខ​លោក ហើយ​និយាយ​ល្អ​អំពី​ពួក​គេ

ដើម្បី​អង្វរ​លោក​កុំ​ឲ្យ​ខឹង​នឹង​ពួក​គេ​ទៀត។

២១ ដូច្នេះ សូម​ឲ្យ​កូន​ៗ​របស់​ពួក​គេ​ស្លាប់​ដោយ​ការ​អត់​ឃ្លាន

ហើយ​ឲ្យ​ពួក​អ្នក​ទាំង​នោះ​វិនាស​ទៅ​ដោយ​មុខ​ដាវ+

ព្រម​ទាំង​ឲ្យ​ប្រពន្ធ​ពួក​គេ​ព្រាត់​កូន​និង​ព្រាត់​ប្រាស​ប្ដី+

និង​ឲ្យ​ពួក​បុរស​របស់​ពួក​គេ​ស្លាប់​ដោយ​ជំងឺ​ដ៏​សាហាវ

ថែម​ទាំង​ឲ្យ​ពួក​យុវជន​ស្លាប់​ក្នុង​សង្គ្រាម។+

២២ សូម​លោក​បណ្ដាល​ឲ្យ​ក្រុម​ចោរ មក​ប្លន់​ផ្ទះ​ពួក​គេ​ភ្លាម​មួយ​រំពេច

ដើម្បី​ឲ្យ​ពួក​គេ​ស្រែក​ទួញ​យំ។

ព្រោះ​ពួក​គេ​បាន​ជីក​រណ្ដៅ​ដើម្បី​ចាប់​ខ្ញុំ ហើយ​ដាក់​អន្ទាក់​ចាំ​ចាប់​ខ្ញុំ។+

២៣ ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​ជ្រាប​ហើយ

នូវ​គម្រោង​ទាំង​អស់​របស់​ពួក​អ្នក​ដែល​ចង់​សម្លាប់​ខ្ញុំ។+

សូម​លោក​កុំ​គ្រប​បាំង​អំពើ​រំលង​របស់​ពួក​គេ

ហើយ​កុំ​លុប​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ចេញ​ពី​មុខ​លោក​ឡើយ។

សូម​លោក​ធ្វើ​ឲ្យ​ពួក​គេ​ដួល​នៅ​មុខ​លោក+

ពេល​លោក​បញ្ចេញ​កំហឹង​ទាស់​នឹង​ពួក​គេ។+

១៩ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ចូរ​ទៅ​ទិញ​ក្អម​ពី​ជាង​ស្មូន+ ហើយ​នាំ​ពួក​បុរស​ចាស់​ទុំ​ខ្លះ​ពី​ចំណោម​បណ្ដា​ជន និង​ពី​ចំណោម​ពួក​សង្ឃ ២ រួច​ធ្វើ​ដំណើរ​ទៅ​ជ្រលង​បេន​ហ៊ីណំ+ ដែល​ស្ថិត​នៅ​ច្រក​ចូល​ទ្វារជាងស្មូន។ នៅ​ទី​នោះ អ្នក​ត្រូវ​ប្រកាស​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​អ្នក។ ៣ អ្នក​ត្រូវ​ប្រាប់​ពាក្យ​ដូច​ត​ទៅ​ថា​៖ ‹ឱ​បណ្ដា​ស្ដេច​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡិម​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖

​«​‹​«​ខ្ញុំ​ហៀប​នឹង​នាំ​សេចក្ដី​វេទនា​មក​លើ​ស្រុក​នេះ​ហើយ។ អស់​អ្នក​ដែល​ឮ​នឹង​ភាំង​ស្មារតី។* ៤ នេះ​គឺ​ដោយ​សារ​ពួក​គេ​បាន​បោះ​បង់​ចោល​ខ្ញុំ+ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មើល​ស្រុក​នេះ​លែង​ស្គាល់​ទៀត។+ ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​ពួក​គេ បុព្វ​បុរស​របស់​ពួក​គេ និង​បណ្ដា​ស្ដេច​ស្រុក​យូដា​មិន​ដែល​ស្គាល់​ឡើយ។ បន្ថែម​ទៅ​ទៀត ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​ស្រុក​នេះ​ពេញ​ដោយ​ឈាម​របស់​ជន​ស្លូត​ត្រង់​ដែរ។+ ៥ ពួក​គេ​បាន​សង់​ទី​ខ្ពស់​ៗ​ជូន​ព្រះ​បាល ដើម្បី​ដុត​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន​នៅ​ក្នុង​ភ្លើង​ជា​គ្រឿង​បូជា​ដល់​ព្រះ​បាល+ ជា​ការ​ដែល​ខ្ញុំ​មិន​បាន​បង្គាប់ ហើយ​ក៏​មិន​ដែល​មាន​នៅ​ក្នុង​គំនិត​ខ្ញុំ​ទាល់​តែ​សោះ​»​›។+

៦ ​«​‹ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ហេតុ​នេះ មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ហៅ​ទី​នោះ​ជា​តូផែត​ឬ​ជ្រលង​ហ៊ីណំ*ទៀត តែ​នឹង​ហៅ​ថា​ជ្រលង​នៃ​ការ​សម្លាប់​វិញ។+ ៧ ខ្ញុំ​នឹង​បង្ខូច​គម្រោង​ការ​របស់​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​នៅ​ក្នុង​ទឹក​ដី​នេះ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ដួល​ស្លាប់​ដោយ​ដាវ​នៅ​មុខ​ពួក​សត្រូវ​និង​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​ពួក​គេ។ ខ្ញុំ​នឹង​ប្រគល់​សាក​សព​របស់​ពួក​គេ​ជា​ចំណី​ដល់​សត្វ​ហើរ​លើ​អាកាស និង​ដល់​សត្វ​សាហាវ​នៅ​លើ​ដី។+ ៨ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ក្រុង​របស់​ពួក​គេ​ទៅ​ជា​កន្លែង​ដ៏​គួរ​ឲ្យ​រន្ធត់ និង​ជា​កន្លែង​ដែល​គេ​ពេប​មាត់​មើល​ងាយ​វិញ។ អស់​អ្នក​ដែល​ដើរ​ឆ្លង​កាត់​នឹង​ស្រឡាំងកាំង ហើយ​នឹក​ហួស​ចិត្ត​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ដល់​រាស្ត្រ​ខ្ញុំ។+ ៩ ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​ពួក​គេ​បរិភោគ​សាច់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន និង​សាច់​របស់​ជន​រួម​ជាតិ ព្រោះ​តែ​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ដែល​បណ្ដាល​មក​ពី​ការ​ឡោម​ព័ទ្ធ​ពី​សត្រូវ​និង​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​ពួក​គេ​»​›។+

១០ ​«​ក្រោយ​មក អ្នក​ត្រូវ​បំបែក​ក្អម​នោះ​នៅ​មុខ​ពួក​បុរស​ចាស់​ទុំ​ដែល​អ្នក​នាំ​ទៅ​ជា​មួយ ១១ រួច​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​យ៉ាង​នេះ ខ្ញុំ​នឹង​បំបាក់​បំបែក​ប្រជា​ជាតិ​និង​ក្រុង​នេះ ដូច​ជា​មនុស្ស​ម្នាក់​បំបែក​ក្អម​របស់​ជាង​ស្មូន​ដូច្នោះ​ដែរ គឺ​មិន​អាច​ផ្គុំ​ចូល​គ្នា​វិញ​បាន​ឡើយ។ គេ​នឹង​កប់​សាក​សព​ទាំង​ប៉ុន្មាន​នៅ​ក្នុង​តូផែត រហូត​ដល់​គ្មាន​កន្លែង​កប់​ទៀត​»​›។+

១២ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹នោះ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​ទៅ​លើ​ទឹក​ដី​និង​អ្នក​ក្រុង​នេះ គឺ​ធ្វើ​ឲ្យ​ក្រុង​នេះ​ដូច​ជា​តូផែត​ដែរ។ ១៣ ផ្ទះ​នា​នា​នៅ​ក្រុង​យេរូសាឡិម និង​វិមាន​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា នឹង​ទៅ​ជា​កន្លែង​ស្មោក​គ្រោក​ដូច​ជា​តូផែត​នេះ​ដែរ+ ព្រោះ​នៅ​លើ​ដំបូល​ផ្ទះ​ទាំង​នោះ ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ដល់​អ្វី​ៗ​នៅ​លើ​មេឃ+ ហើយ​ក៏​ច្រួច​ស្រា​ជា​គ្រឿង​បូជា​ដល់​ព្រះ​ឯ​ទៀត​នៅ​ទី​នោះ​ដែរ›​»។+

១៤ បន្ទាប់​ពី​យេរេមា​ត្រឡប់​មក​ពី​តូផែត​វិញ ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​បាន​ចាត់​គាត់​ឲ្យ​ទៅ​ប្រកាស​ទំនាយ គាត់​ក៏​ទៅ​ឈរ​នៅ​ក្នុង​ទី​ធ្លា​នៃ​វិហារ​ព្រះ​យេហូវ៉ា រួច​និយាយ​ទៅ​កាន់​បណ្ដា​ជន​ទាំង​អស់​ថា​៖ ១៥ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​ហៀប​នឹង​នាំ​សេចក្ដី​វេទនា​មក​លើ​ក្រុង​នេះ​និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ ជា​ក្រុង​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​ផ្ដន្ទា​ទោស ព្រោះ​ពួក​អ្នក​ក្រុង​ទាំង​នោះ​ជា​មនុស្ស​រឹង​ចចេស​មិន​ព្រម​ស្ដាប់​បង្គាប់​ខ្ញុំ​ឡើយ›​»។+

២០ ពេល​យេរេមា​កំពុង​ប្រកាស​ទំនាយ​ទាំង​នេះ ផាសហឺ​ជា​កូន​អ៊ីមមឺ ដែល​ជា​សង្ឃ​និង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា ក៏​បាន​ស្ដាប់​ដែរ។ ២ ឮ​ដូច្នោះ ផាសហឺ​ក៏​វាយ​យេរេមា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​ចាប់​គាត់​ដាក់​ខ្នោះ​ដាក់​ច្រវាក់+នៅ​ឯ​ខ្លោង​ទ្វារបេនយ៉ាមីនខាងលើ ដែល​នៅ​វិហារ​ព្រះ​យេហូវ៉ា។ ៣ ប៉ុន្តែ នៅ​ថ្ងៃ​បន្ទាប់ ផាសហឺ​បាន​ដោះ​លែង​យេរេមា។ ពេល​នោះ យេរេមា​និយាយ​ទៅ​កាន់​គាត់​ថា​៖

​«​ព្រះ​យេហូវ៉ា​បាន​ប្ដូរ​ឈ្មោះ​អ្នក​ពី​ផាសហឺ*ទៅ​ជា​ការ​ភ័យ​តក់​ស្លុត​នៅ​គ្រប់​ទិស​ទី។+ ៤ ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​និង​សម្លាញ់​ទាំង​អស់​របស់​អ្នក​ភ័យ​តក់​ស្លុត ព្រោះ​តែ​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​អ្នក។ អ្នក​នឹង​ឃើញ​ពួក​សត្រូវ​សម្លាប់​ពួក​គេ​ដោយ​ដាវ​នៅ​មុខ​អ្នក​តែ​ម្ដង។+ ខ្ញុំ​នឹង​ប្រគល់​ស្រុក​យូដា​ទាំង​មូល​ដល់​ស្ដេច​ស្រុក​បាប៊ីឡូន។ ស្ដេច​នោះ​នឹង​និរទេស​អ្នក​ខ្លះ​ទៅ​ស្រុក​គាត់ ហើយ​សម្លាប់​អ្នក​ខ្លះ​ទៀត​ដោយ​ដាវ។+ ៥ ខ្ញុំ​នឹង​ប្រគល់​ទ្រព្យ​សម្បត្តិ ធន​ធាន និង​របស់​របរ​មាន​តម្លៃ​ទាំង​អស់​ក្នុង​ក្រុង​នេះ ព្រម​ទាំង​ទ្រព្យ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា ឲ្យ​ដល់​ពួក​សត្រូវ​របស់​ពួក​គេ+ ហើយ​ពួក​សត្រូវ​នឹង​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ីឡូន។+ ៦ ចំណែក​អ្នក​វិញ ផាសហឺ​អើយ! ខ្លួន​អ្នក​និង​ពួក​អ្នក​ផ្ទះ​របស់​អ្នក​នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។ នៅ​ទី​នោះ អ្នក​នឹង​ស្លាប់ ហើយ​ត្រូវ​គេ​បញ្ចុះ​ជា​មួយ​នឹង​មិត្ត​សម្លាញ់​ទាំង​អស់​របស់​អ្នក ព្រោះ​អ្នក​បាន​ប្រកាស​ទំនាយ​មិន​ពិត​ប្រាប់​ពួក​គេ›​»។+

 ៧ ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល ហើយ​ខ្ញុំ​ក៏​ភ្ញាក់​ផ្អើល​មែន។

លោក​បង្ហាញ​ថា​លោក​ខ្លាំង​ជាង​ខ្ញុំ ហើយ​លោក​បាន​ឈ្នះ​ខ្ញុំ។+

បណ្ដា​ជន​សើច​ចំអក​ឲ្យ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ ហើយ​គ្រប់​គ្នា​មើល​ងាយ​ខ្ញុំ​ជា​និច្ច។+

 ៨ ព្រោះ​វេលា​ណា​ដែល​ខ្ញុំ​និយាយ ខ្ញុំ​ត្រូវ​ស្រែក​ប្រកាស​ថា

​«​អំពើ​ឃោរឃៅ​និង​ការ​បំផ្លាញ!​»។

ដោយ​សារ​ខ្ញុំ​ប្រកាស​អំពី​ពាក្យ​របស់​ព្រះ​យេហូវ៉ាជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​រង​ការ​ប្រមាថ​មើល​ងាយ​និង​ការ​ពេប​ជ្រាយ​ជា​និច្ច។+

 ៩ ដូច្នេះ ខ្ញុំ​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​មិន​និយាយ​អំពី​លោក​ទៀត​ទេ

ហើយ​ក៏​មិន​ប្រកាស​ដោយ​នូវ​នាម​លោក​ទៀត​ដែរ​»។+

ប៉ុន្តែ បណ្ដាំ​របស់​លោក​ដែល​មាន​ក្នុង​ចិត្ត​ខ្ញុំ គឺ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​ដល់​ឆ្អឹង។

ខ្ញុំ​ខំ​ទ្រាំ​ទប់ តែ​ទប់​មិន​បាន គឺ​មិន​អាច​ទ្រាំ​ទៀត​បាន​ឡើយ។+

១០ ព្រោះ​ខ្ញុំ​ឮ​មនុស្ស​ជា​ច្រើន​និយាយ​អាក្រក់​អំពី​ខ្ញុំ

ខ្ញុំ​តក់​ស្លុត​ណាស់ ព្រោះ​ពួក​គេ​និយាយ​ថា​៖+

​«​ចូរ​ចោទ​ប្រកាន់​គាត់ ហើយ​ដាក់​ទោស​គាត់​ទៅ!​»។

ឯ​អស់​អ្នក​ដែល​ជូន​ពរ​ឲ្យ​ខ្ញុំ​បាន​សុខ ពួក​គេ​ចាំ​មើល​តែ​ខ្ញុំ​ដួល​ទេ+

ដោយ​និយាយ​ថា​៖ ​«​ចាំ​មើល៍​ៗ ក្រែង​លោ​គាត់​ធ្វើ​ខុស​អ្វី​មួយ

យើង​នឹង​ឆ្លៀត​ឱកាស​សង​សឹក​គាត់​វិញ​»។

១១ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​ដូច​ជា​អ្នក​ចម្បាំង​ដ៏​អង់អាច។+

ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អ្នក​បៀត​បៀន​ខ្ញុំ​នឹង​ជំពប់​ដួល ហើយ​មិន​ឈ្នះ​ខ្ញុំ​ទេ។+

ពួក​គេ​នឹង​បាក់​មុខ​ជា​ខ្លាំង ព្រោះ​ពួក​គេ​មិន​ទទួល​ជ័យ​ជម្នះ​ទេ។

សេចក្ដី​អាម៉ាស់​របស់​ពួក​គេ​នឹង​នៅ​ជាប់​ជា​និច្ច គ្មាន​នរណា​បំភ្លេច​បាន​ឡើយ។+

១២ ចំណែក​លោក​វិញ ឱ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​អើយ! លោក​កំពុង​ពិនិត្យ​មើល​មនុស្ស​សុចរិត។

លោក​ឃើញ​ចិត្ត​និង​គំនិត​ដែល​កប់​ជ្រៅ​របស់​ពួក​គេ។+

សូម​ឲ្យ​ខ្ញុំ​ឃើញ​លោក​សង​សឹក​នឹង​ពួក​គេ​ផង+

ព្រោះ​ខ្ញុំ​បាន​ផ្ញើ​ទុក​រឿង​ក្ដី​នៅ​នឹង​លោក​ហើយ។+

១៣ ចូរ​ច្រៀង​ជូន​ព្រះ​យេហូវ៉ា! ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា!

ព្រោះ​លោក​បាន​សង្គ្រោះ​ជន​ទុគ៌ត​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ជន​ទុច្ចរិត។

១៤ សូម​ឲ្យ​ថ្ងៃ​កំណើត​របស់​ខ្ញុំ ត្រូវ​បណ្ដាសា​ចុះ!

សូម​ឲ្យ​ថ្ងៃ​ដែល​ម្ដាយ​ខ្ញុំ​សម្រាល​ខ្ញុំ​មក ត្រូវ​បណ្ដាសា​ដែរ!+

១៥ ត្រូវ​បណ្ដាសា​ហើយ! អ្នក​ដែល​នាំ​ដំណឹង​ល្អ

ដែល​ធ្វើ​ឲ្យ​ឪពុក​ខ្ញុំ​រីករាយ​ជា​ខ្លាំង ដោយ​ប្រាប់​គាត់​ថា​៖

​«​អ្នក​បាន​កូន​ប្រុស​មួយ​ហើយ!​»។

១៦ សូម​ឲ្យ​អ្នក​នោះ​វិនាស​ទៅ ដូច​ជា​បណ្ដា​ក្រុង​ដែល​ព្រះ​យេហូវ៉ា​បំផ្លាញ​ដោយ​ឥត​ស្ដាយ​ស្រណោះ។

សូម​ឲ្យ​គាត់​ឮ​សម្រែក​ភ័យ​ខ្លាច​នៅ​ពេល​ព្រឹក និង​សម្រែក​ប្រកាស​អាសន្ន​នៅ​ពេល​ថ្ងៃ​ត្រង់។

១៧ ម្ដេច​ក៏​លោក​មិន​សម្លាប់​ខ្ញុំ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ

ដើម្បី​ឲ្យ​ផ្ទៃ​គាត់​ក្លាយ​ទៅ​ជា​ផ្នូរ​សម្រាប់​ខ្ញុំ?

ហេតុ​អ្វី​ក៏​លោក​មិន​ឲ្យ​គាត់​ពពោះ​រហូត?+

១៨ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក

ដើម្បី​ឃើញ​តែ​ទុក្ខ​ព្រួយ​និង​សេចក្ដី​វេទនា

ហើយ​ត្រូវ​ស្លាប់​ដោយ​សេចក្ដី​អាម៉ាស់​ដូច្នេះ?+

២១ យេរេមា​បាន​ទទួល​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា កាល​ដែល​ស្ដេច​សេដេគា+បាន​ចាត់​ផាសហឺ+ជា​កូន​ម៉ាលខាយយ៉ា និង​សេផានា+ជា​កូន​ម៉ាអាសៀ​ដែល​ជា​សង្ឃ ឲ្យ​ទៅ​ជួប​យេរេមា​ដោយ​និយាយ​ថា​៖ ២ ​«​ឥឡូវ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​កំពុង​ច្បាំង​នឹង​យើង​ហើយ+ សូម​អ្នក​ជួយ​សួរ​ព្រះ​យេហូវ៉ា​ឲ្យ​យើង​ផង ក្រែង​លោ​ព្រះ​យេហូវ៉ា​ធ្វើ​ការ​អស្ចារ្យ​ណា​មួយ​ដើម្បី​ជួយ​យើង ហើយ​ដើម្បី​ឲ្យ​ស្ដេច​នោះ​ដក​ថយ​ពី​យើង​»។+

៣ យេរេមា​ប្រាប់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​សេដេគា​ដូច​ត​ទៅ​នេះ​ថា​៖ ៤ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​មើល! គ្រឿង​ចម្បាំង​ដែល​អ្នក​ប្រើ​ដើម្បី​ត​យុទ្ធ​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន+ និង​ពួក​ខាល់ដេ​ដែល​កំពុង​ឡោម​ព័ទ្ធ​នៅ​ក្រៅ​កំពែង​ក្រុង​អ្នក ខ្ញុំ​នឹង​បង្វែរ​គ្រឿង​ចម្បាំង​ទាំង​នោះ​មក​ទាស់​នឹង​ខ្លួន​អ្នក​វិញ។ ខ្ញុំ​នឹង​ប្រមូល​អ្វី​ទាំង​នោះ*មក​កណ្ដាល​ក្រុង​នេះ។ ៥ ខ្ញុំ​ផ្ទាល់​នឹង​លើក​ដៃ​មក​ទាស់​នឹង​អ្នក+ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ខ្ញុំ គឺ​ដោយ​កំហឹង​ដ៏​ខ្លាំង​ក្រៃ​លែង។+ ៦ ខ្ញុំ​នឹង​វាយ​ប្រហារ​អ្នក​ក្រុង​នេះ ទាំង​មនុស្ស​ទាំង​សត្វ ហើយ​ពួក​គេ​នឹង​ស្លាប់​ដោយ​រោគ​រាត​ត្បាត​ដ៏​សាហាវ​»​›។+

៧ ​«​‹ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ក្រោយ​នោះ ខ្ញុំ​នឹង​ប្រគល់​ស្ដេច​សេដេគា​ជា​ស្ដេច​ស្រុក​យូដា និង​ពួក​អ្នក​បម្រើ​គាត់ ព្រម​ទាំង​អ្នក​ក្រុង​នេះ​ដែល​រួច​ជីវិត​ពី​រោគ​រាត​ត្បាត ពី​ដាវ និង​ពី​ការ​អត់​ឃ្លាន ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន និង​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ​នា​នា ព្រម​ទាំង​ក្នុង​កណ្ដាប់​ដៃ​ពួក​អ្នក​ដែល​តាម​រក​ជីវិត​ពួក​គេ។+ ស្ដេច​នោះ​នឹង​វាយ​ប្រហារ​ពួក​គេ​ដោយ​ដាវ ដោយ​គ្មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ពួក​គេ​ទេ ហើយ​ក៏​មិន​បង្ហាញ​សេចក្ដី​មេត្តា​ឬ​មាន​ចិត្ត​ត្រា​ប្រណី​ដល់​ពួក​គេ​ដែរ​»​›។+

៨ ​«​អ្នក​ត្រូវ​និយាយ​ប្រាប់​បណ្ដា​ជន​នេះ​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​កំពុង​ដាក់​ផ្លូវ​ពីរ​ឲ្យ​អ្នក​ជ្រើស​រើស គឺ​ផ្លូវ​នៃ​ជីវិត​និង​ផ្លូវ​នៃ​សេចក្ដី​ស្លាប់។ ៩ ដូច្នេះ ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​នេះ នឹង​ស្លាប់​ដោយ​ដាវ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត។ ប៉ុន្តែ អ្នក​ណា​ដែល​ចេញ​ទៅ​ចុះ​ចូល​ជា​មួយ​នឹង​ពួក​ខាល់ដេ​ដែល​កំពុង​ឡោម​ព័ទ្ធ​ក្រុង​នេះ ពួក​គេ​នឹង​បាន​រួច​ជីវិត​»​›។+

១០ ​«​‹ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ព្រោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទាស់​នឹង​ក្រុង​នេះ​ដោយ​សេចក្ដី​វេទនា​ហើយ មិន​មែន​ដោយ​សេចក្ដី​ល្អ​ទេ។+ ខ្ញុំ​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន+ ហើយ​គាត់​នឹង​ដុត​បំផ្លាញ​ក្រុង​នេះ​ចោល​»។+

១១ ​«​‹ឱ​ពួក​អ្នក​ផ្ទះ​របស់​ស្ដេច​ស្រុក​យូដា​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​ព្រះ​យេហូវ៉ា។ ១២ ឱ​ពូជ​ពង្ស​ដាវីឌ​អើយ! ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

​«​ចូរ​កាត់​ក្ដី​ដោយ​យុត្តិធម៌​ជា​រៀង​រាល់​ថ្ងៃ

ហើយ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​កណ្ដាប់​ដៃ​ជន​បោក​ប្រាស់+

ដើម្បី​កុំ​ឲ្យ​កំហឹង​ខ្ញុំ​ឆួល​ឡើង​ដូច​ជា​ភ្លើង​ឆេះ+​ដែល​គ្មាន​នរណា​អាច​ពន្លត់​បាន

ព្រោះ​តែ​ការ​ប្រព្រឹត្ត​អាក្រក់​របស់​អ្នក​រាល់​គ្នា​»​›។+

១៣ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ឱ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង

ដែល​ស្ថិត​នៅ​លើ​ផ្ទាំង​ថ្ម​ក្នុង​ទឹក​ដី​ទំនាប​អើយ!

មើល! ខ្ញុំ​កំពុង​ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ។

ចំពោះ​អ្នក​ដែល​និយាយ​ថា​៖ ​«​តើ​អ្នក​ណា​ហ៊ាន​មក​ទាស់​នឹង​យើង?

តើ​អ្នក​ណា​ហ៊ាន​ឈ្លានពាន​លំនៅ​របស់​យើង?

១៤ ខ្ញុំ​នឹង​កាត់​ទោស​អ្នក​នោះ ឲ្យ​សម​នឹង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។+

ខ្ញុំ​នឹង​ដុត​ព្រៃ​នៅ​លើ​ទឹក​ដី​នេះ

ហើយ​វា​នឹង​ឆាប​ឆេះ​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ក្រុង​អស់​គ្មាន​សល់›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

២២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ទៅ​វិមាន​របស់​ស្ដេច​ស្រុក​យូដា ហើយ​ប្រាប់​ដំណឹង​នេះ។ ២ អ្នក​ត្រូវ​និយាយ​ថា​៖ ‹ឱ​ស្ដេច​ស្រុក​យូដា​ដែល​អង្គុយ​លើ​បល្ល័ង្ក​ដាវីឌ ព្រម​ទាំង​ពួក​អ្នក​បម្រើ និង​បណ្ដា​រាស្ត្រ​ដែល​ចូល​តាម​ខ្លោង​ទ្វារ​ទាំង​នេះ​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​ព្រះ​យេហូវ៉ា​ចុះ។ ៣ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​កាត់​ក្ដី​ដោយ​សុចរិត​យុត្តិធម៌ ហើយ​ជួយ​ជន​រង​គ្រោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ជន​បោក​ប្រាស់។ កុំ​ធ្វើ​បាប​ជន​បរទេស កូន​កំព្រា និង​ស្ត្រី​មេម៉ាយ​ឲ្យ​សោះ+ ហើយ​ក៏​កុំ​សម្លាប់​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ​ដែរ។+ ៤ បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​បង្គាប់​ខ្ញុំ នោះ​បណ្ដា​ស្ដេច​ដែល​អង្គុយ​លើ​បល្ល័ង្ក​ដាវីឌ+ នឹង​ចូល​តាម​ខ្លោង​ទ្វារ​ក្រុង​នេះ​ដោយ​ជិះ​លើ​រទេះ​សេះ​និង​នៅ​លើ​ខ្នង​សេះ រួម​ទាំង​ពួក​អ្នក​បម្រើ​របស់​ពួក​គាត់​និង​ប្រជារាស្ត្រ​របស់​ពួក​គាត់​ផង​ដែរ​»​›។+

៥ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​តាម​បង្គាប់​ខ្ញុំ​ទេ នោះ​ខ្ញុំ​ស្បថ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ថា​វិមាន​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​មិន​ខាន›។+

៦ ​«​ស្ដី​អំពី​វិមាន​របស់​ស្ដេច​ស្រុក​យូដា ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

‹ចំពោះ​ខ្ញុំ វិមាន​នេះ​ប្រៀប​ដូច​ជា​ព្រៃ​គីលាត និង​ប្រៀប​ដូច​ជា​ព្រៃ​នៅ​លើ​ភ្នំ​លីបង់

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កន្លែង​នេះ​ប្រែ​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ​វិញ។

ឯ​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​នេះ នឹង​គ្មាន​អ្នក​ណា​រស់​នៅ​ទេ។+

 ៧ ខ្ញុំ​នឹង​តែង​តាំង​ពួក​អ្នក​បំផ្លាញ​ឲ្យ​មក​ទាស់​នឹង​អ្នក

ពួក​គេ​នឹង​យក​គ្រឿង​ចម្បាំង​មក​ជា​មួយ​ដែរ។+

ពួក​គេ​នឹង​កាប់​រំលំ​ដើម​ស៊ីដារ​ប្រណីត​ៗ​របស់​អ្នក

ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។+

៨ ​«​‹ពេល​នោះ ប្រជា​ជាតិ​ជា​ច្រើន​នឹង​ឆ្លង​កាត់​ក្រុង​នេះ ហើយ​និយាយ​គ្នា​ថា​៖ ​«​ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​ចំពោះ​ក្រុង​ដ៏​រុង​រឿង​នេះ?​»។+ ៩ ពួក​គេ​នឹង​ឆ្លើយ​ថា​៖ ​«​នេះ​គឺ​ដោយ​សារ​ពួក​គេ​លែង​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​គេ ហើយ​បែរ​ទៅ​ក្រាប​គោរព​ដល់​ព្រះ​ឯ​ទៀត និង​បម្រើ​ព្រះ​ទាំង​នោះ​»​›។+

១០ ចូរ​កុំ​យំ​កាន់​ទុក្ខ​ឲ្យ​អ្នក​ស្លាប់​នោះ ឬ​ស្ដាយ​ស្រណោះ​គាត់​ឡើយ។

ប៉ុន្តែ ចូរ​ទ្រហោ​យំ​ចំពោះ​អ្នក​ដែល​ត្រូវ​ចាក​ចេញ​វិញ​ទៅ

ព្រោះ​គាត់​នឹង​មិន​ត្រឡប់​មក​ឃើញ​ស្រុក​កំណើត​ខ្លួន​ឡើយ។

១១ ​«​ព្រោះ​ស្ដី​អំពី​សាលូម*+ជា​កូន​យ៉ូសៀស+ ជា​ស្ដេច​ស្រុក​យូដា​ដែល​កំពុង​គ្រប់​គ្រង​ជំនួស​ឪពុក​គាត់ និង​ជា​អ្នក​ដែល​បាន​ត្រូវ​និរទេស​ចេញ​ពី​ទឹក​ដី​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹គាត់​នឹង​មិន​ត្រឡប់​មក​ស្រុក​នេះ​វិញ​ឡើយ ១២ ព្រោះ​គាត់​នឹង​ស្លាប់​នៅ​ក្នុង​ស្រុក​ដែល​គេ​ចាប់​គាត់​ទៅ ហើយ​គាត់​នឹង​មិន​ឃើញ​ស្រុក​កំណើត​ខ្លួន​ទៀត​ទេ›។+

១៣ វេទនា​ដល់​បុគ្គល​ដែល​សង់​វិមាន​ខ្លួន​ដោយ​មិន​សុចរិត

និង​សង់​បន្ទប់​ខាង​លើ​ដោយ​មិន​ទៀង​ត្រង់

ព្រោះ​គាត់​ឲ្យ​គេ​ធ្វើ​ការ​ដោយ​ទទេ​ៗ ហើយ​មិន​ព្រម​បង់​ប្រាក់​ឈ្នួល​ឲ្យ​គេ​ទេ។+

១៤ គាត់​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​សង់​វិមាន​ស្កឹមស្កៃ​មួយ​សម្រាប់​ខ្លួន

ទាំង​មាន​បន្ទប់​ធំ​នៅ​ខាង​លើ ព្រម​ទាំង​បង្អួច​ដែរ។

ខ្ញុំ​នឹង​ស្រោប​ជញ្ជាំង​ដោយ​ឈើ​ស៊ីដារ រួច​លាប​ពណ៌​ក្រហម​ស្រស់›។

១៥ តើ​អ្នក​គិត​ថា​អ្នក​នឹង​បន្ត​គ្រប់​គ្រង​ដោយ​សារ​តែ​អ្នក​ប្រើ​ឈើ​ស៊ីដារ​ច្រើន​ជាង​គេ​ដើម្បី​សង់​វិមាន​ឬ?

សូម​ចាំ​អំពី​ឪពុក​របស់​អ្នក ទោះ​ជា​គាត់​មាន​អាហារ​បរិភោគ​ជា​បរិបូរ​ក្ដី

ក៏​គាត់​នៅ​តែ​កាត់​ក្ដី​ដោយ​សុចរិត​យុត្តិធម៌​ដែរ។+

ហេតុ​នេះ គាត់​មាន​ភាព​ចម្រុង​ចម្រើន​ជា​និច្ច។

១៦ គាត់​បាន​កាត់​ក្ដី​ឲ្យ​ជន​រង​ទុក្ខ​និង​ជន​ក្រី​ក្រ​ដោយ​យុត្តិធម៌

ដូច្នេះ បណ្ដា​ជន​មាន​សេចក្ដី​សុខ​សាន្ត។

‹នោះ​ហើយ​ជា​ការ​ស្គាល់​ខ្ញុំ មែន​ទេ?›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១៧ ‹ប៉ុន្តែ អ្នក​តែង​តែ​ស្វះ​ស្វែង​រក​វិធី​បោក​បញ្ឆោត​អ្នក​ទៀត។ អ្នក​តាំង​ចិត្ត​រក​ផល​ចំណេញ​ដោយ​ការ​មិន​ទៀង​ត្រង់ សម្លាប់​ជន​ស្លូត​ត្រង់ និង​បោក​ប្រាស់

ថែម​ទាំង​គំរាម​យក​ទ្រព្យ​គេ​ទៀត​ផង›។

១៨ ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​អំពី​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស​ស្ដេច​ស្រុក​យូដា​ថា​៖

‹គេ​នឹង​មិន​យំ​កាន់​ទុក្ខ​គាត់ ដោយ​និយាយ​ថា​៖ ​«​ឱ​បង​អើយ! ឱ​ប្អូន​អើយ!​»។

គេ​ក៏​មិន​ទួញ​សោក​ចំពោះ​សព​គាត់​ដែរ ដោយ​ពោល​ថា​៖

​«​ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ! ឱ​ស្ដេច​ជា​ម្ចាស់​ខ្ញុំ​អើយ!​»។

១៩ គេ​នឹង​អូស​សព​គាត់​កាត់​តាម​ខ្លោង​ទ្វារ​ក្រុង​យេរូសាឡិម

រួច​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​ក្រុង+

ហើយ​កប់​សព​គាត់​ដូច​ជា​ខ្មោច​លា›។+

២០ ចូរ​ឡើង​ទៅ​តំបន់​ភ្នំ​លីបង់ ហើយ​ស្រែក​ឡើង

ចូរ​បន្លឺ​សំឡេង​នៅ​តំបន់​បាសាន​ទៅ

ហើយ​ស្រែក​យ៉ាង​ខ្លាំង​ពី​តំបន់​អាបារីម​ចុះ+

ព្រោះ​គូ​ស្នេហ៍​ទាំង​ប៉ុន្មាន​របស់​អ្នក​បាន​ត្រូវ​បំផ្លាញ​អស់​ហើយ។+

២១ ពេល​ដែល​អ្នក​មាន​សេចក្ដី​សុខ ខ្ញុំ​បាន​ឲ្យ​ឱវាទ​អ្នក

តែ​អ្នក​បដិសេធ​ថា​៖ ‹ខ្ញុំ​មិន​ស្ដាប់​ទេ›។+

តាំង​ពី​ក្មេង​មក អ្នក​តែង​មាន​ទម្លាប់​ដូច្នេះ

ព្រោះ​អ្នក​មិន​ដែល​ស្ដាប់​បង្គាប់​ខ្ញុំ​ឡើយ។+

២២ ខ្យល់​នឹង​កួច​នាំ​យក​គង្វាល​ទាំង​អស់​របស់​អ្នក​ទៅ។+

ឯ​គូ​ស្នេហ៍​ទាំង​ប៉ុន្មាន​របស់​អ្នក​វិញ ពួក​គេ​នឹង​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។

ពេល​នោះ អ្នក​នឹង​បាក់​មុខ ហើយ​អាម៉ាស់​ជា​ខ្លាំង​ដោយ​សារ​តែ​ទុក្ខ​វេទនា​ដែល​មាន​មក​លើ​អ្នក។

២៣ ឱ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​ភ្នំ​លីបង់+​ដែល​មាន​ជម្រក​ក្នុង​ព្រៃ​ស៊ីដារ​អើយ!+

អ្នក​នឹង​ស្រែក​ថ្ងូរ​ដោយ​ឈឺ​ចាប់ ពេល​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក

គឺ​ឈឺ​ចាប់​ដូច​ជា​ស្ត្រី​ឈឺ​ពោះ​សម្រាល​កូន​»។+

២៤ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ឱ​កូនៀ*+ជា​កូន​យេហូយ៉ាគីម+ដែល​ជា​ស្ដេច​ស្រុក​យូដា​អើយ! ខ្ញុំ​ស្បថ​ដោយ​នូវ​ជីវិត​ខ្ញុំ​ថា ទោះ​បី​អ្នក​ប្រៀប​ដូច​ជា​ចិញ្ចៀន​ត្រា​នៅ​ម្រាម​ដៃ​ស្ដាំ​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​នឹង​ទាញ​កន្ដ្រាក់​អ្នក​ចេញ​ដែរ។ ២៥ ខ្ញុំ​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន និង​ពួក​ខាល់ដេ គឺ​ពួក​អ្នក​ដែល​តាម​រក​ជីវិត​អ្នក និង​ពួក​អ្នក​ដែល​អ្នក​ខ្លប​ខ្លាច​ផង​ដែរ។+ ២៦ ខ្ញុំ​នឹង​បោះ​អ្នក​និង​ម្ដាយ​ដែល​បង្កើត​អ្នក​ចេញ​ពី​ស្រុក​កំណើត​ទៅ​ស្រុក​ដទៃ ហើយ​អ្នក​នឹង​ស្លាប់​នៅ​ទី​នោះ។ ២៧ ទោះ​ជា​អ្នក​ចង់​ត្រឡប់​មក​វិញ​ជា​ខ្លាំង ក៏​អ្នក​មិន​អាច​ត្រឡប់​មក​វិញ​បាន​ដែរ។+

២៨ តើ​កូនៀ​គ្រាន់​តែ​ជា​អំបែង​ក្អម​ដ៏​គម្រក់​ដែល​គ្មាន​នរណា​ត្រូវ​ការ​ឬ?

ហេតុ​អ្វី​ក៏​គាត់​និង​កូន​ចៅ​គាត់​បាន​ត្រូវ​បោះ​ទម្លាក់

និង​ត្រូវ​គ្រវែង​ទៅ​ក្នុង​ស្រុក​ដទៃ​ដែល​ពួក​គេ​មិន​ស្គាល់​ដូច្នេះ?›។+

២៩ ឱ​ផែនដី* ផែនដី ផែនដី​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​ព្រះ​យេហូវ៉ា។

៣០ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

‹ចូរ​កត់​ត្រា​ឈ្មោះ​បុរស​នេះ​ទុក​ជា​អ្នក​ដែល​គ្មាន​កូន​ចៅ

ជា​អ្នក​ដែល​មិន​បាន​សម្រេច​អ្វី​ល្អ​នៅ​ក្នុង​ជីវិត​ខ្លួន

ព្រោះ​គ្មាន​កូន​ចៅ​គាត់​ណា​ម្នាក់​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដាវីឌ

ហើយ​គ្រប់​គ្រង​បន្ត​លើ​ស្រុក​យូដា​ឡើយ›​»។+

២៣ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​វេទនា​ហើយ! ពួក​គង្វាល​ដែល​កំពុង​បំផ្លាញ​និង​កម្ចាត់​កម្ចាយ​ហ្វូង​ចៀម​នៅ​លើ​វាល​ស្មៅ​ខ្ញុំ​»។+

២ ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ប្រជា​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ទាស់​នឹង​ពួក​គង្វាល​ដែល​កំពុង​ឃ្វាល​រាស្ត្រ​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ហ្វូង​ចៀម​របស់​ខ្ញុំ ហើយ​តែង​តែ​កម្ចាត់​កម្ចាយ​ពួក​គេ។ អ្នក​រាល់​គ្នា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​ទាល់​តែ​សោះ​»។+

​«​ដូច្នេះ ខ្ញុំ​នឹង​មិន​អាណិត​អាសូរ​អ្នក​រាល់​គ្នា​ទេ ព្រោះ​តែ​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៣ ​«​បន្ទាប់​មក ខ្ញុំ​នឹង​ប្រមូល​ចៀម​របស់​ខ្ញុំ​ដែល​នៅ​សេស​សល់ ពី​ស្រុក​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​បណ្ដេញ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ+ ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​ឯ​វាល​ស្មៅ​របស់​ខ្ញុំ​វិញ។+ រួច​ពួក​គេ​នឹង​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង។+ ៤ ពេល​នោះ ខ្ញុំ​នឹង​តែង​តាំង​ពួក​គង្វាល​ឲ្យ​ឃ្វាល​ហ្វូង​ចៀម​ខ្ញុំ​ដោយ​យក​ចិត្ត​ទុក​ដាក់។+ ហ្វូង​ចៀម​ខ្ញុំ​នឹង​លែង​តក់​ស្លុត​ឬ​ភ័យ​ខ្លាច​ទៀត ហើយ​ក៏​គ្មាន​ចៀម​ណា​មួយ​បាត់​បង់​ដែរ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៥ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ពន្លក*មួយ​ដ៏​សុចរិត​ដុះ​ចេញ​ពី​ពូជ​ពង្ស​ដាវីឌ+ ហើយ​គាត់​នឹង​គ្រប់​គ្រង​ជា​ស្ដេច+នៅ​ក្នុង​ស្រុក ដោយ​ការ​យល់​ធ្លុះ​ជ្រៅ​និង​ដោយ​សុចរិត​យុត្តិធម៌។+ ៦ នៅ​គ្រា​គាត់ ពួក​យូដា​នឹង​ទទួល​សេចក្ដី​សង្គ្រោះ+ ហើយ​ពួក​អ៊ីស្រាអែល​នឹង​រស់​នៅ​ដោយ​សុខ​សាន្ត។+ គេ​នឹង​ហៅ​គាត់​ថា​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សុចរិត​របស់​យើង​»។+

៧ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នឹង​មាន​គ្រា​មួយ​ដែល​ពួក​គេ​នឹង​លែង​ស្បថ​ថា​៖ ‹ដូច​ព្រះ​យេហូវ៉ា​ដែល​មាន​ជីវិត​រស់​នៅ ជា​ព្រះ​ដែល​បាន​នាំ​ប្រជា​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប!›។+ ៨ ផ្ទុយ​ទៅ​វិញ ពួក​គេ​នឹង​ប្រើ​ពាក្យ​សម្បថ​ដែល​ថា​៖ ‹ដូច​ព្រះ​យេហូវ៉ា​ដែល​មាន​ជីវិត​រស់​នៅ ជា​ព្រះ​ដែល​បាន​រំដោះ​ប្រជា​ជាតិ​អ៊ីស្រាអែល​ពី​ស្រុក​នៅ​ភាគ​ខាង​ជើង និង​ពី​ស្រុក​ទាំង​ឡាយ​ដែល​លោក​បាន​កម្ចាត់​កម្ចាយ​ពួក​គេ›។ ពេល​នោះ រាស្ត្រ​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ​វិញ​»។+

៩ ស្ដី​អំពី​ពួក​អ្នក​ប្រកាស​ទំនាយ ខ្ញុំ​និយាយ​ដូច​ត​ទៅ​៖

ចិត្ត​ខ្ញុំ​បាន​ខ្ទេច​ខ្ទាំ​អស់ ហើយ​ឆ្អឹង​របស់​ខ្ញុំ​រង្គើ​ញាប់​ញ័រ។

ខ្ញុំ​ដូច​ជា​មនុស្ស​ស្រវឹង គឺ​ដូច​មនុស្ស​ស្រវឹង​ស្រា​ទំពាំង​បាយ​ជូរ

ដោយ​សារ​តែ​ព្រះ​យេហូវ៉ា និង​បណ្ដាំ​ដ៏​បរិសុទ្ធ​របស់​លោក។

១០ ព្រោះ​ទឹក​ដី​ទាំង​មូល​ពេញ​ទៅ​ដោយ​មនុស្ស​ផិត​ក្បត់+

ហើយ​ដោយ​សារ​តែ​ត្រូវ​បណ្ដាសា ស្រុក​ទាំង​មូល​មាន​ទុក្ខ​ព្រួយ+

ឯ​វាល​ស្មៅ​នៅ​តំបន់​ស្ងាត់​ជ្រងំ ក៏​បាន​ក្រៀម​ស្វិត​ទៅ​អស់​ដែរ។+

ការ​ប្រព្រឹត្ត​របស់​ពួក​គេ​សុទ្ធ​តែ​អាក្រក់ ហើយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​ដោយ​អាង​អំណាច​ខ្លួន។

១១ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ទាំង​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​ពួក​សង្ឃ​ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​ក្បត់​ជំនឿ។+

ខ្ញុំ​ក៏​ឃើញ​អំពើ​ទុច្ចរិត​របស់​ពួក​គេ​នៅ​ក្នុង​វិហារ​ខ្ញុំ​ដែរ​»។+

១២ ​«​ដូច្នេះ ផ្លូវ​របស់​ពួក​គេ​នឹង​ងងឹត​ស្លុប ហើយ​ងាយ​រអិល+

ពួក​គេ​នឹង​ត្រូវ​ច្រាន ហើយ​ដួល​ចុះ។

ព្រោះ​នៅ​គ្រា​នៃ​ការ​វិនិច្ឆ័យ​ទោស

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ពួក​គេ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១៣ ​«​ខ្ញុំ​បាន​ឃើញ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​ស្រុក​សាម៉ារី។+

ពួក​គេ​ប្រកាស​ទំនាយ​ដោយ​នូវ​ឈ្មោះ​ព្រះ​បាល

ហើយ​នាំ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ​ឲ្យ​វង្វេង។

១៤ ខ្ញុំ​ក៏​បាន​ឃើញ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​ក្រុង​យេរូសាឡិម​ដែរ។

ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់+ ហើយ​និយាយ​ភូត​ភរ។+

ពួក​គេ​លើក​ទឹក​ចិត្ត​ជន​ទុច្ចរិត

ហើយ​មិន​បែរ​ចេញ​ពី​ការ​អាក្រក់​របស់​ខ្លួន​ទេ។

ចំពោះ​ខ្ញុំ ពួក​គេ​ទាំង​នោះ​ប្រៀប​ដូច​ជា​ក្រុង​សូដុម+

ឯ​អ្នក​ក្រុង​យេរូសាឡិម​វិញ ពួក​គេ​ប្រៀប​ដូច​ជា​ក្រុង​កូម៉ូរ៉ា​»។+

១៥ ហេតុ​នេះ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ទាស់​នឹង​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​នោះ​ថា​៖

​«​មើល! ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បរិភោគ​ដើម​ល្វីង និង​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។+

ព្រោះ​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​ក្រុង​យេរូសាឡិម បាន​នាំ​ឲ្យ​មាន​ការ​ក្បត់​ជំនឿ​នៅ​ទូទាំង​ស្រុក​»។

១៦ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖

​«​ចូរ​កុំ​ស្ដាប់​ពាក្យ​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ។+

ពួក​គេ​កំពុង​បំភាន់​អ្នក​រាល់​គ្នា​ហើយ

ព្រោះ​ពួក​គេ​និយាយ​តាម​តែ​ចិត្ត​នឹក​ឃើញ​ប៉ុណ្ណោះ+

មិន​មែន​មក​ពី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទេ។+

១៧ ពួក​គេ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត ប្រាប់​ពួក​អ្នក​ដែល​មិន​គោរព​ខ្ញុំ​ថា​៖

‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​សុខ​សាន្ត​»​›។+

ពួក​គេ​ក៏​និយាយ​ប្រាប់​ពួក​អ្នក​ដែល​ធ្វើ​តាម​ចិត្ត​រឹង​ចចេស​របស់​ខ្លួន​ថា​៖

‹នឹង​គ្មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ឡើយ›។+

១៨ តើ​អ្នក​ណា​បាន​ឈរ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា

ដើម្បី​មើល​និង​ស្ដាប់​ប្រសាសន៍​របស់​លោក?

តើ​អ្នក​ណា​បាន​ត្រង​ត្រាប់​ស្ដាប់​ប្រសាសន៍​របស់​លោក?

១៩ មើល! ខ្យល់​ព្យុះ​របស់​ព្រះ​យេហូវ៉ា​នឹង​បោក​បក់​ដោយ​កំហឹង

ដូច​ជា​ព្យុះ​សង្ឃរា​ដែល​នឹង​បក់​បោក​ទៅ​លើ​ក្បាល​ជន​ទុច្ចរិត។+

២០ កំហឹង​របស់​ព្រះ​យេហូវ៉ា​នឹង​មិន​រសាយ​ឡើយ

រហូត​ដល់​លោក​បំពេញ​តាម​បំណង​ចិត្ត​លោក។

នៅ​គ្រា​ចុង​ក្រោយ​បង្អស់ អ្នក​រាល់​គ្នា​នឹង​យល់​ច្បាស់​អំពី​រឿង​នេះ។

២១ ខ្ញុំ​មិន​បាន​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​ឲ្យ​ទៅ​ទេ តែ​ពួក​គេ​បាន​រត់​ទៅ​ប្រាប់។

ខ្ញុំ​មិន​បាន​និយាយ​តាម​រយៈ​ពួក​គេ​ទេ តែ​ពួក​គេ​បាន​ប្រកាស​ទំនាយ។+

២២ ប៉ុន្តែ បើ​ពួក​គេ​បាន​ឈរ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​នឹង​ខ្ញុំ​វិញ

នោះ​ពួក​គេ​មុខ​ជា​នាំ​ពាក្យ​របស់​ខ្ញុំ​ទៅ​ប្រាប់​រាស្ត្រ​របស់​ខ្ញុំ​ហើយ

ព្រម​ទាំង​នាំ​រាស្ត្រ​របស់​ខ្ញុំ​បែរ​ចេញ​ពី​ផ្លូវ​ទុច្ចរិត​និង​ការ​ប្រព្រឹត្ត​អាក្រក់​ជា​មិន​ខាន​»។+

២៣ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​តើ​ខ្ញុំ​គ្រាន់​តែ​ជា​ព្រះ​ដែល​នៅ​ជិត​ហើយ​មិន​មែន​ជា​ព្រះ​ដែល​នៅ​ឆ្ងាយ​ទេ​ឬ?​»។

២៤ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​តើ​មាន​អ្នក​ណា​អាច​លាក់​ខ្លួន​នៅ​ទី​កំបាំង​ដែល​ខ្ញុំ​មិន​អាច​ឃើញ​បាន​ទៅ?​»។+

​«​តើ​ខ្ញុំ​មិន​ស្ថិត​នៅ​ពេញ​ពាស​លើ​ស្ថាន​សួគ៌​និង​នៅ​ផែនដី​ទេ​ឬ?​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

២៥ ​«​ខ្ញុំ​បាន​ឮ​ពួក​អ្នក​ប្រកាស​ទំនាយ​កំពុង​ប្រកាស​ពាក្យ​មិន​ពិត​ដោយ​នូវ​នាម​ខ្ញុំ​ថា​៖ ‹ខ្ញុំ​យល់​សប្ដិ​ឃើញ​យ៉ាង​នេះ! ខ្ញុំ​យល់​សប្ដិ​ឃើញ​យ៉ាង​នោះ!›។+ ២៦ តើ​ដល់​កាល​ណា​ទៅ ទើប​ពួក​អ្នក​ប្រកាស​ទំនាយ​ឈប់​ប្រកាស​ពាក្យ​មិន​ពិត​ទៀត? ពួក​គេ​ប្រកាស​ពាក្យ​បោក​បញ្ឆោត​តាម​តែ​ចិត្ត​ខ្លួន។+ ២៧ ពួក​គេ​មាន​បំណង​ធ្វើ​ឲ្យ​រាស្ត្រ​ខ្ញុំ​ភ្លេច​នាម​ខ្ញុំ តាម​រយៈ​សុបិន​ដែល​ពួក​គេ​ប្រាប់​ត​ៗ​គ្នា ដូច​ជា​បុព្វ​បុរស​របស់​ពួក​គេ​បាន​ភ្លេច​នាម​ខ្ញុំ​ដោយ​សារ​តែ​ព្រះ​បាល​ដែរ។+ ២៨ ចូរ​ឲ្យ​អ្នក​ប្រកាស​ទំនាយ​ដែល​យល់​សប្ដិ រៀប​រាប់​ប្រាប់​សុបិន​របស់​ខ្លួន​ទៅ។ ប៉ុន្តែ អ្នក​ដែល​ទទួល​ពាក្យ​ពី​ខ្ញុំ ត្រូវ​និយាយ​ប្រាប់​ពាក្យ​របស់​ខ្ញុំ​ដោយ​ពិត​ត្រង់​»។

​«​តើ​ចំបើង​និង​ស្រូវ​មាន​អ្វី​ដូច​គ្នា​ទៅ?​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

២៩ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​តើ​ពាក្យ​របស់​ខ្ញុំ​មិន​មែន​ដូច​ជា​ភ្លើង+ និង​ដូច​ជា​ញញួរ​សម្រាប់​វាយ​បំបែក​ផ្ទាំង​ថ្ម​ទេ​ឬ?​»។+

៣០ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រឆាំង​នឹង​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​នោះ ដែល​បាន​យក​ពាក្យ​របស់​ខ្ញុំ ពី​អ្នក​ប្រកាស​ទំនាយ​ឯ​ទៀត​មក​បំភ្លៃ​ការ​ពិត​»។+

៣១ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! ខ្ញុំ​ទាស់​នឹង​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​និយាយ​ថា​៖ ‹នេះ​ជា​ប្រសាសន៍​របស់​ព្រះ!›​»។+

៣២ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! ខ្ញុំ​ប្រឆាំង​នឹង​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ប្រាប់​សុបិន​មិន​ពិត រួច​បក​ស្រាយ​សុបិន​នោះ ហើយ​នាំ​រាស្ត្រ​របស់​ខ្ញុំ​ឲ្យ​វង្វេង​ចេញ ព្រោះ​តែ​ពាក្យ​កុហក​និង​អំណួត​របស់​ពួក​គេ​»។+

​«​ការ​ពិត​ខ្ញុំ​មិន​បាន​ចាត់​ឬ​បង្គាប់​ពួក​គេ​ទេ។ ដូច្នេះ ពួក​គេ​មិន​បាន​នាំ​ឲ្យ​រាស្ត្រ​ខ្ញុំ​ទទួល​ប្រយោជន៍​សោះ​ឡើយ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៣៣ ​«​បើ​កាល​ណា​បណ្ដា​ជន​នេះ ឬ​អ្នក​ប្រកាស​ទំនាយ ឬ​ពួក​សង្ឃ​និយាយ​ថា​៖ ‹ដំណឹង​នេះ​ប្រៀប​ដូច​ជា​បន្ទុក*ពី​ព្រះ​យេហូវ៉ា› នោះ​អ្នក​គួរ​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ‹​«​គឺ​អ្នក​រាល់​គ្នា​ទេ ជា​បន្ទុក! ខ្ញុំ​នឹង​បណ្ដេញ​អ្នក​រាល់​គ្នា​ចេញ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា›។ ៣៤ ចំពោះ​អ្នក​ប្រកាស​ទំនាយ ឬ​សង្ឃ ឬ​បណ្ដា​ជន​ដែល​និយាយ​ថា​៖ ‹ដំណឹង​ពី​ព្រះ​យេហូវ៉ា​ជា​បន្ទុក​ដល់​យើង​ណាស់!› នោះ​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​នោះ​និង​ពួក​អ្នក​ផ្ទះ​របស់​គាត់។ ៣៥ អ្នក​រាល់​គ្នា​ម្នាក់​ៗ​កំពុង​និយាយ​ទៅ​កាន់​ជន​រួម​ជាតិ​និង​បង​ប្អូន​ខ្លួន​យ៉ាង​នេះ​ថា​៖ ‹តើ​ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​យ៉ាង​ណា? តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អ្វី​ខ្លះ?›។ ៣៦ ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​ឈប់​និយាយ​ថា​ដំណឹង​ពី​ព្រះ​យេហូវ៉ា​ជា​បន្ទុក​ទៀត​ទៅ ព្រោះ​អ្នក​រាល់​គ្នា​បាន​បក​ស្រាយ​ដំណឹង​នោះ​តាម​ទស្សនៈ​ខ្លួន ហើយ​បំភ្លៃ​ពាក្យ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​ជីវិត​រស់​នៅ ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​ដំណឹង​នោះ​ទៅ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​វិញ។

៣៧ ​«​អ្នក​ត្រូវ​សួរ​អ្នក​ប្រកាស​ទំនាយ​នោះ​ថា​៖ ‹តើ​ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​មក​អ្នក​យ៉ាង​ណា? តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អ្វី​ខ្លះ? ៣៨ ហើយ​បើ​អ្នក​ចេះតែ​និយាយ​ថា​៖ ​«​ដំណឹង​ពី​ព្រះ​យេហូវ៉ា​ជា​បន្ទុក​»​ទៀត នោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ដោយ​សារ​អ្នក​នៅ​តែ​និយាយ​ថា​‹ពាក្យ​របស់​ព្រះ​យេហូវ៉ា​ជា​បន្ទុក› កាល​ដែល​ខ្ញុំ​ប្រាប់​អ្នក​‹កុំ​ឲ្យ​និយាយ​ថា​«​ពាក្យ​របស់​ព្រះ​យេហូវ៉ា​ជា​បន្ទុក​ឡើយ​»​› ៣៩ នោះ​មើល! ខ្ញុំ​នឹង​លើក​អ្នក​ឡើង ហើយ​គ្រវែង​អ្នក​ចេញ​ពី​មុខ​ខ្ញុំ រួម​ទាំង​ក្រុង​នេះ​ដែរ ជា​ក្រុង​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​និង​បុព្វ​បុរស​របស់​អ្នក។ ៤០ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​អាប់​ឱន​កិត្តិយស​និង​អាម៉ាស់​មុខ​ជា​រៀង​រហូត ហើយ​គ្មាន​អ្នក​ណា​បំភ្លេច​បាន​ឡើយ​»​›​»។+

២៤ ឯ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន គាត់​បាន​និរទេស​យេកូនាស*+ជា​កូន​យេហូយ៉ាគីម+ជា​ស្ដេច​ស្រុក​យូដា​ចេញ​ពី​ក្រុង​យេរូសាឡិម ព្រម​ជា​មួយ​នឹង​ពួក​អ្នក​គ្រប់​គ្រង​ក្នុង​ស្រុក​យូដា និង​ជាង​ចម្លាក់ រួម​ទាំង​ជាង​ដែក*ផង​ដែរ គឺ​គាត់​បាន​ចាប់​ពួក​គេ​ទាំង​អស់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។+ ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ល្អី​ពីរ​ដែល​ពេញ​ទៅ​ដោយ​ផ្លែ​ល្វា* នៅ​ខាង​មុខ​វិហារ​ព្រះ​យេហូវ៉ា។ ២ ល្អី​មួយ​មាន​សុទ្ធ​តែ​ផ្លែ​ល្វា​ល្អ​ដែល​មើល​ទៅ​ដូច​ជា​ផ្លែ​ល្វា​ទុំ​នៅ​ដើម​រដូវ តែ​ល្អី​មួយ​ទៀត​មាន​សុទ្ធ​តែ​ផ្លែ​ល្វា​ស្អុយ​រលួយ​ដែល​មិន​អាច​បរិភោគ​បាន។

៣ រួច​មក ព្រះ​យេហូវ៉ា​សួរ​ខ្ញុំ​ថា​៖ ​«​យេរេមា​អើយ! តើ​អ្នក​ឃើញ​អ្វី​ខ្លះ?​»។ ខ្ញុំ​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ឃើញ​ផ្លែ​ល្វា។ ផ្លែ​ល្វា​ល្អ​គឺ​ល្អ​ខ្លាំង​ណាស់ តែ​ផ្លែ​ល្វា​ស្អុយ​គឺ​ស្អុយ​រលួយ​បរិភោគ​មិន​បាន​ទេ​»។+

៤ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ៥ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ប្រជា​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ដូច​ផ្លែ​ល្វា​ល្អ ខ្ញុំ​នឹង​មើល​ពួក​យូដា​ក្នុង​ផ្លូវ​ល្អ ជា​ពួក​អ្នក​ដែល​បាន​ត្រូវ​និរទេស និង​ជា​ពួក​អ្នក​ដែល​ខ្ញុំ​បណ្ដេញ​ចេញ​ពី​ស្រុក​នេះ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ទឹក​ដី​របស់​ពួក​ខាល់ដេ។ ៦ ខ្ញុំ​នឹង​តាម​មើល​ថែ​ពួក​គេ​ឲ្យ​បាន​សេចក្ដី​សុខ​ជា​និច្ច ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​ស្រុក​នេះ​វិញ។+ ខ្ញុំ​នឹង​ពង្រឹង​ពួក​គេ ហើយ​មិន​ផ្ដួល​រំលំ​ពួក​គេ​ទេ។ ខ្ញុំ​នឹង​តាំង​ពួក​គេ​ឲ្យ​រឹង​មាំ​ឡើង ហើយ​មិន​រំលើង​ពួក​គេ​ឡើយ។+ ៧ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ចង់​ស្គាល់​ខ្ញុំ​ជា​យេហូវ៉ា។+ ពួក​គេ​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ។+ ព្រោះ​ពួក​គេ​នឹង​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។+

៨ ​«​‹ប៉ុន្តែ ចំពោះ​ផ្លែ​ល្វា​ស្អុយ​រលួយ​ដែល​មិន​អាច​បរិភោគ​បាន+ ខ្ញុំ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ដូច​ផ្លែ​ល្វា​ស្អុយ​នេះ ខ្ញុំ​នឹង​ចាត់​ទុក​សេដេគា+ស្ដេច​ស្រុក​យូដា​និង​ពួក​អ្នក​គ្រប់​គ្រង រួម​ទាំង​អ្នក​ក្រុង​យេរូសាឡិម​ដែល​នៅ​សេស​សល់​ក្នុង​ស្រុក​នេះ និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​យ៉ាង​នោះ​ដែរ។+ ៩ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រាជាណាចក្រ​ទាំង​ឡាយ​នៅ​ផែនដី​ភ័យ​រន្ធត់​និង​មាន​សេចក្ដី​វេទនា​ដោយ​សារ​តែ​ពួក​គេ។+ នៅ​ស្រុក​ណា​ដែល​ពួក​គេ​ទៅ​រស់​នៅ+ ពួក​អ្នក​ស្រុក​នោះ​នឹង​មើល​ងាយ សើច​ចំអក ជេរ​ប្រមាថ និង​ប្រទេច​ផ្ដាសា​ពួក​គេ​ជា​និច្ច។+ ១០ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​ដោយ​ដាវ+ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត+ រហូត​ដល់​ពួក​គេ​វិនាស​សាប​សូន្យ​អស់​ពី​ស្រុក​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​ពួក​គេ​និង​បុព្វ​បុរស​របស់​ពួក​គេ​»​›​»។

២៥ នៅ​ឆ្នាំ​ទី​៤​នៃ​រាជ្យ​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស​ជា​ស្ដេច​ស្រុក​យូដា ដែល​ជា​ឆ្នាំ​ទី​១​នៃ​រាជ្យ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន ព្រះ​បាន​មាន​ប្រសាសន៍​តាម​រយៈ​យេរេមា​ស្ដី​អំពី​បណ្ដា​ជន​ទាំង​អស់​ក្នុង​ស្រុក​យូដា។ ២ យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ បាន​ប្រកាស​អំពី*បណ្ដា​ជន​ក្នុង​ស្រុក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ទាំង​អស់​ថា​៖

៣ ​«​អស់​រយៈ​ពេល​២៣​ឆ្នាំ​ហើយ តាំង​ពី​ឆ្នាំ​ទី​១៣​នៃ​រាជ្យ​យ៉ូសៀស+ជា​កូន​អេម៉ុន​ដែល​ជា​ស្ដេច​ស្រុក​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ទេ។+ ៤ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​យេហូវ៉ា​ក៏​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់​ដែល​ជា​អ្នក​បម្រើ​របស់​លោក​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា​ជា​ច្រើន​លើក​ច្រើន​សា តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​ទេ ហើយ​ក៏​មិន​ផ្ទៀង​ត្រចៀក​ដែរ។+ ៥ ពួក​អ្នក​ប្រកាស​ទំនាយ​តែង​និយាយ​ថា​៖ ‹ឱ​អ្នក​រាល់​គ្នា​អើយ! សូម​បែរ​ចេញ​ពី​ផ្លូវ​ទុច្ចរិត​និង​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ខ្លួន​ទៅ។+ យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យូរ​អង្វែង​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​អ្នក​រាល់​គ្នា​តាំង​ពី​យូរ​យារ​មក​ហើយ។ ៦ កុំ​ដើរ​តាម​ព្រះ​ឯ​ទៀត ហើយ​កុំ​បម្រើ និង​ក្រាប​គោរព​ព្រះ​ទាំង​នោះ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ខឹង​ដោយ​សារ​តែ​រូប​ព្រះ​ដែល​អ្នក​រាល់​គ្នា​បាន​ឆ្លាក់​នោះ​ឡើយ។ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​នាំ​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា›។

៧ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​ខ្ញុំ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ដោយ​សារ​តែ​ស្នា​ដៃ​របស់​អ្នក​រាល់​គ្នា។ យ៉ាង​នេះ អ្នក​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​វេទនា​ហើយ›។+

៨ ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹​«​ដោយ​សារ​អ្នក​មិន​ស្ដាប់​បង្គាប់​ខ្ញុំ ៩ នោះ​ខ្ញុំ​នឹង​ចាត់​បណ្ដា​ជន​ទាំង​ឡាយ​ពី​ភាគ​ខាង​ជើង​ឲ្យ​មក​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ​«​ខ្ញុំ​នឹង​ចាត់​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន ដែល​ជា​អ្នក​បម្រើ​របស់​ខ្ញុំ+ ឲ្យ​មក​ទាស់​នឹង​ស្រុក​នេះ​និង​ពួក​អ្នក​ស្រុក​នេះ+ ព្រម​ទាំង​ទាស់​នឹង​ប្រជា​ជាតិ​នា​នា​ដែល​នៅ​ជុំវិញ។+ ខ្ញុំ​នឹង​បំផ្លាញ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ភ័យ​តក់​ស្លុត និង​ធ្វើ​ឲ្យ​ពួក​គេ​រង​ការ​ប្រមាថ​មើល​ងាយ ហើយ​ត្រូវ​វិនាស​ជា​រៀង​រហូត។ ១០ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​លែង​មាន​សំឡេង​ហ៊ោ​កញ្ជ្រៀវ និង​សំឡេង​ត្រេក​អរ​របស់​ពួក​គេ+ រួម​ទាំង​សំឡេង​សប្បាយ​រីករាយ​របស់​កូន​កំលោះ​កូន​ក្រមុំ+ ព្រម​ទាំង​សំឡេង​កិន​ម្សៅ​ទៀត​ផង។ សូម្បី​តែ​ពន្លឺ​ចង្កៀង​ក៏​លែង​មាន​ទៀត​ដែរ។ ១១ ដូច្នេះ ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​បំផ្លាញ ហើយ​ទៅ​ជា​កន្លែង​គួរ​ឲ្យ​ភ័យ​ខ្លាច។ ប្រជា​ជាតិ​ទាំង​នេះ​នឹង​ត្រូវ​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន​អស់​រយៈ​ពេល​៧០​ឆ្នាំ​»​›។+

១២ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹លុះ​ចប់​៧០​ឆ្នាំ​ហើយ+ ខ្ញុំ​នឹង​ឲ្យ​ស្ដេច​ស្រុក​បាប៊ីឡូន​និង​ប្រជា​ជាតិ​នោះ​ទទួល​ខុស​ត្រូវ​ចំពោះ​ទោស​កំហុស​របស់​ខ្លួន+ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​ពួក​ខាល់ដេ​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ​ជា​រៀង​រហូត។+ ១៣ ម្ល៉ោះ​ហើយ អ្វី​ដែល​ខ្ញុំ​បាន​មាន​ប្រសាសន៍​ទាស់​នឹង​ស្រុក​នោះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កើត​ឡើង​ជា​មិន​ខាន ពោល​គឺ​អ្វី​ទាំង​អស់​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នេះ ជា​ទំនាយ​ដែល​យេរេមា​បាន​ប្រកាស​ទាស់​នឹង​ប្រជា​ជាតិ​នា​នា។ ១៤ ព្រោះ​ប្រជា​ជាតិ​ជា​ច្រើន​និង​បណ្ដា​ស្ដេច​ដ៏​ខ្លាំង​ក្លា+ នឹង​យក​ពួក​គេ​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ+ ហើយ​ខ្ញុំ​នឹង​សង​ពួក​គេ​ឲ្យ​សម​នឹង​ការ​ប្រព្រឹត្ត​និង​ស្នា​ដៃ​របស់​ពួក​គេ​វិញ›​»។+

១៥ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​ចូរ​យក​ពែង​ស្រា​នៃ​សេចក្ដី​កំហឹង​របស់​ខ្ញុំ​ចេញ​ពី​ដៃ​ខ្ញុំ ទៅ​ឲ្យ​ប្រជា​ជាតិ​នា​នា​ដែល​ខ្ញុំ​ចាត់​អ្នក​ឲ្យ​ទៅ រួច​ឲ្យ​ពួក​គេ​ផឹក។ ១៦ ពួក​គេ​នឹង​ផឹក​ស្រា​នោះ ហើយ​ដើរ​ទ្រេត​ទ្រោត ព្រម​ទាំង​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ឆ្កួត ពេល​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​មាន​សង្គ្រាម​ក្នុង​ចំណោម​ពួក​គេ​»។+

១៧ ដូច្នេះ ខ្ញុំ​ក៏​យក​ពែង​ចេញ​ពី​ដៃ​ព្រះ​យេហូវ៉ា ទៅ​ឲ្យ​ប្រជា​ជាតិ​នា​នា​ផឹក ជា​ប្រជា​ជាតិ​ដែល​ព្រះ​យេហូវ៉ា​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ពួក​គេ។+ ១៨ ដំបូង​គឺ​ពួក​អ្នក​ក្រុង​យេរូសាឡិម និង​អ្នក​រស់​នៅ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា+ រួម​ទាំង​បណ្ដា​ស្ដេច​និង​ពួក​អ្នកគ្រប់​គ្រង ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​វិនាស និង​ទៅ​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ភ័យ​តក់ស្លុត ហើយ​ត្រូវ​គេ​ប្រមាថ​មើល​ងាយ​និង​ត្រូវ​បណ្ដាសា+ ដូច​ឃើញ​នៅ​សព្វថ្ងៃ​នេះ។ ១៩ បន្ទាប់​មក​គឺ​ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប និង​ពួក​អ្នក​បម្រើ​គាត់ ព្រម​ទាំង​មន្ត្រី​និង​រាស្ត្រ​របស់​គាត់+ ២០ ថែម​ទាំង​ជន​ជាតិ​ផ្សេង​ៗ​ដែល​រស់​នៅ​ក្នុង​ស្រុកនោះ។ បន្ទាប់​នោះ​គឺ​បណ្ដា​ស្ដេច​ក្នុង​ស្រុក​អ៊ូស បណ្ដា​ស្ដេច​ក្នុង​ស្រុក​ភីលីស្ទីន+ អ្នកក្រុង​អាសកាឡូន+ អ្នក​ក្រុង​កាសា អ្នក​ក្រុង​អេក្រុន និង​អ្នក​ដែល​នៅ​សេស​សល់​ក្នុងក្រុងអា​សូត ២១ ពួក​អេដំ+ ពួក​ម៉ូអាប់+ ពួក​អាំម៉ូន+ ២២ បណ្ដា​ស្ដេច​នៅ​ក្រុង​ទីរ៉ុស បណ្ដា​ស្ដេច​នៅ​ក្រុង​ស៊ីដូន+ រួម​ទាំង​បណ្ដា​ស្ដេច​នៃ​កោះ​នៅ​សមុទ្រ។ ២៣ ពួក​ដេដាន់+ ពួក​តេម៉ា ពួក​ប៊ូស និង​អស់​អ្នក​ដែល​តម្រឹម​សក់​ត្រឹម​សៀត​ផ្កា+ ២៤ ព្រម​ទាំង​បណ្ដា​ស្ដេច​របស់​ពួក​អារ៉ាប់+ និង​បណ្ដា​ស្ដេច​របស់​ជន​ជាតិ​ផ្សេង​ៗ​ដែល​រស់​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ ២៥ បណ្ដា​ស្ដេច​នៅ​តំបន់​ស៊ីមរី បណ្ដា​ស្ដេច​នៅ​ស្រុក​អេឡាំ+ និង​បណ្ដា​ស្ដេច​របស់​ជន​ជាតិ​មេឌី+ ២៦ បណ្ដា​ស្ដេច​នៅ​ភាគ​ខាង​ជើង​ទាំង​ជិត​ទាំង​ឆ្ងាយ ពី​រាជាណាចក្រ​មួយ​ទៅ​រាជាណាចក្រ​មួយ ព្រម​ទាំង​រាជាណាចក្រ​ទាំង​អស់​នៅ​ផែនដី ហើយ​អ្នក​ដែល​ផឹក​ចុង​ក្រោយ​បង្អស់ គឺ​ស្ដេច​ក្រុង​សេសាក។*+

២៧ ​«​រួច​ចូរ​ទៅ​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ផឹក​ឲ្យ​ស្រវឹង​រហូត​ដល់ក្អួត ហើយ​ដួល​ទៅ ដើម្បី​មិន​អាច​ក្រោក​ឡើង​បាន+ ព្រោះ​ខ្ញុំ​នឹង​ចាត់​សត្រូវ​ឲ្យ​ទៅ​ប្រហារ​អ្នក​រាល់​គ្នា​»​›។ ២៨ បើ​ពួក​គេ​មិន​ព្រម​ទទួល​ពែង​ពី​ដៃ​អ្នក​យក​ទៅ​ផឹក​ទេ នោះ​អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បង្គាប់​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​តែ​ផឹក​ជា​ដាច់​ខាត!។ ២៩ ព្រោះ​មើល! បើ​ខ្ញុំ​នាំ​សេចក្ដី​វេទនា​មក​លើ​ក្រុង​ដែល​ជា​តំណាង​នាម​ខ្ញុំ+ តើ​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ទោស​បាន​ឬ?​»​›។+

​«​‹អ្នក​រាល់​គ្នា​នឹង​មិន​រួច​ខ្លួន​ទេ ព្រោះ​ខ្ញុំ​នឹង​ចាត់​ឲ្យ​មាន​ដាវ​មួយ​ទៅ​វាយ​ប្រហារ​មនុស្ស​ទាំង​អស់​នៅ​ផែនដី›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៣០ ​«​អ្នក​ត្រូវ​ប្រកាស​ទុក​ជា​មុន​នូវ​ពាក្យ​ទាំង​នេះ​ដល់​ពួក​គេ​ថា​៖

‹ពី​កន្លែង​ដ៏​ខ្ពស់ ព្រះ​យេហូវ៉ា​នឹង​គ្រហឹម

ពី​លំនៅ​បរិសុទ្ធ​របស់​លោក លោក​នឹង​បន្លឺ​សំឡេង​លាន់​ឮ​រំពង។

លោក​នឹង​គ្រហឹម​យ៉ាង​ខ្លាំង​ទាស់​នឹង​លំនៅ​របស់​លោក។

ដូច​សំឡេង​ច្រៀង​អរ​សប្បាយ​របស់​ពួក​អ្នក​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា

នោះ​លោក​នឹង​ច្រៀង​អបអរ​ជ័យ​ជម្នះ​ទៅ​លើ​អស់​អ្នក​ដែល​រស់​នៅ​ផែនដី​ដូច្នោះ​ដែរ›។

៣១ ‹មាន​សំឡេង​មួយ​លាន់​ឮ​ទៅ​ដល់​ចុង​ផែនដី

ព្រោះ​ព្រះ​យេហូវ៉ា​មាន​រឿង​ក្ដី​នឹង​ប្រជា​ជាតិ​នា​នា។

លោក​នឹង​វិនិច្ឆ័យ​ទោស​មនុស្សជាតិ​ទាំង​ឡាយ​ដោយ​ខ្លួន​លោក​ផ្ទាល់+

ហើយ​នឹង​ប្រហារ​មនុស្ស​ទុច្ចរិត​ដោយ​ដាវ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៣២ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

‹មើល! នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​លើ​ប្រជា​ជាតិ​មួយ​ទៅ​ប្រជា​ជាតិ​មួយ+

ហើយ​ព្យុះ​សង្ឃរា​ដ៏​ធំ​សម្បើម នឹង​បក់​បោក​មក​យ៉ាង​ខ្លាំង​ពី​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី។+

៣៣ ​«​‹នៅ​ថ្ងៃ​នោះ សាក​សព​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ប្រហារ នឹង​មាន​ច្រើន​ត្រៀប​ត្រា​ពី​ចុង​ផែនដី​ម្ខាង​ទៅ​ចុង​ផែនដី​ម្ខាង។ គ្មាន​អ្នក​ណា​យំ​កាន់​ទុក្ខ​ពួក​គេ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​យក​សព​ពួក​គេ​ទៅ​បញ្ចុះ​ដែរ។ សាក​សព​ទាំង​នោះ​នឹង​ក្លាយ​ទៅ​ជា​ជី​នៅ​លើ​ដី​វិញ›។

៣៤ ឱ​ពួក​គង្វាល​អើយ! ចូរ​ទ្រហោ​យំ​ចុះ!

ឱ​ពួក​អ្នក​ដែល​រុង​រឿង​ក្នុង​ចំណោម​ហ្វូង​ចៀម​អើយ! ចូរ​ននៀល​នៅ​ដី​ទៅ!

ព្រោះ​វេលា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់​ខ្ចាយ​និង​ត្រូវ​ស្លាប់​បាន​មក​ដល់​ហើយ

អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ភាជនៈ​មាន​តម្លៃ​ដែល​ធ្លាក់​បែក​ខ្ទេច​ខ្ទី!

៣៥ នៅ​ពេល​នោះ ពួក​គង្វាល​នឹង​គ្មាន​ផ្លូវ​គេច​រួច​ទេ

ឯ​ពួក​អ្នក​ដែល​រុង​រឿង​ក្នុង​ចំណោម​ហ្វូង​ចៀម ក៏​គេច​មិន​ផុត​ដែរ។

៣៦ ចូរ​ស្ដាប់​សម្រែក​របស់​ពួក​គង្វាល​ចុះ!

ហើយ​ក៏​ស្ដាប់​សំឡេង​ទ្រហោ​យំ​របស់​ពួក​អ្នក​ដែល​រុង​រឿង​ក្នុង​ចំណោម​ហ្វូង​ចៀម​ដែរ

ព្រោះ​ព្រះ​យេហូវ៉ា​កំពុង​បំផ្លាញ​វាល​ស្មៅ​ខៀវ​ខ្ចី​របស់​ពួក​គេ​ហើយ។

៣៧ ចំណែក​ឯ​លំនៅ​ដែល​ធ្លាប់​តែ​មាន​សេចក្ដី​សុខ​សាន្ត ក៏​ប្រែ​ទៅ​ជា​កន្លែង​ស្ងាត់​ច្រៀប​គ្មាន​មនុស្ស​រស់​នៅ

ព្រោះ​តែ​កំហឹង​ដ៏​ខ្លាំង​របស់​ព្រះ​យេហូវ៉ា។

៣៨ លោក​ចាក​ចោល​លំនៅ​របស់​លោក ដូច​ជា​តោ​ស្ទាវ​បោះ​បង់​ចោល​រូង+

ហើយ​ទឹក​ដី​របស់​ពួក​គេ​បាន​ទៅ​ជា​កន្លែង​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច

ព្រោះ​លោក​បាន​ប្រើ​ដាវ​វាយ​ប្រហារ​ដោយ​គ្មាន​មេត្តា

និង​ដោយ​សារ​តែ​កំហឹង​ដ៏​ខ្លាំង​របស់​លោក​»។

២៦ នៅ​ដើម​រាជ្យ​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស​ដែល​ជា​ស្ដេច​ស្រុក​យូដា មាន​ពាក្យ​មក​ពី​ព្រះ​យេហូវ៉ា​ដូច​ត​ទៅ​៖ ២ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ឈរ​នៅ​ឯ​ទី​ធ្លា​ក្នុង​បរិវេណ​វិហារ​ព្រះ​យេហូវ៉ា ហើយ​ប្រកាស​ប្រាប់​បណ្ដា​ជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ទាំង​ឡាយ​ក្នុង​ទឹក​ដី​យូដា ជា​ពួក​អ្នក​ដែល​មក​គោរព​ប្រណិប័តន៍​ខ្ញុំ​ជា​យេហូវ៉ា​នៅ​ឯ​វិហារ។ អ្នក​ត្រូវ​ប្រាប់​ពួក​គេ​តាម​ពាក្យ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់ កុំ​ឲ្យ​បាត់​មួយ​ម៉ាត់​ឡើយ។ ៣ ប្រហែល​ជា​ពួក​គេ​នឹង​ស្ដាប់ ហើយ​បែរ​ចេញ​ពី​ផ្លូវ​ទុច្ចរិត​របស់​ខ្លួន​ក៏​មិន​ដឹង។ បើ​ពួក​គេ​ធ្វើ​ដូច្នោះ​មែន នោះ​ខ្ញុំ​នឹង​ប្រែ​គំនិត​មិន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​ទៅ​លើ​ពួក​គេ​ដោយ​សារ​តែ​អំពើ​អាក្រក់​របស់​ពួក​គេ​ឡើយ។+ ៤ ចូរ​ប្រាប់​ពួក​គេ​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ខ្ញុំ ហើយ​កាន់​តាម​ច្បាប់*ដែល​ខ្ញុំ​បាន​ដាក់​នៅ​មុខ​អ្នក​រាល់​គ្នា ៥ ហើយ​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​អ្នក​បម្រើ​ខ្ញុំ ដែល​ខ្ញុំ​បាន​ចាត់​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត​ទេ+ ៦ នោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​ទៅ​ដូច​ជា​ស៊ីឡូរ​ដែរ+ ហើយ​ខ្ញុំ​នឹង​បំផ្លាញ​ក្រុង​នេះ ហើយ​ប្រជា​ជាតិ​នា​នា​នៅ​ផែនដី​នឹង​យក​ក្រុង​នេះ​សម្រាប់​ដាក់​បណ្ដាសា›​»​›​»។+

៧ ឯ​ពួក​សង្ឃ ពួក​អ្នក​ប្រកាស​ទំនាយ និង​បណ្ដា​ជន​ទាំង​អស់ ពួក​គេ​ក៏​បាន​ឮ​ពាក្យ​សម្ដី​របស់​យេរេមា​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ដែរ។+ ៨ ដូច្នេះ ក្រោយ​ពី​យេរេមា​ប្រកាស​តាម​បង្គាប់​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​រួច នោះ​ពួក​សង្ឃ ពួក​អ្នក​ប្រកាស​ទំនាយ និង​បណ្ដា​ជន​ទាំង​អស់ បាន​មក​ចាប់​គាត់ ហើយ​និយាយ​ថា​៖ ​«​អ្នក​ឯង​នឹង​ស្លាប់​ជា​មិន​ខាន! ៩ ហេតុ​អ្វី​ក៏​អ្នក​ឯង​ប្រកាស​ទំនាយ​ក្នុង​នាម​ព្រះ​យេហូវ៉ា​ថា​៖ ‹វិហារ​នេះ​នឹង​ទៅ​ដូច​ជា​ស៊ីឡូរ ហើយ​ក្រុង​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល គ្មាន​មនុស្ស​រស់​នៅ​ទៀត›​ដូច្នេះ?​»។ ពេល​នោះ បណ្ដា​ជន​ទាំង​អស់​បាន​មក​ចោម​រោម​យេរេមា​នៅ​ក្នុង​បរិវេណ​វិហារ​ព្រះ​យេហូវ៉ា។

១០ ពេល​ពួក​អ្នក​គ្រប់​គ្រង​បាន​ឮ​ពាក្យ​ទាំង​នោះ ពួក​គេ​ក៏​បាន​ចេញ​ពី​វិមាន​ស្ដេច​មក​ឯ​វិហារ​ព្រះ​យេហូវ៉ា រួច​អង្គុយ​នៅ​ខ្លោង​ទ្វារ​ថ្មី​នៃ​វិហារ​ព្រះ​យេហូវ៉ា។+ ១១ បន្ទាប់​មក ពួក​សង្ឃ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​គ្រប់​គ្រង និង​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​បុរស​នេះ​សម​នឹង​ស្លាប់+ ព្រោះ​គាត់​បាន​ប្រកាស​ទំនាយ​ទាស់​នឹង​ក្រុង​នេះ ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ផ្ទាល់​ត្រចៀក​ហើយ​»។+

១២ រួច​មក យេរេមា​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​គ្រប់​គ្រង និង​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​គឺ​ព្រះ​យេហូវ៉ា​ទេ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ទំនាយ​ទាស់​នឹង​វិហារ​និង​ក្រុង​នេះ។ ខ្ញុំ​និយាយ​ពាក្យ​ទាំង​នោះ​តាម​បង្គាប់​លោក​ទេ។+ ១៣ ដូច្នេះ ចូរ​កែ​ខ្លួន​ហើយ​ឈប់​ប្រព្រឹត្ត​អាក្រក់​ត​ទៅ​ទៀត។ ចូរ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ នោះ​ព្រះ​យេហូវ៉ា​នឹង​ប្រែ​គំនិត​មិន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ដូច​លោក​មាន​ប្រសាសន៍​ទេ។+ ១៤ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​នៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ។ ចូរ​ប្រព្រឹត្ត​ដល់​ខ្ញុំ​តាម​ដែល​អ្នក​រាល់​គ្នា​យល់​ថា​ល្អ​និង​ត្រឹម​ត្រូវ​ចុះ។ ១៥ ប៉ុន្តែ ចូរ​ចាំ​ថា​បើ​អ្នក​រាល់​គ្នា​សម្លាប់​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​នឹង​នាំ​ឲ្យ​ខ្លួន​និង​ក្រុង​នេះ ព្រម​ទាំង​ពួក​អ្នក​ក្រុង មាន​ទោស​ចំពោះ​ឈាម​របស់​ជន​ស្លូត​ត្រង់​ហើយ ព្រោះ​តាម​ពិត​គឺ​ព្រះ​យេហូវ៉ា​ទេ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ពាក្យ​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា​»។

១៦ បន្ទាប់​មក ពួក​អ្នក​គ្រប់​គ្រង​និង​បណ្ដា​ជន​ទាំង​អស់​បាន​និយាយ​ទៅ​កាន់​ពួក​សង្ឃ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​ថា​៖ ​«​បុរស​នេះ​មិន​សម​នឹង​ស្លាប់​ទេ ព្រោះ​គាត់​ប្រកាស​ប្រាប់​យើង​ក្នុង​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​»។

១៧ បន្ថែម​ទៀត ពួក​បុរស​ចាស់​ទុំ​ខ្លះ​បាន​ក្រោក​ឡើង ហើយ​និយាយ​ទៅ​កាន់​ពួក​ជំនុំ​ទាំង​មូល​ថា​៖ ១៨ ​«​នៅ​គ្រា​ហេសេគា+ជា​ស្ដេច​ស្រុក​យូដា មីកា+ជា​អ្នក​ក្រុង​ម៉ូរ៉ាស៊ីត​ក៏​ធ្លាប់​ប្រកាស​ទំនាយ​ដល់​អ្នក​ស្រុក​យូដា​ដែរ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖

​«​ស៊ីយ៉ូន​នឹង​ត្រូវ​ភ្ជួរ​រាស់​ដូច​ជា​វាល​ស្រែ

ក្រុង​យេរូសាឡិម​នឹង​ទៅ​ជា​គំនរ​បាក់​បែក+

ឯ​ភ្នំ​ដែល​មាន​វិហារ​ព្រះ​នឹង​ទៅ​ដូច​ជា​ទី​ខ្ពស់​នៅ​ក្នុង​ព្រៃ​»​›។+

១៩ ​«​តើ​ស្ដេច​ហេសេគា​និង​អ្នក​ស្រុក​យូដា​បាន​សម្លាប់​មីកា​ឬ? ស្ដេច​ហេសេគា​បាន​កោត​ខ្លាច​ព្រះ​យេហូវ៉ា ហើយ​អង្វរ​សុំ​ក្ដី​មេត្តា​ពី​ព្រះ​យេហូវ៉ា មែន​ទេ? ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​បាន​ប្រែ​គំនិត​មិន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​លើ​ពួក​គេ​ដូច​ដែល​លោក​មាន​ប្រសាសន៍​ទេ។+ មើល! យើង​ហៀប​នឹង​នាំ​អន្តរាយ​ដ៏​ធំ​ធ្លាក់​មក​លើ​ខ្លួន​ហើយ។

២០ ​«​ហើយ​ក៏​មាន​បុរស​ម្នាក់​ទៀត បាន​ប្រកាស​ទំនាយ​ក្នុង​នាម​ព្រះ​យេហូវ៉ា​ដែរ គឺ​យូរ៉ាយ៉ា​ជា​កូន​សិមម៉ាយ៉ា​ដែល​ជា​អ្នក​ក្រុង​គារីអាតយារីម។+ គាត់​បាន​ប្រកាស​ទំនាយ​ទាស់​នឹង​ក្រុង​នេះ​និង​ទឹក​ដី​នេះ ដូច​យេរេមា​បាន​ប្រកាស​ដែរ។ ២១ ឯ​ស្ដេច​យេហូយ៉ាគីម+ និង​ពួក​ទាហាន​ខ្លាំង​ក្លា​របស់​គាត់ ព្រម​ទាំង​ពួក​អ្នក​គ្រប់​គ្រង ពួក​គេ​ក៏​បាន​ឮ​សេចក្ដី​ប្រកាស​របស់​យូរ៉ាយ៉ា​ដែរ។ ដូច្នេះ ស្ដេច​យេហូយ៉ាគីម​ប៉ុន​ប៉ង​សម្លាប់​គាត់។+ ពេល​យូរ៉ាយ៉ា​ឮ​រឿង​នោះ គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ក៏​រត់​គេច​ខ្លួន​ទៅ​ស្រុក​អេហ្ស៊ីប។ ២២ បន្ទាប់​មក ស្ដេច​យេហូយ៉ាគីម​បាន​ចាត់​អេលណាថាន+ជា​កូន​អាកបូរ និង​បុរស​មួយ​ចំនួន​ឲ្យ​ទៅ​ចាប់​យូរ៉ាយ៉ា​ពី​ស្រុក​អេហ្ស៊ីប។ ២៣ ក្រោយ​មក ពួក​គេ​បាន​នាំ​គាត់​ពី​ស្រុក​អេហ្ស៊ីប មក​ប្រគល់​ឲ្យ​ស្ដេច​យេហូយ៉ាគីម ហើយ​ស្ដេច​បាន​សម្លាប់​គាត់​ដោយ​ដាវ+ រួច​បោះ​សាក​សព​គាត់​ទៅ​ក្នុង​ផ្នូរ​របស់​ជន​សាមញ្ញ​»។

២៤ ប៉ុន្តែ អាហាយខាម+ជា​កូន​សាផាន+ គាត់​បាន​ការ​ពារ​យេរេមា ដើម្បី​កុំ​ឲ្យ​គេ​ប្រគល់​គាត់​ទៅ​ឲ្យ​បណ្ដា​ជន​សម្លាប់។+

២៧ នៅ​ដើម​រាជ្យ​យេហូយ៉ាគីម​ជា​កូន​យ៉ូសៀស​ដែល​ជា​ស្ដេច​ស្រុក​យូដា មាន​ពាក្យ​មក​កាន់​យេរេមា​ពី​ព្រះ​យេហូវ៉ា​ដូច​ត​ទៅ​៖ ២ ​«​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ខ្ញុំ​ថា​៖ ‹ចូរ​ធ្វើ​នឹម​សម្រាប់​ខ្លួន រួច​ចង​ខ្សែ ហើយ​ពាក់​នៅ​លើ ក​អ្នក។ ៣ បន្ទាប់​មក ចូរ​ផ្ញើ​នឹម​ទាំង​នោះ​ទៅ​ស្ដេច​ស្រុក​អេដំ+ ស្ដេច​ស្រុក​ម៉ូអាប់+ ស្ដេច​ស្រុក​អាំម៉ូន+ ស្ដេច​ក្រុង​ទីរ៉ុស+ និង​ស្ដេច​ក្រុង​ស៊ីដូន+ តាម​រយៈ​ពួក​អ្នក​នាំ​សារ​របស់​ពួក​គេ​ដែល​បាន​មក​ជួប​សេដេគា​ស្ដេច​ស្រុក​យូដា​នៅ​ឯ​ក្រុង​យេរូសាឡិម។ ៤ រួច​បង្គាប់​ពួក​គេ​ឲ្យ​ប្រាប់​ចៅហ្វាយ​ខ្លួន​ដូច​ត​ទៅ​៖

​«​‹​«​នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍។ អ្នក​ទាំង​អស់​គ្នា​ត្រូវ​ប្រាប់​ចៅហ្វាយ​ខ្លួន​ថា​៖ ៥ ‹ខ្ញុំ​នេះ​ហើយ​ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី មនុស្សជាតិ និង​សត្វ​ទាំង​ឡាយ ដោយ​ថាមពល​និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ខ្ញុំ។ ខ្ញុំ​បាន​ឲ្យ​អ្វី​ៗ​ទាំង​នេះ​ដល់​អ្នក​ណា​ដែល​ខ្ញុំ​ពេញ​ចិត្ត។+ ៦ មើល! ខ្ញុំ​បាន​ប្រគល់​ទឹក​ដី​ទាំង​មូល​ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា+ស្ដេច​ស្រុក​បាប៊ីឡូន​ដែល​ជា​អ្នក​បម្រើ​ខ្ញុំ​ហើយ។ សូម្បី​តែ​សត្វ​ព្រៃ​ដែល​នៅ​ឯ​វាល ក៏​ខ្ញុំ​ឲ្យ​ពួក​វា​នៅ​ក្រោម​អំណាច​គាត់​ដែរ។ ៧ ប្រជា​ជាតិ​ទាំង​អស់​នឹង​បម្រើ​គាត់ កូន​គាត់ និង​ចៅ​គាត់ រហូត​ដល់​គ្រា​កំណត់​នៃ​ស្រុក​គាត់​មក​ដល់។+ ពេល​នោះ ប្រជា​ជាតិ​ជា​ច្រើន​និង​បណ្ដា​ស្ដេច​ដ៏​ខ្លាំង​ក្លា នឹង​យក​គាត់​ធ្វើ​ជា​ខ្ញុំ​បម្រើ​ពួក​គេ​វិញ›។+

៨ ​«​‹​«​‹ប្រសិន​បើ​ប្រជា​ជាតិ​ឬ​រាជាណាចក្រ​ណា​មិន​ព្រម​បម្រើ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​មិន​ព្រម​ចុះ​ចូល​នឹង​គាត់​ទេ* នោះ​ខ្ញុំ​នឹង​ដាក់​ទោស​ប្រជា​ជាតិ​នោះ​ដោយ​ដាវ+ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត។ ខ្ញុំ​នឹង​បំផ្លាញ​ពួក​គេ​ឲ្យ​សាប​សូន្យ​អស់​ដោយ​ដៃ​របស់​ស្ដេច​នោះ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៩ ​«​‹​«​‹ហេតុ​នេះ ចូរ​កុំ​ស្ដាប់​ពួក​អ្នក​ប្រកាស​ទំនាយ គ្រូ​ទាយ គ្រូ​ស្រាយ​សុបិន គ្រូ​វេទមន្ត និង​គ្រូ​ធ្មប់​ដែល​ប្រាប់​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន​ឡើយ​»។ ១០ ព្រោះ​ពួក​គេ​កំពុង​ប្រកាស​ទំនាយ​មិន​ពិត​ដល់​អ្នក​រាល់​គ្នា​ហើយ គឺ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ឃ្លាត​ចេញ​ពី​ស្រុក​ខ្លួន​ទៅ​នៅ​ស្រុក​ឆ្ងាយ។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្ចាត់​ខ្ចាយ ហើយ​អ្នក​រាល់​គ្នា​នឹង​វិនាស​ទៅ។

១១ ​«​‹​«​‹ប៉ុន្តែ បើ​ប្រជា​ជាតិ​ណា​ព្រម​ចុះ​ចូល​នឹង*ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​បម្រើ​គាត់ នោះ​ខ្ញុំ​នឹង​ឲ្យ​ប្រជា​ជាតិ​នោះ​បន្ត​រស់​នៅ​ក្នុង​ស្រុក​ខ្លួន ហើយ​អាច​ដាំ​ដុះ​លើ​ទឹក​ដី​នោះ​ត​ទៅ​ទៀត›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»​›​»។

១២ ខ្ញុំ​ក៏​ប្រាប់​ពាក្យ​ដូច​នោះ​ដែរ​ទៅ​កាន់​សេដេគា+ជា​ស្ដេច​ស្រុក​យូដា​ថា​៖ ​«​ចូរ​ចុះ​ចូល*បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន និង​រាស្ត្រ​របស់​គាត់​ចុះ នោះ​អ្នក​នឹង​អាច​រស់​នៅ​ត​ទៅ​ទៀត។+ ១៣ ហេតុ​អ្វី​ក៏​អ្នក​និង​រាស្ត្រ​របស់​អ្នក​ចង់​ស្លាប់​ដោយ​ដាវ+ ការ​អត់​ឃ្លាន+ និង​រោគ​រាត​ត្បាត​ដូច្នេះ?+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ហើយ​ថា​ប្រជា​ជាតិ​ណា​ដែល​មិន​ព្រម​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន នឹង​ត្រូវ​រង​ទុក្ខ​ដូច​នោះ​ជា​មិន​ខាន។ ១៤ ចូរ​កុំ​ស្ដាប់​ពាក្យ​របស់​អ្នក​ប្រកាស​ទំនាយ​ដែល​ថា​៖ ‹អ្នក​នឹង​មិន​ត្រូវ​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន​ទេ›+ ព្រោះ​ពួក​គេ​កំពុង​ប្រកាស​ពាក្យ​មិន​ពិត​ដល់​អ្នក​ហើយ។+

១៥ ​«​‹ព្រោះ​ខ្ញុំ​មិន​បាន​ចាត់​ពួក​គេ​ទេ គឺ​ពួក​គេ​ខ្លួន​ឯង​ទេ​ដែល​កំពុង​ប្រកាស​ពាក្យ​មិន​ពិត​ក្នុង​នាម​ខ្ញុំ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ‹ហេតុ​នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​និង​ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ទាំង​នោះ​វិនាស​ខ្ចាត់​ខ្ចាយ​ទៅ›​»។+

១៦ ខ្ញុំ​បាន​និយាយ​ទៅ​ពួក​សង្ឃ​និង​បណ្ដា​ជន​ទាំង​នេះ​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​កុំ​ស្ដាប់​ពាក្យ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ថា​៖ ​«​មើល! ឆាប់​ៗ​ខាង​មុខ​នេះ គេ​នឹង​នាំ​យក​ប្រដាប់​ប្រដា​ដែល​ប្រើ​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា មក​ពី​ស្រុក​បាប៊ីឡូន​វិញ​ជា​មិន​ខាន​»។+ កុំ​ជឿ​ពួក​គេ​ឲ្យ​សោះ ពួក​គេ​កំពុង​ប្រកាស​ពាក្យ​កុហក​ដល់​អ្នក​រាល់​គ្នា​ទេ។+ ១៧ កុំ​ស្ដាប់​ពួក​គេ​ឡើយ។ ចូរ​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ត​ទៅ​ទៀត។+ តើ​គួរ​ឲ្យ​ក្រុង​នេះ​ត្រូវ​បំផ្លាញ​ចោល​ឬ? ១៨ ប៉ុន្តែ បើ​ពួក​គេ​ជា​អ្នក​ប្រកាស​ទំនាយ​ពិត ហើយ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​តាម​រយៈ​ពួក​គេ​មែន សូម​ឲ្យ​ពួក​គេ​អង្វរ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ដើម្បី​កុំ​ឲ្យ​ពួក​សត្រូវ​មក​ប្រមូល​ប្រដាប់​ប្រដា​ដែល​នៅ​សេស​សល់​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា ក្នុង​វិមាន​ស្ដេច​ស្រុក​យូដា និង​ក្នុង​ក្រុង​យេរូសាឡិម​ទៅ​ស្រុក​បាប៊ីឡូន​ទៀត›។

១៩ ​«​ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​អំពី​សសរ+ អាង​ទឹក​ធំ*+ រទេះ​ទឹក+ និង​ប្រដាប់​ប្រដា​ដែល​នៅ​សល់​ក្នុង​ក្រុង​នេះ ២០ ដែល​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​មិន​បាន​ប្រមូល​យក​ទៅ កាល​ដែល​គាត់​ចាប់​យេកូនាស​ជា​កូន​យេហូយ៉ាគីម​ស្ដេច​ស្រុក​យូដា និង​ពួក​អ្នក​មាន​មុខ​មាត់​ទាំង​អស់​ក្នុង​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡិម យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។+ ២១ ស្ដី​អំពី​ប្រដាប់​ប្រដា​ដែល​នៅ​សល់​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា ក្នុង​វិមាន​ស្ដេច​ស្រុក​យូដា និង​ក្នុង​ក្រុង​យេរូសាឡិម ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​មាន​ប្រសាសន៍​ថា​៖ ២២ ‹​«​ប្រដាប់​ប្រដា​ទាំង​នេះ​នឹង​ត្រូវ​នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន+ ហើយ​ស្ថិត​នៅ​ទី​នោះ​រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​គិត​អំពី​របស់​ទាំង​នោះ។* បន្ទាប់​មក ខ្ញុំ​នឹង​នាំ​យក​ប្រដាប់​ប្រដា​ទាំង​នោះ​មក​ដាក់​នៅ​កន្លែង​ដើម​វិញ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា›​»។+

២៨ នៅ​ឆ្នាំ​ដដែល​នោះ គឺ​នៅ​ខែ​ទី​៥ ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​សេដេគា+ស្ដេច​ស្រុក​យូដា ហាណានា​ជា​កូន​អាសសឺ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​មក​ពី​ក្រុង​គីបៀន+ បាន​និយាយ​មក​ខ្ញុំ​នៅ​មុខ​ពួក​សង្ឃ​និង​បណ្ដា​ជន​ទាំង​ឡាយ​នៅ​វិហារ​ព្រះ​យេហូវ៉ា។ គាត់​និយាយ​ថា​៖ ២ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​បំបាក់​នឹម​របស់​ស្ដេច​ស្រុក​បាប៊ីឡូន។+ ៣ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ ខ្ញុំ​នឹង​នាំ​យក​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​មក​វិញ គឺ​ជា​ប្រដាប់​ប្រដា​ដែល​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​នាំ​យក​ទៅ​ស្រុក​គាត់›​»។+ ៤ ​«​‹ហើយ​ខ្ញុំ​ក៏​នាំ​យេកូនាស+ជា​កូន​យេហូយ៉ាគីម+ដែល​ជា​ស្ដេច​ស្រុក​យូដា និង​ពួក​យូដា​ទាំង​អស់​ដែល​បាន​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ឲ្យ​ត្រឡប់​មក​វិញ​ដែរ។+ ព្រោះ​ខ្ញុំ​នឹង​បំបាក់​នឹម​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ជា​មិន​ខាន›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

៥ បន្ទាប់​មក យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ ក៏​និយាយ​ទៅ​កាន់​ហាណានា​នៅ​ខាង​មុខ​ពួក​សង្ឃ​និង​បណ្ដា​ជន​ទាំង​អស់ ដែល​កំពុង​ឈរ​នៅ​បរិវេណ​វិហារ​ព្រះ​យេហូវ៉ា។ ៦ យេរេមា​និយាយ​ថា​៖ ​«​អាមេន!* សូម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​កើត​ឡើង​ដូច្នេះ! សូម​ឲ្យ​ព្រះ​យេហូវ៉ា​នាំ​យក​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ក្នុង​វិហារ​ព្រះ​យេហូវ៉ា និង​នាំ​ពួក​យូដា​ដែល​បាន​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ឲ្យ​ត្រឡប់​មក​វិញ​ដូច​ពាក្យ​អ្នក​ប្រកាស​ចុះ! ៧ ប៉ុន្តែ សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ដំណឹង​ដែល​ខ្ញុំ​កំពុង​ប្រាប់​អ្នក​និង​បណ្ដា​ជន​ទាំង​អស់។ ៨ នៅ​សម័យ​មុន​ខ្ញុំ​និង​មុន​អ្នក ធ្លាប់​មាន​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​ប្រកាស​អំពី​សង្គ្រាម សេចក្ដី​វេទនា និង​រោគ​រាត​ត្បាត ដែល​ស្រុក​ទាំង​ឡាយ​និង​រាជាណាចក្រ​ខ្លាំង​ក្លា​ជា​ច្រើន​នឹង​ជួប​ប្រទះ។ ៩ បើ​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ប្រកាស​ថា​នឹង​មាន​សន្តិភាព ហើយ​ពាក្យ​របស់​គាត់​ក្លាយ​ទៅ​ជា​ការ​ពិត នោះ​គេ​នឹង​ដឹង​ថា​អ្នក​ប្រកាស​ទំនាយ​នោះ​ពិត​ជា​ត្រូវ​ព្រះ​យេហូវ៉ា​ចាត់​ឲ្យ​មក​មែន​»។

១០ ឮ​ដូច្នេះ ហាណានា​ជា​អ្នក​ប្រកាស​ទំនាយ បាន​យក​នឹម​ពីក​យេរេមា​ទៅ​បំបាក់​ចោល។+ ១១ រួច​ហាណានា​និយាយ​ទៅ​កាន់​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹គឺ​យ៉ាង​នេះ​ឯង ខ្ញុំ​នឹង​បំបាក់​នឹម​របស់​ស្ដេច​នេប៊ូក្នេសា​នៃ​ស្រុក​បាប៊ីឡូន ពី​ប្រជា​ជាតិ​ទាំង​ឡាយ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ›​»។+ ស្ដាប់​រួច យេរេមា​ក៏​ចាក​ចេញ​ពី​ទី​នោះ​ទៅ។

១២ ក្រោយ​ពី​ហាណានា​ជា​អ្នក​ប្រកាស​ទំនាយ​បំបាក់​នឹម​ពីកយេរេមា ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ១៣ ​«​ចូរ​ទៅ​ប្រាប់​ហាណានា​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​បាន​បំបាក់​នឹម​ឈើ+ តែ​នឹង​មាន​នឹម​ដែក​ជំនួស​វិញ​»។ ១៤ ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ដាក់​នឹម​ដែក​នៅ​លើក​ប្រជាជាតិ​នា​នា ដើម្បី​ឲ្យ​ពួក​គេ​បម្រើ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​ពួក​គេ​ត្រូវ​បម្រើ​ស្ដេច​នោះ​ជា​ប្រាកដ។+ សូម្បី​តែ​សត្វ​ព្រៃ​ដែល​នៅ​ឯ​វាល ក៏​ខ្ញុំ​ឲ្យ​ពួក​វា​នៅ​ក្រោម​អំណាច​គាត់​ដែរ​»​›​»។+

១៥ បន្ទាប់​មក យេរេមា​និយាយ​ទៅ​កាន់​ហាណានា+ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ​«​ឱ​ហាណានា​អើយ! សូម​ស្ដាប់​ចុះ! ព្រះ​យេហូវ៉ា​មិន​បាន​ចាត់​អ្នក​ទេ តែ​អ្នក​បាន​និយាយ​ពាក្យ​កុហក​ដែល​នាំ​ឲ្យ​បណ្ដា​ជន​ជឿ​ស្លុង​តាម​អ្នក។+ ១៦ ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​នឹង​កាត់​អ្នក​ចេញ​ពី​ផែនដី គឺ​នៅ​ឆ្នាំ​នេះ​ឯង អ្នក​នឹង​ស្លាប់​ជា​មិន​ខាន ព្រោះ​អ្នក​បាន​ញុះញង់​បណ្ដា​ជន​ឲ្យ​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ​ជា​យេហូវ៉ា›​»។+

១៧ ដូច្នេះ ហាណានា​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ស្លាប់​នៅ​ខែ​ទី​៧​ក្នុង​ឆ្នាំ​នោះ​ឯង។

២៩ យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​សំបុត្រ​ពី​ក្រុង​យេរូសាឡិម ផ្ញើ​ទៅ​ពួក​បុរស​ចាស់​ទុំ​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​សង្ឃ ពួក​អ្នក​ប្រកាស​ទំនាយ និង​បណ្ដា​ជន​ទាំង​អស់ ដែល​នេប៊ូក្នេសា​បាន​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ២ គឺ​ក្រោយ​ពេល​ដែល​ស្ដេច​យេកូនាស+ និង​មាតា​ស្ដេច+ ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់ និង​ពួក​អ្នក​គ្រប់​គ្រង​នៅ​ស្រុក​យូដា​និង​នៅ​ក្រុង​យេរូសាឡិម រួម​ទាំង​ជាង​ចម្លាក់ និង​ជាង​ដែក* បាន​ត្រូវ​នាំ​ចេញ​ពី​ក្រុង​យេរូសាឡិម។+ ៣ យេរេមា​បាន​ផ្ញើ​សំបុត្រ​នោះ​តាម​រយៈ​អែលអេសា​ជា​កូន​សាផាន+ និង​កេម៉ារៀ​ជា​កូន​ហ៊ីលគីយ៉ា ពេល​ដែល​សេដេគា+ស្ដេច​ស្រុក​យូដា បាន​ចាត់​ពួក​គាត់​ឲ្យ​ទៅ​ជួប​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ​៖

៤ ​«​នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទៅ​កាន់​បណ្ដា​ជន​ទាំង​អស់​ដែល​លោក​បាន​ត្រូវ​និរទេស​ពី​ក្រុង​យេរូសាឡិម​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​៖ ៥ ‹ចូរ​សង់​ផ្ទះ​ហើយ​រស់​នៅ​ទី​នោះ​ចុះ ព្រម​ទាំង​ធ្វើ​ចម្ការ ហើយ​បរិភោគ​ផល​ដែរ។ ៦ ចូរ​រៀប​ការ​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី។ រួច​រៀប​ការ​ឲ្យ​កូន​ប្រុស​កូន​ស្រី​ខ្លួន ដើម្បី​ឲ្យ​ពួក​គេ​បង្កើត​កូន​ជា​ច្រើន​ឡើង។ ចូរ​បង្កើន​ចំនួន​ឲ្យ​ច្រើន​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចុះ​ឡើយ។ ៧ ចូរ​ខំ​ព្យាយាម​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​និង​សេចក្ដី​ចម្រើន​នៅ​ក្នុង​ក្រុង​ដែល​ខ្ញុំ​បាន​និរទេស​អ្នក​រាល់​គ្នា ហើយ​អធិដ្ឋាន​ដល់​ខ្ញុំ​ជា​យេហូវ៉ា​ឲ្យ​ពួក​អ្នក​ក្រុង​នោះ​ផង ព្រោះ​បើ​ក្រុង​នោះ​មាន​សេចក្ដី​សុខ​សាន្ត អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​សុខ​សាន្ត​ដែរ។+ ៨ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ចាញ់​បោក​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ពួក​គ្រូ​ទាយ​ឡើយ+ ហើយ​ក៏​កុំ​ជឿ​ការ​បក​ស្រាយ​សុបិន​របស់​ពួក​គេ​ដែរ។ ៩ ព្រោះ​‹ពួក​គេ​កំពុង​ប្រកាស​ទំនាយ​មិន​ពិត​ក្នុង​នាម​ខ្ញុំ តែ​ខ្ញុំ​មិន​បាន​ចាត់​ពួក​គេ​ទេ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»​›​»។

១០ ​«​ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹លុះ​ចប់​៧០​ឆ្នាំ​ហើយ ខ្ញុំ​នឹង​ចាត់​វិធានការ​ដើម្បី​អ្នក​រាល់​គ្នា+ ហើយ​ខ្ញុំ​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ខ្ញុំ ដោយ​នាំ​អ្នក​រាល់​គ្នា​ត្រឡប់​មក​ទី​នេះ​វិញ›។+

១១ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​នូវ​គំនិត​ដែល​ខ្ញុំ​កំពុង​គិត​ចំពោះ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​សាន្ត មិន​មែន​សេចក្ដី​វេទនា​ទេ+ ហើយ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​និង​អនាគត​ល្អ​ប្រសើរ។+ ១២ ពេល​ដែល​អ្នក​រាល់​គ្នា​ហៅ​រក​ខ្ញុំ​និង​អធិដ្ឋាន​មក​ខ្ញុំ ខ្ញុំ​នឹង​ស្ដាប់​អ្នក​រាល់​គ្នា›។+

១៣ ​«​‹អ្នក​រាល់​គ្នា​នឹង​ខំ​ស្វែង​រក​ខ្ញុំ ហើយ​រក​ខ្ញុំ​ឃើញ​មែន។+ ព្រោះ​អ្នក​រាល់​គ្នា​ស្វែង​រក​ខ្ញុំ​អស់​ពី​ចិត្ត+ ១៤ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ខ្ញុំ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ‹ខ្ញុំ​នឹង​នាំ​យក​អ្នក​រាល់​គ្នា​និង​ជន​រួម​ជាតិ​ដែល​ជាប់​ជា​ឈ្លើយ ចេញ​ពី​ប្រជា​ជាតិ​នា​នា និង​ពី​កន្លែង​ដែល​ខ្ញុំ​បាន​កម្ចាត់​កម្ចាយ​អ្នក​រាល់​គ្នា។+ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ត្រឡប់​មក​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ គឺ​ជា​ទឹក​ដី​ដែល​ខ្ញុំ​បាន​បណ្ដេញ​អ្នក​រាល់​គ្នា›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។+

១៥ ​«​ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ពួក​អ្នក​ប្រកាស​ទំនាយ​ដើម្បី​ណែនាំ​យើង​នៅ​ស្រុក​បាប៊ីឡូន​ហើយ›។

១៦ ​«​នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​ស្ដេច​ដែល​កំពុង​អង្គុយ​លើ​បល្ល័ង្ក​ដាវីឌ+ និង​បណ្ដា​ជន​ទាំង​អស់​ដែល​កំពុង​រស់​នៅ​ក្នុង​ក្រុង​នេះ ព្រម​ទាំង​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា​ដែល​មិន​បាន​ត្រូវ​និរទេស។ ១៧ ប្រសាសន៍​លោក​មាន​ដូច​ត​ទៅ​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​ដោយ​ដាវ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត។+ បន្ថែម​ទៀត ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​ផ្លែ​ល្វា​ស្អុយ​រលួយ* ដែល​មិន​អាច​បរិភោគ​បាន​ឡើយ​»​›។+

១៨ ​«​‹ខ្ញុំ​នឹង​ដេញ​តាម​ប្រហារ​ពួក​គេ​ដោយ​ដាវ+ ហើយ​ពួក​គេ​នឹង​គេច​មិន​ផុត​ពី​ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត​ទេ។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រាជាណាចក្រ​ទាំង​ឡាយ​នៅ​ផែនដី​ភ័យ​រន្ធត់​ដោយ​សារ​តែ​ពួក​គេ។+ នៅ​ស្រុក​ណា​ដែល​ពួក​គេ​ទៅ​រស់​នៅ ពួក​អ្នក​ស្រុក​នោះ​នឹង​មើល​ងាយ សើច​ចំអក ជេរ​ប្រមាថ និង​ប្រទេច​ផ្ដាសា​ពួក​គេ​ជា​និច្ច។+ ១៩ ព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​ពាក្យ​របស់​ខ្ញុំ តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​ពួក​អ្នក​បម្រើ​ខ្ញុំ​ទេ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ‹ខ្ញុំ​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ទាំង​នោះ​ឲ្យ​ទៅ​ឯ​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត›។+

​«​‹ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​ទាល់​តែ​សោះ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

២០ ​«​ហេតុ​នេះ ឱ​បណ្ដា​ជន​ដែល​ខ្ញុំ​បាន​និរទេស​ចេញ​ពី​ក្រុង​យេរូសាឡិម​ឲ្យ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ខ្ញុំ​ជា​យេហូវ៉ា! ២១ ស្ដី​អំពី​អាហាប់​ជា​កូន​កូឡាយ៉ា និង​សេដេគា​ជា​កូន​ម៉ាអាសៀ ដែល​បាន​ប្រកាស​ទំនាយ​មិន​ពិត​ក្នុង​នាម​ខ្ញុំ+ជា​យេហូវ៉ា ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ខ្ញុំ​ប្រាប់​ថា​៖ ‹មើល! ខ្ញុំ​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​គាត់​នឹង​សម្លាប់​ពួក​គេ​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា។ ២២ រួច​មក អ្វី​ដែល​កើត​ឡើង​ចំពោះ​ពួក​គេ បណ្ដា​ជន​យូដា​ដែល​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន នឹង​ប្រើ​ជា​ពាក្យ​សម្រាប់​ដាក់​បណ្ដាសា​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ដល់​អ្នក ដូច​សេដេគា​និង​អាហាប់​ដែល​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ដុត​នៅ​ក្នុង​ភ្លើង!​»។ ២៣ ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​អាម៉ាស់​ក្នុង​ស្រុក​អ៊ីស្រាអែល+ ដោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នឹង​ប្រពន្ធ​អ្នក​ជិត​ខាង​ខ្លួន ព្រម​ទាំង​និយាយ​ពាក្យ​មិន​ពិត​ក្នុង​នាម​ខ្ញុំ ជា​ពាក្យ​ដែល​ខ្ញុំ​មិន​បាន​បង្គាប់​សោះ​ឡើយ។+

​«​‹​«​ខ្ញុំ​ជា​សាក្សី ហើយ​ដឹង​ច្បាស់​អំពី​នេះ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា›​»។

២៤ ​«​ចំណែក​សិមម៉ាយ៉ា+ដែល​មក​ពី នេហេឡាម​វិញ អ្នក​ត្រូវ​ប្រាប់​គាត់​ថា​៖ ២៥ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ប្រសាសន៍​ថា​៖ ​«​ដោយ​សារ​តែ​អ្នក​បាន​ផ្ញើ​សំបុត្រ​ក្នុង​ឈ្មោះ​អ្នក​ផ្ទាល់ ទៅ​កាន់​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម ទៅ​កាន់​សេផានា+ជា​កូន​ម៉ាអាសៀ​ដែល​ជា​សង្ឃ ព្រម​ទាំង​ទៅ​កាន់​ពួក​សង្ឃ​ទាំង​អស់ ដោយ​មាន​សេចក្ដី​ថា​៖ ២៦ ‹ព្រះ​យេហូវ៉ា​បាន​តែង​តាំង​អ្នក​ជា​សង្ឃ ជំនួស​យេហូយ៉ាដា​ជា​សង្ឃ ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​វិហារ​របស់​ព្រះ​យេហូវ៉ា និង​ឲ្យ​ចាប់​មនុស្ស​ឆ្កួត​ណា​ដែល​ប្រព្រឹត្ត​ដូច​ជា​អ្នក​ប្រកាស​ទំនាយ យក​ទៅ​ដាក់​ខ្នោះ​និង​ច្រវាក់+ ២៧ បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ដាក់​ទោស​យេរេមា​ជា​អ្នក​ក្រុង​អាណាថោត+ដែល​កំពុង​ប្រព្រឹត្ត​ដូច​ជា​អ្នក​ប្រកាស​ទំនាយ​ទៅ?+ ២៨ ព្រោះ​គាត់​ហ៊ាន​ផ្ញើ​សំបុត្រ​មក​យើង​នៅ​ស្រុក​បាប៊ីឡូន ដោយ​និយាយ​ថា​៖ ​«​គឺ​នៅ​យូរ​ទៀត! ដូច្នេះ ចូរ​សង់​ផ្ទះ ហើយ​រស់​នៅ​ទី​នោះ​ទៅ ព្រម​ទាំង​ធ្វើ​ចម្ការ និង​បរិភោគ​ផល​ដែរ+. . . ​»​›​»​›​»។

២៩ ពេល​សេផានា+ជា​សង្ឃ​អាន​សំបុត្រ​នេះ នៅ​មុខ​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ ៣០ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ថា​៖ ៣១ ​«​ចូរ​ផ្ញើ​ពាក្យ​នេះ​ទៅ​បណ្ដា​ជន​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ ដោយ​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ស្ដី​អំពី​សិមម៉ាយ៉ា​ដែល​មក​ពី​នេហេឡាម​ថា​៖ ​«​ខ្ញុំ​មិន​បាន​ចាត់​សិមម៉ាយ៉ា​ឲ្យ​ប្រកាស​ទំនាយ​ដល់​អ្នក​រាល់​គ្នា​ទេ តែ​គាត់​បាន​ព្យាយាម​និយាយ​ពាក្យ​កុហក​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ស្លុង​តាម​គាត់។+ ៣២ ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹មើល! ខ្ញុំ​នឹង​ដាក់​ទោស​សិមម៉ាយ៉ា​ដែល​មក​ពី​នេហេឡាម និង​កូន​ចៅ​គាត់។ គ្មាន​កូន​ចៅ​ណា​ម្នាក់​របស់​គាត់ នឹង​រួច​ជីវិត​ក្នុង​ចំណោម​បណ្ដា​ជន​នេះ​ទេ។ គាត់​នឹង​មិន​ឃើញ​អ្វី​ល្អ​ដែល​ខ្ញុំ​នឹង​ធ្វើ​ដើម្បី​រាស្ត្រ​ខ្ញុំ​ឡើយ ព្រោះ​គាត់​បាន​ញុះញង់​បណ្ដា​ជន​ឲ្យ​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ​ជា​យេហូវ៉ា›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»​›​»។

៣០ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​យេរេមា​មាន​ដូច​ត​ទៅ​៖ ២ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​កត់​ទុក​ពាក្យ​ទាំង​អស់​ដែល​ខ្ញុំ​ប្រាប់​អ្នក​ក្នុង​សៀវភៅ។ ៣ ព្រោះ​ខ្ញុំ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! នឹង​មាន​គ្រា​មក​ដល់​ដែល​ខ្ញុំ​នឹង​ប្រមូល​រាស្ត្រ​ខ្ញុំ​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ គឺ​ទាំង​ពួក​អ៊ីស្រាអែល​ទាំង​ពួក​យូដា+ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​ដែល​ខ្ញុំ​បាន​ប្រគល់​ដល់​បុព្វ​បុរស​របស់​ពួក​គេ​ម្ដង​ទៀត​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា›​»។

៤ ពាក្យ​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ៊ីស្រាអែល​និង​ពួក​យូដា មាន​ដូច​ត​ទៅ​៖

 ៥ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​មាន​ឮ​សូរ​សំឡេង​នៃ​ការ​ភ័យ​ខ្លាច

និង​ការ​ភ័យ​តក់​ស្លុត ហើយ​គ្មាន​សេចក្ដី​សុខ​សាន្ត​ទេ។

 ៦ សូម​សួរ​ទៅ​មើល តើ​បុរស​អាច​សម្រាល​កូន​បាន​ទេ?

ចុះ​ហេតុ​អ្វី​ក៏​ខ្ញុំ​ឃើញ​ពួក​បុរស​ខ្លាំង​ក្លា យក​ដៃ​ឱប​ពោះ

ដូច​ជា​ស្ត្រី​ឈឺ​ពោះ​សម្រាល​កូន​ដូច្នេះ?+

ម្ដេច​ក៏​គ្រប់​គ្នា​មាន​មុខ​ស្លេក​ស្លាំង​បែប​នេះ?

 ៧ ព្រោះ​មើល! ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច*+គ្មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ទេ។

នោះ​ជា​គ្រា​ដែល​យ៉ាកុប​មាន​ទុក្ខ​លំបាក។

ប៉ុន្តែ គាត់​នឹង​ត្រូវ​សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​ការ​ទាំង​នោះ​»។

៨ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រកាស​ថា​៖ ​«​នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​បំបាក់​នឹម​ចេញ​ពី ក​គាត់ ហើយ​ផ្ដាច់​ខ្សែ​នឹម​ជា​ពីរ។ គ្មាន​ជន​បរទេស​ណា​ហ៊ាន​ចាប់​គាត់*ធ្វើ​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ។ ៩ រាស្ត្រ​ខ្ញុំ​នឹង​បម្រើ​ខ្ញុំ​ជា​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ពួក​គេ ព្រម​ទាំង​បម្រើ​ដាវីឌ​ជា​ស្ដេច​របស់​ពួក​គេ ជា​អ្នក​ដែល​ខ្ញុំ​នឹង​តាំង​ឡើង​ឲ្យ​គ្រប់​គ្រង​លើ​ពួក​គេ​»។+

១០ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ឯ​អ្នក​វិញ ឱ​យ៉ាកុប​ជា​អ្នក​បម្រើ​ខ្ញុំ​អើយ! កុំ​ភ័យ​ខ្លាច​ឡើយ

ឱ​អ៊ីស្រាអែល​អើយ! កុំ​តក់​ស្លុត​ឲ្យ​សោះ។+

ព្រោះ​ខ្ញុំ​នឹង​សង្គ្រោះ​អ្នក​ពី​កន្លែង​ឆ្ងាយ

ថែម​ទាំង​រំដោះ​កូន​ចៅ​អ្នក​ពី​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ​ទៀត​ផង។+

យ៉ាកុប​នឹង​ត្រឡប់​មក​វិញ ហើយ​រស់​នៅ​ដោយ​ស្ងៀម​ស្ងាត់​គ្មាន​អ្នក​ណា​រំខាន​ឡើយ ហើយ​ក៏​គ្មាន​អ្នក​ណា​មក​បំភ័យ​រាស្ត្រ​ខ្ញុំ​ដែរ​»។+

១១ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​អ្នក ដើម្បី​សង្គ្រោះ​អ្នក។

ប៉ុន្តែ ខ្ញុំ​នឹង​បំផ្លាញ​ប្រជា​ជាតិ​ទាំង​ឡាយ​ដែល​ខ្ញុំ​អនុញ្ញាត​ឲ្យ​ចាប់​អ្នក។+

ចំណែក​អ្នក​វិញ ខ្ញុំ​នឹង​មិន​បំផ្លាញ​ទេ។+

ខ្ញុំ​នឹង​ប្រដៅ​តម្រង់​អ្នក​ដល់​កម្រិត​ត្រឹម​ត្រូវ

ខ្ញុំ​នឹង​មិន​ឲ្យ​អ្នក​រួច​ពី​ទោស​ឡើយ​»។+

១២ ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

​«​របួស​របស់​អ្នក​នឹង​មិន​ជា​ទេ+ ហើយ​ដំបៅ​របស់​អ្នក​ក៏​មិន​ជា​សះ​ដែរ។

១៣ គ្មាន​នរណា​រក​យុត្តិធម៌​ឲ្យ​អ្នក​ទេ

ហើយ​ក៏​គ្មាន​នរណា​រុំ​របួស​ឲ្យ​អ្នក​ដែរ។

គ្មាន​ថ្នាំ​ណា​អាច​ព្យាបាល​អ្នក​បាន​ឡើយ។

១៤ រីឯ​គូ​ស្នេហ៍​របស់​អ្នក​វិញ ពួក​គេ​បាន​ភ្លេច​អ្នក​ហើយ។+

ពួក​គេ​មិន​ទាំង​នឹក​នា​ដល់​អ្នក​ផង។

ព្រោះ​ខ្ញុំ​បាន​វាយ​ប្រហារ​អ្នក ដូច​សត្រូវ​វាយ​ប្រហារ​អ្នក​ដែរ+

ហើយ​ខ្ញុំ​ដាក់​ទោស​អ្នក ដូច​ជន​គ្មាន​មេត្តា​ដាក់​ទោស​អ្នក​ឯ​ទៀត

ដោយ​សារ​តែ​ទោស​កំហុស​ធ្ងន់​ធ្ងរ​និង​អំពើ​ខុស​ឆ្គង​ជា​ច្រើន​របស់​អ្នក។+

១៥ តើ​អ្នក​គួរ​ស្រែក​ថ្ងូរ​នឹង​របួស​ខ្លួន​ឬ?

ការ​ឈឺ​ចាប់​នោះ​នឹង​មិន​ធូរ​ស្រាល​ទេ!

ដោយ​សារ​តែ​ទោស​កំហុស​ធ្ងន់​ធ្ងរ​និង​អំពើ​ខុស​ឆ្គង​ជា​ច្រើន​របស់​អ្នក​ហើយ+

បាន​ជា​ខ្ញុំ​ប្រព្រឹត្ត​បែប​នេះ​ទៅ​លើ​អ្នក។

១៦ ចំណែក​អស់​អ្នក​ដែល​លេប​ត្របាក់​អ្នក អ្នក​ទាំង​នោះ​នឹង​ត្រូវ​គេ​លេប​ត្របាក់​វិញ។+

ពួក​សត្រូវ​របស់​អ្នក​នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។+

ពួក​អ្នក​ដែល​ប្លន់​អ្នក​នឹង​ត្រូវ​គេ​ប្លន់​វិញ

ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​រឹប​អូស​ទ្រព្យ​របស់​អ្នក ត្រូវ​គេ​រឹប​អូស​ទ្រព្យ​វិញ​»។+

១៧ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ប៉ុន្តែ ខ្ញុំ​នឹង​រុំ​របួស​ឲ្យ​អ្នក​ហើយ​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ+

ទោះ​ជា​គេ​មិន​ទទួល​ស្គាល់​អ្នក ហើយ​ហៅ​អ្នក​ថា​៖

‹ស៊ីយ៉ូន​ដែល​គ្មាន​នរណា​សួរ​រក›​»។+

១៨ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​មើល! ខ្ញុំ​នឹង​នាំ​កូន​ចៅ​យ៉ាកុប​ដែល​បាន​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ។+

ខ្ញុំ​នឹង​បង្ហាញ​ចិត្ត​អាណិត​អាសូរ ហើយ​រៀបចំ​លំនៅ​ឲ្យ​ពួក​គេ​ម្ដង​ទៀត។

ក្រុង​របស់​ពួក​គេ នឹង​ត្រូវ​សង់​នៅ​លើ​ភ្នំ​ឡើង​វិញ+

ឯ​វិមាន​ក៏​នឹង​ត្រូវ​សង់​នៅ​កន្លែង​ដើម​ដែរ។

១៩ ពេល​នោះ ពួក​គេ​នឹង​ច្រៀង​ថ្លែង​អំណរ​គុណ ហើយ​ស្រែក​អរ​សប្បាយ។+

ខ្ញុំ​នឹង​បង្កើន​ចំនួន​ពួក​គេ​ឲ្យ​ច្រើន​ឡើង មិន​មែន​ថយ​ចុះ​ឡើយ+

គឺ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចំនួន​ច្រើន​អនេក*​លែង​មាន​ចំនួន​តិច​តួច​ទៀត​ហើយ។+

២០ កូន​ចៅ​ពួក​គេ​នឹង​ចម្រុង​ចម្រើន​ដូច​នៅ​សម័យ​មុន​ដែរ

ហើយ​ពួក​ជំនុំ​របស់​ពួក​គេ​នឹង​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ​នៅ​ចំពោះ​ខ្ញុំ។+

ខ្ញុំ​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​គាប​សង្កត់​ពួក​គេ។+

២១ អ្នក​ដឹក​នាំ​ម្នាក់​នឹង​ចេញ​មក​ពី​ចំណោម​ពួក​គេ

គឺ​អ្នក​គ្រប់​គ្រង​ម្នាក់​នឹង​កើត​ចេញ​ពី​ពួក​គេ។

ខ្ញុំ​នឹង​ឲ្យ​គាត់​ចូល​មក​ជិត​ខ្ញុំ ហើយ​គាត់​នឹង​ចូល​មក​ជិត​ខ្ញុំ​មែន​»។

​«​បើ​មិន​ដូច្នោះ​ទេ តើ​អ្នក​ណា​ហ៊ាន​ចូល​មក​ជិត​ខ្ញុំ​ទៅ?​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

២២ ​«​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​ខ្ញុំ+ ហើយ​ខ្ញុំ​នឹង​ទៅ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​»។+

២៣ មើល! ខ្យល់​ព្យុះ​របស់​ព្រះ​យេហូវ៉ា​នឹង​បោក​បក់​ដោយ​កំហឹង+

ដូច​ជា​ព្យុះ​សង្ឃរា​ដែល​នឹង​បក់​បោក​ទៅ​លើ​ក្បាល​ជន​ទុច្ចរិត។

២៤ កំហឹង​របស់​ព្រះ​យេហូវ៉ា​នឹង​មិន​រសាយ​ទៅ​ឡើយ

រហូត​ដល់​លោក​បំពេញ​តាម​បំណង​ចិត្ត​របស់​លោក។+

នៅ​គ្រា​ចុង​ក្រោយ​បង្អស់ អ្នក​រាល់​គ្នា​នឹង​យល់​អំពី​រឿង​នេះ។+

៣១ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នៅ​គ្រា​នោះ ខ្ញុំ​នឹង​ទៅ​ជា​ព្រះ​របស់​កុល​សម្ព័ន្ធ​ទាំង​អស់​នៃ​អ៊ីស្រាអែល ហើយ​ពួក​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ខ្ញុំ​»។+

 ២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

​«​បណ្ដា​ជន​ដែល​រួច​ជីវិត​ពី​ដាវ បាន​ទទួល​សេចក្ដី​មេត្តា​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ

កាល​ដែល​អ៊ីស្រាអែល​ធ្វើ​ដំណើរ​ទៅ​ទី​សម្រាក​របស់​គាត់​»។

 ៣ ព្រះ​យេហូវ៉ា​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​ពី​ចម្ងាយ រួច​មាន​ប្រសាសន៍​ថា​៖

​«​ខ្ញុំ​ស្រឡាញ់​អ្នក​ជា​រៀង​រហូត

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ទាញ​នាំ​អ្នក​មក​ឯ​ខ្ញុំ​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។*+

 ៤ ខ្ញុំ​នឹង​ស្ថាបនា​អ្នក​ឡើង​វិញ ហើយ​អ្នក​នឹង​ត្រូវ​ស្ថាបនា​មែន។+

ឱ​កូន​ក្រមុំ​បរិសុទ្ធ​នៃ​ស្រុក​អ៊ីស្រាអែល*អើយ! អ្នក​រាល់​គ្នា​នឹង​យក​ស្គរ​ដៃ​មក​វាយ​ម្ដង​ទៀត ហើយ​រាំ​លេង​ដោយ​សប្បាយ។+

 ៥ អ្នក​រាល់​គ្នា​នឹង​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ​នៅ​តំបន់​ភ្នំ​សាម៉ារី​ម្ដង​ទៀត+

អ្នក​ណា​ដែល​ដាំ អ្នក​នោះ​នឹង​បាន​ផ្លែ​បរិភោគ។+

 ៦ ព្រោះ​ពេល​ថ្ងៃ​នោះ​មក​ដល់ ពួក​អ្នក​ចាំ​យាម​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម​នឹង​ស្រែក​ឡើង​ថា​៖

‹ចូរ​យើង​ក្រោក​ឡើង ហើយ​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូន គឺ​ទៅ​ឯ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង›​»។+

 ៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ស្រែក​អបអរ​ដល់​កូន​ចៅ​យ៉ាកុប។

ចូរ​ស្រែក​ដោយ​អំណរ ព្រោះ​អ្នក​រាល់​គ្នា​កំពុង​ដឹក​នាំ​ប្រជា​ជាតិ​នា​នា​ហើយ។+

ចូរ​ប្រកាស​អំពី​នោះ ហើយ​ច្រៀង​សរសើរ​ថា​៖ ‹ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​សង្គ្រោះ​ពួក​អ៊ីស្រាអែល​ជា​រាស្ដ្រ​លោក​ដែល​នៅ​សេស​សល់​ផង›។+

 ៨ ខ្ញុំ​នឹង​នាំ​ពួក​គេ​ពី​ស្រុក​នៃ​ភាគ​ខាង​ជើង ឲ្យ​ត្រឡប់​មក​វិញ។+

ខ្ញុំ​នឹង​ប្រមូល​ពួក​អ្នក​ដែល​ខ្ចាត់​ខ្ចាយ​ទៅ​តំបន់​ឆ្ងាយ​បំផុត​នៃ​ផែនដី​ឲ្យ​មក​ជួប​ជុំ​គ្នា​វិញ។+

ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ងងឹត​ភ្នែក​និង​អ្នក​ពិការ​ជើង+

រួម​ទាំង​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ដែល​សម្រាល​កូន​ដែរ។

ពួក​គេ​នឹង​ត្រឡប់​មក​ទី​នេះ​វិញ​ជា​ក្រុម​ជំនុំ​ដ៏​ធំ។+

 ៩ ពួក​គេ​នឹង​ត្រឡប់​មក​វិញ​ទាំង​ស្រក់​ទឹក​ភ្នែក+

ហើយ​ខ្ញុំ​នឹង​ដឹក​នាំ​ពួក​គេ កាល​ដែល​ពួក​គេ​អង្វរ​សុំ​សេចក្ដី​មេត្តា​ពី​ខ្ញុំ។

ខ្ញុំ​នឹង​នាំ​ពួក​គេ​ទៅ​ឯ​ផ្លូវ​ទឹក+

និង​តាម​ផ្លូវ​រាប​ស្មើ​ដើម្បី​កុំ​ឲ្យ​ពួក​គេ​ជំពប់​ដួល។

ព្រោះ​ខ្ញុំ​ជា​បិតា​ដល់​អ៊ីស្រាអែល ហើយ​អេប្រាអ៊ីម​ជា​កូន​ច្បង​របស់​ខ្ញុំ​»។+

១០ ឱ​ប្រជា​ជាតិ​ទាំង​ឡាយ​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​ព្រះ​យេហូវ៉ា

ហើយ​ចូរ​ប្រកាស​ដល់​បណ្ដា​កោះ​ដែល​នៅ​ឆ្ងាយ​ៗ​ថា​៖+

​«​ព្រះ​ដែល​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ខ្ចាត់​ខ្ចាយ លោក​នឹង​ប្រមូល​ពួក​គេ​ឲ្យ​មក​ជុំ​គ្នា​វិញ។

លោក​នឹង​មើល​ថែ​ពួក​គេ​ដូច​ជា​គង្វាល​មើល​ថែ​ហ្វូង​ចៀម។+

១១ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​លោះ​យ៉ាកុប+

ហើយ​រំដោះ​គាត់​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​បុគ្គល​ដែល​ខ្លាំង​ក្លា​ជាង​គាត់។+

១២ ពួក​គេ​នឹង​មក ហើយ​ស្រែក​អរ​សប្បាយ​នៅ​លើ​កំពូល​ភ្នំ​ស៊ីយ៉ូន+

ពួក​គេ​នឹង​រីករាយ​ចំពោះ​អ្វី​ល្អ​ៗ​ដែល​មក​ពី​ព្រះ​យេហូវ៉ា

គឺ​ផល​ស្រូវ ស្រា​ថ្មី+ និង​ប្រេង​អូលីវ ព្រម​ទាំង​ហ្វូង​ចៀម​និង​ហ្វូង​គោ​ល្អ​ៗ។+

ពួក​គេ​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារ​ដ៏​ស្រស់បំព្រង​ដែល​មាន​ទឹក​ស្រោច​ស្រព+

ហើយ​ពួក​គេ​នឹង​លែង​ខ្សោយ​ទៀត​ហើយ​»។+

១៣ ​«​នៅ​គ្រា​នោះ ពួក​ស្រី​ក្រមុំ​នឹង​ច្រៀង​រាំ​ដោយ​អំណរ

ឯ​ពួក​យុវជន​និង​បុរស​វ័យ​ចាស់​វិញ ពួក​គេ​ក៏​ច្រៀង​រាំ​ដែរ។+

ខ្ញុំ​នឹង​ផ្លាស់​ប្រែ​ការ​កាន់​ទុក្ខ​របស់​ពួក​គេ​ទៅ​ជា​ការ​ត្រេក​អរ​វិញ។+

ខ្ញុំ​នឹង​សម្រាល​ទុក្ខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​រីករាយ​ជា​ជាង​កើត​ទុក្ខ។+

១៤ ខ្ញុំ​នឹង​ឲ្យ​អាហារ​ជា​បរិបូរ​ដល់​ពួក​សង្ឃ

ហើយ​រាស្ត្រ​របស់​ខ្ញុំ​នឹង​ទទួល​សេចក្ដី​ល្អ​ដ៏​លើស​លប់​ពី​ខ្ញុំ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១៥ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

‹មាន​ឮ​សំឡេង​ទួញ​យំ​នៅ​ក្រុង​រ៉ាម៉ា+ ជា​សំឡេង​ទ្រហោ​យំ​យ៉ាង​ខ្លាំង

គឺ​រ៉ាជែល​កំពុង​យំ​កាន់​ទុក្ខ​នឹង​កូន​ៗ​របស់​នាង+

នាង​មិន​ព្រម​ទទួល​ការ​សម្រាល​ទុក្ខ​ពី​អ្នក​ឯ​ទៀត​ឡើយ

ព្រោះ​កូន​ប្រុស​ៗ​នាង​លែង​មាន​ទៀត​ហើយ›​»។+

១៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

​«​‹ចូរ​ឈប់​ទ្រហោ​យំ ហើយ​ឈប់​ស្រក់​ទឹក​ភ្នែក​ទៀត​ទៅ

ព្រោះ​អ្នក​នឹង​ទទួល​រង្វាន់​ចំពោះ​កិច្ច​ការ​របស់​អ្នក›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

‹ពួក​គេ​នឹង​ចេញ​ពី​ស្រុក​របស់​សត្រូវ ហើយ​ត្រឡប់​មក​វិញ›។+

១៧ ‹អ្នក​នឹង​មាន​សេចក្ដី​សង្ឃឹម​នៅ​អនាគត›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

‹កូន​ៗ​របស់​អ្នក​នឹង​ត្រឡប់​មក​ទឹក​ដី​របស់​ពួក​គេ​វិញ›​»។+

១៨ ​«​ខ្ញុំ​បាន​ឮ​សំឡេង​ថ្ងូរ​របស់​អេប្រាអ៊ីម​ប្រាកដ​ណាស់

‹លោក​បាន​កែ​តម្រង់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទទួល​ការ​កែ​តម្រង់

ព្រោះ​ខ្ញុំ​ប្រៀប​ដូច​ជា​កូន​គោ​ដែល​មិន​ទាន់​ថ្នឹក​នឹង​នឹម។

សូម​មេត្តា​នាំ​ខ្ញុំ​មក​វិញ​ផង ហើយ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ភ្លាម

ព្រោះ​លោក​គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​ហើយ។

១៩ ព្រោះ​ក្រោយ​ពី​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​ស្ដាយ​ក្រោយ​ជា​ខ្លាំង+

ក្រោយ​ពី​ខ្ញុំ​យល់​ហើយ ខ្ញុំ​បាន​វាយ​ភ្លៅ​ខ្លួន​ឯង​ដោយ​ក្ដី​ទុក្ខ។

ខ្ញុំ​មាន​សេចក្ដី​ខ្មាស ហើយ​អាម៉ាស់​មុខ​ជា​ខ្លាំង+

ព្រោះ​តែ​កំហុស​ឆ្គង​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​គ្រា​យុវវ័យ›​»។

២០ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​តើ​អេប្រាអ៊ីម​មិន​មែន​ជា​កូន​សំណព្វ​និង​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ទេ​ឬ?+

ទោះ​ជា​ខ្ញុំ​ស្ដី​បន្ទោស​គាត់​ច្រើន​លើក​ច្រើន​សា​ក្ដី ក៏​ខ្ញុំ​នៅ​តែ​ចាំ​អំពី​គាត់​ជា​និច្ច។

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រំជួល​ចិត្ត​ពេល​គិត​ដល់​គាត់+

ហើយ​ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​អាណិត​អាសូរ​ដល់​គាត់​»។+

២១ ​«​ចូរ​ដំឡើង​បង្គោល​សញ្ញា​នៅ​លើ​ផ្លូវ​សម្រាប់​ខ្លួន

ព្រម​ទាំង​ដាក់​តម្រុយ​ផង​ដែរ។+

ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ផ្លូវ​ធំ ជា​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ។+

ឱ​កូន​ក្រមុំ​បរិសុទ្ធ​នៃ​ស្រុក​អ៊ីស្រាអែល*អើយ! ចូរ​ត្រឡប់​មក​វិញ​ចូរ​វិល​មក​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​វិញ​ចុះ។

២២ ឱ​កូន​ស្រី​ដែល​មិន​ស្មោះ​ត្រង់​អើយ! តើ​អ្នក​នៅ​តែ​រេ​រា​ដល់​កាល​ណា​ទៀត?

ព្រោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ៗ​ជា​ថ្មី​នៅ​ផែនដី

គឺ​ស្ត្រី​ម្នាក់​នឹង​ខំ​ស្វែង​រក​បុរស​ម្នាក់​»។

២៣ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ពេល​ខ្ញុំ​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ការ​ធ្វើ​ជា​ឈ្លើយ ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​វិញ ពួក​គេ​នឹង​និយាយ​ពាក្យ​ទាំង​នេះ​ម្ដង​ទៀត​ថា​៖ ‹ឱ​លំនៅ​ដ៏សុចរិត+និង​ភ្នំ​ដ៏​បរិសុទ្ធ​អើយ!+ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​អ្នក›។ ២៤ នៅ​ស្រុក​យូដា​និង​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​នោះ នឹង​មាន​មនុស្ស​ម្នា​រស់​នៅ មាន​ទាំង​ពួក​អ្នក​ចម្ការ ទាំង​ពួក​គង្វាល​ផង​ដែរ។+ ២៥ ព្រោះ​ខ្ញុំ​នឹង​ចម្អែត​ពួក​អ្នក​ដែល​ខ្សោយ ហើយ​ពង្រឹង​កម្លាំង​ពួក​អ្នក​ដែល​ល្វើយ​»។+

២៦ ពេល​នោះ ខ្ញុំ​បាន​ភ្ញាក់ ហើយ​បើក​ភ្នែក​ឡើង ក្រោយ​ពី​បាន​សម្រាន្ត​លក់​ស្កប់​ស្កល់។

២៧ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​អ៊ីស្រាអែល​និង​ពូជ​ពង្ស​យូដា​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង ហើយ​ហ្វូង​សត្វ​របស់​ពួក​គេ​ក៏​នឹង​ចម្រើន​ឡើង​ដែរ​»។+

២៨ ​«​ដូច​ខ្ញុំ​បាន​ស្វែង​រក​ឱកាស​ដើម្បី​ដក​រំលើង កាច់​បំបាក់ រំលំ បំផ្លាញ និង​ធ្វើ​ទុក្ខ​ពួក​គេ+ នោះ​ខ្ញុំ​នឹង​មើល​ថែ​ពួក​គេ​ដោយ​សង់​និង​ដាំ​ពួក​គេ​ឡើង​វិញ​ដែរ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ២៩ ​«​នៅ​គ្រា​នោះ ពួក​គេ​នឹង​មិន​និយាយ​ទៀត​ទេ​ថា​៖ ‹ឪពុក​បរិភោគ​ផ្លែ​ទំពាំង​បាយ​ជូរ​ដែល​មាន​រស​ជាតិ​ជូរ តែ​កូន​ជា​អ្នក​សង្កៀរ​ធ្មេញ›។+ ៣០ ប៉ុន្តែ អ្នក​ណា​ដែល​បរិភោគ​ផ្លែ​ទំពាំង​បាយ​ជូរ​ដែល​មាន​រស​ជាតិ​ជូរ អ្នក​នោះ​ជា​អ្នក​ដែល​សង្កៀរ​ធ្មេញ​វិញ។ ដូច្នេះ គ្រប់​គ្នា​នឹង​ស្លាប់​ដោយ​សារ​តែ​កំហុស​ឆ្គង​របស់​ខ្លួន​»។

៣១ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! នឹង​មាន​គ្រា​មក​ដល់​ដែល​ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ថ្មី ជា​មួយ​នឹង​ពូជ​ពង្ស​យូដា​និង​ពូជ​ពង្ស​អ៊ីស្រាអែល។+ ៣២ កិច្ច​ព្រម​ព្រៀង​នោះ​មិន​ដូច​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​ពួក​គេ នៅ​ថ្ងៃ​ដែល​ខ្ញុំ​បាន​កាន់​ដៃ​ពួក​គេ នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​នោះ​ទេ+ ព្រោះ​‹ពួក​គេ​បាន​ផ្ដាច់​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ខ្ញុំ​ហើយ+ ទោះ​ជា​ខ្ញុំ​ជា​ម្ចាស់​ដ៏​ពិត*របស់​ពួក​គេ​ក៏​ដោយ›។ នេះ​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

៣៣ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ព្រោះ​នេះ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​នឹង​ធ្វើ​ជា​មួយ​នឹង​ពូជ​ពង្ស​អ៊ីស្រាអែល ក្រោយ​ពី​គ្រា​ទាំង​នោះ។ ខ្ញុំ​នឹង​ដាក់​ច្បាប់​របស់​ខ្ញុំ​នៅ​ក្នុង​ជម្រៅ​ចិត្ត​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​ចារឹក​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​លើ​ចិត្ត​ពួក​គេ។+ ខ្ញុំ​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ​»។+

៣៤ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ពួក​គេ​នឹង​ឈប់​បង្រៀន​អ្នក​ជិត​ខាង​ខ្លួន និង​បង​ប្អូន​ខ្លួន​ទៀត​ថា​៖ ‹ចូរ​ស្គាល់​ព្រះ​យេហូវ៉ា!›+ ព្រោះ​ពួក​គេ​នឹង​ស្គាល់​ខ្ញុំ ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត។+ ព្រោះ​ខ្ញុំ​នឹង​អភ័យ​ទោស​ឲ្យ​ពួក​គេ ហើយ​ខ្ញុំ​ក៏​នឹង​លែង​នឹក​ចាំ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ត​ទៅ​ទៀត​ដែរ​»។+

៣៥ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ជា​ព្រះ​ដែល​ឲ្យ​ដួង​អាទិត្យ​មាន​ពន្លឺ​នៅ​ពេល​ថ្ងៃ

និង​ជា​អ្នក​ដាក់​ច្បាប់​ដល់​ដួង​ចន្ទ និង​ឲ្យ​ផ្កាយ​មាន​ពន្លឺ​នៅ​ពេល​យប់

ហើយ​ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​សមុទ្រ​កញ្ជ្រោល​បក់​បោក

លោក​មាន​នាម​ថា​យេហូវ៉ា លោក​មាន​ប្រសាសន៍​ថា​៖+

៣៦ ​«​‹ប្រសិន​បើ​ច្បាប់​ទាំង​នេះ​សាប​សូន្យ នោះ​កូន​ចៅ​អ៊ីស្រាអែល​នឹង​លែង​ជា​ប្រជា​ជាតិ​នៅ​ចំពោះ​ខ្ញុំ​ទៀត​ហើយ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

៣៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​‹ទាល់​តែ​គេ​អាច​វាស់​មេឃ​នៅ​ខាង​លើ ហើយ​រក​គ្រឹះ​នៃ​ផែនដី​នៅ​ខាង​ក្រោម​បាន ទើប​ខ្ញុំ​បោះ​បង់​ចោល​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ឡាយ​ដោយ​សារ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។+

៣៨ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​ក្រុង​នេះ​នឹង​ត្រូវ​សង់​ឡើង​វិញ+ជូន​ព្រះ​យេហូវ៉ា ចាប់​ពី​ប៉ម​ហាណានៀល+ រហូត​ដល់​ទ្វារ​ជ្រុង​កំពែង។+ ៣៩ ខ្សែ​វាស់+នឹង​ត្រូវ​លាត​សន្ធឹង​ទៅ​ដល់​ទួល​ការេប ហើយ​បត់​ទៅ​កូអារ។ ៤០ ឯ​ជ្រលង*ទាំង​អស់​ដែល​មាន​សាក​សព​និង​ផេះ ព្រម​ទាំង​វាល​ស្រែ​ទាំង​ឡាយ​រហូត​ដល់​ជ្រលង​គីដ្រុន+ និង​ជ្រុង​ទ្វារសេះ+ ឆ្ពោះ​ទៅ​ទិស​ខាង​កើត កន្លែង​ទាំង​នោះ​នឹង​ទៅ​ជា​កន្លែង​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា+ ហើយ​នឹង​មិន​ត្រូវ​ដក​រំលើង​ឬ​រំលំ​ចោល​ទៀត​ឡើយ​»។

៣២ នៅ​ឆ្នាំ​ទី​១០​នៃ​រាជ្យ​សេដេគា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា។+ ២ នៅ​គ្រា​នោះ កង​ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ីឡូន កំពុង​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម ហើយ​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ត្រូវ​គេ​ឃុំ​ឃាំង​នៅ​ក្នុង​ទី​ធ្លា​អ្នក​យាម+ ក្នុង​វិមាន​ស្ដេច​ស្រុក​យូដា។ ៣ ព្រោះ​សេដេគា​ជា​ស្ដេច​ស្រុក​យូដា​បាន​ចាប់​គាត់​ឃុំ+ ដោយ​និយាយ​ថា​៖ ​«​ហេតុ​អ្វី​ក៏​អ្នក​ប្រកាស​ទំនាយ​ដូច​នេះ? គឺ​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​គាត់​នឹង​ចាប់​យក​ក្រុង​នេះ​ជា​មិន​ខាន។+ ៤ ឯ​សេដេគា​ស្ដេច​ស្រុក​យូដា​វិញ គាត់​នឹង​គេច​មិន​រួច​ពី​ពួក​ខាល់ដេ​ទេ ព្រោះ​គាត់​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​គាត់​នឹង​ឃើញ​ស្ដេច​នោះ​ដោយ​ផ្ទាល់​ភ្នែក រួច​និយាយ​ទល់​មុខ​គ្នា​»​›។+ ៥ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ស្ដេច​នោះ​នឹង​ចាប់​សេដេគា​យក​ទៅ​ស្រុក​បាប៊ីឡូន ហើយ​សេដេគា​នឹង​នៅ​ទី​នោះ​រហូត​ដល់​ខ្ញុំ​នឹក​គិត​ដល់​គាត់​ម្ដង​ទៀត។ ទោះ​ជា​សេដេគា​ខំ​ច្បាំង​នឹង​ពួក​ខាល់ដេ​ក៏​ដោយ ក៏​មិន​អាច​ឈ្នះ​ពួក​គេ​បាន​ដែរ›​»។+

៦ យេរេមា​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖ ៧ ‹មើល! ហាណាមេល​ជា​កូន​របស់​សាលូម​ជា​ឪពុកមា*អ្នក គាត់​នឹង​មក​ជួប​អ្នក ហើយ​ប្រាប់​អ្នក​ថា​៖ ​«​ចូរ​ទិញ​ដី​ស្រែ​របស់​ខ្ញុំ​ដែល​នៅ​ក្រុង​អាណាថោត​ទៅ+ ព្រោះ​អ្នក​ជា​បុគ្គល​ទី​១​ដែល​មាន​សិទ្ធិ​ទិញ​ដី​នោះ​»​›​»។+

៨ ហាណាមេល​ជា​កូន​ឪពុកមា​ខ្ញុំ​ក៏​បាន​មក​ជួប​ខ្ញុំ ដូច​ប្រសាសន៍​ព្រះ​យេហូវ៉ា​មែន។ គាត់​ចូល​មក​ទី​ធ្លា​អ្នក​យាម ហើយ​ប្រាប់​ខ្ញុំ​ថា​៖ ​«​ចូរ​ទិញ​ដី​ស្រែ​របស់​ខ្ញុំ​ដែល​នៅ​ក្រុង​អាណាថោត​ក្នុង​ទឹក​ដី​បេនយ៉ាមីន​ទៅ ព្រោះ​អ្នក​ជា​បុគ្គល​ទី​១​ដែល​មាន​សិទ្ធិ​ទិញ​ដី​នោះ។ ចូរ​ទិញ​ទុក​សម្រាប់​ខ្លួន​ចុះ​»។ ពេល​នោះ ខ្ញុំ​ក៏​យល់​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​មែន។

៩ ដូច្នេះ ខ្ញុំ​ក៏​ទិញ​ដី​ស្រែ​ដែល​នៅ​ក្រុង​អាណាថោត​ពី​ហាណាមេល​ជា​កូន​ឪពុកមា​ខ្ញុំ។ ខ្ញុំ​ថ្លឹង​ប្រាក់+ឲ្យ​គាត់​ចំនួន​៧​ហ្សេគិល* និង​១០​កាក់​ធ្វើ​ពី​ប្រាក់។ ១០ បន្ទាប់​មក ខ្ញុំ​បាន​ធ្វើ​លិខិត​មួយ+ ហើយ​បិទ​ត្រា រួច​ហៅ​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​សាក្សី+ ហើយ​ខ្ញុំ​ក៏​ថ្លឹង​ប្រាក់​ប្រគល់​ឲ្យ​គាត់។ ១១ រួច​ខ្ញុំ​យក​លិខិត​ទិញ​ដី​ដែល​មាន​បិទ​ត្រា​ស្រប​តាម​ច្បាប់​មាត្រា និង​លិខិត​មួយ​ទៀត​ដែល​គ្មាន​បិទ​ត្រា ១២ ប្រគល់​ឲ្យ​ដល់​បារូក+ជា​កូន​នេរា+ដែល​ជា​កូន​ម៉ាសៀ នៅ​ចំពោះ​មុខ​ហាណាមេល​ជា​កូន​ឪពុកមា​ខ្ញុំ និង​ចំពោះ​មុខ​សាក្សី​ដែល​ចុះ​ហត្ថលេខា​លើ​លិខិត​ទាំង​នោះ ព្រម​ទាំង​ចំពោះ​មុខ​ពួក​យូដា​ទាំង​អស់​ដែល​កំពុង​អង្គុយ​នៅ​ឯ​ទី​ធ្លា​អ្នក​យាម​ផង​ដែរ។+

១៣ ខ្ញុំ​បាន​បង្គាប់​បារូក​នៅ​មុខ​ពួក​គេ​ថា​៖ ១៤ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ពស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ប្រសាសន៍​ថា​៖ ‹ចូរ​យក​លិខិត​ទាំង​នេះ គឺ​ទាំង​លិខិត​ដែល​មាន​បិទ​ត្រា​និង​លិខិត​ដែល​គ្មាន​ត្រា ទៅ​ដាក់​ក្នុង​ភាជនៈ​ដី​ដើម្បី​រក្សា​ទុក​ឲ្យ​បាន​យូរ​អង្វែង›។ ១៥ ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹នៅ​ក្នុង​ស្រុក​នេះ​នឹង​មាន​ការ​ទិញ​ដូរ​ដី​ស្រែ ចម្ការ​ទំពាំង​បាយ​ជូរ និង​ផ្ទះ​សម្បែង​ឡើង​វិញ›​»។+

១៦ ក្រោយ​ពី​ខ្ញុំ​ប្រគល់​លិខិត​ទិញ​ដី​ដល់​បារូក​ជា​កូន​នេរា ខ្ញុំ​ក៏​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ១៧ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! លោក​ហើយ​ដែល​បាន​បង្កើត​មេឃ​និង​ផែនដី ដោយ​ថាមពល​និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​បំផុត+ ហើយ​គ្មាន​អ្វី​ណា​អស្ចារ្យ​ដែល​លោក​ធ្វើ​មិន​បាន​ឡើយ។ ១៨ លោក​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​ដ៏​ពិត ក៏​ឧត្តុង្គ​ឧត្ដម ហើយ​ខ្លាំង​ក្លា​ក្រៃ​លែង។ នាម​លោក​គឺ​យេហូវ៉ា លោក​តែង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដល់​មនុស្ស​ទាំង​ពាន់​ៗ តែ​លោក​ក៏​សង​អំពើ​រំលង​របស់​ឪពុក​ទៅ​កូន​ចៅ​ជំនាន់​ក្រោយ​ៗ​ដែរ។+ ១៩ គោល​បំណង​របស់​លោក​គឺ​ប្រពៃ ហើយ​ការ​ដែល​លោក​ធ្វើ​គឺ​ប្រកប​ដោយ​ឫទ្ធានុភាព។+ លោក​មើល​ឃើញ​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​មនុស្ស+ ហើយ​លោក​សង​ដល់​ពួក​គេ​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​ខ្លួន។+ ២០ លោក​បាន​ធ្វើ​ការ​អស្ចារ្យ​និង​អព្ភូតហេតុ​ផ្សេង​ៗ​នៅ​ស្រុក​អេហ្ស៊ីប ដែល​មនុស្ស​ឮ​សុសសាយ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ យ៉ាង​នោះ នាម​លោក​ល្បី​រន្ទឺ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល និង​ក្នុង​ចំណោម​មនុស្សជាតិ+ ដូចសព្វ​ថ្ងៃ​នេះ។ ២១ លោក​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​លោក​ចេញ​ពី​ស្រុក​អេហ្ស៊ីប ដោយ​សញ្ញា​សម្គាល់ និង​អព្ភូតហេតុ ដោយ​ថាមពល​និង​ឫទ្ធានុភាពដ៏​ខ្លាំង​ក្លា និង​ការ​អស្ចារ្យ​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច។+

២២ ​«​ក្រោយ​មក លោក​បាន​ឲ្យ​ស្រុក​នេះ​ដល់​ពួក​គេ ជា​ស្រុក​ដែល​សម្បូរ​ទឹក​ដោះ​និង​ទឹក​ឃ្មុំ។+ ស្រុក​នេះ​ហើយ​ដែល​លោក​បាន​សន្យា​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ។+ ២៣ ពួក​គេ​បាន​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​នេះ តែ​ពួក​គេ​មិន​បាន​ស្ដាប់​លោក ឬ​កាន់​តាម​ច្បាប់​របស់​លោក​ទេ។ ពួក​គេ​មិន​ធ្វើ​តាម​អ្វី​ដែល​លោក​បង្គាប់​ពួក​គេ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​បណ្ដាល​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា​ជា​ច្រើន។+ ២៤ មើល! ពួក​សត្រូវ​បាន​មក​លើក​ដី​ឡើង​កំពែង​ដើម្បី​ចូល​វាយ​ដណ្ដើម​យក​ក្រុង។+ បណ្ដា​ជន​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ+ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត។+ ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ខាល់ដេ​ដែល​មក​វាយ​ប្រហារ​ពួក​គេ។ ដូច្នេះ អ្វី​ដែល​លោក​មាន​ប្រសាសន៍​បាន​កើត​ឡើង​ពិត​មែន ដូច​លោក​ឃើញ​ស្រាប់​ហើយ។ ២៥ ប៉ុន្តែ ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! ទោះ​ជា​ក្រុង​នេះ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ខាល់ដេ​ក៏​ដោយ លោក​បាន​បង្គាប់​ខ្ញុំ​ថា​៖ ‹ចូរ​ទិញ​ដី​ស្រែ​សម្រាប់​ខ្លួន ហើយ​ហៅ​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​សាក្សី​ផង›​»។

២៦ ក្រោយ​យេរេមា​អធិដ្ឋាន​រួច ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​គាត់​ថា​៖ ២៧ ​«​មើល! ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​មនុស្សជាតិ។ តើ​មាន​អ្វី​ណា​អស្ចារ្យ​ដែល​ខ្ញុំ​ធ្វើ​មិន​បាន​ឬ? ២៨ ម្ល៉ោះ​ហើយ ខ្ញុំ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ‹មើល! ខ្ញុំ​នឹង​ប្រគល់​ក្រុង​នេះ​ឲ្យ​ដល់​ពួក​ខាល់ដេ និង​ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន។ គាត់​នឹង​ចាប់​យក​ក្រុង​នេះ​បាន​ជា​មិន​ខាន។+ ២៩ រួច​ពួក​ខាល់ដេ​ដែល​មក​វាយ​ប្រហារ នឹង​ចូល​មក​ដុត​បំផ្លាញ​ក្រុង​នេះ+ រួម​ទាំង​ផ្ទះ​ទាំង​ប៉ុន្មាន ដែល​បណ្ដា​ជន​បាន​ជូន​គ្រឿង​បូជា​នៅ​លើ​ដំបូល​ដល់​ព្រះ​បាល និង​ច្រួច​ស្រា​ជា​គ្រឿង​បូជា​ដល់​ព្រះ​ឯ​ទៀត​ដើម្បី​បញ្ឈឺ​ចិត្ត​ខ្ញុំ›។+

៣០ ​«​‹ព្រោះ​បណ្ដា​ជន​អ៊ីស្រាអែល​និង​បណ្ដា​ជន​យូដា បាន​ប្រព្រឹត្ត​អ្វី​ដែល​ខ្ញុំ​មិន​ពេញ​ចិត្ត​តាំង​ពី​ពួក​គេ​នៅ​ក្មេង​មក​ម្ល៉េះ។+ បណ្ដា​ជន​អ៊ីស្រាអែល​ចេះ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង ដោយ​ស្នា​ដៃ​របស់​ពួក​គេ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ៣១ ‹តាំង​ពី​ថ្ងៃ​ដែល​ពួក​គេ​បាន​សង់​ក្រុង​នេះ រហូត​មក​ដល់​សព្វ​ថ្ងៃ ពួក​គេ​ចេះ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ជា​និច្ច។+ ហេតុ​នេះ ខ្ញុំ​ត្រូវ​បំផ្លាញ​ក្រុង​នេះ​ឲ្យ​បាត់​ពី​មុខ​ខ្ញុំ+ ៣២ ព្រោះ​តែ​អំពើ​អាក្រក់​គ្រប់​យ៉ាង​ដែល​ពួក​អ៊ីស្រាអែល​និង​ពួក​យូដា​បាន​ធ្វើ ដែល​នាំ​ឲ្យ​ខ្ញុំ​ខឹង​នឹង​ពួក​គេ​ជា​ខ្លាំង គឺ​ទាំង​បណ្ដា​ស្ដេច+ ពួក​អ្នក​គ្រប់​គ្រង+ ពួក​សង្ឃ ពួក​អ្នក​ប្រកាស​ទំនាយ+ បណ្ដា​ជន​យូដា និង​អ្នក​ក្រុង​យេរូសាឡិម។ ៣៣ ពួក​គេ​ចេះ​តែ​បែរ​ខ្នង​ដាក់​ខ្ញុំ ហើយ​មិន​បែរ​មុខ​មក​រក​ខ្ញុំ​ទេ+ ទោះ​ជា​ខ្ញុំ​ព្យាយាម​បង្រៀន​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ដោយ ក៏​ពួក​គេ​មិន​ព្រម​ស្ដាប់ ឬ​ទទួល​ការ​ទូន្មាន​ពី​ខ្ញុំ​ដែរ។+ ៣៤ ពួក​គេ​បាន​យក​រូប​ព្រះ​ផ្សេង​ៗ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម មក​ដាក់​ក្នុង​វិហារ​ដែល​ជា​តំណាង​នាម​ខ្ញុំ ដើម្បី​ធ្វើ​ឲ្យ​ទី​នោះ​ទៅ​ជា​ស្មោក​គ្រោក។+ ៣៥ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​សង់​ទី​ខ្ពស់​ៗ​ជូន​ដល់​ព្រះ​បាល នៅ​ជ្រលង​ហ៊ីណំ*+ ដើម្បី​បូជា​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ​ដល់​ព្រះ​ម៉ូឡេក។+ ខ្ញុំ​មិន​បាន​បង្គាប់​ពួក​គេ​ឲ្យ​ធ្វើ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​បែប​នេះ​ទេ+ ហើយ​ក៏​មិន​ដែល​មាន​នៅ​ក្នុង​គំនិត​ខ្ញុំ​សោះ​ឡើយ។ ពួក​យូដា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ណាស់›។

៣៦ ​«​ម្ល៉ោះ​ហើយ ស្ដី​អំពី​ក្រុង​នេះ​ដែល​អ្នក​និយាយ​ថា​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន និង​ស្ដី​អំពី​បណ្ដា​ជន​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ៣៧ ‹មើល! ខ្ញុំ​នឹង​ប្រមូល​ពួក​គេ​ពី​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​បណ្ដេញ​ពួក​គេ​ទៅ​រស់​នៅ កាល​ដែល​ខ្ញុំ​បាន​ក្រេវ​ក្រោធ ហើយ​ខឹង​ពួក​គេ​ជា​ខ្លាំង។+ រួច​ខ្ញុំ​នឹង​នាំ​ពួក​គេ​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ព្រម​ទាំង​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ​សាន្ត។+ ៣៨ ពួក​គេ​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ។+ ៣៩ ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​តែ​មួយ+ និង​ការ​ប្រព្រឹត្ត​តែ​មួយ ដើម្បី​ឲ្យ​ពួក​គេ​គោរព​កោត​ខ្លាច​ខ្ញុំ​ជា​និច្ច។ យ៉ាង​នេះ ពួក​គេ​និង​កូន​ចៅ​ជំនាន់​ក្រោយ​ៗ​នឹង​មាន​ភាព​ចម្រុង​ចម្រើន។+ ៤០ ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដ៏​ស្ថិត​ស្ថេរ​ជា​មួយ​នឹង​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​ប្រព្រឹត្ត​ល្អ​ចំពោះ​ពួក​គេ​ជា​រៀង​រហូត។+ ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​ចិត្ត​ពួក​គេ ចេះ​គោរព​កោត​ខ្លាច​ដល់​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ពួក​គេ​បែរ​ចេញ​ពី​ខ្ញុំ​ឡើយ។+ ៤១ ខ្ញុំ​នឹង​រីករាយ​ធ្វើ​ល្អ​ចំពោះ​ពួក​គេ+ ហើយ​តាំង​ពួក​គេ​ឲ្យ​រឹង​មាំ​នៅ​ក្នុង​ស្រុក​នេះ+ ដោយ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ខ្ញុំ›​»។

៤២ ​«​ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​បាន​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ធំ​ៗ​មក​លើ​រាស្ត្រ​នេះ​យ៉ាង​ណា នោះ​ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​អ្វី​ល្អ​ៗ​មក​លើ​ពួក​គេ​ដូច​ខ្ញុំ​សន្យា​យ៉ាង​នោះ​ដែរ។+ ៤៣ អ្នក​រាល់​គ្នា​និយាយ​ថា​៖ ​«​ទឹក​ដី​នេះ​បាន​ត្រូវ​ប្រគល់​ដល់​ពួក​ខាល់ដេ​ហើយ ថែម​ទាំង​ក្លាយ​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស​រស់​នៅ​ទេ ហើយ​ក៏​គ្មាន​សត្វ​ព្រៃ​ដែរ​»​ ទោះ​ជា​យ៉ាង​នោះ​ក្ដី ក្នុង​ស្រុក​នេះ​នឹង​មាន​ការ​ទិញ​ដូរ​ដី​ស្រែ​ឡើង​វិញ›។+

៤៤ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹នៅ​ពេល​នោះ គេ​នឹង​ទិញ​ដី​ស្រែ ហើយ​ធ្វើ​លិខិត​ទិញ​ដី ទាំង​មាន​បិទ​ត្រា និង​មាន​សាក្សី​ផង​ដែរ។ នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​ទឹក​ដី​បេនយ៉ាមីន+ តំបន់​ជុំវិញ​ក្រុង​យេរូសាឡិម បណ្ដា​ក្រុង​នៅ​ស្រុក​យូដា+ បណ្ដា​ក្រុង​នៅ​តំបន់​ភ្នំ បណ្ដា​ក្រុង​នៅ​វាល​ទំនាប+ និង​បណ្ដា​ក្រុង​នៅ​ភាគ​ខាង​ត្បូង ព្រោះ​ខ្ញុំ​នឹង​នាំ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ›​»។+

៣៣ កាល​យេរេមា​នៅ​ជាប់​ឃុំ​ឃាំង​ក្នុង​ទី​ធ្លា​អ្នក​យាម​នៅ​ឡើយ+ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​គាត់​ជា​លើក​ទី​២​ថា​៖ ២ ​«​នាម​ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​នេះ​ហើយ​ជា​អ្នក​បង្កើត​ផែនដី។ ខ្ញុំ​យេហូវ៉ា​ជា​អ្នក​ដែល​បាន​តាំង​ផែនដី​ឲ្យ​រឹង​មាំ។ ខ្ញុំ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ៣ ‹ចូរ​ហៅ​រក​ខ្ញុំ នោះ​ខ្ញុំ​នឹង​តប​ឆ្លើយ​មក​អ្នក ហើយ​ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​ការ​ដ៏​អស្ចារ្យ និង​អំពី​ការ​ដែល​គ្មាន​អ្នក​ណា​យល់​ដឹង​ឡើយ›​»។+

៤ ​«​ព្រោះ​នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ស្ដី​អំពី​ផ្ទះ​ទាំង​ប៉ុន្មាន​ក្នុង​ក្រុង​នេះ និង​វិមាន​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា ដែល​បានត្រូវ​ផ្ដួល​រំលំ​ដោយ​សារ​សត្រូវ​បាន​មក​លើក​ដី​ឡើង​កំពែង​ដើម្បី​ចូល​វាយលុក។+ ៥ លោក​ក៏​មាន​ប្រសាសន៍​ស្ដី​អំពី​ពួក​អ្នក​ដែល​កំពុង​មក​ច្បាំង​នឹង​ពួក​ខាល់ដេ ដែល​នាំ​ឲ្យ​កន្លែង​ទាំង​នោះ​ពេញ​ទៅ​ដោយ​សាក​សព​របស់​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ប្រហារ​ដោយ​កំហឹង ជា​មនុស្ស​អាក្រក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​លែង​ទទួល​ស្គាល់​ក្រុង​នេះ។ ប្រសាសន៍​នោះ​មាន​ដូច​ត​ទៅ​៖ ៦ ‹មើល! ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ ហើយ​មាន​សុខភាព​ល្អ​ឡើង​វិញ+ ថែម​ទាំង​ឲ្យ​ពួក​គេ​មាន​សេចក្ដី​ស្មោះ​ត្រង់​និង​សេចក្ដី​សុខ​សាន្ត​ជា​បរិបូរ។+ ៧ ខ្ញុំ​នឹង​នាំ​ពួក​យូដា​និង​ពួក​អ៊ីស្រាអែល​ដែល​បាន​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ+ ហើយ​តាំង​ពួក​គេ​ឲ្យ​រឹង​មាំ​ឡើង​ដូច​នៅ​គ្រា​ពី​មុន។+ ៨ ខ្ញុំ​នឹង​ជម្រះ​ពួក​គេ​ឲ្យ​ស្អាត​បរិសុទ្ធ​ពី​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​អភ័យ​ទោស​ឲ្យ​ពួក​គេ​នូវ​រាល់​ទោស​កំហុស និង​អំពើ​រំលង​ដែល​ពួក​គេ​បាន​ធ្វើ​ទាស់​នឹង​ខ្ញុំ។+ ៩ ក្រុង​នេះ​នឹង​ទៅ​ជា​ហេតុ​ឲ្យ​ខ្ញុំ​បាន​ល្បី​ឈ្មោះ មាន​ចិត្ត​រីករាយ ថែម​ទាំង​ទៅ​ជា​ហេតុ​ឲ្យ​ខ្ញុំ​ទទួល​សេចក្ដី​សរសើរ​និង​កិត្តិយស​ពី​ប្រជា​ជាតិ​ទាំង​ឡាយ​ដែល​បាន​ឮ​អំពី​សេចក្ដី​ល្អ​ដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​រាស្ត្រ​ខ្ញុំ។+ ប្រជា​ជាតិ​នា​នា​នឹង​កោត​ស្ងើច​និង​មាន​ចិត្ត​ខ្លប​ខ្លាច+ ព្រោះ​តែ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ក្រុង​នេះ​មាន​ភាព​ចម្រុង​ចម្រើន និង​សេចក្ដី​សុខ​សាន្ត›​»។+

១០ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ស្ដី​អំពី​ក្រុង​យេរូសាឡិម​និង​ផ្លូវ​ទាំង​ប៉ុន្មាន​ក្នុង​ក្រុង​នេះ រួម​ទាំង​បណ្ដា​ក្រុង​ឯ​ទៀត​ក្នុង​ស្រុក​យូដា​ដែល​អ្នក​និយាយ​ថា ជា​កន្លែង​ដែល​គេ​បោះ​បង់​ចោល​ឲ្យ​នៅ​សូន្យ​ស្ងាត់​គ្មាន​មនុស្ស​ឬ​សត្វ​រស់​នៅ នោះ​នឹង​មាន​ឮសំឡេង​ម្ដង​ទៀត​នៅ​កន្លែង​ទាំង​នោះ ១១ គឺ​សំឡេង​សប្បាយ​រីករាយ និង​សំឡេង​ត្រេក​អរ+របស់​កូន​កំលោះ​កូន​ក្រមុំ និង​សំឡេង​ច្រៀង​សរសើរ​ថា​៖ ​«​ចូរ​ថ្លែង​អំណរ​គុណ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ព្រោះ​ព្រះ​យេហូវ៉ា​លោក​ល្អ+ ហើយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​ដរាប!​»​›។+

​«​‹ពួក​គេ​នឹង​នាំ​គ្រឿង​បូជា​សម្រាប់​ថ្លែង​អំណរ​គុណ​មក​ជូន​ខ្ញុំ​ជា​យេហូវ៉ា​នៅ​ឯ​វិហារ+ ព្រោះ​ខ្ញុំ​នឹង​នាំ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ ហើយ​ធ្វើ​ឲ្យ​មាន​ស្ថានភាព​ដូច​ពី​មុន›។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​»។

១២ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹នៅ​ក្នុង​ស្រុក​នេះ​និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​គេ​បោះ​បង់​ចោល​ឲ្យ​នៅ​សូន្យ​ស្ងាត់ ហើយ​គ្មាន​មនុស្ស​ឬ​សត្វ​រស់​នៅ នោះ​នឹង​មាន​វាល​ស្មៅ​ខៀវ​ខ្ចី​ដើម្បី​ឲ្យ​ពួក​គង្វាល​នាំ​ហ្វូង​សត្វ​ទៅ​សម្រាក​នៅ​ទី​នោះ​ម្ដង​ទៀត›។+

១៣ ​«​‹នៅ​គ្រា​នោះ ក្នុង​បណ្ដា​ក្រុង​នៅ​តំបន់​ភ្នំ បណ្ដា​ក្រុង​នៅ​វាល​ទំនាប បណ្ដា​ក្រុង​នៅ​ភាគ​ខាង​ត្បូង ទឹក​ដី​បេនយ៉ាមីន តំបន់​ជុំវិញ​ក្រុង​យេរូសាឡិម+ និង​បណ្ដា​ក្រុង​នៅ​ស្រុក​យូដា+ គង្វាល​នឹង​ឲ្យ​ហ្វូង​ចៀម​ដើរ​កាត់​ក្រោម​ដៃ​គាត់​ដើម្បី​រាប់​ពួក​វា›។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​»។

១៤ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹មើល! នឹង​មាន​គ្រា​មក​ដល់​ដែល​ខ្ញុំ​នឹង​សម្រេច​តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា​ស្ដី​អំពី​ពូជ​ពង្ស​អ៊ីស្រាអែល​និង​ពូជ​ពង្ស​យូដា។+ ១៥ នៅ​គ្រា​នោះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ពន្លក*មួយ​ដ៏​សុចរិត​ដុះ​ចេញ​ពី​ពូជ​ពង្ស​ដាវីឌ+ ហើយ​គាត់​នឹង​វិនិច្ឆ័យ​ក្ដី​នៅ​ក្នុង​ស្រុក​ដោយ​សុចរិត​យុត្តិធម៌។+ ១៦ នៅ​ពេល​នោះ ពួក​យូដា​នឹង​ទទួល​សេចក្ដី​សង្គ្រោះ+ ហើយ​អ្នក​ក្រុង​យេរូសាឡិម​នឹង​រស់​នៅ​ដោយ​សុខ​សាន្ត។+ គេ​នឹង​ហៅ​ក្រុង​នោះ​ថា​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សុចរិត​របស់​យើង›​»។+

១៧ ​«​ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹នឹង​តែង​តែ​មាន​បុគ្គល​ម្នាក់​ពី​ពូជ​ពង្ស​ដាវីឌ អង្គុយ​លើ​បល្ល័ង្ក​នៃ​អ៊ីស្រាអែល+ ១៨ ហើយ​នឹង​តែង​តែ​មាន​សង្ឃ​ម្នាក់​ពី​ពូជ​ពង្ស​លេវី ឈរ​បម្រើ​នៅ​ចំពោះ​ខ្ញុំ ដើម្បី​ជូន​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ឯ​ទៀត›​»។

១៩ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ម្ដង​ទៀត​ថា​៖ ២០ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹បើ​អ្នក​អាច​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​មាន​ជា​មួយ​ថ្ងៃ​និង​យប់​សាប​សូន្យ​ទៅ គឺ​ធ្វើ​ឲ្យ​លែង​មាន​ថ្ងៃ​និង​យប់​តាម​ពេល​កំណត់​ត​ទៅ​ទៀត+ ២១ នោះ​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​នឹង​លែង​មាន​ទៀត+ ហើយ​គ្មាន​កូន​ណា​ម្នាក់​របស់​គាត់​នឹង​អង្គុយ​លើ​បល្ល័ង្ក​គាត់​ដើម្បី​គ្រប់​គ្រង​ជា​ស្ដេច​ទេ។+ ឯ​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​ពួក​លេវីដែល​ជា​សង្ឃ ក៏​នឹង​លែង​មាន​ទៀត​ដែរ។+ ២២ ដូច​ផ្កាយ​នៅ​លើ​មេឃ*និង​គ្រាប់​ខ្សាច់​នៅ​សមុទ្រ​ដែល​គេ​មិន​អាច​រាប់​បាន​យ៉ាង​ណា នោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​និង​ពួក​លេវី​ដែល​កំពុង​បម្រើ​ខ្ញុំ មាន​ចំនួន​ច្រើន​សន្ធឹក​ដែល​គេ​មិន​អាច​រាប់​បាន​យ៉ាង​នោះ​ដែរ›​»។

២៣ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ម្ដង​ទៀត​ថា​៖ ២៤ ​«​បណ្ដា​ជន​នេះ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​នឹង​លែង​ទទួល​ស្គាល់​ក្រុម​គ្រួសារ​ទាំង​ពីរ​ដែល​លោក​បាន​ជ្រើស​រើស​ហើយ›។ តើ​អ្នក​បាន​ឮ​ពាក្យ​ទាំង​នេះ​ទេ? ពួក​គេ​បាន​ប្រព្រឹត្ត​មក​លើ​រាស្ត្រ​ខ្ញុំ​ដោយ​គ្មាន​ការ​គោរព​ទាល់​តែ​សោះ ថែម​ទាំង​មិន​ចាត់​ទុក​រាស្ត្រ​ខ្ញុំ​ជា​ប្រជា​ជាតិ​ទៀត​ផង។

២៥ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ដូច​ខ្ញុំ​បាន​ដាក់​ច្បាប់​ឲ្យ​មាន​ថ្ងៃ​និង​យប់+ រួម​ទាំង​ច្បាប់​នៅ​លើ​មេឃ​និង​ច្បាប់​នៅ​ផែនដី​ឲ្យ​នៅ​ស្ថិត​ស្ថេរ+ ២៦ នោះ​ខ្ញុំ​នឹង​មិន​បោះ​បង់​ចោល​ពូជ​ពង្ស​យ៉ាកុប​និង​ពូជ​ពង្ស​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​ទេ គឺ​ខ្ញុំ​នឹង​ឲ្យ​ពូជ​ពង្ស​របស់​គាត់​គ្រប់​គ្រង​លើ​កូន​ចៅ​របស់​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប​ជា​និច្ច។ ខ្ញុំ​នឹង​នាំ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ+ ព្រោះ​ខ្ញុំ​មាន​ចិត្ត​អាណិត​អាសូរ​ដល់​ពួក​គេ›​»។+

៣៤ កាល​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន និង​រាជាណាចក្រ​នា​នា​ដែល​នៅ​ក្រោម​ចំណុះ​គាត់ ព្រម​ទាំង​ប្រជា​ជាតិ​ទាំង​ឡាយ កំពុង​ច្បាំង​នឹង​ក្រុង​យេរូសាឡិម​និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ថា​៖+

២ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ជួប​សេដេគា+ស្ដេច​ស្រុក​យូដា ហើយ​ប្រាប់​គាត់​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ‹មើល! ខ្ញុំ​កំពុង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន​ហើយ។ គាត់​នឹង​ដុត​បំផ្លាញ​ក្រុង​នេះ​ចោល។+ ៣ អ្នក​នឹង​គេច​មិន​រួច​ពី​កណ្ដាប់​ដៃស្ដេច​នោះ​ទេ ព្រោះ​គេ​នឹង​ចាប់​អ្នក ហើយ​ប្រគល់​ឲ្យ​ស្ដេច​នោះ​ជា​មិន​ខាន។+ អ្នក​នឹង​ឃើញ​ស្ដេច​នោះ​ដោយ​ផ្ទាល់​ភ្នែក ហើយ​និយាយ​ទល់​មុខ​គ្នា រួច​អ្នក​នឹង​ត្រូវ​នាំ​ទៅ​ស្រុក​បាប៊ីឡូន›។+ ៤ ឱ​សេដេគា​អើយ! ទោះ​ជា​យ៉ាង​នោះ​ក្ដី សូម​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​៖ ‹ស្ដី​អំពី​អ្នក ព្រះ​យេហូវ៉ា​ប្រាប់​ថា​៖ ​«​អ្នក​នឹង​មិន​ស្លាប់​ដោយ​ដាវ​ទេ ៥ តែ​អ្នក​នឹង​ស្លាប់​តាម​សម្រួល​វិញ+ ហើយ​គេ​នឹង​ដុត​គ្រឿង​ក្រអូប​ក្នុង​ពិធី​បុណ្យ​សព​អ្នក ដូច​ដែល​គេ​បាន​ធ្វើ​ឲ្យ​បណ្ដា​ស្ដេច​ដែល​ជា​បុព្វ​បុរស​របស់​អ្នក​ដែរ។ រួច​គេ​នឹង​យំ​កាន់​ទុក្ខ​អ្នក ដោយ​ពោល​ថា​៖ ‹ឱ​លោក​ម្ចាស់​អើយ! គួរ​ឲ្យ​អាណិត​ណាស់› ព្រោះ​‹ខ្ញុំ​បាន​ចេញ​វាចា​ហើយ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»​›​»​›​»។

៦ បន្ទាប់​មក យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​សេដេគា​ស្ដេច​ស្រុក​យូដា​នៅ​ក្រុង​យេរូសាឡិម។ ៧ នៅ​ដំណាល​គ្នា​នោះ កង​ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​កំពុង​វាយ​ប្រហារ​ក្រុង​យេរូសាឡិម និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់+ រួម​មាន​ក្រុង​ឡាគីស+និង​ក្រុង​អាសេកា។+ ព្រោះ​ក្នុង​ទឹក​ដី​យូដា​មាន​តែ​ក្រុង​ទាំង​នេះ​ទេ ដែល​នៅ​សល់​ហើយ​មាន​កំពែង​រឹង​មាំ។

៨ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ម្ដង​ទៀត ក្រោយ​ពី​ស្ដេច​សេដេគា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​បណ្ដា​ជន​ទាំង​ឡាយ​នៅ​ក្រុង​យេរូសាឡិម ដើម្បី​ប្រកាស​អំពី​សេរី​ភាព​ដល់​ពួក​គេ+ ៩ គឺ​ថា​គ្រប់​គ្នា​ត្រូវ​ដោះ​លែង​ខ្ញុំ​បម្រើ​ជា​ជន​ជាតិ​ហេប្រឺ​ទាំង​ប្រុស​ទាំង​ស្រី​ឲ្យ​មាន​សេរី​ភាព។ យ៉ាង​នេះ នឹង​គ្មាន​អ្នក​ណា​រក្សា​ទុក​ជន​រួម​ជាតិ​ខ្លួន​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ទៀត​ឡើយ។ ១០ ដូច្នេះ ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់ និង​បណ្ដា​ជន​ទាំង​ឡាយ​បាន​ធ្វើ​តាម​សេចក្ដី​ប្រកាស​នោះ។ ពួក​គេ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ដោយ​សន្យា​ថា នឹង​ដោះ​លែង​ខ្ញុំ​បម្រើ​ប្រុស​ស្រី​ទាំង​អស់ ហើយ​មិន​ទុក​អ្នក​ណា​ម្នាក់​ឲ្យ​នៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ។ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ស្ដាប់​តាម​បង្គាប់​នោះ ហើយ​ក៏​ដោះ​លែង​ខ្ញុំ​បម្រើ​ទាំង​នោះ​ទៅ។ ១១ ប៉ុន្តែ ក្រោយ​មក​ពួក​គេ​បាន​ទៅ​ចាប់​ខ្ញុំ​បម្រើ​ប្រុស​ស្រី​ដែល​ពួក​គេ​បាន​ដោះ​លែង​នោះ​មក​វិញ ហើយ​បង្ខំ​ពួក​អ្នក​ទាំង​នោះ​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ម្ដង​ទៀត។ ១២ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ម្ដង​ទៀត។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

១៣ ​«​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ដូច​ត​ទៅ​៖ ‹ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា+ នៅ​ថ្ងៃ​ដែលខ្ញុំ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប គឺ​ចេញ​ពី​ភាព​ជា​ខ្ញុំ​បម្រើ។+ ខ្ញុំ​បាន​ប្រាប់​ថា​៖ ១៤ ​«​នៅ​ដំណាច់​ឆ្នាំ​ទី​៧ អ្នក​រាល់​គ្នា​ត្រូវ​ដោះ​លែង​ជន​ជាតិ​ហេប្រឺ​ជា​ជន​រួម​ជាតិ​ខ្លួន​ដែល​អ្នក​រាល់​គ្នា​បាន​ទិញ​យក​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ ព្រោះ​ពួក​គេ​បាន​បម្រើ​អ្នក​រាល់​គ្នា​អស់​៦​ឆ្នាំ​ហើយ​»។+ ប៉ុន្តែ បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​មិន​បាន​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ​ទេ ហើយ​ក៏​មិន​បាន​ធ្វើ​តាម​ខ្ញុំ​ដែរ។ ១៥ ថ្មី​ៗ​នេះ អ្នក​រាល់​គ្នា​បាន​កែ​ខ្លួន ហើយ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​តាម​ទស្សនៈ​ខ្ញុំ​វិញ ដោយ​ប្រកាស​ឲ្យ​ជន​រួម​ជាតិ​ខ្លួន​មាន​សេរី​ភាព រួច​ធ្វើ​កិច្ច​ព្រម​ព្រៀង​នៅ​ចំពោះ​ខ្ញុំ ក្នុង​វិហារ​ដែល​ជា​តំណាង​នាម​ខ្ញុំ។ ១៦ ប៉ុន្តែ ក្រោយ​មក​អ្នក​រាល់​គ្នា​បាន​ដូរ​ចិត្ត ហើយ​ធ្វើ​ឲ្យ​នាម​ខ្ញុំ​អាប់​ឱន​ខ្លាំង​ណាស់+ ព្រោះ​បន្ទាប់​ពី​អ្នក​រាល់​គ្នា​បាន​ដោះ​លែង​ខ្ញុំ​បម្រើ​ប្រុស​ស្រី​ឲ្យ​មាន​សេរី​ភាព​ហើយ អ្នក​រាល់​គ្នា​បាន​ចាប់​ពួក​គេ​មក​វិញ ហើយ​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើម្ដង​ទៀត›។

១៧ ​«​ហេតុ​នេះ ខ្ញុំ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​បង្គាប់​ខ្ញុំ​ស្ដី​អំពី​ការ​ប្រកាស​ឲ្យ​ដោះ​លែង​បង​ប្អូន​និង​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា​ទេ។+ ដូច្នេះ ឥឡូវ​ខ្ញុំ​នឹង​ប្រកាស​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេរី​ភាព​វិញ​ម្ដង គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់​ដោយ​ដាវ ដោយ​ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រាជាណាចក្រ​ទាំង​ឡាយ​នៅ​ផែនដី​ភ័យ​រន្ធត់ ពេល​ដឹង​អំពី​រឿង​នោះ។+ ១៨ នេះ​ជា​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​ប្រុស​ៗ​ដែល​បំពាន​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ គឺ​មិន​ធ្វើ​តាម​ពាក្យ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​ពួក​គេ​បាន​ចុះ​នៅ​មុខ​ខ្ញុំ ពេល​ដែល​ពួក​គេ​កាត់​កូន​គោ​ជា​ពីរ រួច​ដើរ​ឆ្លង​កាត់​ចន្លោះ​រវាង​កំណាត់​ទាំង​ពីរ​នៃ​កូន​គោ​នោះ។+ ១៩ ពួក​អ្នក​ទាំង​នោះ គឺ​ពួក​អ្នក​គ្រប់​គ្រង​ស្រុក​យូដា ពួក​អ្នក​គ្រប់​គ្រង​ក្រុង​យេរូសាឡិម ពួក​មន្ត្រី​ជាន់​ខ្ពស់ ពួក​សង្ឃ ព្រម​ទាំង​បណ្ដា​ជន​ទាំង​អស់​ដែល​ដើរ​ឆ្លង​កាត់​ចន្លោះ​រវាង​កំណាត់​ទាំង​ពីរ​នៃ​កូន​គោ​នោះ​ដែរ។ ២០ ខ្ញុំ​នឹង​ប្រគល់​អ្នក​ទាំង​នោះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ និង​ពួក​អ្នក​ដែល​តាម​រក​ជីវិត​ពួក​គេ។ សាក​សព​របស់​ពួក​គេ​នឹង​ទៅ​ជា​ចំណី​ដល់​សត្វ​ស្លាប​នៅ​លើ​មេឃ និង​សត្វ​សាហាវ​នៅ​លើ​ដី។+ ២១ ខ្ញុំ​នឹង​ប្រគល់​សេដេគា​ស្ដេច​ស្រុក​យូដា​និង​ពួក​អ្នក​គ្រប់​គ្រង​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ និង​ពួក​អ្នក​ដែល​តាម​រក​ជីវិត​ពួក​គេ ព្រម​ទាំង​ទៅ​ក្នុង​កណ្ដាប់​ដៃ​ទ័ព​ស្ដេច​ស្រុក​បាប៊ីឡូន+ ដែល​កំពុង​ដក​ថយ​ចេញ​ពី​អ្នក​រាល់​គ្នា›។+

២២ ​«​‹មើល! ខ្ញុំ​នឹង​បង្គាប់​ពួក​គេ​ឲ្យ​ត្រឡប់​មក​ឡោម​ព័ទ្ធ ហើយ​ច្បាំង​នឹង​ក្រុង​នេះ​ម្ដង​ទៀត។ ពួក​គេ​នឹង​ដណ្ដើម​យក​ក្រុង​នេះ ហើយ​ដុត​បំផ្លាញ​ចោល។+ រីឯ​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា នឹង​ទៅ​ជា​កន្លែង​ស្ងាត់​ជ្រងំ​គ្មាន​មនុស្ស​រស់​នៅ​ទៀត›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

៣៥ នៅ​ក្នុង​រាជ្យ​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស​ស្ដេច​ស្រុក​យូដា ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ថា​៖ ២ ​«​ចូរ​ទៅ​ជួប​កូន​ចៅ​រេកាប+ ហើយ​និយាយ​ជា​មួយ​នឹង​ពួក​គេ។ បន្ទាប់​មក ចូរ​នាំ​ពួក​គេ​មក​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា ហើយ​ចូល​ក្នុង​បន្ទប់​បរិភោគ​អាហារ រួច​ចាក់​ស្រា​ឲ្យ​ពួក​គេ​ពិសា​»។

៣ ដូច្នេះ ខ្ញុំ​ក៏​នាំ​យ៉ាអាសានៀ​ជា​កូន​យេរេមា ត្រូវ​ជា​កូន​ហាបាស៊ីនា ព្រម​ទាំង​កូន​ប្រុស​ៗ​និង​បង​ប្អូន​ប្រុស​របស់​គាត់ និង​ពូជ​ពង្ស​រេកាប​ទាំង​អស់ ៤ មក​ឯ​វិហារ​ព្រះ​យេហូវ៉ា។ រួច​ខ្ញុំ​នាំ​ពួក​គេ​ចូល​ក្នុង​បន្ទប់​បរិភោគ​អាហារ​របស់​កូន​ចៅ​ហាណាន​ជា​កូន​អ៊ីកដាលៀ ដែល​ជា​តំណាង​ព្រះ​ពិត។ បន្ទប់​នោះ​នៅ​ជាប់​បន្ទប់​បរិភោគ​អាហារ​របស់​ពួក​អ្នក​គ្រប់​គ្រង និង​នៅ​លើ​បន្ទប់​បរិភោគ​អាហារ​របស់​ម៉ាអាសៀ​ជា​កូន​សាលូម ដែល​ជា​អ្នក​យាម​ទ្វារ។ ៥ បន្ទាប់​មក ខ្ញុំ​ដាក់​ពែង​និង​ឪទឹន​ស្រា​នៅ​មុខ​កូន​ចៅ​រេកាប ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​សូម​អញ្ជើញ​ពិសា​ស្រា​ចុះ​»។

៦ ប៉ុន្តែ ពួក​គេ​និយាយ​ថា​៖ ​«​យើង​មិន​ពិសា​ស្រា​ទេ ព្រោះ​យេហូណាដាប*+ជា​កូន​រេកាប​ដែល​ជា​បុព្វ​បុរស​របស់​យើង​បាន​បង្គាប់​យើង​ថា​៖ ‹អ្នក​និង​កូន​ចៅ​អ្នក​មិន​ត្រូវ​ពិសា​ស្រា​ជា​ដាច់​ខាត។ ៧ អ្នក​ក៏​មិន​ត្រូវ​សង់​ផ្ទះ ដាំ​ដុះ ឬ​មិន​ត្រូវ​មាន​ចម្ការ​ទំពាំង​បាយ​ជូរ​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​រស់​នៅ​ក្នុង​ត្រសាល​ជា​និច្ច ដើម្បី​អ្នក​អាច​រស់​នៅ​ជា​យូរ​អង្វែង​ក្នុង​ទឹក​ដី​ដែល​អ្នក​កំពុង​ស្នាក់​នៅ​ជា​ជន​បរទេស›។ ៨ ហេតុ​នេះ យើង​តែង​តែ​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​យេហូណាដាប*ជា​កូន​រេកាប​ដែល​ជា​បុព្វ​បុរស​យើង ដោយ​មិន​ពិសា​ស្រា​សោះ គឺ​ទាំង​ខ្លួន​យើង ទាំង​ប្រពន្ធ​កូន​យើង។ ៩ យើង​ក៏​មិន​បាន​សង់​ផ្ទះ​ដើម្បី​រស់​នៅ ឬ​មាន​ស្រែ ឬ​ស្រូវ​ពូជ ឬ​ចម្ការ​ទំពាំង​បាយ​ជូរ​ដែរ។ ១០ យើង​តែង​តែ​រស់​នៅ​ក្នុង​ត្រសាល ហើយ​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​យេហូណាដាប​ដែល​ជា​បុព្វ​បុរស​របស់​យើង។ ១១ ប៉ុន្តែ ពេល​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ឡើង​មក​ច្បាំង​នឹង​ស្រុក​នេះ+ យើង​ក៏​និយាយ​គ្នា​ថា​៖ ‹ចូរ​យើង​នាំ​គ្នា​រត់​ទៅ​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ទៅ ដើម្បី​យើង​អាច​គេច​ពី​ទ័ព​ខាល់ដេ​និង​ទ័ព​ស៊ីរី›។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម​រហូត​មក​ដល់​សព្វ​ថ្ងៃ​»។

១២ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ថា​៖ ១៣ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ប្រាប់​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ថា​៖ ​«​តើ​ខ្ញុំ​មិន​តែង​តែ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ស្ដាប់​បង្គាប់​ខ្ញុំ​ទេ​ឬ?​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ១៤ ​«​មើល! យេហូណាដាប​ជា​កូន​រេកាប​បាន​ហាម​កូន​ចៅ​របស់​គាត់​មិន​ឲ្យ​ពិសា​ស្រា ហើយ​ពួក​គេ​បាន​ធ្វើ​តាម​បង្គាប់​របស់​បុព្វ​បុរស​ពួក​គេ​ដោយ​មិន​ពិសា​ស្រា​សោះ​ឡើយ។+ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​តែង​តែ​និយាយ​មក​កាន់​អ្នក​រាល់​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​បង្គាប់​ខ្ញុំ​ទេ។+ ១៥ ខ្ញុំ​តែង​តែ​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ជា​អ្នក​បម្រើ​ខ្ញុំ​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា+ ហើយ​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹សូម​បែរ​ចេញ​ពី​ផ្លូវ​ទុច្ចរិត ហើយ​ត្រឡប់​មក​រក​ខ្ញុំ​វិញ។ ចូរ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៅ+ តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​វិញ! ចូរ​កុំ​កាន់​តាម​ព្រះ​ដទៃ ឬ​បម្រើ​ព្រះ​ទាំង​នោះ​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រស់​នៅ​ជា​យូរ​អង្វែង​ក្នុង​ស្រុក​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​អ្នក​រាល់​គ្នា›។+ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​បង្គាប់​ខ្ញុំ ឬ​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ​ទេ។ ១៦ ឯ​កូន​ចៅ​យេហូណាដាប​ជា​កូន​រេកាប ពួក​គេ​ចេះ​ធ្វើ​តាម​បង្គាប់​របស់​បុព្វ​បុរស​ខ្លួន+ តែ​បណ្ដា​ជន​នេះ​មិន​ធ្វើ​តាម​បង្គាប់​ខ្ញុំ​ទាល់​តែ​សោះ​»​›​»។

១៧ ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម ជា​សេចក្ដី​វេទនា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ព្រមាន​ពួក​គេ។+ ព្រោះ​ខ្ញុំ​បាន​និយាយ​មក​កាន់​ពួក​គេ តែ​ពួក​គេ​មិន​ស្ដាប់​ខ្ញុំ​ទេ។ ខ្ញុំ​តែង​តែ​ហៅ​ពួក​គេ តែ​ពួក​គេ​មិន​បាន​ឆ្លើយ​ទេ›​»។+

១៨ រួច​យេរេមា​ក៏​និយាយ​ទៅ​កាន់​កូន​ចៅ​រេកាប​ថា​៖ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ដោយ​សារ​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​យេហូណាដាប​ជា​បុព្វ​បុរស​អ្នក​រាល់​គ្នា ហើយ​តែង​តែ​ធ្វើ​តាម​ការ​ណែនាំ​ទាំង​អស់​របស់​គាត់​យ៉ាង​ដិត​ដល់ ១៩ នោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​នឹង​តែង​តែ​មាន​កូន​ចៅ​យេហូណាដាប*ជា​កូន​រេកាប​បម្រើ​នៅ​ចំពោះ​មុខ​ខ្ញុំ​ជា​និច្ច​»​›​»។

៣៦ នៅ​ឆ្នាំ​ទី​៤​នៃ​រាជ្យ​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស​ស្ដេច​ស្រុក​យូដា ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ថា​៖ ២ ​«​ចូរ​យក​រមូរ​មួយ​មក ហើយ​សរសេរ​ពាក្យ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក ចាប់​ពី​ថ្ងៃ​ដែល​ខ្ញុំ​បាន​និយាយ​មក​កាន់​អ្នក​នៅ​ក្នុង​គ្រា​យ៉ូសៀស រហូត​មក​ដល់​ថ្ងៃ​នេះ+ គឺ​ជា​ពាក្យ​ទាស់​នឹង​ពួក​អ៊ីស្រាអែល ពួក​យូដា+ និង​ប្រជា​ជាតិ​នា​នា។+ ៣ ពេល​ពូជ​ពង្ស​យូដា​ឮ​អំពី​សេចក្ដី​វេទនា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​មាន​បំណង​ធ្វើ​មក​លើ​ពួក​គេ ពួក​គេ​ប្រហែល​ជា​បែរ​ចេញ​ពី​ផ្លូវ​ទុច្ចរិត​របស់​ខ្លួន។ បើ​ពួក​គេ​ធ្វើ​ដូច្នេះ ខ្ញុំ​នឹង​អភ័យ​ទោស​ចំពោះ​ទោស​កំហុស​និង​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​»។+

៤ ដូច្នេះ យេរេមា​បាន​ហៅ​បារូក+ជា​កូន​នេរា​មក ហើយ​ប្រាប់​គាត់​នូវ​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​បារូក​កត់​ទុក​ពាក្យ​ទាំង​នោះ​ក្នុង​រមូរ។+ ៥ រួច​មក យេរេមា​បាន​ប្រាប់​បារូក​ថា​៖ ​«​ខ្ញុំ​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​វិហារ​របស់​ព្រះ​យេហូវ៉ា​ទេ។ ៦ ដូច្នេះ អ្នក​ត្រូវ​យក​រមូរ​ដែល​អ្នក​បាន​កត់​តាម​បង្គាប់​ខ្ញុំ ហើយ​ចូល​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​តម​អាហារ រួច​អាន​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ឮ​ៗ​នៅ​មុខ​បណ្ដា​ជន​ដែល​មូល​គ្នា​មក​ពី​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។ យ៉ាង​នេះ អ្នក​អាច​អាន​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​ស្ដាប់។ ៧ ក្រោយ​ស្ដាប់​រួច ប្រហែល​ជា​ពួក​គេ​នឹង​អធិដ្ឋាន​អង្វរ​សុំ​ក្ដី​មេត្តា​ពី​ព្រះ​យេហូវ៉ា ហើយ​បែរ​ចេញ​ពី​ផ្លូវ​ទុច្ចរិត​របស់​ខ្លួន។ ព្រោះ​ព្រះ​យេហូវ៉ា​មាន​កំហឹង​ជា​ខ្លាំង​ទាស់​នឹង​ពួក​គេ​»។

៨ ដូច្នេះ បារូក​ជា​កូន​នេរា​ក៏​បាន​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​យេរេមា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ គឺ​គាត់​បាន​អាន​ឮ​ៗ​នូវ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ពី​រមូរ*នៅ​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា។+

៩ នៅ​ឆ្នាំ​ទី​៥ ក្នុង​ខែ​ទី​៩​នៃ​រាជ្យ​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស​ស្ដេច​ស្រុក​យូដា អ្នក​ក្រុង​យេរូសាឡិម​ទាំង​អស់ និង​បណ្ដា​ជន​ទាំង​ឡាយ​ដែល​រស់​នៅ​ក្នុង​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា បាន​មូល​គ្នា​មក​ឯ​ក្រុង​យេរូសាឡិម ហើយ​ប្រកាស​ឲ្យ​មាន​ការ​តម​អាហារ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ១០ ពេល​នោះ បារូក​បាន​អាន​ឮ​ៗ​នូវ​ពាក្យ​របស់​យេរេមា​ពី​រមូរ ឲ្យ​បណ្ដា​ជន​ស្ដាប់​នៅ​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា គឺ​នៅ​ក្នុង​បន្ទប់​របស់​កេម៉ារៀ+ជា​កូន​សាផាន+ដែល​ជា​អ្នក​ចម្លង​ច្បាប់ ត្រង់​ទី​ធ្លា​ខាង​លើ​ក្បែរ​ខ្លោង​ទ្វារ​ថ្មី​ក្នុង​វិហារ​ព្រះ​យេហូវ៉ា។+

១១ ក្រោយ​មីកាយ៉ា​ជា​កូន​កេម៉ារៀ ត្រូវ​ជា​កូន​សាផាន បាន​ឮ​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​ក្នុង​រមូរ​នោះ​រួច ១២ គាត់​ក៏​ចុះ​ទៅ​វិមាន​ស្ដេច ហើយ​ចូល​ក្នុង​បន្ទប់​របស់​លេខាធិការ។ ពេល​នោះ ពួក​អ្នក​គ្រប់​គ្រង*កំពុង​អង្គុយ​នៅ​ទី​នោះ គឺ​អេលីសាម៉ា+ជា​លេខាធិការ ដេឡេយ៉ា​ជា​កូន​សិមម៉ាយ៉ា អេលណាថាន+ជា​កូន​អាកបូរ+ កេម៉ារៀ​ជា​កូន​សាផាន សេដេគា​ជា​កូន​ហាណានា និង​ពួក​អ្នក​គ្រប់​គ្រង​ឯ​ទៀត។ ១៣ មីកាយ៉ា​បាន​ប្រាប់​ពួក​គេ​គ្រប់​សេចក្ដី​ដែល​គាត់​បាន​ឮ នៅ​ពេល​ដែល​បារូក​អាន​ពី​រមូរ​នៅ​មុខ​បណ្ដា​ជន។

១៤ បន្ទាប់​មក ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់​បាន​ចាត់​យេហ៊ូដាយ​ជា​កូន​នេថានៀ ដែល​ជា​កូន​សេលេមៀ ត្រូវ​ជា​កូន​គូសាយ ឲ្យ​ទៅ​ជួប​បារូក ហើយ​និយាយ​ថា​៖ ​«​ចូរ​មក​ឯ​យើង ទាំង​នាំ​យក​រមូរ​ដែល​អ្នក​បាន​អាន​នៅ​មុខ​បណ្ដា​ជន​មក​ជា​មួយ​ផង​»។ ដូច្នេះ បារូក​ជា​កូន​នេរា​ក៏​បាន​ទៅ​ជួប​ពួក​អ្នក​គ្រប់​គ្រង​ទាំង​កាន់​រមូរ​ទៅ​ជា​មួយ​ដែរ។ ១៥ រួច​ពួក​គេ​ប្រាប់​បារូក​ថា​៖ ​«​សូម​អញ្ជើញ​អង្គុយ ហើយ​អាន​ពាក្យ​ដែល​មាន​ក្នុង​រមូរ​ឲ្យ​យើង​ស្ដាប់​»។ បារូក​ក៏​អាន​ឲ្យ​ពួក​គេ​ស្ដាប់។

១៦ ក្រោយ​ពី​ពួក​គេ​ស្ដាប់​រួច ភ្លាម​នោះ​ពួក​គេ​មើល​មុខ​គ្នា​ដោយ​ភ័យ​តក់​ស្លុត ហើយ​និយាយ​ទៅ​បារូក​ថា​៖ ​«​យើង​ត្រូវ​តែ​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ជម្រាប​ស្ដេច​»។ ១៧ រួច​ពួក​គេ​សួរ​បារូក​ថា​៖ ​«​សូម​ប្រាប់​យើង ម្ដេច​ក៏​អ្នក​សរសេរ​ពាក្យ​ទាំង​នេះ​បាន? តើ​យេរេមា​បាន​ប្រាប់​អ្នក​ឲ្យ​សរសេរ​ឬ?​»។ ១៨ បារូក​ក៏​ឆ្លើយ​ថា​៖ ​«​យេរេមា​បាន​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យក​ទឹក​ខ្មៅ​មក​សរសេរ​ទុក​ក្នុង​រមូរ​នេះ​»។ ១៩ ដូច្នេះ ពួក​អ្នក​គ្រប់​គ្រង​ប្រាប់​បារូក​ថា​៖ ​«​ចូរ​អ្នក​និង​យេរេមា​ទៅ​រក​កន្លែង​លាក់​ខ្លួន​ទៅ ហើយ​កុំ​ឲ្យ​អ្នក​ណា​ដឹង​ថា​អ្នក​នៅ​ឯ​ណា​ឡើយ​»។+

២០ បន្ទាប់​មក ពួក​អ្នក​គ្រប់​គ្រង​យក​រមូរ​នោះ​ទៅ​ទុក​ក្នុង​បន្ទប់​របស់​អេលីសាម៉ា​ជា​លេខាធិការ រួច​ចូល​ទៅ​ជួប​ស្ដេច​នៅ​ឯ​ទី​ធ្លា​វិមាន ហើយ​ជម្រាប​ស្ដេច​នូវ​ពាក្យ​ទាំង​អស់​ដែល​ពួក​គេ​បាន​ឮ។

២១ ដូច្នេះ ស្ដេច​បាន​ចាត់​យេហ៊ូដាយ+ឲ្យ​ទៅ​យក​រមូរ​ពី​បន្ទប់​របស់​អេលីសាម៉ា​ជា​លេខាធិការ។ រួច​យេហ៊ូដាយ​ក៏​យក​រមូរ​នោះ​មក​អាន​ជូន​ស្ដេច ព្រម​ទាំង​ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់​ដែល​ឈរ​នៅ​ក្បែរ​នោះ។ ២២ ខណៈ​នោះ ស្ដេច​កំពុង​អង្គុយ​នៅ​ក្នុង​វិមាន​សម្រាប់​រដូវ​រងា ទាំង​មាន​ចង្ក្រាន​ភ្លើង​កម្ដៅ​ខ្លួន ព្រោះ​ពេល​នោះ​ជា​ខែ​ទី​៩។* ២៣ ក្រោយ​ពី​យេហ៊ូដាយ​អាន​ពាក្យ​ក្នុង​រមូរ​បាន​បី​បួន​ផ្នែក ស្ដេច​ក៏​យក​កាំបិត​របស់​លេខាធិការ​មក​កាត់​ផ្នែក​នោះ រួច​បោះ​ទៅ​ក្នុង​ភ្លើង​ចង្ក្រាន រហូត​ដល់​រមូរ​ទាំង​មូល​បាន​ឆេះ​អស់។ ២៤ ស្ដេច​និង​ពួក​អ្នក​បម្រើ​ទាំង​អស់​របស់​គាត់​មិន​បាន​ភ័យ​តក់​ស្លុត​កាល​ដែល​ឮ​ពាក្យ​ក្នុង​រមូរ​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ហែក​អាវ​ខ្លួន​ដែរ។ ២៥ ពេល​នោះ អេលណាថាន+ ដេឡេយ៉ា+ និង​កេម៉ារៀ+ បាន​អង្វរ​ស្ដេច​មិន​ឲ្យ​ដុត​រមូរ​នោះ តែ​ស្ដេច​មិន​ព្រម​ស្ដាប់​ពួក​គេ​ទេ។ ២៦ បន្ថែម​ទៅ​ទៀត ស្ដេច​បាន​បញ្ជា​យេរ៉ាមេល​ជា​កូន​ស្ដេច សេរ៉ាយ៉ា​ជា​កូន​អាសរាល និង​សេលេមៀ​ជា​កូន​អាប់ដៀល ឲ្យ​ទៅ​ចាប់​ខ្លួន​បារូក​ជា​លេខាធិការ​និង​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​លាក់​ពួក​គាត់​មិន​ឲ្យ​គេ​រក​ឃើញ​ឡើយ។+

២៧ ក្រោយ​ពី​ស្ដេច​បាន​ដុត​រមូរ​ដែល​យេរេមា​បាន​ប្រាប់​បារូក​ឲ្យ​កត់​ទុក​នោះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ម្ដង​ទៀត​ថា​៖+ ២៨ ​«​ចូរ​យក​រមូរ​មួយ​ទៀត​មក ហើយ​សរសេរ​ពាក្យ​ទាំង​ប៉ុន្មាន ឲ្យ​ដូច​ពាក្យ​ក្នុង​រមូរ​មុន​ដែល​យេហូយ៉ាគីម​ស្ដេច​ស្រុក​យូដា​បាន​ដុត​ចោល។+ ២៩ រួច​អ្នក​ត្រូវ​និយាយ​ទាស់​នឹង​យេហូយ៉ាគីម​ស្ដេច​ស្រុក​យូដា​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ​«​អ្នក​បាន​ដុត​រមូរ​នោះ​ចោល ហើយ​សួរ​ថា​៖ ‹ម្ដេច​ក៏​សរសេរ​ថា​៖ ​«​ស្ដេច​ស្រុក​បាប៊ីឡូន​នឹង​មក​បំផ្លាញ​ស្រុក​នេះ ហើយ​ធ្វើ​ឲ្យ​លែង​មាន​មនុស្ស​និង​សត្វ​រស់​នៅ​ទៀត​»​ដូច្នេះ?›។+ ៣០ ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទាស់​នឹង​យេហូយ៉ាគីម​ស្ដេច​ស្រុក​យូដា​ថា​៖ ‹នឹង​គ្មាន​កូន​ចៅ​គាត់​ណា​ម្នាក់​អង្គុយ​លើ​បល្ល័ង្ក​ដាវីឌ​ទេ+ ហើយ​សព​របស់​គាត់​នឹង​ត្រូវ​ទុក​ចោល​ហាល​ក្ដៅ​នៅ​ពេល​ថ្ងៃ​និង​ហាល​ត្រជាក់​នៅ​ពេល​យប់។+ ៣១ ខ្ញុំ​នឹង​ដាក់​ទោស​គាត់​និង​កូន​ចៅ​គាត់ ព្រម​ទាំង​ពួក​អ្នក​បម្រើ​ទាំង​អស់​របស់​គាត់​ចំពោះ​កំហុស​ឆ្គង​របស់​ពួក​គេ។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ និង​អ្នក​ក្រុង​យេរូសាឡិម ព្រម​ទាំង​ពួក​យូដា​ទាំង​អស់ ជួប​ប្រទះ​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង ជា​សេចក្ដី​វេទនា​ដែល​ខ្ញុំ​បាន​ព្រមាន​ពួក​គេ​រួច​ហើយ+ តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​ឡើយ›​»​›​»។+

៣២ ដូច្នេះ យេរេមា​បាន​យក​រមូរ​មួយ​ទៀត ហើយ​ឲ្យ​បារូក​ជា​កូន​នេរា​ដែល​ជា​លេខាធិការ+ កត់​ទុក​តាម​ពាក្យ​របស់​គាត់ ដូច​ពាក្យ​ក្នុង​រមូរ​មុន​ដែល​យេហូយ៉ាគីម​ស្ដេច​ស្រុក​យូដា​បាន​ដុត​ចោល។+ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រមូរ​នេះ​ក៏​មាន​សេចក្ដី​បន្ថែម​ទៀត​ដែរ។

៣៧ សេដេគា+ជា​កូន​យ៉ូសៀស​បាន​គ្រង​រាជ្យ​ជំនួស​កូនៀ*+ជា​កូន​យេហូយ៉ាគីម ព្រោះ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​តែង​តាំង​គាត់​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​យូដា។+ ២ ប៉ុន្តែ​គ្រា​នោះ ស្ដេច​សេដេគា ពួក​អ្នក​បម្រើ​គាត់ និង​បណ្ដា​ជន​ក្នុង​ស្រុក​យូដា មិន​បាន​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា តាម​រយៈ​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ទេ។

៣ ស្ដេច​សេដេគា​បាន​ចាត់​យេហ៊ូកាល+ជា​កូន​សេលេមៀ និង​សេផានា+ជា​កូន​ម៉ាអាសៀ​ដែល​ជា​សង្ឃ ឲ្យ​ទៅ​ជួប​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​និយាយ​ថា​៖ ​«​សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ឲ្យ​យើង​ខ្ញុំ​ផង​»។ ៤ ពេល​នោះ យេរេមា​អាច​ទៅ​មក​ដោយ​សេរី ព្រោះ​គេ​មិន​ទាន់​ចាប់​គាត់​ដាក់​គុក​ទេ។+ ៥ គ្រា​នោះ កាល​ពួក​ខាល់ដេ​កំពុង​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម ទ័ព​ផារ៉ូ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក។+ ពេល​ពួក​ខាល់ដេ​ឮ​ដំណឹង​នោះ ពួក​គេ​ក៏​ដក​ថយ​ចេញ​ពី​ក្រុង​យេរូសាឡិម​ទៅ។+ ៦ បន្ទាប់​មក ព្រះ​យេហូវ៉ា​ក៏​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ៧ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ‹យេរេមា​អើយ! ចូរ​ទៅ​ជួប​ស្ដេច​ស្រុក​យូដា ដែល​បាន​អង្វរ​អ្នក​ឲ្យ​អធិដ្ឋាន​សុំ​ការ​ណែនាំ​ពី​ខ្ញុំ ហើយ​ប្រាប់​គាត់​ថា​៖ ​«​មើល! ទ័ព​ផារ៉ូ​ដែល​កំពុង​ធ្វើ​ដំណើរ​មក​ជួយ​អ្នក នឹង​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​ជា​ស្រុក​កំណើត​របស់​ពួក​គេ​វិញ។+ ៨ រួច​ពួក​ខាល់ដេ​នឹង​ត្រឡប់​មក​ច្បាំង​នឹង​ក្រុង​នេះ​ម្ដង​ទៀត ហើយ​ពួក​គេ​នឹង​ដណ្ដើម​យក​បាន រួច​ដុត​ក្រុង​នេះ​ចោល​»។+ ៩ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​កុំ​បញ្ឆោត​ខ្លួន​ដោយ​និយាយ​ថា​៖ ‹ពួក​ខាល់ដេ​នឹង​ដក​ថយ​ចេញ​ពី​យើង​ជា​មិន​ខាន›។ ពួក​គេ​នឹង​មិន​ដក​ថយ​ឡើយ។ ១០ ទោះ​ជា​អ្នក​វាយ​ប្រហារ​ទ័ព​ខាល់ដេ​ដែល​មក​ច្បាំង​នឹង​អ្នក ហើយ​នៅ​សល់​តែ​ទាហាន​រង​របួស​ក៏​ដោយ ក៏​ពួក​គេ​នឹង​ក្រោក​ឡើង​ពី​ត្រសាល​ខ្លួន​មក​ដុត​បំផ្លាញ​ក្រុង​នេះ​ចោល​ដែរ​»​›​»។+

១១ ក្រោយ​ពី​ទ័ព​ខាល់ដេ​ចេញ​ពី​ក្រុង​យេរូសាឡិម ដោយ​សារ​តែ​ទ័ព​ផារ៉ូ+ ១២ យេរេមា​ក៏​ចេញ​ដំណើរ​ពី​ក្រុង​យេរូសាឡិម ឆ្ពោះ​ទៅ​ទឹក​ដី​បេនយ៉ាមីន+ ដើម្បី​ទទួល​ចំណែក​មត៌ក​របស់​គាត់​ក្នុង​ចំណោម​ជន​រួម​ជាតិ​ខ្លួន។ ១៣ ប៉ុន្តែ ពេល​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ទៅ​ដល់​ខ្លោង​ទ្វារបេនយ៉ាមីន នោះ​អាយរីយ៉ា​ជា​កូន​សេលេមៀ ត្រូវ​ជា​កូន​ហាណានា ដែល​ជា​មេ​ពួក​អ្នក​យាម​បាន​ចាប់​យេរេមា ហើយ​ចោទ​គាត់​ថា​៖ ​«​អ្នក​ឯង​កំពុង​ទៅ​ចូល​ខាង​ពួក​ខាល់ដេ​ហើយ!​»។ ១៤ យេរេមា​ប្រកែក​ថា​៖ ​«​មិន​មែន​ទេ! ខ្ញុំ​មិន​ទៅ​ចូល​ខាង​ពួក​ខាល់ដេ​ទេ!​»។ ប៉ុន្តែ អាយរីយ៉ា​មិន​ព្រម​ស្ដាប់​គាត់​ទេ។ ដូច្នេះ អាយរីយ៉ា​បាន​ចាប់​យេរេមា ហើយ​នាំ​គាត់​ទៅ​ឯ​ពួក​អ្នក​គ្រប់​គ្រង។ ១៥ ពួក​អ្នក​គ្រប់​គ្រង​បាន​ខឹង​នឹង​យេរេមា​ជា​ខ្លាំង+ ហើយ​ក៏​វាយ​គាត់ រួច​ឃុំ​គាត់​ទុក+នៅ​ក្នុង​ផ្ទះ​របស់​យេហូណាថាន​ជា​លេខាធិការ ព្រោះ​គេ​បាន​យក​ផ្ទះ​នោះ​ធ្វើ​ជា​កន្លែង​ឃុំ​ឃាំង។ ១៦ គេ​បាន​ដាក់​យេរេមា​ក្នុង​គុក​ងងឹត​នៅ​ក្រោម​ដី​អស់​ជា​ច្រើន​ថ្ងៃ។

១៧ បន្ទាប់​មក ស្ដេច​សេដេគា​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​យេរេមា​មក​ឯ​វិមាន​គាត់ ហើយ​សួរ​យេរេមា​ដោយ​សម្ងាត់+ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អ្វី​ទេ?​»។ យេរេមា​ឆ្លើយ​ថា​៖ ​«​មាន!​»។ យេរេមា​បន្ត​ថា​៖ ​«​ស្ដេច​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន!​»។+

១៨ យេរេមា​បាន​និយាយ​បន្ថែម​ទៀត​ទៅ​សេដេគា​ថា​៖ ​«​តើ​ខ្ញុំ​បាន​ធ្វើ​ខុស​អ្វី​នឹង​លោក ឬ​ពួក​អ្នក​បម្រើ​និង​រាស្ត្រ​របស់​លោក បាន​ជា​លោក​ចាប់​ខ្ញុំ​ដាក់​គុក​ដូច្នេះ? ១៩ ចុះ​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ប្រកាស​ប្រាប់​លោក​ថា​៖ ‹ស្ដេច​ស្រុក​បាប៊ីឡូន​នឹង​មិន​មក​ច្បាំង​នឹង​លោក​ឬ​ស្រុក​នេះ​ទេ› តើ​ពួក​គេ​នៅ​ឯ​ណា?+ ២០ ឱ​ស្ដេច​ជា​ម្ចាស់​អើយ! សូម​មេត្តា​ស្ដាប់​ខ្ញុំ។ សូម​លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ខ្ញុំ​ផង។ សូម​កុំ​ឲ្យ​គេ​នាំ​ខ្ញុំ​ទៅ​ឃុំ​នៅ​ផ្ទះ​របស់​យេហូណាថាន+ជា​លេខាធិការ​ទៀត​ឡើយ ព្រោះ​ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នោះ​ជា​មិន​ខាន​»។+ ២១ ដូច្នេះ ស្ដេច​សេដេគា​បាន​បញ្ជា​គេ​ឲ្យ​នាំ​យេរេមា​ទៅ​ឃុំ​នៅ​ទី​ធ្លា​អ្នក​យាម​វិញ+ ហើយ​ឲ្យ​គាត់​នំ​ប៉័ង​មួយ​ដុំ​ជា​រៀង​រាល់​ថ្ងៃ ពី​ផ្លូវ​ពួក​អ្នក​ដុត​នំ+ រហូត​ដល់​អស់​នំ​ប៉័ង​ពី​ក្រុង។+ យេរេមា​ក៏​ជាប់​ឃុំ​នៅ​ក្នុង​ទី​ធ្លា​អ្នក​យាម​នោះ​ទៅ។

៣៨ រីឯ​សេផាធា​ជា​កូន​ម៉ាថាន កេដាលៀ​ជា​កូន​ផាសហឺ យូកាល+ជា​កូន​សេលេមៀ និង​ផាសហឺ+ជា​កូន​ម៉ាលខាយយ៉ា ពួក​គេ​ក៏​បាន​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យេរេមា​និយាយ​ទៅ​កាន់​បណ្ដា​ជន​ទាំង​អស់​ដែរ​ថា​៖ ២ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​ណា​ដែល​នៅ​ក្នុង​ក្រុង​នេះ​ត​ទៅ​ទៀត អ្នក​នោះ​នឹង​ស្លាប់​ដោយ​ដាវ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត។+ ប៉ុន្តែ អ្នក​ណា​ដែល​ចេញ​ទៅ​ចុះ​ចូល​នឹង​ពួក​ខាល់ដេ អ្នក​នោះ​នឹង​រួច​ជីវិត›។+ ៣ ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ទ័ព​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​ស្ដេច​នោះ​នឹង​ចាប់​យក​ក្រុង​នេះ​ជា​មិន​ខាន›​»។+

៤ គ្រា​នោះ ពួក​អ្នក​គ្រប់​គ្រង​បាន​ចូល​ទៅ​ប្រាប់​ស្ដេច​ថា​៖ ​«​សូម​ប្រហារ​ជីវិត​បុរស​នេះ​ទៅ+ ព្រោះ​ពាក្យ​សម្ដី​របស់​គាត់​ធ្វើ​ឲ្យ​ពួក​ទាហាន និង​បណ្ដា​ជន​ដែល​នៅ​សល់​ក្នុង​ក្រុង​នេះ​ធ្លាក់​ទឹក​ចិត្ត​ហើយ។ បុរស​នេះ​កំពុង​បង្ក​ឲ្យ​មាន​អន្តរាយ មិន​មែន​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ទេ​»។ ៥ ស្ដេច​សេដេគា​ក៏​ឆ្លើយ​ថា​៖ ​«​មើល! គាត់​នៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។ ទោះ​ជា​ខ្ញុំ​ឃាត់​អ្នក​រាល់​គ្នា ក៏​ឃាត់​មិន​បាន​ដែរ​»។

៦ ហេតុ​នេះ ពួក​អ្នក​គ្រប់​គ្រង​បាន​យក​យេរេមា​ទៅ​ដាក់​ក្នុង​អណ្ដូង​របស់​ម៉ាលខាយយ៉ា​ជា​កូន​ស្ដេច នៅ​ក្នុង​ទី​ធ្លា​អ្នក​យាម។+ ពួក​គេ​បាន​យក​ខ្សែ​មក​ចង​យេរេមា ហើយ​សម្រូត​គាត់​ទៅ​ក្នុង​អណ្ដូង។ អណ្ដូង​នោះ​គ្មាន​ទឹក​ទេ មាន​តែ​ភក់​ប៉ុណ្ណោះ។ ដូច្នេះ យេរេមា​ក៏​ផុង​ទៅ​ក្នុង​ភក់​នោះ។

៧ ចំណែក​អ៊ីបេតមេលេក+ជា​ជន​ជាតិ​អេត្យូពី​ដែល​ជា​មន្ត្រី​បម្រើ​ក្នុង​វិមាន​ស្ដេច គាត់​ឮ​ថា​គេ​បាន​ដាក់​យេរេមា​ទៅ​ក្នុង​អណ្ដូង។ ដូច្នេះ កាល​ស្ដេច​កំពុង​អង្គុយ​នៅ​ត្រង់​ខ្លោង​ទ្វារបេនយ៉ាមីន+ ៨ អ៊ីបេតមេលេក​ក៏​ចេញ​ពី​វិមាន​ទៅ​ជួប​ស្ដេច​នៅ​ទី​នោះ ហើយ​ជម្រាប​គាត់​ថា​៖ ៩ ​«​ឱ​ស្ដេច​ជា​ម្ចាស់​ខ្ញុំ​អើយ! អ្វី​ដែល​ពួក​អ្នក​គ្រប់​គ្រង​បាន​ធ្វើ​ចំពោះ​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​គឺ​អាក្រក់​ណាស់! ពួក​គេ​បាន​ដាក់​គាត់​ទៅ​ក្នុង​អណ្ដូង គាត់​មុខ​ជា​ស្លាប់​នៅ​ទី​នោះ​ដោយ​ការ​អត់​ឃ្លាន​ជា​មិន​ខាន ព្រោះ​គ្មាន​នំ​ប៉័ង​នៅ​ក្នុង​ក្រុង​ទៀត​ទេ​»។+

១០ បន្ទាប់​មក ស្ដេច​បាន​បង្គាប់​អ៊ីបេតមេលេក​ជា​ជន​ជាតិ​អេត្យូពី​ថា​៖ ​«​ចូរ​នាំ​យក​បុរស​៣០​នាក់​ពី​ទី​នេះ ហើយ​ទៅ​យោង​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ចេញ​ពី​អណ្ដូង​មក ដើម្បី​កុំ​ឲ្យ​គាត់​ស្លាប់​»។ ១១ ដូច្នេះ អ៊ីបេតមេលេក​ក៏​នាំ​បុរស​ទាំង​នោះ​ទៅ​ឯ​វិមាន​ស្ដេច ហើយ​ចូល​ក្នុង​បន្ទប់​ខាង​ក្រោម​ឃ្លាំង​ទ្រព្យ+ រួច​យក​ចម្រៀក​ក្រណាត់​ចាស់​ៗ​និង​ខ្សែ​ពួរ ដើម្បី​ទៅ​យោង​យេរេមា​ចេញ​ពី​អណ្ដូង។ ១២ រួច​មក អ៊ីបេតមេលេក​ជា​ជន​ជាតិ​អេត្យូពី​ប្រាប់​យេរេមា​ថា​៖ ​«​សូម​ដាក់​ចម្រៀក​ក្រណាត់​ចាស់​ៗ​នៅ​ក្រោម​ក្លៀក ហើយ​ស៊ក​ខ្សែ​ពួរ​ពី​លើ​»។ យេរេមា​ក៏​ធ្វើ​ដូច្នោះ ១៣ រួច​ពួក​គេ​បាន​យោង​យេរេមា​ចេញ​ពី​អណ្ដូង។ ប៉ុន្តែ យេរេមា​នៅ​ជាប់​ឃុំ​ក្នុង​ទី​ធ្លា​អ្នក​យាម​ដូច​ពី​មុន។+

១៤ គ្រា​នោះ ស្ដេច​សេដេគា​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​មក​ជួប​គាត់ នៅ​ឯ​ខ្លោង​ទ្វារ​ទី​៣​ក្នុង​វិហារ​ព្រះ​យេហូវ៉ា។ ស្ដេច​និយាយ​ទៅ​កាន់​យេរេមា​ថា​៖ ​«​ខ្ញុំ​សុំ​សួរ​អ្នក​នូវ​សំណួរ​មួយ សូម​កុំ​លាក់​អ្វី​ពី​ខ្ញុំ​ឡើយ​»។ ១៥ យេរេមា​ក៏​ឆ្លើយ​ទៅ​សេដេគា​ថា​៖ ​«​បើ​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត អ្នក​នឹង​សម្លាប់​ខ្ញុំ ហើយ​បើ​ខ្ញុំ​ឲ្យ​ឱវាទ​អ្នក អ្នក​ក៏​មិន​ស្ដាប់​ខ្ញុំ​ដែរ​»។ ១៦ ដូច្នេះ ស្ដេច​សេដេគា​ស្បថ​នឹង​យេរេមា​ដោយ​សម្ងាត់​ថា​៖ ​«​ដូច​ព្រះ​យេហូវ៉ា​ដែល​មាន​ជីវិត​រស់​នៅ​និង​ជា​ព្រះ​ដែល​ផ្ដល់​ជីវិត ខ្ញុំ​ស្បថ​ថា​មិន​សម្លាប់​អ្នក​ទេ ហើយ​ក៏​មិន​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​បុរស​ដែល​តាម​រក​ជីវិត​អ្នក​ដែរ​»។

១៧ បន្ទាប់​មក យេរេមា​ក៏​និយាយ​ទៅ​កាន់​សេដេគា​ថា​៖ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹បើ​លោក​ចុះ​ចូល​នឹង​ពួក​មន្ត្រី​របស់​ស្ដេច​ស្រុក​បាប៊ីឡូន នោះ​លោក​និង​ពួក​អ្នក​ផ្ទះ​របស់​លោក​នឹង​រួច​ជីវិត ហើយ​គេ​នឹង​មិន​ដុត​បំផ្លាញ​ក្រុង​នេះ​ចោល​ទេ។+ ១៨ ប៉ុន្តែ បើ​លោក​មិន​ចុះ​ចូល​នឹង​ពួក​មន្ត្រី​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ទេ នោះ​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ខាល់ដេ ហើយ​ពួក​គេ​នឹង​ដុត​បំផ្លាញ​ក្រុង​នេះ​ចោល។+ ឯ​លោក​វិញ លោក​នឹង​គេច​មិន​រួច​ពី​កណ្ដាប់​ដៃ​ពួក​គេ​ឡើយ›​»។+

១៩ រួច​មក ស្ដេច​សេដេគា​តប​ទៅ​យេរេមា​ថា​៖ ​«​ប៉ុន្តែ ខ្ញុំ​ខ្លាច​ពួក​យូដា​ដែល​បាន​ទៅ​ចូល​ខាង​ពួក​ខាល់ដេ។ ព្រោះ​បើ​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​គេ នោះ​ពួក​គេ​នឹង​ប្រព្រឹត្ត​យ៉ាង​សាហាវ​ឃោរ​ឃៅ​មក​លើ​ខ្ញុំ​ជា​មិន​ខាន​»។ ២០ ប៉ុន្តែ យេរេមា​និយាយ​ថា​៖ ​«​លោក​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​គេ​ទេ។ សូម​ធ្វើ​តាម​ការ​ណែនាំ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ខ្ញុំ​ចុះ នោះ​លោក​នឹង​បាន​សុខ​សាន្ត ហើយ​មាន​ជីវិត​រស់​នៅ​ត​ទៅ​ទៀត។ ២១ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ថា បើ​លោក​មិន​ព្រម​ចុះ​ចូល​នឹង​ពួក​ខាល់ដេ​ទេ ២២ នោះ​ស្ត្រី​ទាំង​អស់​ដែល​នៅ​សេស​សល់​ក្នុង​វិមាន​ស្ដេច​ស្រុក​យូដា នឹង​ត្រូវ​នាំ​យក​ទៅ​ប្រគល់​ឲ្យ​ពួក​មន្ត្រី​របស់​ស្ដេច​ស្រុក​បាប៊ីឡូន។+ ពួក​គេ​នឹង​និយាយ​ថា​៖

‹ពួក​បុរស​ដែល​លោក​បាន​ទុក​ចិត្ត​នោះ ពួក​គេ​បាន​បញ្ឆោត​លោក និង​មាន​ប្រៀប​លើ​លោក​ហើយ។+

ពួក​គេ​បាន​បណ្ដាល​ឲ្យ​ជើង​លោក​ផុង​ទៅ​ក្នុង​ភក់

ហើយ​ថយ​ចេញ​ពី​លោក​ទៅ›។

២៣ រីឯ​ប្រពន្ធ​កូន​របស់​លោក​វិញ ពួក​គេ​នឹង​ត្រូវ​នាំ​យក​ទៅ​ប្រគល់​ឲ្យ​ពួក​ខាល់ដេ ហើយ​លោក​នឹង​គេច​មិន​រួច​ពី​កណ្ដាប់​ដៃ​ពួក​គេ​ទេ គឺ​ស្ដេច​ស្រុក​បាប៊ីឡូន​នឹង​ចាប់​លោក​បាន​ជា​មិន​ខាន។+ ដោយ​សារ​លោក ក្រុង​នេះ​នឹង​ត្រូវ​ដុត​បំផ្លាញ​ចោល​»។+

២៤ បន្ទាប់​មក សេដេគា​និយាយ​ទៅ​កាន់​យេរេមា​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​ដឹង​អំពី​រឿង​ទាំង​នេះ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​អ្នក​ត្រូវ​ស្លាប់។ ២៥ បើ​ពួក​អ្នក​គ្រប់​គ្រង​ឮ​ថា​អ្នក​បាន​និយាយ​ជា​មួយ​នឹង​ខ្ញុំ រួច​ពួក​គេ​មក​និយាយ​ថា​៖ ‹សូម​ប្រាប់​យើង តើ​អ្នក​បាន​និយាយ​រឿង​អ្វី​ខ្លះ​ប្រាប់​ស្ដេច? ហើយ​ស្ដេច​បាន​ប្រាប់​អ្វី​ខ្លះ​ដល់​អ្នក? សូម​ប្រាប់​មក កុំ​លាក់​អ្វី​ពី​យើង​ឲ្យ​សោះ នោះ​អ្នក​នឹង​មិន​ស្លាប់​ទេ›។+ ២៦ អ្នក​ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ‹ខ្ញុំ​គ្រាន់​តែ​មក​អង្វរ​សុំ​ស្ដេច កុំ​ឲ្យ​គេ​យក​ខ្ញុំ​ទៅ​ឃុំ​នៅ​ផ្ទះ​យេហូណាថាន​វិញ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្លាប់​នៅ​ទី​នោះ›​»។+

២៧ ក្រោយ​មក ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់​បាន​មក​សួរ​យេរេមា ហើយ​គាត់​ក៏​ប្រាប់​ពួក​គេ​តាម​បង្គាប់​ស្ដេច។ ដូច្នេះ ពួក​គេ​ក៏​ឈប់​សួរ​គាត់​ទៀត ព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​បាន​ឮ​ពាក្យ​សន្ទនា​រវាង​យេរេមា​និង​ស្ដេច​ទេ។ ២៨ ឯ​យេរេមា​វិញ គាត់​នៅ​ជាប់​ឃុំ​ក្នុង​ទី​ធ្លា​អ្នក​យាម+ រហូត​ដល់​សត្រូវ​ដណ្ដើម​យក​បាន​ក្រុង​យេរូសាឡិម។+

៣៩ នៅ​ឆ្នាំ​ទី​៩ ក្នុង​ខែ​ទី​១០ នៃ​រាជ្យ​សេដេគា​ស្ដេច​ស្រុក​យូដា នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​លើក​ទ័ព​ទាំង​អស់​របស់​គាត់​មក​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម។+

២ នៅ​ថ្ងៃ​ទី​៩ ខែ​ទី​៤ ក្នុង​ឆ្នាំ​ទី​១១​នៃ​រាជ្យ​ស្ដេច​សេដេគា ទ័ព​ខាល់ដេ​បាន​ទម្លាយ​កំពែង​ក្រុង​យេរូសាឡិម។+ ៣ រួច​ពួក​មន្ត្រី​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ចូល​ទៅ​អង្គុយ​នៅ​ត្រង់​ទ្វារកណ្តាល។+ ពួក​គេ​មាន ណឺកាលសារីសឺ​ដែល​មាន​តំណែង​ជា​សាំកា* នីបូសាសេគីម​ដែល​មាន​តំណែង​ជា​រ៉ាបសារី* និង​ណឺកាលសារីសឺ​ដែល​មាន​តំណែង​ជា​រ៉ាបម៉ាក* រួម​ទាំង​ពួក​មន្ត្រី​ឯ​ទៀត​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ផង​ដែរ។

៤ ពេល​សេដេគា​ស្ដេច​ស្រុក​យូដា​និង​ទាហាន​ទាំង​អស់​របស់​គាត់ បាន​ឃើញ​ពួក​ខាល់ដេ​ចូល​មក ពួក​គេ​ក៏​នាំ​គ្នា​រត់+ចេញ​ពី​ក្រុង​យេរូសាឡិម​ទាំង​យប់ គឺ​កាត់​តាម​សួន​ច្បារ​ស្ដេច ហើយ​ចេញ​តាម​ខ្លោង​ទ្វារ​ដែល​មាន​កំពែង​ពីរ​ជាន់។ រួច​ពួក​គេ​បន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។+ ៥ ប៉ុន្តែ ទ័ព​ខាល់ដេ​បាន​ដេញ​តាម​សេដេគា​និង​ទាហាន​របស់​គាត់ ហើយ​តាម​ទាន់​នៅ​ត្រង់​តំបន់​វាល​ទំនាប​ក្បែរ​ក្រុង​យេរីខូ។+ ទ័ព​ខាល់ដេ​បាន​ចាប់​សេដេគា ហើយ​នាំ​គាត់​ទៅ​ប្រគល់​ឲ្យ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​ក្រុង​រីបឡា+ ក្នុង​ទឹក​ដី​ហាម៉ាត។+ នៅ​ទី​នោះ ស្ដេច​ស្រុក​បាប៊ីឡូន​បាន​កាត់​ទោស​សេដេគា។ ៦ នៅ​ក្រុង​រីបឡា ស្ដេច​ស្រុក​បាប៊ីឡូន​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​កូន​ប្រុស​ៗ​របស់​សេដេគា​នៅ​ចំពោះ​មុខ​គាត់។ បន្ថែម​ទៅ​ទៀត ស្ដេច​ស្រុក​បាប៊ីឡូន​ក៏​បញ្ជា​ឲ្យ​គេ​ប្រហារ​ពួក​អ្នក​ដែល​មាន​វង្ស​ត្រកូល​ខ្ពស់​ក្នុង​ស្រុក​យូដា​ដែរ។+ ៧ បន្ទាប់​មក ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ចាក់​ភ្នែក​របស់​សេដេគា ហើយ​ដាក់​ច្រវាក់​ស្ពាន់ រួច​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន។+

៨ គ្រា​នោះ ពួក​ខាល់ដេ​បាន​ដុត​បំផ្លាញ​វិមាន​ស្ដេច និង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្ដា​ជន។+ ពួក​គេ​ថែម​ទាំង​រំលំ​កំពែង​ក្រុង​យេរូសាឡិម​ផង​ដែរ។+ ៩ នេប៊ូសារ៉ាដាន+ជា​មេ​លើ​ពួក​អង្គរក្ស​ស្ដេច បាន​ចាប់​អ្នក​ក្រុង​យេរូសាឡិម​ដែល​រួច​ជីវិត ពួក​អ្នក​ដែល​មក​ចុះ​ចូល​នឹង​គាត់ និង​ពួក​អ្នក​ឯ​ទៀត​ដែល​នៅ​សេស​សល់ យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។

១០ ប៉ុន្តែ នេប៊ូសារ៉ាដាន​ជា​មេ​លើ​ពួក​អង្គរក្ស​ស្ដេច បាន​ទុក​ជន​ខ្លះ​ដែល​ក្រី​ក្រ​បំផុត​ជា​អ្នក​ដែល​គ្មាន​អ្វី​សោះ​ឲ្យ​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​ប្រគល់​ដី​ស្រែ​និង​ចម្ការ​ទំពាំង​បាយ​ជូរ​ឲ្យ​ពួក​គេ​ធ្វើ។*+

១១ រីឯ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន គាត់​បាន​បង្គាប់​នេប៊ូសារ៉ាដាន​ជា​មេ​លើ​ពួក​អង្គរក្ស​ស្ដេច​ស្ដី​អំពី​យេរេមា​ថា​៖ ១២ ​«​ចូរ​យក​គាត់​ទៅ​ទំនុក​បម្រុង ហើយ​កុំ​ធ្វើ​បាប​គាត់​ឲ្យ​សោះ។ អ្វី​ក៏​ដោយ​ដែល​គាត់​សុំ អ្នក​ត្រូវ​ផ្ដល់​ឲ្យ​គាត់​»។+

១៣ ដូច្នេះ នេប៊ូសារ៉ាដាន​ដែល​ជា​មេ​លើ​ពួក​អង្គរក្ស​ស្ដេច នេប៊ូសាសបាន់​ដែល​ជា​មេ​លើ​មន្ត្រី​ជាន់​ខ្ពស់ និង​ណឺកាលសារីសឺ​ដែល​មាន​តំណែង​ជា​រ៉ាបម៉ាក* និង​មន្ត្រី​ឯ​ទៀត​របស់​ស្ដេច​ស្រុក​បាប៊ីឡូន បាន​ចាត់​គេ ១៤ ឲ្យ​ទៅ​នាំ​យក​យេរេមា​ពី​ទី​ធ្លា​អ្នក​យាម+ ហើយ​ប្រគល់​គាត់​ទៅ​ឲ្យ​កេដាលៀ+ជា​កូន​អាហាយខាម+ ដែល​ជា​កូន​សាផាន។+ រួច​កេដាលៀ​ក៏​នាំ​យេរេមា​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​យេរេមា​ក៏​រស់​នៅ​ក្នុង​ចំណោម​បណ្ដា​ជន។

១៥ កាល​ដែល​យេរេមា​នៅ​ជាប់​ឃុំ​ឃាំង​ក្នុង​ទី​ធ្លា​អ្នក​យាម+ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​គាត់​ថា​៖ ១៦ ​«​ចូរ​ទៅ​ប្រាប់​អ៊ីបេតមេលេក+ជា​ជន​ជាតិ​អេត្យូពី​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​កំពុង​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ក្រុង​នេះ ដូច​ពាក្យ​របស់​ខ្ញុំ។ ខ្ញុំ​នឹង​មិន​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​ទេ។ នៅ​ថ្ងៃ​នោះ អ្នក​នឹង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​»​›។

១៧ ​«​‹ប៉ុន្តែ នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​សង្គ្រោះ​អ្នក ហើយ​អ្នក​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​បុរស​ដែល​អ្នក​ខ្លាច​ឡើយ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១៨ ​«​‹ព្រោះ​ខ្ញុំ​នឹង​ជួយ​អ្នក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ពួក​គេ ហើយ​អ្នក​នឹង​មិន​ស្លាប់​ដោយ​ដាវ​ទេ។ អ្នក​នឹង​រួច​ជីវិត​ជា​ប្រាកដ+ ព្រោះ​អ្នក​បាន​ទុក​ចិត្ត​ខ្ញុំ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

៤០ នេប៊ូសារ៉ាដាន+ជា​មេ​លើ​ពួក​អង្គរក្ស​ស្ដេច​បាន​នាំ​យេរេមា និង​បណ្ដា​ជន​ឯ​ទៀត​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា ទាំង​ជាប់​ខ្នោះ​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។ ប៉ុន្តែ ពេល​ទៅ​ដល់​រ៉ាម៉ា+ គាត់​បាន​ដោះ​លែង​យេរេមា​ឲ្យ​មាន​សេរី​ភាព។ ក្រោយ​ពី​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ម្ដង​ទៀត។ ២ បន្ទាប់​មក មេ​លើ​ពួក​អង្គរក្ស​ស្ដេច​បាន​ហៅ​យេរេមា​មក ហើយ​ប្រាប់​គាត់​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រកាស​ទុក​ជា​មុន​អំពី​សេចក្ដី​វេទនា​ទាស់​នឹង​ស្រុក​នេះ ៣ ហើយ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​កើត​ឡើង​ដូច​លោក​មាន​ប្រសាសន៍​មែន ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទាស់​នឹង​ព្រះ​យេហូវ៉ា ហើយ​មិន​បាន​ស្ដាប់​បង្គាប់​លោក​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ជួប​រឿង​ទាំង​នេះ។+ ៤ ឥឡូវ​ខ្ញុំ​ដោះ​ខ្នោះ​ពី​ដៃ​អ្នក​ហើយ បើ​អ្នក​ចង់​ទៅ​ស្រុក​បាប៊ីឡូន​ជា​មួយ​ខ្ញុំ អ្នក​អាច​ទៅ​បាន ហើយ​ខ្ញុំ​នឹង​ទំនុក​បម្រុង​អ្នក។ ប៉ុន្តែ បើ​អ្នក​មិន​ចង់​ទៅ​ក៏​បាន​ដែរ។ មើល! ទឹក​ដី​ទាំង​មូល​នេះ​នៅ​ចំពោះ​មុខ​អ្នក​ហើយ ចូរ​ទៅ​រស់​នៅ​កន្លែង​ណា​ក៏​បាន​តាម​តែ​ចិត្ត​អ្នក​ចុះ​»។+

៥ ពេល​ឃើញ​យេរេមា​នៅ​អែអង់ នេប៊ូសារ៉ាដាន​ក៏​និយាយ​ថា​៖ ​«​ចូរ​ត្រឡប់​ទៅ​ឯ​កេដាលៀ+ជា​កូន​អាហាយខាម+ដែល​ជា​កូន​សាផាន+ទៅ ហើយ​ស្នាក់​នៅ​ជា​មួយ​នឹង​គាត់​ក្នុង​ចំណោម​បណ្ដា​ជន​ឯ​ទៀត​ចុះ ព្រោះ​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​តែង​តាំង​គាត់​ឲ្យ​គ្រប់​គ្រង​លើ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា។ ប៉ុន្តែ បើ​អ្នក​មិន​ចង់​ទេ អ្នក​អាច​ទៅ​រស់​នៅ​កន្លែង​ណា​ក៏​បាន​ដែរ​»។

រួច​មក មេ​លើ​ពួក​អង្គរក្ស​ស្ដេច​បាន​ឲ្យ​ស្បៀង​អាហារ​និង​អំណោយ​ដល់​យេរេមា ហើយ​ឲ្យ​គាត់​ទៅ។ ៦ ដូច្នេះ យេរេមា​បាន​ទៅ​ឯ​កេដាលៀ​ជា​កូន​អាហាយខាម នៅ​ក្រុង​មីសប៉ា+ ហើយ​អាស្រ័យ​នៅ​ជា​មួយ​នឹង​គាត់ ក្នុង​ចំណោម​បណ្ដា​ជន​ដែល​នៅ​សេស​សល់​ក្នុង​ស្រុក។

៧ ចំណែក​ពួក​មេ​ទ័ព​ទាំង​អស់​ដែល​នៅ​ឯ​វាល​ជា​មួយ​នឹង​កង​ទ័ព​របស់​ខ្លួន ពួក​គេ​បាន​ឮ​ដំណឹង​ថា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​តែង​តាំង​កេដាលៀ​ជា​កូន​អាហាយខាម ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​យូដា និង​លើ​ជន​ក្រី​ក្រទាំង​បុរស​ទាំង​ស្ត្រី​និង​កូន​ក្មេង ដែល​មិន​បាន​ត្រូវ​នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន។+ ៨ ដូច្នេះ ពួក​មេ​ទ័ព​ទាំង​នោះ​បាន​ទៅ​ជួប​កេដាលៀ​នៅ​ក្រុង​មីសប៉ា។+ ពួក​គេ​មាន​ដូច​ត​ទៅ​៖ អ៊ីសម៉ាអែល+ជា​កូន​នេថានៀ យ៉ូហាណាន+និង​យ៉ូណាថាន​ដែល​ជា​កូន​ការៀ សេរ៉ាយ៉ា​ជា​កូន​តានហ៊ូម៉ាត ថែម​ទាំង​កូន​ចៅ​របស់​អេផាយ​ជា​អ្នក​ភូមិណេថូផា និង​យេសានៀ+ជា​កូន​ប្រុស​របស់​ជន​ជាតិ​ម៉ាអាកាត ព្រម​ទាំង​កង​ទ័ព​របស់​ពួក​គេ​ផង​ដែរ។ ៩ កេដាលៀ​ជា​កូន​អាហាយខាម​ដែល​ជា​កូន​សាផាន បាន​ស្បថ​នឹង​ពួក​អ្នក​ទាំង​នោះ រួច​និយាយ​ថា​៖ ​«​កុំ​ខ្លាច​ចុះ​ចូល​នឹង​ពួក​ខាល់ដេ​ឡើយ។ ចូរ​រស់​នៅ​ក្នុង​ស្រុក​នេះ ហើយ​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សុខ​សាន្ត។+ ១០ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​នឹង​ស្នាក់​នៅ​ក្នុង​ក្រុង​មីសប៉ា​ធ្វើ​ជា​តំណាង​អ្នក​រាល់​គ្នា នៅ​ចំពោះ​ពួក​ខាល់ដេ​ដែល​មក​ឯ​យើង។ ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​ប្រមូល​ស្រា​ទំពាំង​បាយ​ជូរ ផល​ផ្លែ​រដូវ​ក្ដៅ និង​ប្រេង​ទាំង​ប៉ុន្មាន យក​ទៅ​ដាក់​នៅ​ក្នុង​ភាជនៈ​របស់​អ្នក​រាល់​គ្នា ហើយ​ចូរ​តាំង​លំនៅ​ក្នុង​បណ្ដា​ក្រុង​ដែល​អ្នក​រាល់​គ្នា​ចាប់​យក​នោះ​ទៅ​»។+

១១ ឯ​ពួក​យូដា​ដទៃ​ទៀត​ដែល​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រុក​អាំម៉ូន និង​ស្រុក​អេដំ រួម​ទាំង​ពួក​អ្នក​ដែល​រស់​នៅ​បណ្ដា​ស្រុក​ឯ​ទៀត ពួក​គេ​ក៏​បាន​ឮ​ដំណឹង​ថា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ទុក​អ្នក​ខ្លះ​ឲ្យ​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​បាន​តែង​តាំង​កេដាលៀ​ជា​កូន​អាហាយខាម​ឲ្យ​គ្រប់​គ្រង​លើ​អ្នក​ទាំង​នោះ​ដែរ។ ១២ ដូច្នេះ ពួក​យូដា​ទាំង​អស់​បាន​ធ្វើ​ដំណើរ​ពី​ទឹក​ដី​ដែល​ពួក​គេ​បាន​ខ្ចាត់​ខ្ចាយ​នោះ ហើយ​ត្រឡប់​មក​ស្រុក​យូដា​វិញ។ ពួក​គេ​បាន​មក​ឯ​កេដាលៀ​នៅ​ក្រុង​មីសប៉ា។ ពួក​គេ​បាន​ប្រមូល​ស្រា​ទំពាំង​បាយ​ជូរ និង​ផល​ផ្លែ​រដូវ​ក្ដៅ​បាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។

១៣ ពេល​មួយ យ៉ូហាណាន​ជា​កូន​ការៀ និង​មេ​ទ័ព​ទាំង​អស់​ដែល​នៅ​ឯ​វាល បាន​មក​ជួប​កេដាលៀ​នៅ​ក្រុង​មីសប៉ា។ ១៤ ពួក​គេ​បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​មើល! បាលលីស​ជា​ស្ដេច​ស្រុក​អាំម៉ូន+ បាន​ចាត់​អ៊ីសម៉ាអែល​ជា​កូន​នេថានៀ​ឲ្យ​មក​សម្លាប់​អ្នក​ហើយ។ តើ​អ្នក​មិន​ដឹង​ទេ​ឬ?​»។+ ប៉ុន្តែ កេដាលៀ​ជា​កូន​អាហាយខាម​មិន​ជឿ​ពួក​គេ​ទេ។

១៥ បន្ទាប់​មក យ៉ូហាណាន​ជា​កូន​ការៀ​បាន​ប្រាប់​កេដាលៀ​ដោយ​សម្ងាត់​នៅ​ក្រុង​មីសប៉ា​ថា​៖ ​«​ខ្ញុំ​ចង់​ទៅ​សម្លាប់​អ៊ីសម៉ាអែល​ជា​កូន​នេថានៀ ហើយ​គ្មាន​អ្នក​ណា​ដឹង​រឿង​នេះ​ទេ។ តើ​គួរ​ទុក​ឲ្យ​គាត់​មក​សម្លាប់​អ្នក​ឬ? ហេតុ​អ្វី​គួរ​ឲ្យ​បណ្ដា​ជន​យូដា​ទាំង​អស់​ដែល​មក​ឯ​អ្នក​ត្រូវ​ខ្ចាត់​ខ្ចាយ ហើយ​ឲ្យ​ពួក​យូដា​ដែល​នៅ​សេស​សល់​ត្រូវ​វិនាស​ទៅ​ដូច្នេះ?​»។ ១៦ ប៉ុន្តែ កេដាលៀ+ជា​កូន​អាហាយខាម​បាន​ប្រាប់​យ៉ូហាណាន​ជា​កូន​ការៀ​ថា​៖ ​«​កុំ​ធ្វើ​ដូច្នោះ​ឲ្យ​សោះ ព្រោះ​អ្វី​ដែល​អ្នក​និយាយ​អំពី​អ៊ីសម៉ាអែល​នោះ មិន​មែន​ជា​ការ​ពិត​ទេ​»។

៤១ រីឯ​អ៊ីសម៉ាអែល+ជា​កូន​នេថានៀ​ដែល​ត្រូវ​ជា​កូន​អេលីសាម៉ា គាត់​ជា​ពូជ​ពង្ស​ស្ដេច និង​ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​ស្ដេច។ នៅ​ខែ​ទី​៧ គាត់​និង​បុរស​១០​នាក់​បាន​ទៅ​ជួប​កេដាលៀ​ជា​កូន​អាហាយខាម​នៅ​ក្រុង​មីសប៉ា។+ កាល​ពួក​គេ​កំពុង​បរិភោគ​អាហារ​ជា​មួយ​គ្នា​នៅ​ទី​នោះ ២ អ៊ីសម៉ាអែល​ជា​កូន​នេថានៀ​និង​បុរស​១០​នាក់​ដែល​នៅ​ជា​មួយ​គាត់​បាន​ក្រោក​ឡើង ហើយ​ហូត​ដាវ​សម្លាប់​កេដាលៀ​ជា​កូន​អាហាយខាម​ដែល​ជា​កូន​សាផាន​ទៅ។ ដូច្នេះ អ៊ីសម៉ាអែល​បាន​សម្លាប់​បុគ្គល​ដែល​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​តែង​តាំង​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​យូដា។ ៣ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ៊ីសម៉ាអែល​ក៏​បាន​សម្លាប់​ពួក​យូដា និង​ពួក​ទាហាន​ខាល់ដេ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​នឹង​កេដាលៀ​ក្នុង​ក្រុង​មីសប៉ា​ដែរ។

៤ ការ​ដែល​គេ​សម្លាប់​កេដាលៀ​នោះ គ្មាន​អ្នក​ណា​ដឹង​ទេ។ លុះ​ពីរ​ថ្ងៃ​ក្រោយ​មក ៥ មាន​បុរស​៨០​នាក់​ធ្វើ​ដំណើរ​មក​ពី​ក្រុង​ស៊ីគឹម+ ក្រុង​ស៊ីឡូរ+ និង​ក្រុង​សាម៉ារី។+ ពួក​អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​បាន​កោរ​ពុក​ចង្កា ហែក​អាវ និង​ឆូត​សាច់​ខ្លួន។+ ពួក​គេ​បាន​នាំ​យក​គ្រឿង​បូជា​ពី​ស្រូវ និង​ម្សៅ​ក្រអូប+មក​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា។ ៦ ពេល​នោះ អ៊ីសម៉ាអែល​ជា​កូន​នេថានៀ​បាន​ចេញ​ពី​ក្រុង​មីសប៉ា​ទៅ​ជួប​ពួក​បុរស​ទាំង​នោះ ទាំង​ដើរ​បណ្ដើរ​យំ​បណ្ដើរ។ កាល​ទៅ​ដល់ គាត់​ក៏​និយាយ​ថា​៖ ​«​សូម​អញ្ជើញ​មក​ឯ​កេដាលៀ​ជា​កូន​អាហាយខាម​»។ ៧ ប៉ុន្តែ ពេល​ពួក​គេ​ចូល​ក្នុង​ក្រុង អ៊ីសម៉ាអែល​ជា​កូន​នេថានៀ​និង​គ្នី​គ្នា​គាត់​បាន​សម្លាប់​ពួក​គេ រួច​បោះ​សព​ពួក​គេ​ទៅ​ក្នុង​អណ្ដូង។

៨ ពេល​នោះ​ដែរ បុរស​១០​នាក់​ក្នុង​ចំណោម​ពួក​គេ បាន​អង្វរ​អ៊ីសម៉ាអែល​ថា​៖ ​«​សូម​កុំ​សម្លាប់​យើង​អី ព្រោះ​យើង​ដឹង​កន្លែង​លាក់​ទុក​ស្បៀង​អាហារ​នៅ​ឯ​វាល គឺ​ស្រូវ* ប្រេង និង​ទឹក​ឃ្មុំ​»។ ដូច្នេះ អ៊ីសម៉ាអែល​ក៏​ទុក​ជីវិត​ឲ្យ​បុរស​១០​នាក់​នោះ។ ៩ ឯ​ពួក​អ្នក​ដែល​អ៊ីសម៉ាអែល​បាន​សម្លាប់ អ៊ីសម៉ាអែល​បាន​បោះ​សាក​សព​ពួក​គេ​ទៅ​ក្នុង​អណ្ដូង​ធំ​មួយ ជា​អណ្ដូង​ដែល​ស្ដេច​អេសា​បាន​ជីក​នៅ​គ្រា​ដែល​គាត់​ច្បាំង​នឹង​បាអាសា​ស្ដេច​អ៊ីស្រាអែល។+ អ៊ីសម៉ាអែល​ជា​កូន​នេថានៀ​បាន​បោះ​សាក​សព​ពេញ​ក្នុង​អណ្ដូង​នោះ។

១០ គ្រា​នោះ អ៊ីសម៉ាអែល​ជា​កូន​នេថានៀ​បាន​ចាប់​យក​បណ្ដា​ជន​ដែល​នៅ​សេស​សល់​ក្នុង​ក្រុង​មីសប៉ា+ និង​កូន​ស្រី​ៗ​របស់​ស្ដេច​ស្រុក​យូដា​ធ្វើ​ជា​ឈ្លើយ ហើយ​នាំ​ពួក​គេ​ធ្វើ​ដំណើរ​ឆ្លង​ទៅ​ឯ​ពួក​អាំម៉ូន។+ ពួក​អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​នេប៊ូសារ៉ាដាន​ជា​មេ​លើ​ពួក​អង្គរក្ស​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ទុក​ឲ្យ​នៅ​ក្នុង​ស្រុក ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​កេដាលៀ+ជា​កូន​អាហាយខាម។

១១ ឯ​យ៉ូហាណាន+ជា​កូន​ការៀ​និង​ពួក​មេ​ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​នឹង​គាត់ ពួក​គេ​ក៏​បាន​ឮ​អំពី​ការ​អាក្រក់​ទាំង​អស់​ដែល​អ៊ីសម៉ាអែល​ជា​កូន​នេថានៀ​បាន​ធ្វើ។ ១២ ដូច្នេះ ពួក​គេ​បាន​លើក​ទ័ព​ទាំង​អស់​ទៅ​ច្បាំង​នឹង​អ៊ីសម៉ាអែល​ជា​កូន​នេថានៀ ហើយ​ប្រទះ​ឃើញ​គាត់​នៅ​ត្រង់​ផ្លូវ​ទឹក​ធំ*ក្នុង​ក្រុង​គីបៀន។

១៣ ពេល​ឃើញ​យ៉ូហាណាន​ជា​កូន​ការៀ​និង​ពួក​មេ​ទ័ព​ទាំង​អស់ ពួក​អ្នក​ដែល​អ៊ីសម៉ាអែល​បាន​ចាប់​ធ្វើ​ជា​ឈ្លើយ ត្រេក​អរ​ជា​ខ្លាំង។ ១៤ បន្ទាប់​មក ពួក​ឈ្លើយ​ដែល​អ៊ីសម៉ាអែល​បាន​ចាប់​ពី​ក្រុង​មីសប៉ា+ បាន​មក​ខាង​យ៉ូហាណាន​ជា​កូន​ការៀ ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ​ជា​មួយ​គាត់។ ១៥ ចំណែក​អ៊ីសម៉ាអែល​ជា​កូន​នេថានៀ​និង​គ្នី​គ្នា​គាត់​៨​នាក់ ពួក​គេ​បាន​រត់​គេច​ខ្លួន​ពី​យ៉ូហាណាន ហើយ​ធ្វើ​ដំណើរ​ទៅ​ឯ​ពួក​អាំម៉ូន។

១៦ ហេតុ​នេះ យ៉ូហាណាន​ជា​កូន​ការៀ​បាន​រំដោះ​បណ្ដា​ជន​ទាំង​អស់​ពី​ក្រុង​គីបៀន​មក​វិញ។ ពួក​គេ​ជា​អស់​អ្នក​ដែល​អ៊ីសម៉ាអែល​ជា​កូន​នេថានៀ​បាន​ចាប់​ពី​ក្រុង​មីសប៉ា​យក​មក​ធ្វើ​ជា​ឈ្លើយ ក្រោយ​ពី​គាត់​បាន​សម្លាប់​កេដាលៀ+ជា​កូន​អាហាយខាម។ ពួក​អ្នក​ទាំង​នោះ​រួម​មាន​បុរស ស្ត្រី កូន​ក្មេង ពួក​ទាហាន និង​មន្ត្រី​ជាន់​ខ្ពស់។ ១៧ រួច​មក ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ស្នាក់​នៅ​ផ្ទះ​សម្នាក់​របស់​គីមហាំ​ដែល​នៅ​ក្បែរ​ក្រុង​បេថ្លេហិម+ ក្នុង​បំណង​ឆ្ពោះ​ទៅ​ស្រុក​អេហ្ស៊ីប+ ១៨ ដោយ​សារ​ពួក​គេ​ខ្លាច​ពួក​ខាល់ដេ។ នេះ​មក​ពី​អ៊ីសម៉ាអែល​ជា​កូន​នេថានៀ​បាន​សម្លាប់​កេដាលៀ​ជា​កូន​អាហាយខាម ជា​បុគ្គល​ដែល​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​តែង​តាំង​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​យូដា។+

៤២ បន្ទាប់​មក មេ​ទ័ព​ទាំង​អស់ និង​យ៉ូហាណាន+ជា​កូន​ការៀ និង​យេសានៀ​ជា​កូន​ហូសាយ៉ា ព្រម​ទាំង​បណ្ដា​ជន​ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត បាន​ចូល​មក​ជួប ២ យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​ពួក​គេ​និយាយ​ថា​៖ ​«​សូម​ស្ដាប់​សំណូម​ពរ​របស់​យើង​ផង ហើយ​មេត្តា​ជួយ​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក ជំនួស​យើង​និង​ពួក​អ្នក​ដែល​នៅ​សេស​សល់​ផង។+ ព្រោះ​យើង​ខ្ញុំ​មាន​គ្នា​តិច​ណាស់ ដូច​អ្នក​ឃើញ​ស្រាប់​ហើយ។ ៣ សូម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក ប្រាប់​យើង​នូវ​ផ្លូវ​ដែល​យើង​គួរ​ដើរ និង​អ្វី​ដែល​យើង​គួរ​ធ្វើ​ផង​»។

៤ ដូច្នេះ យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​បាន​តប​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ឮ​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​នឹង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​តាម​សំណូម​ពរ​នេះ។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​នោះ។ ខ្ញុំ​នឹង​មិន​លាក់​ទុក​ពាក្យ​ណា​មួយ​ឡើយ​»។

៥ ពួក​គេ​ប្រាប់​យេរេមា​ថា​៖ ​«​បើ​ពួក​ខ្ញុំ​មិន​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​បាន​បង្គាប់​យើង​តាម​រយៈ​អ្នក​ទេ នោះ​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ទាស់​នឹង​យើង​ចុះ ក្នុង​នាម​លោក​ជា​សាក្សី​ដ៏​ពិត​និង​ស្មោះ​ត្រង់។ ៦ ទោះ​ជា​យើង​ពេញ​ចិត្ត​ឬ​មិន​ពេញ​ចិត្ត​ក្ដី យើង​សុខ​ចិត្ត​ធ្វើ​តាម​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង​ដែល​យើង​បាន​សុំ​អ្នក​ឲ្យ​សួរ​លោក។ ព្រោះ​បើ​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង យើង​នឹង​បាន​សេចក្ដី​សុខ​សាន្ត​»។

៧ លុះ​១០​ថ្ងៃ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​យេរេមា។ ៨ ដូច្នេះ យេរេមា​ក៏​ហៅ​យ៉ូហាណាន​ជា​កូន​ការៀ និង​មេ​ទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយ​គាត់ ព្រម​ទាំង​បណ្ដា​ជន​ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ឲ្យ​មក​ជួប។+ ៩ យេរេមា​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​អ្នក​រាល់​គ្នា​បាន​សុំ​ខ្ញុំ​ឲ្យ​អធិដ្ឋាន​អង្វរ​លោក លោក​មាន​ប្រសាសន៍​ថា​៖ ១០ ‹ប្រសិន​បើ​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​នេះ​ត​ទៅ​ទៀត ខ្ញុំ​នឹង​តាំង​អ្នក​ឡើង ហើយ​មិន​រំលំ​អ្នក​ទេ ក៏​នឹង​ដាំ​អ្នក ហើយ​មិន​ដក​រំលើង​អ្នក​ឡើយ ព្រោះ​ខ្ញុំ​នឹង​ស្ដាយ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា។+ ១១ ចូរ​កុំ​ភ័យ​តក់​ស្លុត​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន›។+

​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹កុំ​ខ្លាច​គាត់​ឡើយ ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​គាត់។ ១២ ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​រាល់​គ្នា+ ស្ដេច​នោះ​ក៏​នឹង​មាន​ចិត្ត​មេត្តា​ចំពោះ​អ្នក​រាល់​គ្នា​ដែរ ហើយ​គាត់​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​មក​ស្រុក​អ្នក​រាល់​គ្នា​វិញ។

១៣ ​«​‹ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដោយ​និយាយ​ថា​៖ ​«​ទេ! យើង​មិន​រស់​នៅ​ក្នុង​ស្រុក​នេះ​ត​ទៅ​ទៀត​ឡើយ​»​ ១៤ ថែម​ទាំង​ប្រាប់​ថា​៖ ​«​យើង​នឹង​ទៅ​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប+ ជា​កន្លែង​ដែល​យើង​នឹង​មិន​ឃើញ​សង្គ្រាម ឬ​ឮ​សូរ​សំឡេង​ផ្លុំ​ស្នែង ឬ​ខ្វះ​អាហារ​ទេ។ នៅ​ទី​នោះ​ហើយ​ដែល​យើង​នឹង​រស់​នៅ​»​ ១៥ នោះ​ឱ​ពួក​យូដា​ដែល​នៅ​សេស​សល់​អើយ! ចូរ​ស្ដាប់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​នៅ​តែ​តាំង​ចិត្ត​ទៅ​ស្រុក​អេហ្ស៊ីប ហើយ​ទៅ​រស់​នៅ​ក្នុង​ស្រុក​នោះ​មែន ១៦ នោះ​សត្រូវ​ដែល​អ្នក​រាល់​គ្នា​ខ្លាច នឹង​តាម​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​ដាវ​នៅ​ស្រុក​អេហ្ស៊ីប។ រីឯ​ការ​អត់​ឃ្លាន​ដែល​អ្នក​មិន​ចង់​ជួប ក៏​នឹង​តាម​អ្នក​ដែរ ហើយ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​ស្រុក​នោះ។+ ១៧ ពួក​អ្នក​ដែល​តាំង​ចិត្ត​ទៅ​រស់​នៅ​ស្រុក​អេហ្ស៊ីប នឹង​ស្លាប់​ដោយ​ដាវ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត។ គ្មាន​អ្នក​ណា​ម្នាក់​នឹង​រួច​ជីវិត​ពី​ទុក្ខ​វេទនា​ដែល​ខ្ញុំ​នឹង​នាំ​មក​លើ​ពួក​គេ​ឡើយ​»​›។

១៨ ​«​ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​ធ្លាប់​បញ្ចេញ​កំហឹង​ទៅ​លើ​អ្នក​ក្រុង​យេរូសាឡិម​យ៉ាង​ណា+ ខ្ញុំ​ក៏​បញ្ចេញ​កំហឹង​ទៅ​លើ​អ្នក​រាល់​គ្នា​ដែល​ទៅ​រស់​នៅ​ស្រុក​អេហ្ស៊ីប​យ៉ាង​នោះ​ដែរ។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​ជេរ​ប្រមាថ មាក់ងាយ និង​រង​ការ​អាម៉ាស់​ជា​ខ្លាំង ហើយ​គេ​នឹង​ភ័យ​តក់​ស្លុត​ពេល​ឮ​អំពី​អ្នក​រាល់​គ្នា។+ អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ស្រុក​នេះ​ទៀត​ឡើយ›។

១៩ ​«​ឱ​ពួក​យូដា​ដែល​នៅ​សេស​សល់​អើយ! ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ។ កុំ​ទៅ​ស្រុក​អេហ្ស៊ីប​ឲ្យ​សោះ។ អ្នក​រាល់​គ្នា​គួរ​ដឹង​ច្បាស់​ថា​ខ្ញុំ​បាន​ព្រមាន​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ហើយ​ថា ២០ ទោស​កំហុស​របស់​អ្នក​រាល់​គ្នា​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​បាត់​បង់​ជីវិត​ជា​មិន​ខាន។ ព្រោះ​អ្នក​រាល់​គ្នា​បាន​សុំ​ខ្ញុំឲ្យ​សួរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដោយ​និយាយ​ថា​៖ ‹សូម​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង ជំនួស​យើង​ខ្ញុំ​ផង។ សូម​ប្រាប់​យើង​ខ្ញុំ​នូវ​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា ហើយ​យើង​ខ្ញុំ​នឹង​ធ្វើ​តាម›។+ ២១ ថ្ងៃ​នេះ ខ្ញុំ​បាន​ប្រាប់អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​នឹង​មិន​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នករាល់​គ្នា​ទេ ហើយ​ក៏​មិន​ធ្វើ​តាម​បង្គាប់​របស់​លោក​តាម​រយៈ​ខ្ញុំ​ដែរ។+ ២២ ហេតុ​នេះ ចូរ​ដឹង​ជាក់​ថា​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ការ​អត់​ឃ្លាន និង​រោគ​រាតត្បាត នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចង់​ទៅ​រស់​នៅ​នោះ​»។+

៤៣ ពេល​យេរេមា​បាន​ប្រាប់​បណ្ដា​ជន​នូវ​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ គឺ​ជា​ពាក្យ​ដែល​ព្រះ​យេហូវ៉ា​បាន​ចាត់​គាត់​ឲ្យ​ទៅ​ប្រាប់​ពួក​គេ ២ នោះ​អាសារៀ​ជា​កូន​ហូសាយ៉ា យ៉ូហាណាន+ជា​កូន​ការៀ និង​ពួក​បុរស​ទាំង​អស់​ដែល​ប្រព្រឹត្ត​ឥត​កោត​ក្រែង បាន​និយាយ​ទៅ​កាន់​យេរេមា​ថា​៖ ​«​អ្វី​ដែល​អ្នក​និយាយ​គឺ​មិន​ពិត​ទេ! ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​មិន​បាន​ចាត់​អ្នក​ឲ្យ​មក​ប្រាប់​យើង​ថា​៖ ‹កុំ​ទៅ​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប›​នោះ​ទេ។ ៣ ប៉ុន្តែ បារូក+ជា​កូន​នេរា​បាន​ញុះញង់​អ្នក​ឲ្យ​ទាស់​នឹង​យើង ក្នុង​បំណង​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ខាល់ដេ​ដើម្បី​ឲ្យ​ពួក​គេ​សម្លាប់​យើង ឬ​នាំ​យើង​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​ប៉ុណ្ណោះ​»។+

៤ ដូច្នេះ យ៉ូហាណាន​ជា​កូន​ការៀ និង​ពួក​មេ​ទ័ព ព្រម​ទាំង​បណ្ដា​ជន​ទាំង​អស់ មិន​បាន​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​ដែល​ឲ្យ​ពួក​គេ​បន្ត​រស់​នៅ​ក្នុង​ស្រុក​យូដា​ទេ។ ៥ ផ្ទុយ​ទៅ​វិញ យ៉ូហាណាន​ជា​កូន​ការៀ​និង​ពួក​មេ​ទ័ព បាន​នាំ​ពួក​យូដា​ដែល​នៅ​សេស​សល់​ទៅ​ជា​មួយ គឺ​អស់​អ្នក​ដែល​បាន​ខ្ចាត់​ខ្ចាយ​ទៅ​រស់​នៅ​ក្នុង​ស្រុក​នានា ហើយ​ត្រឡប់​មក​រស់​នៅ​ក្នុង​ស្រុក​យូដា​វិញ។+ ៦ ពួក​គេ​បាន​នាំ​យក​បុរស ស្ត្រី កូន​ក្មេង និង​កូន​ស្រី​ៗ​របស់​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​អ្នក​ឯ​ទៀត ដែល​នេប៊ូសារ៉ាដាន+ជា​មេ​លើ​ពួក​អង្គរក្ស​ស្ដេច​ស្រុក​បាប៊ីឡូន បាន​ទុក​ឲ្យ​នៅ​ក្រោមការ​មើល​ខុស​ត្រូវ​របស់​កេដាលៀ+ជា​កូន​អាហាយខាម+ដែល​ជា​កូន​សាផាន+ ពួក​គេ​ក៏​បាន​នាំ​យក​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ និង​បារូក​ជា​កូន​នេរា​ទៅ​ជា​មួយ​ដែរ។ ៧ ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ថាផានីស+ក្នុង​ស្រុក​អេហ្ស៊ីប ព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ។

៨ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​យេរេមា​នៅ​ក្រុង​ថាផានីស​ដូច​ត​ទៅ​៖ ៩ ​«​ចូរ​យក​ថ្ម​ធំ​ៗ​ទៅ​លាក់​ក្រោម​កម្រាល​ឥដ្ឋ ហើយ​បូក​បាយអ​ពី​លើ ត្រង់​ច្រក​ចូល​វិមាន​ផារ៉ូ​ក្នុង​ក្រុង​ថាផានីស នៅ​ចំពោះ​មុខ​បុរស​ជនជាតិ​យូដា។ ១០ រួច​មក អ្នក​ត្រូវ​និយាយ​ទៅ​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​នឹង​ឲ្យ​គេ​ទៅ​ហៅ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​ជា​អ្នក​បម្រើ​ខ្ញុំ​ឲ្យ​មក+ ហើយ​ខ្ញុំ​នឹង​ដាក់​បល្ល័ង្ក​គាត់​នៅ​លើ​ថ្ម​ធំ​ៗ​ដែល​ខ្ញុំ​បាន​លាក់។ រួច​គាត់​នឹង​ដំឡើង​ត្រសាល​នៃ​រាជ្យ​គាត់​នៅ​លើ​ថ្ម​ទាំង​នោះ។+ ១១ គាត់​នឹង​មក​វាយ​ប្រហារ​ស្រុក​អេហ្ស៊ីប។+ ពេល​នោះ អ្នក​ណា​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ នឹង​ស្លាប់​ដោយ​ដាវ។ អ្នក​ណា​ដែល​ត្រូវ​ស្លាប់​ដោយ​រោគ​រាត​ត្បាត នឹង​ស្លាប់​ដោយ​រោគ​រាត​ត្បាត។ អ្នក​ណា​ដែល​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ នឹង​ធ្វើ​ជា​ឈ្លើយ។+ ១២ ខ្ញុំ​នឹង​ដុត​បំផ្លាញ​វិហារ​ទាំង​ប៉ុន្មាន​របស់​ព្រះ​នា​នា​ក្នុង​ស្រុក​អេហ្ស៊ីប+ ហើយ​ស្ដេច​នោះ​នឹង​ដុត​បំផ្លាញ​អ្វី​ទាំង​នោះ​ចោល រួច​ប្រមូល​ព្រះ​របស់​ពួក​គេ​យក​ទៅ។ គាត់​នឹង​យក​ស្រុក​អេហ្ស៊ីប​មក​រុំ​លើ​ខ្លួន ដូច​ជា​គង្វាល​យក​សម្លៀក​បំពាក់​មក​ពាក់​ដែរ។ ក្រោយ​មក គាត់​នឹង​ចាក​ចេញ​ទៅ​ដោយ​សុខ​សាន្ត។* ១៣ គ្រា​នោះ គាត់​នឹង​វាយ​កម្ទេច​បង្គោល​ទាំង​ប៉ុន្មាន​នៅ​ក្រុង​បេតសេមែស*ក្នុង​ស្រុក​អេហ្ស៊ីប ថែម​ទាំង​ដុត​បំផ្លាញ​វិហារ​ទាំង​ឡាយ​របស់​ព្រះ​នា​នា​ក្នុង​ស្រុក​នោះ​ផង​ដែរ​»​›​»។

៤៤ ព្រះ​បាន​មាន​ប្រសាសន៍​តាម​រយៈ​យេរេមា​ទៅ​កាន់​ពួក​យូដា​ទាំង​អស់ ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប+ គឺ​នៅ​មីកដុល+ ក្រុង​ថាផានីស+ ក្រុង​ណូព*+ និង​តំបន់​ប៉ាត្រូស។+ លោក​មាន​ប្រសាសន៍​ថា​៖ ២ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ‹អ្នក​រាល់​គ្នា​បាន​ឃើញ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មាន​ទៅ​លើ​ក្រុង​យេរូសាឡិម+ និង​បណ្ដា​ក្រុង​ឯ​ទៀត​ក្នុង​ស្រុក​យូដា។ សព្វ​ថ្ងៃ​នេះ ក្រុង​ទាំង​នោះ​វិនាស​ហិនហោច​អស់​ហើយ គ្មាន​អ្នក​ណា​រស់​នៅ​ទៀត​ទេ។+ ៣ រឿង​នេះ​បាន​កើត​ឡើង ដោយ​សារ​តែ​បណ្ដា​ជន​ទាំង​នោះ​បាន​ធ្វើ​អំពើ​អាក្រក់​ដែល​នាំ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ជា​ខ្លាំង គឺ​ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ឯ​ទៀត+ និង​គោរព​បម្រើ​ដល់​ព្រះ​ទាំង​នោះ ជា​ព្រះ​ដែល​ពួក​គេ​មិន​ស្គាល់ ហើយ​សូម្បី​តែ​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ធ្លាប់​ស្គាល់​ដែរ។+ ៤ ខ្ញុំ​បាន​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ជា​អ្នក​បម្រើ​របស់​ខ្ញុំ ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ​«​សូម​កុំ​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច្នេះ​ទៀត ព្រោះ​ខ្ញុំ​ស្អប់​អំពើ​ទាំង​នេះ​ណាស់​»។+ ៥ ប៉ុន្តែ ពួក​គេ​មិន​បាន​ផ្ទៀង​ត្រចៀក​ស្ដាប់​ឡើយ ហើយ​ក៏​មិន​បាន​បែរ​ចេញ​ពី​ការ​ប្រព្រឹត្ត​អាក្រក់ ដោយ​ឈប់​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ឯ​ទៀត​ដែរ។+ ៦ ម្ល៉ោះ​ហើយ ខ្ញុំ​ខឹង​ជា​ខ្លាំង ហើយ​បាន​បញ្ចេញ​កំហឹង​ដែល​ប្រៀប​ដូច​ជា​ភ្លើង​ឆាប​ឆេះ​ទៅ​លើ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា និង​ផ្លូវ​ទាំង​ប៉ុន្មាន​ក្នុង​ក្រុង​យេរូសាឡិម។ ក្រុង​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​សំណង់​បាក់​បែក និង​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ រហូត​មក​ដល់​សព្វ​ថ្ងៃ›។+

៧ ​«​ឥឡូវ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​នាំ​សេចក្ដី​វេទនា​ដ៏​ធំ​ធ្លាក់​មក​លើ​ខ្លួន​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​បុរស​ស្ត្រី កូន​ក្មេង​និង​ទារក​ទាំង​អស់ ត្រូវ​វិនាស​ពី​ស្រុក​យូដា​គ្មាន​សល់​អ្នក​ណា​ម្នាក់​ឬ? ៨ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ដោយ​សារ​ទង្វើ​របស់​អ្នក​រាល់​គ្នា ហើយ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ឯ​ទៀត​ក្នុង​ស្រុក​អេហ្ស៊ីប​ដែល​អ្នក​រាល់​គ្នា​បាន​ទៅ​រស់​នៅ​ដូច្នេះ? អ្នក​រាល់​គ្នា​នឹង​វិនាស​ទៅ ហើយ​នឹង​រង​ការ​ជេរ​ប្រមាថ​និង​ការ​មាក់ងាយ​ពី​ប្រជា​ជាតិ​នា​នា​នៅ​ផែនដី។+ ៩ តើ​អ្នក​រាល់​គ្នា​ភ្លេច​នូវ​ទង្វើ​ដ៏​អាក្រក់​របស់​បុព្វ​បុរស​អ្នក​រាល់​គ្នា និង​អំពើ​ទុច្ចរិត​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា+និង​ប្រពន្ធ​របស់​ពួក​គេ​ហើយ​ឬ?+ ចុះ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​និង​ប្រពន្ធ​អ្នក​រាល់​គ្នា+បាន​ប្រព្រឹត្ត​ក្នុង​ស្រុក​យូដា​និង​តាម​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡិម​វិញ តើ​អ្នក​រាល់​គ្នា​ភ្លេច​ដែរ​ឬ? ១០ រហូត​មក​ដល់​ឥឡូវ អ្នក​រាល់​គ្នា​នៅ​តែ​មិន​បាន​បន្ទាប​ខ្លួន និង​បង្ហាញ​ចិត្ត​កោត​ខ្លាច​ចំពោះ​ខ្ញុំ​ទេ+ ហើយ​ក៏​មិន​បាន​កាន់​តាម​ច្បាប់​និងបញ្ញត្តិ​ដែល​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ដែរ›។+

១១ ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​លើ​អ្នក​រាល់​គ្នា ហើយ​បំផ្លាញ​ស្រុក​យូដា​ទាំង​មូល។ ១២ ខ្ញុំ​នឹង​ចាប់​ពួក​យូដា​ដែល​នៅ​សេស​សល់ ជា​អ្នក​ដែល​បាន​តាំង​ចិត្ត​ទៅ​ស្រុក​អេហ្ស៊ីប+ ហើយ​ពួក​គេ​នឹង​វិនាស​នៅ​ក្នុង​ស្រុក​នោះ។ ពួក​គេ​នឹង​ស្លាប់​ដោយ​ដាវ និង​ការ​អត់​ឃ្លាន គឺ​ចាប់​ពី​ពួក​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត។ ពួក​គេ​នឹង​ត្រូវ​បណ្ដាសា រង​ការ​ជេរ​ប្រមាថ និង​ការ​មាក់ងាយ ហើយ​មនុស្ស​ឯ​ទៀត​នឹង​ភ័យ​តក់​ស្លុត​ពេល​ឮ​អំពី​ពួក​គេ។+ ១៣ ខ្ញុំ​នឹង​ដាក់​ទោស​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប ដូច​ខ្ញុំ​បាន​ដាក់​ទោស​អ្នក​ក្រុង​យេរូសាឡិម​ដែរ គឺ​ឲ្យ​ពួក​គេ​ស្លាប់​ដោយ​ដាវ ការ​អត់​ឃ្លាន និង​រោគ​រាត​ត្បាត។+ ១៤ ម្ល៉ោះ​ហើយ ពួក​យូដា​ដែល​នៅ​សេស​សល់ និង​ដែល​បាន​ទៅ​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប ពួក​គេ​នឹង​មិន​រួច​ជីវិត​ទេ។ ទោះ​ជា​ពួក​គេ​ចង់​ត្រឡប់​មក​រស់​នៅ​ក្នុង​ស្រុក​យូដា​វិញ​ក្ដី ក៏​ពួក​គេ​មិន​អាច​ត្រឡប់​មក​វិញ​បាន​ដែរ លើក​លែង​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ›​»។

១៥ បុរស​ទាំង​ប៉ុន្មាន​ដែល​ដឹង​ថា​ប្រពន្ធ​ខ្លួន​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ឯ​ទៀត បាន​ឈរ​កុះ​ករ​នៅ​ទី​នោះ​ជា​មួយ​នឹង​ប្រពន្ធ​របស់​ពួក​គេ ហើយ​បណ្ដា​ជន​ដែល​រស់​នៅ​ស្រុក​ប៉ាត្រូស+ក្នុង​ទឹក​ដី​អេហ្ស៊ីប​ក៏​នៅ​ទី​នោះ​ដែរ។ ពួក​គេ​ទាំង​អស់​គ្នា​បាន​តប​ឆ្លើយ​នឹង​យេរេមា​ថា​៖ ១៦ ​«​យើង​នឹង​មិន​ស្ដាប់​ពាក្យ​ដែល​អ្នក​បាន​ប្រាប់​យើង​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ទេ។ ១៧ ផ្ទុយ​ទៅ​វិញ យើង​នឹង​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​យើង​បាន​និយាយ គឺ​យើង​នឹង​ជូន​គ្រឿង​បូជា​ដល់​ព្រះ​នាង​នៃ​មេឃា* និង​ច្រួច​ស្រា​ជា​គ្រឿង​បូជា​ដល់​ព្រះ​នាង​នោះ+ ដូច​ដែល​យើង បុព្វ​បុរស​យើង ស្ដេច​យើង និង​ពួក​អ្នក​គ្រប់​គ្រង​យើង ធ្លាប់​ធ្វើ​នៅ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា​និង​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡិម​ដែរ។ ពេល​យើង​ធ្វើ​ដូច្នោះ យើង​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ ថែម​ទាំង​មាន​ភាព​ចម្រុង​ចម្រើន ហើយ​គ្មាន​ទុក្ខ​វេទនា​ណា​ឡើយ។ ១៨ តាំង​ពី​ពេល​ដែល​យើង​ឈប់​ជូន​គ្រឿង​បូជា​និង​ឈប់​ច្រួច​ស្រា​ដល់​ព្រះ​នាង​នៃ​មេឃា* យើង​ចេះ​តែ​ខ្វះ​ខាត​សព្វ​គ្រប់ ហើយ​បាន​ស្លាប់​ដោយ​ដាវ​និង​ការ​អត់​ឃ្លាន​»។

១៩ ពួក​ស្រី​ៗ​បាន​និយាយ​បន្ថែម​ថា​៖ ​«​ពេល​យើង​ជូន​គ្រឿង​បូជា​និង​ច្រួច​ស្រា​ដល់​ព្រះ​នាង​នៃ​មេឃា* ប្ដី​យើង​បាន​យល់​ស្រប​ទាំង​ស្រុង ហើយ​ពេល​យើង​ធ្វើ​នំ​តាម​រូប​រាង​ព្រះ​នាង​និង​ច្រួច​ស្រា​ជា​គ្រឿង​បូជា​ជូន​ព្រះ​នាង ប្ដី​យើង​ក៏​យល់​ស្រប​ដែរ​»។

២០ បន្ទាប់​មក យេរេមា​បាន​ឆ្លើយ​ទៅ​បណ្ដា​ជន និង​ប្ដី​ប្រពន្ធ​ទាំង​នោះ​វិញ​ថា​៖ ២១ ​«​គ្រឿង​បូជា​ដែល​អ្នក​រាល់​គ្នា បុព្វ​បុរស​អ្នក​រាល់​គ្នា និង​បណ្ដា​ស្ដេច រួម​ទាំង​ពួក​អ្នក​គ្រប់​គ្រង និង​បណ្ដា​ជន​ក្នុង​ស្រុក បាន​ជូន​នៅ​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា​និង​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡិម+ ព្រះ​យេហូវ៉ា​បាន​ចាំ​ទុក​ក្នុង​ចិត្ត​លោក ហើយ​មិន​ភ្លេច​ទេ! ២២ នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​ទ្រាំ​លែង​បាន​នឹង​ការ​ប្រព្រឹត្ត​អាក្រក់ និង​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ទៀត​ហើយ។ ហេតុ​នេះ ស្រុក​របស់​អ្នក​រាល់​គ្នា​បាន​ក្លាយ​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ គ្មាន​អ្នក​ណា​រស់​នៅ​ទៀត។ អ្នក​ឯ​ទៀត​បាន​យក​ស្រុក​នេះ​សម្រាប់​ដាក់​បណ្ដាសា ហើយ​ពួក​គេ​ភ័យ​តក់​ស្លុត​ពេល​ឮ​អំពី​ស្រុក​នេះ ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។+ ២៣ នេះ​គឺ​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ជូន​គ្រឿង​បូជា​ទាំង​នេះ ហើយ​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ទាស់​នឹង​ព្រះ​យេហូវ៉ា ដោយ​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ព្រម​ទាំង​មិន​ធ្វើ​តាម​ច្បាប់ បញ្ញត្តិ និង​សេចក្ដី​រំលឹក​របស់​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ជួប​សេចក្ដី​វេទនា​បែប​នេះ ដូច​មាន​នៅ​សព្វ​ថ្ងៃ​»។+

២៤ រួច​យេរេមា​និយាយ​បន្ត​ទៀត​ទៅ​កាន់​បណ្ដា​ជន និង​ពួក​ស្ត្រី​ទាំង​ឡាយ​ថា​៖ ​«​ឱ​ពួក​យូដា​ដែល​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ចុះ។ ២៥ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​រាល់​គ្នា​និង​ប្រពន្ធ​អ្នក​រាល់​គ្នា បាន​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​និយាយ​ហើយ ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា​៖ ​«​យើង​នឹង​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​យើង​ជា​មិន​ខាន គឺ​យើង​នឹង​ជូន​គ្រឿង​បូជា​និង​ច្រួច​ស្រា​ដល់​ព្រះ​នាង​នៃ​មេឃា​»។*+ ពួក​ស្ត្រី​ទាំង​ឡាយ​អើយ! អ្នក​រាល់​គ្នា​ច្បាស់​ជា​ធ្វើ​តាម​សម្បថ​របស់​ខ្លួន​ពិត​ប្រាកដ​មែន›។

២៦ ​«​ហេតុ​នេះ ឱ​ពួក​យូដា​ដែល​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​៖ ‹​«​មើល! ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ដ៏​ឧត្ដម​របស់​ខ្ញុំ​ថា ខ្ញុំ​នឹង​មិន​ឲ្យ​ពួក​យូដា+ដែល​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប ប្រើ​នាម​ខ្ញុំ​ក្នុង​ពាក្យ​សម្បថ​របស់​ពួក​គេ​ទៀត​ទេ ជា​សម្បថ​ដែល​ពួក​គេ​និយាយ​ថា​៖ ‹ដូច​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ដែល​មាន​ជីវិត​រស់​នៅ!›។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ២៧ ឥឡូវ​ខ្ញុំ​កំពុង​ពិនិត្យ​មើល​ពួក​គេ​ដើម្បី​នាំ​សេចក្ដី​វេទនា​មក​លើ​ពួក​គេ មិន​មែន​ជា​សេចក្ដី​ល្អ​ឡើយ។+ ពួក​យូដា​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ និង​ការ​អត់​ឃ្លាន រហូត​ដល់​ពួក​គេ​វិនាស​សាប​សូន្យ​អស់។+ ២៨ មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​នឹង​រួច​ជីវិត​ពី​ដាវ ហើយ​ពួក​គេ​នឹង​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ។+ ក្រោយ​នោះ ពួក​យូដា​ដែល​នៅ​សេស​សល់​ក្នុង​ស្រុក​អេហ្ស៊ីប នឹង​ដឹង​ច្បាស់​ថា​ពាក្យ​របស់​អ្នក​ណា​ក្លាយ​ទៅ​ជា​ការ​ពិត តើ​ជា​ពាក្យ​របស់​ខ្ញុំ​ឬ​ពាក្យ​របស់​ពួក​គេ?​»​›​»។

២៩ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹នេះ​ជា​សញ្ញា​សម្គាល់​ដែល​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ក្នុង​ទឹក​ដី​នេះ។ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា​សេចក្ដី​វេទនា​ដែល​ខ្ញុំ​ប្រាប់​ថា​នឹង​មាន​មក​លើ​អ្នក​រាល់​គ្នា នឹង​កើត​ឡើង​ពិត​មែន។ ៣០ មើល! ខ្ញុំ​នឹង​ប្រគល់​ផារ៉ូ​ហូរ៉ា​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ និង​ពួក​អ្នក​ដែល​តាម​រក​ជីវិត​គាត់ ដូច​ខ្ញុំ​បាន​ប្រគល់​សេដេគា​ស្ដេច​ស្រុក​យូដា​ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន ជា​សត្រូវ​ដែល​តាម​រក​ជីវិត​គាត់​ដូច្នោះ​ដែរ។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា›​»។

៤៥ នៅ​ឆ្នាំ​ទី​៤ នៃ​រាជ្យ​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស​ជា​ស្ដេច​ស្រុក​យូដា បារូក+ជា​កូន​នេរា​បាន​កត់​ទុក​ពាក្យ​ទាំង​ប៉ុន្មាន​ក្នុង​រមូរ​តាម​បង្គាប់​យេរេមា+ជា​អ្នក​ប្រកាស​ទំនាយ។ ពេល​នោះ យេរេមា​បាន​ប្រាប់​បារូក​ដូច​ត​ទៅ​៖

២ ​«​ឱ​បារូក​អើយ! ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​អំពី​អ្នក​ថា​៖ ៣ ‹អ្នក​បាន​និយាយ​ថា​៖ ​«​វេទនា​ណាស់​ខ្ញុំ! ព្រោះ​ព្រះ​យេហូវ៉ា​បាន​បន្ថែម​ទុក្ខ​ព្រួយ​ពី​លើ​ការ​ឈឺ​ចាប់​របស់​ខ្ញុំ! ខ្ញុំ​ថ្ងូរ​រហូត​ដល់​អស់​កម្លាំង ហើយ​ខ្ញុំ​គ្មាន​សេចក្ដី​សុខ​ឡើយ​»​›។

៤ ​«​អ្នក​ត្រូវ​ប្រាប់​គាត់​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​មើល! អ្វី​ដែល​ខ្ញុំ​បាន​តាំង​ឡើង ខ្ញុំ​នឹង​រំលំ​ចុះ ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ដាំ ខ្ញុំ​នឹង​ដក​រំលើង​ចោល ខ្ញុំ​នឹង​ធ្វើ​ដូច្នោះ​ទៅ​លើ​ស្រុក​ទាំង​មូល។+ ៥ ប៉ុន្តែ ឯ​អ្នក​វិញ អ្នក​បែរ​ជា​ស្វែង​រក*ការ​ដ៏​ធំ​សម្រាប់​ខ្លួន។ ចូរ​ឈប់​ស្វែង​រក​ការ​ទាំង​នោះ​ទៅ​»​›។

​«​‹ព្រោះ​ខ្ញុំ​ហៀប​នឹង​នាំ​សេចក្ដី​វេទនា​មក​លើ​មនុស្ស​ទាំង​ឡាយ​ហើយ។+ មើល! នៅ​កន្លែង​ណា​ដែល​អ្នក​ទៅ ខ្ញុំ​នឹង​ជួយ​អ្នក​ឲ្យ​រួច​ជីវិត​ទុក​ជា​រង្វាន់›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

៤៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ ស្ដី​អំពី​ប្រជា​ជាតិ​ទាំង​ឡាយ។+ ២ នៅ​ឆ្នាំ​ទី​៤​នៃ​រាជ្យ​យេហូយ៉ាគីម+ជា​កូន​យ៉ូសៀស​ជា​ស្ដេច​ស្រុក​យូដា ទ័ព​របស់​ផារ៉ូ​នេកូ+ជា​ស្ដេច​ស្រុក​អេហ្ស៊ីប​ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេ​អឺប្រាត បាន​ច្បាំង​ចាញ់​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​ក្រុង​កាកេមីស។ ស្ដី​អំពី​ស្រុក​អេហ្ស៊ីប+និង​ទ័ព​ពួក​គេ ព្រះ​បាន​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖

 ៣ ​«​ចូរ​រៀបចំ​ខែល​តូច*និង​ខែល​ធំ ហើយ​ចូល​ប្រយុទ្ធ​ទៅ។

 ៤ ឱ​ទ័ព​សេះ​អើយ! ចូរ​ត្រៀម​សេះ ហើយ​ឡើង​ជិះ​ចុះ។

ចូរ​តម្រៀប​ទ័ព ហើយ​ពាក់​មួក​ចម្បាំង។

ចូរ​ខាត់​លំពែង ហើយ​ពាក់​អាវ​ក្រោះ។

 ៥ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ហេតុ​អ្វី​ក៏​ខ្ញុំ​ឃើញ​ពួក​គេ​ភ័យ​តក់​ស្លុត​ដូច្នេះ?

ពួក​គេ​កំពុង​ដក​ថយ ហើយ​ទ័ព​ដ៏​អង់អាច​របស់​ពួក​គេ​បាន​ខ្ចាត់​ខ្ចាយ។

ពួក​គេ​រត់​ស្លន់ស្លោ ហើយ​ទ័ព​អង់អាច​របស់​ពួក​គេ​មិន​បែរ​ក្រោយ​ទេ។

ពេល​នោះ មាន​ការ​ភ័យ​ខ្លាច​នៅ​គ្រប់​ទិស​ទី›។

 ៦ ‹អ្នក​ដែល​រត់​លឿន​មិន​អាច​រត់​គេច​បាន​ទេ

ហើយ​ទ័ព​ខ្លាំង​ពូកែ​ក៏​មិន​អាច​គេច​ខ្លួន​បាន​ដែរ។

នៅ​ទិស​ខាង​ជើង ក្បែរ​ច្រាំង​ទន្លេ​អឺប្រាត ពួក​គេ​បាន​ជំពប់​ដួល›។+

 ៧ តើ​អ្នក​ណា​កំពុង​ឡើង​មក​ដូច​ជា​ទន្លេ​នីល

គឺ​ដូច​ជា​ទឹក​ទន្លេ​ដែល​កញ្ជ្រោល​បក់​បោក?

 ៨ ពួក​អេហ្ស៊ីប​កំពុង​ឡើង​មក​ដូច​ជា​ទន្លេ​នីល+

គឺ​ដូច​ជា​ទឹក​ទន្លេ​ដែល​កញ្ជ្រោល​បក់​បោក

ហើយ​ពោល​ថា​៖ ‹ខ្ញុំ​នឹង​ឡើង​ទៅ​គ្រប​លើ​ផែនដី។

ខ្ញុំ​នឹង​បំផ្លាញ​ក្រុង​នេះ​និង​ពួក​អ្នក​ក្រុង​ចោល›។

 ៩ សេះ​ទាំង​ឡាយ​អើយ! ចូរ​ឡើង​ទៅ។

រទេះ​ចម្បាំង​អើយ! ចូរ​បរ​ឲ្យ​លឿន​ឡើង។

ចូរ​ឲ្យ​ទ័ព​អង់អាច​សម្រុក​ចូល​ទៅ

ជា​ទ័ព​គូស​និង​ទ័ព​ផឹត​ដែល​កំពុង​កាន់​ខែល+

រួម​ទាំង​ទ័ព​លូតឌីម+ដែល​កំពុង​យឹត​ធ្នូ​ដែរ។+

១០ ​«​ថ្ងៃ​នោះ​ជា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត គឺ​ជា​ថ្ងៃ​ដែល​លោក​សង​សឹក​នឹង​ពួក​សត្រូវ។ ដាវ​លោក​នឹង​ត្របាក់​ពួក​គេ​ទាល់​តែ​ឆ្អែត ហើយ​ប្រឡាក់​ជោក​ជាំ​ដោយ​ឈាម ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត មាន​គ្រឿង​បូជា​មួយ​នៅ​ស្រុក​ខាង​ជើង​ក្បែរ​ទន្លេ​អឺប្រាត។+

១១ ឱ​កូន​ក្រមុំ​បរិសុទ្ធ​នៃ​ស្រុក​អេហ្ស៊ីប*អើយ!

ចូរ​ឡើង​ទៅ​យក​ប្រេង​បាលសាម​នៅ​តំបន់​គីលាត។+

នាង​ប្រើ​ថ្នាំ​ជា​ច្រើន​មុខ តែ​ឥត​ប្រយោជន៍​ទេ

ព្រោះ​នាង​នឹង​មិន​ជា​សះ​ស្បើយ​ឡើយ។+

១២ ប្រជា​ជាតិ​នា​នា​បាន​ឮ​អំពី​សេចក្ដី​អាម៉ាស់​របស់​នាង+

ហើយ​សម្រែក​របស់​នាង​បាន​លាន់​ឮ​ពេញ​ស្រុក។

ព្រោះ​ពួក​ទាហាន​ខ្លាំង​ពូកែ​រត់​ប្រទាក់​ជើង​គ្នា

ហើយ​ពួក​គេ​ដួល​ជា​មួយ​គ្នា​»។

១៣ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​មក​កាន់​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ ស្ដី​អំពី​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន ដែល​នឹង​មក​វាយ​ប្រហារ​ស្រុក​អេហ្ស៊ីប។ លោក​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖+

១៤ ​«​ចូរ​ទៅ​ប្រកាស​នៅ​ស្រុក​អេហ្ស៊ីប គឺ​នៅ​តំបន់​មីកដុល+

ក្រុង​ណូព* និង​ក្រុង​ថាផានីស។+

អ្នក​ត្រូវ​ប្រកាស​ថា​៖ ‹ចូរ​តម្រៀប​ទ័ព ហើយ​ត្រៀម​ខ្លួន​ទៅ

ព្រោះ​ដាវ​មួយ​នឹង​ត្របាក់​ពួក​អ្នក​ដែល​នៅ​ជុំវិញ​អ្នក​រាល់​គ្នា។

១៥ ហេតុ​អ្វី​ក៏​ពួក​បុរស​ខ្លាំង​ពូកែ​របស់​អ្នក​រាល់​គ្នា​បាន​ខ្ចាត់​ខ្ចាយ​ទៅ​ដូច្នេះ?

ពួក​គេ​មិន​បាន​ឈរ​តតាំង​នឹង​សត្រូវ​ទេ

ព្រោះ​ព្រះ​យេហូវ៉ា​បាន​ច្រាន​ពួក​គេ​ឲ្យ​ដួល​ហើយ។

១៦ ពួក​គេ​ជា​ច្រើន​នាក់​បាន​ជំពប់​ដួល ហើយ​និយាយ​គ្នា​ថា​៖

​«​ចូរ​ក្រោក​ឡើង ហើយ​រត់​គេច​ពី​ដាវ​ដ៏​សាហាវ​នេះ​ទៅ

យើង​នឹង​ត្រឡប់​ទៅ​ឯ​ជន​រួម​ជាតិ​និង​ស្រុក​កំណើត​របស់​យើង​វិញ​»​›។

១៧ នៅ​ទី​នោះ ពួក​គេ​បាន​ប្រកាស​ថា​៖

‹ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប​ចេះ​តែ​និយាយ​ឥត​បាន​ការ

ហើយ​ឲ្យ​ឱកាស​នោះ​កន្លង​ផុត​ទៅ›។+

១៨ មហា​ក្សត្រ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ដែល​មាន​នាម​ជា​យេហូវ៉ា​បាន​ប្រកាស​ថា​៖ ‹ដូច​ខ្ញុំ​មាន​ជីវិត​រស់​នៅ

ខ្ញុំ​ស្បថ​ថា​បុគ្គល​នោះ*នឹង​ចូល​មក​ដូច​ជា​ភ្នំ​ថេបោ+ក្នុង​ចំណោម​ភ្នំ​ឯ​ទៀត

និង​ដូច​ជា​ភ្នំ​កើមែល+នៅ​ក្បែរ​សមុទ្រ។

១៩ ឱ​កូន​ស្រី​ដែល​រស់​នៅ​ស្រុក​អេហ្ស៊ីប​អើយ!

ចូរ​វេច​បង្វេច​សម្រាប់​ការ​និរទេស​ទៅ

ព្រោះ​ក្រុង​ណូព​នឹង​ត្រូវ​ដុត​បំផ្លាញ​ចោល* ហើយ​គ្មាន​នរណា​នៅ​ទៀត​ទេ។+

ពេល​ឮ​អំពី​ក្រុង​នេះ មនុស្ស​នឹង​ភ័យ​តក់​ស្លុត។

២០ ស្រុក​អេហ្ស៊ីប​ប្រៀប​ដូច​ជា​គោ​ញី​ដ៏​ស្អាត

តែ​សត្វ​របោម​ពី​ទិស​ខាង​ជើង នឹង​មក​រោម​ខាំ​វា។

២១ សូម្បី​តែ​ទាហាន​ដែល​ពួក​គេ​បាន​ជួល ក៏​ប្រៀប​ដូច​ជា​កូន​គោ​ធាត់​ដែរ

ពួក​គេ​បាន​បែរ​ក្រោយ ហើយ​រត់​ទៅ​វិញ​ជា​មួយ​គ្នា។

ពួក​គេ​មិន​អាច​ឈរ​តតាំង​នឹង​សត្រូវ​បាន​ទេ+

ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​វិនិច្ឆ័យ​ពួក​គេ ហើយ​ពួក​គេ​នឹង​វិនាស​ទៅ​ជា​ប្រាកដ›។

២២ ‹សំឡេង​នាង​ដូច​ជា​ពស់​លូន​គេច​ខ្លួន

ព្រោះ​សត្រូវ​តាម​វាយ​ប្រហារ​នាង​ដោយ​ពូថៅ

ដូច​ជា​ពួក​អ្នក​ដែល​កាប់​រំលំ​ដើម​ឈើ។*

២៣ ពួក​គេ​នឹង​កាប់​បំផ្លាញ​ព្រៃ​របស់​នាង ទោះ​ជា​ព្រៃ​នោះ​ពិបាក​ចូល​ក៏​ដោយ›។

នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

‹ព្រោះ​ពួក​គេ​មាន​គ្នា​ច្រើន​ជាង​ហ្វូង​កណ្ដូប​ទៅ​ទៀត ហើយ​គ្មាន​នរណា​ដឹង​ចំនួន​ឡើយ។

២៤ កូន​ស្រី​អេហ្ស៊ីប​នឹង​អាម៉ាស់​មុខ​មិន​ខាន។

នាង​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជា​ជាតិ​ដែល​មក​ពី​ទិស​ខាង​ជើង›។+

២៥ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ឥឡូវ ខ្ញុំ​នឹង​ដាក់​ទោស​អេម៉ុន+ជា​ព្រះ​នៃ​ក្រុង​ណូ*+ ព្រម​ទាំង​ដាក់​ទោស​ផារ៉ូ និង​ស្រុក​អេហ្ស៊ីប ព្រះ​ទាំង​ឡាយ+ និង​បណ្ដា​ស្ដេច​ក្នុង​ស្រុក​អេហ្ស៊ីប​ផង​ដែរ។ ខ្ញុំ​នឹង​ធ្វើ​ដូច្នេះ​ទៅ​លើ​ផារ៉ូ​និង​អស់​អ្នក​ដែល​ទុក​ចិត្ត​គាត់›។+

២៦ ​«​‹ខ្ញុំ​នឹង​ប្រគល់​ពួក​អេហ្ស៊ីប​ទៅ​ក្នុង​កណ្ដាប់​ដៃ​អស់​អ្នក​ដែល​តាម​រក​ជីវិត​ពួក​គេ គឺ​ដល់​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន+និង​ពួក​អ្នក​បម្រើ​គាត់។ ប៉ុន្តែ ក្រោយ​មក​ស្រុក​អេហ្ស៊ីប​នឹង​មាន​មនុស្ស​រស់​នៅ​ឡើង​វិញ​ដូច​នៅ​គ្រា​មុន›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។+

២៧ ‹ចំណែក​អ្នក​វិញ ឱ​យ៉ាកុប​ជា​អ្នក​បម្រើ​ខ្ញុំ​អើយ! កុំ​ភ័យ​ខ្លាច​ឡើយ

ឱ​អ៊ីស្រាអែល​អើយ! កុំ​តក់​ស្លុត​ឲ្យ​សោះ+

ព្រោះ​ខ្ញុំ​នឹង​សង្គ្រោះ​អ្នក​ពី​ចម្ងាយ

ព្រម​ទាំង​សង្គ្រោះ​ពូជ​ពង្ស​អ្នក​ពី​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ។+

យ៉ាកុប​នឹង​ត្រឡប់​មក​វិញ ហើយ​រស់​នៅ​ដោយ​ស្ងៀម​ស្ងាត់​គ្មាន​អ្នក​ណា​មក​រំខាន​ទេ

ហើយ​ក៏​គ្មាន​អ្នក​ណា​មក​បំភ័យ​ពួក​គេ​ដែរ។+

២៨ ដូច្នេះ ឱ​យ៉ាកុប​ជា​អ្នក​បម្រើ​ខ្ញុំ​អើយ! កុំ​ខ្លាច​ឡើយ ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​អ្នក។

ខ្ញុំ​នឹង​បំផ្លាញ​ប្រជា​ជាតិ​នា​នា​ដែល​ខ្ញុំ​អនុញ្ញាត​ឲ្យ​ចាប់​អ្នក+

តែ​ខ្ញុំ​នឹង​មិន​បំផ្លាញ​អ្នក​ទេ។+

ខ្ញុំ​នឹង​ប្រដៅ​តម្រង់​អ្នក​ស្រប​តាម​កំហុស​របស់​អ្នក+

តែ​ខ្ញុំ​នឹង​មិន​ឲ្យ​អ្នក​រួច​ពី​ទោស​ឡើយ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

៤៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ ស្ដី​អំពី​ស្រុក​ភីលីស្ទីន+ មុន​ពេល​ផារ៉ូ​វាយ​ឈ្នះ​ក្រុង​កាសា។ ២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖

​«​មើល! មាន​ទឹក​ហូរ​មក​ពី​ទិស​ខាង​ជើង។

ទឹក​នោះ​ជន់​ឡើង​ដូច​ជា​ទន្លេ​ហូរ​យ៉ាង​ខ្លាំង

ពន្លិច​ស្រុក​និង​អ្វី​ៗ​ទាំង​អស់​ក្នុង​ស្រុក​នោះ

គឺ​ទាំង​ក្រុង​ទាំង​អ្នក​រស់​នៅ​ក្នុង​ក្រុង។

ពួក​បុរស​នឹង​ស្រែក​ឡើង

ហើយ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​នឹង​ទ្រហោ​យំ។

 ៣ ពេល​នោះ មាន​ឮ​សូរ​សន្ធឹក​សេះ​ផាយ និង​សូរ​សំឡេង​រទេះ​ចម្បាំង

ហើយ​ក៏​ឮ​សំឡេង​កង់​រទេះ​ចម្បាំង​យ៉ាង​ទ្រហឹង។

រីឯ​ឪពុក​ទាំង​ឡាយ ពួក​គេ​នឹង​មិន​បែរ​មក​រកកូន​ខ្លួន​ទេ

ព្រោះ​ដៃ​ពួក​គេ​ស្រយង់​អស់​ហើយ។

 ៤ ព្រោះ​ពេល​ថ្ងៃ​នោះ​មក​ដល់ ពួក​ភីលីស្ទីន​នឹង​ត្រូវ​បំផ្លាញ​ចោល+

គឺ​សម្ព័ន្ធមិត្ត​ដែល​នៅ​សេស​សល់​របស់​ក្រុង​ទីរ៉ុស+​និង​ក្រុង​ស៊ីដូន+ នឹង​ត្រូវ​បំផ្លាញ។

ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ប្រហារ​ពួក​ភីលីស្ទីន ជា​ពួក​អ្នក​ដែល​នៅ​សេស​សល់​ពី​កោះ​កាបតូ។*+

 ៥ ក្រុង​កាសា​នឹង​ត្រូវ​ត្រងិល។* ក្រុង​អាសកាឡូន​បាន​វិនាស​ហើយ។+

ឱ​អ្នក​សេស​សល់​ដែល​រស់​នៅ​តំបន់​វាល​អើយ!

តើ​ពួក​អ្នក​នៅ​តែ​ឆូត​សាច់​ខ្លួន​ដល់​កាល​ណា​ទៀត?+

 ៦ ឱ​ដាវ​របស់​ព្រះ​យេហូវ៉ា​អើយ!+ តើ​នៅ​តែ​ប្រហារ​ដល់​ពេល​ណា​ទៀត?

ចូរ​ចូល​ក្នុង​ស្រោម​វិញ​ទៅ ហើយ​សម្រាក​ដោយ​ស្ងៀម​ស្ងាត់​ចុះ។

 ៧ ពេល​ព្រះ​យេហូវ៉ា​ចេញ​បញ្ជា តើ​ឲ្យ​នៅ​ស្ងៀម​ម្ដេច​នឹង​បាន?

លោក​បាន​ចាត់​ដាវ​លោក​ឲ្យ​ទៅ​ប្រហារ​ក្រុង​អាសកាឡូន​និង​តំបន់​ឆ្នេរ​សមុទ្រ​ហើយ​»។+

៤៨ ស្ដី​អំពី​ស្រុក​ម៉ូអាប់+ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖

​«​វេទនា​ដល់​ក្រុង​នេបូរ+ ព្រោះ​នាង​បាន​ត្រូវ​បំផ្លាញ​ចោល​ហើយ!

ក្រុង​គារីអាតថេម+បាន​រង​ការ​អាម៉ាស់ ហើយ​ត្រូវ​គេ​ដណ្ដើម​យក។

ទី​ពំនាក់​ដ៏​រឹង​មាំ​បាន​ខ្ទេច​ខ្ទី​អស់ ហើយ​អ្នក​ដែល​នៅ​ក្នុង​នោះ​បាន​បាក់​មុខ។+

 ២ គេ​លែង​លើក​តម្កើង​ស្រុក​ម៉ូអាប់​ទៀត​ហើយ។

ក្នុង​ក្រុង​ហែសបូន+ ពួក​សត្រូវ​បាន​ឃុប​ឃិត​គ្នា​បំផ្លាញ​ស្រុក​នោះ​ដោយ​និយាយ​ថា​៖

‹ចូរ​មក យើង​នាំ​គ្នា​កម្ទេច​ប្រជា​ជាតិ​នេះ​ឲ្យ​សាប​សូន្យ›។

រីឯ​អ្នក​វិញ ឱ​ម៉ាតម៉ែន​អើយ! ចូរ​នៅ​ស្ងៀម ព្រោះ​ដាវ​កំពុង​ដេញ​តាម​អ្នក។

 ៣ មាន​ឮ​សម្រែក​ចេញ​ពី​ហូរ៉ូណែម+

ដោយ​សារ​ការ​បំផ្លិច​បំផ្លាញ​និង​ការ​ផ្ដួល​រំលំ​ដ៏​ធំ​សម្បើម។

 ៤ ស្រុក​ម៉ូអាប់​បាន​ត្រូវ​វាយ​កម្ទេច

ហើយ​កូន​តូច​ៗ​នៅ​ក្នុង​ស្រុក​នោះ​ក៏​ស្រែក​យំ។

 ៥ នៅ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​លូហ៊ីត ពួក​គេ​ដើរ​បណ្ដើរ​យំ​បណ្ដើរ

នៅ​តាម​ផ្លូវ​ចុះ​ពី​ហូរ៉ូណែម ពួក​គេ​ឮ​សម្រែក​កើត​ទុក្ខ​ដោយ​សារ​ការ​វិនាស​អន្តរាយ។+

 ៦ ចូរ​រត់​គេច​ឲ្យ​រួច​ជីវិត​ទៅ!

អ្នក​នឹង​ប្រៀប​ដូច​ជា​ដើម​យូនីពើ​មួយ​ដើម​នៅ​តំបន់​ស្ងាត់​ជ្រងំ។

 ៧ អ្នក​នឹង​ត្រូវ​គេ​ដណ្ដើម​យក

ព្រោះ​អ្នក​ទុក​ចិត្ត​ទៅ​លើ​ទ្រព្យ​សម្បត្តិ​និង​ស្នា​ដៃ​របស់​ខ្លួន។

ព្រះកេម៉ូស+នឹង​ត្រូវ​គេ​នាំ​យក​ទៅ

ជា​មួយ​នឹង​ពួក​អ្នក​គ្រប់​គ្រង​និង​ពួក​សង្ឃ​របស់​ព្រះ​នោះ​ដែរ។

 ៨ អ្នក​បំផ្លាញ​នឹង​មក​វាយ​ប្រហារ​ក្រុង​ទាំង​ឡាយ

ហើយ​គ្មាន​ក្រុង​ណា​មួយ​គេច​រួច​ទេ។+

ជ្រលង*នឹង​ត្រូវ​វិនាស

ហើយ​តំបន់​រាប​ស្មើ*នឹង​សាប​សូន្យ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មែន។

 ៩ ចូរ​ដំឡើង​បង្គោល​សញ្ញា​សម្រាប់​អ្នក​ស្រុក​ម៉ូអាប់​ទៅ

ព្រោះ​ពេល​ស្រុក​នេះ​ត្រូវ​បំផ្លាញ​ចោល ពួក​គេ​នឹង​រត់​ចេញ

ហើយ​លែង​មាន​មនុស្ស​រស់​នៅ​ក្នុង​ក្រុង​ទាំង​ប៉ុន្មាន​នោះ​ទៀត។

ពេល​អ្នក​ឯ​ទៀត​ឮ​អំពី​ក្រុង​ទាំង​នោះ ពួក​គេ​នឹង​ភ័យ​តក់​ស្លុត​ជា​ខ្លាំង។+

១០ អ្នក​ណា​ដែល​ធ្វើ​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា​ដោយ​ធ្វេស​ប្រហែស​នោះ​ត្រូវ​បណ្ដាសា​ហើយ!

ចំណែក​អ្នក​ណា​ដែល​មិន​ព្រម​ហូត​ដាវ​សម្លាប់ ក៏​ត្រូវ​បណ្ដាសា​ដែរ!

១១ តាំង​ពី​ពួក​ម៉ូអាប់​នៅ​ក្មេង គ្មាន​នរណា​មក​រំខាន​ពួក​គេ​ទេ

ហើយ​ក៏​មិន​ដែល​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ដែរ។

ពួក​គេ​ប្រៀប​ដូច​ជា​ស្រា​ទំពាំង​បាយ​ជូរ​ដែល​គេ​ទុក​ឲ្យ​រង​កករ

ហើយ​មិន​ត្រូវ​ចាក់​ផ្ទេរ​ពី​ភាជនៈ​មួយ​ទៅ​ភាជនៈ​មួយ​ទេ។

ហេតុ​នេះ​ហើយ​បាន​ជា​រស​ជាតិ​មិន​បាន​ផ្លាស់​ប្ដូរ ហើយ​ក្លិន​ក៏​នៅ​ដដែល។

១២ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ហេតុ​នេះ មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​ខ្ញុំ​ចាត់​គេ​ឲ្យ​ទៅ​ចាក់​ពួក​គេ​ចេញ​ពី​ភាជនៈ គឺ​ផ្កាប់​តែ​ម្ដង មិន​ឲ្យ​សល់​អ្វី​ឡើយ។ រួច​គេ​នឹង​វាយ​បំបែក​ភាជនៈ​ធំ​ៗ​ឲ្យ​ខ្ទេច​ខ្ទី​អស់។ ១៣ ពួក​ម៉ូអាប់​នឹង​រង​ការ​អាម៉ាស់​ដោយ​សារ​កាន់​តាម​ព្រះកេម៉ូស ដូច​ពូជ​ពង្ស​អ៊ីស្រាអែល​រង​ការ​អាម៉ាស់​ដោយ​សារ​ជូន​គ្រឿង​បូជា​នៅ​បេតអែល ជា​កន្លែង​ដែល​ពួក​គេ​ធ្លាប់​ជឿ​ទុក​ចិត្ត។+

១៤ ហេតុ​ដូច​ម្ដេច​ក៏​អ្នក​ហ៊ាន​និយាយ​ថា​៖ ​«​យើង​ជា​ទ័ព​ខ្លាំង​ពូកែ​ហើយ​ត្រៀម​ចូល​ប្រយុទ្ធ​ជា​និច្ច​»​?›។+

១៥ មហា​ក្សត្រ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ដែល​មាន​នាម​យេហូវ៉ា បាន​ប្រកាស​ថា​៖+

‹ស្រុក​ម៉ូអាប់​បាន​ត្រូវ​បំផ្លាញ​ហើយ

ក្រុង​ទាំង​ឡាយ​ត្រូវ​គេ​ឈ្លានពាន​ដណ្ដើម​យក។+

ចំណែក​ពួក​យុវជន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ ក៏​ត្រូវ​គេ​សម្លាប់​អស់​ដែរ›។+

១៦ សេចក្ដី​ហិន​វិនាស​របស់​ពួក​ម៉ូអាប់​កំពុង​មក​យ៉ាង​ឆាប់

ហើយ​ការ​ដួល​រលំ​របស់​ពួក​គេ​ក៏​កំពុង​មក​យ៉ាង​ប្រញាប់​ដែរ។+

១៧ គ្រា​នោះ ប្រជា​ជាតិ​នៅ​ជុំវិញ​ដែល​ស្គាល់​ឈ្មោះ​ពួក​គេ

នឹង​អាណិត​ពួក​គេ​ជា​ខ្លាំង

ហើយ​និយាយ​ថា​៖ ‹ឱ​ដំបង​ដ៏​ខ្លាំង​ក្លា​និង​ព្រនង់​ដ៏​រុង​រឿង​អើយ! មិន​គួរ​ណា​អ្នក​បាន​ត្រូវ​បំបាក់​ដូច្នេះ​សោះ!›។

១៨ ឱ​កូន​ស្រី​នៃ​ក្រុង​ឌីបូន*+អើយ!

ចូរ​ចុះ​ពី​កន្លែង​ដ៏​រុង​រឿង​របស់​អ្នក ហើយ​មក​អង្គុយ​ខាង​ក្រោម​ទាំង​ខះ​ក​ទៅ*

ព្រោះ​អ្នក​បំផ្លាញ​ស្រុក​ម៉ូអាប់ បាន​មក​ទាស់​នឹង​អ្នក​ហើយ។

គាត់​នឹង​បំផ្លាញ​ទី​រឹង​មាំ​ទាំង​ប៉ុន្មាន​របស់​អ្នក​ឲ្យ​ខ្ទេច​ខ្ទី​អស់។+

១៩ ឱ​អ្នក​ក្រុង​អារ៉ូអ៊ើរ+អើយ! ចូរ​ឈរ​មើល​តាម​ផ្លូវ​ចុះ

ហើយ​សួរ​បុរស​ស្ត្រី​ដែល​កំពុង​រត់​គេច​ខ្លួន​ថា​៖ ‹តើ​មាន​អ្វី​កើត​ឡើង?›។

២០ ពួក​ម៉ូអាប់​បាន​បាក់​មុខ​និង​ភ័យ​រន្ធត់​ជា​ខ្លាំង។ ចូរ​ទ្រហោ​យំ​ទៅ!

ចូរ​ប្រកាស​នៅ​ឯ​អើណូន+ថា​ស្រុក​ម៉ូអាប់​បាន​ត្រូវ​បំផ្លាញ​ហើយ។

២១ ​«​ឥឡូវ​ដល់​ពេល​វិនិច្ឆ័យ​តំបន់​រាប​ស្មើ*+ គឺ​ក្រុង​ហូឡូន ក្រុង​យេហាស+ និង​ក្រុង​មេផ្អាត+ ២២ ក្រុង​ឌីបូន+ ក្រុង​នេបូរ+ និង​ក្រុង​បេតឌីប្លាថេម ២៣ ក្រុង​គារីអាតថេម+ ក្រុង​បេតកាមូល និង​ក្រុង​បេតមេអន+ ២៤ ក្រុង​កេរីយ៉ុត+ ក្រុង​បូសរ៉ា និង​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ទឹក​ដី​ម៉ូអាប់ គឺ​ក្រុង​ទាំង​ជិត​ទាំង​ឆ្ងាយ។

២៥ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ម៉ូអាប់​បាន​ខ្សោយ​កម្លាំង

ដៃ​របស់​គាត់​បាន​ត្រូវ​គេ​បំបាក់​ហើយ›។

២៦ ‹ចូរ​ធ្វើ​ឲ្យ​ម៉ូអាប់​ស្រវឹង​ទៅ+ ព្រោះ​គាត់​បាន​តម្កើង​ខ្លួន​ទាស់​នឹង​ព្រះ​យេហូវ៉ា។+

គាត់​នឹង​ននៀល​ក្នុង​កម្អួត​ខ្លួន ហើយ​ត្រូវ​គេ​ប្រមាថ​មើល​ងាយ។

២៧ អ្នក​បាន​តិះ​ដៀល​អ៊ីស្រាអែល មែន​ទេ?+

តើ​អ្នក​បាន​ឃើញ​គាត់​ក្នុង​ចំណោម​ពួក​ចោរ​ឬ

បាន​ជា​អ្នក​គ្រវី​ក្បាល​ហើយ​និយាយ​ដាក់​គាត់​បែប​នេះ?

២៨ ឱ​អ្នក​ស្រុក​ម៉ូអាប់​អើយ! ចូរ​ចាក​ចេញ​ពី​ក្រុង​ទាំង​ឡាយ​ហើយ​ទៅ​រស់​នៅ​លើ​ផ្ទាំង​ថ្ម​ធំ​ទៅ

អ្នក​នឹង​ដូច​ជា​សត្វ​ព្រាប​ដែល​ធ្វើ​សម្បុក​នៅ​តាម​ជម្រាល​នៃ​ជ្រលង​ភ្នំ›​»។

២៩ ​«​យើង​បាន​ឮ​អំពី​អំណួត​របស់​ម៉ូអាប់​ហើយ គាត់​ពូកែ​អួតអាង​ណាស់

គឺ​គាត់​ក្រអឺតក្រអោង មាន​ឫក​ខ្ពស់ ក្អេង​ក្អាង ហើយ​ព្រហើន​ជា​ខ្លាំង​»។+

៣០ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ខ្ញុំ​ដឹង​ថា​គាត់​ជា​មនុស្ស​ឆាប់​ខឹង

ហើយ​ពាក្យ​សម្ដី​របស់​គាត់​មិន​បាន​ការ និង​គ្មាន​ប្រយោជន៍​សោះ។

៣១ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​នឹង​ទួញ​យំ​ចំពោះ​ស្រុក​ម៉ូអាប់

គឺ​ខ្ញុំ​នឹង​ទ្រហោ​យំ​ចំពោះ​អ្នក​ស្រុក​ម៉ូអាប់​ទាំង​អស់

ហើយ​ស្រែក​ថ្ងូរ​អាណិត​ពួក​បុរស​ដែល​នៅ​ឯ​គាហេរេស។+

៣២ ឱ​ដើម​ទំពាំង​បាយ​ជូរ​នៅ​ក្រុង​ស៊ីបម៉ា+អើយ! ខ្ញុំ​នឹង​យំ​ស្រណោះ​អ្នក

ខ្លាំង​ជាង​ក្រុង​យ៉ាសឺ+ទៅ​ទៀត។

ខ្នែង​របស់​អ្នក​បែក​ចេញ​ទៅ​ឆ្លង​កាត់​សមុទ្រ រហូត​ទៅ​ដល់​ក្រុង​យ៉ាសឺ។

ផល​ផ្លែ​ទំពាំង​បាយ​ជូរ​និង​ផល​រដូវ​ក្ដៅ​របស់​អ្នក

នឹង​ត្រូវ​អ្នក​បំផ្លាញ​មក​វាយ​កម្ទេច​ចោល។+

៣៣ ពេល​នោះ នឹង​លែង​មាន​សម្រែក​រីករាយ​នៅ​ក្នុង​ចម្ការ​នា​នា

គឺ​លែង​មាន​សម្រែក​អរ​សប្បាយ​ក្នុង​ស្រុក​ម៉ូអាប់​ទាំង​មូល។+

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​លែង​មាន​ស្រា​ហូរ​ចេញ​ពី​កន្លែង​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា

ហើយ​សូរ​សម្រែក​អំណរ​របស់​អ្នក​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ ក៏​លែង​មាន​ទៀត​ដែរ។

ប៉ុន្តែ ពួក​គេ​នឹង​ស្រែក​ដោយ​មូលហេតុ​ផ្សេង›​»។+

៣៤ ​«​‹មាន​ឮ​សម្រែក​ចេញ​ពី​ក្រុង​ហែសបូន+ លាន់​ឮ​ទៅ​ដល់​អេលៀឡា។+

ពួក​គេ​ស្រែក​យ៉ាង​ខ្លាំង លាន់​ឮ​ទៅ​ដល់​ក្រុង​យេហាស+

ចាប់​ពី​ក្រុង​សូអា​ទៅ​តំបន់​ហូរ៉ូណែម+ ហើយ​រហូត​ដល់​តំបន់​អេកឡាតសេលីស៊ីយ៉ា។

ឯ​ផ្លូវ​ទឹក​ទាំង​ប៉ុន្មាន​នៅ​តំបន់​នីមរីម នឹង​រីង​ស្ងួត​អស់›។+

៣៥ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ខ្ញុំ​នឹង​បំផ្លាញ​ឲ្យ​អស់​ពី​ស្រុក​ម៉ូអាប់

គឺ​អ្នក​ដែល​នាំ​យក​គ្រឿង​បូជា​ទៅ​ឯ​ទី​ខ្ពស់

និង​អ្នក​ដែល​ជូន​គ្រឿង​បូជា​ដល់​ព្រះ​របស់​ពួក​គេ។

៣៦ ហេតុ​នេះ​ហើយ ចិត្ត​ខ្ញុំ​ក្ដុក​ក្ដួល​នឹង​ស្រុក​ម៉ូអាប់

ហើយ​ថ្ងួច​ថ្ងូរ​ចំពោះ​ពួក​បុរស​ដែល​នៅ​គាហេរេស ដូច​ជា​សំឡេង​ខ្លុយ*+

ព្រោះ​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​គាត់​រក​បាន នឹង​វិនាស​អស់​ទៅ។

៣៧ ពួក​គេ​គ្រប់​គ្នា​សុទ្ធ​តែ​កោរ​សក់+ ហើយ​កាត់​ពុក​ចង្កា​ទាំង​អស់។

ពួក​គេ​បាន​ឆូត​សាច់​ដៃ​ខ្លួន+ ថែម​ទាំង​ស្លៀក​បាវ​ទៀត​ផង!›​»។+

៣៨ ​«​‹នៅ​លើ​ដំបូល​ផ្ទះ​ទាំង​ឡាយ និង​ទី​លាន​សាធារណៈ​ក្នុង​ស្រុក​ម៉ូអាប់

ឮ​តែ​សំឡេង​ទ្រហោ​យំ។

ព្រោះ​ខ្ញុំ​បាន​បំបាក់​បំបែក​ស្រុក​ម៉ូអាប់ ដូច​បុគ្គល​ម្នាក់​បំបែក​ថូ​ដែល​គ្មាន​តម្លៃ›។

នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៣៩ ‹ពួក​ម៉ូអាប់​ភ័យ​តក់​ស្លុត​ខ្លាំង​ណាស់! ចូរ​នាំ​គ្នា​ទ្រហោ​យំ​ទៅ!

ពួក​គេ​បាន​បែរ​ចេញ​ដោយ​អាម៉ាស់​មុខ​ជា​ខ្លាំង!

ហើយ​ទទួល​ការ​ប្រមាថ​មើល​ងាយ​ពី​អ្នក​ឯ​ទៀត។

ស្រុក​នោះ​នឹង​ទៅ​ជា​ទី​ស្ញែង​ខ្លាច​ដល់​ប្រជា​ជាតិ​នា​នា​ដែល​នៅ​ជុំវិញ›​»។

៤០ ​«​ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹មើល! សត្រូវ​នឹង​ត្រដាង​ស្លាប

ហើរ​ចុះ​មក​លើ​ស្រុក​ម៉ូអាប់​យ៉ាង​លឿន​ដូច​ជា​ឥន្ទ្រី។+

៤១ ក្រុង​ទាំង​ឡាយ​នឹង​ត្រូវ​គេ​ចាប់​យក

ហើយ​ទី​រឹង​មាំ​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​គេ​ដណ្ដើម​បាន។

នៅ​ថ្ងៃ​នោះ ទ័ព​ខ្លាំង​ពូកែ​របស់​ម៉ូអាប់​នឹង​ភ័យ​ញាប់​ញ័រ

ដូច​ជា​ស្ត្រី​ហៀប​នឹង​សម្រាល​កូន›​»។

៤២ ​«​‹ប្រជា​ជាតិ​ម៉ូអាប់​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ+

ព្រោះ​ពួក​គេ​បាន​តម្កើង​ខ្លួន​ទាស់​នឹង​ព្រះ​យេហូវ៉ា។+

៤៣ ឱ​អ្នក​ស្រុក​ម៉ូអាប់​អើយ!

ការ​ស្ញែង​ខ្លាច ព្រម​ទាំង​រណ្ដៅ​និង​អន្ទាក់ ស្ថិត​នៅ​ចំពោះ​មុខ​អ្នក​ហើយ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៤៤ ‹អស់​អ្នក​ដែល​គេច​រួច​ពី​ការ​ស្ញែង​ខ្លាច នឹង​ធ្លាក់​ក្នុង​រណ្ដៅ

ហើយ​អស់​អ្នក​ដែល​ឡើង​ពី​រណ្ដៅ នឹង​ជាប់​អន្ទាក់›។

‹ព្រោះ​ខ្ញុំ​នឹង​ដាក់​ទោស​ម៉ូអាប់​នៅ​ឆ្នាំ​ដែល​ខ្ញុំ​បាន​កំណត់›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៤៥ ‹ពួក​អ្នក​ដែល​រត់​ទៅ​ជ្រក​ក្រោម​ម្លប់​ក្រុង​ហែសបូន នឹង​ឈរ​ឥត​ប្រយោជន៍។

ព្រោះ​មាន​ភ្លើង​ចេញ​ពី​ក្រុង​ហែសបូន និង​អណ្ដាត​ភ្លើង​ចេញ​ពី​ក្រុង​ស្ដេច​ស៊ីហុន។+

ភ្លើង​នោះ​នឹង​បញ្ឆេះ​ថ្ងាស​ពួក​ម៉ូអាប់

ព្រម​ទាំង​លលាដ៍​ក្បាល​របស់​កូន​ចៅ​ពួក​អ្នក​ដែល​បង្ក​ការ​វឹកវរ›។+

៤៦ ‹ឱ​ម៉ូអាប់​អើយ! អ្នក​ត្រូវ​វេទនា​ហើយ!

ព្រោះ​ពួក​អ្នក​ដែល​កាន់​តាម​ព្រះ​កេម៉ូស+បាន​វិនាស​សាប​សូន្យ។

កូន​ប្រុស​ៗ​របស់​អ្នក​នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ

ហើយ​កូន​ស្រី​ៗ​របស់​អ្នក ក៏​នឹង​ត្រូវ​គេ​និរទេស​ដែរ។+

៤៧ ប៉ុន្តែ នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ខ្ញុំ​នឹង​ប្រមូល​ពួក​ម៉ូអាប់​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

‹នោះ​ហើយ​ជា​ការ​វិនិច្ឆ័យ​ទោស​ចំពោះ​ស្រុក​ម៉ូអាប់›​»។+

៤៩ ស្ដី​អំពី​ជន​ជាតិ​អាំម៉ូន+ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖

​«​តើ​អ៊ីស្រាអែល​គ្មាន​កូន​ប្រុស​ឬ? តើ​គាត់​គ្មាន​អ្នក​ស្នង​មត៌ក​ឬ?

ហេតុ​អ្វី​បាន​ជា​ម៉ាលខាម+ដណ្ដើម​យក​ទឹក​ដី​របស់​ពួក​កាដ​ដូច្នេះ?+

ម្ដេច​ក៏​រាស្ត្រ​របស់​គាត់​រស់​នៅ​ក្នុង​បណ្ដា​ក្រុង​របស់​ពួក​អ៊ីស្រាអែល​បែប​នេះ?​»។

 ២ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹មើល! នឹង​មាន​គ្រា​មក​ដល់

ដែល​ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​ឮ​សំឡេង​ព្រមាន​អំពី​សង្គ្រាម*ទាស់​នឹង​ក្រុង​រ៉ាបា+​របស់​ជន​ជាតិ​អាំម៉ូន។+

ក្រុង​នោះ​នឹង​ទៅ​ជា​ទី​ទួល​ស្ងាត់​សូន្យ

ហើយ​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ នឹង​ត្រូវ​គេ​ដុត​បំផ្លាញ​ចោល›។

‹ពួក​អ៊ីស្រាអែល​នឹង​ដណ្ដើម​យក​ទឹក​ដី​របស់​ខ្លួន​មក​វិញ ជា​ទឹក​ដី​ដែល​សត្រូវ​បាន​ចាប់​យក›។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

 ៣ ឱ​ក្រុង​ហែសបូន​អើយ! ចូរ​ទ្រហោ​យំ​ទៅ ព្រោះ​ក្រុង​អៃ​បាន​ត្រូវ​បំផ្លាញ​ហើយ!

ឱ​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ​ក្រុង​រ៉ាបា​អើយ! ចូរ​ស្រែក​ឡើង។

ចូរ​នាំ​គ្នា​ស្លៀក​បាវ​ចុះ។ ចូរ​យំ​សោក ហើយ​ដើរ​ចុះ​ឡើង​នៅ​ក្បែរ​ក្រោល​ថ្ម*ទៅ

ព្រោះ​ម៉ាលខាម​នឹង​ត្រូវ​គេ​និរទេស

ជា​មួយ​នឹង​ពួក​អ្នក​គ្រប់​គ្រង​និង​ពួក​សង្ឃ​របស់​គាត់។+

 ៤ ឱ​កូន​ស្រី​មិន​ស្មោះ​ត្រង់​អើយ! នាង​ហើយ​ដែល​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន

ហើយ​និយាយ​ថា​៖ ​«​តើ​អ្នក​ណា​ហ៊ាន​មក​ទាស់​នឹង​ខ្ញុំ?​»។

ហេតុ​អ្វី​បាន​ជា​នាង​អួត​អំពី​តំបន់​វាល​ទំនាប

និង​តំបន់​ដែល​មាន​ជី​ជាតិ​របស់​ខ្លួន​ដូច្នេះ?›​»។

 ៥ ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រកាស​ថា​៖ ‹មើល! ខ្ញុំ​នឹង​នាំ​ការ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ធ្លាក់​មក​លើ​នាង

គឺ​ពី​ពួក​អ្នក​ដែល​នៅ​ជុំវិញ​នាង។

នាង​នឹង​ខ្ចាត់​ខ្ចាយ​ទៅ​គ្រប់​ទិស​ទី ហើយ​គ្មាន​អ្នក​ណា​ប្រមូល​មក​វិញ​ឡើយ›​»។

 ៦ ​«​‹ក្រោយ​ពី​នោះ ខ្ញុំ​នឹង​ប្រមូល​ជន​ជាតិ​អាំម៉ូន​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

៧ ស្ដី​អំពី​ស្រុក​អេដំ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖

​«​តើ​លែង​មាន​ប្រាជ្ញា​នៅ​ទឹក​ដី​ថេម៉ាន​ហើយ​ឬ?+

ចុះ​យោបល់​ល្អ​ៗ​ពី​អ្នក​ចេះ​ដឹង ឥឡូវ​ទៅ​ណា​បាត់​ហើយ?

តើ​ប្រាជ្ញា​របស់​គេ​រលាយ​សូន្យ​ទៅ​ឬ?

 ៨ ឱ​ពួក​អ្នក​រស់​នៅ​តំបន់​ដេដាន់​អើយ!+ ចូរ​រត់​បក​ក្រោយ​វិញ!

ហើយ​ទៅ​រស់​នៅ​ក្នុង​ទី​ជម្រៅ​ចុះ!

ព្រោះ​ខ្ញុំ​នឹង​នាំ​អន្តរាយ​មក​លើ​អេសាវ នៅ​គ្រា​ដែល​ខ្ញុំ​ដាក់​ទោស​គាត់។

 ៩ ប្រសិន​បើ​កម្មករ​មក​ប្រមូល​ផ្លែ​ទំពាំង​បាយ​ជូរ​ឲ្យ​អ្នក

តើ​ពួក​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​នៅ​សល់​ទេ​ឬ? បើ​ពួក​ចោរ​ចូល​មក​នៅ​ពេល​យប់

ពួក​គេ​គ្រាន់​តែ​ប្លន់​យក​តែ​អ្វី​ដែល​ពួក​គេ​ចង់​យក មែន​ទេ?+

១០ ប៉ុន្តែ ខ្ញុំ​នឹង​ដក​ហូត​អ្វី​ៗ​ទាំង​អស់​ពី​អេសាវ។

ខ្ញុំ​នឹង​បើក​បង្ហាញ​កន្លែង​លាក់​កំបាំង​របស់​គាត់ ដើម្បី​កុំ​ឲ្យ​គាត់​លាក់​ខ្លួន​ទៀត។

ឯ​កូន​ៗ​គាត់ បង​ប្អូន​និង​អ្នក​ជិត​ខាង​របស់​គាត់ ពួក​គេ​ទាំង​អស់​នឹង​ត្រូវ​បំផ្លាញ​ចោល+ ហើយ​នឹង​លែង​មាន​គាត់​ត​ទៅ​ទៀត។+

១១ ចូរ​ទុក​កូន​កំព្រា​របស់​អ្នក​ចោល ខ្ញុំ​នឹង​ជួយ​ទំនុក​បម្រុង​ពួក​គេ។

ចំណែក​ស្ត្រី​មេម៉ាយ​របស់​អ្នក​វិញ ពួក​គេ​នឹង​ទុក​ចិត្ត​ខ្ញុំ​»។

១២ ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​មើល! បើ​អស់​អ្នក​ដែល​មិន​បាន​ទទួល​ការ​វិនិច្ឆ័យ​ត្រូវ​ផឹក​ស្រា​ពី​ពែង​ខ្ញុំ តើ​អ្នក​ស្មានថា​នឹង​រួច​ពី​ទោស​ឬ? អ្នក​នឹង​មិន​រួច​ពី​ទោស​ទេ ព្រោះ​អ្នក​ត្រូវ​ផឹក​ពី​ពែង​នោះ​ជា​ដាច់​ខាត​»។+

១៣ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ខ្ញុំ​ថា​ក្រុង​បូសរ៉ា​នឹង​រង​បណ្ដាសា ការ​ជេរ​ប្រមាថ និង​ការ​ហិន​វិនាស។ ពេល​អ្នក​ឯ​ទៀត​ឮ​អំពី​ក្រុង​នេះ ពួក​គេ​នឹង​ភ័យ​តក់​ស្លុត។+ ឯ​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ ក៏​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​ជា​រៀង​រហូត​ដែរ​»។+

១៤ ខ្ញុំ​បាន​ឮ​ដំណឹង​មួយ​ពី​ព្រះ​យេហូវ៉ា

គឺ​ទូត​ម្នាក់​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ប្រកាស​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​ថា​៖

​«​ចូរ​ប្រមូល​គ្នា​មក​ច្បាំង​នឹង​នាង ហើយ​ត្រៀម​ចូល​ប្រយុទ្ធ​ទៅ​»។+

១៥ ​«​ព្រោះ​មើល! ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​លែង​មាន​តម្លៃ​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ​ទៀត​ហើយ។

ហើយ​អ្នក​នឹង​រង​ការ​មើល​ងាយ។+

១៦ ឱ​អ្នក​ដែល​រស់​នៅ​លើ​ផ្ទាំង​ថ្ម​ធំ​ៗ​

និង​ទី​ទួល​ខ្ពស់​បំផុត​ដែល​គ្មាន​អ្វី​រំខាន​អើយ!

ការ​ដែល​អ្នក​បំភ័យ​គេ និង​ចិត្ត​អំណួត​របស់​អ្នក​បាន​បញ្ឆោត​អ្នក​ហើយ

ព្រោះ​ទោះ​ជា​អ្នក​សង់​លំនៅ​ខ្លួន​ខ្ពស់​ដូច​ជា​សម្បុក​ឥន្ទ្រី​ក្ដី

ក៏​ខ្ញុំ​នឹង​ទម្លាក់​អ្នក​ចុះ​មក​ក្រោម​បាន​ដែរ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១៧ ​«​ស្រុក​អេដំ​នឹង​ក្លាយ​ទៅ​ជា​កន្លែង​ដ៏​គួរ​ឲ្យ​រន្ធត់។+ អ្នក​ណា​ដែល​ដើរ​កាត់​ទី​នោះ នឹង​មើល​ដោយ​ភ័យ​តក់​ស្លុត ហើយ​នឹក​ហួស​ចិត្ត​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ស្រុក​នោះ។ ១៨ ដូច​ការ​បំផ្លាញ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា រួម​ទាំង​ក្រុង​ដែល​នៅ​ជុំវិញ​»​+ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ស្រុក​អេដំ​នឹង​គ្មាន​អ្នក​ណា​តាំង​ទី​លំនៅ​ឬ​រស់​នៅ​ទី​នោះ​ទៀត​ទេ។+

១៩ ​«​មើល! មាន​បុគ្គល​ម្នាក់​នឹង​ឡើង​មក​ទាស់​នឹង​វាល​ស្មៅ​សុខ​សាន្ត ដូច​ជា​តោ+ចេញ​ពី​ព្រៃ​ស្ដុក​តាម​ដង​ទន្លេ​យ៉ូដាន់ ប៉ុន្តែ​មួយ​ប៉ប្រិច​ភ្នែក ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គាត់​រត់​ចេញ​ពី​នាង។ ខ្ញុំ​នឹង​តែង​តាំង​បុគ្គល​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​នាង។ ព្រោះ​តើ​មាន​អ្នក​ណា​ដូច​ខ្ញុំ ហើយ​អាច​ប្រជែង​ជា​មួយ​នឹង​ខ្ញុំ? តើ​គង្វាល​ណា​អាច​តតាំង​នឹង​ខ្ញុំ​បាន?+ ២០ ហេតុ​នេះ បណ្ដា​ជន​ទាំង​ឡាយ​អើយ! ចូរ​ស្ដាប់​នូវ​ការ​សម្រេច​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ទាស់​នឹង​ស្រុក​អេដំ និង​អ្វី​ដែល​លោក​បាន​គិត​ទាស់​នឹង​ពួក​អ្នក​ដែល​រស់​នៅ​តំបន់​ថេម៉ាន។ ប្រសាសន៍​នោះ​មាន​ដូច​ត​ទៅ​៖+

ចៀម​តូច​ៗ​នឹង​ត្រូវ​អូស​យក​ចេញ​ពី​ហ្វូង​ជា​មិន​ខាន

គាត់​នឹង​ធ្វើ​ឲ្យ​លំនៅ​របស់​ពួក​វា​ទៅ​ជា​តំបន់​ស្ងាត់​សូន្យ ដោយ​សារ​តែ​ពួក​គេ។+

២១ សំឡេង​ដួល​រលំ​របស់​ពួក​គេ ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ។

មើល! មាន​សំឡេង​ស្រែក​ឡើង​យ៉ាង​ខ្លាំង!

សំឡេង​នោះ​លាន់​ឮ​ទៅ​ដល់​សមុទ្រ​ក្រហម។+

២២ មើល! សត្រូវ​នឹង​ត្រដាង​ស្លាប

ហើរ​ឡើង​ដូច​ជា​ឥន្ទ្រី ហើយ​ចុះ​មក​ក្រុង​បូសរ៉ា​យ៉ាង​លឿន។+

នៅ​គ្រា​នោះ ទ័ព​ខ្លាំង​ពូកែ​របស់​អេដំ​នឹង​ភ័យ​ញាប់​ញ័រ

ដូច​ជា​ស្ត្រី​ហៀប​នឹង​សម្រាល​កូន​»។

២៣ ស្ដី​អំពី​ក្រុង​ដាម៉ាស់+ ព្រះ​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖

​«​អ្នក​ក្រុង​ហាម៉ាត+និង​អ្នក​ក្រុង​អើផាត​បាន​ខ្មាស ព្រោះ​បាន​ឮ​ដំណឹង​អាក្រក់។

ចិត្ត​ពួក​គេ​ស្រយុត​ទៅ​ដោយ​ការ​ភ័យ​ខ្លាច

ចិត្ត​បណ្ដា​ជន​ដូច​ជា​សមុទ្រ​កញ្ជ្រោល​បក់​បោក​មិន​ចេះ​ស្ងប់​ទេ។

២៤ អ្នក​ក្រុង​ដាម៉ាស់​ធ្លាក់​ទឹក​ចិត្ត ហើយ​រត់​ទៅ​ទាំង​ភ័យ​តក់​ស្លុត។

ពួក​គេ​កើត​ទុក្ខ​និង​ឈឺ​ចាប់​ជា​ខ្លាំង ដូច​ជា​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។

២៥ ហេតុ​អ្វី​ក្រុង​ដ៏​រុង​រឿង​និង​សប្បាយ​រីករាយ

មិន​ទាន់​ត្រូវ​គេ​បោះ​បង់​ចោល​ដូច្នេះ?

២៦ មើល! ពួក​យុវជន​ក្នុង​ក្រុង​នោះ នឹង​ដួល​ស្លាប់​នៅ​ទី​ធ្លា​សាធារណៈ

ហើយ​ពួក​ទាហាន​ទាំង​អស់​នឹង​វិនាស​ទៅ​នៅ​ថ្ងៃ​នោះ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។

២៧ ​«​ខ្ញុំ​នឹង​ដុត​បំផ្លាញ​កំពែង​ក្រុង​ដាម៉ាស់

ហើយ​ភ្លើង​នោះ​នឹង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​ទាំង​ប៉ុន្មាន​របស់​បេនហាដាត​»។+

២៨ ស្ដី​អំពី​ទឹក​ដី​កេដា+និង​រាជាណាចក្រ​នា​នា​ក្នុង​ទឹក​ដី​ហាសោ ដែល​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ដណ្ដើម​យក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖

​«​ចូរ​ឡើង​ទៅ​ទឹក​ដី​កេដា ហើយ​បំផ្លាញ​ពួក​អ្នក​ដែល​នៅ​ទិស​ខាង​កើត។

២៩ ត្រសាល​និង​ហ្វូង​ចៀម​របស់​ពួក​គេ នឹង​ត្រូវ​ចាប់​យក

ព្រម​ទាំង​ក្រណាត់​ត្រសាល​និង​របស់​របរ​ទាំង​អស់។

ឯ​សត្វ​អូដ្ឋ​របស់​ពួក​គេ ក៏​នឹង​ត្រូវ​នាំ​យក​ទៅ​ដែរ។

ពេល​នោះ បណ្ដា​ជន​នឹង​ស្រែក​ទៅ​គេ​ថា​៖ ​‹មាន​ការ​ភ័យ​តក់​ស្លុត​នៅ​គ្រប់​ទិស​ទី!›​»។

៣០ ​«​ឱ​ពួក​អ្នក​ដែល​រស់​នៅ​ទឹក​ដី​ហាសោ​អើយ! ចូរ​រត់​ទៅ​ឲ្យ​ឆ្ងាយ​ទៅ!

ចូរ​ទៅ​រស់​នៅ​ក្នុង​ទី​ជម្រៅ​ចុះ!​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

​«​ព្រោះ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​រៀប​ផែន​ការ​ទាស់​នឹង​អ្នក

គឺ​រៀប​គម្រោង​ប្រឆាំង​នឹង​អ្នក​ហើយ​»។

៣១ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ចូរ​ឡើង​ទៅ​ទាស់​នឹង​ប្រជា​ជាតិ​ដែល​មាន​សន្តិភាព!

គឺ​ពួក​អ្នក​ដែល​រស់​នៅ​ដោយ​សុខ​សាន្ត។

ប្រជា​ជាតិ​នោះ​គ្មាន​ទ្វារ​ក្រុង​ឬ​រនុក​ទេ ហើយ​ពួក​គេ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ឯ​ទៀត។

៣២ ហ្វូង​អូដ្ឋ​របស់​ពួក​គេ​នឹង​ត្រូវ​គេ​ដណ្ដើម​យក

ហើយ​ហ្វូង​សត្វ​ឯ​ទៀត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ក៏​ត្រូវ​គេ​ចាប់​យក​ដែរ។

ខ្ញុំ​នឹង​កម្ចាត់​កម្ចាយ​ពួក​គេ​ទៅ​គ្រប់​ទី​កន្លែង

គឺ​ពួក​អ្នក​ដែល​កាត់​តម្រឹម​សក់​ត្រឹម​សៀត​ផ្កា។+

ខ្ញុំ​នឹង​នាំ​មហន្តរាយ​ធ្លាក់​មក​លើ​ពួក​គេ​ពី​គ្រប់​ទិស​ទី​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៣៣ ​«​ទឹក​ដី​ហាសោ​នឹង​ទៅ​ជា​លំនៅ​របស់​ឆ្កែ​ព្រៃ

គឺ​ទៅ​ជា​កន្លែង​ស្ងាត់​ជ្រងំ​ជា​រៀង​រហូត។

នៅ​ទី​នោះ​នឹង​គ្មាន​មនុស្ស​រស់​នៅ

ហើយ​គ្មាន​អ្នក​ណា​តាំង​លំនៅ​លើ​ទឹក​ដី​នោះ​ទៀត​ឡើយ​»។

៣៤ នៅ​ដើម​រាជ្យ​សេដេគា+ស្ដេច​ស្រុក​យូដា ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អំពី​ស្រុក​អេឡាំ+ តាម​រយៈ​យេរេមា​ថា​៖ ៣៥ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​នឹង​បំបាក់​ធ្នូ​របស់​ពួក​អេឡាំ+ ជា​ប្រភព​កម្លាំង​ដ៏​ខ្លាំង​ក្លា​របស់​ពួក​គេ។ ៣៦ ខ្ញុំ​នឹង​នាំ​ខ្យល់​ទាំង​បួន​ទិស​បក់​បោក​មក​លើ​ស្រុក​អេឡាំ ហើយ​ខ្ញុំ​នឹង​កម្ចាត់​កម្ចាយ​ពួក​អ្នក​ស្រុក​នោះ​ទៅ​គ្រប់​ទិស។ ពួក​គេ​នឹង​ខ្ចាត់​ខ្ចាយ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​អស់›​»។

៣៧ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ខ្ញុំ​នឹង​កម្ទេច​ពួក​អេឡាំ​នៅ​មុខ​ពួក​សត្រូវ និង​ពួក​អ្នក​ដែល​តាម​រក​ជីវិត​ពួក​គេ។ ខ្ញុំ​នឹង​បញ្ចេញ​កំហឹង​របស់​ខ្ញុំ​ដោយ​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​ទៅ​លើ​ពួក​គេ ហើយ​ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​ពួក​សត្រូវ​ដេញ​តាម​ប្រហារ​ពួក​គេ​ដោយ​ដាវ រហូត​ដល់​ពួក​គេ​វិនាស​អស់​គ្មាន​សល់​»។

៣៨ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ខ្ញុំ​នឹង​តាំង​បល្ល័ង្ក​ខ្ញុំ​នៅ​ស្រុក​អេឡាំ+ ហើយ​ខ្ញុំ​នឹង​ប្រហារ​ស្ដេច​និង​ពួក​អ្នក​គ្រប់​គ្រង​នៅ​ទី​នោះ​»។

៣៩ ​«​ប៉ុន្តែ នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ខ្ញុំ​នឹង​ប្រមូល​ពួក​អេឡាំ​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៥០ ស្ដី​អំពី​ក្រុង​បាប៊ីឡូន+ជា​ទឹក​ដី​របស់​ពួក​ខាល់ដេ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​យេរេមា​ដូច​ត​ទៅ​៖

 ២ ​«​ចូរ​ថ្លែង​ប្រាប់ ហើយ​ប្រកាស​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ។

ចូរ​ដំឡើង​បង្គោល​សញ្ញា​មួយ ហើយ​ប្រកាស​ទៅ!

កុំ​លាក់​បាំង​អ្វី​ឲ្យ​សោះ!

ចូរ​ប្រកាស​ថា​៖ ‹បាប៊ីឡូន​ត្រូវ​គេ​ដណ្ដើម​យក​ហើយ។+

ព្រះបេល​បាន​បាក់​មុខ+ ព្រះ​មេរ៉ូដាក​បាន​ភ័យ​តក់​ស្លុត។

ឯ​រូប​ព្រះ​ឯ​ទៀត ក៏​បាន​អាម៉ាស់​មុខ

រូប​ព្រះ​នា​នា​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​បាន​ភ័យ​ញាប់​ញ័រ›។

 ៣ ព្រោះ​ប្រជា​ជាតិ​មួយ​ពី​ទិស​ខាង​ជើង+ បាន​មក​ទាស់​នឹង​ស្រុក​បាប៊ីឡូន។

ប្រជា​ជាតិ​នោះ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​កន្លែង​ដ៏​គួរ​ឲ្យ​រន្ធត់

ហើយ​គ្មាន​អ្នក​ណា​រស់​នៅ​ទៀត​ឡើយ។

ទាំង​មនុស្ស​ទាំង​សត្វ​បាន​រត់​ចេញ គឺ​ទាំង​អស់​បាន​ចេញ​ទៅ​បាត់​ហើយ​»។

៤ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នៅ​គ្រា​នោះ ពួក​អ៊ីស្រាអែល​និង​ពួក​យូដា​នឹង​មក​វិញ​ជា​មួយ​គ្នា។+ ពួក​គេ​នឹង​ដើរ​បណ្ដើរ​យំ​បណ្ដើរ+ ហើយ​ពួក​គេ​នឹង​ស្វែង​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន។+ ៥ ពួក​គេ​នឹង​សួរ​រក​ផ្លូវ​ទៅ​ក្រុង​ស៊ីយ៉ូន ហើយ​ធ្វើ​ដំណើរ​តម្រង់​ទៅ​ទី​នោះ+ ទាំង​និយាយ​ថា​៖ ‹ចូរ​មក! យើង​នាំ​គ្នា​ទៅ​ចុះ​កិច្ច​ព្រម​ព្រៀង​ដ៏​ស្ថិត​ស្ថេរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ជា​កិច្ច​ព្រម​ព្រៀង​ដែល​មិន​ត្រូវ​បំភ្លេច​ឡើយ›។+ ៦ រាស្ត្រ​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​វង្វេង+ ព្រោះ​គង្វាល​ធ្វើ​ឲ្យ​ពួក​គេ​វង្វេង​ផ្លូវ+ ដោយ​នាំ​ពួក​គេ​ទៅ​តំបន់​ភ្នំ ទុក​ឲ្យ​ពួក​គេ​ដើរ​ចុះ​ឡើង​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ រហូត​ដល់​ពួក​គេ​ភ្លេច​ទី​សម្រាក​របស់​ខ្លួន។ ៧ ពួក​សត្រូវ​ដែល​ប្រទះ​ឃើញ​ពួក​គេ ក៏​បាន​ត្របាក់​ស៊ី​ពួក​គេ+ ហើយ​និយាយ​ថា​៖ ‹យើង​មិន​បាន​ធ្វើ​ខុស​អ្វី​ទេ ព្រោះ​ពួក​គេ​ទេ​តើ​ដែល​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ទាស់​នឹង​ព្រះ​យេហូវ៉ា​ជា​លំនៅ​ដ៏​សុចរិត ពោល​គឺ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​ទី​សង្ឃឹម​របស់​បុព្វ​បុរស​ពួក​គេ›​»។

 ៨ ​«​ចូរ​រត់​ចេញ​ពី​ក្រុង​បាប៊ីឡូន គឺ​ចេញ​ពី​ទឹក​ដី​ពួក​ខាល់ដេ​ទៅ+

ហើយ​ធ្វើ​ដូច​ជា​ចៀម​ឈ្មោល​ដើរ​នាំ​មុខ​ហ្វូង​ចៀម។

 ៩ ព្រោះ​មើល! ខ្ញុំ​នឹង​ចាត់​ប្រជា​ជាតិ​មួយ​ក្រុម​ធំ​ពី​ស្រុក​ខាង​ជើង

ឲ្យ​មក​ប្រឆាំង​នឹង​ស្រុក​បាប៊ីឡូន។+

ប្រជា​ជាតិ​ទាំង​នោះ​នឹង​មក​ច្បាំង​ដោយ​តម្រៀប​ជា​ក្បួន។

ពី​ទី​នោះ​ក្រុង​បាប៊ីឡូន​នឹង​ត្រូវ​គេ​ដណ្ដើម​យក​បាន។

ព្រួញ​របស់​ប្រជា​ជាតិ​ទាំង​នោះ​ប្រៀប​ដូច​ជា​ទាហាន​ខ្លាំង​ពូកែ

ដែល​បណ្ដាល​ឲ្យ​មាន​ការ​ព្រាត់​ប្រាស​កូន+

ព្រោះ​ពេល​ដែល​បាញ់​ចេញ​ទៅ តែង​តែ​ចំ​គោល​ដៅ​ជា​និច្ច។

១០ ស្រុក​របស់​ពួក​ខាល់ដេ​នឹង​ត្រូវ​គេ​ចាប់​យក។+

ឯ​អស់​អ្នក​ដែល​រឹប​អូស​យក​របស់​របរ​ក្នុង​ស្រុក​នោះ ពួក​គេ​នឹង​បាន​ស្កប់​ស្កល់​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

១១ ​«​ព្រោះ​ពេល​អ្នក​ប្លន់​យក​មត៌ក​របស់​ខ្ញុំ+

អ្នក​អរ​សប្បាយ និង​ត្រេក​អរ​ណាស់។+

អ្នក​លោត​សប្បាយ​ដូច​ជា​គោ​ញី​លោត​លើ​វាល​ស្មៅ

ហើយ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ដូច​ជា​សត្វ​សេះ។

១២ ម្ដាយ​របស់​អ្នក​បាន​អាម៉ាស់​មុខ+

ម្ដាយ​ដែល​បង្កើត​អ្នក​មក បាន​ខក​ចិត្ត​ជា​ខ្លាំង។

មើល! នាង​បាន​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​មួយ​ដែល​អន់​ជាង​គេ​បំផុត

ហើយ​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ និង​ទី​រហោ​ស្ថាន​ហួត​ហែង។+

១៣ ដោយ​សារ​កំហឹង​របស់​ព្រះ​យេហូវ៉ា នឹង​គ្មាន​មនុស្ស​រស់​នៅ​ក្នុង​ស្រុក​បាប៊ីឡូន​ទៀត+

គឺ​ត្រូវ​ទុក​ចោល​ឲ្យ​នៅ​ស្ងាត់​សូន្យ។+

អស់​អ្នក​ដែល​ឆ្លង​កាត់​ស្រុក​នោះ នឹង​សម្លឹង​មើល​ដោយ​រន្ធត់

ហើយ​នឹក​ហួស​ចិត្ត​នឹង​អន្តរាយ​ដែល​បាន​កើត​ឡើង​លើ​ទឹក​ដី​នោះ។+

១៤ ឱ​ពួក​អ្នក​កំពុង​យឹត​ធ្នូ​ដែល​មក​ពី​គ្រប់​ទិស​ទី​អើយ!

ចូរ​តម្រៀប​ទ័ព​ច្បាំង​នឹង​ស្រុក​បាប៊ីឡូន​ទៅ។

ចូរ​បាញ់​ព្រួញ​ទៅ​លើ​នាង កុំ​សំចៃ​ព្រួញ​ឲ្យ​សោះ+

ព្រោះ​នាង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទាស់​នឹង​ព្រះ​យេហូវ៉ា​ហើយ។+

១៥ ចូរ​បន្លឺ​សំឡេង​ចូល​ច្បាំង​នឹង​នាង​ពី​គ្រប់​ទិស​ទី។

មើល! នាង​បាន​សុំ​ចុះ​ចាញ់​ហើយ។

បង្គោល​ទាំង​ប៉ុន្មាន​របស់​នាង​បាន​ដួល កំពែង​ក្រុង​បាន​ត្រូវ​រំលំ+

ព្រោះ​នេះ​ជា​សេចក្ដី​សង​សឹក​ពី​ព្រះ​យេហូវ៉ា។+

ចូរ​សង​សឹក​នឹង​នាង​ទៅ។ ចូរ​ធ្វើ​ទៅ​លើ​នាង​ដូច​នាង​ធ្វើ​ទៅ​លើ​គេ​ដែរ។+

១៦ ចូរ​ប្រហារ​ពួក​អ្នក​សាប​ព្រោះ និង​ពួក​អ្នក​ច្រូត​កាត់​ពី​ស្រុក​បាប៊ីឡូន​ទៅ។+

ដោយ​សារ​តែ​ការ​វាយ​ប្រហារ​ដ៏​សាហាវ ពួក​គេ​ម្នាក់​ៗ​នឹង​វិល​ទៅ​ឯ​ជន​រួម​ជាតិ​របស់​ខ្លួន ហើយ​រត់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ។+

១៧ ​«​ប្រជា​ជាតិ​អ៊ីស្រាអែល​ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ខ្ចាត់​ខ្ចាយ+ ព្រោះ​ក្រុម​តោ​បាន​កម្ចាត់​កម្ចាយ​ពួក​គេ+ គឺ​មុន​ដំបូង ស្ដេច​ស្រុក​អាស៊ីរី​បាន​ត្របាក់​ពួក​គេ។+ បន្ទាប់​មក នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​អង្កៀម​ឆ្អឹង​ពួក​គេ។+ ១៨ ដូច្នេះ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​នឹង​ធ្វើ​ទៅ​លើ​ស្ដេច​ស្រុក​បាប៊ីឡូន​និង​ទឹក​ដី​របស់​គាត់ ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​ទៅ​លើ​ស្ដេច​ស្រុក​អាស៊ីរី​ដែរ។+ ១៩ រួច​ខ្ញុំ​នឹង​នាំ​អ៊ីស្រាអែល​មក​ឯ​វាល​ស្មៅ​របស់​គាត់​វិញ។+ គាត់​នឹង​មាន​អាហារ​ជា​បរិបូរ​នៅ​តំបន់​កើមែល តំបន់​បាសាន+ តំបន់​ភ្នំ​អេប្រាអ៊ីម+ និង​តំបន់​ភ្នំ​គីលាត+ ហើយ​គាត់​នឹង​បរិភោគ​ឆ្អែត​ស្កប់​ស្កល់›​»។

២០ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នៅ​គ្រា​នោះ

គេ​នឹង​ស្វែង​រក​ទោស​កំហុស​របស់​អ៊ីស្រាអែល តែ​រក​មិន​ឃើញ​ទេ

ហើយ​គេ​នឹង​ខំ​រក​អំពើ​ខុស​ឆ្គង​របស់​យូដា តែ​ក៏​រក​មិន​ឃើញ​ដែរ

ព្រោះ​ខ្ញុំ​នឹង​អភ័យ​ទោស​ឲ្យ​អស់​អ្នក​ដែល​ខ្ញុំ​ទុក​ឲ្យ​នៅ​សល់​»។+

២១ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ចូរ​ឡើង​ទៅ​ច្បាំង​នឹង​ទឹក​ដី​មេរ៉ាថេម​និង​ពួក​អ្នក​នៅ​តំបន់​ភីកូដ។+

ចូរ​ប្រហារ​ពួក​គេ ហើយ​បំផ្លាញ​ឲ្យ​សាប​សូន្យ​អស់ ដូច​ដែល​ខ្ញុំ​បាន​បង្គាប់។

២២ មាន​សំឡេង​សង្គ្រាម​នៅ​ក្នុង​ស្រុក ជា​ការ​បំផ្លិច​បំផ្លាញ​ដ៏​ធំ​សម្បើម។

២៣ មិន​គួរ​ណា ញញួរ​ដែល​បំបាក់​បំបែក​ប្រជា​ជាតិ​នា​នា​នៅ​ផែនដី​បាន​ត្រូវ​កម្ទេច​ចោល​សោះ!+

មិន​គួរ​ណា ស្រុក​បាប៊ីឡូន​បាន​ទៅ​ជា​កន្លែង​ដែល​នាំ​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​ភ័យ​រន្ធត់​បែប​នេះ​ឡើយ!+

២៤ ឱ​ស្រុក​បាប៊ីឡូន​អើយ! ខ្ញុំ​បាន​ដាក់​អន្ទាក់​ចាប់​អ្នក​ហើយ

តែ​អ្នក​មិន​ដឹង​ខ្លួន​ទេ។

អ្នក​បាន​ត្រូវ​រក​ឃើញ និង​ត្រូវ​ចាប់​ហើយ+ ព្រោះ​អ្នក​បាន​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។

២៥ ព្រះ​យេហូវ៉ា​បាន​បើក​ឃ្លាំង​របស់​លោក

ហើយ​យក​អាវុធ​នៃ​សេចក្ដី​កំហឹង​របស់​លោក​ចេញ​មក+

ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ ក្នុង​ទឹក​ដី​របស់​ពួក​ខាល់ដេ។

២៦ ឱ​អ្នក​ដែល​នៅ​កន្លែង​ឆ្ងាយ​ៗ​អើយ! ចូរ​មក​ច្បាំង​នឹង​ស្រុក​បាប៊ីឡូន​ទៅ។+

ចូរ​បើក​ជង្រុក​ទាំង​ឡាយ។+ ចូរ​គរ​អ្នក​ស្រុក​នោះ​ដូច​ជា​គំនរ​ស្រូវ។

ចូរ​បំផ្លាញ​ស្រុក​នោះ​ឲ្យ​ខ្ទេច​ខ្ទី+ កុំ​ឲ្យ​នៅ​សល់​អ្នក​ណា​ម្នាក់​ឡើយ។

២៧ ចូរ​សម្លាប់​គោ​ស្ទាវ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​នោះ​ទៅ+

គឺ​នាំ​យក​ទៅ​ឯ​កន្លែង​សម្លាប់​ចុះ។

វេទនា​ដល់​ពួក​គេ! ព្រោះ​ថ្ងៃ​អវសាន​របស់​ពួក​គេ​បាន​មក​ដល់​ហើយ

គឺ​ថ្ងៃ​វិនិច្ឆ័យ​ទោស​ពួក​គេ!

២៨ មាន​ឮ​សំឡេង​មនុស្ស​កំពុង​រត់ គឺ​ពួក​អ្នក​ដែល​រត់​ចេញ​ពី​ស្រុក​បាប៊ីឡូន។

ពួក​គេ​ចូល​ទៅ​ប្រកាស​ក្នុង​ក្រុង​ស៊ីយ៉ូន​អំពី​ការ​សង​សឹក​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ជា​ការ​សង​សឹក​ឲ្យ​វិហារ​របស់​លោក។+

២៩ ចូរ​ហៅ​ទ័ព​ធ្នូ​ឲ្យ​មក​ច្បាំង​នឹង​ស្រុក​បាប៊ីឡូន

គឺ​ហៅ​អស់​អ្នក​ដែល​កំពុង​យឹត​ធ្នូ។+

ចូរ​ឡោម​ព័ទ្ធ​ក្រុង​បាប៊ីឡូន កុំ​ឲ្យ​អ្នក​ណា​ម្នាក់​គេច​រួច​ឡើយ។

ចូរ​តប​ស្នង​ឲ្យ​សម​នឹង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។+

ចូរ​ធ្វើ​ទៅ​លើ​ពួក​គេ​ដូច​ដែល​ពួក​គេ​បាន​ធ្វើ​ទៅ​លើ​អ្នក​ឯ​ទៀត។+

ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​ដោយ​ក្រអឺត​ទាស់​នឹង​ព្រះ​យេហូវ៉ា

គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល។+

៣០ ដូច្នេះ ពួក​យុវជន​នៅ​ក្នុង​ក្រុង​នោះ នឹង​ដួល​ស្លាប់​នៅ​ទី​ធ្លា​សាធារណៈ+

ហើយ​ពួក​ទាហាន​ទាំង​អស់​នឹង​វិនាស​ទៅ​នៅ​ថ្ងៃ​នោះ​ឯង​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៣១ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ប្រកាស​ថា​៖ ​«​ឱ​អ្នក​ព្រហើន​អើយ!+ ខ្ញុំ​ប្រឆាំង​នឹង​អ្នក​ហើយ។+

ព្រោះ​ថ្ងៃ​របស់​អ្នក​នឹង​មក​ដល់​ជា​មិន​ខាន គឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក។

៣២ ឱ​អ្នក​ព្រហើន​អើយ! អ្នក​នឹង​ជំពប់​ដួល

ហើយ​គ្មាន​នរណា​លើក​អ្នក​ឡើង​ទេ។+

ខ្ញុំ​នឹង​ដុត​បំផ្លាញ​បណ្ដា​ក្រុង​របស់​អ្នក​ចោល

ហើយ​ភ្លើង​នោះ​នឹង​ឆាប​ឆេះ​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ជុំវិញ​»។

៣៣ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖

​«​ពួក​អ៊ីស្រាអែល​និង​ពួក​យូដា​រង​ការ​គាប​សង្កត់។

ពួក​អ្នក​ដែល​ចាប់​ពួក​គេ​ធ្វើ​ជា​ឈ្លើយ មិន​ឲ្យ​ពួក​គេ​មាន​សេរី​ភាព​ទេ+

ហើយ​ក៏​មិន​ព្រម​ដោះ​លែង​ពួក​គេ​ដែរ។+

៣៤ ប៉ុន្តែ អ្នក​ដែល​លោះ​ពួក​គេ​គឺ​ខ្លាំង​ក្លា។+

នាម​លោក​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។+

លោក​នឹង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ជា​មិន​ខាន+

ដើម្បី​ឲ្យ​មាន​សេចក្ដី​ស្រាក​ស្រាន្ត​នៅ​ក្នុង​ស្រុក+

ហើយ​ឲ្យ​ពួក​អ្នក​ស្រុក​បាប៊ីឡូន​ជ្រួល​ច្របល់​»។+

៣៥ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! មាន​ដាវ​មួយ​មក​ប្រហារ​ពួក​ខាល់ដេ

គឺ​ប្រហារ​ពួក​អ្នក​ស្រុក​បាប៊ីឡូន ព្រម​ទាំង​ពួក​អ្នក​គ្រប់​គ្រង​និង​ពួក​អ្នក​ប្រាជ្ញ​ក្នុង​ស្រុក​នោះ​ដែរ។+

៣៦ មាន​ដាវ​មួយ​មក​ទាស់​នឹង​ពួក​អ្នក​ដែល​និយាយ​ឥត​បាន​ការ* ហើយ​ពួក​អ្នក​ទាំង​នោះ​នឹង​ប្រព្រឹត្ត​ដោយ​ល្ងី​ល្ងើ។

ដាវ​នោះ​នឹង​វាយ​ប្រហារ​ទៅ​លើ​ទ័ព​ខ្លាំង​ក្លា ហើយ​ពួក​គេ​នឹង​ភ័យ​តក់​ស្លុត។+

៣៧ មាន​ដាវ​មួយ​វាយ​ប្រហារ​ទៅ​លើ​សេះ​និង​រទេះ​ចម្បាំង

និង​ទៅ​លើ​ជាតិ​សាសន៍​ផ្សេង​ៗ​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ

ហើយ​ពួក​គេ​នឹង​ទន់​ខ្សោយ​ដូច​ជា​ស្ត្រីភេទ។+

ដាវ​នោះ​នឹង​វាយ​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ពី​ស្រុក​នោះ។+

៣៨ មាន​ការ​បំផ្លាញ​ទៅ​លើ​ផ្លូវ​ទឹក ហើយ​កន្លែង​ទាំង​នោះ​ក៏​រីង​ស្ងួត​ទៅ+

ព្រោះ​ស្រុក​នោះ​ពេញ​ទៅ​ដោយ​រូប​ព្រះ+

ហើយ​ដោយ​សារ​ឃើញ​អ្វី​ដ៏​គួរ​ឲ្យ​តក់​ស្លុត​ក្នុង​គំនិត ពួក​គេ​ចេះ​តែ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ឆ្កួត។

៣៩ ហេតុ​នេះ សត្វ​ដែល​រស់​នៅ​តំបន់​ស្ងាត់​ជ្រងំ នឹង​រស់​នៅ​ជា​មួយ​សត្វ​ដែល​ចេះ​លូ

ហើយ​ក្នុង​ស្រុក​នោះ​នឹង​ពេញ​ទៅ​ដោយ​សត្វ​អូទ្រីស។+

គ្មាន​មនុស្ស​ណា​ម្នាក់​រស់​នៅ​ទី​នោះ​ទៀត​ទេ

ហើយ​គ្រប់​ជំនាន់​ត​ទៅ​ក៏​គ្មាន​អ្នក​ណា​តាំង​លំនៅ​ក្នុង​ស្រុក​នោះ​ដែរ​»។+

៤០ ​«​ដូច​ព្រះ​បាន​បំផ្លាញ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា+ និង​បណ្ដា​ក្រុង​ដែល​នៅ​ក្បែរ​នោះ​យ៉ាង​ណា+ នោះ​លោក​នឹង​ធ្វើ​ទៅ​លើ​ស្រុក​បាប៊ីឡូន​យ៉ាង​នោះ​ដែរ ហើយ​នឹង​គ្មាន​អ្នក​ណា​តាំង​លំនៅ​ឬ​រស់​នៅ​ទី​នោះ​ទៀត​ទេ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៤១ ​«​មើល! ប្រជា​ជាតិ​មួយ​នឹង​មក​ពី​ទិស​ខាង​ជើង

ជា​ប្រជា​ជាតិ​ដ៏​ធំ ហើយ​បណ្ដា​ស្ដេច​ដ៏​ខ្លាំង​ក្លា+នឹង​ធ្វើ​ដំណើរ

មក​ពី​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី។+

៤២ ពួក​គេ​កាន់​ធ្នូ​និង​លំពែង​មក​ជា​មួយ។+

ពួក​គេ​សាហាវ​ឃោរ​ឃៅ ឥត​ត្រា​ប្រណី​ឡើយ។+

ពេល​ពួក​គេ​ជិះ​សេះ​មក នោះ​មាន​ឮ​សូរ​សន្ធឹក​ដូច​ជា​សមុទ្រ​កញ្ជ្រោល​បក់​បោក។+

ឱ​កូន​ស្រី​នៃ​ស្រុក​បាប៊ីឡូន*អើយ! ពួក​គេ​នឹង​តម្រៀប​ទ័ព​មក​ច្បាំង​នឹង​អ្នក​ដូច​ជា​អ្នក​ចម្បាំង​មួយ​រូប។+

៤៣ ពេល​ស្ដេច​ស្រុក​បាប៊ីឡូន​ឮ​ដំណឹង​អំពី​ពួក​គេ+

គាត់​លែង​មាន​ភាព​ក្លាហាន+ គាត់​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំង

ហើយ​ឈឺ​ចាប់​ដូច​ជា​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។

៤៤ ​«​មើល! មាន​បុគ្គល​ម្នាក់​នឹង​ឡើង​មក​ទាស់​នឹង​វាល​ស្មៅ​សុខ​សាន្ត ដូច​ជា​តោ​ចេញ​ពី​ព្រៃ​ស្ដុក​តាម​ដង​ទន្លេ​យ៉ូដាន់ ប៉ុន្តែ​មួយ​ប៉ប្រិច​ភ្នែក ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គាត់​រត់​ចេញ​ពី​នាង។ ខ្ញុំ​នឹង​តែង​តាំង​បុគ្គល​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​នាង។+ ព្រោះ​តើ​មាន​អ្នក​ណា​ដូច​ខ្ញុំ ហើយ​ហ៊ាន​ប្រជែង​ជា​មួយ​នឹង​ខ្ញុំ​ទៅ? តើ​គង្វាល​ណា​អាច​តតាំង​នឹង​ខ្ញុំ​បាន?+ ៤៥ ហេតុ​នេះ បណ្ដា​ជន​ទាំង​ឡាយ​អើយ! ចូរ​ស្ដាប់​នូវ​ការ​សម្រេច​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ទាស់​នឹង​ស្រុក​បាប៊ីឡូន+ និង​អ្វី​ដែល​លោក​បាន​គិត​ទាស់​នឹង​ពួក​ខាល់ដេ។

ចៀម​តូច​ៗ​នឹង​ត្រូវ​អូស​យក​ចេញ​ពី​ហ្វូង​ជា​មិន​ខាន។

គាត់​នឹង​ធ្វើ​ឲ្យ​លំនៅ​របស់​ពួក​វា​ទៅ​ជា​តំបន់​ស្ងាត់​សូន្យ ដោយ​សារ​តែ​ពួក​គេ។+

៤៦ សំឡេង​ដួល​រលំ​របស់​ក្រុង​បាប៊ីឡូន ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ

ហើយ​សម្រែក​យ៉ាង​ខ្លាំង​របស់​ពួក​គេ​លាន់​ឮ​ទៅ​ដល់​ប្រជា​ជាតិ​នា​នា​»។+

៥១ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖

«​មើល! ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ខ្យល់​នៃ​ការ​បំផ្លាញ

បក់​បោក​ទៅ​លើ​ស្រុក​បាប៊ីឡូន+ និង​អ្នក​ស្រុក​លេបខេម៉ាយ។*

 ២ ខ្ញុំ​នឹង​ចាត់​ពួក​អ្នក​រោយ​ស្រូវ​ឲ្យ​ទៅ​ស្រុក​បាប៊ីឡូន

ពួក​គេ​នឹង​រោយ​ស្រុក​នោះ ហើយ​ធ្វើ​ឲ្យ​នៅ​ទទេ​ធេង។

ពួក​គេ​នឹង​មក​ទាស់​នឹង​ស្រុក​នោះ​ពី​គ្រប់​ទិស​ទី នៅ​ថ្ងៃ​នៃ​សេចក្ដី​វេទនា។+

 ៣ ចូរ​កុំ​ឲ្យ​ពល​ធ្នូ យឹត​ធ្នូ​របស់​ខ្លួន​ទាន់​ឡើយ។

កុំ​ឲ្យ​អ្នក​ដែល​ពាក់​អាវ​ក្រោះ ក្រោក​ឈរ​ដែរ។

កុំ​បង្ហាញ​សេចក្ដី​អាណិត​អាសូរ​ដល់​ពួក​យុវជន​ក្នុង​ស្រុក​នោះ​ឲ្យ​សោះ+

ត្រូវ​បំផ្លាញ​ទ័ព​ទាំង​អស់​របស់​ពួក​គេ។

 ៤ ទ័ព​ខាល់ដេ​នឹង​ត្រូវ​ចាក់​ទម្លុះ

ហើយ​ដួល​ស្លាប់​នៅ​លើ​ផ្លូវ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​ខ្លួន។+

 ៥ តាម​ទស្សនៈ​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ស្រុក​របស់​ពួក​គេ*​ពេញ​ទៅ​ដោយ​ទោស​កំហុស។

ចំណែក​ពួក​អ៊ីស្រាអែល​និង​ពួក​យូដា​វិញ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មិន​បាន​ទុក​ពួក​គេ​ចោល ឲ្យ​ទៅ​ដូច​ជា​ស្ត្រី​មេម៉ាយ​ទេ។+

 ៦ ចូរ​រត់​ចេញ​ពី​ស្រុក​បាប៊ីឡូន​ទៅ ដើម្បី​ឲ្យ​ខ្លួន​រួច​ជីវិត។+

កុំ​វិនាស​ទៅ​ដោយ​សារ​ទោស​កំហុស​របស់​នាង​ឡើយ។

ព្រោះ​នេះ​ជា​ពេល​ដែល​ព្រះ​យេហូវ៉ា​សង​សឹក

លោក​នឹង​សង​ដល់​នាង​តាម​អ្វី​ដែល​នាង​បាន​ធ្វើ​ទៅ​លើ​អ្នក​ឯ​ទៀត។+

 ៧ ក្រុង​បាប៊ីឡូន​ប្រៀប​ដូច​ជា​ពែង​មាស​ក្នុង​ដៃ​ព្រះ​យេហូវ៉ា។

នាង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​ឡាយ​នៅ​ផែនដី​ស្រវឹង

ព្រោះ​ប្រជា​ជាតិ​នា​នា​បាន​ផឹក​ស្រា​របស់​នាង។+

ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​វង្វេង​វង្វាន់។+

 ៨ ក្រុង​បាប៊ីឡូន​បាន​ត្រូវ​ផ្ដួល​រំលំ​និង​កម្ទេច​ចោល​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។+

ចូរ​ទ្រហោ​យំ​កាន់​ទុក្ខ​នាង​ទៅ!+

ចូរ​យក​ប្រេង​បាលសាម​មក​លាប​បំបាត់​ការ​ឈឺ​ចាប់​ឲ្យ​នាង​ចុះ​ប្រហែល​នាង​អាច​ជា​សះ​ស្បើយ​ឡើង​វិញ​»។

 ៩ ​«​យើង​ព្យាយាម​ជួយ​ព្យាបាល​ក្រុង​បាប៊ីឡូន តែ​នាង​មិន​អាច​ជា​សះ​ស្បើយ​ទេ។

ទុក​នាង​ចោល​ទៅ ហើយ​ចូរ​យើង​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។+

ព្រោះ​ការ​វិនិច្ឆ័យ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​នាង​បាន​មក​ដល់​ហើយ

ជា​អំពើ​ខុស​ឆ្គង​ដែល​ខ្ពស់​ដល់​ពពក​នៅ​លើ​មេឃ។+

១០ ព្រះ​យេហូវ៉ា​បាន​រក​យុត្តិធម៌​ឲ្យ​យើង​ហើយ។+

ចូរ​មក​ថ្លែង​ប្រាប់​អំពី​ស្នា​ដៃ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​នៅ​ក្រុង​ស៊ីយ៉ូន​»។+

១១ ​«​ចូរ​ខាត់​ផ្លែ​ព្រួញ​ឲ្យ​ភ្លឺ​រលោង+ ហើយ​យក​ខែល​មក*

ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ត​បណ្ដា​ស្ដេច​ស្រុក​មេឌី​ឲ្យ​មក​ហើយ+

ព្រោះ​លោក​មាន​បំណង​បំផ្លាញ​ក្រុង​បាប៊ីឡូន​ចោល។

ព្រោះ​នេះ​ជា​ការ​សង​សឹក​របស់​ព្រះ​យេហូវ៉ា​ជា​ការ​សង​សឹក​ឲ្យ​វិហារ​របស់​លោក។

១២ ចូរ​ដំឡើង​បង្គោល​សញ្ញា+ដើម្បី​ផ្ដួល​រំលំ​កំពែង​ក្រុង​បាប៊ីឡូន។

ចូរ​បន្ថែម​ពួក​អ្នក​យាម​ត្បាត ហើយ​ត្រៀម​វាយលុក​ទៅ។

ព្រោះ​ព្រះ​យេហូវ៉ា​បាន​រៀប​ក្បួន​សឹក​ដើម្បី​វាយ​ប្រហារ​ពួក​គេ​ហើយ

លោក​នឹង​ធ្វើ​ទៅ​លើ​អ្នក​ក្រុង​បាប៊ីឡូន​ដូច​ដែល​លោក​បាន​សន្យា​ជាក់​ជា​មិន​ខាន​»។+

១៣ ​«​ឱ​ស្ត្រី​ដែល​អង្គុយ​នៅ​លើ​ទឹក​ជា​ច្រើន+ និង​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​អើយ!+

ទី​អវសាន​របស់​នាង​បាន​មក​ដល់​ហើយ នាង​ក៏​លែង​ទទួល​កម្រៃ​ទៀត​ដែរ។+

១៤ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ស្បថ​ដោយ​នូវ​នាម​លោក​ថា​៖

‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ​ពេញ​ទៅ​ដោយ​មនុស្ស គឺ​ច្រើន​ដូច​កណ្ដូប

ហើយ​ពួក​គេ​នឹង​ស្រែក​អបអរ​ដោយ​សារ​មាន​ជ័យ​ជម្នះ​លើ​នាង›។+

១៥ លោក​ជា​អ្នក​បង្កើត​ផែនដី​ដោយ​ឫទ្ធានុភាព​ខ្លាំង​ក្លា

លោក​បាន​បង្កើត​ដី*ដោយ​ប្រាជ្ញា+

ថែម​ទាំង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ​ដោយ​ការ​យល់​ដឹង​របស់​លោក​ផង។+

១៦ ពេល​លោក​បញ្ចេញ​សំឡេង ចំហាយ​ទឹក​នៅ​លើ​មេឃ​ពុះ​កញ្ជ្រោល។

លោក​បណ្ដាល​ឲ្យ​ពពក​ឡើង​ពី​ជើង​មេឃ

ហើយ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ​នៅ​ពេល​ភ្លៀង

ព្រម​ទាំង​បណ្ដាល​ឲ្យ​ខ្យល់​បក់​ចេញ​ពី​ឃ្លាំង​របស់​លោក។+

១៧ មនុស្ស​ទាំង​អស់​ប្រព្រឹត្ត​ដោយ​មិន​សម​ហេតុ​សម​ផល និង​គ្មាន​ការ​យល់​ដឹង​សោះ។

ជាង​ដែក​នឹង​អាម៉ាស់​មុខ ព្រោះ​តែ​រូប​ព្រះ​ដែល​ពួក​គេ​បាន​ធ្វើ+

ព្រោះ​រូប*ទាំង​នោះ​គ្មាន​ខ្យល់​ដង្ហើម​ទេ ហើយ​សុទ្ធ​តែ​ជា​ការ​បោក​ប្រាស់។+

១៨ រូប​ព្រះ​ទាំង​នោះ​សុទ្ធ​តែ​ឥត​បាន​ការ+ ជា​ស្នា​ដៃ​ដែល​គួរ​ឲ្យ​ចំអក​មើល​ងាយ​វិញ។

ពេល​ថ្ងៃ​វិនិច្ឆ័យ​មក​ដល់ រូប​ទាំង​នោះ​នឹង​វិនាស​សូន្យ​ទៅ។

១៩ ឯ​ព្រះ​ដែល​ជា​មត៌ក​របស់​យ៉ាកុប លោក​មិន​ដូច​រូប​ព្រះ​ទាំង​នោះ​ទេ

ព្រោះ​លោក​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់

ហើយ​អ៊ីស្រាអែល​ជា​ដំបង​កម្មសិទ្ធិ​របស់​លោក។*+

លោក​មាន​នាម​ថា​យេហូវ៉ា ហើយ​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​»។+

២០ ​«​អ្នក​ជា​អាវុធ​ដែល​ខ្ញុំ​ធ្វើ​ចម្បាំង

គឺ​ខ្ញុំ​នឹង​ប្រើ​អ្នក​ជា​ដំបង​ដើម្បី​វាយ​កម្ទេច​ប្រជា​ជាតិ​នា​នា។

ខ្ញុំ​នឹង​ប្រើ​អ្នក​ដើម្បី​បំផ្លាញ​រាជាណាចក្រ​ទាំង​ឡាយ​ឲ្យ​សាប​សូន្យ​អស់។

២១ ខ្ញុំ​នឹង​ប្រើ​អ្នក​ដើម្បី​វាយ​កម្ទេច​សេះ​និង​អ្នក​ជិះ

ព្រម​ទាំង​បំផ្លាញ​រទេះ​ចម្បាំង​និង​អ្នក​បរ​ឲ្យ​ខ្ទេច​ខ្ទី។

២២ ខ្ញុំ​នឹង​ប្រើ​អ្នក​ដើម្បី​វាយ​កម្ទេច​ទាំង​បុរស​ទាំង​ស្ត្រី

ទាំង​កូន​ក្មេង​ទាំង​មនុស្ស​ចាស់ ទាំង​យុវជន​ទាំង​យុវនារី។

២៣ ខ្ញុំ​នឹង​ប្រើ​អ្នក​ដើម្បី​វាយ​កម្ទេច​ទាំង​ពួក​គង្វាល​ទាំង​ហ្វូង​ចៀម

ទាំង​កសិករ​ទាំង​សត្វ​ដែល​គាត់​ទឹម ទាំង​ពួក​អភិបាល​ទាំង​ពួក​អ្នក​គ្រប់​គ្រង។

២៤ ខ្ញុំ​នឹង​តប​ស្នង​ក្រុង​បាប៊ីឡូន​និង​ពួក​ខាល់ដេ

ឲ្យ​សម​នឹង​អំពើ​អាក្រក់​គ្រប់​យ៉ាង ដែល​ពួក​គេ​បាន​ធ្វើ​ទៅ​លើ​ក្រុង​ស៊ីយ៉ូន​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

២៥ ​«​ឱ​ភ្នំ​ដែល​បំផ្លាញ​អើយ! អ្នក​ហើយ​ដែល​បំផ្លាញ​ផែនដី​ទាំង​មូល។+

មើល! ខ្ញុំ​ទាស់​នឹង​អ្នក​ហើយ។+

ខ្ញុំ​នឹង​លើក​ដៃ​វាយ​ប្រហារ​អ្នក រួច​រមៀល​អ្នក​ចុះ​ពី​ផ្ទាំង​ថ្ម​ដ៏​ធំ

ហើយ​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ភ្នំ​ដែល​ឆេះ​ខ្ទេច​ខ្ទី​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

២៦ ​«​បណ្ដា​ជន​នឹង​មិន​ទៅ​រើស​យក​ថ្ម​ជ្រុង​ឬ​ថ្ម​គ្រឹះ​ចេញ​ពី​អ្នក​ទេ

ព្រោះ​អ្នក​នឹង​ត្រូវ​បោះ​បង់​ចោល​ជា​រៀង​រហូត​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

២៧ ​«​ចូរ​ដំឡើង​បង្គោល​សញ្ញា​មួយ​នៅ​ក្នុង​ស្រុក​នេះ។+

ចូរ​ផ្លុំ​ស្នែង​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា។

ចូរ​ចាត់​តាំង​ប្រជា​ជាតិ​ទាំង​នោះ​ឲ្យ​ទៅ​ទាស់​នឹង​នាង។

ចូរ​កោះ​ហៅ​រាជាណាចក្រ​នា​នា​ឲ្យ​មក​ច្បាំង​នឹង​នាង គឺ​រាជាណាចក្រ​អារ៉ារ៉ាត+មីននី និង​អាសខិនណាស។+

ចូរ​ជ្រើស​រើស​នាយ​ទាហាន​ម្នាក់​ឲ្យ​ប្រឆាំង​នឹង​នាង។

ចូរ​ធ្វើ​ឲ្យ​ហ្វូង​សេះ​ឡើង​មក​ដូច​ជា​កណ្ដូប​ពពាក់​ពពូន។

២៨ ចូរ​ប្រមូល​ប្រជា​ជាតិ​នា​នា​ឲ្យ​មក​ទាស់​នឹង​នាង

គឺ​បណ្ដា​ស្ដេច​ស្រុក​មេឌី+ ពួក​អភិបាល និង​ពួក​អ្នក​គ្រប់​គ្រង​ឯ​ទៀត

ព្រម​ទាំង​ប្រជា​ជាតិ​ទាំង​អស់​ដែល​ពួក​គេ​កាន់​កាប់។

២៩ ផែនដី​នឹង​កក្រើក​ញាប់​ញ័រ

ព្រោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​គិត​ចង់​ធ្វើ​ទៅ​លើ​ស្រុក​បាប៊ីឡូន​នឹង​សម្រេច​ជា​មិន​ខាន

គឺ​ធ្វើ​ឲ្យ​ស្រុក​នោះ​ទៅ​ជា​កន្លែង​ដ៏​គួរ​ឲ្យ​ភ័យ​រន្ធត់​ហើយ​នឹង​គ្មាន​អ្នក​ណា​រស់​នៅ​ទី​នោះ​ទៀត។+

៣០ ទាហាន​ខ្លាំង​ពូកែ​របស់​បាប៊ីឡូន​លែង​ប្រយុទ្ធ​ទៀត។

ពួក​គេ​អង្គុយ​នៅ​ក្នុង​បន្ទាយ​ខ្លួន។

ពួក​គេ​បាក់​កម្លាំង+ ហើយ​ខ្សោយ​ទៅ​ដូច​ជា​ស្ត្រីភេទ។+

ផ្ទះ​នា​នា​ក្នុង​ក្រុង​នោះ​បាន​ឆេះ​អស់

ហើយ​រនុក​ខ្លោង​ទ្វារ​ក្រុង​ក៏​ត្រូវ​បំបាក់​ដែរ។+

៣១ អ្នក​នាំ​ដំណឹង​រត់​ទៅ​ជួប​អ្នក​នាំ​ដំណឹង​ម្នាក់​ទៀត

អ្នក​នាំ​សារ​ទៅ​ជួប​អ្នក​នាំ​សារ​ម្នាក់​ទៀត

ដើម្បី​រាយ​ការណ៍​ប្រាប់​ស្ដេច​ស្រុក​បាប៊ីឡូន ថា​ក្រុង​របស់​គាត់​ត្រូវ​គេ​វាយ​យក​បាន​ពី​គ្រប់​ជ្រុង​ទាំង​អស់+

៣២ ហើយ​ផ្លូវ​ទឹក ក៏​ត្រូវ​គេ​ដណ្ដើម​យក​ដែរ។+

ឯ​ទូក​ធ្វើ​ពី​ដើម​កក់ ត្រូវ​គេ​ដុត​ឆេះ​អស់

ហើយ​ពួក​ទាហាន​កំពុង​ភ័យ​តក់​ស្លុត​ខ្លាំង​ណាស់​»។

៣៣ ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖

​«​កូន​ស្រី​បាប៊ីឡូន​ប្រៀប​ដូច​ជា​ទី​លាន​បញ្ជាន់​ស្រូវ។

ឥឡូវ​ជា​ពេល​ដែល​ត្រូវ​បញ្ជាន់​នាង​ហើយ។

បន្តិច​ទៀត វេលា​ដែល​ត្រូវ​ច្រូត​កាត់​នាង​ក៏​មក​ដល់​ដែរ​»។

៣៤ ​«​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​លេប​ត្របាក់​ខ្ញុំ+

គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​វង្វេង​វង្វាន់ ហើយ​ផ្កាប់​ខ្ញុំ​ដូច​ជា​ផ្កាប់​ភាជនៈ​ទទេ។

គាត់​លេប​ខ្ញុំ​ដូច​ជា​សត្វ​ពស់​ដ៏​ធំ។+

គាត់​លេប​អ្វី​ល្អ​ៗ​របស់​ខ្ញុំ​ចូល​ទៅ​ក្នុង​ពោះ ហើយ​គាត់​បាន​បោះ​បង់​ចោល​ខ្ញុំ។*

៣៥ អ្នក​ក្រុង​ស៊ីយ៉ូន​និយាយ​ថា​៖ ‹សូម​ឲ្យ​អំពើ​ឃោរឃៅ​ដែល​ពួក​បាប៊ីឡូន​បាន​ធ្វើ​មក​លើ​ខ្ញុំ ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ​ទៅ!›។+

អ្នក​ក្រុង​យេរូសាឡិម​និយាយ​ថា​៖ ‹សូម​ឲ្យ​ពួក​ខាល់ដេ​ទទួល​ទោស​ចំពោះ​ការ​កម្ចាយ​ឈាម​ខ្ញុំ!›​»។

៣៦ ហេតុ​នេះ​ហើយ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

​«​មើល! ខ្ញុំ​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក+ ហើយ​ខ្ញុំ​នឹង​សង​សឹក​ឲ្យ​អ្នក។+

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​សមុទ្រ​នៅ​ស្រុក​នោះ​គោក​ទៅ និង​អណ្ដូង​ទាំង​ប៉ុន្មាន​រីង​ស្ងួត។+

៣៧ ក្រុង​បាប៊ីឡូន​នឹង​ទៅ​ជា​គំនរ​បាក់​បែក+

ហើយ​លែង​មាន​អ្នក​ណា​រស់​នៅ​ត​ទៅ​ទៀត។+

ទី​នោះ​នឹង​ទៅ​ជា​លំនៅ​របស់​ឆ្កែ​ព្រៃ​វិញ។+

អ្នក​ដែល​ឃើញ​ក្រុង​នោះ​នឹង​រន្ធត់​ចិត្ត​ជា​ខ្លាំង ហើយ​នឹក​ហួស​ចិត្ត​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ក្រុង​នោះ។

៣៨ ពួក​គេ​ទាំង​អស់​គ្នា​នឹង​គ្រហឹម​ដូច​ជា​តោ​ស្ទាវ។

ពួក​គេ​បន្លឺ​សំឡេង​ដូច​ជា​កូន​តោ​»។

៣៩ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ពេល​ពួក​គេ​មាន​តណ្ហា​រោល​រាល

ខ្ញុំ​នឹង​រៀបចំ​ជប់​លៀង​ឲ្យ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ស្រវឹង

ដើម្បី​ឲ្យ​ពួក​គេ​អាច​សប្បាយ។+

រួច​ពួក​គេ​នឹង​ដេក​ជា​រៀង​រហូត ហើយ​មិន​ភ្ញាក់​ឡើង​វិញ​ឡើយ​»។+

៤០ ​«​ខ្ញុំ​នឹង​នាំ​ពួក​គេ​ទៅ​សម្លាប់​ដូច​ជា​កូន​ចៀម គឺ​ដូច​ចៀម​ឈ្មោល​និង​ពពែ​ដែរ​»។

៤១ ​«​ឱ​សេសាក*អើយ! មិន​គួរ​ណា​អ្នក​ត្រូវ​គេ​ចាប់​បាន​សោះ+

មិន​គួរ​ណា​ទី​ដ៏​គួរ​ឲ្យ​សរសើរ​នៃ​ផែនដី​ទាំង​មូល ត្រូវ​គេ​ដណ្ដើម​យក​ឡើយ!+

មិន​គួរ​ណា​ក្រុង​បាប៊ីឡូន​ទៅ​ជា​កន្លែង​គួរ​ឲ្យ​ភ័យ​តក់​ស្លុត​ដល់​ប្រជា​ជាតិ​នា​នា​បែប​នេះ​សោះ!

៤២ សមុទ្រ​ជោរ​ឡើង​គ្រប​លើ​ក្រុង​បាប៊ីឡូន។

ហើយ​រលក​បក់​បោក​មក​ពន្លិច​ក្រុង​នោះ​ទៅ។

៤៣ បណ្ដា​ក្រុង​ក្នុង​ស្រុក​នោះ​ទៅ​ជា​កន្លែង​គួរ​ឲ្យ​ភ័យ​តក់​ស្លុត ហើយ​ទៅ​ជា​ទឹក​ដី​ហួត​ហែង​ស្ងាត់​ជ្រងំ។

ទី​នោះ​នឹង​គ្មាន​អ្នក​ណា​រស់​នៅ​ទៀត ហើយ​ក៏​គ្មាន​អ្នក​ណា​ឆ្លង​កាត់​ដែរ។+

៤៤ ខ្ញុំ​នឹង​កាត់​ទោស​ព្រះបេល+របស់​ពួក​បាប៊ីឡូន

ហើយ​ខ្ញុំ​នឹង​ដក​អ្វី​ដែល​ព្រះ​នោះ​លេប ចេញ​ពី​មាត់​មក​វិញ។+

ប្រជា​ជាតិ​នា​នា​នឹង​លែង​នាំ​គ្នា​ចូល​ទៅ​ឯ​ព្រះ​នោះ​ទៀត

ហើយ​កំពែង​ក្រុង​បាប៊ីឡូន​នឹង​រលំ។+

៤៥ ឱ​រាស្ត្រ​ខ្ញុំ​អើយ! ចូរ​ចេញ​ពី​ក្រុង​នោះ​មក+

ចូរ​រត់​ឲ្យ​រួច​ជីវិត+ដើម្បី​គេច​ផុត​ពី​កំហឹង​ដ៏​ខ្លាំង​របស់​ព្រះ​យេហូវ៉ា!+

៤៦ កុំ​ភ័យ​ខ្លាច​ឬ​ស្រយុត​ចិត្ត​អំពី​ដំណឹង​ដែល​ខ្លួន​បាន​ឮ​ក្នុង​ស្រុក​នោះ​ឡើយ។

ព្រោះ​មួយ​ឆ្នាំ​ទៀត​នឹង​ឮ​ដំណឹង​មួយ ហើយ​នៅ​ឆ្នាំ​បន្ទាប់​នឹង​ឮ​ដំណឹង​មួយ​ទៀត

គឺ​ដំណឹង​អំពី​អំពើ​ឃោរឃៅ​ក្នុង​ស្រុក​នោះ និង​អំពី​អ្នក​គ្រប់​គ្រង​ទាស់​នឹង​អ្នក​គ្រប់​គ្រង។

៤៧ មើល! នឹង​មាន​គ្រា​មក​ដល់

ដែល​ខ្ញុំ​នឹង​ចាត់​វិធានការ​ទៅ​លើ​រូប​ព្រះ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​បាប៊ីឡូន។

ស្រុក​ទាំង​មូល​នឹង​រង​ការ​អាម៉ាស់

ហើយ​អ្នក​ស្រុក​ទាំង​អស់​នឹង​ដួល​ស្លាប់​លើ​ទឹក​ដី​របស់​ខ្លួន។+

៤៨ ពេល​នោះ មេឃ​និង​ផែនដី រួម​ទាំង​របស់​សព្វសារពើ​ដែល​នៅ​ក្នុង​នោះ

នឹង​ស្រែក​ច្រៀង​ដោយ​អំណរ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​បាប៊ីឡូន+

ព្រោះ​ពួក​អ្នក​បំផ្លាញ​នឹង​មក​ប្រហារ​នាង​ពី​ទិស​ខាង​ជើង​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៤៩ ​«​ពួក​បាប៊ីឡូន​មិន​គ្រាន់​តែ​បាន​សម្លាប់​ពួក​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ+

តែ​នៅ​បាប៊ីឡូន​មនុស្ស​ពី​គ្រប់​កន្លែង​នៅ​ផែនដី ក៏​បាន​ត្រូវ​សម្លាប់​ដែរ។

៥០ ឱ​អ្នក​ដែល​រួច​ជីវិត​ពី​ដាវ​អើយ! ចូរ​រត់​ទៅ​មុខ​ទៅ កុំ​ឈប់​ឲ្យ​សោះ!+

ចូរ​នឹក​ដល់​ព្រះ​យេហូវ៉ា​ពី​កន្លែង​ឆ្ងាយ

ហើយ​ចាំ​ក្រុង​យេរូសាឡិម​ទុក​ក្នុង​ចិត្ត​ជា​និច្ច​»។+

៥១ ​«​យើង​រង​ការ​អាម៉ាស់ ព្រោះ​បាន​ឮ​ពាក្យ​ដែល​គេ​តិះ​ដៀល​យើង។

យើង​បាក់​មុខ​ខ្លាំង​ណាស់

ព្រោះ​ជន​ជាតិ​ដទៃ​បាន​មក​វាយ​ប្រហារ​កន្លែង​បរិសុទ្ធ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​»។+

៥២ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! នឹង​មាន​គ្រា​មក​ដល់

ដែល​ខ្ញុំ​នឹង​ចាត់​វិធានការ​ទៅ​លើ​រូប​ព្រះ​ទាំង​ប៉ុន្មាន

ហើយ​ពួក​អ្នក​រង​របួស​ទាំង​អស់ នឹង​ស្រែក​ថ្ងូរ​ពេញ​ក្នុង​ស្រុក​»។+

៥៣ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ទោះ​ជា​ក្រុង​បាប៊ីឡូន​ឡើង​ទៅ​ដល់​មេឃ+

ហើយ​មាន​ប៉ម​រឹង​មាំ​យ៉ាង​ណា​ក្ដី

ក៏​ខ្ញុំ​នឹង​ចាត់​ពួក​សត្រូវ​ឲ្យ​ទៅ​បំផ្លាញ​ក្រុង​នោះ​ដែរ​»។+

៥៤ ​«​ចូរ​ស្ដាប់! មាន​សម្រែក​ចេញ​ពី​ក្រុង​បាប៊ីឡូន+

ជា​សម្រែក​នៃ​ការ​ហិន​វិនាស​ដ៏​ធំ​ក្នុង​ទឹក​ដី​របស់​ពួក​ខាល់ដេ។+

៥៥ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ក្រុង​បាប៊ីឡូន

លោក​នឹង​ធ្វើ​ឲ្យ​សំឡេង​ដ៏​ខ្លាំង​របស់​នាង​ស្ងាត់​ទៅ

ហើយ​រលក​របស់​ពួក​គេ​នឹង​ឮ​សន្ធឹក​ដូច​ជា​ផ្លូវ​ទឹក​ជា​ច្រើន។

សូរ​សំឡេង​របស់​ពួក​គេ​នឹង​ឮ​ខ្ទរ​ខ្ទារ។

៥៦ ព្រោះ​អ្នក​បំផ្លាញ​នឹង​មក​ប្រហារ​ក្រុង​បាប៊ីឡូន+

ទ័ព​អង់អាច​របស់​នាង​នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ+

ធ្នូ​របស់​ពួក​គេ​នឹង​ត្រូវ​បំបាក់ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ការ​សង​សឹក។+

លោក​នឹង​សង​ដល់​ពួក​គេ​វិញ​ជា​មិន​ខាន។+

៥៧ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​គ្រប់​គ្រង​និង​ពួក​អ្នក​ប្រាជ្ញ​របស់​នាង​ស្រវឹង+

ហើយ​ពួក​អភិបាល ពួក​មន្ត្រី និង​ពួក​ទាហាន​ខ្លាំង​ពូកែ​របស់​នាង​ក៏​ស្រវឹង​ដែរ។

ពួក​គេ​នឹង​ដេក​ជា​រៀង​រហូត

ហើយ​មិន​ភ្ញាក់​ឡើង​វិញ​ឡើយ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​មហា​ក្សត្រ​នៃ​បណ្ដា​កង​ទ័ព​នៅ​ស្ថាន​សួគ៌ ដែល​មាន​នាម​ជា​យេហូវ៉ា។

៥៨ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖

​«​កំពែង​ធំ​ៗ​របស់​ក្រុង​បាប៊ីឡូន នឹង​ត្រូវ​ផ្ដួល​រំលំ​បំបាក់​ខ្ទេច​ខ្ទី+

ហើយ​ទ្វារ​ក្រុង​ខ្ពស់​ៗ​នឹង​ត្រូវ​ដុត​បំផ្លាញ​ទាំង​អស់។

ទោះ​ជា​ប្រជា​ជាតិ​នា​នា​ខំ​ប្រឹង​ធ្វើ​ការ​នឿយ​ហត់​យ៉ាង​ណា​ក៏​ដោយ ក៏​ឥត​ប្រយោជន៍​ទទេ ព្រោះ​អ្វី​ទាំង​នោះ នឹង​ក្លាយ​ទៅ​ជា​ចំណី​ភ្លើង​»។+

៥៩ យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ផ្ដល់​ការ​ណែនាំ​ដល់​សេរ៉ាយ៉ា​ជា​កូន​នេរា+ដែល​ជា​កូន​ម៉ាសៀ កាល​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​សេដេគា​ជា​ស្ដេច​ស្រុក​យូដា នៅ​ឆ្នាំ​ទី​៤​នៃ​រាជ្យ​សេដេគា។ (​សេរ៉ាយ៉ា​នោះ​ជា​មន្ត្រី​ភ័ស្តុភារ​)។ ៦០ យេរេមា​បាន​កត់​ទុក​ក្នុង​សៀវភៅ​នូវ​ពាក្យ​ទាំង​ប៉ុន្មាន​ទាស់​នឹង​ក្រុង​បាប៊ីឡូន ជា​សេចក្ដី​វេទនា​ទាំង​ឡាយ​ដែល​នឹង​កើត​ឡើង​ទៅ​លើ​ក្រុង​នោះ។ ៦១ រួច​យេរេមា​បាន​ប្រាប់​សេរ៉ាយ៉ា​ថា​៖ ​«​កាល​ដែល​អ្នក​ទៅ​ដល់​ក្រុង​បាប៊ីឡូន​ហើយ អ្នក​ត្រូវ​អាន​ពាក្យ​ទាំង​នេះ​ឮ​ៗ​ឲ្យ​គេ​ស្ដាប់។ ៦២ រួច​និយាយ​ថា​៖ ‹ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​បាន​មាន​ប្រសាសន៍​ទាស់​នឹង​ក្រុង​នេះ​ថា ក្រុង​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​នឹង​គ្មាន​អ្នក​ណា​រស់​នៅ​ទៀត​ទេ ទោះ​ជា​មនុស្ស​ឬ​សត្វ​ក្ដី។ ក្រុង​នេះ​នឹង​ទៅ​ជា​កន្លែង​ស្ងាត់​ជ្រងំ​ជា​រៀង​រហូត›។+ ៦៣ ពេល​អ្នក​អាន​ពាក្យ​ក្នុង​សៀវភៅ​នេះ​ចប់​ហើយ អ្នក​ត្រូវ​ចង​សៀវភៅ​នេះ​ភ្ជាប់​នឹង​ថ្ម រួច​បោះ​ទៅ​កណ្ដាល​ទន្លេ​អឺប្រាត។ ៦៤ បន្ទាប់​មក អ្នក​ត្រូវ​ប្រាប់​ថា​៖ ‹តាម​របៀប​នេះ​ហើយ​ដែល​ក្រុង​បាប៊ីឡូន​នឹង​លិច​លង់​ទៅ ហើយ​មិន​ងើប​ឡើង​វិញ​ឡើយ+ ព្រោះ​ខ្ញុំ​នឹង​នាំ​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ក្រុង​នោះ ហើយ​ពួក​អ្នក​ក្រុង​នឹង​ខ្សោយ​ទៅ›​»។+

រហូត​មក​ដល់​ត្រឹម​នេះ​ជា​ពាក្យ​របស់​យេរេមា។

៥២ ពេល​សេដេគា+គ្រង​រាជ្យ គាត់​មាន​អាយុ​២១​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១១​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​ហាមូថល+ជា​កូន​យេរេមា ជា​អ្នក​ក្រុង​លិបណា។ ២ សេដេគា​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តាម​គន្លង​យេហូយ៉ាគីម។+ ៣ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ដល់​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ក្រោធ​នឹង​ពួក​គេ។ លោក​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​លោក​ទៅ។+ សេដេគា​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន។+ ៤ នៅ​ថ្ងៃ​ទី​១០ ខែ​ទី​១០ ក្នុង​ឆ្នាំ​ទី​៩​នៃ​រាជ្យ​សេដេគា នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​នាំ​កង​ទ័ព​គាត់​ទាំង​អស់ មក​ច្បាំង​នឹង​ក្រុង​យេរូសាឡិម។ គាត់​បាន​បោះ​ទ័ព​ទល់​មុខ​ក្រុង​យេរូសាឡិម ហើយ​បាន​លើក​ដី​ឡើង​នៅ​ជុំវិញ​កំពែង​ក្រុង។+ ៥ គាត់​បាន​ឡោម​ព័ទ្ធ​ក្រុង​នោះ រហូត​ដល់​ឆ្នាំ​ទី​១១​នៃ​រាជ្យ​សេដេគា។

៦ នៅ​ថ្ងៃ​ទី​៩ ក្នុង​ខែ​ទី​៤+ នៅ​ក្រុង​យេរូសាឡិម​មាន​ការ​អត់​ឃ្លាន​ជា​ខ្លាំង ព្រោះ​គ្មាន​អាហារ​សម្រាប់​បណ្ដា​ជន​បរិភោគ​ឡើយ។+ ៧ ទី​បំផុត ទ័ព​ខាល់ដេ​បាន​ទម្លាយ​កំពែង​ក្រុង។ កាល​ដែល​ទ័ព​ខាល់ដេ​កំពុង​ឡោម​ព័ទ្ធ​ក្រុង ស្ដេច​យូដា​និង​ទ័ព​យូដា​ទាំង​អស់​បាន​រត់​ចេញ​ទាំង​យប់​តាម​ខ្លោង​ទ្វារ​ដែល​មាន​កំពែង​ពីរ​ជាន់ ជិត​សួន​ច្បារ​ស្ដេច ទៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។+ ៨ ប៉ុន្តែ ទ័ព​ខាល់ដេ​បាន​ដេញ​តាម​ស្ដេច+ស្រុក​យូដា​ទាន់​នៅ​ត្រង់​វាល​ក្រុង​យេរីខូ រួច​កង​ទ័ព​របស់​គាត់​ក៏​រត់​ខ្ចាត់​ខ្ចាយ​អស់​ទៅ។ ៩ បន្ទាប់​មក ពួក​គេ​បាន​ចាប់​ស្ដេច​ស្រុក​យូដា ហើយ​នាំ​គាត់​ទៅ​ជួប​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​ក្រុង​រីបឡា​ក្នុង​ទឹក​ដី​ហាម៉ាត រួច​បាន​កាត់​ទោស​គាត់​នៅ​ទី​នោះ។ ១០ ស្ដេច​ស្រុក​បាប៊ីឡូន​បាន​សម្លាប់​កូន​ៗ​របស់​សេដេគា​នៅ​ចំពោះ​មុខ​គាត់។ បន្ទាប់​មក ស្ដេច​នោះ​ក៏​បាន​សម្លាប់​ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់​ក្នុង​ស្រុក​យូដា​នៅ​ក្រុង​រីបឡា​ដែរ។ ១១ ក្រោយ​នោះ ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ចាក់​ភ្នែក​សេដេគា​ឲ្យ​ខ្វាក់+ និង​ដាក់​ខ្នោះ​ស្ពាន់ ហើយ​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន រួច​ឃុំ​ឃាំង​គាត់​រហូត​ដល់​ថ្ងៃ​ស្លាប់។

១២ នៅ​ថ្ងៃ​ទី​១០ ខែ​ទី​៥ ក្នុង​ឆ្នាំ​ទី​១៩​នៃ​រាជ្យ​នេប៊ូក្នេសា នេប៊ូសារ៉ាដាន​ជា​មេ​អង្គរក្ស​និង​ជា​អ្នក​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន បាន​ទៅ​ក្រុង​យេរូសាឡិម។+ ១៣ គាត់​បាន​ដុត​វិហារ​ព្រះ​យេហូវ៉ា+ វិមាន​ស្ដេច និង​ផ្ទះ​ទាំង​អស់​នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ផ្ទះ​ធំ​ៗ​ផង​ដែរ។ ១៤ ទ័ព​ខាល់ដេ​ទាំង​អស់​ដែល​ទៅ​ជា​មួយ​នឹង​មេ​អង្គរក្ស​របស់​ស្ដេច​ស្រុក​បាប៊ីឡូន បាន​ផ្ដួល​រំលំ​កំពែង​ក្រុង​យេរូសាឡិម។+

១៥ នេប៊ូសារ៉ាដាន​ជា​មេ​អង្គរក្ស​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​និរទេស​ជន​តូច​ទាប​ខ្លះ និង​បណ្ដា​ជន​ដែល​នៅ​សេស​សល់​ក្នុង​ក្រុង ព្រម​ទាំង​អ្នក​ដែល​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន និង​មេ​ជាង​ទាំង​អស់​ដែល​នៅ​សល់។+ ១៦ ប៉ុន្តែ មេ​អង្គរក្ស​បាន​ទុក​ជន​ខ្លះ​ដែល​ក្រី​ក្រ​បំផុត​ឲ្យ​នៅ​ក្នុង​ស្រុក ដើម្បី​មើល​ថែ​ចម្ការ​ទំពាំង​បាយ​ជូរ និង​ធ្វើ​ស្រែ​ចម្ការ។+

១៧ ពួក​ខាល់ដេ​បាន​កាត់​សសរ​ស្ពាន់+និង​រទេះ​ទឹក+ដែល​នៅ​វិហារ​ព្រះ​យេហូវ៉ា ទៅ​ជា​បំណែក​ៗ រួម​ទាំង​អាង​ធំ​ធ្វើ​ពី​ស្ពាន់+ដែល​នៅ​វិហារ​ព្រះ​យេហូវ៉ា ហើយ​ដឹក​ស្ពាន់​ទាំង​នោះ​ទៅ​ស្រុក​បាប៊ីឡូន។+ ១៨ ពួក​គេ​ក៏​យក​ធុង​សម្រាប់​ដាក់​ផេះ ប៉ែល ប្រដាប់​ពន្លត់​ប្រឆេះ​ចង្កៀង ចាន​គោម+ ពែង+ និង​គ្រឿង​ស្ពាន់​ទាំង​អស់​ដែល​ប្រើ​ក្នុង​វិហារ​ព្រះ។ ១៩ មេ​អង្គរក្ស​បាន​យក​ចាន​ក្លាំ+ ប្រដាប់​ដាក់​រងើក​ភ្លើង ចាន​គោម ធុង​សម្រាប់​ដាក់​ផេះ ជើង​ចង្កៀង+ ពែង ព្រម​ទាំង​ចាន​គោម​ដែល​ធ្វើ​ពី​មាស​និង​ប្រាក់​សុទ្ធ​ផង​ដែរ។+ ២០ ឯ​សសរ​ពីរ អាង​ធំ គោ​ឈ្មោល​១២+ដែល​នៅ​ក្រោម​អាង​នោះ និង​រទេះ​ទឹក​ដែល​ស្ដេច​សាឡូម៉ូន​បាន​ធ្វើ​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា គ្មាន​អ្នក​ណា​ដឹង​ទម្ងន់​ស្ពាន់​ទាំង​នោះ​ទេ ព្រោះ​ច្រើន​ក្រៃ​លែង។

២១ សសរ​នី​មួយ​ៗ​មាន​កម្ពស់​១៨​ហត្ថ* ហើយ​ប្រវែង​ព័ទ្ធ​ជុំវិញ​សសរ​គឺ​១២​ហត្ថ+ និង​មាន​កម្រាស់​៤​ធ្នាប់។* សសរ​ទាំង​នោះ​ប្រហោង​ក្នុង។ ២២ ក្បាល​សសរ​ធ្វើ​ពី​ស្ពាន់​មាន​កម្ពស់​៥​ហត្ថ។+ ក្បាច់​ក្រឡា​អួន​និង​ផ្លែ​ទទឹម​នៅ​ជុំវិញ​ក្បាល​សសរ​ទាំង​ពីរ​ក៏​ធ្វើ​ពី​ស្ពាន់​ដែរ។ ឯ​សសរ​មួយ​ទៀត ក៏​មាន​លក្ខណៈ​ដូច​គ្នា ហើយ​ក៏​មាន​ផ្លែ​ទទឹម​ដែរ។ ២៣ ផ្លែ​ទទឹម​ជុំវិញ​ក្បាល​សសរ​មាន​ចំនួន​៩៦ ហើយ​សរុប​ទាំង​អស់​មាន​ផ្លែ​ទទឹម​ចំនួន​១០០​លើ​ក្បាច់​ក្រឡា​អួន។+

២៤ មេ​អង្គរក្ស​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ក៏​ចាប់​សេរ៉ាយ៉ា+ជា​សង្ឃនាយក សេផានា+ជា​សង្ឃ​ថ្នាក់​បន្ទាប់ និង​អ្នក​យាម​ទ្វារ​បី​នាក់។+ ២៥ បន្ថែម​ទៅ​ទៀត គាត់​ក៏​ចាប់​យក​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់ ដែល​ត្រួត​ត្រា​លើ​ពួក​ទាហាន និង​អ្នក​ជំនិត​ស្ដេច​៧​នាក់ រួម​ទាំង​លេខាធិការ​របស់​មេ​ទ័ព ដែល​មាន​ភារកិច្ច​កែន​ទាហាន។ គាត់​ក៏​ចាប់​បុរស​៦០​នាក់​ដែល​ជា​ជន​សាមញ្ញ​ដែល​នៅ​ក្រុង​នោះ​នៅ​ឡើយ យក​ទៅ​ជា​មួយ​ដែរ។ ២៦ នេប៊ូសារ៉ាដាន​ជា​មេ​អង្គរក្ស បាន​យក​ពួក​គេ​ទៅ​ប្រគល់​ឲ្យ​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​ក្រុង​រីបឡា។ ២៧ ស្ដេច​ស្រុក​បាប៊ីឡូន​ក៏​សម្លាប់​ពួក​គេ​នៅ​ក្រុង​រីបឡា+ ក្នុង​ទឹក​ដី​ហាម៉ាត។ យ៉ាង​នេះ ពួក​យូដា​បាន​ត្រូវ​និរទេស​ចេញ​ពី​ស្រុក​របស់​ខ្លួន។+

២៨ នេប៊ូក្នេសា​បាន​ចាប់​ពួក​យូដា​ចំនួន​៣.០២៣​នាក់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ឆ្នាំ​ទី​៧​នៃ​រាជ្យ​គាត់។+

២៩ នៅ​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា+ អ្នក​ក្រុង​យេរូសាឡិម​ចំនួន​៨៣២​នាក់​បាន​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។

៣០ នៅ​ឆ្នាំ​ទី​២៣​នៃ​រាជ្យ​នេប៊ូក្នេសា នេប៊ូសារ៉ាដាន​ជា​មេ​អង្គរក្ស​របស់​ស្ដេច បាន​ចាប់​ពួក​យូដា​ចំនួន​៧៤៥​នាក់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។+

សរុប​ទាំង​អស់ មនុស្ស​ចំនួន​៤.៦០០​នាក់​បាន​ត្រូវ​និរទេស។

៣១ នៅ​ឆ្នាំ​ទី​៣៧​នៃ​គ្រា​ដែល​យេហូយ៉ាគីន+ជា​ស្ដេច​ស្រុក​យូដា​បាន​ជាប់​ជា​ឈ្លើយ អេវីលមេរ៉ូដាក​បាន​គ្រប់​គ្រង​ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ នៅ​ថ្ងៃ​ទី​២៥ ខែ​ទី​១២ គាត់​បាន​ដោះ​លែង​យេហូយ៉ាគីន​ជា​ស្ដេច​ស្រុក​យូដា​ចេញ​ពី​គុក។+ ៣២ ស្ដេច​អេវីលមេរ៉ូដាក​និយាយ​ដោយ​សប្បុរស​ទៅ​កាន់​យេហូយ៉ាគីន ហើយ​លើក​កិត្តិយស​គាត់​ជាង​ស្ដេច​ឯ​ទៀត​ដែល​នៅ​ជា​មួយ​គាត់​ក្នុង​ស្រុក​បាប៊ីឡូន។ ៣៣ ដូច្នេះ យេហូយ៉ាគីន​ក៏​ផ្លាស់​សម្លៀក​បំពាក់​អ្នក​ទោស​ចេញ ហើយ​គាត់​បរិភោគ​អាហារ​ជា​មួយ​ស្ដេច​ស្រុក​បាប៊ីឡូន​អស់​មួយ​ជីវិត។ ៣៤ ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ផ្គត់​ផ្គង់​អាហារ​ដល់​គាត់​ជា​រៀង​រាល់​ថ្ងៃ ដរាប​ដល់​គាត់​ស្លាប់។

ប្រហែល​ជា​មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​លើក​តម្កើង​»​

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

ឬ​«​ជ្រើស​រើស​»​

ឬ​«​ខ្ញុំ​បាន​ញែក​អ្នក​ទុក​ដោយ​ឡែក​»​

នេះ​សំដៅ​លើ​ដើម​មួយ​ដែល​ចេញ​ផ្កា​មុន​គេ

ពាក្យ​«​អល់ម៉ុន​»​នៅ​ខ​១១​និង​ពាក្យ​«​ប្រុង​ស្មារតី​»​ មក​ពី​ឫស​ពាក្យ​ភាសា​ហេប្រឺ​តែ​មួយ។ ដូច្នេះ នេះ​ជា​ការ​លេង​ពាក្យ

ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​

ឬ​«​តាម​ឆ្នេរ​សមុទ្រ​»​

ឬ​«​ដាប់​អណ្ដូង​»។ ទំនង​ជា​សំដៅ​លើ​ការ​ដាប់​ថ្ម​ធ្វើ​អណ្ដូង

ឬ​«​មេមផឺស​»​

នេះ​សំដៅ​លើ​ដៃ​ទន្លេ​នីល

ជា​អូដ្ឋ​ជំទង់

ន័យ​ត្រង់​«​ទាំង​ដាក់​ដៃ​លើ​ក្បាល​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ប្ដី​»​

ជា​ពាក្យ​កាព្យ​ដែល​ប្រហែល​ជា​បញ្ជាក់​អំពី​ការ​អាណិត​អាសូរ

នេះ​សំដៅ​លើ​ពួក​អ្នក​ឃ្លាំ​មើល​ក្រុង​ដើម្បី​ដឹង​ថា​ពេល​ណា​អាច​វាយ​យក

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​សម្រែក​នៃ​សង្គ្រាម​»​

នេះ​សំដៅ​លើ​ការ​ចុះ​ចូល​នឹង​ព្រះ

នេះ​សំដៅ​លើ​ក្រុង​យេរូសាឡិម

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គ្មាន​លោក​ទេ​»​

គឺ​ដូច​ពាក្យ​ឥត​បាន​ការ​របស់​ពួក​គេ

នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

ឬ​«​ការ​ណែនាំ​»​

នេះ​សំដៅ​លើ​ដើម​ត្រែង​ដែល​មាន​ក្លិន​ក្រអូប

នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

សំដៅ​លើ​យេរេមា

នេះ​សំដៅ​លើ​អគារ​ទាំង​អស់​នៅ​ក្នុង​បរិវេណ​វិហារ

ន័យ​ត្រង់​«​ក្រោក​ឡើង​ពី​ព្រលឹម​ទៅ​ប្រាប់​»​

នេះ​ជា​ឋានៈ​របស់​ព្រះ​មួយ​រូប​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​គោរព​បូជា។ នេះ​ប្រហែល​ជា​សំដៅ​លើ​ព្រះ​នាង​ដែល​គេ​ជឿ​ថា​អាច​ជួយ​ឲ្យ​មាន​កូន

ឬ​«​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​»​

ឬ​«​ឱវាទ​»​

ឬ​«​សក់​នៃ​ការ​ប្រគល់​ខ្លួន​»​

នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​ក្រុង​យេរូសាឡិម

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ក្រៀល​»​

ឬ​«​ហោះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»​

ឬ​«​ការ​ណែនាំ​»​

ឬ​«​ប្រេង​លាប​របួស​»​

ឬ​«​ការ​ណែនាំ​»​

ខ​១១ សំណេរ​ដើម​ជា​ភាសា​អេរ៉ាម

ឬ​«​ដី​ដែល​មាន​ជី​ជាតិ​»​

ឬ​«​រូប​សិត​»​

តាម​មើល​ទៅ​នេះ​សំដៅ​លើ​យេរេមា

ឬ​«​សូម​ឲ្យ​កើត​ឡើង!​»​

ឬ​«​ព្រះ​»​

នេះ​សំដៅ​លើ​យេរេមា

នេះ​សំដៅ​លើ​គ្រឿង​បូជា​ដែល​គេ​ជូន​នៅ​វិហារ

ឬ​«​អារម្មណ៍​កប់​ជ្រៅ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កើត​ទុក្ខ​»​

ឬ​«​ឡោម​ព័ទ្ធ​»​

ឬ​«​អេត្យូពី​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​សេចក្ដី​វិនិច្ឆ័យ​បួន​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ចេះ​តែ​ថយ​ចេញ​ពី​ខ្ញុំ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នាង​ត្រូវ​បាក់​មុខ​និង​ខ្មាស​គេ​ជា​ខ្លាំង​»​

ន័យ​ត្រង់​«​ខ្ញុំ​បាន​បរិភោគ​បណ្ដាំ​នោះ​»​

ឬ​«​ដំណឹង​អំពី​កំហឹង​របស់​លោក​»​

នេះ​ជា​ទំនៀម​ទម្លាប់​កាន់​ទុក្ខ​របស់​សាសនា​មិន​ពិត ដែល​តាម​មើល​ទៅ​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​បាន​ធ្វើ​តាម

ឬ​«​ទទួល​សេចក្ដី​ភូត​ភរ​ជា​កេរ​ដំណែល​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មិន​អាច​ព្យាបាល​បាន​»​

ឬ​«​ស្រុកត្បូង​»​

ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​

ន័យ​ត្រង់​«​ត្រចៀក​គាត់​នឹង​ខ្ទ័រ​»​

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

ប្រហែល​ជា​មាន​ន័យ​ថា​«​អ្វី​ដែល​នៅ​សល់​នៅ​គ្រប់​ទិស​ទី​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​គេ​»​

គាត់​ក៏​មាន​ឈ្មោះ​ថា​យេហូអាហាស​ដែរ

គាត់​ក៏​មាន​ឈ្មោះ​ថា​យេហូយ៉ាគីន​និង​យេកូនាស​ដែរ

ឬ​«​ស្រុក​»​

ឬ​«​អ្នក​ទទួល​មត៌ក​»​

ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ​មាន​ន័យ​ពីរ​យ៉ាង។ ន័យ​មួយ​ជា​«​ការ​ផ្ដន្ទា​ទោស​យ៉ាង​ខ្លាំង​ពី​ព្រះ​»។ ន័យ​មួយ​ទៀត​ជា​«​អ្វី​ដែល​ជា​បន្ទុក​»​

គាត់​ក៏​មាន​ឈ្មោះ​ថា​យេហូយ៉ាគីន​និង​កូនៀ​ដែរ

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​សង់​របាំង​ការ​ពារ​»​

ផ្លែ​ឈើ​ម្យ៉ាង​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​សម័យ​ដែល​គេ​សរសេរ​គម្ពីរ ពេល​ផ្លែ​នោះ​ទុំ​មិន​កើត​មាន​មមង់​នៅ​ក្នុង​ផ្លែ​នោះ​ទេ

ឬ​«​ដល់​»​

តាម​មើល​ទៅ​ឈ្មោះ​នេះ​សំដៅ​ទៅ​ក្រុង​បាបិល (​បាប៊ីឡូន​)

ឬ​«​ការ​ណែនាំ​»​

ឬ​«​មិន​ព្រម​ពាក់​នឹម​របស់​គាត់​ទេ​»​

ឬ​«​ពាក់​នឹម​»​

ឬ​«​ពាក់​នឹម​»​

អាង​នេះ​ធ្វើ​ពី​ស្ពាន់​ដើម្បី​ប្រើ​នៅ​វិហារ

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ប្រជា​ជាតិ​អ៊ីស្រាអែល​»​

ឬ​«​សូម​ឲ្យ​កើត​ឡើង!​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​សង់​របាំង​ការ​ពារ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ធ្លាយ​»​

ន័យ​ត្រង់​«​ថ្ងៃ​ដ៏​ធំ​»​

ឬ​«​ពួក​គេ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​កិត្តិយស​»​

ឬ​«​ខ្ញុំ​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​»​

នេះ​សំដៅ​លើ​ស្រុក​អ៊ីស្រាអែល​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

នេះ​សំដៅ​លើ​ស្រុក​អ៊ីស្រាអែល​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ខ្ញុំ​ជា​ប្ដី​របស់​ពួក​គេ​»​

ឬ​«​តំបន់​វាល​ទំនាប​»​

នេះ​សំដៅ​លើ​ឪពុកមា​ខាង​ឪពុក

មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

ឬ​«​អ្នក​ទទួល​មត៌ក​»​

ន័យ​ត្រង់​«​បណ្ដា​កង​ទ័ព​នៅ​ស្ថាន​សួគ៌​»​

ន័យ​ត្រង់​«​យ៉ូណាដាប​»​ ជា​ឈ្មោះ​កាត់​ពី​យេហូណាដាប

ន័យ​ត្រង់​«​យ៉ូណាដាប​»​ ជា​ឈ្មោះ​កាត់​ពី​យេហូណាដាប

ន័យ​ត្រង់​«​យ៉ូណាដាប​»​ ជា​ឈ្មោះ​កាត់​ពី​យេហូណាដាប

ឬ​«​សៀវភៅ​»​

ឬ​«​ពួក​មន្ត្រី​ជាន់​ខ្ពស់​»​

ចាប់​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ដល់​ពាក់​កណ្ដាល​ខែ​ធ្នូ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥

គាត់​ក៏​មាន​ឈ្មោះ​ថា​យេហូយ៉ាគីន​និង​យេកូនាស

តាម​មើល​ទៅ​នេះ​ជា​ឋានៈ

ឬ​«​ជា​មេ​លើ​មន្ត្រី​ជាន់​ខ្ពស់​»​

ឬ​«​ជា​មេ​លើ​គ្រូ​វេទមន្ត​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ជា​កាតព្វកិច្ច​»​

ឬ​«​ជា​មេ​លើ​គ្រូ​វេទមន្ត​»​

នេះ​សំដៅ​លើ​ស្រូវ​សាលី​និង​ស្រូវ​បាលី

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អាង​ធំ​»​

ឬ​«​គ្មាន​គ្រោះ​ថ្នាក់​»​

ឬ​«​វិហារ​របស់​ព្រះ​អាទិត្យ​»។ នេះ​សំដៅ​លើ​ក្រុង​ហេលីអូផូលីស

ឬ​«​ក្រុង​មេមផឺស​»​

នេះ​ជា​ឋានៈ​របស់​ព្រះ​មួយ​រូប​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​គោរព​បូជា។ នេះ​ប្រហែល​ជា​សំដៅ​លើ​ព្រះ​នាង​ដែល​គេ​ជឿ​ថា​អាច​ជួយ​ឲ្យ​មាន​កូន

នេះ​ជា​ឋានៈ​របស់​ព្រះ​មួយ​រូប​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​គោរព​បូជា។ នេះ​ប្រហែល​ជា​សំដៅ​លើ​ព្រះ​នាង​ដែល​គេ​ជឿ​ថា​អាច​ជួយ​ឲ្យ​មាន​កូន

នេះ​ជា​ឋានៈ​របស់​ព្រះ​មួយ​រូប​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​គោរព​បូជា។ នេះ​ប្រហែល​ជា​សំដៅ​លើ​ព្រះ​នាង​ដែល​គេ​ជឿ​ថា​អាច​ជួយ​ឲ្យ​មាន​កូន

នេះ​ជា​ឋានៈ​របស់​ព្រះ​មួយ​រូប​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​គោរព​បូជា។ នេះ​ប្រហែល​ជា​សំដៅ​លើ​ព្រះ​នាង​ដែល​គេ​ជឿ​ថា​អាច​ជួយ​ឲ្យ​មាន​កូន

ឬ​«​ចង់​បាន​»​

ធម្មតា​ពល​ធ្នូ​កាន់​ខែល​តូច

នេះ​សំដៅ​លើ​ស្រុក​អេហ្ស៊ីប​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

ឬ​«​ក្រុង​មេមផឺស​»​

នេះ​សំដៅ​លើ​អ្នក​ដែល​ច្បាំង​ឈ្នះ​ស្រុក​អេហ្ស៊ីប

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នឹង​ក្លាយ​ទៅ​ជា​ទី​រហោ​ស្ថាន​»​

ឬ​«​ពួក​អ្នក​ប្រមូល​អុស​»​

នេះ​សំដៅ​លើ​ក្រុង​ធេប

នេះ​សំដៅ​លើ​កោះ​ក្រេត

នេះ​សំដៅ​លើ​ការ​កោរ​សក់​ដើម្បី​កាន់​ទុក្ខ​និង​បង្ហាញ​ការ​អាម៉ាស់

ឬ​«​តំបន់​វាល​ទំនាប​»​

ឬ​«​តំបន់​ខ្ពង់​រាប​»​

នេះ​សំដៅ​លើ​ក្រុង​ឌីបូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អង្គុយ​នៅ​លើ​ដី​ហួត​ហែង​ទៅ​»​

ឬ​«​តំបន់​ខ្ពង់​រាប​»​

នេះ​សំដៅ​លើ​សំឡេង​ខ្លុយ​ដែល​គេ​ផ្លុំ​ក្នុង​ពិធី​បុណ្យ​សព

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​សម្រែក​ចូល​ច្បាំង​»​

ឬ​«​ក្រោល​ចៀម​»​

ឬ​«​ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​»​

នេះ​សំដៅ​លើ​ស្រុក​បាប៊ីឡូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

តាម​មើល​ទៅ​ឈ្មោះ​នេះ​សំដៅ​លើ​ស្រុក​ខាល់ដេ

នេះ​សំដៅ​លើ​ស្រុក​របស់​ពួក​ខាល់ដេ

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដាក់​ព្រួញ​ឲ្យ​ពេញ​បំពង់​»​

ឬ​«​ដី​ដែល​មាន​ជី​ជាតិ​»​

ឬ​«​រូប​សិត​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ដែល​បង្កើត​ដំបង​កម្មសិទ្ធិ​របស់​លោក​»​

ឬ​«​កួច​យក​ខ្ញុំ​ទៅ​ដោយ​ទឹក​ហូរ​»​

តាម​មើល​ទៅ​ឈ្មោះ​នេះ​សំដៅ​លើ​ក្រុង​បាបិល​(​បាប៊ីឡូន​)

មួយ​ហត្ថ​ស្មើ​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មួយ​ធ្នាប់​ស្មើ​១,៨៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក